លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើជំងឺអេដស៍នឹងត្រូវទប់ស្កាត់បានឬទេ? បើទប់ស្កាត់បាន តើតាមវិធីណា?

តើជំងឺអេដស៍នឹងត្រូវទប់ស្កាត់បានឬទេ? បើទប់ស្កាត់បាន តើតាមវិធីណា?

តើ​ជំងឺ​អេដស៍​នឹង​ត្រូវ​ទប់​ស្កាត់​បាន​ឬ​ទេ? បើ​ទប់​ស្កាត់​បាន តើ​តាម​វិធី​ណា?

នៅ​ប្រទេស​ជា​ច្រើន​នៅ​ទ្វីប​អា​ព្រិច មនុស្ស​មិន​ព្រម​ទទួល​ស្គាល់​ការ​ពិត​អំពី​ការ​រាលដាលេ​នៃ​ជំងឺ​អេដស៍​ទេ។ ជំងឺ​អេដស៍​ជា​រឿង​មួយ​ដែល​មនុស្ស​ខ្លះ​មិន​ចង់​ពិភាក្សា​ទេ។ ក៏​ប៉ុន្តែ នៅ​ឆ្នាំ​ថ្មីៗ​នេះ មាន​ការ​ព្យាយាម​ជា​ពិសេស​ក្នុង​ការ​អប់រំ​ពួក​យុវ​វ័យ និង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ពិភាក្សា​ប្ដូរ​មតិ​គ្នា។ ការ​ព្យាយាម​នេះ​បាន​ទទួល​ជោគជ័យ​តែ​បន្ដិច​បន្តួច​ប៉ុណ្ណោះ។ ទំនៀម​ទំលាប់​និង​គន្លង​ជីវិត​របស់​មនុស្ស​ខ្លះ​គឺ​ដិត​ជាប់​យ៉ាង​ជ្រៅ ហើយ​ការ​នាំ​ឲ្យ​ពួក​គេ​កែ​ប្រែ​គឺ​ពិបាក​ណាស់។

ការ​ឈាន​ទៅ​មុខ​ផ្នែក​វេជ្ជ​សាស្ត្រ

បើ​ពិនិត្យ​មើល​ផ្នែក​វេជ្ជ​សាស្ត្រ​ឬ​វិជ្ជា​ពេទ្យ​វិញ អ្នកវិទ្យាសាស្ត្រ​បាន​រៀន​ដឹង​ច្រើន​អំពី​វីរុ​ស​ហ៊ីវ​និង​បាន​បង្កើត​ឱសថ​ដែល​បាន​ពន្យារ​ជីវិត​របស់​មនុស្ស​ជា​ច្រើន​នាក់។ ការ​ប្រើ​ឱសថ​អង់ទីរ៉េត្រូវីរ៉ល​យ៉ាង​តិច​បី​ប្រភេទ​ក្នុង​ការ​ព្យាបាល​ម្យ៉ាង​ដែល​ត្រូវ​ហៅ​ថា​ការ​ព្យាបាល​អង់ទីរ៉េត្រូវីរ៉ល​សកម្ម​នោះ ដែល​ជា​ការ​ព្យាបាល​ដ៏​មាន​ប្រសិទ្ធ​ភាព។

ទោះ​ជា​ឱសថ​នេះ​មិន​មែន​ព្យាបាល​ឲ្យ​ជា​ក៏​ដោយ តែ​វា​បាន​កាត់​បន្ថយ​នូវ​អត្រា​នៃ​ការ​ស្លាប់​របស់​អ្នក​ដែល​កំពុង​រង​ទុក្ខ​ដោយសារ​វីរុ​ស​ហ៊ីវ ជា​ពិសេស​នៅ​ប្រទេស​ជឿនលឿន។ មនុស្ស​ជា​ច្រើន​បញ្ជាក់​សារៈ​សំខាន់​នៃ​ការ​ផ្គត់ផ្គង់​ឱសថ​នេះ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ។ ក៏​ប៉ុន្តែ ឱសថ​នេះ​គឺ​ថ្លៃ ហើយ​ហួស​ឆ្ងាយ​ណាស់​ពី​លទ្ធភាព​របស់​មនុស្ស​នៅ​ប្រទេស​ដែល​កំពុង​អភិវឌ្ឍ​ទាំង​នេះ។

