ប្អូនៗយុវវ័យដែលធ្វើឲ្យព្រះយេហូវ៉ារីករាយ
ប្អូនៗយុវវ័យដែលធ្វើឲ្យព្រះយេហូវ៉ារីករាយ
អត្ថបទសិក្សាទាំងនេះបានរៀបចំជាពិសេសសំរាប់យុវវ័យក្នុងចំណោមស្មរបន្ទាល់ព្រះយេហូវ៉ា។ ហេតុនេះហើយ យើងសូមលើកទឹកចិត្តប្អូនៗយុវវ័យឲ្យសិក្សាពត៌មាននេះឲ្យបានដិតដល់និងលើកដៃឆ្លើយឲ្យបានច្រើនពេលពិគ្រោះអត្ថបទសិក្សានេះនៅប្រជុំសិក្សាទស្សនាវដ្ដីប៉មយាមក្នុងក្រុមជំនុំ។
«កូនអើយ! ចូរឲ្យឯងមានប្រាជ្ញាឡើង ហើយឲ្យចិត្តអញបានរីករាយចុះ! ដើម្បីឲ្យអញអាចតបឆ្លើយចំពោះមនុស្ស ដែលដៀលតិះដល់អញ»។—សុភាសិត ២៧:១១
១, ២. (ក) តើការគ្រាន់តែចូលចិត្តរបស់ក្នុងលោកីយ៍នេះ បានសេចក្ដីថាប្អូនមិនសមជាគ្រីស្ទាននោះឬ? សូមពន្យល់។ (រ៉ូម ៧:២១) (ខ) តើប្អូនរៀនអ្វីខ្លះពីគំរូរបស់អេសាភ? (សូមមើលប្រអប់នៅទំព័រ ២៣)។
សូមគិតថាប្អូនទៅផ្សាររកទិញសំលៀកបំពាក់។ ពេលប្អូនមើលត្រួសៗ ប្អូនឃើញសំលៀកបំពាក់មួយដែលធ្វើឲ្យប្អូនត្រូវចិត្តចង់បានភ្លាម។ ពណ៌និងម៉ូតសំលៀកបំពាក់នេះទំនងជាសមសំរាប់ប្អូន ផ្លាកតំលៃក៏បញ្ជាក់ថាសំលៀកបំពាក់នេះគឺពិតជាថោកមែន។ ប៉ុន្តែក្រោយមក ប្អូនយកសំលៀកបំពាក់នេះមកមើលឲ្យបានដិតដល់។ ប្អូនមានចិត្តភ្ញាក់ផ្អើលណាស់ ពេលឃើញតាមជាយកំណាត់នោះឡើងដាច ហើយថ្នេរដេរក៏អន់ទៀត។ សំលៀកបំពាក់នេះត្រូវបានកាត់ដេរមិនល្អទេ ទោះជាមើលទៅគួរឲ្យចង់បានក៏ដោយ។ តើប្អូននឹងចំណាយលុយលើរបស់អន់បែបនេះឬទេ?
២ សូមប្រៀបធៀបស្ថានការណ៍ដែលទើបរៀបរាប់នេះទៅនឹងស្ថានការណ៍ដែលប្អូនជាយុវវ័យគ្រីស្ទានអាចជួបប្រទះ។ មើលមួយភ្លែត របស់នៅក្នុងលោកីយ៍នេះគឺទំនងជាអ្វីដែលគួរឲ្យចង់បានជាទីបំផុត ប្រៀបដូចនឹងសំលៀកបំពាក់នោះដែរ។ ជាឧទាហរណ៍ មិត្តរួមថ្នាក់របស់ប្អូនប្រហែលជាទៅជប់លៀងដែលគួរឲ្យសប្បាយ គេប្រើគ្រឿងញៀន ផឹកស្រា ដើរលេងជាគូប្រុសស្រីដោយឥតតាំងចិត្តនៅស្មោះជាមួយគ្នា ព្រមទាំងរួមដំណេកមុនរៀបការទៀតផង។ នៅពេលខ្លះ តើប្អូនចាប់អារម្មណ៍នឹងគន្លងជីវិតបែបនេះឬទេ? តើប្អូនចង់ភ្លក់មើលយ៉ាងខ្លាំងនូវសេរីភាពដែលគេបានពោលអះអាងនោះឬទេ? បើដូច្នេះមែន ចូរកុំរហ័សសន្និដ្ឋានថាខ្លួនប្អូនជាមនុស្សអាក្រក់ ហើយគិតថាខ្លួនមិនសមធ្វើជាគ្រីស្ទាននោះឡើយ។ យ៉ាងណាមិញ ព្រះគម្ពីរចែងថា អ្វីៗក្នុងលោកីយ៍នេះអាចធ្វើឲ្យទាក់ចិត្តយ៉ាងខ្លាំង សូម្បីចំពោះមនុស្សម្នាក់ដែលចង់ផ្គាប់ព្រះហឫទ័យរបស់ព្រះនោះ។—ធីម៉ូថេទី២ ៤:១០
៣. (ក) ហេតុអ្វីក៏គ្មានប្រយោជន៍ក្នុងការដេញតាមរបស់ក្នុងលោកីយ៍នេះ? (ខ) តើគ្រីស្ទានម្នាក់រៀបរាប់យ៉ាងណាអំពីភាពឥតប្រយោជន៍នៃរបស់ក្នុងលោកីយ៍នេះ?
