លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«ចូរមានកំឡាំងហើយចិត្ដក្លាហានឡើង!»

«ចូរមានកំឡាំងហើយចិត្ដក្លាហានឡើង!»

«ចូរ​មាន​កំឡាំង​ហើយ​ចិត្ត​ក្លាហាន​ឡើង!»

​«ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ​ហើយ»។—យ៉ូហាន ១៦:៣៣

១​. ដោយសារ​មាន​ពួក​សត្រូវ​ដ៏​ខ្លាំង​ក្លា​រស់​នៅ​ក្នុង​ស្រុក​កាណាន តើ​ពួក​អ៊ីស្រាអែល​បាន​ទទួល​នូវ​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ណា?

នៅ​ពេល​ពួក​អ៊ីស្រាអែល​ហៀប​នឹង​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទៅ​ស្រុក​សន្យា នោះ​ម៉ូសេ​បាន​ប្រាប់​ពួក​គេ​ថា​៖ «ចូរ​មាន​កំឡាំង​ហើយចិត្ត​ក្លាហាន​ឡើង! កុំ​ឲ្យ​ខ្លាច ឬ​មាន​សេចក្ដី​ភ័យ​ញ័រ​ចំពោះ​គេ​ឡើយ ដ្បិត​គឺ​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង ដែល​យាង​ទៅ​ជា​មួយ​នឹង​ឯង»។ រួច​មក ម៉ូសេ​បាន​ហៅ​យ៉ូស្វេ​ដែល​បាន​រើស​តាំង​ឲ្យ​ដឹក​នាំ​ពួក​អ៊ីស្រាអែល​ចូល​ស្រុក​កាណាន ដើម្បី​ប្រាប់​ផ្ទាល់​នូវ​ឱវាទ​ដែល​ជួយ​ឲ្យ​មាន​ចិត្ត​ក្លាហាន។ (ចោទិយកថា ៣១:៦, ៧) ក្រោយ​មក ព្រះ​យេហូវ៉ា​ក៏​បាន​លើក​ទឹក​ចិត្ត​យ៉ូស្វេ ដោយ​មាន​បន្ទូល​ថា​៖ «ចូរ​ឲ្យ​មាន​កំឡាំង​នឹង​ចិត្ត​ក្លាហាន​ចុះ! . . . ឲ្យ​ឯង​គ្រាន់​តែ​មាន​កំឡាំង​នឹង​ចិត្ត​ក្លាហាន​ប៉ុណ្ណោះ»។ (យ៉ូស្វេ ១:៦, ៧, ៩) បើ​គិត​អំពី​ស្ថានការណ៍​នៅ​ពេល​នោះ ការ​ទទួល​ឱវាទ​នេះ​គឺ​ពិត​ជា​ត្រូវ​ចំ​ពេល​មែន។ ពួក​អ៊ីស្រាអែល​ត្រូវ​ការ​ចិត្ត​ក្លាហាន ដើម្បី​ប្រឈម​មុខ​នឹង​ពួក​សត្រូវ​ដ៏​ខ្លាំង​ក្លា​ដែល​រស់​នៅ​ត្រើយ​ម្ខាង​នៃ​ទន្លេ​យ័រដាន់។

២​. តើ​យើង​មាន​ស្ថានការណ៍​យ៉ាង​ណា​សព្វ​ថ្ងៃ​នេះ? ហើយ​តើ​យើង​ត្រូវ​ការ​អ្វី?

សព្វ​ថ្ងៃ​នេះ​មិន​យូរ​ប៉ុន្មាន​ទៀត គ្រីស្ទាន​ពិត​នឹង​ត្រូវ​ចូល​ក្នុង​ពិភពលោក​ថ្មី ហើយ​ដូច​យ៉ូស្វេ យើង​ក៏​ត្រូវ​ការ​ចិត្ត​ក្លាហាន​ដែរ។ (ពេត្រុសទី២ ៣:១៣; វិវរណៈ ៧:១៤) ក៏​ប៉ុន្តែ ស្ថានការណ៍​របស់​យើង គឺ​ខុស​គ្នា​នឹង​ស្ថានការណ៍​នៅ​សម័យ​របស់​យ៉ូស្វេ។ យ៉ូស្វេ​បាន​ច្បាំង​ដោយ​ប្រើ​ដាវ​និង​លំពែង។ តែ​យើង​មាន​ចម្បាំង​ខាង​វិញ្ញាណ ប៉ុន្តែ​យើង​នឹង​មិន​ប្រើ​អាវុធ​នោះ​ទេ។ (អេសាយ ២:២​-​៤; អេភេសូរ ៦:១១​-​១៧) ម្យ៉ាង​វិញ​ទៀត យ៉ូស្វេ​ត្រូវ​បាន​ច្បាំង​ក្នុង​សង្គ្រាម​ធំៗ​ជា​ច្រើន​ក្រោយ​ពី​បាន​ចូល​ស្រុក​សន្យា។ ប៉ុន្តែ​យើង​កំពុង​តែ​មាន​ចម្បាំង​យ៉ាង​ខ្លាំង​នៅ​សព្វ​ថ្ងៃ​នេះ មុន​នឹង​យើង​ចូល​ទៅ​ក្នុង​ពិភពលោក​ថ្មី។ សូម​ឲ្យ​យើង​ពិនិត្យ​មើល​នូវ​ស្ថានការណ៍​ខ្លះៗ​ដែល​តម្រូវ​ឲ្យ​មាន​ចិត្ត​ក្លាហាន។

ហេតុ​អ្វី​យើង​ត្រូវ​ខំ​ប្រឹង​ពុះពារ?

៣​. តើ​ព្រះ​គម្ពីរ​ប្រាប់​យ៉ាង​ណា​អំពី​មេ​សត្រូវ​របស់​យើង?

