លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«មើល! នេះគឺជាព្រះនៃយើងរាល់គ្នា»

«មើល! នេះគឺជាព្រះនៃយើងរាល់គ្នា»

«មើល! នេះ​គឺ​ជា​ព្រះ​នៃ​យើង​រាល់​គ្នា»

​«មើល! នេះ​គឺ​ជា​ព្រះ​នៃ​យើង​រាល់​គ្នា យើង​បាន​រង់ចាំ​ទ្រង់ ហើយ​ទ្រង់​នឹង​ជួយ​សង្គ្រោះ​យើង នេះ​គឺ​ជា​ព្រះ​យេហូវ៉ា»។—អេសាយ ២៥:៩

១, ២​. (ក) តើ​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ដូច​ម្ដេច​អំពី​អ័ប្រាហាំ? ហើយ​តើ​នេះ​ប្រហែល​ជា​ធ្វើ​ឲ្យ​យើង​ឆ្ងល់​អំពី​អ្វី​ទៅ? (ខ) ក្នុង​ព្រះ​គម្ពីរ តើ​ព្រះ​ធានា​ឲ្យ​យើង​ជឿជាក់​ថា​យើង​អាច​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ទ្រង់​យ៉ាង​ដូច​ម្ដេច?

‹សំឡាញ់​របស់​យើង›។ ព្រះ​យេហូវ៉ា ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ​និង​ផែនដី​បាន​មាន​បន្ទូល​ដូច្នេះ​អំពី​អ័ប្រាហាំ។ (អេសាយ ៤១:៨) សូម​គិត​ទៅ​មើល មនុស្ស​ជាតិ​អាច​មាន​មិត្តភាព​ជា​មួយ​ព្រះ​អម្ចាស់​មហាក្សត្រ​នៃ​សកលលោក​ទាំង​មូល! អ្នក​ប្រហែល​ជា​ឆ្ងល់​ថា‹តើ​ខ្ញុំ​ពិត​ជា​អាច​មាន​ភាព​ជិត​ស្និទ្ធ​ដូច្នេះ​នឹង​ព្រះ​បាន​ឬ​ទេ?›។

ក្នុង​ព្រះ​គម្ពីរ​ព្រះ​ធានា​ថា យើង​ពិត​ជា​អាច​មាន​ភាព​ស្និទ្ធស្នាល​ជា​មួយ​ទ្រង់​បាន។ អ័ប្រាហាំ​មាន​ភាព​ស្និទ្ធស្នាល​យ៉ាង​នេះ​ដោយសារ​គាត់​«បាន​ជឿ​ដល់​ព្រះ»។ (យ៉ាកុប ២:២៣) សព្វ​ថ្ងៃ​នេះ​ដែរ ព្រះ​យេហូវ៉ា​ក៏​«ស្និទ្ធស្នាល​ជា​មួយ​មនុស្ស​ទៀងត្រង់»។ (សុភាសិត ៣:៣២,​ខ.ស.) នៅ​យ៉ាកុប ៤:៨ ព្រះ​គម្ពីរ​ជំរុញ​យើង​ថា​៖​«ចូល​ទៅ​ជិត​ព្រះ នោះ​ទ្រង់​នឹង​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ដែរ»។ ប្រាកដ​ហើយ បើ​យើង​ព្យាយាម​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា ទ្រង់​នឹង​ប្រព្រឹត្ត​តប​ដោយ​ចូល​មក​ជិត​យើង​ដែរ។ ប៉ុន្តែ តើ​ព្រះ​បន្ទូល​របស់​ព្រះ​នេះ​បាន​ន័យ​ថា​យើង​ដែល​ជា​មនុស្ស​ជាតិ​ឥត​គ្រប់​ល័ក្ខណ៍​ជា​អ្នក​ផ្ដើម​មិត្តភាព​នេះ​ឬ? គឺ​មិន​មែន​ដូច្នេះ​ទេ! យើង​អាច​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​បាន ដោយសារ​តែ​ព្រះ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​របស់​យើង​បាន​ផ្ដើម​ធ្វើ​ជំហាន​ពីរ​ដ៏​សំខាន់​ទុក​ជា​មុន។—ទំនុកដំកើង ២៥:១៤

៣​. តើ​អ្វី​ជា​ជំហាន​ពីរ​យ៉ាង​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដើម្បី​ផ្ដល់​លទ្ធភាព​ឲ្យ​យើង​មាន​មិត្តភាព​ជា​មួយ​នឹង​ទ្រង់?

ទី​មួយ ព្រះ​យេហូវ៉ា​បាន​រៀប​ចំ​ឲ្យ​ព្រះ​យេស៊ូ​«ឲ្យ​ជីវិត​ខ្លួន ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន»។ (ម៉ាថាយ ២០:២៨) យញ្ញបូជា​លោះ​នេះ​ផ្ដល់​លទ្ធភាព​ឲ្យ​យើង​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ។ ព្រះគម្ពីរ​ចែង​ថា​៖​«ឯ​យើង​រាល់​គ្នា យើង​ស្រឡាញ់​ទ្រង់ ពីព្រោះ​ទ្រង់​បាន​ស្រឡាញ់​យើង​ជា​មុន»។ (យ៉ូហានទី១ ៤:១៩) ពិត​មែន ដោយ​ព្រោះ​ព្រះ​«ស្រឡាញ់​យើង​ជា​មុន» នោះ​ទ្រង់​បាន​ស្ថាបនា​មូលដ្ឋាន​ឲ្យ​យើង​ចង​មិត្តភាព​ជា​មួយ​នឹង​ទ្រង់។ ទីពីរ ទ្រង់​បាន​សម្ដែង​អង្គ​ទ្រង់​ឲ្យ​យើង​ស្គាល់។ ភាព​ជិត​ស្និទ្ធ​រវាង​មិត្ត​សំឡាញ់​ពីរ​នាក់​ត្រូវ​មាន​មូលដ្ឋាន​ទៅ​លើការ​ស្គាល់​បុគ្គលិកលក្ខណៈ​របស់​មិត្ត​ខ្លួន​យ៉ាង​ច្បាស់​លាស់ និង​ការ​ស្រឡាញ់​លក្ខណៈ​របស់​គាត់។ សូម​គិត​អំពី​អត្ថន័យ​នៃ​ចំណុច​នេះ។ បើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​មួយ​អង្គ​ដ៏​អាថ៌កំបាំង​ដែល​យើង​ស្គាល់​ពុំ​បាន នោះ​យើង​មិន​អាច​មាន​ភាព​ជិត​ស្និទ្ធ​នឹង​ទ្រង់​បាន​ឡើយ។ ប៉ុន្តែ ទ្រង់​មិន​លាក់​នូវ​បុគ្គលិកលក្ខណៈ​របស់​ទ្រង់​ទេ ទ្រង់​ចង់​ឲ្យ​យើង​ស្គាល់​ទ្រង់​វិញ។ (អេសាយ ៤៥:១៩) ក្នុង​ព្រះ​គម្ពីរ​ដែល​ជា​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា ទ្រង់​សម្ដែង​អង្គ​ទ្រង់​ឲ្យ​យើង​ស្គាល់​ដោយ​ប្រើ​ការ​ពណ៌នា​ដែល​យើង​អាច​យល់​បាន។ នេះ​ជា​ភស្តុតាង​ថា​ទ្រង់​មិន​គ្រាន់​តែ​ស្រឡាញ់​យើង​ប៉ុណ្ណោះ​ទេ តែ​ទ្រង់​ក៏​ចង់​ឲ្យ​យើង​ស្គាល់​ទ្រង់​និង​ស្រឡាញ់​ទ្រង់​ផង​ដែរ។

៤​. តើ​យើង​នឹង​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ព្រះ​យេហូវ៉ា​កាល​ដែល​យើង​ចាប់​ផ្ដើម​ស្គាល់​គុណសម្បត្ដិ​របស់​ទ្រង់​យ៉ាង​ច្បាស់​ជាង​នោះ?

