លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរខំប្រឹងឲ្យមានទស្សនៈដូចព្រះចំពោះអ្នកដទៃ

ចូរខំប្រឹងឲ្យមានទស្សនៈដូចព្រះចំពោះអ្នកដទៃ

ចូរ​ខំ​ប្រឹង​ឲ្យ​មាន​ទស្សនៈ​ដូច​ព្រះ​ចំពោះ​អ្នក​ដទៃ

​«ព្រះ​ទ្រង់​មិន​ទត​ចំពោះ​សេចក្ដី [បែប​ដូច]ដែល​មនុស្ស​លោក​ពិចារណា​មើល​ទេ»។—សាំយូអែលទី១ ១៦:៧

១, ២​. តើ​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​និង​សាំយូអែល​ខុសគ្នា​យ៉ាង​ណា​ស្តី​អំពី​អេលាប? ហើយ​តើ​នេះ​បង្រៀន​យើង​ពី​អ្វី​ខ្លះ?

នៅ​សតវត្ស​ទី១១​មុនស.យ. ព្រះ​យេហូវ៉ា​បាន​ចាត់​ព្យាការី​សាំយូអែល​ឲ្យ​ទៅ​បំពេញ​បេសកកម្ម​សម្ងាត់​មួយ។ ទ្រង់​បាន​បង្គាប់​សាំយូអែល​ឲ្យ​ទៅ​ផ្ទះ​បុរស​ម្នាក់​ឈ្មោះ​អ៊ីសាយ ហើយ​ចាក់​ប្រេង​តែងតាំង​កូន​ប្រុស​ម្នាក់​របស់​គាត់​ឲ្យ​ធ្វើ​ជា​ស្តេច​នៃ​សាសន៍​អ៊ីស្រាអែល​នៅ​ពេល​អនាគត។ ពេល​ដែល​សាំយូអែល​ឃើញ​អេលាប​ជា​កូន​ច្បង​របស់​អ៊ីសាយ នោះ​សាំយូអែល​បាន​ប្រាកដ​ក្នុង​ចិត្ត​ថា នេះ​ហើយ​ជា​បុរស​មួយរូប​ដែល​ព្រះ​យេហូវ៉ា​បាន​ជ្រើសរើស។ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ថា​៖ «កុំ​ឲ្យ​មើល​តែ​ឫកពា​ខាង​ក្រៅ ឬ​កំពស់​ខ្លួន​នោះ​ឡើយ ដ្បិត​អញ​មិន​ទទួល​អ្នក​នេះ​ទេ ពីព្រោះ​ព្រះ​ទ្រង់​មិន​ទត​ចំពោះ​សេចក្ដី [បែប​ដូច]មនុស្ស​លោក​ពិចារណា​មើល​ទេ ឯ​មនុស្ស​លោក តែង​មើល​តែ​ឫកពា​ខាង​ក្រៅ​ប៉ុណ្ណោះ តែ​ព្រះ​យេហូវ៉ា​ទ្រង់​ទត​ចំពោះ​ក្នុង​ចិត្ត​វិញ»។ (សាំយូអែលទី១ ១៦:៦, ៧) សាំយូអែល​មិន​បាន​ពិចារណា​មើល​អេលាប​ដោយ​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ឡើយ។ *

មនុស្ស​យើង​អាច​វាយ​តម្លៃ​មនុស្ស​ឯទៀត​ខុស​បាន​យ៉ាង​ងាយ​ខុស! នេះ​អាច​ជា​ហេតុ​ដែល​យើង​ងាយ​ចាញ់​បោក​មនុស្ស​ដែល​មើល​ទៅ​ដូច​ជា​គួរ​ឲ្យ​ទុកចិត្ត តែ​បែរ​ជា​ខ្វះ​សីលធម៌​វិញ។ ផ្ទុយ​ទៅ​វិញ ប្រហែល​ជា​យើង​មាន​ទស្សនៈ​តឹងរឹង​ឬ​កាច​ក៏​មិន​ដឹង ពេល​វាយតម្លៃ​មនុស្ស​ដែល​មាន​លក្ខណៈ​សម្បត្ដិ​ធ្វើ​ឲ្យ​យើង​មួម៉ៅចិត្ត។

៣, ៤​. (ក) បើ​មាន​បញ្ហា​ផ្ទុះ​ឡើង​រវាង​បងប្អូន​គ្រីស្ទាន​ពីរនាក់ តើ​ពួក​គេ​ម្នាក់ៗ​គួរ​ប្ដេជ្ញា​ចិត្ត​ធ្វើ​អ្វី? (ខ) ពេល​ដែល​យើង​មាន​ទំនាស់​ជា​ខ្លាំង​នឹង​បងប្អូន​រួម​ជំនឿ​ជា​មួយ​យើង តើ​យើង​គួរ​ដណ្ដឹង​សួរ​ខ្លួន​នូវ​សំនួរ​អ្វី​ខ្លះ?

ការ​ឆាប់​វិនិច្ឆ័យ​អ្នក​ដទៃ សូម្បីតែ​ពួក​អ្នក​ដែល​យើង​ធ្លាប់​ស្គាល់​យូរ​យារ​មក​ហើយ​នោះ​ក៏​ដោយ នេះ​អាច​បង្ក​ឲ្យ​មាន​បញ្ហា​មែន។ អ្នក​ប្រហែល​ជា​ធ្លាប់​មាន​ទំនាស់​យ៉ាង​ខ្លាំង​ជា​មួយ​បងប្អូន​គ្រីស្ទាន​ណា​ម្នាក់​ដែល​ពី​មុន​ជា​មិត្ត​ជិតស្និទ្ធ​របស់​អ្នក។ តើ​អ្នក​ចង់​ជានា​នឹងគ្នា​វិញ​ទេ? តើ​មាន​ជំនួយ​អ្វី​ដើម្បី​ជួយ​ឲ្យ​អាច​ធ្វើ​បាន?

សូម​ពិចារណា​មើល​បងប្អូន​នោះ​ឲ្យ​បាន​ដិត​ដល់​ហើយ​យូរ​បន្ដិច ដោយ​សម្គាល់​លក្ខណៈ​ល្អៗ​របស់​គាត់។ សូម​ពិចារណា​មើល​គាត់​ដូច្នេះ​ទាំង​នឹក​ចាំ​បន្ទូល​របស់​ព្រះ​យេស៊ូ​ដែល​ថា​៖ «គ្មាន​អ្នក​ណា​អាច​នឹង​មក​ឯខ្ញុំ​បាន​ទេ លើក​តែ​ព្រះ​វរបិតា ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ទ្រង់​ទាញ​នាំ​គេ​ប៉ុណ្ណោះ»។ (យ៉ូហាន ៦:៤៤) រួច​មក សូម​ដណ្ដឹង​សួរ​ខ្លួន​ថា​៖ ‹ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​ទាញ​នាំ​គាត់​មក​ឯរាជបុត្រ​ទ្រង់​ដូច្នេះ? តើ​គាត់​មាន​លក្ខណៈសម្បត្ដិ​អ្វីខ្លះ? តើ​ខ្ញុំ​មិន​អើពើ​ឬ​មើលងាយ​នូវ​គុណសម្បត្ដិ​ល្អៗ​របស់​គាត់​ឬ? ពី​ដំបូង​នោះ ហេតុ​ដូចម្ដេច​បាន​ជា​យើង​ក្លាយ​ជា​មិត្ត​សំឡាញ់​ដូច្នេះ? តើ​អ្វី​បាន​ទាក់​ចិត្ត​ទាញ​អារម្មណ៍​ខ្ញុំ​ឲ្យ​ស្រឡាញ់​គាត់?›។ មុន​ដំបូង​អ្នក​ប្រហែល​ជា​ពិបាក​សម្គាល់​លក្ខណៈ​ល្អៗ​របស់​គាត់ ជា​ពិសេស​បើ​អ្នក​បាន​ចង​គំនុំ​នឹង​គាត់​ជា​យូរ​មក​ហើយ។ ប៉ុន្តែ ការ​សម្គាល់​លក្ខណៈ​ល្អៗ​នៃ​បងប្អូន​យើង​ជា​ជំហាន​សំខាន់​ណាស់ ដើម្បី​ឲ្យ​បាន​ជានា​នឹងគ្នា​ឡើង​វិញ។ ដើម្បី​បង្ហាញ​ពី​របៀប​សម្គាល់​នូវ​លក្ខណៈ​សម្បត្ដិ​របស់​បងប្អូន​យើង​នោះ យើង​សូម​ពិនិត្យ​មើល​គំរូ​របស់​បុរស​ពីរនាក់​ដែល​ជួន​កាល​បាន​ត្រូវ​លើក​ឡើង​ជា​គំរូ​មិន​ល្អ​ដែរ។ បុរស​ពីរនាក់​នេះ​គឺ​ព្យាការី​យ៉ូណាស​និង​សាវ័ក​ពេត្រុស។

