ក្នុងគ្រាយុវវ័យ អ្នកអាចទទួលបានជោគជ័យ
ក្នុងគ្រាយុវវ័យ អ្នកអាចទទួលបានជោគជ័យ
នៅប្រទេសមួយនាទ្វីបអឺរ៉ុប គេបានសាកសួរប្រជាជនថា តើពួកគេចង់បានមួយណាច្រើនជាងគេក្នុងចំណោមជំរើសបីមុខ គឺរូបសម្ផស្សស្រស់ត្រកាល ទ្រព្យសម្បត្ដិស្តុកស្តម្ភ ឬមួយក៏យុវភាព។ ភាគច្រើនគេបានជ្រើសរើសយកយុវភាព។ ពិតណាស់ មនុស្សគ្រប់វ័យចាត់ទុកយុវវ័យជាគ្រាពិសេសក្នុងជីវិត។ ម្យ៉ាងទៀត មនុស្សទាំងឡាយចង់ឲ្យពួកយុវវ័យទទួលបានជោគជ័យក្នុងការឈានទៅដល់ភាពពេញវ័យ។ ប៉ុន្តែ តើពួកយុវវ័យអាចទទួលបានជោគជ័យយ៉ាងដូចម្ដេច?
តើព្រះគម្ពីរអាចជួយបានឬទេ? ប្រាកដជាអាចជួយបាន!។ សូមយើងពិចារណានូវបញ្ហាពីរយ៉ាង ដែលព្រះបន្ទូលរបស់ព្រះអាចជួយពួកយុវវ័យបាន។ ជំនួយនេះប្រហែលជាអាចជួយពួកយុវវ័យច្រើនជាងអ្នកដែលស្ថិតក្នុងវ័យផ្សេងទៀត។
ការចូលចុះនឹងអ្នកដទៃ
សេចក្ដីរាយការណ៍មួយឈ្មោះ យូជិន ឆ្នាំ២០០០ បានប្រាប់ពីលទ្ធផលនៃការស្ទង់មតិពួកយុវវ័យជាង៥.០០០នាក់នៅប្រទេសអាល្លឺម៉ង់ដើម្បីឲ្យដឹងពីគំនិត គោលការណ៍ និងអាកប្បកិរិយារបស់ពួកគេ។ ការស្ទង់មតិនេះបង្ហាញឲ្យឃើញថា ពួកយុវវ័យបានទៅជាមួយយុវជនឯទៀតស្ទើរតែរាល់ដងដែលពួកគេទៅលំហែកាយ ស្ដាប់ភ្លេង លេងកីឡា ឬដើរលេង។ ពួកយុវវ័យមានចំណង់សេពគប់ជាមួយមិត្តដែលមានអាយុស្របាលៗគ្នាដែលចំណង់នេះប្រហែលជាខ្លាំងជាងមនុស្សដែលស្ថិតក្នុងវ័យផ្សេងទៀត។ ហេតុនេះហើយគន្លឹះមួយនៃការទទួលបានជោគជ័យក្នុងគ្រាយុវវ័យ ប្រាកដជាការចូលចុះនឹងអ្នកដទៃ។
ប៉ុន្តែ ការចូលចុះនឹងអ្នកដទៃមិនតែងតែងាយស្រួលទេ។ ការពិត យុវជនយុវតីជាច្រើនសារភាពថា ពួកគេមានការពិបាក ក្នុងការប្រស្រ័យទាក់ទងនឹងអ្នកដទៃ។ ចំពោះបញ្ហានេះ ព្រះគម្ពីរអាចជួយបានច្រើន។ បន្ទូលរបស់ព្រះមានការណែនាំដែលជួយពួកយុវវ័យបង្កើតមិត្តភាពដែលមានតុល្យភាព។ តើព្រះគម្ពីរចែងយ៉ាងដូចម្ដេចខ្លះ?
