លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើការសំរាលទុក្ខដ៏ពិតអាចរកឃើញនៅឯណា?

តើការសំរាលទុក្ខដ៏ពិតអាចរកឃើញនៅឯណា?

តើ​ការ​សំរាល​ទុក្ខ​ដ៏​ពិត​អាច​រក​ឃើញ​នៅ​ឯ​ណា?

​«ព្រះ​ជា​ម្ចាស់ ជា​ព្រះ​បិតា​របស់​ព្រះ​យេស៊ូ​ជា​អម្ចាស់​នៃ​យើង . . . ព្រះ​អង្គ​សំរាល​ទុក្ខ​យើង នៅ​ពេល​យើង​មាន​ទុក្ខ​វេទនា​សព្វ​បែប​យ៉ាង»។—កូរិនថូសទី២ ១:៣, ៤, ខ.ស.

១​. តើ​កាលៈទេសៈ​អ្វី​ដែល​ធ្វើ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​ថា គេ​ត្រូវ​ការ​ការ​សំរាល​ទុក្ខ​យ៉ាង​ខ្លាំង?

ជំងឺ​រ៉ាំរ៉ៃ​ដ៏​ធ្ងន់ធ្ងរ​អាច​នាំ​ឲ្យ​បុគ្គល​ម្នាក់​មាន​អារម្មណ៍​ថា ជីវិត​របស់​ខ្លួន​ត្រូវ​បំផ្លាញ​អស់​រលីង។ ដោយសារ​កក្រើក​ដី ព្យុះ​សង្ឃរា និង​ទុរភិក្ស នោះ​ធ្វើ​ឲ្យ​មនុស្ស​ចុះ​ក្រ​គ្មាន​អ្វី​សោះ។ សង្គ្រាម​អាច​ធ្វើ​ឲ្យ​សមាជិក​គ្រួសារ​ស្លាប់ ខ្ទេច​ផ្ទះ​សម្បែង ឬ​ក៏​អាច​ធ្វើ​ឲ្យ​ម្ចាស់​រត់​ចោល​ផ្ទះ​ដើម្បី​សុវត្ថិភាព​របស់​ខ្លួន។ ភាព​អយុត្ដិធម៌​អាច​ធ្វើ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​ថា គ្មាន​កន្លែង​ណា​ដែល​ពួក​គេ​អាច​ពឹង​រក​ការ​ធូរ​ស្រាល​នោះ​ឡើយ។ ពួក​អ្នក​ដែល​ពិសោធ​នឹង​សេចក្ដី​វេទនា​ទាំង​នេះ គឺ​ត្រូវ​ការ​ការ​សំរាល​ទុក្ខ​យ៉ាង​ខ្លាំង។ តើ​យើង​អាច​រក​ការ​សំរាល​ទុក្ខ​នៅឯ​ណា?

២​. ហេតុ​អ្វី​ក៏​ការ​សំរាល​ទុក្ខ​ដែល​ព្រះយេហូវ៉ា​ប្រទាន​គឺ​គ្មាន​អ្វី​ដែល​យក​មក​ប្រៀបផ្ទឹម​បាន​នោះ?

បុគ្គល​ខ្លះ​និង​អង្គការ​ខ្លះ​ខំ​ប្រឹង​ផ្ដល់​ឲ្យ​នូវ​ការ​សំរាល​ទុក្ខ។ មនុស្ស​ជា​ច្រើន​ទទួល​ស្គាល់​ទាំង​មាន​អំណរគុណ​ណាស់​ចំពោះ​ពាក្យ​សំដី​ដ៏​ស្លូតបូត​ហើយ​ដោយ​សប្បុរស​នោះ។ ការ​ផ្ដល់​ជំនួយ​ជា​សម្ភារៈ​ជួយ​ផ្គត់ផ្គង់​នូវ​តម្រូវ​ការ​ភ្លាមៗ។ ប៉ុន្តែ មាន​តែ​ព្រះ​យេហូវ៉ា​ទេ​ដែល​ជា​ព្រះ​ដ៏​ពិត ដែល​អាច​ធ្វើ​ឲ្យ​អ្វីៗ​ទាំង​អស់​ល្អ​ដូច​ដើម​វិញ និង​ផ្ដល់​នូវ​ជំនួយ​ដែល​ត្រូវ​ការ​ចាំបាច់ ដើម្បី​កុំ​ឲ្យ​មាន​វិបត្ដិ​ភ័យ​បែប​នេះ​ម្ដង​ទៀត។ ព្រះគម្ពីរ​ចែង​អំពី​ព្រះយេហូវ៉ា​ថា​៖ «សូម​លើក​តម្កើង​ព្រះ​ជា​ម្ចាស់ ជា​ព្រះ​បិតា​របស់​ព្រះយេស៊ូ ជា​អម្ចាស់​នៃ​យើង។ ព្រះ​អង្គ​ជា​ព្រះ​បិតា​ប្រកប​ដោយ​ព្រះហឫទ័យ​មេត្ដាករុណា​និង ជា​ព្រះ​ដែល​ជួយ​សំរាល​ទុក្ខ​គ្រប់​បែប​យ៉ាង​ទាំង​អស់។ ព្រះ​អង្គ​សំរាល​ទុក្ខ​យើង នៅ​ពេល​យើង​មាន​ទុក្ខ​វេទនា​សព្វ​បែប​យ៉ាង ដើម្បី​អោយ​យើង​អាច​សំរាល​ទុក្ខ​អស់​អ្នក​ដែល​មាន​ទុក្ខ​វេទនា ព្រោះ​ព្រះ​ជា​ម្ចាស់​ប្រទាន​អោយ​យើង​ផ្ទាល់​បាន​ធូរ​ស្បើយ​រួច​ហើយ​ដែរ»។ (កូរិនថូសទី២ ១:៣, ៤, ខ.ស.) តើ​ព្រះយេហូវ៉ា​សំរាល​ទុក្ខ​យើង​យ៉ាង​ដូច​ម្ដេច?

ដោះ​ស្រាយ​នូវ​ដើម​ហេតុ​នៃ​បញ្ហា

៣​. តើ​ការ​សំរាល​ទុក្ខ​ដែល​ព្រះ​ប្រទាន​នឹង​ដោះ​ស្រាយ​នូវ​ដើម​ហេតុ​នៃ​បញ្ហា​របស់​មនុស្ស​ជាតិ​ដោយ​ដូច​ម្ដេច?

