លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

នៅក្រោមបម្រាមនៃរបបកុម្មុយនីស្ដជាង៤០ឆ្នាំ

នៅក្រោមបម្រាមនៃរបបកុម្មុយនីស្ដជាង៤០ឆ្នាំ

នៅ​ក្រោម​បម្រាម​នៃ​របប​កុម្មុយនីស្ត​ជាង​៤០​ឆ្នាំ

រៀប​រាប់​ដោយ​មីឃែល វ៉ាស៊ីលីវិច សាវីតស្គី

ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ​១៩៥៦ បាន​រាយការណ៍​ថា​«ការ​បន្សាត់​បង់​យ៉ាង​ធំ»​នូវ​សមាជិក​របស់​ស្មរបន្ទាល់​ព្រះយេហូវ៉ា​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១ ថ្ងៃ​ទី៧​និង​ថ្ងៃ​ទី៨ ខែ​មេសា ឆ្នាំ​១៩៥១។ ទស្សនាវដ្ដី​ប៉មយាមឆ្នាំ​នោះ​បាន​ពន្យល់​ថា​៖ «ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​ប្រទេស​រូស៊ី​ពុំ​អាច​ភ្លេច​ថ្ងៃ​ទាំង​នោះ​បាន​ឡើយ។នៅ​ថ្ងៃ​ទាំង​បី​នោះ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ទាំង​ប៉ុន្មាន​នៅ​ទិស​ខាង​លិច​នៃ​ប្រទេស​អ៊ុយក្រែននៅ​ប្រទេស​បេឡារុស្ស ប្រទេស​បេសសារាបា ប្រទេស​ម៉ូលឌីវ៉ា ប្រទេស​ឡាតវៀ ប្រទេស​លីទុយអានី ប្រទេស​អេស្តូនី ដែល​សរុប​មាន​ស្មរបន្ទាល់​ជាង​ប្រាំ​ពីរ​ពាន់​នាក់​ទាំង​ប្រុស​ទាំង​ស្រី . . . ត្រូវ​បាន​គេ​ប្រមូល​ដាក់​រទេះ​ដឹក​ទៅ​ស្ថានីយ​រទេះ​ភ្លើង ហើយ​ពី​កន្លែង​នោះ​ក៏​ត្រូវ​គេ​ប្រមូល​ដាក់​ទូរថ​ភ្លើង​ដឹក​ទៅ​ទី​ឆ្ងាយ​ទៀត»។

នៅ​ថ្ងៃ​ទី៨ ខែ​មេសា ឆ្នាំ​១៩៥១ ភរិយា​របស់​ខ្ញុំ​និង​កូន​ប្រុស​ខ្ញុំ​អាយុ​៨​ខែ មាតា​បិតា​ខ្ញុំ ប្អូន​ប្រុស​ខ្ញុំ និង​មាន​ស្មរបន្ទាល់​ជា​ច្រើន​ទៀត​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​ផ្ទះ​នៅ​ក្រុង​ថឺណូផុល​និង​តំបន់​ជិតៗ​នោះ​នៅ​ប្រទេស​អ៊ុយក្រែន។ ក្រោយ​ពី​បាន​ត្រូវ​ដាក់​នៅ​ក្នុង​ទូរថ​ភ្លើង នោះ​ពួក​គេ​បាន​ធ្វើ​ដំណើរ​អស់​ពីរ​សប្ដាហ៍។ នៅ​ទីបំផុត គេ​ត្រូវ​បំបរបង់​ចេញ​ទៅ​កន្លែង​មាន​ព្រៃ​ឈើ​ដុះ​ពាស​ពេញ​ខាង​លិច​នៃ​ទន្លេ​បៃឃុល​នៅ​ស្រុក​ស៊ីបេរី។

ហេតុ​អ្វី​ក៏​ខ្ញុំ​មិន​នៅ​ក្នុង​ចំណោម​នៃ​ការ​បន្សាត់​បង់​នេះ? មុន​នឹង​រៀប​រាប់​ប្រាប់​ថា​ខ្ញុំ​មាន​វត្តមាន​នៅ​កន្លែង​ណា​នៅ​ពេល​នោះ និង​អ្វី​ដែល​បាន​កើត​ឡើង​ដល់​យើង​គ្រប់​គ្នា​ក្រោយ​មក ខ្ញុំ​សូម​ប្រាប់​អ្នក​នូវ​របៀប​ដែល​ខ្ញុំ​បាន​ក្លាយ​ទៅ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់។

សេចក្ដី​ពិត​ក្នុង​ព្រះគម្ពីរ​បាន​មក​ដល់​យើង

នៅ​ខែ​កញ្ញា ឆ្នាំ​១៩៤៧ ខ្ញុំ​មាន​អាយុ​តែ​១៥​ឆ្នាំ​ប៉ុណ្ណោះ ហើយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ពីរ​នាក់​បាន​មក​ផ្សាយ​នៅ​ផ្ទះ​យើង​ក្នុង​ភូមិ​ដ៏​តូច​មួយ​ឈ្មោះ​ស្លាវីអាថិន ប្រហែល​ជា​៥០​គីឡូម៉ែត្រ​ពី​ក្រុង​ថឺណូផុល។ កាល​ដែល​ម្ដាយ​ខ្ញុំ​និង​ខ្ញុំ​អង្គុយ​ស្ដាប់​យុវ​វ័យ​ទាំង​ពីរ​នាក់​នេះ ដែល​ក្នុង​នោះ​មាន​បង​ស្រី​ម្នាក់​ឈ្មោះ​ម៉ារា នោះ​ខ្ញុំ​បាន​ដឹង​ថា នេះ​មិន​គ្រាន់​តែ​ជា​សាសនា​ធម្មតា​មួយ​ទេ។ ពួក​គាត់​បាន​ពន្យល់​ជំនឿ​របស់​ខ្លួន​និង​បាន​តបឆ្លើយ​សំនួរ​អំពី​ព្រះ​គម្ពីរ​បាន​យ៉ាង​ច្បាស់​ទៀត​ផង។

ខ្ញុំ​ជឿ​ថា​ព្រះ​គម្ពីរ​គឺ​ជា​ព្រះ​បន្ទូល​របស់​ព្រះ ប៉ុន្តែ​ខ្ញុំ​បាន​ខក​ចិត្ត​នឹង​សាសនា។ ជីតា​ខ្ញុំ​ធ្លាប់​និយាយ​ថា​៖ «បូជាចារ្យ​បន្លាច​មនុស្ស​ដោយ​និយាយ​អំពី​ការ​ធ្វើ​ទារុណកម្ម​នៅ​ភ្លើង​នរក ប៉ុន្តែ​ពួក​បូជាចារ្យ​គ្មាន​ខ្លាច​រឿង​នោះ​ទេ។ ពួក​គេ​គ្រាន់​តែ​កេង​ប្រវ័ញ្ច​និង​បំភាន់​មនុស្ស​ក្រ​ខ្សត់​តែ​ប៉ុណ្ណោះ»។ ខ្ញុំ​ចាំ​នូវ​អំពើ​ឃោរឃៅ​និង​ការ​លួច​ដុត​ផ្ទះ​របស់​ប្រជាជន​ជាតិ​ប៉ូឡូញ​នៅ​ភូមិ​យើង​នៅ​ដើម​នៃ​សង្គ្រាម​លោក​លើក​ទី២។ គួរ​ឲ្យ​តក់ស្លុត​មែន ដែល​ការ​វាយ​ប្រហារ​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​បូជាចារ្យ​កាតូលិក​ជនជាតិ​ក្រិច។ ក្រោយ​មក ខ្ញុំ​បាន​ឃើញ​អ្នក​រងគ្រោះ​ជា​ច្រើន​ដែល​ត្រូវ​គេ​សម្លាប់ ហើយ​ខ្ញុំ​ចង់​ដឹង​យ៉ាង​ខ្លាំង​នូវ​មូលហេតុ​ចំពោះ​អំពើ​ឃោរឃៅ​បែប​នេះ។

