លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរ«បង្ហាញចិត្ដស្លូតបូតគ្រប់យ៉ាងចំពោះមនុស្សទាំងអស់»

ចូរ«បង្ហាញចិត្ដស្លូតបូតគ្រប់យ៉ាងចំពោះមនុស្សទាំងអស់»

ចូរ​«បង្ហាញ​ចិត្ត​ស្លូតបូត​គ្រប់​យ៉ាង​ចំពោះ​មនុស្ស​ទាំង​អស់»

​«ចូរ​រំលឹក​ដាស់​តឿន . . . អោយ​គេ​មាន​ចិត្ត​សប្បុរស​និង​បង្ហាញ​ចិត្ត​ស្លូតបូត​គ្រប់​យ៉ាង​ចំពោះ​មនុស្ស​ទាំង​អស់​វិញ»។—ទីតុស ៣:១, ២, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ

១​. ហេតុ​អ្វី​ការ​បង្ហាញ​ភាព​ស្លូតបូត​គឺ​មិន​តែង​តែ​ងាយ​ស្រួល​ទេ?

សាវ័ក​ប៉ុល​បាន​សរសេរ​ថា​៖​«ចូរ​ត្រាប់​តាម​ខ្ញុំ ដូច​ជា​ខ្ញុំ​បាន​ត្រាប់​តាម​ព្រះ​គ្រីស្ទ​ដែរ»។ (កូរិនថូសទី១ ១១:១) សព្វ​ថ្ងៃ​នេះ អ្នក​បំរើ​ទាំង​ឡាយ​របស់​ព្រះ​ប្រឹងប្រែង​ប្រព្រឹត្ត​តាម​ការ​ទូន្មាន​នេះ។ ពិត​ណាស់ នេះ​គឺ​មិន​ស្រួល​ទេ ដ្បិត​យើង​បាន​ទទួល​មរតក​មួយ​ពី​មាតា​បិតា​ដំបូង​របស់​យើង ពោល​គឺ​សេចក្ដី​ប៉ង​ប្រាថ្នា​ប្រកប​ទៅ​ដោយ​អត្តទត្ថភាព និង​លក្ខណៈ​ដែល​មិន​សម​ស្រប​តាម​គំរូ​របស់​ព្រះ​គ្រីស្ទ។ (រ៉ូម ៣:២៣; ៧:២១​-​២៥) យ៉ាង​ណា​ក៏​ដោយ ចំណែក​ការ​សម្ដែង​ភាព​ស្លូតបូត​វិញ យើង​ទាំង​អស់​គ្នា​អាច​ទទួល​បាន​ជោគជ័យ​បើ​យើង​ព្យាយាម។ តែ​ការ​មាន​ឆន្ទៈ​ធ្វើ​ដូច្នេះ​គឺ​មិន​គ្រប់គ្រាន់​ទេ។ តើ​ត្រូវ​ការ​អ្វី​ទៀត?

២​. តើ​យើង​អាច​បង្ហាញ​«ចិត្ត​ស្លូតបូត​គ្រប់​យ៉ាង​ចំពោះ​មនុស្ស​ទាំង​អស់»​យ៉ាង​ដូច​ម្ដេច?

ភាព​ស្លូតបូត​ដូច​ព្រះ​សម្ដែង​នោះ គឺ​ជា​ផលផ្លែ​មួយ​នៃ​វិញ្ញាណ​បរិសុទ្ធ។ បើ​យើង​កាន់​តែ​បន្ទន់​តាម​ការ​ដឹក​នាំ​ពី​សកម្ម​ពល​របស់​ព្រះ នោះ​ផលផ្លែ​នៃ​សកម្ម​ពល​របស់​ព្រះ​នឹង​មាន​កាន់​តែ​ជាក់​ស្តែង​ក្នុង​លក្ខណៈ​របស់​យើង។ ក្រោយ​យើង​ធ្វើ​ដូច្នេះ ទើប​មាន​សមត្ថភាព​បង្ហាញ​«ចិត្ត​ស្លូតបូត​គ្រប់​យ៉ាង»​ចំពោះ​មនុស្ស​ទាំង​អស់។ (ទីតុស ៣:២, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ) សូម​យើង​ពិនិត្យ​មើល​នូវ​របៀប​ដែល​យើង​អាច​ត្រាប់​តាម​គំរូ​របស់​ព្រះ​យេស៊ូ​ក្នុង​បំណង​ផ្ដល់​សមត្ថភាព​ឲ្យ​អ្នក​ណា​ដែល​យើង​ជួប​ទទួល​បាន​នូវ​«សេចក្ដី​សំរាក​ដល់​ព្រលឹង​[«កម្លាំង​ចិត្ត​ឡើង​វិញ»​, ព.ថ.]»។—ម៉ាថាយ ១១:២៩; កាឡាទី ៥:២២, ២៣

ក្នុង​ក្រុម​គ្រួសារ

៣​. ក្នុង​ក្រុម​គ្រួសារ​តើ​មាន​ស្ថានភាព​បែប​ណា​ដែល​ជា​ការ​សម្ដែង​នូវ​វិញ្ញាណ​របស់​លោកីយ៍​នេះ?

កន្លែង​មួយ​ដែល​ត្រូវ​មាន​ភាព​ស្លូតបូត​ជា​ចាំបាច់​គឺ​ក្នុង​សំណាក់​ក្រុម​គ្រួសារ។ អង្គការ​សុខភាព​ពិភពលោក​ប៉ាន់​ស្មាន​ថា លទ្ធភាព​ដែល​ពួក​ស្ត្រី​អាច​រងគ្រោះ​ដល់​សុខភាព​ដោយសារ​អំពើ​ហិង្សា​ក្នុង​ក្រុមគ្រួសារ គឺ​ច្រើន​ជាង​លទ្ធភាព​ដែល​រងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​និង​ការ​ឆ្លង​ជំងឺ​គ្រុន​ចាញ់​ទាំង​ពីរ​រួម​គ្នា។ ជា​ឧទាហរណ៍ នៅ​ទី​ក្រុង​ឡុង​នៅ​ប្រទេស​អង់គ្លេស ម្ភៃ​ប្រាំ​ភាគ​រយ​នៃ​បណ្ដឹង​អំពី​អំពើ​ហិង្សា គឺ​អំពើ​ហិង្សា​ក្នុង​គ្រួសារ។ ជា​ញឹកញយ ប៉ូលិស​ជួប​មនុស្ស​ដែល​បញ្ចេញ​អារម្មណ៍​ដោយ​‹ស្រែក​ឡូឡា​និង​ជេរ​ប្រមាថ›។ អាក្រក់​ជាង​នោះ​ទៅ​ទៀត គូ​ស្វាមី​ភរិយា​ខ្លះ​បាន​អនុញ្ញាត​ឲ្យ​‹ចិត្ត​ជូរចត់›មាន​ឥទ្ធិពល​ទៅ​លើ​សម្ព័ន្ធ​មេត្រី​របស់​ពួក​គេ។ ទង្វើ​ទាំង​នេះ​ជា​ការ​សម្ដែង​នូវ​«វិញ្ញាណ​របស់​លោកីយ»​ដែល​ជា​ការ​គួរ​ឲ្យ​សោក​ស្ដាយ​ណាស់។ ហេតុ​នេះ​ហើយ​ការ​ប្រព្រឹត្ត​នេះ​គឺ​មិន​សម​សោះ​សំរាប់​ក្រុម​គ្រួសារ​គ្រីស្ទាន។—អេភេសូរ ៤:៣១; កូរិនថូសទី១ ២:១២

