អប់រំខ្លួនឲ្យចេះស្កប់ចិត្ដ
អប់រំខ្លួនឲ្យចេះស្កប់ចិត្ត
សាវ័កប៉ុលបានសរសេរសំបុត្រមួយដ៏លើកទឹកចិត្តទៅកាន់ពួកគ្រីស្ទាននៅទីក្រុងភីលីពថា៖ «ខ្ញុំបានរៀនអោយចេះស្កប់ចិត្ត ក្នុងគ្រប់កាលៈទេសៈ . . . ខ្ញុំបានអប់រំចិត្តក្នុងគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង គឺថា ទោះបីបរិភោគឆ្អែតក្ដី អត់ឃ្លានក្ដី មានបរិបូណ៍ក្ដី ឬខ្វះខាតក្ដី ខ្ញុំស្កប់ចិត្តជានិច្ច»។—ភីលីព ៤:១១, ១២, ខ.ស.
ហេតុអ្វីបានជាប៉ុលចេះស្កប់ចិត្តដូច្នេះ? ដោយសារសេដ្ឋកិច្ចបច្ចុប្បន្ននេះមិនសូវមានស្ថិរភាព ហើយចំណាយសំរាប់ជីវភាពប្រចាំថ្ងៃក៏ថ្លៃ មានប្រយោជន៍មែនឲ្យពួកគ្រីស្ទានពិតរៀនចេះស្កប់ចិត្តអ្វីដែលមានហើយដើម្បីអាចផ្ចង់អារម្មណ៍ជានិច្ចលើកិច្ចបំរើព្រះ។
ក្នុងវគ្គមុនៗនៃសំបុត្ររបស់ប៉ុលនោះ គាត់បានរៀបរាប់ពីការលូតលាស់ក្នុងអតីតអាជីពរបស់ខ្លួន។ ប៉ុលមានប្រសាសន៍ថា៖ «បើមានអ្នកណាទៀតស្មានថា ខ្លួនទុកចិត្តខាងសាច់ឈាមបាន នោះខ្ញុំក៏លើសទៅទៀត ដ្បិតខ្ញុំបានទទួលកាត់ស្បែកនៅថ្ងៃទី៨ ខ្ញុំជាសាសន៍អ៊ីស្រាអែល ក្នុងពូជអំបូរបេនយ៉ាមីន ជាអ្នកហេព្រើរ កើតពីពួកហេព្រើរ ឯខាងក្រិត្យវិន័យ នោះខ្ញុំជាពួកផារិស៊ី ខាងឯសេចក្ដីឧស្សាហ៍ នោះខ្ញុំជាអ្នកដែលបានធ្វើទុក្ខបៀតបៀនដល់ពួកជំនុំ ចំណែកខាងសេចក្ដីសុចរិតក្នុងក្រិត្យវិន័យ នោះខ្ញុំគ្មានទោសសោះ»។ (ភីលីព ៣:៤-៦) បន្ថែមទៅទៀត ដោយសារប៉ុលជាអ្នកធ្វើតាមសាសនាយូដាយ៉ាងឧស្សាហ៍នោះ គាត់បានទទួលកិច្ចការនិងពាក្យគាំទ្រពីពួកសង្គ្រាជនៅទីក្រុងយេរូសាឡិម។ អាស្រ័យហេតុនេះប៉ុលអាចទទួលវត្ថុទ្រព្យបានពីសាសនាយូដា ព្រមទាំងមានសង្ឃឹមទទួលអំណាចហើយកិត្យានុភាពក្នុងសាសនានោះ រួមទាំងរឿងនយោបាយផងដែរ។—កិច្ចការ ២៦:១០, ១២
ក៏ប៉ុន្តែ នៅពេលដែលប៉ុលក្លាយជាអ្នកបំរើគ្រីស្ទានដ៏ឧស្សាហ៍ម្នាក់ ស្ថានការណ៍ក្នុងជីវិតគាត់បានប្រែប្រួលជាខ្លាំង។ ដើម្បីជាប្រយោជន៍ឲ្យដំណឹងល្អ ប៉ុលបានស្ម័គ្រចិត្តលះបង់ការរីកចំរើនក្នុងអាជីពដើមរបស់ខ្លួន និងរបស់ឯទៀតដែលពីមុនគាត់ធ្លាប់ចាត់ទុកថាជាសំខាន់នោះ។ (ភីលីព ៣:៧, ៨) តើប៉ុលបានអ្វីដើម្បីចិញ្ចឹមជីវិត? តើគាត់ទទួលប្រាក់ខែពីការធ្វើជាអ្នកបំរើគ្រីស្ទានម្នាក់ទេ? តើធ្វើដូចម្ដេចឲ្យគាត់បានអ្វីដែលខ្លួនត្រូវការដើម្បីចិញ្ចឹមជីវិត?