មនុស្ស​ជាតិ​ទាំង​ឡាយ​មាន​ភាព​ឥត​គ្រប់​ល័ក្ខណ៍​ជា​មរតក​ដែល​មក​ពី​អំពើ​បាប​របស់​អ័ដាម ហើយ​នេះ​នាំ​ឲ្យ​មាន​បញ្ហា​ច្រើន​ឥត​គណនា ដែល​ក្រោយ​មក​នាំ​ឲ្យ​យើង​ឈាន​ទៅ​ដល់​សេចក្ដី​ស្លាប់។ (រ៉ូម ៥:​១២) ដោយសារ​អារក្ស​សាតាំង​ជា​«ចៅហ្វាយ​របស់​លោកីយ​នេះ» ក៏​ធ្វើ​ឲ្យ​ស្ថានការណ៍​នេះ​កាន់​តែ​ពិបាក​ធ្ងន់ធ្ងរ​ឡើង។ (យ៉ូហាន ១២:​៣១; យ៉ូហានទី១ ៥:១៩) ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​បង្ហាញ​នូវ​ការ​សោក​ស្ដាយ​នឹង​ស្ថានភាព​ដ៏​អាណោច​អាធ័ម​ដែល​មនុស្ស​ជួប​ប្រទះ​ប៉ុណ្ណោះ​ទេ។ ទ្រង់​បាន​បញ្ជូន​រាជបុត្រា​តែ​មួយ​គត់​ដែល​ព្រះ​បាន​បង្កើត​ផ្ទាល់ ឲ្យ​ផ្ដល់​ជា​តម្លៃ​លោះ ដើម្បី​រំដោះ​មនុស្ស​លោក។ ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​យើង​ថា យើង​អាច​រួច​ផុត​ពី​ឥទ្ធិពល​នៃ​អំពើ​បាប​របស់​អ័ដាម​បាន ប្រសិន​បើ​យើង​អនុវត្ត​ជំនឿ​លើ​រាជបុត្រា​របស់​ទ្រង់។ (យ៉ូហាន ៣:១៦; យ៉ូហានទី១ ៤:១០) ព្រះ​ក៏​បាន​ទាយ​ថា​ព្រះ​យេស៊ូ​គ្រីស្ទ ដែល​បាន​ទទួល​អំណាច​ទាំង​អស់​ទាំង​នៅ​ស្ថានសួគ៌​ហើយ​ផែនដី នឹង​កំទេច​ចោល​របប​លោកីយ៍​ដ៏​អាក្រក់​ជួជាតិ​នេះ។—ម៉ាថាយ ២៨:១៨; យ៉ូហានទី១ ៣:៨; វិវរណៈ ៦:២; ២០:១០

៤​. (ក) តើ​ព្រះ​យេហូវ៉ា​បាន​ប្រទាន​អ្វី ដើម្បី​ពង្រឹង​ទំនុក​ចិត្ត​យើង​លើ​សេចក្ដី​សន្យា​របស់​ទ្រង់​ចំពោះ​ការ​ផ្ដល់​នូវ​ភាព​ធូរ​ស្បើយ​នោះ? (ខ) តើ​ព្រះ​យេហូវ៉ា​បាន​ជួយ​យើង​ឲ្យ​យល់​ដឹង​ពី​ពេល​ណា​ដែល​នឹង​មាន​ការ​ធូរ​ស្បើយ​នោះ​តាម​របៀប​ណា?

ដើម្បី​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​លើ​សេចក្ដី​សន្យា​របស់ទ្រង់ ព្រះ​បាន​ការពារ​នូវ​ទី​សំអាង​ជា​ច្រើន​ដែល​ជួយ​បង្ហាញ​ឲ្យ​ឃើញ​ថា អ្វី​ដែល​ទ្រង់​ទាយ​តែង​តែ​សម្រេច​ពិត​មែន។ (យ៉ូស្វេ ២៣:១៤) នៅ​ក្នុង​ព្រះ​គម្ពីរ ទ្រង់​បាន​រួម​បញ្ចូល​នូវ​កំណត់​ហេតុ​អំពី​អ្វីៗ​ដែល​ទ្រង់​បាន​ធ្វើ​ក្នុង​ការ​រំដោះ​រាស្ត្រ​របស់​ទ្រង់​ពី​ស្ថានការណ៍​ដ៏​លំបាក​ដែល​តាម​ទស្សនៈ​របស់​មនុស្ស​គិត​ថា​គ្មាន​លទ្ធភាព​អាច​ទទួល​បាន​ជោគជ័យ​ឡើយ។ (និក្ខមនំ ១៤:៤​-​​៣១; ពង្សាវតារក្សត្រទី២ ១៨:១៣​–​១៩:៣៧) តាម​រយៈ​ព្រះ​យេស៊ូ​គ្រីស្ទ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ថា​គោល​បំណង​របស់​ទ្រង់ ដែល​រួម​បញ្ចូល​ការ​ប្រោស​មនុស្ស​ឲ្យ​ជា​ពី «អស់​ទាំង​ជំងឺ​រោគា​នឹង​ជរា​ពិការ» ព្រម​ទាំង​ការ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ផង​ដែរ។ (ម៉ាថាយ ៩:​៣៥; ១១:៣​-​៦) តើ​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា? ក្នុង​ការ​តប​ឆ្លើយ ព្រះ​គម្ពីរ​បាន​ពិពណ៌នា​អំពី​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​នៃ​របប​លោកីយ៍​ចាស់​នេះ មុន​នឹង​រៀប​រាប់​អំពី​ផ្ទៃ​មេឃ​ថ្មី​និង​ផែនដី​ថ្មី​របស់​ព្រះ។ ការ​ពិពណ៌នា​របស់​ព្រះ​យេស៊ូ​គឺ​មាន​ស្ថានភាព​ដូច​គ្នា​បេះបិទ​នឹង​ជំនាន់​យើង​ដែល​កំពុង​តែ​រស់​នៅ​សព្វ​ថ្ងៃ​នេះ។—ម៉ាថាយ ២៤:៣​-​១៤; ធីម៉ូថេទី២ ៣:១​-​៥

ការ​សំរាល​ទុក្ខ​សំរាប់​មនុស្ស​ដែល​មាន​ទុក្ខ​លំបាក

៥​. ពេល​ព្រះ​យេហូវ៉ា​ជួយ​សំរាល​ទុក្ខ​អ៊ីស្រាអែល​ពី​សម័យ​បុរាណ តើ​ទ្រង់​បាន​នាំ​ឲ្យ​គេ​ប្រុង​ស្មារតី​ទៅ​លើ​អ្វី?

ចំពោះ​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រព្រឹត្ត​ទៅ​លើ​អ៊ីស្រាអែល​ពី​សម័យ​បុរាណ​ក្នុង​កាល​ដែល​មាន​ទុក្ខ​លំបាក យើង​អាច​រៀន​នូវ​របៀប​ដែល​ទ្រង់​បាន​សំរាល​ទុក្ខ​ពួក​គេ។ ទ្រង់​បាន​រំឭក​ពួក​គេ​ថា​ទ្រង់​ជា​ព្រះ​បែប​ណា។ នេះ​បាន​ពង្រឹង​ទំនុក​ចិត្ត​របស់​គេ​ទៅ​លើ​សេចក្ដី​សន្យា​របស់​ទ្រង់។ ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​ព្យាការី​របស់​ទ្រង់​ពណ៌នា​យ៉ាង​រស់​រវើក​អំពី​ភាព​ខុស​គ្នា​រវាង​ទ្រង់​ដែល​ជា​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​និង​ជា​ព្រះ​ដ៏​ពិត​ទៅ​នឹង​រូប​ចម្លាក់​ដែល​ពុំ​អាច​ជួយ​គេ​និង​ពួក​អ្នក​ថ្វាយ​បង្គំ​របស់​គេ​បាន​ឡើយ។ (អេសាយ ៤១:១០; ៤៦:១; យេរេមា ១០:២​-​១៥) ពេល​ព្រះ​យេហូវ៉ា​មាន​បន្ទូល​ប្រាប់​អេសាយ​ថា‹ចូរ​សំរាល​ទុក្ខ! ចូរ​សំរាល​ទុក្ខ​រាស្ត្រ​អញ!› នោះ​ទ្រង់​ជំរុញ​ព្យាការី​នេះ​ឲ្យ​ប្រើ​រឿង​ប្រៀបប្រដូច​និង​ពណ៌នា​អំពី​ការ​បង្កើត​របស់​ទ្រង់ ដើម្បី​បញ្ជាក់​នូវ​ភាព​ខ្ពង់​ខ្ពស់​របស់​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​ដ៏​ពិត​តែ​មួយ​អង្គ។—អេសាយ ៤០:១​-​៣១

៦​. តើ​អ្វី​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​នៅ​ពេល​ខ្លះ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ដឹង​ពី​ពេល​ណា​ដែល​ត្រូវ​មាន​ការ​រំដោះ​នោះ?

