ចូរ«អ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក»
ចូរ«អ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក»
«គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក»។—យ៉ូហាន ១៣:៣៥
១. តើព្រះយេស៊ូបានបញ្ជាក់នូវគុណសម្បត្ដិអ្វី មុននឹងទ្រង់សោយទិវង្គតទៅ?
«ឱកូនរាល់គ្នាអើយ!»។ (យ៉ូហាន ១៣:៣៣) ពាក្យនេះគឺជាពាក្យដ៏ស្រទន់ដែលព្រះយេស៊ូបានមានបន្ទូលទៅកាន់ពួកសាវ័ករបស់ទ្រង់នៅរាត្រីមុនទ្រង់សោយទិវង្គតនោះ។ គ្មានកំណត់ហេតុណាមួយក្នុងសៀវភៅដំណឹងល្អដែលទ្រង់បានមានបន្ទូលពាក្យនេះមុនគ្រានោះឡើយ។ ប៉ុន្តែ នៅរាត្រីដ៏ពិសេសនោះ ទ្រង់បានមានបន្ទូលពាក្យនេះ ដើម្បីបង្ហាញសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅរបស់ទ្រង់ចំពោះពួកអ្នកកាន់តាមទ្រង់។ តាមការពិត ព្រះយេស៊ូបានមានបន្ទូលអំពីសេចក្ដីស្រឡាញ់អស់ប្រមាណ៣០ដងក្នុងរាត្រីនោះ។ ហេតុអ្វីបានជាទ្រង់បញ្ជាក់យ៉ាងខ្លាំងលើគុណសម្បត្ដិនេះម្ល៉េះ?
២. ហេតុអ្វីក៏ការបង្ហាញសេចក្ដីស្រឡាញ់គឺសំខាន់ម្ល៉េះចំពោះពួកគ្រីស្ទាន?
២ ព្រះយេស៊ូបានពន្យល់នូវមូលហេតុដែលសេចក្ដីស្រឡាញ់គឺសំខាន់។ ទ្រង់បានមានបន្ទូលថា៖ «គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក»។ (យ៉ូហាន ១៣:៣៥; ១៥:១២, ១៧) ការធ្វើជាសិស្សរបស់ព្រះគ្រីស្ទគឺមានទំនាក់ទំនងយ៉ាងស្អិតរមួតនឹងការបង្ហាញសេចក្ដីស្រឡាញ់ជាបងប្អូន។ ពួកគ្រីស្ទានពិតគឺត្រូវគេស្គាល់ដោយសារពួកគេមានភាពកក់ក្ដៅ និងសេចក្ដីស្រឡាញ់ដែលគេបង្ហាញដល់គ្នីគ្នា មិនមែនដោយ ម៉ូដសំលៀកបំពាក់និងរបៀបសំអិតសំអាងខ្លួនឬដោយទំនៀមទម្លាប់ដ៏ចម្លែកណាឡើយ។ ដូចបានរៀបរាប់ក្នុងអត្ថបទមុន សេចក្ដីស្រឡាញ់ដ៏វិសេសនេះគឺជាតម្រូវការទីពីរក្នុងចំណោមតម្រូវការដ៏ពិសេសទាំងបីដើម្បីធ្វើជាសិស្សរបស់ព្រះគ្រីស្ទ។ តើអ្វីដែលនឹងជួយយើងឲ្យបន្តបំពេញតាមតម្រូវការនេះ?
«មានសេចក្ដីស្រឡាញ់នោះ កាន់តែខ្លាំងឡើង»
៣. តើប៉ុលបានឲ្យដំបូន្មានអ្វីស្តីអំពីសេចក្ដីស្រឡាញ់?
៣ ដូចជាពួកអ្នកកាន់តាមព្រះគ្រីស្ទនៅសតវត្សទីមួយ សេចក្ដីស្រឡាញ់នេះ ក៏មាននៅក្នុងចំណោមពួកសិស្សដ៏ស្មោះត្រង់របស់ព្រះគ្រីស្ទសព្វថ្ងៃនេះដែរ។ សាវ័កប៉ុលបានសរសេរទៅកាន់ពួកគ្រីស្ទាននៅសតវត្សទីមួយថា៖ «រីឯសេចក្ដីស្រឡាញ់ជាបងប្អូន នោះមិនចាំបាច់ឲ្យខ្ញុំសរសេរមកអ្នករាល់គ្នាទេ ពីព្រោះព្រះទ្រង់បង្រៀន ឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមកហើយ អ្នករាល់គ្នាក៏ស្រឡាញ់ដល់អស់ទាំងពួកបងប្អូន»។ ទោះជាពួកគេធ្វើដូច្នេះក្ដី ក៏ប៉ុលនិយាយបន្ថែមទៀតថា៖ «ឲ្យអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់នោះ កាន់តែខ្លាំងឡើងចុះ!»។ (ថែស្សាឡូនីចទី១ ៣:១២; ៤:៩, ១០) យើងក៏ត្រូវធ្វើតាមដំបូន្មានរបស់សាវ័កប៉ុលដែរ និងខំប្រឹងបង្ហាញសេចក្ដីស្រឡាញ់ដល់បងប្អូន«កាន់តែខ្លាំងឡើង»។
៤. យោងទៅតាមព្រះយេស៊ូនិងប៉ុល តើយើងត្រូវយកចិត្តទុកដាក់នឹងអ្នកណា?