តើ​អ្នក​ធ្លាប់​ឃើញ​ទេ​ពេល​កូន​ក្មេង​តូច​ម្នាក់​ចង្អុល​ទៅ​ឪពុក​របស់​ខ្លួន​ឲ្យ​ពួក​ម៉ាក​ស្គាល់ ដោយ​វា​ពោល​ទាំង​មាន​អំណរ​និង​មាន​មោទនភាព​ថា​«នេះ​ជា​ប៉ា​របស់​ខ្ញុំ»? អ្នក​ថ្វាយ​បង្គំ​ព្រះ​ក៏​មាន​ហេតុ​សម្ដែង​នូវ​អារម្មណ៍​ដូច​នេះ​ចំពោះ​ព្រះ​យេហូវ៉ា​ដែរ។ ព្រះ​គម្ពីរ​បាន​ទាយ​ទុក​ជា​មុន​អំពី​គ្រា​ដែល​មនុស្ស​ស្មោះ​ត្រង់​នឹង​ប្រកាស​ថា​៖ «មើល! នេះ​គឺ​ជា​ព្រះ​នៃ​យើង​រាល់​គ្នា»។ (អេសាយ ២៥:៨, ៩) កាល​ណា​អ្នក​យល់​ដឹង​កាន់​តែ​ច្រើន​អំពី​គុណសម្បត្ដិ​របស់​ព្រះ​យេហូវ៉ា នោះ​អ្នក​កាន់​តែ​ប្រាកដ​ក្នុង​ចិត្ត​ថា អ្នក​មាន​ព្រះ​វរបិតា​ដ៏​ល្អ​បំផុត។ ពិត​ណាស់ ការ​យល់​នូវ​គុណសម្បត្ដិ​របស់​ព្រះ​យេហូវ៉ា​ផ្ដល់​មូលហេតុ​ជា​ច្រើន​ដែល​យើង​គួរ​ចូល​ទៅ​ជិត​ទ្រង់។ សូម​យើង​ពិចារណា​នូវ​របៀប​ព្រះ​គម្ពីរ​សម្ដែង​ឲ្យ​យើង​យល់​នូវ​គុណសម្បត្ដិ​ចំ​បង​របស់​ទ្រង់ គឺ​តេជានុភាព យុត្ដិធម៌ ប្រាជ្ញា និង​សេចក្ដី​ស្រឡាញ់។ ក្នុង​អត្ថបទ​នេះ​យើង​នឹង​ពិចារណា​គុណសម្បត្ដិ​បី​ដំបូង។

«មាន​តេជានុភាព​ដ៏​ខ្ពស់​បំផុត»

៥​. ហេតុ​អ្វី​សម​ត្រឹម​ត្រូវ​ដែល​ព្រះ​យេហូវ៉ា​តែ​មួយ​អង្គ​ប៉ុណ្ណោះ​មាន​ឋានៈ​ជា​«ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​បំផុត»? ហើយ​តើ​ទ្រង់​ប្រើ​តេជានុភាព​ដ៏​ខ្លាំង​មហិមា​របស់​ទ្រង់​ដើម្បី​ធ្វើ​អ្វី​ខ្លះ?

ព្រះ​យេហូវ៉ា​«មាន​តេជានុភាព​ដ៏​ខ្ពស់​បំផុត»។ (យ៉ូប ៣៧:២៣) យេរេមា ១០:៦ ចែង​ថា​៖​«ឱ​ព្រះ​យេហូវ៉ា​អើយ! គ្មាន​ណា​ឲ្យ​ដូច​ទ្រង់​ឡើយ ទ្រង់​ធំ​ប្រសើរ ហើយ​ព្រះ​នាម​ទ្រង់​ក៏​មាន​ឥទ្ធានុភាព​យ៉ាង​ខ្លាំង​ដែរ»។ ព្រះ​យេហូវ៉ា​គឺ​ខុស​ប្លែក​ពី​សត្តនិករ​ឯ​ទៀត ពីព្រោះ​តេជានុភាព​របស់​ទ្រង់​គ្មាន​កំរិត។ ហេតុ​នេះ​ហើយ​មាន​តែ​ទ្រង់​ប៉ុណ្ណោះ​ដែល​ហៅ​ថា​៖ «ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​បំផុត»។ (វិវរណៈ ១៥:៣) ព្រះ​យេហូវ៉ា​ប្រើ​តេជានុភាព​ដ៏​ខ្លាំង​មហិមា​របស់​ទ្រង់​ដើម្បី​បង្កើត បំផ្លាញ ការពារ និង​បង្កើត​សា​ជា​ថ្មី។ សូម​ពិចារណា​ឧទាហរណ៍​ពីរ គឺ​តេជានុភាព​របស់​ទ្រង់​ក្នុង​ការ​បង្កើត​និង​ក្នុង​ការ​ការពារ។

៦, ៧​. តើ​ព្រះ​អាទិត្យ​គឺ​ខ្លាំង​ប៉ុន​ណា? ហើយ​តើ​ការ​ពិត​អ្វី​ដ៏​សំខាន់​ដែល​ត្រូវ​បញ្ជាក់​ដោយ​ភស្តុតាង​នេះ?

