លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ហេតុអ្វីយើងគួរធ្វើពិធីអាហារល្ងាចរបស់ព្រះអម្ចាស់?

ហេតុអ្វីយើងគួរធ្វើពិធីអាហារល្ងាចរបស់ព្រះអម្ចាស់?

ហេតុ​អ្វី​យើង​គួរ​ធ្វើ​ពិធី​អាហារ​ល្ងាច​របស់​ព្រះ​អម្ចាស់?

​«ឯ​សេចក្ដី​ដែល​ខ្ញុំ​បាន​បង្រៀន​ដល់​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​បាន​ទទួល​ពី​ព្រះ​អម្ចាស់​មក»។—កូរិនថូសទី១ ១១:២៣

១, ២​. នៅ​រាត្រី​នៃ​បុណ្យ​រំលង​ឆ្នាំ​៣៣ ស.យ. តើ​ព្រះ​យេស៊ូ​បាន​ធ្វើ​អ្វី?

ព្រះ​រាជ​បុត្រ​តែ​មួយ​គត់​ដែល​ព្រះ​បង្កើត​ផ្ទាល់​បាន​ជួប​ជុំ​គ្នា​ជា​មួយ​បុរស​១១នាក់​ដែល​«បាន​កាន់​ខ្ជាប់​ជា​មួយ​នឹង​ទ្រង់ ក្នុង​អស់​ទាំង​សេចក្ដី​ល្បងល»។ (លូកា ២២:២៨) នោះ​ជា​ពេល​ល្ងាច​ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ​៣៣ ស.យ. ហើយ​ល្ងាច​នោះ​ច្បាស់​ជា​មាន​ព្រះ​ចន្ទ​ពេញវង់​ដែល​រះ​បំភ្លឺ​ទីក្រុង​យេរូសាឡិម​ហើយ។ ព្រះ​យេស៊ូ​គ្រីស្ទ​និង​សាវ័ក​របស់​ទ្រង់​ទើបតែ​បាន​ធ្វើ​បុណ្យ​រំលង​ចប់។ យូដាស​អ៊ីស្ការីយ៉ុត​ជា​អ្នក​ក្បត់​ដែល​គ្មាន​ភាព​ស្មោះត្រង់​បាន​ត្រូវ​បង្គាប់​ឲ្យ​ចេញ​ទៅ​មុន តែ​មិន​ទាន់​ដល់​ពេល​ឲ្យ​សាវ័ក​ឯទៀត​ចេញ​ទៅ​នោះ​ទេ។ ហេតុ​អ្វី? ពីព្រោះ​ព្រះ​យេស៊ូ​ហៀប​នឹង​ធ្វើ​អ្វី​មួយ​ដែល​សំខាន់​ណាស់។ តើ​ទ្រង់​ហៀប​នឹង​ធ្វើ​អ្វី?

ដោយសារ​ម៉ាថាយ​ជា​អ្នក​សរសេរ​សៀវភៅ​ដំណឹង​ល្អ​មួយក្បាល ហើយ​គាត់​បាន​រួម​ចំណែក​ជា​មួយ​ពួក​គេ​នោះ សូម​មើល​កំណត់​ហេតុ​ដែល​គាត់​រៀបរាប់​ប្រាប់​យើង។ គាត់​សរសេរ​ថា​៖ «ព្រះ​យេស៊ូវ​ទ្រង់​យក​នំប៉័ង ហើយ​កាល​ទ្រង់​បាន​ប្រទាន​ពរ នោះ​ក៏​កាច់​ប្រទាន​ទៅ​ពួក​សិស្ស ដោយ​បន្ទូល​ថា​៖ ‹ចូរ​យក​បរិភោគ​ចុះ! នេះ​ហើយ​ជា​រូបកាយ​ខ្ញុំ›។ រួច​ទ្រង់​យក​ពែង​មក​ប្រទាន​ពរ ក៏​ហុច​ទៅ​ឲ្យ​គេ ដោយ​បន្ទូល​ថា​៖ ‹ចូរ​បរិភោគ​ពី​ពែង​នេះ​ទាំង​អស់​គ្នា​ចុះ! ដ្បិត​នេះ​ជា​ឈាម​ខ្ញុំ គឺ​ជា​«ឈាម​នៃ​សញ្ញា​ថ្មី» ដែល​បាន​ច្រួច​ចេញ សំរាប់​មនុស្ស​ជា​ច្រើន​ប្រយោជន៍​នឹង​ផ្ដាច់​បាប›»។ (ម៉ាថាយ ២៦:២៦​-​២៨) តើ​ព្រឹត្ដិការណ៍​នោះ​ជា​អ្វី​ដែល​ត្រូវ​កើត​ឡើង​តែ​ម្ដង​ឬ? តើ​ព្រឹត្ដិការណ៍​នោះ​មាន​ន័យ​យ៉ាង​ណា? តើ​ព្រឹត្ដិការណ៍​នោះ​មាន​សារៈ​ប្រយោជន៍​សំរាប់​យើង​សព្វថ្ងៃនេះ​ដែរ​ឬ​ទេ?

«ចូរ​ធ្វើ​បុណ្យ​នេះ»

៣​. អ្វី​ដែល​ព្រះ​យេស៊ូ​ធ្វើ​នៅ​រាត្រី​ថ្ងៃ​ទី​១៤ ខែ​ណែសាន ឆ្នាំ​៣៣ ស.យ.​នោះ ហេតុអ្វី​បាន​ជា​មាន​សារៈ​សំខាន់​ម្ល៉េះ?

