លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អ្នកបំរើរបស់ព្រះយេហូវ៉ាមានសេចក្ដីសង្ឃឹមដ៏ពិត

អ្នកបំរើរបស់ព្រះយេហូវ៉ាមានសេចក្ដីសង្ឃឹមដ៏ពិត

អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​មាន​សេចក្ដី​សង្ឃឹម​ដ៏​ពិត

​«សំណល់​នៃ​ពួក​យ៉ាកុប នឹង​នៅ​កណ្ដាល​សាសន៍​ជា​ច្រើន ទុក​ដូច​ជា​ទឹក​សន្សើម​មក​ពី​ព្រះ​យេហូវ៉ា . . . ក៏​មិន​សង្ឃឹម​ដល់​មនុស្ស​ជាតិ​ដែរ»។—មីកា ៥:៦

១​. តើ​អ៊ីស្រាអែល​ខាង​វិញ្ញាណ​ជា​ប្រភព​នៃ​កម្លាំង​ចិត្ត​យ៉ាង​ដូច​ម្ដេច?

ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត​ដ៏​ឧត្តុងឧត្តម​នៃ​ទឹក​ភ្លៀង​និង​ទឹក​សន្សើម។ គឺ​គ្មាន​ប្រយោជន៍​ទេ​ក្នុង​ការ​សង្ឃឹម​លើ​មនុស្ស​ឲ្យ​បង្កើត​ទឹក​សន្សើម​និង​ទឹក​ភ្លៀង​នោះ។ ព្យាការី​មីកា​បាន​សរសេរ​ថា​៖ «គ្រា​នោះ សំណល់​នៃ​ពួក​យ៉ាកុប នឹង​នៅ​កណ្ដាល​សាសន៍​ជា​ច្រើន ទុក​ដូច​ជា​ទឹក​សន្សើម​មក​ពី​ព្រះ​យេហូវ៉ា ហើយ​ដូច​ជា​ទឹក​ភ្លៀង​រ៉ុយៗ​នៅ​លើ​ស្មៅ ដែល​មិន​រង់ចាំ​មនុស្ស​ទេ ក៏​មិន​សង្ឃឹម​ដល់​មនុស្ស​ជាតិ​ដែរ»។ (មីកា ៥:៦) តើ​«សំណល់​នៃ​ពួក​យ៉ាកុប»​ជា​អ្នក​ណា​នៅ​សព្វ​ថ្ងៃ​នេះ? ពួក​គេ​ជា​ពួក​អ៊ីស្រាអែល​ខាង​វិញ្ញាណ គឺ «សាសន៍​អ៊ីស្រាអែល​នៃ​ព្រះ»។ (កាឡាទី ៦:១៦) ចំពោះ​«មនុស្ស​ជាតិ»​នៅ​លើ​ផែនដី នោះ​ពួក​គេ​ប្រៀប​ដូច​ជា​«ទឹក​សន្សើម​មក​ពី​ព្រះ​យេហូវ៉ា» និង​«ដូច​ជា​ទឹក​ភ្លៀង​រ៉ុយៗ​នៅ​លើ​ស្មៅ»។ ប្រាកដ​ហើយ ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​នៅ​សព្វ​ថ្ងៃ​ជា​ប្រភព​នៃ​កម្លាំង​ចិត្ត​ដែល​មក​ពី​ព្រះ​ដល់​រាស្ត្រ​ទ្រង់។ ព្រះ​យេហូវ៉ា​ប្រើ​ពួក​គេ​ជា​អ្នក​ប្រកាស​សារ​ព្រះរាជាណាចក្រ ដើម្បី​ផ្ដល់​សេចក្ដី​សង្ឃឹម​ដ៏​ពិត​ដល់​រាស្ត្រ​ទ្រង់។

២​. ហេតុ​អ្វី​ក៏​យើង​មាន​សេចក្ដី​សង្ឃឹម​ដ៏​ពិត​មួយ​ទោះ​ជា​រស់​នៅ​ក្នុង​ពិភពលោក​ដែល​មាន​បញ្ហា​នេះ?

យើង​មិន​ភ្ញាក់ផ្អើល​ទេ ដែល​លោកីយ៍​នេះ​គ្មាន​សេចក្ដី​សង្ឃឹម​ដ៏​ពិត​នោះ។ អស្ថិរភាព​ផ្នែក​នយោបាយ ការ​លែង​គោរព​តាម​គោលការណ៍​សីលធម៌ ឧក្រិដ្ឋកម្ម វិបត្ដិ​សេដ្ឋកិច្ច ភេរវកម្ម និង​សង្គ្រាម ហេតុ​ការណ៍​ទាំង​នេះ​ជា​អ្វី​ខ្លះៗ​ដែល​មាន​ពាស​ពេញជុំវិញ​យើង​ក្នុង​របប​លោកីយ៍ ដែល​កាន់​កាប់​ដោយ​អារក្ស​សាតាំង។ (យ៉ូហានទី១ ៥:១៩) មនុស្ស​ជា​ច្រើន​ព្រួយ​បារម្ភ​អំពី​អ្វី​ដែល​អាច​កើត​ឡើង​នៅ​អនាគតកាល។ ប៉ុន្តែ ជា​ពួក​អ្នក​ដែល​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា នោះ​យើង​មិន​ភ័យ​ខ្លាច​ទេ ពីព្រោះ​យើង​មាន​សេចក្ដី​សង្ឃឹម​ដ៏​ពិត​មួយ​ចំពោះ​អនាគត។ សេចក្ដី​សង្ឃឹម​នេះ​មាន​មូលដ្ឋាន​ទៅ​លើ​ព្រះ​បន្ទូល​របស់​ព្រះ។ យើង​មាន​ជំនឿ​ស៊ប់​ទៅ​លើ​ព្រះយេហូវ៉ា​និង​បន្ទូល​របស់​ទ្រង់​ពីព្រោះ​អ្វី​ដែល​ទ្រង់​មាន​បន្ទូល​នោះ រមែង​កើត​ឡើង​ពិត​ប្រាកដ​ជានិច្ច។

៣​. (ក) ហេតុ​អ្វី​ក៏​ព្រះយេហូវ៉ា​មាន​ជំទាស់​នឹង​សាសន៍​អ៊ីស្រាអែល​និង​សាសន៍​យូដា? (ខ) ហេតុ​អ្វី​ក៏​ទំនាយ​របស់​មីកា​ទាក់ទង​នឹង​សម័យ​យើង​នេះ?

