លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើបុរាណវត្ថុវិទ្យាមានភស្ដុតាងថាពិតជាមានព្រះយេស៊ូទេ?

តើបុរាណវត្ថុវិទ្យាមានភស្ដុតាងថាពិតជាមានព្រះយេស៊ូទេ?

តើ​បុរាណ​វត្ថុ​វិទ្យា​មាន​ភស្តុតាង​ថា​ពិត​ជា​មាន​ព្រះ​យេស៊ូ​ទេ?

​«ថ្ម​ចារឹក​បង្ហាញ​ភស្តុតាង​ថា​ពិត​ជា​មាន​ព្រះ​យេស៊ូ»។ នេះ​ជា​ចំណង​ជើង​នៃ​គម្រប​ទស្សនាវដ្ដី​បុរាណ​វត្ថុ​វិទ្យា​ព្រះ​គម្ពីរ(ខែ​វិច្ឆិកា/ធ្នូ ២០០២)។ នៅ​លើ​ក្រប​នោះ​មាន​រូប​កោដ្ឋ​មួយ​មាន​រាង​បួន​ជ្រុង​ធ្វើ​ពី​ថ្ម​កំបោរ​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ប្រទេស​អ៊ីស្រាអែល។ ជនជាតិ​យូដា​ទូទៅ​ធ្លាប់​ប្រើ​កោដ្ឋ​នោះ​អស់​ប៉ុន្មាន​ឆ្នាំ​រវាង​ឆ្នាំ​១​មុន​ស.យ. (សករាជ​យើង) និង​ឆ្នាំ​៧០​ស.យ.(សករាជ​យើង)។ ដោយ​ឡែក​កោដ្ឋ​នេះ គឺ​ពិសេស​ដោយ​ព្រោះ​មាន​អក្សរ​ភាសា​អារ៉ាម​ចារឹក​នៅ​ចំហៀង។ បណ្ឌិត​មួយ​ចំនួន​បាន​យល់​ស្រប​គ្នា​ថា អក្សរ​នោះ​អាន​ថា​«យ៉ាកុប កូន​របស់​យ៉ូសែប ជា​ប្អូន​យេស៊ូ»។

យោង​ទៅ​តាម​ព្រះ​គម្ពីរ យេស៊ូ​ពី​ក្រុង​ណាសារ៉ែត​មាន​ប្អូន​ប្រុស​ឈ្មោះ​យ៉ាកុប​ដែល​ត្រូវ​ជា​កូន​យ៉ូសែប ហើយ​យ៉ូសែប​ត្រូវ​ជា​ប្ដី​របស់​ម៉ារា។ នៅ​ពេល​ព្រះ​យេស៊ូ​គ្រីស្ទ​បង្រៀន​នៅ​ស្រុក​ទ្រង់ អ្នក​ស្ដាប់​កោត​ស្ងើច​ណាស់ និង​នាំ​គ្នា​សួរ​ថា​៖​«តើ​មិន​មែន​ជា​កូន​របស់​ជាង​ឈើ​ទេ​ឬ​អី? តើ​ម្ដាយ​មិន​មែន​ឈ្មោះ​ម៉ារា​ហើយ​បងប្អូន​ឈ្មោះ​យ៉ាកុប យ៉ូសេ ស៊ីម៉ូន ហើយ​នឹង​យូដាស​ទេ​ឬ​អី? ឯ​ប្អូន​ស្រី តើ​មិន​នៅ​ជា​មួយ​នឹង​យើង​ទេ​ឬ​អី?»។—ម៉ាថាយ ១៣:៥៤​-​៥៦; លូកា ៤:២២; យ៉ូហាន ៦:៤២

ពិត​ណាស់ អក្សរចារឹក​នៅ​លើ​កោដ្ឋ​នេះ​គឺ​សម​ស្រប​នឹង​ជីវប្រវត្ដិ​របស់​យេស៊ូ​ពី​ក្រុង​ណាសារ៉ែត​មែន។ លោក​អនត្រេ ឡាមែ​រ អ្នក​ចេះ​ដឹង​ផ្នែក​អក្សរចារឹក​បុរាណ​និង​ជា​អ្នក​សរសេរ​អត្ថបទ​ខាង​លើ​ក្នុង​បុរាណ​វត្ថុ​វិទ្យា​ព្រះ​គម្ពីរ​បាន​មាន​ប្រសាសន៍​ថា បើ​យ៉ាកុប​ដែល​មាន​ឈ្មោះ​ក្នុង​អក្សរចារឹក​លើ​កោដ្ឋ​នេះ​ពិត​ជា​ប្អូន​ម្ដាយ​តែ​មួយ​របស់​ព្រះ​យេស៊ូ​គ្រីស្ទ​មែន ដូច្នេះ​បាន​សេចក្ដី​ថា​កោដ្ឋ​នេះ​គឺ​ជា​«ភស្តុតាង​ចាស់​បំផុត​ផ្នែក​បុរាណ​វត្ថុ​វិទ្យា​ក្រៅ​ពី​ព្រះ​គម្ពីរ​ដែល​បញ្ជាក់​ថា​ពិត​ប្រាកដ​ធ្លាប់​មាន​ព្រះ​យេស៊ូ»។ លោក​ហឺហ្សីល ហ្សេង អ្នក​ផ្ទៀង​ផ្ទាត់​ទស្សនាវដ្ដី​បុរាណ​វត្ថុ​វិទ្យា​ព្រះគម្ពីរ​បាន​ប្រាប់​ថា​កោដ្ឋ​នេះ​៖​«ជា​អ្វី​មួយ​ដែល​យើង​អាច​មើល​ឃើញ​និង​ប៉ះ​ពាល់​បាន ដែល​ត​ភ្ជាប់​សម័យ​យើង​ទៅ​នឹង​សម័យ​នៃ​បុគ្គល​ដ៏​សំខាន់​បំផុត​ដែល​ធ្លាប់​នៅ​លើ​ផែនដី»។

