ភាពក្រីក្រ ការស្វែងរកនូវដំណោះស្រាយជាស្ថាពរ
ភាពក្រីក្រ ការស្វែងរកនូវដំណោះស្រាយជាស្ថាពរ
ទោះជាមានសេចក្ដីរាយការណ៍ដ៏គួរឲ្យស្ដាយ អំពីភាពក្រីក្រនៅកន្លែងផ្សេងៗទូទាំងផែនដីក្ដី ក៏នៅតែមានមនុស្សខ្លះដែលមានគំនិតសុទិដ្ឋិនិយមថា យើងអាចចាត់វិធានការដោះស្រាយបញ្ហានេះបាន។ ជាឧទាហរណ៍ មានចំណងជើងដើមរឿងក្នុងទស្សនាវដ្ដីមួយថា ធនាគារអភិវឌ្ឍន៍អាស៊ីបានរាយការណ៍ថា៖ «អាស៊ីអាចទប់ស្កាត់នូវភាពក្រីក្របាន ក្នុងរយៈតែ២៥ឆ្នាំប៉ុណ្ណោះ»។ (Manila Bulletin) ធនាគារអភិវឌ្ឍន៍អាស៊ីបានជូនយោបល់ថា ការរីកចំរើនខាងសេដ្ឋកិច្ចអាចជួយឲ្យពួកកំសត់ងើបឲ្យរួចពីភាពក្រីក្របាន។
អង្គការឯទៀតនិងរដ្ឋាភិបាលនានាមានយោបល់និងផែនការផ្សេងៗជាច្រើន ដើម្បីដោះស្រាយបញ្ហានេះ។ យោបល់និងផែនការនោះរួមមាន៖ សង្គមកិច្ចធានារ៉ាប់រង ការអប់រំដ៏ប្រសើរជាង ការរៀបចំឲ្យមានផ្ទះសម្បែងតម្លៃថោកសំរាប់ពួកអ្នកក្រ ការលុបបំណុលដែលប្រទេសកំពុងអភិវឌ្ឍមានចំពោះប្រទេសជឿនលឿន និងការទប់ស្កាត់នូវឧបសគ្គខាងអាហរ័ណឬការនាំវត្ថុចូលប្រទេស ដើម្បីឲ្យប្រទេសជាតិណាដែលមានមនុស្សក្រីក្រច្រើន អាចលក់ផលិតផលរបស់គេយ៉ាងងាយជាង។
នៅឆ្នាំ២០០០ មហាសន្និបាតរបស់អង្គការសហប្រជាជាតិបានតាំងគោលដៅខ្លះដែលគេចង់បំពេញមុនឆ្នាំ២០១៥។ គោលដៅទាំងនោះរួមបញ្ចូលការទប់ស្កាត់នូវភាពទុគ៌តទ័លក្រ ការអត់អាហារ និងប្រាក់ចំណូលតិចឬច្រើនហួសហេតុពេកក្នុងប្រទេសមួយចំនួន។ ទោះជាគោលដៅទាំងនេះល្អយ៉ាងណាក្ដី មនុស្សច្រើននៅតែសង្ស័យថា ការសម្រេចគោលដៅទាំងនោះមិនជាការងាយប៉ុន្មានទេ ក្នុងពិភពលោកដែលមិនសូវចេះសាមគ្គីគ្នានោះ។
ជំហានខ្លះៗដែលជួយឲ្យមានប្រសិទ្ធភាព ក្នុងការស៊ូទ្រាំនឹងជីវភាពក្រីក្រ
ការរីកចំរើនបានធ្វើឲ្យមានស្ថានភាពប្រសើរឡើងទូទាំងពិភពលោកនេះ ទំនងជាពុំអាចកើតមានឡើងបានទេ។ ដូច្នេះ តើមនុស្សអាចរកជំនួយពីអ្នកណាវិញ? ដូចបានរៀបរាប់មុននេះ មនុស្សអាចទទួលប្រាជ្ញាបាន ដើម្បីជួយមនុស្សពេលឥឡូវនេះតែម្ដង។ តើប្រាជ្ញានោះមកពីណា? ប្រភពប្រាជ្ញានោះជាព្រះបន្ទូលរបស់ព្រះ គឺព្រះគម្ពីរ។
