លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរទុកចិត្ដលើព្រះយេហូវ៉ាឲ្យអស់អំពីចិត្ដ

ចូរទុកចិត្ដលើព្រះយេហូវ៉ាឲ្យអស់អំពីចិត្ដ

ចូរ​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត

​«ឯ​អស់​អ្នក​ដែល​ស្គាល់​ព្រះ​នាម​ទ្រង់ គេ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់»។—ទំនុកដំកើង ៩:១០

១, ២​. ដើម្បី​ឲ្យ​មាន​សន្ដិសុខ តើ​មនុស្ស​ទុក​ចិត្ត​លើ​អ្វី​ខ្លះ​ដែល​គ្មាន​ប្រយោជន៍​នោះ?

សព្វ​ថ្ងៃ​នេះ​មាន​រឿង​ជា​ច្រើន​ដែល​អាច​គំរាម​កំហែង​ដល់​សុខុមាលភាព​របស់​យើង នេះ​គឺ​ជា​ការ​ធម្មតា​ទេ​ដែល​យើង​រក​អ្នក​ណា​ម្នាក់ ឬ​អ្វី​មួយ​ដែល​អាច​ជួយ​ឲ្យ​យើង​មាន​សន្ដិសុខ​នោះ។ មនុស្ស​ខ្លះ​គិត​ថា បើ​គេ​មាន​លុយ​ច្រើន​នេះ​នឹង​ធ្វើ​ឲ្យ​អនាគត​របស់​គេ​មាន​សន្ដិសុខ​ជាង ប៉ុន្តែ​តាម​ការ​ពិត លុយ​គឺ​ជា​ទី​ពំនាក់​ដែល​មិន​ឋិតថេរ​ទេ។ ព្រះ​គម្ពីរ​ចែង​ថា​៖ «អ្នក​ណា​ដែល​ទីពឹង[ឬ​ទុក​ចិត្ត]ចំពោះ​ទ្រព្យ​សម្បត្ដិ​ខ្លួន នោះ​នឹង​ត្រូវ​ដួល​ចុះ»។ (សុភាសិត ១១:២៨) មនុស្ស​ខ្លះ​ទៀត​ពឹង​លើ​ពួក​អ្នក​ដឹក​នាំ​របស់​មនុស្ស​ជាតិ តែ​ទោះ​ជា​មេ​ដឹក​នាំ​ដ៏​ល្អ​បំផុត​ក៏​ធ្វើ​ខុស​ដែរ។ ហើយ​ជាយ​ថា​ហេតុ ពួក​មេ​ដឹក​នាំ​ទាំង​អស់​របស់​មនុស្ស​ជាតិ​ក៏​នឹង​ស្លាប់​ដែរ។ ព្រះ​គម្ពីរ​ចែង​ថា​៖ «កុំ​ឲ្យ​ទុក​ចិត្ត​នឹង​អ្នក​ធំ ឬ​នឹង​ពូជ​ពង្ស​នៃ​មនុស្ស​ណា​ឡើយ គេ​នឹង​ជួយ​ឯង​មិន​បាន​ទេ»។ (ទំនុកដំកើង ១៤៦:៣) ពាក្យ​បន្ទូល​របស់​ព្រះ​នេះ​ក៏​ព្រមាន​យើង​អំពី​ការ​ទុក​ចិត្ត​លើ​ការ​ខំ​ប្រឹង​របស់​ខ្លួន​យើង​ដែរ។ យើង​គ្រាន់​តែ​ជា‹ពូជ​ពង្ស​មនុស្ស​ជាតិ›តែ​ប៉ុណ្ណោះ។

ព្យាការី​អេសាយ​បាន​រិះគន់​ពួក​អ្នក​ដឹក​នាំ​អ៊ីស្រាអែល​ក្នុង​សម័យ​របស់​គាត់ ពីព្រោះ​ពួក​គេ​បាន​ទុក​ចិត្ត​លើ​«ទី​ជ្រក​នៃ​សេចក្ដី​ភូតភរ​ទៅ»។ (អេសាយ ២៨:១៥​-​១៧) ពួក​មេ​ដឹក​នាំ​អ៊ីស្រាអែល​ចង​ស្ពាន​មេត្រី​ជា​មួយ​នឹង​អ្នក​គ្រប់​គ្រង​ប្រទេស​ជិត​ខាង​ដើម្បី​ឲ្យ​មាន​សន្ដិសុខ។ ការ​ចង​ស្ពាន​មេត្រី​បែប​នេះ​គឺ​ជា​អ្វី​ដែល​ពុំ​អាច​ទុក​ចិត្ត​បាន​ឡើយ ពោល​គឺ​ជា​សេចក្ដី​ភូតភរ។ តាម​របៀប​ស្រដៀង​គ្នា​នេះ សព្វ​ថ្ងៃ​មេ​ដឹក​នាំ​សាសនា​ជា​ច្រើន​ចង​មិត្តភាព​ជា​មួយ​មេ​ដឹក​នាំ​ខាង​នយោបាយ។ ការ​ចង​ស្ពាន​មេត្រី​បែប​នោះ​ក៏​ជា​«សេចក្ដី​ភូតភរ»​ដែរ។ (វិវរណៈ ១៧:១៦, ១៧) ការ​ចង​ស្ពាន​មេត្រី​បែប​នោះ​នឹង​មិន​នាំ​ឲ្យ​មាន​សន្ដិសុខ​ជា​និរន្តរ៍​ឡើយ។

គំរូ​ដ៏​ល្អ​របស់​យ៉ូស្វេ​និង​កាលែប

៣, ៤​. តើ​យ៉ូស្វេ​និង​កាលែប​ហើយ​ពួក​ចារ​បុរស​ដប់​នាក់​ទៀត បាន​រាយ​ការណ៍​ខុស​គ្នា​យ៉ាង​ដូចម្ដេច?