ពេល​អ្នក​ឈរ​ខាង​ក្រៅ​ផ្ទះ​ចំ​ពេល​ថ្ងៃ​ក្ដៅ តើ​អ្វី​ត្រូវ​ស្បែក​របស់​អ្នក? គឺ​កំដៅ​ព្រះ​អាទិត្យ។ ប៉ុន្តែ តាម​ពិត អ្នក​កំពុង​តែ​ពិសោធ​នូវ​តេជានុភាព​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​បង្កើត។ តើ​ព្រះ​អាទិត្យ​គឺ​ខ្លាំង​ប៉ុន​ណា​ទៅ? ក្នុង​ស្នូល​ព្រះ​អាទិត្យ មាន​កំដៅ​ដល់​ទៅ​១៥​លាន​អង្សា។ បើ​អ្នក​អាច​ខួង​ស្នូល​ព្រះ​អាទិត្យ​ដោយ​ដក​យក​មួយ​គ្រាប់​មាន​ទំហំ​ប៉ុន​ក្បាល​រុយ រួច​ដាក់​គ្រាប់​តូច​នោះ​នៅ​លើ​ផែនដី​យើង​នេះ អ្នក​នឹង​ត្រូវ​ឈរ​ចម្ងាយ​យ៉ាង​ហោច​ណាស់​១៥០​គីឡូម៉ែត្រ​ពី​គ្រាប់​តូច​នោះ ដើម្បី​មាន​សុវត្ថិភាព! រាល់​វិនាទី ព្រះ​អាទិត្យ​បញ្ចេញ​ថាមពល​ស្មើ​នឹង​ការ​ផ្ទុះ​គ្រាប់បែក​នុយក្លេអ៊ែ​រាប់​រយ​លាន​គ្រាប់។ ប៉ុន្តែ ផែនដី​វិល​ជុំវិញ​ព្រះ​អាទិត្យ​ជា​ភ្លើង​នុយក្លេអ៊ែ​ដ៏​សែន​ក្ដៅ ដោយ​រក្សា​ចម្ងាយ​មិន​ជិត​ពេក​មិន​ឆ្ងាយ​ពេក​ទេ។ បើ​ផែនដី​នៅ​ជិត​ព្រះ​អាទិត្យ​ពេក ទឹក​លើ​ផែនដី​នឹង​ក្លាយ​ជា​ចំហាយ​ហួត​អស់។ បើ​ផែនដី​នៅ​ឆ្ងាយ​ពេក​ពី​ព្រះ​អាទិត្យ នោះ​ទឹក​នឹង​ត្រជាក់​ពេក​រហូត​ដល់​ក្លាយ​ជា​ទឹកកក។ បើ​មាន​លក្ខណៈ​ណា​មួយ​ដូច​ខាង​លើ​នេះ នឹង​គ្មាន​ភាវៈរស់​សោះ​នៅ​លើ​ភព​ផែនដី​យើង​នេះ។

យ៉ាង​ណា​ក៏​ដោយ មនុស្ស​ភាគ​ច្រើន​មើល​ស្រាល​ចំពោះ​ព្រះ​អាទិត្យ ទោះ​ជា​ជីវិត​ពួក​គេ​ពឹងពាក់​ទៅ​លើ​ព្រះ​អាទិត្យ​ក៏​ដោយ។ ដូច្នេះ ពួក​គេ​មិន​បាន​ទាញ​យក​មេ​រៀន​មក​គិត​ពិចារណា​អំពី​ព្រះ​អាទិត្យទេ។ ទំនុកដំកើង ៧៤:១៦ ចែង​អំពី​ព្រះ​យេហូវ៉ា​ថា​៖ «ទ្រង់​បាន​បង្កើត​ពន្លឺ នឹង​ដួង​ព្រះ​អាទិត្យ»។ ពិត​ណាស់ ព្រះ​អាទិត្យ​លើក​កិត្ដិយស​ចំពោះ​ព្រះ​យេហូវ៉ា ជា​«ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ នឹង​ផែនដី»។ (ទំនុកដំកើង ១៤៦:៦) ប៉ុន្តែ ព្រះ​អាទិត្យ​គ្រាន់​តែ​ជា​ការ​បង្កើត​មួយ​ក្នុង​ចំណោម​ការ​បង្កើត​ជា​ច្រើន​ឥត​គណនា​ដែល​បង្រៀន​យើង​អំពី​តេជានុភាព​ដ៏​ខ្លាំង​មហិមា​របស់​ព្រះ​យេហូវ៉ា។ ពេល​យើង​រៀន​កាន់​តែ​ច្រើន​អំពី​តេជានុភាព​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​បង្កើត យើង​រឹតតែ​កោត​ស្ញប់ស្ញែង​ចំពោះ​ទ្រង់។

៨, ៩​. (ក) តើ​ការ​ប្រៀបប្រដូច​អ្វី​បញ្ជាក់​អំពី​ព្រះទ័យ​ព្រះ​យេហូវ៉ា​ក្នុង​ការ​ការពារ​និង​ថែរក្សា​អ្នក​ដែល​ថ្វាយ​បង្គំ​ទ្រង់? (ខ) តើ​អ្នក​គង្វាល​នៅ​សម័យ​ព្រះ​គម្ពីរ​ត្រូវ​ថែរក្សា​ចៀម​ដោយ​ធ្វើ​ដូច​ម្ដេច​ខ្លះ? តើ​នេះ​បង្រៀន​អ្វី​អំពី​អ្នក​គង្វាល​ដ៏​ឧត្តម​របស់​យើង?

ព្រះ​យេហូវ៉ា​ក៏​ប្រើ​តេជានុភាព​ដើម្បី​ការពារ​និង​ថែរក្សា​អ្នក​បំរើ​របស់​ទ្រង់។ ព្រះ​គម្ពីរ​ប្រើ​ការ​ប្រៀបប្រដូច​ដែល​មាន​ទិដ្ឋភាព​រស់​រវើក ក្នុង​ការ​ពណ៌នា​អំពី​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា ថា​ទ្រង់​នឹង​ការពារ​យើង។ ជា​ឧទាហរណ៍ សូម​ពិចារណា​អេសាយ ៤០:១១។ ក្នុង​ខ​នេះ ព្រះ​យេហូវ៉ា​ប្រដូច​អង្គ​ទ្រង់​ជា​អ្នក​គង្វាល ហើយ​ទ្រង់​រាស្ត្រ​ទ្រង់​ជា​ចៀម។ ខ​នោះ​អាន​ដូច​ត​ទៅ​ថា​៖ «ទ្រង់​នឹង​ឃ្វាល​ហ្វូង​របស់​ទ្រង់ ដូច​ជា​អ្នក​គង្វាល ទ្រង់​នឹង​ប្រមូល​អស់​ទាំង​កូន​ចៀម​មក​បី​នៅ​ព្រះ​ពាហុ ហើយ​លើក​ផ្ទាប់​នៅ​ព្រះ​ឧរា ក៏​នឹង​នាំ​ពួក​មេៗ ដែល​មាន​កូន​ខ្ចី ទៅ​ដោយ​ថ្នម»។ តើ​អ្នក​អាច​នឹក​ឃើញ​ទិដ្ឋភាព​នោះ​បាន​ទេ?

