លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ពិធីអាហារល្ងាចរបស់ព្រះអម្ចាស់ តើមានន័យយ៉ាងណាចំពោះអ្នក?

ពិធីអាហារល្ងាចរបស់ព្រះអម្ចាស់ តើមានន័យយ៉ាងណាចំពោះអ្នក?

ពិធី​អាហារ​ល្ងាច​របស់​ព្រះ​អម្ចាស់ តើ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​អ្នក?

​«អ្នក​ណា​ដែល​បរិភោគ​នំប៉័ង​នេះ ឬ​ផឹក​ពី​ពែង​នៃ​ព្រះ​អម្ចាស់​បែប​មិន​គួរ​សម នោះ​នឹង​មាន​ទោស​ចំពោះ​រូប​អង្គ ហើយ​នឹង​ព្រះ​លោហិត​នៃ​ព្រះ​អម្ចាស់»។—កូរិនថូសទី១ ១១:២៧

១​. តើ​មាន​ពិធី​សំខាន់​បំផុត​អ្វី ក្នុង​កំឡុង​ឆ្នាំ​២០០៣? ហើយ​តើ​ពិធី​នោះ​មាន​ដើម​កំណើត​យ៉ាង​ណា?

ពិធី​សំខាន់​បំផុត​ក្នុង​កំឡុង​ឆ្នាំ​២០០៣ បាន​កើត​ឡើង​នៅ​ក្រោយ​ថ្ងៃលិច ថ្ងៃទី១៦ ខែមេសា។ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​ជួប​ជុំ​គ្នា​ដើម្បី​ធ្វើ​ពិធី​បុណ្យ​រំឭក​ការ​សោយទិវង្គត​របស់​ព្រះ​យេស៊ូ​គ្រីស្ទ។ ក្រោយ​ពី​ព្រះ​យេស៊ូ​និង​សាវ័ក​របស់​ទ្រង់​បាន​ធ្វើ​បុណ្យ​រំលង​នៅ​ថ្ងៃទី១៤ ខែណែសាន ឆ្នាំ​៣៣ ស.យ. នោះ​ព្រះ​យេស៊ូ​បាន​ប្រារព្ធ​ពិធី​បុណ្យ​រំឭក​ដែល​ហៅ​ថា​អាហារ​ល្ងាច​របស់​ព្រះ​អម្ចាស់​ក៏​បាន​ដែរ ដូច​ដែល​អត្ថបទ​មុន​នេះ​បាន​បង្ហាញ​នោះ។ នំប៉័ង​ឥត​ដំបែ​និង​ស្រា​ទំពាំងបាយជូរ​ក្រហម​ជា​វត្ថុ​តំណាង​ក្នុង​ពិធី​បុណ្យ​រំឭក ដែល​តំណាង​នូវ​ព្រះ​កាយ​ដែល​គ្មាន​បាប និង​ព្រះ​លោហិត​ព្រះ​គ្រីស្ទ​បាន​បង្ហូរ​នោះ ជា​យញ្ញបូជា​តែ​មួយ​គត់​អាច​ប្រោស​មនុស្ស​ឲ្យ​រួច​ពី​បាប​និង​សេចក្ដី​ស្លាប់​ដែល​មនុស្ស​លោក​បាន​ទទួល​ជា​មរតក​នោះ។—រ៉ូម ៥:១២; ៦:២៣

២​. តើ​មាន​ការ​ព្រមាន​អ្វី​នៅ​ក្នុង​កូរិនថូសទី១ ១១:២៧?

អ្នក​ដែល​ទទួល​ទាន​នូវ​វត្ថុ​តំណាង​ក្នុង​ពិធី​បុណ្យ​រំឭក​នោះ ត្រូវ​ទទួល​តាម​បែប​គួរ​សម។ សាវ័ក​ប៉ុល​បាន​បញ្ជាក់​ចំណុច​នេះ​យ៉ាង​ច្បាស់លាស់ ពេល​ដែល​គាត់​សរសេរ​ទៅ​កាន់​បងប្អូន​គ្រីស្ទាន​នៅ​ទីក្រុង​កូរិនថូស​ពីបុរាណ ដែល​បងប្អូន​នៅ​ទីនោះ​បាន​ធ្វើ​ពិធី​អាហារ​ល្ងាច​របស់​ព្រះ​អម្ចាស់​តាម​បែប​មិន​គួរ​សម​វិញ។ (កូរិនថូសទី១ ១១:២០​-​២២) ប៉ុល​បាន​សរសេរ​ថា​៖ «អ្នក​ណា​ដែល​បរិភោគ​នំប៉័ង​នេះ ឬ​ផឹក​ពី​ពែង​នៃ​ព្រះ​អម្ចាស់​បែប​មិន​គួរ​សម នោះ​នឹង​មាន​ទោស​ចំពោះ​រូប​អង្គ ហើយ​នឹង​ព្រះ​លោហិត​នៃ​ព្រះ​អម្ចាស់»។ (កូរិនថូសទី១ ១១:២៧) តើ​ពាក្យ​របស់​ប៉ុល​នោះ​មាន​ន័យ​សំខាន់​យ៉ាង​ណា?

បងប្អូន​ខ្លះ​បាន​ធ្វើ​ពិធី​បុណ្យ​រំឭក​តាម​បែប​មិន​គួរ​សម

៣​. ពេល​ធ្វើ​ពិធី​អាហារ​ល្ងាច​របស់​ព្រះ​អម្ចាស់ តើ​បងប្អូន​គ្រីស្ទាន​ជា​ច្រើន​នៅ​ទីក្រុង​កូរិនថូស​បាន​ប្រព្រឹត្ត​យ៉ាង​ណា​ខ្លះ?

បងប្អូន​គ្រីស្ទាន​ជា​ច្រើន​នៅ​ទីក្រុង​កូរិនថូស​បាន​ធ្វើ​ពិធី​បុណ្យ​រំឭក​តាម​បែប​មិន​គួរ​សម។ ក្នុង​ចំណោម​ពួក​គេ​មាន​ការ​បែក​បាក់​គ្នា ហើយ​យ៉ាង​ហោច​ណាស់​ក៏​មាន​មួយ​រយៈ​ដែល​បងប្អូន​ខ្លះ​បាន​យក​ម្ហូប​ពេល​ល្ងាច​ទៅ​ជាមួយ ហើយ​បាន​បរិភោគ​អាហារ​នោះ​មុន​ឬ​ក្នុង​កំឡុង​កម្មវិធី រួម​ទាំង​បរិភោគ​ច្រើន​ហួស​ហេតុ​ពេក​ក៏​មាន។ ពួក​គេ​មិន​ប្រុង​ស្មារតីឬ​ប្រុង​ប្រៀប​ខ្លួន​ខាង​វិញ្ញាណ​ឡើយ។ ដោយ​ទង្វើ​ដូច្នេះ ពួក​គេ​«មាន​ទោស​ចំពោះ​រូប​អង្គ ហើយ​នឹង​ព្រះ​លោហិត​នៃ​ព្រះ​អម្ចាស់»។ បងប្អូន​ខ្លះ​មិន​បាន​បរិភោគ​អាហារ​ពី​មុន​មក​ចូល​រួម​កម្មវិធី​នោះ​ទេ នេះ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ឃ្លាន​ហើយ​មិន​មាន​អារម្មណ៍​មូល​ទៀត​ផង។ ត្រូវ​មែន បងប្អូន​គ្រីស្ទាន​ជា​ច្រើន​បាន​ទទួល​ទាន​នូវ​វត្ថុ​តំណាង​នោះ​ដោយ​មិន​បាន​ទទួល​ស្គាល់​ថា​កម្មវិធី​នោះ​មាន​សារៈ​សំខាន់​យ៉ាង​ណា​ទេ ហើយ​ក៏​មិន​បាន​បង្ហាញ​ការ​គោរព​ផង​ដែរ។ មូលហេតុ​នោះ​ហើយ​បាន​ជា​ពួក​គេ​គួរ​ទទួល​ទោស​មែន!—កូរិនថូសទី១ ១១:២៧​-​៣៤

៤, ៥​. ហេតុ​អ្វី​បាន​ជា​អស់​អ្នក​ដែល​ទទួល​ទាន​វត្ថុ​តំណាង​រាល់ឆ្នាំ​នោះ គួរ​ត្រិះរិះ​ពិចារណា​អំពី​សភាព​នៃ​ចិត្ត​របស់​ខ្លួន​ជា​ចាំបាច់?