នេះ​បាន​នាំ​ឲ្យ​មាន​បញ្ហា​ដូច​ជា: តើ​កំរៃ​គឺ​សំខាន់​ជាង​ជីវិត​មនុស្ស​ទេ? លោក​ប៉ោឡូ តេសេអ៊ីរ៉ា​ដែល​ជា​ប្រធាន​កម្មវិធី​វីរុ​ស​ហ៊ីវ/ជំងឺ​អេដស៍​ប្រចាំ​ប្រទេស​ប្រេស៊ីល​បាន​យល់​ស្រប​ថា​មាន​ស្ថានការណ៍​បែប​នេះ​មែន។ លោក​បាន​ប្រាប់​ថា​៖​«ការ​ចង់​បាន​តែ​កំរៃ​ច្រើន​លើស​ជាង​ធម្មតា​មិន​សម​ត្រឹម​ត្រូវ​ជា​ហេតុ​ឲ្យ​យើង​ចោល​មនុស្ស​រាប់​សិប​ពាន់​នាក់​ឲ្យ​ពុះពារ​ខំ​ជួយ​ខ្លួន​ឯង​ពីព្រោះ​ពួក​គេ​គ្មាន​ឱសថ​ដែល​ត្រូវ​ការ​ដើម្បី​អាច​រស់​បាន»។ លោក​ប្រាប់​បន្ថែម​ថា​៖​«ខ្ញុំ​ពិត​ជា​ខ្វល់ខ្វាយ​ណាស់​ថា​ជំនួញ​មិន​គួរ​ទុក​ជា​សំខាន់​ជាង​សីលធម៌​និង​មនុស្ស​ធម៌​ឡើយ»។

ប្រទេស​ខ្លះៗ​បាន​សម្រេច​ចិត្ត​មិន​គោរព​តាម​ប៉ា​តង់​ម្ចាស់​កម្មសិទ្ធិ​របស់​ក្រុម​ហ៊ុន​ឱសថ​ធំៗ​ខ្លះៗ ហើយ​បាន​ផលិត​ឬ​ក៏​នាំ​ចូល​នូវ​ថ្នាំ​អាយ​ក្នុង​តម្លៃ​ថោក​ជាង​ឆ្ងាយ​ណាស់។ * សារពត៌មាន​មួយ​បាន​រាយ​ការណ៍​ថា យោង​ទៅ​តាម​ការ​សិក្សា​មួយ «តម្លៃ​ថោក​បំផុត[របស់​ថ្នាំ​អាយ]គឺ​ថោក​ជាង​តម្លៃ​កំណត់​របស់​សហរដ្ឋ​អាមេរិក​៨២​ភាគ​រយ»។ (South African Medical Journal)

ឧបសគ្គ​ក្នុង​ការ​ព្យាបាល

ក្រោយ​មក ក្រុម​ហ៊ុន​ឱសថ​ធំៗ​ចាប់​ផ្ដើម​ផ្ដល់​ថ្នាំ​ជំងឺ​អេដស៍​ក្នុង​តម្លៃ​ថោក​ណាស់​សំរាប់​ប្រទេស​កំពុង​អភិវឌ្ឍ​ដែល​ត្រូវ​ការ។ ពួក​គេ​សង្ឃឹម​ថា តាម​របៀប​នេះ មនុស្ស​ជា​ច្រើន​អាច​ប្រើ​ឱសថ​នោះ​បាន។ ក៏​ប៉ុន្តែ មាន​ឧបសគ្គ​ដ៏​ធំ​ខ្លះៗ​ដែល​ត្រូវ​ឈ្នះ​ដើម្បី​មនុស្ស​អាច​ទទួល​ឱសថ​នេះ​បាន​ងាយ​ស្រួល​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ។ ឧបសគ្គ​មួយ​គឺ​តម្លៃ។ ទោះ​ជា​កាត់​បន្ថយ​តម្លៃ​ឲ្យ​ថោក​ណាស់​ក៏​ដោយ តម្លៃ​នោះ​នៅ​តែ​ថ្លៃ​ពេក​សំរាប់​មនុស្ស​ភាគ​ច្រើន​ដែល​ត្រូវ​ការ។

