តើបុត្រធីតារបស់ខ្ញុំគួរទៅសាលារៀនឬទេ?
តើបុត្រធីតារបស់ខ្ញុំគួរទៅសាលារៀនឬទេ?
សូមឧបមាថាអ្នកមើលអក្សរមិនដាច់នៅទំព័រនេះ។ ចុះយ៉ាងណាវិញបើអ្នកមិនអាចនិយាយភាសាជាតិរបស់អ្នក? សូមឧបមាថាអ្នកមិនទាំងអាចចង្អុលប្រាប់ក្នុងផែនទីពិភពលោក ថាប្រទេសរបស់អ្នកនៅឯណាទៀតផងនោះ? កូនក្មេងច្រើនឥតគណនាធំពេញវ័យឡើងដោយរស់នៅក្នុងស្ថានភាពនេះ។ ចុះយ៉ាងណាដែរចំពោះបុត្រធីតារបស់អ្នក?
តើបុត្រធីតារបស់អ្នកគួរទៅសាលារៀនឬទេ? នៅក្នុងប្រទេសជាច្រើន ច្បាប់តម្រូវឲ្យក្មេងៗរៀននៅបឋមសិក្សានិងមធ្យមសិក្សា ដែលធម្មតាឥតចាំបាច់បង់ឈ្នួលសាលារៀនទេ។ មហាសន្និបាតនៃអង្គការសហប្រជាជាតិអំពីសិទ្ធិរបស់កុមារ ចាត់ទុកការសិក្សានៅសាលារដ្ឋជាសិទ្ធិដ៏សំខាន់ ហើយសេចក្ដីថ្លែងការណ៍ជាសាកលស្តីអំពីសិទ្ធិមនុស្ស ក៏មានទស្សនៈដូចនេះដែរ។ ប៉ុន្តែ នៅប្រទេសខ្លះៗ គឺត្រូវបង់ឈ្នួលចំពោះការរៀនសូត្រ ហើយការឥតមានលុយបង់ឈ្នួលសាលារៀន គឺជាបន្ទុកមួយចំពោះមាតាបិតាទាំងឡាយ។ សូមឲ្យយើងពិនិត្យមើលរឿងនេះតាមទស្សនៈរបស់មាតាបិតាគ្រីស្ទាន ដែលចង់ឲ្យបុត្រធីតាចេះអក្សរ តាមរយៈការសិក្សានៅសាលារៀនឬតាមរយៈវិធីផ្សេងទៀត។
គំរូផ្សេងៗក្នុងព្រះគម្ពីរអំពីការចេះអក្សរ
អ្នកបំរើរបស់ព្រះភាគច្រើនដូចបានរាយប្រាប់ក្នុងព្រះគម្ពីរ គឺចេះសរសេរនិងអានអក្សរបាន។ សាវ័កពេត្រុសនិងសាវ័កយ៉ូហានជាអ្នកនេសាទត្រីជាតិយូដា តែពួកគាត់បានសរសេរសៀវភៅខ្លះក្នុងព្រះគម្ពីរជាភាសាក្រិច ដែលមិនមែនជាភាសានៅស្រុកកាលីឡេទេ។ * តាមមើលទៅ មាតាបិតារបស់ពួកគាត់បានយកចិត្តទុកដាក់ឲ្យកូនបានទទួលការអប់រំ។ អ្នកសរសេរសៀវភៅខ្លះទៀតក្នុងព្រះគម្ពីរ ដែលបានទទួលនូវការអប់រំ គឺមានដាវីឌដែលជាអ្នកគង្វាល អេម៉ុសជាអ្នកធ្វើស្រែចំការ និងយូដាសដែលត្រូវជាប្អូនរបស់ព្រះយេស៊ូខាងម្ដាយ ហើយគាត់ប្រហែលជាជាងឈើ។
លោកយ៉ូបចេះសរសេរនិងអានអក្សរ និងសៀវភៅមួយក្នុងព្រះគម្ពីរដែលមានឈ្មោះរបស់គាត់ ក៏បញ្ជាក់ថាគាត់មានចំណេះដឹងអំពីវិទ្យាសាស្ត្រដែរ។ លោកយ៉ូបក៏ប្រហែលជាពូកែខាងអក្ខរាវិរុទ្ធ ដ្បិតពាក្យទាំងប៉ុន្មានដែលគាត់ថ្លែងក្នុងសៀវភៅយ៉ូបគឺបែបជាពាក្យកាព្យ។ ហើយយើងដឹងថាពួកគ្រីស្ទានសម័យដើមក៏ចេះអក្សរដែរ ពីព្រោះកំណត់ហេតុបានសរសេរខ្លះសំរាប់ការប្រជុំរបស់ពួកគេ គឺឃើញមានលើបំណែកនៃចានឆ្នាំងដី។
