លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

វិធីបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់ពិត

វិធីបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់ពិត

វិធី​បណ្ដុះ​ឲ្យ​មានសេចក្ដី​ស្រឡាញ់​ពិត

​«សេចក្ដី​ស្រឡាញ់​ប្រៀប​ដូច​ជា​ថ្នាំផ្សះ​ចំបង​ក្នុង​ជីវិត​យើង សេចក្ដី​ស្រឡាញ់​គឺ​ជា​ជីវិត​តែ​ម្ដង»។—សៀវភៅ​ភាសា​អង់គ្លេស ការ​រស់​នៅ​ស្របតាម​បំណង និពន្ធ​ដោយ​លោកចូសេព ចនសុន​ឆ្នាំ​១៨៧១។

តើ​មនុស្ស​អាច​រៀន​ឲ្យ​ចេះ​បង្ហាញ​សេចក្ដី​ស្រឡាញ់​បាន​យ៉ាងណា? ដោយ​សិក្សា​ចិត្តវិទ្យា​ឬ? ដោយ​អាន​សៀវភៅ​ណែនាំ​ឲ្យ​ខ្លួន​រីកចំរើន​លូតលាស់​ឬ? ដោយ​ទស្សនា​រឿង​ស្នេហា​ឬ? ច្បាស់​ជា​មិន​ដូច្នេះ​ទេ។ មនុស្ស​យើង​រៀន​ឲ្យ​ចេះ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​មើល​គំរូ​របស់​មាតា​បិតា និង​ទទួល​ការ​បង្វឹក​បង្វឺន​ពី​ពួក​គាត់។ កូន​ក្មេង​អាច​ចេះ​ស្រឡាញ់​បាន បើ​គេ​ស្ថិត​នៅ​ក្នុង​មជ្ឈដ្ឋាន​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​កក់ក្ដៅ ទាំង​មាន​មាតា​បិតា​ជួយ​ចិញ្ចឹម ការពារ ហើយ​ប្រស្រ័យ​ទាក់ទង​និង​យកចិត្ត​ទុកដាក់​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កូន។ កូន​ក្មេង​ក៏​នឹង​រៀន​ចេះ​ស្រឡាញ់​បាន ពេល​ដែល​មាតា​បិតា​បង្រៀន​កូន​ឲ្យ​ធ្វើ​តាម​គោលការណ៍​ដែល​ជួយ​ឲ្យ​ដឹង​ខុសត្រូវ។

សេចក្ដី​ស្រឡាញ់​ដ៏​ពិត​មិន​គ្រាន់​តែ​ជា​ភាព​ស្និទ្ធស្នាល ឬ​មនោសញ្ចេតនា​ម្យ៉ាង​ប៉ុណ្ណោះ​ឡើយ។ សេចក្ដី​ស្រឡាញ់​តែង​តែ​ជំរុញ​ឲ្យ​ប្រព្រឹត្ត​បែប​ណា​ដែល​រក​ប្រយោជន៍​ដល់​មនុស្ស​ដទៃ ទោះបី​ជា​អ្នក​ទទួល​ប្រយោជន៍​នោះ​មិន​យល់​តម្លៃ​ភ្លាមៗ​ក៏​ដោយ ដូច​ជា​ពេល​កូន​ក្មេង​ទទួល​ការ​ប្រៀនប្រដៅ​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់។ ព្រះ​ដែល​ជា​អ្នក​បង្កើត ទ្រង់​ជា​គំរូ​ដ៏​សុក្រឹត​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ឥត​កំណាញ់។ សាវ័ក​ប៉ុល​បាន​សរសេរ​ថា​៖ «កូន​អើយ! កុំ​ឲ្យ​មើលងាយ​សេចក្ដី​ផ្ចាញ់ផ្ចាល[ឬ​«ការ​ទូន្មាន​ប្រដៅ»​, ព.ថ.] របស់​ព្រះ​អម្ចាស់​ឡើយ ក៏​កុំ​ឲ្យ​រសាយចិត្ត​ក្នុង​កាល​ដែល​ទ្រង់​បន្ទោស​ឯង​ដែរ ដ្បិត​ព្រះ​អម្ចាស់​ទ្រង់[«ទូន្មាន​ប្រដៅ»​, ព.ថ.]ចំពោះ​អស់​អ្នក​ណា​ដែល​ទ្រង់​ស្រឡាញ់»។—ហេព្រើរ ១២:៥, ៦

មាតា​បិតា​ទាំង​ឡាយ​អើយ! តើ​អ្នក​អាច​យក​តម្រាប់​តាម​គំរូ​របស់​ព្រះ​យេហូវ៉ា​បាន​យ៉ាង​ណា ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ក្រុម​គ្រួសារ​របស់​អ្នក? រីឯ​គំរូ​របស់​អ្នក ចំពោះ​ចំណង​មេត្រីភាព​រវាង​ស្វាមី​ភរិយា​នោះ តើ​សំខាន់​ប៉ុន​ណា?