នៅ​គ្រា​ខ្លះ ព្រះ​យេហូវ៉ា​សំរាល​ទុក្ខ​ដោយ​ប្រាប់​ពេល​វេលា​យ៉ាង​ជាក់លាក់ គឺ​នៅ​ពេល​ដែល​ជិត​មក​ដល់​ឬ​នៅ​ឆ្ងាយ​ទៅ​ទៀត​ដែល​នឹង​ត្រូវ​រំដោះ​រាស្ត្រ​ទ្រង់​នោះ។ កាល​ដែល​ការ​រំដោះ​ពី​ប្រទេស​អេស៊ីប​ជិត​មក​ដល់ ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​ពួក​អ៊ីស្រាអែល​ដែល​ត្រូវ​គេ​ជិះជាន់​ថា​៖ «អញ​នឹង​នាំ​សេចក្ដី​វេទនា​១​ទៀត​មក​លើ​ផារ៉ោន ហើយ​នឹង​ស្រុក​អេស៊ីព្ទ រួច​អំពី​នោះ​ស្តេច​នឹង​បើក​ឲ្យ​ឯង​រាល់​គ្នា​ចេញ​ពី​នេះ​ទៅ»។ (និក្ខមនំ ១១:១) នៅ​ពេល​ដែល​ប្រទេស​បី​បាន​វាយ​លុក​ស្រុក​យូដា​នៅ​សម័យ​ស្តេច​យ៉ូសាផាត ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ប្រាប់​រាស្ត្រ​របស់​ទ្រង់​ថា​ទ្រង់​នឹង​ធ្វើ​អន្តរាគមន៍​ជួយ​ពួក​គេ‹នៅ​ថ្ងៃ​ស្អែក›។ (របាក្សត្រទី២ ២០:១​-​៤, ១៤​-​១៧) ផ្ទុយ​ទៅ​វិញ ការ​រំដោះ​ពួក​គេ​ពី​ពួក​បាប៊ីឡូន​បាន​ត្រូវ​កត់​ទុក​ដោយ​អេសាយ​ជិត​២០០​ឆ្នាំ​មុន ហើយ​យេរេមា​បាន​ផ្ដល់​នូវ​ពត៌មាន​ថែម​ទៀត​ជិត​មួយ​រយ​ឆ្នាំ​មុន​នឹង​ការ​រំដោះ​នេះ​កើត​ឡើង។ ទំនាយ​ទាំង​នោះ​បាន​ជា​ទី​លើក​ទឹក​ចិត្ត​ដល់​រាស្ត្រ​របស់​ទ្រង់​មែន នៅ​ពេល​ដែល​ការ​រំដោះ​របស់​ពួក​គេ​ជិត​ឈាន​មក​ដល់​នោះ!—អេសាយ ៤៤:២៦​–​៤៥:៣; យេរេមា ២៥:១១​-​១៤

៧​. ជា​ញឹកញប់ តើ​សេចក្ដី​សន្យា​អំពី​ការ​រំដោះ​នោះ​ធ្លាប់​រួម​បញ្ចូល​អ្វី? ហើយ​តើ​ការ​ដឹង​ពត៌មាន​នេះ​មាន​អានុភាព​លើ​មនុស្ស​ស្មោះ​ត្រង់​យ៉ាង​ដូច​ម្ដេច?

ជា​ការ​គួរ​ឲ្យ​កត់​សម្គាល់​ដែរ ដែល​សេចក្ដី​សន្យា​របស់​ព្រះ​បាន​ជួយ​សំរាល​ទុក្ខ​រាស្ត្រ​របស់​ទ្រង់ គឺ​មាន​ប្រាប់​ពត៌មាន​អំពី​ព្រះមេស្ស៊ី​ជា​ញឹកញយ។ (អេសាយ ៥៣:១​-​១២) ទំនាយ​ទាំង​នេះ​នាំ​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​ដល់​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ច្រើន​តំណ ក្នុង​កាល​ដែល​ពួក​គេ​ប្រឈម​មុខ​នឹង​សេចក្ដី​ទុក្ខ​លំបាក​ផ្សេងៗ។ នៅ​លូកា ២:២៥ យើង​អាន​ថា​៖ «នោះ​មើល! នៅ​ក្រុង​យេរូសាឡិម មាន​មនុស្ស​ម្នាក់​ឈ្មោះ​ស៊ីម្មាន ជា​អ្នក​សុចរិត ដែល​កោត​ខ្លាច​ដល់​ព្រះ គាត់​រង់ចាំ​សេចក្ដី​ដោះ​ទុក្ខ[ឬ​ការ​សំរាល​ទុក្ខ; ការ​ពិត​និយាយ​អំពី​ការ​យាង​មក​នៃ​ព្រះមេស្ស៊ី] របស់​សាសន៍​អ៊ីស្រាអែល ហើយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក៏​សណ្ឋិត​លើ​គាត់»។ ស៊ីម្មាន​បាន​ដឹង​អំពី​សេចក្ដី​សង្ឃឹម​ដែល​ព្រះមេស្ស៊ី​នឹង​ផ្ដល់​ឲ្យ ដែល​បាន​កត់​ទុក​ក្នុង​ព្រះ​គម្ពីរ ហើយ​ការ​សង្ឃឹម​លើ​ការ​សម្រេច​នៃ​ទំនាយ​ទាំង​នេះ បាន​មាន​អានុភាព​លើ​ជីវិត​របស់​គាត់។ គាត់​ពុំ​បាន​ដឹង​ថា​ទំនាយ​ទាំង​នេះ​នឹង​ត្រូវ​សម្រេច​យ៉ាង​ណា​ទេ ហើយ​គាត់​ក៏​មិន​បាន​នៅ​រស់​រហូត​ដល់​ឃើញ​ការ​សម្រេច​ចំពោះ​សេចក្ដី​សង្គ្រោះ​ដែល​បាន​ទាយ​នោះ​ដែរ ប៉ុន្តែ​គាត់​មាន​ចិត្ត​សប្បាយ ពេល​គាត់​អាចសម្គាល់​បុគ្គល​ដែល​នឹង​ទៅ​ជា​«សេចក្ដី​សង្គ្រោះ»​ដែល​មក​ពី​ព្រះ។—លូកា ២:៣០

ការ​សំរាល​ទុក្ខ​ដែល​ផ្ដល់​មក​តាម​រយៈ​ព្រះ​គ្រីស្ទ

៨​. តើ​ជំនួយ​ដែល​ព្រះ​យេស៊ូ​ប្រទាន​ឲ្យ និង​ជំនួយ​ដែល​មនុស្ស​សន្មត​ថា​គេ​ត្រូវ​ការ​នោះ​គឺ​ខុស​គ្នា​យ៉ាង​ដូច​ម្ដេច?