ហេតុដូចម្ដេចបានជាព្រះគម្ពីរមានលក្ខណៈខុសប្លែកពីប្រភពពត៌មានឯទៀត? គឺពីព្រោះព្រះគម្ពីរមកពីបុគ្គលដែលមានអំណាចដ៏ខ្ពស់បំផុត គឺព្រះដែលបានបង្កើតយើង។ ទ្រង់បានបញ្ចូលក្នុងព្រះគម្ពីរនូវពាក្យពេចន៍ដែលផ្ដល់ប្រាជ្ញា គឺគោលការណ៍ផ្សេងៗដែលមនុស្សទាំងឡាយអាចអនុវត្តបាន គ្រប់គ្រា ទោះជានៅកន្លែងណាក៏ដោយ។ បើអ្នកក្រីក្រធ្វើតាមគោលការណ៍ទាំងនេះ ពួកគេក៏អាចមានជីវិតដ៏គាប់ចិត្តពេលឥឡូវនេះដែរ។ សូមយើងពិនិត្យមើលឧទាហរណ៍ខ្លះៗ។
ចូរមានទស្សនៈត្រឹមត្រូវអំពីលុយកាក់។ ព្រះគម្ពីរចែងថា៖ «ប្រាជ្ញាជាគ្រឿងការពារខ្លួន ដូចជាប្រាក់ក៏ជាគ្រឿងការពារខ្លួនដែរ ប៉ុន្តែការដែលវិសេសជាងខាងចំណេះ គឺថាប្រាជ្ញារមែងតែរក្សាជីវិតរបស់ពួកអ្នកប្រាជ្ញឲ្យគង់នៅ»។ (សាស្ដា ៧:១២) តើខនេះបង្កប់អត្ថន័យដ៏សំខាន់អ្វី? គឺថា លុយមិនមែនជាអ្វីដែលសំខាន់បំផុតឡើយ។ លុយពិតជាអាចជួយយើងមែន ពីព្រោះបើមានលុយ នោះយើងអាចទិញរបស់របរដែលយើងត្រូវការ។ ប៉ុន្តែជំនួយពីលុយក៏មានកំរិតដែរ។ តាមពិត មានអ្វីដ៏សំខាន់ជាងដែលយើងមិនអាចទិញបានឡើយ។ ការទទួលស្គាល់ហេតុការណ៍ពិតនេះ នឹងជួយយើងឲ្យមានតុល្យភាពស្តីអំពីវត្ថុទ្រព្យ ហើយនឹងជួយយើងជៀសផុតពីចិត្តទោមនស្សឬការអាក់អន់ចិត្តដែលមកពីការផ្ចង់អារម្មណ៍ទៅលើការប្រមូលលុយតែប៉ុណ្ណោះ។ លុយមិនអាចទិញជីវិតបានទេ តែការប្រព្រឹត្តដោយប្រាជ្ញាអាចការពារជីវិតយើងឥឡូវនេះបាន ហើយអាចបើកឱកាសឲ្យយើងមានលទ្ធភាពរស់ជានិច្ចនិរន្តរ៍បាន។
ចូរមានជីវភាពរស់នៅឲ្យស្របទៅតាមប្រាក់ចំណូលរបស់អ្នក។ អ្វីដែលយើងប្រាថ្នាចង់បាននោះ មិនតែងតែជាអ្វីដែលយើងត្រូវការឡើយ។ សេចក្ដីត្រូវការរបស់យើងត្រូវចាត់ទុកជាអាទិភាពវិញ។ យើងអាចមានទំនោរចិត្តបំភាន់ខ្លួនឯងថា យើងត្រូវការអ្វីមួយជាចាំបាច់ តែតាមពិត របស់នោះជាអ្វីដែលយើងចង់បានប៉ុណ្ណោះ មិនមែនជាអ្វីដែលយើងត្រូវការទេ។ មនុស្សដែលមានប្រាជ្ញានឹងចំណាយប្រាក់ចំណូលក្នុងការទិញអ្វីដែលជាចាំបាច់ជាមុនសិន ដូចជាចំណីអាហារ សំលៀកបំពាក់ និងផ្ទះសម្បែងជាដើម។ រួចមក មុននឹងចាយលុយថែមទៀត មនុស្សដែលមានប្រាជ្ញានឹងគិតពិចារណាថា តើលុយដែលនៅសល់នោះគ្រប់គ្រាន់ដើម្បីទិញរបស់ឯទៀតឬទេ? ក្នុងរឿងប្រៀបប្រដូចមួយរបស់ព្រះយេស៊ូ ទ្រង់បានជូនយោបល់ឲ្យមនុស្ស‹អង្គុយគិតគូរមើលតម្លៃជាមុនសិន ដើម្បីអោយដឹងថា តើខ្លួនមានប្រាក់ល្មម ឬយ៉ាងណា?›។—លូកា ១៤:២៨, ខ.ស.