៤​. តើ​ភាព​ស្លូតបូត​អាច​មាន​ឥទ្ធិពល​អ្វី​ទៅ​លើ​ក្រុម​គ្រួសារ?

ដើម្បី​ទប់ទល់​នឹង​ចិត្ត​ទន់​ទោរ​ទៅ​រក​ការ​ប្រព្រឹត្ត​ដូច​លោកីយ៍ យើង​ត្រូវ​ការ​វិញ្ញាណ​របស់​ព្រះ។ «កន្លែង​ណា​ដែល​មាន​ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់ នោះ​ក៏​មាន​សេរីភាព​ដែរ»។ (កូរិនថូសទី២ ៣:១៧) សេចក្ដី​ស្រឡាញ់ សេចក្ដី​សប្បុរស ការ​ចេះ​ទប់​ចិត្ត និង​ការ​អត់ធន់​នឹង​ពង្រឹង​សម្ព័ន្ធ​មេត្រី​រវាង​គូ​ស្វាមី​ភរិយា​ដ៏​ឥត​គ្រប់​ល័ក្ខណ៍។ (អេភេសូរ ៥:៣៣) ចិត្ត​ស្លូតបូត​ធ្វើ​ឲ្យ​បរិយាកាស​ក្នុង​ក្រុម​គ្រួសារ​ប្រកប​ទៅ​ដោយ​ភាព​សប្បាយ​ជាង ហើយ​ជា​អ្វី​គួរ​ឲ្យ​ចង់​បាន​ណាស់ ដែល​ផ្ទុយ​ពី​ការ​ឈ្លោះ​ប្រកែក​មិន​ចុះ​សំ​រុង​គ្នា ដែល​ធ្វើ​ឲ្យ​កករ​ល្អក់​ដល់​ក្រុម​គ្រួសារ​ជា​ច្រើន។ អ្វី​ដែល​មនុស្ស​ម្នាក់​និយាយ​គឺ​សំខាន់ ប៉ុន្តែ គឺ​ជា​របៀប​គាត់​និយាយ​ដែល​បញ្ជាក់​នូវ​អារម្មណ៍​របស់​គាត់។ ការ​ប្រាប់​ពី​កង្វល់​និង​ការ​ព្រួយ​បារម្ភ​របស់​ខ្លួន​ដោយ​និយាយ​យ៉ាង​ស្លូតបូត​នោះ​នឹង​បន្ធូរបន្ថយ​ការ​តានតឹង​ចិត្ត​ដែល​មាន​ចំពោះ​គ្នា។ ស្តេច​សាឡូម៉ូន​ដែល​ជា​អ្នកប្រាជ្ញ​បាន​សរសេរ​ថា​៖ «ពាក្យ​តប​ឆ្លើយ​ដោយ​ស្រទន់[«ដោយ​ស្លូតបូត»​, ព.ថ.] នោះ​រមែង​រំងាប់​សេចក្ដី​ក្រោធ​ទៅ តែ​ពាក្យ​គំរោះគំរើយ នោះ​បណ្ដាល​ឲ្យ​មាន​សេចក្ដី​កំហឹង​វិញ»។—សុភាសិត ១៥:១

៥​. តើ​ភាព​ស្លូតបូត​អាច​ជួយ​យ៉ាង​ណា​ក្នុង​ក្រុម​គ្រួសារ​ដែល​មាន​សមាជិក​មិន​ជឿ?

ភាព​ស្លូតបូត​គឺ​សំខាន់​ជា​ពិសេស​ក្នុង​ក្រុម​គ្រួសារ​ដែល​មាន​សមាជិក​មិន​ជឿ។ ភាព​ស្លូតបូត​រួម​បញ្ចូល​ជា​មួយ​នឹង​ការ​ប្រព្រឹត្ត​ដ៏​សប្បុរស ដែល​អាច​ជួយ​ទាក់ទាញ​ចិត្ត​អស់​អ្នក​ដែល​ទទឹង​ទទែង​មិន​ចង់​ទទួល​សេចក្ដី​ពិត ឲ្យ​មក​បំរើ​ព្រះ​យេហូវ៉ា​វិញ។ ពេត្រុស​ជូន​ឱវាទ​ភរិយា​គ្រីស្ទាន​ទាំង​ឡាយ​ថា​៖​«ឯ​ពួក​ស្រីៗ ត្រូវ​ចុះ​ចូល​ចំពោះ​ប្ដី​ខ្លួន​បែប​ដូច្នោះ​ដែរ ដើម្បី​បើ​មាន​អ្នក​ណា ដែល​មិន​ព្រម​ស្ដាប់​បង្គាប់ តាម​ព្រះ​បន្ទូល នោះ​ប្រពន្ធ​នឹង​ទាញ​ចិត្ត​មក​បាន ដោយសារ​កិរិយា​ល្អ​ក្រៅ​ពី​ព្រះ​បន្ទូល ដោយ​អ្នក​នោះ​ឃើញ​កិរិយា​បរិសុទ្ធ ដែល​ប្រពន្ធ​ប្រព្រឹត្ត​យ៉ាង​កោត​ខ្លាច​ដល់​ព្រះ ទាំង​តែង​ខ្លួន​មិន​មែន​ដោយ​បែប​ខាង​ក្រៅ ដូច​ជា​ក្រង​សក់ ពាក់​មាស​ឬ​សំលៀកបំពាក់​ផ្សេងៗ​ឡើយ គឺ​តែង​ចំពោះ​មនុស្ស​លាក់​កំបាំង​ក្នុង​ចិត្ត​វិញ ដោយ​គ្រឿង​ដ៏​មិន​ចេះ​ពុក​រលួយ​របស់​វិញ្ញាណ​សំឡូត​[«ស្លូតបូត»​, ព.ថ.] ហើយ​រ​ម្យទម នោះ​ឯង​ជា​សេចក្ដី​ដែល​មាន​ដំឡៃ​វិសេស​នៅ​ចំពោះ​ព្រះ»។—ពេត្រុសទី១ ៣:១​-​៤

៦​. តើ​ការ​បង្ហាញ​ភាព​ស្លូតបូត​អាច​ពង្រឹង​ទំនាក់ទំនង​រវាង​មាតា​បិតា​និង​កូន​យ៉ាង​ដូច​ម្ដេច?

