លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើព្រះយេហូវ៉ាតម្រូវអ្វីពីយើង?

តើព្រះយេហូវ៉ាតម្រូវអ្វីពីយើង?

តើ​ព្រះ​យេហូវ៉ា​តម្រូវ​អ្វី​ពី​យើង?

​«តើ​ព្រះយេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​ឯង​ប្រព្រឹត្ត​ដូច​ម្ដេច បើ​មិន​មែន​ឲ្យ​ប្រព្រឹត្ត​ដោយ​សុចរិត[ឬ​«យុត្ដិធម៌»​, ខ.ស.] ឲ្យ​ស្រឡាញ់​សេចក្ដី​សប្បុរស ហើយ​ឲ្យ​ដើរ​ជា​មួយ​នឹង​ព្រះ​នៃ​ខ្លួន ដោយ​សុភាព​រាប​ទាប​ប៉ុណ្ណោះ»។—មីកា ៦:៨

១, ២​. ហេតុ​អ្វី​ក៏​អ្នក​បំរើ​ខ្លះ​របស់​ព្រះយេហូវ៉ា​ធ្លាក់​ទឹក​ចិត្ត? ប៉ុន្តែ តើ​អ្វី​ដែល​នឹង​ជួយ​គេ​បាន?

វៀរ៉ា​ជា​គ្រីស្ទាន​ដ៏​ស្មោះត្រង់​ម្នាក់​ដែល​មាន​អាយុ​៧៥​ឆ្នាំ ហើយ​សុខភាព​គាត់​មិន​ល្អ​ទេ។ គាត់​ពោល​ថា​៖ «ជួន​កាល ខ្ញុំ​មើល​ពី​បង្អួច​ឃើញ​បងប្អូន​ប្រុ​ស​ស្រី​ទៅ​ផ្សព្វផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ស្រក់​ទឹក​ភ្នែក ពីព្រោះ​ខ្ញុំ​ចង់​ទៅ​ផ្សព្វផ្សាយ​ជា​មួយ​នឹង​ពួក​គេ ប៉ុន្តែ ជំងឺ​បាន​ដាក់​កំរិត​លើ​កិច្ច​បំរើ​ខ្ញុំ​ថ្វាយ​ព្រះយេហូវ៉ា»។

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​បែប​នេះ​ទេ? ប្រាកដ​ហើយ យើង​ទាំង​អស់​គ្នា​ដែល​ស្រឡាញ់​ព្រះយេហូវ៉ា​ចង់​ដើរ​តាម​ព្រះ​នាម​នៃ​ទ្រង់ និង​ចង់​បំពេញ​តាម​តម្រូវ​ការ​របស់​ទ្រង់។ ប៉ុន្តែ ចុះ​យ៉ាង​ណា​វិញ​ប្រសិន​បើ​យើង​មាន​សុខភាព​ទ្រុឌ​ទ្រោម មាន​អាយុ​ច្រើន ឬ​ក៏​មាន​ភារកិច្ច​ជា​ច្រើន​ក្នុង​ក្រុម​គ្រួសារ​នោះ? យើង​ប្រហែល​ជា​ធ្លាក់​ទឹក​ចិត្ត ពីព្រោះ​ស្ថានការណ៍​ទាំង​នេះ​ជា​ហេតុ​រារាំង​មិន​ឲ្យ​យើង​បំពេញ​តាម​អ្វី​ដែល​ចិត្ត​ប្រាថ្នា​ចង់​ធ្វើ​ក្នុង​កិច្ច​បំរើ​របស់​ព្រះ។ ប្រសិន​បើ​កាលៈទេសៈ​របស់​យើង​គឺ​ដូច្នេះ​មែន យើង​អាច​ទទួល​នូវ​ការ​លើក​ទឹក​ចិត្ត​ដ៏​ពិត​អំពី​ពាក្យ​របស់​មីកា​ក្នុង​ជំពូក​ទី៦​និង​៧។ ជំពូក​ទាំង​នេះ​បញ្ជាក់​ឲ្យ​ដឹង​ថា តម្រូវ​ការ​របស់​ព្រះ​យេហូវ៉ា​គឺ​សម​ហេតុ​សម​ផល​ហើយ​អាច​បំពេញ​បាន។

របៀប​ដែល​ព្រះ​ប្រព្រឹត្ត​ទៅ​លើ​រាស្ត្រ​របស់​ទ្រង់

៣​. តើ​ព្រះយេហូវ៉ា​ប្រព្រឹត្ត​ទៅ​លើ​ពួក​អ៊ីស្រាអែល​ដែល​កំពុង​តែ​បះបោរ​ប្រឆាំង​នឹង​ទ្រង់​យ៉ាង​ដូច​ម្ដេច?

មុន​បង្អស់ យើង​សូម​មើល​មីកា ៦:៣​-​៥ និង​កត់​សម្គាល់​នូវ​របៀប​ដែល​ព្រះយេហូវ៉ា​ប្រព្រឹត្ត​ទៅ​លើ​រាស្ត្រ​របស់​ទ្រង់។ សូម​ចាំ​ថា នៅ​សម័យ​មីកា ពួក​អ៊ីស្រាអែល​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះ។ យ៉ាង​ណា​ក៏​ដោយ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ទៅ​កាន់​រាស្ត្រ​ទ្រង់​ដោយ​សេចក្ដី​មេត្ដាករុណា​ថា​៖ «ឱ​រាស្ត្រ​អញ​អើយ!»។ ទ្រង់​មាន​បន្ទូល​អង្វរ​គេ​ថា​៖ «ឱ​រាស្ត្រ​អញ​អើយ! ឥឡូវ​នេះ ចូរ​នឹក​ចាំ!»។ ព្រះយេហូវ៉ា​មិន​ចោទ​ប្រកាន់​ទោស​យ៉ាង​ឃោរឃៅ​ទៅ​លើ​រាស្ត្រ​ទ្រង់​ទេ ប៉ុន្តែ ទ្រង់​ខិតខំ​ជំរុញ​ទឹក​ចិត្ត​ពួក​គេ​ដោយ​សួរ​សំនួរ​ថា​៖ «តើ​អញ​បាន​ធ្វើ​ឲ្យ​ឯង​ធុញទ្រាន់​ដោយសារ​អ្វី?»។ ព្រះយេហូវ៉ា​ក៏​អញ្ជើញ​ឲ្យ​ពួក​អ៊ីស្រាអែល​«ធ្វើ​បន្ទាល់» ដើម្បី​បញ្ជាក់​ពី​អារម្មណ៍​របស់​ពួក​គេ។

៤​. តើ​គំរូ​របស់​ព្រះ​ក្នុង​ការ​បង្ហាញ​សេចក្ដី​មេត្ដាករុណា​នោះ គួរ​តែ​មាន​អានុភាព​លើ​យើង​យ៉ាង​ណា?