ចូរ​បង្រៀន​ឲ្យ​ចេះ​ស្រឡាញ់​ដោយ​តាំង​គំរូ

ប្រសិន​បើ​អ្នក​ជា​ស្វាមី​មួយ​រូប តើ​អ្នក​បង្ហាញ​សេចក្ដី​គោរព​ចំពោះ​ភរិយា ហើយ​លើក​កិត្ដិយស​ដល់​នាង​ឬ​ទេ? ប្រសិន​បើ​អ្នក​ជា​ភរិយា​មួយ​រូប តើ​អ្នក​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ស្វាមី ទាំង​ជួយ​គាំទ្រ​គាត់​ជានិច្ច​ឬ? ព្រះ​គម្ពីរ​ពន្យល់​ថា គួរ​គប្បី​ឲ្យ​ស្វាមី​ភរិយា​ស្រឡាញ់​គ្នា​ហើយ​មាន​សេចក្ដី​គោរព​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ (អេភេសូរ ៥:២៨; ទីតុស ២:៤) ពេល​ដែល​ពួក​គាត់​ធ្វើ​ដូច្នេះ នោះ​កូនៗ​អាច​ឃើញ​ផ្ទាល់​នូវ​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ថា​ជា​គ្រីស្ទាន​ពិត។ ការ​ទាំង​នេះ​អាច​ជា​មេរៀន​ដែល​មាន​អានុភាព​លើ​កូនៗ ហើយ​មាន​តម្លៃ​មែន!

មាតា​បិតា​អាច​ជំរុញ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ក្នុង​រង្វង់​គ្រួសារ​បាន ពេល​ដែល​ពួក​គាត់​ប្រកាន់​តាម​ខ្នាត​តម្រា​ខ្ពង់ខ្ពស់​ក្នុង​ក្រុម​គ្រួសារ ស្តី​អំពី​រឿង​សីលធម៌ គោលដៅ​ផ្សេងៗ ការ​រៀបចំ​អាទិភាព​ក្នុង​ជីវិត និង​ជម្រើស​ផ្សេងៗ​ក្នុង​ការ​កំសាន្ត​ជាដើម។ មនុស្ស​ជា​ច្រើន​ទូទាំង​ពិភពលោក​បាន​ទទួល​ស្គាល់​ព្រះ​គម្ពីរ​ជា​ជំនួយ​ដ៏​ល្អ​ក្នុង​ការ​រៀបចំ​ខ្នាតតម្រា​ក្នុង​ក្រុមគ្រួសារ ហើយ​ពួក​គេ​ក៏​ធ្វើ​ជា​ទីសំអាង​ថា ព្រះ​គម្ពីរ​ពិត​ជា​សៀវភៅ​ដែល​«ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​តែង . . . ក៏​មាន​ប្រយោជន៍​សំរាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​ដំរង់ នឹង​ការ​បង្ហាត់​ខាង​ឯ​សេចក្ដី​សុចរិត»។ (ធីម៉ូថេទី២ ៣:១៦) បើ​គ្រាន់តែ​គិត​វិភាគ​មើល​អំពី​ធម្មទាន​នៅ​លើ​ភ្នំ​នោះ មាន​គោលការណ៍​និង​ពាក្យ​ណែនាំ​សំរាប់​ជីវិត​ដែល​មនុស្ស​ជា​ច្រើន​ចាត់ទុក​ជា​សេចក្ដី​ដ៏​ល្អ​ដែល​ប្រៀបផ្ទឹម​ពុំបាន​ឡើយ។—ម៉ាថាយ ជំពូក​៥​ដល់​៧

កាល​ណា​ក្រុម​គ្រួសារ​ទាំង​មូល​បែរ​ទៅ​រក​ព្រះ​ដើម្បី​ឲ្យ​បាន​ការ​ណែនាំ និង​តាម​ខ្នាតតម្រា​របស់​ទ្រង់ នោះ​សមាជិក​គ្រួសារ​ម្នាក់ៗ​នឹង​មាន​អារម្មណ៍​សុខស្រួល ហើយ​មាន​លទ្ធភាព​ច្រើន​ជាង​ឲ្យ​កូនៗ​រៀន​ចេះ​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​សេចក្ដី​គោរព​ចំពោះ​មាតា​បិតា​របស់​គេ។ ផ្ទុយ​ទៅ​វិញ បើ​ក្រុមគ្រួសារ​ណា​មាន​ខ្នាតតម្រា​មិន​ជាក់លាក់ ឬ​មិន​ត្រឹមត្រូវ ឬ​ក៏​មិន​អនុវត្ត​តាម​ខ្នាត​ទាំង​នោះ​ឲ្យ​បាន​ស្មើគ្នា​វិញ នោះ​កូនៗ​អាច​ក្លាយ​ជា​មាន​ចិត្ត​ជិនឆ្អន់ មាន​កំហឹង ឬ​រហូតដល់​បះបោរ​ប្រឆាំង​ក៏​មិន​ដឹង។—រ៉ូម ២:២១; កូល៉ុស ៣:២១