៣ ឥឡូវ សូមប្អូនពិនិត្យឲ្យបានដិតដល់នូវរបស់ក្នុងលោកីយ៍នេះ ដូចជាប្អូនពិនិត្យមើលសំលៀកបំពាក់មួយដែលប្អូនចាប់អារម្មណ៍ចង់ទិញនោះដែរ។ សូមប្អូនដណ្ដឹងសួរខ្លួនថា៖ ‹តើរបបលោកីយ៍នេះល្អប៉ុនណា?› ព្រះគម្ពីរចែងថា៖ «លោកីយនេះ . . . កំពុងកន្លងទៅ»។ (យ៉ូហានទី១ ២:១៧) ការសប្បាយណាដែលមានក្នុងលោកីយ៍នេះគ្រាន់តែជាការបណ្ដោះអាសន្នប៉ុណ្ណោះ ទោះជាស្ថិតក្រោមកាលៈទេសៈល្អក៏ដោយ។ ម្យ៉ាងវិញទៀត ការប្រព្រឹត្តដែលឥតកោតខ្លាចព្រះគឺមានផលវិបាកដ៏ធ្ងន់ធ្ងរ។ ការប្រព្រឹត្តបែបនេះច្បាស់ជាគ្មានប្រយោជន៍នោះទេ។ គ្រីស្ទានម្នាក់ដែលបានស៊ូទ្រាំនឹងអ្វីដែលនាងហៅថា«ការឈឺចាប់ដោយការប្រើគ្រាយុវវ័យទៅតាមផ្លូវខុស» នោះនាងបានពោលថា៖ «របស់ក្នុងលោកីយ៍នេះប្រហែលជាមើលទៅឃើញថាគួរឲ្យរំភើបនិងគួរឲ្យចង់បានមែន។ ហើយលោកីយ៍នេះចង់ ឲ្យអ្នកជឿថាអ្នកអាចសប្បាយដូចគេដែរ ដោយគ្មានការលំបាកឈឺចាប់នោះទេ។ ប៉ុន្តែ នេះគឺមិនពិតទេ។ លោកីយ៍នេះនឹងធ្វើឲ្យអ្នកបំរើវា ពេលវាឈប់ត្រូវការអ្នកហើយ វាក៏បោះបង់អ្នកចោលតែម្ដង»។ * ប្អូនច្បាស់ជាមិនចង់បង្ខាតយុវវ័យរបស់ខ្លួន ដោយមានគន្លងជីវិតដ៏ថោកទាបបែបនេះឡើយ មែនទេ?
ការការពារពី«មារកំណាច»
៤, ៥. (ក) បន្ដិចមុនព្រះយេស៊ូសោយទិវង្គត តើព្រះយេស៊ូអធិស្ឋានទូលសុំព្រះយេហូវ៉ាអំពីអ្វី? (ខ) ហេតុអ្វីក៏នេះជាសេចក្ដីស្នើសុំដ៏ត្រឹមត្រូវ?
៤ យុវវ័យក្នុងចំណោមស្មរបន្ទាល់ព្រះយេហូវ៉ាខំប្រឹងជៀសវាងពីការចងមិត្តភាពជាមួយនឹងលោកីយ៍នេះ ដោយដឹងថារបបលោកីយ៍នេះគឺគ្មានអ្វីដែលល្អនោះទេ។ (យ៉ាកុប ៤:៤) តើប្អូនស្ថិតក្នុងចំណោមយុវវ័យដ៏ស្មោះត្រង់ទាំងនេះឬទេ? បើដូច្នេះមែន យើងសូមសរសើរប្អូន។ មែនហើយ គឺមិនស្រួលទេដែលប្អូនត្រូវទប់ទល់នឹងការបង្ខិតបង្ខំពីពួកម៉ាក ហើយប្អូនមានលក្ខណៈខុសប្លែកពីគេនោះ តែប្អូនអាចទទួលជំនួយបាន។
៥ បន្ដិចមុននឹងព្រះយេស៊ូសោយទិវង្គត នោះទ្រង់បានអធិស្ឋានទូលព្រះយេហូវ៉ាឲ្យ«ការពារ»ពួកសិស្ស«ពីអំណាចមារកំណាច»។ (យ៉ូហាន ១៧:១៥, ព្រះគម្ពីរភាសាខ្មែរសម្រាយ) ព្រះយេស៊ូបានធ្វើសេចក្ដីស្នើសុំនេះដោយមានមូលហេតុល្អ។ ទ្រង់ជ្រាបថាការតាំងចិត្តស្មោះគ្រប់ល័ក្ខណ៍នឹងមិនស្រួលទេសំរាប់ពួកអ្នកកាន់តាមទ្រង់ ទោះជាពួកគេមានអាយុប៉ុន្មានក៏ដោយ។ ហេតុអ្វី? មូលហេតុមួយ ដូចជាព្រះយេស៊ូបានទទួលស្គាល់ គឺពួកសិស្សនឹងប្រឈមមុខមេសត្រូវដ៏ខ្លាំងក្លាដែលគេមើលមិនឃើញ គឺអារក្សសាតាំងដែលជា«មារកំណាច»។ ព្រះគម្ពីរចែងថាបុគ្គលវិញ្ញាណដ៏អាក្រក់នេះ«ដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីនឹងរកអ្នកណាដែលវានឹងត្របាក់លេបបាន»។—ពេត្រុសទី១ ៥:៨
៦. តើតាមរបៀបណាដែលយើងដឹងថា សាតាំងគ្មានសេចក្ដីមេត្ដាចំពោះយុវវ័យ?