ព្រះយេហូវ៉ា​ជា​គំរូ​ដ៏​ប្រសើរ​បំផុត​ដែល​គួរ​ឲ្យ​ត្រាប់​តាម​ណាស់! ទ្រង់​បាន​សំដៅ​ទៅ​លើ​សាសន៍​អ៊ីស្រាអែល​និង​សាសន៍​យូដា​ដែល​កំពុង​តែ​បះបោរ​ប្រឆាំង​នឹង​ទ្រង់​នៅ​សម័យ​មីកា​ថា​៖ «រាស្ត្រ​អញ» ថែម​ទាំង​បាន​អង្វរ​ពួក​គេ​ទៀត​ផង។ ដូច្នេះ យើង​ត្រូវ​សម្ដែង​សេចក្ដី​មេត្ដាករុណា​និង​សុជីវធម៌​គ្រីស្ទាន​ជាង​អំបាល​ម៉ាន​ទៅ​ទៀត ក្នុង​របៀប​ដែល​យើង​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ឯ​ទៀត​ដែល​ចង់​ធ្វើ​ជា​ផ្នែក​នៃ​ក្រុម​ជំនុំ! ទោះ​ជា​បុគ្គល​ខ្លះ​ប្រហែល​ជា​មិន​សូវ​រាក់ទាក់​ប៉ុន្មាន ឬ​ក៏​ប្រហែល​ជា​ខ្សោយ​ខាង​វិញ្ញាណ​ក៏​ដោយ តែ​ប្រសិន​បើ​ពួក​គេ​ស្រឡាញ់​ព្រះយេហូវ៉ា នោះ​យើង​ចង់​ជួយ​ពួក​គេ​ព្រម​ទាំង​ប្រព្រឹត្ត​ដោយ​សេចក្ដី​មេត្ដាករុណា​ទៅ​លើ​ពួក​គេ​ដែរ។

៥​. តើ​មីកា ៦:៦, ៧ បាន​គូស​បញ្ជាក់​នូវ​ចំណុច​សំខាន់​ណា​ខ្លះ?

ជា​បន្ទាប់ សូម​បើក​មើល​មីកា ៦:៦, ៧។ មីកា​សួរ​សំនួរ​ត្រិះរិះ​មួយ​ចំនួន​ថា​៖ «តើ​ត្រូវ​ឲ្យ​ខ្ញុំ​យក​អ្វី ដើម្បី​ចូល​ទៅ​ចំពោះ​ព្រះយេហូវ៉ា ហើយ​ក្រាប​ថ្វាយ​បង្គំ​នៅ​មុខ​ព្រះ​ដ៏​ខ្ពស់? តើ​ត្រូវ​ឲ្យ​ខ្ញុំ​យក​ដង្វាយ​ដុត ជា​កូន​គោ​អាយុ​១​ខួប ដើម្បី​ចូល​ទៅ​ចំពោះ​ទ្រង់​ឬ? តើ​ព្រះយេហូវ៉ា​ទ្រង់​នឹង​សព្វ​ព្រះហឫទ័យ ដោយ​ចៀម​ទាំង​ពាន់ ឬ​ដោយ​ប្រេង​ទាំង​ម៉ឺន​ទន្លេ​ឬ​អី? តើ​ត្រូវ​ឲ្យ​ខ្ញុំ​ថ្វាយ​កូន​ច្បង​ខ្ញុំ ឲ្យ​បាន​ធួន​នឹង​អំពើ​រំលង​ដែល​ខ្ញុំ​ប្រព្រឹត្ត​គឺ​ជា​ផល​នៃ​រូប​កាយ​ខ្ញុំ ឲ្យ​បាន​ធួន​នឹង​បាប​នៃ​ព្រលឹង​ខ្ញុំ​ឬ?»។ មិន​ទាល់តែ​សោះ មនុស្ស​មិន​អាច​បំពេញ​ព្រះហឫទ័យ​របស់​ព្រះយេហូវ៉ា​ដោយ​ថ្វាយ​«ចៀម​ទាំង​ពាន់​ឬ​ដោយ​ប្រេង​ទាំង​ម៉ឺន​ទន្លេ»​ឡើយ។ ប៉ុន្តែ មាន​របៀប​ផ្សេង​ទៀត​ដែល​យើង​អាច​បំពេញ​ព្រះហឫទ័យ​របស់​ព្រះ​បាន។ តើ​តាម​របៀប​ណា?

យើង​ត្រូវ​តែ​ប្រព្រឹត្ត​ដោយ​យុត្ដិធម៌

៦​. តើ​មីកា ៦:៨ បាន​ប្រាប់​នូវ​តម្រូវ​ការ​បី​ណា​របស់​ព្រះ?

នៅ​មីកា ៦:៨ យើង​រៀន​ដឹង​នូវ​អ្វី​ដែល​ព្រះយេហូវ៉ា​តម្រូវ​អំពី​យើង។ មីកា​សួរ​ថា​៖ «តើ​ព្រះយេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​ឯង​ប្រព្រឹត្ត​ដូច​ម្ដេច បើ​មិន​មែន​ឲ្យ​ប្រព្រឹត្ត​ដោយ​សុចរិត[ឬ​«យុត្ដិធម៌»​, ខ.ស.] ឲ្យ​ស្រឡាញ់​សេចក្ដី​សប្បុរស ហើយ​ឲ្យ​ដើរ​ជា​មួយ​នឹង​ព្រះ​នៃ​ខ្លួន ដោយ​សុភាព​រាប​ទាប​ប៉ុណ្ណោះ?»។ តម្រូវ​ការ​ទាំង​បី​នេះ​ទាក់ទង​នឹង​អារម្មណ៍ គំនិត និង​ការ​ប្រព្រឹត្ត​របស់​យើង។ យើង​ត្រូវ​តែ​បង្ហាញ​នូវ​ទឹក​ចិត្ត គិត​អំពី​របៀប​សម្ដែង និង​ចាត់​វិធានការ​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​គុណសម្បត្ដិ​ទាំង​នេះ។ យើង​សូម​ពិចារណា​តម្រូវ​ការ​ទាំង​បី​នេះ​ម្ដង​មួយៗ។

៧, ៨​. (ក) តើ​ការ‹ប្រព្រឹត្ត​ដោយ​យុត្ដិធម៌›បាន​ន័យ​យ៉ាង​ណា? (ខ) តើ​មាន​អំពើ​អយុត្ដិធម៌​អ្វី ដែល​មាន​ទូទៅ​នៅ​សម័យ​មីកា?