ចុះ​យ៉ាង​ណា​វិញ​ចំពោះ​បិតា​ឬ​មាតា​ដែល​គ្មាន​គូ? តើ​គាត់​ខ្វះ​លទ្ធភាព​បង្រៀន​ឲ្យ​កូនៗ​ចេះ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ឬ? មិន​មែន​ទេ! ការ​មូលគ្នា​ជា​មាតា​បិតា​ទាំង​ពីរនាក់ មុខជា​បង្កើត​ឲ្យ​មាន​មជ្ឈដ្ឋាន​ដ៏​ល្អ​បំផុត ក៏​ប៉ុន្តែ មាន​បទពិសោធន៍​ខ្លះៗ​ក៏​បង្ហាញ​ថា បើ​ក្រុមគ្រួសារ​ណាមិន​មាន​មាតា​ឬ​បិតា​ម្នាក់ នោះ​ចំណង​មេត្រីភាព​រវាងគ្នា​នឹងគ្នា​នៃ​សមាជិក​និមួយៗ អាច​បំពេញ​កង្វះ​នោះ​ដល់​មួយ​កំរិត​បាន។ បើ​អ្នក​ជា​បិតា​ឬ​មាតា​ដែល​គ្មាន​គូ​នោះ សូម​ខំ​អនុវត្ត​តាម​គោលការណ៍​ព្រះ​គម្ពីរ​ក្នុង​រង្វង់​គ្រួសារ​របស់​អ្នក​ចុះ! ត្រូវ​ហើយ មាន​សុភាសិត​មួយ​ចែង​ថា​៖ «ចូរ​ទីពឹង​ដល់​ព្រះ​យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹងផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ។ ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​ដំរង់​អស់ទាំង​ផ្លូវច្រក​របស់​ឯង» រួម​ទាំង​ផ្លូវ​របស់​អ្នក​ជា​មាតា​ឬ​បិតា​ម្នាក់។—សុភាសិត ៣:៥, ៦; យ៉ាកុប ១:៥

ក្នុង​រាប់​ពាន់​ក្រុមជំនុំ​នៃ​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ទូទាំង​ផែនដី យើង​អាច​រក​ឃើញ​យុវជន​យុវតី​ល្អៗ​ច្រើន​នាក់​ដែល​បាន​ត្រូវ​ចិញ្ចឹម​អប់រំ​ក្នុង​ក្រុមគ្រួសារ​ដែល​មាន​តែ​មាតា​ឬ​បិតា​ប៉ុណ្ណោះ ហើយ​ពួក​គេ​កំពុង​តែ​បំរើ​ព្រះ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត​ផង​ដែរ។ នេះ​ជា​ទីសំអាង​ថា បិតា​ឬ​មាតា​ដែល​គ្មាន​គូ​នោះ អាច​មាន​ជោគជ័យ​ក្នុង​ការ​បង្រៀន​កូនៗ​ឲ្យ​ចេះ​បង្ហាញ​សេចក្ដី​ស្រឡាញ់។

វិធី​ដែល​បុគ្គល​គ្រប់​រូប​អាច​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់

ព្រះ​គម្ពីរ​បាន​ទាយ​ទុក​ជា​មុន​ថា ថ្ងៃ​«ជាន់​ក្រោយ​បង្អស់» ត្រូវ​សម្គាល់​ដោយ​មនុស្ស​ដែល​«មិន​ស្រឡាញ់​តាម​ធម្មតា» បាន​សេចក្ដី​ថា សមាជិក​គ្រួសារ​នឹង​មិន​មាន​សេចក្ដី​ស្រឡាញ់​ដែល​ពួក​គេ​គួរ​បង្ហាញ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ធម្មតា​នោះ​ទេ។ (ធីម៉ូថេទី២ ៣:១, ៣) ទោះ​ជា​យ៉ាងណា​ក៏ដោយ សូម្បីតែ​មនុស្ស​ខ្លះ​បាន​ធំឡើង​ក្នុង​រង្វង់​គ្រួសារ​ដែល​ខ្វះសេចក្ដី​ស្រឡាញ់​នោះ ពួក​គេ​អាច​រៀន​ឲ្យ​ចេះ​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​បាន​ដែរ។ តើ​ដោយ​ដូចម្ដេច? គឺ​ដោយ​រៀន​ពី​ព្រះ​យេហូវ៉ា​ដែល​ជា​ប្រភព​នៃ​សេចក្ដី​ស្រឡាញ់ ហើយ​ទ្រង់​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​ភាព​ស្និទ្ធស្នាល​ចំពោះ​អស់​អ្នកណា​ដែល​ស្វែង​រក​ទ្រង់​អស់​ពី​ដួងចិត្ត។ (យ៉ូហានទី១ ៤:៧, ៨) អ្នក​តែង​បទទំនុកដំកើង​ម្នាក់​បាន​ចែង​ថា​៖ «បើ​កាល​ណា​ឪពុក​ម្ដាយ​លះចោល​ទូលបង្គំ នោះ​ព្រះ​យេហូវ៉ា​ទ្រង់​នឹង​ទទួល​ទូលបង្គំ​ទុក​វិញ»។—ទំនុកដំកើង ២៧:១០