ការ​ពិនិត្យ​មើល​លោក​យ៉ូណាស ដោយ​មិន​លំអៀង

៥​. តើ​យ៉ូណាស​ទទួល​ភារកិច្ច​អ្វី? ហើយ​តើ​គាត់​ធ្វើ​យ៉ាង​ណា?

យ៉ូណាស​បាន​បំរើ​ជា​ព្យាការី​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​អ៊ីស្រាអែល​ខាង​ជើង នៅ​គ្រា​ដែល​ស្តេច​យេរ៉ូបោមទី២​ជា​រាជបុត្រ​យ៉ូអាស​ទ្រង់​បាន​សោយរាជ្យ។ (ពង្សាវតារក្សត្រទី២ ១៤:២៣​-​២៥) នៅថ្ងៃ​មួយ ព្រះ​យេហូវ៉ា​បាន​បង្គាប់​យ៉ូណាស​ឲ្យ​ចេញ​ពី​ស្រុក​អ៊ីស្រាអែល​ហើយ​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​នីនីវេ​ដែល​ជា​រាជធានី​នៃ​មហា​អំណាច​សាសន៍​អាសស៊ើរ​ដ៏​ខ្លាំង​ក្លា។ តើ​យ៉ូណាស​មាន​ភារកិច្ច​អ្វី? យ៉ូណាស​ត្រូវ​ព្រមាន​ពួក​អ្នក​នៅ​ទីក្រុង​នីនីវេ​ថា ទីក្រុង​ដ៏​ធំ​របស់​ពួក​គេ​នោះ​ត្រូវ​ទទួល​សេចក្ដី​ហិនវិនាស។ (យ៉ូណាស ១:១, ២) ជាជាង​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា យ៉ូណាស​បាន​រត់​គេច​វិញ! យ៉ូណាស​បាន​ចុះ​នាវា​ដែល​មាន​ទិសដៅ​ទៅ​តំបន់​តើស៊ីស​ដែល​មាន​ចំងាយ​ឆ្ងាយ​ពី​ក្រុង​នីនីវេ។—យ៉ូណាស ១:៣

៦​. ហេតុ​ដូចម្ដេច​បាន​ជា​ព្រះ​យេហូវ៉ា​ជ្រើសរើស​យ៉ូណាស​ឲ្យ​ទៅ​ទីក្រុង​នីនីវេ?

ពេល​ដែល​អ្នក​គិត​អំពី​លោក​យ៉ូណាស តើ​អ្នក​គិត​អំពី​អ្វី? តើ​អ្នក​នឹក​គិត​ថា យ៉ូណាស​ជា​ព្យាការី​មួយរូប​ដែល​មិន​ស្ដាប់បង្គាប់​ព្រះ​ឬ? បើ​យើង​ពិចារណា​មើល​គាត់​ដោយ​ត្រួសៗ​នោះ យើង​ប្រហែល​ជា​សន្និដ្ឋាន​ដូច្នេះ​មែន។ ប៉ុន្តែ តើ​ព្រះ​យេហូវ៉ា​ចាត់តាំង​យ៉ូណាស​ជា​ព្យាការី​ដោយ​ព្រោះ​គាត់​ជា​អ្នក​មិន​ស្ដាប់បង្គាប់​ឬ? មិន​មែន​ទេ! ដូច្នេះ យ៉ូណាស​ពិត​ជា​មាន​គុណសម្បត្ដិ​ល្អៗ​ផង​ដែរ។ សូម​ពិចារណា​មើល​ជីវប្រវត្ដិ​របស់​យ៉ូណាស​ជា​ព្យាការី​មួយរូប​នេះ។

៧​. តើ​យ៉ូណាស​បំរើ​ព្រះ​យេហូវ៉ា​នៅ​ស្រុក​អ៊ីស្រាអែល​ក្រោម​កាលៈទេសៈ​ណា​ខ្លះ? ដោយ​ដឹង​អំពី​កាលៈទេសៈ​នោះ តើ​អ្នក​មាន​ទស្សនៈ​យ៉ាង​ណា​អំពី​លោក​យ៉ូណាស?

តាម​ពិត​យ៉ូណាស​បាន​ធ្វើ​ការ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត​នៅ​ស្រុក​អ៊ីស្រាអែល ជា​តំបន់​ផ្សាយ​ដែល​ប្រជាជន​មិន​សូវ​យកចិត្ត​ទុកដាក់​ស្ដាប់​ទេ។ ព្យាការី​អេម៉ុស​បាន​រស់​នៅ​គ្រា​ដំណាល​នឹង​យ៉ូណាស​ដែរ ហើយ​អេម៉ុស​បាន​ពណ៌នា​អំពី​ពួក​អ៊ីស្រាអែល​នៅ​ជំនាន់​នោះ​ថា ជា​មនុស្ស​ដែល​ស្រឡាញ់​តែ​វត្ថុ​ទ្រព្យ​និង​ការ​សប្បាយ​ប៉ុណ្ណោះ។ * នៅ​ក្នុង​ស្រុក​នោះ​មាន​អំពើ​អាក្រក់​ជួជាតិ ប៉ុន្តែ ពួក​អ៊ីស្រាអែល​មិន​បាន​អើពើ​នឹង​ស្ថានភាព​នេះ​ឡើយ។ (អេម៉ុស ៣:១៣​-​១៥; ៤:៤; ៦:៤​-​៦) យ៉ាង​ណា​ក្ដី យ៉ូណាស​បាន​បំពេញ​តាម​មុខ​នាទី​របស់​គាត់​ទាំង​មាន​ចិត្ត​ស្មោះត្រង់ ដោយ​គាត់​ផ្សព្វផ្សាយ​ដល់​ប្រជាជន​អ៊ីស្រាអែល​ជា​ទៀងទាត់។ ប្រសិន​បើ​អ្នក​ជា​អ្នក​ប្រកាស​ផ្សាយ​នូវដំណឹង​ល្អ​ដែរ អ្នក​មុខជា​ដឹង​ថា ការ​ពិគ្រោះ​ជា​មួយ​មនុស្ស​ដែល​បង្ហាញ​ភាព​កន្តើយ​ព្រម​ទាំង​មនុស្ស​ដែល​មាន​ជីវិត​គាប់​ចិត្ត​ហើយ នោះ​មិន​មែន​ជា​ការ​ស្រួល​ប៉ុន្មាន​ទេ។ ដូច្នេះ ទោះ​ជា​យើង​ទទួល​ស្គាល់​អំពី​ភាព​ខ្សោយ​របស់​យ៉ូណាស​ក៏​ដោយ នោះ​កុំ​ឲ្យ​យើង​ភ្លេច​នូវ​ភាព​ស្មោះត្រង់​និង​ការ​ស៊ូទ្រាំ​របស់​គាត់​ឡើយ ពេល​គាត់​ផ្សព្វផ្សាយ​ដល់​ពួក​អ៊ីស្រាអែល​ដែល​មិន​មាន​ភាព​ស្មោះត្រង់​នោះ។