ទំនាយ​របស់​មីកា​ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​តែង​នោះ​អាច​ជួយ​ពង្រឹង​កម្លាំង​ចិត្ត​យើង ដើម្បី​ដើរ​ក្នុង​ព្រះ​នាម​របស់​ព្រះយេហូវ៉ា និង​ផ្ដល់​ឲ្យ​យើង​នូវ​មូលដ្ឋាន​នៃ​សេចក្ដី​សង្ឃឹម​ដ៏​ពិត​មួយ។ នៅ​សតវត្ស​ទី​ប្រាំ​បី​មុន​ស.យ. ពេល​លោក​មីកា​បាន​ទាយ នោះ​រាស្ត្រ​ដែល​មាន​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ព្រះយេហូវ៉ា​បាន​បែក​គ្នា​ជា​សាសន៍​ពីរ គឺ​សាសន៍​អ៊ីស្រាអែល​និង​សាសន៍​យូដា ហើយ​សាសន៍​ទាំង​ពីរ​នោះ​មិន​បាន​គោរព​តាម​កិច្ច​ព្រម​ព្រៀង​របស់​ខ្លួន​ជាមួយ​នឹង​ព្រះយេហូវ៉ា​ឡើយ។ ជា​លទ្ធផល ព្រះ​រាជាណាចក្រ​ទាំង​ពីរ​បាន​ប្រឡូក​ប្រឡាក់​ទៅ​ដោយ​ការ​ក្បត់​ជំនឿ ការ​មិន​គោរព​តាម​គោលការណ៍​សីលធម៌ និង​ការ​លោភ​លន់​ខាង​ទ្រព្យ​សម្បត្ដិ​ជា​ច្រើន​ក្រៃលែង។ ដូច្នេះ ព្រះយេហូវ៉ា​បាន​ព្រមាន​សាសន៍​ទាំង​ពីរ​ថា ទ្រង់​នឹង​ដាក់​ទោស​ទៅ​លើ​ពួក​គេ។ ប្រាកដ​ហើយ ការ​ព្រមាន​ទាំង​នោះ​របស់​ព្រះយេហូវ៉ា គឺ​សំរាប់​មនុស្ស​នៅ​សម័យ​របស់​លោក​មីកា។ ប៉ុន្តែ សភាព​ការណ៍​នៅ​សម័យ​យើង​នេះ​និង​សម័យ​លោក​មីកា​គឺ​ស្រដៀង​គ្នា​ដល់​ម្ល៉េះ​បាន​ជា​ទំនាយ​របស់​មីកា​ក៏​ទាក់ទង​នឹង​សម័យ​យើង​ផង​ដែរ។ ហេតុ​ការណ៍​នេះ​លេច​ធ្លោ​កាន់​តែ​ជាក់​ស្តែង​ទៅៗ ពេល​យើង​ពិចារណា​ចំណុច​សំខាន់ៗ​ក្នុង​ជំពូក​ទាំង​ប្រាំពីរ​នៃ​សៀវភៅ​មីកា។

សេចក្ដី​សង្ខេប​សៀវភៅ​មីកា​ប្រាប់​យើង​យ៉ាង​ណា​ខ្លះ

៤​. តើ​មីកា​ពី​ជំពូក​ទី១​ដល់​ជំពូក​ទី៣​ផ្ដល់​ពត៌មាន​អ្វី​ខ្លះ?

យើង​សូម​ពិចារណា​យ៉ាង​ខ្លី​នូវ​សាច់​រឿង​ក្នុង​សៀវភៅ​មីកា។ ក្នុង​ជំពូក​ទី១ ព្រះយេហូវ៉ា​លាត​ត្រដាង​ឲ្យ​ឃើញ​នូវ​ការ​បះបោរ​របស់​សាសន៍​អ៊ីស្រាអែល​និង​សាសន៍​យូដា។ ជា​លទ្ធផល អ៊ីស្រាអែល​នឹង​ត្រូវ​បំផ្លាញ​ចោល​ដោយសារ​ការ​បះបោរ​នោះ ហើយ​ទោស​របស់​សាសន៍​យូដា​នឹង​មាន​រហូត​ទៅ​ដល់​ទ្វារ​ក្រុង​យេរូសាឡិម។ ជំពូក​ទី២​បញ្ជាក់​ថា អ្នក​មាន​និង​អ្នក​កាន់​អំណាច​កំពុង​តែ​ជិះជាន់​សង្កត់​សង្កិន​អ្នក​តូច​និង​អ្នក​ដែល​គ្មាន​ទីពឹង។ ក៏​ប៉ុន្តែ មាន​សេចក្ដី​សន្យា​មួយ​ពី​ព្រះ​ដែរ។ រាស្ត្រ​របស់​ព្រះ​នឹង​ត្រូវ​កៀរ​ប្រមូល​គ្នា​ឲ្យ​មាន​សាមគ្គីភាព។ ជំពូក​ទី៣​រាយ​ការណ៍​នូវ​ទោស​ដែល​ព្រះយេហូវ៉ា​បាន​ជំនុំជំរះ​ទៅ​លើ​ពួក​មេ​ដឹក​នាំ​ជាតិ និង​ពួក​ព្យាការីដែល​រំលង​ច្បាប់​ទ្រង់​នោះ។ ពួក​មេ​ដឹក​នាំ​មិន​ប្រព្រឹត្ត​ដោយ​យុត្ដិធម៌ និង​ពួក​ព្យាការី​ចេះ​តែ​ភូតភរ។ ថ្វី​ដ្បិត​មាន​ស្ថានភាព​បែប​នេះ​ក៏​ដោយ មីកា​បាន​ទទួល​កម្លាំង​ពី​វិញ្ញាណ​របស់​ព្រះយេហូវ៉ា​ដើម្បី​ប្រកាស​ថា ព្រះយេហូវ៉ា​ជិត​នឹង​សម្រេច​តាម​ការ​ជំនុំជំរះ​របស់​ទ្រង់។

៥​. តើ​មីកា​ជំពូក​ទី៤​និង​ទី៥​មាន​ពត៌មាន​អ្វី​ខ្លះ?

ជំពូក​ទី៤​ទាយ​ថា នៅ​ថ្ងៃ​ជាន់​ក្រោយ​បង្អស់ គ្រប់​ទាំង​សាសន៍​នឹង​ឡើង​ទៅ​ឯ​ភ្នំ​ដ៏​ខ្ពស់​នៃ​ព្រះវិហាររបស់​ព្រះយេហូវ៉ា ដើម្បី​ទទួល​ការ​បង្ហាត់​បង្រៀន​ពី​ទ្រង់។ ប៉ុន្តែ មុន​ពេល​នោះ​មក​ដល់ សាសន៍​យូដា​នឹង​ត្រូវ​បំបរបង់​ចេញ​ទៅ​ស្រុក​បាប៊ីឡូន ប៉ុន្តែ រួច​មក​ព្រះ​យេហូវ៉ា​នឹង​រំដោះ​ពួក​គេ​វិញ។ ជំពូក​ទី៥​បើក​សម្ដែង​ថា ព្រះមេស្ស៊ី​នឹង​ប្រសូត​មក​ក្នុង​ភូមិ​បេថ្លេហិម​នៅ​ស្រុក​យូដា។ ព្រះមេស្ស៊ី​នោះ​នឹង​ឃ្វាល​រាស្ត្រ​ទ្រង់​ដោយ​ជ័យជំនះ ហើយ​នឹង​សង្គ្រោះ​រាស្ត្រ​នោះ​ពី​សាសន៍​ទាំង​ឡាយ​ដែល​ជិះជាន់​ពួក​គេ។

៦, ៧​. តើ​មាន​ពត៌មាន​អ្វី​ខ្លះ​ក្នុង​ជំពូក​ទី៦​និង​ទី៧​នៃ​ទំនាយ​របស់​មីកា?