ដូច្នេះ តើ​យើង​ត្រូវ​ពឹង​អ្វី​ដើម្បី​ឲ្យ​មាន​សន្ដិសុខ? យើង​ត្រូវ​ពឹង​លើ​ប្រភព​ដូច​គ្នា​នឹង​យ៉ូស្វេ​ហើយ​កាលែប​ដែល​បាន​ពឹង​នៅ​សម័យ​លោក​ម៉ូសេ​នោះ។ បន្ដិច​ក្រោយ​ពី​អ៊ីស្រាអែល​បាន​រំដោះ​ចេញ​ពី​ស្រុក​អេស៊ីប នោះ​សាសន៍​នេះ​ហៀប​នឹង​ចូល​ស្រុក​កាណាន ដែល​ជា​ស្រុក​សន្យា។ បុរស​១២​នាក់​បាន​ត្រូវ​បញ្ជូន​ឲ្យ​ទៅ​ឈ្លប​មើល​ស្រុក​នោះ ហើយ​នៅ​គម្រប់​៤០​ថ្ងៃ ពួក​ចារ​បុរស​ទាំង​នោះ​បាន​ត្រឡប់​មក​ថ្លែង​ប្រាប់​នូវ​អ្វី​ដែល​ពួក​គេ​បាន​ឃើញ​រៀងៗ​ខ្លួន។ មាន​តែ​ចារ​បុរស​ពីរ​នាក់​ទេ គឺ​យ៉ូស្វេ​និង​កាលែប​ដែល​បាន​រាយការណ៍​ថា អ៊ីស្រាអែល​នឹង​បាន​ជោគជ័យ​បើ​ចូល​ទៅ​ស្រុក​កាណាន។ ពួក​ចារ​បុរស​ឯ​ទៀត​បាន​ឯកភាព​ថា​ស្រុក​នោះ​គឺ​ល្អ តែ​បាន​បន្ថែម​ថា​៖ «ប៉ុន្តែ​មនុស្ស​នៅ​ស្រុក​នោះ គេ​ខ្លាំង​ពូកែ​ណាស់ ទី​ក្រុង​របស់​គេ​មាន​កំផែង ហើយ​ក៏​ធំ​ណាស់​ផង . . . យើង​ពុំ​អាច​នឹង​ឡើង​ទៅ​ទាស់​នឹង​គេ​បាន​ទេ ដ្បិត​គេ​ខ្លាំង​ពូកែ​ជាង​យើង​ណាស់»។—ជនគណនា ១៣:២៧, ២៨, ៣១

បណ្ដាជន​អ៊ីស្រាអែល​បាន​ស្ដាប់​តាម​ចារ​បុរស​១០​នាក់​នោះ ក៏​មាន​ចិត្ត​ខ្លាច​ដល់​ម្ល៉េះ​បាន​ជា​ពួក​គេ​ត្អូញ​ហើយ​ត្អូញ​ទៀត​នឹង​លោក​ម៉ូសេ។ នៅ​ទី​បំផុត យ៉ូស្វេ​និង​កាលែប​បាន​និយាយ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត​ថា​៖ «ស្រុក​ដែល​យើង​បាន​ដើរ​កាត់​សង្កេត​មើល​នោះ ជា​ស្រុក​ល្អ​ក្រៃលែង។ បើសិន​ជា​ព្រះ​យេហូវ៉ា ទ្រង់​សព្វ​ព្រះ​ហឫទ័យ​នឹង​យើង​រាល់​គ្នា នោះ​ទ្រង់​នឹង​នាំ​យើង ឲ្យ​បាន​ចូល​ទៅ​ក្នុង​ស្រុក​នោះ​ជា​មិន​ខាន​ហើយ​នឹង​ប្រទាន​មក​យើង​ផង គឺ​ជា​ស្រុក​ដែល​មាន​ទឹក​ដោះ នឹង​ទឹក​ឃ្មុំ​ដ៏​ហូរ​ហៀរ កុំ​ឲ្យ​តែ​បះបោរ​នឹង​ព្រះ​យេហូវ៉ា ឬ​ខ្លាច​មនុស្ស​នៅ​ស្រុក​នោះ​ប៉ុណ្ណោះ»។ (ជនគណនា ១៤:៦​-​៩) ទោះ​ជា​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ហើយ​ក៏​ដោយ ក៏​ពួក​អ៊ីស្រាអែល​មិន​ព្រម​ស្ដាប់​តាម​ដែរ ហើយ​ជា​លទ្ធផល ព្រះ​មិន​បាន​អនុញ្ញាត​ឲ្យ​ពួក​គេ​ចូល​ស្រុក​សន្យា​នៅ​គ្រា​នោះ​ឡើយ។

៥​. ហេតុ​អ្វី​បាន​ជា​យ៉ូស្វេ​និង​កាលែប​បាន​រាយ​ការណ៍​ល្អ?

ហេតុ​អ្វី​បាន​ជា​យ៉ូស្វេ​និង​កាលែប​បាន​រាយ​ការណ៍​ល្អ តែ​ចារ​បុរស​ដប់​នាក់​ទៀត​បាន​រាយ​ការណ៍​មិន​ល្អ​ទៅ​វិញ? ពួក​ចារ​បុរស​ទាំង​១២​នាក់​បាន​ឃើញ​ទី​ក្រុង​ដ៏​មាំ​និង​ឃើញ​មនុស្ស​នៃ​សាសន៍​នោះ។ ត្រូវ​មែន ដែល​ពួក​ចារ​បុរស​ដប់​នាក់​និយាយ​ថា​សាសន៍​អ៊ីស្រាអែល​ពុំ​មាន​អំណាច​យក​ឈ្នះ​ស្រុក​នោះ​បាន​ឡើយ។ សូម្បីតែ​យ៉ូស្វេ​និង​កាលែប​ក៏​បាន​ដឹង​អំពី​ហេតុ​នេះ​ដែរ។ ប៉ុន្តែ ពួក​ចារ​បុរស​ដប់​នាក់​នេះ​បាន​គិត​តាម​ទស្សនៈ​របស់​មនុស្ស។ ផ្ទុយ​ទៅ​វិញ យ៉ូស្វេ​និង​កាលែប​បាន​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា។ ពួក​គេ​បាន​ឃើញ​នូវ​ការ​ប្រព្រឹត្ត​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ​នៅ​ស្រុក​អេស៊ីប នៅ​សមុទ្រ​ក្រហម និង​នៅ​ជើង​ភ្នំ​ស៊ីណាយ។ យ៉ាង​ណា​មិញ ច្រើន​ឆ្នាំ​ក្រោយ​មក គ្រាន់​តែ​របាយ​ការណ៍​អំពី​ការ​ប្រព្រឹត្ត​របស់​ព្រះ​នោះ បាន​ធ្វើ​ឲ្យ​រ៉ាហាប​នៅ​ក្រុង​យេរីខូរ​ស្ងើច​ចិត្ត​ណាស់ ដែល​គាត់​សុខ​ចិត្ត​ប្រថុយ​ជីវិត​ដើម្បី​ជួយ​រាស្ត្រ​របស់​ព្រះ! (យ៉ូស្វេ ២:១​-​២៤; ៦:២២​-​២៥) យ៉ូស្វេ​និង​កាលែប​ជា​សាក្សីនៃ​ការ​ប្រព្រឹត្ត​របស់​ព្រះ​យេហូវ៉ា ក៏​បាន​ទុក​ចិត្ត​ទាំង​ស្រុង​ថា​ព្រះ​នឹង​បន្ត​ច្បាំង​ជំនួស​រាស្ត្រ​របស់​ទ្រង់។ ៤០​ឆ្នាំ​ក្រោយ​មក ទំនុក​ចិត្ត​របស់​គេ​បាន​ឃើញ​ថា​ត្រឹម​ត្រូវ​មែន ពេល​ពួក​អ៊ីស្រាអែល​ដំណ​ថ្មី​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​យ៉ូស្វេ​បាន​វាយ​ឈ្នះ​យក​ស្រុក​កាណាន។

ហេតុ​ដែល​យើង​គួរ​ទុក​ចិត្ត​ទាំង​ស្រុង​លើ​ព្រះ​យេហូវ៉ា

៦​. ហេតុ​អ្វី​ក៏​គ្រីស្ទាន​សព្វ​ថ្ងៃ​នេះ​នៅ​មាន​ការ​បង្ខិត​បង្ខំ? ហើយ​តើ​ពួក​គេ​គួរ​ទុក​ចិត្ត​លើ​អ្នក​ណា?