៤ តាមរយៈសំបុត្រដដែលនេះដែលបណ្ដាលមកពីព្រះ ប៉ុលបានលើកទឹកចិត្តអ្នកជឿគ្នីគ្នាឲ្យ «ជួយកំសាន្តដល់ពួកអ្នកណាដែលមានសេចក្ដីទន់ក្រំចិត្ត ទាំងគាំពារពួកអ្នកដែលខ្សោយ»។ (ថែស្សាឡូនីចទី១ ៥:១៤) នៅគ្រាមួយទៀត ប៉ុលបានរំឭកពួកគ្រីស្ទានថាអស់អ្នក«ដែលមានជំនឿមាំមួន . . . មានភារកិច្ចជួយអ្នកដែលមានជំនឿទន់ខ្សោយ»។ (រ៉ូម ១៥:១, ព្រះគម្ពីរភាសាខ្មែរសម្រាយ) ព្រះយេស៊ូក៏បានប្រទាននូវការបង្គាប់ដែរ ដើម្បីជួយអស់អ្នកដែលខ្សោយខាងវិញ្ញាណ។ ក្រោយពីព្រះយេស៊ូបានទាយថាពេត្រុសនឹងបដិសេធមិនស្គាល់ទ្រង់នៅរាត្រីដែលគេចាប់ទ្រង់ នោះព្រះយេស៊ូបានមានបន្ទូលប្រាប់ពេត្រុសថា៖ «កាលណាអ្នកបានប្រែចិត្តវិលមកវិញ នោះចូរចំរើនឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនឡើង»។ ហេតុអ្វី? ពីព្រោះពួកគេក៏បានរត់ចោលព្រះយេស៊ូ ហេតុនេះហើយពួកគេក៏ត្រូវការជំនួយផងដែរ។ (លូកា ២២:៣២; យ៉ូហាន ២១:១៥-១៧) ដូច្នេះហើយ ព្រះបន្ទូលរបស់ព្រះបង្គាប់យើងឲ្យបង្ហាញសេចក្ដីស្រឡាញ់ដល់អ្នកដែលខ្សោយខាងវិញ្ញាណ ហើយអ្នកដែលលែងចូលរួមក្នុងក្រុមជំនុំគ្រីស្ទាន។ (ហេព្រើរ ១២:១២) ហេតុអ្វីក៏យើងត្រូវធ្វើដូច្នេះ? ព្រះយេស៊ូប្រទាននូវចម្លើយដោយប្រើនូវរឿងប្រៀបប្រដូចដ៏រស់រវើកពីរ។
បាត់ចៀមមួយនិងបាត់ប្រាក់មួយកាក់
៥, ៦. (ក) តើព្រះយេស៊ូបានមានបន្ទូលប្រាប់អំពីរឿងប្រៀបប្រដូចពីរដ៏ខ្លីណា? (ខ) តើរឿងប្រៀបប្រដូចទាំងនេះបង្ហាញយ៉ាងណាអំពីព្រះយេហូវ៉ា?
៥ ព្រះយេស៊ូបានប្រទាននូវរឿងប្រៀបប្រដូចដ៏ខ្លីពីរ ដើម្បីបង្រៀនពួកអ្នកស្ដាប់នូវទស្សនៈរបស់ព្រះយេហូវ៉ា ចំពោះអស់អ្នកដែលបានដើរចេញពីផ្លូវរបស់ទ្រង់។ រឿងប្រៀបប្រដូចមួយគឺអំពីអ្នកគង្វាលម្នាក់។ ព្រះយេស៊ូបានមានបន្ទូលថា៖ «ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានចៀម១រយ តែបាត់១ តើមិនទុកចៀម៩៩ឲ្យនៅទីរហោស្ថាន ដើម្បីនឹងទៅតាមរកចៀម១ដែលបាត់ ទាល់តែឃើញទេឬអី កាលណារកឃើញហើយ នោះក៏លើកព្រនរមក ដោយអំណរ លុះមកដល់ផ្ទះវិញ អ្នកនោះនឹងហៅពួកសំឡាញ់ នឹងពួកអ្នកជិតខាងមក ប្រាប់ថា សូមអរសប្បាយជាមួយនឹងខ្ញុំ ដ្បិតចៀមខ្ញុំដែលបាត់ នោះឃើញវិញហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅស្ថានសួគ៌ នឹងមានសេចក្ដីអំណរយ៉ាងនោះដែរ ដោយសារមនុស្សបាបតែ១នាក់ ដែលប្រែចិត្តវិញ ជាជាងមនុស្សសុចរិត៩៩នាក់ ដែលមិនត្រូវការប្រែចិត្តទេ»។—លូកា ១៥:៤-៧
៦ រឿងប្រៀបប្រដូចទីពីរគឺអំពីស្ត្រីម្នាក់។ ព្រះយេស៊ូបានមានបន្ទូលថា៖ «ឬមានស្ត្រីឯណា ដែលមាន[ប្រាក់ដ្រាកម៉ា១០កាក់] បើបាត់១ តើមិនអុជចង្កៀង ហើយបោសផ្ទះរកអស់ពីចិត្ត ទាល់តែបានឃើញទេឬអី កាលរកឃើញ នោះក៏ហៅពួកសំឡាញ់ នឹងអ្នកជិតខាងមកប្រាប់ថា សូមអរសប្បាយជាមួយនឹងខ្ញុំចុះ ដ្បិតប្រាក់ខ្ញុំដែលបាត់ នោះរកឃើញវិញហើយ ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា ក៏មានសេចក្ដីអំណរ នៅមុខពួកទេវតានៃព្រះយ៉ាងនោះដែរ ដោយសារមនុស្សបាបតែ១នាក់ ដែលប្រែចិត្តវិញ»។—លូកា ១៥:៨-១០
៧. តើយើងរៀនមេរៀនអ្វីខ្លះពីរឿងប្រៀបប្រដូច អំពីចៀមដែលបាត់និងប្រាក់មួយកាក់ដែលបាត់នោះ?
