ព្រះយេហូវ៉ាជាព្រះនៃសេចក្ដីពិត
ព្រះយេហូវ៉ាជាព្រះនៃសេចក្ដីពិត
«ឱព្រះយេហូវ៉ា ជាព្រះនៃសេចក្ដីពិតអើយ! ទ្រង់បានលោះទូលបង្គំទុក»។—ទំនុកដំកើង ៣១:៥
១. តើមានស្ថានភាពអ្វីនៅស្ថានសួគ៌ហើយលើផែនដី ពេលដែលអត់ទាន់មានសេចក្ដីមិនពិតនៅឡើយ?
កាលដើមដំបូងមានគ្រាមួយដែលអត់ធ្លាប់មានសេចក្ដីមិនពិតណាទាល់តែសោះ។ នៅឯស្ថានសួគ៌មានសត្តនិករវិញ្ញាណដ៏ល្អគ្រប់ល័ក្ខណ៍កំពុងតែបំរើព្រះដែលជាអ្នកបង្កើតពួកគេ ហើយទ្រង់ក៏ជា«ព្រះនៃសេចក្ដីពិត»។ (ទំនុកដំកើង ៣១:៥) គ្រានោះអត់មានពាក្យមិនពិត ឬពាក្យបញ្ឆោតណាឡើយ។ ព្រះយេហូវ៉ាបានកាន់បន្ទូលសច្ចៈចំពោះរាជបុត្រាទាំងឡាយរបស់ទ្រង់ដែលជាបុគ្គលវិញ្ញាណ។ ព្រះយេហូវ៉ាបានធ្វើដូច្នេះពីព្រោះទ្រង់ស្រឡាញ់ហើយយកព្រះទ័យទុកដាក់នឹងសុខុមាលភាពរបស់ពួកគេ។ នៅលើផែនដីក៏មានស្ថានភាពដូចគ្នាដែរ។ ព្រះយេហូវ៉ាបានបង្កើតមនុស្សប្រុសនិងស្រីដំបូង ហើយតាមខ្សែរយៈដែលទ្រង់បានរៀបចំនោះ ទ្រង់បានមានបន្ទូលត្រង់ៗ យ៉ាងច្បាស់ ហើយមានសច្ចភាពជានិច្ច។ ស្ថានភាពនោះប្រាកដជាល្អអស្ចារ្យមែន!
២. តើអ្នកណាបានពោលពាក្យមិនពិតមុនបង្អស់? ហើយហេតុអ្វី?
២ ប៉ុន្តែ យូរៗទៅមានបុត្រាវិញ្ញាណមួយរូបរបស់ព្រះយេហូវ៉ាបានប្រឆាំងនឹងទ្រង់ដោយឥតកោតក្រែង វាបានរកផ្លូវលើកខ្លួនជាព្រះមួយរូបប្រជែងជាមួយទ្រង់។ បុគ្គលវិញ្ញាណមួយរូបនោះប្រាថ្នាចង់ឲ្យបុគ្គលឯទៀតថ្វាយបង្គំវា ហើយក្រោយៗមកវាបានត្រូវគេស្គាល់តាមឈ្មោះអារក្សសាតាំង។ ដើម្បីសម្រេចគោលដៅ វាបានបញ្ចេញនូវសេចក្ដីមិនពិតជាមធ្យោបាយបញ្ចុះបញ្ចូលមនុស្សឲ្យធ្លាក់ចុះក្រោមអំណាចវា។ ដោយធ្វើដូច្នេះ វាបានក្លាយជា«អ្នកកំភូត ហើយជាឪពុកនៃសេចក្ដីនោះឯង»។—យ៉ូហាន ៨:៤៤
៣. តើអ័ដាមនិងអេវ៉ាបានធ្វើអ្វី ពេលឮពាក្យកុហករបស់សាតាំង? ហើយតើមានលទ្ធផលអ្វី?
៣ តាមរយៈសត្វពស់មួយ សាតាំងបានប្រាប់ស្ត្រីទីមួយឈ្មោះអេវ៉ាថា បើនាងមិនធ្វើតាមបង្គាប់របស់ព្រះដោយបរិភោគផ្លែដែលព្រះបានហាមឃាត់នោះ នាងនឹងមិនស្លាប់ទេ។ នេះជាពាក្យកុហក។ វាបានប្រាប់នាងទៀតថា បើនាងបរិភោគផ្លែនោះ នាងអាចមានភាពដូចព្រះដែរ ពោលគឺ ដឹងខុសដឹងត្រូវ។ ពាក្យនេះក៏ជាពាក្យកុហកដែរ។ ទោះបីជានាងមិនធ្លាប់ឮពាក្យកុហកពីមុនក៏ដោយ នាងច្បាស់ជាយល់ភ្លាមថា សំដីរបស់សត្វពស់នោះជាពាក្យមិនស្របតាមអ្វីដែលព្រះបានមានបន្ទូលទៅកាន់ស្វាមីរបស់នាងឈ្មោះអ័ដាម។ យ៉ាងណាក៏ដោយ នាងបានសម្រេចចិត្តជឿតាមសាតាំង ជាជាងជឿព្រះយេហូវ៉ា។ នាងបានចាញ់បោកវា ហើយបានបេះផ្លែព្រមទាំងបរិភោគមែន។ ក្រោយមក អ័ដាមក៏បានបរិភោគផងដែរ។ (លោកុប្បត្តិ ៣:១-៦) ដូចនាងអេវ៉ានោះ អ័ដាមក៏មិនធ្លាប់ឮពាក្យកុហកពីមុនមកដែរ ហើយគាត់ក៏មិនដែលចាញ់បោកអ្នកណាសោះ។ (ធីម៉ូថេទី១ ២:១៤) ការប្រព្រឹត្តរបស់អ័ដាមបានបង្ហាញថា គាត់បដិសេធមិនព្រមធ្វើតាមអ្នកបង្កើតរបស់គាត់ទេ។ ជាលទ្ធផល មនុស្សលោកបានរងទុក្ខទោសដ៏អាណោចអាធ័មមែន។ ដោយសារការមិនស្ដាប់បង្គាប់របស់អ័ដាម នោះបាបនិងសេចក្ដីស្លាប់ ព្រមទាំងសេចក្ដីពុករលួយនិងទុក្ខវេទនាយ៉ាងច្រើនបានឆ្លងរាលដាលដល់កូនចៅទាំងឡាយរបស់គាត់។—រ៉ូម ៥:១២
៤. (ក) តើមានពាក្យកុហកណាខ្លះពោលឡើងក្នុងសួនច្បារអេដែននោះ? (ខ) តើយើងត្រូវធ្វើអ្វី ដើម្បីកុំឲ្យសាតាំងនាំយើងឲ្យវង្វេងដែរនោះ?