ប៉ុលបានសម្រេចកិច្ចបំរើផ្សាយរបស់គាត់ដោយមិនទទួលប្រាក់កាក់ទាល់តែសោះ។ ដើម្បីកុំឲ្យធ្វើជាបន្ទុកដល់ពួកអ្នកដែលគាត់បំរើក្នុងកិច្ចការផ្សាយនោះ ប៉ុលបានចូលរួមធ្វើជាងត្រសាលជាមួយអ័គីឡានិងព្រីស៊ីលពេលនៅទីក្រុងកូរិនថូស ហើយគាត់ក៏បានប្រកបការងារឯទៀតដែរ ដើម្បីចិញ្ចឹមជីវិតខ្លួន។ (កិច្ចការ ១៨:១-៣; ថែស្សាឡូនីចទី១ ២:៩; ថែស្សាឡូនីចទី២ ៣:៨-១០) ប៉ុលបានធ្វើបេសកកម្មបីដែលរួមបញ្ចូលការធ្វើដំណើរយ៉ាងឆ្ងាយផង ហើយគាត់ក៏បានធ្វើដំណើរទស្សនៈកិច្ចនៅក្រុមជំនុំណាដែលត្រូវការគាត់ចុះទៅជួយ។ ដោយសាប៉ុលជាប់រវល់ធ្វើកិច្ចបំរើព្រះដូច្នេះ គាត់មិនសូវមានជីវភាពធូរធារប៉ុន្មានទេ។ តាមធម្មតាបងប្អូនផ្សេងៗបានជួយផ្គត់ផ្គង់តម្រូវការរបស់គាត់។ ប៉ុន្តែ ជួនកាលគាត់ក៏មានស្ថានភាព ខ្វះខាតខ្លះដែរ។ (កូរិនថូសទី២ ១១:២៧; ភីលីព ៤:១៥-១៨) យ៉ាងណាក៏ដោយ ប៉ុលមិនដែលត្អូញត្អែរអំពីការលំបាករបស់ខ្លួនទេ ហើយក៏មិនដែលលោភចង់បានរបស់របរដែលអ្នកដទៃមានដែរ។ ប៉ុលបានធ្វើការនឿយហត់ដោយសប្បាយទាំងស្ម័គ្រពីចិត្តដើម្បីជាប្រយោជន៍ឲ្យពួកគ្រីស្ទានគ្នីគ្នារបស់គាត់។ តាមពិត គឺប៉ុលនោះឯងដែលបានដកស្រង់នូវបន្ទូលដ៏ល្បីល្បាញរបស់ព្រះយេស៊ូថា៖ «ដែលឲ្យ នោះបានពរជាជាងទទួល» ប៉ុលពិតជាគំរូដ៏ប្រសើរមែន សំរាប់យើងរាល់គ្នា!—កិច្ចការ ២០:៣៣-៣៥
អត្ថន័យនៃការចេះស្កប់ចិត្ត
កត្ដាដ៏ចំបងមួយដែលជួយឲ្យប៉ុលមានសុភមង្គលនោះ គឺជាការចេះស្កប់ចិត្ត។ ប៉ុន្តែ តើការចេះស្កប់ចិត្តមានន័យយ៉ាងណា? នេះបានសេចក្ដីថា ពេញចិត្តតែរបស់អ្វីដែលយើងមានប៉ុណ្ណោះ។ ប៉ុលបានមានប្រសាសន៍អំពីការចេះស្កប់ចិត្តនេះ ប្រាប់ដល់ធីម៉ូថេដែលជាគូកនរបស់គាត់ក្នុងកិច្ចបំរើផ្សាយនោះថា៖ «ចំពោះអ្នកដែលចេះស្កប់ចិត្តនឹងអ្វីដែលខ្លួនមាន