លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«[ចូរ]កុំឲ្យភ័យខ្លាច . . . ក៏កុំឲ្យស្រយុតចិត្ដ»ឡើយ

«[ចូរ]កុំឲ្យភ័យខ្លាច . . . ក៏កុំឲ្យស្រយុតចិត្ដ»ឡើយ

«[ចូរ]កុំ​ឲ្យ​ភ័យ​ខ្លាច . . . ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត»​ឡើយ

​«កុំ​ឲ្យ​ភ័យ​ខ្លាច​អ្វី​ឡើយ ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត​ដែរ . . . ព្រះ​យេហូវ៉ា​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា»។—របាក្សត្រទី២ ២០:១៧

១​. តើ​ភេរវកម្ម​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​មនុស្ស? ហើយ​ហេតុ​អ្វី​បាន​ជា​ការ​ខ្លាច​បែប​នេះ​គឺ​សម​ហេតុ​សម​ផល?

ភេរវកម្ម!គ្រាន់​តែ​ឮ​ពាក្យ​នេះ​ធ្វើ​ឲ្យ​មនុស្ស​ភ័យ​ខ្លាច ដោយ​មាន​អារម្មណ៍​ថា​គ្មាន​សុវត្ថិភាព​និង​គ្មាន​ពំនឹង។ ពាក្យ​នេះ​ធ្វើ​ឲ្យ​មនុស្ស​មាន​ចិត្ត​ស្លុត​រន្ធត់ ភ័យ​ព្រួយ និង​ធ្វើ​ឲ្យ​គេ​មាន​កំហឹង​ផង​ដែរ។ ហើយ​មនុស្ស​ជា​ច្រើន​ភ័យ​ខ្លាច​ថា​ភេរវកម្ម​នេះ​នឹង​ញាំញី​មនុស្ស​ជាតិ​អស់​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត។ ប្រទេស​ខ្លះ​បាន​ធ្វើ​ប្រតិបត្ដិ​ការ​ប្រឆាំង​ភេរវកម្ម​អស់​យូរ​ឆ្នាំ​មក​ហើយ តែ​ទទួល​បាន​ជោគ​ជ័យ​តែ​បន្ដិច​បន្តួច​ទេ ហេតុ​នេះ​ហើយ​ក៏​នាំ​ឲ្យ​មនុស្ស​មាន​មូលដ្ឋាន​ចំពោះ​ការ​ភ័យ​ខ្លាច​បែប​នេះ។

២​. តើ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ភេរវកម្ម? ហើយ​តើ​នេះ​នាំ​ឲ្យ​សួរ​សំនួរ​អ្វី​ខ្លះ?

យ៉ាង​ណា​ក៏​ដោយ គឺ​មាន​មូលហេតុ​ត្រឹម​ត្រូវ​ចំពោះ​សេចក្ដី​សង្ឃឹម។ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មាន​សកម្មភាព​ផ្សព្វផ្សាយ​ក្នុង​២៣៤​ប្រទេស និង​តំបន់​ផ្សេងៗ​នៅ​លើ​ផែនដី ហើយ​ពួក​គេ​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​អស្ចារ្យ។ ជាជាង​ភ័យ​ខ្លាច​ថា​ពុំ​អាច​ឈ្នះ​លើ​ភេរវកម្ម​ទេ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មាន​ទំនុក​ចិត្ត​ថា​គេ​នឹង​អាច​ឈ្នះ​លើ​ភេរវកម្ម​បាន ហើយ​ថា​ជ័យជំនះ​នោះ​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ​ទៀត​ផង។ តើ​ការ​ដែល​មាន​សេចក្ដី​សង្ឃឹម​ដូច​ពួក​គេ​សម​ហេតុ​ផល​ឬ​ទេ? តើ​អ្នក​ណា​អាច​មាន​ជ័យជំនះ​ក្នុង​ការ​បំបាត់​ភេរវកម្ម​ចេញ​ពី​ពិភពលោក ហើយ​តើ​អាច​មាន​ជ័យជំនះ​បាន​យ៉ាង​ណា? ដោយ​ព្រោះ​យើង​គ្រប់​គ្នា​ប្រហែល​ជា​ធ្លាប់​ជួប​ប្រទះ​អំពើ​ឃោរឃៅ​ណា​មួយ គឺ​ត្រឹមត្រូវ​ឲ្យ​យើង​ពិនិត្យ​មើល​នូវ​មូលដ្ឋាន​ចំពោះ​សេចក្ដី​សង្ឃឹម​បែប​នេះ។

៣​. តើ​អ្វី​ជា​កត្ដា​ខ្លះ​ដែល​នាំ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច? ហើយ​តើ​អ្វី​ដែល​ត្រូវ​បាន​ទាយ​ទុក​ជា​មុន​អំពី​សម័យ​យើង​នេះ?

សព្វ​ថ្ងៃ​នេះ មនុស្ស​មាន​ចិត្ត​ខ្លាច​និង​តក់ស្លុត​ដោយសារ​មូលហេតុ​ផ្សេងៗ។ សូម​គិត​ពី​មនុស្ស​ច្រើន​អនេក​ដែល​លែង​អាច​ផ្គត់ផ្គង់​ខ្លួន​ឯង​បាន​ដោយសារ​ភាព​ចាស់​ជរា។ សូម​គិត​អំពី​បុគ្គល​ដែល​ឃើញ​តែ​ស្បែក​និង​ឆ្អឹង​ដោយសារ​រោគ​ដែល​មើល​មិន​ជា។ ហើយ​សូម​គិត​អំពី​ក្រុម​គ្រួសារ​ជា​ច្រើន​ដែល​មាន​ការ​ពិបាក​ក្នុង​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត។ តាម​ពិត ចូរ​គិត​អំពី​ភាព​ឥត​ប្រាកដប្រជា​នៃ​ជីវិត​ចុះ! គ្រោះថ្នាក់​ឬ​មហន្តរាយ​ដែល​បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​ដោយ​នឹក​ស្មាន​មិន​ដល់​នោះ គឺ​អាច​កើត​ឡើង​ពេល​ណា​ក៏​មាន ដែល​អាច​បំផ្លាញ​ចោល​អ្វីៗ​ទាំង​អស់​ដែល​យើង​ស្រឡាញ់។ ការ​ខ្លាច​និង​ការ​បារម្ភ​បែប​នេះ រួម​ទាំង​បញ្ហា​និង​ការ​តូច​ចិត្ត​ដែល​យើង​មាន​ផ្ទាល់​ខ្លួន បាន​ធ្វើ​ឲ្យ​សម័យ​យើង​នេះ​មាន​សភាព​ចំ​នឹង​អ្វី ដែល​សាវ័ក​ប៉ុល​បាន​ពណ៌នា​ថា​៖ «ចូរ​ឲ្យ​ដឹង​ថា នៅ​ជាន់​ក្រោយ​បង្អស់ នឹង​មាន​គ្រា​លំបាក​ណាស់ ដ្បិត​នៅ​គ្រា​នោះ មនុស្ស​នឹង​ស្រឡាញ់​តែ​ខ្លួន​ឯង . . . មិន​ស្រឡាញ់​តាម​ធម្មតា​មនុស្ស គ្មាន​សេចក្ដី​អធ្យោគ និយាយ​បង្កាច់​គេ មិន​ចេះ​ទប់​ចិត្ត មាន​ចិត្ត​សាហាវ មិន​ចូល​ចិត្ត​នឹង​ការ​ល្អ»។—ធីម៉ូថេទី២ ៣:១​-​៣

