ប្អូនៗយុវវ័យអើយ! ព្រះយេហូវ៉ាមិនភ្លេចការដែលប្អូនធ្វើទេ
ប្អូនៗយុវវ័យអើយ! ព្រះយេហូវ៉ាមិនភ្លេចការដែលប្អូនធ្វើទេ
«ដ្បិតព្រះទ្រង់មិនមែនជាអ្នករមិលគុណ ដែលទ្រង់នឹងភ្លេចការអ្នករាល់គ្នាធ្វើ នឹងសេចក្ដីស្រឡាញ់ ដែលអ្នករាល់គ្នាបានសំដែងដល់ព្រះនាមទ្រង់ ដោយបានបំរើពួកបរិសុទ្ធ ហើយក៏នៅតែបំរើទៀតនោះទេ»។—ហេព្រើរ ៦:១០
១. តើសៀវភៅហេព្រើរនិងម៉ាឡាគីបង្ហាញយ៉ាងណា ថាព្រះយេហូវ៉ាដឹងគុណចំពោះកិច្ចបំរើរបស់ប្អូន?
តើប្អូនធ្លាប់ធ្វើល្អដល់មិត្តម្នាក់ រួចមកឥតបានទទួលការដឹងគុណពីមិត្តនោះឬទេ? ប្អូនអាចមានការតូចចិត្តយ៉ាងខ្លាំង ពេលគេមើលស្រាលនឹងការប្រព្រឹត្តដ៏សប្បុរសនោះ ឬភ្លេចទាំងស្រុងនូវអ្វីដែលប្អូនបានធ្វើសំរាប់គេ។ ប៉ុន្តែ គឺមានការខុសគ្នាឆ្ងាយមែន ពេលយើងបំរើព្រះយេហូវ៉ាអស់ពីដួងចិត្តនោះ! ព្រះគម្ពីរចែងថា៖ «ព្រះទ្រង់មិនមែនជាអ្នករមិលគុណ ដែលទ្រង់នឹងភ្លេចការអ្នករាល់គ្នាធ្វើ នឹងសេចក្ដីស្រឡាញ់ ដែលអ្នករាល់គ្នាបានសំដែងដល់ព្រះនាមទ្រង់ ដោយបានបំរើពួកបរិសុទ្ធ ហើយក៏នៅតែបំរើទៀតនោះទេ»។ (ហេព្រើរ ៦:១០) ចូរប្អូនៗគិតអំពីខ្លឹមសារនៃពាក្យនេះចុះ!។ តាមពិត ព្រះយេហូវ៉ាចាត់ទុកថា ទ្រង់បានប្រព្រឹត្តដោយទុច្ចរិត គឺថាបានប្រព្រឹត្តអំពើបាប ប្រសិន បើទ្រង់នឹងភ្លេចនូវអ្វីដែលប្អូនបានធ្វើនិងអ្វីដែលប្អូនបន្តធ្វើក្នុងកិច្ចបំរើទ្រង់នោះ។ ព្រះយេហូវ៉ាពិតជាព្រះដែលមានអំណរគុណមែន!—ម៉ាឡាគី ៣:១០
២. តើមានមូលហេតុណាខ្លះដែលការបំរើព្រះយេហូវ៉ាពិតជាពិសេសនោះ?
២ ប្អូនមានឱកាសដ៏ពិសេសមែនក្នុងការថ្វាយបង្គំនិងបំរើព្រះដែលមានកតញ្ញូ។ ឯកសិទ្ធិរបស់ប្អូនពិតជាមានតម្លៃក្រៃលែងមែន ពីព្រោះគឺមានអ្នកជឿព្រះតែជាងប្រាំមួយលាននាក់ប៉ុណ្ណោះ បើប្រៀបធៀបនឹងចំនួនប្រជាជនដែលមានប្រាំមួយពាន់លាននាក់ទូទាំងពិភពលោក។ ម្យ៉ាងវិញទៀត ហេតុដែលប្អូនកំពុងស្ដាប់និងប្រព្រឹត្តតបចំពោះសារនៃដំណឹងល្អនេះ គឺជាភស្តុតាងបង្ហាញថា ព្រះយេហូវ៉ាយកព្រះទ័យទុកដាក់នឹងប្អូនផ្ទាល់។ យ៉ាងណាមិញ ព្រះយេស៊ូបានមានបន្ទូលថា៖ «គ្មានអ្នកណាអាចនឹងមកឯខ្ញុំបានទេ លើកតែព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក ទ្រង់ទាញនាំគេប៉ុណ្ណោះ»។ (យ៉ូហាន ៦:៤៤) ត្រូវហើយ ព្រះយេហូវ៉ាជួយមនុស្សម្នាក់ៗឲ្យឆ្លៀតយកប្រយោជន៍ពីយញ្ញបូជារបស់ព្រះគ្រីស្ទ។
ការដឹងគុណចំពោះឯកសិទ្ធដ៏ពិសេសរបស់ប្អូន
៣. តើកូនប្រុសៗរបស់កូរេបានបង្ហាញនូវការដឹងគុណចំពោះឯកសិទ្ធិនៃការបំរើព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
៣ ដូចជាបានពិគ្រោះក្នុងអត្ថបទមុននេះ ប្អូនមានឱកាសដ៏ល្អឯកក្នុងការធ្វើឲ្យព្រះយេហូវ៉ាមានព្រះទ័យរីករាយ។ (សុភាសិត ២៧:១១) នេះជាអ្វីមួយដែលប្អូនពុំគួរមើលស្រាលឡើយ។ តាមរយៈបទទំនុកដំកើងដែលព្រះបានបណ្ដាលឲ្យតែង នោះកូនប្រុសៗរបស់កូរេបានបង្ហាញនូវការដឹងគុណចំពោះឯកសិទ្ធិនៃការបំរើព្រះយេហូវ៉ា។ យើងអានថា៖ «ដ្បិត១ថ្ងៃនៅក្នុងព្រះលាននៃទ្រង់ នោះវិសេសជាង១ពាន់ថ្ងៃណាទៀត ទូលបង្គំស៊ូធ្វើជាអ្នកឆ្មាំទ្វារ នៅក្នុងដំណាក់របស់ព្រះនៃទូលបង្គំ ជាជាងនៅក្នុងលំនៅនៃសេចក្ដីអាក្រក់»។—ទំនុកដំកើង ៨៤:១០
៤. (ក) តើអ្វីដែលអាចធ្វើឲ្យអ្នកខ្លះចាត់ទុកការថ្វាយបង្គំព្រះយេហូវ៉ាគឺតឹងរ៉ឹងនោះ? (ខ) តើតាមរបៀបណាដែលព្រះយេហូវ៉ាបង្ហាញថា ទ្រង់តែងតែកត់សម្គាល់និងប្រទានរង្វាន់ដល់ពួកអ្នកបំរើទ្រង់?