សាវ័ក​យ៉ូហាន​បាន​សរសេរ​ថា​៖ «យើង​ដឹង​ថា​យើង​មក​ពី​ព្រះ​ពិត តែ​លោកីយ​ទាំង​មូល​ដេក​នៅ​ក្នុង​ឱវាទ​នៃ​មេ​កំណាច​វិញ»។ (យ៉ូហានទី១ ៥:១៩) ពាក្យ​ទាំង​នេះ​បង្ហាញ​នូវ​មូលហេតុ​ដ៏​សំខាន់ ដែល​បណ្ដាពួក​គ្រីស្ទាន​ត្រូវ​ខំ​ប្រឹង​ពុះពារ​ដើម្បី​ការពារ​ជំនឿ​របស់​គេ។ បើ​គ្រីស្ទាន​ម្នាក់​រក្សា​នូវ​ចិត្ត​ស្មោះ​គ្រប់​លក្ខណ៍​របស់​ខ្លួន នោះ​គឺ​ឈ្នះ​លើ​អារក្ស​សាតាំង​មួយ​កំរិត​ហើយ។ ហេតុ​នេះ​ហើយ សកម្មភាព​របស់​សាតាំង​ប្រៀប​ដូច​ជា‹សិង្ហ​ដែល​ដើរ​គ្រហឹម› បើ​និយាយ​ជា​អត្ថបដិរូប នោះ​វា​ខំ​ប្រឹង​បន្លាច​និង​រក​ត្របាក់​ស៊ី​ពួក​គ្រីស្ទាន​ដ៏​ស្មោះត្រង់។ (ពេត្រុសទី១ ៥:៨) ប្រាកដ​ហើយ សាតាំង​ច្បាំង​ទាស់​នឹង​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​និង​ពួក​គូកន​របស់​គេ។ (វិវរណៈ ១២:១៧) ក្នុង​សង្គ្រាម​នេះ អារក្ស​សាតាំង​ប្រើ​មនុស្ស​ដើម្បី​សម្រេច​គោលដៅ​របស់​វា ទោះ​ជា​ពួក​គេ​ធ្វើ​ឡើង​ដោយ​ចេតនា​ឬ​អចេតនា​ក៏​ដោយ។ យើង​ត្រូវ​ការ​សេចក្ដី​ក្លាហាន​មែន ដើម្បី​កាន់​ជំហរ​មាំមួន​ប្រឆាំង​សាតាំង​និង​ពួក​កូន​ចៅ​របស់​វា។

៤​. តើ​ព្រះ​យេស៊ូ​បាន​ព្រមាន​អំពី​អ្វី? ប៉ុន្តែ តើ​បណ្ដា​គ្រីស្ទាន​ពិត​បាន​បង្ហាញ​នូវ​គុណសម្បត្ដិ​អ្វី?

ព្រះ​យេស៊ូ​បាន​ជ្រាប​ថា​សាតាំង​និង​កូន​ចៅ​របស់​វា​នឹង​ខំ​ប្រឆាំង​យ៉ាង​ខ្លាំង​ទាស់​នឹង​ដំណឹង​ល្អ ហេតុ​នេះ​ហើយ ទ្រង់​បាន​ព្រមាន​ពួក​សិស្ស​ទុក​ជា​មុន​ថា​៖ «គ្រា​នោះ គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ឲ្យ​មាន​សេចក្ដី​វេទនា ព្រម​ទាំង​សំឡាប់​អ្នក​រាល់​គ្នា ហើយ​គ្រប់​ទាំង​សាសន៍​នឹង​ស្អប់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ»។ (ម៉ាថាយ ២៤:៩) ពាក្យ​ទាំង​នោះ​បាន​សម្រេច​ចំពោះ​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ ហើយ​ក៏​កំពុង​តែ​សម្រេច​នៅ​សព្វ​ថ្ងៃ​នេះ​ផង​ដែរ។ ប្រាកដ​ហើយ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ខ្លះ​នៅ​សម័យ​នេះ​បាន​ទទួល​ការ​បៀតបៀន​យ៉ាង​ខ្លាំង​ដូច​ជា​ការ​បៀតបៀន​ឯ​ទៀត​ទូទាំង​ប្រវត្ដិសាស្ត្រ​ដែរ។ ប៉ុន្តែ បណ្ដា​ពួក​គ្រីស្ទាន​ពិត​គឺ​មាន​ចិត្ត​ក្លាហាន ទោះ​ជា​នៅ​ក្រោម​ការ​បង្ខិត​បង្ខំ​យ៉ាង​ណា​ក៏​ដោយ។ បណ្ដា​គ្រីស្ទាន​ដឹង​ថា​«ការ​ដែល​ខ្លាច​ចំពោះ​មនុស្ស នោះ​នាំ​ឲ្យ​ជាប់​អន្ទាក់» ហើយ​ពួក​គេ​មិន​ចង់​ជាប់​អន្ទាក់​នោះ​ទេ។—សុភាសិត ២៩:២៥

៥, ៦​. (ក) តើ​ស្ថានការណ៍​អ្វី​ដែល​តម្រូវ​ឲ្យ​យើង​មាន​សេចក្ដី​ក្លាហាន? (ខ) តើ​ជន​គ្រីស្ទាន​ដ៏​ស្មោះ​ត្រង់​មាន​ប្រតិកម្ម​យ៉ាង​ណា ពេល​សេចក្ដី​ក្លាហាន​របស់​ពួក​គេ​ស្ថិត​ក្រោម​ការ​សាកល្បង​នោះ?

ក្រៅ​ពី​ការ​បៀតបៀន​ដែល​តម្រូវ​ឲ្យ​យើង​មាន​ចិត្ត​ក្លាហាន នោះ​ក៏​នៅ​មាន​ការ​ពិបាក​ផ្សេង​ទៀត​ដែរ។ ចំពោះ​អ្នក​ផ្សាយ​ខ្លះ គ្រាន់​តែ​និយាយ​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​ដែល​គេ​មិន​ស្គាល់​ក៏​ជា​ការ​ពិបាក​មួយ​ទៅ​ហើយ។ សិស្ស​ខ្លះ​បាន​ត្រូវ​ល្បងល​នូវ​ចិត្ត​ក្លាហាន​របស់​ខ្លួន ពេល​គេ​តម្រូវ​ឲ្យ​ធ្វើ​សច្ចាប្រណិធាន​ចំពោះ​ប្រទេស​ឬ​ឲ្យ​គេ​គោរព​ទង់​ជាតិ។ ដោយ​ព្រោះ​ការ​សច្ចាប្រណិធាន​នេះ​គឺ​ជា​ពាក្យ​ខាង​សាសនា យុវ​វ័យ​គ្រីស្ទាន​បាន​សម្រេច​ចិត្ត​យ៉ាង​អង់អាច ដើម្បី​ធ្វើ​អ្វី​ដែល​ព្រះ​សព្វ​ព្រះ​ហឫទ័យ និង​ទង្វើ​ដ៏​ល្អ​របស់​គេ​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​រីករាយ​មែន។

