លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរជួយសំរាលទុក្ខអស់អ្នកដែលមានទុក្ខព្រួយ

ចូរជួយសំរាលទុក្ខអស់អ្នកដែលមានទុក្ខព្រួយ

ចូរ​ជួយ​សំរាល​ទុក្ខ​អស់​អ្នក​ដែល​មាន​ទុក្ខ​ព្រួយ

​«ព្រះ​យេហូវ៉ា​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ . . . ឲ្យ​កំសាន្ត​ចិត្ត[«សំរាល​ទុក្ខ»​, ព.ថ.]នៃ​អស់​អ្នក​ណា​ដែល​សោយ​សោក។—អេសាយ ៦១:១, ២

១, ២​. តើ​យើង​គួរ​ជួយ​សំរាល​ទុក្ខ​អ្នក​ណា? ហើយ​ហេតុ​អ្វី?

ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​ជួយ​សំរាល​ទុក្ខ​គ្រប់​បែប​យ៉ាង​ទាំង​អស់ និង​បង្រៀន​យើង​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ពេល​អ្នក​ដទៃ​មាន​វិបត្ដិ​ភ័យ។ ទ្រង់​បង្រៀន​យើង​ឲ្យ​«សំរាល​ទុក្ខ​អស់​អ្នក​ដែល​បាក់​ទឹក​ចិត្ត» និង​ឲ្យ​ជួយ​សំរាល​ទុក្ខ​អស់​អ្នក​ដែល​មាន​ទុក្ខ​ព្រួយ។ (ថេស្សាឡូនិក​ទី១ ៥:១៤, ខ.ស.) យើង​ផ្ដល់​ជំនួយ​បែប​នេះ​ដល់​អ្នក​ជឿ​គ្នីគ្នា​ពេល​ត្រូវ​ការ​ជា​ចាំបាច់។ យើង​ក៏​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​អស់​អ្នក​ដែល​មិន​មាន​ជំនឿ​ដូច​យើង សូម្បី​ដល់​អស់​អ្នក​ដែល​មិន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​យើង​នៅ​ពេល​មុន។—ម៉ាថាយ ៥:៤៣​-​៤៨; កាឡាទី ៦:១០

ព្រះ​យេស៊ូ​គ្រីស្ទ​បាន​អាន​និង​ពន្យល់​ថា​កិច្ចការ​ដែល​មាន​ក្នុង​ទំនាយ​នេះ​គឺ​ទ្រង់​ជា​អ្នក​បំពេញ​ទំនាយ ពោល​គឺ​៖ «ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់​យេហូវ៉ា ទ្រង់​សណ្ឋិត​លើ​ខ្ញុំ ពីព្រោះ​ព្រះ​យេហូវ៉ា​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ​ឲ្យ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ទាល់​ក្រ ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ដើម្បី​នឹង​ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង . . . ហើយ​ឲ្យ​កំសាន្ត​ចិត្ត[«សំរាល​ទុក្ខ»​, ព.ថ.]នៃ​អស់​អ្នក​ណា​ដែល​សោយ​សោក»។ (អេសាយ ៦១:១, ២; លូកា ៤:១៦​-​១៩) ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​នៅ​សម័យ​នេះ​ក៏​បាន​ទទួល​ស្គាល់​តាំង​ពី​យូរ​មក​ហើយ ថា​កិច្ចការ​នេះ​ក៏​ទាក់ទង​នឹង​ពួក​គេ​ដែរ ហើយ​«ចៀម​ឯ​ទៀត»​ក៏​ចូល​រួម​យ៉ាង​រីករាយ​ជា​មួយ​ពួក​គេ​ក្នុង​កិច្ចការ​នេះ។—យ៉ូហាន ១០:១៦

៣​. ពេល​មនុស្ស​សួរ​ថា​៖ ‹ហេតុ​អ្វី​ក៏​ព្រះ​អនុញ្ញាត​ឲ្យ​មាន​វិបត្ដិ​ភ័យ?› តើ​យើង​អាច​ជួយ​ពួក​គេ​យ៉ាង​ដូច​ម្ដេច?

ពេល​មាន​មហន្តរាយ​ហើយ​មនុស្ស​ទទួល​ការ​អស់​សង្ឃឹម នោះ​ពួក​គេ​តែង​សួរ​ថា​៖ ‹ហេតុ​អ្វី​ក៏​ព្រះ​អនុញ្ញាត​ឲ្យ​មាន​វិបត្ដិ​ភ័យ?› ព្រះ​គម្ពីរ​ឆ្លើយ​យ៉ាង​ច្បាស់​នូវ​សំនួរ​នោះ។ យ៉ាង​ណា​ក៏​ដោយ គឺ​ប្រហែល​ជា​ត្រូវ​ការ​ពេល​វេលា​ឲ្យ​បុគ្គល​ម្នាក់​ដែល​មិន​មែន​ជា​សិស្ស​ព្រះ​គម្ពីរ​ឲ្យ​យល់​ចម្លើយ​នោះ​បាន​ពេញលេញ។ យើង​អាច​រក​ជំនួយ​ក្នុង​ប្រកាសនវត្ថុ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ * ប៉ុន្តែ ចំពោះ​មនុស្ស​ខ្លះ​មុន​ដំបូង ពេល​គេ​គ្រាន់​តែ​ឃើញ​ខគម្ពីរ​ដូច​ជា​នៅ​អេសាយ ៦១:១, ២ បាន​ជួយ​សំរាល​ទុក្ខ​គេ​ទៅ​ហើយ ដ្បិត​នេះ​បញ្ជាក់​ថា​ទ្រង់​មាន​បំណង​ចង់​ឲ្យ​មនុស្ស​ទទួល​ការ​សំរាល​ទុក្ខ។

៤​. តើ​ស្មរបន្ទាល់​ម្នាក់​នៅ​ប្រទេស​ប៉ូឡូញ​អាច​ជួយ​ក្មេង​ស្រី​ដែល​ពិបាក​ចិត្ត​យ៉ាង​ដូចម្ដេច? ហើយ​តើ​បទ​ពិសោធន៍​នេះ​អាច​ជួយ​អ្នក​ឲ្យ​ជួយ​អ្នក​ឯ​ទៀត​យ៉ាង​ណា?