៨​. តើ​ព្យាការី​ជនជាតិ​អ៊ីស្រាអែល​មួយរូប​អាច​ជួប​ប្រទះ​ការ​ពិបាក​អ្វី​ខ្លះ​នៅ​ទីក្រុង​នីនីវេ?

ភារកិច្ច​ដែល​យ៉ូណាស​ទទួល​ដែល​តម្រូវ​ឲ្យ​គាត់​ទៅ​ទីក្រុង​នីនីវេ​នោះ រឹតតែ​ពិបាក​ទៅ​ទៀត។ យ៉ូណាស​ត្រូវ​ដើរ​ប្រមាណ​៨០០គីឡូម៉ែត្រ​ទើប​គាត់​ទៅ​ដល់​ទីក្រុង​នោះ ហើយ​នេះ​គឺ​ជា​ការ​ធ្វើ​ដំណើរ​ដ៏​ពិបាក​ប្រហែល​ជា​អស់​រយៈ​ពេល​មួយ​ខែ។ ពេល​ទៅ​ដល់​ទីក្រុង​នោះ យ៉ូណាស​ត្រូវ​ផ្សព្វផ្សាយ​ដល់​ប្រជាជន​អាសស៊ើរ​ដែល​មាន​ឈ្មោះ​ល្បី​ជា​មនុស្ស​កាច​សាហាវ។ ពេល​ធ្វើ​សង្គ្រាម ពួក​អាសស៊ើរ​និយម​ធ្វើ​ទារុណកម្ម​យ៉ាង​ឃោរឃៅ​ដល់​ពួក​ខ្មាំង​សត្រូវ។ ពួក​អាសស៊ើរ​ក៏​បាន​អួតអាង​អំពី​ភាព​សាហាវ​យង់ឃ្នង​របស់​ពួក​គេ​ដែរ។ ដោយ​ហេតុ​នេះ​ហើយ​បាន​ជា​ទីក្រុង​នោះ​បាន​ត្រូវ​ហៅ​យ៉ាង​សម​ថា «ទី​ក្រុង ដែល​ប្រឡាក់​ដោយ​ឈាម»។—ណាហ៊ុម ៣:១, ៧

៩​. ពេល​មាន​ខ្យល់ព្យុះ​យ៉ាង​ខ្លាំង​ដែល​គំរាមកំហែង​ដល់​ជីវិត​របស់​ពួក​អ្នក​ជិះ​នាវា​នោះ តើ​យ៉ូណាស​បង្ហាញ​នូវ​គុណសម្បត្ដិ​អ្វី​ខ្លះ?

យ៉ូណាស​បាន​គេច​មិន​ព្រម​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា ដូច្នេះ​គាត់​បាន​ចុះ​នាវា​ដែល​មាន​ទិសដៅ​ផ្ទុយ​ហើយ​ឆ្ងាយ​ពី​កន្លែង​ដែល​ព្រះ​ចាត់​ឲ្យ​ទៅ។ យ៉ាង​ណា​ក៏​ដោយ ព្រះ​យេហូវ៉ា​មិន​មាន​ព្រះទ័យ​អស់សង្ឃឹម​នឹង​ព្យាការី​នេះ​ឡើយ ហើយ​ទ្រង់​ក៏​មិន​បាន​ចាត់​ឲ្យ​មាន​មនុស្ស​មួយរូប​ទៀត​ទៅ​ជំនួស​គាត់​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​យេហូវ៉ា​បាន​ចាត់​វិធានការ​ដើម្បី​ដាស់​ស្មារតី​យ៉ូណាស។ ព្រះ​បាន​បណ្ដាល​ឲ្យ​មាន​ខ្យល់ព្យុះ​យ៉ាង​ខ្លាំង​នៅ​សមុទ្រ។ នាវា​ដែល​យ៉ូណាស​ជិះ​នោះ​ត្រូវ​រលក​សមុទ្រ​ផាត់​ចុះ​ឡើង។ មនុស្ស​ប៉ុន្មាននាក់​ដែល​គ្មាន​ទោស​អ្វី​សោះ​នោះ ហៀប​នឹង​ស្លាប់​ដោយសារ​យ៉ូណាស​រត់ចោល​ការងារ​របស់​ខ្លួន! (យ៉ូណាស ១:៤) តើ​យ៉ូណាស​មាន​អារម្មណ៍​យ៉ាង​ណា? យ៉ូណាស​មិន​ចង់​ឲ្យ​ពួក​អ្នក​ជិះ​នាវា​នោះ​ស្លាប់​ដោយសារ​កំហុស​ផ្ទាល់​ខ្លួន​របស់​គាត់​ទេ ដូច្នេះ​គាត់​បាន​ប្រាប់​ពួក​គេ​ថា​៖ «ចូរ​ចាប់​ខ្ញុំ​បោះ​ទៅ​ក្នុង​សមុទ្រ​ចុះ! នោះ​សមុទ្រ​នឹង​ស្ងប់​ដល់​អ្នក​រាល់​គ្នា​ហើយ»។ (យ៉ូណាស ១:១២) យ៉ូណាស​គ្មាន​ហេតុ​គិត​ស្មាន​ថា ព្រះ​យេហូវ៉ា​នឹង​សង្គ្រោះ​គាត់​ពី​មហាសាគរ​ពេល​ពួក​នាវិក​បោះ​គាត់​ចេញ​ពី​នាវា​នោះ​ឡើយ។ (យ៉ូណាស ១:១៥) យ៉ាង​ណា​ក៏​ដោយ យ៉ូណាស​សុខចិត្ត​លះបង់​ជីវិត​ខ្លួន ដើម្បី​កុំ​ឲ្យ​ពួក​អ្នក​ជិះ​ក្នុង​នាវា​នោះ​ស្លាប់​ដែរ។ អាកប្បកិរិយា​របស់​យ៉ូណាស​នេះ​បង្ហាញ​នូវ​គុណសម្បត្ដិ​ដូច​ជា​ចិត្ត​ក្លាហាន ចិត្ត​រាបទាប និង​សេចក្ដី​ស្រឡាញ់ មែន​ទេ?

១០​. តើ​អ្វី​បាន​កើត​ឡើង​ក្រោយ​ពី​ព្រះ​យេហូវ៉ា​បង្គាប់​យ៉ូណាស​ម្ដងទៀត​ឲ្យ​បំពេញ​កិច្ចការ​របស់​គាត់?