៤ ពាក្យមិនពិតក៏បានរីកដុះដាលផងដែរ។ យើងត្រូវទទួលស្គាល់ថាពាក្យកុហកទាំងប៉ុន្មានក្នុងសួនច្បារអេដែនសុទ្ធតែជាការប្រឆាំងដៀមដាមចំពោះសច្ចភាពរបស់ព្រះយេហូវ៉ា។ សាតាំងបានអះអាងថា ព្រះបានបំភ័ន្តគូស្វាមីភរិយាដំបូងនោះ កុំឲ្យគេទទួលអ្វីដ៏ល្អៗ។ តែអំណះអំណាងនោះមិនជាការពិតទេ។ អ័ដាមនិងអេវ៉ាមិនបានទទួលប្រយោជន៍ពីការមិនស្ដាប់បង្គាប់ឡើយ។ ពួកគេបានស្លាប់ ដូចព្រះយេហូវ៉ាបានមានបន្ទូលមែន។ ទោះជាយ៉ាងណាក៏ដោយ សាតាំងនៅតែបន្តការប្រឆាំងរបស់វាដោយនិយាយបង្កាច់បង្ខូចព្រះយេហូវ៉ា រហូតដល់រាប់សតវត្សក្រោយមកទៀតសាវ័កយ៉ូហានបានត្រូវវិញ្ញាណរបស់ព្រះបណ្ដាលឲ្យគាត់សរសេរថា សាតាំងកំពុងតែ«នាំលោកីយទាំងមូលឲ្យវង្វេងចេញ»។ (វិវរណៈ ១២:៩) បើយើងចង់ជៀសវាងកុំឲ្យអារក្សសាតាំងនាំយើងឲ្យវង្វេងដែរ នោះយើងត្រូវទុកចិត្តទាំងស្រុងទៅលើសច្ចភាពនៃព្រះយេហូវ៉ានិងព្រះបន្ទូលរបស់ទ្រង់។ តើអ្នកអាចបណ្ដុះបណ្ដាលព្រមទាំងពង្រឹងទំនុកចិត្តរបស់អ្នកទៅលើព្រះយេហូវ៉ាបានយ៉ាងដូចម្ដេច? តើអ្នកអាចការពារខ្លួនកុំឲ្យចាញ់បោកពាក្យកុហកនៃសត្រូវរបស់ព្រះបានយ៉ាងណា?
ព្រះយេហូវ៉ាទ្រង់ជ្រាបពីសេចក្ដីពិត
៥, ៦. (ក) តើព្រះដំរិះរបស់ព្រះយេហូវ៉ាមានប៉ុនណា? (ខ) តើចំណេះរបស់មនុស្សនិងព្រះដំរិះរបស់ព្រះយេហូវ៉ាខុសគ្នាយ៉ាងណា?
