លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀបបណ្ដុះឲ្យមានទស្សនៈប្រកបដោយតុល្យភាពស្ដីអំពីការងារ

របៀបបណ្ដុះឲ្យមានទស្សនៈប្រកបដោយតុល្យភាពស្ដីអំពីការងារ

របៀប​បណ្ដុះ​ឲ្យ​មាន​ទស្សនៈ​ប្រកប​ដោយ​តុល្យភាព​ស្តី​អំពី​ការងារ

ទី​ផ្សារ​ពិភពលោក​ពោរពេញ​ទៅ​ដោយ​ការ​បង្ខិត​បង្ខំ ការ​ប្រកួត​ប្រជែង​គ្នា​យ៉ាង​ស៊ី​សាច់​ហុ​ត​ឈាម និង​ផលិតកម្ម​ទ្រង់ទ្រាយ​ធំ ជា​ហេតុ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មិន​រីករាយ​ក្រោក​ឡើង​ទៅ​ធ្វើ​ការ​ទេ។ ប៉ុន្តែ ការងារ​គួរ​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត។ ហេតុ​អ្វី? ពីព្រោះ​មនុស្ស​បាន​ត្រូវ​បង្កើត​ឲ្យ​មាន​ភាព​ដូច​ព្រះ ហើយ​ព្រះ​ក៏​រីករាយ​នឹង​ការងារ​របស់​ទ្រង់​ដែរ។ ជា​ឧទាហរណ៍ ពេល​ទ្រង់​ទត​មើល​អ្វី​ដែល​ទ្រង់​បាន​បង្កើត​នៅ​ចុង​«ថ្ងៃ»​ប្រាំ​មួយ​ឬ​គ្រា​ដ៏​វែង​មួយ​ក្នុង​ការ​បង្កើត នោះ​លោកុប្បត្តិ ១:៣១ ចែង​ថា​៖ «ព្រះ​ទ្រង់​ទត​គ្រប់​ទាំង​របស់​ដែល​ទ្រង់​បាន​ធ្វើ​នោះ ក៏​ឃើញ​ថា ទាំង​អស់​ជា​ការ​ល្អ​ប្រពៃ»។

ដោយសារ​ព្រះ​យេហូវ៉ា​ស្រឡាញ់​ការងារ​នេះ​ពិត​ជា​ហេតុ​មួយដែល​ត្រូវ​ហៅ​ទ្រង់​ថា «ព្រះ​ដែល​មាន​ព្រះទ័យ​សប្បាយ»។ (ធីម៉ូថេទី១ ១:១១, ព.ថ.) គឺ​សម​ហេតុ​សម​ផល​ណាស់ ពេល​យើង​យក​តម្រាប់​តាម​ទ្រង់​ឲ្យ​បាន​ដិត​ដល់​ជាង នោះ​យើង​សប្បាយ​ចិត្ត​ជាង មែនទេ? ស្តី​អំពី​រឿង​នេះ ស្តេច​សាឡូម៉ូន​ដែល​ជា​អ្នក​ចាត់​ចែង​រៀប​ចំ​ប្លង់​យ៉ាង​ចំណាន​នៃ​ស្រុក​អ៊ីស្រាអែល​ពី​បុរាណ បាន​សរសេរ​ថា​៖ «គ្រប់​មនុស្ស​បាន​ស៊ី​ហើយ​ផឹក ព្រម​ទាំង​រីករាយ​ដោយ​ផល​ល្អ ដែល​កើត​ពី​អស់​ទាំង​ការ​នឿយ​ហត់​របស់​ខ្លួន នោះ​ហើយ​ជា​អំណោយ​ទាន​នៃ​ព្រះ​ទេ»។—សាស្ដា ៣:១៣