៦ ទូទាំងប្រវត្ដិសាស្ត្រ សាតាំងសប្បាយដើម្បីនាំឲ្យមានអំពើកំណាចយ៉ាងឃោរឃៅបំផុតលើមនុស្សលោក។ ចូរពិនិត្យមើលនូវការរងទុក្ខវេទនាដ៏អាក្រក់ក្រៃលែងដែលសាតាំងបានធ្វើដល់យ៉ូបនិងក្រុមគ្រួសារគាត់។ (យ៉ូប ១:១៣-១៩; ២:៧) ប្រហែលជាប្អូនអាចនឹកចាំនូវព្រឹត្ដិការណ៍ណាមួយតាមប្រភពពត៌មានក្នុងកំឡុងជីវិតរបស់ប្អូន ដែលបង្ហាញអំពីលក្ខណៈដ៏កំណាចរបស់សាតាំង។ អារក្សកំពុងដើរក្រវែលដើម្បីត្របាក់ស៊ីមនុស្សណាម្នាក់ ហើយវាគ្មានមេត្ដាដល់យុវវ័យឡើយ។ ជាឧទាហរណ៍ នៅដើមសតវត្សទីមួយ ស.យ. នោះស្តេចហេរ៉ូឌបានបង្កើតឡើងនូវឧបាយកលដើម្បីរកសម្លាប់ក្មេងប្រុសៗទាំងអស់នៅភូមិបេថ្លេហិមដែលមានអាយុពីរឆ្នាំចុះក្រោម។ (ម៉ាថាយ ២:១៦) គឺទំនងជាសាតាំងទេដែលអុជអាលឲ្យស្តេចហេរ៉ូឌធ្វើដូច្នេះ ហើយទង្វើនេះគឺដើម្បីសម្លាប់ទារកម្នាក់ ដែលនៅថ្ងៃមួយនឹងក្លាយទៅជាព្រះមេស្ស៊ី ដែលនឹងនាំការជំនុំជំរះរបស់ព្រះមកលើសាតាំង! (លោកុប្បត្តិ ៣:១៥) យ៉ាងច្បាស់ណាស់ សាតាំងគ្មានសេចក្ដីមេត្ដាចំពោះយុវវ័យឡើយ។ គោលបំណងតែមួយគត់របស់វាគឺដើម្បីត្របាក់ស៊ីមនុស្សឲ្យបានច្រើនបំផុត។ សព្វថ្ងៃនេះគឺពិតជាដូច្នេះមែន ព្រោះសាតាំងបានត្រូវទំលាក់ ចេញពីស្ថានសួគ៌មកផែនដីនេះ «ទាំងមានសេចក្ដីឃោរឃៅជាខ្លាំង ដោយវាដឹងថាពេលវេលាវាខ្លីណាស់ហើយ»។—វិវរណៈ ១២:៩, ១២
៧. (ក) តើព្រះយេហូវ៉ាខុសគ្នាឆ្ងាយនឹងសាតាំងយ៉ាងដូចម្ដេច? (ខ) តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាពេលដែលប្អូនសប្បាយក្នុងជីវិតនោះ?
៧ ចំពោះព្រះយេហូវ៉ាវិញ ទ្រង់មាន«ព្រះហឫទ័យមេត្ដាករុណា» ដែលខុសគ្នាឆ្ងាយណាស់នឹងសាតាំង ដ្បិតវាមាន«សេចក្ដីឃោរឃៅជាខ្លាំង»។ (លូកា ១:៧៨) ព្រះយេហូវ៉ាជាបុគ្គលដែលមានសេចក្ដីស្រឡាញ់ច្រើនបំផុត។ តាមពិត ព្រះដែលជាអ្នកបង្កើតរបស់យើងបានបង្ហាញនូវគុណសម្បត្ដិដ៏ឧត្តមនេះច្រើនដល់ម្ល៉េះ ដែលព្រះគម្ពីរចែងថា៖ «ព្រះទ្រង់ជាសេចក្ដីស្រឡាញ់»។ (យ៉ូហានទី១ ៤:៨) គឺមានភាពខុសគ្នាឆ្ងាយមែនរវាងព្រះនៃរបបលោកីយ៍នេះ និងព្រះដែលប្អូនៗមានកិត្ដិយសថ្វាយបង្គំនោះ! សាតាំងស្វះស្វែងរកត្របាក់ស៊ីមនុស្ស រីឯព្រះយេហូវ៉ាវិញ ទ្រង់«មិនចង់ឲ្យអ្នកណាមួយវិនាសឡើយ»។ (ពេត្រុសទី២ ៣:៩) ទ្រង់ចាត់ទុកជីវិតមនុស្សគ្រប់គ្នាមានតម្លៃណាស់ រួមទាំងជីវិតរបស់ប្អូនដែរ។ ពេលព្រះយេហូវ៉ាដាស់តឿនប្អូនតាមរយៈព្រះបន្ទូលរបស់ទ្រង់ ថាកុំឲ្យមានចំណែកក្នុងលោកីយ៍នេះ គឺទ្រង់មិនខំបង្អត់ប្អូនពីការសប្បាយរីករាយឬខំដាក់កំរិតទៅលើសេរីភាពរបស់ប្អូននោះទេ។ (យ៉ូហាន ១៥:១៩) ផ្ទុយទៅវិញ ទ្រង់មើលថែរក្សាប្អូនឲ្យរួចផុតពីមារកំណាច។ ព្រះវរបិតានៅសួគ៌ាចង់ឲ្យប្អូនបានអ្វីមួយប្រសើរជាងការកំសាន្តដែលកន្លងទៅយ៉ាងរហ័សក្នុងលោកីយ៍នេះ។ ព្រះយេហូវ៉ាប្រាថ្នាចង់ឲ្យប្អូនទទួលបាន«ជីវិតដ៏ពិតប្រាកដ» ពោលគឺជីវិតជារៀងរហូតក្នុងផែនដីមនោរម្យ។ (ធីម៉ូថេទី១ ៦:១៧-១៩, ព្រះគម្ពីរភាសាខ្មែរសម្រាយ) ព្រះយេហូវ៉ាចង់ឲ្យប្អូនៗទទួលបានជោគជ័យ ហើយទ្រង់កំពុងដាស់តឿនប្អូនឲ្យឈានទៅកាន់គោលដៅនោះ។ (ធីម៉ូថេទី១ ២:៤) ម្យ៉ាងវិញទៀត ព្រះយេហូវ៉ាផ្ដល់នូវសេចក្ដីអញ្ជើញដ៏ពិសេសមួយចំពោះប្អូនដែរ។ តើនោះជាអ្វីទៅ?