៤ តើប្អូនមានអារម្មណ៍បែបនេះចំពោះឯកសិទ្ធិរបស់ប្អូន ក្នុងការបំរើព្រះវរបិតានៅស្ថានសួគ៌ឬទេ? ពិតមែន នៅពេលខ្លះមើលទៅដូចជាការថ្វាយបង្គំព្រះយេហូវ៉ាដាក់កំរិតទៅលើសេរីភាពរបស់ប្អូន។ ការរស់នៅស្របតាមគោលការណ៍ព្រះគម្ពីរតម្រូវឲ្យយើងធ្វើពលិកម្មច្រើនពិតមែន។ ប៉ុន្តែ នៅទីបំផុត អ្វីៗក៏ដោយដែលព្រះយេហូវ៉ាតម្រូវពីប្អូន គឺសំរាប់ប្រយោជន៍ប្អូនវិញទេ។ (ទំនុកដំកើង ១:១-៣) ថែមពីលើនោះ ព្រះយេហូវ៉ាទតឃើញការខំប្រឹងរបស់ប្អូន និងសម្ដែងនូវការដឹងគុណចំពោះសេចក្ដីស្មោះត្រង់របស់ប្អូន។ ប្រាកដហើយ ប៉ុលបានសរសេរថាព្រះយេហូវ៉ា«ទ្រង់ប្រទានរង្វាន់ ដល់អស់អ្នកដែលស្វែងរកទ្រង់»។ (ហេព្រើរ ១១:៦) ព្រះយេហូវ៉ារកឱកាសដើម្បីធ្វើដូច្នេះ។ ព្យាការីដ៏សុចរិតម្នាក់នៅអ៊ីស្រាអែលពីសម័យបុរាណបានថ្លែងថា៖ «ដ្បិតព្រះនេត្រនៃព្រះយេហូវ៉ាចេះតែទតច្រវាត់ នៅគ្រប់លើផែនដីទាំងមូល ដើម្បីនឹងសំដែងព្រះចេស្ដា ជួយដល់អស់អ្នកណាដែលមានចិត្តស្មោះត្រង់ចំពោះទ្រង់»។—របាក្សត្រទី២ ១៦:៩
៥. (ក) តើអ្វីជាវិធីដ៏ប្រសើរបំផុតដែលប្អូនអាចបង្ហាញថា ប្អូនមានចិត្តស្មោះត្រង់ចំពោះព្រះយេហូវ៉ា? (ខ) ហេតុអ្វីក៏ការប្រាប់អ្នកដទៃអំពីជំនឿរបស់ប្អូនអាចជាអ្វីដែលហាក់ដូចជាពិបាក?
៥ វិធីដ៏ប្រសើរជាងគេបំផុតដែលប្អូនអាចបង្ហាញថា ប្អូនមានចិត្តស្មោះត្រង់ចំពោះព្រះយេហូវ៉ា គឺតាមរយៈការប្រាប់អ្នកដទៃអំពីទ្រង់។ តើប្អូនបានមានឱកាសធ្វើបន្ទាល់ដល់មិត្តរួមថ្នាក់ខ្លះអំពីជំនឿរបស់ប្អូនឬទេ? មុនដំបូង ការប្រាប់មិត្តរួមថ្នាក់អំពីព្រះយេហូវ៉ាគឺដូចជាអ្វីដ៏ពិបាកមួយ ហើយគ្រាន់តែគិតអំពីរឿងនេះ អាចធ្វើឲ្យប្អូនមានចិត្តភ័យខ្លាចយ៉ូហាន ១៥:២០) យ៉ាងណាក៏ដោយ នេះមិនបានសេចក្ដីថាប្អូននឹងត្រូវគេចំអកនិងគ្មានគេរាប់អានអស់មួយជីវិតនោះឡើយ។ ផ្ទុយទៅវិញ យុវវ័យស្មរបន្ទាល់ជាច្រើនរូបបានឃើញថាមានអ្នកខ្លះចង់ស្ដាប់ និងបានទទួលការគោរពច្រើនជាងពីពួកដែលមានអាយុស្រករគ្នា ដោយសារការកាន់ជំហរមាំមួនចំពោះជំនឿរបស់ខ្លួន។
ទៀតផង។ ប្អូនប្រហែលជាសួរថា៖ ‹ចុះយ៉ាងណាវិញបើគេសើចចំអកឲ្យខ្ញុំ›? ‹ចុះយ៉ាងណាវិញ បើគេគិតថាសាសនារបស់ខ្ញុំគឺខុសប្លែកពីគេនោះ›? ព្រះយេស៊ូបានជ្រាបថាមិនមែនមនុស្សគ្រប់រូបនឹងស្ដាប់សារព្រះរាជាណាចក្រទេ។ («ព្រះយេហូវ៉ានឹងជួយអ្នក»
៦, ៧. (ក) តើប្អូនស្រីដែលមានអាយុ១៧ឆ្នាំអាចធ្វើបន្ទាល់ដល់មិត្តរួមថ្នាក់យ៉ាងដូចម្ដេច? (ខ) តើប្អូនបានរៀនអ្វីពីបទពិសោធន៍របស់ជេនអេហ្វឺ?