មិន​សូវ​មាន​សត្វ​ដែល​ត្រូវ​ការ​ជំនួយ​ច្រើន​ដូច​សត្វ​ចៀម​នោះ​ទេ។ អ្នក​គង្វាល​នៅ​សម័យ​ព្រះ​គម្ពីរ​ត្រូវ​មាន​ចិត្ត​ក្លាហាន​ដើម្បី​ការពារ​ចៀម​របស់​គាត់​ពី​ឆ្កែ​ចចក ខ្លាឃ្មុំ និង​សត្វ​សិង្ហ​ទៀត។ (សាំយូអែលទី១ ១៧:៣៤​-​៣៦; យ៉ូហាន ១០:១០​-​១៣) ប៉ុន្តែ មាន​ពេល​ខ្លះ​ដែល​ការ​ការពារ​ចៀម​តម្រូវ​ឲ្យ​ចេះ​ថ្នាក់ថ្នម​វា​ដែរ។ ជា​ឧទាហរណ៍ ពេល​មេ​ចៀម​កើត​កូន​នៅ​ឆ្ងាយ​ពី​ហ្វូង​នោះ តើ​អ្នក​គង្វាល​នឹង​ការពារ​កូន​ចៀម​ទើប​តែ​កើត​ដែល​ងាយ​រងគ្រោះ​នោះ​យ៉ាង​ដូច​ម្ដេច? អ្នក​គង្វាល​នឹង​បី​កូន​ចៀម​តូច​នេះ‹ផ្ទាប់​នឹង​ទ្រូង› គឺ​ថា​ជាប់​ផ្នត់​អាវ​ធំ​របស់​គាត់។ ប៉ុន្តែ ធ្វើ​ដូច​ម្ដេច​ឲ្យ​កូន​ចៀម​តូច​មួយ​ឡើង​នៅ​ផ្ទាប់​នឹង​ទ្រូង​អ្នក​គង្វាល​បាន? ប្រហែល​ជា​កូន​ចៀម​នោះ​មក​ជិត​និង​ប្រើ​ក្បាល​វា​កេះ​ជើង​អ្នក​គង្វាល។ ប៉ុន្តែ អ្នក​គង្វាល​ត្រូវ​តែ​សុខ​ចិត្ត​ឱន​ទៅ​លើក​បី​កូន​ចៀម​នោះ រួច​ដាក់​ផ្ទាប់​នឹង​ដើម​ទ្រូង​របស់​គាត់​ឲ្យ​វា​មាន​សុវត្ថិភាព។ នេះ​ជា​ការ​ពណ៌នា​យ៉ាង​កក់ក្ដៅ​ណាស់ បញ្ជាក់​ថា​អ្នក​គង្វាល​ដ៏​ឧត្តម​របស់​យើង​មាន​ព្រះទ័យ​ចង់​ជួយ​ការពារ​អ្នក​បំរើ​ទ្រង់!

១០​. សព្វ​ថ្ងៃ​នេះ តើ​ព្រះ​យេហូវ៉ា​ផ្ដល់​ការ​ការពារ​យ៉ាង​ដូច​ម្ដេច? ហើយ​ហេតុ​អ្វី​ការ​ការពារ​ដូច​នេះ​គឺ​សំខាន់?

១០ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ច្រើន​ជាង​សន្យាថា​ទ្រង់​នឹង​ការពារ​យើង។ នៅ​សម័យ​ព្រះ​គម្ពីរ ទ្រង់​បាន​ធ្វើ​អព្ភូតហេតុ​ដែល​បង្ហាញ​ថា ទ្រង់​មាន​សមត្ថភាព​«ប្រោស​មនុស្ស​ដែល​គោរព​ប្រតិបត្ដិ​ដល់​ទ្រង់ ឲ្យ​រួច​ពី​សេចក្ដី​ល្បួង»។ (ពេត្រុសទី២ ២:៩) ចុះ​យ៉ាង​ណា​សព្វ​ថ្ងៃ​នេះ? យើង​យល់​ថា ទ្រង់​មិន​ប្រើ​អំណាច​របស់​ទ្រង់​ដើម្បី​ការពារ​យើង​ពី​អន្តរាយ​គ្រប់​បែប​យ៉ាង​នៅ​ជាន់​ឥឡូវ​នេះ​ទេ។ ប៉ុន្តែ ទ្រង់​ផ្ដល់​អ្វី​ដ៏​សំខាន់​ជាង​គឺ ទ្រង់​ការពារ​យើង​ខាង​វិញ្ញាណ។ ដោយសារ​ព្រះ​ស្រឡាញ់​យើង នោះ​ទ្រង់​ការពារ​យើង​ពី​ក្ដី​អន្តរាយ​ខាង​វិញ្ញាណ ដោយ​ផ្គត់ផ្គង់​អ្វីៗ​ដែល​យើង​ត្រូវ​ការ​ដើម្បី​ស៊ូទ្រាំ​នឹង​ការ​ល្បងល​នូវ​ជំនឿ​របស់​យើង ហើយ​ដើម្បី​ការពារ​ទំនាក់ទំនង​ដ៏​វិសេស​ដែល​យើង​មាន​ជា​មួយ​នឹង​ទ្រង់។ ជា​ឧទាហរណ៍ លូកា ១១:១៣ ចែង​ថា​៖​«បើ​អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​អាក្រក់ អ្នក​ចេះ​ឲ្យ​របស់​ល្អ​ទៅ​កូន​យ៉ាង​ដូច្នេះ នោះ​ចំណង់​បើ​ព្រះ​វរបិតា ដែល​គង់​ស្ថានសួគ៌ តើ​ទ្រង់​នឹង​ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ មក​អស់​អ្នក​ដែល​សូម ជាជាង​អម្បាលម៉ាន​ទៅ​ទៀត!»។ សកម្ម​ពល​ដ៏​ខ្លាំង​ពូកែ​នេះ​អាច​ធ្វើ​ឲ្យ​យើង​ឈ្នះ​លើ​ការ​ល្បងល​ឬ​ទុក្ខ​លំបាក​ណា​ដែល​យើង​ប្រឈម​មុខ។ (កូរិនថូសទី២ ៤:៧) នេះ​ជា​វិធី​ដែល​ព្រះ​យេហូវ៉ា​កំពុង​តែ​ចាត់​វិធានការ​ដើម្បី​ការពារ​ជីវិត​យើង មិន​គ្រាន់​តែ​ឲ្យ​រស់​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​ទេ គឺ ដើម្បី​រស់​ជា​រៀង​រហូត​វិញ។ ដោយ​មាន​សេចក្ដី​សង្ឃឹម​នេះ​យើង​អាច​ចាត់​ទុក​ទុក្ខ​លំបាក​ក្នុង​របប​លោកីយ៍​នេះ​ជា​រឿង​ដែល​‹ស្រាល​និង​មាន​តែ​មួយ​ភ្លែត›ប៉ុណ្ណោះ។ (កូរិនថូសទី២ ៤:១៧) យើង​ពិត​ជា​ត្រូវ​ទាក់ទាញ​ឲ្យ​ចូល​ទៅ​ជិត​ព្រះ​មួយ​អង្គ​ដែល​ប្រើ​តេជានុភាព​របស់​ទ្រង់​ជា​ប្រយោជន៍​ដល់​យើង មែន​ទេ?

«ព្រះ​យេហូវ៉ា​ទ្រង់​សព្វ​ព្រះទ័យ​នឹង​សេចក្ដី​យុត្ដិធម៌»

១១, ១២​. (ក) ហេតុ​អ្វី​បាន​ជា​យុត្ដិធម៌​របស់​ព្រះ​យេហូវ៉ា​ទាញ​យើង​ចូល​មក​ជិត​ទ្រង់? (ខ) តើ​ដាវីឌ​បាន​សន្និដ្ឋាន​យ៉ាង​ណា​អំពី​យុត្ដិធម៌​របស់​ព្រះ​យេហូវ៉ា? ហើយ​បន្ទូល​ទាំង​នេះ​ដែល​ព្រះ​បណ្ដាល​ឲ្យ​សរសេរ​នោះ តើ​អាច​សំរាល​ទុក្ខ​យើង​យ៉ាង​ដូចម្ដេច?