៤​. ទោះ​ជា​ធីម៉ូថេទី២ ៣:១​-​៣ ពណ៌នា​អំពី​ស្ថានការណ៍​មិន​ល្អ​ក៏​ដោយ តើ​ខគម្ពីរ​នេះ​បាន​ប្រាប់​អំពី​ការ​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​ណា?

ទោះ​ជា​ខគម្ពីរ​នេះ​ពណ៌នា​អំពី​ស្ថានការណ៍​មិន​ល្អ​ក្ដី តែ​ក៏​បាន​ចង្អុល​ប្រាប់​ចំពោះ​សេចក្ដី​សង្ឃឹម​ដែរ។ ចូរ​កត់​សម្គាល់​ថា ស្ថានការណ៍​ដ៏​ពិបាក​នឹង​ត្រូវ​មាន​នៅ ‹ថ្ងៃ​ជាន់​ក្រោយ​បង្អស់› នៃ​របប​លោកីយ៍​បច្ចុប្បន្ន​ដ៏​អាក្រក់​របស់​សាតាំង។ នេះ​មាន​ន័យ​ថា ភាព​ធូរ​ស្រាល​គឺ​ជិត​ដល់​ហើយ និង​មិន​យូរ​ប៉ុន្មាន​ទៀត របប​លោកីយ៍​ដ៏​អាក្រក់​នេះ នឹង​ត្រូវ​បំបាត់​ចោល ហើយ​ត្រូវ​ជំនួស​ដោយ​ការ​គ្រប់គ្រង​ដ៏​គ្រប់​ល័ក្ខណ៍ ពោល​គឺ​ព្រះ​រាជាណាចក្រ​របស់​ព្រះ ដែល​ព្រះ​យេស៊ូ​បាន​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​អធិស្ឋាន​សូម​នោះ។ (ម៉ាថាយ ៦:៩, ១០) ព្រះ​រាជាណាចក្រ​នោះ​គឺ​ជា​រដ្ឋាភិបាល​សួគ៌ា​របស់​ព្រះ ដែល​នឹង​«មិន​ត្រូវ​បំផ្លាញ​ឡើយ» ប៉ុន្តែ ព្យាការី​ដានីយ៉ែល​និយាយ​ថា​៖ «នឹង​បំបាក់​បំបែក ហើយ​លេប​បំបាត់​នគរ[របស់​មនុស្ស​ជាតិ]ទាំង​នោះ​វិញ នគរ​នោះ​នឹង​ស្ថិតស្ថេរ​នៅ​អស់កល្ប​ជានិច្ច»។—ដានីយ៉ែល ២:៤៤

អព្យាក្រឹតភាព​ជា​គ្រីស្ទាន​ផ្ទុយ​ពី​ភេរវកម្ម

៥​. នៅ​ពេល​ថ្មីៗ​នេះ តើ​ប្រទេស​ជា​ច្រើន​បាន​ប្រព្រឹត្ត​តប​ដល់​ការ​គំរាម​កំហែង​នៃ​ភេរវកម្ម​យ៉ាង​ដូច​ម្ដេច?

អស់​រយ:ជា​ច្រើន​ឆ្នាំ​មក​ហើយ ភេរវកម្ម​បាន​សម្លាប់​មនុស្ស​ជា​ច្រើន​នាក់។ តាំង​តែ​ពី​ការ​វាយ​ប្រហារ​ដោយ​ភេរវជន​នៅ​ថ្ងៃ​ទី១១​ខែ​កញ្ញា​ឆ្នាំ​២០០១​នៅ​រដ្ឋ​ញូវយ៉ក​និង​ទី​ក្រុង​វ៉ាស៊ីនតោន​នៅ​សហរដ្ឋ​អាមេរិក នោះ​ក៏​មាន​ការ​ប្រុង​ប្រយ័ត្ន​នឹង​ភេរវកម្ម​កាន់​តែ​ខ្លាំង​ឡើង​នៅ​ទូទាំង​ពិភពលោក។ បណ្ដា​ប្រទេស​ជា​ច្រើន​បាន​សហការ​គ្នា​ភ្លាមៗ​ដើម្បី​ប្រយុទ្ធ​នឹង​ភេរវកម្ម ទោះជា​ភេរវកម្ម​មាន​ទំហំ​ធំធេង​ទូទាំង​ពិភពលោក​ក៏​ដោយ។ ជា​ឧទាហរណ៍ នៅ​ថ្ងៃ​ទី៤ ខែ​ធ្នូ ឆ្នាំ​២០០១ យោង​ទៅ​តាម​សារពត៌មាន នោះ​មាន​«មន្ត្រី​បរទេស​ពី​៥៥​ប្រទេស គឺ​មក​ពី​ប្រទេស​នានា​នៅ​ទ្វីប​អឺរ៉ុប អាមេរិក​ខាង​ជើង​និង​អាស៊ី​កណ្ដាល បាន​យល់​ព្រម​គម្រោង​ការណ៍​មួយ​ជា​ឯកច្ឆន្ទ» ដែល​មាន​បំណង​ចាត់​ចែង​ការ​ព្យាយាម​របស់​គេ។ មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​នៅ​សហរដ្ឋ​អាមេរិកបាន​សរសើរ​ទង្វើ​នេះ ដែល​ផ្ដល់​នូវ​«អំណាច​ដ៏​ខ្លាំង​ក្លា​ជា​កំពស់​ថ្មី»​ដើម្បី​ប្រឆាំង​ភេរវកម្ម។ គ្រាន់​តែ​មួយ​រំពេច​សោះ មនុស្ស​រាប់​លាន​នាក់​បាន​ចូល​រួម​សហការ​គ្នា​ធ្វើ​ការ​នោះ​ដែល​យោង​ទៅ​តាម​ទស្សនាវដ្ដី​មួយ​បាន​ហៅ​ថា​«ការ​ចាប់​ផ្ដើម​នៃ​យុទ្ធនា​ការ​ដ៏​ធំ»។ (The New York Times Magazine) យើង​មិន​ទាន់​ឃើញ​ថា​តើ​ការ​ព្យាយាម​ធ្វើ​នេះ​នឹង​ទទួល​ជោគជ័យ​ឬ​យ៉ាង​ណា​ទេ។ ប៉ុន្តែ ផល​នៃ​សង្គ្រាម​ដែល​ប្រឆាំង​នឹង​ភេរវកម្មបាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​ភ័យ​ខ្លាច​និង​តក់ស្លុត​មែន តែ​ចំពោះ​មនុស្ស​ដែល​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា ពួក​គេ​ឥត​មាន​អារម្មណ៍​បែប​នេះ​ទេ។