យុវ​វ័យ​ព្រម​ទាំង​មនុស្ស​ចាស់​ក៏​ត្រូវ​ការ​ការ​សំរាល​ទុក្ខ​ដែរ។ នៅ​ប្រទេស​ប៉ូឡូញ ក្មេង​ជំទង់​ម្នាក់​ដែល​ក្រៀម​ក្រំ​ចិត្ត​បាន​សួរ​យោបល់​ពី​មិត្ត​ម្នាក់។ មិត្ត​នេះ​ដែល​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់​បាន​សួរ​សំនួរ​ដែល​មិន​មែន​ចំៗ នេះ​ធ្វើ​ឲ្យ​គាត់​ដឹង​ថា​ក្មេង​ស្រី​នេះ​មាន​ការ​បារម្ភណាស់​ហើយ​មាន​សំនួរ​និង​ការ​សង្ស័យ​ជា​ច្រើន ដូច​ជា​៖ «ហេតុ​អ្វី​ក៏​មាន​អំពើ​អាក្រក់​ច្រើន​ម្ល៉េះ? ហេតុ​អ្វី​ក៏​មនុស្ស​រង​ទុក្ខ​វេទនា? ហេតុ​អ្វី​ក៏​ប្អូន​ស្រី​ខ្ញុំ​ដែល​ពិការ​រង​ទុក្ខ​វេទនា? ហេតុ​អ្វី​ក៏​សុខភាព​បេះដូង​ខ្ញុំ​មិនល្អ? សាសនា​ខ្ញុំ​ប្រាប់​ថា នេះ​ជា​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ។ ប៉ុន្តែ ប្រសិន​បើ​ដូច្នេះ​មែន ខ្ញុំ​នឹង​ឈប់​ជឿ​លើ​ទ្រង់!»។ ស្មរបន្ទាល់​នេះ​បាន​អធិស្ឋាន​ក្នុង​ចិត្ត​ថ្វាយ​ព្រះ​យេហូវ៉ា ហើយ​រួច​មក​ពោល​ថា​៖ «ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​អ្នក​បាន​សួរ​ខ្ញុំ​អំពី​រឿង​នេះ។ ខ្ញុំ​នឹង​ខំ​ប្រឹង​ជួយ​អ្នក»។ ស្មរបន្ទាល់​នេះ​បាន​រៀប​រាប់​ថា​គាត់​ធ្លាប់​មាន​ការ​សង្ស័យ​ដូច​នេះ​ដែរ​ពេល​នៅ​ក្មេង ហើយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​ជួយ​គាត់។ ស្មរបន្ទាល់​នេះ​បាន​ពន្យល់​ថា​៖ «ខ្ញុំ​បាន​រៀន​ដឹង​ថា​ព្រះ​មិន​ចង់​ឲ្យ​មនុស្ស​រង​ទុក្ខ​វេទនា​ទេ។ ទ្រង់​ស្រឡាញ់​មនុស្ស ហើយ​ចង់​ឲ្យ​គេ​ទទួល​ប្រយោជន៍ និង​មិន​យូរ​ប៉ុន្មាន​ទៀត ទ្រង់​នឹង​នាំ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​យ៉ាង​ធំ​នៅ​លើ​ផែនដី​នេះ។ ជំងឺ បញ្ហា​នៃ​ការ​ចាស់​ជរា ព្រម​ទាំង​សេចក្ដី​ស្លាប់​នឹង​កន្លង​ទៅ ហើយ​មនុស្ស​ដែល​ចេះ​ស្ដាប់​បង្គាប់​នឹង​រស់​នៅ​ជា​រៀង​រហូត​នៅ​លើ​ផែនដី​នេះ»។ ស្មរបន្ទាល់​បាន​បង្ហាញ​ក្មេង​ស្រី​នេះ​នូវ​វិវរណៈ ២១:៣, ៤; យ៉ូប ៣៣:២៥; អេសាយ ៣៥:៥​-​៧ និង​អេសាយ ៦៥:២១​-​២៥។ ក្រោយ​ពី​ការ​ពិគ្រោះ​យ៉ាង​យូរ ក្មេង​ស្រី​នេះ​មាន​ការ​ធូរ​ស្រាល​ក្នុង​ចិត្ត​ហើយ​និយាយ​ថា​៖ «ឥឡូវ​នេះ ខ្ញុំ​ដឹង​អំពី​គោល​បំណង​នៃ​ជីវិត​របស់​ខ្ញុំ។ តើ​ខ្ញុំ​អាច​មក​ជួប​អ្នក​ម្ដង​ទៀត​បាន​ឬ​ទេ?» ស្មរបន្ទាល់​បាន​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​នាង​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍។

ចូរ​ជួយ​សំរាល​ទុក្ខ​អ្នក​ដទៃ ដោយ​ប្រើ​ការ​សំរាល​ទុក្ខ​ដែល​ព្រះ​ប្រទាន

៥​. ពេល​យើង​បង្ហាញ​នូវ​ការ​អាណិតអាសូរ តើ​អ្វី​នឹង​ជួយ​ផ្ដល់​នូវ​ការ​សំរាល​ទុក្ខ​ដ៏​ពិត​ប្រាកដ​នោះ?

ពេល​យើង​ជួយ​សំរាល​ទុក្ខ​គេ ដោយ​ប្រើ​ពាក្យ​ដែល​បង្ហាញ​ការ​អាណិតអាសូរ នេះ​គឺ​ជា​ការ​ត្រឹម​ត្រូវ​ណាស់។ ដោយ​ពាក្យ​សំដី​និង​របៀប​និយាយ​នោះ យើង​ខំ​ប្រឹង​បង្ហាញ​ដល់​អ្នក​ដែល​មាន​ទុក្ខ​ព្រួយ​ថា យើង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​អំពី​បញ្ហា​របស់​គាត់។ នេះ​មិន​មែន​ធ្វើ​ឡើង​ដោយ​ប្រើ​ពាក្យ​សំដី​ដ៏​ឥត​ស្មោះ​នោះ​ឡើយ។ ព្រះ​គម្ពីរ​ចែង​ប្រាប់​យើង​ថា «ដើម្បី​ឲ្យ​យើង​បាន​សេចក្ដី​សង្ឃឹម ដោយ​សេចក្ដី​អត់ធន់ នឹង​សេចក្ដី​កំសាន្ត​ចិត្ត[«ការ​សំរាល​ទុក្ខ»​, ព.ថ.]ដោយសារ​គម្ពីរ»។ (រ៉ូម ១៥:៤) ដោយ​គិត​អំពី​រឿង​នេះ នៅ​ពេល​ដ៏​សម​គួរ​យើង​អាច​ពន្យល់​ថា​ព្រះ​រាជាណាចក្រ​ជា​អ្វី ហើយ​យើង​អាច​បង្ហាញ​ពី​ព្រះ​គម្ពីរ​នូវ​របៀប​ព្រះរាជាណាចក្រ​ព្រះ​នឹង​ដោះ​ស្រាយ​បញ្ហា​នៅ​បច្ចុប្បន្ន​នេះ។ រួច​មក យើង​អាច​វែកញែក​នូវ​មូលហេតុ​ដែល​យើង​អាច​ទុក​ចិត្ត​លើ​សេចក្ដី​សង្ឃឹម​នេះ​បាន។ តាម​របៀប​នេះ យើង​នឹង​ជួយ​សំរាល​ទុក្ខ​បាន។

៦​. តើ​យើង​គួរ​ជួយ​មនុស្ស​ឲ្យ​យល់​អំពី​អ្វី ដើម្បី​ឲ្យ​ពួក​គេ​ទទួល​ប្រយោជន៍​ពេញ​លេញ​ពី​ការ​សំរាល​ទុក្ខ​ក្នុង​បទ​គម្ពីរ?