ព្រះ​យេហូវ៉ា​ទ្រង់​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​យើង​តាម​របៀប​ផ្សេងៗ ដូច​ជា ការ​ណែនាំ​ក្នុង​ព្រះ​គម្ពីរ​ដែល​មក​ពី​ទ្រង់​ជា​បិតា​របស់​យើង ក៏​មាន​ជំនួយ​ពី​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់ ហើយ​មាន​ភាតរភាព​ជា​បងប្អូន​គ្រីស្ទាន​ដែល​ជួយ​គាំទ្រ​យើង​យ៉ាង​កក់ក្ដៅ​ផង​ដែរ។ (ទំនុកដំកើង ១១៩:៩៧​-​១០៥; លូកា ១១:១៣; ហេព្រើរ ១០:២៤, ២៥) សូម​ពិចារណា​នូវ​របៀប​ដែល​ជំនួយ​បីយ៉ាង​នេះ​អាច​ជួយ​អ្នក​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​កាន់តែ​ច្រើន​ឡើង​ចំពោះ​ព្រះ​និង​អ្នកជិតខាង​ផង​ដែរ។

ការ​ណែនាំ​ដែល​បណ្ដាល​មក​ពី​ព្រះ​វរបិតា

បើ​យើង​ចង់​បង្កើត​ឲ្យ​មាន​ចំណង​មេត្រីភាព​ដ៏​ស្និទ្ធស្នាល​ជា​មួយ​មនុស្ស​ណា​ម្នាក់ នោះ​យើង​ត្រូវ​ស្គាល់​គាត់​ឲ្យ​បាន​ច្បាស់​សិន។ ព្រះ​យេហូវ៉ា​ទ្រង់​អញ្ជើញ​ឲ្យ​យើង​ចូល​ទៅ​ជិត​ទ្រង់ ដោយ​សម្ដែង​ពី​អង្គ​ទ្រង់​តាម​រយៈ​ព្រះ​គម្ពីរ។ ក៏​ប៉ុន្តែ ការ​អាន​ព្រះ​គម្ពីរ​ប៉ុណ្ណោះ នោះ​មិន​គ្រប់គ្រាន់​ទេ។ យើង​ត្រូវ​អនុវត្ត​តាម​សេចក្ដី​បង្រៀន​ក្នុង​ព្រះ​គម្ពីរ ទើប​យើង​អាច​ទទួល​លទ្ធផល​ជា​ប្រយោជន៍​បាន។ (ទំនុកដំកើង ១៩:៧​-​១០) អេសាយ ៤៨:១៧ ចែង​ថា​៖ «អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង ជា​អ្នក​ដែល​បង្រៀន​ឲ្យ​ឯង​បាន​ទទួល​ប្រយោជន៍ ហើយ​ក៏​នាំ​ឯង​ទៅ​ក្នុង​ផ្លូវ​ដែល​ឯង​គួរ​ដើរ»។ ត្រូវ​មែន ព្រះ​យេហូវ៉ា​ជា​តួ​អង្គ​នៃ​សេចក្ដី​ស្រឡាញ់ ហើយ​ទ្រង់​បង្ហាត់​បង្រៀន​យើង​ដើម្បី​ជា​ប្រយោជន៍​ដល់​យើងវិញ ទ្រង់​មិន​សព្វព្រះទ័យ​ដាក់​កំរិត​លើ​សេរីភាព​របស់​យើង​ឲ្យ​ហួសទំនង​ឡើយ។