ទំនាក់ទំនង​រវាង​មាតា​បិតា​និង​កូន​អាច​ទៅ​ជា​ប្រេះ​ឆា ជា​ពិសេស​ពេល​គ្មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា។ ប៉ុន្តែ ក្រុម​គ្រួសារ​គ្រីស្ទាន​ទាំង​ឡាយ ត្រូវ​តែ​សម្ដែង​ភាព​ស្លូតបូត​ជា​ចាំបាច់។ ប៉ុល​បាន​ដាស់​តឿន​បិតា​ទាំង​ឡាយ​ថា​៖​«ឪពុក​រាល់​គ្នា​អើយ! កុំ​ឲ្យ​ចាក់​រុក​កូន​របស់​ខ្លួន​ឡើយ ចូរ​បង្រៀន​វា​ទៅ​តាម​ដំបូន្មាន នឹង​សេចក្ដី​ដាស់​តឿន​របស់​ព្រះ​អម្ចាស់​វិញ»។ (អេភេសូរ ៦:៤) ពេល​ភាព​ស្លូតបូត​ជា​លក្ខណៈ​ដែល​សមាជិក​ក្រុម​គ្រួសារ​សម្ដែង​ច្រើន​ជាង​គេ នោះ​មាតា​បិតា​ហើយ​កូន​នឹង​មាន​ទំនាក់ទំនង​កាន់​តែ​ជិត​ស្និទ្ធ។ លោក​ឌីន ដែល​មាន​បងប្អូន​ប្រាំ​នាក់ បាន​និយាយ​អំពី​ឪពុក​គាត់​ថា​៖ «ពុក​ខ្ញុំ​មាន​ចិត្ត​ស្លូត​បូត។ ខ្ញុំ​នឹក​មិន​ឃើញ​សោះ​ថា​មាន​ពេល​ណា​មួយ​ដែល​ខ្ញុំ​បាន​ឈ្លោះ​ជា​មួយ​គាត់ សូម្បីតែ​ពេល​ខ្ញុំ​នៅ​ក្មេង​ជំទង់​ក៏​ដោយ។ គាត់​តែង​តែ​បង្ហាញ​ភាព​ស្លូតបូត សូម្បីតែ​ពេល​ខឹង​ក៏​ដោយ។ ជួន​កាល​គាត់​បញ្ជា​ខ្ញុំ​ឲ្យ​ទៅ​បន្ទប់​ដេក​របស់​ខ្លួន​ដោយ​មិន​ឲ្យ​ចេញ​ទៅ​ណា​មួយ​រយៈ ឬ​មួយ​ក៏​ហាម​មិន​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ខ្លះ​ដែល​ខ្ញុំ​ចូល​ចិត្ត តែ​ពុក​និង​ខ្ញុំ​មិន​ដែល​ឈ្លោះ​គ្នា​ទេ។ គាត់​មិន​គ្រាន់​តែ​ជា​ឪពុក​របស់​យើង​ទេ។ គាត់​ក៏​ជា​មិត្តភក្ដិ​របស់​យើង​ដែរ ហើយ​យើង​មិន​ចង់​ធ្វើ​ឲ្យ​គាត់​ខក​ចិត្ត​ទេ»។ ភាព​ស្លូតបូត​ពិត​ជា​ជួយ​ពង្រឹង​ទំនាក់ទំនង​រវាង​មាតា​បិតា​និង​កូន។

ក្នុង​កិច្ច​បំរើ​របស់​យើង

៧, ៨​. ហេតុ​អ្វី​បាន​ជា​ចាំបាច់​ដែល​យើង​សម្ដែង​ភាព​ស្លូតបូត​ក្នុង​កិច្ច​បំរើ​ផ្សាយ?

ភាព​ស្លូតបូត​ក៏​មាន​តួ​នាទី​ដ៏​សំខាន់​ក្នុង​កិច្ច​បំរើ​ផ្សាយ​ផង​ដែរ។ ពេល​យើង​ប្រាប់​អ្នក​ឯ​ទៀត​នូវ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ យើង​ជួប​មនុស្ស​ដែល​មាន​លក្ខណៈ​ខុសៗ​គ្នា។ មនុស្ស​ខ្លះ​សប្បាយ​ចិត្ត​ស្ដាប់​សារ​ដែល​យើង​ផ្សាយ​ដែល​ផ្ដល់​ឲ្យ​សេចក្ដី​សង្ឃឹម។ អ្នក​ឯ​ទៀត​ប្រហែល​ជា​តប​ឆ្លើយ​មក​វិញ​មិន​យល់​ព្រម ដោយ​ហេតុ​ផ្សេងៗ។ គឺ​នៅ​ពេល​នោះ​ឯង ដែល​ភាព​ស្លូតបូត​ជួយ​យើង​យ៉ាង​ច្រើន​ក្នុង​ការ​បំពេញ​តាម​បង្គាប់​ដែល​ឲ្យ​ធ្វើ​បន្ទាល់​រហូត​ដល់​ចុង​ផែនដី​បំផុត។—កិច្ចការ ១:៨; ធីម៉ូថេទី២ ៤:៥

សាវ័ក​ពេត្រុស​បាន​សរសេរ​ថា​៖ «ចូរ​ឲ្យ​តាំង​ព្រះ​គ្រីស្ទ​ឡើង ជា​បរិសុទ្ធ នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ទុក​ជា​ព្រះ​អម្ចាស់​ចុះ! ហើយ​ឲ្យ​ប្រុង​ប្រៀប​ជានិច្ច ដោយ​សុភាព[«ដោយ​ស្លូតបូត»​, ព.ថ.]ហើយ​កោត​ខ្លាច ដើម្បី​នឹង​តប​ឆ្លើយ​ដល់​អ្នក​ណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្ដី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា»។ (ពេត្រុសទី១ ៣:១៥) ដោយ​ព្រោះ​យើង​តាំង​ព្រះ​យេស៊ូ​ជា​គំរូ​ក្នុង​ចិត្ត នោះ​យើង​យក​ចិត្ត​ទុក​ដាក់​សម្ដែង​ភាព​ស្លូតបូត​និង​ការ​គោរព នៅ​ពេល​ផ្សព្វផ្សាយ​ដល់​អ្នក​ដែល​និយាយ​គំរោះគំរើយ។ ជា​ញយៗ ការ​ប្រព្រឹត្ត​យ៉ាង​នេះ​បង្កើត​លទ្ធផល​ដ៏​ល្អ​គួរ​ឲ្យ​កត់​សម្គាល់។