កាល​ដែល​ព្រះ​យេស៊ូ​គ្រីស្ទ​ជាប់​រវល់​ក្នុង​កិច្ច​បំរើ​ផ្សាយ​នៅ​ផែនដី ទ្រង់​មិន​តែង​តែ​ផ្ដល់​ជំនួយ​ដែល​មនុស្ស​គិត​ថា​គេ​ត្រូវ​ការ​នោះ​ទេ។ មនុស្ស​ខ្លះ​ចង់​បាន​យ៉ាង​ខ្លាំង​ឲ្យ​ព្រះមេស្ស៊ី​រំដោះ​ពួក​គេ​ចេញ​ពី​ការ​ជិះជាន់​របស់​ចក្រភព​រ៉ូម។ ប៉ុន្តែ ព្រះ​យេស៊ូ​ពុំ​បាន​គាំទ្រ​ការ​ធ្វើ​បដិវត្តន៍​របស់​ពួក​គេ​ទេ តែ​ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​គេ​ឲ្យ​«ថ្វាយ​របស់​សេសារ ទៅ​សេសារ​ទៅ»។ (ម៉ាថាយ ២២:២១) គោល​បំណង​របស់​ព្រះ​រួម​បញ្ចូល​អ្វី​ច្រើន​ទៀត មិន​គ្រាន់​តែ​រំដោះ​មនុស្ស​ពី​របប​នយោបាយ​ណា​មួយ​នោះ​ឡើយ។ ប្រជាជន​ចង់​តាំង​ព្រះ​យេស៊ូ​ជា​ស្តេច តែ​ទ្រង់​បាន​មាន​បន្ទូល​ថា​ទ្រង់​នឹង​«ឲ្យ​ជីវិត​ខ្លួន ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន»​វិញ។ (ម៉ាថាយ ២០:២៨; យ៉ូហាន ៦:១៥) ពេល​ដែល​ទ្រង់​ឡើង​សោយ​រាជ្យ​គឺ​មិន​ទាន់​មក​ដល់​ទេ ហើយ​អំណាច​ដែល​ទ្រង់​នឹង​ទទួល គឺ​នឹង​ត្រូវ​ប្រគល់​ឲ្យ​ដោយ​ព្រះយេហូវ៉ា មិន​មែន​ដោយ​ហ្វូង​មនុស្ស​ដែល​មាន​ចិត្ត​ប្រកប​ដោយ​ទោមនស្ស​នោះ​ឡើយ។

៩​. (ក) តើ​អ្វី​ជា​សារ​សំរាល​ទុក្ខ​ដែល​ព្រះ​យេស៊ូ​បាន​ប្រកាស? (ខ) តើ​ព្រះ​យេស៊ូ​បាន​បង្ហាញ​ដូច​ម្ដេច​ថា​សារ​នេះ​មាន​ប្រយោជន៍​ចំពោះ​ស្ថានការណ៍​ដែល​មនុស្ស​កំពុង​ប្រឈម​មុខ​ផ្ទាល់​នោះ? (គ) តើ​កិច្ច​បំរើ​ផ្សាយ​របស់​ព្រះ​យេស៊ូ​បាន​រៀប​ចំ​ឡើង​ដោយ​មាន​មូលដ្ឋាន​សំរាប់​អ្វី?

ការ​សំរាល​ទុក្ខ​ដែល​ព្រះ​យេស៊ូ​បាន​ប្រទាន​មក គឺ​ត្រូវ​បាន​តំណាង​ដោយ​«ដំណឹង​ល្អ​ពី​នគរ​ព្រះ»។ ព្រះ​យេស៊ូ​បាន​ប្រកាស​សារ​នេះ​នៅ​គ្រប់​កន្លែង​ដែល​ទ្រង់​បាន​យាង​ទៅ។ (លូកា ៤:៤៣) ទ្រង់​បាន​បញ្ជាក់​ពី​សារ​នេះ​ថា​មាន​ប្រយោជន៍​ដែល​ជួយ​ចំពោះ​បញ្ហា​ប្រចាំ​ថ្ងៃ​របស់​មនុស្ស ដោយ​ទ្រង់​សម្ដែង​ឲ្យ​ឃើញ​ថា​ទ្រង់​នឹង​ធ្វើ​យ៉ាង​ណា​សំរាប់​មនុស្សជាតិ ពេល​ទ្រង់​គ្រប់គ្រង​ជា​ព្រះមេស្ស៊ី​នោះ។ ព្រះ​យេស៊ូ​បាន​ធ្វើ​ឲ្យ​មនុស្ស​ដែល​កំពុង​តែ​រង​ទុក្ខ​វេទនា​ចង់​រស់​ត​ទៅ​ទៀត​ដោយ​ប្រោស​មនុស្ស​ខ្វាក់​ឲ្យ​មើល​ឃើញ​និង​មនុស្ស​គ​ឲ្យ​និយាយ​បាន​វិញ។ (ម៉ាថាយ ១២:២២; ម៉ាកុស ១០:៥១, ៥២) ទ្រង់​ប្រោស​មនុស្ស​ពិការ​ឲ្យ​ជា។ (ម៉ាកុស ២:៣​-​១២) ទ្រង់​ប្រោស​ជនជាតិ​អ៊ីស្រាអែល​ខ្លះ​ឲ្យ​ស្អាត​ពី​ជំងឺ​ដែល​គួរ​ឲ្យ​ខ្ពើម។ (លូកា ៥:១២, ១៣) ទ្រង់​ប្រោស​ឲ្យ​គេ​ជា​ពី​ជំងឺ​ដ៏​ធ្ងន់ធ្ងរ។ (ម៉ាកុស ៥:២៥​-​២៩) ទ្រង់​បាន​ជួយ​សំរាល​ទុក្ខ​យ៉ាង​ច្រើន​ដល់​សមាជិក​គ្រួសារ​ផ្សេងៗ ដោយ​ប្រោស​កូន​គេ​ឲ្យ​រស់​ឡើង​វិញ។ (លូកា ៧:១១​-​១៥; ៨:៤៩​-​៥៦) ទ្រង់​បាន​សម្ដែង​នូវ​សមត្ថភាព​បង្ក្រាប​ព្យុះ​សង្ឃរា និង​ប្រទាន​ឲ្យ​មនុស្ស​មួយ​ហ្វូង​ធំ​មាន​អាហារ​បរិភោគ​ឆ្អែត។ (ម៉ាកុស ៤:៣៧​-​៤១; ៨:២​-​៩) ម្យ៉ាង​វិញ​ទៀត ព្រះ​យេស៊ូ​បាន​បង្រៀន​គេ​នូវ​គោលការណ៍​សំរាប់​រស់​នៅ ដែល​អាច​ជួយ​ឲ្យ​គេ​ចេះ​ប្រឈម​មុខ​នឹង​បញ្ហា​ដែល​កំពុង​មាន​ដោយ​ប្រសិទ្ធ​ភាព និង​ធ្វើ​ឲ្យ​ចិត្ត​មនុស្ស​ពោរពេញ​ទៅ​ដោយ​សេចក្ដី​សង្ឃឹម​ក្រោម​ការ​គ្រប់គ្រង​ដ៏​សុចរិត​របស់​ព្រះមេស្ស៊ី។ ដូច្នេះ កាល​ដែល​ព្រះ​យេស៊ូ​ជាប់​រវល់​ក្នុង​កិច្ច​បំរើ​ផ្សាយ ទ្រង់​មិន​គ្រាន់​តែ​សំរាល​ទុក្ខ​អស់​អ្នក​ដែល​ស្ដាប់​ទ្រង់​ដោយ​មាន​ជំនឿ​នោះ​ទេ តែ​បាន​រៀប​ចំ​នូវ​មូលដ្ឋាន​សំរាប់​លើក​ទឹក​ចិត្ត​មនុស្ស​នៅ​រាប់​ពាន់​ឆ្នាំ​ទៅ​មុខ​ដែរ។