ក៏​ប៉ុន្តែ ឈ្មោះ​ទាំង​បី​ដែល​មាន​ក្នុង​អក្សរចារឹក​លើ​កោដ្ឋ​នោះ គឺ​ជា​ឈ្មោះ​ធម្មតា​នៅ​សតវត្ស​ទី​មួយ។ ដូច្នេះ​ក្រៅ​ពី​គ្រួសារ​ព្រះ​យេស៊ូ​គ្រីស្ទ អាច​មាន​គ្រួសារ​មួយ​ផ្សេង​ទៀត​ដែល​មាន​សមាជិក​ឈ្មោះ​យ៉ាកុប យ៉ូសែប និង​យេស៊ូ​ដែរ។ លោក​ឡាមែរប៉ាន់​ស្មាន​ថា​៖​«នៅ​ទី​ក្រុង​យេរូសាឡិម​ក្នុង​កំឡុង​ពីរ​តំណ​មុន​ឆ្នាំ​៧០​ស.យ. មាន . . . ប្រហែល​ជា​២០​នាក់​ដែល​អាច​ហៅ​ថា‹យ៉ាកុប កូន​របស់​យ៉ូសែប ជា​ប្អូន​យេស៊ូ›»។ យ៉ាង​ណា​ក៏​ដោយ គាត់​ជឿ​៩០​ភាគ​រយ​ថា យ៉ាកុប​ដែល​មាន​ឈ្មោះ​លើ​កោដ្ឋ​នោះ​គឺ​ជា​ប្អូន​ម្ដាយ​តែ​មួយ​របស់​ព្រះ​យេស៊ូ​គ្រីស្ទ។

មាន​កត្ដា​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជឿ​ថា​ឈ្មោះ​យ៉ាកុប​ក្នុង​អក្សរចារឹក​នេះ​គឺ​ជា​ប្អូន​ម្ដាយ​តែ​មួយ​របស់​ព្រះ​យេស៊ូ​គ្រីស្ទ ទោះ​ជា​ការ​ចារឹក​ឈ្មោះ​ឪពុក​ទៅ​លើ​កោដ្ឋ​របស់​អ្នក​ស្លាប់​គឺ​ជា​ទង្វើ​ធម្មតា​ក៏​ដោយ ក៏​ប៉ុន្តែ កម្រ​មាន​អ្នក​ណា​ដាក់​ឈ្មោះ​បងប្អូន​ប្រុសៗ។ ហេតុ​នេះ​ហើយ​បាន​ជា​បណ្ឌិត​ខ្លះ​ជឿ​ថា​ឈ្មោះ​យេស៊ូ​នេះ​ត្រូវ​ជា​មនុស្ស​សំខាន់​ណាស់។ ដូច្នេះ​ពួក​គេ​សន្និដ្ឋាន​ថា​គឺ​ជា​ព្រះ​យេស៊ូ​គ្រីស្ទ​ជា​អ្នក​ផ្ដើម​គ្រីស្ទ​សាសនា។

តើ​នោះ​ជា​កោដ្ឋ​ពិត​ប្រាកដ​មួយ​ឬ?