ចំណេះ​ត្រឹម​ត្រូវ​ពី​ព្រះ​គម្ពីរ​ក៏​ជួយ​បង្កើន​សេចក្ដី​ស្រឡាញ់​របស់​យើង​ច្រើន​ជាង​ចំពោះ​មនុស្ស​គ្នីគ្នា។ នេះ​មកពី​សេចក្ដី​ពិត​ក្នុង​ព្រះ​គម្ពីរ​ដែល​បង្រៀន​យើង​អំពី​ទស្សនៈ​របស់​ព្រះ​ចំពោះ​មនុស្ស​ជាតិ ហើយ​ក៏​បង្ហាញ​អំពី​គោលការណ៍​ដែល​គួរ​មាន​អានុភាព​លើ​របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។ ពេល​មាន​ពត៌មាន​បែប​នេះ ច្បាស់​ជា​មាន​មូលដ្ឋាន​ដ៏​រឹងមាំ​ដើម្បី​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នកជិតខាង​យើង។ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា​៖ «ខ្ញុំ​ក៏​អធិស្ឋាន​សូម​សេចក្ដី​នេះ គឺ​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់គ្នា បាន​ចំរើន​កាន់តែ​ច្រើន​ឡើង ដោយ​នូវ​សេចក្ដី​ចេះ​ដឹង[ឬ​«ចំណេះ​ត្រឹម​ត្រូវ»​, ព.ថ.] នឹង​យោបល់​គ្រប់​ជំពូក»។—ភីលីព ១:៩, កំណែ​ជា​អក្សរទ្រេត

សេចក្ដី​ស្រឡាញ់​គួរ​ត្រូវ​ជំរុញ​ដោយ​«ចំណេះ​ត្រឹមត្រូវ»​មែន។ ដើម្បី​បង្ហាញ​អំពី​ហេតុការណ៍​នេះ សូម​ពិចារណា​មើលកិច្ចការ ១០:៣៤, ៣៥ ដែល​ថា​៖ «ព្រះ​មិន​រើសមុខ​អ្នកណា​ទេ គឺ​នៅ​ក្នុង​គ្រប់​ទាំង​សាសន៍ អស់​អ្នកណា​ដែល​កោតខ្លាច​ដល់​ទ្រង់ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​សុចរិត នោះ​គាប់​ដល់​ព្រះ​ហឫទ័យ​ទ្រង់​ដែរ»។ ខ​នេះ​បញ្ជាក់​ថា ព្រះ​ទ្រង់​ទត​សម្គាល់​មនុស្ស​ស្រប​ទៅ​តាម​ការ​ប្រព្រឹត្ត​ដ៏​សុចរិត​និង​ចិត្ត​ដែល​កោត​ខ្លាច​ដល់​ទ្រង់ មិនមែន​ផ្អែក​លើ​ជាតិ​សាសន៍​របស់​គេ​ឡើយ។ ដូចគ្នា យើង​មិន​គួរ​មាន​ចិត្តលំអៀង​ចំពោះ​មនុស្ស​ទេ មែន​ទេ?—កិច្ចការ ១៧:២៦, ២៧; យ៉ូហានទី១ ៤:៧​-​១១, ២០, ២១

សេចក្ដី​ស្រឡាញ់​ជា​ផលផ្លែ​មួយ​នៃ​វិញ្ញាណ​របស់​ព្រះ

ទឹក​ភ្លៀង​ដែល​ធ្លាក់​មក​លើ​ស្រែចំការ​នៅ​ចំពេល​ដែល​ត្រូវ​ការ​នោះ តែង​ជួយ​បង្កើត​ឲ្យ​មាន​ផល​ច្រើន។ ដូចគ្នា​ដែរ មនុស្ស​ដែល​ព្រម​ទទួល​វិញ្ញាណ​ពី​ព្រះ នោះ​វិញ្ញាណ​របស់​ព្រះ​អាច​ជួយ​គេ​បណ្ដុះ​ឲ្យ​មាន​គុណសម្បត្ដិ​ដែល​ព្រះ​គម្ពីរ​រៀបរាប់​ជា «ផលផ្លែ​នៃ​ព្រះ​វិញ្ញាណ»។ (កាឡាទី ៥:២២, ២៣) សេចក្ដី​ស្រឡាញ់​គឺ​ជា​ផលផ្លែ​ដ៏​ចំបង។ (កូរិនថូសទី១ ១៣:១៣) ប៉ុន្តែ តើ​យើង​អាច​ទទួល​វិញ្ញាណ​របស់​ព្រះ​បាន ដោយ​របៀប​ណា? វិធី​ដ៏​សំខាន់​មួយ​គឺ​តាម​រយៈ​សេចក្ដី​អធិស្ឋាន។ បើ​យើង​អធិស្ឋាន​សុំ​វិញ្ញាណ​ពី​ព្រះ នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ​យើង​មែន។ (លូកា ១១:៩​-​១៣) តើ​អ្នក​ព្យាយាម​អធិស្ឋាន​សុំ​វិញ្ញាណ​ពី​ព្រះ​ជានិច្ច​ឬ? បើ​អ្នក​ធ្វើ​ដូច្នេះ​មែន អ្នក​នឹង​បង្ហាញ​ផលផ្លែ​នានា​ដ៏​វិសេស​នៃ​វិញ្ញាណ​នោះ​កាន់តែ​ច្រើន​ឡើងៗ​បាន រួម​ទាំង​សេចក្ដី​ស្រឡាញ់​ផង​ដែរ។