១០ នៅ​ទីបំផុត​ព្រះ​យេហូវ៉ា​បាន​សង្គ្រោះ​យ៉ូណាស។ តើ​យ៉ូណាស​បាត់​បង់​សិទ្ធិ​ធ្វើ​ជា​អ្នក​តំណាង​ព្រះ​ជា​រៀង​រហូត ដោយសារ​អ្វី​ដែល​គាត់​ទើប​តែ​បាន​ប្រព្រឹត្ត​នោះ​ឬ? មិន​មែន​ទេ! ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​មេត្ដាករុណា​និង​សេចក្ដី​ស្រឡាញ់ ហើយ​បាន​បង្គាប់​យ៉ូណាស​ម្ដងទៀត​ឲ្យ​ទៅ​ផ្សព្វផ្សាយ​ដល់​ពួក​នីនីវេ។ នៅ​ពេល​ដែល​យ៉ូណាស​ចូល​ទៅ​ក្នុង​ទីក្រុង​នីនីវេ គាត់​បាន​ប្រាប់​ពួក​អ្នក​ក្រុង​នោះ​ដោយ​ចិត្ត​ក្លាហាន​ថា ព្រះ​បាន​ទត​ឃើញ​អំពើ​អាក្រក់​របស់​ពួក​គេ ហើយ​៤០ថ្ងៃ​ទៀត​ទីក្រុង​របស់​ពួក​គេ​ត្រូវ​វិនាស​ទៅ។ (យ៉ូណាស ១:២; ៣:៤) ពេល​ពួក​នីនីវេ​ឮ​នូវ​សារ​របស់​យ៉ូណាស​ដែល​ប្រាប់​យ៉ាង​ចំៗ​នោះ ពួក​គេ​បាន​ប្រែ​ចិត្ត​ហើយ​ទីក្រុង​របស់​គេ​ក៏​បាន​រួច​ពី​សេចក្ដី​ហិនវិនាស​ដែរ។

១១​. តើ​អ្វី​បង្ហាញ​ថា យ៉ូណាស​បាន​រៀន​មេរៀន​ដ៏​សំខាន់​មួយ?

១១ យ៉ូណាស​នៅ​តែ​មាន​ទស្សនៈ​មិន​ត្រឹម​ត្រូវ​នៅ​ឡើយ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ព្រះទ័យ​អត់ធ្មត់​ដោយ​លើក​គំរូ​មួយ​ដើម្បី​ជួយ​បង្រៀន​យ៉ូណាស​ឲ្យ​ដឹង​ថា ព្រះ​ទ្រង់​ចេះ​ទត​មើល​វែង​ឆ្ងាយ មិន​ត្រឹម​តែ​ទត​មើល​អាការៈ​ក្រៅ​ប៉ុណ្ណោះ​ទេ។ ព្រះ​យេហូវ៉ា​ទ្រង់​ពិចារណា​មើល​ក្នុង​ចិត្ត​វិញ។ (យ៉ូណាស ៤:៥​-​១១) កំណត់​ហេតុ​ដែល​យ៉ូណាស​បាន​សរសេរ​ខ្លួន​ឯង​ដោយ​ឥត​លាក់លៀម​នោះ​បង្ហាញ​ថា គាត់​បាន​រៀន​មេរៀន​ដ៏​សំខាន់​មួយ។ ការ​ស្ម័គ្រ​ចិត្ត​សរសេរ​អំពី​កំហុស​របស់​ខ្លួន​ទាំង​ការ​រៀប​រាប់​លំអិត​នូវ​ចំណុច​ដ៏​គួរ​ខ្មាស​ផង ជា​ភស្តុតាង​ថែម​ទៀត​ដែល​បញ្ជាក់​ពី​ចិត្ត​រាបទាប​របស់​យ៉ូណាស។ ការ​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​ពិត​ជា​តម្រូវ​ឲ្យ​មាន​ចិត្ត​ក្លាហាន​មែន!

១២​. (ក) តើ​ដូចម្ដេច​បាន​ជា​យើង​ដឹង​ថា ព្រះ​យេស៊ូ​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​អំពី​មនុស្ស​ជាតិ? (ខ) ពេល​យើង​ផ្សព្វផ្សាយ​ដំណឹង​ល្អ តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​មនុស្ស​ដែល​យើង​ជួប​នោះ? (សូម​មើល​ប្រអប់​នៅ​ទំព័រ២០)

១២ រាប់​សតវត្ស​ក្រោយ​មក ព្រះ​យេស៊ូ​មាន​បន្ទូល​ដែល​លើក​កិត្ដិយស​ដល់​យ៉ូណាស ពេល​ទ្រង់​សំដៅ​ទៅ​លើ​ព្រឹត្ដិការណ៍​មួយ​ក្នុង​ជីវិត​របស់​គាត់។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖ «ដែល​លោក​យ៉ូណាស​បាន​នៅ​ក្នុង​ពោះ​ត្រី​ធំ អស់​៣ថ្ងៃ​៣យប់​យ៉ាង​ណា កូន​មនុស្ស​ក៏​នឹង​នៅ​ក្នុង​ផ្ទៃ​ផែនដី​៣ថ្ងៃ​៣យប់​យ៉ាង​នោះ​ដែរ»។ (ម៉ាថាយ ១២:៤០) នៅ​ពេល​អនាគត​ក្រោយ​ពី​យ៉ូណាស​នឹង​ទទួល​ជីវិត​រស់​ឡើង​វិញ​នោះ គាត់​នឹង​ដឹង​ថា ព្រះ​យេស៊ូ​បាន​ប្រៀប​រយៈ​ពេល​ដែល​ទ្រង់​នៅ​ក្នុង​ផ្នូរ ទៅ​នឹង​មួយ​រយៈ​ពេល​ដែល​ព្យាការី​យ៉ូណាស​ឥត​មាន​សកម្មភាព​ផង​ដែរ។ យើង​ពិត​ជា​សប្បាយ​ចិត្ត​បំរើ​ព្រះ​មួយ​អង្គ​ដែល​មាន​ព្រះទ័យ​អត់ធ្មត់​ចំពោះ​អ្នក​បំរើ​ទ្រង់ ពេល​ដែល​ពួក​គេ​ធ្វើ​ខុស​នោះ មែន​ទេ? អ្នក​តែង​បទ​ទំនុកដំកើង​បាន​សរសេរ​ថា​៖ «ព្រះ​យេហូវ៉ា​ទ្រង់​មាន​ព្រះ​ហឫទ័យ​អាណិត​ដល់​អស់​អ្នក ដែល​កោត​ខ្លាច​ទ្រង់ ដូច​ជា​ឪពុក​មាន​ចិត្ត​អាសូរ​ដល់​កូន​របស់​ខ្លួន​ដែរ។ ដ្បិត​ទ្រង់​ស្គាល់​រាង​កាយ​របស់​យើង ក៏​នឹកចាំ​ថា យើង​គ្រាន់តែ​ជា​ធូលីដី​ប៉ុណ្ណោះ»។ (ទំនុកដំកើង ១០៣:១៣, ១៤) ពិត​ណាស់! «ធូលីដី»​ដែល​រួម​បញ្ចូល​មនុស្ស​មិន​គ្រប់​ល័ក្ខណ៍​សព្វថ្ងៃ​នេះ អាច​សម្រេច​ការ​ជា​ច្រើន​ដ៏​អស្ចារ្យ​មែន ដោយ​មាន​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​ជួយ​គាំទ្រ។

ការ​ពិនិត្យ​មើល​ពេត្រុស ដោយ​មិន​លំអៀង

១៣​. ពេល​គិត​អំពី​ពេត្រុស តើ​អ្នក​នឹក​គិត​អំពី​ចរិត​ណា​ខ្លះ​របស់​គាត់? តែ​ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូ​ជ្រើសរើស​គាត់​ជា​សាវ័ក​ម្នាក់?