៦​. (ក) ហេតុ​អ្វី​ក៏​ជួន​កាល​មនុស្ស​ខ្លះ​មាន​ការ​ពិបាក​យល់​នូវ​ជំហរ​អព្យាក្រឹតភាព​ជា​គ្រីស្ទាន​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា? (ខ) តើ​ព្រះយេស៊ូ​បាន​ទុក​គំរូ​យ៉ាង​ណា ស្តី​អំពី​សកម្មភាព​នយោបាយ?

ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​ទូទៅ ចំពោះ​អព្យាក្រឹតភាព​ខាង​រឿង​នយោបាយ។ ពេល​មាន​សន្ដិភាព មនុស្ស​ភាគ​ច្រើន​យល់​នូវ​ជំហរ​អព្យាក្រឹតភាព​របស់​ស្មរបន្ទាល់​ព្រះយេហូវ៉ា តែ​ពួក​គេ​បែរ​ជា​ពុំ​សូវ​យល់​នូវ​ជំហរ​នេះ​ទៅ​វិញ​ពេល​មាន​ព្រឹត្ដិការណ៍​មិន​ធម្មតា​កើត​ឡើង។ ជា​ញឹកញាប់ ការ​ភ័យ​ខ្លាច​និង​ភាព​មិន​ពិត​ប្រាកដ​ដែល​បណ្ដាល​មក​ពី​សង្គ្រាម ជំរុញ​ឲ្យ​មនុស្ស​បង្ហាញ​ការ​ស្នេហា​ជាតិ​កាន់​តែ​ខ្លាំង​ឡើងៗ។ ហេតុ​នេះ​ប្រហែល​ជា​ធ្វើ​ឲ្យ​មនុស្ស​ខ្លះ​ពិបាក​យល់​នូវ​មូលហេតុ​ដែល​អ្នក​ណា​ម្នាក់​មិន​គាំទ្រ​នូវ​ចលនា​ជាតិនិយម។ យ៉ាង​ណា​ក៏​ដោយ គ្រីស្ទាន​ពិត​ដឹង​ថា​ពួក​គេ​ត្រូវ​តែ​ស្ដាប់​តាម​បង្គាប់​របស់​ព្រះ​យេស៊ូ គឺ​ថា​ពួក​គេ​«មិន​មែន​ជា​របស់​ផង​លោកីយ»។ (យ៉ូហាន ១៥:​១៩; ១៧:១៤​-​១៦; ១៨:៣៦; យ៉ាកុប ៤:៤) នេះ​តម្រូវ​ឲ្យ​ពួក​គេ​រក្សា​នូវ​អព្យាក្រឹតភាព​ក្នុង​រឿង​នយោបាយ​ឬ​រឿង​ក្នុង​សង្គម។ ព្រះ​យេស៊ូ​បាន​តាំង​គំរូ​យ៉ាង​ត្រឹម​ត្រូវ​អំពី​រឿង​នេះ។ បើ​យើង​គិត​អំពី​ប្រាជ្ញា​ដ៏​គ្រប់​ល័ក្ខណ៍​និង​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​ព្រះយេស៊ូ នោះ​ទ្រង់​អាច​ធ្វើ​ឲ្យ​សង្គម​មនុស្ស​នៅ​សម័យ​ទ្រង់​បាន​យ៉ាង​ល្អ​ប្រសើរ។ ប៉ុន្តែ ទ្រង់​បាន​ជៀសវាង​ពី​ការ​ជាប់​ទាក់ទង​ក្នុង​រឿង​នយោបាយ។ នៅ​ដើម​ដំបូង​នៃ​កិច្ច​បំរើ​របស់​ព្រះយេស៊ូ សាតាំង​បាន​ប្រគល់​ការ​គ្រប់គ្រង​លើ​នគរ​ទាំង​អស់​ក្នុង​លោក​នេះ​ទៅ​ឲ្យ​ព្រះយេស៊ូ តែ​ទ្រង់​បាន​បដិសេធ​ជា​ដាច់ខាត។ ក្រោយ​មក ទ្រង់​បាន​ជៀសវាង​នូវ​ការ​ស្កាត់​កេណ្ឌ​ដើម្បី​តាំង​ទ្រង់​ឡើង​ឲ្យ​កាន់​តំណែង​ក្នុង​រឿង​នយោបាយ។—ម៉ាថាយ ៤:៨​-​១០; យ៉ូហាន ៦:១៤, ១៥

៧, ៨​. (ក) តើ​ជំហរ​ដ៏​អព្យាក្រឹត​ខាង​រឿង​នយោបាយ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា មិន​មាន​ន័យ​យ៉ាង​ណា? ហេតុ​អ្វី? (ខ) តើ​រ៉ូម ១៣:១, ២ ហាម​មិន​ឲ្យ​ចូល​រួម​ក្នុង​ការ​ប្រព្រឹត្ត​ដ៏​ឃោរឃៅ​ប្រឆាំង​នឹង​រដ្ឋាភិបាល​យ៉ាង​ដូច​ម្ដេច?