១០​. តើ​យញ្ញបូជា​លោះ​របស់​ព្រះ​យេស៊ូ​បាន​បើក​ឲ្យ​មាន​លទ្ធភាព​អ្វី?

១០ ជាង​៦០​ឆ្នាំ​ក្រោយ​ពី​ព្រះ​យេស៊ូ​បាន​បូជា​ព្រះ​ជន្ម​ទ្រង់​ជា​មនុស្ស និង​ត្រូវ​បាន​ព្រះ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថានសួគ៌ នោះ​សាវ័ក​យ៉ូហាន​បាន​ត្រូវ​បណ្ដាល​ឲ្យ​សរសេរ​ថា​៖ «កូន​តូចៗ​រាល់​គ្នា​អើយ! ដែល​ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​ផ្ញើ​មក នោះ​ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​បាប​ទៀត តែ​បើសិន​ជា​អ្នក​ណា​ភ្លាត់​ធ្វើ​បាប​វិញ នោះ​យើង​មាន​ព្រះ​ដ៏​ជា​ជំនួយ​១​អង្គ​ហើយ ដែល​ទ្រង់​គង់​នៅ​ចំពោះ​ព្រះ​វរបិតា គឺ​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​ដ៏​សុចរិត ដែល​ទ្រង់​ជា​ដង្វាយ​ធួន​នឹង​បាប​យើង​រាល់​គ្នា មិន​ត្រឹម​តែ​បាប​របស់​យើង​រាល់​គ្នា​តែ​ប៉ុណ្ណោះ គឺ​នឹង​បាប​របស់​លោកីយ​ទាំង​មូល​ដែរ»។ (យ៉ូហានទី១ ២:១, ២) ដោយ​សារ​ប្រយោជន៍​ដែល​យើង​បាន​ទទួល​ពី​យញ្ញបូជា​ដ៏​គ្រប់​ល័ក្ខណ៍​របស់​ព្រះ​យេស៊ូ នោះ​យើង​ពិត​ជា​បាន​ទទួល​ការ​សំរាល​ទុក្ខ​យ៉ាង​ខ្លាំង​មែន។ យើង​ដឹង​ថា​យើង​អាច​ទទួល​ការ​អត់​ឱន​ទោស​ពី​អំពើ​បាប អាច​មាន​មនសិការ​ជ្រះថ្លា មាន​ទំនាក់ទំនង​ដ៏​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ និង​មាន​សេចក្ដី​សង្ឃឹម​ចំពោះ​ជីវិត​អស់កល្ប​ជានិច្ច។—យ៉ូហាន ១៤:៦; រ៉ូម ៦:២៣; ហេព្រើរ ៩:២៤​-​២៨; ពេត្រុសទី១ ៣:២១

វិញ្ញាណ​បរិសុទ្ធ​ជា​អ្នក​សំរាល​ទុក្ខ

១១​. តើ​សំវិធានការ​អ្វី​ទៀត​ដែល​ជួយ​សំរាល​ទុក្ខ ដែល​ព្រះ​យេស៊ូ​សន្យា​មុន​នឹង​ទ្រង់​សោយទិវង្គត?

១១ ពេល​ព្រះ​យេស៊ូ​គង់​ជា​មួយ​នឹង​ពួក​សាវ័ក​នៅ​រាត្រី​ចុង​ក្រោយ​មុន​នឹង​ទ្រង់​បូជា​ព្រះ​ជន្ម នោះ​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​អំពី​សំវិធានការ​មួយ​ទៀត ដែល​ព្រះ​វរបិតា​នៅ​ស្ថានសួគ៌​បាន​រៀប​ចំ​ឲ្យ​មាន​ដើម្បី​សំរាល​ទុក្ខ​ពួក​គេ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​៖ ‹ខ្ញុំ​នឹង​ទូល​សូម​ដល់​ព្រះ​វរបិតា ហើយ​ទ្រង់​នឹង​ប្រទាន​អ្នក​ជំនួយ[អ្នក​សំរាល​ទុក្ខ; ភាសា​ក្រិច​ប៉ារ៉ាក្លេតុស]មួយ​ទៀត មក​អ្នក​រាល់​គ្នា​ឲ្យ​បាន​គង់​នៅ​ជា​មួយ​ដរាប​អស់កល្ប​រៀង​ទៅ›។ ព្រះ​យេស៊ូ​បាន​ធានា​រ៉ាប់​រង​ថា​៖ ‹អ្នក​ជំនួយ​នេះ គឺ​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ . . . នឹង​បង្រៀន​អ្នក​រាល់​គ្នា ពី​គ្រប់​សេចក្ដី​ទាំង​អស់ ក៏​នឹង​រំឭក​ពី​គ្រប់​ទាំង​សេចក្ដី ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ដែរ›។ (យ៉ូហាន ១៤:១៦, ១៧, ២៦) តើ​វិញ្ញាណ​បរិសុទ្ធ​ពិត​ជា​សំរាល​ទុក្ខ​ពួក​គេ​យ៉ាង​ដូច​ម្ដេច?

១២​. ដោយសារ​វិញ្ញាណ​បរិសុទ្ធ​មាន​តួ​នាទី​ជា​ជំនួយ​ដើម្បី​រំឭក​សិស្ស​របស់​ព្រះ​យេស៊ូ តើ​នេះ​បាន​ជួយ​សំរាល​ទុក្ខ​មនុស្ស​ជា​ច្រើន​យ៉ាង​ដូច​ម្ដេច?