បញ្ហា​មួយ​ទៀត​គឺ​ថា ឱសថ​នោះ​គឺ​មិន​ងាយ​ប្រើ​ក្នុង​ការ​ព្យាបាល​ទេ។ ថ្នាំ​គ្រាប់​ប្រភេទ​ជា​ច្រើន​ត្រូវ​តែ​លេប​រាល់​ថ្ងៃ​ក្នុង​ពេល​កំណត់​មួយ។ ប្រសិន​ណា​ថ្នាំ​នោះ​មិន​បាន​ប្រើ​យ៉ាង​ត្រឹម​ត្រូវ​ឬ​ក៏​មាន​ការ​ផ្អាក​ក្នុង​ការលេប​នោះ នេះ​អាច​នាំ​ឲ្យ​វីរុ​ស​ហ៊ីវស៊ាំ​នឹង​ឱសថ​នេះ។ នៅ​ទ្វីប​អា​ព្រិច មិន​អាច​ប្រាកដ​ថា​ថ្នាំ​នោះ​កំពុង​ត្រូវ​ប្រើ​ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ ដ្បិត​ម្ហូបអាហារ​មាន​តិច​ណាស់ និង​ទឹក​ផឹក​ស្អាត​ក៏​មិន​សូវ​មាន​ដែរ ហើយ​មន្ទីរ​ថែទាំ​សុខភាព​គឺ​មាន​តិច​តួច​ណាស់។

ម្យ៉ាង​ទៀត អ្នក​ដែល​ប្រើ​ឱសថ​នោះ​ត្រូវ​តែ​មាន​ការ​តាម​ដាន​ត្រួត​ពិនិត្យ។ បើ​វីរុ​ស​ចាប់​ផ្ដើម​ស៊ាំ​នឹង​ឱសថ នោះ​ថ្នាំ​ដែល​ពួក​គេ​កំពុង​ប្រើ​ត្រូវ​តែ​ប្ដូរ​វិញ។ ដើម្បី​ធ្វើ​ដូច្នេះ ត្រូវ​ការ​បុគ្គលិក​ពេទ្យ​ដែល​មាន​បទ​ពិសោធន៍ ហើយ​ការ​ពិនិត្យ​ឈាម​គឺ​ថ្លៃ​ណាស់។ បន្ថែម​ទៅ​ទៀត ថ្នាំ​នោះ​នាំ​ឲ្យ​មាន​ប្រតិកម្ម​ខ្លះៗ ហើយ​វីរុ​ស​ដែល​ស៊ាំ​នឹង​ឱសថ​នេះ​កំពុង​តែ​ចាប់​ផ្ដើម​កើត​មាន។

នៅ​ខែ​មិថុនា ឆ្នាំ​២០០១ ពេល​មហា​សន្និបាត​របស់​អង្គការ​សហប្រជាជាតិ​បាន​មាន​ប្រជុំ​ពិសេស​អំពី​ជំងឺ​អេដស៍ ពួក​គេ​បាន​ស្នើ​រៀបចំ​មូល​និធិ​សុខភាព​ពិភពលោក​ដើម្បី​ជួយ​ប្រទេស​កំពុង​អភិវឌ្ឍ។ ពួក​គេ​បាន​ប៉ាន់​ស្មាន​ថា នឹង​ត្រូវ​ការ​ចំនួន​ប្រាក់​រវាង​៧០០​កោដិ​ដុល្លារ​អាមេរិក​ទៅ​ដល់​១០០០​កោដិ​ដុល្លារ​អាមេរិក។ មក​ទល់​ឥឡូវ​នេះ ចំនួន​ប្រាក់​ដែល​បាន​ត្រូវ​សន្យា​ជូន​សំរាប់​មូល​និធិ​នេះ​គឺ​មាន​តិច​ជាង​ចំនួន​ដែល​បាន​កំណត់​ឆ្ងាយ​ណាស់។

អ្នកវិទ្យាសាស្ត្រ​ជឿ​យ៉ាង​ខ្លាំង​ថា​ពួក​គេ​នឹង​រក​ឃើញ​វ៉ាក់​សាំង​មួយ ហើយ​ប្រទេស​ផ្សេងៗ​កំពុង​តែ​សាក​វ៉ាក់​សាំង​ប្រភេទ​ផ្សេងៗ​ដែរ។ ទោះ​បើ​ការ​ព្យាយាម​នេះ​ទទួល​បាន​ជោគជ័យ​ក៏​ដោយ ច្រើន​ឆ្នាំ​នឹង​កន្លង​ទៅ​ទើប​វ៉ាក់​សាំង​មួយ​នឹង​ត្រូវ​បង្កើត​ឡើង គេ​នឹង​ធ្វើ​ការ​សាកល្បង និង​ស​ឲ្យ​ឃើញ​ថា​មាន​សុវត្ថិភាព​សំរាប់​មនុស្ស​ទូទៅ។