អ្វី​ដែល​ព្រះ​យេស៊ូ​បាន​ធ្វើ​នៅ​រាត្រី​ថ្ងៃទី១៤ ខែណែសាន ឆ្នាំ​៣៣ ស.យ. មិន​មែន​ជា​អ្វី​ដែល​កើត​ឡើង​ដោយ​ចៃដន្យ​នោះ​ឡើយ។ សាវ័ក​ប៉ុល​បាន​ពិគ្រោះ​អំពី​ព្រឹត្ដិការណ៍​នោះ​ពេល​ដែល​គាត់​សរសេរ​ទៅ​កាន់​ពួក​ជន​គ្រីស្ទាន​ចាក់​ប្រេង​តាំង​នៅ​ទីក្រុង​កូរិនថូស ដែល​អ្នក​ទាំង​នោះ​នៅ​តែ​បាន​ធ្វើ​បុណ្យ​នេះ​តាម​គំរូ​របស់​ព្រះ​យេស៊ូ​អស់​២០​ឆ្នាំ​ក្រោយ​ពី​ពេល​នោះ​មក។ ទោះបី​ប៉ុល​មិន​បាន​នៅ​ជា​មួយ​ព្រះ​យេស៊ូ​និង​សាវ័ក​១១​នាក់​នៅ​ឆ្នាំ​៣៣ ស.យ.​ក៏​ដោយ គាត់​មុខ​ជា​បាន​រៀន​ពី​សាវ័ក​ឯទៀត​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ទីនោះ។ ម្យ៉ាង​ទៀត តាម​មើល​ទៅ​ព្រះ​បាន​បើក​សម្ដែង​ឲ្យ​ប៉ុល​ដឹង​ច្បាស់​អំពី​ព្រឹត្ដិការណ៍​នោះ​ដែរ។ ប៉ុល​បាន​មាន​ប្រសាសន៍​ថា​៖ «ឯ​សេចក្ដី​ដែល​ខ្ញុំ​បាន​បង្រៀន​ដល់​អ្នក​រាល់គ្នា នោះ​ខ្ញុំ​បាន​ទទួល​ពី​ព្រះ​អម្ចាស់​មក គឺ​ថា​នៅ​ពេល​យប់​ដែល​ព្រះ​អម្ចាស់​យេស៊ូវ​ត្រូវ​គេ​បញ្ជូន នោះ​ទ្រង់​បាន​យក​នំប៉័ង លុះ​ទ្រង់​បាន​អរ​ព្រះ​គុណ​រួច​ហើយ ក៏​កាច់​នំប៉័ង​ដោយ​បន្ទូល​ថា​៖ ‹ចូរ​យក​ពិសា​ចុះ! នេះ​ជា​រូបកាយ​ខ្ញុំ ដែល​ត្រូវ​កាច់​សំរាប់​អ្នក​រាល់គ្នា។ ចូរ​ធ្វើ​កិច្ច​នេះ ទុក​ជា​សេចក្ដី​រំឭក​ពី​ខ្ញុំ​ចុះ!›។ លុះ​ក្រោយ​ដែល​បាន​បរិភោគ​រួច​ហើយ នោះ​ទ្រង់​ក៏​យក​ពែង​បែប​ដូច្នោះ​ដែរ ដោយ​បន្ទូល​ថា​៖ ‹ពែង​នេះ​ជា​សញ្ញា​ថ្មី ដោយ​នូវ​ឈាម​ខ្ញុំ។ ចូរ​ធ្វើ​ដូច្នេះ​រាល់វេលា​ណា​ដែល​ផឹក ទុក​ជា​សេចក្ដី​រំឭក​ដល់​ខ្ញុំ›»។—កូរិនថូសទី១ ១១:២៣​-​២៥

៤​. ហេតុ​អ្វី​បាន​ជា​ពួក​គ្រីស្ទាន​គួរ​ធ្វើ​ពិធី​អាហារ​ល្ងាច​របស់​ព្រះ​អម្ចាស់?

លោក​លូកា​ដែល​ជា​អ្នក​សរសេរ​សៀវភៅ​ដំណឹង​ល្អ​ដែរ បញ្ជាក់​ថែម​ទៀត​អំពី​អ្វី​ដែល​ព្រះ​យេស៊ូ​បាន​បង្គាប់​នោះ​ថា​៖ «ចូរ​ធ្វើ​បុណ្យ​នេះ ដើម្បី​រំឭក​ពី​ខ្ញុំ​ចុះ!»។ (លូកា ២២:១៩) បន្ទូល​នោះ​ក៏​បាន​បកប្រែ​ថា​៖ «ចូរ​ធ្វើ​ដូច្នេះ ដើម្បី​នឹក​រំឭក​ដល់​ខ្ញុំ»។ (លូកា ២២:១៩, ព្រះគម្ពីរ​ភាសា​ខ្មែរ​សម្រាយ) តាម​ពិត ពិធី​នោះ​គេ​និយម​ហៅ​ថា ពិធី​បុណ្យ​រំឭក​ការ​សោយទិវង្គត​របស់​ព្រះ​គ្រីស្ទ។ ប៉ុល​ក៏​បាន​ហៅ​ពិធី​នោះ​ជា​អាហារ​ល្ងាច​របស់​ព្រះ​អម្ចាស់។ (កូរិនថូសទី១ ១១:២០, ព.ថ.) ពួក​គ្រីស្ទាន​បាន​ត្រូវ​បង្គាប់​ឲ្យ​ធ្វើ​ពិធី​អាហារ​ល្ងាច​របស់​ព្រះ​អម្ចាស់។ ប៉ុន្តែ ហេតុ​អ្វី​បាន​ជា​ចាប់ផ្ដើម​មាន​ពិធី​បុណ្យ​នោះ?

ហេតុ​ដែល​ចាប់​ផ្ដើម​មាន​ពិធី​បុណ្យ​រំឭក​នេះ

៥, ៦​. (ក) ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូ​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​រំឭក? (ខ) សូម​ប្រាប់​អំពី​មូលហេតុ​មួយទៀត ដែល​នាំ​ឲ្យ​មាន​អាហារ​ល្ងាច​របស់​ព្រះ​អម្ចាស់។

មូលហេតុ​មួយ​ដែល​ចាប់ផ្ដើម​មាន​ពិធី​បុណ្យ​រំឭក​នោះ គឺ​ទាក់​ទង​នឹង​មូលហេតុ​ម្យ៉ាង​ដែល​ព្រះ​យេស៊ូ​បាន​សោយទិវង្គត ពោល​គឺ ទ្រង់​ជា​អ្នក​លើក​ដំកើង​ភាព​ខ្ពង់​ខ្ពស់​បំផុត​របស់​ព្រះ​វរបិតា​ទ្រង់។ ការ​សោយទិវង្គត​របស់​ព្រះ​គ្រីស្ទ​បាន​ស​បញ្ជាក់​ថា អារក្ស​សាតាំង​ជា​អ្នក​ភូត​កុហក​ពេល​ដែល​វា​អះអាង​ថា មនុស្ស​ថ្វាយ​បង្គំ​ព្រះ​ដោយ​មាន​បំណង​ចិត្ត​ប្រកប​ទៅ​ដោយ​អត្តទត្ថភាព។ (យ៉ូប ២:១​-​៥) ពេល​ដែល​ព្រះ​យេស៊ូ​រក្សា​ភាព​ស្មោះត្រង់​ចំពោះ​ព្រះ​យេហូវ៉ា​រហូត​ដល់​សោយទិវង្គត​នោះ នេះ​បាន​ស​ឲ្យ​ឃើញ​ថា អំណះអំណាង​របស់​សាតាំង​សុទ្ធតែ​ពាក្យ​មិន​ពិត ហើយ​ភាព​ស្មោះត្រង់​របស់​ព្រះ​យេស៊ូ​ក៏​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ព្រះទ័យ​រីករាយ​ដែរ។—សុភាសិត ២៧:១១