ការ​បណ្ដុះ​ឲ្យ​មាន​ទស្សនៈ​ប្រកប​ដោយ​តុល្យភាព​ជា​ការ​ពិបាក​ណាស់ ពិសេស​ពេល​ការងារ​នៅ​កន្លែង​ធ្វើ​ការ​តែង​តែ​ប្រែប្រួល​ជានិច្ច។ ប៉ុន្តែ ព្រះ​យេហូវ៉ា​ប្រទាន​ពរ​ទៅ​លើ​អ្នក​ដែល​ស្ដាប់​ការ​ណែនាំ​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់។ (ទំនុកដំកើង ១១៩:៩៩, ១០០) អ្នក​ទាំង​នេះ​ក្លាយ​ជា​បុគ្គលិក​ដែល​មាន​តម្លៃ​ណាស់ និង​គួរ​ឲ្យ​ទុក​ចិត្ត​ផង ជា​ហេតុ​ដែល​ពួក​គេ​មាន​លទ្ធភាព​មិន​សូវ​បាត់បង់​ការងារ​ធ្វើ​ទេ។ អ្នក​ទាំង​នេះ​ស្វែង​យល់​នូវ​វិថី​ជីវិត​និង​ការងារ​របស់​ខ្លួន​ដោយ​គិត​ពី​អ្វី​ខាង​វិញ្ញាណ មិន​មែន​គ្រាន់​តែ​គិត​ពី​ទ្រព្យ​សម្បត្ដិ​នោះ​ទេ។ នេះ​ផ្ដល់​សមត្ថភាព​ឲ្យ​ពួក​គេ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ល្អ​ក្នុង​ជីវិត​ខ្លួន និង​យល់​ថា​សុភមង្គល​និង​សេចក្ដី​សុខ​របស់​ខ្លួន​មិន​អាស្រ័យ​លើ​ការងារ​ឬ​ទី​ផ្សារ​ការងារ​ដែល​ច្រើន​តែ​ផ្លាស់ប្ដូរ​មិន​ទៀងទាត់​នោះ​ទេ។ (ម៉ាថាយ ៦:៣១​-​៣៣; កូរិនថូសទី១ ២:១៤, ១៥) នេះ​ជួយ​ពួក​គេ​មាន​ទស្សនៈ​ប្រកប​ដោយ​តុល្យភាព​ស្តី​អំពី​ការងារ។

ចូរ​បណ្ដុះ​ឲ្យ​មាន​ទស្សនៈ​ដូច​ព្រះ​អំពី​ការងារ

មនុស្ស​ខ្លះ​វក់​តែ​នឹង​ធ្វើ​ការ យក​ការងារ​ទុក​ជា​អ្វី​ដ៏​សំខាន់​ជាង​គេ​បំផុត។ អ្នក​ខ្លះ​ទៀត​ធ្វើ​តែ​បង្គ្រប់​កិច្ច​រួច​ទៅ​ផ្ទះ​វិញ។ តើ​ទស្សនៈ​មួយ​ណា​ប្រកប​ដោយ​តុល្យភាព? ព្រះ​គម្ពីរ​ឆ្លើយ​ថា​៖ «បាន​សំរាក​តែ​បន្ដិច នោះ​ប្រសើរ​ជាង​ខំ​ប្រឹងប្រែង​ធ្វើ​ការ​ច្រើន ដូច​ជា​ដេញ​ចាប់​ខ្យល់»។ (សាស្ដា ៤:៦, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ) ការ​ពិត បើ​ធ្វើ​ការ​នឿយ​ហត់​ពេក​និង​យូរ​ពេក​នោះ​ឈ្មោះ​ថា​បង់​ប្រយោជន៍​ខ្លួន​វិញ ហើយ​ក៏​មិន​ខុស​ពី​«ដេញ​ចាប់​ខ្យល់»​ដែរ។ ហេតុ​អ្វី? ពីព្រោះ​យើង​ប្រហែល​ជា​បំផ្លាញ​នូវ​អ្វី​ដែល​នាំ​ឲ្យ​មាន​សុភមង្គល​ច្រើន​បំផុត គឺ​ចំណង​មិត្តភាព​ជា​មួយ​ក្រុម​គ្រួសារ​និង​មិត្តភក្ដិ ភាព​ខាង​វិញ្ញាណ សុខភាព និង​រហូត​ដល់​ជីវិត​ទៀត​ផង។ (ធីម៉ូថេទី១ ៦:៩, ១០) ទស្សនៈ​ដែល​មាន​តុល្យភាព​គឺ​ថា​យើង​ចេះ​ស្កប់​ចិត្ត​នឹង​ទ្រព្យ​សម្បត្ដិ​តិច​តួច តែ​មាន​សេចក្ដី​សុខ ជាជាង​មាន​ការងារ​ច្រើន​ពេក​ព្រម​ជា​មួយ​នឹង​ភាព​តានតឹង​និង​ការ​ពិបាក​ចិត្ត។