១៣ ឥឡូវ​សូម​ពិចារណា​មើល​ដោយ​សង្ខេប​នូវ​គំរូ​ទីពីរ គឺ​គំរូ​របស់​សាវ័ក​ពេត្រុស។ បើ​អ្នក​ត្រូវ​ពិពណ៌នា​អំពី​ពេត្រុស តើ​អ្នក​នឹក​គិត​ភ្លាមៗ​អំពី​ចរិត​រហ័ស​ធ្វើ​អ្វី​ដោយ​ពុំ​គិត​ជា​មុន ឬ​រហូត​ដល់​បំពានសិទ្ធិ​ឬ? ម្ដង​ម្កាល​ពេត្រុស​បាន​ប្រព្រឹត្ត​បែប​ដូច្នេះ​មែន។ ក៏​ប៉ុន្តែ តើ​ព្រះ​យេស៊ូ​នឹង​ជ្រើស​រើស​ពេត្រុស​ឲ្យ​ធ្វើ​ជា​សាវ័ក​ម្នាក់​ក្នុង​ចំណោម​១២​នាក់​នោះ បើ​គាត់​ពិត​ជា​មាន​ចរិត​រហ័ស​ធ្វើ​អ្វី​ដោយ​ពុំគិត​ជា​មុន​ឬ​ជា​បុរស​ម្នាក់​ដែល​បំពានសិទ្ធិ​នោះ? (លូកា ៦:១២​-​១៤) មិន​មែន​សោះ​ឡើយ! ព្រះ​យេស៊ូ​ច្បាស់​ជា​បាន​ទត​ឃើញ​គុណសម្បត្ដិ​ល្អៗ​របស់​ពេត្រុស មិន​មែន​កំហុស​របស់​គាត់​ប៉ុណ្ណោះ​ទេ។

១៤​. (ក) តើ​ប្រហែល​ជា​មាន​មូលហេតុ​អ្វី​ខ្លះ ដែល​បណ្ដាល​ឲ្យ​ពេត្រុស​ហ៊ាន​និយាយ​ម្ល៉េះ? (ខ) ហេតុ​ដូចម្ដេច​បាន​ជា​យើង​គួរ​អបអរ​នឹង​ពេត្រុស​ដែល​សួរ​សំនួរ​ជា​ញឹកញាប់​នោះ?

១៤ យូរៗ​ម្ដង​ពេត្រុស​បាន​ធ្វើ​ជា​អ្នក​នាំ​ពាក្យ​ជំនួស​ពួក​សាវ័ក​ឯទៀត។ មនុស្ស​ខ្លះ​អាច​ចាត់​ទុក​នេះ​ជា​ទីសំអាង​ថា ពេត្រុស​គ្មាន​ចិត្ត​រាបទាប​សោះ។ តើ​ពិត​ជា​ដូច្នេះ​មែន​ឬ? មនុស្ស​ខ្លះ​យល់​ថា ពេត្រុស​ប្រហែល​ជា​មាន​វ័យចាស់ជាង​សាវ័ក​ឯទៀត ក៏​ប្រហែល​ជា​ចាស់ជាង​ព្រះ​យេស៊ូ​ទៀត​ផង។ បើ​ដូច្នេះ​មែន នេះ​អាច​ជា​មូលហេតុ​មួយ​ដែល​ពេត្រុស​និយាយ​មុន​គេ​ជា​ញឹកញយ។ (ម៉ាថាយ ១៦:២២) ប៉ុន្តែ មាន​កត្ដា​មួយទៀត​ដែល​យើង​ត្រូវ​ពិចារណា​មើល​ជា​មុនសិន។ ពេត្រុស​ជា​បុរស​ម្នាក់​ដែល​យក​ចិត្ត​ទុកដាក់​រឿង​ខាង​វិញ្ញាណ។ ដោយសារ​ពេត្រុស​មាន​ការ​ស្រេក​ឃ្លាន​នូវ​ចំណេះ នេះ​ជំរុញ​ឲ្យ​គាត់​សួរ​សំនួរ​ជា​ច្រើន។ យើង​ក៏​ទទួល​ប្រយោជន៍​ពី​សំនួរ​របស់​គាត់​ដែរ ដ្បិត​ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​ចំណុច​សំខាន់ៗ​ដែល​ជា​ចម្លើយ​ចំពោះ​សំនួរ​របស់​ពេត្រុស​ប៉ុន្មាន​ដង​មក​ហើយ និង​ចម្លើយ​ទាំង​នោះ​បាន​ត្រូវ​ទុក​ជា​កំណត់ហេតុ​ក្នុង​ព្រះ​គម្ពីរ។ ជា​ឧទាហរណ៍ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​អំពី​«នាយ​ដំរួត​ការ​ដែល​ស្មោះត្រង់» នេះ​ជា​ចម្លើយ​ទាក់ទង​នឹង​អ្វី​ដែល​ពេត្រុស​បាន​លើក​មក​និយាយ​ម្ដង។ (លូកា ១២:៤១​-​៤៤) ហើយ​សូម​គិត​ពិចារណា​ពី​សំនួរ​របស់​ពេត្រុស​ពេល​ដែល​គាត់​សួរ​ថា​៖ «យើង​ខ្ញុំ​បាន​លះ​ចោល​ទាំង​អស់​មក​តាម​ទ្រង់​ហើយ ដូច្នេះ តើ​យើង​ខ្ញុំ​នឹង​បាន​អ្វី​ខ្លះ?»។ នេះ​បាន​បណ្ដាល​ឲ្យ​ព្រះ​យេស៊ូ​ពង្រឹង​កម្លាំង​យើង​ដោយ​ទ្រង់​សន្យា​ថា​៖ «អស់​អ្នក​ណា​ដែល​លះ​ចោល​ផ្ទះ​សំបែង ឬ​បងប្អូន​ប្រុស​ស្រី ឪពុក​ម្ដាយ ប្រពន្ធ​កូន​ឬ​ស្រែ​ចំការ ដោយ​យល់​ដល់​ឈ្មោះ​ខ្ញុំ នោះ​នឹង​បាន​ជា​១​រយ​ភាគ​ឡើង​វិញ ហើយ​នឹង​បាន​គ្រង​ជីវិត​អស់កល្ប​ជានិច្ច ទុក​ជា​មរដក​ដែរ»។—ម៉ាថាយ ១៥:១៥; ១៨:២១, ២២; ១៩:២៧​-​២៩

១៥​. ហេតុ​អ្វី​បាន​ជា​យើង​អាច​សន្និដ្ឋាន​ថា ពេត្រុស​មាន​ចិត្ត​ស្មោះ​ភក្ដី​មែន?