ការគោរពប្រណិប័តន៍ព្រះជាម្ចាស់ពិតជាមធ្យោបាយដ៏ប្រសើរ ដើម្បីរកទ្រព្យសម្បត្ដិមែន! ដ្បិតយើងពុំបានយកអ្វីចូលមកក្នុងលោកនេះ ហើយយើងក៏ពុំអាចយកអ្វីចេញពីលោកនេះទៅបានដែរ! ដូច្នេះ ប្រសិនបើយើងមានម្ហូបអាហារ មានសម្លៀកបំពាក់ នោះយើងស្កប់ចិត្តហើយ»។—ធីម៉ូថេទី១ ៦:៦-៨, ខ.ស.
សូមកត់សម្គាល់ថា ប៉ុលបានរ៉ាយរ៉ាប់ភ្ជាប់ការស្កប់ចិត្តជាមួយនឹងការគោរពប្រតិបត្ដិប្រណិប័តន៍ព្រះ។ ប៉ុលបានទទួលស្គាល់ថា សុភមង្គលពិតមកពីការគោរពប្រណិប័តន៍ព្រះ ពោលគឺ ការទុកកិច្ចបំរើព្រះជាអាទិភាពក្នុងជីវិតយើង មិនមែនមកពីការរកវត្ថុឬទ្រព្យសម្បត្ដិឡើយ។ «មានម្ហូបអាហារ មានសម្លៀកបំពាក់»ជាអ្វីដែលប៉ុលត្រូវការប៉ុណ្ណោះដើម្បីបន្តបង្ហាញការគោរពប្រណិប័តន៍ព្រះ។ ដូច្នេះ ចំពោះប៉ុល ការពឹងពាក់ព្រះយេហូវ៉ាជាគន្លឹះនៃការចេះស្កប់ចិត្ត មិនថាមានកាលៈទេសៈណាក៏ដោយ។
មនុស្សជាច្រើនសព្វថ្ងៃនេះមានសេចក្ដីខ្វល់ខ្វាយនិងជួបតែភាពអពមង្គលដោយព្រោះគេមិនដឹងពីគន្លឹះនៃការស្កប់ចិត្តនេះ ឬមួយក៏គេបដិសេធមិនធ្វើតាមទៅវិញ។ ជាជាងបណ្ដុះឲ្យមានចិត្តស្កប់ស្កល់ មនុស្សចង់ទុកចិត្តលើលុយកាក់និងវត្ថុដែលគេអាចទិញបាន។ ធីម៉ូថេទី១ ៦:៩, ១០
ឧស្សាហកម្មខាងប្រព័ន្ធឃោសនានិងបណ្ដាញផ្សព្វផ្សាយពត៌មានធ្វើឲ្យមនុស្សជឿថា យើងមិនអាចរកសុភមង្គលឃើញបានឡើយ ទាល់តែមានប្រដាប់ប្រដាអេឡិចត្រូនិចនិងរបស់ទំនើបៗដ៏ស្អាតហើយថ្លៃ ម្ល៉ោះហើយក៏បណ្ដាលឲ្យពួកគេប្រាថ្នាចង់បានរបស់នោះភ្លាមៗតែម្ដង។ ជាលទ្ធផល មនុស្សជាច្រើនធ្លាក់ខ្លួនលោភចង់បានតែវត្ថុទ្រព្យប៉ុណ្ណោះ។ ជាជាងស្វែងរកសុភមង្គលនិងឲ្យចេះស្កប់ចិត្តនោះ គេ«ធ្លាក់ទៅក្នុងសេចក្ដីល្បួង នឹងអន្ទាក់ ហើយក្នុងបំណងជាច្រើន ដែលផ្ដេសផ្ដាស ហើយធ្វើទុក្ខដល់ខ្លួន ក៏ពន្លិចមនុស្សទៅក្នុងសេចក្ដីហិនវិនាស នឹងសេចក្ដីអន្តរធានវិញ»។—អ្នកខ្លះបានអប់រំចិត្ត