ពេល​ស្មរបន្ទាល់​ចាប់​ផ្ដើម​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​នឹង​ខ្ញុំៗ​ក៏​បាន​យល់​ដឹង​នូវ​មូលហេតុ​ចំពោះ​អំពើ​ឃោរឃៅ។ ខ្ញុំ​បាន​រៀន​សេចក្ដី​ពិត​បឋម​ក្នុង​ព្រះគម្ពីរ ដែល​រួម​នូវ​ហេតុ​ការណ៍​ពិត​ថា​គ្មាន​ភ្លើង​នរក​ទេ ហើយ​ថា​អារក្ស​សាតាំង​ប្រើ​សាសនា​ក្លែង​ក្លាយ​ដើម្បី​បង្ក​ឲ្យ​មាន​សង្គ្រាម​និង​ការ​បង្ហូរ​ឈាម។ យូរ​ម្ដងៗ ខ្ញុំ​តែង​តែ​ផ្អាក​ពី​ការ​សិក្សា​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ និង​អធិស្ឋាន​អស់​ពី​ចិត្ត​ដើម្បី​ថ្លែង​អំណរគុណ​ថ្វាយ​ព្រះ​យេហូវ៉ា​ចំពោះ​ពត៌មាន​ដែល​ខ្ញុំ​បាន​រៀន។ ខ្ញុំ​ក៏​ចាប់​ផ្ដើម​ប្រាប់​ប្អូន​ប្រុស​របស់​ខ្ញុំ​ឈ្មោះ ស្ដាក​អំពី​សេចក្ដី​ពិត​ក្នុង​ព្រះ​គម្ពីរ ហើយ​ខ្ញុំ​មាន​ចិត្ត​រីករាយ​ណាស់​ដែល​ប្អូន​ខ្ញុំ​ព្រម​ស្ដាប់​ដែរ។

ការ​អនុវត្ត​តាម​អ្វី​ដែល​ខ្ញុំ​បាន​រៀន

ខ្ញុំ​បាន​ដឹង​ថា​ខ្ញុំ​ត្រូវ​តែ​កែ​ខ្លួន​និង​ឈប់​ជក់​បារី​ភ្លាមៗ។ ហើយ​ខ្ញុំ​ក៏​បាន​យល់​នូវ​សារៈ​សំខាន់​នៃ​ការ​ទៅ​ប្រជុំ​ជា​ទៀងទាត់​ជា​មួយ​អ្នក​ដទៃ​សំរាប់​ការ​សិក្សា​ព្រះគម្ពីរ​ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង។ ដើម្បី​ធ្វើ​ដូច្នេះ ខ្ញុំ​បាន​ដើរ​កាត់​ព្រៃ​ភ្នំ​អស់​១០​គីឡូម៉ែត្រ​មក​កន្លែង​សម្ងាត់​សំរាប់​ការ​ប្រជុំ។ នៅ​ពេល​ខ្លះ​មាន​តែ​ស្ត្រី​បី​បួន​នាក់​ប៉ុណ្ណោះ​ដែល​អាច​មក​ប្រជុំ​បាន ហើយ​ទោះ​ជា​ខ្ញុំ​មិន​ទាន់​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ក្ដី ក៏​គេ​បាន​សុំ​ឲ្យ​ខ្ញុំ​នាំ​មុខ​ការ​ប្រជុំ​ដែរ។

ការ​មាន​ប្រកាសនវត្ថុ​ព្រះ​គម្ពីរ​គឺ​អាច​មាន​គ្រោះថ្នាក់ ហើយ​បើ​រាជការ​ចាប់​បាន​អ្នក​ណា​ម្នាក់​ដែល​មាន​ប្រកាសនវត្ថុ​ព្រះ​គម្ពីរ បុគ្គល​នោះ​អាច​ជាប់​គុក​អស់​២៥​ឆ្នាំ​ទៀត​ផង។ យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​មាន​ចិត្ត​ប្រាថ្នា​ចង់​ប្រមូល​សៀវភៅ​ជា​ច្រើន​ទុក​ជា​បណ្ណាល័យ​មួយ។ អ្នកជិតខាង​យើង​ម្នាក់​ធ្លាប់​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​នឹង​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ប៉ុន្តែ​ដោយ​ការ​ភ័យ​ខ្លាច គាត់​បាន​ឈប់​និង​កប់​សៀវភៅ​ផ្សេងៗ​ក្នុង​សួនច្បារ​របស់​គាត់។ ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ព្រះ​យេហូវ៉ា​មែន ពេល​ដែល​បុរស​នេះ​ជីក​យក​សៀវភៅ​និង​ទស្សនាវដ្ដី​របស់​គាត់ ហើយ​សុខ​ចិត្ត​ឲ្យ​មក​ខ្ញុំ​ទាំង​អស់! ខ្ញុំ​បាន​លាក់​ទុក​សៀវភៅ​ទាំង​នោះ​ក្នុង​សំបុក​ឃ្មុំ​របស់​ឪពុក​ខ្ញុំ គឺ​ជា​កន្លែង​ដែល​មនុស្ស​មិន​គិត​ទៅ​ឆែកឆេរ​រក​នោះ​ទេ។

នៅ​ខែ​កក្កដា​ឆ្នាំ​១៩៤៩ ខ្ញុំ​បាន​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ នោះ​ជា​ថ្ងៃ​ដ៏​សប្បាយ​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ។ ស្មរបន្ទាល់​ម្នាក់​ដែល​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ជា​សម្ងាត់​ឲ្យ​ខ្ញុំ​នោះ​បាន​បញ្ជាក់​ថា​គឺ​មិន​ស្រួល​ទេ​ក្នុង​ការ​ធ្វើ​ជា​គ្រីស្ទាន​ពិត​ម្នាក់ ហើយ​ថា​នឹង​មាន​សេចក្ដី​ទុក្ខ​លំបាក​ជា​ច្រើន​ទៀត​នៅ​ថ្ងៃ​មុខ។ មិន​យូរ​ប៉ុន្មាន​មក ខ្ញុំ​បាន​ឃើញ​នូវ​សច្ចភាព​នៃ​ពាក្យ​សំដី​របស់​គាត់! ប៉ុន្តែ ក្រោយ​ពី​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ពីរ​ខែ​មក ជីវិត​របស់​ខ្ញុំ​ជា​ស្មរបន្ទាល់​ម្នាក់​បាន​ចាប់​ផ្ដើម​សប្បាយ​ក្រៃលែង។ ខ្ញុំ​ក៏​បាន​រៀប​ការ​ជា​មួយ​នឹង​ម៉ារា​ជា​ស្ត្រី​ម្នាក់​ដែល​បាន​ជួយ​ឲ្យ​ខ្ញុំ​និង​ម្ដាយ​របស់​ខ្ញុំ​ស្គាល់​សេចក្ដី​ពិត។