៩, ១០​. សូម​រៀប​រាប់​បទ​ពិសោធន៍​មួយ​ដែល​បង្ហាញ​តម្លៃ​នៃ​ភាព​ស្លូតបូត​ក្នុង​កិច្ច​ផ្សព្វផ្សាយ។

នៅ​ពេល​ឮ​សូរ​គេ​គោះ​ទ្វារ​ប្រពន្ធ​របស់​លោក​គី​ត​ទៅ​បើក​ទ្វារ តែ​លោក​គី​ត​មិន​បាន​ចេញ​មក​ទេ។ ពេល​ប្រពន្ធ​លោក​គី​ត​ដឹង​ថា​ភ្ញៀវ​នេះ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា គាត់​ចោទ​ប្រកាន់​ទាំង​កំហឹង​ថា ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ធ្វើ​បាប​កូន​ក្មេង។ បង​ប្រុស​នោះ​មិន​បាន​ខឹង​ទេ។ គាត់​បាន​តប​ឆ្លើយ​ដោយ​ស្លូតបូត​ថា​៖​«ខ្ញុំ​ស្ដាយ​ណាស់​ដែល​អ្នក​មាន​អារម្មណ៍​ដូច្នេះ។ តើ​ខ្ញុំ​សូម​បង្ហាញ​អ្នក​អំពី​អ្វី​ដែល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ជឿ​បាន​ទេ?»។ នៅ​ពេល​នោះ លោក​គី​ត​ដែល​កំពុង​ស្ដាប់​ការ​ពិគ្រោះ​នេះ​បាន​ទៅ​បញ្ចប់​ការ​សន្ទនា​នោះ​តែ​ម្ដង។

១០ ក្រោយ​មក គូ​ស្វាមី​ភរិយា​នេះ​សោក​ស្ដាយ​ដោយសារ​បាន​ប្រព្រឹត្ត​យ៉ាង​សាហាវ​ចំពោះ​ភ្ញៀវ។ ភាព​ស្លូតបូត​របស់​បង​ប្រុស​នោះ​បាន​មាន​ឥទ្ធិពល​ទៅ​លើ​ចិត្ត​របស់​ពួក​គេ។ ពួក​គេ​បាន​ភ្ញាក់ផ្អើល​ពីព្រោះ​បង​ប្រុស​នោះ​ត្រឡប់​មក​វិញ​មួយ​សប្ដាហ៍​ក្រោយ​មក ហើយ​លោក​គី​ត​និង​ប្រពន្ធ​គាត់​អនុញ្ញាត​ឲ្យ​បង​ប្រុស​នេះ​ពន្យល់​ពី​បទ​គម្ពីរ​អំពី​ជំនឿ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ នៅ​ពេល​ក្រោយ​មក ពួក​គេ​ប្រាប់​ថា​៖​«ក្នុង​កំឡុង​ពីរ​ឆ្នាំ​ក្រោយ​នោះ យើង​ឧស្សាហ៍​ស្ដាប់​អ្វី​ជា​ច្រើន​ដែល​ស្មរបន្ទាល់​ឯ​ទៀត​ប្រាប់​យើង»។ គី​ត​និង​ប្រពន្ធ​គាត់​យល់​ព្រម​សិក្សា​ព្រះ​គម្ពីរ និង​នៅ​ទីបំផុត​ទាំង​ពីរ​នាក់​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដើម្បី​បង្ហាញ​ពី​ការ​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា។ នេះ​ពិត​ជា​ពរ​មួយ​មែន​សំរាប់​ស្មរបន្ទាល់​ដែល​បាន​ជួប​លោក​គី​ត​និង​ប្រពន្ធ​គាត់​នៅ​លើក​ដំបូង​នោះ! ស្មរបន្ទាល់​នោះ​បាន​ជួប​ពួក​គេ​ច្រើន​ឆ្នាំ​ក្រោយ​មក​ហើយ​ឃើញ​ថា ឥឡូវ​ពួក​គេ​ជា​បងប្អូន​ប្រុស​ស្រី​របស់​គាត់​ខាង​វិញ្ញាណ។ ភាព​ស្លូតបូត​ទទួល​បាន​ជោគជ័យ​ពិត​មែន។

១១​. តើ​ភាព​ស្លូតបូត​អាច​ផ្ដល់​ភាព​ងាយ​ស្រួល​ឲ្យ​មនុស្ស​ទទួល​សេចក្ដី​ពិត​យ៉ាង​ដូច​ម្ដេច?