ជំហរ​ដ៏​អព្យាក្រឹត​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា មិន​គួរ​យល់​ច្រឡំ​ថា​ស្មរបន្ទាល់​គាំទ្រ​អំពើ​ឃោរឃៅ​ឬ​មិន​អើពើ​នឹង​អំពើ​ឃោរឃៅ​នោះ​ឡើយ។ បើ​ពួក​គេ​ធ្វើ​ដូច្នេះ គឺ​ផ្ទុយ​ស្រឡះ​នឹង​ការ​អះអាង​ដែល​ថា​គេ​ជា​អ្នក​បំរើ​របស់​«ព្រះ​នៃ​សេចក្ដី​ស្រឡាញ់ នឹង​សេចក្ដី​សុខសាន្ត»។ (កូរិនថូសទី២ ១៣:១១) ពួក​គេ​បាន​រៀន​ដឹង​ថា​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អំពើ​ឃោរឃៅ។ អ្នក​តែង​បទ​ទំនុកដំកើង​បាន​សរសេរ​ថា​៖ «ព្រះ​អម្ចាស់​ឈ្វេង​យល់​ចិត្ត​មនុស្ស​សុចរិត តែ​ព្រះ​អង្គ​មិន​សព្វ​ព្រះ​ហឫទ័យ​នឹង​មនុស្ស​ពាល ព្រម​ទាំង​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ទេ»។ (ទំនុកតម្កើង ១១:៥, ខ.ស.) ពួក​គេ​ក៏​បាន​ដឹង​នូវ​អ្វី​ដែល​ព្រះយេស៊ូ​បាន​មាន​បន្ទូល​ទៅ​សាវ័ក​ពេត្រុស​ដែរ គឺ​ថា​៖ «ចូរ​ស៊ក​ដាវ​អ្នក​ទៅ​ក្នុង​ស្រោម​វិញ​ទៅ ដ្បិត​អស់​អ្នក​ដែល​យក​ដាវ នោះ​ត្រូវ​ស្លាប់​ដោយ​ដាវ​ដែរ»។—ម៉ាថាយ ២៦:៥២

ទោះ​ជា​ប្រវត្ដិសាស្ត្រ​បង្ហាញ​យ៉ាង​ច្បាស់​ថា ពួក​គ្រីស្ទាន​ក្លែង​ក្លាយ​បាន​បែរ​ទៅ​ប្រើ​«ដាវ»​ជា​ញឹកញាប់​ក៏​ដោយ តែ​ស្មរបន្ទាល់​ព្រះយេហូវ៉ា​មិន​ធ្វើ​ដូច្នេះ​ទេ។ ពួក​គេ​ជៀសវាង​ពី​កិច្ចការ​ទាំង​អស់​ដែល​ទាក់ទង​រឿង​ខាង​នយោបាយ។ ស្មរបន្ទាល់​បាន​ស្ដាប់​បង្គាប់​យ៉ាង​ស្មោះត្រង់​តាម​បទ​បញ្ជា​ក្នុង​រ៉ូម ១៣:១, ២ ដែល​ថា​៖ «ចូរ​ឲ្យ​គ្រប់​ទាំង​មនុស្ស​ចុះ​ចូល​នឹង​រាជការ[រដ្ឋាភិបាល] ដ្បិត​គ្មាន​អំណាច​ណា​ទេ លើក​តែ​មក​ពី​ព្រះ គឺ​ព្រះ​ទ្រង់​បាន​តាំង​ពួក​លោក​ទាំង​នោះ​ឲ្យ​មាន​អំណាច បាន​ជា​អ្នក​ណា​ដែល​តាំង​ខ្លួន​ទាស់​នឹង​អំណាច​នោះ ក៏​ទាស់​ទទឹង​នឹង​បញ្ញត្ត​នៃ​ព្រះ​ដែរ ហើយ​អស់​អ្នក​ដែល​ទាស់​ទទឹង នោះ​នឹង​ត្រូវ​ទោស​ជា​មិន​ខាន»។

៩​. តើ​តាម​របៀប​ពីរ​យ៉ាង​អ្វី​ដែល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​អាច​ប្រយុទ្ធ​នឹង​ភេរវកម្ម?

ប៉ុន្តែ ដោយសារ​ភេរវកម្ម​គឺ​អាក្រក់​ដល់​ម្ល៉េះ តើ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មិន​គួរ​ធ្វើ​អ្វី​ដើម្បី​តទល់​បញ្ហា​នេះ​ឬ​ទេ? ត្រូវ​ហើយ ពួក​គេ​គួរ​ធ្វើ​ដូច្នេះ ហើយ​ពួក​គេ​កំពុង​ធ្វើ​មែន។ ទី​មួយ ពួក​គេ​មិន​ចូល​រួម​នឹង​សកម្មភាព​ឃោរឃៅ​បែប​នេះ​ទេ។ ទីពីរ ពួក​គេ​បង្រៀន​មនុស្ស​នូវ​គោលការណ៍​របស់​គ្រីស្ទាន​ពិត ដែល​បើ​អនុវត្ត​តាម នោះ​នឹង​បំបាត់​ចោល​នូវ​អំពើ​ឃោរឃៅ​គ្រប់​ប្រភេទ។ * នៅ​ឆ្នាំ​មុន ស្មរបន្ទាល់​បាន​ចំណាយ​អស់​១.២០២.៣៨១.៣០២​ម៉ោង ដើម្បី​ជួយ​មនុស្ស​រៀន​ពី​របៀប​រស់​នៅ​តាម​វិថី​ជីវិត​ជា​គ្រីស្ទាន។ ពួក​គេ​មិន​មែន​បង្ខាត​ពេល​វេលា​ទេ ដ្បិត​ដោយសារ​សកម្មភាព​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​២៦៥.៤៦៩​នាក់​ទទួល​បុណ្យ​ជ្រមុជ​ទឹក ដើម្បី​ក្លាយ​ទៅ​ជា​ស្មរបន្ទាល់​ព្រះយេហូវ៉ា។ ទង្វើ​នេះ​បង្ហាញ​ជា​សាធារណៈ​ថា ពួក​គេ​បដិសេធ​ចោល​អំពើ​ឃោរឃៅ​ទាំង​ស្រុង។

១០​. តើ​ការ​បំបាត់​ចោល​នូវ​អំពើ​ឃោរឃៅ​ពី​លោកីយ៍​សម័យ​នេះ អាច​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​ណា?