មូលហេតុ​ម្យ៉ាង​ទៀត​ដែល​ចាប់ផ្ដើម​មាន​ពិធី​អាហារ​ល្ងាច​របស់​ព្រះ​អម្ចាស់ គឺ​ដើម្បី​រំឭក​យើង​ថា ព្រះ​យេស៊ូ​បាន‹ឲ្យ​ជីវិត​ទ្រង់​ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន›ដោយ​ទ្រង់​សោយទិវង្គត​ជា​មនុស្ស​គ្រប់ល័ក្ខណ៍​ដែល​គ្មាន​បាប​សោះ។ (ម៉ាថាយ ២០:២៨) ពេល​ដែល​បុរស​ទីមួយ​បាន​ធ្វើ​បាប​ប្រឆាំង​នឹង​ព្រះ គាត់​បាន​បាត់បង់​ជីវិត​គ្រប់ល័ក្ខណ៍ ព្រម​ទាំង​បាត់បង់​អ្វីៗ​ដែល​គាត់​គួរ​ទទួល​ទៀត​ជា​មនុស្ស​គ្រប់ល័ក្ខណ៍។ ក៏​ប៉ុន្តែ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​៖ «ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម្ល៉េះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះ​រាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​រាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់កល្ប​ជានិច្ច​វិញ»។ (យ៉ូហាន ៣:១៦) ត្រូវ​មែន «ឈ្នួល​របស់​អំពើ​បាប នោះ​ជា​សេចក្ដី​ស្លាប់ តែ​អំណោយ​ទាន​នៃ​ព្រះ​វិញ គឺ​ជា​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ដោយ​ព្រះ​គ្រីស្ទ​យេស៊ូវ ជា​ព្រះ​អម្ចាស់​នៃ​យើង​រាល់គ្នា»។ (រ៉ូម ៦:២៣) ការ​ធ្វើ​ពិធី​អាហារ​ល្ងាច​របស់​ព្រះ​អម្ចាស់​តែង​ជួយ​រំឭក​យើង​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​បំផុត​ដែល​ព្រះ​យេហូវ៉ា​និង​រាជ​បុត្រ​ទ្រង់​បាន​បង្ហាញ ដោយ​ការ​សោយទិវង្គត​របស់​ព្រះ​យេស៊ូ​ជា​យញ្ញបូជា។ យើង​ពិត​ជា​គួរ​បង្ហាញ​នូវ​ចិត្ត​កតញ្ញូ​ចំពោះ​សេចក្ដី​ស្រឡាញ់​នោះ!

តើ​យើង​គួរ​ធ្វើ​ពិធី​អាហារ​ល្ងាច​របស់​ព្រះ​អម្ចាស់​នៅ​ពេល​ណា?

៧​. តើ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​រួម​ចំណែក​ក្នុង​ពិធី​បុណ្យ​រំឭក​រាល់វេលា​នោះ តាម​របៀប​ណា?

ប៉ុល​បាន​មាន​ប្រសាសន៍​អំពី​អាហារ​ល្ងាច​របស់​ព្រះ​អម្ចាស់​ថា​៖ «រាល់វេលា​ណា ដែល​អ្នក​រាល់គ្នា​បរិភោគ​នំប៉័ង​នេះ ហើយ​ផឹក​ពី​ពែង​នេះ នោះ​ឈ្មោះ​ថា​សំដែង​ពី​សេចក្ដី​សុគត​របស់​ផង​ព្រះ​អម្ចាស់ ដរាប​ដល់​ទ្រង់​យាង​មក»។ (កូរិនថូសទី១ ១១:២៦) ជន​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ម្នាក់ៗ​ទទួល​ទាន​នូវ​វត្ថុ​តំណាង​ក្នុង​ពិធី​បុណ្យ​រំឭក​រហូត​ដល់​ពេល​ដែល​ខ្លួន​ស្លាប់។ ដោយ​ធ្វើ​ដូច្នេះ ពួក​គាត់​បង្ហាញ​ម្ដង​ហើយ​ម្ដង​ទៀត​ចំពោះ​ព្រះ​យេហូវ៉ា​និង​លោកីយ៍​ឲ្យ​ដឹង​ថា គាត់​មាន​ជំនឿ​ទៅ​លើ​យញ្ញបូជា​លោះ​របស់​ព្រះ​យេស៊ូ​ដែល​ព្រះ​បាន​រៀបចំ​ឲ្យ។

៨​. តើ​ក្រុម​ជន​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ត្រូវ​ធ្វើ​ពិធី​អាហារ​ល្ងាច​របស់​ព្រះ​អម្ចាស់​រហូត​ដល់​ពេល​ណា?

តើ​ក្រុម​ជន​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ធ្វើ​ពិធី​បុណ្យ​រំឭក​ការ​សោយទិវង្គត​របស់​ព្រះ​គ្រីស្ទ​រហូត​ដល់​ពេល​ណា? ប៉ុល​ប្រាប់​ថា​៖ «ដរាប​ដល់​ទ្រង់​យាង​មក»។ នេះ​ទំនង​ជា​បាន​សេចក្ដី​ថា ការ​ធ្វើ​ពិធី​នោះ​ត្រូវ​មាន​រហូត​ដល់​ព្រះ​យេស៊ូ​«យាង​មក[ឬ​«មាន​វត្តមាន»​, ព.ថ.]» ដើម្បី​ប្រោស​ពួក​អ្នក​ចាក់​ប្រេង​តាំង​ដែល​ជា​អ្នក​កាន់​តាម​ទ្រង់ ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថានសួគ៌។ (ថែស្សាឡូនីចទី១ ៤:១៤​-​១៧) នេះ​គឺ​ស្រប​ទៅ​តាម​អ្វី​ដែល​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ទៅ​កាន់​សាវ័ក​ស្មោះត្រង់​១១នាក់​នោះ​ថា​៖ «បើ​ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់គ្នា នោះ​ខ្ញុំ​នឹង​ត្រឡប់​មក​វិញ នឹង​ទទួល​អ្នក​រាល់គ្នា​ទៅ​ឯ​ខ្ញុំ ប្រយោជន៍​ឲ្យ​អ្នក​រាល់គ្នា​បាន​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ​នោះ​ដែរ»។—យ៉ូហាន ១៤:៣

៩​. តើ​បន្ទូល​របស់​ព្រះ​យេស៊ូ​ដែល​កត់​ទុក​នៅ​ម៉ាកុស ១៤:២៥ មាន​ន័យ​អ្វី?

ពេល​ដែល​ព្រះ​យេស៊ូ​ប្រារព្ធ​នូវ​ពិធី​បុណ្យ​រំឭក​នោះ ទ្រង់​បាន​មាន​បន្ទូល​សំដៅ​ទៅ​លើ​ពែង​ស្រា ហើយ​បាន​ប្រាប់​សាវ័ក​ស្មោះត្រង់​របស់​ទ្រង់​ថា​៖ «ខ្ញុំ​មិន​ផឹក​ពី​ផលផ្លែ​ទំពាំងបាយជូរ​ទៀត​ទេ ដរាប​ដល់​ថ្ងៃ​ណា​ដែល​ខ្ញុំ​នឹង​ផឹក​ជា​ថ្មី នៅ​ក្នុង​នគរ​ព្រះ»។ (ម៉ាកុស ១៤:២៥) ដោយ​ព្រោះ​ព្រះ​យេស៊ូ​មិន​ពិសា​ស្រា​មែន​ទែន​នៅ​ស្ថានសួគ៌​ទេ ទ្រង់​ច្បាស់​ជា​សំដៅ​ទៅ​លើ​ចិត្ត​រីករាយ​ដែល​ស្រា​នេះ​តំណាង។ (ទំនុកដំកើង ១០៤:១៥; សាស្ដា ១០:១៩) ការ​មាន​ចំណែក​ជា​មួយ​គ្នា​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ប្រាកដ​ជា​នឹង​នាំ​ឲ្យ​មាន​ចិត្ត​រីករាយ​មែន ដែល​ព្រះ​យេស៊ូ​និង​អ្នក​កាន់​តាម​ទ្រង់​បាន​រង់ចាំ​ទទួល​ដោយ​សេចក្ដី​សង្ឃឹម​យ៉ាង​ខ្លាំង។—រ៉ូម ៨:២៣; កូរិនថូសទី២ ៥:២

១០​. តើ​យើង​គួរ​ធ្វើ​ពិធី​បុណ្យ​រំឭក​នោះ​ប៉ុន្មាន​ដង​ក្នុង​មួយ​ឆ្នាំ?