នៅ​ក្នុង​«គ្រា​លំបាក»​នេះ ដូច​ពួក​អ៊ីស្រាអែល យើង​ក៏​ប្រឈម​មុខ​ពួក​សត្រូវ​ដែល​ខ្លាំង​ជាង​យើង​ដែរ។ (ធីម៉ូថេទី២ ៣:១) យើង​បាន​ត្រូវ​បង្ខិត​បង្ខំ​ខាង​ផ្លូវ​ចិត្ត ខាង​វិញ្ញាណ និង​ក្នុង​ករណី​ខ្លះ​ប្រឈម​មុខ​ទុក្ខ​លំបាក​ខាង​ផ្លូវ​កាយ​ទៀត​ផង។ បើ​យើង​គ្មាន​ជំនួយ នោះ​យើង​ពុំ​អាច​ទប់ទល់​នឹង​ការ​បង្ខិត​បង្ខំ​ទាំង​នោះ​បាន​ឡើយ ដ្បិត​ការ​បង្ខិត​បង្ខំ​ទាំង​នេះ​គឺ​មក​ពី​អារក្ស​សាតាំង។ (អេភេសូរ ៦:១២; យ៉ូហានទី១ ៥:១៩) បើ​ដូច្នេះ តើ​យើង​អាច​រក​ជំនួយ​ពី​ណា​បាន? បុរស​ដ៏​ស្មោះ​ត្រង់​ម្នាក់​នៅ​សម័យ​ព្រះ​គម្ពីរ ទូល​ព្រះ​យេហូវ៉ា​ថា​៖ «ឯ​អស់​អ្នក​ដែល​ស្គាល់​ព្រះ​នាម​ទ្រង់ គេ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់»។ (ទំនុកដំកើង ៩:១០) ប្រសិន​បើ​យើង​ពិត​ជា​ស្គាល់​ព្រះ​យេហូវ៉ា និង​យល់​ថា​ព្រះ​នាម​ទ្រង់​តំណាង​អ្វី​នោះ យើង​នឹង​ទុក​ចិត្ត​លើ​ព្រះ​យ៉ាង​ប្រាកដ​ដូច​យ៉ូស្វេ​និង​កាលែប​ដែរ។—យ៉ូហាន ១៧:៣

៧, ៨​. (ក) តើ​តាម​របៀប​ណា​ដែល​ការ​បង្កើត​ផ្ដល់​ឲ្យ​យើង​នូវ​មូលហេតុចំពោះ​ការ​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា? (ខ) តើ​ព្រះគម្ពីរ​ផ្ដល់​ឲ្យ​យើង​នូវ​មូលហេតុ​អ្វី ចំពោះ​ការ​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា?

ហេតុ​អ្វី​ក៏​យើង​គួរ​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា? យ៉ូស្វេ​និង​កាលែប​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា ពីព្រោះ​ពួក​គេ​ឃើញ​ភស្តុតាង​បង្ហាញ​ពី​តេជានុភាព​របស់​ទ្រង់។ យើង​ក៏​ឃើញ​នូវ​ភស្តុតាង​ទាំង​នោះ​ដែរ។ ជា​ឧទាហរណ៍ សូម​គិត​អំពី​ការ​បង្កើត​របស់​ព្រះ​យេហូវ៉ា រួម​បញ្ចូល​សកលលោក ដែល​មាន​តារាវលី​រាប់​ពាន់​លាន។ ហេតុ​ដែល​ព្រះ​យេហូវ៉ា​កាន់​កាប់​លើ​កម្លាំង​ធម្មជាតិ​ដ៏​ខ្លាំង​បាន បង្ហាញ​ថា​ទ្រង់​ប្រាកដ​ជា​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​បំផុត។ ពេល​យើង​ពិនិត្យ​មើល​នូវ​ភាព​អស្ចារ្យ​នៃ​ការ​បង្កើត យើង​ក៏​យល់​ស្រប​នឹង​យ៉ូប​ដែល​បាន​ពោល​អំពី​ព្រះ​យេហូវ៉ា​ថា​៖ «តើ​អ្នក​ណា​នឹង​ឃាត់​ទ្រង់​បាន? តើ​អ្នក​ណា​នឹង​ហ៊ាន​ទូល​សួរ​ទ្រង់​ថា តើ​ទ្រង់​ធ្វើ​អ្វី​នោះ?»។ (យ៉ូប ៩:១២) យ៉ាង​ពិត​ណាស់ ប្រសិន​បើ​ព្រះ​យេហូវ៉ា​គាំទ្រ​យើង យើង​មិន​ចាំបាច់​ខ្លាច​នរណា​ក្នុង​សកលលោក​នេះ​ឡើយ។—រ៉ូម ៨:៣១

ចូរ​ពិនិត្យ​មើល​ព្រះ​គម្ពីរ​ដែល​ជា​បន្ទូល​របស់​ព្រះ។ ប្រាជ្ញា​របស់​ព្រះ​គ្មាន​កំរិត គឺ​មាន​អំណាច​ក្នុង​ការ​ជួយ​យើង​ឲ្យ​យក​ឈ្នះ​នូវ​ការ​ប្រព្រឹត្ត​អាក្រក់ និង​នាំ​ឲ្យ​ជីវិត​របស់​យើង​រស់​នៅ​សម​ស្រប​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា។ (ហេព្រើរ ៤:១២) យើង​ស្គាល់​ព្រះ​យេហូវ៉ា​តាម​រយៈ​ព្រះ​គម្ពីរ និង​ឃើញ​នូវ​សារៈ​សំខាន់​នៃ​ព្រះ​នាម​របស់​ទ្រង់។ (និក្ខមនំ ៣:១៤) យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​អាច​សម្រេច​នូវ​អ្វីៗ​ដែល​ទ្រង់​ចង់​ធ្វើ ពោល​គឺ​ជា​ព្រះ​វរបិតា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ចៅក្រម​ដ៏​សុចរិត អ្នក​ចំបាំង​ដែល​មាន​ជ័យជំនះ ទាំង​អស់​នេះ​គឺ​ដើម្បី​នឹង​សម្រេច​គោល​បំណង​របស់​ទ្រង់។ ហើយ​យើង​ឃើញ​នូវ​របៀប​ដែល​ព្រះ​បន្ទូល​របស់​ទ្រង់​តែង​សម្រេច​ពិត​មែន។ ពេល​យើង​សិក្សា​ព្រះ​បន្ទូល​របស់​ព្រះ យើង​ក៏​ត្រូវ​ជំរុញ​ចិត្ត​ឲ្យ​និយាយ​ដូច​អ្នក​តែង​បទ​ទំនុកដំកើង​ដែរ​៖ «ទូល​បង្គំ​ទុក​ចិត្ត​នឹង​ព្រះ​បន្ទូល​ទ្រង់»។—ទំនុកដំកើង ១១៩:៤២; អេសាយ ៤០:៨