៧ តើយើងអាចរៀនអ្វីខ្លះពីរឿងប្រៀបប្រដូចដ៏ខ្លីនេះ? រឿងប្រៀបប្រដូចនេះបង្ហាញយើងថា (១) យើងត្រូវមានអារម្មណ៍យ៉ាងណាចំពោះអស់អ្នកដែលខ្សោយខាងវិញ្ញាណ និង (២) អ្វីដែលយើងត្រូវធ្វើដើម្បីជួយពួកគាត់។ សូមឲ្យយើងពិនិត្យមើលនូវចំណុចទាំងនេះ។
របស់ដែលបាត់នៅតែមានតម្លៃចំពោះម្ចាស់
៨. (ក) តើអ្នកគង្វាលនិងស្ត្រីនោះមានប្រតិកម្មយ៉ាងណាចំពោះអ្វីដែលគេបានបាត់បង់នោះ? (ខ) តើប្រតិកម្មរបស់ពួកគេបង្ហាញយ៉ាងណា ចំពោះទស្សនៈរបស់ពួកគេដែលមានចំពោះរបស់ដែលបានបាត់បង់នោះ?
៨ នៅក្នុងរឿងប្រៀបប្រដូចទាំងពីរ គឺមានអ្វីមួយបានបាត់បង់ទៅ តែចូរកត់សម្គាល់នូវប្រតិកម្មនៃម្ចាស់វិញ។ អ្នកគង្វាលនោះមិនបានពោលថា៖ ‹បាត់ចៀមមួយមិនសំខាន់ទេ ខ្ញុំនៅមានចៀម៩៩ក្បាលទៀតឯណោះ ខ្ញុំមិនត្រូវការចៀមនោះទេ›។ ស្ត្រីម្នាក់នោះមិនបាននិយាយថា៖ ‹តើខ្ញុំត្រូវព្រួយដោយគ្រាន់តែបាត់ប្រាក់មួយកាក់នោះឬ? ខ្ញុំពេញចិត្តណាស់ទៅហើយនឹងប្រាក់ប្រាំបួនកាក់ដែលខ្ញុំមាននោះ›។ តែផ្ទុយទៅវិញអ្នកគង្វាលនោះបានស្វែងរកចៀមដែលបាត់បង់ ហាក់ដូចជាគាត់មានចៀមតែមួយអ៊ីចឹង។ ហើយស្ត្រីនោះខំរកប្រាក់មួយកាក់ដែលបាត់ទៅ ហាក់ដូចជាគាត់មានប្រាក់តែមួយកាក់ដែរ។ ក្នុងករណីទាំងពីរនេះ របស់ដែលបាត់បង់នៅតែមានតម្លៃចំពោះម្ចាស់ខ្លួន។ តើរឿងនេះសឲ្យឃើញយ៉ាងដូចម្ដេច?
៩. តើការយកចិត្តទុកដាក់របស់អ្នកគង្វាលនិងស្ត្រីនោះបង្ហាញអំពីអ្វី?