១០ តើ​យើង​គួរ​ធ្វើ​ពិធី​បុណ្យ​រំឭក​ការ​សោយទិវង្គត​របស់​ព្រះ​យេស៊ូ​ជា​រៀង​រាល់ខែ រាល់សប្ដាហ៍ ឬ​ក៏​រាល់ថ្ងៃទេ? មិន​មែន​ទេ! ព្រះ​យេស៊ូ​បាន​ប្រារព្ធ​ពិធី​អាហារ​ល្ងាច​របស់​ព្រះ​អម្ចាស់​ហើយ​ត្រូវ​គេ​ធ្វើ​គុត​នៅ​ថ្ងៃ​ធ្វើ​បុណ្យ​រំលង ដែល​«ជា​សេចក្ដី​រំឭក»​ពី​ការ​ប្រោស​ប្រជាជន​អ៊ីស្រាអែល​ឲ្យ​រួច​ពី​ចំណង​របស់​សាសន៍​អេស៊ីប នៅ​ឆ្នាំ​១៥១៣ មុនស.យ.។ (និក្ខមនំ ១២:១៤) ពួក​គេ​បាន​ធ្វើ​បុណ្យ​រំលង​តែ​ម្ដង​គត់​រាល់តែ​ឆ្នាំ នៅ​ថ្ងៃទី១៤ ក្នុង​ខែណែសាន​ដែល​ជា​ខែ​របស់​សាសន៍​យូដា។ (និក្ខមនំ ១២:១​-​៦; លេវីវិន័យ ២៣:៥) នេះ​បញ្ជាក់​ថា ការ​ធ្វើ​ពិធី​រំឭក​ការ​សោយទិវង្គត​របស់​ព្រះ​យេស៊ូ​គួរ​ធ្វើ​ឡើង​ដូច​បុណ្យ​រំលង​ដែរ គឺ​មួយ​ឆ្នាំ​មួយ​ដង មិន​មែន​រាល់ខែ រាល់សប្ដាហ៍ ឬ​រាល់ថ្ងៃ​ឡើយ។

១១, ១២​. តើ​ប្រវត្ដិសាស្ត្រ​បង្ហាញ​យ៉ាង​ណា អំពី​ពិធី​បុណ្យ​រំឭក​នៅ​សម័យ​ដើម?

១១ ដូច្នេះ ការ​ធ្វើ​ពិធី​បុណ្យ​រំឭក​ប្រចាំ​ឆ្នាំ​នៅ​ថ្ងៃទី១៤ ខែណែសាន គឺ​ត្រឹម​ត្រូវ​មែន។ ឯកសារ​មួយ​ចែង​ថា​៖ «ពួក​គ្រីស្ទាន​នៅ​អាស៊ី​មីន័រ​បាន​ត្រូវ​ហៅ​ថា ពួក​ថ្ងៃទី១៤ ដោយសារ​ពួក​គេ​មាន​ទំលាប់​ធ្វើ​បុណ្យ​ប៉ាស្កា[អាហារ​ល្ងាច​របស់​ព្រះ​អម្ចាស់]នៅ​ថ្ងៃទី១៤ ខែណែសាន​មិន​ដែល​អាក់​ខាន​ឡើយ . . . ថ្ងៃ​នោះ​អាច​ត្រូវ​នឹង​ថ្ងៃសុក្រ​ឬ​ចំ​ថ្ងៃ​ផ្សេងៗ​ទៀត»។—The New Schaff-Herzog Encyclopedia of Religious Knowledge, Volume IV, page 44

១២ ប្រវត្ដិវិទូ​ម្នាក់​ឈ្មោះ​ចន វ៉ន ម៉ូហ្ស៊ីម បាន​មាន​ប្រសាសន៍​អំពី​ការ​ប្រព្រឹត្ត​របស់​ពួក​ថ្ងៃទី១៤​នោះ​ដែល​រស់​នៅ​សតវត្ស​ទីពីរ​ថា ពួក​គេ​បាន​ធ្វើ​ពិធី​បុណ្យ​រំឭក​នៅ​ថ្ងៃទី១៤ ខែណែសាន ពីព្រោះ​«ពួក​គេ​បាន​ចាត់ទុក​គំរូ​របស់​ព្រះ​គ្រីស្ទ ជា​អ្វី​ដែល​ពួក​គេ​ត្រូវ​តែ​កាន់​តាម​ដូច​ជា​ច្បាប់​ផង​ដែរ»។ ប្រវត្ដិវិទូ​ម្នាក់​ទៀត​មាន​ប្រសាសន៍​ថា​៖ «នៅ​ក្នុង​សាសនា​នា​ទ្វីបអាស៊ី​ដែល​មាន​អ្នក​ធ្វើ​បុណ្យ​នៅ​ថ្ងៃទី១៤​នោះ ជំនឿ​របស់​ពួក​គេ​គឺ​ដូចគ្នា​នឹង​សាសនា​ដើម​នៅ​ទីក្រុង​យេរូសាឡិម។ នៅ​សតវត្ស​ទីពីរ សាសនា​ទាំង​ពីរ​នេះ​បាន​ធ្វើ​បុណ្យ​ប៉ាស្កា​ជា​ពិធី​រំឭក​អំពី​ការ​ប្រោស​លោះ​ដោយសារ​ការ​សោយទិវង្គត​របស់​ព្រះ​គ្រីស្ទ នៅ​ថ្ងៃទី១៤ ខែណែសាន»។—Studia Patristica, Volume V, 1962, page 8

អត្ថន័យ​សំខាន់​នៃ​នំប៉័ង

១៣​. តើ​ព្រះ​យេស៊ូ​មាន​នំប៉័ង​អ្វី ពេល​ដែល​ទ្រង់​ប្រារព្ធ​ពិធី​អាហារ​ល្ងាច​របស់​ព្រះ​អម្ចាស់?