គោលការណ៍សំខាន់បំផុតមួយក្នុងការប្រស្រ័យទាក់ទងអ្នកដទៃគឺ៖ «អស់ទាំងការអ្វី ដែលអ្នករាល់គ្នាចង់ឲ្យមនុស្សលោក ប្រព្រឹត្តនឹងខ្លួន នោះត្រូវឲ្យអ្នកប្រព្រឹត្តនឹងគេដូច្នោះដែរ»។ ការប្រព្រឹត្តទៅលើអ្នកឯទៀតដោយគោរព ដោយសេចក្ដីសប្បុរសហើយសេចក្ដីថ្លៃថ្នូរនឹងជំរុញទឹកចិត្តពួកគេឲ្យប្រព្រឹត្តមកលើអ្នកដូចគ្នាដែរ។ កាលបើមានការរង្កៀសចិត្តគ្នា ការប្រព្រឹត្តដោយសេចក្ដីសប្បុរសអាចបំបាត់នូវអារម្មណ៍បែបនេះ។ ប្រសិនបើអ្នកឯទៀតចាប់ផ្ដើមស្គាល់អ្នកជាមនុស្សចេះរាប់រកនិងយកចិត្តទុកដាក់លើអ្នកឯទៀត នោះពួកគេទំនងជានឹងចង់រាប់អាននិងសេពគប់ជាមួយអ្នក។ អ្នកពិតជាសប្បាយចិត្តពេលអ្នកឯទៀតរាប់អានអ្នក មែនទេ?—ម៉ាថាយ ៧:១២
ព្រះគម្ពីរណែនាំយើងឲ្យ«ស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង»។ អ្នកត្រូវតែស្រឡាញ់ខ្លួនក្នុងន័យថាយកចិត្តទុកដាក់និងឲ្យតម្លៃលើខ្លួនឯងមិនច្រើនពេកមិនតិចពេក។ ហេតុអ្វីនេះអាចជួយអ្នក? បើអ្នកមិនស្រឡាញ់ខ្លួនទេ នោះអ្នកប្រហែលជានឹងទិតៀនអ្នកឯទៀតហួសហេតុម៉ាថាយ ២២:៣៩
ពេក ដែលនេះជាឧបសគ្គមួយក្នុងការចងមិត្តភាពឲ្យបានជិតស្និទ្ធ។ ប៉ុន្តែការឲ្យតម្លៃខ្លួនដោយមានតុល្យភាព គឺជាគ្រឹះសំរាប់កសាងមិត្តភាពដ៏រឹងមាំ។—ពេលមានមិត្តភាពហើយ បុគ្គលទាំងពីរត្រូវព្យាយាមពង្រឹងចំណងមិត្តភាពនោះ។ ការចំណាយពេលក្នុងការពង្រឹងចំណងមិត្តភាព គួរធ្វើឲ្យអ្នកសប្បាយចិត្ត ដ្បិត«ដែលឲ្យ នោះបានពរជាជាងទទួល»។ អ្វីមួយដែលចាត់ទុកជាការឲ្យនោះ គឺជាការអត់ឱនទោសគ្នា បានន័យថាអ្នកមិនប្រកាន់ខឹងកំហុសតូចតាច និងមិនទាមទារឲ្យអ្នកដទៃខំធ្វើជាមនុស្សគ្រប់ល័ក្ខណ៍ដែលមិនចេះធ្វើខុសនោះទេ។ ព្រះគម្ពីរចែងថាអ្នកត្រូវ«ឲ្យមនុស្សទាំងអស់ បានស្គាល់សេចក្ដីសំឡូតរបស់អ្នក»។ ពិតណាស់ចូរ«ខំនៅជាមេត្រីនឹងមនុស្សទាំងអស់ចុះ!»