៩ ចូរកត់សម្គាល់នូវសេចក្ដីសន្និដ្ឋានរបស់ព្រះយេស៊ូក្នុងករណីទាំងពីរនេះ ពោលគឺ៖ «នៅស្ថានសួគ៌ នឹងមានសេចក្ដីអំណរយ៉ាងនោះដែរ ដោយសារមនុស្សបាបតែ១នាក់ ដែលប្រែចិត្តវិញ» និង«ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា ក៏មានសេចក្ដីអំណរ នៅមុខពួកទេវតានៃព្រះយ៉ាងនោះដែរ ដោយសារមនុស្សបាបតែ១នាក់ ដែលប្រែចិត្តវិញ»។ ដូច្នេះហើយ ការយកចិត្តទុកដាក់របស់អ្នកគង្វាលនិងស្ត្រីនោះ នេះគ្រាន់តែជាការបង្ហាញនូវអារម្មណ៍ដ៏តិចតួចដែលព្រះយេហូវ៉ានិងសត្តនិករនៅស្ថានសួគ៌មានប៉ុណ្ណោះ។ ដូចជាអ្វីដែលបានបាត់បង់ទៅនៅមានតម្លៃចំពោះអ្នកគង្វាលនិងស្ត្រីនោះ បើដូច្នេះអស់អ្នកដែលបានចាកចេញពីក្រុមជំនុំនិងលែងមានការសេពគប់ជាមួយរាស្ត្ររបស់ព្រះយេហូវ៉ា ក៏នៅមានតម្លៃចំពោះទ្រង់ដែរ។ (យេរេមា ៣១:៣) បុគ្គលបែបនេះប្រហែលជាខ្សោយខាងវិញ្ញាណមែន តែពួកគេមិនមែនជាអ្នកបះបោរនោះទេ។ ទោះជាមានភាពខ្សោយខាងវិញ្ញាណក៏ដោយ ពួកគេប្រហែលនៅតែធ្វើតាមតម្រូវការរបស់ព្រះយេហូវ៉ាខ្លះដែរ។ (ទំនុកដំកើង ១១៩:១៧៦; កិច្ចការ ១៥:២៩) ហេតុនេះហើយ កាលដែលពេលវេលាកន្លងទៅ ព្រះយេហូវ៉ា«ក៏មិនទាន់បោះបង់ចោល គេចេញពីចំពោះទ្រង់នៅឡើយដែរ»។—ពង្សាវតារក្សត្រទី២ ១៣:២៣
១០, ១១. (ក) ចំពោះអ្នកដែលបានចាកចេញពីក្រុមជំនុំ តើយើងគួរមានទឹកចិត្តយ៉ាងណាចំពោះគេ? (ខ) យោងទៅតាមរឿងប្រៀបប្រដូចទាំងពីររបស់ព្រះយេស៊ូ តើយើងអាចសម្ដែងនូវការយកចិត្តទុកដាក់ចំពោះពួកគេយ៉ាងដូចម្ដេច?
១០ ដូចជាព្រះយេហូវ៉ានិងព្រះយេស៊ូ យើងក៏យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអស់អ្នកខ្សោយខាងវិញ្ញាណ ដែលមិនមកក្រុមជំនុំគ្រីស្ទាននោះ។ (អេសេគាល ៣៤:១៦; លូកា ១៩:១០) យើងចាត់ ទុកបុគ្គលដែលខ្សោយខាងវិញ្ញាណដូចជាចៀមវង្វេងបាត់ មិនមែនជាបុគ្គលដែលជួយពុំបាននោះទេ។ យើងមិនគិតថា៖ ‹ម្ដេចក៏ចាំព្រួយអំពីមនុស្សដែលខ្សោយខាងវិញ្ញាណម្នាក់ធ្វើអ្វី បើក្រុមជំនុំមិនត្រូវការជំនួយពីគាត់ផងនោះ›? ផ្ទុយទៅវិញ យើងចាត់ទុកអស់អ្នកដែលបានចាកចេញហើយតែចង់ត្រឡប់មកវិញ ជាបុគ្គលមានតម្លៃ ដូចទស្សនៈរបស់ព្រះយេហូវ៉ាដែរ។
១១ ប៉ុន្តែ តើយើងបង្ហាញនូវការយកចិត្តទុកដាក់យ៉ាងដូចម្ដេច? រឿងប្រៀបប្រដូចទាំងពីររបស់ព្រះយេស៊ូ បញ្ជាក់ឲ្យយើងធ្វើដូច្នេះ៖ (១) ដោយចាត់វិធានការធ្វើអ្វីមួយ (២) ដោយបង្ហាញនូវការថ្នាក់ថ្នម និង (៣) ដោយខំប្រឹងអស់ពីចិត្ត។ សូមឲ្យយើងពិនិត្យមើលចំណុចនេះម្ដងមួយៗ។
ចូរចាត់វិធានការធ្វើអ្វីមួយ
១២. តើឃ្លាដែលថា«ទៅតាមរកចៀម១ដែលបាត់» ប្រាប់យើងយ៉ាងណាអំពីអារម្មណ៍របស់អ្នកគង្វាល?
១២ ក្នុងរឿងប្រៀបប្រដូចទីមួយ នោះព្រះយេស៊ូមានបន្ទូលថាអ្នកគង្វាលនឹង«ទៅតាមរកចៀម១ដែលបាត់»។ អ្នកគង្វាលនេះចាត់វិធានការនិងខំប្រឹងដ៏ស្មោះដើម្បីរកចៀមមួយដែលបាត់នោះ។ អ្នកគង្វាលនេះពុំខ្លាចនូវការពិបាក គ្រោះថ្នាក់ សូម្បីនៅជិតឆ្ងាយក៏ដោយ។ ផ្ទុយទៅវិញ អ្នកគង្វាលនេះខំរកឲ្យ«ទាល់តែឃើញ[ចៀម]»នោះ។—លូកា ១៥:៤
១៣. តើមនុស្សស្មោះត្រង់ពីសម័យបុរាណបានធ្វើយ៉ាងណាដល់អ្នកដែលធ្លាក់ទឹកចិត្ត? ហើយតើយើងអាចយកតម្រាប់តាមគំរូទាំងនេះយ៉ាងដូចម្ដេច?