១១ ព្រះ​យេហូវ៉ា​តែង​តែ​ធ្វើ​អ្វី​ដ៏​ត្រឹម​ត្រូវ​និង​ប្រកប​ដោយ​យុត្ដិធម៌​ជានិច្ច ដោយ​មិន​ចេះ​លំអៀង។ យុត្ដិធម៌​របស់​ព្រះ​មិន​មែន​ជា​លក្ខណៈដែល​តឹងរ៉ឹង​ឥត​មេត្ដា ធ្វើ​ឲ្យ​យើង​ចង់​នៅ​ឆ្ងាយ​ពី​ទ្រង់​នោះ​ទេ។ ប៉ុន្តែ គុណសម្បត្ដិ​នេះ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​កក់ក្ដៅ​ចង់​ចូល​ទៅ​ជិត​ទ្រង់​វិញ។ ព្រះ​គម្ពីរ​បញ្ជាក់​យ៉ាង​ច្បាស់​នូវ​ភាព​កក់ក្ដៅ​ដែល​គុណសម្បត្ដិ​នេះ​ផ្ដល់​ឲ្យ។ យើង​សូម​ពិចារណា​វិធី​បី​យ៉ាង​ដែល​ព្រះ​យេហូវ៉ា​សម្ដែង​យុត្ដិធម៌​របស់​ទ្រង់។

១២ ទី​មួយ យុត្ដិធម៌​របស់​ព្រះ​យេហូវ៉ា​ជំរុញ​ទ្រង់​ឲ្យ​សម្ដែង​ភាព​ស្មោះ​ត្រង់​និង​ភក្ដីភាព​ចំពោះ​អ្នក​បំរើ​ទ្រង់។ ការ​ពិសោធន៍​របស់​ដាវីឌ​ជា​អ្នក​តែង​បទ​ទំនុកដំកើង បាន​ជួយ​ទ្រង់​យល់​នូវ​តម្លៃ​នៃ​លក្ខណៈ​ទាំង​ពីរ​នេះ​ដែល​ជាប់​ទាក់ទង​នឹង​យុត្ដិធម៌​របស់​ព្រះ​យេហូវ៉ា។ ពី​បទ​ពិសោធន៍​របស់​ទ្រង់ និង​ការ​វិភាគ​សិក្សា​នូវ​ការ​ប្រព្រឹត្ត​របស់​ព្រះ តើ​ដាវីឌ​បាន​សន្និដ្ឋាន​យ៉ាង​ណា? ដាវីឌ​បាន​ប្រកាស​ថា​៖ «ព្រះ​យេហូវ៉ា​ទ្រង់​សព្វ​ព្រះទ័យ​នឹង​សេចក្ដី​យុត្ដិធម៌ ក៏​មិន​ដែល​បោះបង់​ចោល​ពួក​បរិសុទ្ធ​របស់​ទ្រង់​ឡើយ ទ្រង់​ថែរក្សា​គេ​អស់កល្ប​ជានិច្ច»។ (ទំនុកដំកើង ៣៧:២៨) នេះ​ជា​ការ​ធានា​ដែល​សម្រាល​ទុក្ខ​យើង​មែន! ព្រះ​របស់​យើង​មិន​បោះបង់​ចោល​អ្នក​ដែល​ស្មោះ​ត្រង់​នឹង​ទ្រង់​សោះ​ឡើយ សូម្បីតែ​មួយ​វិនាទី​ក៏​ដោយ។ ដូច្នេះ យើង​អាច​ជឿជាក់​ថា ទ្រង់​នឹង​ស្និទ្ធស្នាល​ជា​មួយ​យើង និង​ថែរក្សា​យើង​ដោយ​សេចក្ដី​ស្រឡាញ់។ យុត្ដិធម៌​របស់​ទ្រង់​ធានា​អំពី​រឿង​នេះ!—សុភាសិត ២:៧, ៨

១៣​. តើ​ក្រិត្យ​វិន័យ​បង្ហាញ​ឲ្យ​ឃើញ​ថា​ព្រះ​យេហូវ៉ា​យក​ព្រះទ័យ​ទុក​ដាក់​នឹង​អ្នក​ខ្សត់​ខ្សោយ​យ៉ាង​ដូច​ម្ដេច?

១៣ ទីពីរ យុត្ដិធម៌​របស់​ព្រះ​តែង​តែ​គិត​ដល់​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ដែល​កំពុង​តែ​រង​ទុក្ខ​វេទនា។ ក្រិត្យ​វិន័យ​ដែល​ព្រះ​បាន​ប្រទាន​ចំពោះ​សាសន៍​អ៊ីស្រាអែល​ក៏​បញ្ជាក់​ដែរ​ថា ទ្រង់​យក​ព្រះទ័យ​ទុក​ដាក់​ទៅ​លើ​អ្នក​ខ្សត់​ខ្សោយ។ ជា​ឧទាហរណ៍ ក្រិត្យ​វិន័យ​នោះ​បាន​រៀប​ចំ​វិធានការ​មួយ ដើម្បី​ធានា​ចិញ្ចឹម​ថែរក្សា​នូវ​កូន​កំព្រា​និង​ស្ត្រី​មេម៉ាយ។ (ចោទិយកថា ២៤:១៧​-​២១) ដោយសារ​ព្រះ​យេហូវ៉ា​ទទួល​ស្គាល់​ថា ជីវិត​គឺ​ពិបាក​សំរាប់​ក្រុម​គ្រួសារ​បែប​នេះ នោះ​ទ្រង់​ផ្ទាល់​បាន​ក្លាយ​ជា​បិតា ចៅក្រម និង​អ្នក​ការពារ​ស្ត្រី​មេម៉ាយ​និង​កូន​កំព្រា។ (ចោទិយកថា ១០:១៧, ១៨) ព្រះ​យេហូវ៉ា​បាន​ព្រមាន​ប្រជាជន​អ៊ីស្រាអែល​ថា កាល​បើ​ពួក​គេ​ជិះជាន់​សង្កត់​សង្កិន​ស្ត្រី​និង​កុមារ​ដែល​គ្មាន​ទីពឹង​ពំនាក់​នោះ ទ្រង់​នឹង​សណ្ដាប់​នូវ​ការ​ស្រែក​អង្វរ​របស់​ពួក​ស្ត្រី​និង​កុមារ​ទាំង​នោះ។ នៅ​និក្ខមនំ ២២:២២​-​២៤ ទ្រង់​មាន​បន្ទូល​ថា​៖ «សេចក្ដី​ក្រោធ​របស់​អញ​នឹង​ក្ដៅ​ឡើង»។ ទោះ​ជា​កំហឹង​មិន​មែន​ជា​គុណសម្បត្ដិ​ចំ​បង​មួយ​របស់​ព្រះ​ក៏​ដោយ តែ​ទ្រង់​មាន​សេចក្ដី​ក្រោធ​ដ៏​សុចរិត កាល​ណា​មាន​គេ​ប្រព្រឹត្ត​អំពើ​អយុត្ដិធម៌​ដោយ​ចេតនា ជា​ពិសេស​ទៅ​លើ​អ្នក​ដែល​គ្មាន​ទីពឹង​ពំនាក់​នោះ។—ទំនុកដំកើង ១០៣:៦

១៤​. តើ​អ្វី​ជា​ភស្តុតាង​មួយ​ដែល​បញ្ជាក់​យ៉ាង​គួរ​ឲ្យ​កត់​សម្គាល់​ថា​ព្រះ​យេហូវ៉ា​មិន​ចេះ​លំអៀង?