នៅប្រទេសភីលីពីន បងស្រីឈ្មោះយូប្រ៉ូស៊ីណាជាមាតាដែលគ្មានគូហើយមានកូនបីនាក់។ តាំងពីស្វាមីបានបោះបង់ចោលនាងប៉ុន្មានឆ្នាំមុននេះ បងស្រីត្រូវប្រឈមនឹងការពិបាកដែលមកពីការរកស៊ី និងការសន្សំសំច័យ។ ពេលដែលបងស្រីធ្វើដូច្នេះ គាត់ក៏បង្រៀនកូនឲ្យទទួលស្គាល់អំពីអ្វីដែលជាអាទិភាពក្នុងការចាយលុយ។ ជាឧទាហរណ៍ កូនៗប្រហែលជាឃើញអ្វីដែលគេចង់ទិញ។ ជាជាងប្រាប់កូនថា កូនមិនអាចទិញរបស់នោះទេ នោះបងស្រីពិគ្រោះហេតុផលជាមួយកូនដោយនិយាយថា៖ «កូនអាចទិញរបស់នោះបាន តែកូនត្រូវសម្រេចចិត្តជាមុន ព្រោះអី យើងមានលុយអាចទិញបានតែមួយប៉ុណ្ណោះ គឺ របស់ដែលកូនស្រឡាញ់នេះ ឬក៏ទិញសាច់និងបន្លែបន្ដិចបន្តួចដែលយើងអាចញ៉ាំជាមួយបាយសំរាប់សប្ដាហ៍នេះ។ ដូច្នេះ តើកូនចង់បានមួយណា? កូនសម្រេចចុះ!»។ តាមធម្មតាកូនយល់ភ្លាមៗ ហើយនិងឯកភាពថា គេចង់បានអាហារជាជាងរបស់ផ្សេងៗនោះ។
ចូរចេះស្កប់ចិត្ត។ គោលការណ៍មួយទៀតក្នុងព្រះគម្ពីរចែងថា៖ «បើមានអាហារទទួលទាន នឹងសំលៀកបំពាក់ នោះក៏ល្មមឲ្យយើងបានស្កប់ចិត្តហើយ»។ (ធីម៉ូថេទី១ ៦:៨) បើមានតែលុយប៉ុណ្ណោះ នោះមិននាំឲ្យមានសុភមង្គលឡើយ។ មហាសេដ្ឋីច្រើននាក់គឺមិនសប្បាយទេ តែមនុស្សក្រច្រើននាក់ គឺសប្បាយវិញ។ មនុស្សខ្សត់ ទ្រព្យបានរៀនឲ្យចេះស្កប់ចិត្តនឹងរបស់សាមញ្ញធម្មតាដែលគេត្រូវការប៉ុណ្ណោះ។ ព្រះយេស៊ូបានមានបន្ទូលអំពីការរក្សាឲ្យមាន‹ភ្នែកល្អ› ពោលគឺ ភ្នែកដែលចេះតែប្រុងស្មារតីលើអ្វីដែលសំខាន់ៗ។ (ម៉ាថាយ ៦:២២) ការធ្វើដូច្នេះ អាចជួយមនុស្សឲ្យចេះស្កប់ចិត្តផងដែរ។ មនុស្សខ្សត់ទ្រព្យច្រើននាក់ចេះស្កប់ចិត្តពីព្រោះពួកគេបានបណ្ដុះឲ្យមានចំណងមេត្រីភាពល្អជាមួយព្រះ ហើយក៏មានសុភមង្គលក្នុងរង្វង់គ្រួសារ គឺជាអ្វីដែលយើងមិនអាចយកលុយមកទិញបានសោះឡើយ។
យោបល់ទាំងប៉ុន្មាននេះពីព្រះគម្ពីរ ជាឧទាហរណ៍ខ្លះៗដែលអាចជួយឲ្យមនុស្សក្រីក្រចេះស៊ូទ្រាំនឹងស្ថានភាពក្នុងជីវិតរបស់ពួកគេ។ ព្រះគម្ពីរមានយោបល់ជាច្រើនថែមទៀតដែរ។ ឧទាហរណ៍ ចូរជៀសវាងពីអំពើអបាយមុខផ្សេងៗ ដូចជាការជក់ថ្នាំនិងការលេងល្បែងភ្នាល់ដែលជាការបង្ហិនលុយឥតប្រយោជន៍ទទេ។ ចូរសម្គាល់នូវអ្វីៗក្នុងជីវិតដែលសំខាន់ជាង ជាពិសេសគោលដៅខាងវិញ្ញាណ។ កាលណាពិបាករកការងារធ្វើនោះ សូមខ្នះខ្នែងរកបំនិនណាមួយ ឬធ្វើការអ្វីដែលមិនសូវមានអ្នកណាធ្វើទេ។ (សុភាសិត ២២:២៩; ២៣:២១; ភីលីព ១:៩-១១) ក្នុងព្រះគម្ពីរមានយោបល់ឲ្យយើងប្រើប្រាជ្ញា«ដែលមានប្រយោជន៍ នឹងគំនិតវាងវៃ» ពីព្រោះ«សេចក្ដីនោះនឹងបានជាជីវិតដល់ព្រលឹងឯង»។—សុភាសិត ៣:២១, ២២