កាល​ដែល​ជិត​ដល់​ពេល​ធ្វើ​ពិធី​បុណ្យ​រំឭក​រៀង​រាល់​ឆ្នាំ អស់​អ្នក​ដែល​ទទួល​ទាន​នូវ​វត្ថុ​តំណាង​រាល់​ឆ្នាំ​គួរ​ត្រិះរិះ​ពិចារណា​នូវ​ចិត្ត​របស់​ខ្លួន​ជា​ចាំបាច់។ បើ​អ្នក​ណា​ម្នាក់​ចង់​ចូល​រួម​អាហារ​រួម​គ្នា​នេះ​តាម​បែប​គួរ​សម គាត់​ត្រូវ​តែ​មាន​សុខុមាលភាព​ល្អ​ខាង​វិញ្ញាណ​ជា​មុន​សិន។ អស់​អ្នក​ណា​ដែល​សភាព​នៃ​ចិត្ត​របស់​ខ្លួន​មិន​បង្ហាញ​ការ​គោរព​ឬ​ក៏​មើលងាយ​យញ្ញបូជា​របស់​ព្រះ​យេស៊ូ នោះ​អាច‹ត្រូវ​កាត់កាល់​ចេញ​ពី​រាស្ត្រ​របស់​ព្រះ› ដូច​ជន​អ៊ីស្រាអែល​ណា​ដែល​ទទួល​ទាន​ដង្វាយ​មេត្រី​ជា​អាហារ​រួម​គ្នា​ពេល​ដែល​គាត់​មាន​សភាព​សៅហ្មង​នៅ​ឡើយ។—លេវីវិន័យ ៧:២០; ហេព្រើរ ១០:២៨​-​៣១

ប៉ុល​បាន​ប្រៀបធៀប​ពិធី​បុណ្យ​រំឭក​ទៅ​នឹង​ការ​បរិភោគ​អាហារ​រួម​គ្នា​នៅ​ស្រុក​អ៊ីស្រាអែល​ពី​សម័យ​បុរាណ។ ប៉ុល​បាន​និយាយ​អំពី​ការ​ទទួល​ទាន​រួម​ជាមួយ​ព្រះ​គ្រីស្ទ ហើយ​ក៏​បាន​ពោល​ទៀត​ថា​៖ «អ្នក​រាល់គ្នា​ពុំ​អាច​នឹង​ផឹក​ពី​ពែង​នៃ​ព្រះ​អម្ចាស់ នឹង​ពី​ពែង​របស់​អារក្ស​ផង​បាន​ទេ ក៏​ពុំ​អាច​នឹង​បរិភោគ​នៅ‹តុ​ព្រះ​អម្ចាស់› នឹង​តុ​របស់​អារក្ស​ផង​បាន​ដែរ»។ (កូរិនថូសទី១ ១០:១៦​-​២១) ប្រសិន​បើ​បុគ្គល​ម្នាក់​ដែល​ទទួល​ទាន​នូវ​វត្ថុ​តំណាង​រាល់​ឆ្នាំ​នោះ​ប្រព្រឹត្ត​អំពើ​បាប​ដ៏​ធ្ងន់ គាត់​ត្រូវ​សារភាព​កំហុស​ទូល​ថ្វាយ​ព្រះ​យេហូវ៉ា​ហើយ​រក​ជំនួយ​ខាង​វិញ្ញាណ​ពី​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុមជំនុំ។ (សុភាសិត ២៨:១៣; យ៉ាកុប ៥:១៣​-​១៦) បើ​គាត់​ប្រែ​ចិត្ត​ស្មោះ​អស់​ពី​ចិត្ត​មែន ហើយ​បង្កើត​ផល​ដែល​បញ្ជាក់​ពី​ការ​ប្រែ​ចិត្ត​ពិត​នោះ គាត់​ក៏​អាច​ទទួល​ទាន​នូវ​វត្ថុ​តំណាង​នេះ​បាន​តាម​បែប​គួរ​សម។—លូកា ៣:៨

ពួក​អ្នក​ដែល​ចូល​មើល​ដោយ​មាន​ចិត្ត​គោរព

៦​. តើ​ព្រះ​បាន​កំណត់​ឲ្យ​អ្នក​ណា​ខ្លះ​មាន​ឯក​សិទ្ធិ​ទទួល​ទាន​វត្ថុ​តំណាង​ក្នុង​ពិធី​អាហារ​ល្ងាច​របស់​ព្រះ​អម្ចាស់?

រីឯ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ល្អ​ទៅ​លើ​អ្នក​សំណល់​នៃ​បងប្អូន​របស់​ព្រះ​គ្រីស្ទ​គឺ​១៤៤.០០០​នាក់ តើ​ពួក​គេ​គួរ​ទទួល​ទាន​នូវ​វត្ថុ​តំណាង​ក្នុង​ពិធី​អាហារ​ល្ងាច​របស់​ព្រះ​អម្ចាស់​ដែរ​ឬ​ទេ? (ម៉ាថាយ ២៥:៣១​-​​៤០; វិវរណៈ ១៤:១) អត់​ទេ! មាន​តែ​បុគ្គល​និមួយៗ​ដែល​ព្រះ​បាន​តែងតាំង​ដោយ​វិញ្ញាណ​បរិសុទ្ធ ដើម្បី​ឲ្យ​ក្លាយ​ទៅ​ជា​«អ្នក​គ្រង​មរដក​នៃ​ព្រះ​ជាមួយ​នឹង​ព្រះ​គ្រីស្ទ»​ប៉ុណ្ណោះ ដែល​ព្រះ​អនុញ្ញាត​ឲ្យ​មាន​ឯក​សិទ្ធិ​ទទួល​ទាន​វត្ថុ​តំណាង​នោះ។ (រ៉ូម ៨:១៤​-​១៨; យ៉ូហានទី១ ២:២០) បើ​ដូច្នេះ អស់​អ្នក​ដែល​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​លើ​ផែនដី​មនោរម្យ​ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នោះ តើ​ពួក​គេ​ចូល​រួម​ធ្វើ​អ្វី? (លូកា ២៣:៤៣; វិវរណៈ ២១:៣, ៤) ដោយសារ​ពួក​គេ​មិន​មែន​ជា​អ្នក​គ្រង​មរតក​ជាមួយ​ព្រះ​គ្រីស្ទ ហើយ​មិន​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ស្ថានសួគ៌​ទេ ពួក​គេ​ចូល​ពិធី​បុណ្យ​រំឭក​ជា​អ្នក​មើល​ដែល​មាន​ចិត្ត​គោរព។—រ៉ូម ៦:៣​-​៥

៧​. តើ​ពួក​គ្រីស្ទាន​នៅ​សតវត្ស​ទីមួយ​ដឹង​យ៉ាង​ដូច​ម្ដេច​ថា ខ្លួន​គួរ​ទទួល​ទាន​នូវ​វត្ថុ​តំណាង​ក្នុង​ពិធី​បុណ្យ​រំឭក?