៦ ប៉ុន្តែ តើប្អូនអាចប្រមូលចិត្តក្លាហានដើម្បីប្រាប់អំពីជំនឿរបស់ប្អូនយ៉ាងដូចម្ដេច? ពេលមនុស្សសួរអំពីសាសនារបស់ប្អូន សូមប្អូនតាំងចិត្តនិយាយដោយឥតលាក់លៀមនិងដោយស្មោះត្រង់។ ចូរពិចារណាបទពិសោធន៍របស់ប្អូនស្រីជេនអេហ្វឺដែលអាយុ១៧ឆ្នាំ នាងបានពោលថា៖ «ខ្ញុំកំពុងបរិភោគអាហារថ្ងៃត្រង់នៅឯសាលា។ ក្មេងស្រីៗដែលអង្គុយនៅតុខ្ញុំ ចៃដន្យកំពុងពិគ្រោះអំពីសាសនា ហើយក្មេងស្រីម្នាក់បានសួរខ្ញុំកាន់សាសនាអ្វី»។ តើប្អូនស្រីជេនអេហ្វឺជ្រួលច្រាលក្នុងចិត្តចំពោះការឆ្លើយតបនោះឬទេ? នាងសារភាពថា៖ «ចា៎! មែនហើយ ពីព្រោះខ្ញុំមិនដឹងថាពួកគេនឹងប្រតិកម្មតបយ៉ាងណា»។ ដូច្នេះ តើជេនអេហ្វឺបានធ្វើអ្វី? «ខ្ញុំបានប្រាប់ក្មេងស្រីៗនោះថាខ្ញុំជាស្មរបន្ទាល់ព្រះយេហូវ៉ា»។ នាងនិយាយបន្តថា៖ «មុនដំបូងពួកគេដូចជាភ្ញាក់ផ្អើល។ តាមមើលទៅ ពួកគេបានគិតថា ស្មរបន្ទាល់ព្រះយេហូវ៉ាជាមនុស្សចម្លែកខុសគេ។ នេះបានជំរុញពួកគេឲ្យសួរខ្ញុំ ហើយខ្ញុំអាចពន្យល់នូវការយល់ច្រឡំដែលគេធ្លាប់មាន។ សូម្បីតែក្រោយពីថ្ងៃនោះ ក្មេងស្រីៗខ្លះបានមកសួរខ្ញុំម្ដងម្កាលដែរ»។
៧ តើជេនអេហ្វឺស្ដាយដែលនាងបានយកឱកាសនេះប្រាប់គេអំពីជំនឿរបស់នាងឬទេ? អត់ទាល់តែសោះ! នាងនិយាយថា៖ «ខ្ញុំមានអារម្មណ៍សប្បាយមែនក្រោយពេលបរិភោគអាហារថ្ងៃត្រង់នោះ។ ឥឡូវនេះ ក្មេងស្រីទាំងនោះដឹងច្បាស់ជាងអំពីស្មរបន្ទាល់ព្រះយេហូវ៉ា»។ យោបល់របស់ជេនអេហ្វឺគឺស្រួលណាស់ ពោលគឺ៖ «ប្រសិនបើអ្នកមានការពិបាកធ្វើបន្ទាល់ជាមួយមិត្តរួមថ្នាក់ឬគ្រូបង្រៀន ចូរអធិស្ឋានយ៉ាងខ្លី។ ព្រះយេហូវ៉ានឹងជួយអ្នក។ អ្នកនឹងមានចិត្តរីករាយពេលអ្នកបានឆ្លៀតយកឱកាសនេះ ដើម្បីធ្វើបន្ទាល់»។—ពេត្រុសទី១ ៣:១៥
៨. (ក) តើសេចក្ដីអធិស្ឋានបានជួយនេហេមាយ៉ាងណា ពេលគាត់ជួបប្រទះស្ថានការណ៍មួយដែលស្មានមិនដល់? (ខ) តើមានស្ថានការណ៍ណាខ្លះនៅសាលារៀន ដែលប្អូនត្រូវការអធិស្ឋានយ៉ាងខ្លីទូលថ្វាយព្រះយេហូវ៉ានៅក្នុងចិត្ត?