ពេល​ដែល​ព្រះ​គម្ពីរ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ទស្សនៈ​ប្រកប​ដោយ​តុល្យភាព​នោះ មិន​បាន​ន័យ​ថា​យើង​គួរ​ជា​មនុស្ស​ខ្ជិល​នោះ​ទេ។ (សុភាសិត ២០:៤) ភាព​ខ្ជិល​ពង្រិចពង្រិល​ទាំង​តម្លៃ​ខ្លួន ទាំង​ការ​គោរព​ដែល​អ្នក​ឯ​ទៀត​មាន​ចំពោះ​យើង​ដែរ ហើយ​ពិសេស​វា​ធ្វើ​ឲ្យ​លែង​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​នឹង​ព្រះ។ ព្រះ​គម្ពីរ​ចែង​យ៉ាង​ចំៗ​ថា អ្នក​ណា​ដែល​មិន​ព្រម​ធ្វើ​ការ អ្នក​នោះ​មិន​ត្រូវ​បរិភោគ​ដោយសារ​អ្នក​ឯ​ទៀត។ (ថែស្សាឡូនីចទី២ ៣:១០) ផ្ទុយ​ទៅ​វិញ គាត់​គួរ​ផ្លាស់ប្ដូរ​ចរិត​និង​ខំ​ធ្វើ​ការ​វិញ ដោយ​ចិញ្ចឹម​ខ្លួន​និង​អ្នក​ដែល​ទីពឹង​គាត់ តាម​របៀប​ប្រកប​ទៅ​ដោយ​កិត្ដិយស។ ដោយសារ​ខំ​ធ្វើការ គាត់​ក៏​ប្រហែល​ជា​អាច​ជួយ​អ្នក​ដែល​ពិត​ជា​មាន​ការ​ខ្វះ​ខាត។ នេះ​ជា​ជំនួយ​ម្យ៉ាង​ដែល​ព្រះ​គម្ពីរ​លើក​ទឹក​ចិត្ត​យើង​ផ្ដល់​ឲ្យ​គេ។—សុភាសិត ២១:២៥, ២៦; អេភេសូរ ៤:២៨