៥ ជាទៀងទាត់នោះ ព្រះគម្ពីរសម្គាល់ព្រះយេហូវ៉ាជាព្រះដែលបានអេភេសូរ ៣:៩) ទ្រង់ជា«ព្រះដែលបង្កើតផ្ទៃមេឃ ផែនដី នឹងសមុទ្រ ហើយរបស់ទាំងអស់ ដែលនៅស្ថានទាំងនោះផង»។ (កិច្ចការ ៤:២៤) ដោយសារព្រះយេហូវ៉ាជាអ្នកបង្កើតនោះ ទ្រង់ក៏ជ្រាបអំពីអ្វីៗទាំងអស់ផងដែរ។ សូមគិតពីឧទាហរណ៍មួយ៖ មានបុរសម្នាក់ដែលគូរប្លង់ផ្ទះរបស់គាត់ដោយខ្លួនឯង ហើយក្រោយមកសង់ផ្ទះនោះដោយផ្ទាល់ដៃ ទាំងរៀបដាក់ឈើមួយបន្ទះម្ដងៗនិងវាយដែកគោលនិមួយៗដោយខ្លួនឯង។ គាត់ច្បាស់ជាដឹងអ្វីៗទាំងអស់នៅខាងក្នុងហើយនៅខាងក្រៅផ្ទះនោះមែន ទាំងយល់លំអិតអំពីផ្ទះខ្លួនជាជាងអ្នកឯទៀតដែលគ្រាន់តែសម្លឹងមើលប៉ុណ្ណោះ។ ជាធម្មតាមនុស្សតែងតែដឹងច្បាស់អំពីអ្វីដែលគេគ្រោងទុកនិងបង្កើតផ្ទាល់ខ្លួន។ ស្រដៀងគ្នាដែរ ព្រះដែលជាអ្នកបង្កើតរបស់សព្វសារពើទ្រង់ជ្រាបនូវអ្វីៗទាំងអស់ ស្តីអំពីអ្វីដែលទ្រង់បានបង្កើតមក។
«បង្កើតរបស់សព្វសារពើ»។ (៦ ព្យាការីអេសាយបានរៀបរាប់យ៉ាងពីរោះអំពីទំហំនៃព្រះដំរិះរបស់ព្រះយេហូវ៉ា។ យើងអានថា៖ «តើអ្នកណាបានវាល់ទឹកទាំងប៉ុន្មាន នៅក្នុងទូកដៃ ហើយវាស់ផ្ទៃមេឃដោយចំអាមដែរ ព្រមទាំងដាក់ធូលីដីទាំងអស់ចុះក្នុងរង្វាល់ ហើយថ្លឹងអស់ទាំងភ្នំធំ ដោយជញ្ជីង នឹងភ្នំតូចទាំងប៉ុន្មានដោយត្រាជូ? តើអ្នកណាបានស្ទង់ព្រះវិញ្ញាណនៃព្រះយេហូវ៉ា ឬបានបង្រៀនទ្រង់ដោយខ្លួនធ្វើជាអ្នកជួយប្រឹក្សា? តើទ្រង់បានប្រឹក្សានឹងអ្នកណា ហើយអ្នកណាបានពន្យល់ទ្រង់ ឬបង្រៀនទ្រង់ក្នុងផ្លូវយុត្ដិធម៌ ឬឲ្យទ្រង់មានចំណេះ ឬបង្ហាញផ្លូវនៃយោបល់ដល់ទ្រង់»។ (អេសាយ ៤០:១២-១៤) ព្រះយេហូវ៉ាពិតជា«ព្រះដែលជ្រាបទាំងអស់» ហើយ«មានដំរិះសព្វគ្រប់»។ (សាំយូអែលទី១ ២:៣; យ៉ូប ៣៦:៤; ៣៧:១៦) បើប្រៀបចំណេះរបស់យើងជាមួយនឹងព្រះដំរិះរបស់ព្រះ នោះយើងមិនដឹងអ្វីសោះឡើយ! ទោះបើមនុស្សជាតិកំពុងតែមានចំណេះរីកកាន់តែច្រើនឡើងៗអស្ចារ្យយ៉ាងណាក៏ដោយ ការយល់ឆ្លុះរបស់យើងស្តីអំពីធម្មជាតិ គឺជាការយល់អំពី«កិច្ចខាងក្រៅ[ឬ«កិច្ចការបន្ទាប់បន្សំ», ព.ថ.]របស់ទ្រង់»ប៉ុណ្ណោះ។ អ្វីដែលយើងយល់អំពីព្រះ គឺហាក់ដូចជាយើងឮនូវ«សំឡេងខ្សាវៗ» ជាជាងឮ«សំឡេងលាន់»វិញ។—យ៉ូប ២៦:១៤
៧. តើស្តេចដាវីឌទទួលស្គាល់អ្វីអំពីព្រះដំរិះរបស់ព្រះយេហូវ៉ា? ហើយតើយើងត្រូវទទួលស្គាល់អ្វីដែរ?
៧ បើព្រះយេហូវ៉ាជាអ្នកបង្កើតយើង យើងក៏អាចសន្និដ្ឋានថា ទ្រង់ស្គាល់យើងច្បាស់ផងដែរ។ ស្តេចដាវីឌបានទទួលស្គាល់ហេតុការណ៍ពិតនេះ ហើយទ្រង់បានសរសេរថា៖ «ឱព្រះយេហូវ៉ាអើយ! ទ្រង់បានពិនិត្យមើល ហើយបានស្គាល់ទូលបង្គំផង។ ទ្រង់ជ្រាបការដែលទូលបង្គំអង្គុយចុះ នឹងការដែលទូលបង្គំក្រោកឡើងផង។ ទ្រង់ក៏យល់គំនិតរបស់ទូលបង្គំពីចំងាយដែរ។ ទ្រង់ពិនិត្យពិចារណាផ្លូវច្រក នឹងទីដេករបស់ទូលបង្គំ ក៏ស្គាល់អស់ទាំងផ្លូវប្រព្រឹត្តរបស់ទូលបង្គំដែរ។ ដ្បិត ឱព្រះយេហូវ៉ាអើយ! ពាក្យសំដីមិនទាន់មាននៅអណ្ដាតទូលបង្គំនៅឡើយ នោះទ្រង់ក៏ជ្រាបគ្រប់ជំពូកហើយ»។ (ទំនុកដំកើង ១៣៩:១-៤) ដាវីឌក៏បានទទួលស្គាល់ថា មនុស្សជាតិមានចិត្តសេរី ដែលព្រះទ្រង់បានប្រគល់ ដល់យើងឲ្យមានសមត្ថភាពចេះសម្រេចចិត្តថា តើយើងចង់ស្ដាប់តាមបង្គាប់ទ្រង់ឬក៏មិនចង់។ (ចោទិយកថា ៣០:១៩, ២០; យ៉ូស្វេ ២៤:១៥) យ៉ាងណាក៏ដោយ ព្រះយេហូវ៉ាស្គាល់យើងច្បាស់ជាងយើងស្គាល់ខ្លួនឯងទៅទៀត។ ព្រះយេហូវ៉ាសព្វព្រះហឫទ័យឲ្យយើងទទួលប្រយោជន៍ ហើយទ្រង់ក៏មានលទ្ធភាពណែនាំផ្លូវដែលយើងគួរដើរបាន។ (យេរេមា ១០:២៣) ពិតមែនហើយ គ្មានគ្រូបង្រៀនណា អ្នកជំនាញណា ឬអ្នកជូនឱវាទណាដែលមានសមត្ថភាពច្រើនជាងព្រះទេ ក្នុងការបង្រៀនយើងនូវសេចក្ដីពិត ហើយក្នុងការផ្ដល់ឲ្យយើងនូវប្រាជ្ញានិងសុភមង្គលនោះ។
ព្រះយេហូវ៉ាកាន់សច្ចៈជានិច្ច
៨. តើយើងអាចដឹងយ៉ាងដូចម្ដេចបាន ថាព្រះយេហូវ៉ាទ្រង់កាន់សច្ចៈ?