ប្រទេស​ខ្លះ​ដូច​ជា​ប្រទេស​ថៃ ប្រេស៊ីល និង​អ៊ូហ្គង់ដា​ជា​ដើម​ទទួល​បាន​ជោគជ័យ​ខ្លះៗ​គួរ​ឲ្យ​កត់​សម្គាល់។ ប្រទេស​ប្រេស៊ីល​បាន​កាត់​បន្ថយ​ពាក់​កណ្ដាល​នៃ​អត្រា​មនុស្ស​ស្លាប់​ដោយ​ជំងឺ​អេដស៍ ដោយ​ប្រើ​ឱសថ​ដែល​ផលិត​ក្នុង​ប្រទេស។ ប្រទេស​បូ​ស្វា​ណា​ដែល​ជា​ប្រទេស​តូច​មួយ និង​ដែល​មាន​ថវិការ​គ្រប់គ្រាន់​នោះ កំពុង​ព្យាយាម​ផ្ដល់​ឱសថ​អង់ទីរ៉េត្រូវីរ៉ល​ដល់​អ្នក​ជំងឺ​ក្នុង​ប្រទេស ហើយ​កំពុង​តែ​ព្យាយាម​បង្កើត​ឲ្យ​មាន​មន្ទីរ​ថែ​សុខភាព​ដែល​គេ​ត្រូវ​ការ។

ការ​ឈ្នះ​ជំងឺ​អេដស៍

ជំងឺ​អេដស៍​មាន​លក្ខណៈ​មួយ​ដែល​ខុស​ប្លែក​ពី​ជំងឺ​ឯ​ទៀត​ខ្លះៗ​ដែល​បាន​រាលដាល។ លក្ខណៈ​នោះ​គឺ វា​អាច​ត្រូវ​បង្ការ​បាន។ បើ​មនុស្ស​សុខ​ចិត្ត​កាន់​តាម​គោលការណ៍​ព្រះ​គម្ពីរ​ដ៏​បឋម នោះ​ក្នុង​ករណី​ជា​ច្រើន​ឬ​ក៏​ក្នុង​ករណី​ទាំង​អស់​អាច​ចៀស​វាង​ពី​ការ​ឆ្លង​បាន។

ខ្នាត​តម្រា​ក្នុង​ព្រះ​គម្ពីរ​ស្តី​អំពី​សីលធម៌​គឺ​ច្បាស់​លាស់។ អ្នក​ដែល​មិន​ទាន់​រៀប​ការ​មិន​ត្រូវ​រួម​ភេទ​ទេ។ (កូរិនថូសទី១ ៦:១៨) មនុស្ស​ដែល​បាន​រៀប​ការ​ហើយ គួរ​ស្មោះ​ត្រង់​នឹង​គូរ​របស់​គេ​និង​មិន​ផិត​ក្បត់​ប្ដី​ប្រពន្ធ​ទេ។ (ហេព្រើរ ១៣:៤) ការ​ប្រព្រឹត្ត​តាម​ដំបូន្មាន​ក្នុង​ព្រះ​គម្ពីរ​ដែល​បង្គាប់​ឲ្យ​ចៀស​វាង​ពី​ឈាម​ក៏​ការពារ​យើង​ដែរ។—កិច្ចការ ១៥:២៨, ២៩

អ្នក​ដែល​បាន​ឆ្លង​ជំងឺ​នេះ​ហើយ អាច​មាន​អំណរ​និង​ការ​សម្រាល​ទុក្ខ​យ៉ាង​ច្រើន​ដោយ​រៀន​អំពី​ពិភពលោក​ដែល​គ្មាន​ជំងឺ ដែល​ព្រះ​បាន​សន្យា​ថា​នឹង​មាន​នៅ​អនាគត និង​ដោយ​ប្រព្រឹត្ត​ឲ្យ​សម​ស្រប​ទៅ​តាម​អ្វី​ដែល​ទ្រង់​តម្រូវ។