«ឲ្យចិត្តអញបានរីករាយចុះ!»
៨, ៩. (ក) តើអំណោយអ្វីដែលប្អូនអាចថ្វាយព្រះយេហូវ៉ា? (ខ) ដូចដែលបានបង្ហាញក្នុងករណីរបស់យ៉ូប តើសាតាំងតិះដៀលព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
៨ តើប្អូនធ្លាប់ទិញអំណោយឲ្យមិត្តជិតស្និទ្ធម្នាក់ ហើយឃើញទឹកមុខរបស់មិត្តនោះញញឹមរីករាយទាំងមានការដឹងគុណពេលទទួលអំណោយនោះទេ? ប្អូនប្រហែលជាខំគិតយូរណាស់ថាអំណោយបែបណាសមនឹងមិត្តនោះ។ សូមប្អូនគិតអំពីសំនួរនេះវិញ៖ តើអំណោយបែបណាដែលប្អូនអាចថ្វាយព្រះយេហូវ៉ាដែលជាអ្នកបង្កើតប្អូន? មុនដំបូង គំនិតនេះប្រហែលជាស្ដាប់ទៅដូចជាមិនសមហេតុសមផលសោះ។ តើព្រះដ៏មានព្រះចេស្ដាបំផុតត្រូវការអ្វីពីមនុស្សជាតិ? តើប្អូនអាចថ្វាយអ្វី ដែលទ្រង់ពុំមាននោះ? ព្រះគម្ពីរឆ្លើយនៅសុភាសិត ២៧:១១ ថា៖ «កូនអើយ! ចូរឲ្យឯងមានប្រាជ្ញាឡើង ហើយឲ្យចិត្តអញបានរីករាយចុះ! ដើម្បី ឲ្យអញអាចតបឆ្លើយចំពោះមនុស្សដែលដៀលតិះដល់អញ»។
៩ ដូចជាប្អូនដឹងតាមរយៈការសិក្សាព្រះគម្ពីរ គឺជាអារក្សសាតាំងទេដែលតិះដៀលព្រះយេហូវ៉ា។ វាពោលអះអាងថាមនុស្សដែលបំរើព្រះ គេបំរើទ្រង់ដោយសារការគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ មិនមែនបំរើទ្រង់ដោយសេចក្ដីស្រឡាញ់ឡើយ។ សាតាំងអះអាងថា បើអនុញ្ញាតឲ្យពួកអ្នកបំរើរបស់ព្រះរងទុក្ខលំបាក នោះពួកគេនឹងបោះបង់ចោលការថ្វាយបង្គំពិតភ្លាម។ ជាឧទាហរណ៍ សូមពិនិត្យនូវអ្វីដែលសាតាំងទូលព្រះយេហូវ៉ា ស្តីអំពីយ៉ូបដែលជាបុរសដ៏សុចរិត វាពោលថា៖ «តើទ្រង់មិនបានធ្វើរបងព័ទ្ធជុំវិញ ព្រមទាំងគ្រួ នឹងរបស់ដែលគាត់មានទាំងប៉ុន្មានផងទេឬអី? ទ្រង់បានប្រទានពរ ដល់ការដែលដៃគាត់ធ្វើ ទ្រព្យសម្បត្ដិគាត់ក៏បានចំរើនឡើងនៅលើផែនដី។ ដូច្នេះ ចូរទ្រង់គ្រាន់តែលូកព្រះហស្ត ទៅពាល់របស់ផងគាត់ទាំងប៉ុន្មានចុះ! នោះគាត់នឹងប្រមាថដល់ទ្រង់ នៅចំពោះព្រះភក្ដ្រ»។—យ៉ូប ១:១០, ១១
១០. (ក) តើដូចម្ដេចក៏យើងដឹងថាសាតាំងបានជំទាស់នឹងភាពស្មោះត្រង់របស់មនុស្សជាច្រើនទៀត មិនមែនតែយ៉ូបប៉ុណ្ណោះទេ? (ខ) តើប្អូនជាប់ទាក់ទងនឹងរឿងចំណោទនៃអធិបតេយ្យយ៉ាងដូចម្ដេច?