៨ ការស្គាល់នូវសេចក្ដីពិតគឺសំខាន់ តែការនិយាយពិតជានិច្ច ឬការកាន់សច្ចៈនោះពិបាកជាង។ ជាឧទាហរណ៍ អារក្សបានសម្រេចចិត្ត«មិន[ចង់]នៅជាប់ក្នុងសេចក្ដីពិត»ទេ។ (យ៉ូហាន ៨:៤៤) ផ្ទុយទៅវិញ ព្រះយេហូវ៉ាទ្រង់បង្ហាញ«សេចក្ដីទៀងត្រង់[ឬ«សេចក្ដីពិត», ព.ថ.] ជាបរិបូរ»។ (និក្ខមនំ ៣៤:៦) បទគម្ពីរផ្សេងៗតែងតែបញ្ជាក់អំពីសច្ចភាពរបស់ព្រះយេហូវ៉ា។ សាវ័កប៉ុលបានមានប្រសាសន៍ថា «ព្រះទ្រង់កុហកពុំបានទេ» ហើយថាព្រះទ្រង់ «មិនចេះភូត»ឡើយ។ (ហេព្រើរ ៦:១៨; ទីតុស ១:២) សច្ចភាពជាលក្ខណៈដ៏សំខាន់មួយនៃគុណសម្បត្ដិរបស់ព្រះ។ យើងអាចទុកចិត្តហើយពឹងផ្អែកលើព្រះយេហូវ៉ាបាន ពីព្រោះទ្រង់តែងកាន់សច្ចៈ ក៏មិនដែលបោកប្រាសពួកអ្នកដែលមានភក្ដីភាពចំពោះទ្រង់ឡើយ។
៩. តើព្រះនាមរបស់ព្រះយេហូវ៉ាជាប់ទាក់ទងនឹងសេចក្ដីពិតបានយ៉ាងណា?
៩ សូម្បីតែព្រះនាមផ្ទាល់របស់ព្រះយេហូវ៉ា ក៏សបញ្ជាក់ពីសច្ចភាពរបស់ទ្រង់ដែរ។ ព្រះនាមនៃព្រះមានន័យថា «ទ្រង់ដែលធ្វើឲ្យក្លាយជា»។ អត្ថន័យនេះជួយសម្គាល់ព្រះយេហូវ៉ាជាបុគ្គលមួយអង្គដែលជាអ្នកសម្រេចជាបណ្ដើរៗនូវសេចក្ដីសន្យាទាំងឡាយរបស់ទ្រង់។ គ្មានបុគ្គលណាទៀតដែលមានសមត្ថភាពធ្វើដូច្នេះទេ។ ដោយព្រះយេហូវ៉ាជាព្រះអាទិទេពនោះ គឺគ្មានអ្វីដែលអាចរារាំងការសម្រេចនៃបំណងព្រះហឫទ័យរបស់ទ្រង់សោះឡើយ។ ព្រះយេហូវ៉ាមិនគ្រាន់តែកាន់សច្ចៈប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏ជាព្រះមួយអង្គដែលមានតេជានុភាពនិងប្រាជ្ញាដើម្បីធ្វើឲ្យបន្ទូលទាំងឡាយរបស់ទ្រង់សម្រេចយ៉ាងពិតបានដែរ។
១០. (ក) តើយ៉ូស្វេបានឃើញអ្វី ដែលបង្ហាញពីសច្ចភាពរបស់ព្រះយេហូវ៉ា? (ខ) តើអ្នកបានឃើញសេចក្ដីសន្យាណាខ្លះរបស់ព្រះយេហូវ៉ាបានសម្រេចនោះ?