ទុក្ខ​លំបាក​ទី​មួយ​របស់​ខ្ញុំ​បាន​ផ្ទុះ​ឡើង ដោយ​មិន​ដឹង​ជា​មុន

នៅ​ថ្ងៃ​ទី១៦ ខែ​មេសា ឆ្នាំ​១៩៥០ ខ្ញុំ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ពី​ក្រុង​ផុតហ្គាស៊ី​ជា​ក្រុង​ដ៏​តូច​មួយ ស្រាប់​តែ​មាន​ពួក​ទាហាន​បញ្ឈប់​ខ្ញុំ ហើយ​ឆែកឆេរ​រក​ឃើញ​ប្រកាសនវត្ថុ​ព្រះ​គម្ពីរ​ដែល​ខ្ញុំ​បាន​យក​ទៅ​ក្រុម​សិក្សា ហើយ​ពួក​គេ​ក៏​បាន​ចាប់​ខ្ញុំ​ដាក់​គុក។ ក្នុង​កំឡុង​ពេល​ជាប់​គុក​បីបួន​ថ្ងៃ គេ​បាន​វាយ​ខ្ញុំ​នឹង​ដំបង ហើយ​គេ​មិន​ឲ្យ​ខ្ញុំ​បរិភោគ​ឬ​ដេក​ឡើយ។ គេ​បាន​បញ្ជា​ខ្ញុំ​ឲ្យ​លុត​ជង្គង់​ចុះ​ឡើងៗ​គ្រប់​មួយ​រយ​ដង​ដោយ​ដាក់​ដៃ​លើ​ក្បាល តែ​ដោយ​ខ្ញុំ​អស់​កម្លាំង​ពេក​ខ្ញុំ​មិន​អាច​ធ្វើ​បាន​ទេ។ ក្រោយ​ពី​នេះ​គេ​ដាក់​ខ្ញុំ​ក្នុង​បន្ទប់​មួយ​ដែល​ត្រជាក់​និង​សើម​នៅ​ក្រោម​ដី​អស់​២៤​ម៉ោង។

គោល​បំណង​នៃ​ការ​ធ្វើ​បាប​បែប​នេះ គឺ​ដើម្បី​បំបាក់​កម្លាំង​ចិត្ត​របស់​ខ្ញុំ និង​ស្រួល​ជីក​កកាយ​ពត៌មាន​ចេញ​ពី​ខ្ញុំ។ ពួក​គេ​ទាមទារ​ថា​៖ «តើ​ឯង​យក​សៀវភៅ​ទាំង​នេះ​មក​ពី​ណា? ហើយ​តើ​ឯង​យក​ទៅ​ឲ្យ​អ្នក​ណា?» ខ្ញុំ​បាន​បដិសេធ​មិន​ប្រាប់​អ្វី​សោះ។ រួច​មក គេ​អាន​នូវ​ច្បាប់​មួយ​ផ្នែក​ដែល​ត្រូវ​យក​មក​កាត់​ទោស​ខ្ញុំ។ ច្បាប់​នោះ​ចែង​ថា សេចក្ដី​ឃោសនា​និង​ការ​ទុក​សៀវភៅ​ដែល​ប្រឆាំង​សូវៀត​ត្រូវ​ទទួល​ទោស​ដោយ​ប្រហារ​ជីវិត​ឬ​ជាប់​គុក​អស់​២៥​ឆ្នាំ។

ពួក​គេ​បាន​សួរ​ថា​៖ «តើ​ឯង​ចង់​ទទួល​ទោស​មួយ​ណា?»

ខ្ញុំ​បាន​តប​ឆ្លើយ​ថា​៖ «មួយ​ណា​ក៏​ខ្ញុំ​មិន​ចង់​បាន​ដែរ ប៉ុន្តែ​ខ្ញុំ​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា ហើយ​ដោយ​មាន​ជំនួយ​ពី​ទ្រង់ ខ្ញុំ​នឹង​យល់​ព្រម​ទទួល​អ្វី​ដែល​ទ្រង់​អនុញ្ញាត​ឲ្យ»។

គួរ​ឲ្យ​ភ្ញាក់ផ្អើល​មែន អស់​ប្រាំ​ពីរ​ថ្ងៃ​ក្រោយ​មក គេ​បាន​លែង​ខ្ញុំ​ទៅ។ បទ​ពិសោធន៍​នោះ​ជួយ​ខ្ញុំ​ឲ្យ​យល់​នូវ​ភាព​ពិត​នៃ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា ដែល​ថា​៖ «អញ​នឹង​មិន​ចាក​ចេញ​ពី​ឯង ក៏​មិន​បោះបង់​ចោល​ឯង​ឡើយ»។—ហេព្រើរ ១៣:៥

ពេល​ខ្ញុំ​មក​ដល់​ផ្ទះ​វិញ​ខ្ញុំ​ឈឺ​ខ្លាំង​ណាស់ ប៉ុន្តែ​ឪពុក​ខ្ញុំ​បាន​យក​ខ្ញុំ​ទៅ​ជួប​គ្រូ​ពេទ្យ ហើយ​មិន​យូរ​ប៉ុន្មាន ខ្ញុំ​បាន​ជា​សះស្បើយ​វិញ។ ទោះ​ជា​ឪពុក​ខ្ញុំ​ឥត​រួម​ជំនឿ​នឹង​សមាជិក​គ្រួសារ​ក៏​ដោយ ក៏​គាត់​បាន​គាំទ្រ​ចំពោះ​ជំនឿ​សាសនា​របស់​យើង​ដែរ។