ដើម្បី​ទទួល​ផល​ប្រយោជន៍​ពេញលេញ​ពី​ការ​សំរាល​ទុក្ខ​ដែល​យើង​ផ្ដល់​ឲ្យ នោះ​បុគ្គល​ម្នាក់​ត្រូវ​ស្គាល់​អំពី​ព្រះ​ពិត ថា​តើ​ទ្រង់​ជា​ព្រះ​បែប​ណា? និង​ភាព​គួរ​ឲ្យ​ទុក​ចិត្ត​នៃ​សេចក្ដី​សន្យា​របស់​ទ្រង់។ ពេល​យើង​រក​វិធី​ជួយ​មនុស្ស​ដែល​មិន​ទាន់​ជា​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា យក​ល្អ​ដែល​យើង​ត្រូវ​ពន្យល់​ចំណុច​ដែល​មាន​ដូច​តទៅ។ (១) ការ​សំរាល​ទុក​ក្នុង​ព្រះ​គម្ពីរ​គឺ​មក​ពី​ព្រះ​យេហូវ៉ា ជា​ព្រះ​ដ៏​ពិត​មួយ​អង្គ។ (២) ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​បំផុត ហើយ​ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ​និង​ផែនដី។ ទ្រង់​ជា​ព្រះ​នៃ​សេចក្ដី​ស្រឡាញ់ ព្រម​ទាំង​ជា​ព្រះ​ដែល​មាន​សេចក្ដី​សប្បុរស​និង​សេចក្ដី​ពិត​យ៉ាង​បរិបូរ។ (៣) យើង​អាច​ទទួល​បាន​នូវ​កម្លាំង​ចិត្ត​ដើម្បី​ប្រឈម​មុខ​នឹង​ស្ថានការណ៍ ប្រសិន​បើ​យើង​ចូល​ទៅ​ជិត​ព្រះ ដោយ​ក្រេប​យក​ចំណេះ​ត្រឹម​ត្រូវ​ពី​បន្ទូល​របស់​ទ្រង់។ (៤) ព្រះគម្ពីរ​មាន​បទគម្ពីរ​ដែល​ទាក់ទង​នឹង​សេចក្ដី​ទុក្ខលំបាក​ចំៗ​ដែល​មនុស្ស​ផ្សេងៗ​បាន​ប្រឈម​មុខ។

៧​. (ក) តើ​ការ​បញ្ជាក់​ថា​ការ​សំរាល​ទុក្ខ​ដែល​ព្រះ​ប្រទាន នោះ​«ចំរើន​ដោយសារ​ព្រះ​គ្រីស្ទ» មាន​ប្រយោជន៍​អ្វី? (ខ) តើ​អ្នក​អាច​ជួយ​សំរាល​ទុក្ខ​បុគ្គល​ម្នាក់​ដែល​ដឹង​ខ្លួន​ថា គាត់​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​យ៉ាង​ដូច​ម្ដេច?

អ្នក​ខ្លះ​បាន​ជួយ​លើក​ទឹក​ចិត្ត​ខាង​វិញ្ញាណ​ដល់​មនុស្ស​មាន​ទុក្ខ​ព្រួយ ដែល​មាន​ចំណេះ​ដឹង​អំពី​ព្រះ​គម្ពីរ ដោយ​អាន​កូរិនថូសទី២ ១:៣​-​៧។ ពេល​គេ​ធ្វើ​ដូច្នេះ ពួក​គេ​បាន​បញ្ជាក់​នូវ​ពាក្យ​ដែល​ថា «សេចក្ដី​ក្សាន្ត​ចិត្ត[«ការ​សំរាល​ទុក្ខ»​, ព.ថ.]នៃ​យើង​រាល់​គ្នា ក៏​ចំរើន​ដោយសារ​ព្រះ​គ្រីស្ទ»។ បទ​គម្ពីរ​នេះ​អាច​ជួយ​បុគ្គល​ម្នាក់​ឲ្យ​ដឹង​ថា​ព្រះ​គម្ពីរ​គឺ​ជា​ប្រភព​នៃ​ការ​សំរាល​ទុក្ខ ដែល​គាត់​គួរ​តែ​យក​មក​គិត​ពិចារណា​ឲ្យ​បាន​មែន​ទែន។ នេះ​ក៏​ទៅ​ជា​មូលដ្ឋាន​នៃ​ការ​ពិគ្រោះ​ថែម​ទៀត ប្រហែល​ជា​នៅ​ឱកាស​ផ្សេង​ទៀត។ ប្រសិន​បើ​បុគ្គល​ម្នាក់​គិត​ថា បញ្ហា​របស់​គាត់​គឺ​ដោយសារ​អំពើ​អាក្រក់​ដែល​គាត់​បាន​ប្រព្រឹត្ត នោះ​យើង​មិន​គួរ​ថ្កោល​ទោស​គាត់​ទេ តែ​យើង​អាច​ប្រាប់​គាត់​ថា​ការ​ដឹង​អំពី​អ្វី​ដែល​កត់​ទុក​នៅ​យ៉ូហានទី១ ២:១, ២ និង​ទំនុកដំកើង ១០៣:១១​-​១៤ ពិត​ជា​ទី​សំរាល​ទុក្ខ​មែន។ តាម​របៀប​នេះ យើង​ពិត​ជា​សំរាល​ទុក្ខ​អ្នក​ឯ​ទៀត​ដោយ​ប្រើ​ការ​សំរាល​ទុក្ខ​ដែល​ព្រះ​ប្រទាន។

ចូរ​ជួយ​សំរាល​ទុក្ខ​អ្នក​ដែល​រង​ទុក្ខ ដោយ​អំពើ​ឃោរឃៅ​និង​ការ​ខ្វះ​ខាត​លុយ​កាក់

៨, ៩​. តើ​យើង​អាច​ជួយ​សំរាល​ទុក្ខ​យ៉ាង​ត្រឹម​ត្រូវ​ដល់​មនុស្ស ដែល​រង​អំពើ​ឃោរឃៅ​យ៉ាង​ដូច​ម្ដេច?

ជីវិត​របស់​មនុស្ស​ច្រើន​ឥត​គណនា​បាន​រង​ទុក្ខ​ដោយ​អំពើ​ឃោរឃៅ ពោល​គឺ​អំពើ​ឃោរឃៅ​ដោយ​បទ​ឧក្រិដ្ឋ​ក្នុង​សហគមន៍ ឬ​អំពើ​ឃោរឃៅ​ដោយ​សង្គ្រាម។ តើ​យើង​អាច​ជួយ​សំរាល​ទុក្ខ​គេ​យ៉ាង​ដូច​ម្ដេច?