ការ‹ប្រព្រឹត្ត​ដោយ​យុត្ដិធម៌›បាន​ន័យ​ថា យើង​ធ្វើ​អ្វីៗ​ដែល​ជា​ការ​ល្អ​ត្រឹម​ត្រូវ។ ការ​ប្រព្រឹត្ត​របស់​ព្រះយេហូវ៉ា​គឺ​ជា​គំរូ​សំរាប់​យុត្ដិធម៌។ ប៉ុន្តែ មនុស្ស​នៅ​សម័យ​មីកា​មិន​បាន​ប្រព្រឹត្ត​ដោយ​យុត្ដិធម៌​ទេ គឺ​ពួក​គេ​ប្រព្រឹត្ត​ដោយ​អយុត្ដិធម៌​វិញ។ តើ​ពួក​គេ​បាន​ធ្វើ​ដូច​ម្ដេច? សូម​ពិចារណា​មើល​មីកា ៦:១០។ ឃ្លា​ចុង​ខ​នោះ​ចែង​ថា អ្នក​លក់​បាន​ប្រើ​«រង្វាល់​ឆ​កោង» គឺ​ថា រង្វាល់​ដែល​តូច​ពេក។ ខ​១១​ចែង​ថា ពួក​គេ​ប្រើ​«កូន​ជញ្ជីង​ឆ​កោង»​ដែរ។ ម្យ៉ាង​ទៀត យោង​ទៅ​តាម​ខ​១២​«អណ្ដាត​នៅ​ក្នុង​មាត់​គេ​ក៏​ជា​គ្រឿង​ឆបោក»​ដែរ។ ដូច្នេះ នៅ​សម័យ​មីកា រង្វាល់​ឆកោង កូន​ជញ្ជីង​ឆ​កោង និង​ពាក្យ​សំដី​ឆបោក​ខាង​ពាណិជ្ជកម្ម​ជា​ការ​ប្រព្រឹត្ត​ដ៏​ពេញ​និយម។

ការ​ប្រព្រឹត្ត​ដោយ​អយុត្ដិធម៌​យ៉ាង​នេះ​មិន​មែន​មាន​តែ​ក្នុង​ផ្សារ​ប៉ុណ្ណោះ​ទេ គឺ​កើត​មាន​ឡើង​ក្នុង​តុលាការ​ដែរ។ មីកា ៧:៣ បញ្ជាក់​ថា​៖ «ចៅហ្វាយ គេ​ក៏​សូម ហើយ​ចៅក្រម​ក៏​ប្រុង​នឹង​ស៊ីសំណូក​ដែរ»។ មនុស្ស​សូកប៉ាន់​ចៅហ្វាយ​ដើម្បី​ឲ្យ​គាត់​កាត់​ទោស​ដោយ​អយុត្ដិធម៌​ទៅ​លើ​មនុស្ស​ដែល​គ្មាន​ទោស។ «អ្នក​ធំ»​ឬ​ក៏​ពលរដ្ឋ​ដែល​មាន​ទឹក​មាត់​ប្រៃ​ក៏​ចូល​ដៃ​ក្នុង​បទ​ឧក្រិដ្ឋ​ទាំង​នេះ​ដែរ។ តាម​ពិត មីកា​ប្រាប់​ថា ពួក​ចៅហ្វាយ ពួក​ចៅក្រម និង​អ្នក​ធំ​«ប្រមុំ»​មូល​គំនិត​គ្នា​ដើម្បី​ធ្វើ​អំពើ​អាក្រក់។

៩​. តើ​មនុស្ស​ដែល​ប្រព្រឹត្ត​ដោយ​អយុត្ដិធម៌​មាន​អានុភាព​លើ​សាសន៍​យូដា​និង​សាសន៍​អ៊ីស្រាអែល​ដូច​ម្ដេច?

អំពើ​ដ៏​អយុត្ដិធម៌​នៃ​មេ​ដឹក​នាំ​ដ៏​ទុច្ចរិត​ទាំង​នោះ បាន​ប៉ះ​ពាល់​ទៅ​លើ​ស្រុក​យូដា​និង​អ៊ីស្រាអែល​ទាំង​មូល។ មីកា ៧:៥ កត់​សម្គាល់​ថា ការ​ខ្វះ​នូវ​យុត្ដិធម៌​បាន​នាំ​ឲ្យ​ពួក​ម៉ាក មិត្តភក្ដិ​ជិត​ស្និទ្ធ និង​រហូត​ដល់​គូ​អាពាហ៍ពិពាហ៍​លែង​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ ខ​៦​ចែង​ថា នេះ​បាន​បង្កើត​ឲ្យ​មាន​សង្គម​អនាធិបតេយ្យ ដែល​បណ្ដាល​ឲ្យ​មាន​ការ​ស្អប់​គ្នា​រវាង​សាច់​ញាតិ​ជិត​ដូច​ជា​កូន​ប្រុស​និង​បិតា ហើយ​កូន​ស្រី​និង​មាតា។

១០​. តើ​គ្រីស្ទាន​ពិត​ប្រព្រឹត្ត​យ៉ាង​ណា​ក្នុង​សម័យ​ដែល​មាន​កង្វះ​ខាង​ភាព​យុត្ដិធម៌?

១០ ចុះ​យ៉ាង​ណា​វិញ​សព្វ​ថ្ងៃ​នេះ? យើង​ក៏​ឃើញ​ថា​មាន​ស្ថានភាព​ស្រដៀង​គ្នា​ដែរ មែន​ទេ? ដូច​មីកា​ដែរ យើង​រស់​នៅ​ក្នុង​លោកីយ៍​មួយ​ដែល​មាន​កង្វះ​ខាង​ភាព​យុត្ដិធម៌ គ្មាន​ទំនុក​ចិត្ត​រវាង​គ្នា​នឹង​គ្នា និង​មាន​ការ​បែក​បាក់​ផ្នែក​ក្រុម​គ្រួសារ​និង​ក្នុង​សង្គម​ផង។ ប៉ុន្តែ ក្នុង​នាម​ជា​អ្នក​បំរើ​ព្រះ​ក្នុង​ចំណោម​របប​លោកីយ៍​ដ៏​ទុច្ចរិត​នេះ យើង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ចិត្ត​គំនិត​អយុត្ដិធម៌​នៃ​លោកីយ៍​នេះ​ជ្រាប​ចូល​មក​ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន​ឡើយ។ ផ្ទុយ​ទៅ​វិញ​យើង​ត្រូវ​កាន់​តាម​គោលការណ៍​ស្តី​ពី​ភាព​ទៀងត្រង់ និង​ភក្ដីភាព​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង។ ប្រាកដ​ហើយ យើង​«ប្រព្រឹត្ត​ល្អ ក្នុង​គ្រប់​ការ​ទាំង​អស់»។ (ហេព្រើរ ១៣:១៨) តើ​អ្នក​យល់​ព្រម​ទេ​ថា ប្រសិន​បើ​យើង​ប្រព្រឹត្ត​ដោយ​យុត្ដិធម៌​នោះ យើង​ទទួល​ពរ​ជា​ច្រើន​ពី​ភាតរភាព​មួយ​ដែល​មាន​មូលដ្ឋាន​ទៅ​លើ​ការ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក?

តើ​មនុស្ស​នឹង​ឮ​«ព្រះ​សូរ​សៀង​នៃ​ព្រះ​យេហូវ៉ា»​យ៉ាង​ណា?