ការអប់រំជាផ្នែកដ៏សំខាន់ក្នុងជីវិតនៃពួកគ្រីស្ទាន
គ្រីស្ទានគ្រប់គ្នាត្រូវបង្កើនចំណេះព្រះគម្ពីរ ប្រសិនបើពួកគេចង់ផ្គាប់ព្រះហឫទ័យរបស់ព្រះ។ (ភីលីព ១:៩-១១; ថែស្សាឡូនីចទី១ ៤:១) យើងអាចមានការលូតលាស់ខាងវិញ្ញាណ ប្រសិនបើយើងយកចិត្តទុកដាក់មើលព្រះគម្ពីរ និងពិនិត្យមើលនូវឧបករណ៍សិក្សាដែលមានមូលដ្ឋានក្នុងព្រះគម្ពីរ។ ដោយសារព្រះបានប្រទាននូវព្រះបន្ទូលរបស់ទ្រង់ជាលាយលក្ខណ៍អក្សរ នោះទ្រង់តម្រូវឲ្យអ្នកថ្វាយបង្គំទ្រង់ចេះអក្សរតាមលទ្ធភាពខ្លួនធ្វើទៅបាន។ បើយើងយល់នូវអ្វីដែលយើងអានក្នុងព្រះគម្ពីរ នេះធ្វើឲ្យយើងស្រួលក្នុងការអនុវត្តតាមឱវាទនោះ។ ពិតហើយ យើងប្រហែលជាត្រូវអានមួយផ្នែកនោះឲ្យបានច្រើនដង ដើម្បីឲ្យយល់ដឹងអត្ថន័យនោះ និងដើម្បីរំពឹងគិតលើពត៌មានដែលយើងបានអាននោះ។—ទំនុកដំកើង ១១៩:១០៤; ១៤៣:៥; សុភាសិត ៤:៧
ជារៀងរាល់ឆ្នាំ រាស្ត្ររបស់ព្រះយេហូវ៉ាបានទទួលនូវពត៌មានជាច្រើន ដែលបានសរសេររៀបរៀងឡើងក្រោមការត្រួតពិនិត្យពី‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›។ (ម៉ាថាយ ២៤:៤៥-៤៧) ប្រកាសនវត្ថុទាំងនេះរៀបរាប់អំពីជីវភាពគ្រួសារ ទំនៀមទម្លាប់ សាសនា វិទ្យាសាស្ត្រ និងប្រធានផ្សេងៗជាច្រើនទៀត។ សំខាន់បំផុតនោះ ពត៌មានទាំងនេះមានឱវាទពីបទគម្ពីរចំពោះរឿងខាងវិញ្ញាណ។ ប្រសិនបើបុត្រធីតារបស់អ្នកមិនចេះអានអក្សរទេ នោះកូននឹងឥតបានទទួលប្រយោជន៍ពីពត៌មានដ៏សំខាន់និងចាំបាច់ទាំងនេះ។
ការរៀនអំពីប្រវត្ដិសាស្ត្ររបស់មនុស្សជាតិគឺសំខាន់ពីព្រោះនេះក៏ជួយយើងឲ្យយល់នូវមូលហេតុដែលយើងត្រូវការព្រះរាជាណាចក្ររបស់ព្រះដែរ។ យើងក៏ចង់មានចំណេះបឋមអំពីភូមិសាស្ត្រផងដែរ។ ព្រះគម្ពីរចែងប្រាប់នូវទីកន្លែងជាច្រើន ដូចប្រទេសអ៊ីស្រាអែល ប្រទេសអេស៊ីប និងប្រទេសក្រិច។ តើបុត្រធីតារបស់អ្នកអាចរកឃើញប្រទេសទាំងនោះនៅលើផែនទីពិភពលោកឬទេ? តើបុត្រធីតារបស់អ្នកអាចរកឃើញប្រទេសខ្លួននៅលើផែនទីពិភពលោកឬទេ? បើមនុស្សម្នាក់មិនចេះមើលផែនទី នោះអ្វីដែលគាត់សម្រេចក្នុងកិច្ចបំរើផ្សាយនឹងមិនបានពេញលេញក្នុងតំបន់ ដែលគេចាត់ឲ្យទៅផ្សាយនោះទេ។—ធីម៉ូថេទី២ ៤:៥
