លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរទុកចិត្ដទៅលើព្រះយេហូវ៉ាទាំងស្រុង ពេលជួបប្រទះទុក្ខលំបាក

ចូរទុកចិត្ដទៅលើព្រះយេហូវ៉ាទាំងស្រុង ពេលជួបប្រទះទុក្ខលំបាក

ចូរ​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា​ទាំង​ស្រុង ពេល​ជួប​ប្រទះ​ទុក្ខ​លំបាក

​«ព្រះ​ទ្រង់​ជា​ទីពឹង​ជ្រក ក៏​ជា​កំឡាំង​នៃ​យើង​ខ្ញុំ ជា​ជំនួយ​ដែល​នៅ​ជាប់​ជា​មួយ​ក្នុង​គ្រា​អាសន្ន»។—ទំនុកដំកើង ៤៦:១

១, ២​. (ក) តើ​ឧទាហរណ៍​អ្វី​បង្ហាញ​ថា ការ​អះអាង​ថា​យើង​ទុក​ចិត្ត​ទៅ​លើ​ព្រះ​គឺ​មិន​គ្រប់គ្រាន់​ទេ? (ខ) ហេតុ​អ្វី​យើង​ត្រូវ​តែ​ធ្វើ​ច្រើន​ជាង​និយាយ​អះអាង​ថា យើង​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ?

ការ​និយាយ​អះអាង​ថា​ខ្លួន​ទុក​ចិត្ត​លើ​ព្រះ​គឺ​ស្រួល​ជាង​ការ​បង្ហាញ​ដោយ​ការ​ប្រព្រឹត្ត​ថា​យើង​ទុក​ចិត្ត​លើ​ទ្រង់។ ជា​ឧទាហរណ៍ តាំង​ពី​យូរ​ហើយ ពាក្យ​ថា «យើង​ទុក​ចិត្ត​ទៅ​លើ​ព្រះ» ត្រូវ​បោះ​ពុម្ព​លើ​ក្រដាស​ប្រាក់​និង​កាក់​ដែល​ជា​រូបិយ​វត្ថុ​របស់​សហរដ្ឋ​អាមេរិក។ * នៅ​ឆ្នាំ​១៩៥៦ ស​មាជ​របស់​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​ច្បាប់​មួយ​ដែល​ប្រកាស​ថា ពាក្យ​ស្លោក​នេះ ជា​បាវចនា​ជាតិ​របស់​សហរដ្ឋ​អាមេរិក។ គួរ​ឲ្យ​ចំឡែក​ណាស់ មនុស្ស​ជា​ច្រើន មិន​គ្រាន់​តែ​នៅ​ប្រទេស​នោះ តែ​ទូទាំង​ពិភពលោក​គេ​ទុក​ចិត្ត​ទៅ​លើ​លុយ​និង​ទ្រព្យ​សម្បត្ដិ​ច្រើន​ជាង​ព្រះ។—លូកា ១២:១៦​-​២១

ក្នុង​នាម​ជា​គ្រីស្ទាន​ពិត យើង​ត្រូវ​តែ​ធ្វើ​ច្រើន​ជាង​មិន​គ្រាន់​តែ​ពោល​ថា យើង​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ។ ដូច​«សេចក្ដី​ជំនឿ បើ​គ្មាន​ការ​ប្រព្រឹត្ត​តាម នោះ​ឈ្មោះ​ថា​ស្លាប់​ហើយ» នោះ​ការ​និយាយ​អះអាង​ថា​យើង​ទុក​ចិត្ត​លើ​ព្រះ ក៏​គ្មាន​ន័យ​សោះ​បើ​គ្មាន​ការ​ប្រព្រឹត្ត​គាំទ្រ​សំដី​នោះ។ (យ៉ាកុប ២:២៦) ក្នុង​អត្ថបទ​មុន យើង​បាន​រៀន​ថា ការ​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​គឺ​ស​ឲ្យ​ឃើញ​នៅ​ពេល​យើង​អធិស្ឋាន​ទូល​ទ្រង់ ស្វែង​រក​ការ​ណែនាំ​ក្នុង​ព្រះ​បន្ទូល​របស់​ទ្រង់ និង​ពឹងពាក់​អង្គការ​របស់​ទ្រង់​សំរាប់​ការ​ណែនាំ។ សូម​យើង​ពិចារណា​នូវ​របៀប​ដែល​យើង​អាច​ធ្វើ​តាម​ជំហាន​ទាំង​បី​នេះ​នៅ​ពេល​ជួប​ទុក្ខ​លំបាក។