១១​. តើ​មីកា ៧:១២ កំពុង​តែ​សម្រេច​យ៉ាង​ដូច​ម្ដេច?

១១ មីកា​ទាយ​ថា ទោះ​ជា​មាន​ស្ថានភាព​ពេញ​ទៅ​ដោយ​ភាព​អយុត្ដិធម៌​ក៏​ដោយ​នោះ មនុស្ស​គ្រប់ៗ​រូប​ក៏​នឹង​ទទួល​យុត្ដិធម៌​បាន​នៅ​ឡើយ។ ព្យាការី​មីកា​ទាយ​ថា មនុស្ស​ត្រូវ​ប្រមូល​មក​«ពី​សមុទ្រ​ម្ខាង ទៅ​ដល់​សមុទ្រ​ម្ខាង ហើយ​ពី​ភ្នំ​១​ទៅ​ដល់​ភ្នំ​១​ទៀត»​ដើម្បី​ក្លាយ​ជា​អ្នក​ថ្វាយ​បង្គំ​ព្រះយេហូវ៉ា។ (មីកា ៧:១២) សព្វ​ថ្ងៃ​នេះ ក្នុង​ការ​សម្រេច​ចុង​ក្រោយ​នៃ​ទំនាយ​នេះ មនុស្ស​ពី​គ្រប់​សាសន៍​កំពុង​តែ​ទទួល​ប្រយោជន៍​ពី​ភាព​យុត្ដិធម៌​ដ៏​មិន​លំអៀង​របស់​ព្រះ មិន​មែន​សាសន៍​តែ​មួយ​ប៉ុណ្ណោះ​ទេ។ (អេសាយ ៤២:១) តើ​ពួក​គេ​ទទួល​ប្រយោជន៍​យ៉ាង​ដូច​ម្ដេច?

១២​. តើ​មនុស្ស​ឮ​«ព្រះ​សូរសៀង​នៃ​ព្រះយេហូវ៉ា»​នៅ​សព្វ​ថ្ងៃ​យ៉ាង​ដូច​ម្ដេច?

១២ ដើម្បី​រក​ចម្លើយ ចូរ​ពិចារណា​ពាក្យ​របស់​មីកា​មុន​នេះ។ មីកា ៦:៩ ចែង​ថា​៖ «ព្រះ​សូរសៀង​នៃ​ព្រះយេហូវ៉ា​បន្លឺ​ដល់​ទី​ក្រុង ហើយ​មនុស្ស​ណា​ដែល​មាន​ប្រាជ្ញា នឹង​ឃើញ[ឬ​«កោត​ខ្លាច»​, ខ.ស.]ព្រះ​នាម​ទ្រង់»។ តើ​មនុស្ស​គ្រប់​សាសន៍​ឮ​«ព្រះ​សូរសៀង​នៃ​ព្រះយេហូវ៉ា»​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​នេះ​ទាក់ទង​នឹង​ការ​ប្រព្រឹត្ត​ដោយ​យុត្ដិធម៌​យ៉ាង​ដូច​ម្ដេច​ខ្លះ? ប្រាក​ហើយ មនុស្ស​មិន​ឮ​ព្រះ​សូរសៀង​របស់​ព្រះ​មែន​ទែន​នោះ​ទេ។ ក៏​ប៉ុន្តែ តាម​រយៈ​ការ​ផ្សព្វផ្សាយ​របស់​យើង​ទូទាំង​ពិភពលោក​នេះ ព្រះ​សូរសៀង​របស់​ព្រះយេហូវ៉ា​ត្រូវ​ឮ​សុសសាយ​ដល់​មនុស្ស​គ្រប់​សាសន៍​និង​គ្រប់​ស្រទាប់​សង្គម។ ជា​លទ្ធផល ពួក​អ្នក​ដែល​ស្ដាប់​ព្រះ​សូរសៀង​នោះ​នឹង‹កោត​ខ្លាច​ព្រះ​នាម​ព្រះ› បាន​សេចក្ដី​ថា ចេះ​គោរព​ព្រះ​នាម​ទ្រង់។ យើង​មុខ​ជា​ប្រព្រឹត្ត​ដោយ​យុត្ដិធម៌​និង​សេចក្ដី​ស្រឡាញ់​ដោយ​បំរើ​ជា​អ្នក​ប្រកាស​ដ៏​ខ្នះខ្នែង​អំពី​ព្រះរាជាណាចក្រ​របស់​ព្រះ។ យើង‹ប្រព្រឹត្ត​ដោយ​យុត្ដិធម៌› ពេល​យើង​ផ្សព្វផ្សាយ​ប្រាប់​មនុស្ស​ទាំង​អស់​អំពី​ព្រះ​នាម​របស់​ព្រះយេហូវ៉ា​ដោយ​មិន​រើស​មុខ។

យើង​ត្រូវ​តែ​ស្រឡាញ់​សេចក្ដី​សប្បុរស

១៣​. តើ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​និង​សេចក្ដី​ស្រឡាញ់​ខុស​គ្នា​ត្រង់​លក្ខណៈ​ណា?

១៣ ឥឡូវ សូម​យើង​ពិចារណា​តម្រូវ​ការ​ទីពីរ​ដែល​ត្រូវ​រៀប​រាប់​នៅ​មីកា ៦:៨។ ព្រះយេហូវ៉ា​តម្រូវ​ឲ្យ​យើង​«ស្រឡាញ់​សេចក្ដី​សប្បុរស»។ ពាក្យ​ភាសា​ហេព្រើរ​ដែល​ត្រូវ​បកប្រែ​ថា​៖ «សេចក្ដី​សប្បុរស» ក៏​ត្រូវ​បកប្រែ​ថា​«សេចក្ដី​សប្បុរស​ដ៏​ស្មោះ» ឬ​ក៏​«សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់»។ ពាក្យ​ថា​«សេចក្ដី​សប្បុរស​ដ៏​ស្មោះ»​បាន​ន័យ​ថា ការ​យក​ចិត្ត​ទុក​ដាក់​ដោយ​សេចក្ដី​មេត្ដាករុណា​ទៅ​លើ​អ្នក​ដទៃ។ សេចក្ដី​សប្បុរស​ដ៏​ស្មោះ​គឺ​ខុស​គ្នា​នឹង​សេចក្ដី​ស្រឡាញ់។ តើ​ខុស​គ្នា​យ៉ាង​ណា? សេចក្ដី​ស្រឡាញ់​គឺ​ទូលំទូលាយ​ជាង។ មនុស្ស​អាច​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​វត្ថុ​ឬ​មតិ​ក៏​បាន។ ជា​ឧទាហរណ៍ ព្រះគម្ពីរ​ចែង​អំពី​ការ​«ស្រឡាញ់​ប្រាក់» និង​ការ​«ស្រឡាញ់​ដល់​ប្រាជ្ញា»។ (សាស្ដា ៥:១០; សុភាសិត ២៩:៣) ប៉ុន្តែ សេចក្ដី​សប្បុរស​ដ៏​ស្មោះ​តែង​តែ​ត្រូវ​សម្ដែង​ចំពោះ​មនុស្ស ជា​ពិសេស​ពួក​អ្នក​ដែល​កំពុង​តែ​បំរើ​ព្រះយេហូវ៉ា។ ដូច្នេះ មីកា ៧:២០ ចែង​អំពី​«សេចក្ដី​សប្បុរស[«ដ៏​ស្មោះ»​, ព.ថ.]ដល់​អ័ប្រាហាំ» ជា​បុរស​ម្នាក់​ដែល​បំរើ​ព្រះយេហូវ៉ា។

១៤, ១៥​. តើ​ត្រូវ​សម្ដែង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​យ៉ាង​ដូច​ម្ដេច? តើ​មាន​ទី​សំអាង​អ្វី​ក្នុង​វគ្គ​នេះ​ដែល​បញ្ជាក់​ពី​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​នោះ?