៨ ចូរកត់សម្គាល់ថា ជេនអេហ្វឺឲ្យយោបល់ថា «ចូរអធិស្ឋានយ៉ាងខ្លី»ដល់ព្រះយេហូវ៉ា ពេលឱកាសហុចឲ្យប្អូនធ្វើបន្ទាល់អំពីជំនឿរបស់ខ្លួន។ នេហេមាដែលជាអ្នកកាន់ពែងថ្វាយស្តេចពើស៊ី ព្រះនាមអើថាស៊ើកសេសបានធ្វើដូច្នេះ ពេលគាត់បានជួបប្រទះនឹងស្ថានការណ៍មួយដែលស្មានមិនដល់។ យ៉ាងច្បាស់ណាស់ នេហេមាបានកើតទុក្ខ ពីព្រោះគេបានប្រាប់គាត់អំពីស្ថានការណ៍ដ៏ពិបាករបស់ពួកយូដា ហើយគាត់បានដឹងថាកំផែងនិងទ្វារនៃក្រុងយេរូសាឡិមនៅបាក់បែកនៅឡើយ។ ស្តេចបានកត់សម្គាល់ឃើញថា នេហេមាហាក់ដូចជាមានទុក្ខព្រួយ នោះក៏សួរនេហេមា។ នេហេមាបានអធិស្ឋានទូលព្រះដើម្បីសុំការណែនាំមុននឹងតបឆ្លើយចំពោះស្តេច។ រួចមក ដោយចិត្តក្លាហាន គាត់បានសុំការអនុញ្ញាតឲ្យត្រឡប់ទៅក្រុងយេរូសាឡិមដើម្បីឲ្យគាត់អាចជួយកសាងទីក្រុងដែលរលំនោះ។ ស្តេចអើថាស៊ើកសេសបានយល់ព្រមនឹងសំណើរបស់នេហេមា។ (នេហេមា ២:១-៨) តើប្អូនអាចទាញមេរៀនអ្វីពីរឿងនេះ? ប្រសិនបើប្អូនមានចិត្តខ្វល់ខ្វាយ ពេលឱកាសមួយហុចឲ្យប្អូនធ្វើបន្ទាល់អំពីជំនឿរបស់ខ្លួន ចូរកុំភ្លេចអធិស្ឋានទូលថ្វាយព្រះក្នុងចិត្ត។ ពេត្រុសបានសរសេរថា៖ «ហើយចូរផ្ទេរគ្រប់ទាំងសេចក្ដីទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើ[ព្រះយេហូវ៉ា] ដ្បិតទ្រង់តែងយកព្រះទ័យទុកដាក់នឹងអ្នករាល់គ្នា»។—ពេត្រុសទី១ ៥:៧; ទំនុកដំកើង ៥៥:២២
«ត្រូវប្រុងប្រៀបខ្លួនឆ្លើយតទល់»
៩. តើប្អូនលៀដែលមានអាយុ១៣ឆ្នាំអាចផ្ដល់សៀវភៅយុវជនសួរ អស់២៣ក្បាលយ៉ាងណា?
៩ ចូរពិនិត្យមើលនូវបទពិសោធន៍មួយទៀត។ លៀដែលមានអាយុ១៣ឆ្នាំកំពុងតែអានសៀវភៅសំនួរទាំងឡាយដែលយុវជនសួរ—ចម្លើយដែលមានប្រសិទ្ធភាព * ក្នុងកំឡុងពេលបរិភោគអាហារថ្ងៃត្រង់នៅសាលា។ នាងនិយាយថា៖ «ក្មេងៗឯទៀតបានមើលខ្ញុំ ហើយមិនយូរក្រោយមក មនុស្សមួយហ្វូងបានមកចោមរោមខ្ញុំជិត។ ពួកគេចាប់ផ្ដើមសួរអំពីសៀវភៅនេះ»។ នៅចុងថ្ងៃនោះ ក្មេងស្រីបួននាក់បានសុំសៀវភៅយុវជនសួរមួយក្បាលម្នាក់ពីលៀ។ មិនយូរប៉ុន្មានមក នោះក្មេងស្រីទាំងនេះបានបង្ហាញសៀវភៅនេះដល់សិស្សឯទៀត រួចមក សិស្សទាំងនោះក៏ចង់បានសៀវភៅមួយក្បាលម្នាក់ដែរ។ អស់រយៈបី បួនសប្ដាហ៍ក្រោយមក ប្អូនលៀបានផ្ដល់សៀវភៅយុវជនសួរ អស់២៣ក្បាលដល់សិស្សរួមថ្នាក់និងមិត្តឯទៀត។ តើប្អូនលៀមានអារម្មណ៍ស្រួលប្រាប់គេទេ នៅមុនដំបូងពេលអ្នកដទៃបានសួរអំពីសៀវភៅដែលនាងកំពុងអាននោះ? មិនមានអារម្មណ៍ស្រួលនោះទេ! នាងសារភាពថា៖ «មុនដំបូង ខ្ញុំមានចិត្តភ័យ។ យ៉ាងណាក៏ដោយ ខ្ញុំបានអធិស្ឋាន និងខ្ញុំបានដឹងថាព្រះយេហូវ៉ានឹងជួយខ្ញុំ»។
១០, ១១. តើក្មេងស្រីសាសន៍អ៊ីស្រាអែលម្នាក់អាចជួយមេទ័ពសាសន៍ស៊ីរីឲ្យរៀនអំពីព្រះយេហូវ៉ាយ៉ាងដូចម្ដេច? ក្រោយមកតើមេទ័ពនេះបានផ្លាស់ប្ដូរយ៉ាងណា?