១៤ ទី​បី នៅ​ចោទិយកថា ១០:១៧ ក្នុង​សេចក្ដី​បកប្រែ​ពិភពលោក​ថ្មី​នៃ​បទ​គម្ពីរ​បរិសុទ្ធ​ព្រះ​គម្ពីរ​ធានា​ថា ព្រះ​យេហូវ៉ា​«មិន​ដែល​រើស​មុខ​អ្នក​ណា​ឡើយ ក៏​មិន​ទទួល​សំណូក​ផង»។ ព្រះ​យេហូវ៉ា​គឺ​ខុស​គ្នា​ពី​មនុស្ស​ដែល​កាន់​អំណាច ពីព្រោះ​ទ្រព្យ​សម្បត្ដិ​ឬ​អាការ​ក្រៅ​មិន​អាច​ធ្វើ​ឲ្យ​ទ្រង់​លំអៀង​ឡើយ។ ទ្រង់​មិន​ចេះ​លំអៀង​និង​មិន​ចេះ​រើស​មុខ​ឡើយ។ ភស្តុតាង​មួយ​ដែល​បញ្ជាក់​ពី​ការ​ពិត​យ៉ាង​អស្ចារ្យ​នេះ​គួរ​ឲ្យ​កត់​សម្គាល់​គឺ​ថា​៖ លទ្ធភាព​ក្លាយ​ជា​អ្នក​ថ្វាយ​បង្គំ​ពិត​របស់​ទ្រង់ និង​ទទួល​ជីវិត​ជា​រៀង​រហូត​គឺ​មិន​មែន​សំរាប់​តែ​វរ​ជន​មួយ​ក្រុម​ប៉ុណ្ណោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ កិច្ចការ ១០:៣៤, ៣៥ ចែង​ថា​៖ «ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ គឺ​នៅ​ក្នុង​គ្រប់​ទាំង​សាសន៍ អស់​អ្នក​ណា​ដែល​កោត​ខ្លាច​ដល់​ទ្រង់ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​សុចរិត នោះ​គាប់​ដល់​ព្រះ​ហឫទ័យ​ទ្រង់​ដែរ»។ មនុស្ស​ទាំង​អស់​គ្នា​មាន​លទ្ធភាព​គាប់​ដល់​ព្រះ​ហឫទ័យ​របស់​ព្រះ មិន​ថា​គេ​មាន​ឋានៈ​ណា​ក្នុង​សង្គម មាន​ពណ៌​សម្បុរ​ណា ឬ​រស់​នៅ​ប្រទេស​ណា​ក៏​ដោយ។ នេះ​ជា​ការ​បង្ហាញ​នូវ​យុត្ដិធម៌​ពិត​ដែល​ប្រសើរ​បំផុត មែន​ទេ? ការ​យល់​កាន់​តែ​ជ្រាល​ជ្រៅ​អំពី​យុត្ដិធម៌​របស់​ព្រះ​យេហូវ៉ា ពិត​ជា​ទាក់ទាញ​យើង​ឲ្យ​មក​ជិត​នឹង​ទ្រង់​មែន!

«អើ​ហ្ន៎! ប្រាជ្ញា . . . របស់​ព្រះ​ជ្រៅ​ណាស់​តើ!»

១៥​. តើ​ប្រាជ្ញា​ជា​អ្វី? តើ​ព្រះ​យេហូវ៉ា​បង្ហាញ​ប្រាជ្ញា​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច?

១៥ នៅ​រ៉ូម ១១:៣៣ សាវ័ក​ប៉ុល​បាន​ឧទាន​ឡើង​ដោយ​សន្ទុះ​ចិត្ត​ថា​៖ «អើ​ហ្ន៎! ប្រាជ្ញា . . . របស់​ព្រះ​ជ្រៅ​ណាស់​តើ!»។ ពិត​មែន​ហើយ ពេល​យើង​ពិចារណា​នូវ​លក្ខណៈ​ផ្សេងៗ​នៃ​ប្រាជ្ញា​ដ៏​ជ្រាល​ជ្រៅ​ហើយ​ទូលំទូលាយ​របស់​ព្រះ​យេហូវ៉ា នោះ​យើង​មាន​តែ​នឹក​អស្ចារ្យ​ក្នុង​ចិត្ត។ តើ​យើង​អាច​បកស្រាយ​អត្ថន័យ​នៃ​គុណសម្បត្ដិ​នេះ​យ៉ាង​ដូច​ម្ដេច? ប្រាជ្ញា​ទាក់ទង​នឹង​ការ​ប្រើ​ចំណេះ សមត្ថភាព​វែកញែក និង​គំនិត​ឆ្លុះ​យល់​ជា​មួយ​គ្នា។ ដោយ​ពឹងផ្អែក​លើ​ទំហំ​នៃ​ចំណេះ និង​ជំរៅ​នៃ​គំនិត​ឆ្លុះ​យល់​របស់​ទ្រង់ នោះ​ព្រះ​យេហូវ៉ា​តែង​តែ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ល្អ​បំផុត ហើយ​ទ្រង់​ប្រព្រឹត្ត​តាម​ការ​សម្រេច​ចិត្ត​នោះ​ដោយ​វិធី​ល្អ​បំផុត​ទៀត​ផង។

១៦, ១៧​. តើ​ការ​បង្កើត​របស់​ព្រះ​យេហូវ៉ា​បញ្ជាក់​នូវ​ប្រាជ្ញា​របស់​ទ្រង់​យ៉ាង​ដូចម្ដេច? សូម​លើក​ឧទាហរណ៍​មួយ។

១៦ តើ​មាន​ភស្តុតាង​អ្វី​ខ្លះ​ដែល​បញ្ជាក់​នូវ​ប្រាជ្ញា​របស់​ព្រះ? ទំនុកដំកើង ១០៤:២៤ ចែង​ថា​៖ «ឱ​ព្រះ​យេហូវ៉ា​អើយ! អស់​ទាំង​ស្នា​ដៃ​របស់​ទ្រង់​មាន​ច្រើន​ប្រការ​ណាស់​ហ្ន៎! ទ្រង់​បាន​ធ្វើ​ទាំង​អស់​ដោយ​ប្រាជ្ញា ផែនដី​បាន​ពេញ​ដោយ​របស់​ដែល​ទ្រង់​បង្កើត»។ ពិត​ណាស់ ពេល​យើង​រៀន​កាន់​តែ​ច្រើន​អំពី​អ្វីៗ​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​នោះ យើង​នឹក​កោត​ស្ងើច​កាន់​តែ​ខ្លាំង​ចំពោះ​ប្រាជ្ញា​របស់​ទ្រង់។ តាម​ពិត​ទៅ សូម្បីតែ​អ្នកវិទ្យាសាស្ត្រ​ក៏​ដោយ ក៏​បាន​រៀន​យ៉ាង​ច្រើន​ដោយ​វិភាគ​សិក្សា​ការ​បង្កើត​របស់​ព្រះ​យេហូវ៉ា​ដែរ! អ្នកវិទ្យាសាស្ត្រ​រហូត​ដល់​មាន​វិស័យ​វិស្វកម្ម​មួយ​ដែល​ត្រូវ​ហៅ​ថា ជីវវិស្វកម្ម ដែល​ជា​ការ​ខំ​បង្កើត​របស់​របរ​តាម​គំរូ​ដែល​គេ​ឃើញ​ជាក់​ស្តែង​ក្នុង​ធម្មជាតិ។