នាបច្ចុប្បន្នកាលនេះ តើយើងពិតជាមានលទ្ធភាពអាចរស់ឲ្យចេះស្កប់ចិត្តនិងគោរពប្រណិប័តន៍ព្រះ ព្រមទាំងស្វែងរកសុភមង្គលដោយការពេញចិត្តទេ? ពិតជាមានលទ្ធផលមែន។ តាមពិត សព្វថ្ងៃនេះមនុស្សរាប់លាននាក់កំពុងតែធ្វើដូច្នេះ។ ពួកគេបានអប់រំចិត្តឲ្យចេះស្កប់ស្កល់នឹងទ្រព្យសម្បត្ដិដែលគេមានរួចហើយ។ ពួកគេជាស្មរបន្ទាល់ព្រះយេហូវ៉ាដែលបានឧទ្ទិស
ថ្វាយខ្លួនចំពោះព្រះ ទាំងធ្វើតាមព្រះហឫទ័យទ្រង់ហើយបង្រៀនមនុស្សទូទៅអំពីគោលបំណងរបស់ទ្រង់។ជាក់ស្តែង សូមពិនិត្យមើលពួកអ្នកខ្លះដែលបានស្ម័គ្រចិត្តទទួលការបង្ហាត់បង្រៀនដើម្បីទៅប្រទេសក្រៅជាសាសនាទូត ក្នុងបំណងផ្សាយដំណឹងល្អពីព្រះរាជាណាចក្ររបស់ព្រះ។ (ម៉ាថាយ ២៤:១៤) ជាធម្មតា របៀបរស់នៅក្នុងប្រទេសដែលគេបានចាត់ទៅនោះ មិនសូវមានប្រដាប់ប្រដាទំនើបដូចដែលគេធ្លាប់មាននោះទេ។ ជាឧទាហរណ៍ នៅពេលដែលសាសនាទូតខ្លះបានទៅប្រទេសមួយនៅតំបន់អាស៊ីនាដើមឆ្នាំ១៩៤៧ ទីនោះនៅមានគំនរបាក់បែកដែលសល់ពីសង្គ្រាមនៅឡើយ ហើយមានផ្ទះតិចណាស់ដែលមានភ្លើងអគ្គីសនីប្រើ។ នៅប្រទេសជាច្រើនពួកសាសនាទូតបានរៀនបោកខោអាវម្ដងមួយៗនៅលើបន្ទះក្ដារឬលើថ្មនាមាត់ទន្លេ ជាជាងប្រើម៉ាស៊ីនបោកខោអាវ។ យ៉ាងណាក្ដី ពួកគេបានទៅទីនោះដើម្បីបង្រៀនប្រជាជននូវសេចក្ដីពិតពីព្រះគម្ពីរ ដូច្នេះពួកគេបានកែប្រែជីវភាពរស់នៅរបស់គេទៅតាមតំបន់នោះ ហើយបានជាប់រវល់តែក្នុងកិច្ចបំរើផ្សាយវិញ។
ពួកអ្នកឯទៀតបានចាប់ផ្ដើមធ្វើកិច្ចបំរើផ្សាយពេញពេល ឬបានផ្លាស់ទៅនៅតំបន់ណាដែលមិនទាន់មានអ្នកផ្សាយដំណឹងល្អនៅឡើយ។ បងអាឌូលហ្វូបានធ្វើកិច្ចបំរើផ្សាយពេញពេលជាង៥០ឆ្នាំហើយ នៅកន្លែងផ្សេងៗក្នុងប្រទេសម៉ិកស៊ិក។ គាត់មានប្រសាសន៍ថា៖ «ដូចសាវ័កប៉ុល