១៥ ពេត្រុស​បាន​បង្ហាញ​គុណសម្បត្ដិ​ដ៏​ល្អ​មួយ​ទៀត ពោល​គឺ​ចិត្ត​ស្មោះ​ភក្ដី។ នៅ​ពេល​ដែល​សិស្ស​ជា​ច្រើន​របស់​ព្រះ​យេស៊ូ​បាន​ឈប់​ដើរ​តាម​ទ្រង់​ដោយ​ព្រោះ​ពួក​គេ​មិន​យល់​សេចក្ដី​បង្រៀន​មួយ​របស់​ទ្រង់ នោះ​ពេត្រុស​ជា​អ្នក​និយាយ​ជំនួស​សាវ័ក​១២​នាក់​ថា​៖ «ព្រះ​អម្ចាស់​អើយ! តើ​យើង​ខ្ញុំ​នឹង​ទៅ​ឯ​អ្នក​ណា​វិញ? គឺ​ទ្រង់​ហើយ ដែល​មាន​ព្រះ​បន្ទូល​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច»។ (យ៉ូហាន ៦:៦៦​-​៦៨) ព្រះ​យេស៊ូ​ច្បាស់​ជា​មាន​ព្រះទ័យ​កក់ក្ដៅ​ឡើង​វិញ​មែន! ពេល​ទ្រង់​សណ្ដាប់​ពំនោលនោះ។ ក្រោយ​មក ពេល​ដែល​មនុស្ស​មួយ​ហ្វូង​បាន​មក​ចាប់​ព្រះ​អង្គ​ម្ចាស់​នោះ សាវ័ក​ភាគ​ច្រើន​បាន​រត់​ចោល​ព្រះ​យេស៊ូ។ ប៉ុន្តែ ពេត្រុស​បាន​ដើរ​តាម​មនុស្ស​មួយ​ហ្វូង​នោះ​ពី​ចំងាយ ហើយ​ក៏​បាន​ចូល​ទៅ​ក្នុង​ទីលាន​នៅ​ផ្ទះ​របស់​សម្ដេច​សង្ឃ។ ចិត្ត​ក្លាហាន​បាន​ជំរុញ​ឲ្យ​គាត់​ចូល​ទៅ​ទី​នោះ ដ្បិត​គាត់​មិន​មាន​ភាព​កំសាក​ឡើយ។ នៅ​ពេល​ដែល​គេ​ចោទ​សួរ​ព្រះ​យេស៊ូ​នោះ ពេត្រុស​បាន​នៅ​ក្នុង​ចំណោម​សាសន៍​យូដា​មួយ​ក្រុម​ដែល​ប្រមូល​គ្នា​អាំង​ភ្លើង​ដែល​ភ្លឺ​ចែស។ បាវ​ម្នាក់​របស់​សម្ដេច​សង្ឃ​នោះ​បាន​ស្គាល់​មុខ​ពេត្រុស​ហើយ​បាន​ចោទ​ថា ពេត្រុស​ជា​អ្នក​នៅ​ជា​មួយ​ព្រះ​យេស៊ូ។ ត្រូវ​មែន ពេត្រុស​បាន​ប្រកែក​ថា​ខ្លួន​មិន​ស្គាល់​ព្រះ​អង្គ​ម្ចាស់​ទេ ប៉ុន្តែ​សូម​កុំ​ឲ្យ​យើង​ភ្លេច​ដែរ​ថា ចិត្ត​ស្មោះ​ភក្ដី​និង​ការ​យកចិត្ត​ទុកដាក់​ចំពោះ​ព្រះ​យេស៊ូ​បាន​នាំ​ឲ្យ​ពេត្រុស​សុខចិត្ត​ប្រថុយ​ជីវិត​ដោយ​មាន​វត្តមាន​នៅ​ទី​នោះ ហើយ​នេះ​ជា​អ្វី​ដែល​សាវ័ក​ភាគ​ច្រើន​មិន​ហ៊ាន​ធ្វើ​ទេ។—យ៉ូហាន ១៨:១៥​-​២៧

១៦​. ហេតុ​អ្វី​បាន​ជា​ការ​ពិចារណា​មើល​គុណសម្បត្ដិ​ល្អៗ​របស់​យ៉ូណាស​និង​ពេត្រុស​នោះ​មាន​ប្រយោជន៍?

១៦ ពេត្រុស​ពិត​ជា​មាន​គុណសម្បត្ដិ​ល្អៗ​ច្រើន​ជាង​ភាព​ខ្សោយ​ដែល​គាត់​មាន​ទៅ​ទៀត។ យ៉ូណាស​ក៏​មាន​លក្ខណៈ​សម្បត្ដិ​ដូច​គ្នា​ដែរ។ តាម​ធម្មតា​យើង​ប្រហែល​ជា​មិន​សូវ​ចាប់​អារម្មណ៍​ទៅ​លើ​គុណសម្បត្ដិ​ល្អៗ​របស់​យ៉ូណាស​និង​ពេត្រុស​ដូច​យើង​បាន​ពិនិត្យ​មើល​អំបាញ់មិញ​នេះ​ទេ ហើយ​យើង​ក៏​ត្រូវ​បង្ហាត់​បង្រៀន​ខ្លួន​ឲ្យ​ពិចារណា​មើល​គុណសម្បត្ដិ​ល្អៗ​របស់​បងប្អូន​ខាង​វិញ្ញាណ​របស់​យើង​សព្វថ្ងៃ​នេះ​ដូច​គ្នា​ដែរ។ ទង្វើ​នេះ​នឹង​បណ្ដាល​ឲ្យ​យើង​មាន​ចំណង​មេត្រីភាព​កាន់​តែ​ល្អ​ជា​មួយ​នឹង​ពួក​គេ។ ហេតុ​អ្វី​បាន​ជា​យើង​គួរ​ធ្វើ​ដូច​នេះ​ជា​ចាំបាច់​នោះ?

ការ​យក​មេ​រៀន​នេះ​មក​អនុវត្ត​តាម​នៅ​សព្វ​ថ្ងៃ

១៧, ១៨​. (ក) តើ​អ្វី​អាច​បណ្ដាល​ឲ្យ​ទំនាក់ទំនង​របស់​បងប្អូន​គ្រីស្ទាន​ប្រេះ​ឆា? (ខ) តើ​មាន​ដំបូន្មាន​អ្វី​ខ្លះ​ក្នុង​ព្រះ​គម្ពីរ​ដែល​អាច​ជួយ​ឲ្យ​យើង​មាន​ភាព​ស្រុះស្រួល​ចំពោះ​បងប្អូន​ដែល​រួម​ជំនឿ​ជា​មួយ​យើង?

១៧ មនុស្ស​ប្រុស​ស្រី​និង​ក្មេងៗ​ពី​គ្រប់​ស្រទាប់​នៃ​វណ្ណៈ​កំពុង​តែ​មូល​គ្នា​មាន​សាមគ្គីភាព​ក្នុង​ការ​បំរើ​ព្រះ​យេហូវ៉ា​សព្វថ្ងៃ​នេះ មិន​ថា​មាន​សញ្ជាតិ​ផ្សេងៗ បាន​ទទួល​ការ​អប់រំ​ខ្ពស់​ឬ​ទាប ឬ​មាន​ប្រាក់​ចំណូល​ខុស​ពី​គ្នា​ក៏​ដោយ។ (វិវរណៈ ៧:៩, ១០) ក្នុង​ក្រុមជំនុំ​គ្រីស្ទាន​យើង​អាច​ឃើញ​បងប្អូន​មាន​បុគ្គលិកលក្ខណៈ​ផ្សេងៗ​ច្រើន​ណាស់! អាស្រ័យ​ដោយ​យើង​មាន​ភាព​ស្និទ្ធស្នាល​នឹងគ្នា​ក្នុង​ការ​បំរើ​ព្រះ​យេហូវ៉ា នោះ​ម្ដងម្កាល​យើង​មុខជា​នឹង​មាន​ទំនាស់​បន្ដិច​បន្តួច​មែន។—រ៉ូម ១២:១០; ភីលីព ២:៣