១៣ ពេល​ដែល​ព្រះ​យេស៊ូ​ប្រារព្ធ​នូវ​ពិធី​បុណ្យ​រំឭក «ទ្រង់​យក​នំប៉័ង​ប្រទាន​ពរ​ឲ្យ រួច​កាច់​ប្រទាន​ដល់​[ពួក​សាវ័ក]»។ (ម៉ាកុស ១៤:២២) នំប៉័ង​ដែល​ពួក​គេ​មាន​នៅ​ពេល​នោះ គឺ​នំប៉័ង​ដែល​ពួក​គេ​ទើបតែ​បាន​បរិភោគ​ក្នុង​បុណ្យ​រំលង។ (និក្ខមនំ ១៣:៦​-​១០) ដោយ​ព្រោះ​នំប៉័ង​នោះ​មិន​លាយ​ដំបែ​មុន​នឹង​ដុត នំប៉័ង​នោះ​មាន​រាង​សំប៉ែត​ហើយ​ស្រួយ​ផង ក៏​ត្រូវ​គេ​កាច់​ដើម្បី​ចែកគ្នា។ ពេល​ដែល​ព្រះ​យេស៊ូ​ធ្វើ​អព្ភូតហេតុ​ចែក​នំប៉័ង​ដល់​មនុស្ស​រាប់​ពាន់នាក់​ក្នុង​ពេល​តែ​មួយ នំប៉័ង​នោះ​ក៏​ដូច​នំក្រៀម​ដែរ ត្បិត​ទ្រង់​បាន​កាច់​នំប៉័ង​ប្រទាន​ឲ្យ​នៅ​ពេល​នោះ​ដែរ។ (ម៉ាថាយ ១៤:១៩; ១៥:៣៦) បើ​ដូច្នេះ តាម​មើល​ទៅ ការ​កាច់​នំប៉័ង​ពេល​ធ្វើ​ពិធី​បុណ្យ​រំឭក​នោះ គ្មាន​ន័យ​សំខាន់​ខាង​វិញ្ញាណ​ទេ។

១៤​. (ក) ហេតុ​អ្វី​បាន​ជា​គួរ​សម​ដែល​នំប៉័ង​សំរាប់​ពិធី​បុណ្យ​រំឭក​មិន​លាយ​ដំបែ​នោះ? (ខ) តើ​អាច​ទិញ​ឬ​ធ្វើ​នំប៉័ង​បែប​ណា​សំរាប់​អាហារ​ល្ងាច​របស់​ព្រះ​អម្ចាស់?

១៤ ពេល​ដែល​ព្រះ​យេស៊ូ​ប្រារព្ធ​ពិធី​បុណ្យ​រំឭក​នោះ ទ្រង់​មាន​បន្ទូល​អំពី​នំប៉័ង​ថា​៖ «នេះ​ជា​រូបកាយ​ខ្ញុំ ដែល​ត្រូវ​កាច់​សំរាប់​អ្នក​រាល់គ្នា»។ (កូរិនថូសទី១ ១១:២៤; ម៉ាកុស ១៤:២២) គឺ​សម​ត្រឹម​ត្រូវ​មែន ដែល​នំប៉័ង​នោះ​គ្មាន​ដំបែ​លាយ​បញ្ចូល​ទេ។ ហេតុ​អ្វី? ពីព្រោះ​ដំបែ​អាច​តំណាង​ការ​អាក្រក់ អំពើ​កំណាច ឬ​បាប​ក៏​បាន។ (កូរិនថូសទី១ ៥:៦​-​៨) នំប៉័ង​នោះ​ជា​តំណាង​ព្រះ​កាយ​របស់​ព្រះ​យេស៊ូ​ដែល​ឥត​មាន​បាប គឺ​គ្រប់ល័ក្ខណ៍​ហើយ​ជា​តង្វាយ​សមរម្យ​ជា​យញ្ញបូជា​លោះ។ (ហេព្រើរ ៧:២៦; ១០:៥​-​១០) ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នឹកចាំ​ចំណុច​នេះ ហើយ​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេស៊ូ​ដោយ​ប្រើ​នំប៉័ង​ឥត​ដំបែ​ពេល​ធ្វើ​ពិធី​បុណ្យ​រំឭក។ ជួន​កាល​ស្មរបន្ទាល់​ប្រើ​នំក្រៀមសុទ្ធ​របស់​ពួក​ជ្វីប ជា​នំ​ដែល​គ្មាន​អ្វី​លាយ​បញ្ចូល​ទេ ដូច​ជា​ខ្ទឹមបារាំង​ឬ​ស៊ុត​ជា​ដើម។ ការ​ធ្វើ​នំ​ឥតដំបែ​ជា​ការ​ងាយ​ស្រួល​ទេ ដោយ​លាយ​ម្សៅ​បន្ដិច(ម្សៅ​សាលី​ល្អ​ជាង) ជា​មួយ​ទឹក​បន្ដិច​បន្តួច។ ម្សៅ​ជ្រាយ​នោះ​អាច​ត្រូវ​សង្កត់​ឲ្យ​បាន​ស្តើង ព្រម​ទាំង​ដាក់​ប្រេងឆា​បន្ដិច ហើយ​ដុត​រហូត​ដល់​ក្រៀម​និង​ស្រួយ។

អត្ថន័យ​សំខាន់​នៃ​ស្រា​ទំពាំង​បាយ​ជូរ

១៥​. តើ​មាន​អ្វី​នៅ​ក្នុង​ពែង​ដែល​ព្រះ​យេស៊ូ​ប្រើ​ពេល​ដែល​ទ្រង់​ប្រារព្ធ​ពិធី​បុណ្យ​រំឭក​ការ​សោយទិវង្គត​របស់​ទ្រង់?

១៥ ក្រោយ​ពី​ព្រះ​យេស៊ូ​ហុច​នំប៉័ង​ឥតដំបែ​ឲ្យ​គេ​នោះ ទ្រង់​បាន​យក​ពែង​«មក​អរ​ព្រះ​គុណ រួច​ប្រទាន​ដល់​[ពួក​សាវ័ក] ហើយ​គេ​ក៏​ផឹក​គ្រប់​គ្នា»។ ព្រះ​យេស៊ូ​មាន​បន្ទូល​ពន្យល់​ថា​៖ «នេះ​ហើយ​ជា​ឈាម​ខ្ញុំ គឺ​ជា‹ឈាម​នៃ​សញ្ញា​ថ្មី› ដែល​ត្រូវ​ច្រួច​សំរាប់​មនុស្ស​ជា​ច្រើន»។ (ម៉ាកុស ១៤:២៣, ២៤) តើ​មាន​អ្វី​នៅ​ក្នុង​ពែង​នោះ? ពែង​នោះ​មាន​ស្រា​ទំពាំងបាយជូរ​នៅ​ក្នុង មិន​មែន​ទឹក​ផ្លែទំពាំងបាយជូរ​ដែល​មិន​ទាន់​ទៅ​ជា​ជូរ​នោះ​ទេ។ ពេល​បទ​គម្ពីរ​ផ្សេងៗ​រៀបរាប់​អំពី​ស្រា​ទំពាំងបាយជូរ នោះ​មិន​សំដៅ​ទៅ​លើ​ទឹក​ផ្លែឈើ​ដែល​មិន​ទាន់​ជូរ​នោះ​ឡើយ។ ជា​ឧទាហរណ៍ ស្រា​ទំពាំងបាយជូរ​អាច​ធ្វើ​ឲ្យ​«ថង់​ស្បែក​ចាស់»​ធ្លាយ ដូច​ព្រះ​យេស៊ូ​មាន​បន្ទូល​នោះ តែ​ទឹក​ផ្លែ​ទំពាំងបាយជូរ​ប៉ុណ្ណោះ​មិន​អាច​ធ្វើ​ឲ្យ​ធ្លាយ​បាន​ទេ។ ហើយ​សត្រូវ​របស់​ព្រះ​គ្រីស្ទ​បាន​អះអាង​ថា ទ្រង់​ជា​អ្នក​«ពិសា​សុរា»។ អំណះអំណាង​នោះ​ជា​ពំនោល​ឥតប្រយោជន៍ បើ​កាល​ណា​ស្រា​ទំពាំងបាយជូរ​នោះ​ជា​ទឹក​ផ្លែឈើ​ប៉ុណ្ណោះ។ (ម៉ាថាយ ៩:១៧; ១១:១៩, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ) ពួក​អ៊ីស្រាអែល​បាន​ពិសា​ស្រា​ទំពាំងបាយជូរ​ពេល​ធ្វើ​បុណ្យ​រំលង ហើយ​ព្រះ​គ្រីស្ទ​បាន​ប្រើ​ស្រា​ទំពាំងបាយជូរ​ដែរ ពេល​ដែល​ទ្រង់​ប្រារព្ធ​ពិធី​បុណ្យ​រំឭក​ការ​សោយទិវង្គត​របស់​ទ្រង់។