ការ​ជាប់​គុក​និង​ការ​បំបរបង់

ប៉ុន្មាន​ខែ​ក្រោយ​មក ខ្ញុំ​ត្រូវ​កេណ្ឌ​ឲ្យ​ធ្វើ​ទាហាន​ក្នុង​កងទ័ព​សូវៀត។ ខ្ញុំ​បាន​ពន្យល់​ថា​ខ្ញុំ​ត្រូវ​បដិសេធ​ដោយសារ​មនសិការ​របស់​ខ្ញុំ។ (អេសាយ ២:៤) យ៉ាង​ណា​ក៏​ដោយ នៅ​ខែ​កុម្ភៈ​ឆ្នាំ​១៩៥១ គេ​កាត់​ទោស​ឲ្យ​ខ្ញុំ​ជាប់​គុក​បួន​ឆ្នាំ និង​បញ្ជូន​ទៅ​គុក​នៅ​ក្រុង​ថឺណូផុល។ ក្រោយ​មក គេ​បញ្ជូន​ខ្ញុំ​ទៅ​គុក​នៅ​ក្រុង​ល្វីវ​ដែល​ជា​ក្រុង​ធំ​ជាង​មាន​ចម្ងាយ​ប្រមាណ​១២០​គីឡូម៉ែត្រ​ពី​នោះ។ ពេល​ខ្ញុំ​ជាប់​គុក​នៅ​ទី​នោះ ខ្ញុំ​បាន​ដឹង​ថា​មាន​ស្មរបន្ទាល់​ជា​ច្រើន​នាក់​ទៀត​ដែល​បាន​ត្រូវ​គេ​បំបរបង់​ចេញ​ទៅ​ស្រុក​ស៊ីបេរី​ដែរ។

នៅ​រដូវ​ក្ដៅ​ឆ្នាំ​១៩៥១ យើង​មួយ​ក្រុម​ត្រូវ​បាន​បញ្ជូន​ទៅ​ឆ្ងាយ​ជាង​ស្រុក​ស៊ីបេរី រហូត​ដល់​ទិស​ខាង​កើត​ដែល​ឆ្ងាយ​ដាច់​ស្រយាល។ យើង​បាន​ធ្វើ​ដំណើរ​អស់​មួយ​ខែ ចម្ងាយ​ប្រមាណ១១.០០០គីឡូម៉ែត្រ ដែល​ឆ្លង​តំបន់​ផ្លាស់ប្ដូរ​ម៉ោង​១១​ដង! ក្រោយ​ពី​ជិះ​រទេះ​ភ្លើង​អស់​ពីរ​សប្ដាហ៍​នោះ គេ​បាន​ឈប់​រទេះ​ភ្លើង​ឲ្យ​យើង​ងូត​ទឹក​តែ​ម្ដង​ទេ។ នោះ​គឺ​នៅ​កន្លែង​ងូត​ទឹក​សាធារណៈ​ដ៏​ធំ​មួយ​នៅ​ក្រុង​ណូវ៉ូស៊ីបីក​ស្រុក​ស៊ីបេរី។

នៅ​កន្លែង​នោះ ក្នុង​ចំណោម​ពួក​អ្នក​គុក​ជា​ច្រើន ខ្ញុំ​បានឮបុរស​ម្នាក់​និយាយ​យ៉ាង​ឮ​ថា​៖ «តើ​មាន​អ្នក​ណា​ជា​សមាជិក​គ្រួសារ​របស់​យ៉ូណាដាប​នៅ​ទី​នេះ​ឬ​ទេ?»។ ពាក្យ​«យ៉ូណាដាប»​បាន​ត្រូវ​ប្រើ​នៅ​ពេល​នោះ​ដើម្បី​សម្គាល់​អស់​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​លើ​ផែនដី​ជា​រៀង​រហូត។ (ពង្សាវតារក្សត្រទី២ ១០:១៥​-​១៧; ទំនុកដំកើង ៣៧:១១, ២៩) ភ្លាមៗ​នោះ អ្នក​ជាប់​គុក​បី​បួន​នាក់​បាន​សម្គាល់​ខ្លួន​គេ​ជា​ស្មរបន្ទាល់។ យើង​បាន​ទទួល​ស្វាគមន៍​គ្នា​យ៉ាង​សប្បាយ​រីករាយ​មែន!

សកម្មភាព​ខាង​វិញ្ញាណ​នៅ​ក្នុង​គុក

កាល​ដែល​នៅ​ក្រុង​ណូវ៉ូស៊ីបីក យើង​បាន​យល់​ព្រម​ប្រើ​ពាក្យ​សម្ងាត់​ដើម្បី​សម្គាល់​ខ្លួន​យើង​ពេល​ទៅ​ដល់​ទិសដៅ​របស់​យើង។ យើង​គ្រប់​គ្នា​បាន​នៅ​ក្នុង​គុក​ជា​មួយ​គ្នា​នៅ​ជិត​សមុទ្រ​ជប៉ុន មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្រុង​វ៉ឡាឌីវ៉ុសស្តុក។ នៅ​ទី​នេះ យើង​បាន​រៀប​ចំ​ឲ្យ​មាន​ការ​ប្រជុំ​ជា​ទៀងទាត់​សំរាប់​ការ​សិក្សា​ព្រះ​គម្ពីរ។ ខ្ញុំ​ពិត​ជា​បាន​ទទួល​នូវ​ការ​ពង្រឹង​កម្លាំង​ខាង​វិញ្ញាណ​មែន​ដោយ​នៅ​ជា​មួយ​នឹង​បងប្អូន​ដែល​មាន​គំនិត​ចាស់​ទុំ​ទាំង​នេះ ដែល​ត្រូវ​ជាប់​ទោស​យូរ​ឆ្នាំ។ ពួក​គាត់​ផ្លាស់​វេន​គ្នា​នាំ​មុខ​កិច្ច​ប្រជុំ ដោយ​ប្រើ​បទ​គម្ពីរ​និង​ចំណុច​ផ្សេងៗ​ដែល​ពួក​គាត់​ចាំ​ពី​ទស្សនាវដ្ដី​ប៉មយាម។

បុគ្គល​ម្នាក់​សួរ​សំនួរ​មួយ ហើយ​អ្នក​នាំ​មុខ​កិច្ច​ប្រជុំ​ក៏​ផ្ដល់​ចម្លើយ។ យើង​គ្រប់​គ្នា​កាត់​ក្រដាស​ពី​បាវ​ស៊ីម៉ងត៍​និង​កត់​ចំណុច​លើ​ក្រដាស​នោះ។ យើង​បាន​រក្សា​ទុក​កំណត់​ទាំង​នោះ​ដើម្បី​ជា​ឯកសារ​យោង​ផ្ទាល់​ខ្លួន។ ពីរបី​ខែ​ក្រោយ​មក អស់​អ្នក​ដែល​ត្រូវ​ជាប់​គុក​យូរ​ឆ្នាំ​ត្រូវ​បញ្ជូន​ទៅ​គុក​ដែល​ឆ្ងាយ​ឆ្ពោះ​ទៅ​ទិស​ខាង​ជើង​នៃ​ស្រុក​ស៊ីបេរី។ យើង​បី​នាក់​ដែល​ក្មេង​ជាង​បាន​ត្រូវ​បញ្ជូន​ទៅ​ក្រុង​ណាកហូដកា គឺ​ជា​ក្រុង​ជិត​នោះ​ដែល​មាន​ចម្ងាយ​៦៥០​គីឡូម៉ែត្រ​ពី​ប្រទេស​ជប៉ុន។ ខ្ញុំ​បាន​ជាប់​គុក​អស់​ពីរ​ឆ្នាំ​នៅ​ទី​នោះ។