១១ អ្វី​ដែល​លោក​ហារ៉ូដ​បាន​ពិសោធន៍​ពេល​គាត់​ជា​ទាហាន​ម្នាក់ បាន​ធ្វើ​ឲ្យ​គាត់​តូច​ចិត្ត​ជា​ខ្លាំង​និង​សង្ស័យ​ថា​គ្មាន​ព្រះ។ ពិបាក​ជាង​នោះ​ទៅ​ទៀត គាត់​ទៅ​ជា​ពិការ​មួយ​ជីវិត​ដោយសារ​អ្នក​ផឹក​ស្រា​ស្រវឹង​បើក​រថយន្ត​បុក​គាត់។ ពេល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មក​ផ្ទះ​របស់​លោក​ហារ៉ូដ គាត់​ហាម​ដាច់ខាត​មិន​ឲ្យ​ពួក​គេ​មក​ទៀត​ទេ។ ប៉ុន្តែ​នៅ​ថ្ងៃ​មួយ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់​ឈ្មោះ​ប៊ីល​មាន​បំណងទៅលេងអ្នក​ចាប់​អារម្មណ៍​ម្នាក់​ដែល​នៅ​ជិត​ផ្ទះ​ហារ៉ូដ​ដែល​ខុស​គ្នា​តែ​ពីរ​ផ្ទះ​ទេ។ ប៊ីល​ច្រឡំ​គោះ​ទ្វារ​របស់​ហា​រ៉ូដ។ ពេល​ហារ៉ូដ​បើកទ្វារទាំង​កាន់​ឈើ​ច្រត់​ពីរ នោះ​ប៊ីល​សូម​ទោស​ហារ៉ូដ​ភ្លាម និង​ពន្យល់​ថា​គាត់​មាន​បំណង​ទៅ​ផ្ទះ​មួយ​ទៀត​ដែល​នៅ​ក្បែរ​នោះ​ទេ។ តើ​ហារ៉ូដ​បាន​តប​យ៉ាង​ណា? ទោះ​ជា​ប៊ីល​មិន​បាន​ដឹង​ក៏​ដោយ តែ​ហារ៉ូដ​បាន​ឃើញ​ពត៌មាន​តាម​កញ្ចក់​ទូរទស្សន៍​ដែល​បង្ហាញ​ពី​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​កំពុង​តែ​ធ្វើ​ការ​ជា​មួយ​គ្នា​ដើម្បី​សង់​សាល​ព្រះ​រាជាណាចក្រ​ថ្មី​ក្នុង​រយៈ​ពេល​ខ្លី។ ហារ៉ូដ​បាន​ស្ងើច​ក្នុង​ចិត្ត​ពេល​ឃើញ​មនុស្ស​ជា​ច្រើន​កំពុង​តែ​ធ្វើ​ការ​ជា​មួយ​គ្នា​ដោយ​សាមគ្គីភាព ហើយ​នេះ​ធ្វើ​ឲ្យ​គាត់​កែ​ប្រែ​ទស្សនៈ​ចំពោះ​ពួកស្មរ​បន្ទាល់។ របៀប​ប៊ីល​បាន​សូម​ទោស​ហារ៉ូដ​យ៉ាង​សុភាព​និង​បាន​បង្ហាញ​ភាព​ស្លូត​បូតជាទីគាប់​ចិត្ត​នោះ បាន​មាន​ឥទ្ធិពល​ទៅ​លើ​ចិត្ត​របស់​ហា​រ៉ូដ ហើយ​គាត់​សម្រេច​ចិត្ត​ឲ្យ​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​មក​ជួប​គាត់​ទៀត។ ហារ៉ូដ​បាន​សិក្សា​ព្រះ​គម្ពីរ បាន​រីក​ចំរើន ហើយ​រួច​មក​បាន​ទៅ​ជា​អ្នក​បំរើ​ព្រះ​យេហូវ៉ា​ដែល​ទទួល​បុណ្យ​ជ្រមុជ​ទឹក។

ក្នុង​ក្រុមជំនុំ

១២​. តើ​អ្វី​ជា​លក្ខណៈ​របស់​លោកីយ៍​ដែល​សមាជិក​ក្រុមជំនុំ​គ្រីស្ទាន​គួរ​ទប់ទល់?

១២ កន្លែង​ទី​បី​ដែល​ត្រូវ​មាន​ភាព​ស្លូតបូត​ជា​ចាំបាច់​គឺ​ក្នុង​ក្រុមជំនុំ​គ្រីស្ទាន។ ការ​ប្រឆាំង​តទល់​នឹង​គ្នា​គឺ​ជា​រឿង​ធម្មតា​ក្នុង​សង្គម​សព្វ​ថ្ងៃ​នេះ។ ការ​តតាំង ការ​ឈ្លោះ​ប្រកែក និង​វិវាទ​រវាង​មនុស្ស​ដែល​គិត​អំពី​ជីវិត​ក្នុង​គំនិត​ខាង​សាច់​ឈាម​គឺ​ជា​ទង្វើ​ប្រក្រតី។ ម្ដងម្កាល លក្ខណៈ​ទាំង​នេះ​ដែល​ជា​លក្ខណៈ​របស់​លោកីយ៍​ជ្រាប​ចូល​មក​ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន​និង​នាំ​ឲ្យ​មាន​ការ​មិន​ស្រុះស្រួល​គ្នា​និង​ការ​ឈ្លោះ​ប្រកែក​គ្នា។ បង​ប្រុសៗ​ដែល​ទទួល​ខុសត្រូវ​ពិត​ជា​សោក​ស្ដាយ​ណាស់​ពេល​ណា​ពួក​គេ​ត្រូវ​តែ​ដោះ​ស្រាយ​បញ្ហា​បែប​នេះ។ យ៉ាង​ណា​ក៏​ដោយ សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​និង​បងប្អូន​របស់​ពួក​គេ ជំរុញ​ពួក​គេ​ឲ្យ​ខំ​ជួយ​អ្នក​ដែល​ធ្វើ​ខុស​ឲ្យ​ប្រែ​ចិត្ត​និង​វិល​មក​វិញ។—កាឡាទី ៥:២៥, ២៦

១៣, ១៤​. តើ​អ្វី​អាច​ជា​លទ្ធផល​ពី​ការ‹ប្រដៅ​ដំរង់​មនុស្ស​ដែល​ទទឹង​ទទែង​ដោយ​មាន​ចិត្ត​ស្លូតបូត›?

១៣ នៅ​សតវត្ស​ទី​មួយ ប៉ុល​និង​សហការី​របស់​គាត់​ឈ្មោះ​ធីម៉ូថេ​បាន​ជួប​ការ​ពិបាក​ដោយសារ​បុគ្គល​ខ្លះ​ក្នុង​ក្រុមជំនុំ។ ប៉ុល​បាន​ព្រមាន​ធីម៉ូថេ​ឲ្យ​ប្រុង​ប្រយ័ត្ន​នឹង​បងប្អូន​ដែល​មាន​លក្ខណៈ​ដូច​គ្រឿង​ប្រដាប់​«សំរាប់​ការ​អាប់ឱន»។ ប៉ុល​បាន​វែកញែក​ថា​«មិន​គួរ​ឲ្យ​បាវ​បំរើ​នៃ​ព្រះ​អម្ចាស់​ឈ្លោះ​ប្រកែក​គ្នា​ឡើយ គួរ​ឲ្យ​បាន​ចិត្ត​សុភាព​រាបសា​ដល់​មនុស្ស​ទាំង​អស់​វិញ ត្រូវ​ប្រសប់​ក្នុង​ការ​បង្រៀន ទាំង​មាន​ចិត្ត​អត់ធ្មត់​ផង ត្រូវ​ប្រដៅ​ដំរង់​មនុស្ស​ដែល​ទទឹង​ទទែង​ដោយ​មាន​ចិត្ត​សុភាព[«ស្លូតបូត»​, ព.ថ.]»។ ជា​ញឹកញយ បើ​យើង​រក្សា​ឲ្យ​មាន​ភាព​ស្លូតបូត​ជា​ប្រចាំ សូម្បីតែ​នៅ​ពេល​មាន​ការ​រុក​កួន​ក៏​ដោយ នេះ​បណ្ដាល​ឲ្យ​អ្នក​ទទឹង​ទទែង​គិត​អំពី​ការ​រិះគន់​របស់​ពួក​គេ​ឡើង​វិញ។ ជា​លទ្ធផល ព្រះ​យេហូវ៉ា​ប្រហែល​ជា​នឹង​«បណ្ដាល​ឲ្យ​គេ​ប្រែ​ចិត្ត ឲ្យ​បាន​ស្គាល់​សេចក្ដី​ពិត​វិញ»​ដូច​ប៉ុល​បាន​សរសេរ​នោះ។ (ធីម៉ូថេទី២ ២:២០, ២១, ២៤, ២៥) សូម​កត់​សម្គាល់​ថា ប៉ុល​បញ្ជាក់​ទំនាក់ទំនង​រវាង​ចិត្ត​សុភាព ចិត្ត​អត់ធ្មត់ និង​ភាព​ស្លូតបូត។