១០ បន្ថែម​ទៅ​ទៀត ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ទទួល​ស្គាល់​ថា ពួក​គេ​ពុំ​អាច​បំបាត់​ចោល​នូវ​អំពើ​អាក្រក់​ចេញ​ពី​ពិភពលោក​នេះ​បានឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ទុក​ចិត្ត​ទាំង​ស្រុង​លើ​ព្រះយេហូវ៉ា​ជា​ព្រះ​ដែល​អាច​ធ្វើ​បាន។ (ទំនុកដំកើង ៨៣:១៨) ទោះ​ជា​មាន​ការ​ព្យាយាម​ដ៏​ស្មោះ​ក៏​ដោយ មនុស្ស​មិន​អាច​បញ្ចប់​នូវ​អំពើ​ឃោរឃៅ​បាន​ទេ។ អ្នក​សរសេរ​ព្រះគម្ពីរ​ម្នាក់​បាន​ព្រមាន​យើង​អំពី​សម័យ​យើង​នេះ ដែល​ជា‹ថ្ងៃ​ជាន់​ក្រោយ​បង្អស់› ហើយ​ក៏​មាន​ប្រសាសន៍​ថា​៖ «ហើយ​ពួក​អាក្រក់ នឹង​ពួក​ឆបោក គេ​នឹង​មាន​ជំនឿន​ជឿន​ទៅ​ខាង​សេចក្ដី​អាក្រក់ កាន់​តែ​ខ្លាំង​ឡើង ទាំង​នាំ​មនុស្ស​ឲ្យ​វង្វេង ហើយ​ត្រូវ​វង្វេង​ខ្លួន​ឯង​ផង»។ (ធីម៉ូថេទី២ ៣:១, ១៣) បើ​គិត​តាម​ទស្សនៈ​ដូច្នេះ មនុស្ស​នឹង​ពុំ​មាន​សេចក្ដី​សង្ឃឹម​ប្រយុទ្ធ​ឈ្នះ​លើ​អំពើ​អាក្រក់​បាន​ឡើយ។ ផ្ទុយ​ទៅ​វិញ យើង​អាច​ទុក​ចិត្ត​លើ​ព្រះយេហូវ៉ា​ថា​ទ្រង់​នឹង​បំបាត់​ចោល​នូវ​អំពើ​ឃោរឃៅ​ទាំង​អស់​មិន​ឲ្យ​មាន​ទៀត​ជា​រៀង​រហូត។—ទំនុកដំកើង ៣៧:​១, ២, ៩​-​១១; សុភាសិត ២៤:១៩, ២០; អេសាយ ៦០:១៨

ចូរ​មាន​ចិត្ត​ក្លាហាន ដើម្បី​ប្រឈម​មុខ​នឹង​ការ​ប្រឆាំង​ដែល​ជិត​មក​ដល់!

១១​. តើ​ព្រះ​យេហូវ៉ា​បាន​ចាត់​វិធានការ​អ្វី​ដើម្បី​បំបាត់​ចោល​នូវ​អំពើ​ឃោរឃៅ?

១១ ដោយ​ព្រោះ​ព្រះ​នៃ​សេចក្ដី​សុខសាន្ត​ស្អប់​អំពើ​ឃោរឃៅ យើង​អាច​យល់​នូវ​មូលហេតុ​ដែល​ទ្រង់​បាន​ចាត់​វិធានការ ដើម្បី​កំទេច​ចោល​អារក្ស​សាតាំង ព្រោះ​វា​ជា​ដើម​ហេតុ​នៃ​អំពើ​ឃោរឃៅ​ទាំង​នោះ។ តាម​ការ​ពិត ព្រះ​បាន​ធ្វើ​ឲ្យ​សាតាំង​ទទួល​បរាជ័យ​យ៉ាង​អាម៉ាស់​មុខ​ក្រោម​ព្រះហស្ត​របស់​ព្រះ​គ្រីស្ទ​យេស៊ូ ដែល​ជា​មហា​ទេវតា​មីកែល ស្តេច​ថ្មី​របស់​ព្រះ។ ព្រះ​គម្ពីរ​ពណ៌នា​តាម​របៀប​នេះ​ថា​៖ «នោះ​មាន​ចំបាំង​នៅ​លើ​មេឃ គឺ​មីកែល នឹង​ពួក​ទេវតា​របស់​លោក​ច្បាំង​នឹង​នាគ ហើយ​នាគ នឹង​ទេវតា​វា​ក៏​ច្បាំង​នឹង​លោក​ដែរ តែ​មិន​បាន​ឈ្នះ​ទេ ក៏​មិន​ឃើញ​មាន​កន្លែង​ណា​ឲ្យ​វា នៅ​លើ​មេឃ​ទៀត​ផង នោះ​នាគ​ធំ​ត្រូវ​បោះ​ទំលាក់​ទៅ គឺ​ជា​ពស់​ពី​បុរាណ ដែល​ឈ្មោះ​ហៅ​ថា អារក្ស ហើយ​សាតាំង​ផង ដែល​បាន​នាំ​លោកីយ​ទាំង​មូល​ឲ្យ​វង្វេង​ចេញ វា​ត្រូវ​បោះ​ទំលាក់​ទៅ​ផែនដី​វិញ ព្រម​ទាំង​ពួក​ទេវតា​របស់​វា​ផង»។—វិវរណៈ ១២:៧​-​៩

១២, ១៣​. (ក) តើ​ឆ្នាំ​១៩១៤ មាន​សារ​សំខាន់​យ៉ាង​ណា? (ខ) តើ​ទំនាយ​របស់​អេសេគាល​បាន​ប្រាប់​យ៉ាង​ណា​ចំពោះ​អស់​អ្នក​ដែល​នឹង​គាំទ្រ​ព្រះ​រាជាណាចក្រ​របស់​ព្រះ?