មីកា​ជំពូក​ទី៦​មាន​កំណត់​ហេតុ​អំពី​ចំណោទ​របស់​ព្រះយេហូវ៉ា​ទៅ​លើ​រាស្ត្រ​ទ្រង់ ដោយ​មាន​លំនាំ​ដូច​ជា​រឿង​ក្ដី​ក្នុង​តុលាការ។ តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី ដែល​បណ្ដាល​ឲ្យ​រាស្ត្រ​ទ្រង់​បះបោរ​ដូច្នេះ? ព្រះ​យេហូវ៉ា​មិន​បាន​ធ្វើ​អ្វី​សោះ​ឡើយ។ ការ​ពិត សេចក្ដី​តម្រូវ​របស់​ទ្រង់​គឺ​សម​ហេតុ​ផល​ណាស់។ ទ្រង់​ចង់​ឲ្យ​អ្នក​ដែល​ថ្វាយ​បង្គំ​ទ្រង់​ព្យាយាម​ប្រព្រឹត្ត​ដោយ​យុត្ដិធម៌ ដោយ​សប្បុរស និង​ដោយ​ចិត្ត​សុភាព​ពេល​ពួក​គេ​ដើរ​ជា​មួយ​នឹង​ទ្រង់។ ជាជាង​ធ្វើ​យ៉ាង​នេះ សាសន៍​អ៊ីស្រាអែល​និង​យូដា​បាន​ដើរ​តាម​គន្លង​ជា​អ្នក​បះបោរ​ប្រឆាំង ហើយ​ពួក​គេ​នឹង​ត្រូវ​ទទួល​រង​នូវ​លទ្ធផល​ពី​ការ​បះបោរ​នោះ។

នៅ​ជំពូក​ចុង​ក្រោយ មីកា​ផ្ដន្ទា​ទោស​ភាព​ទុច្ចរិត​នៃ​មនុស្ស​នៅ​សម័យ​របស់​គាត់។ ប៉ុន្តែ មីកា​មិន​បាន​ធ្លាក់​ទឹក​ចិត្ត​ទេ។ មីកានៅ​ប្ដេជ្ញា​ចិត្ត​«រង់ចាំ»​ព្រះយេហូវ៉ា។ (មីកា ៧:៧) សៀវភៅ​មីកា​ចប់​ដោយ​មីកា​បញ្ជាក់​នូវ​ជំនឿ​ស៊ប់​ថា ព្រះយេហូវ៉ា​នឹង​មេត្ដា​ដល់​រាស្ត្រ​របស់​ទ្រង់។ ប្រវត្ដិសាស្ត្រ​ផ្ដល់​ភស្តុតាង​ថា សេចក្ដី​សង្ឃឹម​របស់​មីកា​បាន​ក្លាយ​ជា​ការ​ពិត​មែន។ នៅ​ឆ្នាំ​៥៣៧ មុន​ស.យ. ពេល​ព្រះ​យេហូវ៉ា​កែ​តម្រង់​រាស្ត្រ​របស់​ទ្រង់​ចប់​ស្រេច​ហើយ នោះ​ទ្រង់​បាន​បង្ហាញ​សេចក្ដី​មេត្ដាករុណា​ដោយ​នាំ​សំណល់​រាស្ត្រ​ទ្រង់​មួយ​ចំនួន​ទៅ​ស្រុក​របស់​គេ​វិញ។

៨​. តើ​អ្នក​អាច​សង្ខេប​សាច់​រឿង​ក្នុង​សៀវភៅ​មីកា​ដោយ​ដូច​ម្ដេច?

ព្រះយេហូវ៉ា​បាន​ផ្ដល់​ពត៌មាន​ដ៏​ប្រសើរ​ណាស់​តាម​រយៈ​ព្យាការី​មីកា! សៀវភៅ​ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​សរសេរ​នេះ ផ្ដល់​ជា​គំរូ​ដែល​ព្រមាន​យើង​អំពី​របៀប​ព្រះយេហូវ៉ា​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ដែល​អះអាង​ថា​ពួក​គេ​បំរើ​ទ្រង់ ប៉ុន្តែ​មិន​រក្សា​ភាព​ស្មោះត្រង់​ចំពោះ​ទ្រង់​ឡើយ។ សៀវភៅ​នោះ​ក៏​បាន​ទាយ​អំពី​ព្រឹត្ដិការណ៍​ដែល​កំពុង​តែ​កើត​មាន​ឡើង​សព្វ​ថ្ងៃ​នេះ​ដែរ។ សៀវភៅ​នោះ​ថែម​ទាំង​ផ្ដល់​ដំបូន្មាន​ពី​ព្រះ​អំពី​របៀប​ដែល​យើង​គួរ​ប្រព្រឹត្ត​ក្នុង​កំឡុង​គ្រា​ដ៏​លំបាក​នេះ ដើម្បី​ប្រាកដ​ថា​យើង​នឹង​ទទួល​សម​តាម​សេចក្ដី​សង្ឃឹម​របស់​យើង​ជាក់​ជា​ពុំ​ខាន។

ព្រះ​អម្ចាស់​មហាក្សត្រ​ព្រះ​យេហូវ៉ា​មាន​បន្ទូល

៩​. យោង​ទៅ​តាម​មីកា ១:២ តើ​ព្រះយេហូវ៉ា​នឹង​ចាត់​វិធានការ​ធ្វើ​អ្វី?