១៤ យោង​ទៅ​តាម​មីកា ៧:១៨ ព្យាការី​មីកា​ចែង​អំពី​ព្រះយេហូវ៉ា​ថា​៖ «ទ្រង់​សព្វ​ព្រះ​ហឫទ័យ​នឹង​សេចក្ដី​សប្បុរស[«ដ៏​ស្មោះ»​, ព.ថ.]»។ នៅ​មីកា ៦:៨ ចែង​ប្រាប់​ថា យើង​មិន​ត្រឹម​តែ​បង្ហាញ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ប៉ុណ្ណោះ តែ​ត្រូវ​ស្រឡាញ់​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ទៀត​ផង។ តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី​ពី​បទគម្ពីរ​ទាំង​នេះ? ខ​ទាំង​នេះ​បង្ហាញ​ថា យើង​សម្ដែង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ដោយ​ស្ម័គ្រ​ពី​ចិត្ត​និង​ដោយ​សទ្ធា គឺ​ដោយសារ​យើង​ចង់​សម្ដែង​គុណសម្បត្ដិ​នេះ។ ដូច​គ្នា​នឹង​ព្រះយេហូវ៉ា​ដែរ យើង​រីករាយ​ត្រេកអរ​នឹង​ការ​សម្ដែង​នូវ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ចំពោះ​ពួក​អ្នក​ដែល​ខ្វះ​ខាត។

១៥ សព្វ​ថ្ងៃ​នេះ សេចក្ដី​សប្បុរស​ដ៏​ស្មោះ​បែប​នេះ​គឺ​ជា​អ្វី​ដែល​សម្គាល់​រាស្ត្រ​របស់​ព្រះ។ ជា​ឧទាហរណ៍: នៅ​ខែ​មិថុនា ឆ្នាំ​២០០១ ខ្យល់ព្យុះ​សង្ឃរា​បាន​បង្ក​ឲ្យ​មាន​ទឹក​ជំនន់​ធំ​មួយ​នៅ​រដ្ឋ​តិច​សាស់ ស.រ.អ. ហើយ​បាន​បំផ្លាញ​ផ្ទះ​រាប់​ពាន់​ខ្នង រួម​មាន​រាប់​រយ​ផ្ទះ​របស់​ស្មរបន្ទាល់​ព្រះយេហូវ៉ា​ដែរ។ ដើម្បី​ជួយ​បងប្អូន​ខាង​វិញ្ញាណ​របស់​ខ្លួន នោះ​ស្មរបន្ទាល់​ប្រមាណ​១០.០០០​នាក់​បាន​សុខ​ចិត្ត​ចំណាយ​ពេល​និង​កម្លាំង​កាយ​ដោយ​មិន​គិត​ប្រាក់​ឬ​កម្លាំង​ពលកម្ម​របស់​គេ​នោះ​ទេ។ ជាង​៦ខែ អ្នក​ស្ម័គ្រ​ចិត្ត​ទាំង​នេះ​បាន​ធ្វើ​ការ​មិន​បង្អង់​ដៃ ចំណាយ​ពេល ទាំង​យប់​ទាំង​ថ្ងៃ រួម​ទាំង​ថ្ងៃ​សៅរ៍ថ្ងៃ​អាទិត្យ​ដែរ ដើម្បី​កសាង​សាល​ព្រះរាជាណាចក្រ​៨​ខ្នង​និង​ផ្ទះ​៧០០​ខ្នង​ឡើង​វិញ ដែល​ជា​របស់​បងប្អូន​គ្រីស្ទាន​របស់​ខ្លួន។ បងប្អូន​ដែល​មិន​អាច​ចូល​រួម​ការ​កសាង​នោះ បាន​ផ្ដល់​ជា​សម្ភារៈ​ស្ម័គ្រ​ពី​ចិត្ត ដូច​ជា​គ្រឿង​បរិក្ខារ ថវិកា និង​ម្ហូបអាហារ។ ហេតុ​អ្វី​បាន​ជា​ស្មរបន្ទាល់​រាប់​ពាន់​នាក់​នេះ​បាន​មក​ជួយ​បងប្អូន​របស់​ខ្លួន​ដូច្នេះ? ពីព្រោះ​ពួក​គេ​«ស្រឡាញ់​សេចក្ដី​សប្បុរស»។ ហើយ​យើង​មាន​ចិត្ត​រីករាយ​ណាស់​ដោយ​ដឹង​ថា បងប្អូន​របស់​យើង​ទូទាំង​ពិភពលោក​កំពុង​តែ​បង្ហាញ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ដូច​គ្នា​នេះ​ដែរ! ពិត​មែន​ហើយ ការ​ធ្វើ​តាម​តម្រូវ​ការ​ឲ្យ​«ស្រឡាញ់​សេចក្ដី​សប្បុរស» មិន​មែន​ជា​បន្ទុក​ទេ តែ​គឺ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត​វិញ!

ចូរ​ដើរ​ជា​មួយ​នឹង​ព្រះ​ដោយ​សុភាព​រាប​ទាប

១៦​. តើ​មាន​ឧទាហរណ៍​អ្វី​ដែល​ជួយ​បញ្ជាក់​ពី​ភាព​ចាំបាច់​ឲ្យ​យើង​ដើរ​ជា​មួយ​ព្រះ​ដោយ​សុភាព​រាប​ទាប?