ឯកសិទ្ធិក្នុងក្រុមជំនុំ
ពួកអ្នកចាស់ទុំនិងអ្នកងារជំនួយគឺមានភារកិច្ចជាច្រើនដែលទាក់ទងនឹងការអានអក្សរ។ ជាឧទាហរណ៍ គាត់ត្រូវរៀបចំសុន្ទរកថាសំរាប់កិច្ចប្រជុំក្នុងក្រុមជំនុំ។ ពួកគាត់ត្រូវកត់ទុកបញ្ជីស្តីអំពីប្រកាសនវត្ថុនិងវិភាគទានជាដើម។ ប្រសិនបើបុគ្គលម្នាក់មិនចេះសរសេរនិងមិនចេះអានទេ នោះគាត់នឹងមានការពិបាក ដើម្បីបំពេញភារកិច្ចនោះដោយប្រសិទ្ធភាព។
នៅជុំវិញពិភពលោកក៏មានជនស្ម័គ្រចិត្តបំរើនៅបេតអែលដែរ។ ពួកគាត់ត្រូវចេះសរសេរនិងចេះអានភាសាជាតិនៃប្រទេសដែលពួកគេរស់នៅ ដើម្បីឲ្យពួកគាត់មានការប៉ិនប្រសប់ខាងនិយាយទាក់ទងគ្នានិងបំពេញភារកិច្ចរបស់ខ្លួន ដូចជាការបកប្រែ និងការជួសជុលម៉ាស៊ីនជាដើម។ ធម្មតា បុត្រធីតារបស់អ្នកត្រូវការការអប់រំនៅឯសាលា ប្រសិនបើថ្ងៃក្រោយចង់ទទួលឯកសិទ្ធិដូចនេះ។ តើមានមូលហេតុណាទៀតដែលមានប្រយោជន៍ ដែលបុត្រធីតារបស់អ្នកត្រូវទៅសាលានោះ?
ភាពក្រីក្រនិងជំនឿឆ្វេង
ក្នុងកាលៈទេសៈខ្លះ មនុស្សក្រីក្រប្រហែលជាជួយខ្លួនឯងពុំកើតទេ។ ប៉ុន្តែ ក្នុងករណីខ្លះទៀត យើងអាចជួយខ្លួននិងកូនរបស់យើងឲ្យជៀសវាងការរងទុក្ខលំបាកដោយមិនចាំបាច់ បើទទួលការអប់រំឲ្យបានល្មមគ្រប់គ្រាន់។ មនុស្សជាច្រើនដែលមិនបានរៀនសូត្រ សឹងតែចិញ្ចឹមជីវិតខ្លួនមិនរស់ទេ។ ជួនកាលកូនឬមាតាបិតាឈឺហើយស្លាប់ទៅ ដោយសារពួកគេមានប្រាក់ខែតិចពេក ដែលពុំអាចទិញថ្នាំពេទ្យព្យាបាលបាន។ មនុស្សដែលឥតសូវបានរៀនសូត្រឬក៏មិនបានរៀនសោះតែងទទួលអាហារមិនគ្រប់គ្រាន់និងមានផ្ទះអន់ជាង។ យ៉ាងហោចណាស់ ការអប់រំ ពោលគឺការចេះសរសេរនិងអានអក្សរ អាចជាជំនួយបានក្នុងករណីនេះ។
ការចេះអក្សរអាចជួយកាត់បន្ថយនូវការជឿលើជំនឿឆ្វេងដែរ។ ពិតហើយ អ្នកដែលមានការអប់រំខ្ពស់និងអ្នកដែលគ្មានការអប់រំសោះក៏មានជំនឿឆ្វេងដូចគ្នា។ ប៉ុន្តែ អ្នកដែលឥតបានរៀនសូត្រសោះ ប្រហែលជាត្រូវគេបោកបញ្ឆោតឬជញ្ជក់យកផលប្រយោជន៍យ៉ាងស្រួល ពីព្រោះពួកគេពុំចេះអក្សរ ដើម្បីឲ្យដឹងអំពីការបោកប្រាសទាំងនេះទេ។ ដូច្នេះហើយ ពួកគេទំនងជាលង់ទៅក្នុងជំនឿឆ្វេង និងទៅជាជឿថា គ្រូមន្តអាគមអាចប្រោសឲ្យជាបាន។—ចោទិយកថា ១៨:១០-១២; វិវរណៈ ២១:៨