១៣ ស្រដៀងគ្នាដែរ ការជួយមនុស្សដែលត្រូវការការលើកទឹកចិត្ត គឺតម្រូវឲ្យអ្នកដែលខ្លាំងខាងវិញ្ញាណចាត់វិធានការជាមុន។ មនុស្សស្មោះត្រង់ពីសម័យបុរាណបានយល់អំពីទង្វើបែបនេះ។ ជាឧទាហរណ៍ បុត្ររបស់ស្តេចសូល ព្រះនាមយ៉ូណាថានបានឃើញដាវីឌដែលជាមិត្តដ៏ជិតស្និទ្ធត្រូវការការលើកទឹកចិត្ត នោះយ៉ូណាថាន «ក៏ចេញទៅឯដាវីឌនៅក្នុងព្រៃ ជួយចំរើនឲ្យមានសេចក្ដីសង្ឃឹមក្នុងព្រះឡើង»។ (សាំយូអែលទី១ ២៣:១៥, ១៦) ជាច្រើនសតវត្សក្រោយមក នៅពេលអភិបាលនេហេមាបានឃើញ បងប្អូនជាតិយូដាធ្លាក់ទឹកចិត្ត នោះគាត់ក៏«ចូលទៅជិត»ហើយបានលើកទឹកចិត្តបណ្ដាជន‹ឲ្យនឹករឭកដល់ព្រះយេហូវ៉ា›។ (នេហេមា ៤:១៤) សព្វថ្ងៃនេះ យើងក៏ចង់‹ចូលទៅជិត› ពោលគឺចាត់វិធានការភ្លាមដើម្បីពង្រឹងអស់អ្នកដែលខ្សោយខាងវិញ្ញាណ។ ប៉ុន្តែ ក្នុងក្រុមជំនុំ តើអ្នកណាដែលត្រូវចាត់វិធានការនេះ?
១៤. តើអ្នកណាក្នុងក្រុមជំនុំដែលត្រូវជួយអស់អ្នកដែលខ្សោយខាងវិញ្ញាណ?
១៤ ជាពិសេសពួកអ្នកចាស់ទុំគ្រីស្ទានមានភារកិច្ចដើម្បី«ចំរើនកម្លាំងដៃដែលខ្សោយ ហើយឲ្យក្បាលជង្គង់ដែលញ័របានមាំមួនឡើង» និងត្រូវ «ប្រាប់ដល់ពួកអ្នកដែលមានចិត្តភ័យខ្លាចថា៖ ‹ចូរឲ្យមានកម្លាំងចុះ! កុំឲ្យខ្លាចឡើយ›»។ (អេសាយ ៣៥:៣, ៤; ពេត្រុសទី១ ៥:១, ២) ប៉ុន្តែ ចូរកត់សម្គាល់នូវការដាស់តឿនរបស់ប៉ុល ដែល«ជួយកំសាន្តដល់ពួកអ្នកណាដែលមានសេចក្ដីទន់ក្រំចិត្ត» និងឲ្យ«គាំពារពួកអ្នកដែលខ្សោយ» នេះមិនមែនគ្រាន់តែជាបង្គាប់ដល់ពួកអ្នកចាស់ទុំប៉ុណ្ណោះទេ។ ផ្ទុយទៅវិញ ពាក្យរបស់ប៉ុលបានបង្គាប់«ពួកជំនុំនៅក្រុងថែស្សាឡូនីច»ទាំងមូល។ (ថែស្សាឡូនីចទី១ ១:១; ៥:១៤) ដូច្នេះហើយ ការជួយមនុស្សដែលខ្សោយខាងវិញ្ញាណ គឺជាកិច្ចការរបស់ពួកគ្រីស្ទានទាំងអស់គ្នា។ ដូចជាអ្នកគង្វាលក្នុងរឿងប្រៀបប្រដូច នោះគ្រីស្ទានម្នាក់ៗបានត្រូវជំរុញឲ្យ«ទៅតាមរកចៀម១ដែលបាត់»។ ប្រាកដហើយ បើមានការចូលរួមជាមួយពួកអ្នកចាស់ទុំ នេះនឹងមានប្រសិទ្ធភាពជាទីបំផុត។ តើអ្នកអាចធ្វើអ្វីមួយ ដើម្បីជួយអ្នកដែលខ្សោយខាងវិញ្ញាណក្នុងក្រុមជំនុំរបស់អ្នកបានទេ?
ចូរបង្ហាញនូវការថ្នាក់ថ្នម
១៥. តើរបៀបដែលអ្នកគង្វាលនោះប្រព្រឹត្តមានមូលហេតុអ្វី?
១៥ តើអ្នកគង្វាលនោះធ្វើអ្វី ពេលគាត់បានរកឃើញចៀមមួយដែលបាត់នោះ? «គាត់ក៏លើកចៀមដាក់លើ ក»។ (លូកា ១៥:៥, ព្រះគម្ពីរភាសាខ្មែរសម្រាយ) នេះជាចំណុចមួយដែលធ្វើឲ្យរំភើបចិត្តហើយជួយឲ្យយើងយល់ដឹងបានច្រើន! ចៀមនោះប្រហែលជាដើរវង្វេងនៅតំបន់ដែលវាមិនស្គាល់អស់ជាច្រើនថ្ងៃជាច្រើនយប់ ហើយប្រហែលជាអាចមានគ្រោះថ្នាក់ដោយសត្វសិង្ហចាំឆ្មក់ទៀតផង។ (យ៉ូប ៣៨:៣៩, ៤០) ចៀមនេះច្បាស់ជាត្រូវទន់ខ្សោយនិងអស់កម្លាំងដោយខ្វះអាហារហើយ។ ចៀមនេះគឺខ្សោយណាស់ ប្រសិនបើប្រើកម្លាំងខ្លួនដើម្បីទប់ទល់ឈ្នះឧបសគ្គដែលវានឹងប្រឈមមុខ ពេលត្រឡប់ទៅហ្វូងវិញនោះ។ ដូច្នេះហើយ អ្នកគង្វាលលុតជង្គង់ហើយលើកចៀមនេះឡើងដោយថ្នមៗ និងពចៀមនេះត្រឡប់ទៅវិញដោយពុះពារឆ្លងកាត់រាល់ឧបសគ្គទាំងប៉ុន្មានដែលមាន។ តើយីងអាចបង្ហាញនូវការយកចិត្តទុកដាក់ដូចអ្នកគង្វាលនេះយ៉ាងដូចម្ដេច?