១៤ ប៉ុល​បាន​អនុវត្ត​តាម​អ្វី​ដែល​គាត់​បង្រៀន។ ពេល​គាត់​ទាក់ទង​«ពួក​សាវក​យ៉ាង​ធំ»​ក្នុង​ក្រុមជំនុំ​គ្រីស្ទាន​នៅ​ទី​ក្រុង​កូរិនថូស គាត់​បាន​ជំរុញ​ចិត្ត​បងប្អូន​ថា​៖​«ឯ​ប៉ុល​ខ្ញុំ ដែល​កាល​ណា​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា នោះ​មាន​ឫកពា​ជា​ថោកទាប[ឬ​«ជា​មនុស្ស​ទន់ខ្សោយ»​, ព.ថ.] តែ​កាល​ណា​ឃ្លាត​ចេញ​ពី​អ្នក​រាល់​គ្នា​ទៅ នោះ​មាន​សេចក្ដី​ក្លាហាន​ចំពោះ​អ្នករាល់​គ្នា​វិញ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា ដោយ​សេចក្ដី​សុភាព នឹង​សេចក្ដី​សំឡូត​[«ភាព​ស្លូតបូត»​, ព.ថ.]របស់​ព្រះ​គ្រីស្ទ»។ (កូរិនថូសទី២ ១០:១; ១១:៥) ប៉ុល​ពិត​ជា​បាន​យក​តម្រាប់​តាម​ព្រះ​គ្រីស្ទ​មែន។ សូម​កត់​សម្គាល់​ថា​គាត់​បាន​អង្វរ​បងប្អូន​ទាំង​នេះ‹ដោយ​ភាព​ស្លូតបូត›របស់​ព្រះ​គ្រីស្ទ។ ដោយ​ធ្វើ​ដូច​នេះ​គាត់​មិន​បង្ហាញ​ចិត្ត​គំនិត​ចង់​បង្គាប់​បញ្ជា​ឬ​ធ្វើ​ជា​មេ​របស់​ពួក​គេ​ទេ។ ការ​ដាស់​តឿន​របស់​គាត់​ប្រាកដ​ជា​បាន​ទាញ​ទឹក​ចិត្ត​សមាជិក​ក្រុមជំនុំ​ដែល​ឆាប់​ទទួល​អានុភាព។ គាត់​បាន​ជួយ​ផ្សះផ្សា​រ​ទំនាក់ទំនង​ដែល​ស្ទើរតែ​ប្រេះ​ឆា​រវាង​បងប្អូន និង​ស្ថាបនា​មូលដ្ឋាន​សំរាប់​មេត្រីភាព​និង​សាមគ្គីភាព​ក្នុង​ក្រុមជំនុំ។ នេះ​ពិត​ជា​ការ​ប្រព្រឹត្ត​ដែល​យើង​ទាំង​អស់​គ្នា​អាច​ព្យាយាម​ធ្វើ​តាម មែន​ទេ? ជា​ពិសេស​អ្នក​ចាស់​ទុំ​ត្រូវ​តែ​យក​តម្រាប់​តាម​ការ​ប្រព្រឹត្ត​របស់​ព្រះ​គ្រីស្ទ​និង​ប៉ុល។

១៥​. នៅ​ពេល​ដែល​ជូន​ឱវាទ ហេតុ​អ្វី​បាន​ជា​ភាព​ស្លូតបូត​គឺ​សំខាន់?

១៥ ភារកិច្ច​ជួយ​អ្នក​ឯ​ទៀត​មិន​គ្រាន់​តែ​មាន​នៅ​ពេល​ណា​ជិត​បាត់បង់​សាមគ្គីភាព​និង​មេត្រីភាព​ក្នុង​ក្រុមជំនុំ​នោះ​ទេ។ យូរ​មុន​ដែល​ជិត​មាន​ទំនាក់ទំនង​ប្រេះ​ឆា បងប្អូន​ត្រូវ​ការ​នូវ​ការ​ណែនាំ​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់។ ប៉ុល​បាន​ជំរុញ​ថា​៖​«បងប្អូន​អើយ! បើ​បាន​ទាន់​ឃើញ​មនុស្ស​ណា​ធ្វើ​ខុស​អ្វី នោះ​អ្នក​រាល់​គ្នា​ដែល​ដើរ​ដោយ​ព្រះ​វិញ្ញាណ ចូរ​ដំរង់​អ្នក​នោះ»។ ប៉ុន្តែ តើ​ត្រូវ​កែ​តម្រង់​ដោយ​មាន​ទឹក​ចិត្ត​យ៉ាង​ណា? «ដោយ​ចិត្ត​សុភាព[«ចិត្ត​ស្លូតបូត»​, ព.ថ.] ព្រម​ទាំង​ប្រយ័ត​ខ្លួន​ឯង​ផង ក្រែង​ត្រូវ​សេចក្ដី​ល្បួង​ដែរ»។ (កាឡាទី ៦:១) ការ​រក្សា​ឲ្យ​មាន​«ចិត្ត​ស្លូតបូត»​មិន​តែង​តែ​ងាយ​ស្រួល​ទេ ជា​ពិសេស​ពីព្រោះ​គ្រីស្ទាន​ទាំង​ឡាយ ដែល​រួម​ទាំង​ពួក​បុរស​តែងតាំង​ដែរ ក៏​ទទួល​ឥទ្ធិពល​ពី​ភាព​ទន់​ទោរ​ទៅ​រក​អំពើ​បាប​ដែរ។ យ៉ាង​ណា​ក៏​ដោយ គឺ​ជា​ភាព​ស្លូតបូត​ទេ​ដែល​នឹង​ជួយ​ធ្វើ​ឲ្យ​អ្នក​ធ្វើ​ខុស​មាន​អារម្មណ៍​ស្រួល​ជាង​នៅ​ពេល​ដែល​ទទួល​ការ​កែ​តម្រង់។

១៦, ១៧​. តើ​អ្វី​ប្រហែល​ជា​អាច​រំលាយ​ការ​ទើសទាល់​ដែល​មិន​សុខ​ចិត្ត​ធ្វើ​តាម​ឱវាទ?