ពួក​គ្រីស្ទាន​ពិត​នៅ​សតវត្ស​ទីមួយ​បាន​ត្រូវ​តែងតាំង​ដោយ​វិញ្ញាណ​បរិសុទ្ធ។ ពួក​គេ​ជា​ច្រើន​បាន​ប្រើ​អំណោយ​ទាន​ខ្លះ​នៃ​ព្រះ​វិញ្ញាណ ដូច​ជា​ការ​និយាយ​ភាសា​ផ្សេងៗ។ ដូច្នេះ នៅ​គ្រា​នោះ​មិន​ពិបាក​ប៉ុន្មាន​ទេ ឲ្យ​ពួក​អ្នក​ចាក់​ប្រេង​តាំង​ដឹង​ថា​ខ្លួន​មាន​វិញ្ញាណ​បរិសុទ្ធ ហើយ​គួរ​ទទួល​ទាន​នូវ​វត្ថុ​តំណាង​ក្នុង​ពិធី​បុណ្យ​រំឭក។ ប៉ុន្តែ​នៅ​សម័យ​យើង​នេះ ការ​ទទួល​ស្គាល់​ថា​ខ្លួន​បាន​ត្រូវ​តែងតាំង​ដោយ​វិញ្ញាណ​បរិសុទ្ធ គឺ​ត្រូវ​មាន​មូលដ្ឋាន​លើ​បន្ទូល​ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​តែង​ដូច​ត​ទៅ​នេះ​ថា​៖ «អស់​អ្នក​ណា​ដែល​ព្រះ​វិញ្ញាណ​នៃ​ព្រះ​ទ្រង់​នាំ អ្នក​ទាំង​នោះ​ហើយ​ជា​ពួក​កូន​របស់​ព្រះ។ អ្នក​រាល់គ្នា​មិន​បាន​ទទួល​និស្ស័យ​ជា​បាវ​បំរើ ឲ្យ​ត្រូវ​ភ័យ​ខ្លាច​ទៀត​ឡើយ គឺ​បាន​ទទួល​និស្ស័យ​ជា​កូន​ចិញ្ចឹម​វិញ ដោយ​ហេតុ​នោះ​បាន​ជា​យើង​ស្រែក​ឡើង​ថា​៖ ‹ឱ​អ័ប្បា! ព្រះ​វរបិតា​អើយ!›»។—រ៉ូម ៨:១៤, ១៥, កំណែ​ជា​អក្សរ​ទ្រេត

៨​. នៅ​ម៉ាថាយ​ជំពូក​ទី១៣ តើ​«ស្រូវសាលី»​និង​«ស្រងែ»​តំណាង​អ្នក​ណា?

ប៉ុន្មាន​សតវត្ស​កន្លង​ទៅ​នេះ ពួក​អ្នក​ចាក់​ប្រេង​តាំង​ពិត​បាន​ដុះ​ឡើង​ប្រៀប​ដូច​ជា​«ស្រូវសាលី»​ក្នុង​ស្រែ​ដែល​ពេញ​ទៅ​ដោយ​«ស្រងែ» ដែល​តំណាង​ពួក​គ្រីស្ទាន​មិន​ពិត។ (ម៉ាថាយ ១៣:២៤​-​​៣០,​៣៦​-​៤៣) តាំង​ពី​ទសវត្ស​នៃ​ឆ្នាំ​១៨៧០ «ស្រូវសាលី»​បាន​លេច​ធ្លោ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ឡើងៗ ហើយ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ពួក​អ្នក​ត្រួត​ពិនិត្យ​ដែល​ជា​ជន​គ្រីស្ទាន​ចាក់​ប្រេង​តាំង​នោះ បាន​ទទួល​ការ​ណែនាំ​ថា​៖ «ពួក​អ្នក​ចាស់​ទុំ . . . គួរ​ប្រាប់​ពួក​អ្នក​ដែល​មក​ជួប​ជុំ​គ្នា[សំរាប់​ពិធី​បុណ្យ​រំឭក] ឲ្យ​យល់​នូវ​ល័ក្ខខ័ណ្ឌ​ដូច​ត​ទៅ​៖ (១) មាន​ជំនឿ​ទៅ​លើ​ព្រះ​លោហិត[នៃ​ព្រះ​គ្រីស្ទ] ហើយ (២) ថ្វាយ​ខ្លួន​បំរើ​ព្រះ​អង្គ​ម្ចាស់​និង​កិច្ច​បំរើ​ទ្រង់​រហូត​ដល់​ក្ស័យ​ជីវិត។ រួច​មក​ពួក​អ្នក​ចាស់​ទុំ​គួរ​អញ្ជើញ​អស់​អ្នក​ដែល​ជឿ​ហើយ​ថ្វាយ​ខ្លួន​នោះ ឲ្យ​ចូល​រួម​ធ្វើ​ពិធី​បុណ្យ​រំឭក​ការ​សោយទិវង្គត​នៃ​ព្រះ​អម្ចាស់»។—ការ​សិក្សា​នៅ​ក្នុង​បទ​គម្ពីរ ក្បាល​ទី​៦ ការ​បង្កើត​ថ្មី ទំព័រ​ទី​៤៣។ *

ការ​រក​«ចៀម​ឯ​ទៀត»

៩​. នៅ​ឆ្នាំ​១៩៣៥ តើ​«មនុស្ស​១​ហ្វូង​យ៉ាង​ធំ»​បាន​ត្រូវ​សម្គាល់​ច្បាស់​ជាង​យ៉ាង​ណា? ហើយ​តើ​ឃើញ​មាន​ការ​ប្រែប្រួល​អ្វី ស្តី​អំពី​បងប្អូន​ខ្លះ​ដែល​ធ្លាប់​ទទួល​ទាន​វត្ថុ​តំណាង​ពី​មុន?

ច្រើន​ឆ្នាំ​បាន​កន្លង​ទៅ​ទើប​អង្គការ​របស់​ព្រះ​យេហូវ៉ា​ចាប់ផ្ដើម​ផ្ដោត​អារម្មណ៍​ទៅ​លើ​មនុស្ស​ឯទៀត ជា​មនុស្ស​មួយ​ពួក​ផ្សេង​ពី​ពួក​អ្នក​ចាក់​ប្រេង​តាំង​ដែល​កាន់​តាម​ព្រះ​គ្រីស្ទ។ នៅ​ពាក់​កណ្ដាល​ទសវត្ស​នៃ​ឆ្នាំ​១៩៣០ មាន​អ្វី​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​បាន​កើត​ឡើង​ក្នុង​ការ​សម្គាល់​មនុស្ស​មួយ​ពួក​ទៀត។ ពី​មុន រាស្ត្រ​របស់​ព្រះ​គិត​ថា «មនុស្ស​១​ហ្វូង​យ៉ាង​ធំ»​ដែល​បាន​ត្រូវ​រៀបរាប់​នៅ​វិវរណៈ ៧:៩ ជា​មនុស្ស​មួយ​ក្រុម​ទៀត​ខាង​វិញ្ញាណ ដែល​រួបរួម​ជាមួយ​ពួក​អ្នក​ចាក់​ប្រេង​តាំង​១៤៤.០០០​នាក់​ដែល​ត្រូវ​រស់​ឡើង​វិញ​នៅ​ស្ថានសួគ៌។ ពួក​គេ​ស្មាន​ថា ក្រុម​ទីពីរ​នោះ​មាន​ទំនាក់ទំនង​ប្រៀប​ដូច​ជា​ភឿន​មិត្ត​ឬ​អ្នក​កំដរ​កូន​ក្រមុំ​ដែល​ជា​ភរិយា​នៃ​ព្រះ​គ្រីស្ទ។ (ទំនុកដំកើង ៤៥:១៤, ១៥; វិវរណៈ ៧:៤; ២១:២, ៩) ប៉ុន្តែ​នៅ​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ​១៩៣៥ សុន្ទរកថា​មួយ​បាន​ថ្លែង​ក្នុង​កម្មវិធី​មហា​សន្និបាត​នៃ​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​ទីក្រុង​វ៉ាស៊ីនតោន ឌី.ស៊ី. ស.រ.អ. ដែល​បាន​ពន្យល់​ដោយ​ប្រើ​បទ​គម្ពីរ​ថា «មនុស្ស​១​ហ្វូង​យ៉ាង​ធំ»​សំដៅ​ទៅ​លើ​«ចៀម​ឯទៀត»​ដែល​រស់​នៅ​គ្រា​ចុង​បញ្ចប់​នេះ។ (យ៉ូហាន ១០:១៦) ក្រោយ​ពី​មហា​សន្និបាត​នោះ បងប្អូន​ខ្លះ​ដែល​ធ្លាប់​ទទួល​ទាន​នូវ​វត្ថុ​តំណាង​ក្នុង​ពិធី​បុណ្យ​រំឭក​បាន​ឈប់​ទទួល​ទៀត ពីព្រោះ​ពួក​គេ​បាន​ទទួល​ស្គាល់​ថា គេ​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​លើ​ផែនដី​មិន​មែន​នៅ​ស្ថានសួគ៌​ទេ។