១៦, ១៧​. តើ​មាន​ស្រា​ទំពាំងបាយជូរ​បែប​ណា​ខ្លះ​ដែល​សម​យក​មក​ប្រើ​ពេល​ធ្វើ​ពិធី​បុណ្យ​រំឭក? ហើយ​ហេតុ​អ្វី?

១៦ មាន​តែ​ស្រា​ទំពាំងបាយជូរ​ក្រហម​ប៉ុណ្ណោះ ជា​និមិត្តរូប​ដ៏​សម​នឹង​អ្វី​ដែល​របស់​ក្នុង​ពែង​នោះ​តំណាង ពោល​គឺ ព្រះ​លោហិត​របស់​ព្រះ​យេស៊ូ​ដែល​បាន​ហូរ​មក។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​៖ «នេះ​ហើយ​ជា​ឈាម​ខ្ញុំ គឺ​ជា‹ឈាម​នៃ​សញ្ញា​ថ្មី› ដែល​ត្រូវ​ច្រួច​សំរាប់​មនុស្ស​ជា​ច្រើន»។ ហើយ​សាវ័ក​ពេត្រុស​បាន​សរសេរ​ថា​៖ «[អ្នក​ជា​ជន​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ដែល]ដឹង​ថា ទ្រង់​បាន​លោះ​អ្នក​រាល់គ្នា ឲ្យ​រួច​ពី​កិរិយា​ឥត​ប្រយោជន៍ ដែល​បាន​ត​ពី​ពួក​ឰយុកោ​មក នោះ​មិន​មែន​ដោយ​របស់​ពុក​រលួយ ដូច​ជា​ប្រាក់​ឬ​មាស​នោះ​ទេ គឺ​បាន​លោះ​ដោយសារ​ព្រះ​លោហិត​ដ៏​វិសេស​របស់​ព្រះ​គ្រីស្ទ​វិញ ទុក​ដូច​ជា​ឈាម​នៃ​កូន​ចៀម​ឥតខ្ចោះ ឥត​ស្លាក​ស្នាម»។—ពេត្រុសទី១ ១:១៨, ១៩

១៧ ព្រះ​យេស៊ូ​ប្រាកដ​ជា​បាន​ប្រើ​ស្រា​ទំពាំងបាយជូរ​ក្រហម​ពេល​ដែល​ទ្រង់​ប្រារព្ធ​ពិធី​បុណ្យ​រំឭក​នោះ។ ក៏​ប៉ុន្តែ ស្រា​ទំពាំងបាយជូរ​ក្រហម​ខ្លះៗ​សព្វ​ថ្ងៃនេះ យើង​មិន​អាច​ប្រើ​បាន​ឡើយ ពីព្រោះ​ស្រា​ក្រហម​ខ្លះៗ​បាន​ត្រូវ​គេ​លាយ​បន្ថែម​ជាតិ​សុរា​ថែម​ទៀត ឬ​មួយ​ក៏​លាយ​បញ្ចូល​គ្រឿង​ក្រអូប។ ព្រះ​លោហិត​របស់​ព្រះ​យេស៊ូ​មាន​លក្ខណៈ​ពេញលេញ​ហើយ គឺ​មិន​ត្រូវ​បន្ថែម​ឬ​បញ្ចូល​អ្វី​សោះ​ឡើយ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​មិន​សម​ឲ្យ​យើង​ប្រើ​ស្រា​ដែល​មាន​អ្វី​លាយ​ចូល​បន្ថែម​ទេ។ ក្នុង​ពែង​ដែល​ប្រើ​សំរាប់​ពិធី​បុណ្យ​រំឭក​នោះ គួរ​មាន​តែ​ស្រា​ទំពាំងបាយជូរ​ក្រហម​សុទ្ធ​ប៉ុណ្ណោះ ដែល​មិន​មាន​អ្វី​បន្ថែម​បញ្ចូល​ដើម្បី​ឲ្យ​បាន​ផ្អែម​ជាង​ឬ​មាន​ជាតិ​សុរា​ច្រើន​ជាង​នោះ​ទេ។ ស្រា​ទំពាំងបាយជូរ​ក្រហម​ដែល​យើង​ធ្វើ​ខ្លួន​ឯង​ដោយ​មិន​បន្ថែម​អ្វី​ឲ្យ​បាន​ផ្អែម​ជាង​អាច​យក​មក​ប្រើ​បាន ឬ​មួយ​ក៏​ស្រា​ទំពាំងបាយជូរ​ក្រហម​ខ្លះៗ (ដូច​ជា red burgundy និង claret ជា​ដើម)។

១៨​. តើ​ដូច​ម្ដេច​បាន​ជា​យើង​ដឹង​ថា នំប៉័ង​និង​ស្រា​ទំពាំងបាយជូរ​ដែល​ព្រះ​យេស៊ូ​ប្រើ​ក្នុង​ពិធី​បុណ្យ​រំឭក​នោះ មិន​បាន​ផ្លាស់ប្ដូរ​ដោយ​អព្ភូតហេតុ​ទេ?