១៦ ក្នុង​ភាសា​ក្រិច​ដែល​ជា​ភាសា​ដើម​នោះ ពាក្យ​បកប្រែ​ថា «ដំរង់»​ក៏​អាច​សំដៅ​ទៅ​លើ​ការ​ដាក់​ឬ​ទាញ​ឆ្អឹង​ដែល​បាក់​ឲ្យ​ត្រង់​វិញ ដែល​ជា​វិធី​ព្យាបាល​ដែល​តែង​តែ​នាំ​ឲ្យ​ឈឺចាប់។ គ្រូ​ពេទ្យ​ដែល​តម្រង់​ឆ្អឹង​បាក់​ធ្វើ​ឲ្យ​អ្នក​ជំងឺ​មាន​ទំនុក​ចិត្ត​ដោយ និយាយ​វិជ្ជមាន​អំពី​ប្រយោជន៍​ដែល​នឹង​មក​ពី​ការ​ព្យាបាល​នោះ។ អាកប្បកិរិយា​សុភាព​របស់​គាត់​ក៏​ជា​ទី​សម្រាល​ទុក្ខ​ដែរ។ ការ​និយាយ​យ៉ាង​ខ្លី​មុន​ព្យាបាល​កន្លែង​ឈឺ​បំផុត​ជួយ​ធ្វើ​ឲ្យ​អន់​ឈឺ​ទៅ​វិញ។ ស្រដៀង​គ្នា​ដែរ ការ​តម្រង់​ខាង​វិញ្ញាណ​ប្រហែល​ជា​នាំ​ឲ្យ​ឈឺចិត្ត។ ប៉ុន្តែ ភាព​ស្លូតបូត​នឹង​ជួយ​ធ្វើ​ឲ្យ​ការ​កែ​តម្រង់​នោះ​ស្រួល​ទទួល​ជាង ដោយ​ផ្សះផ្សា​រ​ទំនាក់ទំនង​ឲ្យ​មាន​មេត្រីភាព​ឡើង​វិញ​និង​ផ្ដល់​ភាព​ងាយ​ស្រួល​ឲ្យ​អ្នក​ធ្វើ​ខុស​កែ​ប្រែ​កិរិយា​របស់​គាត់។ សូម្បីតែ​ពី​ដំបូង​គេ​មិន​ព្រម​ទទួល​ឱវាទ​ក្ដី ភាព​ស្លូតបូត​របស់​អ្នក​ដែល​ខំ​ជួយ​ប្រហែល​ជា​អាច​រំលាយ​ការ​ទើសទាល់​ដែល​មិន​សុខ​ចិត្ត​ធ្វើ​តាម​ឱវាទ​ដ៏​ត្រឹម​ត្រូវ​ពី​បទ​គម្ពីរ។—សុភាសិត ២៥:១៥

១៧ នៅ​ពេល​ដែល​ជួយ​តម្រង់​អ្នក​ឯ​ទៀត តែង​តែ​មាន​លទ្ធភាព​ជួប​អ្វី​ដែល​ប្រៀប​ដូច​ជា​គ្រោះថ្នាក់​មួយ ពោល​គឺ​ការ​ឲ្យ​ឱវាទ​ត្រូវ​គេ​ចាត់​ទុក​ជា​ការ​រិះគន់​វិញ។ អ្នក​និពន្ធ​ម្នាក់​បាន​ពន្យល់​ដូច​ត​ទៅ​នេះ​ថា​៖​«នៅ​ពេល​យើង​ខំ​កែ​តម្រង់​អ្នក​ឯ​ទៀត នោះ​ជា​ពេល​ដែល​ផ្ដល់​លទ្ធភាព​ច្រើន​បំផុត​ឲ្យ​យើង​ជួប​គ្រោះថ្នាក់​មួយ ពោល​គឺ​ការ​លើក​ខ្លួន​ជា​ធំ ហើយ​ដោយ​ហេតុ​នេះ​ក៏​ជា​ពេល​ដែល​យើង​ត្រូវ​ការ​ចិត្ត​រាប​ទាប​ច្រើន​បំផុត»។ ការ​បណ្ដុះ​ឲ្យ​មាន​ភាព​ស្លូតបូត​ដែល​ផុស​ចេញ​ពី​ចិត្ត​រាប​ទាប​នឹង​ជួយ​គ្រីស្ទាន​ដែល​ជូន​ឱវាទ​ឲ្យ​គេ​អាច​ចៀស​ចេញ​ពី​គ្រោះថ្នាក់​នេះ។

«ចំពោះ​មនុស្ស​ទាំង​អស់»

១៨, ១៩​. (ក) ហេតុ​អ្វី​ជន​គ្រីស្ទាន​ប្រហែល​ជា​ពិបាក​បង្ហាញ​ភាព​ស្លូតបូត​ចំពោះ​ពួក​អាជ្ញាធរ? (ខ) តើ​អ្វី​នឹង​ជួយ​ជន​គ្រីស្ទាន​សម្ដែង​ភាព​ស្លូតបូត​ចំពោះ​អ្នក​ដែល​មាន​អំណាច? តើ​អ្វី​អាច​មាន​ជា​លទ្ធផល?

១៨ បុគ្គល​ជា​ច្រើន​ពិបាក​បង្ហាញ​ភាព​ស្លូតបូត​ក្នុង​ការ​ទាក់ទង​នឹង​ពួក​អាជ្ញាធរ។ ជា​ការ​ពិត​មែន​ដែល​ថា ទង្វើ​របស់​អ្នក​ខ្លះ​ដែល​កាន់​អំណាច​គឺ​ប្រកប​ទៅ​ដោយ​ភាព​ឃោរឃៅ​និង​គ្មាន​មេត្ដា​ទេ។ (សាស្ដា ៤:១; ៨:៩) ក៏​ប៉ុន្តែ សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង​ទទួល​ស្គាល់​អំណាច​ខ្ពង់​ខ្ពស់​បំផុត​របស់​ទ្រង់ រួច​ចុះ​ចូល​ដោយ​មាន​ល័ក្ខខ័ណ្ឌ​ចំពោះ​អាជ្ញាធរ​តាម​ដែល​ពួក​គេ​ត្រូវ​ទទួល។ (រ៉ូម ១៣:១, ៤; ធីម៉ូថេទី១ ២:១, ២) សូម្បីតែ​នៅ​ពេល​អ្នក​ដែល​មាន​ឋានៈ​ខ្ពស់​ខំ​ដាក់​កំ​ហិត​ទៅ​លើ​យើង​ក្នុង​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ជា​សាធារណៈ នោះ​យើង​រីករាយ​នឹង​រក​វិធី​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ថ្វាយ​ពាក្យ​សរសើរ​ទុក​ជា​ដង្វាយ។—ហេព្រើរ ១៣:១៥