១០ ដូចបានបង្ហាញក្នុងកំណត់ហេតុព្រះគម្ពីរ សាតាំងបានទម្លាក់ការសង្ស័យទៅលើភាពស្មោះត្រង់របស់យ៉ូប និងពួកអ្នកបំរើព្រះជាច្រើនទៀត រួមបញ្ចូលភាពស្មោះត្រង់របស់ប្អូនផ្ទាល់។ តាមពិត សាតាំងទូលព្រះយេហូវ៉ាអំពីមនុស្សជាតិទូទៅថា៖ «មនុស្ស[មិនមែនគ្រាន់តែយ៉ូបទេតែមនុស្សណាក៏ដោយ]នឹងសុខចិត្តលះបង់ទាំងអស់ចោល ដើម្បីឲ្យបានជីវិតគង់នៅ»។ (យ៉ូប ២:៤) តើប្អូនឃើញតួនាទីរបស់ប្អូនក្នុងរឿងដ៏សំខាន់នេះឬទេ? ដូចបានបញ្ជាក់នៅសុភាសិត ២៧:១១ ព្រះយេហូវ៉ាមានបន្ទូលថា មានអ្វីមួយដែលប្អូនអាចថ្វាយទ្រង់ ហើយជាអ្វីដែលធ្វើជាមូលដ្ឋានសំរាប់ឲ្យទ្រង់តបឆ្លើយនឹងសាតាំងដែលជាអ្នកតិះដៀលទ្រង់។ ចូរប្អូនគិតទៅមើល ព្រះមហាក្សត្រសកលលោកទាំងមូលកំពុងអំពាវនាវឲ្យប្អូនចូលរួមតបឆ្លើយដោយផ្ទាល់នឹងរឿងចំណោទដ៏ធំបំផុតនេះ។ ប្អូនមានភារកិច្ចនិងឯកសិទ្ធិដ៏ល្អអស្ចារ្យមែន! តើប្អូនអាចបំពេញនូវអ្វីដែលព្រះយេហូវ៉ាសុំឲ្យប្អូនធ្វើបានទេ? យ៉ូបបានបំពេញតាមហើយ។ (យ៉ូប ២:៩, ១០) ព្រះយេស៊ូព្រមទាំងមនុស្សជាច្រើនឥតគណនាទូទាំងប្រវត្ដិសាស្ត្រ រួមទាំងយុវវ័យជាច្រើនក៏បានជោគជ័យដែរ។ (ភីលីព ២:៨; វិវរណៈ ៦:៩) ប្អូនអាចធ្វើបានដូច្នេះដែរ។ ប៉ុន្តែ ប្អូនគួរចាំក្នុងចិត្តថា យើងមិនអាចនៅអព្យាក្រឹតចំពោះរឿងនេះឡើយ។ ដោយសារការប្រព្រឹត្តរបស់ប្អូនៗនឹងបង្ហាញថាប្អូនគាំទ្រការ តិះដៀលរបស់សាតាំង ឬការតបឆ្លើយរបស់ព្រះយេហូវ៉ា។ តើប្អូននឹងជ្រើសរើសគាំទ្រមួយណា?
ព្រះយេហូវ៉ាយកព្រះទ័យទុកដាក់នឹងប្អូនគ្រប់គ្នា!
១១, ១២. តើពិតជាសំខាន់ចំពោះព្រះយេហូវ៉ាទេ ដែលប្អូនសម្រេចចិត្តបំរើទ្រង់ឬក៏មិនបំរើទ្រង់នោះ? សូមពន្យល់។
១១ តើជំរើសដែលប្អូនរើសយកពិតជាសំខាន់ចំពោះព្រះយេហូវ៉ាទេ? តើមិនមានមនុស្សច្រើនគ្រប់គ្រាន់ហើយទេឬ ដែលរក្សានៅភាពស្មោះត្រង់ ដើម្បីឲ្យទ្រង់តបឆ្លើយនឹងការតិះដៀលរបស់សាតាំងនោះ? ពិតហើយ សាតាំងបានពោលអះអាងថា គ្មានអ្នកណាម្នាក់បំរើព្រះយេហូវ៉ាដោយស្រឡាញ់ទ្រង់ទេ ដូច្នេះការចោទនេះបានសឲ្យឃើញថាខុសរួចទៅហើយ។ ប៉ុន្តែ ព្រះយេហូវ៉ាចង់ឲ្យប្អូនកាន់ជំហរនៅខាងទ្រង់ក្នុងរឿងចំណោទអំពីអធិបតេយ្យនោះ ពីព្រោះទ្រង់យកព្រះទ័យទុកដាក់លើប្អូនផ្ទាល់។ ព្រះយេស៊ូបានមានបន្ទូលថា៖ «ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ ទ្រង់ក៏មិនសព្វព្រះហឫទ័យ ឲ្យកូនតូចណាមួយនេះ ត្រូវវិនាសដូច្នោះដែរ»។—ម៉ាថាយ ១៨:១៤
១២ យ៉ាងច្បាស់ណាស់ ព្រះយេហូវ៉ាគឺចាប់អារម្មណ៍នឹងជំរើសរបស់ប្អូនរៀងៗខ្លួន។ សំខាន់ជាងនោះទៅទៀត នេះគឺមានអានុភាពលើទ្រង់ដែរ។ ព្រះគម្ពីរចែងយ៉ាងច្បាស់ថា ដោយសារការប្រព្រឹត្តល្អឬអាក្រក់របស់មនុស្ស នោះមានឥទ្ធិពលយ៉ាងខ្លាំងទៅលើអារម្មណ៍របស់ព្រះយេហូវ៉ា។ ជាឧទាហរណ៍ ពេលពួកអ៊ីស្រាអែលបានបះបោរម្ដងហើយម្ដងទៀត ព្រះយេហូវ៉ាបាន«ព្រួយព្រះហឫទ័យ»។ (ទំនុកដំកើង ៧៨:៤០, ៤១) មុនទឹកជំនន់នៃសម័យលោកណូអេ ពេលមាន«ការអាក្រក់របស់មនុស្សបានចំរើនជាច្រើនឡើង» នោះព្រះយេហូវ៉ា«មានព្រះហឫទ័យព្រួយ»។ (លោកុប្បត្តិ ៦:៥, ៦) សូមគិតអំពីអត្ថន័យនៃរឿងនេះ។ ប្រសិនបើប្អូនធ្វើតាមផ្លូវអាក្រក់ ប្អូនអាចនាំឲ្យព្រះឈឺព្រះទ័យ។ នេះមិនបានសេចក្ដីថាព្រះខ្សោយឬមិនអាចទប់អារម្មណ៍នោះទេ។ តែពិតជាបានសេចក្ដីថាទ្រង់ស្រឡាញ់ប្អូននិងយកព្រះទ័យទុកដាក់នឹងប្អូនមែន។ ផ្ទុយទៅវិញ ពេលប្អូនប្រព្រឹត្តល្អ ព្រះយេហូវ៉ាមានព្រះទ័យរីករាយ។ ទ្រង់មានព្រះទ័យសប្បាយ មិនមែនដោយសារទ្រង់អាចតបឆ្លើយដល់សាតាំងនោះទេ ប៉ុន្តែទ្រង់អាចប្រទាននូវរង្វាន់ដល់ប្អូន។ ហើយនេះជាអ្វីដែលទ្រង់ចង់ធ្វើ គឺធ្វើជាអ្នកប្រទានរង្វាន់។ (ហេព្រើរ ១១:៦) ប្អូនពិតជាមានព្រះវរបិតាដែលប្រកបទៅដោយសេចក្ដីស្រឡាញ់មែន!