។ ចុះយ៉ាងណាវិញ បើមិត្តភក្ដិប្រាប់អំពីកំហុសរបស់អ្នក? តើអ្នកតបឆ្លើយយ៉ាងណា? សូមពិចារណានូវឱវាទដ៏មានប្រយោជន៍ដែលមកពីព្រះគម្ពីរដោយថា«កុំឲ្យមានចិត្តរហ័សខឹងឡើយ»ពីព្រោះ«របួសដែលមិត្រសំឡាញ់ធ្វើដល់យើង នោះតែងធ្វើដោយស្មោះត្រង់ទេ»។ មិត្តភក្ដិរបស់យើងអាចមានអានុភាពទៅលើរបៀបយើងគិត និយាយ និងប្រព្រឹត្ត មែនទេ? ដូច្នេះ ព្រះគម្ពីរព្រមានថា«ពួកម៉ាកអាក្រក់តែងនឹងបង្ខូចកិរិយាល្អ»។ ផ្ទុយទៅវិញ«អ្នកណាដែលដើរជាមួយនឹងមនុស្សប្រាជ្ញ នោះនឹងមានប្រាជ្ញាដែរ»។—កិច្ចការ ២០:៣៥; ភីលីព ៤:៥; រ៉ូម ១២:១៧, ១៨; សាស្ដា ៧:៩; សុភាសិត ១៣:២០; ២៧:៦; កូរិនថូសទី១ ១៥:៣៣
យុវជនម្នាក់ឈ្មោះ ម៉ាកូ មានអារម្មណ៍ដូចជាយុវជនយុវតីជាច្រើននាក់ដែរពេលគាត់ពោលថា«គោលការណ៍ព្រះគម្ពីរអាចជួយបានយ៉ាងច្រើនក្នុងការចូលចុះនឹងអ្នកដទៃ។ មនុស្សខ្លះដែលខ្ញុំស្គាល់គេគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ ព្រះគម្ពីរបង្រៀនយើងឲ្យចេះគិតអំពីប្រយោជន៍អ្នកដទៃ មិនគិតហួសហេតុអំពីប្រយោជន៍ខ្លួននោះទេ។ តាមខ្ញុំសង្កេតឃើញ នេះជាវិធីដ៏ល្អបំផុតក្នុងការប្រស្រ័យទាក់ទងជាមួយគ្នា»។
អ្វីដែលពួកយុវវ័យដូចជាម៉ាកូរៀនពីព្រះគម្ពីរ នេះមិនគ្រាន់តែជួយពួកគេក្នុងគ្រានៅក្មេងប៉ុណ្ណោះ តែក្នុងអនាគតដ៏វែងឆ្ងាយទៅមុខក៏អាចជួយបានដែរ។ ហើយចំណែកអនាគតវិញ យើងឃើញថាព្រះគម្ពីរក៏មានជំនួយពិសេសសំរាប់យុវវ័យជំនាន់នេះនៅអនាគតដែរ។
ការខ្វល់ខ្វាយអំពីអនាគត
យុវវ័យជាច្រើនមានសេចក្ដីចង់ដឹងយ៉ាងខ្លាំងអំពីអនាគត។ បើប្រៀបនឹងមនុស្សដែលស្ថិតក្នុងវ័យផ្សេងទៀត ពួកគេប្រហែលជាចង់ដឹងថាតើអ្វីកំពុងកើតមានឡើងក្នុងពិភពលោកដែលនៅជុំវិញខ្លួននេះនិងហេតុអ្វីអាចកើតមានដូច្នេះ។ ព្រះគម្ពីរពន្យល់បានច្បាស់ជាងសៀវភៅឯទៀតអំពីមូលហេតុដែលស្ថានការណ៍ពិភពលោកទៅជាដូច្នេះ និងពន្យល់ពីអ្វីដែលនឹងកើតឡើងនៅអនាគត។ នេះហើយជាអ្វីដែលពួកយុវវ័យជំនាន់នេះចង់ដឹង។ ហេតុអ្វីយើងអាចជឿជាក់ដូច្នេះ?
ទោះជាមនុស្សទូទៅគិតថា ពួកយុវវ័យគិតតែពីពេលបច្ចុប្បន្នក៏ដោយ តែការស្ទង់មតិផ្សេងៗបង្ហាញឲ្យឃើញថា គឺមិនមែនដូច្នេះនោះទេ។ ការស្ទង់មតិទាំងនេះបង្ហាញថា ពួកយុវវ័យកត់សម្គាល់យ៉ាងហ្មត់ចត់នូវអ្វីដែលកំពុងតែកើតឡើងនៅជុំវិញខ្លួនគេ និងធ្វើការសន្និដ្ឋានដោយខ្លួនឯងថាជីវិតប្រហែលជានឹងទៅជាយ៉ាងណានៅនាអនាគត។ ភស្តុតាងដែលជួយឲ្យដឹងអំពីរឿងនេះ គឺដោយការស្ទង់មតិក្នុងចំណោមយុវវ័យបួននាក់ ដែលមានបីនាក់គិតអំពីអនាគត«ជារឿយៗ»ឬក៏«ញយដងណាស់»។ ទោះជាយុវវ័យច្រើនតែមានគំនិតសុទិដ្ឋិនិយម ពួកគេភាគច្រើនខ្វល់ខ្វាយអំពីអនាគត។