ខ្ញុំជាមួយភរិយាខ្ញុំបានរៀនចេះប្រែប្រួលទៅតាមកាលៈទេសៈផ្សេងៗ។ ជាឧទាហរណ៍ ក្រុមជំនុំមួយដែលយើងបានទៅលេងនោះមានចំងាយឆ្ងាយពីទីក្រុងនិងទីផ្សារ។ ជារៀងរាល់ដងពេលដែលបងប្អូនទទួលទានអាហារនោះ ពួកគេស្កប់ចិត្តបរិភោគនំទរទីយ៉ាតែមួយប៉ុណ្ណោះ ជាមួយខ្លាញ់ជ្រូកនិងអំបិលបន្ដិច ហើយពិសាកាហ្វេមួយកែវ។ ពួកគេបរិភោគតែនំទរទីយ៉ានេះរាល់ថ្ងៃក្នុងមួយថ្ងៃបីដង។ ដូច្នេះ យើងបានរៀនឲ្យចេះរស់នៅដូចបងប្អូននោះដែរ។ អស់៥៤ឆ្នាំកន្លងមកនេះដែលខ្ញុំបានបំរើព្រះយេហូវ៉ាពេញពេល នោះខ្ញុំបានពិសោធអ្វីៗបែបនេះជាច្រើនណាស់»។
បងវរឡររេនទីណូ គាត់នឹកចាំពីពេលដែលគាត់និងក្រុមគ្រួសាររបស់គាត់ត្រូវកែប្រែតាមកាលៈទេសៈដ៏ពិបាក។ គាត់បានរំឭកពីពេលដែលគាត់នៅក្មេងថា៖ «ឪពុកខ្ញុំជាអ្នកលក់ដូរដ៏ចំណាន។ គាត់មានអចលនវត្ថុជាច្រើន។ ខ្ញុំនៅចាំពីតុគិតលុយក្នុងហាងលក់គ្រឿងម្ហូបរបស់យើង។ មានថតតុមួយទទឹង៥០សង់ទីម៉ែត្រនិងជម្រៅ២០សង់ទីម៉ែត្រ ហើយមានខ័ណ្ឌបួន។ រាល់ថ្ងៃយើងបានដាក់លុយចូលទាំងអស់ចូលទៅក្នុងថតតុនោះ។ នៅចុងថ្ងៃនិមួយៗ ថតតុបានពេញណែនដោយប្រាក់ មានទាំងលុយក្រដាសហើយលុយកាក់ផង។
«ស្រាប់តែមានបញ្ហាសេដ្ឋកិច្ច ហើយភ្លាមៗនោះកាលៈទេសៈយើងបានប្រែប្រួលពីការមានសម្បូរហូរហៀរទៅជាអ្នកក្រខ្សត់តែម្ដង។ យើងបាត់បង់អ្វីៗទាំងអស់ លើកលែងតែផ្ទះសំបែងរបស់យើង។ បន្ថែមទៅទៀត បងប្រុសបង្កើតម្នាក់របស់ខ្ញុំមានគ្រោះថ្នាក់ បណ្ដាលឲ្យស្លាប់ជើងទាំងពីរ។ ស្ថានភាពរបស់ខ្ញុំឥឡូវនេះគឺមិនដូចពីមុនទេ។ ខ្ញុំបានធ្វើជាអ្នកលក់សាច់និងផ្លែឈើអស់មួយរយៈ ខ្ញុំក៏បានបេះផ្លែទំពាំងបាយជូរ ច្រូតកប្បាសនិងស្មៅអាលហ្វាលហ្វា ហើយបានជួយបញ្ចូលទឹកក្នុងស្រែចំការដែរ។ មនុស្សខ្លះបានហៅខ្ញុំជាកម្មករចេះមុខរបរទាំងអស់។ ម្ដាយខ្ញុំបានលើកទឹកចិត្តយើងជានិច្ចជាកាលដោយប្រាប់ថា