លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

យើងត្រូវការសេចក្ដីស្រឡាញ់ជាចាំបាច់

យើងត្រូវការសេចក្ដីស្រឡាញ់ជាចាំបាច់

យើង​ត្រូវ​ការ​សេចក្ដី​ស្រឡាញ់​ជា​ចាំបាច់

មិន​ថា​យើង​មាន​អាយុ​ប៉ុន្មាន មក​ពី​ពូជ​អម្បូរ​ណា មាន​វប្បធម៌​បែប​ណា ឬ​និយាយ​ភាសា​អ្វី​ក៏​ដោយ យើង​ទាំង​អស់គ្នា​ប្រាថ្នា​យ៉ាង​ខ្លាំង​ចង់​បាន​សេចក្ដី​ស្រឡាញ់​ដូច​គ្នា។ បើ​យើង​មិន​ទទួល​សេចក្ដី​ស្រឡាញ់​ដែល​ប្រាថ្នា​ចង់​បាន​នោះ​ទេ យើង​ក៏​មិន​មាន​សុភមង្គល​ដែរ។ អ្នក​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​ម្នាក់​បាន​សរសេរ​ថា​៖ «សេចក្ដី​ស្រឡាញ់​និង​ភាព​ស្និទ្ធស្នាល​គឺ​ជា​មេ​ឫស​ដែល​បណ្ដាល​ឲ្យ​មនុស្ស​យើង​ចុះ​ខ្សោយ ទាំង​ធ្វើ​ឲ្យ​យើង​មាន​កម្លាំង​ឡើង​វិញ ក៏​ធ្វើ​ឲ្យ​មាន​ចិត្ត​ស្រងូតស្រងាត់ ឬ​នាំ​ឲ្យ​មាន​សុភមង្គល ហើយ​ជា​អ្វី​ដែល​ធ្វើ​ទុក្ខ​ដល់​យើង ឬ​ក៏​នាំ​ឲ្យ​មាន​ការ​ផ្សះផ្សា​គ្នា​ឡើង​វិញ។ បើ​មាន​ឱសថ​ថ្មី​ណា​អាច​ធ្វើ​ដូច្នេះ​បាន វេជ្ជបណ្ឌិត​គ្រប់​រូប​ច្បាស់​ជា​នឹង​បង្គាប់​ឲ្យ​អ្នក​ជំងឺ​ទាំងឡាយ​លេប​វា​ជា​ពុំខាន។ បើ​មិន​ចេញ​វេជ្ជបញ្ជា​ឲ្យ​ទិញ​ថ្នាំ​បែប​នោះ​ទេ កិច្ចការ​របស់​វេជ្ជបណ្ឌិត​នោះ​គឺ​ថ្លោះធ្លោយ​ហើយ»។