ហេតុអ្វីពួកគេខ្វល់ខ្វាយ? ដោយព្រោះមនុស្សពេញវ័យនៅសម័យនេះមានបញ្ហាយ៉ាងច្រើនដូចជាឧក្រិដ្ឋកម្ម អំពើហិង្សា និងការញៀន
ថ្នាំរួចទៅហើយ។ យុវវ័យខ្វល់អំពីការរកការងារធ្វើដ៏ស្ថិតស្ថេរក្នុងសង្គមមនុស្សដែលប្រកបទៅដោយការប្រកួតប្រជែង។ ពួកគេមានអារម្មណ៍ថាខ្លួនត្រូវខំរៀនឲ្យបានពិន្ទុច្រើននៅសាលាឬមានស្នាដៃល្អដាច់គេនៅកន្លែងធ្វើការ។ យុវវ័យម្នាក់អាយុ១៧ឆ្នាំបានសំដែងការសោកស្ដាយចំពោះស្ថានភាពនេះដោយថា៖ «យើងកំពុងតែរស់នៅក្នុងសង្គមដែលស៊ីសាច់ហុតឈាម។ មនុស្សទាំងអស់ធ្វើតាមតែចិត្តខ្លួនឯង។ អ្វីមួយដែលធ្វើឲ្យខ្ញុំខឹងគឺ យើងត្រូវតែខំបង្ហាញពីសមត្ថភាពខ្លួនឲ្យគេឃើញរហូត»។ យុវវ័យម្នាក់ទៀតអាយុ២២ឆ្នាំបានពោលថា៖ «អ្នកដែលមានស្នាដៃល្អគឺជាអ្នកជោគជ័យដែលមានជីវភាពស្រណុកសុខស្រួល។ តែអ្នកដែលគ្មានសំណាងឬអ្នកដែលមិនអាចតាមគេទាន់ ទៅមុខមិនរួចទេ»។ ហេតុអ្វីមានការប្រកួតប្រជែងគ្នាដូច្នេះ? តើជីវិតនឹងមានបញ្ហាដូច្នេះជារៀងរហូតទេ?ការពន្យល់ដែលពិត
ពេលយុវវ័យអស់សង្ឃឹមឬក៏មានការភ័យខ្លាចដោយសារសង្គមមនុស្ស ពួកគេកំពុងតែយល់ស្របតាមចំណែងព្រះគម្ពីរ ទោះជាដឹងឬមិនដឹងក៏ដោយ។ ព្រះគម្ពីរចែងថា«សង្គមស៊ីសាច់ហុតឈាម»នេះ ជាទីសម្គាល់នៃថ្ងៃជាន់ក្រោយបង្អស់។ សាវ័កប៉ុលបានសរសេរអំពីសម័យយើងនេះក្នុងសំបុត្ររបស់គាត់ទៅកាន់យុវជនម្នាក់ឈ្មោះធីម៉ូថេថា៖ «នៅជាន់ក្រោយបង្អស់ នឹងមានគ្រាលំបាកណាស់»។ ហេតុអ្វីធីម៉ូថេទី២ ៣:១-៣
លំបាក? ពីព្រោះដូចប៉ុលសរសេរបន្តថា មនុស្សនឹង«ស្រឡាញ់តែខ្លួនឯង ទាំងស្រឡាញ់ប្រាក់ អួតអាង . . . រមិលគុណ មានចិត្តមិនបរិសុទ្ធ . . . មានចិត្តសាហាវ»។ នេះជាការពណ៌នាត្រឹមត្រូវណាស់អំពីស្ថានភាពនៅសព្វថ្ងៃនេះ មែនទេ?