៩​. តើ​តម្លៃ​លោះ​និង​ដំណើរ​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូ ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​លើ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

តម្លៃ​លោះ​ក៏​ជា​មូលហេតុ​មួយ​ទៀត​ឲ្យ​យើង​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​ដែរ។ (ម៉ាថាយ ២០:២៨) ព្រះ​បាន​បញ្ជូន​រាជបុត្រា​របស់​ទ្រង់​ឲ្យ​សោយទិវង្គត​ជា​តម្លៃ​លោះ​ចំពោះ​យើង នេះ​គឺ​ជា​ទង្វើ​ដ៏​អស្ចារ្យ​មែន! ហើយ​តម្លៃ​លោះ​គឺ​ពិត​ជា​មាន​ប្រសិទ្ធ​ភាព​មែន។ តម្លៃ​លោះ​គ្រប​បាំង​អំពើ​បាប​របស់​មនុស្ស​ជាតិ​ទាំង​អស់​ដែល​ប្រែ​ចិត្ត និង​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​ដោយ​ស្មោះ​អស់​ពី​ចិត្ត។ (យ៉ូហាន ៣:១៦; ហេព្រើរ ៦:១០; យ៉ូហានទី១ ៤:១៦, ១៩) គឺ​សំខាន់​ចាំបាច់​ឲ្យ​ព្រះ​យេស៊ូ​បាន​រស់​ឡើង​វិញ ដើម្បី​បង់​តម្លៃ​លោះ​នោះ។ អព្ភូតហេតុ​នេះ​ដែល​មាន​សាក្សី​រាប់​រយ​នាក់​បាន​ឃើញ ក៏​ជា​មូលហេតុ​ថែម​ទៀត​ចំពោះ​ការ​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​ដែរ។ នេះ​ធានា​ថា​សេចក្ដី​សង្ឃឹម​របស់​យើង​នឹង​ត្រូវ​សម្រេច​ជាក់​ជា​ពុំ​ខាន។—កិច្ចការ ១៧:៣១; រ៉ូម ៥:៥; កូរិនថូសទី១ ១៥:៣​-​៨

១០​. តើ​យើង​មាន​មូលហេតុ​ផ្ទាល់​ខ្លួន​អ្វី ចំពោះ​ការ​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា?

១០ នេះ​គ្រាន់​តែ​ជា​មូលហេតុ​ខ្លះៗ​ដែល​យើង​អាច​ទុក​ចិត្ត​និង​គួរ​ទុក​ចិត្ត​ទាំង​ស្រុង​លើ​ព្រះ​យេហូវ៉ា។ គឺ​មាន​មូលហេតុ​ជា​ច្រើន​ទៀត ហើយ​មូលហេតុ​ខ្លះ​គឺ​ទាក់ទង​នឹង​ខ្លួន​យើង​ផ្ទាល់។ ជា​ឧទាហរណ៍ យូរៗ​ម្ដង យើង​ប្រឈម​មុខ​កាលៈទេសៈ​យ៉ាង​ពិបាក​ក្នុង​ជីវិត​របស់​យើង។ ពេល​យើង​រក​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា​ដើម្បី​ដោះ​ស្រាយ​រឿង​នោះ យើង​ឃើញ​ថា​ការ​ណែនាំ​នោះ​គឺ​មាន​ប្រយោជន៍​មែន។ (យ៉ាកុប ១:៥​-​៨) កាល​ណា​យើង​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​កាន់​តែ​ខ្លាំង​ឡើងៗ​ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ ហើយ​យើង​ឃើញ​នូវ​លទ្ធផល​ដ៏​ល្អ​ពី​ការ​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា នោះ​យើង​នឹង​មាន​ទំនុក​ចិត្ត​លើ​ទ្រង់​កាន់​តែ​ខ្លាំង​ទៀត។

ដាវីឌ​បាន​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា

១១​. តើ​ដាវីឌ​បាន​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​ទោះ​ជា​ប្រឈម​មុខ​នូវ​កាលៈទេសៈ​បែប​ណា?

១១ នៅ​ប្រទេស​អ៊ីស្រាអែល​ពី​សម័យ​បុរាណ ដាវីឌ​គឺ​ជា​បុគ្គល​ម្នាក់​ដែល​បាន​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា។ ដាវីឌ​បាន​ប្រឈម​មុខ​នឹង​ការ​គំរាម​កំហែង​នៃ​ស្តេច​សូល​ដែល​ចង់​សម្លាប់​គាត់ ហើយ​ប្រឈម​មុខ​នឹង​កងទ័ព​នៃ​ពួក​ភីលីស្ទីន​ដ៏​ខ្លាំង​ក្លា ដែល​ខំ​ប្រឹង​វាយ​យក​ឈ្នះ​ប្រទេស​អ៊ីស្រាអែល។ ប៉ុន្តែ ដាវីឌ​បាន​រួច​រស់​ជីវិត ព្រម​ទាំង​មាន​ជ័យជំនះ​ទៀត​ផង។ ហេតុ​អ្វី? ដាវីឌ​ពន្យល់​ថា​៖ «ព្រះ​យេហូវ៉ា​ទ្រង់​ជា​ពន្លឺ ហើយ​ជា​សេចក្ដី​សង្គ្រោះ​របស់​ខ្ញុំ តើ​ខ្ញុំ​នឹង​ត្រូវ​ខ្លាច​ចំពោះ​អ្នក​ណា? ព្រះ​យេហូវ៉ា​ទ្រង់​ជា​ទីពឹង​ពំនាក់​នៃ​ជីវិត​ខ្ញុំ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ភ័យ​ចំពោះ​អ្នក​ណា?» (ទំនុកដំកើង ២៧:១) យើង​ក៏​នឹង​ទទួល​បាន​ជ័យជំនះ​ដែរ បើ​យើង​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​ដូច​ដាវីឌ​នោះ។

១២, ១៣​. តើ​តាម​របៀប​ណា​ដែល​ដាវីឌ​បង្ហាញ​ថា យើង​គួរ​តែ​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​ទោះ​ជា​អ្នក​ប្រឆាំង​ប្រើ​អណ្ដាត​គេ​និយាយ​ទាស់​នឹង​យើង​ក៏​ដោយ?