១០​. សូម​ពន្យល់​អំពី​សេចក្ដី​សង្ឃឹម​និង​ភារកិច្ច​នៃ​ពួក​«ចៀម​ឯទៀត»​នៅ​សព្វថ្ងៃនេះ។

១០ ជា​ពិសេស​តាំង​ពី​ឆ្នាំ​១៩៣៥ មាន​ការ​រក​ពួក​អ្នក​ដែល​ជា​«ចៀម​ឯទៀត» ជា​ពួក​អ្នក​ដែល​ជឿ​ទៅ​លើ​តម្លៃ​លោះ និង​បាន​ឧទ្ទិស​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ ហើយ​ក៏​ជា​អ្នក​ជួយ​ពួក​អ្នក​ចាក់​ប្រេង​តាំង​ដែល​ជា​«ហ្វូង​តូច» ឲ្យ​ធ្វើ​កិច្ចការ​ផ្សាយ​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ (លូកា ១២:៣២) ចៀម​ឯទៀត​មាន​លក្ខណៈ​ដូច​អ្នក​សំណល់​សព្វថ្ងៃនៃ​ពួក​អ្នក​ដែល​នឹង​ទទួល​មរតក​ក្នុង​ព្រះ​រាជាណាចក្រ​របស់​ព្រះ តែ​ពួក​ចៀម​ឯទៀត​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​លើ​ផែនដី​នេះ​វិញ​ជា​និរន្តរ៍។ ពួក​ចៀម​ឯទៀត​នៅ​សព្វថ្ងៃ​នេះ​មាន​សភាព​ស្រដៀង​នឹង​អ្នក​ប្រទេស​ក្រៅ​ដែល​ធ្លាប់​រស់​ជាមួយ​ប្រជាជន​អ៊ីស្រាអែល​សម័យ​បុរាណ ហើយ​បាន​ថ្វាយ​បង្គំ​ព្រះយេហូវ៉ា​និង​ធ្វើ​តាម​ក្រិត្យ​វិន័យ​ផង​ដែរ។ តាម​គំរូ​នោះ​ពួក​ចៀម​ឯទៀត​នៅ​សព្វថ្ងៃនេះ​ព្រម​ទទួល​ភារៈ​គ្រីស្ទាន​ដូច​ជា​ការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ជា​ដើម រួម​ជាមួយ​សមាជិក​នៃ​សាសន៍​អ៊ីស្រាអែល​ខាង​វិញ្ញាណ។ (កាឡាទី ៦:១៦) ក៏​ប៉ុន្តែ អ្នក​ប្រទេស​ក្រៅ​មិន​អាច​ក្លាយ​ជា​ស្តេច​ឬ​សង្ឃ​របស់​សាសន៍​អ៊ីស្រាអែល​បាន​ឡើយ ដូច​គ្នា​ដែរ ពួក​ចៀម​ឯទៀត​ក៏​មិន​អាច​គ្រប់គ្រង​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នៅ​ស្ថានសួគ៌​ហើយ​ក៏​មិន​អាច​បំរើ​ជា​សង្ឃ​បាន​ដែរ។—ចោទិយកថា ១៧:១៥

១១​. ឆ្នាំ​ដែល​មនុស្ស​ម្នាក់​បាន​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា ហេតុ​អ្វី​បាន​ជា​នេះ​ទាក់ទង​នឹង​លទ្ធភាព​អាច​រួម​ចំណែក​ជា​អ្នក​សំណល់​នៃ​ពួក​អ្នក​ចាក់​ប្រេង​តាំង​នោះ?

១១ មក​ដល់​ទសវត្ស​នៃ​ឆ្នាំ​១៩៣០​នោះ ពួក​គេ​បាន​យល់​កាន់​តែ​ច្បាស់​ឡើងៗ​ថា ក្រុម​អ្នក​ដែល​ត្រូវ​ឡើង​ទៅ​ស្ថានសួគ៌​នោះ​បាន​ត្រូវ​ជ្រើសរើស​រួច​ហើយ។ ប៉ុន្មាន​ទសវត្ស​មក​ហើយ មាន​ការ​រក​ចៀម​ឯទៀត​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​លើ​ផែនដី​នេះ។ ប្រសិន​បើ​អ្នក​ចាក់​ប្រេង​តាំង​មួយ​រូប​ប្រព្រឹត្ត​អ្វី​ដែល​មិន​ស្មោះត្រង់​នោះ មនុស្ស​ម្នាក់​ពី​ចំណោម​ពួក​ចៀម​ឯទៀត​ត្រូវ​ហៅ​មក​ជំនួស។ អ្នក​ដែល​ត្រូវ​ហៅ​មក​បង្គ្រប់​ចំនួន​១៤៤.០០០​នាក់​នោះ ច្បាស់​ជា​បងប្អូន​មួយ​រូប​ដែល​បាន​បំរើ​ព្រះ​យ៉ាង​យូរ​ដោយ​ស្មោះត្រង់។

ហេតុ​ដែល​អ្នក​ខ្លះ​យល់​ច្រឡំ

១២​. តើ​មាន​ហេតុ​អ្វី​ដែល​បងប្អូន​ខ្លះ​ត្រូវ​ឈប់​ទទួល​ទាន​នូវ​វត្ថុ​តំណាង​ក្នុង​ពិធី​បុណ្យ​រំឭក?