១៦. ហេតុអ្វីក៏យើងគួរតែបង្ហាញនូវការថ្នាក់ថ្នមដូចអ្នកគង្វាលបង្ហាញដល់ចៀមដែលបាត់នោះ?
១៦ បុគ្គលម្នាក់ដែលបានចាកចេញពីក្រុមជំនុំ ប្រហែលជាអស់កម្លាំងខាងវិញ្ញាណណាស់។ ដូចជាចៀមដែលបានបែកពីអ្នកគង្វាល នោះបុគ្គលម្នាក់ប្រៀបដូចជាបានដើរវង្វេងចូលទៅក្នុងតំបន់គ្រោះថ្នាក់នៃពេត្រុសទី១ ៥:៨) បន្ថែមទៀតនោះ គាត់ទន់ខ្សោយហើយអស់កម្លាំងដោយសារគ្មានអាហារខាងវិញ្ញាណ។ ដូច្នេះហើយ បើគ្មានជំនួយទេ នោះគាត់នឹងទៅជាខ្សោយ មិនអាចយកឈ្នះលើឧបសគ្គទាំងប៉ុន្មានដែលគាត់នឹងប្រទះពេលធ្វើដំណើរវិលត្រឡប់ទៅក្រុមជំនុំវិញទេ។ ដូច្នេះហើយ បើនិយាយជាអត្ថបដិរូប យើងដូចជាលុតជង្គង់និងលើកពួកអ្នកដែលខ្សោយខាងវិញ្ញាណ ហើយបីពួកគេដោយថ្នមៗត្រឡប់មកវិញ។ (កាឡាទី ៦:២) តើយើងអាចសម្រេចការនេះបានយ៉ាងដូចម្ដេច?
លោកីយ៍នេះ។ បើគ្មានការការពារពីហ្វូងចៀម ពោលគឺក្រុមជំនុំគ្រីស្ទាន នោះអារក្សនឹងស្រួលពាធាបុគ្គលនេះ ដែលវា«ដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីនឹងរកអ្នកណាដែលវានឹងត្របាក់លេបបាន»។ (១៧. ពេលយើងទៅសួរសុខទុក្ខអស់អ្នកដែលខ្សោយខាងវិញ្ញាណ តើយើងអាចយកតម្រាប់តាមសាវ័កពេត្រុសយ៉ាងដូចម្ដេច?
១៧ សាវ័កប៉ុលបានមានប្រសាសន៍ថា៖ «ប្រសិនបើមានអ្នកណាម្នាក់ទន់ខ្សោយ ខ្ញុំក៏ទន់ខ្សោយដែរ»។ (កូរិនថូសទី២ ១១:២៩, ព្រះគម្ពីរភាសាខ្មែរសម្រាយ; កូរិនថូសទី១ ៩:២២) ប៉ុលមានចិត្តមេត្ដាចំពោះមនុស្ស រួមទាំងមនុស្សដែលខ្សោយខាងវិញ្ញាណផង។ យើងក៏ចង់សម្ដែងនូវចិត្តមេត្ដាដល់អស់អ្នកដែលខ្សោយខាងវិញ្ញាញដែរ។ ពេលអ្នកទៅសួរសុខទុក្ខគ្រីស្ទានដែលខ្សោយខាងវិញ្ញាណ សូមជំរាបគាត់ថា គាត់នៅមានតម្លៃណាស់ចំពោះព្រះយេហូវ៉ា ហើយបងប្អូនស្មរបន្ទាល់គ្នីគ្នានឹកគាត់ណាស់។ (ថែស្សាឡូនីចទី១ ២:១៧) សូមប្រាប់គាត់ថាបងប្អូនបម្រុងនឹងជួយគាត់ ហើយសុខចិត្តធ្វើជា«បងប្អូន[ដែល]កើតមកសំរាប់គ្រាលំបាកដែរ»។ (សុភាសិត ១៧:១៧; ទំនុកដំកើង ៣៤:១៨) ការសម្ដែងឲ្យឃើញនូវអារម្មណ៍ស្មោះអស់ពីដួងចិត្ត ប្រហែលជាលើកទឹកចិត្តគាត់បន្ដិចម្ដងៗរហូតដល់គាត់អាចត្រឡប់មកហ្វូងជាក្រុមជំនុំគ្រីស្ទានវិញ។ តើយើងត្រូវធ្វើអ្វីជាបន្ទាប់? រឿងប្រៀបប្រដូចអំពីស្ត្រីនិងប្រាក់មួយកាក់ដែលបាត់ ផ្ដល់ឲ្យយើងនូវការណែនាំ។
ចូរខំប្រឹងអស់ពីចិត្ត
១៨. (ក) ហេតុអ្វីបានជាស្ត្រីនៅក្នុងរឿងប្រៀបប្រដូចនេះមិនបានអស់សង្ឃឹម? (ខ) តើស្ត្រីនោះបានខំប្រឹងអស់ពីចិត្តយ៉ាងដូចម្ដេច? ហើយតើមានលទ្ធផលយ៉ាងណា?