ការអប់រំមិនមែនសំរាប់តែរកការងារធ្វើប៉ុណ្ណោះទេ
មនុស្សជាច្រើនគិតថា គោលបំណងដ៏ចំបងចំពោះការអប់រំ គឺដើម្បីរកស៊ីចិញ្ចឹមជីវិត។ ប៉ុន្តែ អ្នកដែលមានការអប់រំខ្ពស់ខ្លះក៏រកការងារពុំបានដែរ ឬមិនមានប្រាក់ខែគ្រប់គ្រាន់ដើម្បីទិញរបស់ត្រូវការចាំបាច់នោះទេ។ ដូច្នេះហើយ មាតាបិតាខ្លះអាចគិតថា ការបញ្ជូនកូនទៅសាលាគឺគ្មានប្រយោជន៍សោះ។ ប៉ុន្តែ ការអប់រំមិនមែនសំរាប់តែរកការងារធ្វើប៉ុណ្ណោះទេ តែចំណេះដឹងជួយកូនឲ្យមានសមត្ថភាពសាស្ដា ៧:១២) ប្រសិនបើមនុស្សម្នាក់ចេះអក្សរនៃភាសាជាតិរបស់ប្រទេសដែលយើងរស់នៅ នោះពេលយើងទាក់ទងនឹងបុគ្គលិកខាងពេទ្យ អ្នករាជការស៊ីវិល ឬទាក់ទងនឹងនិយោជិកធនាគារ នោះយើងអាចធ្វើឡើងដោយស្រួលនិងធម្មតា មិនមែនជាអ្វីដែលធ្វើឲ្យយើងភ័យខ្លាចនោះទេ។
គ្រប់គ្រាន់សំរាប់ជីវភាពរស់នៅ។ (នៅប្រទេសខ្លះ កូនដែលឥតមានការអប់រំ ប្រហែលជាប្រគល់ឲ្យមនុស្សណាម្នាក់ ដើម្បីឲ្យបង្ហាត់វិជ្ជាជីវៈ ពោលគឺការរៀបឥដ្ឋ ការនេសាទ កាត់ដេរ ឬក៏រៀនវិជ្ជាជីវៈផ្សេងទៀត។ ការរៀនវិជ្ជាជីវៈគឺមានប្រយោជន៍មែន ប៉ុន្តែ បើកូនមិនដែលទៅសាលារៀនសោះ នោះកូននឹងពុំចេះសរសេរនិងអានបានត្រឹមត្រូវឡើយ។ ប្រសិនបើកូនបានទទួលការអប់រំនៅបឋមសិក្សាជាមុន ហើយក្រោយមករៀនវិជ្ជាជីវៈណាមួយ នោះកូនប្រាកដជាអាចជៀសផុតពីមនុស្សដែលចាំតែជញ្ជក់យកប្រយោជន៍ ហើយពួកគេនឹងមានជីវិតគាប់ចិត្តជាង។
ព្រះយេស៊ូដែលមកពីភូមិណាសារ៉ែតគឺជាជាងឈើ ហើយតាមមើលទៅ ទ្រង់បានរៀនវិជ្ជាជីវៈនេះជាមួយនឹងយ៉ូសែប ដែលជាឪពុកចិញ្ចឹម។ (ម៉ាថាយ ១៣:៥៥; ម៉ាកុស ៦:៣) ព្រះយេស៊ូក៏ចេះអក្សរ ដ្បិតកាលទ្រង់មានព្រះជន្ម១២ឆ្នាំ ទ្រង់មានសមត្ថភាពពិគ្រោះយ៉ាងស៊ីជំរៅជាមួយមនុស្សចេះដឹងនៅឯព្រះវិហារ។ (លូកា ២:៤៦, ៤៧) ក្នុងករណីរបស់ព្រះយេស៊ូ ការរៀនវិជ្ជាជីវៈមួយ មិនបានប៉ះពាល់ដល់ការអប់រំផ្សេងទៀតឡើយ។
តើគួរឲ្យកូនស្រីទៅសាលារៀនដែរឬទេ?