ពេល​ពួក​អ្នក​ប្រឆាំង​ប្រើ​ប្រព័ន្ធ​ផ្សាយ​ពត៌មាន​ជា​ឧបករណ៍​ដើម្បី​ឃោសនា​អ្វី​ដែល​មិន​ល្អ​អំពី​ពួក​អ្នក​បំរើ​របស់​ព្រះ ឬ​ពេល​គេ​ខំ​រារាំង​ការ​ថ្វាយ​បង្គំ​ពិត ដោយ​«បង្កើត​ការ​ប្រទូសរ៉ាយ​ដោយ​អាង​មាត្រា​ច្បាប់» នោះ​យើង​ក៏​ត្រូវ​ការ​សេចក្ដី​ក្លាហាន​ដែរ។ (ទំនុកដំកើង ៩៤:២០) ជា​ឧទាហរណ៍ តើ​យើង​មាន​អារម្មណ៍​យ៉ាង​ណា ពេល​មាន​សេចក្ដី​រាយ​ការណ៍​ពី​កាសែត វិទ្យុ ឬ​ទូរទស្សន៍​បំភ្លៃ​សេចក្ដី​ពិត​អំពី​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ឬ​ផ្សាយ​ពត៌មាន​មិន​ពិត​ទាំង​ស្រុង​នោះ? តើ​យើង​គួរ​ភ្ញាក់ផ្អើល​ឬ​ទេ? មិន​មែន​ទេ! យើង​ដឹង​ថា​នឹង​មាន​រឿង​ដូច្នេះ​មែន។ (ទំនុកដំកើង ១០៩:២) ហើយ​យើង​ក៏​មិន​ភ្ញាក់ផ្អើល​ដែរ ពេល​មនុស្ស​ម្នាក់​ដែល​ស្ដាប់​ការ​ផ្សាយ​នៃ​ពាក្យ​កុហក​ហើយ​ការ​បំភ្លៃ​សេចក្ដី​ពិត​ទាំង​នេះ ពីព្រោះ​ព្រះ​គម្ពីរ​ប្រាប់​យើង​ថា​«មនុស្ស​ឆោត​ល្ងង់​គេ​ជឿ​គ្រប់​ពាក្យ​ទាំង​អស់»។ (សុភាសិត ១៤:១៥) យ៉ាង​ណា​ក៏​ដោយ ជន​គ្រីស្ទាន​ដ៏​ស្មោះ​ត្រង់​មិន​ព្រម​ជឿ​សេចក្ដី​ថ្លែង​ទាំង​អស់ ដែល​មនុស្ស​បាន​និយាយ​អំពី​បងប្អូន​យើង ហើយ​ពួក​គេ​ប្រាកដ​ជា​មិន​អនុញ្ញាត​ឲ្យ​របាយ​ការណ៍​ដែល​ជា​ដំណឹង​ខុស​នេះ ធ្វើ​ឲ្យ​ពួក​គេ​ខាន​ទៅ​កិច្ច​ប្រជុំ ឬ​បន្ថយ​សកម្មភាព​ក្នុង​កិច្ច​បំរើ​ផ្សាយ ឬ​ក៏​ធ្វើ​ឲ្យ​ជំនឿ​របស់​គេ​ទៅ​ជា​ខ្សោយ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​«ខំ​ផ្ទុក​ផ្ដាក់​ខ្លួន ទុក​ដូច​ជា​អ្នក​បំរើ​ព្រះ . . . ដោយ​មាន​កេរ្ដិ៍​ឈ្មោះ ហើយ​ត្រូវ​អាប់ឱន ដោយ​គេ​និយាយ​អាក្រក់ ឬ​ល្អ​ក្ដី ទុក​ដូច[យោង​តាម​អ្នក​ប្រឆាំង]ជា​មនុស្ស​កំភូត តែ​ពិត​ត្រង់​ទេ»។—កូរិនថូសទី២ ៦:៤, ៨

៧​. តើ​សំនួរ​ត្រិះរិះ​ណា​ខ្លះ ដែល​អាច​សួរ​ខ្លួន​យើង?

ពេល​ប៉ុល​សរសេរ​ទៅ​ធីម៉ូថេ នោះ​ប៉ុល​បាន​ពោល​ថា​៖ «ព្រះ​ទ្រង់​មិន​បាន​ប្រទាន​ឲ្យ​យើង​មាន​វិញ្ញាណ ដែល​តែង​តែ​ខ្លាច​ឡើយ គឺ​ឲ្យ​មាន​វិញ្ញាណ​ដ៏​មាន​អំណាច . . . ដូច្នេះ មិន​ត្រូវ​ឲ្យ​អ្នក​មាន​សេចក្ដី​ខ្មាស ចំពោះ​ការ​ធ្វើ​បន្ទាល់​ពី​ព្រះ​អម្ចាស់​នៃ​យើង»។ (ធីម៉ូថេទី២ ១:៧, ៨; ម៉ាកុស ៨:៣៨) ពេល​យើង​អាន​ពាក្យ​ទាំង​នោះ​ហើយ យើង​អាច​សួរ​ខ្លួន​យើង​ថា​៖ ‹តើ​ខ្ញុំ​ខ្មាស​គេ​ដោយសារ​ជំនឿ​របស់​ខ្ញុំ​ឬ​ទេ? ឬ​ក៏​តើ​ខ្ញុំ​មាន​ចិត្ត​ក្លាហាន​វិញ? តើ​ខ្ញុំ​ប្រាប់​គេ​ថា​ខ្ញុំ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា នៅ​កន្លែង​ធ្វើ​ការ (ឬ​នៅ​សាលា​រៀន)ឬ​ទេ? ឬ​ក៏​តើ​ខ្ញុំ​ខំ​បិទ​បាំង​មិន​ឲ្យ​គេ​ដឹង​ទៅ​វិញ? តើ​ខ្ញុំ​ខ្មាស​គេ​ដោយសារ​ខ្ញុំ​ខុស​ពី​គេ​ឬ​ទេ? ឬ​តើ​ខ្ញុំ​មាន​មោទនភាព​ដែល​ខ្ញុំ​ខុស​ពី​គេ ពីព្រោះ​ខ្ញុំ​មាន​ទំនាក់ទំនង​ជា​មួយ​ព្រះ​យេហូវ៉ា​នោះ?› ប្រសិន​បើ​អ្នក​ណា​ម្នាក់​មាន​អារម្មណ៍​មិន​ល្អ​អំពី​ការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ ឬ​ខ្លាច​ព្រោះ​មាន​ជំនឿ​ស៊ប់​ដែល​មនុស្ស​មិន​ចូល​ចិត្ត​នោះ សូម​ឲ្យ​គាត់​នឹក​ចាំ​នូវ​ឱវាទ​របស់​ព្រះ​យេហូវ៉ា​ដែល​មាន​បន្ទូល​ទៅ​កាន់​យ៉ូស្វេ​ចុះ ដែល​ថា​៖ «ចូរ​មាន​កំឡាំង​ហើយ​ចិត្ត​ក្លាហាន​ឡើង!»។ សូម​អ្នក​នឹក​ចាំ​កុំ​ភ្លេច​ថា ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​គ្រីស្ទ​គឺ​សំខាន់​ជាង មិន​មែន​មតិ​របស់​សហការី ឬ​មិត្ត​រួម​ថ្នាក់​របស់​យើង​នោះ​ទេ។—កាឡាទី ១:១០

របៀប​ដែល​យើង​អាច​បណ្ដុះ​ឲ្យ​មាន​ចិត្ត​ក្លាហាន

៨, ៩​. (ក) នៅ​គ្រា​មួយ តើ​សេចក្ដី​ក្លាហាន​របស់​គ្រីស្ទាន​នៅ​សម័យ​ដើម​បាន​ត្រូវ​ល្បងល​យ៉ាង​ណា? (ខ) តើ​ពេត្រុស​និង​យ៉ូហាន​មាន​ប្រតិកម្ម​យ៉ាង​ណា​ពេល​ប្រឈម​មុខ​នឹង​ការ​គំរាម​កំហែង? ហើយ​តើ​ពេត្រុស​និង​យ៉ូហាន​ព្រម​ទាំង​បងប្អូន​គ្រីស្ទាន​បាន​ពិសោធ​អ្វី?