គ្រីស្ទាន​ពិត​ប្រុង​ប្រយ័ត្ន​មិន​និយាយ​ឬ​ធ្វើ​អ្វី ដែល​បង្ហាញ​ថា​គាត់​កាន់​ជើង​ក្រុម​ប័ក្ស​ពួក​ណា​មួយ​ក្នុង​សង្គ្រាម​ដែល​មាន​នៅ​លោកីយ៍​នេះ។ (យ៉ូហាន ១៧:១៦) ប៉ុន្តែ គឺ​ជា​ការ​ត្រឹម​ត្រូវ​មែន​ដែល​គេ​ប្រើ​ព្រះ​គម្ពីរ​ដើម្បី​បង្ហាញ​ថា ស្ថានភាព​ដ៏​ពិបាក​នៅ​សព្វ​ថ្ងៃ​នេះ នឹង​មិន​មាន​ជា​រៀង​រហូត​នោះ​ឡើយ។ ពួក​គេ​អាច​អាន​ទំនុកដំកើង ១១:៥ ដើម្បី​បង្ហាញ​នូវ​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​អស់​អ្នក​ដែល​ចូល​ចិត្ត​អំពើ​ឃោរឃៅ ឬ​អាន​ទំនុកដំកើង ៣៧:១​-​៤ ដើម្បី​បញ្ជាក់​នូវ​ការ​លើក​ទឹក​ចិត្ត​ពី​ព្រះ​ដែល​ថា កុំ​ឲ្យ​យើង​សងសឹក​ដោយ​ខ្លួន​ឯង​ឡើយ តែ​ឲ្យ​ទុក​ចិត្ត​លើ​ព្រះ​វិញ។ ពាក្យ​នៅ​ទំនុកដំកើង ៧២:១២​-​១៤ បង្ហាញ​នូវ​របៀប​ដែល​សាឡូម៉ូន​ដ៏​ឧត្តម គឺ​ព្រះ​យេស៊ូ​គ្រីស្ទ​កំពុង​តែ​សោយ​រាជ្យ​ជា​ស្តេច​នៅ​ស្ថានសួគ៌ ហើយ​ថា​ទ្រង់​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​មនុស្ស​គ្មាន​ទោស​ដែល​រង​ទុក្ខ​ដោយសារ​អំពើ​ឃោរឃៅ​នោះ។

១០​. ប្រសិន​បើ​អ្នក​បាន​រស់​ឆ្លង​កាត់​សង្គ្រាម​ជា​ច្រើន តើ​បទ​គម្ពីរ​ក្នុង​វគ្គ​នេះ​អាច​ជួយ​សំរាល​ទុក្ខ​អ្នក​យ៉ាង​ណា​បាន?

១០ មនុស្ស​ខ្លះ​បាន​រស់​ឆ្លង​កាត់​ចម្បាំង​ជា​ច្រើន​ផ្ទួនៗ​គ្នា កាល​ដែល​ក្រុម​និមួយៗ​ប្រយុទ្ធ​គ្នា​ដណ្ដើម​យក​ឈ្នះ​ដើម្បី​កាន់​កាប់​តំបន់​ណា​មួយ​នោះ។ ពួក​គេ​បាន​មើល​ស្រាល​នូវ​សង្គ្រាម​និង​លទ្ធផល​ពី​សង្គ្រាម​ថា​ជា​ផ្នែក​ធម្មតា​មួយ​នៃ​ជីវិត​របស់​មនុស្ស។ សេចក្ដី​សង្ឃឹម​តែ​មួយ​គត់​ដែល​គេ​អាច​គិត​ឃើញ គឺ​ថា​ជីវិត​គេ​នឹង​បាន​ប្រសើរ​ឡើង​ប្រសិន​បើ​អាច​ភៀស​ខ្លួន​ទៅ​ប្រទេស​មួយ​ទៀត។ ប៉ុន្តែ ពួក​គេ​ភាគ​ច្រើន​ពុំ​បាន​ទទួល​ជោគជ័យ​ឡើយ ហើយ​មនុស្ស​មួយ​ចំនួន​ដែល​បាន​ខំ​រត់​ភៀស​ខ្លួន​ក៏​បាន​ស្លាប់​ដែរ។ អស់​អ្នក​ដែល​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​មួយ​ទៀត​តែង​តែ​ឃើញ​ថា គេ​បាន​រត់​ចេញ​ពី​បញ្ហា​មួយ ប៉ុន្តែ​នៅ​តែ​ជួប​បញ្ហា​មួយ​ទៀត​ដដែល។ យើង​អាច​អាន​ទំនុកដំកើង ១៤៦:៣​-​៦ ដើម្បី​ជួយ​មនុស្ស​ទាំង​នេះ​ឲ្យ​ពឹង​លើ​អ្វី​ដែល​អាច​ទុក​ចិត្ត​បាន​ជាង ជាជាង​រត់​ទៅ​ប្រទេស​ក្រៅ។ បទ​ទំនាយ​នៅ​ម៉ាថាយ ២៤:៣, ៧, ១៤ ឬ​ក៏​ធីម៉ូថេទី២ ៣:១​-​៥ អាច​ជួយ​ពួក​គេ​ឲ្យ​យល់​ស្ថានការណ៍​បាន​ពេញលេញ និង​ឲ្យ​យល់​អំពី​ស្ថានភាព​ដែល​ពួក​គេ​កំពុង​តែ​ជួប​ប្រទះ​នោះ​ថា​មាន​ន័យ​យ៉ាង​ណា ពោល​គឺ​យើង​កំពុង​តែ​រស់​នៅ​ក្នុង​ទីបញ្ចប់​នៃ​របប​លោកីយ៍​នេះ។ បទ​គម្ពីរ​ដូច​នៅ​ទំនុកដំកើង ៤៦:១​-​៣, ៨, ៩ និង​អេសាយ ២:២​-​៤ ក៏​អាច​ជួយ​ពួក​គេ​ឲ្យ​ដឹង​ថា ពិត​ជា​មាន​សេចក្ដី​សង្ឃឹម​ចំពោះ​អនាគត​ដែល​ប្រកប​ដោយ​សន្ដិភាព។

១១​. តើ​បទ​គម្ពីរ​ណា​ខ្លះ​ដែល​បាន​សំរាល​ទុក្ខ​ស្ត្រី​ម្នាក់​ពី​ប្រទេស​មួយ​នៅ​ទ្វីប​អា​ព្រិច​ខាង​លិច? ហើយ​ហេតុ​អ្វី?

១១ ក្នុង​កំឡុង​មាន​សង្គ្រាម​ឥត​ឈប់ឈរ​ក្នុង​ប្រទេស​មួយ​នៅ​ទ្វីប​អាព្រិច​ខាង​លិច នោះ​ស្ត្រី​ម្នាក់​បាន​ខំ​រត់​ទៅ​ស្រុក​ក្រៅ​ទោះ​ជា​មាន​ការ​បាញ់​រះ​យ៉ាង​ខ្លាំង​ក៏​ដោយ។ ជីវិត​របស់​នាង​ពោរពេញ​ទៅ​ដោយ​ការ​ភ័យ​ខ្លាច ការ​សោក​សង្រេង និង​ការ​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង។ ក្រោយ​មក ក្នុង​កាល​ដែល​ក្រុម​គ្រួសារ​គាត់​រស់​នៅ​ប្រទេស​ក្រៅ ប្ដី​របស់​នាង​បាន​សម្រេច​ចិត្ត​ដុត​លិខិត​អាពាហ៍ពិពាហ៍​ចោល ដើម្បី​អាច​ធ្វើ​ជា​សង្ឃ ហើយ​គាត់​បណ្ដេញ​ប្រពន្ធ​ដែល​មាន​ផ្ទៃពោះ និង​កូន​ប្រុស​អាយុ​១០​ឆ្នាំ​ឲ្យ​ចេញ​ពី​ផ្ទះ។ ប៉ុន្តែ​នៅ​ពេល​មាន​គេ​អាន​ភីលីព ៤:៦, ៧​និង​ទំនុកដំកើង ៥៥:២២ ជូន​ប្រពន្ធ​គាត់​ស្ដាប់ ព្រម​ទាំង​អាន​អត្ថបទ​ផ្សេងៗ​ស្រង់​ចេញ​ពី​ទស្សនាវដ្ដី​ប៉មយាម និង​ទស្សនាវដ្ដី​ភ្ញាក់រឭក! ទើប​គាត់​បាន​រក​ឃើញ​ការ​សំរាល​ទុក្ខ​និង​គោល​បំណង​ក្នុង​ជីវិត។