១៨ ស្ត្រីដែលបាត់ប្រាក់មួយកាក់នោះដឹងថា ស្ថានការណ៍គឺពិបាកមែន តែមិនធ្វើឲ្យគាត់អស់សង្ឃឹមទេ។ ប្រសិនបើប្រាក់មួយកាក់នោះបាត់នៅក្នុងវាលស្មៅដ៏ធំហើយខ្ពស់ៗ ឬធ្លាក់ទៅក្នុងទន្លេដែលមានភក់ជ្រៅ នោះគាត់ប្រហែលជាអស់សង្ឃឹមថារកពុំឃើញឡើយ។ ប៉ុន្តែ ដោយដឹងថា ប្រាក់មួយកាក់នោះបាត់នៅកន្លែងណាមួយក្នុងផ្ទះរបស់គាត់ ដូច្នេះគាត់ពិតជាអាចរកវាឃើញវិញ ហើយគាត់បានចាប់ផ្ដើមខំប្រឹងអស់ពីសមត្ថភាពនិងអស់ពីចិត្តដើម្បីរកប្រាក់មួយកាក់នោះ។ (លូកា ១៥:៨) មុនដំបូង គាត់បានអុជចង្កៀងដើម្បីបំភ្លឺក្នុងផ្ទះរបស់គាត់។ រួចមក គាត់ប្រើអំបោសបោសផ្ទះ ដោយសង្ឃឹមថានឹងឮសម្លេងកាក់នោះ។ នៅទីបំផុត គាត់ខំរកយ៉ាងហ្មត់ចត់នូវគ្រប់កៀនកោះ រហូតដល់ពន្លឺចង្កៀងចាំងភ្លែតៗលើកាក់នោះ។ ការខំប្រឹងអស់ពីចិត្តរបស់ស្ត្រីនេះបានជោគជ័យមែន!
១៩. តើយើងអាចទាញយកមេរៀនអ្វី ពីទង្វើរបស់ស្ត្រីនៅក្នុងរឿងប្រៀបប្រដូចនៃប្រាក់មួយកាក់ដែលបាត់នោះ?
១៩ ដូចជាពត៌មានល្អិតល្អន់ដែលមានក្នុងរឿងប្រៀបប្រដូចនោះបង្ហាញឲ្យឃើញថាយើងមានកាតព្វកិច្ចក្នុងការជួយពួកគ្រីស្ទានដែលខ្សោយខាងវិញ្ញាណ ការធ្វើនេះមិនមែនហួសពីសមត្ថភាពរបស់យើងនោះទេ។ ទន្ទឹមនឹងនេះ យើងដឹងថាយើងត្រូវតែខំប្រឹង។ យ៉ាងណាមិញ សាវ័កប៉ុលបានមានប្រសាសន៍ទៅពួកអ្នកចាស់ទុំក្នុងក្រុងអេភេសូរថា៖ «គួរឲ្យខំធ្វើការដូច្នោះ ដើម្បីឲ្យបានជួយដល់ពួកអ្នកខ្សោយ»។ កិច្ចការ ២០:៣៥ក) ចូរនឹកចាំថាស្ត្រីនេះបានរកឃើញប្រាក់វិញ ដោយការខំរកនៅក្នុងផ្ទះយ៉ាងហ្មត់ចត់ មិនមែនមើលកន្លែងនេះឬកន្លែងនោះ ម្ដងម្កាលនោះទេ។ ប៉ុន្តែ គាត់បានរកឃើញប្រាក់នោះ ពីព្រោះគាត់បានស្វែងរកគ្រប់កន្លែងតាមលំដាប់លំដោយ«ទាល់តែបានឃើញ»។ ដូចគ្នាដែរ ពេលយើងខំប្រឹងជួយបុគ្គលដែលខ្សោយខាងវិញ្ញាណឲ្យមានកម្លាំងវិញ នោះរបៀបដែលយើងធ្វើគឺត្រូវខំប្រឹងអស់ពីចិត្តនិងដោយមានបំណង។ តើយើងអាចធ្វើយ៉ាងណា?
(២០. តើយើងអាចធ្វើអ្វីដើម្បីជួយមនុស្សដែលខ្សោយខាងវិញ្ញាណនោះ?