ក៏​ប៉ុន្តែ មាន​វិញ្ញាណ​បែប​ម្យ៉ាង​ទៀត​ដែល​មាន​ប្រតិបត្ដិ​ការ​ផ្ទុយ​នឹង​វិញ្ញាណ​របស់​ព្រះ។ ព្រះ​គម្ពីរ​ហៅ​វិញ្ញាណ​មួយ​នេះ​ជា​«វិញ្ញាណ​របស់​លោកីយ»។ (កូរិនថូសទី១ ២:១២; អេភេសូរ ២:២) នេះ​ជា​ឥទ្ធិពល​ដ៏​ខូច​អាក្រក់​មួយ ហើយ​ប្រភព​វា​គឺ​អារក្ស​សាតាំង ដែល​ជា​«ចៅហ្វាយ​របស់​លោកីយ​នេះ» គឺ​លោកីយ៍​ដែល​មិន​មាន​ទំនាក់ទំនង​ជា​មួយ​នឹង​ព្រះ​សោះ។ (យ៉ូហាន ១២:៣១) «វិញ្ញាណ​របស់​លោកីយ»​នេះ​ប្រៀប​ដូចជា​ខ្យល់​ដែល​បក់បោក​ដី​និង​សំរាម​ឲ្យ​រប៉ាត់រប៉ាយ​សាយភាយ​ពាសពេញ ពីព្រោះ​វិញ្ញាណ​នេះ​បង្កើត​ឲ្យ​មាន​សេចក្ដី​ប៉ងប្រាថ្នា​ដែល​បង្ខូច​បំផ្លាញ​សេចក្ដី​ស្រឡាញ់ ហើយ​បណ្ដោយ​តាម​ភាព​ខ្សោយ​ខាង​សាច់ឈាម​របស់​មនុស្សជាតិ។—កាឡាទី ៥:១៩​-​២១

មនុស្ស​តែង​ស្រូប​យក​វិញ្ញាណ​អាក្រក់​នេះ​ចូល​ទៅ​ក្នុង​ខ្លួន ពេល​ដែល​ពួក​គេ​អនុញ្ញាត​ឲ្យ​អាកប្បកិរិយា​ផ្សេងៗ​ក្នុង​លោកីយ៍​នេះ​មាន​ឥទ្ធិពល​លើ​គេ ដូច​ជា​វត្ថុនិយម ចិត្ត​សួនតួ សេចក្ដី​ឃោរឃៅ និង​ទស្សនៈ​ខុស​ពី​ប្រក្រតី​ដែល​មាន​ជា​ទូទៅ​ក្នុង​លោកីយ៍​ចំពោះ​រឿង​ស្នេហា។ បើ​អ្នក​ចង់​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ពិត​ត្រឹមត្រូវ​កាន់តែ​ច្រើន​ឡើង​នោះ អ្នក​ត្រូវតែ​ទប់ទល់​យ៉ាង​ខ្លាំង​នឹង​វិញ្ញាណ​របស់​លោកីយ៍​នេះ។ (យ៉ាកុប ៤:៧) ប៉ុន្តែ កុំ​ទុក​ចិត្ត​តែ​នឹង​កម្លាំង​របស់​ខ្លួន​អ្នក​ផ្ទាល់​ប៉ុណ្ណោះ​ឡើយ។ ចូរ​ទូល​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ចុះ! វិញ្ញាណ​របស់​ទ្រង់​ជា​ឥទ្ធិពល​ដ៏​ខ្លាំង​បំផុត​ក្នុង​សកលលោក​នេះ ហើយ​វិញ្ញាណ​នោះ​អាច​ពង្រឹង​កម្លាំង​របស់​អ្នក ដើម្បី​ឲ្យ​បាន​ជោគជ័យ។—ទំនុកដំកើង ១២១:២

ចូរ​រៀន​ពី​ភាតរភាព​បងប្អូន​គ្រីស្ទាន​ឲ្យ​ចេះ​ស្រឡាញ់

ដូច​ជា​ក្មេងៗ​អាច​រៀន​ឲ្យ​ចេះ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយសារ​មាន​សេចក្ដី​ស្រឡាញ់​ក្នុង​រង្វង់​គ្រួសារ​របស់​គេ​ជា​មុន នោះ​យើង​រាល់គ្នា​ទាំង​ចាស់​ទាំង​ក្មេង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​កាន់តែ​ច្រើន​ឡើងៗ​បាន​ដែរ ដោយ​សេពគប់​ជាមួយ​បងប្អូន​គ្រីស្ទាន​ឯទៀត។ (យ៉ូហាន ១៣:៣៤, ៣៥) តាម​ពិត ក្រុមជំនុំ​គ្រីស្ទាន​មាន​បំណង​ចំបង​មួយ គឺ​ចង់​បង្កើត​ឲ្យ​មាន​មជ្ឈដ្ឋាន​ដើម្បី​ឲ្យ​បងប្អូន​ម្នាក់ៗ​អាច «ជួយ​ដាស់តឿន​គ្នា​អោយ​មាន​ចិត្ត​ស្រឡាញ់​និង​ប្រព្រឹត្ត​អំពើ​ល្អ»។—ហេប្រឺ [ហេព្រើរ] ១០:​២៤, ខ.ស.