ព្រះ​គម្ពីរ​សន្យា​ថា ក្រោយ​មក​បញ្ហា​ទាំង​ឡាយ​របស់​មនុស្ស​ជាតិ រួម​ទាំង​ជំងឺ​ផង​ដែរ​នឹង​ត្រូវ​បំបាត់​ជាក់​ជា​ពុំ​ខាន។ សេចក្ដី​សន្យា​នេះ​មាន​ក្នុង​សៀវភៅ​វិវរណៈ​៖​«ខ្ញុំ​មាន​ឮ​សំឡេង​១​យ៉ាង​ខ្លាំង ចេញ​ពី​ស្ថានសួគ៌​មក​ថា​៖ ‹មើល! រោង​ឧបោសថ​របស់​ព្រះ បាន​នៅ​ជា​មួយ​នឹង​មនុស្ស​ហើយ ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​គេ គេ​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​ព្រះ​អង្គ​ទ្រង់​ក៏​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ។ ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ នឹង​គ្មាន​សេចក្ដី​ស្លាប់ ឬ​សេចក្ដី​សោក​សង្រេង ឬ​សេចក្ដី​យំទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ។ ដ្បិត​សេចក្ដី​មុន​ទាំង​ប៉ុន្មាន បាន​កន្លង​បាត់​ទៅ​ហើយ›»។—វិវរណៈ ២១:៣, ៤

សេចក្ដី​សន្យា​នេះ​គឺ​មិន​សំរាប់​តែ​អ្នក​ណា​ដែល​មាន​លុយ​អាច​ទិញ​ថ្នាំ​ថ្លៃៗ​នោះ​ទេ។ សេចក្ដី​សន្យា​ដែល​ជា​ទំនាយ​នៅ​វិវរណៈ​ជំពូក​២១ ក៏​ត្រូវ​បញ្ជាក់​នៅ​អេសាយ ៣៣:២៤​ដែរ​ថា​៖​«ពួក​អ្នក​ដែល​នៅ​ក្នុង​ក្រុង​គេ​នឹង​មិន​ថា​៖ ‹ខ្ញុំ​ឈឺ ទៀត​ឡើយ›»។ នៅ​ពេល​នោះ មនុស្ស​ទាំង​ឡាយ​លើ​ផែនដី​នេះ​នឹង​គោរព​តាម​ច្បាប់​របស់​ព្រះ​និង​មាន​សុខភាព​ល្អ​ឥតខ្ចោះ​ទៀត​ផង។ យ៉ាង​នេះ​ការ​សម្លាប់​រង្គាល​ដោយ​ជំងឺ​អេដស៍​និង​ដោយ​ជំងឺ​ឯ​ទៀត​នឹង​ត្រូវ​បញ្ឈប់​ឲ្យ​លែង​មាន​ត​ទៅ​ទៀត។

[កំណត់​សម្គាល់]

^ វគ្គ 7 ថ្នាំ​អាយ​គឺ​ជា​ថ្នាំ​ដែល​ក្រុម​ហ៊ុន​ឱសថ​មួយ​មាន​ប៉ាតង់​កម្មសិទ្ធិ​ផលិត​តែ​ត្រូវ​ឲ្យ​អ្នក​ឯ​ទៀត​ចម្លង​រូប​មន្ត​តាម​ដោយ​ផលិត​ឱសថ​ដូច​គ្នា​នេះ។ សម​ស្រប​តាម​ច្បាប់​បើ​ក្នុង​ករណី​មាន​អាសន្ន​ប្រទេស​នានា​ដែល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​អាច​ចម្លង​រូប​មន្ត​ផលិត​ថ្នាំ​ដែល​ក្រុម​ហ៊ុន​ឱសថ​ឯ​ទៀត​មាន​ប៉ាតង់។

[ប្រអប់​/​រូបភាព​នៅ​ទំព័រ​៨, ៩]

នេះ​ជា​ការ​ព្យាបាល​ដ៏​ពិត​ដែល​ខ្ញុំ​បាន​ស្វះស្វែង​រក

នាង​ខ្ញុំ​មាន​អាយុ​២៣​ឆ្នាំ​ហើយ​រស់​នៅ​ទ្វីប​អាព្រិច​ប៉ែក​ខាង​ត្បូង។ ខ្ញុំ​ចាំ​បាន​ថ្ងៃ​ដែល​ខ្ញុំ​ទទួល​ដំណឹង​ថា​ខ្ញុំ​ហ៊ីវ​វិជ្ជមាន។