តើ​កោដ្ឋ​ជា​អ្វី? កោដ្ឋ​របស់​ជនជាតិ​យូដា​ជា​ប្រអប់​សំរាប់​ដាក់​ធាតុ​របស់​អ្នក​ស្លាប់​ក្រោយ​រូប​កាយ​បាន​រលួយ​ក្នុង​ផ្នូរ​នៅ​ក្នុង​រូង​ភ្នំ​អស់​ទៅ។ កោដ្ឋ​ជា​ច្រើន​ត្រូវ​បាន​មនុស្ស​លួច​ពី​ទី​បញ្ចុះ​សព​ផ្សេងៗ​នៅ​ក្រុង​យេរូសាឡិម។ ប្រអប់​ដែល​មាន​ឈ្មោះ​យ៉ាកុប​ត្រូវ​បាន​រក​ឃើញ​នៅ​ផ្សារ​លក់​វត្ថុ​បុរាណ មិន​មែន​ពី​កន្លែង​ជីក​ដី​ស្រាវជ្រាវ​ជា​ផ្លូវការ​ទេ។ មាន​គេ​ប្រាប់​ថា​ម្ចាស់​កោដ្ឋ​នោះ​បាន​ទិញ​វា​ក្នុង​តម្លៃ​តែ​ពីរបី​រយ​ដុល្លារ​នៅ​ទសវត្ស​ឆ្នាំ​១៩៧០។ ដូច្នេះ ប្រភព​ដើម​នៃ​កោដ្ឋ​នេះ​ជា​អាថ៌កំបាំង​មួយ។ លោក​ប៊្រូស ឈីលតុង សាស្ដ្រាចារ្យ​ម្នាក់​នៅ​សកល​វិទ្យាល័យបាដនៅ​រដ្ឋ​ញូវយ៉ក​បាន​ប្រាប់​ថា​៖​«បើ​អ្នក​មិន​ដឹង​ថា​វត្ថុ​បុរាណ​នោះ​ត្រូវ​បាន​រក​ឃើញ​នៅ​ឯ​ណា ឬ​ក៏​មិន​ដឹង​ថា​វា​បាន​ស្ថិត​នៅ​កន្លែង​ណា​ក្នុង​កំឡុង​២.០០០​ឆ្នាំ​កន្លង​មក នោះ​អ្នក​ក៏​គ្មាន​ទី​សំអាង​បញ្ជាក់​ពី​ទំនាក់ទំនង​រវាង​វត្ថុ​នោះ​នឹង​មនុស្ស​ដែល​មាន​ឈ្មោះ​លើ​វត្ថុ​បុរាណ​នោះ​ដែរ»។

ដើម្បី​ដោះ​ស្រាយ​នូវ​កង្វះ​ខាត​អំពី​ទី​សំអាង​ផ្នែក​បុរាណ​វត្ថុ​វិទ្យា លោក​អនត្រេ ឡាមែរ​ផ្ញើ​ប្រអប់​នោះ​ទៅ​ក្រសួង​ហេដ្ឋា​រចនាសម្ព័ន្ធ​ជាតិ​និង​ភូមិសាស្ត្រ​អ៊ីស្រាអែល។ អ្នក​ស្រាវជ្រាវ​នៅ​ទី​នោះ​បាន​បញ្ជាក់​ថា កោដ្ឋ​នោះ​ធ្វើ​អំពី​ថ្ម​កំបោរ​ពី​សតវត្ស​ទី​មួយ​ឬ​ទីពីរ​ស.យ.។ ពួក​គេ​បាន​រាយ​ការណ៍​ថា​ពួក​គេ​«រក​មិន​ឃើញ​អ្វី​ដែល​ចង្អុល​ប្រាប់​ថា​ឧបករណ៍​ទំនើប​ត្រូវ​បាន​យក​មក​ប្រើ​ដើម្បី​ធ្វើ​កោដ្ឋ​នោះ​ទេ»។ យ៉ាង​ណា​ក៏​ដោយ បណ្ឌិត​ព្រះ​គម្ពីរ​ដែល​ត្រូវ​បាន​សម្ភាសន៍​ដោយ​កាសែត​មួយ​បាន​ប្រាប់​ថា​«ទោះ​ជា​មាន​ភស្តុតាង​ប្រ​យោល​ដែល​បង្ហាញ​ថា​កោដ្ឋ​នេះ​ទាក់ទង​នឹង​ព្រះ​យេស៊ូ​ប្រហែល​ជា​ភស្តុតាង​រឹង​មាំ​មែន​ក៏​ដោយ វា​នៅ​តែ​ជា​ភស្តុតាង​ប្រ​យោល​ប៉ុណ្ណោះ»។ The New York Times

ទស្សនាវដ្ដី​មួយ​បាន​ប្រាប់​ថា​៖​«សព្វ​ថ្ងៃ​នេះ អ្នក​ចេះ​ដឹង​សឹង​តែ​គ្រប់​រូប​ទាំង​អស់​ជឿ​ថា​ធ្លាប់​មាន​ព្រះ​យេស៊ូ​មែន»។ (Time) ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មនុស្ស​ជា​ច្រើន​គិត​ថា​គួរ​តែ​មាន​ភស្តុតាង​ក្រៅ​ពី​ព្រះ​គម្ពីរ​ទៀត​ដើម្បី​បង្ហាញ​ថា​ពិត​ប្រាកដ​ធ្លាប់​មាន​ព្រះ​យេស៊ូ​មែន។ តើ​បុរាណ​វត្ថុ​វិទ្យា​គួរ​ជា​ទី​សំអាង​នៃ​ជំនឿ​ទៅ​លើ​ព្រះ​យេស៊ូ​គ្រីស្ទ​ទេ? តើ​មាន​ភស្តុតាង​ក្នុង​ប្រវត្ដិសាស្ត្រ​ដែល​បញ្ជាក់​ថា​ពិត​ជា​ធ្លាប់​មាន «បុគ្គល​ដ៏​សំខាន់​បំផុត​ដែល​ធ្លាប់​គង់​នៅ​ផែនដី»​ឬ​ទេ?

[អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រើ​រូបភាព​នៅ​ទំព័រ​៣]

Left, James Ossuary: AFP PHOTO/J.P. Moczulski; right, inscription: AFP PHOTO/HO