១៦ តម្រូវ​ការ​ទីបី​ក្នុង​មីកា ៦:៨ គឺ​«ដើរ​ជា​មួយ​នឹង​ព្រះ​នៃ​ខ្លួន ដោយ​សុភាព​រាប​ទាប»។ នេះ​បាន​ន័យ​ថា យើង​ទទួល​ស្គាល់​នូវ​កំរិត​នៃ​សមត្ថភាព​របស់​យើង ហើយ​ថែម​ទាំង​ពឹងពាក់​ទៅ​លើ​ព្រះ​ដែរ។ ជា​ឧទាហរណ៍: សូម​គិត​ក្នុង​ចិត្ត​អំពី​ក្មេង​ស្រី​ម្នាក់​ដែល​កំពុង​តែ​កាន់​ដៃ​បិតា​របស់​ខ្លួន​ជាប់​យ៉ាង​ណែន ពេល​ពួក​គេ​ទាំង​ពីរ​នាក់​ដើរ​កាត់​ខ្យល់ព្យុះ។ ក្មេង​ស្រី​នេះ​ដឹង​ច្បាស់​ថា នាង​មិន​សូវ​ខ្លាំង​ប៉ុន្មាន​ទេ ប៉ុន្តែ​នាង​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​លើ​បិតា​របស់​នាង។ ដូច​ជា​ក្មេង​ស្រី​នោះ យើង​ក៏​ត្រូវ​ដឹង​កំរិត​សមត្ថភាព​របស់​ខ្លួន​ដែរ ហើយ​យើង​ត្រូវ​មាន​ទំនុក​ចិត្ត​ទៅ​លើ​ព្រះ​វរបិតា​របស់​យើង​នៅ​ស្ថានសួគ៌។ តើ​យើង​អាច​រក្សា​ទំនុក​ចិត្ត​នេះ​ដូច​ម្ដេច​បាន? វិធី​មួយ យើង​ត្រូវ​ចាំ​ជានិច្ច​នូវ​មូលហេតុ​ដែល​យើង​ត្រូវ​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ។ មីកា​រំឭក​យើង​ពី​មូលហេតុ​បី​យ៉ាង: ព្រះយេហូវ៉ា​ជា​ព្រះ​អង្គ​សង្គ្រោះ​យើង ជា​ព្រះ​អង្គ​ណែនាំ​យើង និង​ជា​ព្រះ​អង្គ​ដែល​ការពារ​យើង​ផង​ដែរ។

១៧​. តើ​ព្រះយេហូវ៉ា​បាន​សង្គ្រោះ ណែនាំ​និង​ការពារ​រាស្ត្រ​របស់​ទ្រង់​នៅ​សម័យ​បុរាណ​យ៉ាង​ដូច​ម្ដេច?

១៧ យោង​ទៅ​តាម​មីកា ៦:៤, ៥ ព្រះ​មាន​បន្ទូល​ថា​៖ «អញ​បាន​នាំ​ឯង​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក»។ ពិត​ណាស់ ព្រះយេហូវ៉ា​ជា​ព្រះ​ដែល​បាន​សង្គ្រោះ​សាសន៍​អ៊ីស្រាអែល។ ព្រះយេហូវ៉ា​មាន​បន្ទូល​ត​ទៅ​ទៀត​ថា​៖ «អញ​បាន . . . ចាត់​ម៉ូសេ អើរ៉ុន នឹង​ម៉ារាម​ឲ្យ​នាំ​មុខ​ឯង»។ ពិត​មែន​ហើយ ម៉ូសេ​និង​អើរ៉ុន​បាន​ត្រូវ​ប្រើ​ដើម្បី​ណែនាំ​ប្រជាជន​អ៊ីស្រាអែល និង​ម៉ារាម​បាន​នាំ​មុខ​ពួក​ស្ត្រី​អ៊ីស្រាអែល​ក្នុង​ការ​រាំ​របាំ​ជ័យជំនះ។ (និក្ខមនំ ៧:១, ២; ១៥:១, ១៩​-​២១; ចោទិយកថា ៣៤:១០) ព្រះយេហូវ៉ា​បាន​ផ្ដល់​ការ​ណែនាំ​តាម​រយៈ​អ្នក​បំរើ​របស់​ទ្រង់។ ក្នុង​ខ​៥ ព្រះយេហូវ៉ា​រំឭក​ពួក​អ៊ីស្រាអែល​ថា ទ្រង់​បាន​ការពារ​ពួក​គេ​ឲ្យ​រួច​ពី​អ្នក​ប្រឆាំង ដូច​ជា​លោក​បាឡាក​និង​បាឡាម​ជា​ដើម ហើយ​បាន​ការពារ​សាសន៍​អ៊ីស្រាអែល​ក្នុង​ផ្នែក​ចុង​ក្រោយ​នៃ​ដំណើរ​ពី​ស៊ីទីម​នៅ​ស្រុក​ម៉ូអាប់ រហូត​ដល់​គីលកាល​នៅ​ក្នុង​ស្រុក​សន្យា​នោះ។

១៨​. តើ​ព្រះ​សង្គ្រោះ ណែនាំ​និង​ការពារ​យើង​នៅ​សម័យ​នេះ​យ៉ាង​ដូច​ម្ដេច?

១៨ ពេល​យើង​ដើរ​ជា​មួយ​ព្រះយេហូវ៉ា ទ្រង់​សង្គ្រោះ​យើង​ពី​របប​លោកីយ៍​របស់​សាតាំង ទាំង​ណែនាំ​យើង​តាម​រយៈ​អង្គការ​របស់ទ្រង់ ហើយ​ការពារ​មួយ​ក្រុម​យើង​នេះ​ពី​អ្នក​ប្រឆាំង។ ហេតុ​នេះ​ហើយ​មាន​ហេតុ​ជា​ច្រើន​ជំរុញ​ឲ្យ​យើង​កាន់​ជាប់​នឹង​ព្រះ​ហស្ត​ព្រះវរបិតា​របស់​យើង​នៅ​ស្ថានសួគ៌ ពេល​យើង​ដើរ​មួយ​ចម្ងាយ​ចុង​ក្រោយ​នេះ និង​ឆ្លង​កាត់​ការ​ពិបាក​ដែល​មក​ដូច​ជា​ខ្យល់ព្យុះ ទៅ​ដល់​កន្លែង​មួយ​ដែល​ល្អ​ប្រសើរ​ជាង​ស្រុក​សន្យា​នៅ​សម័យ​បុរាណ​ឆ្ងាយ​ណាស់ គឺ​ជា​ពិភពលោក​ថ្មី​ដ៏​សុចរិត​របស់​ព្រះ។

១៩​. តើ​តាម​របៀប​ណា​ដែល​សេចក្ដី​សុភាព​ទាក់ទង​នឹង​កំរិត​នៃ​សមត្ថភាព​របស់​យើង?