១២ ពេល​ប្រវត្ដិ​វិជ្ជា​ព្រះគម្ពីរ​និង​ព្រឹត្ដិការណ៍​នៃ​ពិភពលោក​ស្រប​គ្នា​ក្នុង​ការ​បញ្ជាក់​ថា​ឆ្នាំ​១៩១៤ គឺ​ជា​ពេល​ដែល​សង្គ្រាម​នៅ​ស្ថានសួគ៌​បាន​កើត​ឡើង។ តាំង​ពី​ពេល​នោះ​មក ស្ថានការណ៍​ក្នុង​ពិភពលោក​មាន​កាន់​តែ​អាក្រក់​ឡើងៗ។ វិវរណៈ ១២:១២ ពន្យល់​ប្រាប់​នូវ​មូលហេតុ ដោយ​ចែង​ថា​៖ «ដោយ​ហេតុ​នោះ ឱ​ស្ថានសួគ៌ នឹង​ពួក​អ្នគ​ដែល​នៅ​ស្ថាន​នោះ​អើយ! ចូរ​អរ​សប្បាយ​ឡើង តែ​វេទនា​ដល់​ផែនដី នឹង​សមុទ្រ​វិញ ពីព្រោះ​អារក្ស​បាន​ចុះ​មក​ឯ​អ្នក​រាល់​គ្នា ទាំង​មាន​សេចក្ដី​ឃោរឃៅ​ជា​ខ្លាំង ដោយ​វា​ដឹង​ថា​ពេល​វេលា​វា​ខ្លី​ណាស់​ហើយ»។

១៣ ពិត​ហើយ ពួក​អ្នក​ចាក់​ប្រេង​តាំង និង​«ចៀម​ឯ​ទៀត»​ដែល​ជា​គូកន​របស់​គេ​ជា​ទី​បាញ់​វង់​ពិសេស​នៃ​កំហឹង​របស់​សាតាំង។ (យ៉ូហាន ១០:១៦; វិវរណៈ ១២:១៧) មិន​យូរ​ប៉ុន្មាន​ទៀត ការ​ប្រឆាំង​នេះ​នឹង​ឈាន​ទៅ​ដល់​កំពូល​ពេល​សាតាំង​នឹង​វាយ​ប្រហារ​យ៉ាង​ខ្លាំង​លើ​អស់​អ្នក​ដែល​គាំទ្រ​និង​ទុក​ចិត្ត​លើ​ព្រះ​រាជាណាចក្រ​នោះ។ ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​នេះ​គឺ​បាន​ទាយ​ប្រាប់​នៅ​សៀវភៅ​អេសេគាល ជំពូក​៣៨​ថា​ជា​ការ​វាយ​ប្រហារ​ដោយ​«កុក​នៃ​ស្រុក​ម៉ាកុក»។

១៤​. តើ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ធ្លាប់​ទទួល​ការ​ការពារ​ពី​អ្នក​ណា​នៅ​គ្រា​មុនៗ? ហើយ​តើ​ពួក​គេ​នឹង​មាន​ការ​ការពារ​បែប​នេះ​រហូត​ទេ?

១៤ តាំង​តែ​ពី​អារក្ស​សាតាំង​ត្រូវ​ទំលាក់​ចុះ​ពី​ស្ថានសួគ៌ នោះ​រាស្ត្រ​របស់​ព្រះ​ជួន​កាល​បាន​ត្រូវ​ការពារ​ពី​ការ​វាយ​ប្រហារ​របស់​សាតាំង​ដោយ​អង្គ​ភាព​នយោបាយ​ផ្សេងៗ ដូច​បាន​ពណ៌នា​ជា​និមិត្តរូប​នៅ​វិវរណៈ ១២:១៥, ១៦។ ផ្ទុយ​ទៅ​វិញ ព្រះ​គម្ពីរ​បញ្ជាក់​ថា​ការ​វាយ​ប្រហារ​ចុង​ក្រោយ​របស់​សាតាំង នោះ​គ្មាន​ភ្នាក់ងារ​ណា​របស់​មនុស្ស​មក​ការពារ​អ្នក​ដែល​ទុក​ចិត្ត​លើ​ព្រះយេហូវ៉ា​នោះ​ទេ។ តើ​នេះ​គួរ​ធ្វើ​ឲ្យ​ពួក​គ្រីស្ទាន​ភ័យ​ខ្លាច​ឬ​តក់ស្លុត​ទេ? មិន​ទាល់តែ​សោះ!

១៥, ១៦​. (ក) តើ​ពាក្យ​ធានា​រ៉ាប់​រង​របស់​ព្រះ​យេហូវ៉ា​ដល់​រាស្ត្រ​ទ្រង់​នៅ​សម័យ​របស់​យ៉ូសាផាត ផ្ដល់​ឲ្យ​គ្រីស្ទាន​ពិត​សព្វ​ថ្ងៃ​នេះ​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​ណា? (ខ) តើ​ស្តេច​យ៉ូសាផាត​និង​ពួក​ប្រជាជន​បាន​ទុក​គំរូ​យ៉ាង​ណា​ចំពោះ​អ្នក​បំរើ​ព្រះ​សព្វ​ថ្ងៃ​នេះ?

១៥ ព្រះ​យេហូវ៉ា​នឹង​គាំទ្រ​រាស្ត្រ​ទ្រង់ ដូច​ទ្រង់​បាន​គាំទ្រ​សាសន៍​ដ៏​ពិត​របស់​ទ្រង់​នៅ​សម័យ​ស្តេច​យ៉ូសាផាត​ដែរ។ យើង​អាន​ថា​៖ «ឱ​ពួក​យូដា​ទាំង​អស់​គ្នា នឹង​ពួក​អ្នក​នៅ​ក្រុង​យេរូសាឡិម ព្រម​ទាំង​ព្រះ​ករុណា យ៉ូសាផាត​អើយ! ចូរ​ស្ដាប់​ចុះ! ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក​អ្នក​រាល់​គ្នា​ដូច្នេះ​ថា​៖ ‹កុំ​ឲ្យ​ភ័យ​ខ្លាច​អ្វី​ឡើយ ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត ដោយ​ព្រោះ​ពួក​ធំ​ទាំង​ម្ល៉េះ​នេះ​ដែរ ដ្បិត​ចំបាំង​នេះ​មិន​មែន​ស្រេច​នៅ​អ្នក​រាល់​គ្នា​ទេ គឺ​ស្រេច​នៅ​ព្រះ​វិញ . . . អ្នក​រាល់​គ្នា​មិន​បាច់​នឹង​តស៊ូ​ក្នុង​ចំបាំង​នេះ​ទេ ឲ្យ​គ្រាន់​តែ​ដំ​រៀប​គ្នា​ឈរ​ស្ងៀម ហើយ​ចាំ​មើល​សេចក្ដី​សង្គ្រោះ ដែល​ព្រះ​យេហូវ៉ា​នឹង​ប្រោស​ដល់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ ឱ​ពួក​យូដា​នឹង​ពួក​អ្នក​នៅ​ក្រុង​យេរូសាឡិម​អើយ! កុំ​ឲ្យ​ភ័យ​ខ្លាច​អ្វី​ឡើយ ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត​ដែរ ស្អែក​នេះ ចូរ​ចេញ​ទៅ​ទាស់​នឹង​គេ​ចុះ! ពីព្រោះ​ព្រះ​យេហូវ៉ា​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ហើយ›»។—របាក្សត្រទី២ ២០:១៥​-​១៧