ជួនកាលមាតាបិតាបញ្ជូនកូនប្រុសៗទៅសាលា តែមិនឲ្យកូនស្រីៗទៅទេ។ ប្រហែលជាមាតាបិតាខ្លះគិតថា បើឲ្យកូនស្រីទៅរៀនដែរនោះវាអស់លុយច្រើនណាស់ ហើយជឿថាអាចជួយម្ដាយបានច្រើនជាងបើកូនស្រីនៅផ្ទះជាប់ជាមួយម្ដាយ។ ប៉ុន្តែ ការមិនចេះអក្សរនឹង(Poverty and Children: Lessons of the 90s for Least Developed Countries) ក្មេងស្រីដែលទទួលបានការអប់រំអាចប្រឈមមុខដោះស្រាយបញ្ហាជីវិត និងអាចធ្វើការសម្រេចចិត្តល្អជាង ជាលទ្ធផលក៏ផ្ដល់ប្រយោជន៍ដល់សមាជិកទាំងអស់ក្នុងគ្រួសារ។
ធ្វើកូនស្រីមានបញ្ហានៅថ្ងៃមុខជាពុំខាន។ សៀវភៅមួយស្តីអំពីមូលនិធិដើម្បីកុមារនៃអង្គការសហប្រជាជាតិចែងថា៖ «ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការផ្ដល់ការអប់រំសំរាប់ក្មេងស្រី គឺជាមធ្យោបាយដ៏ប្រសើរដើម្បីបំបាត់ចោលនូវភាពក្រីក្រ»។ការស្រាវជ្រាវមួយស្តីអំពីចំនួនទារកស្លាប់នៅប្រទេសបេណាំងទ្វីបអាព្រិចខាងលិចបង្ហាញថា ក្រុមម្ដាយដែលឥតចេះអក្សរមានកូន១៦៧នាក់បានស្លាប់ក្នុងចំណោមកូន១.០០០នាក់ដែលមានអាយុក្រោមប្រាំឆ្នាំ រីឯចំពោះស្ត្រីដែលមានការអប់រំត្រឹមមធ្យមសិក្សាវិញ នោះមានកូន៣៨នាក់បានស្លាប់ក្នុងចំណោមកូន១.០០០នាក់។ មូលនិធិដើម្បីកុមារនៃអង្គការសហប្រជាជាតិសន្និដ្ឋានថា៖ «ដូច្នេះ កំរិតនៃការអប់រំ គឺជាអ្វីដែលមានឥទ្ធិពលលើអត្រាមរណៈទារកនៅប្រទេសបេណាំង ដូចជានៅជុំវិញពិភពលោកដែរ»។ ដូច្នេះ បើអ្នកឲ្យកូនស្រីរបស់អ្នករៀនសូត្រ នេះអាចមានផលប្រយោជន៍យ៉ាងច្រើនចំពោះកូន។
តើថ្នាក់បង្រៀនអក្សរគ្រប់គ្រាន់ឬទេ?
បើត្រូវការចាំបាច់ ស្មរបន្ទាល់ព្រះយេហូវ៉ាមានថ្នាក់បង្រៀនអក្សរសំរាប់សមាជិកក្នុងក្រុមជំនុំដែលមិនចេះអក្សរ។ * សំវិធានការដែលមានប្រយោជន៍នេះ គឺជួយមនុស្សឲ្យចេះអានអក្សរក្នុងភាសាដែលគេប្រើក្នុងប្រទេសនោះ។ តើថ្នាក់បង្រៀនអក្សរនេះអាចយកមកជំនួស ការអប់រំនៅឯសាលារៀនបានឬ? តើគួរតម្រូវឲ្យក្រុមជំនុំផ្ដល់នូវការអប់រំចំពោះកូនអ្នក ទោះជាមានការអប់រំនៅសាលារៀនឬទេ?
ទោះជាថ្នាក់បង្រៀនអក្សរជាការរៀបចំដ៏ល្អគិតដល់ប្រយោជន៍បងប្អូន ដែលបានធ្វើឡើងដោយក្រុមជំនុំរបស់ស្មរបន្ទាល់ព្រះយេហូវ៉ា តែថ្នាក់រៀនអក្សរគឺសំរាប់មនុស្សពេញវ័យដែលពុំធ្លាប់បានរៀនសូត្រពេលនៅក្មេង។ នេះគឺប្រហែលជាមាតាបិតារបស់គេមិនដឹងនូវសារៈសំខាន់នៃការរៀនសូត្រ ឬប្រហែលជាគ្មានសាលារៀនតែម្ដង។ បុគ្គលបែបនេះអាចទទួលជំនួយបាន