ទោះជាយោបល់ក្នុងព្រះគម្ពីរអាចជួយខ្លះៗបាន ចំពោះអស់អ្នកដែលកំពុងតែស៊ូទ្រាំនឹងភាពក្រីក្រក្ដី តែនៅមានសំនួរផ្សេងៗស្តីអំពីពេលអនាគត។ តើមនុស្សទ័លក្រនឹងត្រូវជាប់ក្នុងភាពក្រីក្រជានិច្ចឬ? តើភាពមិនស្មើគ្នារវាងមហាសេដ្ឋីនិងមនុស្សក្រខ្សត់នោះអាចកែប្រែបានឬ? សូមយើងពិនិត្យមើលដំណោះស្រាយដែលមនុស្សជាច្រើនមិនធ្លាប់ឮពីមុន។
ព្រះគម្ពីរផ្ដល់មូលហេតុចំពោះសេចក្ដីសង្ឃឹម
មនុស្សភាគច្រើនឯកភាពថា ព្រះគម្ពីរជាសៀវភៅល្អមែន។ ក៏ប៉ុន្តែ ពួកគេក៏ច្រើនតែមិនដឹងថា ព្រះគម្ពីរផ្ដល់នូវពត៌មានជាក់ច្បាស់ដែលសំដៅទៅលើការប្រែប្រួលដ៏ធំដែលនឹងកើតមានឡើងឆាប់ៗខាងមុខនេះ។
ព្រះមានបំណងព្រះហឫទ័យចាត់វិធានការដោះស្រាយបញ្ហារបស់មនុស្សជាតិ រួមទាំងភាពក្រីក្រផង។ ដោយសាររដ្ឋាភិបាលរបស់មនុស្សមិនអាចឬក៏មិនចង់ដោះស្រាយបញ្ហាបែបនេះ នោះព្រះមានបំណងរៀបចំរដ្ឋាភិបាលមួយជំនួសរដ្ឋាភិបាលគេ។ តើដោយរបៀបណា? ព្រះគម្ពីរចែងយ៉ាងច្បាស់លាស់នៅដានីយ៉ែល ២:៤៤ ថា៖ «ព្រះនៃស្ថានសួគ៌ទ្រង់នឹងតាំងនគរ១ឡើង ដែលមិនត្រូវបំផ្លាញឡើយ ហើយអំណាចហ្លួងក៏មិនត្រូវផ្ទេរដល់សាសន៍ដទៃណាដែរ។ [នគរនោះ]នឹងបំបាក់បំបែក ហើយលេបបំបាត់នគរទាំង[នេះ]វិញ នគរនោះនឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច»។
ព្រះបានជ្រើសរើសអ្នកគ្រប់គ្រងមួយអង្គដែលនឹងចាត់វិធានការធ្វើអ្វីមួយក្រោយពីដកនូវ «នគរ» ឬរដ្ឋាភិបាលទាំងនេះចេញ។ អ្នកគ្រប់គ្រងនោះមិនមែនជាមនុស្សម្នាក់ទេ តែជាបុគ្គលដែលមានអំណាចខ្លាំងក្លាដូចព្រះដែរ ទាំងមានសមត្ថភាពកែប្រែស្ថានភាពតាមតម្រូវការ ដើម្បីបំបាត់ចោលភាពមិនស្មើគ្នាដែលមានសព្វថ្ងៃនេះ។ ព្រះបានជ្រើសរើសរាជបុត្ររបស់ទ្រង់ផ្ទាល់ដើម្បីសម្រេចការនេះ។ (កិច្ចការ ១៧:៣១) នៅទំនុកដំកើង ៧២:១២-១៤ មានការពណ៌នាអំពីអ្វីដែលអ្នកគ្រប់គ្រងនោះនឹងធ្វើ ពោលគឺ៖ «ទ្រង់នឹងជួយពួកក្រីក្រឲ្យរួចក្នុងកាលដែលថ្លែងទុក្ខ ព្រមទាំងពួកកំសត់ ដែលឥតមានអ្នកណាជួយនោះផង។ ទ្រង់នឹងមានសេចក្ដីអាណិតមេត្ដា ដល់មនុស្សរហេមរហាមនឹងមនុស្សទុគ៌ត ក៏នឹងជួយសង្គ្រោះជីវិតនៃមនុស្សក្រីក្រផង។ ទ្រង់នឹងលោះជីវិតគេ ឲ្យរួចពីការសង្កត់សង្កិននឹងការច្រឡោត ឯឈាមគេនឹងបានវិសេសនៅព្រះនេត្រទ្រង់ដែរ»។ សេចក្ដីសង្ឃឹមនេះគឺល្អអស្ចារ្យណាស់! នៅទីបំផុតត្រូវមានការប្រោសឲ្យរួចពីទុក្ខលំបាក មែន! អ្នកគ្រប់គ្រងដែលព្រះបានជ្រើសរើសនោះ នឹងចាត់វិធានការប្រយោជន៍ឲ្យមនុស្សក្រីក្រ និងមនុស្សរហេមរហាម។
បញ្ហាជាច្រើនដែលមកពីភាពក្រីក្រនោះ ត្រូវដោះស្រាយតែម្ដង។ ខទី១៦ ក្នុងទំនុកទី៧២ ចែងថា៖ «នឹងមានស្រូវជាបរិបូរនៅក្នុងស្រុក រហូតដល់កំពូលភ្នំ»។ គ្រានោះនឹងលែងមានការខ្វះអាហារទៀត មិនថាដោយព្រោះទុរភិក្ស ឬដោយខ្វះលុយកាក់ ឬដោយព្រោះមានការគ្រប់គ្រងមិនល្អក្ដី។
ឯបញ្ហាផ្សេងៗទៀត ក៏ត្រូវដោះស្រាយដែរ។ ឧបមាថា មនុស្សភាគច្រើននៅលើផែនដីនេះមិនមានផ្ទះសម្បែងផ្ទាល់ទេ។ ប៉ុន្តែ ព្រះទ្រង់សន្យាថា៖ «គ្រានោះ មនុស្សនឹងសង់ផ្ទះ ហើយនឹងអាស្រ័យនៅផង ក៏នឹងដាំចំការទំពាំងបាយជូរ ហើយនឹងបរិភោគផលដែរ។ គេនឹងមិនសង់ រួចមានម្នាក់ទៀតអាស្រ័យនៅ ឬដាំ រួចមានម្នាក់ទៀតបរិភោគផលនោះឡើយ ដ្បិតអាយុរបស់រាស្ត្រអញនឹងបានវែងដូចជាអាយុនៃដើមឈើ ហើយពួករើសតាំងរបស់អញនឹងប្រើប្រាស់ការដែលដៃគេធ្វើជាយឺនយូរទៅ»។ (អេសាយ ៦៥:២១, ២២) មនុស្សម្នាក់ៗនឹងមានផ្ទះរៀងៗខ្លួន ហើយក៏ពេញចិត្តនឹងការងាររបស់ខ្លួនដែរ។ ដូច្នេះ ព្រះសន្យាថា ត្រូវមានដំណោះស្រាយចំពោះភាពក្រីក្រឲ្យបានជាស្ថាពរ។ ពេលនោះនឹងលែងមានភាពខុសគ្នារវាងអ្នកមាននិងអ្នកក្រ ក៏នឹងលែងមានមនុស្សរកស៊ីដោយយ៉ាប់យឺនទៀតដែរ។
ពេលដែលយើងឮសេចក្ដីសន្យាទាំងនេះពីព្រះគម្ពីរជាលើកដំបូងនោះ យើងប្រហែលជាមានអារម្មណ៍ថា មិនអាចទៅរួចទេ។ ក៏ប៉ុន្តែ ពេលដែលយើងពិចារណាមើលព្រះគម្ពីរឲ្យដិតដល់ នោះបង្ហាញថា សម្បថទាំងឡាយរបស់ព្រះពីបុរាណសុទ្ធតែបានសម្រេចពិតមែន។ (អេសាយ ៥៥:១១) ដូច្នេះ នេះមិនមែនជារឿងគួរឲ្យឆ្ងល់ថា តើការទាំងនេះនឹងកើតឡើងមែនឬទេ? តែយើងគួរសួរថា តើយើងត្រូវធ្វើអ្វីដើម្បីទទួលប្រយោជន៍ពេលដែលនេះកើតឡើងមែននោះ?