—ព្រះគម្ពីរចែងថា គ្រាលំបាកនេះនឹងកើតឡើង«នៅជាន់ក្រោយបង្អស់» មុនមានការផ្លាស់ប្ដូរយ៉ាងធំក្នុងសង្គមមនុស្ស។ ការកែប្រែនេះនឹងប៉ះពាល់ទៅលើមនុស្សទាំងអស់ ទាំងចាស់ទាំងក្មេង។ តើមានការកែប្រែអ្វីខ្លះ? បន្ដិចទៀតព្រះរាជាណាចក្ររបស់ព្រះនៅស្ថានសួគ៌នឹងចាប់ផ្ដើមគ្រប់គ្រងលើមនុស្ស និងអនុរាស្ត្រនៃព្រះរាជាណាចក្រនោះនឹងមាន«សេចក្ដីក្សេមក្សាន្តដ៏បរិបូរ»នៅគ្រប់ទីកន្លែង។ «ពួកអ្នកសុចរិតនឹងបានស្រុកទុកជាមរដក ហើយនឹងនៅក្នុងស្រុកនោះជានិច្ច»។ ការខ្វល់ខ្វាយភិតភ័យនឹងលែងមានទៀត។—ទំនុកដំកើង ៣៧:១១, ២៩
មានតែព្រះគម្ពីរទេដែលផ្ដល់ចំណេះដ៏ត្រឹមត្រូវគួរឲ្យទុកចិត្តស្តីអំពីអនាគត។ ពេលយុវវ័យដឹងអ្វីដែលនឹងកើតឡើងក្នុងកំឡុងពីរបីឆ្នាំទៅមុខ ពួកគេអាចត្រៀមខ្លួននិងមិនភ័យខ្លាច ហើយអាចកំណត់អនាគតរបស់ខ្លួនឯង។ អារម្មណ៍នេះអាចជួយកាត់បន្ថយភាពតានតឹង។ តាមវិធីនេះ ព្រះគម្ពីរបានជួយបំពេញនូវសេចក្ដីត្រូវការដ៏ពិសេសរបស់ពួកយុវវ័យ ហើយក៏ជួយឲ្យយល់អំពីសង្គមនិងអ្វីដែលនឹងកើតឡើងនៅអនាគតដែរ។
ការទទួលជោគជ័យក្នុងគ្រាយុវវ័យ
តើអ្វីបង្ហាញថាយុវវ័យកំពុងតែទទួលបានជោគជ័យ? តើជាការអប់រំខ្ពស់ មានទ្រព្យសម្បត្ដិ ឬមានមិត្តភក្ដិច្រើន? យុវវ័យជាច្រើនគិតដូច្នេះ។ គ្រាយុវវ័យគួរជាទីចាប់ផ្ដើមដ៏ល្អសំរាប់ជីវិតទៅអនាគត។ បើនិយាយឲ្យចំទៅ ការទទួលជោគជ័យក្នុងគ្រាយុវវ័យបង្ហាញឲ្យដឹងថា ជីវិតរបស់ពួកគេនៅអនាគតនឹងទៅជាយ៉ាងណា។
ដូចយើងបានឃើញរួចមកហើយ ព្រះគម្ពីរអាចជួយយុវជនឲ្យទទួលបានជោគជ័យក្នុងគ្រាយុវវ័យ។ យុវវ័យជាច្រើនបានឃើញថា នេះគឺពិតក្នុងជីវិតខ្លួន។ ពួកគេអានព្រះគម្ពីរជារៀងរាល់ថ្ងៃនិងអនុវត្តតាមអ្វីដែលពួកគេរៀន។ (សូមមើល «យោបល់របស់យុវវ័យម្នាក់ដែលបំរើព្រះយេហូវ៉ា», នៅទំព័រទី៦) ពិតណាស់ ព្រះគម្ពីរជាសៀវភៅមួយសំរាប់ពួកយុវវ័យ ពីព្រោះអាចជួយពួកគេ«បានគ្រប់លក្ខណ៍ ហើយមានគ្រប់ទាំងចំណេះសំរាប់នឹងធ្វើការល្អគ្រប់មុខ»។—ធីម៉ូថេទី២ ៣:១៦, ១៧
[ឃ្លាអក្សរធំនៅទំព័រ៥]
គន្លឹះមួយនៃការជោគជ័យក្នុងគ្រាយុវវ័យគឺជាការចូលចុះនឹងអ្នកដទៃ
[ឃ្លាអក្សរធំនៅទំព័រ៦]
បើប្រៀបនឹងមនុស្សដែលស្ថិតក្នុងវ័យផ្សេងទៀតនោះ ពួកយុវវ័យចង់ដឹងយ៉ាងខ្លាំងថា តើមានអ្វីកំពុងតែកើតឡើងនិងហេតុអ្វីកើតមានដូច្នេះ?