នៅ​ពេល​យើង​បាត់បង់​ការងារ​ធ្វើ ឬ​មាន​ប្រាក់​ចំណូល​តិច

៣​. ក្នុង​«គ្រា​លំបាក»​នេះ តើ​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​ជួប​ប្រទះ​នឹង​បញ្ហា​អ្វី​ខ្លះ​ខាង​លុយ​កាក់? ហើយ​តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា ព្រះ​សព្វ​ព្រះ​ហឫទ័យ​ជួយ​យើង?

ក្នុង​«គ្រា​លំបាក»​នេះ យើង​ដែល​ជា​ជន​គ្រីស្ទាន​ក៏​ប្រឈម​មុខ​នឹង​បញ្ហា​លុយ​កាក់​ដូច​មនុស្ស​ឯ​ទៀត​ដែរ។ (ធីម៉ូថេទី២ ៣:១) ហេតុ​នេះ ក្នុង​មួយ​រំពេច​សោះ​យើង​អាច​បាត់បង់​ការងារ​ធ្វើ។ ឬ​ក៏​យើង​ប្រហែល​ជា​ត្រូវ​ធ្វើ​ការ​យូរ​ម៉ោង​តែ​បាន​ឈ្នួល​តែ​បន្ដិច​បន្តួច។ នៅ​ក្រោម​កាលៈទេសៈ​បែប​នេះ យើង​ប្រហែល​ជា​ពិបាក​«ផ្គត់ផ្គង់​ឲ្យ​ពួក​ញាតិ​សន្ដាន​ខ្លួន»។ (ធីម៉ូថេទី១ ៥:៨) តើ​ព្រះ​ដ៏​ខ្ពស់​បំផុត​សព្វ​ព្រះ​ហឫទ័យ​ជួយ​យើង​នៅ​ពេល​មាន​បញ្ហា​ដូច្នេះ​ឬ? ទ្រង់​ប្រាកដ​ជា​សព្វ​ព្រះ​ហឫទ័យ​ជួយ​មែន! ព្រះ​យេហូវ៉ា​មិន​ការពារ​យើង​ពី​ទុក្ខ​លំបាក​សព្វ​បែប​យ៉ាង​ក្នុង​របប​លោកីយ៍​នេះ​ទេ។ ប៉ុន្តែ បើ​យើង​ទុក​ចិត្ត​ទៅ​លើ​ទ្រង់ បន្ទូល​នៅ​ទំនុកដំកើង ៤៦:១ នឹង​សំដៅ​លើ​ករណី​របស់​យើង​ដែរ​ថា​៖​«ព្រះ​ទ្រង់​ជា​ទីពឹង​ជ្រក ក៏​ជា​កំឡាំង​នៃ​យើង​ខ្ញុំ ជា​ជំនួយ​ដែល​នៅ​ជាប់​ជា​មួយ​ក្នុង​គ្រា​អាសន្ន»។ ប៉ុន្តែ ពេល​ជួប​បញ្ហា​លុយ​កាក់ តើ​យើង​អាច​បង្ហាញ​ថា​យើង​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

៤​. នៅ​ពេល​យើង​ជួប​នឹង​បញ្ហា​លុយ​កាក់ តើ​យើង​អាច​អធិស្ឋាន​សុំ​អ្វី? ហើយ​តើ​ព្រះ​យេហូវ៉ា​តប​ឆ្លើយ​នឹង​សេចក្ដី​អធិស្ឋាន​បែប​នេះ​យ៉ាង​ណា?