១២​. (ក) តើ​ព្រះ​គម្ពីរ​ផ្ដល់​ឲ្យ​ការ​ធូរ​ស្បើយ​អ្វី​ចំពោះ​អស់​អ្នក​ដែល​ខ្វះ​ខាត​ខាង​លុយ​កាក់? (ខ) តើ​ស្មរបន្ទាល់​ម្នាក់​ក្នុង​ប្រទេស​មួយ​នៅ​អាស៊ី​បាន​ជួយ​អតិថិជន​ម្នាក់​យ៉ាង​ដូច​ម្ដេច?

១២ ការ​ហិន​ហោច​ផ្នែក​សេដ្ឋកិច្ច ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​មាន​ការ​ពិបាក​ក្នុង​ជីវិត​ណាស់។ ជួន​កាល​នេះ​គឺ​ដោយសារ​សង្គ្រាម​និង​លទ្ធផល​ក្រោយ​សង្គ្រាម។ នៅ​ពេល​ខ្លះ នយោបាយ​មិន​ល្អ​របស់រដ្ឋាភិបាល​និង​ការ​លោភ ហើយ​ភាព​មិន​ទៀងត្រង់​របស់​ពួក​អ្នក​កាន់​អំណាចគ្រប់​គ្រង បាន​បំផ្លាញ​ប្រាក់​ដែល​ប្រជាជន​បាន​សន្សំ​ទុក ហើយ​បាន​ជំរុញ​ឲ្យ​ប្រជាជន​បោះបង់​នូវ​ទ្រព្យ​សម្បត្ដិ​របស់​ខ្លួន។ មនុស្ស​ឯ​ទៀត​ពុំ​ដែល​មាន​របស់​ប្រើ​ប្រាស់​ជា​ច្រើន​ទេ។ មនុស្ស​ទាំង​អស់​នេះ​ពិត​ជា​អាច​ទទួល​ការ​សំរាល​ទុក្ខ​ដោយ​ដឹង​ថា ព្រះ​ធានា​នឹង​ជួយ​ឲ្យ​មាន​ការ​ធូរ​ស្បើយ​ចំពោះ​អស់​អ្នក​ដែល​ទុក​ចិត្ត​លើ​ទ្រង់ ហើយ​ទ្រង់​ធានា​ថា​នឹង​មាន​លោកីយ៍​ដ៏​សុចរិត ដែល​មនុស្ស​នឹង​គាប់​ចិត្ត​នូវ​អ្វី​ដែល​គេ​ធ្វើ។ (ទំនុកដំកើង ១៤៦:៦, ៧; អេសាយ ៦៥:១៧, ២១​-​២៣; ពេត្រុស​ទី២ ៣:១៣) ពេល​ស្មរបន្ទាល់​ម្នាក់​ក្នុង​ប្រទេស​មួយ​នៅ​អាស៊ី​បាន​ឮ​អតិថិជន​និយាយ​ដែល​បញ្ជាក់​អំពី​ការ​ព្រួយ​ចំពោះ​ស្ថានការណ៍​សេដ្ឋកិច្ច​នៅ​ប្រទេស​នោះ គាត់​បាន​ពន្យល់​ថា​អ្វីៗ​ដែល​បាន​កើត​ឡើង​នេះ គឺ​ជា​ផ្នែក​នៃ​ព្រឹត្ដិការណ៍​ដែល​មាន​ទូទាំង​ពិភពលោក។ ការ​ពិគ្រោះ​អំពី​ម៉ាថាយ ២៤:៣​-​១៤ និង​ទំនុកដំកើង ៣៧:៩​-​១១ នេះ​បាន​នាំ​ឲ្យ​អតិថិជន​នោះ​សិក្សា​ជា​ទៀងទាត់​ជា​មួយ​គាត់។

១៣​. (ក) ពេល​មនុស្ស​ខក​ចិត្ត​នឹង​សេចក្ដី​សន្យា​មិន​ពិត តើ​យើង​អាច​ប្រើ​ព្រះ​គម្ពីរ​ដើម្បី​ជួយ​គេ​យ៉ាង​ដូច​ម្ដេច? (ខ) ប្រសិន​បើ​មនុស្ស​មាន​អារម្មណ៍​ថា​ស្ថានការណ៍​ដ៏​អាក្រក់​បង្ហាញ​ថា​គ្មាន​ព្រះ តើ​អ្នក​អាច​ខំ​ព្យាយាម​វែកញែក​ជា​មួយ​នឹង​គេ​យ៉ាង​ដូច​ម្ដេច?

១៣ នៅ​ពេល​មនុស្ស​បាន​រង​ទុក្ខ​ជា​ច្រើន​ឆ្នាំ​ឬ​ក៏​បាន​តូច​ចិត្ត​នឹង​សេចក្ដី​សន្យា​មិន​ពិត​ជា​ច្រើន ពួក​គេ​ប្រហែល​ជា​មាន​ចិត្ត​ដូច​ពួក​អ៊ីស្រាអែល​នៅ​ស្រុក​អេស៊ីប ដោយសារ‹ពួក​គេ​បាក់​ទឹក​ចិត្ត›នោះ​ពួក​គេ​មិន​ចង់​ស្ដាប់​ទេ។ (និក្ខមនំ ៦:៩) ក្នុង​ករណី​បែប​នេះ គឺ​អាច​មាន​ប្រយោជន៍ បើ​បញ្ជាក់​របៀប​ផ្សេងៗ​ដែល​ព្រះ​គម្ពីរ​អាច​ជួយ​ពួក​គេ​ឲ្យ​ប្រឈម​មុខ​ដោះ​ស្រាយ​ដោយ​ជោគជ័យ​នឹង​បញ្ហា និង​ជៀសវាង​ឧបសគ្គ​ដែល​អាច​ជៀស​បាន​ដែល​ធ្វើ​ឲ្យ​សៅហ្មង​ដល់​ជីវិត​មនុស្ស​ជា​ច្រើន។ (ធីម៉ូថេទី១ ៤:៨ខ) មនុស្ស​ខ្លះ​ប្រហែល​ជា​ចាត់​ទុក​ស្ថានការណ៍​ដ៏​ពិបាក​នេះ ជា​ភស្តុតាង​ដែល​ថា​គ្មាន​ព្រះ ឬ​ថា​ទ្រង់​មិន​យក​ព្រះទ័យ​ទុក​ដាក់​នឹង​យើង​ទេ។ អ្នក​អាច​វែកញែក​ដោយ​ប្រើ​បទគម្ពីរ​ដែល​ត្រូវ​នឹង​កាលៈទេសៈ​នេះ ដើម្បី​ជួយ​គេ​ឲ្យ​ដឹង​ថា​ព្រះ​បាន​ប្រទាន​ជំនួយ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​ឥត​ព្រម​ទទួល​ទេ។—អេសាយ ៤៨:១៧, ១៨

ចូរ​ជួយ​សំរាល​ទុក្ខ​អស់​អ្នក​ដែល​រងគ្រោះ ដោយ​ព្យុះ​សង្ឃរា​និង​កក្រើក​ដី

១៤, ១៥​. ពេល​មហន្តរាយ​មួយ​បាន​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ័យ​តក់ស្លុត តើ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ណា?