ជា​ពិសេស ពួក​អ្នក​ដែល​«ល្វើយ ហើយ​ខ្ចាត់ខ្ចាយ»​ក្នុង​លោកីយ៍​នេះ​ដែល​មិន​ចេះ​បង្ហាញ​សេចក្ដី​ស្រឡាញ់​សោះ ពួក​គេ​អបអរ​នឹង​សេចក្ដី​ស្រឡាញ់​ក្នុង​ក្រុមជំនុំ។ (ម៉ាថាយ ៩:៣៦) ការ​ពិសោធន៍​របស់​មនុស្ស​ផ្សេងៗ​បាន​ស​ឲ្យ​ឃើញ​ថា ទោះជា​គេ​មិន​បាន​ទទួល​សេចក្ដី​ស្រឡាញ់​កាល​ពី​នៅ​ក្មេង​ក៏​ដោយ នោះ​ចំណង​មេត្រីភាព​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​នៅ​ពេល​ពេញវ័យ​ហើយ អាច​ជួយ​ទប់ស្កាត់​នូវ​ការ​រង​វិបត្ដិ​ដែល​ពួក​គេ​មាន​តាំង​ពី​ក្មេង​មក​នោះ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ចាំបាច់​ណាស់​ចំពោះ​បងប្អូន​គ្រីស្ទាន​ទាំងឡាយ​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជទឹក គួរ​ស្វាគមន៍​អ្នក​ថ្មី​ដែល​ចូល​រួម​ចំណែក​ក្នុង​ក្រុមជំនុំ​ឲ្យ​អស់​ពី​ដួងចិត្ត!

«សេចក្ដី​ស្រឡាញ់​មិន​ដែល​ផុត​ឡើយ»

ព្រះ​គម្ពីរ​រៀប​រាប់​ថា «សេចក្ដី​ស្រឡាញ់​មិន​ដែល​ផុត​ឡើយ»។ (កូរិនថូសទី១ ១៣:៨) ហេតុ​អ្វី​បាន​ជា​មិន​ដែល​ផុត? សាវ័ក​ប៉ុល​ពន្យល់​ថា​៖ «សេចក្ដី​ស្រឡាញ់​តែងតែ​អត់ធ្មត់ ហើយ​ក៏​សប្បុរស សេចក្ដី​ស្រឡាញ់​មិន​ចេះ​ឈ្នានីស មិន​ចេះ​អួតខ្លួន ក៏​មិន​ដែល​មាន​ចិត្ត​ធំ​ផង មិន​ដែល​ប្រព្រឹត្ត​បែប​មិន​គួរសម មិន​ដែល​រក​ប្រយោជន៍​ផ្ទាល់ខ្លួន មិន​រហ័សខឹង មិន​ប្រកាន់​ទោស»។ (កូរិនថូសទី១ ១៣:៤, ៥) បើ​ដូច្នេះ សេចក្ដី​ស្រឡាញ់​មិន​មែន​ជា​អារម្មណ៍​ស្រមើស្រមៃ ឬ​មនោសញ្ចេតនា​ឥតបើគិត​នោះ​ឡើយ។ ផ្ទុយ​ទៅវិញ ពួក​អ្នក​ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់​ក៏​ជ្រាប​អំពី​អ្វីៗ​ក្នុង​ជីវិត​ដែល​អាច​បញ្ឈឺចិត្ត​ឬ​នាំ​ឲ្យ​មាន​អារម្មណ៍​ថ្នាំងថ្នាក់​ផង​ដែរ តែ​ពួក​គេ​មិន​អនុញ្ញាត​ឲ្យ​ការ​ទាំង​នេះ​លប់បំបាត់​នូវ​សេចក្ដី​ស្រឡាញ់​ដែល​ពួក​គេ​មាន​ចំពោះ​មនុស្ស​គ្នីគ្នា​នោះ​ទេ។ សេចក្ដី​ស្រឡាញ់​បែប​នេះ​ពិត​ជា‹ចំណង​ដ៏​គ្រប់ល័ក្ខណ៍›មែន។—កូល៉ុស ៣:១២​-​១៤