វិធី​មួយ​ដែល​យើង​បង្ហាញ​ថា​យើង​ទុក​ចិត្ត​ព្រះ​យេហូវ៉ា គឺ​ដោយ​អធិស្ឋាន​ទូល​ទ្រង់។ ប៉ុន្តែ តើ​យើង​អាច​អធិស្ឋាន​សុំ​អ្វី​ទៅ? ចំពោះ​បញ្ហា​លុយ​កាក់ យើង​ប្រហែល​ជា​ត្រូវ​ការ​ប្រាជ្ញា​ច្រើន​ជាង​មុនៗ​ទៅ​ទៀត។ ដូច្នេះ ចូរ​អធិស្ឋាន​សុំ​ប្រាជ្ញា​កុំ​ខាន! ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា​ធានា​ថា​៖​«បើ​អ្នក​រាល់​គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា មាន​តែ​សូម​ដល់​ព្រះ ដែល​ទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំង​អស់​ដោយ​សទ្ធា ឥត​បន្ទោស​ផង នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ»។ (យ៉ាកុប ១:៥) ពិត​ណាស់ ចូរ​សុំ​ព្រះ​យេហូវ៉ា​ប្រទាន​ប្រាជ្ញា ដែល​ជា​សមត្ថភាព​ប្រើ​នូវ​ចំណេះ សមត្ថភាព​វែកញែក និង​គំនិត​ឆ្លុះ​យល់​ជា​មួយ​គ្នា ដើម្បី​អ្នក​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ល្អ​និង​ជ្រើសរើស​បាន​យ៉ាង​ត្រឹម​ត្រូវ។ ព្រះ​វរបិតា​យើង​នៅ​ស្ថានសួគ៌ ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ទ្រង់​ធានា​ថា​នឹង​ស្ដាប់​សេចក្ដី​អធិស្ឋាន​បែប​នេះ។ ទ្រង់​ប្រុង​ប្រៀប​ជានិច្ច​ដើម្បី​តម្រង់​ផ្លូវ​របស់​មនុស្ស​ដែល​ទុក​ចិត្ត​ទ្រង់​អស់​អំពី​ចិត្ត។—ទំនុកដំកើង ៦៥:២; សុភាសិត ៣:៥, ៦

៥, ៦​. (ក) ហេតុ​អ្វី​យើង​អាច​រក​ជំនួយ​ពី​ព្រះ​បន្ទូល​របស់​ព្រះ ដើម្បី​ជួយ​យើង​ស៊ូ​ទ្រាំ​នឹង​បញ្ហា​លុយ​កាក់? (ខ) នៅ​ពេល​យើង​បាត់បង់​ការងារ​ធ្វើ តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​កាត់​បន្ថយ​កង្វល់​នោះ?

ការ​ស្វែង​រក​ការ​ណែនាំ​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ​ជា​វិធី​មួយ​ទៀត​ដែល​យើង​បង្ហាញ​ថា​យើង​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា។ សេចក្ដី​រំឭក​ប្រកប​ដោយ​ប្រាជ្ញា​ដែល​មាន​ក្នុង​ព្រះ​គម្ពីរ​នោះ បាន​ស​ឲ្យ​ឃើញ​«សុទ្ធតែ​ពិត​ប្រាកដ[ឬ​«គួរ​ឲ្យ​ទុក​ចិត្ត»​, ព.ថ.]»។ (ទំនុកដំកើង ៩៣:៥) ទោះ​ជា​ព្រះ​គម្ពីរ​ត្រូវ​បាន​សរសេរ​ចប់​ជាង​១.៩០០​ឆ្នាំ​មុន​នេះ​ក៏​ដោយ ក៏​សៀវភៅ​ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​សរសេរ​នោះ​មាន​ដំបូន្មាន​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​និង​ជួយ​ឲ្យ​យើង​យល់​ធ្លុះ​ជ្រៅ​បាន​ដែរ។ សៀវភៅ​ព្រះ​គម្ពីរ​នេះ​អាច​ជួយ​យើង​ស៊ូ​ទ្រាំ​ឲ្យ​បាន​ល្អ​ជាង​នឹង​បញ្ហា​លុយ​កាក់។ សូម​ពិចារណា​ប្រាជ្ញា​ខ្លះ​ដែល​មាន​ក្នុង​ព្រះ​គម្ពីរ។