ត្រូវ​បង្រៀន​ឲ្យ​ចេះ​ធ្វើ​ការ​តាំង​ពី​តូច​មក

មនុស្ស​មិន​ចេះ​ធ្វើ​ការ​ដោយ​ស្វ័យ​ប្រវត្ដិ​ទេ តែ​ពួក​គេ​រៀន​ពេល​នៅ​ក្មេង​វិញ។ ដូច្នេះ​ហើយ ព្រះ​គម្ពីរ​ដាស់​តឿន​មាតា​បិតា​ថា​៖​«ចូរ​បង្ហាត់​កូន​ក្មេង ឲ្យ​ប្រព្រឹត្ត​តាម​ផ្លូវ​ដែល​គួរ​ប្រព្រឹត្ត នោះ​វា​នឹង​មិន​លះបង់​ពី​ផ្លូវ​នោះ​ដរាប​ដល់​ចាស់»។ (សុភាសិត ២២:៦) មាតា​បិតា​ដែល​មាន​ប្រាជ្ញា​មិន​គ្រាន់​តែ​ជា​គំរូ​ល្អ​ឲ្យ​កូន​ត្រាប់​តាម​ជា​អ្នក​ខំ​ធ្វើ​ការ​ប៉ុណ្ណោះ​ទេ តែ​យក​ល្អ​ពួក​គាត់​គួរ​ចាប់​ផ្ដើម​បង្រៀន​កូន​តូច​របស់​ខ្លួន​ដោយ​ទុក​ឲ្យ​ធ្វើ​កិច្ចការ​ផ្ទះ​បន្ដិច​បន្តួច​ដែល​សម​តាម​អាយុ​កូន។ ទោះ​ជា​កូន​ប្រហែល​ជា​មិន​ចូល​ចិត្ត​ការងារ​ខ្លះ​ក៏​ពិត​មែន តែ​ក្រោយ​មក​កូន​នឹង​ចាត់​ទុក​ខ្លួន​ជា​សមាជិក​ក្រុម​គ្រួសារ​ម្នាក់​ដែល​មាន​តម្លៃ ជា​ពិសេស​ពេល​ឪពុក​ម្ដាយ​សរសើរ​កូន​ថា កូន​បាន​ធ្វើ​ការ​ល្អ​ណាស់។ គួរ​ឲ្យ​សោក​ស្ដាយ​ណាស់ មាតា​បិតា​ខ្លះ​ទំ​រើស​កូន​ដោយ​ធ្វើ​អ្វីៗ​ទាំង​អស់​សំរាប់​កូន​ខ្លួន ប្រហែល​ជា​ដោយ​ច្រឡំ​ថា ពួក​គាត់​កំពុង​តែ​បង្ហាញ​សេចក្ដី​សប្បុរស​ចំពោះ​កូន។ យក​ល្អ​មាតា​បិតា​ទាំង​នេះ​គួរ​ពិចារណា​សុភាសិត ២៩:២១ ក្នុង​ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ ដែល​ចែង​ថា​៖​«បើ​អ្នក​ទំ​រើស​ខ្ញុំ​បំរើ[ឬ​កូន]ខ្លាំង​ពេក កាល​វា​នៅ​ពី​ក្មេង ថ្ងៃ​ក្រោយ​វា​នឹង​មិន​ស្ដាប់​បង្គាប់​អ្នក​ឡើយ[«វា​នឹង​ទៅ​ជា​អ្នក​រមិលគុណ»​, ព.ថ.]»។

មាតា​បិតា​ដែល​មាន​ស្មារតី​ទទួល​ខុសត្រូវ​ក៏​ចាប់​អារម្មណ៍​ទៅ​លើ​ការ​អប់រំ​កូន​របស់​ខ្លួន​ដែរ និង​លើក​ទឹក​ចិត្ត​កូន​ឲ្យ​ព្យាយាម​រៀន​សូត្រ​នៅ​ឯ​សាលា។ នេះ​អាច​មាន​ប្រយោជន៍​ច្រើន​ណាស់​ចំពោះ​កូន​ក្រោយ​មក​ពេល​ត្រូវ​រក​ការងារ​ធ្វើ។

ចូរ​ជ្រើសរើស​ការងារ​ដោយ​ប្រាជ្ញា

ទោះ​ជា​ព្រះ​គម្ពីរ​មិន​ប្រាប់​យើង​អំពី​ប្រភេទ​ការងារ​ដែល​យើង​ត្រូវ​រើស​យក​ក៏​ពិត​មែន តែ​មាន​ការ​ណែនាំ​ល្អ​សំរាប់​ជនគ្រីស្ទាន ដើម្បី​កុំ​ឲ្យ​ជ្រើស​យក​ការងារ​ណា​ដែល​នាំ​ឲ្យ​បាត់បង់​ភាព​ជឿន​ទៅ​មុខ​ខាង​វិញ្ញាណ ការ​បំរើ​ព្រះ និង​ភារកិច្ច​សំខាន់​ឯ​ទៀត។ ជា​ឧទាហរណ៍ ប៉ុល​បាន​សរសេរ​ថា​៖ «ពេល​វេលា​ចង្អៀត​ណាស់​ហើយ ពី​នេះ​ទៅ​មុខ គួរ​តែ​ឲ្យ​ពួក​អ្នក​ដែល . . . ប្រើ​ប្រាស់​លោកីយ​នេះ ដូច​ជា​មិន​ប្រើ​ហួស​ខ្នាត​ទេ ដ្បិត​គំរូ​នៃ​លោកីយ​នេះ​តែង​តែ​ផ្លាស់​ទៅ»។ (កូរិនថូសទី១ ៧:២៩​-​៣១) គ្មាន​អ្វី​សោះ​ក្នុង​របប​លោកីយ៍​នេះ​ដែល​មាន​ស្ថិ​រ​ភាព​ឬ​ស្ថិត​ស្ថេរ​ជានិច្ច​នោះ​ទេ។ ការ​ចំណាយ​ពេល​ទាំង​អស់​របស់​យើង​ក្នុង​លោកីយ៍​នេះ​គឺ​ប្រៀប​ដូច​ជា​ប្រើ​លុយ​ដែល​បាន​សន្សំ​ជិត​អស់​មួយ​ជីវិត​ដើម្បី​សង់​ផ្ទះ​មួយ​នៅ​តំបន់​មាន​ទឹក​ជំនន់​លិច​ជា​ញឹកញយ។ នេះ​មិន​មែន​ជា​ការ​ប្រើ​លុយ​ប្រកប​ដោយ​ប្រាជ្ញា​សោះ​ឡើយ!