១៦ ព្រះ​បាន​ធានា​ថា​ប្រជាជន​នៅ​ស្រុក​យូដា​ពុំ​ចាំបាច់​ទៅ​ប្រយុទ្ធ​ទេ។ យ៉ាង​ដូច្នេះ​ដែរ នៅ​ពេល​កុក​នៃ​ស្រុក​ម៉ាកុក​វាយ​ប្រយុទ្ធ​នឹង​រាស្ត្រ​របស់​ព្រះ ពួក​គេ​នឹង​មិន​លើក​អាវុធ​ការពារ​ខ្លួន​ឡើយ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​នឹង​«ឈរ​ស្ងៀម ហើយ​ចាំ​មើល​សេចក្ដី​សង្គ្រោះ ដែល​ព្រះ​យេហូវ៉ា»​នឹង​ប្រោស​ដល់​ពួក​គេ។ ពិត​មែន ការ​ឈរ​ស្ងៀម មិន​បញ្ជាក់​ថា​ឥត​ធ្វើ​អ្វី​ទាំង​ស្រុង​នោះ​ទេ ហើយ​រាស្ត្រ​របស់​ព្រះ​នៅ​សម័យ​របស់​យ៉ូសាផាត​ក៏​មិន​បាន​នៅ​ស្ងៀម​ទាំង​ស្រុង​នោះ​ដែរ។ យើង​អាន​ថា​៖ «នោះ​យ៉ូសាផាត​ទ្រង់​ក្រាប​ព្រះ​ភក្ដ្រ​ចុះ​ដល់​ដី ហើយ​ពួក​យូដា នឹង​ពួក​អ្នក​នៅ​ក្រុង​យេរូសាឡិម​ទាំង​អស់​គ្នា ក៏​ក្រាប​ថ្វាយ​បង្គំ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ដែរ។ . . . រួច​កាល​ទ្រង់[យ៉ូសាផាត]បាន​ពិគ្រោះ​នឹង​បណ្ដាជន​ហើយ នោះ​ទ្រង់​ក៏​ដំរូវ​ឲ្យ​មាន​ពួក​អ្នក​ដែល​ត្រូវ​ច្រៀង​ថ្វាយ​ព្រះ​យេហូវ៉ា ហើយ​ពោល​សរសើរ ដោយ​ស្លៀក​ពាក់​ជា​ប្រដាប់​បរិសុទ្ធ ក្នុង​កាល​ដែល​គេ​នាំ​មុខ​ពួក​ទ័ព​ចេញ​ទៅ ដោយ​ពោល​ថា​៖ ‹ចូរ​អរ​ព្រះ​គុណ​ដល់​ព្រះយេហូវ៉ា​ចុះ! ដ្បិត​សេចក្ដី​សប្បុរស​ទ្រង់​នៅ​ជាប់​អស់កល្ប​ជានិច្ច›»។ (របាក្សត្រទី២ ២០:១៨​-​២១) ត្រូវ​ហើយ ទោះ​ជា​ប្រឈម​មុខ​នឹង​ការ​វាយ​ប្រយុទ្ធ​ពី​ពួក​សត្រូវ​ក៏​ដោយ ក៏​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នៅ​តែ​បន្ត​សរសើរ​ទ្រង់​យ៉ាង​សកម្ម​ដែរ។ នេះ​បាន​ទុក​គំរូ​ឲ្យ​ស្មរបន្ទាល់​ព្រះយេហូវ៉ា នៅ​ពេល​កុក​ចាប់​ផ្ដើម​វាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​គេ។

១៧, ១៨​. (ក) តើ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​សព្វ​ថ្ងៃ​នេះ​មាន​អាកប្បកិរិយា​វិជ្ជមាន​យ៉ាង​ណា ស្តី​អំពី​ការ​វាយ​ប្រយុទ្ធ​របស់​កុក? (ខ) តើ​ការ​រំឭក​អ្វី​ដែល​ប្អូនៗ​យុវ​វ័យ​គ្រីស្ទាន​បាន​ទទួល​ក្នុង​ពេល​ថ្មីៗ​នេះ?

១៧ ទំរាំ​ដល់​ពេល​ការ​វាយ​ប្រយុទ្ធ​របស់​កុក​បាន​ចាប់​ផ្ដើម ហើយសូម្បីតែ​ក្រោយ​ពី​ពេល​នោះ ក៏​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​តែ​បន្ត​គាំទ្រ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ដែរ។ ពួក​គេ​នឹង​បន្ត​រក​បាន​កម្លាំង​និង​ការ​ការពារ ដោយ​រួម​ជា​មួយ​ក្រុមជំនុំ​ដែល​មាន​ចំនួន​៩៤.៦០០​ជុំវិញ​ពិភពលោក។ (អេសាយ ២៦:២០) សព្វ​ថ្ងៃ​នេះ គឺ​ជា​ឱកាស​ដ៏​ល្អ​មែន ដើម្បី​សរសើរ​ព្រះយេហូវ៉ា​ដោយ​ចិត្ត​ក្លាហាន! ប្រាកដ​ហើយ ការ​ទន្ទឹង​ចាំ​ការ​វាយ​ប្រយុទ្ធ​របស់​កុក​ដែល​ជិត​ដល់​នេះ មិន​ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​ខ្លាច​ឡើយ។ ផ្ទុយ​ទៅ​វិញ នេះ​នឹង​ជំរុញ​ចិត្ត​ពួក​គេ​ឲ្យ​បង្កើន​សេចក្ដី​សរសើរ​ដល់​ព្រះ តាម​លទ្ធភាព​ដែល​យើង​អាច​ធ្វើ​ទៅ​បាន។—ទំនុកដំកើង ១៤៦:២