១៧ ជា​ឧទាហរណ៍ ប្រហែល​ជា​អ្នក​ធ្លាប់​សម្លឹង​មើល​សំណាញ់​ពីងពាង​ដោយ​នឹក​អស្ចារ្យ​ក្នុង​ចិត្ត។ ប៉ុន្តែ វិស្វករ​ម្នាក់​សម្លឹង​ឃើញ​បច្ចេកទេស​វិស្វកម្ម​ដ៏​អស្ចារ្យ។ បើ​យើង​គិត​តាម​សមាមាត្រ​វិញ សរសៃ​ខ្លះ​ដែល​មើល​ទៅ​ដូច​ជា​ងាយ​ដាច់​នោះ គឺ​មាំ​ជាង​ដែក​និង​មាំ​ជាង​សរសៃ​អំបោះ​ដែល​គេ​ត្របាញ់​ចូល​គ្នា​ធ្វើ​ជា​អាវ​ក្រោះ​ទៅ​ទៀត។ តើ​សំណាញ់​ពីងពាង​គឺ​មាំ​ប៉ុន​ណា​ទៅ? ប្រសិន​បើ​មាន​សំណាញ់​ពីងពាង​ទំហំ​ប៉ុន​សំណាញ់​អ្នក​នេសាទ​នោះ សំណាញ់​នោះ​អាច​មាំ​ល្មម​នឹង​ទាក់​យន្តហោះ​ដែល​កំពុង​តែ​ហោះ​កាត់​មេឃ​បាន! ពិត​ណាស់ ព្រះ​យេហូវ៉ា​បាន​បង្កើត​អ្វីៗ​ទាំង​អស់​«ដោយ​ប្រាជ្ញា»។

១៨​. ដោយសារ​ព្រះ​យេហូវ៉ា​ប្រើ​មនុស្ស​ដើម្បី​សរសេរ​ព្រះ​គម្ពីរ តើ​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​ស​ឲ្យ​ឃើញ​យ៉ាង​ដូច​ម្ដេច?

១៨ ភស្តុតាង​ជាក់​ច្បាស់​បំផុត​ដែល​បង្ហាញ​នូវ​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា គឺ​មាន​ក្នុង​ព្រះ​គម្ពីរ​ជា​ព្រះ​បន្ទូល​របស់​ទ្រង់។ ប្រាជ្ញា​ដែល​មាន​ក្នុង​ព្រះ​គម្ពីរ​ពិត​ជា​បង្ហាញ​យើង​នូវ​វិថី​ជីវិត​ដ៏​ល្អ​បំផុត។ (អេសាយ ៤៨:១៧) ប៉ុន្តែ ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​ដែល​ប្រៀបផ្ទឹម​ពុំ​បាន​នោះ ក៏​ស​ឲ្យ​ឃើញ​ក្នុង​របៀប​ព្រះ​គម្ពីរ​ត្រូវ​បាន​សរសេរ​មក​ដែរ។ តើ​ដោយ​ដូច​ម្ដេច? ដោយសារ​ព្រះ​យេហូវ៉ា​មាន​ប្រាជ្ញា នោះ​ទ្រង់​បាន​ប្រើ​មនុស្ស​ជាតិ​ជា​អ្នក​សរសេរ​ព្រះ​បន្ទូល​របស់​ទ្រង់។ សូម​គិត​ទៅ​មើល​៖ បើ​ព្រះ​យេហូវ៉ា​បាន​ប្រើ​ទេវតា​សរសេរ​វិញ តើ​ព្រះ​គម្ពីរ​នឹង​ទាក់ទាញ​ទឹក​ចិត្ត​របស់​យើង​ដូច​គ្នា​ទេ? ពួក​ទេវតា​នៅ​ស្ថានសួគ៌​អាច​ពណ៌នា​អំពី​ព្រះ​យេហូវ៉ា​បាន​ដោយសារ​ពួក​គេ​នៅ​ស្ថាន​លើ ហើយ​ក៏​អាច​បញ្ជាក់​ពី​ភក្ដីភាព​របស់​ខ្លួន​ចំពោះ​ទ្រង់​ដែរ។ ប៉ុន្តែ តើ​យើង​ពិត​ជា​អាច​យល់​នូវ​ទស្សនៈ​របស់​បុគ្គល​វិញ្ញាណ​ដ៏​គ្រប់​ល័ក្ខណ៍​ដែល​មាន​ចំណេះ បទ​ពិសោធន៍ និង​កម្លាំង​ច្រើន​ជាង​យើង​ឆ្ងាយ​ម្ល៉េះ​បាន​ឬ​ទេ?—ហេព្រើរ ២:៦, ៧

១៩​. តើ​ឧទាហរណ៍​អ្វី​ដែល​បង្ហាញ​ថា​ការ​ប្រើ​មនុស្ស​ដើម្បី​សរសេរ​ព្រះ​គម្ពីរ​ធ្វើ​ឲ្យ​ព្រះ​គម្ពីរ​ប្រកប​ទៅ​ដោយ​ភាព​កក់ក្ដៅ និង​មាន​លក្ខណៈ​ដែល​ទាក់ទាញ​ទឹក​ចិត្ត​ជា​ទីបំផុត?