១០ បទពិសោធន៍របស់លៀអាចរំឭកប្អូនអំពីស្ថានការណ៍ស្រដៀងគ្នាមួយដែលក្មេងស្រីអ៊ីស្រាអែលម្នាក់បានជួបប្រទះ ពេលត្រូវបានគេចាប់យកទៅស្រុកស៊ីរី។ មេទ័ពសាសន៍ស៊ីរីឈ្មោះណាម៉ានជាមនុស្សកើតជំងឺឃ្លង់។ ប្រហែលជាភរិយារបស់លោកបានចាប់ផ្ដើមការសន្ទនា ដែលនាំឲ្យក្មេងស្រីតូចនេះនិយាយអំពីជំនឿរបស់ខ្លួន។ នាងនិយាយថា៖ «ឱបើជាលោកប្រុស ជាចៅហ្វាយនាងខ្ញុំ បាននៅជាមួយនឹងហោរាដែលនៅក្រុងសាម៉ារីទៅអេះ នោះលោកនឹងមើលរោគឃ្លង់នេះឲ្យជាទៅ»។—ពង្សាវតារក្សត្រទី២ ៥:១-៣
១១ ដោយសារចិត្តក្លាហានរបស់ក្មេងស្រីម្នាក់នេះ លោកណាម៉ានបានដឹងថា«នៅផែនដីទាំងមូល គ្មានព្រះឯណាសោះ វៀរតែព្រះនៃសាសន៍អ៊ីស្រាអែល១ប៉ុណ្ណោះ»។ លោកណាម៉ានព្រមទាំងតាំងចិត្តថា លោកនឹង«មិនថ្វាយដង្វាយដុត ឬយញ្ញបូជាដល់ព្រះឯណាទៀត ក្រៅពីព្រះយេហូវ៉ាឡើយ»។ (ពង្សាវតារក្សត្រទី២ ៥:១៥, ១៧) យ៉ាងប្រាកដហើយ ព្រះយេហូវ៉ាបានប្រទានពរដល់សេចក្ដីក្លាហានរបស់ក្មេង ស្រីតូចនេះ។ ទ្រង់អាចប្រទានពរហើយទ្រង់នឹងប្រទានពរមកលើយុវវ័យនៅសម័យនេះដែរ។ លៀក៏មានបទពិសោធន៍ស្រដៀងគ្នានេះដែរ។ ក្រោយមក សិស្សរួមថ្នាក់ខ្លះបានមកប្រាប់នាងថាសៀវភៅយុវជនសួរនេះបានជួយពួកគេឲ្យកែប្រែកិរិយា។ លៀនិយាយថា៖ «ខ្ញុំសប្បាយចិត្តមែន ពីព្រោះខ្ញុំដឹងថាខ្ញុំបានជួយអ្នកដទៃឲ្យរៀនយ៉ាងច្រើនអំពីព្រះយេហូវ៉ា និងជួយពួកគេឲ្យផ្លាស់ប្ដូរជីវិតរបស់គេ»។
១២. តើប្អូនត្រូវពង្រឹងកម្លាំងចិត្តយ៉ាងណា ដើម្បីឆ្លើយតទល់នឹងអស់អ្នកដែលសាកសួរអំពីជំនឿរបស់ប្អូន?
១២ ប្អូនក៏អាចមានបទពិសោធន៍ស្រដៀងនេះដូចប្អូនជេនអេហ្វឺនិងប្អូនលៀដែរ។ ការធ្វើតាមការដាស់តឿនរបស់ពេត្រុស ដែលបានសរសេរថាជាគ្រីស្ទានម្នាក់ ប្អូនគួរតែ«ប្រុងប្រៀបខ្លួនឆ្លើយតទល់នឹងអស់អ្នកដែលសាកសួរអំពីសេចក្ដីសង្ឃឹមរបស់បងប្អូននោះជានិច្ច។ ប៉ុន្តែ ត្រូវឆ្លើយទៅគេ ដោយទន់ភ្លន់ ដោយគោរព»។ (ពេត្រុសទី១ ៣:១៥, ១៦ ព្រះគម្ពីរភាសាខ្មែរសម្រាយ) តើប្អូនអាចសម្រេចការនេះបានយ៉ាងដូចម្ដេច? ចូរយកតម្រាប់តាមពួកគ្រីស្ទាននៅសតវត្សទីមួយ ពួកគេបានអធិស្ឋានថ្វាយព្រះយេហូវ៉ាឲ្យជួយពួកគេក្នុងការផ្សព្វផ្សាយ«ដោយចិត្តអង់អាចមោះមុតផង»។ (កិច្ចការ ៤:២៩, ព្រះគម្ពីរភាសាខ្មែរសម្រាយ) រួចមក ចូរមានចិត្តក្លាហានពេលនិយាយប្រាប់អ្នកដទៃអំពីជំនឿរបស់ប្អូន។ ប្អូនប្រហែលជានឹងមានចិត្តភ្ញាក់ផ្អើលនឹងលទ្ធផលដែលទទួលបានទៀតផង។ មួយវិញទៀត ប្អូននឹងធ្វើឲ្យព្រះយេហូវ៉ាមានព្រះទ័យរីករាយ។
វីដេអូនិងកិច្ចការដែលគ្រូដាក់ឲ្យធ្វើ
១៣. តើយុវវ័យខ្លះបានឆ្លៀតយកប្រយោជន៍អ្វី ដើម្បីធ្វើបន្ទាល់? (សូមមើលប្រអប់នៅទំព័រ៣០និង៣១)
១៣ យុវវ័យជាច្រើនបានពន្យល់ជំនឿរបស់គេដល់មិត្តរួមថ្នាក់ឬក៏លោកគ្រូអ្នកគ្រូដោយប្រើវីដេអូ។ នៅពេលខ្លះកិច្ចការដែលគ្រូដាក់ឲ្យធ្វើ ក៏បើកឱកាសដើម្បីនាំឲ្យមានសេចក្ដីសរសើរដល់ព្រះយេហូវ៉ាដែរ។ ជាឧទាហរណ៍ ក្មេងប្រុសស្មរបន្ទាល់ព្រះយេហូវ៉ាពីរនាក់ដែលមានអាយុ១៥ឆ្នាំ បានទទួលនូវកិច្ចការមួយពីថ្នាក់បង្រៀនផ្នែកប្រវត្ដិសាស្ត្រពិភពលោក ដែលឲ្យសរសេរសេចក្ដីរាយការណ៍អំពីសាសនាមួយក្នុងពិភពលោក។ ក្មេងប្រុសទាំងពីរនាក់នេះរួមគ្នាជាក្រុមដើម្បីសរសេរសេចក្ដីរាយការណ៍អំពីស្មរបន្ទាល់ព្រះយេហូវ៉ា ដោយប្រើសៀវភៅ ស្មរបន្ទាល់ព្រះយេហូវ៉ា—ពួកអ្នកប្រកាសព្រះរាជាណាចក្ររបស់ព្រះ។ * ក្មេងប្រុសទាំងពីរក៏ត្រូវថ្លែងសុន្ទរកថារាយការណ៍អស់ប្រាំនាទីដែរ។ ក្រោយមក លោកគ្រូនិងសិស្សរួមថ្នាក់មានសំនួរជាច្រើនដល់ម្ល៉េះ ដែលក្មេងប្រុសទាំងពីរនាក់ត្រូវឈរនៅខាងមុខដើម្បីឆ្លើយសំនួរអស់២០នាទីទៀត។ បីបួនសប្ដាហ៍ក្រោយមក សិស្សរួមថ្នាក់បន្តសួរសំនួរអំពីស្មរបន្ទាល់ព្រះយេហូវ៉ា!