[ប្រអប់នៅទំព័រ៦, ៧]
យោបល់របស់យុវវ័យម្នាក់ដែលបំរើព្រះយេហូវ៉ា
អាឡិចសានដឺជាយុវជនម្នាក់អាយុ១៩ឆ្នាំ។ គាត់បានត្រូវចិញ្ចឹមអប់រំក្នុងក្រុមគ្រួសារដែលជាស្មរបន្ទាល់ព្រះយេហូវ៉ា ហើយការប្រព្រឹត្តតាមជំនឿរបស់ខ្លួនអស់អំពីចិត្តធ្វើឲ្យគាត់រីករាយណាស់។ ប៉ុន្តែ គាត់ពុំធ្លាប់រីករាយធ្វើដូច្នេះពីមុនទេ។ អាឡិចសានដឺពន្យល់ថា៖
«អ្នកប្រហែលជាភ្ញាក់ផ្អើលពេលដឹងថា ខ្ញុំធ្លាប់ចូលរួមជាមួយស្មរបន្ទាល់ព្រះយេហូវ៉ាអស់ប្រាំពីរឆ្នាំដោយមិនទទួលបុណ្យជ្រមុជទឹកទេ។ ក្នុងកំឡុងពេលនោះ ខ្ញុំគ្រាន់តែថ្វាយបង្គំដើម្បីបង្គ្រប់កិច្ចប៉ុណ្ណោះ មិនមែនធ្វើឡើងឲ្យអស់ពីចិត្តទេ។ ខ្ញុំគិតថា នេះដោយសារខ្ញុំមិនហ៊ានយល់ការពិតអំពីខ្លួនខ្ញុំទេ»។
ក្រោយមក ចិត្តគំនិតរបស់អាឡិចសានដឺបានផ្លាស់ប្ដូរ។ គាត់រៀបរាប់បន្តទៀតថា៖
«ឪពុកម្ដាយនិងមិត្តភក្ដិក្នុងក្រុមជំនុំបានលើកទឹកចិត្តខ្ញុំឲ្យអានព្រះគម្ពីរជារៀងរាល់ថ្ងៃជានិច្ច ដើម្បីស្គាល់ព្រះយេហូវ៉ាដោយផ្ទាល់។ នៅទីបំផុត ខ្ញុំបានសម្រេចចិត្តសាកធ្វើតាម។ ដូច្នេះ ខ្ញុំកាត់បន្ថយម៉ោងមើលទូរទស្សន៍និងចាប់ផ្ដើមអានព្រះគម្ពីរជាទម្លាប់នៅពេលព្រឹក។ នៅពេលនោះ ទើបខ្ញុំចាប់ផ្ដើមយល់សាច់រឿងព្រះគម្ពីរ។ ខ្ញុំយល់របៀបដែលព្រះគម្ពីរអាចជួយខ្ញុំផ្ទាល់ខ្លួនបាន។ ហើយសំខាន់បំផុត ខ្ញុំយល់ថាព្រះយេហូវ៉ាចង់ឲ្យខ្ញុំស្គាល់ទ្រង់។ នៅពេលដែលខ្ញុំធ្វើតាមចំណុចនេះ ទំនាក់ទំនងដែលខ្ញុំមានផ្ទាល់ខ្លួនជាមួយព្រះយេហូវ៉ាបានចាប់ផ្ដើមជិតស្និទ្ធឡើងៗ ហើយចំណងមិត្តភាពជាមួយបងប្អូនក្នុងក្រុមជំនុំក៏បានរឹងមាំឡើងៗដែរ។ ព្រះគម្ពីរពិតជាមានឥទ្ធិពលខ្លាំងណាស់ទៅលើជីវិតរបស់ខ្ញុំ! ខ្ញុំសូមជូនយោបល់ដល់យុវវ័យគ្រប់រូបដែលបំរើព្រះយេហូវ៉ាឲ្យអានព្រះគម្ពីរជារៀងរាល់ថ្ងៃ»។
មានយុវវ័យរាប់លាននាក់ទូទាំងផែនដីដែលចូលរួមជាមួយស្មរបន្ទាល់ព្រះយេហូវ៉ា។ តើរូបអ្នកជាយុវវ័យបែបនេះដែរឬទេ? តើអ្នកចង់បានប្រយោជន៍ដែលមកពីការអានព្រះគម្ពីរជាទៀងទាត់ឬទេ? សូមអញ្ជើញធ្វើតាមគំរូរបស់អាឡិចសានដឺចុះ។ ចូរកាត់បន្ថយពេលដែលអ្នកចំណាយក្នុងការធ្វើអ្វីដែលឥតសូវសំខាន់ និងអានព្រះគម្ពីររៀងរាល់ថ្ងៃជាទម្លាប់វិញ។ អ្នកនឹងទទួលប្រយោជន៍ជាក់ជាពុំខាន។