តាំង​ពី​យូរ​មក​ហើយ ស្តេច​សាឡូម៉ូន​ដែល​មាន​ប្រាជ្ញា​នោះ បាន​សង្កេត​ឃើញ​ថា​៖​«ការ​ដេក​លក់​នៃ​មនុស្ស​ដែល​ធ្វើ​ការ​នឿយ​ហត់ នោះ​ស្រួល​ឆ្ងាញ់ ទោះ​បើ​បាន​បរិភោគ​តិច​ឬ​ច្រើន​ក្ដី ប៉ុន្តែ​ការ​បរិភោគ​ហួស​ប្រមាណ​របស់​អ្នក​មាន នោះ​មិន​ឲ្យ​គេ​ដេក​លក់​បាន​ទេ»។ (សាស្ដា ៥:១២) ការ​ជួសជុល សំអាត ថែទាំ និង​ការពារ​វត្ថុ​ទ្រព្យ​របស់​យើង​ទាមទារ​ឲ្យ​ប្រើ​ពេល​វេលា​និង​ប្រាក់​កាក់​ខ្លះ។ ដូច្នេះ បើ​បាត់បង់​ការងារ​ធ្វើ គប្បី​ឲ្យ​យើង​ឆ្លៀត​ឱកាស​ពិចារណា​នូវ​របៀប​រស់​នៅ​របស់​យើង​ដោយ​ចង់​ពិនិត្យ​ពិច័យ​ម្ដង​ទៀត​ថា តើ​អ្វី​ខ្លះ​ជា​របស់​ដែល​ត្រូវ​ការ​ចាំបាច់ ហើយ​តើ​អ្វី​ខ្លះ​ដែល​មិន​ចាំបាច់​មាន​ទេ​នោះ។ ដើម្បី​កាត់​បន្ថយ​នូវ​ការ​ខ្វល់ខ្វាយ នោះ​ប្រហែល​ជា​ការ​ល្អ​បើ​យើង​ធ្វើ​ការ​កែ​ប្រែ​ខ្លះៗ។ ជា​ឧទាហរណ៍ តើ​យើង​អាច​សម្រួល​ជីវភាព​ឲ្យ​មាន​សភាព​សាមញ្ញ​ជាង ប្រហែល​ជា​ដោយ​ផ្លាស់​ទៅ​នៅ​ផ្ទះ​តូច​ជាង ឬ​ដោយ​ជម្រុះ​ទ្រព្យ​សម្បត្ដិ​ខ្លះៗ​ដែល​មិន​ចាំបាច់​មាន​ឬ​ទេ?—ម៉ាថាយ ៦:២២

៧, ៨​. (ក) តើ​ព្រះ​យេស៊ូ​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា ទ្រង់​ជ្រាប​ថា​មនុស្ស​ច្រើន​តែ​ខ្វល់ខ្វាយ​ហួស​ហេតុ​អំពី​ទ្រព្យ​សម្បត្ដិ? (សូម​មើល​សម្គាល់​ហេតុ)។ (ខ) ដើម្បី​កុំ​ឲ្យ​ខ្វល់ខ្វាយ​ហួស​ហេតុ​ពេក​នោះ តើ​ព្រះ​យេស៊ូ​ផ្ដល់​ដំបូន្មាន​អ្វី ដែល​ប្រកប​ដោយ​ប្រាជ្ញា?