ព្រះ​គម្ពីរ​ឯ​ទៀត​បកប្រែ​ឃ្លា​ថា «មិន​ប្រើ​ហួស​ខ្នាត»​ដោយ​ដាក់​ថា​«មិន​ជក់​ស្លុង»​ឬ​«មិន​ជាប់​រវល់»។ (ព្រះ​គម្ពីរ​យេរូសាឡិម; សេចក្ដី​បកប្រែ​ព្រះ​គម្ពីរ​អង់គ្លេស​សំរាប់​សព្វ​ថ្ងៃ​នេះ) មនុស្ស​ដែល​មាន​ប្រាជ្ញា មិន​ដែល​ភ្លេច​ថា​ពេល​វេលា​នៅ​សល់​សំរាប់​របប​លោកីយ៍​នេះ​គឺ​«ចង្អៀត​ណាស់​ហើយ» និង​ថា​ការ​«ជក់​ស្លុង»​ឬ​«ជាប់​រវល់»​នឹង​លោកីយ៍​នេះ នឹង​នាំ​ទៅ​ដល់​ការ​ខក​ចិត្ត​និង​ការ​សោក​ស្ដាយ​ជាក់​ជា​ពុំ​ខាន។—យ៉ូហានទី១ ២:១៥​-​១៧

‹ព្រះ​នឹង​មិន​បោះបង់​ចោល​អ្នក​ឡើយ›

ព្រះ​យេហូវ៉ា​ជ្រាប​ច្បាស់​ជាង​យើង​ថា​អ្វី​ទៅ​ជា​សេចក្ដី​ត្រូវ​ការ​របស់​យើង។ ទ្រង់​ក៏​ជ្រាប​ដឹង​ថា​ពេល​វេលា​សំរាប់​ការ​សម្រេច​គោល​បំណង​របស់​ទ្រង់​គឺ​ជិត​ប៉ុន​ណា​ដែរ។ ដូច្នេះ ទ្រង់​រំឭក​យើង​ថា​៖​«ចូរ​ឲ្យ​កិរិយា​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត បាន​ឥត​លោភ​ឡើយ ឲ្យ​ស្កប់​ចិត្ត​នឹង​របស់​ដែល​មាន​ហើយ​ប៉ុណ្ណោះ​ចុះ ដ្បិត​ទ្រង់​មាន​បន្ទូល​ថា​«អញ​នឹង​មិន​ចាក​ចេញ​ពី​ឯង ក៏​មិន​បោះបង់​ចោល​ឯង​ឡើយ»។ (ហេព្រើរ ១៣:៥) ពាក្យ​នេះ​ពិត​ជា​លើក​ទឹក​ចិត្ត​ណាស់! ព្រះ​យេស៊ូ​បាន​យក​តម្រាប់​តាម​ព្រះ​និង​យក​ព្រះទ័យ​ទុក​ដាក់​ទៅ​លើ​មនុស្ស ដោយ​ឆ្លៀត​យក​មួយផ្នែក​ធំ​នៃ​ធម្មទាន​នៅ​លើ​ភ្នំ​ដើម្បី​បង្រៀន​សិស្ស​របស់​ទ្រង់​អំពី​ទស្សនៈ​ត្រឹមត្រូវ​ចំពោះ​ការងារ​និង​ទ្រព្យ​សម្បត្ដិ។—ម៉ាថាយ ៦:១៩​-​៣៣

ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ខំ​ព្យាយាម​ធ្វើ​តាម​សេចក្ដី​បង្រៀន​នោះ។ ជា​ឧទាហរណ៍ ពេល​និយោជក​អញ្ជើញ​ស្មរបន្ទាល់​ម្នាក់​ដែល​ជាជាង​ភ្លើង​ឲ្យ​ធ្វើ​ការ​លើស​ម៉ោង​ជា​ទៀងទាត់ ស្មរបន្ទាល់​នោះ​មិន​បាន​យល់​ព្រម​ក្នុង​ករណី​នេះ​ទេ។ ហេតុ​អ្វី? ពីព្រោះ​គាត់​មិន​ចង់​ឲ្យ​ការងារ​ស៊ី​ពេល​វេលា​ដែល​គាត់​ត្រូវ​ចំណាយ​ជា​មួយ​ក្រុម​គ្រួសារ​និង​រឿង​ខាង​វិញ្ញាណ​របស់​គាត់​ឡើយ។ ដោយសារ​គាត់​ជា​បុគ្គលិក​ដែល​ខំ​ធ្វើ​ការ​បាន​យ៉ាង​ល្អ និង​ក៏​គួរ​ឲ្យ​ទុក​ចិត្ត​ផង នោះ​និយោជក​បាន​ធ្វើ​តាម​សំណូម​ពរ​របស់​ស្មរបន្ទាល់​ម្នាក់​នេះ។ ប៉ុន្តែ មិន​កើត​ឡើង​ដូច្នេះ​រាល់​តែ​ដង​ទេ បងប្អូន​ខ្លះ​ប្រហែល​ជា​ត្រូវ​ឈប់​ធ្វើ​ការ​កន្លែង​មួយ​និង​រក​ការងារ​ធ្វើ​នៅ​កន្លែង​ផ្សេង​ទៀត ដើម្បី​ឲ្យ​មាន​តុល្យភាព​ក្នុង​ជីវភាព​រស់​នៅ។ យ៉ាង​ណា​ក៏​ដោយ អ្នក​ដែល​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា​ទាំង​ស្រុង ធម្មតា​ឃើញ​ថា​ចរិយា​និង​ទស្សនៈ​របស់​ពួក​គេ​ចំពោះ​ការងារ​នាំ​ឲ្យ​និយោជក​របស់​ពួក​គេ​ពេញ​ចិត្ត​ទៅ​វិញ។—សុភាសិត ៣:៥, ៦

គ្រា​មួយ​ដែល​ការងារ​សព្វ​បែប​យ៉ាង​នឹង​ជា​ទីគាប់​ចិត្ត

ក្នុង​របប​លោកីយ៍​ដែល​ឥត​គ្រប់​ល័ក្ខណ៍​នេះ នោះ​ការងារ​និង​លទ្ធភាព​រក​ការងារ​ធ្វើ មិន​លែង​មាន​បញ្ហា​និង​ភាព​ឥត​ទៀងទាត់​នោះ​ទេ។ ការ​ពិត បញ្ហា​ទាំង​នេះ​ប្រហែល​ជា​នឹង​ធំ​ឡើងៗ​នៅ​ពេល​ដែល​ពិភពលោក​កាន់​តែ​គ្មាន​ស្ថិ​រ​ភាព​និង​សេដ្ឋកិច្ច​ប្រែប្រួល​ចុះ​ឡើង​ឬ​រហូត​ដល់​ដួល​រលំ។ ប៉ុន្តែ ស្ថានភាព​ទាំង​នេះ​មាន​តែ​បណ្ដោះ​អាសន្ន​ទេ។ បន្ដិច​ទៀត មនុស្ស​ទាំង​អស់​នឹង​មាន​ការងារ​ធ្វើ។ ម្យ៉ាង​ទៀត ការងារ​ទាំង​អស់​នឹង​ទៅ​ជា​ទីគាប់​ចិត្ត​ហើយ​មាន​ប្រយោជន៍​ច្រើន​ទៀត​ផង។ តើ​យ៉ាង​ដូច​ម្ដេច? តើ​អ្វី​នឹង​នាំ​ឲ្យ​មាន​ការ​ប្រែប្រួល​បែប​នេះ?