១៤ មហន្តរាយ​អាច​កើត​មាន​ឡើង​ដោយសារ​ព្យុះ​សង្ឃរា កក្រើក​ដី អគ្គិភ័យ​ឬ​ក៏​ការ​ផ្ទុះ​អ្វី​មួយ។ សេចក្ដី​ទុក្ខ​សោក​អាច​មាន​ជា​ទូទៅ។ តើ​យើង​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ជួយ​សំរាល​ទុក្ខ​មនុស្ស​ដែល​បាន​រួច​រស់​ជីវិត?

១៥ មនុស្ស​ត្រូវ​ការ​ដឹង​ថា​មាន​បុគ្គល​ម្នាក់​ដែល​យក​ចិត្ត​ទុក​ដាក់។ ក្រោយ​ពី​ការ​វាយ​លុក​របស់​ភេរវជន​ក្នុង​ប្រទេស​មួយ មនុស្ស​ជា​ច្រើន​បាន​ភ័យ​តក់ស្លុត។ មនុស្ស​ជា​ច្រើន​បាត់បង់​សមាជិក​គ្រួសារ បាត់បង់​អ្នក​ចិញ្ចឹម​ក្រុម​គ្រួសារ និង​បាត់បង់​មិត្តភក្ដិ។ មនុស្ស​ខ្លះ​បាត់បង់​ការងារ ឬ​ក៏​បាត់បង់​សុវត្ថិភាព​ដែល​គេ​ធ្លាប់​មាន។ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​ព្យាយាម​ផ្ដល់​ជំនួយ​ដល់​អស់​អ្នក​ក្នុង​សហគមន៍​ខ្លួន ដោយ​បង្ហាញ​នូវ​ការ​អាណិតអាសូរ​និង​ផ្ដល់​ការ​សំរាល​ទុក្ខ​ពី​ព្រះ​គម្ពីរ។ មនុស្ស​ជា​ច្រើន​មាន​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​យើង។

១៦​. ពេល​មាន​មហន្តរាយ​នៅ​តំបន់​មួយ​ក្នុង​ប្រទេស​អែលសាវ៉ាឌរ ហេតុ​អ្វី​ក៏​ស្មរបន្ទាល់​ក្នុង​តំបន់​នោះ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ក្នុង​កិច្ច​បំរើ​ផ្សាយ?

១៦ នៅ​ប្រទេស​អែលសាវ៉ាឌរ មាន​ការ​កក្រើក​ដី​យ៉ាង​ខ្លាំង​មួយ​នៅ​ឆ្នាំ​២០០១ ហើយ​ក្រោយ​មក​ក៏​មាន​ភក់​យ៉ាង​សម្បើម​ធ្លាក់​ចុះ​ពី​លើ​ភ្នំ ដែល​សម្លាប់​មនុស្ស​ជា​ច្រើន។ កូន​ប្រុស​ដែល​មាន​អាយុ​២៥​ឆ្នាំ​របស់​ស្មរបន្ទាល់​ម្នាក់ និង​ប្អូន​ស្រី​ពីរ​នាក់​របស់​គូ​ដណ្ដឹង​នៃ​កូន​ប្រុស​នេះ​ក៏​បាន​ស្លាប់​ដែរ។ ម្ដាយ​នៃ​យុវ​បុរស​នេះ​និង​គូ​ដណ្ដឹង​របស់​គាត់​ក៏​បន្ត​ក្នុង​កិច្ច​បំរើ​ផ្សាយ​យ៉ាង​ឆាប់​រហ័ស។ មនុស្ស​ជា​ច្រើន​បាន​ប្រាប់​គេ​ថា គឺ​ជា​ព្រះ​ទេ​ដែល​មក​យក​ពួក​អ្នក​ស្លាប់ ឬ​ក៏​ជា​ព្រះ​ហឫទ័យ​របស់​ព្រះ។ ស្មរបន្ទាល់​នោះ​បាន​ដក​ស្រង់​សុភាសិត ១០:២២ ដើម្បី​បង្ហាញ​ថា​ព្រះ​មិន​ចង់​ឲ្យ​យើង​មាន​ការ​ឈឺចាប់​ទេ។ ពួក​គេ​អាន​រ៉ូម ៥:១២ ដើម្បី​បង្ហាញ​ថា​សេចក្ដី​ស្លាប់​បាន​មាន​មក​ពី​អំពើ​បាប​របស់​មនុស្ស​ម្នាក់ មិន​មែន​ជា​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​ទេ។ ពួក​គេ​ក៏​បាន​បង្ហាញ​នូវ​សារ​ដែល​ជួយ​សំរាល​ទុក្ខ​នៅ​ទំនុកដំកើង ៣៤:១៨, ទំនុកដំកើង ៣៧:២៩, អេសាយ ២៥:៨ និង​វិវរណៈ ២១:៣, ៤។ មនុស្ស​ប្រុង​ស្ដាប់​ដោយ​ចិត្ត​រីករាយ ជា​ពិសេស​ស្ត្រី​ទាំង​ពីរ​នាក់​នេះ​ក៏​បាន​បាត់បង់​សមាជិក​គ្រួសារ​ដោយសារ​មហន្តរាយ​ដែរ ហើយ​បន្ទាប់​មក ពួក​គេ​អាច​ចាប់​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​មនុស្ស​ជា​ច្រើន​នាក់។

១៧​. ពេល​មាន​មហន្តរាយ​កើត​ឡើង តើ​យើង​អាច​ផ្ដល់​ជំនួយ​យ៉ាង​ណា?