១០ លោកយ៉ូស្វេជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាច្រើនដែលបានឃើញព្រឹត្ដិការណ៍ដ៏អស្ចារ្យស្តីអំពីសច្ចភាពរបស់ព្រះយេហូវ៉ា។ យ៉ូស្វេបានរស់នៅស្រុកអេស៊ីបពេលដែលព្រះយេហូវ៉ាធ្វើឲ្យសាសន៍នោះរងនូវសេចក្ដីវេទនាទាំងដប់ប្រការ ដោយទ្រង់ទាយប្រាប់ពីព្រឹត្ដិការណ៍និមួយៗនោះជាមុនផង។ យ៉ូស្វេបានឃើញនូវការសម្រេចនៃទំនាយជាច្រើន រួមទាំងការសម្រេចនៃសេចក្ដីសន្យារបស់ព្រះយេហូវ៉ាថា ទ្រង់នឹងរំដោះប្រជាជនអ៊ីស្រាអែលចេញពីអេស៊ីប ហើយនឹងនាំផ្លូវគេទៅកាន់ស្រុកសន្យា ទាំងបង្ក្រាបកងទ័ពសាសន៍កាណានដែលបានតទល់នឹងពួកអ៊ីស្រាអែលផង។ ពេលដែលនៅជិតចុងបញ្ចប់នៃជីវិតរបស់យ៉ូស្វេ គាត់បានប្រាប់ពួកអ្នកចាស់ទំនៃសាសន៍អ៊ីស្រាអែលថា៖ «នៅក្នុងចិត្ត ហើយក្នុងវិញ្ញាណរបស់ឯង នោះក៏ដឹងទាំងអស់គ្នាថា ឯអស់ទាំងសេចក្ដីល្អដែលព្រះយេហូវ៉ា ជាព្រះនៃឯងទ្រង់បានមានបន្ទូលសន្យាហើយ នោះគ្មានខ្វះណាមួយសោះ។ ទាំងអស់បានសំរេចគ្រប់ជំពូក។ ឥតមានខ្វះណាមួយឡើយ»។ (យ៉ូស្វេ ២៣:១៤) ទោះបើអ្នកផ្ទាល់មិនមែនជាសាក្សីដែលបានឃើញអព្ភូតហេតុដូចយ៉ូស្វេឃើញនោះក៏ដោយ តើអ្នកបានពិសោធនូវសច្ចភាពនៃសម្បថរបស់ព្រះក្នុងជីវិតរបស់អ្នកដែរឬទេ?
ព្រះយេហូវ៉ាបើកសម្ដែងនូវសេចក្ដីពិត
១១. តើមានភស្តុតាងអ្វី ដែលបង្ហាញថាព្រះយេហូវ៉ាសព្វព្រះហឫទ័យប្រស្រ័យទាក់ទងនឹងមនុស្ស ដោយប្រាប់ពួកគេនូវសេចក្ដីពិតនោះ?
១១ សូមស្រមៃគិតអំពីមាតាឬបិតាម្នាក់ដែលមានចំណេះច្រើន តែគាត់កម្រនិយាយជាមួយកូនពីចំណេះរបស់គាត់ណាស់។ តើអ្នកមានកតញ្ញូធម៌ទេ ដែលព្រះយេហូវ៉ាមិនធ្វើដូច្នេះ? ព្រះយេហូវ៉ាទ្រង់ប្រស្រ័យទាក់ទងដោយសេចក្ដីស្រឡាញ់ជាមួយមនុស្សជាតិ ហើយទ្រង់ក៏ធ្វើដូច្នេះដោយព្រះទ័យសទ្ធាផងដែរ។ បទគម្ពីរហៅទ្រង់ជា«អ្នកបង្ហាត់បង្រៀនដ៏ឧត្តម»។ (អេសាយ ៣០:២០, ព.ថ.) ដោយសេចក្ដីសប្បុរសដ៏ស្មោះនោះ ព្រះយេហូវ៉ាក៏នៅតែខំទាក់ទងនឹងមនុស្សដែលមិនមានចិត្តចង់ស្ដាប់ទ្រង់ដែរ។ ឧទាហរណ៍ លោកអេសេគាលបានត្រូវទទួលបញ្ជាឲ្យទៅផ្សព្វផ្សាយដល់ពួកអ្នកដែលព្រះយេហូវ៉ាជ្រាបជាមុនថា ពួកគេនឹងមិនព្រមស្ដាប់សោះ។ ព្រះយេហូវ៉ាបានមានបន្ទូលថា៖ «កូនមនុស្សអើយ! ចូរទៅ ចូរទៅឯពូជពង្សអ៊ីស្រាអែល ហើយប្រាប់គេតាមពាក្យរបស់អញចុះ!»។ រួចមក ព្រះយេហូវ៉ាបានព្រមានថា៖ «តែពូជពង្សអ៊ីស្រាអែលមិនព្រមស្ដាប់តាមឯងទេ ពីព្រោះគេមិនព្រមស្ដាប់តាមអញហើយ ដ្បិតពូជពង្សអ៊ីស្រាអែលសុទ្ធតែមានក្បាលរឹង ហើយមានចិត្តចចេស»។ កិច្ចការផ្សព្វផ្សាយគឺពិបាកមែន ប៉ុន្តែអេសេគាលបានធ្វើការនោះយ៉ាងស្មោះអស់ពីចិត្ត ហើយដោយធ្វើដូច្នេះគាត់បានបង្ហាញឲ្យឃើញនូវព្រះទ័យមេត្ដាករុណារបស់ព្រះយេហូវ៉ា។ បើអ្នកកំពុងតែមានការពិបាកក្នុងការបំពេញកិច្ចការផ្សាយរបស់អ្នក ហើយអ្នកក៏នៅតែពឹងផ្អែកលើព្រះ នោះអ្នកនឹងអាចមានទំនុកចិត្តថា ទ្រង់នឹងពង្រឹងកម្លាំងរបស់អ្នកដូចទ្រង់បានជួយព្យាការីអេសេគាលដែរ។—អេសេគាល ៣:៤, ៧-៩
១២, ១៣. តើព្រះមានទំនាក់ទំនងជាមួយមនុស្ស តាមរបៀបណាខ្លះ?