១៤, ១៥. (ក) ហេតុអ្វីក៏ការខ្លាចមនុស្សជាអន្ទាក់មួយ? (ខ) ហេតុអ្វីក៏ប្អូនគួរមានទំនុកចិត្តក្នុងការប្រាប់អ្នកដទៃអំពីជំនឿរបស់ខ្លួន?
១៤ ដូចជាបទពិសោធន៍នៅខាងលើនេះបានបង្ហាញ ប្អូនអាចទទួលបានពរជាច្រើន បើប្អូនប្រាប់អ្នកដទៃអំពីជំនឿរបស់ប្អូនជាស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់នោះ។ ចូរកុំឲ្យការខ្លាចមនុស្សដកហូតនូវកិត្ដិយសនិងអំណរ ដែលប្អូនអាចមានពីការជួយអ្នកដទៃឲ្យស្គាល់អំពីព្រះយេហូវ៉ាឡើយ។ ព្រះគម្ពីរចែងថា៖ «ការដែលខ្លាចចំពោះមនុស្ស នោះនាំឲ្យជាប់អន្ទាក់ តែអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ាពិត នោះនឹងបានសុខវិញ»។—សុភាសិត ២៩:២៥
១៥ ចូរចាំថា ជាយុវវ័យគ្រីស្ទាន ប្អូនមានអ្វីមួយដែលពួកស្រកររបស់ប្អូនត្រូវការជាទីបំផុត ពោលគឺជាគន្លងជីវិតដ៏ប្រសើរបំផុតនៅសព្វថ្ងៃនេះ និងសេចក្ដីសន្យាអំពីជីវិតជារៀងរហូតនាពេលអនាគត។ (ធីម៉ូថេទី១ ៤:៨) គួរឲ្យចាប់អារម្មណ៍ដែរ នៅសហរដ្ឋអាមេរិច ប្រទេសដែលគេប្រហែលជាធ្លាប់គិតថា មនុស្សទូទៅគឺមានចិត្តព្រងើយកន្តើយមិនខ្ចីអើពើឬគិតតែពីរឿងខាងលោកីយ៍ តែការស្ទង់មតិមហាជនមួយបានបង្ហាញថា យ៉ាងហោចណាស់ យុវវ័យចំនួនពាក់កណ្ដាលក្នុងប្រទេសនោះចាត់ទុកសាសនាជាអ្វីដ៏សំខាន់ ហើយមួយភាគបីនិយាយថា ជំនឿសាសនាគឺ«មានអានុភាពខ្លាំងបំផុត»ក្នុងជីវិតរបស់ពួកគេ។ ស្ថានការណ៍នេះក៏ទំនងជាដូចគ្នានៅប្រទេសផ្សេងទៀតដែរ។ បើដូច្នេះ គឺទំនងជាមិត្តរួមថ្នាក់របស់ប្អូនៗនឹងរីករាយស្ដាប់នូវអ្វីដែលប្អូននិយាយអំពីព្រះគម្ពីរ។
ជាយុវវ័យម្នាក់ ចូរចូលទៅជិតព្រះយេហូវ៉ា
១៦. ក្រៅពីការប្រាប់គេអំពីព្រះយេហូវ៉ា តើការធ្វើឲ្យព្រះយេហូវ៉ាសព្វព្រះហឫទ័យរួមបញ្ចូលអ្វីទៀត?
១៦ ប្រាកដហើយ ការធ្វើឲ្យព្រះយេហូវ៉ាមានព្រះទ័យសប្បាយ រួមបញ្ចូលអ្វីច្រើនទៀត មិនគ្រាន់តែប្រាប់គេអំពីទ្រង់នោះទេ។ អាកប្បកិរិយារបស់ប្អូនក៏ត្រូវសមស្របទៅតាមខ្នាតតម្រារបស់ទ្រង់ផងដែរ។ សាវ័កយ៉ូហានបានសរសេរថា៖ «ដ្បិតនេះហើយជាសេចក្ដីស្រឡាញ់ដល់ព្រះ គឺឲ្យយើងកាន់តាមអស់ទាំងបញ្ញត្តរបស់ទ្រង់ ឯបញ្ញត្តទ្រង់នោះមិនមែនជាបន្ទុកដ៏ធ្ងន់ទេ»។ (យ៉ូហានទី១ ៥:៣) ប្រសិនបើប្អូនចូលទៅជិតព្រះ នោះប្អូននឹងឃើញនូវសច្ចភាពនៃបទគម្ពីរនេះ។ តើប្អូនអាចធ្វើយ៉ាងដូចម្ដេចបាន?