១៩ ការ​ដើរ​ជា​មួយ​ព្រះ​ដោយ​សុភាព​រាប​ទាប​ក៏​នឹង​ជួយ​យើង​គិត​ឲ្យ​បាន​ប្រាកដប្រជា​អំពី​កាលៈទេសៈ​របស់​យើង។ ពិត​ជា​ដូច្នេះ​មែន ពីព្រោះ​ការ​សម្ដែង​សេចក្ដី​សុភាព​ត្រូវ​រួម​បញ្ចូល​ការ​ដឹង​កំរិត​នៃ​សមត្ថភាព​របស់​យើង។ សុខភាព​មិន​ល្អ​ឬ​អាយុ​ចាស់ អាច​ដាក់​កំរិត​ទៅ​លើ​អ្វី​ដែល​យើង​អាច​ធ្វើ​ក្នុង​កិច្ច​បំរើ​របស់​ព្រះយេហូវ៉ា។ ប៉ុន្តែ ជាជាង​អនុញ្ញាត​ឲ្យ​បញ្ហា​នេះ​ធ្វើ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ត យក​ល្អ​ឲ្យ​យើង​ចង​ចាំ​ថា​ព្រះ​ទ្រង់​ព្រម​ទទួល​នូវ​ការ​ខំ​ប្រឹង​និង​ពលិកម្ម​របស់​យើង ‹យោង​ទៅ​តាម​អ្វី​ដែល​យើង​មាន មិន​យោង​ទៅ​តាម​អ្វី​ដែល​យើង​គ្មាន​នោះ​ទេ›។ (កូរិនថូសទី២ ៨:១២, ខ.ស.) ពិត​ណាស់ ព្រះយេហូវ៉ា​តម្រូវ​ឲ្យ​យើង​បំរើ​ទ្រង់​អស់​អំពី​ចិត្ត តាម​អ្វី​ដែល​កាលៈទេសៈ​របស់​យើង​អនុញ្ញាត។ (កូល៉ុស ៣:២៣) នៅ​ពេល​ដែល​យើង​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ក្នុង​កិច្ច​បំរើ​ទ្រង់ នោះ​ព្រះ​យេហូវ៉ា​ពេញ​ព្រះហឫទ័យ​និង​ប្រទាន​ពរ​ឲ្យ​យើង​យ៉ាង​វិសេស។—សុភាសិត ១០:២២

ចិត្ត​គំនិត​ចេះ​រង់ចាំ​នាំ​ឲ្យ​មាន​ពរ

២០​. តើ​ចំណេះ​ដឹង​អំពី​អ្វី​ទៅ នឹង​ជួយ​យើង​ឲ្យ​មាន​ចិត្ត​គំនិត​ចេះ​រង់ចាំ​ដូច​មីកា​នោះ?

២០ ព្រះ​ពរ​របស់​ព្រះយេហូវ៉ា​ជំរុញ​ទឹក​ចិត្ត​យើង​ឲ្យ​យក​តម្រាប់​តាម​ចិត្ត​គំនិត​របស់​មីកា។ មីកា​ពោល​ថា​៖ «ខ្ញុំ​នឹង​រង់ចាំ​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ខ្ញុំ»។ (មីកា ៧:៧) តើ​ពំនោល​នេះ​ទាក់ទង​យ៉ាង​ដូច​ម្ដេច​នឹង​យើង​ដែល​ដើរ​ជា​មួយ​នឹង​ព្រះ​ដោយ​ចិត្ត​សុភាព​នោះ? ការ​ចេះ​រង់ចាំ​ឬ​ចេះ​អត់ធ្មត់​អាច​ជួយ​កុំ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ត​ដោយ​ព្រោះ​ថ្ងៃ​នៃ​ព្រះយេហូវ៉ា​មិន​ទាន់​មក​ដល់​នៅ​ឡើយ។ (សុភាសិត ១៣:១២) បើ​និយាយ​ឲ្យ​ពិត​ត្រង់ យើង​ទាំង​អស់​គ្នា​ចង់​ណាស់​ឲ្យ​ទីបញ្ចប់​នៃ​របប​លោកីយ៍​ដ៏​អាក្រក់​នេះ​មក​ដល់។ ប៉ុន្តែ រាល់​សប្ដាហ៍ រាប់​ពាន់​នាក់​ទើប​តែ​ចាប់​ផ្ដើម​ដើរ​ជា​មួយ​ព្រះ។ ការ​ដឹង​អំពី​រឿង​នេះ​ផ្ដល់​ហេតុ​ដ៏​ល្អ​ឲ្យ​យើង​ចេះ​រង់ចាំ។ បង​ប្រុស​ម្នាក់​ដែល​ជា​ស្មរបន្ទាល់​ព្រះយេហូវ៉ា​យូរ​ឆ្នាំ​ហើយ បាន​មាន​ប្រសាសន៍​ថា​៖ «ពេល​ខ្ញុំ​គិត​អំពី​ពេល​វេលា​៥៥​ឆ្នាំ​ដែល​ខ្ញុំ​បាន​ចំណាយ​ក្នុង​កិច្ច​ផ្សព្វផ្សាយ​នេះ ខ្ញុំ​ជឿជាក់​ថា ខ្ញុំ​មិន​បាន​ខាត​បង់​អ្វី​ឡើយ​ដោយ​រង់ចាំ​ព្រះយេហូវ៉ា។ ផ្ទុយ​ទៅ​វិញ នេះ​បាន​ការពារ​ខ្ញុំ​ពី​ការ​លំបាក​ជា​ច្រើន​យ៉ាង»។ តើ​អ្នក​មាន​បទ​ពិសោធន៍​ស្រដៀង​គ្នា​នេះ​ដែរ​ឬ​ទេ?

២១, ២២​. តើ​មីកា ៧:១៤ កំពុង​តែ​សម្រេច​សព្វ​ថ្ងៃ​យ៉ាង​ដូច​ម្ដេច?

២១ ការ​ដើរ​ជា​មួយ​ព្រះយេហូវ៉ា​តែង​ផ្ដល់​ប្រយោជន៍​ជា​បរិបូរ​ចំពោះ​យើង។ ដូច​ត្រូវ​ចែង​នៅ​មីកា ៧:១៤ មីកា​បាន​ប្រៀបធៀប​រាស្ត្រ​របស់​ព្រះ​ទៅ​នឹង​ចៀម​ដែល​កំពុង​តែ​នៅ​ជា​មួយ​អ្នក​គង្វាល​របស់​ខ្លួន​ដោយ​សេចក្ដី​សុខ។ សព្វ​ថ្ងៃ ទំនាយ​នេះ​បាន​ក្លាយ​ជា​ការ​ពិត​តាម​របៀប​ដ៏​សំខាន់​ជាង គឺ​ថា ពួក​សំណល់​នៃ​អ៊ីស្រាអែល​ខាង​វិញ្ញាណ ព្រម​ទាំង​ពួក​«ចៀម​ឯ​ទៀត»​នោះ រក​ឃើញ​នូវ​សេចក្ដី​សុខ​ពី​ព្រះយេហូវ៉ា ជា​អ្នក​គង្វាល​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត។ ពួក​គេ​រស់​«ត្រមោច​ក្នុង​ព្រៃ[«មាន​ចំការ​ព័ទ្ធ​ជុំវិញ»​, ខ.ស.]» គឺ​ថា នៅ​ដាច់​ឡែក​ខាង​វិញ្ញាណ​ពី​លោកីយ៍​នេះ​ដែល​រឹតតែ​លំបាក​ឡើងៗ។—យ៉ូហាន ១០:១៦; ចោទិយកថា ៣៣:២៨; យេរេមា ៤៩:៣១; កាឡាទី ៦:១៦