១៧ ពេល​មាន​មហន្តរាយ​កើត​ឡើង អ្នក​អាច​ជួប​អ្នក​ខ្លះ​ដែល​ត្រូវ​ការ​ជំនួយ​ភ្លាមៗ​ខាង​សម្ភារៈ។ នេះ​ប្រហែល​ជា​តម្រូវ​ឲ្យ​ទាក់ទង​គ្រូ​ពេទ្យ ជូន​បុគ្គល​នោះ​ទៅ​មន្ទីរពេទ្យ ឬ​ក៏​ធ្វើ​អ្វី​មួយ​ដើម្បី​ផ្ដល់​ជា​ម្ហូបអាហារ​និង​កន្លែង​ជ្រកកោន។ នៅ​ឆ្នាំ​១៩៩៨ ពេល​មាន​មហន្តរាយ​បែប​នេះ​បាន​កើត​ឡើង​នៅ​ប្រទេស​អ៊ីតាលី អ្នក​សារពត៌មាន​ម្នាក់​បាន​សង្កេត​ឃើញ​ថា ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​«ចាត់​វិធានការ​ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍ ដោយ​ផ្ដល់​ជំនួយ​ដល់​អស់​អ្នក​ដែល​រង​ទុក្ខ ហើយ​គ្មាន​ប្រកាន់​មនុស្ស​កាន់​សាសនា​ណា​មួយ​ឡើយ»។ នៅ​ក្នុង​ប្រទេស​ខ្លះ ព្រឹត្ដិការណ៍​ដែល​បាន​ទាយ​សំរាប់​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​នាំ​ឲ្យ​មាន​ការ​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង។ នៅ​កន្លែង​ទាំង​នោះ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បង្ហាញ​ថា​ទំនាយ​ទាំង​ប៉ុន្មាន​ក្នុង​ព្រះ​គម្ពីរ នឹង​ជួយ​សំរាល​ទុក្ខ​មនុស្ស​ដោយ​ប្រាប់​អំពី​ការ​ធានា​រ៉ាប់​រង​របស់​ព្រះ​គម្ពីរ​ដែល​ថា ព្រះ​រាជាណាចក្រ​របស់​ព្រះ​នឹង​នាំ​ឲ្យ​មាន​សន្ដិសុខ​ពិត​សំរាប់​មនុស្ស​ជាតិ។—សុភាសិត ១:៣៣; មីកា ៤:៤

ចូរ​ជួយ​សំរាល​ទុក្ខ​ក្រុម​គ្រួសារ​ដែល​មាន​សមាជិក​ស្លាប់

១៨​-​២០​. ពេល​មាន​សមាជិក​ម្នាក់​ស្លាប់​ក្នុង​គ្រួសារ តើ​អ្នក​អាច​និយាយ​ឬ​ធ្វើ​អ្វី​ដើម្បី​ជួយ​សំរាល​ទុក្ខ?

១៨ ជា​រៀង​រាល់​ថ្ងៃ​មនុស្ស​រាប់​លាន​នាក់​កាន់ទុក្ខ ដោយសារ​មនុស្ស​ជា​ទី​ស្រឡាញ់​ទទួល​មរណភាព។ អ្នក​ប្រហែល​ជា​ជួប​គេ ពេល​អ្នក​ចូល​រួម​ក្នុង​កិច្ច​បំរើ​ផ្សាយ ឬ​ក៏​ពេល​អ្នក​ទៅ​ធ្វើ​ការ។ តើ​អ្នក​អាច​និយាយ​យ៉ាង​ណា​ឬ​ធ្វើ​អ្វី​ក្នុង​ការ​ជួយ​សំរាល​ទុក្ខ?

១៩ តើ​បុគ្គល​នោះ​កំពុង​តែ​មាន​ទុក្ខ​ព្រួយ​យ៉ាង​ខ្លាំង​ឬ​ទេ? តើ​មាន​ញាតិ​សន្ដាន​ច្រើន​កំពុង​តែ​សោក​សង្រេង​ក្នុង​ផ្ទះ​នោះ​ឬ​ទេ? ប្រហែល​ជា​មាន​អ្វី​ច្រើន​ដែល​អ្នក​ចង់​និយាយ ប៉ុន្តែ​ការ​ប្រុង​ប្រយ័ត្ន​គឺ​សំខាន់​ណាស់។ (សាស្ដា ៣:១, ៧) ការ​បង្ហាញ​នូវ​ការ​អាណិតអាសូរ ដោយ​ទុក​ឲ្យ​ប្រកាសនវត្ថុ​ព្រះ​គម្ពីរ (កូន​សៀវភៅ ទស្សនាវដ្ដី ឬ​ក៏​ខិត្តប័ណ្ណ) ប្រហែល​នេះ​ជា​ទង្វើ​ត្រឹម​ត្រូវ រួច​មក ត្រឡប់​ទៅ​ជួប​នៅ​បី​បួន​ថ្ងៃ​ក្រោយ ដើម្បី​មើល​ថា​តើ​គេ​ត្រូវ​ការ​ជំនួយ​ទៀត​ឬ​ក៏​យ៉ាង​ណា? នៅ​ពេល​ដ៏​សម​គួរ ចូរ​ជួយ​លើក​ទឹក​ចិត្ត​ដោយ​បើក​ព្រះ​គម្ពីរ​មើល​នូវ​ចំណុច​ណា​មួយ។ នេះ​អាច​នាំ​ឲ្យ​មាន​អានុភាព​ដ៏​ល្អ​និង​ជួយ​ដល់​សុខភាព​ផ្លូវ​ចិត្ត​ទៀត​ផង។ (សុភាសិត ១៦:២៤; ២៥:១១) អ្នក​មិន​អាច​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ដូច​ព្រះ​យេស៊ូ​បាន​ទេ។ ប៉ុន្តែ អ្នក​អាច​ប្រាប់​នូវ​អ្វី​ដែល​ព្រះ​គម្ពីរ​ចែង​អំពី​ស្ថានភាព​នៃ​មនុស្ស​ស្លាប់ តែ​នេះ​មិន​មែន​ជា​ពេល​ដើម្បី​ខំ​ជំទាស់​ទស្សនៈ​ខុស​នោះ​ឡើយ។ (ទំនុកដំកើង ១៤៦:៤; សាស្ដា ៩:៥, ១០; អេសេគាល ១៨:៤) អ្នក​អាច​អាន​ជា​មួយ​គ្នា​នូវ​សេចក្ដី​សន្យា​របស់​ព្រះ​គម្ពីរ ស្តី​អំពី​ដំណើរ​រស់​ឡើង​វិញ។ (យ៉ូហាន ៥:២៨, ២៩; កិច្ចការ ២៤:១៥) អ្នក​អាច​ពិគ្រោះ​អត្ថន័យ​នៃ​សេចក្ដី​សន្យា​ទាំង​នេះ ប្រហែល​ដោយ​ប្រើ​កំណត់​ហេតុ​មួយ​ក្នុង​ព្រះ​គម្ពីរ​អំពី​ដំណើរ​រស់​ឡើង។ (លូកា ៨:៤៩​-​៥៦; យ៉ូហាន ១១:៣៩​-​៤៤) ហើយ​បញ្ជាក់​ប្រាប់​ពី​គុណសម្បត្ដិ​ដ៏​សំខាន់ៗ​របស់​ព្រះ​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ ដែល​បាន​ប្រទាន​នូវ​សេចក្ដី​សង្ឃឹម​នេះ។ (យ៉ូប ១៤:១៤, ១៥; យ៉ូហាន ៣:១៦) សូម​ពន្យល់​នូវ​របៀប​ដែល​អ្នក​បាន​ទទួល​ប្រយោជន៍​ពី​ការ​បង្រៀន​នេះ ហើយ​មូលហេតុ​ដែល​អ្នក​មាន​ទំនុក​ចិត្ត​លើ​សេចក្ដី​សង្ឃឹម​ទាំង​នេះ។