១៩ យើង​មិន​ត្រូវ​បែរ​ជា​ប្រទូស្ត​ប្រឆាំង​ជា​ដាច់ខាត។ ទោះ​ជា​យើង​មិន​ព្រម​បោះបង់​ចោល​គោលការណ៍​សុចរិត​ក៏​ដោយ យើង​ក៏​ខំ​ប្រឹង​បង្ហាញ​ភាព​មិន​រឹងរូស​ដែរ។ តាម​វិធី​នេះ បងប្អូន​របស់​យើង​បំពេញ​ភារកិច្ច​របស់​ពួក​គេ​នៅ​២៣៤​ប្រទេស​ទូទាំង​ពិភពលោក​ដោយ​ជោគ​ជ័យ។ យើង​ធ្វើ​តាម​ឱវាទ​របស់​ប៉ុល​ថា​៖​«ចុះ​ចូល​នឹង​ពួក​នាម៉ឺន ហើយ​នឹង​ពួក​មាន​អំណាច​ទាំង​អស់ ព្រម​ទាំង​ស្ដាប់​បង្គាប់ ហើយ​ប្រុង​ប្រៀប​ធ្វើ​គ្រប់​ទាំង​ការ​ល្អ មិន​ត្រូវ​និយាយ​អាក្រក់​ពី​អ្នក​ណា ឬ​ឈ្លោះ​ប្រកែក​ឡើយ ត្រូវ​មាន​ចិត្ត​ស្លូតបូត ទាំង​សំដែង​សេចក្ដី​សុភាព​គ្រប់​យ៉ាង ដល់​មនុស្ស​ទាំង​អស់​ផង»។—ទីតុស ៣:១, ២

២០​. តើ​មាន​រង្វាន់​អ្វី​សំរាប់​អ្នក​ដែល​សម្ដែង​ភាព​ស្លូតបូត?

២០ ពរ​ជា​បរិបូណ៍​ស្ថិត​នៅ​ខាង​មុខ​សំរាប់​អស់​អ្នក​ដែល​សម្ដែង​ភាព​ស្លូតបូត។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថ្លែង​ថា​៖ «អ្នក​ណា​មាន​ចិត្ត​ស្លូត​បូត អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ពួក​គេ​នឹង​ទទួល​ផែនដី​ទុក​ជា​មត៌ក!»។ (ម៉ាថាយ ៥:៥, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ) សំរាប់​បណ្ដា​អ្នក​ចាក់​ប្រេង​តាំង​ដែល​ជា​បងប្អូន​របស់​ព្រះ​គ្រីស្ទ ការ​រក្សា​ឲ្យ​មាន​ភាព​ស្លូតបូត​នឹង​នាំ​ឲ្យ​ពួក​គាត់​ទទួល​ជាក់​ជា​ពុំ​ខាន​នូវ​សុភមង្គល​និង​ឯក​សិទ្ធិ​គ្រប់គ្រង​លើ​ផែនដី​ដែល​នៅ​ក្រោម​អំណាច​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ ចំណែក​«មនុស្ស​១​ហ្វូង​យ៉ាង​ធំ» ពួក​គេ​បន្ត​សម្ដែង​ភាព​ស្លូតបូត​និង​រង់ចាំ​ទទួល​ជីវិត​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី​នេះ។ (វិវរណៈ ៧:៩; យ៉ូហាន ១០:១៦; ទំនុកដំកើង ៣៧:១១) យើង​មាន​លទ្ធភាព​អាច​ទទួល​អ្វី​ដ៏​ប្រសើរ​ណាស់​នៅ​ថ្ងៃ​ខាង​មុខ! ដូច្នេះ កុំ​បី​ឲ្យ​យើង​ភ្លេច​នូវ​អ្វី​ដែល​ប៉ុល​បាន​រំឭក​ចំពោះ​គ្រីស្ទាន​នៅ​អេភេសូរ​ថា​៖​«ដូច្នេះ ខ្ញុំ​ជា​អ្នក​ជាប់​គុក​ក្នុង​ព្រះ​អម្ចាស់ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ថា ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ដើរ​បែប​គួរ​នឹង​ការងារ ដែល​ទ្រង់​បាន​ហៅ​មក​ធ្វើ​ចុះ! ព្រម​ទាំង​មាន[ចិត្ត​រាប​ទាប] ហើយ​ស្លូតបូត​គ្រប់​ជំពូក»។—អេភេសូរ ៤:១, ២

ការ​រៀន​សា​ឡើង​វិញ

តើ​ពរ​អ្វី​មក​ពី​ការ​សម្ដែង​ភាព​ស្លូតបូត

ក្នុង​ក្រុម​គ្រួសារ?

ក្នុង​កិច្ច​បំរើ​ផ្សាយ?

ក្នុង​ក្រុមជំនុំ?

តើ​រង្វាន់​អ្វី​ត្រូវ​សន្យា​ចំពោះ​អ្នក​ដែល​មាន​ចិត្ត​ស្លូតបូត?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​១៧]

ភាព​ស្លូតបូត​គឺ​សំខាន់​ជា​ពិសេស ក្នុង​ក្រុម​គ្រួសារ ដែល​មាន​សមាជិក​មិន​ជឿ

[រូបភាព​នៅ​ទំព័រ​១៧]

ភាព​ស្លូតបូត​ពង្រឹង​ទំនាក់ទំនង​ក្នុង​ក្រុម​គ្រួសារ

[រូបភាព​នៅ​ទំព័រ​១៩]

ចូរ​ការពារ​ជំនឿ​របស់​អ្នក​ដោយ​ភាព​ស្លូតបូត​និង​ដោយ​បង្ហាញ​ការ​គោរព​ដ៏​ជ្រាល​ជ្រៅ

[រូបភាព​នៅ​ទំព័រ​២០]

ភាព​ស្លូតបូត​របស់​អ្នក​ជូន​ឱវាទ​ប្រហែល​ជា​ជួយ​អ្នក​ធ្វើ​ខុស