ដោយមករៀននៅថ្នាក់បង្រៀនអក្សរដែលមានសំរាប់ក្រុមជំនុំនោះ។ ប៉ុន្តែ ថ្នាក់បង្រៀនអក្សរបែបនេះមិនមែនសំរាប់ជំនួសការសិក្សានៅសាលារដ្ឋ ហើយក៏មិនសំរាប់ផ្ដល់នូវចំណេះដែលមាននៅបឋមសិក្សាដែរ។ នៅក្នុងថ្នាក់បង្រៀនអក្សរបែបនេះ គឺមិនពិគ្រោះអំពីប្រធានដូចជាវិទ្យាសាស្ត្រ គណិតវិទ្យា និងប្រវត្ដិសាស្ត្រឡើយ។ ប៉ុន្តែ ប្រធានទាំងនេះគឺមាននៅក្នុងកម្មវិធីសាលារដ្ឋ។
នៅប្រទេសខ្លះក្នុងទ្វីបអាព្រិច នោះថ្នាក់បង្រៀនអក្សរគឺបង្រៀនក្នុងភាសានៃកុលសម្ព័ន្ធភាគច្រើន មិនសូវបង្រៀនជាភាសាជាតិនោះទេ។ ប៉ុន្តែ ការសិក្សានៅសាលារៀនគឺធម្មតាត្រូវបង្រៀនក្នុងភាសាជាតិ។ នេះផ្ដល់នូវអត្ថប្រយោជន៍បន្ថែមទៀតចំពោះក្មេងៗ ពីព្រោះមានសៀវភៅជាច្រើនដែលត្រូវសរសេរក្នុងភាសាជាតិ។ ទោះជាថ្នាក់បង្រៀនអក្សរតាមក្រុមជំនុំអាចបន្ថែមលើការអប់រំដែលមាននៅសាលារដ្ឋក៏ដោយ តែថ្នាក់បង្រៀនអក្សរនេះគឺមិនអាចយកមកជំនួសការសិក្សានៅសាលារៀនរដ្ឋបានឡើយ។ ដូច្នេះហើយ បើអាចធ្វើទៅបាន យើងគួរទំនុកបម្រុងឲ្យបុត្រធីតាទទួលការសិក្សានៅសាលារៀន មែនទេ?
ភារកិច្ចរបស់មាតាបិតា
បុរសៗដែលនាំមុខក្នុងការមើលថែរក្សានូវសេចក្ដីត្រូវការខាងវិញ្ញាណក្នុងក្រុមជំនុំ គឺជាគ្រីស្ទានដែលគួរយកជាគំរូ។ ពួកគាត់ត្រូវមើលខុសត្រូវលើក្រុមគ្រួសារនិងកូនៗឲ្យ«ស្រួលបួល»។ (ធីម៉ូថេទី១ ៣:៤, ១២) ការមើលខុសត្រូវឲ្យ«ស្រួលបួល» គឺរួមបញ្ចូលការខំប្រឹងធ្វើអស់ពីសមត្ថភាពដើម្បីជួយបុត្រធីតារបស់យើងជៀសពីបញ្ហាដែលអាចកើតមាននៅថ្ងៃមុខ។
ព្រះបានប្រទាននូវភារកិច្ចដ៏សំខាន់ដល់មាតាបិតាគ្រីស្ទាន។ មាតាបិតាត្រូវចិញ្ចឹមអប់រំបុត្រធីតាតាមព្រះបន្ទូល និងជួយបុត្រធីតាឲ្យទៅជា‹អ្នកស្រឡាញ់ការសិក្សា›។ (សុភាសិត ១២:១; ២២:៦; អេភេសូរ ៦:៤) សាវ័កប៉ុលបានសរសេរថា៖ «បើមានអ្នកណា ដែលមិនផ្គត់ផ្គង់ឲ្យពួកញាតិសន្ដានខ្លួន គឺឲ្យពួកអ្នកផ្ទះខ្លួនជាដើម អ្នកនោះឈ្មោះថាបានបោះបង់ចោលសេចក្ដីជំនឿហើយ ក៏អាក្រក់ជាងមនុស្សដែលមិនបានជឿទៅទៀត»។ (ធីម៉ូថេទី១ ៥:៨) ជាមាតាបិតាយើងក៏ត្រូវទំនុកបម្រុងឲ្យបុត្រធីតារៀនសូត្រដែរ។
កម្មវិធីនៅសាលាជួនកាលខ្វះនូវការបំពាក់បំប៉នខាងការអប់រំ ដោយសារមានសិស្សច្រើនពេក ឬថវិកាដែលគាំទ្រសាលាមិនគ្រប់គ្រាន់ ឬក៏ប្រហែលដោយសារគ្រូបង្រៀនមិនសប្បាយចិត្ត ពីព្រោះមានប្រាក់ខែតិចពេក។ ដូច្នេះហើយ គឺសំខាន់ណាស់ដែលមាតាបិតាយកចិត្តទុកដាក់នឹងអ្វីដែលបុត្រធីតាកំពុងតែរៀននៅឯសាលា។ ជាពិសេសនៅដើមឆមាស យកល្អមាតាបិតាគួរស្គាល់លោកគ្រូអ្នកគ្រូ ហើយសុំយោបល់ពីគ្រូបង្រៀនដើម្បីដឹងរបៀបដែលកូនអាចជាសិស្សដ៏ប្រសើរបាន។ ទង្វើនេះធ្វើឲ្យគ្រូបង្រៀនមានអារម្មណ៍ថាមានគេគោរពគាត់ និងក៏ជំរុញឲ្យខំប្រឹងបង្រៀនកូននោះថែមទៀតដែរ។