ធីម៉ូថេទី១ ២:៤) ព្រះយេហូវ៉ាបានមានបន្ទូលតាមរយៈពួកព្យាការី ពួកទេវតា ហើយតាមរយៈរាជបុត្រស្ងួនភ្ងារបស់ទ្រង់ គឺព្រះយេស៊ូគ្រីស្ទ។ (ហេព្រើរ ១:១, ២; ២:២) ព្រះយេស៊ូបានមានបន្ទូលទៅកាន់លោកពីឡាត់ថា៖ «ខ្ញុំបានកើតមក ហើយក៏ចូលក្នុងលោកីយនេះសំរាប់តែការនោះឯង ដើម្បីឲ្យខ្ញុំបានធ្វើបន្ទាល់ពីសេចក្ដីពិត។ អស់អ្នកណាដែលកើតពីសេចក្ដីពិត នោះក៏ឮសំឡេងខ្ញុំ»។ លោកពីឡាត់មានឱកាសពិសេស ដើម្បីរៀននូវសេចក្ដីពិតពីរាជបុត្រនៃព្រះផ្ទាល់ អំពីសំវិធានការរបស់ព្រះយេហូវ៉ាសំរាប់សេចក្ដីសង្គ្រោះ។ ប៉ុន្តែ ពីឡាត់មិនចង់កាន់សច្ចៈទេ ក៏មិនចង់រៀនពីព្រះយេស៊ូដែរ។ ផ្ទុយទៅវិញ ពីឡាត់បានតបឆ្លើយដោយមានឫកមើលងាយថា៖ «តើយ៉ាងណាដែលហៅថាសេចក្ដីពិតនោះ?»។ (យ៉ូហាន ១៨:៣៧, ៣៨) គួរឲ្យសោកស្ដាយណាស់! នូវអាកប្បកិរិយារបស់គាត់។ យ៉ាងណាក្ដី មនុស្សជាច្រើនបានយល់ព្រមស្ដាប់នូវសេចក្ដីពិតដែលព្រះយេស៊ូប្រកាសប្រាប់នោះ។ ព្រះយេស៊ូបានមានបន្ទូលទៅកាន់ពួកសិស្សរបស់ទ្រង់ថា៖ «អ្នករាល់គ្នាមានសុភមង្គលហើយ ព្រោះភ្នែកអ្នករាល់គ្នាមើលឃើញ ត្រចៀកអ្នករាល់គ្នាស្ដាប់ឮ!»។—ម៉ាថាយ ១៣:១៦, ខ.ស.
១២ ព្រះយេហូវ៉ាសព្វព្រះហឫទ័យឲ្យ «មនុស្សទាំងអស់[ឬ«គ្រប់ប្រភេទ», ព.ថ.]បានសង្គ្រោះ ហើយឲ្យបានស្គាល់សេចក្ដីពិត»។ (១៣ ព្រះយេហូវ៉ាបានរក្សាទុកនូវសេចក្ដីពិតក្នុងព្រះគម្ពីរ ហើយបានធ្វើឲ្យមនុស្សទូទៅមានសមត្ថភាពទទួលសេចក្ដីពិតនោះបាន។ ព្រះគម្ពីររៀបរាប់អំពីហេតុការណ៍ដែលមានពិតប្រាកដ។ ព្រះគម្ពីរពន្យល់អំពីគុណសម្បត្ដិចំបងរបស់ព្រះ ហើយអំពីបំណងព្រះហឫទ័យនិងបទបញ្ជារបស់ទ្រង់ ព្រមទាំងរៀបរាប់អំពីសភាពការណ៍ពិតក្នុងលោកីយ៍នេះផងដែរ។ ព្រះយេស៊ូបានអធិស្ឋានទូលថ្វាយព្រះយេហូវ៉ាថា៖ «សេចក្ដីពិត គឺជាព្រះបន្ទូលរបស់ទ្រង់»។ (យ៉ូហាន ១៧:១៧) ហេតុនេះហើយបានជាព្រះគម្ពីរជាសៀវភៅមួយដ៏ល្អឯកនោះ។ មានតែព្រះគម្ពីរប៉ុណ្ណោះដែលបានត្រូវសរសេរក្រោមការដឹកនាំពីព្រះដែលជ្រាបអ្វីៗទាំងអស់។ (ធីម៉ូថេទី២ ៣:១៦) ព្រះគម្ពីរជាអំណោយមួយដ៏ពិសេសជូនចំពោះមនុស្សជាតិ ហើយក៏ជាអំណោយមួយដែលរាស្ត្ររបស់ព្រះចាត់ទុកជារតនៈសម្បត្ដិ។ ការអានព្រះគម្ពីរជារៀងរាល់ថ្ងៃជាការប្រព្រឹត្តដែលប្រកបទៅដោយប្រាជ្ញា។
ចូរកាន់ជាប់នូវសេចក្ដីពិត
១៤. តើព្រះយេហូវ៉ាសន្យានឹងធ្វើអ្វីខ្លះ? ហើយហេតុដូចម្ដេចបានជាយើងអាចជឿទ្រង់បាន?