សូម​ពិចារណា​មើល​គំរូ​នៃ​យុវតីដែល​ជា​ជន​គ្រីស្ទាន​មួយ​រូប​អាយុ​១៧​ឆ្នាំ នៅ​ប្រទេស​កូរ៉េ។ ពេល​ដែល​នាង​ចាប់ផ្ដើម​បំរើ​ព្រះ​យេហូវ៉ា ក្រុមគ្រួសារ​របស់​នាង​មិន​ពេញចិត្ត​ទេ ហើយ​នាង​ក៏​ត្រូវ​ចាក​ចេញ​ពី​ក្រុមគ្រួសារ។ ប៉ុន្តែ ជាជាង​មាន​កំហឹង​នោះ នាង​បាន​អធិស្ឋាន​អំពី​រឿង​នេះ ហើយ​បាន​អនុញ្ញាត​ឲ្យ​ព្រះ​បន្ទូល​របស់​ព្រះ និង​វិញ្ញាណ​របស់​ទ្រង់​មាន​ឥទ្ធិពល​លើ​គំនិត​នាង។ បន្ទាប់​មក នាង​បាន​សរសេរ​សំបុត្រ​ផ្ញើ​ចំពោះ​ក្រុម​គ្រួសារ​របស់​នាង​ជា​ញឹកញាប់ ទាំង​មាន​ពាក្យ​ពេចន៍​ដែល​ពោរពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ពិត​ហើយ​កក់ក្ដៅ​ផង នេះ​ជា​អារម្មណ៍​ពិត​របស់​នាង​ចំពោះ​ពួក​គាត់។ ជា​លទ្ធផល​នោះ បង​ប្រុស​ពីរនាក់​របស់​នាង​បាន​ចាប់ផ្ដើម​សិក្សា​ព្រះ​គម្ពីរ ហើយ​ឥឡូវ​នេះ​ជា​ជន​គ្រីស្ទាន​ដែល​បាន​ឧទ្ទិស​ថ្វាយខ្លួន​ចំពោះ​ព្រះ។ មាតា​និង​ប្អូន​ប្រុស​របស់​នាង​ក៏​បាន​ក្រសោប​យក​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ​ផង​ដែរ។ នៅ​ចុងក្រោយ​បំផុត​នោះ បិតា​របស់​នាង​ដែល​ពី​មុន​បាន​ប្រឆាំង​នាង​យ៉ាង​ខ្លាំង​នោះ គាត់​ក៏​បាន​ប្រែចិត្ត​វិញ។ ប្អូន​ស្រី​ដែល​ជា​ស្មរបន្ទាល់​ម្នាក់​នោះ បាន​សរសេរ​ថា​៖ «យើង​ម្នាក់ៗ​បាន​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​គ្រីស្ទាន​ដែល​រួម​ជំនឿ​ដូចគ្នា ហើយ​ឥឡូវ​ក្រុមគ្រួសារ​របស់​យើង​មាន​២៣​នាក់​ដែល​រួមគ្នា​មាន​សាមគ្គីភាព​ក្នុង​ការ​បំរើ​ព្រះ»។ សេចក្ដី​ស្រឡាញ់​ពិត​ជា​បាន​ឈ្នះ​មែន!

តើ​អ្នក​ចង់​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ពិត ហើយ​ចង់​ជួយ​អ្នក​ដទៃ​ឲ្យ​ធ្វើ​ដូច្នេះ​ដែរ​ឬ​ទេ? បើ​ចង់​មែន ចូរ​បែរ​ទៅ​រក​ព្រះ​យេហូវ៉ា​ចុះ! ទ្រង់​ជា​ប្រភព​នៃ​គុណសម្បត្ដិ​ដ៏​មាន​តំលៃ​នេះ។ ត្រូវ​ហើយ ចូរ​ធ្វើ​ឲ្យ​បន្ទូល​របស់​ព្រះ​ជ្រាប​ចូល​ទៅ​ក្នុង​ចិត្ត​របស់​អ្នក ទាំង​អធិស្ឋាន​សុំ​វិញ្ញាណ​បរិសុទ្ធ ហើយ​ចូល​រួម​ជា​ទៀងទាត់​ជា​មួយ​បងប្អូន​យើង​ដែល​មាន​ភាតរភាព​ជា​ពួក​គ្រីស្ទាន។ (អេសាយ ១១:៩; ម៉ាថាយ ៥:៥) យើង​មាន​អារម្មណ៍​កក់ក្ដៅ​ណាស់​ដោយ​ដឹង​ថា បន្ដិច​ទៀត​នឹង​លែង​មាន​មនុស្ស​អាក្រក់​ទៀត​ហើយ គឺ​មាន​តែ​ពួក​អ្នក​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​សម្គាល់​ជា​ពួក​គ្រីស្ទាន​ពិត! សេចក្ដី​ស្រឡាញ់​ពិត​ជា​គន្លឹះ​នៃ​សុភមង្គល​និង​ជីវិត។—ទំនុកដំកើង ៣៧:១០, ១១; យ៉ូហានទី១ ៣:១៤