តើ​យើង​អាច​បណ្ដុះ​ឲ្យ​មាន​ចិត្ត​ក្លាហាន​ដែល​នឹង​ជួយ​យើង​ឲ្យ​មាន​ចិត្ត​ស្មោះ ក្នុង​ពេល​ប្រឈម​មុខ​នឹង​ស្ថានការណ៍​ដ៏​ពិបាក​យ៉ាង​ដូច​ម្ដេច? បើ​ដូច្នេះ តើ​ជន​គ្រីស្ទាន​សម័យ​ដើម​បាន​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ក្លាហាន​យ៉ាង​ដូច​ម្ដេច? ចូរ​គិត​នូវ​អ្វី​ដែល​បាន​កើត​ឡើង ពេល​សម្ដេច​សង្ឃ​និង​ចាស់​ទុំ​ក្នុង​ក្រុង​យេរូសាឡិម ប្រាប់​ពេត្រុស​និង​យ៉ូហាន​ឲ្យ​ឈប់​ផ្សព្វផ្សាយ​ព្រះ​នាម​របស់​ព្រះ​យេស៊ូ។ ពួក​សិស្ស​មិន​បាន​ឈប់​ផ្សព្វផ្សាយ​ទេ ដូច្នេះ​ពួក​សិស្ស​បាន​ទទួល​នូវ​ការ​គំរាម​កំហែង​ពី​មេ​ដឹក​នាំ​សាសនា រួច​មក​គេ​ក៏​ដោះ​លែង​ពួក​សិស្ស​ទៅ។ ក្រោយ​មក ពួក​សិស្ស​នៅ​តែ​ចូល​រួម​ជា​មួយ​បងប្អូន​របស់​គេ​ដដែល និង​ទាំង​អស់​គ្នា​បាន​អធិស្ឋាន​ជា​មួយ​គ្នា ដោយ​ពោល​ថា​៖ «ឥឡូវ​នេះ ឱ​ព្រះ​អម្ចាស់​អើយ! សូម​ទត​មើល​សេចក្ដី​កំហែង​របស់​គេ ហើយ​សូម​ប្រទាន​ឲ្យ​ពួក​អ្នក​បំរើ​ទ្រង់ បាន​ផ្សាយ​ព្រះ​បន្ទូល ដោយ​សេចក្ដី​ក្លាហាន​ដ៏​ពេញលេញ»។ (កិច្ចការ ៤:១៣​-​២៩) ព្រះ​យេហូវ៉ា​តប​ឆ្លើយ​ដោយ​ប្រទាន​វិញ្ញាណ​បរិសុទ្ធ​ដើម្បី​ពង្រឹង​កម្លាំង​ចិត្ត​ពួក​សិស្ស ហើយ​ក្រោយ​មក​ពួក​មេ​ដឹក​នាំ​សាសនា​យូដា​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ពួក​សិស្ស​បាន​បង្រៀន​«នៅ​ពេញ​ក្រុង​យេរូសាឡិម​ទាំង​មូល»។—កិច្ចការ ៥:២៨

សូម​ឲ្យ​យើង​ពិនិត្យ​មើល​នូវ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​គ្រា​នោះ។ នៅ​ពេល​ពួក​មេ​ដឹក​នាំ​សាសនា​បាន​គំរាម​កំហែង​ពួក​សិស្ស​របស់​ព្រះ​យេ​ស៊ូ នោះ​ពួក​គេ​មិន​បាន​ឈប់​ផ្សព្វផ្សាយ​ដោយសារ​ការ​បង្ខិត​បង្ខំ​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​សិស្ស​បាន​អធិស្ឋាន​ទូល​សុំ​ឲ្យ​មាន​ចិត្ត​ក្លាហាន ដើម្បី​ពួក​គេ​បន្ត​ផ្សព្វផ្សាយ​ដំណឹង​ល្អ។ រួច​មក ពួក​សិស្ស​បាន​ប្រព្រឹត្ត​ស្រប​តាម​អ្វី​ដែល​គេ​បាន​អធិស្ឋាន ហើយ​ព្រះ​យេហូវ៉ា​បាន​ពង្រឹង​កម្លាំង​ចិត្ត​របស់​គេ។ បទ​ពិសោធន៍​របស់​ពួក​គេ​បង្ហាញ​នូវ​អ្វី​ដែល​ប៉ុល​បាន​សរសេរ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ក្នុង​រឿង​ផ្សេង​ទៀត តែ​ក៏​ទាក់ទង​ពួក​គ្រីស្ទាន​ពេល​គេ​ទទួល​ការ​បៀត​បៀន​ដែរ។ ប៉ុល​បាន​ពោល​ថា​៖ «ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយសារ[ព្រះ​យេហូវ៉ា]ដែល​ទ្រង់​ចំរើន​កំឡាំង​ដល់​ខ្ញុំ»។—ភីលីព ៤:១៣

១០​. តើ​បទ​ពិសោធន៍​របស់​យេរេមា បាន​ជួយ​អស់​អ្នក​ដែល​មាន​ចរិត​អៀន​យ៉ាង​ដូច​ម្ដេច?

១០ ប៉ុន្តែ ឧបមាថា​បុគ្គល​ម្នាក់​មាន​ចរិត​អៀន។ តើ​គាត់​អាច​នៅ​បំរើ​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​ក្លាហាន​ពេល​ប្រឈម​មុខ​នឹង​ការ​ប្រឆាំង​ឬ​ទេ? គឺ​ប្រាកដ​ជា​អាច។ សូម​នឹក​ចាំ​នូវ​ប្រតិកម្ម​របស់​យេរេមា ពេល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង​គាត់​ឲ្យ​ធ្វើ​ជា​ព្យាការី​ម្នាក់។ យុវ​បុរស​នេះ​បាន​ពោល​ថា​៖ «ទូល​បង្គំ​ជា​មនុស្ស​ក្មេង​សុទ្ធ»។ តាម​ពាក្យ​សំដី​របស់​យេរេមា យើង​ដឹង​ថា​គាត់​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​សមត្ថភាព​ទេ។ ក៏​ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​លើក​ទឹក​ចិត្ត​គាត់​ថា​៖ «កុំ​ឲ្យ​ថា​ឯង​ជា​មនុស្ស​ក្មេង​ឡើយ ដ្បិត​បើ​អញ​ចាត់​ឯង​ឲ្យ​ទៅ​ឯ​អ្នក​ណា នោះ​ឯង​ត្រូវ​តែ​ទៅ ហើយ​សេចក្ដី​អ្វី​ដែល​អញ​បង្គាប់​ឯង នោះ​ឯង​ត្រូវ​តែ​ប្រាប់​ដែរ . . . កុំ​ឲ្យ​ខ្លាច​ចំពោះ​គេ​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ ដើម្បី​នឹង​ជួយ​ឲ្យ​ឯង​រួច»។ (យេរេមា ១:៦​-​១០) យេរេមា​មាន​ទំនុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា ហើយ​ដោយសារ​កម្លាំង​របស់​ព្រះ​យេហូវ៉ា ជា​លទ្ធផល នោះ​គាត់​បាន​យក​ឈ្នះ​នូវ​ការ​ភ័យ​ខ្លាច​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ និង​បាន​ក្លាយ​ទៅ​ជា​ស្មរបន្ទាល់​ដ៏​ក្លាហាន​អស្ចារ្យ​ម្នាក់​ក្នុង​ប្រទេស​អ៊ីស្រាអែល។