១២ ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ដឹង​ប្រាកដ​ក្នុង​ចិត្ត​ថា ពួក​គេ​ត្រូវ​ឡើង​ទៅ​ស្ថានសួគ៌។ ប៉ុន្តែ ចុះ​យ៉ាង​ណា​បើ​មនុស្ស​ខ្លះ​ដែល​មិន​បាន​ហៅ​ទៅ​នៅ​ស្ថានសួគ៌​នោះ បាន​ទទួល​ទាន​វត្ថុ​តំណាង​ក្នុង​ពិធី​បុណ្យ​រំឭក​រួច​ហើយ? នៅ​ពេល​ឥឡូវ​នេះ​ដែល​ពួក​គេ​ដឹង​ខ្លួន​ថា មិន​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថានសួគ៌​ទេ មនសិការ​របស់​ពួក​គេ​ច្បាស់​ជា​នឹង​ជំរុញ​ឲ្យ​គេ​ឈប់​ទទួល​ទាន​នូវ​វត្ថុ​តំណាង​ទៀត។ បើ​ពួក​គេ​ដឹង​ថា​ខ្លួន​មិន​បាន​ហៅ​ទៅ​ស្ថានសួគ៌​ទេ តែ​ចង់​ដំកើង​ខ្លួន​ជា​មនុស្ស​ដែល​បាន​ត្រូវ​តែងតាំង​ឲ្យ​ធ្វើ​ជា​ស្តេច​ឬ​ជា​សង្ឃ​នៅ​ស្ថានសួគ៌ នោះ​ព្រះ​ច្បាស់​ជា​មិន​សព្វ​ព្រះ​ហឫទ័យ​នឹង​ពួក​គេ​ឡើយ។ (រ៉ូម ៩:១៦; វិវរណៈ ២០:៦) ព្រះ​យេហូវ៉ា​បាន​ប្រហារ​ជីវិត​របស់​លោក​កូរេ​ពី​ពួក​លេវី ដោយ​ព្រោះ​គាត់​ចង់​បាន​ឋានៈ​ជា​សង្ឃ​ដែល​ជា​សិទ្ធិ​របស់​កូនចៅ​អើរ៉ុន​វិញ។ (និក្ខមនំ ២៨:១; ជនគណនា ១៦:៤​-​១១, ៣១​-​៣៥) ប្រសិន​បើ​ជន​គ្រីស្ទាន​ម្នាក់​ដឹង​ខ្លួន​ថា បាន​ទទួល​ទាន​វត្ថុ​តំណាង​ក្នុង​ពិធី​បុណ្យ​រំឭក​ដោយ​គ្មាន​សិទ្ធិ​នោះ គាត់​ត្រូវ​ឈប់​ទទួល​ទាន​ទៀត ហើយ​ត្រូវ​អធិស្ឋាន​ដោយ​ចិត្ត​រាប​ទាប​សុំ​ព្រះ​យេហូវ៉ា​អត់​ឱន​ទោស​ចំពោះ​កំហុស​របស់​ខ្លួន។—ទំនុកដំកើង ១៩:១៣

១៣, ១៤​. ហេតុ​ដូច​ម្ដេច​បាន​ជា​បងប្អូន​ខ្លះ​អាច​ច្រឡំ​ថា ខ្លួន​បាន​ត្រូវ​ហៅ​ទៅ​នៅ​ស្ថានសួគ៌?

១៣ ហេតុ​អ្វី​បាន​ជា​បងប្អូន​ខ្លះ​អាច​យល់​ច្រឡំ​ថា​ខ្លួន​បាន​ត្រូវ​ហៅ​ទៅ​នៅ​ស្ថានសួគ៌​នោះ? បើ​គូ​អាពាហ៍ពិពាហ៍​ស្លាប់ ឬ​មាន​រឿង​ខ្លោចផ្សា​ណា​ផ្សេង​ទៀត​កើត​ឡើង បងប្អូន​ខ្លះ​អាច​លែង​មាន​ចិត្ត​ចង់​រស់​នៅ​លើ​ផែនដី​ទៀត។ អ្នក​ខ្លះ​អាច​ប្រាថ្នា​ចង់​បាន​សេចក្ដី​សង្ឃឹម​នេះ​ដោយសារ​ពួក​គេ​មាន​មិត្ត​សំឡាញ់​ម្នាក់​ដែល​ជា​ជន​គ្រីស្ទាន​ចាក់​ប្រេង​តាំង។ តាម​ពិត ព្រះ​មិន​បាន​ចាត់​ឲ្យ​បុគ្គល​ណា​ម្នាក់​ប្រមូល​បងប្អូន​ឯទៀត​ឲ្យ​ទទួល​ឯកសិទ្ធិ​នេះ​ទេ ហើយ​ព្រះ​ក៏​មិន​តែងតាំង​អ្នក​ទទួល​មរតក​ខាង​ព្រះ​រាជាណាចក្រ​ដោយ​បណ្ដាល​ឲ្យ​ពួក​គេ​ឮ​សម្លេង​ដែល​ប្រាប់​ថា​ត្រូវ​ទៅ​ស្ថានសួគ៌​នោះ​ឡើយ។

១៤ ទ្រឹស្តី​របស់​សាសនា​មិន​ពិត​ដែល​បង្រៀន​ថា មនុស្ស​ល្អ​ទាំង​អស់​នឹង​ឡើង​ទៅ​ស្ថានសួគ៌ ក៏​អាច​នាំ​ឲ្យ​អ្នក​ខ្លះ​គិត​ស្មាន​ថា ខ្លួន​បាន​ត្រូវ​ហៅ​ឲ្យ​ឡើង​ទៅ​ស្ថានសួគ៌​ដែរ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​យើង​ត្រូវ​ប្រយ័ត្ន​កុំ​ឲ្យ​ជំនឿ​ខុស​ពី​មុន ឬ​កត្ដា​ផ្សេងៗ​ទៀត​មាន​ឥទ្ធិពល​លើ​យើង​នោះ។ ដូច្នេះ​ហើយ បងប្អូន​ខ្លះ​អាច​សួរ​ខ្លួន​ឯង​ថា​៖ ‹តើ​ខ្ញុំ​ប្រើ​ថ្នាំ​ដែល​អាច​មាន​ឥទ្ធិពល​លើ​អារម្មណ៍​ខាង​ផ្លូវ​ចិត្ត​របស់​ខ្ញុំ​ឬ​ទេ? តើ​ខ្ញុំ​មាន​ចំណង់​យ៉ាង​ខ្លាំង​ដែល​អាច​នាំ​ឲ្យ​ខ្ញុំ​ច្រឡំ​អំពី​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ​ឬ?›។

១៥, ១៦​. ហេតុ​អ្វី​បាន​ជា​បងប្អូន​ខ្លះ​អាច​យល់​ខុស​ថា ខ្លួន​ជា​អ្នក​ចាក់​ប្រេង​តាំង?

១៥ បងប្អូន​ខ្លះ​ទៀត​ប្រហែល​ជា​ចង់​ដណ្ដឹង​សួរ​ខ្លួន​ថា​៖ ‹តើ​ខ្ញុំ​ចង់​បាន​មុខ​មាត់​ឬ? តើ​ខ្ញុំ​មាន​មហិច្ឆតា​ចង់​បាន​អំណាច​នៅ​ឥឡូវ​នេះ ឬ​នៅ​ពេល​អនាគត​ជា​អ្នក​ទទួល​មរតក​ជាមួយ​ព្រះ​គ្រីស្ទ​ឬ?›។ ពេល​ដែល​ពួក​អ្នក​ទទួល​មរតក​ខាង​ព្រះ​រាជាណាចក្រ​បាន​ត្រូវ​ត្រាស់​ហៅ​នៅ​សតវត្ស​ទីមួយ មិន​មែន​មនុស្ស​គ្រប់​រូប​ដែល​មាន​មុខ​តំណែង​ជា​អ្នក​ទទួល​ខុសត្រូវ​ក្នុង​ក្រុមជំនុំ​ទេ។ បន្ថែម​ទៅ​ទៀត បុគ្គល​ម្នាក់ៗ​ដែល​បាន​ត្រូវ​ហៅ​ទៅ​នៅ​ស្ថានសួគ៌​នោះ មិន​មែន​ដើម្បី​មុខ​មាត់​ឡើយ ហើយ​ក៏​មិន​និយាយ​អួត​ខ្លួន​ថា​ជា​អ្នក​ចាក់​ប្រេង​តាំង​ដែរ។ ពួក​គេ​បង្ហាញ​នូវ​ចិត្ត​រាប​ទាប​ដែល​គួរ​គប្បី​ជា​អ្នក​ដែល​មាន​«គំនិត​ជា​របស់​ផង​ព្រះ​គ្រីស្ទ»។—កូរិនថូសទី១ ២:១៦