នៅ​ពេល​គ្រូ​ពេទ្យ​ប្រាប់​ដំណឹង​នេះ ខ្ញុំ​នៅ​ជា​មួយ​ម្ដាយ​ខ្ញុំ​ក្នុង​បន្ទប់​គ្រូ​ពេទ្យ​នោះ។ ក្នុង​ជីវិត​ខ្ញុំ ខ្ញុំ​ពុំ​ធ្លាប់​ឮ​ដំណឹង​ណា​ដែល​គួរ​ឲ្យ​សង្រេង​ចិត្ត​ដូច្នេះ​ទេ។ នៅ​ពេល​នោះ​ខ្ញុំ​ច្របូកច្របល់​ក្នុង​ចិត្ត​ណាស់។ ខ្ញុំ​ហួស​ចិត្ត​តែ​ម្ដង។ ខ្ញុំ​នឹក​ស្មាន​ថា មន្ទីរ​ពិសោធន៍​របស់​ពេទ្យ​នោះ​បាន​ពិនិត្យ​ឈាម​ច្រឡំ​ទេ។ ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​និយាយ​ឬ​ធ្វើ​យ៉ាង​ណា​ទេ។ ខ្ញុំ​ចង់​យំ​តែ​ទឹក​ភ្នែក​មិន​ព្រម​ចេញ​ទេ។ គ្រូ​ពេទ្យ​ចាប់​ផ្ដើម​ពិភាក្សា​ជា​មួយ​ម្ដាយ​ខ្ញុំ​អំពី​ឱសថ​អង់ទីរ៉េត្រូវីរ៉ល​និង​រឿង​ផ្សេងៗ​ទៀត ប៉ុន្តែ​ខ្ញុំ​ស្លុត​គាំង​ដល់​ម្ល៉េះ​មិន​អាច​ស្ដាប់​យល់​អ្វី​ទាំង​អស់។

ខ្ញុំ​បាន​គិត​ថា ខ្ញុំ​ប្រហែល​ជា​បាន​ឆ្លង​វីរុស​ពី​អ្នក​ណា​ម្នាក់​នៅ​សកល​វិទ្យាល័យ​របស់​ខ្ញុំ។ ខ្ញុំ​ពិត​ជា​ចង់​និយាយ​ជា​មួយ​អ្នក​ណា​ដែល​អាច​យល់​ពី​កាលៈទេសៈ​របស់​ខ្ញុំ តែ​មិន​អាច​គិត​ឃើញ​អ្នក​ណា​ម្នាក់​សោះ។ ខ្ញុំ​ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ និង​បាន​ទទួល​បរាជ័យ​ក្នុង​ជីវិត។ ទោះ​ជា​ក្រុម​គ្រួសារ​របស់​ខ្ញុំ​បាន​គាំទ្រ​ខ្ញុំ​ក៏​ដោយ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​គ្មាន​ទីពឹង​និង​ក៏​ខ្លាច​ផង​ដែរ។ ខ្ញុំ​ក៏​ដូច​ជា​យុវ​វ័យ​ឯ​ទៀត​ដែរ​មាន​ការ​ស្រមើ​ស្រមៃ​ច្រើន​ណាស់។ សល់​តែ​ពីរ​ឆ្នាំ​ទៀត ខ្ញុំ​នឹង​រៀន​ចប់​ដោយ​ទទួល​បរិញ្ញាបត្រ​ផ្នែក​វិទ្យាសាស្ត្រ ប៉ុន្តែ ក្ដី​សង្ឃឹម​នោះ​បាន​រលាយ​សាប​សូន្យ​អស់​រលីង។

ខ្ញុំ​ចាប់​ផ្ដើម​ប្រើ​ថ្នាំ​អង់ទីរ៉េត្រូវីរ៉ល​ហើយ​ទៅ​ជួប​អ្នក​ឲ្យ​ឱវាទ​ណែនាំ​ផ្នែក​ជំងឺ​អេដស៍ ប៉ុន្តែ ខ្ញុំ​នៅ​តែ​ក្រៀម​ក្រំ​ចិត្ត។ ខ្ញុំ​បាន​អធិស្ឋាន​សុំ​ព្រះ​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ជំនឿ​គ្រីស្ទាន​ដ៏​ពិត​មុន​ដែល​ខ្ញុំ​ស្លាប់។ ខ្ញុំ​ធ្លាប់​ជា​សមាជិក​នៃ​សាសនា​ភិន្ដាកុស​តា​ល ប៉ុន្តែ គ្មាន​អ្នក​ណា​ពី​វិហារ​នោះ​បាន​មក​សួរ​សុខ​ទុក្ខ​ខ្ញុំ​សោះ។ ខ្ញុំ​ចង់​ដឹង​សេចក្ដី​ពិត​ថា តើ​ខ្ញុំ​នឹង​ទៅ​ណា​ក្រោយ​ខ្ញុំ​ស្លាប់​ទៅ។