១១​. តើ​អ្វី​ដែល​បាន​ជួយ​ជន​គ្រីស្ទាន​សព្វ​ថ្ងៃ​នេះ​ឲ្យ​មាន​ចិត្ត​ក្លាហាន​ដូច​យេរេមា?

១១ ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​សព្វ​ថ្ងៃ​នេះ ក៏​មាន​កិច្ចការ​ដែល​ត្រូវ​បំពេញ​ដូច​គ្នា​នឹង​កិច្ចការ​របស់​យេរេមា​ដែរ ដែល​មាន​«ហ្វូង​យ៉ាង​ធំ»​នៃ​«ចៀម​ឯ​ទៀត»​គាំទ្រ​ពួក​គេ​ក្នុង​កិច្ចការ​នេះ។ ដូច្នេះ​ហើយ ពួក​គេ​បន្ត​ប្រកាស​អំពី​គោល​បំណង​របស់​ព្រះ​យេហូវ៉ា ទោះ​ជា​មនុស្ស​ធ្វើ​ព្រងើយ​កន្តើយ ចំអក​ឡកឡឺយ និង​បៀតបៀន​ក៏​ដោយ។ (វិវរណៈ ៧:៩; យ៉ូហាន ១០:១៦) ពួក​គេ​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​បន្ទូល​របស់​ព្រះ​យេហូវ៉ា​ទៅ​កាន់​យេរេមា​ថា​៖ «កុំ​ឲ្យ​ខ្លាច​ចំពោះ​គេ​ឡើយ»។ ពួក​គេ​មិន​ដែល​ភ្លេច​ទេ​ថា ព្រះ​បាន​ចាត់​ពួក​គេ​ឲ្យ​មក ផ្សព្វផ្សាយ​បន្ទូល​របស់​ទ្រង់។—កូរិនថូសទី២ ២:១៧

យើង​គួរ​យក​តម្រាប់​តាម​គំរូ​នៃ​មនុស្ស​ដែល​មាន​ចិត្ត​ក្លាហាន

១២​. តើ​ព្រះ​យេស៊ូ​ផ្ដល់​គំរូ​ដ៏​ប្រសើរ​យ៉ាង​ណា​ចំពោះ​ការ​មាន​ចិត្ត​ក្លាហាន? តើ​ទ្រង់​បាន​លើក​ទឹក​ចិត្ត​ពួក​សិស្ស​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច?

១២ យើង​អាច​ទទួល​ជំនួយ​ក្នុង​ការ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​ក្លាហាន បើ​យើង​រំពឹង​គិត​ពី​គំរូ​របស់​អ្នក​ដទៃ ដែល​បាន​ប្រព្រឹត្ត​យ៉ាង​ក្លាហាន​ដូច​យេរេមា​ដែរ។ (ទំនុកដំកើង ៧៧:១២) ជា​ឧទាហរណ៍ ដូច​ជា​យើង​បាន​ពិនិត្យ​មើល​នូវ​កិច្ច​បំរើ​ផ្សាយ​របស់​ព្រះ​យេស៊ូ យើង​បាន​ស្ងើច​នឹង​សេចក្ដី​ក្លាហាន​របស់​ទ្រង់ ពេល​សាតាំង​បាន​ល្បួង​ទ្រង់ ហើយ​ពេល​ទ្រង់​បានប្រឈម​មុខ​នឹង​ការ​ប្រឆាំង​ពី​ពួក​មេ​ដឹក​នាំ​សាសនា​យូដា។ (លូកា ៤:១​-​១៣; ២០:១៩​-​៤៧) ដោយសារ​កម្លាំង​របស់​ព្រះ​យេហូវ៉ា នោះ​ព្រះ​យេស៊ូ​មាន​ជំនឿ​មុត​មាំ ហើយ​បន្ដិច​មុន​ព្រះ​យេស៊ូ​សោយទិវង្គត នោះ​ទ្រង់​បាន​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា​៖ «នៅ​លោកីយ​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​វេទនា​មែន ប៉ុន្តែ ត្រូវ​សង្ឃឹម[ឬ «មាន​ចិត្ត​ក្លាហាន»​, ព.ថ.]ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ​ហើយ»។ (យ៉ូហាន ១៦:៣៣; ១៧:១៦) ប្រសិន​បើ​ពួក​សិស្ស​របស់​ព្រះ​យេស៊ូ​ធ្វើ​តាម​គំរូ​របស់​ទ្រង់ នោះ​ពួកគេ​នឹង​បាន​ឈ្នះ​លោកីយ៍​នេះ​ដែរ។ (យ៉ូហានទី១ ២:៦; វិវរណៈ ២:៧, ១១, ១៧, ២៦) ប៉ុន្តែ ពួក​សិស្ស​ត្រូវ​ការ​នូវ​«ចិត្ត​ក្លាហាន»។

១៣​. តើ​ប៉ុល​បាន​ផ្ដល់​នូវ​ការ​លើក​ទឹក​ចិត្ត​អ្វី​ឲ្យ​ពួក​បងប្អូន​គ្រីស្ទាន​នៅ​ក្រុង​ភីលីព?