១២ នៅ​គ្រា​មួយ ដាវីឌ​បាន​អធិស្ឋាន​ថា​៖ «ឱ​ព្រះ​អង្គ​អើយ! សូម​ស្ដាប់​សំឡេង​ទូល​បង្គំ ដែល​ទូល​បង្គំ​ពោល​ដំអូញ សូម​ការពារ​ជីវិត​ទូល​បង្គំ ឲ្យ​រួច​ពី​ការ​ភ័យ​ខ្លាច​ចំពោះ​ពួក​ខ្មាំង​សត្រូវ សូម​លាក់​ទូល​បង្គំ ឲ្យ​កំបាំង​ពី​សេចក្ដី​ដែល​ពួក​ប្រព្រឹត្ត អាក្រក់​ប្រឹក្សា​ដោយ​សំងាត់ នឹង​ពី​ការ​ចលាចល​របស់​មនុស្ស ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ជា​ពួក​អ្នក​ដែល​បាន​សំលៀង​អណ្ដាត​ដូច​ជា​សំលៀង​ដាវ ព្រម​ទាំង​ដំរង់​ព្រួញ​គេ គឺ​ជា​ពាក្យ​ជូរចត់ ដើម្បី​នឹង​បាញ់​ពី​ទី​កំបាំង ឲ្យ​ត្រូវ​មនុស្ស​គ្រប់​លក្ខណ៍»។ (ទំនុកដំកើង ៦៤:១​-​៤) យើង​មិន​ដឹង​ប្រាកដ​នូវ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ដាវីឌ​សរសេរ​ពាក្យ​នេះ​ទេ។ ប៉ុន្តែ យើង​ដឹង​ថា នៅ​សព្វ​ថ្ងៃ​នេះ ពួក​អ្នក​ប្រឆាំង​ក៏‹សំលៀង​អណ្ដាត›ដោយ​ប្រើ​ពាក្យ​សំដី​ដែល​ប្រៀប​ដូច​ជា​អាវុធ។ ពួក​គេ​«ដំរង់»​ឲ្យ​ត្រូវ​ពួក​គ្រីស្ទាន​ដែល​ឥត​សៅហ្មង ដោយ​ពោល​ឬ​សរសេរ​ពាក្យ​ដែល​ប្រៀប​ដូច​ជា​«ព្រួញ» ដោយ​មាន​បំណង​ចង់​និយាយ​បង្ខូច​ឈ្មោះ​យើង។ ប្រសិន​បើ​យើង​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​ជា​រៀង​រហូត តើ​នឹង​មាន​លទ្ធផល​យ៉ាង​ណា?

១៣ ដាវីឌ​និយាយ​ទៀត​ថា​៖ «ព្រះ​ទ្រង់​នឹង​បាញ់​ចំ​គេ លោតែ​គេ​នឹង​ត្រូវ​របួស​ដោយ​ព្រួញ​ណា​មួយ គឺ​អណ្ដាត​ខ្លួន​គេ​នឹង​នាំ​ឲ្យ​គេ​ដួល . . . ពួក​មនុស្ស​សុចរិត​នឹង​អរ​សប្បាយ​ដោយ​នូវ​ព្រះ​យេហូវ៉ា គេ​នឹង​ពឹង​ជ្រក​ក្នុង​ទ្រង់»។ (ទំនុកដំកើង ៦៤:៧​-​១០) មែន​ហើយ ទោះ​ជា​ពួក​សត្រូវ​សំលៀង​អណ្ដាត​ប្រឆាំង​យើង​ក៏​ដោយ តែ​នៅ​ទីបំផុត នោះ​«អណ្ដាត​ខ្លួន​គេ​នឹង​នាំ​ឲ្យ​គេ​ដួល»​វិញ។ ជាយ​ថា​ហេតុ ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​រឿង​នេះ​បាន​សម្រេច​ដោយ​ជោគជ័យ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​បាន​ទុក​ចិត្ត​លើ​ទ្រង់​អាច​អរ​សប្បាយ​បាន។

ទំនុក​ចិត្ត​របស់​ស្តេច​ហេសេគា​ស​ឲ្យ​ឃើញ​ថា​មាន​ប្រយោជន៍

១៤​. (ក) ពេល​ប្រឈម​មុខ​នឹង​ស្ថានការណ៍​ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ តើ​ហេសេគា​បាន​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​ឬ​ទេ? (ខ) តើ​ហេសេគា​បង្ហាញ​ថា​ខ្លួន​ពុំ​ជឿ​ពាក្យ​ភូតភរ​របស់​ពួក​អាសស៊ើរ​យ៉ាង​ដូច​ម្ដេច?

១៤ ស្តេច​ហេសេគា​ជា​បុគ្គល​មួយ​អង្គ​ទៀត ដែល​ទំនុក​ចិត្ត​របស់​ទ្រង់​លើ​ព្រះ​យេហូវ៉ា​បាន​ស​ឲ្យ​ឃើញ​ថា​មាន​ប្រយោជន៍​មែន។ ក្នុង​កំឡុង​ពេល​ស្តេច​ហេសេគា​សោយ​រាជ្យ នោះ​ទ័ព​ដ៏​ខ្លាំង​របស់​សាសន៍​អាសស៊ើរ​បាន​គំរាម​កំហែង​វាយ​យក​ក្រុង​យេរូសាឡិម។ ទ័ព​ដ៏​ខ្លាំង​របស់​សាសន៍​អាសស៊ើរ​បាន​បាន​ឈ្នះ​លើ​សាសន៍​ជា​ច្រើន។ សាសន៍​អាសស៊ើរ​បាន​ច្បាំង​ដណ្ដើម​យក​ក្រុង​ផ្សេង​នៃ​ស្រុក​យូដា ហើយ​មាន​តែ​ក្រុង​យេរូសាឡិម​ទេ​ដែល​គេ​ពុំ​បាន​វាយ​យក​នោះ។ ហើយ​ស្តេច​សានហេរីប​អួត​ថា នឹង​ចាប់​យក​ក្រុង​យេរូសាឡិម​ដែរ។ ស្តេច​សានហេរីប​បាន​ថ្លែង​យ៉ាង​ត្រឹម​ត្រូវ​តាម​រយៈ​រ៉ាបសាកេ​ថា ការ​ទុក​ចិត្ត​លើ​សាសន៍​អេស៊ីប​ឲ្យ​ជួយ​គឺ​គ្មាន​ប្រយោជន៍​នោះ​ឡើយ។ ប៉ុន្តែ សានហេរីប​ពោល​ថា​៖ «កុំ​ឲ្យ​ព្រះ​របស់​ឯង ដែល​ឯង​ទុក​ចិត្ត​នោះ​បញ្ឆោត​ឯង​ដោយ​ថា ក្រុង​យេរូសាឡិម​នឹង​មិន​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ស្តេច​អាសស៊ើរ​នោះ​ឡើយ»។ (អេសាយ ៣៧:១០) ប៉ុន្តែ ស្តេច​ហេសេគា​បាន​ដឹង​ថា​ព្រះ​យេហូវ៉ា​នឹង​មិន​បញ្ឆោត​ទ្រង់​ទេ។ ដូច្នេះ ហេសេគា​បាន​អធិស្ឋាន​ថា​៖ «ដូច្នេះ ឱ​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា​អើយ! សូម​ទ្រង់​ជួយ​សង្គ្រោះ​យើង​ខ្ញុំ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់[ពួក​អាសស៊ើរ]ផង ដើម្បី​ឲ្យ​គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​បាន​ដឹង​ថា ទ្រង់​ជា​ព្រះ​យេហូវ៉ា គឺ​ទ្រង់​តែ​១​ព្រះ​អង្គ​ទេ»។ (អេសាយ ៣៧:២០) ព្រះ​យេហូវ៉ា​បាន​សណ្ដាប់​សេចក្ដី​អធិស្ឋាន​របស់​ហេសេគា។ ទេវតា​មួយ​រូប​បាន​សម្លាប់​ទាហាន​អាសស៊ើរ​អស់​១៨៥.០០០​នាក់​ក្នុង​មួយ​យប់។ ក្រុង​យេរូសាឡិម​បាន​ត្រូវ​រំដោះ ហើយ​ស្តេច​សានហេរីប​បាន​ចាក​ចេញ​ពី​ស្រុក​អ៊ីស្រាអែល ហើយ​ក៏​មិន​ដែល​ហ៊ាន​មក​ជាន់​ស្រុក​យូដា​ទៀត​ដែរ។ អស់​អ្នក​ដែល​បាន​ឮ​អំពី​ព្រឹត្ដិការណ៍​នេះ បាន​រៀន​ពី​តេជានុភាព​របស់​ព្រះ​យេហូវ៉ា។