ជួន​កាល​យើង​បាន​ទទួល​ទស្សនាវដ្ដី ប៉មយាម មួយ​ក្បាល។ នេះ​បាន​បំប៉ន​យើង​ជា​អាហារ​ខាង​វិញ្ញាណ​អស់​រយៈ​ច្រើន​ខែ។ នៅ​ពេល​ក្រោយ​មក យើង​ក៏​បាន​ទទួល​សំបុត្រ​ដែរ។ សំបុត្រ​ទី​មួយ​ដែល​ខ្ញុំ​ទទួល​គឺ​មក​ពី​គ្រួសារ​ខ្ញុំ (ដែល​ត្រូវ​បាន​បំបរបង់) បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្រក់​ទឹក​ភ្នែក​តែ​ម្ដង សំបុត្រ​នេះ​រៀប​រាប់​ដូច​បាន​ពណ៌នា​នៅ​ក្នុង​ទស្សនាវដ្ដី​ប៉មយាម នៅ​ដើម​អត្ថបទ​នេះ ថា​ពួក​អាជ្ញាធរ​បាន​មក​រុករាន​ផ្ទះ​របស់​ស្មរបន្ទាល់ និង​គ្រួសារ​របស់​គេ​មាន​ពេល​តែ​ពីរ​ម៉ោង​ប៉ុណ្ណោះ​ដើម្បី​ចាក​ចេញ​ពី​ផ្ទះ។

រួម​ជា​មួយ​នឹង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ម្ដង​ទៀត

គេ​លែង​ខ្ញុំ​ពី​គុក​នៅ​ខែ​ធ្នូ ឆ្នាំ​១៩៥២ ក្រោយ​បាន​ជាប់​គុក​អស់​ពីរ​ឆ្នាំ​នៃ​ការ​ជាប់​ទោស​បួន​ឆ្នាំ​នោះ។ ខ្ញុំ​បាន​ទៅ​ជួប​ក្រុម​គ្រួសារ​ខ្ញុំ​ក្នុង​ភូមិ​តូច​មួយ​ឈ្មោះ​ហ្កាដាឡេ​ជិត​ក្រុង​ធូលុន ស្រុក​ស៊ីបេរី ជា​កន្លែង​ដែល​ពួក​គាត់​ត្រូវ​បំបរបង់​ចេញ​ទៅ​កន្លែង​នោះ។ ប្រាកដ​ហើយ ពេល​ជួប​គ្រួសារ​ម្ដង​ទៀត​គឺ​ជា​អ្វី​ដែល​នាំ​ឲ្យ​រីករាយ​ណាស់ កូន​ប្រុស​របស់​ខ្ញុំ​អ៊ីវ៉ាន់​មាន​អាយុ​ជិត​បី​ឆ្នាំ​ហើយ កូន​ស្រី​ខ្ញុំ​អាណា​ជិត​ពីរ​ឆ្នាំ។ ប៉ុន្តែ ខ្ញុំ​មាន​សេរីភាព​អស់​រយៈ​ពេល​ខ្លី​ទេ។ ពួក​អាជ្ញាធរ​ក្នុង​តំបន់​បាន​យក​លិខិត​ឆ្លង​ដែន​របស់​ខ្ញុំ ហើយ​គេ​ឃ្លាំ​មើល​ខ្ញុំ​គ្រប់​ម៉ោង ខ្ញុំ​មិន​អាច​ធ្វើ​ដំណើរ​ច្រើន​ជាង​៣​គីឡូម៉ែត្រ​ពី​ផ្ទះ​ឡើយ។ ក្រោយ​មក គេ​អនុញ្ញាត​ឲ្យ​ខ្ញុំ​ជិះ​សេះ​ទៅ​ផ្សារ​នៅ​ក្រុង​ធូលុន។ ដោយ​ចេះ​ប្រយ័ត្នប្រយែង ខ្ញុំ​បាន​ជួប​ស្មរបន្ទាល់​នៅ​ទី​នោះ។

នៅ​ពេល​នោះ យើង​មាន​កូន​ស្រី​ពីរ​នាក់ អាណា​និង​ណាឌា ហើយ​កូន​ប្រុស​ពីរ អ៊ីវ៉ាន់​និង​ឃូលយ៉ា។ នៅ​ក្នុង​ឆ្នាំ​១៩៥៨ យើង​មាន​កូន​ប្រុស​មួយ​ទៀត​ឈ្មោះ វ៉ូលូដយ៉ា ហើយ​បន្ទាប់​មក នៅ​ក្នុង​ឆ្នាំ​១៩៦១ យើង​មាន​កូន​ស្រី​ម្នាក់​ទៀត​ឈ្មោះ​ហ្កាលា។

ក្រុម​ប៉ូលិស​សម្ងាត់​KGB (អតីត​ភ្នាក់ងារ​សន្ដិសុខ​របស់​រដ្ឋាភិបាល) តែង​តែ​ចាប់​និង​ឈ្លេច​សួរ​ខ្ញុំ។ ពួក​គេ​មាន​គោល​បំណង​ឲ្យ​ខ្ញុំ​ប្រាប់​ពត៌មាន​អំពី​ក្រុមជំនុំ ហើយ​ធ្វើ​ឲ្យ​បងប្អូន​គ្រីស្ទាន​មាន​មន្ទិល​សង្ស័យ​ថា​ខ្ញុំ​កំពុង​តែ​សហការ​ជា​មួយ​ពួក​គេ។ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​តែង​យក​ខ្ញុំ​ទៅ​ភោជនីយដ្ឋាន​ល្អៗ និង​ខំ​រក​ឱកាស​ថត​រូប​ខ្ញុំ​អង្គុយ​ញញឹម​សប្បាយ​រីករាយ​ជា​មួយ​នឹង​ពួក​គេ។ ប៉ុន្តែ ខ្ញុំ​បាន​យល់​ដឹង​នូវ​បំណង​ចិត្ត​របស់​ពួក​គេ ហើយ​ខ្ញុំ​ខំ​ប្រឹង​ធ្វើ​មុខ​ក្រញូវ​ជានិច្ច។ ពេល​គេ​ចាប់​ឃុំឃាំង​ខ្ញុំ​ម្ដងៗ ខ្ញុំ​តែង​ប្រាប់​បងប្អូន​នូវ​អ្វីៗ​ដែល​បាន​កើត​ឡើង។ ដូច្នេះ​ហើយ បងប្អូន​គ្រីស្ទាន​មិន​ដែល​មាន​មន្ទិល​សង្ស័យ​អំពី​ភក្ដីភាព​របស់​ខ្ញុំ​ឡើយ។