១៣ ប៉ុន្មាន​ឆ្នាំ​ក្រោយ​ពី​ព្រះ​យេស៊ូ​បាន​សោយទិវង្គត នោះ​ប៉ុល​និង​ស៊ីឡាស​បាន​ជាប់​គុក​នៅ​ក្រុង​ភីលីព។ ក្រោយ​មក ប៉ុល​បាន​លើក​ទឹក​ចិត្ត​បងប្អូន​គ្រីស្ទាន​នៅ​ក្រុង​ភីលីព ឲ្យ​បន្ត​«ឈរ​មាំមួន​ហើយ ព្រម​ទាំង​មាន​ចិត្ត​មាន​គំនិត​តែ​១ ដើម្បី​នឹង​តតាំង​ជា​មួយ​គ្នា ដោយ​នូវ​សេចក្ដី​ជំនឿ ខាង​ឯ​ដំណឹង​ល្អ​ផង ឥត​មាន​ភ័យ​ខ្លាច ចំពោះ​ពួក​ទាស់​ទទឹង​ក្នុង​ការ​អ្វី​ឡើយ»។ ប៉ុល​បាន​ពង្រឹង​កម្លាំង​ចិត្ត​ពួក​គេ​ឲ្យ​ឈរ​មាំមួន ដោយ​ពោល​ថា​៖ «ដំណើរ​នោះ​ឯង[ពួក​គ្រីស្ទាន​ដែល​ទទួល​ការ​បៀតបៀន] នឹង​សំដែង​ពី​សេចក្ដី​ហិនវិនាស​របស់​គេ[គឺ​ពួក​អ្នក​ប្រឆាំង] តែ​ពី​សេចក្ដី​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា​វិញ ដែល​សេចក្ដី​នោះ​បាន​មក​ពី​ព្រះ​ផង ដ្បិត​មាន​ឱកាស​បើក​ឲ្យ​អ្នក​រាល់​គ្នា​ហើយ មិន​មែន​ឲ្យ​គ្រាន់​តែ​ជឿ​ដល់​ព្រះ​គ្រីស្ទ​តែ​ប៉ុណ្ណោះ​ទេ គឺ​ឲ្យ​រង​ទុក្ខ​ដោយ​ព្រោះ​ទ្រង់​ដែរ»។—ភីលីព ១:២៧​-​២៩

១៤​. តើ​ចិត្ត​ក្លាហាន​របស់​ប៉ុល​បាន​មាន​អានុភាព​យ៉ាង​ណា​លើ​បងប្អូន​នៅ​ក្រុង​រ៉ូម?

១៤ នៅ​ពេល​ប៉ុល​បាន​សរសេរ​ទៅ​បងប្អូន​គ្រីស្ទាន​នៅ​ក្រុង​ភីលីព គាត់​បាន​ជាប់​គុក​ម្ដង​ទៀត ហើយ​លើក​នេះ​គាត់​ជាប់​គុក​ក្នុង​ក្រុង​រ៉ូម។ យ៉ាង​ណា​ក៏​ដោយ គាត់​បាន​បន្ត​ផ្សព្វផ្សាយ​យ៉ាង​ក្លាហាន​ដល់​អ្នក​ដទៃ។ តើ​គាត់​បាន​ទទួល​លទ្ធផល​យ៉ាង​ណា? ប៉ុល​បាន​សរសេរ​ថា​៖ «ដល់​ម្ល៉េះ​បាន​ជា​នៅ​ពេញ​ក្នុង​ផ្ទៃវាំង នឹង​គ្រប់​កន្លែង​ឯ​ទៀត គេ​បាន​ដឹង​ច្បាស់​ថា ខ្ញុំ​ជាប់​ចំណង​នេះ​ដោយ​ព្រោះ​ព្រះ​គ្រីស្ទ ហើយ​ពួក​បងប្អូន​ច្រើន​គ្នា​ក្នុង​ព្រះ​អម្ចាស់ ក៏​បាន​សង្ឃឹម​ឡើង​ដោយសារ​ចំណង​ខ្ញុំ ហើយ​គេ​ហ៊ាន​ផ្សាយ​ព្រះ​បន្ទូល​កាន់​តែ​ច្រើន​ឡើង ដោយ​ឥត​ភ័យ​ខ្លាច»។—ភីលីព ១:១៣, ១៤

១៥​. តើ​យើង​អាច​រក​គំរូ​ដ៏​ល្អ​នៃ​ជំនឿ​ពី​កន្លែង​ណា ដែល​នឹង​ពង្រឹង​ការ​ប្ដេជ្ញា​របស់​យើង​ឲ្យ​មាន​ចិត្ត​ក្លាហាន​នោះ?

១៥ គំរូ​របស់​ប៉ុល​ក៏​លើក​ទឹក​ចិត្ត​យើង​ដែរ។ ហើយ​គំរូ​ដ៏​ល្អ​នៃ​គ្រីស្ទាន​នៅ​សម័យ​នេះ ដែល​បាន​ស៊ូទ្រាំ​នឹង​ការ​បៀតបៀន ក្នុង​ប្រទេស​ដែល​មាន​អំណាច​ផ្ដាច់ការ​ឬ​គ្រប់គ្រង​ដោយ​បព្វជិត ក៏​លើក​ទឹក​ចិត្ត​យើង​ដែរ។ ដំណើរ​រឿង​នៃ​បងប្អូន​គ្រីស្ទាន​ជា​ច្រើន​បាន​កត់ទុក​ក្នុង​ទស្សនាវដ្ដី​ប៉មយាម និង​ភ្ញាក់រឭក! និង​សៀវភៅ​ប្រចាំ​ឆ្នាំ​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ ពេល​អ្នក​អាន​កំណត់​ហេតុ​របស់​បុគ្គល​ទាំង​នោះ សូម​នឹក​ចាំ​ថា ពួក​គេ​ក៏​ជា​មនុស្ស​ធម្មតា​ដូច​យើង​ដែរ តែ​ពេល​ពួក​គេ​បាន​ជួប​ប្រទះ​ស្ថានការណ៍​ពិបាក នោះ​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ដល់​ពួក​គេ​នូវ​ឥទ្ធិឫទ្ធិ​ដ៏​លើស​លប់ ហើយ​ពួក​គេ​អាច​ស៊ូទ្រាំ​បាន។ យើង​អាច​ដឹង​ប្រាកដ​ក្នុង​ចិត្ត​ថា ទ្រង់​នឹង​ជួយ​យើង​ដែរ​បើ​យើង​ជួប​ប្រទះ​នឹង​កាលៈទេសៈ​បែប​នោះ។

ជំហរ​ដ៏​ក្លាហាន​របស់​យើង ផ្គាប់​ព្រះ​ហឫទ័យ​និង​លើក​សរសើរ​ព្រះ​យេហូវ៉ា

១៦, ១៧​. តើ​សព្វ​ថ្ងៃ​នេះ​យើង​អាច​បណ្ដុះ​ឲ្យ​មាន​ចិត្ត​ក្លាហាន​យ៉ាង​ដូច​ម្ដេច​បាន?