ការអប់រំគឺជាផ្នែកដ៏សំខាន់នៃការធំឡើងរបស់កូនម្នាក់។ សុភាសិត ១០:១៤ ចែងថា៖ «មនុស្សប្រាជ្ញ តែងប្រមូលចំណេះទុក»។ នេះគឺពិតជាដូច្នេះមែនចំពោះចំណេះដឹងអំពីព្រះគម្ពីរ។ រាស្ត្ររបស់ព្រះយេហូវ៉ា ទាំងចាស់ទាំងក្មេងត្រូវតែមានចំណេះដឹង ដើម្បីជួយអ្នកដទៃខាងវិញ្ញាណ និង‹ខំប្រឹងធ្វើយ៉ាងណាដើម្បីឲ្យគាប់ព្រះហឫទ័យព្រះ ដែលគ្មានអ្វីនាំឲ្យខ្មាស ព្រោះខ្លួនបានផ្សាយព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ›។ (ធីម៉ូថេទី២ ២:១៥; ធីម៉ូថេទី១ ៤:១៥) ដូច្នេះ តើបុត្រធីតារបស់អ្នកគួរទៅសាលារៀនឬទេ? អ្នកប្រាកដជាសន្និដ្ឋានថា បុត្រធីតាគួរទៅសាលារៀន ប៉ុន្តែនេះអាស្រ័យទៅលើកាលៈទេសៈនៅប្រទេសរបស់អ្នក។ ប៉ុន្តែ មាតាបិតាគ្រីស្ទានត្រូវឆ្លើយសំនួរដ៏សំខាន់នេះ ដែលថា៖ ‹តើបុត្រធីតារបស់ខ្ញុំត្រូវទទួលការអប់រំឬទេ›? អ្នកនឹងយល់ស្របថា ទោះជាយើងរស់នៅកន្លែងណាក៏ដោយ បុត្រធីតារបស់យើងត្រូវទទួលការអប់រំ មែនទេ?
[កំណត់សម្គាល់]
^ វគ្គ 5 ភាសាកំណើតរបស់ពួកគាត់ គឺប្រហែលជាភាសាអារ៉ាមរបស់អ្នកស្រុកកាលីឡេ ឬក៏គ្រាមភាសាម្យ៉ាងនៃភាសាហេព្រើរ។ សូមមើលសៀវភៅ ការយល់ធ្លុះជ្រៅនឹងបទគម្ពីរ ក្បាលទី១ ទំព័រ១៤៤-១៤៦ បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា (ភាសាអង់គ្លេស)។
^ វគ្គ 25 សូមមើលទស្សនាវដ្ដីភ្ញាក់រឭក! ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០០ ទំព័រ៨និង៩ (ភាសាអង់គ្លេស)។
[ប្រអប់/រូបភាពនៅទំព័រ៣០, ៣១]
បើពុំអាចទៅសាលាបាន
ក្នុងស្ថានការណ៍ខ្លះគឺពុំអាចទៅសាលារៀនបានទេ។ ជាឧទាហរណ៍ ទស្សនាវដ្ដីជនភៀសខ្លួនប្រាប់ថាក្នុងកូន៥នាក់ នោះមានតែកូនម្នាក់ទេ ដែលអាចទៅសាលាក្នុងជំរំជនភៀសខ្លួន។ ក្នុងករណីខ្លះ ដោយសារគ្រូបង្រៀនធ្វើកូដកម្ម នោះសាលាក្នុងតំបន់ក៏ឥតមានដំណើរការអស់មួយរយៈពេលយូរ។ ក្នុងតំបន់ខ្លះ គឺមានសាលានៅឆ្ងាយណាស់ឬក៏ឥតមានសាលារៀនតែម្ដង។ ដោយសារមានការបៀតបៀនចំពោះគ្រីស្ទាន នោះកូនគ្រីស្ទានត្រូវបណ្ដេញចេញពីសាលា។