១៥​. តើ​មាន​អ្វី​តែ​មួយ​គត់​ដែល​អាច​ជួយ​យើង​ឲ្យ​ប្រុង​ប្រៀប​នឹង​ស្ថានការណ៍​ដ៏​ពិបាក ក្នុង​លោកីយ៍​ដែល​គ្មាន​ស្ថេរ​ភាព​នេះ?

១៥ សព្វ​ថ្ងៃ​នេះ ដូច​ហេសេគា​យើង​ក៏​ស្ថិត​ក្នុង​ស្ថានការណ៍​ដែល​ប្រៀប​ដូច​មាន​សង្គ្រាម​ដែរ។ ប៉ុន្តែ ក្នុង​ករណី​របស់​យើង យើង​ច្បាំង​ក្នុង​សង្គ្រាម​ខាង​វិញ្ញាណ​វិញ។ ប៉ុន្តែ ជា​ទាហាន​ខាង​វិញ្ញាណ យើង​ក៏​ត្រូវ​បណ្ដុះ​ឲ្យ​មាន​បំនិន​ដែល​នឹង​ជួយ​យើង​ឲ្យ​នៅ​រស់​ខាង​វិញ្ញាណ​ដែរ។ យើង​ត្រូវ​យល់​ដឹង​ជា​មុន​នូវ​ការ​ពាធា​នេះ និង​ប្រុង​ប្រៀប​ដើម្បី​ការពារ​ខ្លួន​ពី​ការ​ពាធា​នោះ។ (អេភេសូរ ៦:១១, ១២, ១៧) ក្នុង​លោកីយ៍​ដែល​គ្មាន​ស្ថេរ​ភាព​នេះ ស្ថានការណ៍​គឺ​អាច​ផ្លាស់ប្ដូរ​មួយ​រំពេច។ ស្ថានការណ៍​ស៊ីវិល​ដ៏​អស្ថេរភាព​ក៏​អាច​កើត​មាន​ឡើង​ភ្លាមៗ​បាន​ដែរ។ ប្រទេស​ជា​ច្រើន​ដែល​ធ្លាប់​ត្រាប្រណី​ដល់​មនុស្ស​ដែល​មាន​ជំនឿ​ផ្សេងៗ ក៏​អាច​លែង​ត្រាប្រណី​ទៀត។ ដូច​ហេសេគា បើ​យើង​បណ្ដុះ​ឲ្យ​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​លើ​ព្រះ​យេហូវ៉ា នោះ​ទើប​យើង​អាច​ប្រុង​ប្រៀប​ខ្លួន​ចំពោះ​ព្រឹត្ដិការណ៍​ដែល​នឹង​កើត​ឡើង​នៅ​ខាង​មុខ។

តើ​ការ​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​រួម​បញ្ចូល​អ្វី​ខ្លះ?

១៦, ១៧​. តើ​យើង​បង្ហាញ​ថា​យើង​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

១៦ គ្រាន់​តែ​និយាយ​ថា​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​គឺ​មិន​គ្រប់គ្រាន់​ទេ។ ទំនុក​ចិត្ត​លើ​ព្រះ​រួម​បញ្ចូល​ចិត្ត​របស់​យើង និង​ស​ឲ្យ​ឃើញ​ដោយ​ការ​ប្រព្រឹត្ត​របស់​យើង។ ប្រសិន​បើ​យើង​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា យើង​ក៏​នឹង​ទុក​ចិត្ត​ទាំង​ស្រុង​លើ​ព្រះ​គម្ពីរ​ដែល​ជា​បន្ទូល​របស់​ទ្រង់​ដែរ។ យើង​នឹង​អាន​ព្រះ​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ រំពឹង​គិត​លើ​អ្វី​ដែល​យើង​បាន​អាន និង​អនុញ្ញាត​ឲ្យ​ពត៌មាន​នោះ​ដឹក​នាំ​ជីវិត​របស់​យើង។ (ទំនុកដំកើង ១១៩:១០៥) ទំនុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​ក៏​រួម​បញ្ចូល​ការ​ទុក​ចិត្ត​លើ​អំណាច​នៃ​វិញ្ញាណ​បរិសុទ្ធ​ដែរ។ យើង​អាច​បណ្ដុះ​ឲ្យ​មាន​ផលផ្លែ​ដែល​ផ្គាប់​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា បើ​យើង​មាន​ជំនួយ​ពី​វិញ្ញាណ​បរិសុទ្ធ ហើយ​អាច​ឈ្នះ​លើ​ទម្លាប់​អាក្រក់​របស់​យើង​ដែល​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​ជា​យូរ​មក​ហើយ។ (កូរិនថូសទី១ ៦:១១; កាឡាទី ៥:២២​-​២៤) ហេតុ​នេះ​ហើយ មនុស្ស​ជា​ច្រើន​អាច​ឈប់​ជក់​បារី​ឬ​គ្រឿង​ញៀន ដោយ​មាន​ជំនួយ​ពី​វិញ្ញាណ​បរិសុទ្ធ។ មនុស្ស​ឯ​ទៀត​បាន​ឈប់​ដើរ​តាម​គន្លង​ជីវិត​ដែល​ពោរពេញ​ទៅ​ដោយ​អំពើ​អសីលធម៌។ មែន​ហើយ ប្រសិន​បើ​យើង​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា នោះ​ការ​កែ​ប្រែ​ទាំង​នេះ​ដែល​យើង​បាន​ធ្វើ​គឺ​ដោយសារ​កម្លាំង​របស់​ទ្រង់ មិន​មែន​ដោយសារ​សមត្ថភាព​របស់​យើង​នោះ​ទេ។—អេភេសូរ ៣:១៤​-​១៨