ការ​ជួប​បងប្អូន​នៅ​ក្នុង​ជំរំ

ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ស្មរបន្ទាល់​រាប់​រយ​នាក់​បាន​ត្រូវ​គេ​ចាប់​ដាក់​គុក។ ក្នុង​កំឡុង​ពេល​នេះ យើង​តែង​ទៅ​ជួប​បងប្អូន​យើង​នៅ​ក្នុង​គុក​ជា​ទៀងទាត់ ដោយ​ផ្ដល់​នូវ​ប្រកាសនវត្ថុ​ដែល​ពួក​គេ​ត្រូវ​ការ។ តើ​ត្រូវ​បាន​សម្រេច​យ៉ាង​ដូច​ម្ដេច? ពេល​បង​ប្រុស​ឬ​បង​ស្រី​បាន​ត្រូវ​ដោះលែង​ពី​គុក យើង​រៀន​ពី​ពួក​គេ​នូវ​របៀប​ដែល​អាច​ពាំនាំ​យក​ប្រកាសនវត្ថុ​ដោយ​សម្ងាត់ ទោះ​ជា​មាន​ការ​កាន់​កាប់​យ៉ាង​តឹងរ៉ឹង​ក៏​ដោយ។ អស់​ដប់​ឆ្នាំ យើង​អាច​ផ្ដល់​នូវ​ទស្សនាវដ្ដី​និង​សៀវភៅ​ច្រើន​ក្បាល ដែល​យើង​បាន​ទទួល​ពី​ប្រទេស​ប៉ូឡូញ​និង​ប្រទេស​ផ្សេងៗ​ទៀត។

បង​ស្រី​គ្រីស្ទាន​ជា​ច្រើន​នាក់​បាន​ចំណាយ​ពេល​ច្រើន​ម៉ោង​ចម្លង​យ៉ាង​ផ្ចិតផ្ចង់​ដោយ​សរសេរ​អក្សរ​តូចៗ ដែល​ទស្សនាវដ្ដី​មួយ​ច្បាប់​អាច​លាក់​ទុក​ក្នុង​ប្រអប់​ឈើគូស​បាន! នៅ​ឆ្នាំ​១៩៩១ ពេល​យើង​លែង​នៅ​ក្រោម​បម្រាម ហើយ​បាន​ទទួល​ទស្សនាវដ្ដី​ដែល​មាន​ពណ៌​ចម្រុះ​គ្នា​យ៉ាង​ស្រស់​ស្អាត នោះ​បង​ស្រី​ម្នាក់​និយាយ​ថា​៖ «ឥឡូវ​គេ​នឹង​ភ្លេច​យើង​ហើយ»។ គាត់​និយាយ​មិន​ត្រូវ​ទេ។ ទោះ​ជា​មនុស្ស​អាច​ភ្លេច​បាន តែ​ព្រះ​យេហូវ៉ា​នឹង​មិន​ភ្លេច​នូវ​កិច្ចការ​របស់​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះត្រង់​បែប​នេះ​ឡើយ!—ហេព្រើរ ៦:១០

ការ​ផ្លាស់​លំនៅ​និង​សោក​នា​ដក​ម្ម

នៅ​ដំណាច់​ឆ្នាំ​១៩៦៧ ពួក​អាជ្ញាធរ​បាន​មក​ឆែកឆេរ​ផ្ទះ​របស់​ប្អូន​ខ្ញុំ​នៅ​ក្រុង​អ៊ឺកឃូត ពួក​អាជ្ញាធរ​បាន​រក​ឃើញ​ហ៊្វីល​និង​ប្រកាសនវត្ថុ​ព្រះគម្ពីរ។ ពួក​គេ​កាត់​ទោស​ឲ្យ​ប្អូន​ខ្ញុំ​ជាប់​គុក​អស់​បី​ឆ្នាំ។ ប៉ុន្តែ ពេល​ដែល​គេ​មក​ឆែកឆេរ​ផ្ទះ​របស់​យើង គេ​មិន​បាន​រក​ឃើញ​អ្វី​សោះ។ ប៉ុន្តែ ពួក​អាជ្ញាធរ​ជឿ​ថា​យើង​ក៏​ជាប់​ទាក់ទង​រឿង​នេះ​ដែរ ដូច្នេះ​គ្រួសារ​ខ្ញុំ​ត្រូវ​តែ​ចាក​ចេញ​ពី​កន្លែង​នោះ។ យើង​បាន​រើ​ទៅ​ទិស​ខាង​លិច​នៃ​ទីក្រុង​នីវិនណំយិក​នៅ​តំបន់​ឃូឃឺសើ ដែល​មាន​ចម្ងាយ​៥.០០០​គីឡូម៉ែត្រ។ យើង​បាន​ជាប់​រវល់​នឹង​ការ​ផ្សព្វផ្សាយ​ក្រៅ​ផ្លូវការ​នៅ​ទី​នោះ។

នៅ​ថ្ងៃ​ទី​មួយ​នៃ​ពេល​វិស្សមកាល​ពី​សាលា​នៅ​ខែ​មិថុនា ឆ្នាំ​១៩៦៩ នោះ​មាន​រឿង​ខ្លោចផ្សា​មួយ​បាន​កើត​ឡើង។ កូន​របស់​យើង​ឈ្មោះ​ឃូលយ៉ា​អាយុ​១២​ឆ្នាំ​ត្រូវ​បាន​ខ្សែ​ភ្លើង​ឆក់ កាល​ដែល​ខំ​ទៅ​រើស​យក​បាល់​ជិត​ត្រង់​ស្វម៉ាទ័រ​ដែល​មាន​កម្លាំង​វ៉ុល​ខ្ពស់។ រូប​កាយ​របស់​កូន​ត្រូវ​រលាក​អស់​៧០​ភាគ​រយ។ ពេល​ដែល​ដេក​នៅ​ពេទ្យ កូន​ខ្ញុំ​បែរ​មក​រក​ខ្ញុំ​និង​បាន​សួរ​ថា​៖ «តើ​យើង​អាច​ទៅ​កោះ​នោះ​ម្ដង​ទៀត​បាន​ទេ?» (កូន​ខ្ញុំ​និយាយ​អំពី​កោះ​មួយ​ដែល​យើង​ធ្លាប់​ចូល​ចិត្ត​ទៅ​លេង)។ ខ្ញុំ​និយាយ​ថា​៖ «មែន​ហើយ យើង​នឹង​ទៅ​ទៀត​កូន។ ពេល​ដែល​ព្រះយេស៊ូ​គ្រីស្ទ​ជួយ​ប្រោស​កូន នោះ​យើង​ប្រាកដ​ជា​នឹង​ទៅ​កោះ​ម្ដង​ទៀត»។ ដោយ​នៅ​ដឹង​ខ្លួន​តិចៗ កូន​ខ្ញុំ​បាន​ច្រៀង​ចំរៀង​ព្រះ​រាជាណាចក្រ​មួយ​ដែល​ខ្លួន​ចូល​ចិត្ត​ច្រៀង គឺ​ជា​ចំរៀង​ដែល​កូន​តែង​ផ្លុំ​ត្រំប៉ែត​នៅ​វង់​ភ្លេង​ក្នុង​ក្រុមជំនុំ។ បី​ថ្ងៃ​ក្រោយ​មក​កូន​ខ្ញុំ​បាន​ស្លាប់​ទៅ ទាំង​ប្រាកដ​ក្នុង​ចិត្ត​លើ​សេចក្ដី​សង្ឃឹម​នៃ​ដំណើរ​រស់​ឡើង​វិញ។