ពរដ៏វិសេសនៅសព្វថ្ងៃនេះ
១៣. តើការបំរើព្រះយេហូវ៉ានាំឲ្យយើងបានពរសព្វថ្ងៃនេះយ៉ាងដូចម្ដេច?
១៣ ពរដែលមកពីការបំរើព្រះយេហូវ៉ា គឺមិនមែនមាននៅអនាគតតែប៉ុណ្ណោះនោះទេ។ យុវវ័យជាច្រើននាក់បានទទួលអំណរនិងចិត្តសប្បាយរីករាយយ៉ាងខ្លាំងនៅសព្វថ្ងៃនេះ ទាំងមានហេតុត្រឹមត្រូវទៀតផង។ អ្នកតែងបទទំនុកដំកើងបានសរសេរថា៖ «សេចក្ដីបញ្ញត្តរបស់ព្រះយេហូវ៉ាសុទ្ធតែទៀងត្រង់ ក៏បណ្ដាលឲ្យចិត្តរីករាយសប្បាយ ក្រិត្យក្រមនៃព្រះយេហូវ៉ាជាសុទ្ធសាធ ក៏បំភ្លឺភ្នែក»។ (ទំនុកដំកើង ១៩:៨) ព្រះយេហូវ៉ាជ្រាបនូវអ្វីដែលល្អសំរាប់យើង ជាងមនុស្សណាម្នាក់ទៅទៀត។ ព្រះយេហូវ៉ាបានមានបន្ទូលតាមរយៈព្យាការីអេសាយថា៖ «អញ នេះ គឺយេហូវ៉ា ជាព្រះនៃឯង ជាអ្នកដែលបង្រៀនឲ្យឯងបានទទួលប្រយោជន៍ ហើយក៏នាំឯងទៅក្នុងផ្លូវដែលឯងគួរដើរ ឱបើឯងបានស្ដាប់តាមបញ្ញត្តទាំងប៉ុន្មានរបស់អញទៅអេះ នោះសេចក្ដីសុខរបស់ឯងនឹងបានដូចជាទន្លេ សេចក្ដីសុចរិតរបស់ឯង នឹងបានដូចជារលកនៃសមុទ្រហើយ»។—អេសាយ ៤៨:១៧, ១៨
១៤. តើគោលការណ៍ព្រះគម្ពីរអាចជួយប្អូនឲ្យជៀសវាងពីការជំពាក់លុយច្រើនដែលនាំឲ្យខ្លួនលំបាកយ៉ាងដូចម្ដេច?
១៤ ការអនុលោមតាមគោលការណ៍ព្រះគម្ពីរ នឹងជួយប្អូនឲ្យជៀសផុតពីការឈឺចាប់ជាច្រើន។ ជាឧទាហរណ៍ ព្រះគម្ពីរចែងថាអស់អ្នកដែលបណ្ដុះឲ្យមានចិត្តស្រឡាញ់ប្រាក់«ចាក់ទំលុះខ្លួនគេ ដោយសេចក្ដីព្រួយលំបាកជាច្រើន»។ (ធីម៉ូថេទី១ ៦:៩, ១០) តើមានពួកម៉ាករបស់ប្អូនណាម្នាក់បានទទួលនូវសច្ចភាពនៃបទគម្ពីរនេះឬទេ? យុវបុរសនិងយុវនារីខ្លះគឺជំពាក់លុយគេច្រើនណាស់ ដោយសារពួកគេគិតថាពួកគេត្រូវតែមានសំលៀកបំពាក់ម៉ូដថ្មីៗ ឬគ្រឿងបច្ចេកទេសទំនើបៗ។ បើប្អូនមានបន្ទុកត្រូវបង់លុយសងគេអស់រយៈពេលយូរទាំងត្រូវបង់ថ្លៃការប្រាក់ខ្ពស់សំរាប់របស់របរដែលប្អូនពុំមានលុយគ្រប់គ្រាន់ដើម្បីទិញនោះ នេះមិនខុសពីធ្វើជាខ្ញុំកញ្ជះគេដោយបណ្ដាលឲ្យខ្លួនត្រូវលំបាកនោះ!—សុភាសិត ២២:៧
១៥. តើតាមរបៀបណាដែលគោលការណ៍ព្រះគម្ពីរការពារប្អូនពីផលវិបាកដែលមកពីការធ្វើអំពើអសីលធម៌ខាងកាម?