១៦ បងប្អូន​ខ្លះ​បាន​សម្រេច​ចិត្ត​ថា ខ្លួន​បាន​ត្រូវ​ហៅ​ទៅ​នៅ​ស្ថានសួគ៌​ពីព្រោះ​ពួក​គេ​មាន​ចំណេះ​យ៉ាង​ច្រើន​អំពី​ព្រះ​គម្ពីរ។ ប៉ុន្តែ ការ​តែងតាំង​ដោយ​វិញ្ញាណ​មិន​បាន​សេចក្ដី​ថា ខ្លួន​នឹង​មាន​ការ​យល់​ដឹង​ច្រើន​លើស​លប់​ទេ ត្បិត​ប៉ុល​ក៏​បាន​ណែនាំ​ហើយ​ប្រៀនប្រដៅ​អ្នក​ចាក់​ប្រេង​តាំង​ខ្លះ​ផង​ដែរ។ (កូរិនថូសទី១ ៣:១​-​៣; ហេព្រើរ ៥:១១​-​១៤) ព្រះ​មាន​ការ​រៀបចំ​រួច​ហើយ ដើម្បី​ផ្ដល់​អាហារ​ខាង​វិញ្ញាណ​ដល់​រាស្ត្រ​ទាំង​ឡាយ​របស់​ទ្រង់។ (ម៉ាថាយ ២៤:៤៥​-​៤៧) ដូច្នេះ អ្នក​ចាក់​ប្រេង​តាំង​មិន​គួរ​មាន​គំនិត​ថា ខ្លួន​គេ​មាន​ប្រាជ្ញា​ខ្ពង់​ខ្ពស់​ជាង​បងប្អូន​ដែល​មាន​សេចក្ដី​សង្ឃឹម​នឹង​រស់​នៅ​លើ​ផែនដី​នោះ​ទេ។ ការ​តែងតាំង​ដោយ​វិញ្ញាណ​មិន​បាន​សម្គាល់​ដោយ​សមត្ថភាព​ផ្សព្វផ្សាយ​ឬ​ថ្លែង​សុន្ទរកថា ឬ​ដោយ​ព្រោះ​ចេះ​ឆ្លើយ​សំនួរ​ខាង​ព្រះ​គម្ពីរ​នោះ​ឡើយ។ ពួក​គ្រីស្ទាន​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​លើ​ផែនដី​ក៏​មាន​សមត្ថភាព​ដូច​គ្នា​ដែរ។

១៧​. តើ​ការ​តែងតាំង​ដោយ​វិញ្ញាណ​ពឹងផ្អែក​លើ​អ្វី? ហើយ​តើ​អ្នក​ណា​ត្រូវ​សម្រេច​នូវ​ការ​តែងតាំង​នេះ?

១៧ បើ​បងប្អូន​ដែល​រួម​ជំនឿ​ជាមួយ​យើង គាត់​ចង់​សួរ​អំពី​ការ​ត្រាស់​ហៅ​ទៅ​ស្ថានសួគ៌​នោះ អ្នក​ចាស់​ទុំ​ម្នាក់​ឬ​បងប្អូន​គ្រីស្ទាន​ណា​ទៀត​ដែល​មាន​គំនិត​ចាស់​ទុំ​ដែរ អាច​ពិគ្រោះ​រឿង​នោះ​ជាមួយ​គាត់។ ក៏​ប៉ុន្តែ គ្មាន​អ្នក​ណា​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ជំនួស​គាត់​បាន​ឡើយ។ បុគ្គល​ណា​ដែល​ពិត​ជា​បាន​ហៅ​ទៅ​នៅ​ស្ថានសួគ៌​នោះ មិន​ចាំបាច់​សួរ​អ្នក​ដទៃ​អំពី​សេចក្ដី​សង្ឃឹម​របស់​ខ្លួន​គាត់​នោះ​ទេ។ ពួក​អ្នក​ចាក់​ប្រេង​តាំង​បាន​ត្រូវ​«[បង្កើត​មក]ជា​ថ្មី មិន​មែន​ពី​ពូជ​ដែល​តែង​តែ​ពុក​រលួយ​នោះ​ទេ គឺ​ពី​ពូជ​ដែល​មិន​ចេះ​ពុក​រលួយ​វិញ គឺ​ជា​ព្រះ​បន្ទូល​ដ៏​រស់​ហើយ​នៅ​ជាប់​លាប់»។ (ពេត្រុសទី១ ១:២៣) ដោយសារ​វិញ្ញាណ​បរិសុទ្ធ​និង​បន្ទូល​របស់​ព្រះ ទ្រង់​បណ្ដុះ​នូវ​«ពូជ»​ដែល​បណ្ដាល​ឲ្យ​បុគ្គល​ម្នាក់​«កើត​ជា​ថ្មី» ពោល​គឺ ជា​បុគ្គល​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថានសួគ៌​វិញ។ (កូរិនថូសទី២ ៥:១៧) ព្រះ​យេហូវ៉ា​ទ្រង់​ជា​អ្នក​ជ្រើសរើស។ ការ​ចាក់​ប្រេង​តាំង​នោះ​«មិន​សំរេច​នឹង​អ្នក​ណា​ដែល​ចង់​បាន ឬ​នឹង​អ្នក​ណា​ដែល​ខំ​រត់​តាម​នោះ​ទេ គឺ​ស្រេច​នឹង​ព្រះ»។ (រ៉ូម ៩:១៦) ដូច្នេះ ធ្វើ​ដូច​ម្ដេច​ឲ្យ​មនុស្ស​ដឹង​ប្រាកដ​ថា ខ្លួន​បាន​ត្រូវ​ហៅ​ទៅ​នៅ​ស្ថានសួគ៌​នោះ?

ហេតុ​ដែល​ពួក​គេ​ដឹង​ជាក់​ច្បាស់

១៨​. តើ​វិញ្ញាណ​របស់​ព្រះ​ធ្វើ​បន្ទាល់​នឹង​វិញ្ញាណ​របស់​ពួក​អ្នក​ចាក់​ប្រេង​តាំង​យ៉ាង​ណា?

១៨ វិញ្ញាណ​របស់​ព្រះ​តែង​ធ្វើ​បន្ទាល់​ឲ្យ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ដឹង​ជាក់​ថា ខ្លួន​មាន​សេចក្ដី​សង្ឃឹម​ទៅ​នៅ​ស្ថានសួគ៌។ ប៉ុល​បាន​សរសេរ​ថា​៖ «អ្នក​រាល់គ្នា . . . បាន​ទទួល​និស្ស័យ​ជា​កូន​ចិញ្ចឹម​វិញ ដោយ​ហេតុ​នោះ​បាន​ជា​យើង​ស្រែក​ឡើង​ថា​៖ ‹ឱ​អ័ប្បា! ព្រះ​វរបិតា​អើយ!› ហើយ​ព្រះ​វិញ្ញាណ​ទ្រង់​ក៏​ធ្វើ​បន្ទាល់​នឹង​វិញ្ញាណ​យើង​ថា យើង​ជា​កូន​របស់​ព្រះ។ បើសិន​ណា​ជា​កូន​ព្រះ​ហើយ នោះ​យើង​ក៏​បាន​គ្រង​មរដក​ដែរ គឺ​ជា​អ្នក​គ្រង​មរដក​នៃ​ព្រះ​ជាមួយ​នឹង​ព្រះ​គ្រីស្ទ​ផង ឲ្យ​តែ​យើង​ទទួល​រង​ទុក្ខ​ជាមួយ​នឹង​ទ្រង់​ចុះ ដើម្បី​ឲ្យ​បាន​ដំកើង​ឡើង​ជាមួយ​នឹង​ទ្រង់​ដែរ»។ (រ៉ូម ៨:១៥​-​១៧, កំណែ​ជា​អក្សរ​ទ្រេត) វិញ្ញាណ​បរិសុទ្ធ​មាន​ឥទ្ធិពល​លើ​វិញ្ញាណ​ឬ​ចិត្ត​គំនិត​ចំ​បង​របស់​ពួក​អ្នក​ចាក់​ប្រេង​តាំង ហើយ​នេះ​ជំរុញ​ចិត្ត​ពួក​គេ​ឲ្យ​ដឹង​ខ្លួន​ថា អ្វីៗ​ដែល​ព្រះ​គម្ពីរ​រៀបរាប់​អំពី​កូន​ខាង​វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា​នោះ សំដៅ​ទៅ​លើ​ខ្លួន​គេ​តែ​ម្ដង។ (យ៉ូហានទី១ ៣:២) វិញ្ញាណ​របស់​ព្រះ​ញ៉ាំង​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ថា​ខ្លួន​ជា​កូន​របស់​ព្រះ ហើយ​បណ្ដាល​ឲ្យ​ពួក​គេ​មាន​សេចក្ដី​សង្ឃឹម​ប្លែក​ពី​ធម្មតា។ (កាឡាទី ៤:៦, ៧) ការ​រស់​រៀង​រហូត​ជា​មនុស្ស​គ្រប់ល័ក្ខណ៍​ដែល​មាន​បងប្អូន​ញាតិ​មិត្ត​ជុំវិញ​យើង​នៅ​លើ​ផែនដី​នេះ ពិត​ជា​អ្វី​ដែល​មនុស្ស​គួរ​ចង់​បាន​មែន ប៉ុន្តែ ពួក​អ្នក​ចាក់​ប្រេង​តាំង​មិន​បាន​ទទួល​សេចក្ដី​សង្ឃឹម​ដូច​នេះ​ពី​ព្រះ​ទេ។ ដោយសារ​វិញ្ញាណ​របស់​ព្រះ ទ្រង់​បាន​បង្កើត​ក្នុង​ចិត្ត​របស់​ពួក​គេ​នូវ​សេចក្ដី​សង្ឃឹម​យ៉ាង​ខ្លាំង​ខាង​ស្ថានសួគ៌។ សេចក្ដី​សង្ឃឹម​នោះ​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​ពួក​គេ​សុខ​ចិត្ត​លះបង់​ចំណង​មិត្តភាព និង​សេចក្ដី​សង្ឃឹម​ណា​ដែល​ពួក​គេ​ធ្លាប់​មាន​នៅ​ផែនដី​នេះ។—កូរិនថូសទី២ ៥:១​-​៥, ៨; ពេត្រុសទី២ ១:១៣, ១៤