ឆ្នាំ​ជា​បន្ទាប់ នោះ​កូន​ឈ្មោះ​អ៊ីវ៉ាន់​ដែល​មាន​អាយុ​២០​ឆ្នាំ​ត្រូវ​បាន​កេណ្ឌ​ឲ្យ​ធ្វើ​ទាហាន។ ពេល​កូន​ខ្ញុំ​បដិសេធ នោះ​គេ​ចាប់​ដាក់​គុក​អស់​បី​ឆ្នាំ។ នៅ​ឆ្នាំ​១៩៧១ ខ្ញុំ​ត្រូវ​ជាប់​កំណែន​យោធា​ដែរ ហើយ​ត្រូវ​គេ​គំរាម​កំហែង​ថា​នឹង​ជាប់​គុក​ម្ដង​ទៀត​បើ​មិន​ធ្វើ​តាម​បញ្ជា​នេះ។ រឿង​ក្ដី​របស់​ខ្ញុំ​បាន​អូស​បន្លាយ​អស់​ច្រើន​ខែ។ ក្នុង​ចន្លោះ​ពេល​នោះ ភរិយា​ខ្ញុំ​មាន​រោគ​មហារីក ហើយ​ត្រូវ​ការ​មើល​ថែរក្សា​ជា​ចាំបាច់។ ដោយសារ​មូលហេតុ​នេះ​គេ​ក៏​ទាត់​ចោល​រឿង​ក្ដី​នោះ​ទៅ។ ម៉ារា​បាន​ទទួល​មរណភាព​នៅ​ឆ្នាំ​១៩៧២។ គាត់​ជា​ភរិយា​ដ៏​ស្មោះ ព្រម​ទាំង​មាន​ចិត្ត​ស្មោះត្រង់​ចំពោះ​ព្រះ​យេហូវ៉ា​រហូត​ដល់​ស្លាប់។

គ្រួសារ​បែក​ទៅ​ប្រទេស​ផ្សេង

នៅ​ឆ្នាំ​១៩៧៣ ខ្ញុំ​បាន​រៀប​ការ​ជា​មួយ​នឹង​នីណា។ ឪពុក​គាត់​បាន​កាត់កាល់​បណ្ដេញ​ពី​ផ្ទះ​នៅ​ឆ្នាំ​១៩៦០ ពេល​នីណា​ក្លាយ​ទៅ​ជា​ស្មរបន្ទាល់​ម្នាក់។ គាត់​ជា​អ្នក​បំរើដែល​មាន​ចិត្ត​ខ្នះខ្នែង​ក្នុង​ចំណោម​បង​ស្រីៗ​ដែល​បាន​ចម្លង​ទស្សនាវដ្ដី​សំរាប់​ពួក​អ្នក​នៅ​ជាប់​គុក​ក្នុង​ជំរំ។ កូនៗ​របស់​ខ្ញុំ​ក៏​ចាប់​មាន​ចិត្ត​ស្រឡាញ់​គាត់​ដែរ។

អាជ្ញាធរ​មិន​បាន​សប្បាយ​ចិត្ត​នឹង​សកម្មភាព​របស់​យើង​នៅ​ក្រុង​នីវិនណំយិក ហើយ​បង្ខំ​យើង​ឲ្យ​ចេញ​ពី​កន្លែង​នោះ។ ដូច្នេះ​នៅ​ឆ្នាំ​១៩៧៥ ភរិយា​ខ្ញុំ កូន​ស្រីៗ និង​ខ្ញុំ​បាន​រើ​ទៅ​នៅ​ខាង​ត្បូង​នៃ​តំបន់​ឃូឃឺសើ​នៅ​ប្រទេស​ហ្សកហ្ស៊ី។ នៅ​ពេល​ដំណាល​គ្នា កូន​ខ្ញុំ​ឈ្មោះ​អ៊ីវ៉ាន់​និង​វ៉ូឡូដយ៉ា​ក៏​រើ​ទៅ​នៅ​ដាសាមប៊ុល​នៅ​ជាយ​ព្រំដែន​នៃ​ប្រទេស​កាសាកស្តែន។

គ្រា​នោះ នៅ​ប្រទេស​ហ្សកហ្ស៊ី​សកម្មភាព​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ទើប​តែ​ចាប់​ផ្ដើម។ យើង​ធ្វើ​បន្ទាល់​ក្រៅ​ផ្លូវការ​នៅ​ក្នុង​តំបន់​ជិតៗ​ក្រុង​ហ្កាក្រា​និង​ក្រុង​ស៊ូឃូមី​តាម​ឆ្នេរ​សមុទ្រ​ខ្មៅ ហើយ​មួយ​ឆ្នាំ​ក្រោយ​មក មាន​ស្មរបន្ទាល់​ដប់​នាក់​បាន​ត្រូវ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ទន្លេ​មួយ​ដែល​នៅ​ជិត​ភ្នំ។ មិន​យូរ​ប៉ុន្មាន​ទៀត អាជ្ញាធរ​ទទូច​ឲ្យ​យើង​ចាក​ចេញ​ពី​កន្លែង​នោះ ហើយ​យើង​ទៅ​រស់​នៅ​តំបន់​ខាង​កើត​នៃ​ប្រទេស​ហ្សកហ្ស៊ី។ នៅ​កន្លែង​នោះ​យើង​ខំ​ប្រឹង​រក​មនុស្ស​ដែល​មាន​លក្ខណៈ​ដូច​ចៀម ហើយ​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ពរ​ដល់​យើង​មែន។

យើង​ជួប​ជុំ​គ្នា​ជា​ក្រុម​តូច​មួយ ហើយ​យើង​មាន​បញ្ហា​នឹង​ភាសា​ដែរ ពីព្រោះ​យើង​មិន​ចេះ​ភាសា​ហ្សកហ្ស៊ី​ទេ ចំណែក​បងប្អូន​សាសន៍​ហ្សកហ្ស៊ី​ខ្លះ​ក៏​ឥត​ចេះ​និយាយ​ភាសា​រូស៊ីស្ទាត់​ដែរ។ មុន​ដំបូង យើង​សិក្សា​ជា​មួយ​នឹង​ជនជាតិ​រូស៊ី​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ ក្រោយ​មក​នោះ​ការ​ផ្សព្វផ្សាយ​និង​ការ​បង្រៀន​ជា​ភាសា​ហ្សកហ្ស៊ី​ត្រូវ​បាន​រីក​ចំរើន​ជា​បណ្ដើរៗ ហើយ​សព្វ​ថ្ងៃ​នេះ មាន​អ្នក​ប្រកាស​សារ​ព្រះ​រាជាណាចក្រ​រាប់​ពាន់​នាក់​នៅ​ប្រទេស​ហ្សកហ្ស៊ី។