១៩ ដោយសារ​មនុស្ស​ត្រូវ​បាន​ប្រើ​ដើម្បី​សរសេរ​ព្រះ​គម្ពីរ នោះ​ព្រះ​គម្ពីរ​ប្រកប​ទៅ​ដោយ​ភាព​កក់ក្ដៅ និង​លក្ខណៈ​ដែល​ទាក់ទាញ​ទឹក​ចិត្ត​ជា​ទីបំផុត។ អ្នក​សរសេរ​គឺ​ជា​មនុស្ស​ដែល​មាន​អារម្មណ៍​ដូច​យើង​ដែរ។ ដោយសារ​ពួក​គេ​ជា​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍ ពួក​គេ​ធ្លាប់​ឆ្លង​កាត់​ការ​ល្បងល​និង​ការ​គាប​សង្កត់​ស្រដៀង​នឹង​យើង​ដែរ។ ក្នុង​ករណី​ខ្លះ វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា​បណ្ដាល​ឲ្យ​ពួក​គេ​សរសេរ​អំពី​អារម្មណ៍​និង​ការ​លំបាក​ដែល​ខ្លួន​គេ​ផ្ទាល់​ធ្លាប់​បាន​ពុះពារ។ (កូរិនថូសទី២ ១២:៧​-​១០) ដូច្នេះ ពួក​គេ​បាន​សរសេរ​អ្វី​ដែល​គ្មាន​ទេវតា​មួយ​រូប​ណា​អាច​សរសេរ​បានឡើយ។ ជា​ឧទាហរណ៍ សូម​គិត​អំពី​បន្ទូល​របស់​ដាវីឌ​នៅ​ទំនុកដំកើង​ទី៥​១។ យោង​ទៅ​តាម​ពាក្យ​ផ្ដើម ដាវីឌ​បាន​តែង​ទំនុក​នេះ​ក្រោយ​បាន​ធ្វើ​អំពើ​បាប​ដ៏​ធ្ងន់ធ្ងរ​ខ្លះៗ។ ដាវីឌ​បាន​អង្វរ​អស់​ពី​ដួង​ចិត្ត​សុំ​ព្រះ​អត់​ទោស​ឲ្យ​ទ្រង់។ ខ​២​និង​៣ ចែង​ថា​៖​«សូម​សំអាត​អំពើ​បាប​របស់​ទូល​បង្គំ​ផង។ ដ្បិត​ទូល​បង្គំ​ទទួល​ស្គាល់​អំពើ​រំលង​របស់​ទូល​បង្គំ​ហើយ ឯ​អំពើ​បាប​របស់​ទូលបង្គំ នោះ​ក៏​នៅ​ចំពោះ​មុខ​ទូល​បង្គំ​ជានិច្ច»។ សូម​កត់​សម្គាល់​ខ​៥ ដែល​ចែង​ថា​៖ «មើល! ទូល​បង្គំ​បាន​កើត​មក​ក្នុង​សេចក្ដី​ទុច្ចរិត ហើយ​ម្ដាយ​ទូល​បង្គំ​បាន​មាន​ទំងន់ បង្កើត​ទូល​បង្គំ​នៅ​ក្នុង​អំពើ​បាប​ដែរ»។ ខ​១៧​បន្ថែម​ថា​«ឯ​ដង្វាយ​ដែល​គួរ​ថ្វាយ​ដល់​ព្រះ នោះ​គឺ​ជា​វិញ្ញាណ​ខ្ទេច​ខ្ទាំ ឱ​ព្រះ​អង្គ​អើយ! ទ្រង់​មិន​មើលងាយ​ចំពោះ​ចិត្ត​ខ្ទេច​ខ្ទាំ ហើយ​ទន់​ទាប​ឡើយ»។ នេះ​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ឈឺចាប់​ដូច​ស្តេច​ដាវីឌ​ដែរ មែន​ទេ? ក្រៅ​ពី​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍ គ្មាន​នរណា​អាច​បញ្ជាក់​អារម្មណ៍​ដូច្នេះ​បាន​ទេ មែន​ទេ?

២០, ២១​. (ក) ហេតុ​អ្វី​អាច​និយាយ​ថា​ព្រះ​គម្ពីរ​បង្កប់​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា ទោះ​ជា​មនុស្ស​បាន​សរសេរ​ក៏​ដោយ? (ខ) តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​ជា​បន្ទាប់?

២០ តាម​រយៈ​មនុស្ស​ជាតិ​ដែល​ជា​អ្នក​សរសេរ​នោះ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​អ្វី​ដែល​ចំ​នឹង​សេចក្ដី​ត្រូវ​ការ​របស់​យើង ពោល​គឺ កំណត់​ហេតុ​ដែល​«ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​តែង» តែ​នៅ​ជា​កំណត់​ហេតុ​ដែល​មាន​លក្ខណៈ​ដូច​មនុស្ស​ជាតិ។ (ធីម៉ូថេទី២ ៣:១៦) ពិត​មែន វិញ្ញាណ​បរិសុទ្ធ​បាន​ដឹក​នាំ​អ្នក​សរសេរ​ទាំង​នេះ។ ហេតុ​នេះ ពួក​គេ​បាន​កត់​សរសេរ​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា មិន​មែន​ប្រាជ្ញា​របស់​ខ្លួន​ទេ។ ប្រាជ្ញា​នោះ​គឺ​គួរ​ឲ្យ​ទុក​ចិត្ត​ជា​ទីបំផុត។ ប្រាជ្ញា​នោះ​គឺ​ខ្ពស់​ជាង​ប្រាជ្ញា​របស់​យើង ដល់​ម្ល៉េះ​បាន​ជា​ព្រះ​ដាស់​តឿន​យើង​ដោយ​សេចក្ដី​ស្រឡាញ់​ថា​៖ «ចូរ​ទីពឹង​ដល់​ព្រះ​យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹងផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​ដំរង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង»។ (សុភាសិត ៣:៥, ៦) ដោយ​អនុវត្ត​តាម​សេចក្ដី​ទូន្មាន​នេះ​ដែល​ប្រកប​ដោយ​ប្រាជ្ញា យើង​នឹង​ចូល​កាន់​តែ​ជិត​នឹង​ព្រះ​របស់​យើង​ដែល​មាន​គ្រប់​ទាំង​ប្រាជ្ញា។

២១ គុណសម្បត្ដិ​របស់​ព្រះ​យេហូវ៉ា​ដែល​ប្រសើរ​ថ្លៃ​ថ្លា​បំផុត​និង​ធ្វើ​ឲ្យ​យើង​ស្រឡាញ់​ទ្រង់​ខ្លាំង​បំផុត នោះ​គឺ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់។ របៀប​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​នឹង​ត្រូវ​ពិចារណា​ក្នុង​អត្ថបទ​ជា​បន្ទាប់។

តើ​អ្នក​នៅ​ចាំ​ទេ?

តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ជំហាន​អ្វី​ដើម្បី​ផ្ដល់​លទ្ធភាព ឲ្យ​យើង​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​ទ្រង់?

តើ​អ្វី​ជា​ឧទាហរណ៍​ខ្លះ​ដែល​បញ្ជាក់​តេជានុភាព របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​បង្កើត​និង​ការ​ការពារ?

តើ​ព្រះ​យេហូវ៉ា​បង្ហាញ​ភាព​យុត្ដិធម៌​យ៉ាង​ដូច​ម្ដេច​ខ្លះ?

តើ​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​ស​ឲ្យ​ឃើញ​ក្នុង​ការ​បង្កើត​និង​ក្នុង​របៀប​ព្រះ​គម្ពីរ​ត្រូវ​បាន​សរសេរ​យ៉ាង​ដូច​ម្ដេច?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​៨]

ដូច​អ្នក​គង្វាល​ម្នាក់​ដែល​បី​កូន​ចៀម​ផ្ទាប់​នឹង​ទ្រូង ព្រះ​យេហូវ៉ា​ក៏​ថែរក្សា​ចៀម​របស់​ទ្រង់​ដោយ​ថ្នាក់ថ្នម

[រូបភាព​នៅ​ទំព័រ​១១]

ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​បាន​ស​ឲ្យ​ឃើញ​ក្នុង​របៀប ព្រះ​គម្ពីរ​ត្រូវ​បាន​សរសេរ