តាម​រយៈ​ព្យាការី​អេសាយ ព្រះ​យេហូវ៉ា​បាន​បញ្ជាក់​អំពី​ពេល​មួយ​បែប​នេះ។ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ថា​៖ «អញ​នឹង​បង្កើត​ផ្ទៃ​មេឃ​ថ្មី ហើយ​នឹង​ផែនដី​ថ្មី ឯ​របស់​ពី​មុនៗ នោះ​នឹង​គ្មាន​អ្នក​ណា​នឹក​ចាំ​ទៀត ក៏​មិន​ដែល​ចូល​ក្នុង​គំនិត​ឡើយ»។ (អេសាយ ៦៥:១៧) ទ្រង់​កំពុង​មាន​បន្ទូល​អំពី​រដ្ឋាភិបាល​ថ្មី​ដែល​ទ្រង់​នឹង​បង្កើត​ដែល​នាំ​ឲ្យ​មាន​សង្គម​មនុស្ស​ថ្មី​ស​ន្លាង​មួយ។—ដានីយ៉ែល ២:៤៤

ស្តី​អំពី​របៀប​មនុស្ស​នឹង​រស់​ហើយ​ធ្វើ​ការ ទំនាយ​នោះ​បន្ត​ថា​៖​«មនុស្ស​នឹង​សង់​ផ្ទះ ហើយ​នឹង​អាស្រ័យ​នៅ​ផង ក៏​នឹង​ដាំ​ចំការ​ទំពាំង​បាយ​ជូរ ហើយ​នឹង​បរិភោគ​ផល​ដែរ គេ​នឹង​មិន​សង់ រួច​មាន​ម្នាក់​ទៀត​អាស្រ័យ​នៅ ឬ​ដាំ រួច​មាន​ម្នាក់​ទៀត​បរិភោគ​ផល​នោះ​ឡើយ ដ្បិត​អាយុ​របស់​រាស្ត្រ​អញ​នឹង​បាន​វែង​ដូច​ជា​អាយុ​នៃ​ដើម​ឈើ ហើយ​ពួក​រើស​តាំង​របស់​អញ​នឹង​ប្រើ​ប្រាស់​ការ​ដែល​ដៃ​គេ​ធ្វើ​ជា​យឺន​យូរ​ទៅ គេ​នឹង​មិន​ខំ​ធ្វើ​ជា​ឥត​ប្រយោជន៍ ឬ​បង្កើត​មក​ឲ្យ​តែ​បាន​ត្រូវ​វិនាស​ទៅ​នោះ​ឡើយ ដ្បិត​គេ​ជា​ពូជ​នៃ​ពួក​ដ៏​មាន​ពរ​របស់​ព្រះ​យេហូវ៉ា ព្រម​ទាំង​កូន​ដែល​គេ​បង្កើត​ត​ទៅ​ផង»។—អេសាយ ៦៥:២១​-​២៣