នៅ​ព្រឹក​មួយ​ដើម​ខែ​សីហា ឆ្នាំ​១៩៩៩ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ពីរ​នាក់​បាន​មក​គោះ​ទ្វារ​របស់​ខ្ញុំ។ ខ្ញុំ​ឈឺ​ខ្លាំង​នៅ​ថ្ងៃ​នោះ ប៉ុន្តែ ខ្ញុំ​អាច​ងើប​អង្គុយ​បាន​នៅ​បន្ទប់​ទទួល​ភ្ញៀវ។ ស្រី​ទាំង​ពីរ​ណែនាំ​ឲ្យ​ខ្ញុំ​ស្គាល់​ខ្លួន​គេ និង​ប្រាប់​ថា​ពួក​គេ​កំពុង​ជួយ​មនុស្ស​សិក្សា​ព្រះ​គម្ពីរ។ ខ្ញុំ​បាន​ធូរ​ក្នុង​អារម្មណ៍​ខ្លាំង​ណាស់​ដោយ​ព្រោះ​សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ​ទទួល​នូវ​ការ​តប​ឆ្លើយ។ ប៉ុន្តែ មក​ទល់​ពេល​នោះ ខ្ញុំ​មាន​កម្លាំង​ខ្សោយ​ដល់​ម្ល៉េះ​ដែល​ខ្ញុំ​មិន​អាច​អាន​ឬ​ក៏​ប្រុង​ស្មារតី​យូរ​ប៉ុន្មាន​ទេ។

យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​ប្រាប់​ពួក​គេ​ថា​ខ្ញុំ​ចង់​សិក្សា​ព្រះ​គម្ពីរ ហើយ​ពួក​គេ​បាន​ណាត់​ពេល​មក​បង្រៀន​ខ្ញុំ។ គួរ​ឲ្យ​សោក​ស្ដាយ​ណាស់ មុន​ថ្ងៃ​នោះ​មក​ដល់ ខ្ញុំ​ត្រូវ​គេ​នាំ​ទៅ​ជួប​ពេទ្យ​វិកលចរិត​ដោយសារ​ការ​បាក់​ទឹក​ចិត្ត។ បី​សប្ដាហ៍​ក្រោយ​មក ខ្ញុំ​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ចេញ​ទៅ​វិញ ហើយ​បាន​ធូរ​ក្នុង​អារម្មណ៍​ពេល​ដឹង​ថា ពួក​ស្មរបន្ទាល់​មិន​បាន​ភ្លេច​ខ្ញុំ​ទេ។ ខ្ញុំ​ចាំ​ថា​ស្មរបន្ទាល់​ម្នាក់​ធ្លាប់​មក​ជួប​ខ្ញុំ​ជា​រឿយៗ​ដើម្បី​សួរ​សុខ​ទុក្ខ​ខ្ញុំ។ ខាង​ផ្លូវ​កាយ ខ្ញុំ​បាន​ធូរ​ស្រាល​បន្ដិច ហើយ​ខ្ញុំ​បាន​ចាប់​ផ្ដើម​សិក្សា​ព្រះ​គម្ពីរ​នៅ​ដំណាច់​ឆ្នាំ។ ប៉ុន្តែ ការ​សិក្សា​មិន​ស្រួល​សំរាប់​ខ្ញុំ​ទេ ពីព្រោះ​សុខភាព​ខ្ញុំ​ចេះ​តែ​អន់ថយ​ទៅ។ ប៉ុន្តែ អ្នក​ដែល​បង្រៀន​ខ្ញុំ​ចេះ​យោគ​យល់​និង​ចេះ​អត់ធ្មត់។

ខ្ញុំ​បាន​កោត​ស្ងើច​ណាស់​ពេល​ខ្ញុំ​សិក្សា​អំពី​ព្រះ​យេហូវ៉ា និង​គុណសម្បត្ដិ​របស់​ទ្រង់ ព្រម​ទាំង​រៀន​ថា​ការ​ស្គាល់​ទ្រង់​យ៉ាង​ពិត​រួម​បញ្ចូល​អ្វី​ខ្លះ និង​ការ​សង្ឃឹម​ចំពោះ​ជីវិត​ជា​រៀង​រហូត​មាន​អត្ថន័យ​អ្វី។ នេះ​ជា​លើក​ទី​មួយ​ក្នុង​ជីវិត​ដែល​ខ្ញុំ​បាន​យល់​ពី​មូលហេតុ​ដែល​មនុស្ស​រង​ទុក្ខ។ ខ្ញុំ​បាន​អរ​ណាស់​ពេល​ខ្ញុំ​រៀន​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ដែល​បន្ដិច​ទៀត​នឹង​គ្រប់គ្រង​ជំនួស​រដ្ឋាភិបាល​របស់​មនុស្ស។ នេះ​បាន​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​កែ​ប្រែ​គន្លង​ជីវិត​របស់​ខ្ញុំ​ទាំង​ស្រុង។