១៨ យើង​មិន​មែន​ខ្វាក់​ភ្នែក​ដែល​មើល​មិន​ឃើញ​កំហុស​របស់​បងប្អូន​យើង​នោះ​ឡើយ តែ​យើង​មិន​ផ្ដោតអារម្មណ៍​ទៅ​លើ​កំហុស​នោះ​ដែរ។ ផ្ទុយ​ទៅ​វិញ យើង​ខំ​យក​តម្រាប់​តាម​គំរូ​របស់​ព្រះ​យេហូវ៉ា ហើយ​អ្នក​តែង​បទ​ទំនុកដំកើង​បាន​ច្រៀង​អំពី​ទ្រង់​ថា​៖ «ឱ​ព្រះ​យេហូវ៉ា​អើយ! បើសិន​ជា​ទ្រង់​កត់​ចំណាំ​អស់​ទាំង​អំពើ​ទុច្ចរិត នោះ ឱ​ព្រះ​អម្ចាស់​អើយ! តើ​អ្នក​ណា​នឹង​ធន់​នៅ​បាន?»។ (ទំនុកដំកើង ១៣០:៣) ជាជាង​គិត​តែ​អំពី​លក្ខណៈ​ណា​ដែល​អាច​ធ្វើ​ឲ្យ​ទំនាក់ទំនង​របស់​យើង​ប្រេះ​ឆា​នោះ យើង​គួរ​«ដេញ​តាម​អស់​ទាំង​សេចក្ដី ដែល​នាំ​ឲ្យ​មេត្រី​គ្នា នឹង​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ជួយ​ស្អាង​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​វិញ»។ (រ៉ូម ១៤:១៩) យើង​ត្រូវ​ខំ​ឲ្យ​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​អំពី​បុគ្គល​ឯទៀត ដោយ​សម្គាល់​គុណសម្បត្ដិ​ល្អៗ​របស់​ពួក​គេ មិន​មែន​កំហុស​របស់​គេ​នោះ​ទេ។ ពេល​ដែល​យើង​ធ្វើ​ដូច្នេះ នេះ​អាច​ជួយ​យើង​ឲ្យ​«ទ្រាំទ្រ​គ្នា»​ផង​ដែរ។—កូល៉ុស ៣:១៣

១៩​. សូម​រៀប​រាប់​អំពី​ជំហាន​ផ្សេងៗ​ដែល​គ្រីស្ទាន​ម្នាក់​អាច​ធ្វើ​បាន ដើម្បី​ដោះ​ស្រាយ​នូវ​ទំនាស់។

១៩ ចុះ​យ៉ាង​ណា​បើ​មាន​ការ​ទាស់ទែង​គ្នា​ដែល​យើង​មិន​អាច​ដោះ​ស្រាយ​ដោយ​ខ្លួន​ឯង​ក្នុង​ចិត្ត​យើង​ផ្ទាល់​នោះ? (ទំនុកដំកើង ៤:៤) តើ​អ្នក​និង​បងប្អូន​រួម​ជំនឿ​ណា​ម្នាក់​មាន​ទំនាស់​មួយ​ដែល​មិន​ទាន់​បាន​ដោះ​ស្រាយ​នៅ​ឡើយ​ឬ? សូម​ព្យាយាម​ដោះ​ស្រាយ​រឿង​នោះ​ចុះ! (លោកុប្បត្តិ ៣២:១៣​-​១៥) មុន​ដំបូង ចូរ​អធិស្ឋាន​ទូល​ថ្វាយ​ព្រះ​យេហូវ៉ា​ដើម្បី​សុំ​ការ​ណែនាំ​ពី​ទ្រង់។ រួច​មក ចូរ​ទៅ​ជួប​បងប្អូន​នោះ​ដោយ​ចង​ចាំ​នូវ​លក្ខណៈ​ល្អៗ​របស់​គាត់ ព្រម​ទាំង​«ប្រព្រឹត្ត ដោយ​សេចក្ដី​សុភាព​នៃ​ប្រាជ្ញា​ចុះ!»។ (យ៉ាកុប ៣:១៣) ចូរ​ប្រាប់​គាត់​ថា អ្នក​ចង់​ជានា​ជា​មួយ​គាត់​វិញ។ សូម​ចង​ចាំ​នូវ​ឱវាទ​មក​ពី​ព្រះ​ដែល​ថា​៖ «ចូរ​ឲ្យ​គ្រប់​គ្នា​បាន​ឆាប់​នឹង​ស្ដាប់ ក្រ​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​ដែរ»។ (យ៉ាកុប ១:១៩) យោបល់​នេះ​ដែល​ឲ្យ​យើង​«យឺត​នឹង​ខឹង»​នោះ អាច​បាន​សេចក្ដី​ថា បងប្អូន​នោះ​ប្រហែល​ជា​នឹង​និយាយ​ឬ​ប្រព្រឹត្ត​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​កំហឹង។ បើ​មាន​មែន ចូរ​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ដើម្បី​អាច​ទប់​ចិត្ត​ជានិច្ច។ (កាឡាទី ៥:២២, ២៣) ចូរ​អនុញ្ញាត​ឲ្យ​បងប្អូន​នោះ​និយាយ​អស់​ពី​ចិត្ត​ហើយ​ប្រុង​ស្ដាប់​គាត់​ចុះ! កុំ​និយាយ​កាត់​គាត់​ឡើយ សូម្បីតែ​គាត់​និយាយ​អ្វី​ខ្លះ​ដែល​អ្នក​មិន​យល់​ព្រម​ក៏​ដោយ។ ទស្សនៈ​របស់​គាត់​ប្រហែល​ជា​ខុស​មែន ប៉ុន្តែ​នោះ​នៅ​តែ​ជា​ទស្សនៈ​របស់​គាត់​នៅ​ឡើយ។ សូម​ខំ​យល់​អំពី​បញ្ហា​នោះ​តាម​ទស្សនៈ​របស់​គាត់​វិញ។ នេះ​ប្រហែល​ជា​តម្រូវ​ឲ្យ​អ្នក​មាន​ទស្សនៈ​អំពី​ខ្លួន​អ្នក​ដោយ​យល់​អំពី​ទស្សនៈ​របស់​គាត់​ចំពោះ​អ្នក​វិញ។—សុភាសិត ១៨:១៧

២០​. ពេល​ដែល​យើង​ចង់​ដោះស្រាយ​បញ្ហា​រវាងគ្នា​នោះ តើ​យើង​អាច​ធ្វើ​អ្វី​ទៀត​ដែល​ប្រហែលជា​នឹង​ជួយ​យើង​ជានា​នឹងគ្នា​ឡើង​វិញ?