១២ ពួក​សាវ័ក​បាន​ទទួល​ការ​បង្រៀន​យ៉ាង​ច្រើន​ពី​ព្រះ​យេស៊ូ។ ពួក​គេ​ប្រាកដ​ជា​ពុំ​អាច​ភ្លេច​នូវ​អ្វី​ដែល​គេ​បាន​ពិសោធ​នោះ​ឡើយ ក៏​ប៉ុន្តែ​តើ​ពួក​គេ​នឹង​អាច​នឹក​ចាំ​អ្វី​ដែល​ទ្រង់​បាន​មាន​បន្ទូល​នោះ​ទេ? តើ​ពួក​គេ​នឹង​ភ្លេច​នូវ​បណ្ដាំ​ដ៏​សំខាន់ៗ​ដោយសារ​ពួក​គេ​ជា​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍នោះ​ឬ? ព្រះ​យេស៊ូ​បាន​ធានា​រ៉ាប់​រង​ថា​វិញ្ញាណ​បរិសុទ្ធ​នឹង‹រំឭក​ពី​គ្រប់​ទាំង​សេចក្ដី ដែល​ទ្រង់​បាន​ប្រាប់​ដល់​ពួក​គេ›។ ដូច្នេះ​ហើយ ប្រហែល​ជា​ប្រាំ​បី​ឆ្នាំ​ក្រោយ​ពី​ព្រះ​យេស៊ូ​សោយទិវង្គត ម៉ាថាយ​អាច​សរសេរ​សៀវភៅ​ដំណឹង​ល្អ​ទី​មួយ​បាន ដោយ​គាត់​បាន​កត់​ទុក​អំពី​ធម្មទាន​នៅលើ​ភ្នំ​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​កក់ក្ដៅ និង​កត់​ទុក​រឿង​ប្រៀបប្រដូច​ជា​ច្រើន​ស្តី​អំពី​ព្រះ​រាជាណាចក្រ ព្រម​ទាំង​បាន​កត់​ទុក​នូវការ​ពិគ្រោះ​ដ៏​ល្អិតល្អន់​របស់​ព្រះ​យេស៊ូ​អំពី​ទី​សម្គាល់​នៃ​វត្តមាន​របស់​ទ្រង់។ ជាង​៥០​ឆ្នាំ​ក្រោយ​មក សាវ័ក​យ៉ូហាន​អាច​សរសេរ​នូវ​កំណត់​ហេតុ​ដែល​អាច​ទុក​ចិត្ត​បាន ដោយ​ផ្ដល់​នូវ​ពត៌មាន​ល្អិតល្អន់​ជា​ច្រើន​អំពី​គ្រា​ចុង​ក្រោយ​នៃ​ព្រះ​ជន្ម​របស់​ព្រះ​យេស៊ូ​នៅ​លើ​ផែនដី​នេះ។ កំណត់​ហេតុ​នេះ​ជា​អ្វី​ដែល​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ!

១៣​. តើ​វិញ្ញាណ​បរិសុទ្ធ​មាន​តួ​នាទី​ជា​គ្រូ​បង្រៀន​ដល់​គ្រីស្ទាន​ពីដើម​យ៉ាង​ដូច​ម្ដេច?

១៣ ក្រៅ​ពី​ការ​ជួយ​រំឭក​ពួក​សិស្ស នោះ​វិញ្ញាណ​បរិសុទ្ធ​ក៏​បាន​បង្រៀន​ពួក​សិស្ស​របស់​ព្រះ​យេ​ស៊ូ​និង​ណែនាំ​ពួក​គេ​ឲ្យ​យល់​យ៉ាង​ពេញលេញ​អំពី​គោល​បំណង​របស់​ព្រះ។ កាល​ព្រះ​យេស៊ូ​គង់​នៅ​ជា​មួយ​សិស្ស​របស់​ទ្រង់​នៅ​ឡើយ ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​គេ​អំពី​អ្វី​ដែល​ពួក​គេ​យល់​ពុំ​ច្បាស់។ ប៉ុន្តែ ក្រោយ​មក​ដោយ​មាន​ការ​ជំរុញ​ពី​វិញ្ញាណ​បរិសុទ្ធ នោះ​យ៉ូហាន ពេត្រុស យ៉ាកុប យូដាស និង​ប៉ុល​បាន​សរសេរ​រៀប​រាប់​ពី​ព្រឹត្ដិការណ៍​ជា​ច្រើន​ដែល​ពន្យល់​ប្រាប់​អំពី​គោល​បំណង​របស់​ព្រះ។ ដូច្នេះ ដោយសារ​វិញ្ញាណ​បរិសុទ្ធ​មាន​តួ​នាទី​ជា​គ្រូ​បង្រៀន នោះ​បាន​ផ្ដល់​នូវ​ទី​សំអាង​ថា ពួក​គេ​មាន​ការ​ដឹក​នាំ​ពី​ព្រះ។

១៤​. តើ​វិញ្ញាណ​បរិសុទ្ធ​ជួយ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​តាម​របៀប​ណា?

១៤ អំណោយ​ខាង​ឯ​វិញ្ញាណ​បរិសុទ្ធ​ដែល​ផ្ដល់​សមត្ថភាព​ធ្វើ​អព្ភូតហេតុ ក៏​ជួយ​យើង​ឲ្យ​ឃើញ​ជាក់​ស្តែង​ថា ព្រះ​ផ្ទេរ​ព្រះ​គុណ​ពី​អ៊ីស្រាអែល​ខាង​សាច់​ឈាម​ឲ្យ​ទៅ​ក្រុមជំនុំ​គ្រីស្ទាន​វិញ។ (ហេព្រើរ ២:៤) ផលផ្លែ​នៃ​វិញ្ញាណ​បរិសុទ្ធ​ដែល​មាន​ក្នុង​ជីវិត​របស់​បុគ្គល​ម្នាក់ៗ ជា​កត្ដា​ដ៏​សំខាន់​ក្នុង​ការ​សម្គាល់​អស់​អ្នក​ដែល​ពិត​ជា​សិស្ស​របស់​ព្រះ​យេស៊ូ។ (យ៉ូហាន ១៣:៣៥; កាឡាទី ៥:២២​-​២៤) វិញ្ញាណ​បរិសុទ្ធ​ក៏​ពង្រឹង​កម្លាំង​ចិត្ត​សមាជិក​នៃ​ក្រុមជំនុំ​នេះ​ឲ្យ​មាន​ចិត្ត​ក្លាហាន​និង​ឥត​ភិតភ័យ​ចំពោះ​ការ​ធ្វើ​បន្ទាល់។—កិច្ចការ ៤:៣១

ការ​ផ្ដល់​ជំនួយ​ពេល​មាន​ការ​បង្ខិត​បង្ខំ​ខាង​ផ្លូវ​ចិត្ត​យ៉ាង​ខ្លាំង

១៥​. (ក) តើ​មាន​ការ​បង្ខិត​បង្ខំ​ខាង​ផ្លូវ​ចិត្ត​បែប​ណា ដែល​គ្រីស្ទាន​នៅ​សម័យ​មុន​និង​សម័យ​នេះ​ជួប​ប្រទះ? (ខ) ហេតុ​អ្វី​ក៏​អស់​អ្នក​ដែល​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​ជួន​កាល​ត្រូវ​ការ​នូវ​ការ​លើក​ទឹក​ចិត្ត​ដែរ​នោះ?