២២ រាស្ត្រ​របស់​ព្រះយេហូវ៉ា​មាន​ភាព​ចំរុងចំរើន ដូច​មីកា ៧:១៤ បាន​ទាយ​នោះ។ មីកា​បាន​សំដៅ​ទៅ​លើ​រាស្ត្រ​របស់​ព្រះ ដោយ​ប្រៀបប្រដូច​នឹង​ចៀម ដោយ​ពាក្យ​ថា​៖ «សូម​ឲ្យ​គេ​រក​ស៊ី​នៅ​ស្រុក​បាសាន​នឹង​នៅ​ស្រុក​កាឡាត»។ ដូច​គ្នា​នឹង​ចៀម​នៅ​ស្រុក​បាសាន​និង​ស្រុក​កាឡាត​ដែល​បាន​ស៊ី​ស្មៅ​នៅ​ទី​វាល​ដែល​សំបូរ​ទៅ​ដោយ​ជីជាតិ​ហើយ​ធំ​ធាត់​ឡើង​នោះ រាស្ត្រ​របស់​ព្រះ​សព្វ​ថ្ងៃ​នេះ​ក៏​មាន​ភាព​រីក​ចំរើន​ខាង​វិញ្ញាណ ដែល​ជា​ពរ​មួយ​ទៀត​មក​ពី​ការ​ដើរ​ជា​មួយ​នឹង​ព្រះ​ដោយ​សេចក្ដី​សុភាព។—ជនគណនា ៣២:១; ចោទិយកថា ៣២:១៤

២៣​. តើ​យើង​អាច​រៀន​មេ​រៀន​អ្វី​ពី​ការ​ពិនិត្យ​មើល​មីកា ៧:១៨, ១៩?

២៣ នៅ​មីកា ៧:១៨, ១៩ ព្យាការី​នោះ​លើក​បញ្ជាក់​ថា ព្រះ​យេហូវ៉ា​មាន​ព្រះទ័យ​ចង់​អត់​ឱន​ទោស​អស់​អ្នក​ដែល​ប្រែ​ចិត្ត។ ខ​១៨​ចែង​ថា ព្រះយេហូវ៉ា​«អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត»​និង​«បំភ្លេច​អំពើ​រំលង»។ យោង​ទៅ​តាម​ខ​១៩ ទ្រង់​«បោះ​អស់​ទាំង​អំពើ​បាប​របស់[ពួក​គេ]ទៅ​ក្នុង​សមុទ្រ​ជ្រៅ»។ តើ​នេះ​មាន​មេ​រៀន​អ្វី​សំរាប់​យើង? យើង​អាច​សួរ​ខ្លួន​យើង​ថា តើ​យើង​យក​តម្រាប់​តាម​ព្រះយេហូវ៉ា​ក្នុង​រឿង​នេះ​ឬ​ទេ? តើ​យើង​លើក​លែង​ទោស​ឲ្យ​អ្នក​ដែល​ធ្វើ​បាប​យើង​ឬ​ទេ? ពេល​អ្នក​ទាំង​នោះ​ប្រែ​ចិត្ត​ហើយ​ខំ​ផ្សះផ្សា​ជា​មួយ​យើង​វិញ យើង​ត្រូវ​សុខ​ចិត្ត​លើក​លែង​ទោស​ឲ្យ​គេ​ដូច​ព្រះយេហូវ៉ា​ដែរ និង​បំភ្លេច​កំហុស​នោះ​ចោល​ជានិច្ច។

២៤​. តើ​អ្នក​បាន​ទទួល​ប្រយោជន៍​ណា​ខ្លះ​ពី​ទំនាយ​របស់​មីកា?

២៤ តើ​យើង​បាន​ទទួល​ប្រយោជន៍​អ្វី ពី​ការ​ពិនិត្យ​មើល​ទំនាយ​របស់​មីកា? ទំនាយ​នេះ​បាន​ជួយ​រំឭក​យើង​ថា ព្រះយេហូវ៉ា​គឺ​ជា​ព្រះ​នៃ​សេចក្ដី​សង្ឃឹម​ដ៏​ពិត ចំពោះ​អស់​អ្នក​ដែល​ត្រូវ​ទាក់ទាញ​ឲ្យ​ចូល​មក​ជិត​ទ្រង់។ (មីកា ២:១​-​១៣) យើង​ក៏​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​បង្កើន​ការ​ថ្វាយ​បង្គំ​ពិត​ដោយ​ធ្វើ​ការ​អស់​ពី​សមត្ថភាព ប្រយោជន៍​ឲ្យ​យើង​ដើរ​តាម​ព្រះ​នាម​នៃ​ព្រះ​ជានិច្ច។ (មីកា ៤:១​-​៤) ម្យ៉ាង​ទៀត ព្រះ​បាន​ធានា​យើង​ទាំង​អស់​គ្នា​ថា ទោះ​ជា​យើង​មាន​កាលៈទេសៈ​យ៉ាង​ណា​ក៏​ដោយ យើង​នៅ​តែ​អាច​បំពេញ​តម្រូវ​ការ​របស់​ព្រះយេហូវ៉ា​បាន។ ពិត​ណាស់ ទំនាយ​របស់​មីកា​ពិត​ជា​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​យើង​ដើរ​តាម​ព្រះ​នាម​នៃ​ព្រះយេហូវ៉ា។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

យោង​ទៅ​តាម​មីកា ៦:៨ តើ​ព្រះយេហូវ៉ា​តម្រូវ អ្វី​ពី​យើង?

តើ​ត្រូវ​ការ​អ្វី​ជា​ចាំបាច់ បើ​យើង​ចង់‹ប្រព្រឹត្ត ដោយ​យុត្ដិធម៌›នោះ?

តើ​យើង​អាច​បង្ហាញ​ថា​យើង​«ស្រឡាញ់ សេចក្ដី​សប្បុរស»​យ៉ាង​ដូច​ម្ដេច?

តើ‹ការ​ដើរ​ជា​មួយ​ព្រះ​ដោយ​ចិត្ត​សុភាព​រាបទាប› រួម​បញ្ចូល​អ្វី​ខ្លះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​៣១]

ចូរ​ប្រព្រឹត្ត​ដោយ​យុត្ដិធម៌ ដោយ​ធ្វើ​បន្ទាល់​ដល់​មនុស្ស​គ្រប់​ស្រទាប់​នៃ​ជីវិត

[រូបភាព​នៅ​ទំព័រ​៣១]

ចូរ​បង្ហាញ​ថា​អ្នក​ស្រឡាញ់ សេចក្ដី​សប្បុរស ដោយ​ជួយ​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ដទៃ

[រូបភាព​នៅ​ទំព័រ​៣១]

ចូរ​ធ្វើ​អ្វី​ដែល​អ្នក​អាច​ធ្វើ​ទៅ​បាន ដោយ​ទទួល​ស្គាល់​នូវ​កំរិត​នៃ​សមត្ថភាព​របស់​អ្នក