១៧ បន្ថែម​ទៅ​ទៀត ការ​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​ក៏​បាន​ន័យ​ថា យើង​ទុក​ចិត្ត​លើ​មនុស្ស​ដែល​ទ្រង់​មាន​ទំនុក​ចិត្ត​លើ​នោះ​ដែរ។ ជា​ឧទាហរណ៍ ព្រះ​យេហូវ៉ា​បាន​រៀបចំឲ្យ​‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›ឲ្យ​មើល​ថែរក្សា​ប្រយោជន៍​ខាង​ព្រះរាជាណាចក្រ​នៅ​លើ​ផែនដី​នេះ។ (ម៉ាថាយ ២៤:៤៥​-​៤៧) ដោយសារ​យើង​ទុក​ចិត្ត​លើ​របៀប​រៀប​ចំ​របស់ព្រះយេហូវ៉ា នោះ​យើង​ពុំ​ធ្វើ​អ្វី​ដោយ​ខ្លួន​ឯង ហើយ​យើង​មិន​ត្រូវ​ធ្វើ​ព្រងើយកន្តើយនឹង​ពួក​អ្នក​បំរើ​ស្មោះ​ត្រង់​ឡើយ។ ម្យ៉ាង​វិញ​ទៀត យោង​ទៅ​តាម​សាវ័ក​ប៉ុល ពួក​អ្នក​ចាស់​ទុំ​ដែល​បំរើ​ក្នុង​ក្រុមជំនុំ​តាម​តំបន់ គឺ​បាន​រើស​តាំង​ដោយ​វិញ្ញាណ​បរិសុទ្ធ។ (កិច្ចការ ២០:២៨) បើ​យើង​ធ្វើ​តាម​របៀប​រៀប​ចំ​របស់​អ្នក​ចាស់​ទុំ​ក្នុង​ក្រុមជំនុំ នោះ​យើង​ក៏​បង្ហាញ​ថា​យើង​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា។—ហេព្រើរ ១៣:១៧

ចូរ​ធ្វើ​តាម​គំរូ​របស់​ប៉ុល

១៨​. តើ​គ្រីស្ទាន​សព្វ​ថ្ងៃ​នេះ​ធ្វើ​តាម​គំរូ​របស់​សាវ័ក​ប៉ុល​យ៉ាង​ដូច​ម្ដេច? ប៉ុន្តែ តើ​ពួក​គ្រីស្ទាន​មិន​ទុក​ចិត្ត​លើ​អ្វី?

១៨ សាវ័ក​ប៉ុល​បាន​ប្រឈម​មុខ​នឹង​ការ​បង្ខិត​បង្ខំ​ជា​ច្រើន​ក្នុង​កិច្ច​បំរើ​ផ្សាយ​ដូច​យើង​ដែរ។ នៅ​សម័យ​គាត់ មាន​គេ​និយាយ​បង្ខូច​ឈ្មោះ​សាសនា​គ្រីស្ទាន​ប្រាប់​ពួក​អាជ្ញាធរ ហើយ​ជួន​កាល​ប៉ុល​ខំ​កែ​សម្រួល​ការ​យល់​ខុស​នោះ ហើយ​ខំ​ធ្វើ​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់​ដើម្បី​ឲ្យ​អាច​ផ្សព្វផ្សាយ​ដំណឹង​ល្អ​បាន។ (កិច្ចការ ២៨:១៩​-​២២; ភីលីព ១:៧) សព្វ​ថ្ងៃ​នេះ គ្រីស្ទាន​ធ្វើ​តាម​គំរូ​របស់​ប៉ុល។ ពេល​ដែល​អាច​ធ្វើ​ទៅ​បាន យើង​ជួយ​អ្នក​ដទៃ​ឲ្យ​យល់​ច្បាស់​អំពី​កិច្ចការ​របស់​យើង ដោយ​ប្រើ​ឱកាស​និង​វិធី​ដែល​យើង​មាន។ ហើយ​យើង​ធ្វើ​ការ​ដើម្បី​គាំទ្រ​និង​ស្ថាបនា​ឲ្យ​ពេញ​តាម​ច្បាប់​ឲ្យ​ផ្សព្វផ្សាយ​ដំណឹង​ល្អ។ ប៉ុន្តែ យើង​មិន​គួរ​ទុក​ចិត្ត​ទាំងស្រុង​លើ​ការ​ខំ​ប្រឹង​បែប​នោះ​ទេ ពីព្រោះ​យើង​ចាត់ទុក​ថា​ជ័យជំនះ​ឬ​បរាជ័យ​មិន​ស្រេច​ទៅ​លើ​យើង​ឈ្នះ​ក្ដី​នៅ​តុលាការ ឬ​គេ​និយាយ​ល្អ​អំពី​យើង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា។ យើង​នឹក​ចាំ​នូវ​ការ​លើក​ទឹក​ចិត្ត​របស់​ទ្រង់​ទៅ​កាន់​ពួក​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ​ថា​៖ «ឯង​រាល់​គ្នា​នឹង​មាន​កំឡាំង​ដោយ​នៅ​តែ​ស្ងៀម ហើយ​មាន​សេចក្ដី​ទុក​ចិត្ត»។—អេសាយ ៣០:១៥

១៩​. ពេល​បងប្អូន​ទទួល​ការ​បៀតបៀន តើ​ការ​ទុក​ចិត្ត​របស់​បងប្អូន​លើ​ព្រះ​យេហូវ៉ា ស​ឲ្យ​ឃើញ​ថា​មាន​ប្រយោជន៍​យ៉ាង​ដូច​ម្ដេច?

១៩ ក្នុង​ប្រវត្ដិសាស្ត្រ​បច្ចុប្បន្ន​របស់​យើង នៅ​ពេល​ខ្លះ​កិច្ចការ​របស់​យើង​បាន​ត្រូវ​បំរាម​ឬក៏​ហាមឃាត់​នៅ​ទ្វីប​អឺរ៉ុប​ខាង​កើត​និង​ខាង​លិច នៅ​កន្លែង​ផ្សេងៗ​នៅ​ទ្វីប​អាស៊ី​និង​ទ្វីប​អាព្រិច និង​នៅ​ប្រទេស​ផ្សេង​ក្នុង​អាមេរិច​ខាង​ត្បូង​និង​ខាង​ជើង។ តើ​នេះ​បាន​សេចក្ដី​ថា ការ​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​ឥត​បាន​ប្រយោជន៍​ទេ​ឬ? មិន​ដូច្នេះ​ឡើយ ទោះ​ជា​ជួន​កាល​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​មាន​ការ​បៀតបៀន​យ៉ាង​ខ្លាំង​ក៏​ដោយ តែ​ព្រះ​យេហូវ៉ា​បាន​ពង្រឹង​កម្លាំង​ចិត្ត​ពួក​អ្នក​ដែល​បាន​រងគ្រោះ​យ៉ាង​ខ្លាំង​នោះ។ សូម្បីតែ​មាន​ការ​បៀតបៀន នោះ​គ្រីស្ទាន​ជា​ច្រើន​បាន​ស្ថាបនា​នូវ​កេរ្ដិ៍​ឈ្មោះ​យ៉ាង​ល្អ​ដោយសារ​ជំនឿ​និង​ការ​ទុក​ចិត្ត​លើ​ព្រះ។

២០​. ទោះ​ជា​យើង​អាច​ទទួល​ប្រយោជន៍​ពី​សេរីភាព​ដោយ​ពេញ​ច្បាប់​ក្ដី តើ​យើង​នឹង​មិន​លះបង់​ជំនឿ​របស់​យើង​ក្នុង​ន័យ​យ៉ាង​ណា?