ពិភពលោក​ថ្មី​របស់​ព្រះ​នឹង​នាំ​ឲ្យ​មាន​ស្ថានភាព​ខុស​គ្នា​ស្រឡះ​នឹង​សព្វ​ថ្ងៃ​នេះ! តើ​អ្នក​ចង់​រស់​នៅ​ក្នុង​ពិភពលោក​ថ្មី​បែប​នេះ ជា​ពេល​ដែល​អ្នក​«មិន​ខំ​ធ្វើ​ជា​ឥត​ប្រយោជន៍» ប៉ុន្តែ នឹង​រីករាយ​យ៉ាង​ពេញលេញ​នឹង​«ផល»​នៃ​ការងារ​របស់​អ្នក​វិញ? ប៉ុន្តែ សូម​កត់​សម្គាល់​ថា អ្នក​ណា​ដែល​នឹង​ទទួល​ពរ​ទាំង​នេះ​ពី​ព្រះ​យេហូវ៉ា​៖​«គេ​ជា​ពូជ​នៃ​ពួក​ដ៏​មាន​ពរ​របស់​ព្រះ​យេហូវ៉ា»។ អ្នក​អាច​នៅ​ក្នុង​ចំណោម​អ្នក​ដែល​«មាន​ពរ​របស់​ព្រះ​យេហូវ៉ា»​ដោយ​រៀន​អំពី​ព្រះ​យេហូវ៉ា​និង​បំពេញ​សេចក្ដី​តម្រូវ​របស់​ទ្រង់។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​៖​«នេះ​ជា​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​១ នឹង​ព្រះ​យេស៊ូវ​គ្រីស្ទ​ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង»។ (យ៉ូហាន ១៧:៣) ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នឹង​រីករាយ​ជួយ​អ្នក​ក្រេប​ជញ្ជក់​នូវ​ចំណេះ​ដែល​នាំ​ទៅ​ដល់​ជីវិត ដោយ​បង្រៀន​អ្នក​អំពី​ព្រះ​គម្ពីរ។

[ប្រអប់​នៅ​ទំព័រ​៦]

«បុគ្គលិក​ដែល​គេ​ត្រូវ​ការ​ជានិច្ច»

ព្រះ​គម្ពីរ​ចែង​ប្រាប់​ថា​៖ «ការ​អ្វី​ដែល​ត្រូវ​ធ្វើ​ក៏​ដោយ ចូរ​ធ្វើ​ឲ្យ​អស់​ពី​ចិត្ត ទុក​ដូច​ជា​ធ្វើ​ថ្វាយ​ដល់​ព្រះ​អម្ចាស់ មិន​មែន​ដល់​មនុស្ស​ទេ»។ (កូល៉ុស ៣:២៣) អ្នក​ធ្វើការ​ណា​ដែល​ប្រព្រឹត្ត​ឲ្យ​សម​ស្រប​ទៅ​តាម​គោលការណ៍​នេះ ប្រាកដ​ជា​បុគ្គលិក​ដែល​និយោជក​ចង់​បាន​ណាស់។ ហេតុ​នេះ​ហើយ ក្នុង​សៀវភៅ​ចំណង​ជើង​ថា​របៀប​ការពារ​អត្ត​សញ្ញាណ​របស់​អ្នក លោក ច​. ច​. លូ​ណា បាន​ណែនាំ​និយោជក​ដែល​ចង់​រើស​បុគ្គលិក ឲ្យ​ស្វែង​រក​មនុស្ស​ដែល​ជា​សមាជិក​សកម្ម​ក្នុង​សាសនា​ណា​មួយ។ ប៉ុន្តែ លោក​លូ​ណា​សរសេរ​បន្ថែម​ថា​៖ «ការ​ពិត​យើង​ច្រើន​តែ​សម្រេច​ចិត្ត​រើស​ស្មរបន្ទាល់[ព្រះ​យេហូវ៉ា]ជា​បុគ្គលិក»។ លោក​លូ​ណា​បញ្ជាក់​ហេតុ​មួយ គឺ​ថា​ស្មរបន្ទាល់​ត្រូវ​គេ​ស្គាល់​ទូទៅ​ជា​មនុស្ស​ទៀងត្រង់ ជា​ហេតុ​ធ្វើ​ឲ្យ​ស្មរបន្ទាល់​«ជា​បុគ្គលិក​ដែល​គេ​ត្រូវ​ការ​ជានិច្ច»​ក្នុង​មុខ​របរ​ផ្សេងៗ។

[រូបភាព​នៅ​ទំព័រ​៥]

តុល្យភាព​រវាង ការងារ​និង​ភារកិច្ច​ខាង​វិញ្ញាណ នាំ​ឲ្យ​ពេញ​ចិត្ត