១៧. តើប្អូនអាចចូលទៅជិតព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
១៧ ចូរឆ្លៀតពេលអានព្រះគម្ពីរនិងប្រកាសនវត្ថុព្រះគម្ពីរចុះ!។ កាលណាប្អូនរៀនច្រើនទៀតអំពីព្រះយេហូវ៉ា នោះនឹងស្រួលឲ្យប្អូនគោរពទ្រង់ និងប្រាប់អ្នកដទៃអំពីទ្រង់។ ព្រះយេស៊ូបានមានបន្ទូលថា៖ «ឯមនុស្សល្អ គេក៏យកសេចក្ដីល្អ ពីកំណប់ល្អ ដែលកប់ទុកក្នុងចិត្តគេ . . . ដ្បិតមាត់គេពោលបញ្ចេញសេចក្ដីបរិបូរដែលនៅក្នុងចិត្តជានិច្ច»។ (លូកា ៦:៤៥) ដូច្នេះ សូមឲ្យអ្វីដែលល្អៗមានពេញនៅក្នុងដួងចិត្តរបស់ប្អូន។ សូមរៀបចំឲ្យមានគោលដៅនេះចុះ។ ប្រហែលជាប្អូនអាចរីកចំរើនចំពោះការរៀបចំសំរាប់ប្រជុំក្នុងក្រុមជំនុំនៅសប្ដាហ៍ខាងមុខទៀត។ គោលដៅរបស់ប្អូនជាបន្ទាប់ គឺអាចចូលរួមដោយឆ្លើយយ៉ាងសង្ខេបតែចេញពីដួងចិត្ត។ ប្រាកដហើយ គឺសំខាន់ណាស់ដែលប្អូនប្រព្រឹត្តតាមអ្វីដែលប្អូនបានរៀន។—ភីលីព ៤:៩
១៨. ទោះបីប្អូនទទួលនូវការប្រឆាំងខ្លះក៏ដោយ តើប្អូនអាចមានទំនុកចិត្តយ៉ាងណា?
១៨ ពិតមែនហើយ ពរដែលបានមកពីការបំរើព្រះយេហូវ៉ាគឺមានយូរអង្វែងហើយមានជារៀងរហូត។ ម្ដងម្កាលប្អូនអាចមានការប្រឆាំងខ្លះ ឬត្រូវគេចំអកដោយសារប្អូនជាស្មរបន្ទាល់ព្រះយេហូវ៉ានោះ។ ប៉ុន្តែ ចូរគិតអំពីម៉ូសេ។ ព្រះគម្ពីរចែងថា «លោកសំឡឹងចំទៅឯរង្វាន់វិញ»។ (ហេព្រើរ ១១:២៤-២៦) ប្អូនក៏អាចមានទំនុកចិត្តថា ព្រះយេហូវ៉ានឹងប្រទានរង្វាន់ដល់ប្អូន ចំពោះការខំប្រឹងរៀនអំពីទ្រង់និងប្រាប់គេអំពីទ្រង់នោះ។ ប្រាកដហើយ ទ្រង់នឹងមិនដែល«ភ្លេចការអ្នករាល់គ្នាធ្វើ នឹងសេចក្ដីស្រឡាញ់ ដែលអ្នករាល់គ្នាបានសំដែងដល់ព្រះនាមទ្រង់»ទេ។—ហេព្រើរ ៦:១០
[កំណត់សម្គាល់]
^ វគ្គ 9 បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ាជាភាសាអង់គ្លេស។
^ វគ្គ 13 បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ាជាភាសាអង់គ្លេស។
តើប្អូននៅចាំឬទេ?
• ហេតុអ្វីក៏ប្អូនអាចមានទំនុកចិត្តថា ព្រះយេហូវ៉ារាប់កិច្ចបំរើរបស់ប្អូនជាអ្វីដែលមានតម្លៃ?
• តើការធ្វើបន្ទាល់ណាខ្លះនៅសាលា ដែលយុវវ័យខ្លះបានទទួលជោគជ័យ?
• តើប្អូនអាចទទួលនូវកម្លាំងចិត្តដើម្បីជំរុញឲ្យធ្វើបន្ទាល់ដល់មិត្តរួមថ្នាក់បានយ៉ាងណា?
• តើប្អូនអាចចូលទៅជិតព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
[សំណួរសម្រាប់អត្ថបទសិក្សា]
[ប្រអប់/រូបភាពនៅទំព័រ៣០]
សូម្បីតែកូនក្មេងក៏សរសើរព្រះយេហូវ៉ា!