១៥ អស់​អ្នក​ដែល​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​និង​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ទ្រង់ នឹង​ពិសោធ​នូវ​ការ​បៀតបៀន​ណា​មួយ​ជា​មិន​ខាន។ (ធីម៉ូថេទី២ ៣:១២) យ៉ាង​ណា​ក៏​ដោយ គ្រីស្ទាន​ជា​ច្រើន​បាន​ស៊ូទ្រាំ​នឹង​ការ​បង្ខិត​បង្ខំ​ខាង​ផ្លូវ​ចិត្ត​យ៉ាង​ខ្លាំង។ នៅ​សម័យ​នេះ គ្រីស្ទាន​ខ្លះ​បាន​ត្រូវ​បៀតបៀន​ដោយ​ហ្វូង​មនុស្ស និង​ត្រូវ​ចាប់​ដាក់​ជំរំ​ឃុំ​ឃាំង ដាក់​គុក និង​ដាក់​ក្នុង​ជំរំ​ឲ្យ​ធ្វើ​ការ​ក្រោម​ស្ថានការណ៍​ដ៏​លំបាក។ រដ្ឋាភិបាល​បាន​ក្លាយ​ទៅ​ជា​អ្នក​បៀតបៀន​ដ៏​សកម្ម ឬ​ពួក​គេ​អនុញ្ញាត​ឲ្យ​ក្រុម​មនុស្ស​ពាល​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ដោយ​មិន​ជាប់​ទោស​ឡើយ។ ម្យ៉ាងទៀត ពួក​គ្រីស្ទាន​បាន​ប្រឈម​មុខ​នឹង​បញ្ហា​សុខភាព​ឬ​បញ្ហា​ដ៏​ធំ​ក្នុង​គ្រួសារ។ ពួក​គ្រីស្ទាន​ដែល​មាន​គំនិត​ចាស់​ទុំ​ក៏​ទទួល​ការ​បង្ខិត​បង្ខំ​ខាង​ផ្លូវ​ចិត្ត​ដែរ ពេល​គាត់​ជួយ​ស្មរបន្ទាល់​ជា​ច្រើន​ឲ្យ​ប្រឈម​មុខ​នឹង​ស្ថានការណ៍​ដ៏​លំបាក​ផ្សេងៗ។ ក្នុង​ករណី​បែប​នេះ បុគ្គល​ដែល​ជា​អ្នក​ផ្ដល់​នូវ​ការ​លើក​ទឹក​ចិត្ត ក៏​ត្រូវ​ការ​នូវ​ការ​លើក​ទឹក​ចិត្ត​ដែរ។

១៦​. នៅ​ពេល​ដាវីឌ​មាន​ការ​បង្ខិត​បង្ខំ​យ៉ាង​ខ្លាំង តើ​គាត់​ទទួល​ជំនួយ​យ៉ាង​ដូចម្ដេច?

១៦ ពេល​ស្តេច​សូល​បាន​ដេញ​សម្លាប់​ដាវីឌ ដាវីឌ​បាន​ពឹង​ព្រះ​ឲ្យ​ជួយ​គាត់​និង​បាន​ទូល​អង្វរ​ថា​៖ «ឱ​ព្រះ​អង្គ​អើយ! . . . ទូល​បង្គំ​ជ្រក​នៅ​ក្រោម​ម្លប់​នៃ​ស្លាប​ទ្រង់»។ (ទំនុកដំកើង ៥៤:២, ៤; ៥៧:១) តើ​ដាវីឌ​ទទួល​ជំនួយ​ឬ​ទេ? មែន​ហើយ គាត់​បាន​ទទួល​មែន។ ក្នុង​កំឡុង​ពេល​នោះ ព្រះ​យេហូវ៉ា​បាន​ប្រើ​ព្យាការី​កាឌ់​និង​សង្ឃ​អ័បៀថើរ ដើម្បី​ណែនាំ​ដាវីឌ ហើយ​ព្រះ​យេហូវ៉ា​បាន​ប្រើ​យ៉ូណាថាន​ដែល​ជា​បុត្រា​របស់​សូល​ឲ្យ​ពង្រឹង​កម្លាំង​ដាវីឌ។ (សាំយូអែលទី១ ២២:១, ៥; ២៣:៩​-​១៣, ១៦​-​១៨) ព្រះ​យេហូវ៉ា​ក៏​បាន​អនុញ្ញាត​ឲ្យ​ពួក​ភីលីស្ទីន​មក​រុក​រាន​ស្រុក​នេះ ដើម្បី​បំបែរ​អារម្មណ៍​សូល​ពី​ការ​ដេញ​តាម​ដាវីឌ។—សាំយូអែលទី១ ២៣:២៧, ២៨

១៧​. ពេល​មាន​ការ​បង្ខិត​បង្ខំ​ខាង​ផ្លូវ​ចិត្ត​យ៉ាង​ខ្លាំង តើ​ព្រះ​យេស៊ូ​ពឹង​ជំនួយ​អ្នក​ណា?

១៧ ព្រះ​យេស៊ូ​គ្រីស្ទ​ក៏​បាន​ស្ថិត​នៅ​ក្រោម​ការ​បង្ខិត​បង្ខំ​ខាង​ផ្លូវ​ចិត្ត​យ៉ាង​ខ្លាំង​ដែរ កាល​ដែល​ចុង​បញ្ចប់​នៃ​ជីវិត​របស់​ទ្រង់​នៅ​លើ​ផែនដី​កាន់​តែ​កៀក​នោះ។ ទ្រង់​បាន​ជ្រាប​ថា​ការ​ប្រព្រឹត្ត​របស់​ទ្រង់​នឹង​មាន​អានុភាព​ទៅ​លើ​ព្រះ​នាម​របស់​ព្រះ​វរបិតា​នៅ​ស្ថានសួគ៌ ហើយ​និង​មាន​អានុភាព​ចំពោះ​មនុស្ស​ជាតិ​នៅ​ថ្ងៃ​មុខ។ ទ្រង់​បាន​ខំ​ព្យាយាម​អធិស្ឋាន ព្រម​ទាំង​«កើត​ទុក្ខ​ជា​ខ្លាំង»។ ព្រះ​បាន​ធានា​ថា ព្រះ​យេស៊ូ​នឹង​ទទួល​នូវ​ការ​គាំទ្រ​ដែល​ទ្រង់​ត្រូវ​ការ​ក្នុង​កំឡុង​ពេល​ពិបាក​នោះ។—លូកា ២២:​៤១​-​​៤៤

១៨​. តើ​ព្រះ​បាន​ប្រទាន​ការ​សំរាល​ទុក្ខ​យ៉ាង​ណា​ដល់​ពួក​គ្រីស្ទាន​សម័យ​ដើម​ដែល​ត្រូវ​បាន​បៀតបៀន​យ៉ាង​ខ្លាំង​នោះ?

