សៀវភៅមួយដែលយុវវ័យភាគច្រើនមិនចាប់អារម្មណ៍
សៀវភៅមួយដែលយុវវ័យភាគច្រើនមិនចាប់អារម្មណ៍
យុវតីមួយរូបឈ្មោះ ប៊ីអាទី បាននិយាយថា៖«ខ្ញុំមិនអាចប្រាកដថាព្រះគម្ពីរជាបន្ទូលនៃព្រះទេ។ ព្រះគម្ពីរជាសៀវភៅមួយដែលខ្ញុំមិនចាប់អារម្មណ៍ទាល់តែសោះ»។
នៅប្រទេសអាល្លឺម៉ង់ដែលជាមាតុភូមិរបស់ប៊ីអាទី យុវវ័យភាគច្រើនក៏មានគំនិតដូចនាងដែរ ដូច្នេះពួកគេចាត់ទុកការអានព្រះគម្ពីរជាអ្វីដ៏មិនសូវសំខាន់ទេ។ នៅពេលថ្មីៗនេះ ការស្ទង់មតិមួយបានបង្ហាញឲ្យដឹងថា មានប្រមាណ១ភាគរយនៃយុវវ័យដែលបានអានព្រះគម្ពីរជាញយដង មាន២ភាគរយដែលអានច្រើនល្មមៗ មាន១៩ភាគរយកម្រអានណាស់ និងមាន៨០ភាគរយមិនដែលអានសោះ។ ប្រទេសឯទៀតទំនងជាមានស្ថិតិដូចគ្នាខាងលើនេះ ហើយប្រហែលជាប្រទេសរបស់អ្នកក៏ដូចគ្នាដែរ។ នេះបង្ហាញច្បាស់ថា ព្រះគម្ពីរជាសៀវភៅមួយដែលយុវវ័យភាគច្រើនមិនចាប់អារម្មណ៍ទេ។
ហេតុនេះហើយ គឺគ្មានចំឡែកអ្វីទេដែលយុវវ័យសម័យថ្មីនេះមានចំណេះដឹងតិចណាស់អំពីព្រះគម្ពីរ! នៅដើមឆ្នាំ២០០០ កាសែតមួយនៅប្រទេសអាល្លឺម៉ង់រាយការណ៍អំពីលទ្ធផលនៃការស្ទង់មតិមួយដែលបង្ហាញឲ្យដឹងនូវចំនួនមនុស្សដែលស្គាល់ក្រិត្យវិន័យដប់ប្រការនិងអនុវត្តតាមក្នុងជីវិតខ្លួន។ ក្នុងចំណោមមនុស្សអាយុ៦០ឆ្នាំជាង មាន៦៧ភាគរយដែលស្គាល់ក្រិត្យវិន័យដប់ប្រការនិងប្រព្រឹត្តឲ្យសមស្របតាម។ ឯមនុស្សអាយុតិចជាង៣០ឆ្នាំ មានតែ២៨ភាគរយទេដែលស្គាល់និងប្រព្រឹត្តឲ្យសមស្របតាម។ គឺពិតណាស់ដែលថា ព្រះគម្ពីរជាសៀវភៅមួយដែលយុវវ័យពុំស្គាល់។
យុវវ័យខ្លះមានទស្សនៈផ្សេង
ក៏ប៉ុន្តែ ទូទាំងពិភពលោកមានយុវវ័យរាប់លាននាក់ដែលបានពិសោធន៍ឃើញថា បន្ទូលរបស់ព្រះមានតម្លៃលើសលប់។ ដូចជាយុវជនម្នាក់អាយុ១៩ឆ្នាំឈ្មោះ អាឡិចសានដឺ។ គាត់បានអានព្រះគម្ពីររៀងរាល់ព្រឹកមុនទៅធ្វើការ។ គាត់បញ្ជាក់ថា«មុនខ្ញុំទៅធ្វើការ គ្មានអ្វីល្អប្រសើរជាងការអានព្រះគម្ពីរទេ»។ យុវតីមួយរូបឈ្មោះ សានត្រា ឆ្លៀតពេលខ្លះៗអានពីព្រះគម្ពីររាល់ល្ងាចមិនដែលខាន។ នាងពន្យល់ថា៖«នេះជាទម្លាប់ប្រចាំថ្ងៃរបស់ខ្ញុំហើយ»។ ហើយយុវតីមួយរូបទៀតឈ្មោះ ជូលៀរ អាយុ១៣ឆ្នាំមានទម្លាប់អាន យ៉ាងតិចមួយជំពូកពីព្រះគម្ពីររាល់យប់មុនចូលគេង។ នាងប្រាប់ថា៖«ខ្ញុំពិតជាចូលចិត្តណាស់ ហើយខ្ញុំចង់មានទម្លាប់ដដែលនេះនៅអនាគតដែរ»។
តើទស្សនៈមួយណាគឺត្រឹមត្រូវនិងមានប្រយោជន៍បំផុត? តើការអានព្រះគម្ពីរពិតជាមានប្រយោជន៍មែនឬ? តើព្រះគម្ពីរពិតជាមានតម្លៃនិងសារៈសំខាន់សំរាប់យុវវ័យសម័យនេះឬទេ? តើអ្នកគិតយ៉ាងណា?