ឥឡូវ យើង​សូម​ពិចារណា​សៀវភៅ​មីកា​យ៉ាង​ល្អិតល្អន់។ នៅ​មីកា ១:២ យើង​អាន​ដូច​ត​ទៅ​ថា​៖ «ម្នាល​ជនជាតិ​ទាំង​ឡាយ​អើយ! ចូរ​ស្ដាប់​ទាំង​អស់​គ្នា​ចុះ! ឱ​ផែនដី នឹង​សព្វសារពើ​ដែល​នៅ​ផែនដី​អើយ! ចូរ​ប្រុង​ស្ដាប់​ចុះ! ហើយ​បើក​ឱកាស​ឲ្យ​ព្រះ​អម្ចាស់​យេហូវ៉ា ធ្វើ​បន្ទាល់​ទាស់​នឹង​ឯង​រាល់​គ្នា គឺ​ឲ្យ​ព្រះ​អម្ចាស់​ធ្វើ​បន្ទាល់​ពី​ព្រះ​វិហារ​បរិសុទ្ធ​របស់​ទ្រង់»។ ប្រសិន​បើ​អ្នក​បាន​រស់​នៅ​សម័យ​របស់​លោក​មីកា បន្ទូល​នេះ​ច្បាស់​ជា​នឹង​ធ្វើ​ឲ្យ​អ្នក​ចាប់​អារម្មណ៍​ខ្លាំង​ណាស់។ ពិត​មែន​ហើយ បន្ទូល​នេះ​ក៏​ធ្វើ​ឲ្យ​យើង​ចាប់​អារម្មណ៍​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ ដោយ​ព្រោះ​ព្រះយេហូវ៉ា​កំពុង​តែ​មាន​បន្ទូល​ចេញ​ពី​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់ មិន​គ្រាន់​តែ​ទៅ​កាន់​សាសន៍​អ៊ីស្រាអែល​និង​យូដា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទៅ​កាន់​មនុស្ស​នៅ​គ្រប់​ទី​កន្លែង។ នៅ​សម័យ​របស់​មីកា មនុស្ស​បាន​ធ្វើ​ព្រងើយ​ជ្រុល​ពេក​នឹង​ព្រះយេហូវ៉ា​ដែល​ជា​ព្រះ​អម្ចាស់​មហាក្សត្រ។ បន្ដិច​ទៀត អ្នក​នោះ​នឹង​លែង​ធ្វើ​ដូច្នេះ​ត​ទៅ​ទៀត។ ព្រះយេហូវ៉ា​បាន​សម្រេច​ព្រះទ័យ​ចាត់​វិធានការ​ផ្ដាច់​ព្រ័ត្រ។

១០​. ហេតុ​អ្វី​ក៏​ពាក្យ​នៅ​មីកា ១:២ មាន​សារៈ​សំខាន់​ចំពោះ​យើង?

១០ សព្វ​ថ្ងៃ​នេះ​ក៏​ដូច​គ្នា​ដែរ។ វិវរណៈ ១៤:១៨​-​២០ បញ្ជាក់​ថា ព្រះយេហូវ៉ា​កំពុង​តែ​មាន​បន្ទូល​ចេញ​ពី​ព្រះ​វិហារ​បរិសុទ្ធ​របស់​ទ្រង់​ម្ដង​ទៀត។ បន្ដិច​ទៀត ព្រះយេហូវ៉ា​នឹង​ចាត់​វិធានការ​ផ្ដាច់​ព្រ័ត្រ ហើយ​ក៏​នឹង​មាន​ព្រឹត្ដិការណ៍​សំខាន់ៗ​កើត​ឡើង​ម្ដង​ទៀត​ដែល​នឹង​ពញ្ញាក់​ពិភពលោក​នេះ។ លើក​នេះ ‹វល្លិ៍​ទំពាំង​បាយ​ជូរ​ដ៏​ទុច្ចរិត​នេះ​នៅ​ផែនដី​ទាំង​មូល› ត្រូវ​ប្រទះ​នឹង​សេចក្ដី​ក្រោធ​នៃ​ព្រះយេហូវ៉ា ប្រៀប​ដូច​បាន​បោះ​ទៅ​ក្នុង​ធុង​យ៉ាង​ធំ ជា​ធុង​ជាន់​ផ្លែ​ទំពាំង​បាយ​ជូរ គឺ​ត្រូវ​វិនាស​សាប​សូន្យ​បាត់​ទៅ។

១១​. តើ​ពាក្យ​នៅ​មីកា ១:៣, ៤ មាន​ន័យ​យ៉ាង​ណា?

១១ ចូរ​ស្ដាប់​អ្វី​ដែល​ព្រះយេហូវ៉ា​នឹង​ប្រព្រឹត្ត។ មីកា ១:៣, ៤ ចែង​ថា​៖ «មើល! ព្រះយេហូវ៉ា ទ្រង់​កំពុង​យាង​ចេញ​ពី​ទី​កន្លែង​របស់​ទ្រង់ ក៏​នឹង​យាង​ចុះ​មក​ជាន់​លើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន​នៃ​ផែនដី​ដែរ។ អស់​ទាំង​ភ្នំ​នឹង​រលាយ​ពី​ក្រោម​ទ្រង់​ទៅ ឯ​ច្រក​ភ្នំ​ទាំង​ប៉ុន្មាន នឹង​សញ្ជែក​ចេញ ដូច​ជា​ក្រមួន​ដែល​ត្រូវ​ភ្លើង ហើយ​ដូច​ទឹក​ដែល​ចាក់​ចុះ​តាម​ទី​ចោត»។ តើ​ព្រះយេហូវ៉ា​នឹង​យាង​ចេញ​ពី​ស្ថានសួគ៌ និង​ជាន់ឈ្លី​ភ្នំ​និង​ខ្ពង់​រាប​នៃ​ស្រុក​សន្យា​នោះ​ពិត​ប្រាកដ​ទេ? អត់​ទេ! ព្រះយេហូវ៉ា​មិន​ចាំបាច់​យាង​ចេញ​ពី​ស្ថានសួគ៌​ទេ។ ទ្រង់​មាន​តែ​ប្រមូល​អារម្មណ៍​ទៅ​លើ​ផែនដី​ប៉ុណ្ណោះ ដើម្បី​សម្រេច​គោល​បំណង​របស់​ទ្រង់។ ម្យ៉ាង​ទៀត មិន​មែន​ជា​ផែនដី​ពិត​ប្រាកដ​ដែល​នឹង​រង​សេចក្ដី​ហិនវិនាស​នេះ​ទេ តែ​គឺ​ជា​មនុស្ស​ដែល​នៅ​លើ​ផែនដី​វិញ។ ពេល​ព្រះយេហូវ៉ា​ចាត់​វិធានការ​នេះ លទ្ធផល​នឹង​ទៅ​ជា​អន្តរាយ​សំរាប់​អ្នក​មិន​ស្មោះត្រង់​នោះ ហាក់​ដូច​ជា​ភ្នំ​បាន​រលាយ​ដូច​ក្រមួន​ត្រូវ​ភ្លើង ហើយ​ដូច​ជា​ខ្ពង់​រាប​បាន​ត្រូវ​ប្រេះ​ដោយ​រញ្ជួយ​ដី។

១២, ១៣​. សម​ស្រប​នឹង​ពេត្រុសទី២ ៣:១០​-​១២ តើ​អ្វី​ដែល​ធ្វើ​ឲ្យ​សេចក្ដី​សង្ឃឹម​របស់​យើង​បាន​ពិត​ប្រាកដ​នោះ?