១៨ ក្រោយ​ពី​បាន​បង្កើត​ក្រុមជំនុំ​នៅ​សតវត្ស​ទី​មួយ​នោះ ពួក​គ្រីស្ទាន​បាន​ទទួល​ការ​បៀតបៀន​យ៉ាង​សាហាវ​ខ្លាំង​ណាស់​ដល់​ម្ល៉េះ​ដែល​ពួក​គ្រីស្ទាន​ទាំង​ឡាយ​បាន​ភៀស​ខ្លួន​ចេញ​ពី​ក្រុង​យេរូសាឡិម​លើក​លែង​តែ​ពួក​សាវ័ក​ប៉ុណ្ណោះ។ មនុស្ស​ប្រុស​ស្រី​បាន​ត្រូវ​គេ​អូស​ទាញ​ចេញ​ពី​ផ្ទះ​របស់​ខ្លួន។ តើ​ព្រះ​បាន​ប្រទាន​ការ​សំរាល​ទុក្ខ​ដល់​ពួក​គេ​យ៉ាង​ដូច​ម្ដេច? សេចក្ដី​ធានា​រ៉ាប់​រង​ពី​បន្ទូល​របស់​ព្រះ គឺ​ថា​ពួក​គេ​«មាន​ទ្រព្យ​សម្បត្ដិ ដែល​ប្រសើរ​ជាង ហើយ​ក៏​នៅ​ជាប់​លាប់​ផង» ដែល​ជា​មរតក​ដ៏​ស្ថិត​ស្ថេរ​នៅ​ឯ​ស្ថានសួគ៌​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ។ (ហេព្រើរ ១០:៣៤; អេភេសូរ ១:១៨​-​២០) កាល​ដែល​ពួក​គេ​បន្ត​ផ្សព្វផ្សាយ ពួក​គេ​បាន​ឃើញ​នូវ​ទី​សំអាង​ដែល​វិញ្ញាណ​របស់​ព្រះ​បាន​គង់​នៅ​ជា​មួយ​ពួក​គេ និង​ការ​ពិសោធន៍​ដែល​គេ​ធ្លាប់​មាន​ផ្ដល់​ហេតុ​ឲ្យ​គេ​អរ​សប្បាយ​ច្រើន​ជាង។—ម៉ាថាយ ៥:១១, ១២; កិច្ចការ ៨:១​-​៤០

១៩​. ទោះ​ជា​ប៉ុល​បាន​រង​ការ​បៀតបៀន​យ៉ាង​ខ្លាំង​ក៏​ដោយ តើ​គាត់​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ការ​សំរាល​ទុក្ខ​ដែល​ព្រះ​ប្រទាន​ឲ្យ?

១៩ ក្រោយ​មក សូល(ប៉ុល)ដែល​ខ្លួន​គាត់​ធ្លាប់​ជា​អ្នក​បៀតបៀន​យ៉ាង​សាហាវ នោះ​ពេល​គាត់​ក្លាយ​ទៅ​ជា​គ្រីស្ទាន​ក៏​ទទួល​ការ​បៀតបៀន​ដែរ។ នៅ​កោះ​គីប្រុស គឺ​មាន​គ្រូ​អាបធ្មប់​ម្នាក់​ដែល​បាន​ខំ​ព្យាយាម​បញ្ឈប់​កិច្ច​បំរើ​ផ្សាយ​របស់​ប៉ុល​ដោយ​ប្រើ​ការ​បន្លំ​និង​ការ​បំភ្លៃ​សេចក្ដី​ពិត។ នៅ​ស្រុក​កាឡាទី មនុស្ស​បាន​យក​ដុំ​ថ្ម​គប់​ប៉ុល រួច​យក​គាត់​ទៅ​ចោល​នៅ​ក្រៅ​ក្រុង​ដោយ​នឹក​ស្មាន​ថា​គាត់​ស្លាប់​ហើយ។ (កិច្ចការ ១៣:៨​-​១០; ១៤:១៩) នៅ​ប្រទេស​ម៉ាសេដូន គេ​បាន​យក​រំពាត់​វាយ​គាត់។ (កិច្ចការ ១៦:២២, ២៣) ក្រោយ​ពី​អំពើ​ហិង្សា​ពី​ហ្វូង​មនុស្ស​ដ៏​ឃោរឃៅ​នៅ​ទី​ក្រុង​អេភេសូរ គាត់​បាន​សរសេរ​ថា​៖ «យើង​ខ្ញុំ​មាន​បន្ទុក​យ៉ាង​ធ្ងន់​ក្រៃលែង ហួស​ពី​កំឡាំង​នៃ​យើង​ខ្ញុំ​ទៅ​ទៀត ដល់​ម្ល៉េះ​បាន​ជា​យើង​ខ្ញុំ​អស់​សង្ឃឹម​នឹង​នៅ​រស់​ផង យើង​ខ្ញុំ​ក៏​មាន​សាន្ត​ក្រម​នៃ​សេចក្ដី​ស្លាប់ នៅ​ក្នុង​ខ្លួន​យើង​ខ្ញុំ​ដែរ»។ (កូរិនថូស​ទី២ ១:​៨, ៩) ប៉ុន្តែ នៅ​ក្នុង​សំបុត្រ​ដដែល​នេះ ប៉ុល​បាន​សរសេរ​ពាក្យ​សំរាល​ទុក្ខ​នោះ​ដែល​បាន​ស្រង់​ចេញ​ពី​វគ្គ​២​នៃ​អត្ថបទ​នេះ។—កូរិនថូសទី២ ១:​៣, ៤

២០​. តើ​យើង​នឹង​ពិនិត្យ​មើល​អ្វី​ក្នុង​អត្ថបទ​ជា​បន្ទាប់?

២០ តើ​អ្នក​អាច​ជួយ​ផ្ដល់​នូវ​ការ​សំរាល​ទុក្ខ​បែប​នេះ​យ៉ាង​ដូច​ម្ដេច? មនុស្ស​ជា​ច្រើន​នៅ​សម័យ​យើង​នេះ​ត្រូវ​ការ​ការ​សំរាល​ទុក្ខ​ពេល​មាន​ទុក្ខ​លំបាក ប្រហែល​ជា​ដោយសារ​វិបត្ដិ​ភ័យ​ដែល​មាន​ឥទ្ធិពល​លើ​មនុស្ស​រាប់​ពាន់​នាក់ ឬ​ក៏​ពីព្រោះ​មាន​សេចក្ដី​វេទនា​ដែល​មាន​អានុភាព​ទៅ​លើ​ពួក​គេ​នោះ។ ក្នុង​អត្ថបទ​ជា​បន្ទាប់ យើង​នឹង​ពិនិត្យ​មើល​នូវ​របៀប​ដែល​អាច​ផ្ដល់​ការ​សំរាល​ទុក្ខ​ក្នុង​ករណី​ទាំង​ពីរ​នេះ។

តើ​អ្នក​នឹក​ចាំ​អ្វី​ខ្លះ?

ហេតុ​អ្វី​ក៏​ការ​សំរាល​ទុក្ខ​ពី​ព្រះ​មាន​តម្លៃ​ជា​ទីបំផុត?

តើ​ការ​សំរាល​ទុក្ខ​អ្វី​ដែល​បាន​ផ្ដល់​មក​តាម​រយៈ​ព្រះគ្រីស្ទ?

តើ​វិញ្ញាណ​បរិសុទ្ធ​បាន​ស​ឲ្យ​ឃើញ​ជា​អ្នក​សំរាល​ទុក្ខ​យ៉ាង​ដូច​ម្ដេច?

សូម​ផ្ដល់​នូវ​ឧទាហរណ៍​នៃ​ការ​សំរាល​ទុក្ខ​ដែល​ព្រះ​បាន​ប្រទាន ពេល​ពួក​អ្នក​បំរើ​របស់​ទ្រង់​នៅ​ក្រោម​ការ​បង្ខិត​បង្ខំ​ខាង​ផ្លូវ​ចិត្ត​យ៉ាង​ខ្លាំង​នោះ។

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​១៤]

ព្រះ​គម្ពីរ​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​បាន​សំរាល​ទុក្ខ រាស្ត្រ​ទ្រង់​ដោយ​រំដោះ​ពួក​គេ