២០ ម្យ៉ាង​វិញ​ទៀត ក្នុង​ប្រទេស​ជា​ច្រើន យើង​ត្រូវ​គេ​ទទួល​ស្គាល់​ពេញ​ច្បាប់ ហើយ​នៅ​ពេល​ខ្លះ​គេ​និយាយ​យ៉ាង​ល្អ​អំពី​យើង​តាម​រយៈ​ប្រព័ន្ធ​ផ្សាយ​ពត៌មាន។ យើង​ពិត​ជា​មាន​ចិត្ត​កតញ្ញូ​មែន​ចំពោះ​អ្វី​ដែល​គេ​បាន​ធ្វើ និង​ទទួល​ស្គាល់​ថា​ការ​ទទួល​ស្គាល់​ពេញ​ច្បាប់​នេះ ក៏​ជួយ​យើង​ឲ្យ​សម្រេច​គោលបំណង​របស់​ព្រះ​យេហូវ៉ា​ផង​ដែរ។ ដោយ​មាន​ការ​យល់​ព្រម​ពី​ទ្រង់ យើង​ប្រើសេរីភាព​នេះ មិន​មែន​ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​រស់​នៅ​របស់​ខ្លួន​បាន​ប្រសើរ​ឡើង​នោះ​ទេ តែ​ដើម្បី​បំរើ​ព្រះ​យេហូវ៉ា​នៅ​ទី​សាធារណៈ​និង​ឲ្យ​បាន​ពេញលេញ​វិញ។ យើង​នឹង​មិន​សុខ​ចិត្ត​លះ​ចោល​ភាព​អព្យាក្រឹត​របស់​យើង ដើម្បី​ឲ្យ​ពួក​អាជ្ញាធរ​គោរព​យើង​នោះ ឬ​កាត់​បន្ថយ​សកម្មភាព​ផ្សព្វ​ផ្សាយ ឬ​ក៏​ឲ្យ​កិច្ច​បំរើ​របស់​យើង​ដែល​មាន​ចំពោះ​ព្រះ​យេហូវ៉ា​អន់ថយ​នោះ​ដែរ។ យើង​ជា​អនុ​រាស្ត្រ​នៃ​ព្រះ​រាជាណាចក្រ​នៃ​ព្រះមេស្ស៊ី និង​គាំទ្រ​យ៉ាង​មុត​មាំ​នូវ​អធិបតេយ្យ​របស់​ព្រះ​យេហូវ៉ា។ យើង​មិន​មែន​ទុក​ចិត្ត​លើ​លោកីយ៍​នេះ​ទេ តែ​មាន​សេចក្ដី​សង្ឃឹម​ចំពោះ​ពិភពលោក​ថ្មី ដ្បិត​នឹង​មាន​តែ​ព្រះ​រាជាណាចក្រ​នៃ​ព្រះមេស្ស៊ី​ទេ​ដែល​នឹង​គ្រប់គ្រង​ទៅ​លើ​ផែនដី​នេះ។ គ្រាប់បែក ឬ​កាំជ្រួច សូម្បីតែ​ការ​វាយ​លុក​ដោយ​ប្រើ​គ្រាប់បែក​នុយក្លេអ៊ែ​ក៏​មិន​អាច​រំលំ​រដ្ឋាភិបាល​នេះ ឬ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​នេះ​ធ្លាក់​ពី​ស្ថានសួគ៌​ឡើយ។ រដ្ឋាភិបាល​នេះ​គឺ​មិន​ចេះ​ចាញ់​ទេ ហើយ​នឹង​សំរេច​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​វិញ។—ដានីយ៉ែល ២:៤៤; ហេព្រើរ ១២:២៨; វិវរណៈ ៦:២

២១​. តើ​យើង​ប្ដេជ្ញា​ចិត្ត​នឹង​បន្ត​ធ្វើ​យ៉ាង​ណា?

២១ ប៉ុល​បាន​និយាយ​ថា​៖ «យើង​រាល់​គ្នា​មិន​មែន​ជា​ពួក​អ្នក ដែល​ថយ​ទៅ​វិញ ឲ្យ​ត្រូវ​វិនាស​នោះ​ឡើយ គឺ​ជា​ពួក​អ្នក​ដែល​មាន​សេចក្ដី​ជំនឿ​សំរាប់​ឲ្យ​ព្រលឹង​បាន​សង្គ្រោះ​វិញ»។ (ហេព្រើរ ១០:៣៩) បើ​ដូច្នេះ សូម​ឲ្យ​យើង​ទាំង​អស់​គ្នា​បំរើ​ព្រះ​យេហូវ៉ា​ដោយ​ស្មោះ​ត្រង់​រហូត​ដល់​ទីបញ្ចប់។ យើង​មាន​ហេតុ​ដ៏​ល្អ​ចំពោះ​ការ​ទុក​ចិត្ត​ទាំង​ស្រុង​លើ​ព្រះ​យេហូវ៉ា​នៅ​សព្វ​ថ្ងៃ​នេះ​និង​ជា​រៀង​រហូត​ត​ទៅ។—ទំនុកដំកើង ៣៧:៣; ១២៥:១

តើ​អ្នក​រៀន​អ្វី​ខ្លះ?

ហេតុ​អ្វី​បាន​ជា​យ៉ូស្វេ​និង​កាលែប​បាន​រាយ​ការណ៍​ល្អ?

តើ​មាន​មូលហេតុ​ណា​ខ្លះ​ដែល​យើង​គួរ​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​ទាំង​ស្រុង​នោះ?

តើ​ការ​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​រួម​បញ្ចូល​អ្វី​ខ្លះ?

ដោយ​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា តើ​យើង​ប្ដេជ្ញា​ចិត្ត​នឹង​ធ្វើ​តាម​ជំហាន​អ្វី​ខ្លះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​១៦]

ការ​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា បាន​សេចក្ដី​ថា​ទុក​ចិត្ត​លើ​អ្នក ដែល​ទ្រង់​ទុក​ចិត្ត​ដែរ