១២ ទំនាយ​នៅ​មីកា ១:៣, ៤ ប្រហែល​ជា​រំឭក​អ្នក​អំពី​ទំនាយ​មួយ​ទៀត​ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​សរសេរ​នោះ ដោយ​ទាយ​អំពី​ព្រឹត្ដិការណ៍​អន្តរាយ​ដែល​នឹង​កើត​ឡើង​នៅ​លើ​ផែនដី។ ដូច​ត្រូវ​ទាយ​ទុក​នៅ​ពេត្រុសទី២ ៣:១០ សាវ័ក​ពេត្រុស​បាន​សរសេរ​ថា​៖ «ថ្ងៃ​នៃ​ព្រះ​អម្ចាស់ នោះ​នឹង​មក​ដូច​ជា​ចោរ​ប្លន់ នៅ​ថ្ងៃ​នោះ​ផ្ទៃ​មេឃ​នឹង​បាត់​ទៅ ដោយ​សូរ​គ្រាំ​គ្រេង ឯ​ធាតុ​សព្វសារពើ​នឹង​រលាយ​ទៅ ដោយ​កំដៅ​ដ៏​ក្រៃលែង ហើយ​ផែនដី​នឹង​ការ​សព្វសារពើ នឹង​ត្រូវ​ឆេះ​អស់​រលីង​ទៅ»។ ដូច​គ្នា​នឹង​ទំនាយ​របស់​មីកា ពាក្យ​សំដី​របស់​ពេត្រុស​មិន​សំដៅ​ទៅ​លើ​ផ្ទៃ​មេឃ​និង​ផែនដី​ពិត​ប្រាកដ​នោះ​ទេ។ ពាក្យ​សំដី​នោះសំដៅ​ទៅ​លើ​សេចក្ដី​វេទនា​ជា​ខ្លាំង​ដែល​កំពុង​តែ​ឆ្ពោះ​មក​រក​របប​លោកីយ៍​ដ៏​អាក្រក់​នេះ។

១៣ ទោះ​ជា​មាន​អន្តរាយ​បែប​នេះ​កំពុង​តែ​ឆ្ពោះ​មក​ក៏​ដោយ ជន​គ្រីស្ទាន​អាច​ជឿជាក់​ទៅ​លើ​អនាគត​ដូច​ជា​លោក​មីកា​ដែរ។ តើ​ពួក​គេ​អាច​ជឿជាក់​ដោយ​ដូច​ម្ដេច? ដោយ​អនុវត្ត​តាម​ដំបូន្មាន​ក្នុង​ខ​ជា​បន្តបន្ទាប់​ក្នុង​សំបុត្រ​របស់​ពេត្រុស​នោះ។ សាវ័ក​ពេត្រុស​ឧទាន​ថា​៖ «តើ​គួរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​យ៉ាង​ណា​វិញ ក្នុង​កិរិយា​បរិសុទ្ធ នឹង​សេចក្ដី​គោរព​ប្រតិបត្ដិ[ដល់​ព្រះ] ទាំង​ទន្ទឹង​ចាំ​ហើយ​ខំ​ជួយ​ឲ្យ​ថ្ងៃ​នៃ​ព្រះ​បាន​ឆាប់​មក​ដល់​ផង!»។ (ពេត្រុសទី២ ៣:១១, ១២) យើង​នឹង​ទទួល​អនាគត​សម​តាម​សេចក្ដី​សង្ឃឹម​របស់​យើង​យ៉ាង​ពិត​ប្រាកដ ប្រសិន​បើ​យើង​បណ្ដុះ​ឲ្យ​មាន​ចិត្ត​គំនិត​ចេះ​ស្ដាប់​បង្គាប់ និង​ប្រុង​ប្រយ័ត្ន​ឲ្យ​មាន​ចរិយា​បរិសុទ្ធ​ជានិច្ច ហើយ​មាន​របៀប​រស់​នៅ​ដែល​ពេញ​ទៅ​ដោយ​ការ​គោរព​ប្រតិបត្ដិ​ដល់​ព្រះ ថែម​ទាំង​ចាំ​មិន​ភ្លេច​ថា ថ្ងៃ​នៃ​ព្រះយេហូវ៉ា​នឹង​មក​ដល់​ពិត​ជា​មិន​ខាន។

១៤​. តើ​ហេតុ​អ្វី​ក៏​សាសន៍​អ៊ីស្រាអែល​និង​សាសន៍​យូដា​គួរ​នឹង​ទទួល​ទោស?

១៤ ព្រះយេហូវ៉ា​ពន្យល់​នូវ​មូលហេតុ​ដែល​រាស្ត្រ​របស់​ទ្រង់​គឺ​គួរ​នឹង​ទទួល​ទោស។ មីកា ១:៥ ចែង​ថា​៖ «នេះ​គឺ​ដោយ​ព្រោះ​អំពើ​រំលង​របស់​ពួក​យ៉ាកុប នឹង​អំពើ​បាប​របស់​ពួក​វង្ស​អ៊ីស្រាអែល។ អំពើ​រំលង​របស់​ពួក​យ៉ាកុប​នោះ​ជា​អ្វី តើ​មិន​មែន​ជា​ក្រុង​សាម៉ារី​ទេ​ឬ​អី? ហើយ​អស់​ទាំង​ទី​ខ្ពស់​របស់​ពួក​យូដា​ជា​អ្វី តើ​មិន​មែន​ជា​ក្រុង​យេរូសាឡិម​ទេ​ឬ?»។ ព្រះ​យេហូវ៉ា​បាន​បង្កើត​សាសន៍​អ៊ីស្រាអែល​និង​សាសន៍​យូដា។ ប៉ុន្តែ ពួក​គេ​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះយេហូវ៉ា​វិញ ហើយ​ការ​បះបោរ​របស់​គេ​មាន​រហូត​ទៅ​ដល់​ក្រុង​សាម៉ារីដែល​ជា​រាជធានី​នៃ​អ៊ីស្រាអែល និង​ក្រុង​យេរូសាឡិម​ដែល​ជា​រាជធានី​នៃ​ស្រុក​យូដា។

ការ​ប្រព្រឹត្ត​អំពើ​អាក្រក់​មាន​ច្រើន​ពាស​ពេញ

១៥, ១៦​. មនុស្ស​នៅ​សម័យ​របស់​លោក​មីកា​ជាប់​ទោស​ដោយ​ការ​ប្រព្រឹត្ត​ដ៏​អាក្រក់​ណា?