១៥ ចូរគិតដែរអំពីរឿងអសីលធម៌ខាងកាម។ ជារៀងរាល់ឆ្នាំទូទាំងពិភពលោក ក្មេងជំទង់ដែលមិនទាន់រៀបការជាច្រើនឥតគណនាមានផ្ទៃពោះ។ ក្មេងជំទង់ខ្លះសម្រាលបានកូនដែលគេមិនចង់បាននិងក៏គ្មានសមត្ថភាពចិញ្ចឹមដែរ។ អ្នកខ្លះពន្លូតកូន ហើយជាលទ្ធផល មនសិការរបស់គេក៏ធ្វើទុក្ខទោសដល់គេវិញ។ បន្ទាប់មក ក៏មានយុវបុរសនិងយុវនារីដែលឆ្លងកាមរោគ ដូចជាជំងឺអេដស៍ជាដើម។ ចំពោះយុវវ័យដែលស្គាល់ព្រះយេហូវ៉ា នោះផលវិបាកដ៏ធំបំផុត នោះគឺការបាត់បង់នូវចំណងមេត្រីភាពជាមួយនឹងព្រះយេហូវ៉ា។ * (កាឡាទី ៥:១៩-២១) ដោយមានមូលហេតុល្អព្រះគម្ពីរបានចែងថា៖ «ចូររត់ពីការសហាយស្មន់ចេញ»។—កូរិនថូសទី១ ៦:១៨
ចូរបំរើ«ព្រះដែលមានព្រះទ័យសប្បាយ»
១៦. (ក) តើដូចម្ដេចក៏យើងដឹងថា ព្រះយេហូវ៉ាចង់ឲ្យប្អូនអរសប្បាយក្នុងគ្រាយុវវ័យ? (ខ) ហេតុអ្វីក៏ព្រះយេហូវ៉ារៀបចំគោលការណ៍ណែនាំឲ្យប្អូនធ្វើតាម?
១៦ ព្រះគម្ពីរចែងថាព្រះយេហូវ៉ាគឺជា «ព្រះដែលមានព្រះទ័យសប្បាយ»។ (ធីម៉ូថេទី១ ១:១១, ព.ថ.) ទ្រង់ចង់ឲ្យអ្នកសប្បាយរីករាយដែរ។ តាមការពិត ទ្រង់មានបន្ទូលថា៖ «ចូរសប្បាយទាន់ខ្លួនអ្នកនៅក្មេង។ ចូរអោយចិត្តរបស់អ្នកបានរីករាយ ក្នុងគ្រាយុវវ័យនេះ»។ (សាស្ដា ១១:៩, ព្រះគម្ពីរភាសាខ្មែរសម្រាយ) ប៉ុន្តែ ព្រះយេហូវ៉ាអាចទតសម្លឹងហួសពីគ្រាបច្ចុប្បន្ននេះ និងឃើញនូវលទ្ធផល មាននៅអនាគតដែលមកពីការប្រព្រឹត្តល្អឬអាក្រក់។ ហេតុនេះហើយបានជាទ្រង់ដាស់តឿនប្អូនថា៖ «ចូរនឹកចាំពីព្រះដ៏បង្កើតខ្លួន ក្នុងគ្រាដែលឯងនៅក្មេង មុនដែលអស់ទាំងថ្ងៃអាក្រក់មកដល់ ហើយអស់ទាំងឆ្នាំមកជិត ដែលឯងនឹងថា៖ ‹អញអស់សប្បាយហើយ›»។—សាស្ដា ១២:១
១៧, ១៨. តើយុវវ័យគ្រីស្ទានម្នាក់បង្ហាញនូវសុភមង្គលរបស់នាងក្នុងការបំរើព្រះយេហូវ៉ាយ៉ាងណា? តើប្អូនអាចមានចិត្តអរសប្បាយយ៉ាងដូចម្ដេចដែរ?