យើងមានសេចក្ដីពិត ជាភោគទ្រព្យខាងវិញ្ញាណដែលមនុស្សតិចណាស់មាននោះ។ ដូច្នេះ ខ្ញុំធ្លាប់រស់ដោយមានរបស់ជាច្រើន ហើយក៏បានរៀនឲ្យចេះរស់ពេលដែលមានតិចឬគ្មានអ្វីសោះក៏បានដែរ។ ឥឡូវខ្ញុំបានបំរើព្រះយេហូវ៉ាពេញពេលអស់ប្រមាណ២៥ឆ្នាំហើយ នោះខ្ញុំក៏អាចនិយាយបានថា ម្ដងហើយម្ដងទៀតខ្ញុំមានអំណរដែលមកពីការទទួលស្គាល់ថា ខ្ញុំបានជ្រើសរើសវិថីជីវិតដ៏ល្អបំផុត ក្នុងការបំរើព្រះយេហូវ៉ាពេញពេល»។
ព្រះគម្ពីរប្រាប់យើងយ៉ាងច្បាស់លាស់ថា៖ «គំរូនៃលោកីយនេះតែងតែផ្លាស់ទៅ»។ ហេតុនេះហើយបានជាព្រះគម្ពីរដាស់តឿនយើងទៀតថា៖ «[ចូរឲ្យ]ពួកដែលអរសប្បាយ [ធ្វើ]ដូចជាមិនអរសប្បាយ ពួកដែលទិញ ដូចជាគ្មានអ្វីសោះ ហើយពួកអ្នកដែលប្រើប្រាសលោកីយនេះ ដូចជាមិនប្រើហួសខ្នាតទេ»។—កូរិនថូសទី១ ៧:២៩-៣១
ដូច្នេះហើយ នេះគឺជាពេលដែលអ្នកគួរពិចារណាមើលពីរបៀបរស់នៅរបស់អ្នក។ បើអ្នកមានធនធានតែបន្ដិចបន្តួច ចូរប្រយ័ត្នចុះ! កុំកើតមានចិត្តច្រណែន តូចចិត្ត ឬមានអារម្មណ៍ជូរចត់ឡើយ។ ផ្ទុយទៅវិញ មិនថាអ្នកមានវត្ថុទ្រព្យប៉ុណ្ណាក៏ដោយ ចូរមានទស្សនៈត្រឹមត្រូវអំពីរបស់របរទាំងនោះ កុំអនុញ្ញាតឲ្យវាក្លាយជាម្ចាស់លើជីវិតរបស់អ្នក។ ដូចសាវ័កប៉ុលបានដាស់តឿនថា កុំ«ទុកចិត្តនឹងទ្រព្យសម្បត្ដិ ដែលមិនទៀងនោះឡើយ» តែចូរសង្ឃឹមទៅលើ«ព្រះដ៏មានព្រះជន្មរស់វិញ ដែលទ្រង់ប្រទានគ្រប់ទាំងអស់មកយើងរាល់គ្នាជាបរិបូរ ឲ្យយើងបានអរសប្បាយ»។ បើអ្នកធ្វើដូច្នេះមែន អ្នកក៏អាចមានប្រសាសន៍ថា អ្នកបានអប់រំខ្លួនឲ្យចេះស្កប់ចិត្តហើយ។—ធីម៉ូថេទី១ ៦:១៧-១៩
[រូបភាពនៅទំព័រ៣០]
ប៉ុលបានធ្វើការដោយដៃផ្ទាល់ ដើម្បីកុំឲ្យធ្វើជាបន្ទុកដល់អ្នកដទៃ
[រូបភាពនៅទំព័រ៣១]
មនុស្សរាប់ពាន់នាក់មានសុភមង្គលក្នុងការរស់នៅដោយ‹គោរពប្រណិប័តន៍ព្រះ ទាំងស្កប់ចិត្ត›ផង