១៦ ប្រសិន​បើ​គ្រីស្ទាន​ម្នាក់​កាន់​ជំហរ​មាំមួន​ចំពោះ​សេចក្ដី​ពិត​និង​សេចក្ដី​សុចរិត នោះ​គាត់​មាន​ចិត្ត​ក្លាហាន​មែន។ ប៉ុន្តែ ប្រសិន​បើ​គ្រីស្ទាន​ម្នាក់​កាន់​ជំហរ​មាំមួន ទោះ​ជា​មាន​អារម្មណ៍​ខ្លាច​ក៏​ដោយ គាត់​ច្បាស់​ជា​មាន​ចិត្ត​ក្លាហាន​ជាង​ទៅ​ទៀត។ ប្រាកដ​ហើយ គ្រីស្ទាន​ណា​ម្នាក់​ក៏​អាច​មាន​ចិត្ត​ក្លាហាន​ដែរ ប្រសិន​បើ​គាត់​ចង់​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា បើ​គាត់​ប្ដេជ្ញា​ចង់​នៅ​ស្មោះ​ត្រង់ បើ​គាត់​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​ជានិច្ច ហើយ​បើ​គាត់​តែង​នឹក​ចាំ​ថា ព្រះ​យេហូវ៉ា​បាន​ពង្រឹង​កម្លាំង​ចិត្ត​គ្រីស្ទាន​ពីដើម​រាប់​ពុំ​អស់​ដូច​គាត់​ដែរ។ ម្យ៉ាង​វិញ​ទៀត បើ​យើង​ដឹង​ថា​ជំហរ​ដ៏​ក្លាហាន​របស់​យើង​ផ្គាប់​ព្រះ​ហឫទ័យ​និង​លើក​ដំកើង​ព្រះ​យេហូវ៉ា នោះ​យើង​ត្រូវ​ប្ដេជ្ញា​កុំ​ឲ្យ​ចិត្ត​ក្លាហាន​របស់​យើង​ទៅ​ជា​ទន់ខ្សោយ​ឡើយ។ យើង​នឹង​សុខ​ចិត្ត​ស៊ូទ្រាំ​ចំពោះ​ការ​និយាយ​មើលងាយ ឬ​ទង្វើ​អាក្រក់​ជាង​នោះ​ទៅ​ទៀត ពីព្រោះ​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា​ខ្លាំង​ណាស់។—យ៉ូហានទី១ ២:៥; ៤:១៨

១៧ សូម​កុំ​ភ្លេច​ថា កាល​ណា​យើង​រង​ទុក្ខ​ដោយសារ​ជំនឿ​របស់​យើង នេះ​មិន​បាន​សេចក្ដី​ថា យើង​បាន​ប្រព្រឹត្ត​អ្វី​ខុស​នោះ​ទេ។ (ពេត្រុសទី១ ៣:១៧) យើង​រង​ទុក្ខ​ដោយសារ​យើង​គាំទ្រ​នូវ​អធិបតេយ្យ​របស់​ព្រះ​យេហូវ៉ា ពីព្រោះ​យើង​ធ្វើ​ការ​ល្អ ហើយ​យើង​មិន​មាន​ចំណែក​ក្នុង​លោកីយ៍​នេះ។ ក្នុង​ករណី​នេះ សាវ័ក​ពេត្រុស​បាន​ពោល​ថា​៖ «តើ​នឹង​មាន​សេចក្ដី​ប្រសើរ​អ្វី តែ​បើ​អ្នក​បាន​ប្រព្រឹត្ត​ល្អ ហើយ​ទ្រាំ​ឲ្យ​គេ​ធ្វើ​ទុក្ខ​ដោយ​អត់​ទ្រាំ​វិញ នោះ​ទើប​ជា​ការ​ដែល​គាប់​ព្រះ​ហឫទ័យ​នៅ​ចំពោះ​ព្រះ​មែន»។ ពេត្រុស​ក៏​បាន​និយាយ​បន្ថែម​ទៀត​ថា​៖ «ដូច្នេះ ពួក​អ្នក​ដែល​រង​ទុក្ខ តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ នោះ​ត្រូវ​ផ្ញើ​ព្រលឹង​ខ្លួន ទុក​នឹង​ព្រះ​ដ៏​បង្ក​បង្កើត ដែល​ទ្រង់​ស្មោះ​ត្រង់ ដោយ​ខ្លួន​ប្រព្រឹត្ត​ការ​ល្អ​ចុះ»។ (ពេត្រុសទី១ ២:២០; ៤:១៩) ត្រូវ​ហើយ ជំនឿ​របស់​យើង​ផ្គាប់​ព្រះទ័យ​ព្រះ​យេហូវ៉ា​និង​លើក​សរសើរ​ទ្រង់​ដែរ។ នេះ​ជា​មូលហេតុ​ដ៏​ល្អ​មែន​ចំពោះ​ការ​មាន​ចិត្ត​ក្លាហាន​នោះ!

ការ​និយាយ​ជា​មួយ​អាជ្ញាធរ

១៨, ១៩​. ពេល​យើង​កាន់​ជំហរ​មាំមួន​នៅ​ពី​មុខ​ចៅក្រម​ម្នាក់ តើ​យើង​ពិត​ជា​ប្រាប់​សារ​របស់​អ្នក​ណា?

១៨ នៅ​ពេល​ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​ពួក​សិស្ស​ទ្រង់ ថា​ពួក​គេ​នឹង​ទទួល​ការ​បៀតបៀន ទ្រង់​ក៏​មាន​បន្ទូល​ថា​៖ «ដ្បិត[មនុស្ស]នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ពួក​ក្រុមជំនុំ ហើយ​នឹង​វាយ​អ្នក​រាល់​គ្នា​នឹង​រំពាត់ នៅ​ក្នុង​សាលា​ប្រជុំ អ្នក​រាល់​គ្នា​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​នៅ​មុខ​ចៅហ្វាយ​ខេត្ត ហើយ​នៅ​ចំពោះ​ស្តេច ដោយ​ព្រោះ​ខ្ញុំ ទុក​ជា​ទី​បន្ទាល់​ដល់​លោក​ទាំង​នោះ ហើយ​នឹង​ពួក​សាសន៍​ដទៃ​ដែរ»។ (ម៉ាថាយ ១០:១៧, ១៨) បើ​គេ​ហៅ​យើង​ឲ្យ​ទៅ​ជួប​ចៅក្រម​ឬ​អ្នក​គ្រប់គ្រង​ម្នាក់ ដោយសារ​ការ​ចោទ​ប្រកាន់​មិន​ពិត នេះ​ក៏​តម្រូវ​ឲ្យ​យើង​មាន​សេចក្ដី​ក្លាហាន​ដែរ។ ប៉ុន្តែ បើ​យើង​ឆ្លៀត​ប្រើ​ឱកាស​នេះ​ដោយ​ចិត្ត​ក្លាហាន ដើម្បី​ធ្វើ​បន្ទាល់​ដល់​ពួក​អាជ្ញាធរ នោះ​យើង​អាច​ប្រើ​ស្ថានការណ៍​ដ៏​ពិបាក​នេះ​ដើម្បី​សម្រេច​អ្វី​ដ៏​សំខាន់​ជាង។ តាម​ពិត​ទៅ យើង​បង្ហាញ​ដល់​អ្នក​ដែល​វិនិច្ឆ័យ​យើង​នូវ​បន្ទូល​របស់​ព្រះ​យេហូវ៉ា ដូច​បាន​កត់​ទុក​នៅ​ក្នុង​ទំនុក​ទីពីរ ដែល​ថា​៖ «ដូច្នេះ ឱ​ពួក​មហាក្សត្រ​ទាំង​ប៉ុន្មាន​អើយ! ចូរ​ប្រព្រឹត្ត ដោយ​ប្រាជ្ញា​ចុះ! ឱ​ពួក​អស់​ទាំង​ចៅក្រម​នៅ​ផែនដី​អើយ! ចូរ​ទទួល​សេចក្ដី​ផ្ចាល​ចុះ! ចូរ​គោរព​ដល់​ព្រះ​យេហូវ៉ា ដោយ​កោត​ខ្លាច»។ (ទំនុកដំកើង ២:១០, ១១) ជា​ធម្មតា​ពេល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​គេ​ចោទ​ដោយ​មិន​ត្រឹម​ត្រូវ នោះ​ចៅក្រម​តែង​អនុញ្ញាត​ឲ្យ​យើង​មាន​សេរីភាព​ក្នុង​ការ​ថ្វាយ​បង្គំ ហើយ​យើង​មាន​ការ​ដឹង​គុណ​ណាស់​អំពី​រឿង​នេះ។ ប៉ុន្តែ ចៅក្រម​ខ្លះ​បាន​បណ្ដោយ​ឲ្យ​ខ្លួន​គេ​ជឿ​ទៅ​តាម​ពួក​អ្នក​ប្រឆាំង​ទៅ​វិញ។ ចំពោះ​ចៅក្រម​បែប​នេះ បទ​គម្ពីរ​ចែង​ថា​៖ «ចូរ​ទទួល​សេចក្ដី​ផ្ចាល​ចុះ!»។