២០ តើយើងអាចជួយបុគ្គលដែលខ្សោយខាងវិញ្ញាណឲ្យពង្រឹងជំនឿនិងមានចិត្តអំណរវិញយ៉ាងដូចម្ដេច? យើងអាចជួយបុគ្គលបែបនេះ តាមរយៈការសិក្សាព្រះគម្ពីរដោយប្រើប្រកាសនវត្ថុគ្រីស្ទានមួយ ដែលសមនឹងកាលៈទេសៈរបស់គាត់។ ប្រាកដហើយ សិក្សាព្រះគម្ពីរជាមួយបុគ្គលដែលខ្សោយខាងវិញ្ញាណតម្រូវឲ្យយើងជួយគាត់ដោយហ្មត់ចត់ហើយជារឿយៗដែរ។ អ្នកត្រួតពិនិត្យកិច្ចបំរើទំនងជាអាចសម្រេចថា អ្នកណាអាចជួយក្នុងរឿងនេះ។ អ្នកត្រួតពិនិត្យកិច្ចបំរើអាចផ្ដល់យោបល់ឲ្យរៀនអំពីអ្វី ហើយថាប្រកាសនវត្ថុមួយណាដែលមានប្រយោជន៍ច្រើនបំផុត។ ដូចជាស្ត្រីក្នុងរឿងប្រៀបប្រដូចបានសម្រេចកិច្ចការរបស់គាត់ ដោយប្រើសំភារៈដែលមានប្រយោជន៍។ សព្វថ្ងៃនេះយើងក៏អាចប្រើសំភារៈផ្សេងៗ ដើម្បីជួយឲ្យសម្រេចភារកិច្ចដែលព្រះប្រទានឲ្យ និងជួយអស់អ្នកដែលខ្សោយខាងវិញ្ញាណដែរ។ យើងមានសំភារៈឬប្រកាសនវត្ថុថ្មីពីរដែលមានប្រយោជន៍ជាពិសេសក្នុងការខំប្រឹងជួយពួកគេ។ នេះគឺជាសៀវភៅ ចូរថ្វាយបង្គំព្រះពិតតែមួយ និងសៀវភៅ ចូរចូលទៅជិតព្រះយេហូវ៉ា (ភាសាអង់គ្លេស)។ *
២១. ហេតុអ្វីបានជាការជួយអស់អ្នកដែលខ្សោយខាងវិញ្ញាណនាំឲ្យទាំងអស់គ្នាទទួលពរ?
២១ ការជួយមនុស្សដែលខ្សោយខាងវិញ្ញាណ គឺនាំឲ្យមនុស្សទាំងអស់ទទួលពរ។ បុគ្គលដែលទទួលជំនួយមានសុភមង្គល ដោយសារបានចូលរួមជាមួយមិត្តភក្ដិដែលមានចិត្តស្មោះវិញ។ យើងមានអំណរយ៉ាងខ្លាំងដែលបានមកពីការឲ្យនោះ។ (លូកា ១៥:៦, ៩; កិច្ចការ ២០:៣៥ខ) ក្រុមជំនុំទាំងមូលនឹងមានភាពកក់ក្ដៅ កាលដែលសមាជិកនិមួយៗយកចិត្តទុកដាក់នឹងគ្នាទៅវិញទៅមក។ ហើយអ្វីដែលសំខាន់បំផុតនោះ ព្រះយេហូវ៉ានិងព្រះយេស៊ូជាអ្នកគង្វាលដែលមើលថែរក្សាយើង នឹងទទួលនូវកិត្ដិយសកាលដែលទ្រង់ទាំងពីរអង្គមានព្រះទ័យចង់គាំទ្រមនុស្សដែលខ្សោយខាងវិញ្ញាណ ដូចបានសម្ដែងដោយអ្នកបំរើទ្រង់នៅលើផែនដីនេះ។ (ទំនុកដំកើង ៧២:១២-១៤; ម៉ាថាយ ១១:២៨-៣០; កូរិនថូសទី១ ១១:១; អេភេសូរ ៥:១) ដូច្នេះហើយ នេះជាមូលហេតុដ៏ល្អដែលយើងបន្ត‹បង្ហាញសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក›។
[កំណត់សម្គាល់]
^ វគ្គ 20 បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។
[សំណួរសម្រាប់អត្ថបទសិក្សា]
តើអ្នកអាចពន្យល់បានឬទេ?
• ហេតុអ្វីក៏ចាំបាច់ដែលយើងគ្រប់គ្នាបង្ហាញសេចក្ដីស្រឡាញ់?
• ហេតុអ្វីយើងគួរបង្ហាញសេចក្ដីស្រឡាញ់ដល់អស់អ្នកដែលខ្សោយខាងវិញ្ញាណ?
• តើមេរៀនក្នុងរឿងប្រៀបប្រដូចអំពីចៀមមួយនិងប្រាក់មួយកាក់ដែលបាត់ បង្រៀនយើងអំពីអ្វី?
• តើយើងអាចចាត់វិធានការដែលមានប្រយោជន៍ណាខ្លះ ដើម្បីជួយអ្នកដែលខ្សោយខាងវិញ្ញាណ?
[រូបភាពនៅទំព័រ១៦]
ពេលយើងជួយមនុស្សដែលខ្សោយខាងវិញ្ញាណ នោះយើងបានចាត់វិធានការ និងបង្ហាញនូវការថ្នាក់ថ្នមហើយខំប្រឹងអស់ពីចិត្តដើម្បីជួយគេ
[រូបភាពនៅទំព័រ១៧]
ការជួយមនុស្សដែលខ្សោយខាងវិញ្ញាណនាំឲ្យមនុស្សទាំងអស់ទទួលពរ