មនុស្សក្រីក្រចេះតែក្រទៅៗ
មនុស្សក្រីក្រចេះតែក្រទៅៗ
«សង្គមមនុស្សដែលមានភាពកំសត់ហើយច្រើនតែក្រីក្រនោះ មិនងាយលូតលាស់ឬមានសុភមង្គលឡើយ»។
លោកអាដាម ស្មិត ជាបណ្ឌិតខាងសេដ្ឋកិច្ចនៅសតវត្សទី១៨ បានមានប្រសាសន៍នូវពាក្យខាងលើនេះ។ មនុស្សជាច្រើនជឿស៊ប់ថា ពំនោលរបស់គាត់មានសច្ចភាពកាន់តែជាក់ស្តែងនៅសព្វថ្ងៃនេះ។ ភាពខុសគ្នារវាងពួកអ្នកមាននិងពួកអ្នកខ្សត់ទ្រព្យនោះ គឺឃើញច្បាស់ជាងមុនៗទៅទៀត។ មួយភាគបីនៃប្រជាជននៅប្រទេសភីលីពីនកំពុងតែរស់ដោយពឹងផ្អែកលើលុយចំណូលមិនដល់១$ (អាមេរិក) ក្នុងមួយថ្ងៃ ដែលស្មើនឹងលុយចំណូលក្នុងរយៈតែប៉ុន្មាននាទីប៉ុណ្ណោះ នៅឯប្រទេសដែលជឿនលឿន។ របាយការណ៍ពីការអភិវឌ្ឍន៍មនុស្ស ឆ្នាំ២០០២ របស់អង្គការសហប្រជាជាតិ រៀបរាប់ថា៖ «ក្នុងចំណោមមនុស្សជាតិទាំងឡាយ មនុស្ស៥%ដែលជាអ្នកមានបំផុត គេមានប្រាក់ចំណូល១១៤ដងច្រើនជាងមនុស្ស៥%ដែលក្រខ្សត់ជាងគេវិញ»។
មនុស្សមួយចំនួនកំពុងតែរស់នៅយ៉ាងសុខស្រួល តែមនុស្សរាប់លាននាក់ទៀត គ្មានផ្ទះសម្បែង ឬក៏ជ្រកកោនក្នុងខ្ទមនៅកន្លែងណាដែលគេអាចនៅបាន។ មនុស្សឯទៀតប្រហែលជាគ្មានខ្ទមផង គេដើរដេកតាមចិញ្ចើមថ្នល់មានតែស្បោងឬកាតុងសំរាប់ក្រាលដេកប៉ុណ្ណោះ។ មនុស្សជាច្រើនខំរកចំណី តាមរបៀបណាក៏ដោយ មិនថាត្រូវកកាយរកកាកសំណល់នៅកន្លែងចាក់សំរាម ឬធ្វើកម្មករលីសែងយ៉ាងធ្ងន់ ឬក៏រុញរទេះលក់ដូរអេតចាយ។
ភាពមិនស្មើគ្នារវាងអ្នកមាននិងអ្នកក្រ មិនគ្រាន់តែមានក្នុងប្រទេសកំពុងអភិវឌ្ឍប៉ុណ្ណោះទេ តែដូចធនាគារពិភពលោករាយការណ៍ថា៖ «គ្រប់ប្រទេសទាំងអស់មាន‹តំបន់ក្រីក្រ›ដែរ»។ មិនថានៅប្រទេសបេងក្លាដេស ឬនៅសហរដ្ឋអាមេរិកក្ដី ទោះជាមនុស្សខ្លះមានប៉ុនណាក៏ដោយ គឺនៅតែមានមនុស្សដែលរកអាហារស្ទើរតែដាច់ខ្យល់និងទីជ្រកកោនពុំបានដែរ។ កាសែតមួយបានដកស្រង់របាយការណ៍របស់ក្រសួងជំរឿនប្រជាជននៅសហរដ្ឋអាមេរិក នៅឆ្នាំ២០០១ ដែលបញ្ជាក់ថា អ្នកមាននិងអ្នកក្រមានភាពខុសពីគ្នាកាន់តែច្រើនឡើងៗ។ របាយការណ៍នោះចែងថា៖ «បើសរុបប្រាក់ចំណូលក្នុងរង្វង់គ្រួសារនិមួយៗនៅអាមេរិកនាឆ្នាំមុននេះ ប្រាំភាគរយនៃប្រជាជនដែលជាអ្នកមានបំផុតនោះ បានទទួលហាសិបភាគរយនៃលុយចំណូលនោះ . . . រីឯមនុស្សប្រាំភាគរយដែលក្រជាងគេវិញ គេបានទទួលតែ៣,៥ភាគរយនៃលុយចំណូលនោះ»។ (The New York Times) ប្រទេសជាច្រើនឯទៀតក៏មានស្ថានភាពដូចគ្នាដែរ។ សេចក្ដីរាយការណ៍មួយពីធនាគារពិភពលោកបានបង្ហាញថា ៥៧ភាគរយនៃមនុស្សជាតិកំពុងតែរស់នៅមានប្រាក់ចំណូលមិនដល់២$ (អាមេរិក) ក្នុងមួយថ្ងៃ។
អ្វីដែលរឹតតែអាក្រក់ទៅទៀត គឺនៅឆ្នាំ២០០២ មនុស្សរាប់លាននាក់មានចិត្តមួម៉ៅដោយឮដំណឹងថា អ្នកជំនួញឋានៈខ្ពស់ច្រើននាក់បានក្លាយជាអ្នកមានដោយប្រើវិធីដ៏គួរសង្ស័យ។ ទោះជាអ្នកជំនួញនោះប្រហែលជាមិនបានធ្វើខុសច្បាប់ក្ដី មនុស្សច្រើន
នៅតែមានអារម្មណ៍ដូចបានបញ្ជាក់ក្នុងទស្សនាវដ្ដីមួយដែលថា ពួកអ្នកជំនួញនោះ«បានក្លាយជាអ្នកមានមែនទែន ហួសប្រមាណផង ហើយដោយរបៀបមិនគួរគប្បីផងដែរ»។ (Fortune) បើគិតអំពីស្ថានការណ៍ក្នុងលោកីយ៍នេះ មនុស្សខ្លះឆ្ងល់ថា ហេតុដូចម្ដេចបានជាបុគ្គលខ្លះអាចមានលុយច្រើនសន្ធឹកសន្ធាប់ ដែលមានរហូតដល់រាប់រយលានដុល្លារ តែមនុស្សច្រើនសន្ធឹកណាស់មានជីវភាពទ័លក្រវិញ។តើនឹងមានភាពក្រីក្រជានិច្ចឬ?
នេះមិនបានសេចក្ដីថា គ្មានអ្នកណាខ្វល់ខ្វាយអំពីភាពកំសត់រហេមរហាមរបស់មនុស្សក្រីក្រឡើយ។ ពួករាជការខ្លះមានចេតនាល្អ ហើយអង្គការជំនួយច្រើនក៏ខំជូនយោបល់ដើម្បីកែប្រែស្ថានភាពនេះ។ យ៉ាងណាក៏ដោយ ស្ថានការណ៍នៃភាពក្រីក្រនៅតែមានដដែល។ របាយការណ៍ពីការអភិវឌ្ឍន៍មនុស្ស ឆ្នាំ២០០២ ចែងថា៖ «ប្រទេសជាច្រើននៅតែមានភាពក្រីក្រច្រើនជាង១០ ២០ ឬក៏៣០ឆ្នាំមុននេះទៅទៀត» ទោះជាមានការខំប្រឹងអភិវឌ្ឍន៍យ៉ាងណាក៏ដោយ។
តើនេះមានន័យថា មនុស្សក្រីក្រឥតមានសេចក្ដីសង្ឃឹមទាល់តែសោះឬ? យើងសូមអញ្ជើញលោកអ្នកអានអត្ថបទជាបន្ទាប់ដើម្បីពិនិត្យមើលនូវប្រាជ្ញាដែលអាចជួយពេលឥឡូវនេះ ព្រមទាំងដំណោះស្រាយដែលអ្នកប្រហែលជាមិនធ្លាប់គិតពិចារណាពីមុនឡើយ។