សូម្បីតែកូនក្មេងក៏អាចធ្វើបន្ទាល់នៅឯសាលាដែរ។ សូមពិនិត្យមើលនូវបទពិសោធន៍ទាំងនេះ។
អាមប៊ឺមានអាយុដប់ឆ្នាំរៀនថ្នាក់ទីប្រាំ។ ថ្នាក់របស់នាងបានអានសៀវភៅមួយអំពីរបបណាត្ស៊ីវាយប្រហារលើជនជាតិជ្វីបក្នុងកំឡុងសង្គ្រាមលោកលើកទី២។ អាមប៊ឺបានសម្រេចចិត្តយកកាសែតវីដេអូត្រីកោណពណ៌ស្វាយជូនអ្នកគ្រូរបស់នាង។ អ្នកគ្រូនេះបានភ្ញាក់ផ្អើលពេលដឹងថា ស្មរបន្ទាល់ព្រះយេហូវ៉ាក៏បានត្រូវគេបៀតបៀនក្រោមរបបណាត្ស៊ីដែរ។ អ្នកគ្រូបានចាក់វីដេអូនេះឲ្យសិស្សទស្សនាក្នុងថ្នាក់។
អាលិក្សាមានអាយុប្រាំបីឆ្នាំ ហើយបានសរសេរសំបុត្រមួយជូនសិស្សក្នុងថ្នាក់របស់នាង ដោយពន្យល់នូវមូលហេតុដែលនាងពុំអាចចូលរួមធ្វើបុណ្យណូអែលជាមួយមិត្តរួមថ្នាក់។ គ្រូបង្រៀនរបស់នាងបានស្ងើចដល់ម្ល៉េះ ដែលអនុញ្ញាតឲ្យអាលិក្សាអានសំបុត្រនោះជូនសិស្សក្នុងថ្នាក់ស្ដាប់ និងអានឲ្យសិស្សក្នុងថ្នាក់ពីរផ្សេងទៀតស្ដាប់ដែរ! ពេលជិតចប់នាងបាននិយាយថា៖ «ខ្ញុំបានត្រូវបង្រៀនឲ្យគោរពជំនឿរបស់អ្នកដទៃដែលខុសពីជំនឿរបស់ខ្ញុំ។ ហើយខ្ញុំសូមអរគុណដែលអ្នករាល់គ្នាគោរពចំពោះការសម្រេចចិត្តរបស់ខ្ញុំក្នុងកាលដែលមិនធ្វើបុណ្យណូអែលនេះ»។
បន្ដិចក្រោយពីអ៊ែរិកចាប់ផ្ដើមរៀននៅថ្នាក់ទីមួយ នោះអ៊ែរិកបានយកសៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំទៅសាលា និងសុំសេចក្ដីអនុញ្ញាតដើម្បីបង្ហាញសៀវភៅនេះជូនមិត្តរួមថ្នាក់។ អ្នកគ្រូរបស់អ៊ែរិកបាននិយាយថា៖ «យកល្អធ្វើដូចនេះវិញ គឺអានរឿងមួយជូនសិស្សក្នុងថ្នាក់ស្ដាប់»។ អ៊ែរិកបានធ្វើដូច្នេះ។ ក្រោយមក អ៊ែរិកបានប្រាប់ថាអ្នកណាដែលចង់បានសៀវភៅនេះមួយក្បាល សូមលើកដៃ។ គឺមានមនុស្សដប់ប្រាំបីនាក់រួមទាំងអ្នកគ្រូបានលើកដៃ។ ឥឡូវនេះ អ៊ែរិកគិតថា ខ្លួនមានតំបន់ធ្វើបន្ទាល់ដ៏ពិសេស។
វីតនីដែលមានអាយុប្រាំបួនឆ្នាំ មានចិត្តអបអរយ៉ាងខ្លាំងដែលមានសៀវភៅស្តើង ស្មរបន្ទាល់ព្រះយេហូវ៉ានិងការអប់រំ។ * នាងនិយាយថា៖ «ធម្មតាម្ដាយរបស់ខ្ញុំឲ្យសៀវភៅស្តើងនេះដល់គ្រូរបស់ខ្ញុំជារៀងរាល់ឆ្នាំ។ ប៉ុន្តែ ឆ្នាំនេះខ្ញុំបានឲ្យគ្រូខ្ញុំដោយផ្ទាល់។ ដោយសារសៀវភៅស្តើងនេះ អ្នកគ្រូរបស់ខ្ញុំបានរើសខ្ញុំឲ្យឈរឈ្មោះដើម្បីទទួលរង្វាន់‹សិស្សប្រចាំសប្ដាហ៍›»។
[កំណត់សម្គាល់]
^ វគ្គ 56 ប្រកាសនវត្ថុទាំងប៉ុន្មានដែលបានរៀបរាប់គឺបោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។
[ប្រអប់/រូបភាពនៅទំព័រ៣១]
ប្អូនខ្លះបានប្រើស្ថានការណ៍ផ្សេងៗដើម្បីធ្វើបន្ទាល់អំពីជំនឿរបស់ខ្លួន
ចំពោះរបាយការណ៍សាលាឬកិច្ចការដែលគ្រូដាក់ឲ្យធ្វើ ប្អូនខ្លះបានជ្រើសរើសប្រធានដែលអាចឲ្យគេធ្វើបន្ទាល់បាន
ប្អូនៗមួយចំនួនបានបង្ហាញគ្រូរបស់គេនូវវីដេអូឬប្រកាសនវត្ថុណាដែលមានប្រធានទាក់ទងនឹងការពិគ្រោះនៅក្នុងថ្នាក់
ប្អូនខ្លះ ពេលអានព្រះគម្ពីរឬក៏ប្រកាសនវត្ថុដែលមានមូលដ្ឋានពីព្រះគម្ពីរក្នុងកំឡុងពេលសំរាក នោះមានយុវវ័យឯទៀតមកសួរអំពីអ្វីដែលគេកំពុងតែអាននោះ
[រូបភាពនៅទំព័រ២៨]
បងប្អូនដែលមានបទពិសោធន៍ អាចជួយបង្ហាត់យុវវ័យឲ្យបំរើព្រះយេហូវ៉ា