១៩ ពួក​ចៅក្រម​គួរ​ជ្រាប​ថា ច្បាប់​របស់​ព្រះ​គឺ​ខ្ពស់​បំផុត។ ពួក​គេ​គួរ​ចង​ចាំ​ថា​មនុស្ស​ជាតិ​ទាំង​អស់ រួម​នឹង​ពួក​ចៅក្រម​ផង​ដែរ គឺ​ទទួល​ខុសត្រូវ​ចំពោះ​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​គ្រីស្ទ។ (រ៉ូម ១៤:១០) ចំពោះ​យើង​វិញ មិន​ថា​យើង​បាន​ទទួល​យុត្ដិធម៌​ពី​ចៅក្រម​ឬ​មិន​បាន​នោះ​ទេ យើង​នៅ​តែ​មាន​ចិត្ត​ក្លាហាន ពីព្រោះ​ព្រះ​យេហូវ៉ា​គាំទ្រ​យើង។ ព្រះ​គម្ពីរ​ចែង​ថា​៖ «មាន​ពរ​ហើយ អស់​អ្នក​ណា​ដែល​យក​ទ្រង់​ជា​ទីពឹង​ជ្រក»។—ទំនុកដំកើង ២:១២

២០​. ហេតុ​អ្វី​បាន​ជា​យើង​អាច​សប្បាយ​បើ​យើង​ត្រូវ​តែ​ស៊ូទ្រាំ​ការ​បៀតបៀន​ហើយ​ការ​និយាយ​បង្កាច់​បង្ខូច​នោះ?

២០ ព្រះ​យេស៊ូ​មាន​បន្ទូល​ក្នុង​ធម្មទាន​នៅ​លើ​ភ្នំ​ថា​៖ «អ្នក​រាល់​គ្នា​មាន​ពរ ក្នុង​កាល​ដែល​គេ​ជេរ បៀតបៀន ហើយ​និយាយ​បង្ខុស​គ្រប់​ទាំង​សេចក្ដី​អាក្រក់ ពី​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ខ្ញុំ ចូរ​មាន​ចិត្ត​អំណរ ហើយ​រីករាយ​ជា​ខ្លាំង​ចុះ! ដ្បិត​អ្នក​រាល់​គ្នា​មាន​រង្វាន់​ជា​ធំ​នៅ​ឯ​ស្ថានសួគ៌ ពីព្រោះ​គេ​ក៏​បាន​ធ្វើ​ទុក្ខ​ដល់​ពួក​ហោរា ដែល​នៅ​មុន​អ្នក​រាល់​គ្នា បែប​ដូច្នោះ​ដែរ»។ (ម៉ាថាយ ៥:១១, ១២) ប្រាកដ​ហើយ គ្មាន​អ្នក​ណា​ចូល​ចិត្ត​ការ​បៀត​បៀន​ទេ ទោះ​ជា​មាន​ការ​បៀតបៀន និង​សេចក្ដី​រាយ​ការណ៍​ដែល​បង្កាច់​បង្ខូច​តាម​រយៈ​ប្រព័ន្ធ​ផ្សាយ​ពត៌មាន​ក៏​ដោយ តែ​ដោយសារ​យើង​កាន់​ជំហរ​មាំមួន​នោះ នេះ​ហើយ​គឺ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​រីករាយ​វិញ។ យើង​កាន់​ជំហរ​មាំមួន​បាន​ន័យ​ថា​យើង​ផ្គាប់​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា និង​ទទួល​រង្វាន់​ជាក់​ជា​ពុំ​ខាន។ ការ​កាន់​ជំហរ​ដ៏​ក្លាហាន​របស់​យើង​បង្ហាញ​ថា យើង​មាន​ជំនឿ​យ៉ាង​មុត​មាំ​និង​ដឹង​ប្រាកដ​ក្នុង​ចិត្ត​ថា ព្រះ​សព្វ​ព្រះ​ហឫទ័យ​នឹង​យើង។ ប្រាកដ​ហើយ នេះ​បង្ហាញ​ថា​យើង​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​លើ​ព្រះ​យេហូវ៉ា។ ទំនុក​ចិត្ត​បែប​នេះ​គឺ​មាន​សារៈ​សំខាន់​ចំពោះ​គ្រីស្ទាន​ម្នាក់ ដូច​ជា​អត្ថបទ​បន្ទាប់​នឹង​បង្ហាញ។

តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ?

តើ​ស្ថានការណ៍​អ្វី​សព្វ​ថ្ងៃ​នេះ​ដែល​តម្រូវ​ឲ្យ​មាន​ចិត្ត​ក្លាហាន?

តើ​តាម​របៀប​ណា​ដែល​យើង​បណ្ដុះ​ឲ្យ​មាន​គុណសម្បត្ដិ​នៃ​ចិត្ត​ក្លាហាន?

តើ​អ្នក​ណា​ខ្លះ​បាន​ធ្វើ​ជា​គំរូ​យ៉ាង​ល្អ​អំពី​ចិត្ត​ក្លាហាន?

ហេតុ​អ្វី​ក៏​យើង​មាន​ចិត្ត​ប្រាថ្នា​ដើម្បី​ប្រព្រឹត្ត​ដោយ​ចិត្ត​ក្លាហាន?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​១០]

យើង​មិន​អាម៉ាស់​មុខ​ដោយសារ​ដំណឹង​ល្អ​ទេ