១៧ សព្វថ្ងៃនេះ យុវវ័យជាច្រើនមានសុភមង្គលយ៉ាងច្រើនក្រៃលែងក្នុងការបំរើព្រះយេហូវ៉ា។ ជាឧទាហរណ៍ លីណាដែលមានអាយុ១៥ឆ្នាំពោលថា៖ «ខ្ញុំមានទំនុកចិត្តនិងស្រឡាញ់ខ្លួន។ ខ្ញុំមានសុខភាពល្អដោយសារជៀសពីការជក់បារីនិងការប្រើគ្រឿងញៀន។ តាមរយៈក្រុមជំនុំខ្ញុំទទួលនូវការណែនាំ ដែលជួយខ្ញុំឲ្យទប់ទល់នឹងការបង្ខិតបង្ខំដ៏អាក្រក់របស់សាតាំង។ ខ្ញុំមានទឹកមុខស្រស់បស់ពីព្រោះមានមិត្តភក្ដិដែលលើកទឹកចិត្តនៅឯសាលព្រះរាជាណាចក្រ។ អ្វីដែលសំខាន់បំផុត ខ្ញុំមានអនាគតដែលគ្មានអ្វីយកមកប្រៀបបាន គឺជីវិតជារៀងរហូតលើផែនដី»។
១៨ យុវវ័យគ្រីស្ទានជាច្រើនទៀតក៏ដូចជាលីណាដែរ ខំប្រឹងតយុទ្ធដើម្បីការពារជំនឿ ហើយទង្វើនេះនាំឲ្យពួកគេមានចិត្តអរសប្បាយ។ ពួកគេដឹងថា ជីវិតរបស់គេ ទោះជាមានការពិបាកពេលខ្លះក៏ដោយ ក៏នៅមានគោលបំណងនិងអនាគតដ៏ភ្លឺស្វាងដែរ។ ដូច្នេះហើយ ចូរប្អូនបន្តបំរើព្រះដែលមានព្រះទ័យទុកដាក់នឹងប្អូនរាល់គ្នាចុះ!។ ចូរធ្វើឲ្យទ្រង់មានព្រះទ័យសប្បាយ ហើយទ្រង់នឹងធ្វើឲ្យប្អូនមានចិត្តសប្បាយរីករាយនៅឥឡូវនេះ និងជារៀងរហូតតទៅមុខដែរ!—ទំនុកដំកើង ៥:១១
[កំណត់សម្គាល់]
^ វគ្គ 3 សូមមើលទស្សនាវដ្ដីភ្ញាក់រឭក! ថ្ងៃទី២២ ខែតុលា ឆ្នាំ១៩៩៦ ចំណងជើងអត្ថបទគឺ «សេចក្ដីពិតបានផ្ដល់ជីវិតឲ្យខ្ញុំវិញ» (ភាសាអង់គ្លេស)
^ វគ្គ 15 យើងមានចិត្តធូរស្រាល ដោយដឹងថាពេលយើងប្រែចិត្ត ឈប់ធ្វើអ្វីអាក្រក់ និងសារភាពអំពើបាបយើង ព្រះយេហូវ៉ា«នឹងអត់ទោសឲ្យជាបរិបូរ»។—អេសាយ ៥៥:៧
តើប្អូននៅនឹកចាំឬទេ?
• តើគ្រោះថ្នាក់អ្វីដែលប្អូនអាចទទួលពីសាតាំងដែលជា«មារកំណាច»?
• តើប្អូនអាចធ្វើឲ្យព្រះយេហូវ៉ាមានព្រះទ័យសប្បាយយ៉ាងណា?
• តើតាមរបៀបណាដែលព្រះគម្ពីរបង្ហាញថា ព្រះយេហូវ៉ាយកព្រះទ័យទុកដាក់នឹងប្អូន?
• តើមានពរណាខ្លះពីការបំរើព្រះយេហូវ៉ា?
[សំណួរសម្រាប់អត្ថបទសិក្សា]
[ប្រអប់/រូបភាពនៅទំព័រ២៣]
បុរសសុចរិតម្នាក់ដែលជិតនឹងជំពប់ដួល
អេសាភជាអ្នកលេងភ្លេងដ៏ល្បីម្នាក់ពីពួកលេវីក្នុងព្រះវិហាររបស់ព្រះយេហូវ៉ានៅអ៊ីស្រាអែលពីសម័យបុរាណ។ គាត់ព្រមទាំងបានតែងចំរៀងដែលបានប្រើក្នុងការថ្វាយបង្គំទៀតផង។ ប៉ុន្តែ ទោះជាគាត់មានឯកសិទ្ធិដ៏ល្អក៏ដោយ នោះអស់មួយរយៈអេសាភបានត្រូវទាក់ទាញដោយការប្រព្រឹត្តរបស់ពួកដែលមានអាយុស្រករគ្នាដែលឥតគោរពព្រះ ដោយបំពានច្បាប់របស់ព្រះដែលមើលទៅដូចជាគ្មានទោសអ្វីឡើយ។ ក្រោយមកអេសាភសារភាពថា៖ «តែឯជើងទូលបង្គំ បានកន្ធែកចេញហៀបនឹងផុតទីហើយ ជំហាននៃទូលបង្គំបានហៀបនឹងរឥលភ្លាត់ទៅ ដ្បិតទូលបង្គំមានសេចក្ដីច្រណែនចំពោះមនុស្សអំនួត ដោយឃើញសេចក្ដីចំរើនរបស់មនុស្សអាក្រក់នោះ»។—ទំនុកដំកើង ៧៣:២, ៣
ក្រោយមក អេសាភបានទៅឯព្រះវិហាររបស់ព្រះ និងបានអធិស្ឋានទូលព្រះអំពីរឿងនេះ។ ដោយមានសមត្ថភាពរិះគិតខាងវិញ្ញាណម្ដងទៀតនោះ គាត់បានយល់ឃើញថា ព្រះយេហូវ៉ាទ្រង់ស្អប់នូវអំពើអាក្រក់ ហើយថាមិនយូរប៉ុន្មានទៀត ទាំងមនុស្សទុច្ចរិតនិងសុចរិតនឹងទទួលបានផលពីអ្វីដែលគេធ្វើ។ (ទំនុកដំកើង ៧៣:១៧-២០; កាឡាទី ៦:៧, ៨) ប្រាកដហើយ ពួកមនុស្សអាក្រក់ឈរនៅ កន្លែងរឥល។ ជាយថាហេតុ ពួកគេនឹងពិសោធនូវការរឥលភ្លាត់ទៅ ពេលព្រះយេហូវ៉ាកំទេចចោលរបបលោកីយ៍ដ៏អាក្រក់នេះ។—វិវរណៈ ២១:៨
[រូបភាពនៅទំព័រ២៥]
ព្រះយេហូវ៉ាយកព្រះទ័យទុកដាក់នឹងប្អូន រីឯសាតាំងវិញវាចង់ត្របាក់ស៊ីប្អូន
[រូបភាពនៅទំព័រ២៦]
យុវវ័យជាច្រើនមានសុភមង្គលជាទីបំផុតដោយបំរើព្រះយេហូវ៉ាជាមួយគ្រីស្ទានគ្នីគ្នា