តើអ្នកនឹងរួមចំណែកទេ?
ដោយសាររដ្ឋាភិបាលនោះជារបស់ផងព្រះ យើងត្រូវធ្វើយ៉ាងណាដើម្បីឲ្យព្រះព្រមទទួលយើងជារាស្ត្រនៅក្រោមការគ្រប់គ្រងនោះ។ ព្រះមិនបានទុករឿងនេះជាទីកំបាំងចំពោះយើងឡើយ ស្តីអំពីរបៀបដែលយើងអាចរួមចំណែកនោះ។ តែមានគោលការណ៍ណែនាំក្នុងព្រះគម្ពីរហើយ។
រាជបុត្ររបស់ព្រះ ដែលទ្រង់បានរើសតាំងជាអ្នកគ្រប់គ្រងនោះ ទ្រង់ជាបុគ្គលសុចរិត។ (អេសាយ ១១:៣-៥) ដូច្នេះ មនុស្សដែលត្រូវជ្រើសរើសឲ្យទទួលជីវិតក្រោមការគ្រប់គ្រងនៃរដ្ឋាភិបាលនោះ ត្រូវតែមានភាពសុចរិតផងដែរ។ សុភាសិត ២:២១, ២២ ចែងថា៖ «មនុស្សទៀងត្រង់នឹងអាស្រ័យនៅផែនដី ហើយមនុស្សគ្រប់លក្ខណ៍នឹងបាននៅជាប់។ តែមនុស្សអាក្រក់នឹងត្រូវកាត់ឲ្យសូន្យចេញពីផែនដីវិញ ហើយមនុស្សប្រទូសរ៉ាយនឹងត្រូវរំលើងចេញពីស្រុកទៅ»។
តើមានវិធីរៀនឲ្យចេះបំពេញតាមតម្រូវការទាំងនេះទេ? ពិតជាមានវិធីមែន។ បើអ្នកសិក្សាព្រះគម្ពីរនិងអនុវត្តតាមការណែនាំនោះ អ្នកក៏អាចទទួលអនាគតដ៏អស្ចារ្យនេះផងដែរ។ (យ៉ូហាន ១៧:៣) ស្មរបន្ទាល់ព្រះយេហូវ៉ាមានសេចក្ដីសោមនស្សរីករាយក្នុងការជួយលោកអ្នកឲ្យសិក្សាព្រះគម្ពីរ។ យើងសូមអញ្ជើញលោកអ្នកឲ្យឆ្លៀតឱកាសនេះដើម្បីរួមចំណែកក្នុងសង្គមមនុស្សដែលនឹងលែងមានភាពក្រីក្រនិងភាពអយុត្ដិធម៌ទៀតឡើយ។
[រូបភាពនៅទំព័រ៥]
បងស្រីយូប្រ៉ូស៊ីណា: «ការប្រយ័ត្នដោយសន្សំសំច័យតែងជួយឲ្យក្រុមគ្រួសាររបស់ខ្ញុំមានអ្វីដែលគេត្រូវការ»
[រូបភាពនៅទំព័រ៦]
ចំណងមេត្រីភាពល្អជាមួយព្រះ និងសុភមង្គលក្នុងរង្វង់គ្រួសារ នោះជាអ្វីដែលយើងមិនអាច ទិញបានសោះឡើយ