១៩​. តើ​កិច្ច​ព្រម​ព្រៀង​ថ្មី​មាន​មុខ​នាទីអ្វី​ទាក់ទង​នឹង​ជីវិត​របស់​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង?

១៩ ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ដឹង​ប្រាកដ​ក្នុង​ចិត្ត​អំពី​សេចក្ដី​សង្ឃឹម​របស់​ពួក​គេ ថា​ខ្លួន​ជាប់​ក្នុង​កិច្ច​ព្រម​ព្រៀង​ថ្មី​មែន។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​អំពី​កិច្ច​ព្រម​ព្រៀង​ថ្មី​នោះ​ពេល​ដែល​ទ្រង់​បាន​ប្រារព្ធ​ពិធី​បុណ្យ​រំឭក​ទាំង​មាន​បន្ទូល​ថា​៖ «ពែង​នេះ​ជា​សញ្ញា[ឬ​«កិច្ច​ព្រម​ព្រៀង»​, ព.ថ.]ថ្មី ដែល​តាំង​ដោយ​នូវ​ឈាម​ខ្ញុំ គឺ​ជា​ឈាម ដែល​ត្រូវ​ច្រួច​ចេញ​សំរាប់​អ្នក​រាល់គ្នា»។ (លូកា ២២:២០) ពួក​អ្នក​ដែល​រួម​ចំណែក​ក្នុង​កិច្ច​ព្រម​ព្រៀង​ថ្មី​នេះ​គឺ​ជា​ព្រះ​និង​ពួក​អ្នក​ចាក់​ប្រេង​តាំង។ (យេរេមា ៣១:៣១​-​៣៤; ហេព្រើរ ១២:២២​-​២៤) ព្រះ​យេស៊ូ​គឺ​ជា​អ្នក​កណ្ដាល។ កិច្ច​ព្រម​ព្រៀង​ថ្មី​មាន​សុពល​ភាព​ដោយសារ​ព្រះ​លោហិត​របស់​ព្រះ​គ្រីស្ទ ហើយ​តាំង​ពី​ពេល​នោះ​មក​រាស្ត្រ​មួយ​ពួក​បាន​ត្រូវ​រើស​ចេញ​ពី​ចំណោម​សាសន៍​យូដា​ផង និង​សាសន៍​ដទៃ​ផង​ដែរ ជា​រាស្ត្រ​ទុក​សំរាប់​ព្រះ​នាម​ព្រះ​យេហូវ៉ា ហើយ​កិច្ច​ព្រម​ព្រៀង​ថ្មី​បាន​នាំ​ឲ្យ​រាស្ត្រ​ទាំង​នេះ​រួម​ចំណែក​ជា​«ពូជ»​របស់​លោក​អ័ប្រាហាំ​ដែរ។ (កាឡាទី ៣:២៦​-​២៩; កិច្ចការ ១៥:១៤) «សញ្ញា[ឬ​«កិច្ច​ព្រម​ព្រៀង»​, ព.ថ.]ដ៏​នៅ​អស់កល្ប​ជានិច្ច»​នេះ បើក​ផ្លូវ​ឲ្យ​សាសន៍​អ៊ីស្រាអែល​ខាង​វិញ្ញាណ​ទាំង​មូល​ទទួល​ដំណើរ​រស់​ឡើង​វិញ​នៅ​ស្ថានសួគ៌​ជា​បុគ្គល​ដែល​មាន​ជីវិត​អមតៈ។—ហេព្រើរ ១៣:២០, ២១

២០​. តើ​ពួក​អ្នក​ចាក់​ប្រេង​តាំង​រួម​ចំណែក​ជាមួយ​ព្រះ​គ្រីស្ទ​ក្នុង​កិច្ច​ព្រម​ព្រៀង​អ្វី?

២០ ពួក​អ្នក​ចាក់​ប្រេង​តាំង​មិន​សង្ស័យ​សោះ​អំពី​សេចក្ដី​សង្ឃឹម​របស់​ខ្លួន​គេ​ទេ។ ពួក​គេ​ក៏​រួម​ចំណែក​ក្នុង​កិច្ច​ព្រម​ព្រៀង​មួយ​ទៀត ពោល​គឺ កិច្ច​ព្រម​ព្រៀង​ខាង​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​អំពី​ចំណែក​ដែល​ពួក​គេ​មាន​ជាមួយ​ទ្រង់​ជា​ព្រះ​គ្រីស្ទ​ថា​៖ «អ្នក​រាល់គ្នា គឺ​ជា​ពួក​ដែល​បាន​កាន់​ខ្ជាប់​ជាមួយ​នឹង​ខ្ញុំ ក្នុង​អស់​ទាំង​សេចក្ដី​ល្បងល​ខ្ញុំ ហើយ​ខ្ញុំ​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជាមួយ​នឹង​អ្នក​រាល់គ្នា ក៏​ដូច​ជា​ព្រះ​វរបិតា​ខ្ញុំ​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជាមួយ​នឹង​ខ្ញុំ​ដែរ ដើម្បី​ព្រះ​រាជាណាចក្រ​មួយ»។ (លូកា ២២:២៨​-​៣០, ព.ថ.) កិច្ច​ព្រម​ព្រៀង​រវាង​ព្រះ​គ្រីស្ទ​និង​ស្តេច​ទាំង​ឡាយ​ដែល​រួម​ជាមួយ​ទ្រង់ ជា​កិច្ច​ព្រម​ព្រៀង​ដែល​មាន​សុពល​ភាព​ជានិច្ច។—វិវរណៈ ២២:៥

ពេល​ធ្វើ​ពិធី​បុណ្យ​រំឭក ជា​ពេល​គួរ​ឲ្យ​រីករាយ​ដែរ

២១​. តើ​យើង​អាច​ធ្វើ​យ៉ាង​ណា ដើម្បី​ទទួល​ប្រយោជន៍​ច្រើន​បំផុត​នៅ​ពេល​ត្រៀម​ធ្វើ​ពិធី​បុណ្យ​រំឭក?