១៤ គួរគប្បីឲ្យយើងយកចិត្តទុកដាក់ជាស្រេចនឹងអ្វីដែលព្រះយេហូវ៉ាមានបន្ទូលប្រាប់ក្នុងព្រះបន្ទូលរបស់ទ្រង់។ អ្វីដែលព្រះយេហូវ៉ាមានបន្ទូលអំពីអង្គទ្រង់ផ្ទាល់ នោះទ្រង់ពិតជាដូច្នេះមែន ហើយបន្ទូលអំពីអ្វីដែលទ្រង់នឹងធ្វើនៅខាងមុខទៀត នោះក៏នឹងកើតឡើងជាពិតផងដែរ។ យើងមានមូលហេតុទុកចិត្តជឿទៅលើព្រះមែន។ យើងអាចជឿជាក់បាន ពេលដែលទ្រង់មានបន្ទូលថា ទ្រង់នឹង«សងសឹកនឹងពួកអ្នកដែលមិនស្គាល់ព្រះ ហើយនឹងពួកអ្នកដែលមិនស្ដាប់តាមដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើង»។ (ថែស្សាឡូនីចទី២ ១:៨) យើងក៏អាចទុកចិត្តជឿព្រះយេហូវ៉ាបានដែរ ពេលដែលទ្រង់មានបន្ទូលថា ទ្រង់ស្រឡាញ់អស់អ្នកដែលដេញរកសេចក្ដីសុចរិត ហើយថាទ្រង់នឹងប្រទានជីវិតជារៀងរហូតដល់ពួកអ្នកដែលអនុវត្តជំនឿ ព្រមទាំងមានបន្ទូលថា ទ្រង់នឹងដកការឈឺចាប់ និងសេចក្ដីយំទួញចេញ រហូតដល់គ្មានសេចក្ដីស្លាប់ទៀតផង។ ព្រះយេហូវ៉ាបានបញ្ជាក់យ៉ាងខ្លាំង ថាយើងអាចទុកចិត្តជឿលើសេចក្ដីសន្យាចុងក្រោយនោះបាន ដោយទ្រង់បង្គាប់សាវ័កយ៉ូហានដូចតទៅថា៖ «ចូរសរសេរទុកចុះ! ដ្បិតពាក្យទាំងនេះពិតប្រាកដហើយគួរជឿ»។—វិវរណៈ ២១:៤, ៥; សុភាសិត ១៥:៩; យ៉ូហាន ៣:៣៦
១៥. តើសាតាំងបញ្ចេញពាក្យភូតកុហកណាខ្លះ?
១៥ សាតាំងគឺផ្ទុយស្រឡះពីព្រះយេហូវ៉ាវិញ។ ជាជាងជួយបំភ្លឺដល់មនុស្សជាតិ វាបោកបញ្ឆោតគេ។ ដើម្បីបំពេញគោលដៅរបស់វាក្នុងការបំបែរមនុស្សចេញពីការថ្វាយបង្គំបរិសុទ្ធនោះ សាតាំងតែងបញ្ចេញនូវពាក្យភូតកុហកគ្រប់បែបយ៉ាង។ ជាឧទាហរណ៍ សាតាំងចង់ឲ្យយើងជឿថា ព្រះមិនសព្វព្រះហឫទ័យចូលមកឲ្យជិតស្និទ្ធនឹងយើងទេ ទាំងចោទថា ព្រះក៏មិនយកព្រះទ័យទុកដាក់នឹងមនុស្សជាតិនៅលើផែនដីដែលកំពុងតែរងទុក្ខលំបាកនោះដែរ។ ប៉ុន្តែ ព្រះគម្ពីរបង្ហាញថា ព្រះយេហូវ៉ាទ្រង់ពិតជាយកព្រះទ័យទុកដាក់យ៉ាងខ្លាំងចំពោះអ្វីដែលទ្រង់បានបង្កើតមក ហើយថា ទ្រង់ស្អប់នូវអំពើអាក្រក់និងទុក្ខលំបាកដែលមនុស្សរងគ្រោះ។ (កិច្ចការ ១៧:២៤-៣០) សាតាំងក៏ចង់ឲ្យមនុស្សជឿថា ការបំពេញគោលដៅខាងវិញ្ញាណមិនមានប្រយោជន៍សោះ។ ផ្ទុយទៅវិញ បទគម្ពីរផ្សេងៗធានាថា «ព្រះទ្រង់មិនមែនជាអ្នករមិលគុណ ដែលទ្រង់នឹងភ្លេចការអ្នករាល់គ្នាធ្វើ នឹងសេចក្ដីស្រឡាញ់ ដែលអ្នករាល់គ្នាបានសំដែងដល់ព្រះនាមទ្រង់»។ ម្យ៉ាងទៀត ព្រះគម្ពីរចែងយ៉ាងច្បាស់ថា «ទ្រង់ប្រទានរង្វាន់ ដល់អស់អ្នកដែលស្វែងរកទ្រង់»។—ហេព្រើរ ៦:១០; ១១:៦
១៦. ហេតុអ្វីបានជាពួកគ្រីស្ទានពិតត្រូវតែប្រុងប្រៀបខ្លួនជានិច្ច ហើយកាន់ជាប់នូវសេចក្ដីពិត?
១៦ សាវ័កប៉ុលបានសរសេរអំពីសាតាំងថា៖ «ព្រះរបស់លោកីយនេះ បានបង្អាប់ដល់គំនិតពួកគេដែលមិនជឿ ក្រែងរស្មីពន្លឺនៃដំណឹងល្អ ដែលសំដែងពីសិរីល្អនៃព្រះគ្រីស្ទដ៏ជារូបអង្គព្រះ បានភ្លឺមកដល់គេ»។ កូរិនថូសទី២ ៤:៤) មនុស្សខ្លះចាញ់បោកអារក្សសាតាំង ដូចនាងអេវ៉ាបានចាញ់បោកវាដែរ។ មនុស្សឯទៀតប្រព្រឹត្តដូចអ័ដាមដែរ គឺគេមិនបានទទួលការចាញ់បោកទេ ក៏ប៉ុន្តែស្ទុះទៅក្នុងសេចក្ដីមិនស្ដាប់បង្គាប់វិញ។ (យូដាស ៥, ១១) អាស្រ័យហេតុនេះហើយបានជាចាំបាច់ឲ្យពួកគ្រីស្ទានពិតនៅប្រុងប្រៀបខ្លួនជានិច្ច ហើយកាន់ជាប់នូវសេចក្ដីពិត។
(ព្រះយេហូវ៉ាតម្រូវឲ្យយើងមាន«ជំនឿឥតពុតត្បុត»
១៧. តើយើងត្រូវធ្វើអ្វីដើម្បីទទួលព្រះគុណពីព្រះយេហូវ៉ា?