១៨ ការ​ប្រព្រឹត្ត​ដ៏​ក្លាហាន​នេះ​គឺ​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​សម​គួរ​ដោយ​ប្អូនៗ​យុវវ័យ​រាប់​ពាន់​នាក់​នៅ​ជុំវិញ​ផែនដី ដែល​ចាប់​ផ្ដើម​ចូល​រួម​កិច្ច​បំរើ​ពេញ​ពេល​នោះ។ ដើម្បី​បញ្ជាក់​នូវ​ភាព​ខ្ពង់​ខ្ពស់​នៃ​ការ​ជ្រើសរើស​វិថី​ជីវិត​បែប​នេះ នោះ​ខិត្តប័ណ្ណ​មួយ​ដែល​មាន​ចំណង​ជើង​ថា ប្អូនៗ​យុវ​វ័យ! តើ​អ្នក​មាន​បំណង​អ្វី​ចំពោះ​ជីវិត​របស់​អ្នក? ត្រូវ​បាន​ចេញ​នៅ​មហា​សន្និបាត​ឆ្នាំ​២០០២។ បណ្ដា​គ្រីស្ទាន​ទាំង​ក្មេង​ទាំង​ចាស់​មាន​អំណរគុណ​ចំពោះ​ការ​រំឭក​ដាស់​តឿន​យ៉ាង​ត្រូវ​ពេល​នេះ។—ទំនុកដំកើង ១១៩:១៤, ២៤, ៩៩, ១១៩, ១២៩, ១៤៦

១៩, ២០​. (ក) ហេតុ​អ្វី​ក៏​បណ្ដា​គ្រីស្ទាន​គ្មាន​ហេតុ​ឲ្យ​ភ័យ​ខ្លាច​ឬ​តក់ស្លុត? (ខ) តើ​អត្ថបទ​ជា​បន្ទាប់​ជួយ​យើង​ឲ្យ​ធ្វើ​អ្វី?

១៩ ទោះ​ជា​ពិភពលោក​មាន​ស្ថានការណ៍​យ៉ាង​ណា​ក៏​ដោយ ក៏​បណ្ដា​គ្រីស្ទាន​មិន​ចាំបាច់​ភ័យ​ខ្លាច​ឬ​តក់ស្លុត​ឡើយ។ ពួក​គេ​ដឹង​ថា មិន​យូរ​ប៉ុន្មាន​ទៀត ព្រះ​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា​នឹង​បំបាត់​ចោល​នូវ​អំពើ​ឃោរឃៅ​គ្រប់​ប្រភេទ​ទាំង​អស់​មិន​ឲ្យ​មាន​ទៀត​ឡើយ។ ពួក​គេ​ក៏​បាន​សម្រាល​ទុក្ខ​ដោយ​ដឹង​ថា តាម​រយៈ​ដំណើរ​រស់​ឡើង​វិញ នោះ​មនុស្ស​ជា​ច្រើន​ដែល​បាន​ស្លាប់​ដោយសារ​អំពើ​ឃោរឃៅ​ណា​មួយ នឹង​រស់​ឡើង​វិញ​ជា​ពុំ​ខាន។ តាម​រយៈ​ដំណើរ​រស់​ឡើង​វិញ នឹង​ផ្ដល់​ឱកាស​ដល់​មនុស្ស​ខ្លះ​ជា​លើក​ដំបូង​ឲ្យ​រៀន​អំពី​ព្រះ​យេហូវ៉ា តែ​ក៏​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​បន្ត​បំរើ​ទ្រង់​ជា​រៀង​រហូត​ទៅ​ដែរ។—កិច្ចការ ២៤:១៥

២០ ជា​គ្រីស្ទាន​ពិត យើង​យល់​នូវ​តម្រូវ​ការ​ឲ្យ​រក្សា​អព្យាក្រឹតភាព​របស់​យើង​ជា​ពួក​គ្រីស្ទាន ហើយ​យើង​តាំង​ចិត្ត​រក្សា​ជំហរ​បែប​នេះ។ យើង​ចង់​ស្រវា​ស្រទេញ​កាន់​ជាប់​នូវ​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ ដើម្បី​អាច​«ចាំ​មើល​សេចក្ដី​សង្គ្រោះ ដែល​ព្រះ​យេហូវ៉ា​នឹង​ប្រោស»​ដល់​យើង។ អត្ថបទ​ជា​បន្ទាប់​នឹង​ពង្រឹង​ជំនឿ​របស់​យើង ដោយ​ធ្វើ​ឲ្យ​យើង​ដឹង​ព្រឹត្ដិការណ៍​នៅ​សម័យ​នេះ ដែល​ផ្ដល់​ឲ្យ​ការ​យល់​ធ្លុះ​ជា​បណ្ដើរៗ​ចំពោះ​ការ​សម្រេច​នៃ​បទ​ទំនាយ​របស់​ព្រះ​គម្ពីរ។

[កំណត់​សម្គាល់]

^ វគ្គ 9 ចំពោះ​ឧទាហរណ៍​នៃ​បុគ្គល​ដែល​ឈប់​ប្រព្រឹត្ត​អំពើ​ឃោរឃៅ ដើម្បី​ក្លាយ​ទៅ​ជា​ស្មរបន្ទាល់ សូម​មើល​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ​១៩៩៦ ទំព័រ​៥ និង​ថ្ងៃ​ទី១ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៨ ទំព័រ៥។

តើ​អ្នក​អាច​ពន្យល់​បាន​ឬ​ទេ?

ហេតុ​អ្វី​ក៏​មនុស្ស​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ មាន​ទស្សនៈ​ទុទ្ទិដ្ឋិនិយម​ម្ល៉េះ?

ហេតុ​អ្វី​ក៏​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មាន​សង្ឃឹម​ចំពោះ​អនាគត?

តើ​ព្រះ​យេហូវ៉ា​បាន​ចាត់​វិធានការ​ធ្វើ​អ្វី​ចំពោះ​ដើម​ហេតុ​នៃ​អំពើ​ឃោរឃៅ​ទាំង​អស់?

ហេតុ​អ្វី​ក៏​គ្មាន​មូលហេតុ​ឲ្យ​យើង​ភ័យ​ខ្លាច​ចំពោះ​ការ​វាយ​ប្រយុទ្ធ​របស់​កុក?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​១២]

ស្មរបន្ទាល់​យុវ​វ័យ​រាប់​ពាន់​នាក់ បាន​ទទួល​យក​កិច្ច​បំរើ​ពេញ​ពេល​យ៉ាង​រីករាយ

[អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រើ​រូបភាព​នៅ​ទំព័រ​៨]

UN PHOTO 186226/M. Grafman