២១ ពេល​ត្រៀម​ធ្វើ​ពិធី​បុណ្យ​រំឭក​នោះ ជា​ពេល​ដែល​មាន​អំណរ​រីករាយ​ឡើង។ យើង​ទទួល​ប្រយោជន៍​ពី​ការ​អាន​ព្រះ​គម្ពីរ​តាម​កម្មវិធី​សំរាប់​មួយ​រយៈ​នោះ។ មុន​ដល់​កំណត់​ពេល​ដើម្បី​ធ្វើ​ពិធី​បុណ្យ​រំឭក​នោះ ក៏​ជា​ពេល​ដ៏​សម​គួរ​ឲ្យ​យើង​អធិស្ឋាន ទាំង​រំពឹង​គិត​អំពី​ព្រះ​ជន្ម​របស់​ព្រះ​យេស៊ូ​និង​អំពី​ការ​សោយទិវង្គត​របស់​ទ្រង់​ផង​ដែរ ហើយ​ក៏​គួរ​គប្បី​ឲ្យ​យើង​រួម​ចំណែក​ក្នុង​កិច្ចការ​ផ្សាយ​ពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ (ទំនុកដំកើង ៧៧:១២; ភីលីព ៤:៦, ៧) ពិធី​បុណ្យ​រំឭក​នោះ​ក៏​ជួយ​រំឭក​យើង​ពី​សេចក្ដី​ស្រឡាញ់​ដែល​ព្រះ​យេហូវ៉ា​និង​ព្រះ​គ្រីស្ទ​បង្ហាញ​តាម​រយៈ​យញ្ញបូជា​លោះ​របស់​ព្រះ​យេស៊ូ។ (ម៉ាថាយ ២០:២៨; យ៉ូហាន ៣:១៦) ការ​រៀបចំ​នេះ​ក៏​ជួយ​សំរាល​ទុក្ខ​យើង​ទាំង​ផ្ដល់​ឲ្យ​សេចក្ដី​សង្ឃឹម ហើយ​គួរ​ពង្រឹង​កម្លាំង​ចិត្ត​យើង​ឲ្យ​ប្ដេជ្ញា​រស់​នៅ​ស្រប​តាម​គំរូ​របស់​ព្រះ​គ្រីស្ទ។ (និក្ខមនំ ៣៤:៦; ហេព្រើរ ១២:៣) ពិធី​បុណ្យ​រំឭក​គួរ​ពង្រឹង​កម្លាំង​យើង​ដើម្បី​បំពេញ​តាម​ការ​ឧទ្ទិស​ថ្វាយខ្លួន​របស់​យើង​ជា​អ្នក​បំរើ​ព្រះ ហើយ​ឲ្យ​រក្សា​ភាព​ស្មោះត្រង់​ជា​អ្នក​កាន់​តាម​រាជ​បុត្រ​ស្ងួនភ្ងា​របស់​ព្រះ។

២២​. តើ​អំណោយ​ដ៏​ល្អ​អស្ចារ្យ​បំផុត​ដែល​ព្រះ​ធ្លាប់​ឲ្យ​ដល់​មនុស្ស​លោក​ជា​អ្វី? ហើយ​តើ​យើង​អាច​បង្ហាញ​ចិត្ត​កតញ្ញូ​បាន​យ៉ាង​ណា?

២២ ព្រះ​យេហូវ៉ា​ទ្រង់​ប្រទាន​អំណោយ​ដ៏​ល្អ​អស្ចារ្យ​ណាស់ ដល់​យើង​រាល់គ្នា! (យ៉ាកុប ១:១៧) យើង​មាន​ការ​ណែនាំ​ពី​បន្ទូល​របស់​ព្រះ ក៏​មាន​ជំនួយ​ពី​វិញ្ញាណ​របស់​ទ្រង់ ហើយ​មាន​សេចក្ដី​សង្ឃឹម​ទទួល​ជីវិត​ជា​រៀង​រហូត​ផង​ដែរ។ អំណោយ​ដ៏​ល្អ​អស្ចារ្យ​បំផុត​គឺ​ជា​យញ្ញបូជា​របស់​ព្រះ​យេស៊ូ ដែល​លប់​បំបាត់​បាប​នៃ​ពួក​អ្នក​ចាក់​ប្រេង​តាំង​ទាំង​ឡាយ ហើយ​ចំពោះ​មនុស្ស​ឯទៀត​ដែល​អនុវត្ត​ជំនឿ​ផង​ដែរ។ (យ៉ូហានទី១ ២:១, ២) ដូច្នេះ តើ​ការ​សោយទិវង្គត​របស់​ព្រះ​យេស៊ូ​មាន​ន័យ​សំខាន់​យ៉ាង​ណា​ចំពោះ​អ្នក? តើ​អ្នក​បាន​បង្ហាញ​ចិត្ត​កតញ្ញូ​ដោយ​ចូល​រួម​ក្នុង​ពិធី​អាហារ​ល្ងាច​របស់​ព្រះ​អម្ចាស់​នៅ​ថ្ងៃទី១៦ ខែមេសា ឆ្នាំ​២០០៣នេះ?

[កំណត់​សម្គាល់]

^ វគ្គ 8 បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា តែ​លែង​បោះ​ពុម្ព​ហើយ។

តើ​អ្នក​ឆ្លើយ​យ៉ាង​ណា?

តើ​អ្នក​ណា​គួរ​ទទួល​ទាន​នូវ​វត្ថុ​តំណាង​ក្នុង​ពិធី​បុណ្យ​រំឭក?

ហេតុ​អ្វី​បាន​ជា​ពួក​«ចៀម​ឯទៀត»​ធ្វើ​ពិធី​អាហារ​ល្ងាច​របស់​ព្រះ​អម្ចាស់​ជា​អ្នក​ចូល​មើល​ដែល​មាន​ចិត្ត​គោរព?

នៅ​ឯ​ពិធី​បុណ្យ​រំឭក​ការ​សោយទិវង្គត​របស់​ព្រះ​គ្រីស្ទ តើ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ដឹង​ដោយ​ដូច​ម្ដេច​ថា ពួក​គេ​គួរ​ទទួល​ទាន​នូវ​នំប៉័ង​និង​ស្រា​ទំពាំងបាយជូរ​នោះ?

ពេល​ត្រៀម​ធ្វើ​ពិធី​បុណ្យ​រំឭក​នោះ ជា​ពេល​ដ៏​សម​គួរ​ឲ្យ​យើង​ធ្វើ​អ្វី​ខ្លះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[ក្រាប​/​រូបភាព​នៅ​ទំព័រ​២៨]

(ដើម្បី​មើល​ឃើញ​ទាំង​អស់ សូម​មើល​ទស្សនាវដ្ដី)

ចំនួន​មនុស្ស​ចូលរួម​ពិធី​បុណ្យ​រំឭក

លាន​នាក់

១៥,៥៩៧,៧៤៦

១៥

១៤

១៣,១៤៧,២០១

១៣

១២

១១

១០

៤,៩២៥,៦៤៣

៨៧៨,៣០៣

៦៣,១៤៦

ឆ្នាំ​១៩៣៥ ឆ្នាំ​១៩៥៥ ឆ្នាំ​១៩៧៥ ឆ្នាំ​១៩៩៥ ឆ្នាំ​២០០២

[រូបភាព​នៅ​ទំព័រ​២៨]

តើ​អ្នក​មាន​វត្តមាន​នៅ​ឯ​ពិធី​អាហារ​ល្ងាច​របស់​ព្រះ​អម្ចាស់​នៅ​ឆ្នាំ​នេះ​ទេ?