នេះ​ហើយ​ជា​ការ​ព្យាបាល​ដ៏​ពិត​ដែល​ខ្ញុំ​បាន​ស្វះស្វែង​រក។ ការ​ទទួល​ស្គាល់​ថា ព្រះ​យេហូវ៉ា​នៅ​តែ​ស្រឡាញ់​នឹង​យក​ព្រះទ័យ​ទុក​ដាក់​នឹង​ខ្ញុំ​ជា​អ្វី​ដែល​សម្រាល​ទុក្ខ​ខ្ញុំ​ណាស់! ពី​មុន ខ្ញុំ​បាន​គិត​ថា​ព្រះ​ស្អប់​ខ្ញុំ​និង​នេះ​ជា​ហេតុ​ដែល​ខ្ញុំ​ឆ្លង​ជំងឺ​នេះ។ ប៉ុន្តែ ខ្ញុំ​រៀន​ថា​ព្រះ​យេហូវ៉ា​បាន​រៀប​ចំ​ដោយ​សេចក្ដី​ស្រឡាញ់​នូវ​សំវិធានការ​មួយ​ដើម្បី​អត់​ឱន​ទោស​អំពើ​បាប​ដោយ​ផ្អែក​លើ​យញ្ញបូជា​លោះ​របស់​ព្រះ​យេស៊ូ​គ្រីស្ទ។ នៅ​ពេល​នោះ​ខ្ញុំ​ដឹង​ថា​ព្រះ​យក​ព្រះទ័យ​ទុក​ដាក់ ដូច​ពេត្រុសទី១ ៥:៧ ចែង​ថា​៖​«ចូរ​ផ្ទេរ​គ្រប់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​ទៅ​លើ​ទ្រង់ ដ្បិត​ទ្រង់​តែង​យក​ព្រះទ័យ​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នា»។

ដោយ​សិក្សា​ព្រះ​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ​និង​ចូល​រួម​កិច្ច​ប្រជុំ​នៅ​សាលព្រះរាជាណាចក្រ ខ្ញុំ​កំពុង​ខំ​ប្រឹង​ចូល​ទៅ​ឲ្យ​បាន​ជិត​បំផុត​នឹង​ព្រះ​យេហូវ៉ា។ ទោះ​ជា​នេះ​មិន​តែង​តែ​ស្រួល​ក៏​ដោយ ខ្ញុំ​បាន​ទូល​ព្រះ​យេហូវ៉ា​អស់​ពី​ចិត្ត​អំពី​កង្វល់​របស់​ខ្ញុំ​ក្នុង​សេចក្ដី​អធិស្ឋាន​និង​បាន​សុំ​ទ្រង់​ប្រទាន​នូវ​កម្លាំង​និង​ការ​សម្រាល​ទុក្ខ។ សមាជិក​ក្រុមជំនុំ​គ្រីស្ទាន​ជួយ​យក​អាសា​ខ្ញុំ ដូច្នេះ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់។

ខ្ញុំ​ចូល​រួម​កិច្ចការ​ប្រកាស​ជា​ទៀងទាត់​ជា​មួយ​ក្រុមជំនុំ​របស់​ខ្ញុំ​តាម​តំបន់។ ខ្ញុំ​ចង់​ជួយ​អ្នក​ឯ​ទៀត​ខាង​វិញ្ញាណ ជា​ពិសេស​មនុស្ស​ដែល​ស្ថិត​ក្នុង​កាលៈទេសៈ​ស្រដៀង​នឹង​រូប​ខ្ញុំ។ ខ្ញុំ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ខែ​ធ្នូ ឆ្នាំ​២០០១។

[រូបភាព]

ខ្ញុំ​បាន​ត្រេកអរ​ខ្លាំង​ណាស់​ពេល​រៀន អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ

[រូបភាព​នៅ​ទំព័រ​៧]

ក្រុម​អ្នក​ជូន​ឱវាទ​ផ្នែក​ជំងឺ​អេដស៍​ប្រចាំ​ប្រទេស​បូ​ស្វា​ណា

[រូបភាព​នៅ​ទំព័រ​៩]

ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី មនុស្ស​ទាំង​អស់​នឹង​មាន​សុខភាព​ល្អ​ឥតខ្ចោះ