១៥ ឧទាហរណ៍​មួយ​ដែល​បញ្ជាក់​នូវ​ភាព​ទុច្ចរិត​នៃ​មនុស្ស​នៅ​សម័យ​របស់​លោក​មីកា ត្រូវ​ពណ៌នា​យ៉ាង​ជាក់​ស្តែង​នូវ​មីកា ២:១, ២​៖ «វេទនា​ដល់​ពួក​អ្នក​ដែល​គិតគូរ​អំពើ​ទុច្ចរិត ហើយ​បង្កើត​ការ​អាក្រក់ នៅ​លើ​ដំណេក​របស់​ខ្លួន! លុះ​ព្រឹក​ភ្លឺ​ឡើង នោះ​គេ​ធ្វើ​ការ​នោះ​ទៅ ពីព្រោះ​គេ​មាន​កំឡាំង​ដៃ​នឹង​ធ្វើ​បាន។ គេ​លោភ​ចង់​បាន​ស្រែ​ចំការ ក៏​ដណ្ដើម​យក​បាន ព្រម​ទាំង​ផ្ទះ​ផង ហើយ​រឹប​យក​ទៅ គេ​សង្កត់​សង្កិន​ទាំង​មនុស្ស​នឹង​ផ្ទះ​របស់​គេ គឺ​ជា​មនុស្ស​នឹង​មរដក​របស់​គេ​ដែរ»។

១៦ មនុស្ស​ចិត្ត​លោភ​លន់​ដេក​គិត​រក​កិច្ចកល​រឹប​អូស​យក​ចំការ​និង​ផ្ទះ​របស់​អ្នកជិតខាង​របស់​ខ្លួន។ នៅ​ពេល​ព្រឹក មនុស្ស​លោភ​លន់​នេះ​ប្រញាប់​ទៅ​ធ្វើ​តាម​ផែនការ​អាក្រក់​របស់​ខ្លួន។ អ្នក​នោះ​នឹង​មិន​ធ្វើ​អ្វី​ដ៏​ទុច្ចរិត​ទេ ប្រសិន​បើ​ពួក​គេ​បាន​នឹក​ចាំ​ពី​កិច្ច​ព្រម​ព្រៀង​របស់​ព្រះយេហូវ៉ា។ ក្រិត្យ​វិន័យ​លោក​ម៉ូសេ​មាន​វិធានការ​ដើម្បី​ការពារ​អ្នក​ក្រ។ ក្រោម​បង្គាប់​ក្រិត្យ​វិន័យ​លោក​ម៉ូសេ​នោះ គ្មាន​ក្រុម​គ្រួសារ​ណា​ដែល​ត្រូវ​បាត់បង់​នូវ​មរតក​របស់​ខ្លួន​ឡើយ។ ប៉ុន្តែ ជន​លោភ​លន់​មិន​រវល់​នឹង​ក្រិត្យ​វិន័យ​នោះ​ទេ។ អ្នក​នោះ​បាន​ធ្វើ​មិន​ដឹង​មិន​ឮ​ចំពោះ​បន្ទូល​នៅ​លេវីវិន័យ ១៩:១៨ ដែល​ចែង​ថា​៖ «ត្រូវ​ឲ្យ​ស្រឡាញ់​អ្នកជិតខាង​ដូច​ខ្លួន​ឯង​វិញ»។

១៧​. តើ​អ្វី​អាច​កើត​ឡើង​ពេល​អស់​អ្នក​ដែល​អះអាង​ថា​ខ្លួន​បំរើ​ព្រះ ទៅ​ជា​ចាប់​ផ្ដើម​ស្វែង​រក​វត្ថុ​ទ្រព្យ​វិញ​នោះ?

១៧ នេះ​បង្ហាញ​នូវ​អ្វី​ដែល​អាច​កើត​ឡើង ពេល​មនុស្ស​ដែល​អះអាង​ថា​ខ្លួន​បំរើ​ព្រះ​នោះ​ឈប់​គិត​អំពី​គោលដៅ​ខាង​វិញ្ញាណ និង​ចាប់​ផ្ដើម​ស្វែង​រក​វត្ថុ​ទ្រព្យ​វិញ​នោះ។ ប៉ុល​បាន​ព្រមាន​ជន​គ្រីស្ទាន​នៅ​សម័យ​របស់​គាត់​ថា​៖ «ពួក​អ្នក​ដែល​ចង់​ធ្វើ​ជា​អ្នក​ស្តុកស្តម្ភ នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​សេចក្ដី​ល្បួង នឹង​អន្ទាក់ ហើយ​ក្នុង​បំណង​ជា​ច្រើន ដែល​ផ្ដេសផ្ដាស ហើយ​ធ្វើ​ទុក្ខ​ដល់​ខ្លួន ក៏​ពន្លិច​មនុស្ស​ទៅ​ក្នុង​សេចក្ដី​ហិនវិនាស នឹង​សេចក្ដី​អន្តរធាន​វិញ»។ (ធីម៉ូថេទី១ ៦:៩) ពេល​មនុស្ស​ម្នាក់​ចាត់​ទុក​ការ​រក​លុយ​ជា​អាទិភាព​ក្នុង​ជីវិត​គាត់ តាម​ពិត​គាត់​កំពុង​តែ​បំរើ​ព្រះ​ដ៏​មិន​ពិត​មួយ​រូប គឺ​ជា​ទ្រព្យ​សម្បត្ដិ។ ព្រះ​មិន​ពិត​នោះ​មិន​អាច​ផ្ដល់​នូវ​សេចក្ដី​សង្ឃឹម​ដ៏​ពិត​ចំពោះ​អនាគត​បាន​ឡើយ។—ម៉ាថាយ ៦:២៤

១៨​. តើ​មនុស្ស​ជា​ច្រើន​ដែល​ពឹងពាក់​ទៅ​លើ​ទ្រព្យ​សម្បត្ដិ​នៅ​សម័យ​មីកា​ត្រូវ​ពិសោធ​អ្វី?

១៨ មនុស្ស​ជា​ច្រើន​នៅ​សម័យ​មីកា​បាន​រៀន​ដោយ​ការ​ពិសោធន៍​ដ៏​លំបាក​ថា ការ​ពឹងពាក់​ទៅ​លើ​ទ្រព្យ​សម្បត្ដិ​គឺ​ឥត​ប្រយោជន៍។ យោង​ទៅ​តាម​មីកា ២:៤ ព្រះយេហូវ៉ា​មាន​បន្ទូល​ថា​៖ «នៅ​ថ្ងៃ​នោះ គេ​នឹង​ចាប់​តាំង​ប្រើ​ពាក្យ​ប្រៀបធៀប​ចាក់​ដោត​ឯង ហើយ​នឹង​ទួញ​ទំនួញ​យ៉ាង​អាក់អួល​ដោយ​ពាក្យ​ថា​៖ ‹យើង​រាល់​គ្នា​ត្រូវ​បំផ្លាញ​អស់​រលីង​ហើយ! ព្រះ​ទ្រង់​បាន​ផ្លាស់​មរដក​របស់​សាសន៍​ខ្ញុំ។ អើ! ទ្រង់​បាន​ដក​រើ​ចេញ​ពី​ខ្ញុំ​យ៉ាង​ណា​ហ្ន៎! ទ្រង់​បាន​ចែក​ស្រែ​ចំការ​របស់​យើង ឲ្យ​ដល់​ពួក​អ្នក​បះបោរ​វិញ›»។ ពិត​មែន​ហើយ អ្នក​ដែល​លួច​ផ្ទះ​និង​ចំការ​របស់​អ្នក​ឯ​ទៀត​ក៏​នឹង​បាត់បង់​នូវ​មរតក​នៃ​ក្រុម​គ្រួសារ​របស់​ខ្លួន​ដែរ។ អ្នក​ទាំង​នេះ​នឹង​ត្រូវ​បំបរបង់​ចេញ​ទៅ​ប្រទេស​ក្រៅ និង​ទ្រព្យ​សម្បត្ដិ​របស់​ពួក​គេ​នឹង​ក្លាយ​ជា​ជ័យ​ភ័ណ្ឌ​របស់​«ពួក​អ្នក​បះបោរ»​គឺ​ជា មនុស្ស​សាសន៍​ដទៃ។ សេចក្ដី​សង្ឃឹម​របស់​អ្នក​នោះ​ដែល​ចង់​បាន​អនាគត​ដ៏​សំបូរ​សប្បាយ​នឹង​ត្រូវ​បំផ្លិច​បំផ្លាញ​សាប​សូន្យ​ទៅ។

១៩, ២០​. តើ​អ្វី​កើត​ឡើង​ដល់​ពួក​យូដា​ដែល​បាន​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា?