តើអ្នកអាចជួយបុត្រធីតារបស់អ្នកក្នុងកាលៈទេសៈបែបនេះយ៉ាងណាបាន? តើអ្នកអាចធ្វើយ៉ាងណា បើអ្នកមានកូនច្រើន ហើយរស់នៅកន្លែងឆ្ងាយដាច់ស្រយាល និងពុំអាចមានលុយគ្រប់គ្រាន់បង់ឈ្នួលឲ្យកូនទាំងអស់ទៅសាលារៀននោះ? បើដូច្នេះ តើអ្នកមានលុយគ្រប់គ្រាន់ដើម្បីបញ្ជូនកូនម្នាក់ឬពីរនាក់ឲ្យទៅសាលាបានឬទេ? តើអ្នកអាចបញ្ជូនកូនទៅសាលា តែពុំឲ្យកូនមានគ្រោះថ្នាក់ខាងវិញ្ញាណបានឬទេ? បើអាចធ្វើបាន កូនណាម្នាក់អាចជួយអ្នកដើម្បីបង្រៀនកូនឯទៀតនូវអ្វីដែលកូននោះបានរៀននៅឯសាលា។
នៅប្រទេសខ្លះគឺមានការសិក្សានៅឯផ្ទះ។ * តាមរបៀបនេះ មាតាឬបិតាអាចចំណាយពេលពីរបីម៉ោងរាល់ថ្ងៃដើម្បីបង្រៀនកូន។ នៅសម័យមុនក្រិត្យវិន័យ នោះមាតាបិតាទទួលបានជោគជ័យក្នុងការបង្រៀនកូនរបស់ខ្លួន។ តាមមើលទៅ ដោយសារយ៉ូសែបដែលជាកូនរបស់យ៉ាកុបបានទទួលការអប់រំយ៉ាងល្អពីមាតាបិតា នោះយ៉ូសែបអាចទៅជាអ្នកមើលខុសត្រូវបានសូម្បីតែអាយុនៅក្មេង។
ការរស់នៅតាមជំរំជនភៀសខ្លួន នោះមាតាបិតាប្រហែលជាពិបាករកកម្មវិធីអប់រំដែលមាននៅសាលាដើម្បីបង្រៀនកូន តែមាតាបិតាក៏អាចប្រើប្រកាសនវត្ថុដែលបោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា សំរាប់ការបង្ហាត់បង្រៀនថ្នាក់បឋមនោះ។ ជាឧទាហរណ៍ សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ ក៏អាចមានប្រយោជន៍ចំពោះការបង្រៀនកូនរបស់អ្នកដែរ។ ទស្សនាវដ្ដីភ្ញាក់រឭក! (ជាភាសាអង់គ្លេស) ក៏មានអត្ថបទស្តីអំពីប្រធានផ្សេងៗ។ សៀវភៅជីវិត—បានកើតមានឡើងតាមរបៀបណា? តាមរបៀបវិវត្តន៍ឬតាមការបង្កើត? (ជាភាសាអង់គ្លេស) ក៏អាចយកមកប្រើដើម្បីបង្រៀនអំពីវិទ្យាសាស្ត្រដែរ។ សៀវភៅប្រចាំឆ្នាំរបស់ស្មរបន្ទាល់ព្រះយេហូវ៉ា គឺមានផែនទីពិភពលោក និងរៀបរាប់អំពីជីវិតនិងការផ្សព្វផ្សាយនៅប្រទេសផ្សេងៗ។
បើការបង្ហាត់បង្រៀនបានរៀបចំយ៉ាងល្អនិងធ្វើឡើងសំរាប់កំរិតនៃចំណេះដឹងរបស់កូន នោះកូននឹងទទួលបានប្រយោជន៍ច្រើន។ ប្រសិនបើកូនបន្តរៀនអក្សរនិងសិក្សា នោះបើមានសាលារដ្ឋនៅអនាគត នេះជាការស្រួលមែនចំពោះកូនរបស់អ្នក។ បើអ្នកខំចាត់វិធានការនិងខំប្រឹងនោះ អ្នកអាចជួយបុត្រធីតារបស់អ្នកឲ្យមានចំណេះដឹង ហើយនេះពិតជាមានប្រយោជន៍យ៉ាងណាទៅហ្ន៎!
[កំណត់សម្គាល់]
^ វគ្គ 40 សូមមើលអត្ថបទ«ការសិក្សានៅឯផ្ទះ តើសំរាប់អ្នកឬទេ? ពីទស្សនាវដ្ដីភ្ញាក់រឭក! ឆ្នាំ១៩៩៣ ថ្ងៃទី៨ ខែមេសា ទំព័រ៩-១២ (ភាសាអង់គ្លេស)។
[រូបភាព]
តើអ្នកអាចធ្វើយ៉ាងណា បើអ្នករស់នៅកន្លែងឆ្ងាយដាច់ស្រយាលដែលបុត្រធីតារបស់អ្នកពុំអាចទៅសាលារៀននោះ?