លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកចង់សួរព្រះអំពីអ្វី?

តើអ្នកចង់សួរព្រះអំពីអ្វី?

តើ​អ្នក​ចង់​សួរ​ព្រះ​អំពី​អ្វី?

មនុស្ស​នៅ​ជុំវិញ​ផែនដី មាន​សំនួរ​សំខាន់ៗ​ជា​ច្រើន​អំពី​ជីវិត។ ចុះ​អ្នក​វិញ​យ៉ាង​ណា​ដែរ?មនុស្ស​ជា​ច្រើន​បាន​សួរ​សំនួរ​ដល់​អ្នក​បង្ហាត់​បង្រៀន​ខាង​សាសនា តែ​ពុំ​បាន​ទទួល​ចម្លើយ​ដែល​ធ្វើ​ឲ្យ​គេ​គាប់​ចិត្ត​នោះ​ទេ។ មនុស្ស​ឯ​ទៀត​បាន​សញ្ជឹង​គិត​អំពី​សំនួរ​ទាំង​នេះ​ដោយ​ខ្លួន​ឯង។ មនុស្ស​ខ្លះ​បាន​អធិស្ឋាន​រក​ការ​ណែនាំ។ តើ​អ្នក​ពិត​ជា​មាន​លទ្ធភាព​អាច​ទទួល​ចម្លើយ​ពី​ព្រះ​អំពី​រឿង​ផ្សេងៗ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អំពល់​ឬ​ទេ?ក្នុង​ចំណោម​សំនួរ​ទាំង​ប៉ុន្មាន​ដែល​មនុស្ស​ជា​ច្រើន​បាន​មាន​ប្រសាសន៍​ថា​គេ​ចង់​សួរ​ព្រះ គឺ​មាន​ដូច​ត​ទៅ​៖

ឱ​ព្រះ​អង្គ​អើយ! តើ​ទ្រង់​ពិត​ជា​អ្នក​ណា?

ទស្សនៈ​ដែល​មនុស្ស​មាន​អំពី​ព្រះ បាន​ទទួល​អានុភាព​ពី​ទំនៀម​ទំលាប់ ពី​សាសនា​របស់​មាតា​បិតា​គេ និង​ប្រហែល​ជា​គេ​សម្រេច​ចិត្ត​ជ្រើសរើស​ដោយ​ខ្លួន​ឯង។ មនុស្ស​ខ្លះ​ប្រើ​ព្រះ​នាម​មួយ​សំរាប់​ព្រះ ហើយ​អ្នក​ខ្លះ​ទៀត​ហៅ​ទ្រង់​ជា​ព្រះ​តែ​ម្ដង។ តើ​រឿង​នេះ​ពិត​ជា​សំខាន់​ឬ​ទេ? តើ​មាន​ព្រះ​ដ៏​ពិត​តែ​មួយ​អង្គ ដែល​ប្រាប់​យើង​នូវ​អត្តសញ្ញាណ​និង​ព្រះ​នាម​របស់​ទ្រង់​ឬ​ទេ?

ហេតុ​អ្វី​ក៏​មាន​ទុក្ខ​វេទនា​ច្រើន​ម្ល៉េះ?

ប្រសិន​បើ​ការ​ឥត​បើ​គិត​ឬ​ការ​ប្រព្រឹត្ត​អំពើ​អសីលធម៌ ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​សុខភាព ឬ​ក៏​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ចុះ​ក្រ គាត់​ប្រហែល​ជា​ត្អូញត្អែរ​ថា​ស្ថានការណ៍​របស់​គាត់​គឺ​មិន​ល្អ​ទេ។ ប៉ុន្តែ គាត់​ប្រហែល​ជា​ដឹង​នូវ​មូលហេតុ​ដែល​គាត់​រង​ទុក្ខ​វេទនា​នោះ​ដែរ។

ប៉ុន្តែ មនុស្ស​ជា​ច្រើន​បាន​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង មិន​មែន​ដោយ​កំហុស​របស់​គេ​ទេ។ អ្នក​ខ្លះ​មាន​ជំងឺ​ដង្កាត់​ដ៏​ធ្ងន់ធ្ងរ​រ៉ាំរ៉ៃ។ អ្នក​ខ្លះ​ទៀត​ប្រឈម​មុខ​នឹង​ឧបសគ្គ​ដែល​ហាក់​ដូច​ជា​មិន​អាច​ពុះពារ​បាន ដើម្បី​ឲ្យ​មាន​កន្លែង​រស់​នៅ និង​អាហារ​គ្រប់គ្រាន់​សំរាប់​ក្រុម​គ្រួសារ​របស់​គេ។ មនុស្ស​រាប់​សិប​លាន​នាក់​គឺ​ជា​អ្នក​រងគ្រោះ​ដោយ​បទ​ឧក្រិដ្ឋ សង្គ្រាម អំពើ​ឃោរឃៅ​ដែល​មាន​ជា​ទូទៅ មហន្តរាយ​ធម្មជាតិ ឬ​ភាព​អយុត្ដិធម៌​ដែល​បណ្ដាល​មក​ពី​អាជ្ញាធរ។