១៩ ប៉ុន្តែ ពួក​អ្នក​ដែល​សង្ឃឹម​ទៅ​លើ​ព្រះយេហូវ៉ា​នឹង​មិន​ខក​ចិត្ត​ឡើយ។ ព្រះយេហូវ៉ា​គឺ​ស្មោះត្រង់​នឹង​កិច្ច​ព្រម​ព្រៀង​របស់​ទ្រង់​ជា​មួយ​អ័ប្រាហាំ​និង​ដាវីឌ ថែម​ទាំង​មាន​សេចក្ដី​មេត្ដាករុណា​ចំពោះ​បុគ្គល​ដូច​ជា​មីកា​ដែរ ដែល​ស្រឡាញ់​ព្រះ​និង​មាន​អារម្មណ៍​សោក​ស្ដាយ​ដោយ​ព្រោះ​មនុស្ស​គ្នីគ្នា​គ្មាន​ទំនាក់ទំនង​ជា​មួយ​នឹង​ទ្រង់។ នៅ​ពេល​កំណត់​របស់​ព្រះយេហូវ៉ា អ្វីៗ​នឹង​ត្រូវ​ធ្វើ​ឲ្យ​ល្អ​ជា​ថ្មី​ឡើង​វិញ​សំរាប់​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់​នោះ។

២០ នេះ​កើត​ឡើង​នៅ​ឆ្នាំ​៥៣៧ មុន​ស.យ. ក្រោយ​បាប៊ីឡូន​រលំ​ពី​អំណាច​រួច​ហើយ​នោះ មាន​ជន​សំណល់​មួយ​ចំនួន​ដែល​បាន​ត្រឡប់​ទៅ​ស្រុក​យូដា​វិញ។ នៅ​ពេល​នោះ ពាក្យ​របស់​មីកា ២:១២ បាន​សម្រេច​ជា​លើក​ដំបូង។ ព្រះយេហូវ៉ា​មាន​បន្ទូល​ថា​៖ «ឱ​យ៉ាកុប​អើយ! អញ​នឹង​កៀរ​ប្រមូល​ឯង​ទាំង​អស់​គ្នា​មក​ជា​ពិត អញ​នឹង​នាំ​សំណល់​ពួក​អ៊ីស្រាអែល​មក​ប្រជុំ​គ្នា។ អញ​នឹង​ដាក់​គេ​ឲ្យ​នៅ​ជា​មួយ​គ្នា ដូច​ជា​ហ្វូង​ចៀម​ពី​ស្រុក​បុសរ៉ា គឺ​ដូច​ជា​សត្វ​១​ហ្វូង​នៅ​កណ្ដាល​វាល​ស្មៅ​គេ​នឹង​បញ្ចេញ​សូរអ៊ូអរ​ជា​ខ្លាំង ដោយ​មាន​គ្នា​ច្រើន»។ ព្រះយេហូវ៉ា​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ណាស់! ក្រោយ​ពី​ព្រះ​យេហូវ៉ា​កែ​តម្រង់​រាស្ត្រ​របស់​ទ្រង់ នោះ​ទ្រង់​អនុញ្ញាត​ឲ្យ​ជន​សំណល់​ត្រឡប់​ទៅ​ស្រុក​ខ្លួន​និង​បំរើ​ទ្រង់​នៅ​ស្រុក​ដែល​ទ្រង់​បាន​ប្រទាន​ដល់​ពួក​ឰយុកោ​របស់​គេ។

មាន​ស្ថានភាព​ដូច​គ្នា​សព្វ​ថ្ងៃ​នេះ​គួរ​ឲ្យ​កត់​សម្គាល់

២១​. តើ​ស្ថានភាព​សព្វ​ថ្ងៃ​នេះ​ដូច​ស្ថានភាព​នៅ​សម័យ​មីកា​យ៉ាង​ដូច​ម្ដេច?

២១ ពេល​យើង​ពិចារណា​ជំពូក​ទី​មួយ​និង​ពីរ​នៃ​សៀវភៅ​មីកា​នោះ តើ​អ្នក​បាន​កត់​សម្គាល់​ថា មាន​ស្ថានភាព​ដូច​គ្នា​សព្វ​ថ្ងៃ​នេះ​ដែរ​ឬ​ទេ? ដូច​គ្នា​នឹង​សម័យ​មីកា មនុស្ស​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ​អះអាង​ថា គេ​បំរើ​ព្រះ។ ប៉ុន្តែ ដូច​គ្នា​នឹង​សាសន៍​យូដា​និង​សាសន៍​អ៊ីស្រាអែល​នោះ មនុស្ស​ទាំង​នេះ​នៅ​បែក​បាក់​គ្នា និង​រហូត​ដល់​ធ្វើ​សឹក​សង្គ្រាម​ច្បាំង​គ្នា​នឹង​គ្នា​ទៀត​ផង។ មនុស្ស​ជា​ច្រើន​ក្នុង​ពិភព​គ្រីស្ទ​សាសនា​ដែល​ជា​អ្នក​មាន​នោះ ពួក​គេ​បាន​ជិះជាន់​អ្នក​ក្រ។ ជាង​មុនៗ​ទៅ​ទៀត មេ​ដឹក​នាំ​សាសនា​យល់​ព្រម​នឹង​ការ​ប្រព្រឹត្ត​ដែល​ព្រះ​បន្ទូល​របស់​ព្រះ​ហាម​ផ្ដាច់​យ៉ាង​ជាក់​ស្តែង។ គ្មាន​អ្វី​ប្លែក​ទេ ដែល​ព្រះយេហូវ៉ា​ទាយ​ថា បន្ដិច​ទៀត​ពិភព​គ្រីស្ទ​សាសនា​នឹង​មក​ដល់​ទីបញ្ចប់ ព្រម​ជា​មួយ​នឹង​«បាប៊ីឡូន​ដ៏​ជា​ធំ»​ដែល​ជា​ចក្រភព​សាសនា​មិន​ពិត​ទូទៅ! (វិវរណៈ ១៨:១​-​៥) យ៉ាង​ណា​ក៏​ដោយ សម​ស្រប​ទៅ​តាម​គំរូ​នៅ​សម័យ​មីកា​នោះ ព្រះយេហូវ៉ា​នៅ​មាន​អ្នក​បំរើ​ស្មោះត្រង់​នៅ​លើ​ផែនដី​នៅ​ឡើយ។

២២​. តើ​ក្រុម​ពីរ​ណា​មាន​សេចក្ដី​សង្ឃឹម​លើ​ព្រះរាជាណាចក្រ​របស់​ព្រះ?