១៧ ព្រះយេហូវ៉ាតែងតែកាន់សច្ចៈក្នុងគ្រប់ទាំងការប្រព្រឹត្តរបស់ទ្រង់ ហេតុនេះហើយបានជាទ្រង់តម្រូវឲ្យពួកអ្នកថ្វាយបង្គំទ្រង់កាន់សច្ចៈផងដែរ។ អ្នកតែងបទទំនុកដំកើងបានសរសេរថា៖ «ឱព្រះយេហូវ៉ាអើយ! តើអ្នកណានឹងនៅក្នុងរោងឧបោសថ[ឬត្រសាល]របស់ទ្រង់? តើអ្នកណានឹងនៅលើភ្នំបរិសុទ្ធនៃទ្រង់បាន? គឺជាអ្នកណាដែលដើរដោយទៀងត្រង់ ហើយប្រព្រឹត្តសេចក្ដីសុចរិត ព្រមទាំងពោលសេចក្ដីពិតពីក្នុងចិត្តផង»។ (ទំនុកដំកើង ១៥:១, ២) ពេលដែលពួកសាសន៍យូដាច្រៀងពាក្យទាំងនោះ ការច្រៀងអំពីភ្នំដ៏បរិសុទ្ធនៃព្រះយេហូវ៉ាមុខជាបាននាំឲ្យពួកគេនឹកគិតពីភ្នំស៊ីយ៉ូន ជាទីកន្លែងដែលស្តេចដាវីឌបាននាំហិបនៃកិច្ចព្រមព្រៀងមកដាក់ក្នុងត្រសាលមួយដែលទ្រង់បានដំឡើងនៅទីនោះ។ (សាំយូអែលទី២ ៦:១២, ១៧) ទីភ្នំនិងត្រសាលក្នុងចំរៀងនោះច្បាស់ជាបានញ៉ាំងឲ្យពួកគេគិតពីទីកន្លែងជាអត្ថបដិរូបដែលព្រះយេហូវ៉ាគង់នៅ។ គឺនៅទីនោះឯងដែលប្រជារាស្ត្រអាចចូលទៅជិតព្រះដើម្បីអង្វរសុំព្រះគុណពីទ្រង់បាន។
១៨. (ក) បើយើងចង់ធ្វើជាមិត្តសំឡាញ់របស់ព្រះ តើយើងត្រូវធ្វើអ្វី? (ខ) តើអត្ថបទជាបន្តបន្ទាប់នឹងពិគ្រោះចំណុចអ្វី?
១៨ មនុស្សណាដែលប្រាថ្នាចង់បានមិត្តភាពជាមួយព្រះយេហូវ៉ា នោះគាត់ត្រូវពោលពាក្យពិត«ពីក្នុងចិត្ត» មិនត្រឹមតែចេញពីមាត់ប៉ុណ្ណោះទេ។ មិត្តសំឡាញ់ពិតរបស់ព្រះត្រូវតែមានចិត្តស្មោះទៀងត្រង់ ក៏ត្រូវតែបង្ហាញទីសំអាងថា មាន«ជំនឿឥតពុតត្បុត» ដ្បិតការកាន់សច្ចៈតែងចេញពីចិត្តមក។ (ធីម៉ូថេទី១ ១:៥, ខ.ស.; ម៉ាថាយ ១២:៣៤, ៣៥) មិត្តសំឡាញ់របស់ព្រះមិនប្រព្រឹត្តដោយវៀចវេរឬដោយបោកប្រាសឡើយ ពីព្រោះ«ព្រះយេហូវ៉ា ទ្រង់ខ្ពើមឆ្អើម ចំពោះមនុស្សដែល . . . បោកប្រាសគេ»។ (ទំនុកដំកើង ៥:៦) ស្មរបន្ទាល់ព្រះយេហូវ៉ាទូទាំងផែនដីខំប្រឹងបង្ហាញសច្ចភាពក្នុងការយកតម្រាប់តាមព្រះរបស់ខ្លួន។ អត្ថបទជាបន្តបន្ទាប់នឹងពិនិត្យមើលចំណុចនេះ។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• ហេតុអ្វីបានជាព្រះយេហូវ៉ាជ្រាបនូវសេចក្ដីពិត អំពីអ្វីៗទាំងអស់?
• តើមានភស្តុតាងអ្វី ដែលបង្ហាញថាព្រះយេហូវ៉ា ទ្រង់កាន់សច្ចៈ?
• តើព្រះយេហូវ៉ាបានបើកសម្ដែងនូវសេចក្ដីពិត តាមរបៀបណាខ្លះ?
• ស្តីអំពីសេចក្ដីពិតនោះ តើយើងត្រូវធ្វើអ្វីខ្លះ?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ៩]
ព្រះនៃសេចក្ដីពិត ទ្រង់ជ្រាបទាំងអស់ស្តីអំពីអ្វីៗដែលទ្រង់បានបង្កើតមក