នៅ​ឆ្នាំ​១៩៧៩ ក្រោម​ការ​គាប​សង្កត់​ពី​ក្រុម​ប៉ូលិស​សម្ងាត់​KGB នោះ​និយោជក​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា​គាត់​មិន​ចូល​ចិត្ត​ឲ្យ​ខ្ញុំ​រស់​នៅ​ប្រទេស​គាត់​ទៀត​ទេ។ នៅ​ពេល​នោះ​ឯង កូន​ស្រី​ខ្ញុំ​ឈ្មោះ​ណាឌា​មាន​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ណាឌា​និង​កូន​របស់​នាង​ក៏​បាន​ស្លាប់​ទៅ។ ម្ដាយ​របស់​ខ្ញុំ​បាន​ស្លាប់​នៅ​ក្រុង​នីវិនណំយិក​ឆ្នាំ​មុន​នោះ​ក្នុង​កាល​ដែល​គាត់​បំរើ​ព្រះយេហូវ៉ា​ដោយ​ចិត្ត​ស្មោះ​ត្រង់។ អ្នក​នៅ​រស់​គឺ​មាន​តែ​ឪពុក​និង​ប្អូន​ខ្ញុំ​ប៉ុណ្ណោះ។ ដូច្នេះ យើង​ក៏​សម្រេច​ចិត្ត​រើ​ទៅ​នៅ​ទី​នោះ​វិញ។

យើង​ទទួល​ពរ​បាន​ដោយ​ការ​ស៊ូទ្រាំ

នៅ​ក្រុង​នីវិនណំយិក យើង​បន្ត​ផលិត​ប្រកាសនវត្ថុ​ព្រះគម្ពីរ​ដោយ​សម្ងាត់។ នៅ​ពេល​មួយ​នៅ​កំឡុង​ឆ្នាំ​១៩៨០ ពេល​គេ​ហៅ​ខ្ញុំ​ឲ្យ​ទៅ​ជួប​ពួក​អាជ្ញាធរ ខ្ញុំ​បាន​ប្រាប់​គេ​ថា​ខ្ញុំ​បាន​យល់សប្ដិ​ថា​ខ្ញុំ​បាន​លាក់​ទស្សនាវដ្ដី​ពី​ពួក​គេ។ ពួក​គេ​បាន​សើច។ ពេល​ដែល​ខ្ញុំ​ចេញ​ពី​ពួក​គេ នោះ​បុគ្គល​ម្នាក់​បាន​និយាយ​ថា​៖ «សូម​កុំ​ឲ្យ​អ្នក​មាន​សុបិន​ទៀត​អំពី​ការ​លាក់​ប្រកាសនវត្ថុ​ឡើយ»។ គាត់​និយាយ​ទៀត​ថា​៖ «បន្ដិច​ទៀត អ្នក​អាច​ទុក​ប្រកាសនវត្ថុ​លើ​ធ្នើរ​របស់​អ្នក ហើយ​អ្នក​អាច​ទៅ​ប្រជុំ​ទាំង​កាន់​ដៃ​ភរិយា និង​ទាំង​អាច​កាន់​ព្រះ​គម្ពីរ​ទៀត​ផង»។

នៅ​ឆ្នាំ​១៩៨៩យើង​មាន​ចិត្ត​ស្រងូត​ស្រងាត់​មែន ពីព្រោះ​កូន​ស្រី​ខ្ញុំ​ឈ្មោះ​អាណា​បាន​ស្លាប់​ដោយសារ​ប៉ោង​សរសៃ​ឈាម​នៅ​ក្នុង​ខួរ​ក្បាល។ អាណា​មាន​អាយុ​តែ​៣៨​ឆ្នាំ​ប៉ុណ្ណោះ។ នៅ​ឆ្នាំ​នោះ នៅ​ខែ​សីហា ស្មរបន្ទាល់​នៅ​ក្រុង​នីវិនណំយិក​បាន​ជួល​រទេះ​ភ្លើង​និង​ធ្វើ​ដំណើរ​ទៅ​ក្រុង​វ៉សាវសូ​ប្រទេស​ប៉ូឡូញ ដើម្បី​ទៅ​មហា​សន្និបាត​អន្តរជាតិ។ មនុស្ស​ចំនួន​៦០.៣៦៦​នាក់​មាន​វត្តមាន​នៅ​ទី​នោះ ដែល​រួម​មាន​ស្មរបន្ទាល់​រាប់​ពាន់​នាក់​ពី​សហ​ភាព​សូវៀត។ យើង​ពិត​ជា​បាន​គិត​ថា​យើង​កំពុង​តែ​យល់សប្ដិ​មែន! តិច​ជាង​ពីរ​ឆ្នាំ​ក្រោយ​មក នៅ​ថ្ងៃ​ទី២៧ ខែមីនា ឆ្នាំ​១៩៩១ ខ្ញុំ​មាន​កិត្ដិយស​ក្នុង​ចំណោម​អ្នក​ចាស់​ទុំ​ប្រាំ​នាក់​ដែល​បាន​បំរើ​ព្រះយេហូវ៉ា​ជា​យូរ​មក​ហើយ​នៅ​សហ​ភាព​សូវៀត ដើម្បី​ចុះ​ហត្ថលេខា​នៅ​ទី​ក្រុង​មូស្គូ ដែល​ផ្ដល់​នូវ​ការ​ទទួល​ស្គាល់​ពេញ​ច្បាប់​សំរាប់​អង្គការ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា!

ខ្ញុំ​មាន​ចិត្ត​រីករាយ​ណាស់ ដោយ​កូនៗ​របស់​ខ្ញុំ​ដែល​នៅ​រស់​កំពុង​តែ​បំរើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់។ ហើយ​ខ្ញុំ​ទន្ទឹង​ចាំ​នៅ​ពិភពលោក​ថ្មី​របស់​ព្រះ ថា​ខ្ញុំ​អាច​ឃើញ​កូន​របស់​ខ្ញុំ​អាណា ណាឌា​និង​ចៅ​ស្រី ព្រម​ទាំង​ឃូលយ៉ា​ដែរ។ ពេល​ឃូលយ៉ា​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ខ្ញុំ​នឹង​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​ខ្ញុំ ដើម្បី​យក​កូន​ទៅ​កោះ​នោះ ដែល​យើង​បាន​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

នៅ​ពេល​ចន្លោះ​នោះ យើង​មាន​អំណរ​មែន​ដោយ​ឃើញ​សេចក្ដី​ពិត​អំពី​ព្រះគម្ពីរ​កំពុង​តែ​រីក​ចំរើន​យ៉ាង​លឿន​នៅ​ក្នុង​ប្រទេស​ដ៏​ធំធេង​នេះ! ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​មែន​នឹង​ជីវិត​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​អរ​ព្រះ​គុណ​ចំពោះ​ព្រះ​យេហូវ៉ា ដោយ​អនុញ្ញាត​ឲ្យ​ខ្ញុំ​ក្លាយ​ទៅ​ជា​ស្មរបន្ទាល់​ម្នាក់​របស់​ទ្រង់។ ខ្ញុំ​ជឿ​ស៊ប់​ក្នុង​ចិត្ត​នូវ​សច្ចភាព​នៃ​ទំនុកដំកើង ៣៤:៨ ដែល​ចែង​ថា​៖ «ឱ​សូម​ភ្លក់​មើល​ឲ្យ​ដឹង​ថា ព្រះ​យេហូវ៉ា​ទ្រង់​ល្អ​ចុះ មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ពឹង​ជ្រក​ក្នុង​ទ្រង់»។