១៨ ពេល​ដែល​ព្រះ​យេស៊ូ​ប្រារព្ធ​ពិធី​អាហារ​ល្ងាច​នោះ ទ្រង់​មិន​បាន​ធ្វើ​អព្ភូតហេតុ​ប្ដូរ​វត្ថុ​តំណាង​ទៅ​ជា​ព្រះ​កាយ​និង​ព្រះ​លោហិត​មែន​ទែន​របស់​ទ្រង់​ឡើយ។ ការ​បរិភោគ​សាច់​និង​ឈាម​របស់​មនុស្ស​ជា​អំពើ​ដែល​ប្រឆាំង​នឹង​ក្រិត្យ​វិន័យ​របស់​ព្រះ។ (លោកុប្បត្តិ ៩:៣, ៤; លេវីវិន័យ ១៧:១០) នៅ​រាត្រី​នោះ ព្រះ​យេស៊ូ​នៅ​តែ​រស់​រាន​មាន​ជីវិត​ទាំង​មាន​ព្រះ​កាយ​និង​លោហិត​របស់​ទ្រង់​នៅ​ដដែល។ ព្រះ​កាយ​របស់​ព្រះ​យេស៊ូ​បាន​ត្រូវ​ថ្វាយ​ជា​យញ្ញបូជា​ដែល​ល្អ​គ្រប់ល័ក្ខណ៍ ហើយ​ព្រះ​លោហិត​របស់​ទ្រង់​បាន​ត្រូវ​បង្ហូរ​នៅ​រសៀល​ថ្ងៃស្អែក ដែល​ត្រូវ​ជា​ថ្ងៃ​ទី១៤ ខែណែសាន តាម​ប្រក្រតិទិន​របស់​សាសន៍​យូដា។ ដូច្នេះ នំប៉័ង​និង​ស្រា​ទំពាំងបាយជូរ​ដែល​យក​មក​ប្រើ​ក្នុង​ពិធី​បុណ្យ​រំឭក គឺ​ជា​វត្ថុ​តំណាង​តែ​ប៉ុណ្ណោះ ដែល​តំណាង​ព្រះ​កាយ​និង​លោហិត​របស់​ព្រះ​គ្រីស្ទ។ *

ពិធី​បុណ្យ​រំឭក​ជា​ពេល​ទទួល​ទាន​អាហារ​រួម​គ្នា

១៩​. ហេតុ​អ្វី​បាន​ជា​យើង​អាច​ប្រើ​ចាន​ឬ​កែវ​ប៉ុន្មាន​ក៏​បាន​ពេល​ធ្វើ​ពិធី​អាហារ​ល្ងាច​របស់​ព្រះ​អម្ចាស់?

១៩ ពេល​ដែល​ព្រះ​យេស៊ូ​ប្រារព្ធ​ពិធី​បុណ្យ​រំឭក​នោះ ទ្រង់​បាន​អញ្ជើញ​ពួក​សាវ័ក​ស្មោះត្រង់​របស់​ទ្រង់​ឲ្យ​ចែកគ្នា​ពិសា​ពី​ពែងតែ​មួយ។ សៀវភៅ​ដំណឹង​ល្អ​របស់​ម៉ាថាយ​ចែង​ថា​៖ «[ព្រះ​យេស៊ូ]យក​ពែង​មក​ប្រទានពរ ក៏​ហុច​ទៅ​ឲ្យ​គេ ដោយ​បន្ទូល​ថា​៖ ‹ចូរ​បរិភោគ​ពី​ពែង​នេះ​ទាំង​អស់​គ្នា​ចុះ!›»។ (ម៉ាថាយ ២៦:២៧) ការ​ចែកគ្នា​ពិសា​ពី​«ពែង​នេះ» គឺ​ជា​ពែងតែ​មួយ​មិន​មែន​ពែង​ច្រើន​នោះ​ទេ ហើយ​នេះ​ក៏​មិន​ពិបាក​ធ្វើ​ដែរ ពីព្រោះ​នៅ​គ្រា​នោះ​មាន​តែ​១១នាក់​ដែល​រួម​គ្នា​ពិសា នៅ​ជុំវិញ​តុ​តែ​មួយ​ហើយ​ពួក​គេ​អាច​ហុច​ពែង​នោះ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​បាន​យ៉ាង​ស្រួល។ នៅ​ឆ្នាំ​នេះ​មនុស្ស​រាប់​លាននាក់​បាន​រួបរួម​គ្នា​ធ្វើ​ពិធី​អាហារ​ល្ងាច​របស់​ព្រះ​អម្ចាស់ នៅ​ជាង​៩៤.០០០​ក្រុមជំនុំ​នៃ​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ទូទាំង​ពិភពលោក។ ដោយសារ​មាន​មនុស្ស​ច្រើន​នាក់​ជួប​ជុំ​គ្នា​នៅ​រាត្រី​តែ​មួយ​នោះ យើង​មិន​អាច​ប្រើ​ពែងតែ​មួយ​បាន​ទេ។ ប៉ុន្តែ នៅ​ក្នុង​ក្រុមជំនុំ​ដែល​មាន​គ្នា​ច្រើន​នាក់​នោះ គឺ​មិន​ខុស​ទេ​ឲ្យ​គេ​យក​ពែង​ប៉ុន្មាន​ក៏​បាន​ជា​តំណាង​នូវ​លោហិត​ដែល​ព្រះ​យេស៊ូ​ថ្វាយ​ជា​យញ្ញបូជា ដើម្បី​ឲ្យ​ហុច​ដល់​គ្រប់​គ្នា​ក្នុង​រយៈ​ពេល​មួយ​ដែល​មិន​យូរ​ពេក​នោះ។ ស្រដៀង​គ្នា​ដែរ យើង​អាច​ប្រើ​ចាន​ប៉ុន្មាន​ក៏​បាន​សំរាប់​នំប៉័ង។ គ្មាន​អ្វី​សោះ​ក្នុង​បទ​គម្ពីរ​ដែល​បង្ហាញ​ថា ពែង​ឬ​កែវ​ត្រូវ​មាន​រាង​ជាក់លាក់​ណា​មួយ​នោះ។ យ៉ាង​ណា​ក្ដី ពែង​ឬ​កែវ​ព្រម​ទាំង​ចាន​ដែរ គួរ​ស្អាត​សមរម្យ​ដែល​បញ្ជាក់​ពី​ភាព​វិសេស​វិសាល​នៃ​កម្មវិធី​នោះ។ ការ​ចាក់​ស្រា​ល្មមៗ​ក្នុង​ពែង​ឬ​កែវ​ក៏​គប្បី​ដែរ ដើម្បី​កុំ​ឲ្យ​កំពប់​ស្រា​ពេល​ហុច​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។

២០, ២១​. ហេតុ​អ្វី​បាន​ជា​យើង​ហៅ​ពិធី​បុណ្យ​រំឭក​ជា​ពេល​ទទួល​ទាន​អាហារ​រួម​គ្នា?