២២ នៅ​ឆ្នាំ​១៩១៩ ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​បាន​បំបែក​ខ្លួន​ទាំង​ស្រុង​ចេញ​ពី​ពិភព​គ្រីស្ទ​សាសនា និង​បាន​ចាប់​ផ្ដើម​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះរាជាណាចក្រ​នៃ​ព្រះ​ដល់​អស់​ទាំង​សាសន៍។ (ម៉ាថាយ ២៤:​១៤) មុន​ដំបូង ពួក​គេ​បាន​ស្វែង​រក​អ្នក​សំណល់​នៃ​អ៊ីស្រាអែល​ខាង​វិញ្ញាណ។ រួច​មក «ចៀម​ឯ​ទៀត»​បាន​ត្រូវ​ប្រមូល​មក និង​ក្រុម​ទាំង​ពីរ​បាន​ក្លាយ​ជា​«ហ្វូង​តែ​១ នឹង​អ្នក​គង្វាល​តែ​១»។ (យ៉ូហាន ១០:​១៦) ទោះ​ជា​អ្នក​ទាំង​នេះ​កំពុង​តែ​បំរើ​ព្រះ​នៅ​២៣៤​ប្រទេស​ក៏​ដោយ តែ​ពួក​អ្នក​ថ្វាយ​បង្គំ​ដ៏​ស្មោះត្រង់​ទាំង​អស់​នេះ​ពិត​ជា​បាន​ត្រូវ​ដាក់ «ឲ្យ​នៅ​ជា​មួយ​គ្នា[ឬ​ក៏​«ឲ្យ​មាន​សាមគ្គីភាព»​, ព.ថ.]»។ ហើយ​ពេល​ឥឡូវ​នេះ ក្រោល​ហ្វូង​ចៀម​គឺ​«អ៊ូអរ​ជា​ខ្លាំង ដោយ​មាន​គ្នា​ច្រើន» រួម​មាន​បុរស ស្ត្រី និង​កុមារា​កុមារី។ អ្នក​បំរើ​របស់​ព្រះយេហូវ៉ា​ទាំង​នេះ​មិន​សង្ឃឹម​ទៅ​លើ​របប​លោកីយ៍​នេះ​ឡើយ តែ​សង្ឃឹម​ទៅ​លើ​ព្រះ​រាជាណាចក្រ​របស់​ព្រះ ដែល​បន្ដិច​ទៀត​នឹង​ធ្វើ​ឲ្យ​ផែនដី​ក្លាយ​ជា​សួន​មនោរម្យ​សារ​ជា​ថ្មី។

២៣​. ហេតុ​អ្វី​បាន​ជា​អ្នក​ជឿ​ស៊ប់​ថា​សេចក្ដី​សង្ឃឹម​របស់​អ្នក​នឹង​ក្លាយ​ជា​ការ​ពិត​ជាក់​ជា​ពុំ​ខាន?

២៣ ស្តី​អំពី​ពួក​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ដែល​មាន​ចិត្ត​ស្មោះត្រង់ នោះ​ខ​ចុង​ក្រោយ​ក្នុង​មីកា​ជំពូក​ទី២​ចែង​ថា​៖ «ស្តេច​គេ​បាន​យាង​នាំ​មុខ​គេ ហើយ​ព្រះយេហូវ៉ា​ក៏​នៅ​មុខ​គេ​បង្អស់»។ ក្នុង​ចិត្ត​របស់​អ្នក តើ​អ្នក​អាច​ឃើញ​ទិដ្ឋភាព​ដែល​អ្នក​កំពុង​តែ​ដើរ​ហែ​ក្បួន​ជ័យជំនះ​ពី​ក្រោយ​ព្រះយេស៊ូ​គ្រីស្ទ​ជា​ស្តេច​របស់​អ្នក និង​ព្រះយេហូវ៉ា​ជា​អ្នក​នាំ​មុខ​ឬ​ទេ? ប្រសិន​បើ​អ្នក​អាច​ឃើញ​មែន អ្នក​អាច​ជឿជាក់​ថា អ្នក​កំពុង​តែ​ឆ្ពោះ​ទៅ​រក​ជ័យជំនះ​ជា​ស្រេច ហើយ​សេចក្ដី​សង្ឃឹម​របស់​អ្នក​នឹង​ក្លាយ​ជា​ការ​ពិត​ជាក់​ជា​ពុំ​ខាន។ នេះ​នឹង​កាន់​តែ​ជាក់​ច្បាស់​ពេល​យើង​ពិចារណា​ពត៌មាន​សំខាន់ៗ​ទៀត​ក្នុង​ទំនាយ​របស់​មីកា។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

ហេតុ​អ្វី​ក៏​ព្រះយេហូវ៉ា​ចាត់​វិធានការ​ប្រឆាំង​នឹង​សាសន៍​យូដា​និង​សាសន៍​អ៊ីស្រាអែល​នៅ​សម័យ​របស់​មីកា?

តើ​អ្វី​អាច​កើត​ឡើង បើ​ពួក​អ្នក​ដែល​អះអាង​ថា​ខ្លួន​បំរើ​ព្រះ ទៅ​ជា​ស្វែង​រក​វត្ថុ​ទ្រព្យ​ជា​អាទិភាព​ក្នុង​ជីវិត?

ក្រោយ​ពី​បាន​ពិនិត្យ​មើល​មីកា​ជំពូក​១​និង​ជំពូក​២ ហេតុ​អ្វី​បាន​ជា​អ្នក​ជឿ​ស៊ប់​ថា​សេចក្ដី​សង្ឃឹម​របស់​អ្នក​នឹង​ក្លាយ​ជា​ការ​ពិត​ជាក់​ជា​ពុំ​ខាន?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​១៨]

ទំនាយ​របស់​មីកា​ពង្រឹង​កម្លាំង​យើង​ខាង​វិញ្ញាណ

[រូបភាព​នៅ​ទំព័រ​១៩]

ដូច​ពួក​សំណល់​សាសន៍​យូដា នៅ​ឆ្នាំ​៥៣៧ មុន​ស.យ. អ៊ីស្រាអែល​ខាង​វិញ្ញាណ និង​គូកន​របស់​គេ​ក៏​គាំទ្រ ការ​ថ្វាយ​បង្គំ​ពិត​ដែរ