២០ កាល​ណា​អ្នក​មាន​ឱកាស​និយាយ​តប​ទៅ​វិញ​នោះ ចូរ​ប្រើ​ពាក្យ​សំដី​ទន់ភ្លន់​ចុះ! (កូឡូស ៤:៦, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ) ចូរ​ប្រាប់​បងប្អូន​នោះ​អំពី​លក្ខណៈ​សម្បត្ដិ​ខ្លះ​របស់​គាត់​ដែល​អ្នក​ស្រឡាញ់។ ចូរ​សុំ​ទោស​អំពី​កំហុស​របស់​អ្នក​ក្នុង​ការ​ភាន់ច្រឡំ​នោះ។ បើ​អ្នក​ខិតខំ​ដោយ​ចិត្ត​រាបទាប​ហើយ​អាច​ជានា​នឹងគ្នា​ឡើង​វិញ​នោះ ចូរ​អរ​ព្រះ​គុណ​ថ្វាយ​ព្រះ​យេហូវ៉ា​ផង​ដែរ។ បើ​អ្នក​ព្យាយាម​តែ​មិន​អាច​ជានា​នឹង​គាត់​ឡើង​វិញ​បាន​ទេ ចូរ​សុំ​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា​ត​ទៅ​ទៀត​កាល​ដែល​អ្នក​រក​ឱកាស​ដើម្បី​ឲ្យ​ស្រុះស្រួល​នឹងគ្នា​វិញ។—រ៉ូម ១២:១៨

២១​. តើ​ការ​ពិគ្រោះ​នេះ​បាន​ជួយ​អ្នក​ឲ្យ​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​អ្នក​ដទៃ​បាន​យ៉ាង​ណា?

២១ ព្រះ​យេហូវ៉ា​មាន​ព្រះទ័យ​ស្រឡាញ់​អ្នក​បំរើ​ទាំង​ឡាយ​របស់​ទ្រង់។ ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​យើង​ទាំង​អស់​គ្នា​ធ្វើ​កិច្ច​បំរើ​ទ្រង់​ទោះ​ជា​យើង​មាន​ភាព​មិន​គ្រប់​ល័ក្ខណ៍​យ៉ាង​ណា​ក៏​ដោយ។ ពេល​ដែល​យើង​រៀនកាន់​តែ​ច្រើន​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​អ្នក​ដទៃ នោះ​យើង​នឹង​ស្រឡាញ់​បងប្អូន​ប្រុស​ស្រី​ទាំង​ឡាយ​កាន់​តែ​ខ្លាំង​ឡើង​ផង​ដែរ។ បើ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​បងប្អូន​គ្រីស្ទាន​ណា​ម្នាក់​បាន​រសាយ​បាត់ នោះ​យើង​អាច​បង្កាត់​ឲ្យ​មាន​ភាព​កក់ក្ដៅ​ឡើង​វិញ​បាន បើ​យើង​ខំ​ប្រឹង​ឲ្យ​មាន​ទស្សនៈ​ល្អ​ចំពោះ​អ្នក​ដទៃ ពោល​គឺ​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា នោះ​យើង​នឹង​ទទួល​ពរ​យ៉ាង​វិសេស​ជា​ពុំ​ខាន!

[កំណត់​សម្គាល់]

^ វគ្គ 1 ក្រោយៗ​មក មាន​ព្រឹត្ដិការណ៍​ដែល​បាន​ស​ឲ្យ​ឃើញ​ថា អេលាប​មិន​មាន​លក្ខណៈ​គ្រប់​គ្រាន់​ឲ្យ​ធ្វើ​ជា​ស្តេច​ល្អ​នៃ​សាសន៍​អ៊ីស្រាអែល​ឡើយ។ ពេល​កូលីយ៉ាត​ជា​ជនជាតិ​ភីលីស្ទីន​ដែល​មាន​មាឌ​ធំ​ខ្ពស់​នោះ​បាន​បបួល​ជន​អ៊ីស្រាអែល​ឲ្យ​មក​ប្រកួត​នឹង​វា នោះ​អេលាប​និង​បុរស​សាសន៍​អ៊ីស្រាអែល​ឯទៀត​បាន​ពួន​ខ្លួន​ដោយ​ព្រោះ​មាន​ចិត្ត​ភ័យ​ខ្លាច។—សាំយូអែលទី១ ១៧:១១, ២៨​-​៣០

^ វគ្គ 7 តាម​មើល​ទៅ ស្តេច​យេរ៉ូបោម​ទី២​បាន​ចំរើន​ភោគទ្រព្យ​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​ខាង​ជើង​នោះ ដោយសារ​មាន​ជ័យជំនះ​ក្នុង​ចំបាំង​ដ៏​ធំ​ខ្លះៗ ហើយ​អតីត​តំបន់​ខ្លះៗ​របស់​ព្រះ​រាជាណាចក្រ​នោះ​បាន​ត្រូវ​ស្ដារ​ឡើង​វិញ ហើយ​ដំណាល​គ្នា​ប្រមូល​សួយ​អាករ​ផង​ដែរ។—សាំយូអែលទី២ ៨:៦; ពង្សាវតារក្សត្រទី២ ១៤:២៣​-​២៨; របាក្សត្រទី២ ៨:៣, ៤; អេម៉ុស ៦:២

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

តើ​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​កំហុស​របស់​ពួក​អ្នក​បំរើ​ស្មោះត្រង់​របស់​ទ្រង់?

តើ​យ៉ូណាស​និង​ពេត្រុស​មាន​លក្ខណៈ​សម្បត្ដិ​អ្វី​ខ្លះ?

តើ​អ្នក​បាន​តាំង​ចិត្ត​រក្សា​ឲ្យ​មាន​ទស្សនៈ​បែប​ណា​ចំពោះ​បងប្អូន​គ្រីស្ទាន​របស់​អ្នក?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[ប្រអប់​នៅ​ទំព័រ​២០]

ចូរ​គិត​ថា តើ​ព្រះ​មាន​ទស្សនៈ​យ៉ាង​ណា​អំពី​អ្នក​ដទៃ?

កាល​ដែល​អ្នក​រំពឹង​គិត​ពី​កំណត់​ហេតុ​លោក​យ៉ូណាស​ក្នុង​ព្រះ​គម្ពីរ តើ​អ្នក​ទទួល​ស្គាល់​ថា អ្នក​គួរ​ពិនិត្យ​មើល​ទស្សនៈ​របស់​ខ្លួន​សាជា​ថ្មី ចំពោះ​មនុស្ស​ដែល​អ្នក​ជួប​ជា​ញឹកញយ​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​នោះ? មនុស្ស​ទាំង​នោះ​មើល​ទៅ​ដូច​ជា​គាប់​ចិត្ត​នឹង​ជីវិត​របស់​គេ​ហើយ ឬ​ពួក​គេ​ក៏​មិន​អើពើ​ដូច​ពួក​អ៊ីស្រាអែល​ដែរ ឬ​រហូត​ដល់​ប្រឆាំង​នឹង​សារ​ពី​ព្រះ​ក៏​មាន។ យ៉ាង​ណា​ក៏​ដោយ តើ​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ពួក​គេ? សូម្បីតែ​អ្នក​ខ្លះ​ក្នុង​របប​លោកីយ៍​នេះ​ដែល​មាន​មុខ​មាត់​ក្ដី នៅថ្ងៃ​ណា​មួយ​ប្រហែល​ពួក​គេ​អាច​បែរ​មក​រក​ព្រះ​យេហូវ៉ា ដូច​ស្តេច​នៃ​ទីក្រុង​នីនីវេ​បាន​ប្រែ​ចិត្ត​ដោយ​ធ្វើ​តាម​សារ​ដែល​យ៉ូណាស​បាន​ប្រកាស។—យ៉ូណាស ៣:៦, ៧

[រូបភាព​នៅ​ទំព័រ​១៨]

ព្រះ​យេស៊ូ​បាន​លើក​កិត្ដិយស ដល់​យ៉ូណាស ដោយ​លើក​ឡើង នូវ​អ្វី​ដែល​គាត់​បាន​ពិសោធ