២០ បើ​អ្នក​អញ្ជើញ​គេ​ឲ្យ​មក​សាលព្រះរាជាណាចក្រ នេះ​អាច​ជួយ​អ្នក​ដែល​កាន់ទុក្ខ​ឲ្យ​ស្គាល់​មនុស្ស​ដែល​ពិត​ជា​ស្រឡាញ់​អ្នកជិតខាង​របស់​ខ្លួន ហើយ​ដែល​ចេះ​ស្អាង​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ ស្ត្រី​ម្នាក់​នៅ​ប្រទេស​ស៊ុយអែត​បាន​ពិសោធ​ដូច្នេះ​មែន ហើយ​គាត់​បាន​ខំ​រក​មនុស្ស​បែប​នេះ​តាំង​ពី​យូរ​មក​ហើយ។—យ៉ូហាន ១៣:៣៥; ថែស្សាឡូនីចទី១ ៥:១១

២១, ២២​. (ក) តើ​យើង​ត្រូវ​ធ្វើ​អ្វី បើ​យើង​ចង់​ជួយ​សំរាល​ទុក្ខ​នោះ? (ខ) តើ​អ្នក​អាច​ជួយ​សំរាល​ទុក្ខ​ដល់​អ្នក​ដែល​ស្គាល់​បទ​គម្ពីរ​ហើយ​យ៉ាង​ដូច​ម្ដេច?

២១ ពេល​អ្នក​ដឹង​ថា​បុគ្គល​ណា​ម្នាក់​កំពុង​កាន់ទុក្ខ មិន​ថា​ជា​សមាជិក​ក្រុមជំនុំ​ឬ​អ្នក​មិន​មាន​ជំនឿ​ដូច​គ្នា​ក្ដី តើ​ពេល​ខ្លះ​អ្នក​មិន​ដឹង​ថា​គួរ​និយាយ​ឬ​ធ្វើ​យ៉ាង​ណា​ឬ​ទេ? ពាក្យ​ក្រិច​ដែល​បកប្រែ​ថា​«សំរាល​ទុក្ខ»​ក្នុង​ព្រះ​គម្ពីរ​មាន​ន័យ​ចំៗ​ថា​«ហៅ​បុគ្គល​ម្នាក់​មក​ជិត​ខ្លួន»។ អ្នក​សំរាល​ទុក្ខ​ដ៏​ពិត មាន​ន័យ​ថា​យើង​ត្រូវ​ឲ្យ​អ្នក​កាន់ទុក្ខ​ស្រួល​ទាក់ទង​នឹង​យើង។—សុភាសិត ១៧:១៧

២២ ចុះ​យ៉ាង​ណា ប្រសិន​បើ​បុគ្គល​ម្នាក់​ដែល​អ្នក​ចង់​សំរាល​ទុក្ខ​គាត់​ដឹង​អ្វី​ដែល​ព្រះ​គម្ពីរ​ចែង​អំពី​សេចក្ដី​ស្លាប់​ហើយ ដឹង​អំពី​តម្លៃ​លោះ និង​អំពី​ដំណើរ​រស់​ឡើង​វិញ​នោះ? គ្រាន់​តែ​វត្តមាន​របស់​មិត្ត​ម្នាក់​ដែល​មាន​ជំនឿ​ដូច​គ្នា​នោះ ក៏​អាច​ជួយ​សំរាល​ទុក្ខ​ដែរ។ ប្រសិន​បើ​គាត់​និយាយ ចូរ​ប្រុង​ស្ដាប់​គាត់​ឲ្យ​មែន​ទែន។ ហើយ​អ្នក​មិន​ចាំបាច់​និយាយ​វែង​ដូច​ថ្លែង​សុន្ទរកថា​នោះ​ឡើយ។ ប្រសិន​បើ​អាន​បទ​គម្ពីរ ចូរ​ចាត់​ទុក​ថា​នេះ​គឺ​មក​ពី​ព្រះ​ដែល​ជួយ​ឲ្យ​កម្លាំង​ចិត្ត​ដល់​អ្នក​ទាំង​ពីរ​ចុះ! ចូរ​បង្ហាញ​នូវ​ជំនឿ​ស៊ប់​របស់​អ្នក​ទៅ​លើ​អ្វី​ដ៏​ពិត​ដែល​ព្រះ​បាន​សន្យា។ ដោយ​បង្ហាញ​នូវ​សេចក្ដី​មេត្ដា​របស់​ព្រះ និង​ដោយ​ចែក​ប្រាប់​នូវ​សេចក្ដី​ពិត​ដ៏​មាន​តម្លៃ​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ ការ​ធ្វើ​ដូច្នេះ​បង្ហាញ​ថា អ្នក​អាច​ជួយ​អស់​អ្នក​ដែល​កាន់ទុក្ខ និង​ជួយ​ផ្ដល់​ឲ្យ​កម្លាំង​ចិត្ត​ដែល​មក​ពី​«ព្រះ​ដែល​ជួយ​សំរាល​ទុក្ខ​គ្រប់​បែប​យ៉ាង​ទាំង​អស់» គឺ​ព្រះ​យេហូវ៉ា។—កូរិនថូសទី២ ១:៣, ខ.ស.

[កំណត់​សម្គាល់]

^ វគ្គ 3 សូម​មើល​សៀវភៅ​ចំណេះ​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់កល្ប​ជានិច្ច ជំពូក​ទី៨ និង​កូន​សៀវភៅ​តើ​ព្រះ​ពិត​ជា​ស្រឡាញ់​មនុស្ស​យើង​មែន​ឬ?

តើ​អ្នក​នឹង​និយាយ​យ៉ាង​ណា?

តើ​មនុស្ស​ជា​ច្រើន​បន្ទោស​អ្នក​ណា​ចំពោះ​វិបត្ដិ​ភ័យ? ហើយតើ​យើង​អាច​ជួយ​ពួក​គេ​យ៉ាង​ដូច​ម្ដេច?

តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ជួយ​អ្នក​ដទៃ​ឲ្យ​ទទួល​ប្រយោជន៍​ពេញលេញ​ពី​ការ​សំរាល​ទុក្ខ​ក្នុង​ព្រះ​គម្ពីរ?

តើ​មាន​ស្ថានការណ៍​ណា ដែល​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​ក្នុង​តំបន់​របស់​អ្នក​មាន​សេចក្ដី​សោក​សង្រេង? ហើយតើ​អ្នក​អាច​ជួយ​សំរាល​ទុក្ខ​ពួក​គេ​យ៉ាង​ដូច​ម្ដេច?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​២២]

ការ​ប្រាប់​នូវ​សារ ដែល​ជួយ​សំរាល​ទុក្ខ​ដ៏​ពិត ពេល​មាន​មហន្តរាយ

[អ្នក​ផ្ដល់​សិទ្ធិ]

Refugee camp: UN PHOTO 186811/J. Isaac