យ៉ាង​ណា​ក៏​ដោយ សង្គម​មនុស្ស​ថ្មីៗ​នេះ ជា​ពិសេស​បណ្ដាញ​ផ្សព្វផ្សាយ​ពត៌មាន​និង​ពួក​អ្នក​មានមុខ​មានមាត់​នោះ ពួក​គេ​តែង​សង្កត់ធ្ងន់​ទៅ​លើ​ទ្រព្យ​សម្បត្ដិ អំណាច កេរ្ដិ៍ឈ្មោះ និង​ការ​រួមរ័ក ជាជាង​បញ្ជាក់​ពី​សេចក្ដី​ត្រូវ​ការ​របស់​មនុស្ស​យើង​ខាង​ការ​មាន​ចំណង​មេត្រីភាព​ជាមួយ​គ្នា​យ៉ាង​កក់ក្ដៅ​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់។ គ្រូ​បង្រៀន​ជា​ច្រើន​ដៅបញ្ជាក់​ថា បើ​យើង​ចង់​បាន​ជោគជ័យ​ក្នុង​ជីវិត នោះ​ស្រេច​តែ​យើង​មាន​អាជីព​និង​គោលដៅ​ល្អ​ផ្សេងៗ​ក្នុង​លោកីយ៍​នេះ។ ការ​រៀនសូត្រ​ឲ្យ​បាន​ច្រើន​និង​ការ​បណ្ដុះ​បំនិន​របស់​ខ្លួន​ពិត​ជា​សំខាន់​មែន ប៉ុន្តែ តើ​យើង​គួរ​ព្យាយាម​ដេញ​ចាប់​ការ​ទាំង​នេះ​ដល់​ម្ល៉េះ​នាំ​ឲ្យ​លែង​ចំណាយ​ពេល​ជា​មួយ​ក្រុមគ្រួសារ​និង​ញាតិមិត្ត​ឬ? អ្នកប្រាជ្ញ​ម្នាក់​ដែល​ជា​អ្នកនិពន្ធ​ពី​បុរាណ ហើយ​ពូកែ​មើល​លក្ខណៈ​របស់​មនុស្ស គាត់​បាន​ប្រៀបធៀប​មនុស្ស​ដែល​មាន​បំនិន​តែ​មិន​ចេះ​បង្ហាញ​សេចក្ដី​ស្រឡាញ់ «ដូច​ជា​លង្ហិន​ដែល​ឮ​ខ្ទរ ឬ​ដូច​ជា​ឈឹង ដែល​ឮ​ទ្រហឹង​ប៉ុណ្ណោះ»។ (កូរិនថូសទី១ ១៣:១) មនុស្ស​បែប​នោះ​អាច​ប្រមូល​ទ្រព្យធន​ច្រើន​បាន ឬ​មានមុខ​មានមាត់​ល្បីល្បាញ​មែន តែ​ពួក​គេ​មិន​អាច​មាន​សុភមង្គល​ពិត​បានឡើយ។

ព្រះ​យេស៊ូ​គ្រីស្ទ​មាន​ព្រះទ័យ​ស្រឡាញ់​មនុស្ស​ជាតិ ក៏​មាន​ការ​ឆ្លុះយល់​យ៉ាង​ជ្រៅ​នឹង​គំនិត​របស់​ពួក​គេ ហើយ​ទ្រង់​បាន​លើកបញ្ជាក់​ពី​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​និង​អ្នកជិតខាង​ផង​ដែរ ជា​គោល​ចំណុច​នៃ​សេចក្ដី​បង្រៀន​របស់​ទ្រង់។ ទ្រង់​មាន​បន្ទូល​ថា​៖ ‹អ្នក​ត្រូវ​ស្រឡាញ់​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​អ្នក​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត . . . អ្នក​ត្រូវ​ស្រឡាញ់​អ្នកជិតខាង​ដូច​ខ្លួន​ឯង›។ (ម៉ាថាយ ២២:៣៧​-​៣៩) មាន​តែ​ពួក​អ្នក​អនុវត្ត​តាម​បន្ទូល​របស់​ព្រះ​យេស៊ូ​ទេ ដែល​ប្រាកដ​ជា​អ្នក​កាន់​តាម​ទ្រង់។ ហេតុ​នេះ​ហើយ​បាន​ជា​ទ្រង់​មាន​បន្ទូល​ថា​៖ «គេ​នឹង​ដឹង​ថា អ្នក​រាល់គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយសារ​សេចក្ដី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់គ្នា​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក»។—យ៉ូហាន ១៣:​៣៥

ប៉ុន្តែ តើ​មនុស្ស​ក្នុង​លោកីយ៍​សព្វ​ថ្ងៃ​នេះ​អាច​បណ្ដុះបណ្ដាល​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ដូចម្ដេច​បាន? តើ​មាតា​បិតា​ទាំងឡាយ​អាច​បង្រៀន​កូន​ឲ្យ​ចេះ​ស្រឡាញ់​បាន​យ៉ាងណា? អត្ថបទ​ជា​បន្តបន្ទាប់​នឹង​ពិគ្រោះ​អំពី​សំនួរ​ទាំង​នេះ។

[រូបភាព​នៅ​ទំព័រ​៣]

ការ​បណ្ដុះ​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ក្នុង​លោកីយ៍​ដែល​គ្រប​ដណ្ដប់​ទៅ​ដោយ ចិត្តលោភ​នោះ ពិត​ជា​ពិបាក​ណាស់