២០ មិន​ថា​មាន​ចាន​នំប៉័ង​និង​កែវ​ស្រា​ច្រើន​ឬ​តែ​មួយ​ក៏​ដោយ ពិធី​បុណ្យ​រំឭក​នៅ​តែ​ជា​ពេល​ទទួល​ទាន​អាហារ​រួម​គ្នា។ នៅ​ស្រុក​អ៊ីស្រាអែល​ពី​សម័យ​បុរាណ បុរស​ម្នាក់​អាច​រៀបចំ​អាហារ​រួម​គ្នា​បាន ដោយ​ថ្វាយ​ដង្វាយ​មេត្រី គឺ​ដោយ​នាំ​សត្វ​មួយ​ក្បាល​ទៅ​ឯ​វិហារ​របស់​ព្រះ ឲ្យ​គេ​សម្លាប់​វា​នៅ​ទីនោះ។ មួយ​ចំណែក​នៃ​សត្វ​នោះ​ត្រូវ​ដុត​លើ​អាសនៈ មួយ​ចំណែក​ត្រូវ​ជូន​ដល់​សង្ឃ​ដែល​ជា​អ្នក​រៀបចំ​តង្វាយ និង​មួយ​ចំណែក​ទៀត​ត្រូវ​ជូន​ដល់​កូន​របស់​អើរ៉ុន​ដែល​ជា​សង្ឃ​ដែរ ហើយ​អ្នក​ថ្វាយ​តង្វាយ​ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​គាត់​ក៏​រួម​ទទួល​ទាន​អាហារ​នោះ​ផង​ដែរ។ (លេវីវិន័យ ៣:១​-​១៦; ៧:២៨​-​៣៦) ពិធី​បុណ្យ​រំឭក​ក៏​ជា​ពេល​ដែល​ទទួល​ទាន​អាហារ​រួម​គ្នា ដោយ​ព្រោះ​មាន​បងប្អូន​របស់​យើង​មក​ជួប​ជុំ​គ្នា។

២១ ព្រះ​យេហូវ៉ា​ក៏​ចូល​រួម​ដែរ​ក្នុង​ពេល​ទទួល​ទាន​អាហារ​រួម​គ្នា​នេះ ត្បិត​ទ្រង់​ជា​អ្នក​បង្កើត​កម្មវិធី​នេះ។ ព្រះ​យេស៊ូ​ជា​យញ្ញបូជា ហើយ​ពួក​ជន​គ្រីស្ទាន​ចាក់​ប្រេង​តាំង​រួម​គ្នា​ទទួល​ទាន​នូវ​វត្ថុ​តំណាង។ ការ​ទទួល​ទាន​អាហារ​នៅ​ឯ​តុ​របស់​ព្រះ​យេហូវ៉ា​បង្ហាញ​ថា ពួក​អ្នក​រួម​ចំណែក​នោះ​មាន​ចំណង​មេត្រីភាព​ជា​មួយ​ទ្រង់។ ហេតុ​នេះ​ហើយ​បាន​ជា​ប៉ុល​បាន​សរសេរ​ថា​៖ «ឯ​ពែង​ដ៏​មាន​ពរ ដែល​យើង​សូម​ពរ​ឲ្យ តើ​មិន​មែន​ជា​សេចក្ដី​ប្រកប​នឹង​លោហិត​របស់​ព្រះ​គ្រីស្ទ​ទេ​ឬ​អី? ហើយ​នំប៉័ង​ដែល​យើង​កាច់ នោះ​តើ​មិន​មែន​ជា​សេចក្ដី​ប្រកប​នឹង​រូប​អង្គ​នៃ​ព្រះ​គ្រីស្ទ​ទេ​ឬ​អី? ដ្បិត​ដែល​មាន​នំប៉័ង​តែ​១​ដុំ​នោះ​យ៉ាង​ណា ចំណែក​ពួក​យើង​ដែល​មាន​គ្នា​ច្រើន ក៏​ជា​រូបកាយ​តែ​១​យ៉ាង​នោះ​ដែរ ពីព្រោះ​យើង​ទាំង​អស់​គ្នា​ទទួល​ទាន​ពី​ដុំ​នំប៉័ង​តែ​មួយ​នោះ​ឯង»។—កូរិនថូសទី១ ១០:១៦, ១៧

២២​. តើ​មាន​សំនួរ​អ្វី​ខ្លះ​អំពី​ពិធី​បុណ្យ​រំឭក​ដែល​យើង​នៅ​តែ​ត្រូវ​យក​មក​ពិចារណា?

២២ អាហារ​ល្ងាច​របស់​ព្រះ​អម្ចាស់​ជា​ពិធី​សាសនា​តែ​មួយ​គត់​ដែល​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ធ្វើ​ប្រចាំ​ឆ្នាំ។ នេះ​គឺ​សម​ត្រឹម​ត្រូវ​មែន ត្បិត​ព្រះ​យេស៊ូ​បាន​បង្គាប់​ពួក​អ្នក​កាន់​តាម​ទ្រង់​ថា​៖ «ចូរ​ធ្វើ​បុណ្យ​នេះ ដើម្បី​រំឭក​ពី​ខ្ញុំ​ចុះ!»។ នៅ​ពិធី​បុណ្យ​រំឭក​នោះ យើង​រំឭក​ពី​ការ​សោយទិវង្គត​របស់​ព្រះ​យេស៊ូ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា ព្រះ​យេហូវ៉ា​ពិត​ជា​មាន​ភាព​ខ្ពង់​ខ្ពស់​បំផុត។ ដូច​យើង​បាន​កត់​សម្គាល់​រួច​ហើយ ពេល​ដែល​ទទួល​ទាន​អាហារ​រួម​គ្នា​នោះ នំប៉័ង​ត្រូវ​តំណាង​ព្រះ​កាយ​ដែល​ព្រះ​យេស៊ូ​បាន​ថ្វាយ​ជា​យញ្ញបូជា ហើយ​ស្រា​ទំពាំងបាយជូរ​តំណាង​នូវ​ព្រះ​លោហិត​របស់​ទ្រង់​ដែល​បាន​ត្រូវ​បង្ហូរ។ ប៉ុន្តែ មាន​មនុស្ស​មួយ​ចំនួន​តិច​ណាស់ ដែល​ទទួល​ទាន​នូវ​នំប៉័ង​និង​ស្រា​ដែល​ជា​វត្ថុ​តំណាង​នោះ។ ហេតុ​អ្វី? តើ​ពិធី​បុណ្យ​រំឭក​ពិត​ជា​មាន​សារៈ​ប្រយោជន៍​ចំពោះ​មនុស្ស​រាប់​លាននាក់​ដែល​មិន​ទទួល​ទាន​វត្ថុ​នោះ​មែន​ឬ? តើ​អាហារ​ល្ងាច​របស់​ព្រះ​អម្ចាស់​គួរ​មាន​ន័យ​អ្វី​ចំពោះ​អ្នក​វិញ?

[កំណត់​សម្គាល់]

^ វគ្គ 18 សូម​មើល​សៀវភៅ​ការ​យល់​ធ្លុះ​ជ្រៅ​នឹង​បទគម្ពីរ ក្បាល​ទី២ ទំព័រ២៧១ (ជា​ភាសា​អង់គ្លេស) បោះពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

តើ​អ្នក​ឆ្លើយ​យ៉ាង​ណា?

ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូ​ប្រារព្ធ​ធ្វើ​ពិធី​អាហារ​ល្ងាច​របស់​ព្រះ​អម្ចាស់?

តើ​យើង​គួរ​ធ្វើ​ពិធី​បុណ្យ​រំឭក​នេះ​ប៉ុន្មាន​ដង​ក្នុង​មួយ​ឆ្នាំ?

តើ​នំប៉័ង​ឥត​ដំបែ​ក្នុង​ពិធី​បុណ្យ​រំឭក​នោះ​តំណាង​អ្វី?

តើ​ស្រា​ទំពាំងបាយជូរ​ក្នុង​ពិធី​បុណ្យ​រំឭក​តំណាង​អ្វី?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]