ជា​ការ​គួរ​ឲ្យ​យល់​មែន ដែល​មនុស្ស​ជាច្រើន​សួរ​ថា​៖ ‹ហេតុ​អ្វី​ក៏​ស្ថានភាព​បែប​នេះ​ទៅ​ជា​មាន​ពាស​ពេញ​ដូច្នេះ? ហេតុ​អ្វី​ក៏​ព្រះ​អនុញ្ញាត​ឲ្យ​មាន​សេចក្ដី​ទុក្ខ​វេទនា​ទាំង​នេះ?›។

ហេតុ​អ្វី​ខ្ញុំ​មាន​ជីវិត​រស់​នៅ? តើ​អ្វី​ជា​គោល​បំណង​នៃ​ជីវិត?

សំនួរ​ទាំង​នេះ​ធម្មតា​គឺ​ផុស​ឡើង​ដោយសារ​មនុស្ស​ម្នាក់​មាន​ចិត្ត​អន្ទះអន្ទែង ពីព្រោះ​កិច្ចការ​ដែល​គេ​ប្រព្រឹត្ត​រៀង​រាល់​ថ្ងៃ​ឥត​នាំ​ឲ្យ​មាន​ការ​គាប់​ចិត្ត​ដ៏​ពិត​នោះ​ទេ។ មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​បែប​នេះ​មែន។ មនុស្ស​រាប់​សិប​លាន​នាក់​ទៀត​ជឿ​ថា វិថី​ជីវិត​របស់​បុគ្គល​ម្នាក់​គឺ​បាន​កំណត់​ទុក​ដោយ​ព្រះ។ តើ​ពិត​ជា​ដូច្នេះ​ឬ​ទេ? ប្រសិន​បើ​ព្រះ​ប្រាកដ​ជា​មាន​គោល​បំណង​ដ៏​ពិសេស​សំរាប់​អ្នក អ្នក​ច្បាស់​ជា​ចង់​ដឹង​ណាស់ មែនទេ?

ក្នុង​ចំណោម​គ្រប់​សៀវភៅ​ទាំង​អស់​ក្នុង​ពិភពលោក​នេះ គឺ​មាន​សៀវភៅ​មួយ​ដែល​ចែង​យ៉ាង​ច្បាស់​ថា ត្រូវ​បាន​ព្រះ​បណ្ដាល​ឲ្យ​តែង។ ហើយ​ជា​សារ​ដែល​ពិត​ជា​មក​ពី​ព្រះ​សំរាប់​មនុស្ស​ទាំង​អស់ សៀវភៅ​នេះ​មាន​ច្រើន​ភាសា​ជាង​សៀវភៅ​ឯ​ទៀត​ឆ្ងាយ​ណាស់។ សៀវភៅ​នេះ​គឺ​ព្រះ​គម្ពីរ​បរិសុទ្ធ។ នៅ​ក្នុង​សៀវភៅ​នេះ ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ​និង​ផែនដី ទ្រង់​បង្ហាញ​ថា​ទ្រង់​ជា​អ្នក​ណា ហើយ​ព្រះ​នាម​ទ្រង់​ជា​អ្វី។ តើ​អ្នក​ស្គាល់​ព្រះ​នាម​ទ្រង់​ជា​អ្វី​ទេ? តើ​អ្នក​ដឹង​ថា​ព្រះ​គម្ពីរ​ចែង​ថា​ព្រះ​ទ្រង់​ជា​បុគ្គល​បែប​ណា​ឬ​ទេ? តើ​អ្នក​ដឹង​ថា​ព្រះ​គម្ពីរ​ចែង​ថា​ព្រះ​តម្រូវ​អ្វី​ពី​អ្នក​ឬ​ទេ?

[អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រើ​រូបភាព​នៅ​ទំព័រ​២]

COVER: Chad Ehlers/Index Stock Photography

[អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រើ​រូបភាព​នៅ​ទំព័រ​៣]

Mountain: Chad Ehlers/Index Stock Photography