ក្នុង​ធម្មទាន​នៅ​លើ​ភ្នំ ព្រះ​យេស៊ូ​បាន​ជូន​ឱវាទ​ថា​៖​«កុំ​ឲ្យ​ខ្វល់ខ្វាយ​នឹង​ជីវិត ដែល​នឹង​បរិភោគ​អ្វី ឬ​នឹង​រូប​កាយ ដែល​នឹង​ស្លៀក​ពាក់​អ្វី​នោះ​ឡើយ»។ * (ម៉ាថាយ ៦:២៥) ព្រះ​យេស៊ូ​ជ្រាប​ថា ជា​ការ​ធម្មតា​ទេ​ដែល​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍​ខ្វល់ខ្វាយ​អំពី​សេចក្ដី​ត្រូវ​ការ​ចាំបាច់​របស់​ខ្លួន។ ប៉ុន្តែ តើ​យើង​អាច​ឈប់​«ខ្វល់ខ្វាយ»​អំពី​អ្វី​បែប​នេះ​យ៉ាង​ដូច​ម្ដេច? ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​៖​«ចូរ​ស្វែង​រក​នគរ . . . ជា​មុន​សិន»។ មិន​ថា​យើង​ជួប​នឹង​បញ្ហា​អ្វី​ក៏​ដោយ យើង​ត្រូវ​តែ​បន្ត​ចាត់​ទុក​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​មាន​អាទិ​ភាព​ក្នុង​ជីវិត​យើង។ បើ​យើង​ធ្វើ​ដូច្នេះ នោះ​សេចក្ដី​ត្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​យើង «នឹង​បាន​ប្រទាន​មក»​ដោយ​ព្រះ​វរបិតា​របស់​យើង​នៅ​ស្ថានសួគ៌។ តាម​វិធី​ណា​មួយ​ទ្រង់​នឹង​ផ្គត់ផ្គង់​អ្វី​ដែល​យើង​ត្រូវ​ការ។—ម៉ាថាយ ៦:៣៣

ព្រះ​យេស៊ូ​បង្ហាញ​ការ​ផ្ដល់​ឱវាទ​ថែម​ទៀត​ថា​៖​«កុំ​ឲ្យ​ខ្វល់ខ្វាយ​នឹង​ថ្ងៃ​ស្អែក​ឡើយ ពីព្រោះ​ថ្ងៃ​ស្អែក​នឹង​ខ្វល់ខ្វាយ ចំពោះ​ការ​របស់​ថ្ងៃ​នោះ​ឯង»។ (ម៉ាថាយ ៦:៣៤) ការ​ខ្វល់ខ្វាយ​ហួស​ហេតុ​អំពី​អ្វី​ដែល​ប្រហែលជា​នឹង​កើត​ឡើង​ថ្ងៃ​ស្អែក មិន​ជា​ទង្វើ​ប្រកប​ដោយ​ប្រាជ្ញា​ទេ។ បណ្ឌិត​ម្នាក់​បាន​កត់​សម្គាល់​ថា​៖​«អ្វី​ដែល​នឹង​កើត​ឡើង​ពិត​ប្រាកដ​នៅ​អនាគត កម្រ​កើត​ឡើង​ដូច​អ្វី​ដែល​យើង​បារម្ភ​នោះ​ណាស់»។ ការ​បង្ហាញ​ចិត្ត​រាប​ទាប​ដោយ​ប្រព្រឹត្ត​តាម​ដំបូន្មាន​ព្រះ​គម្ពីរ ជួយ​យើង​ឲ្យ​គិត​អំពី​អ្វី​ដែល​មាន​អាទិ​ភាព និង​គិត​តែ​មួយ​ថ្ងៃៗ ហើយ​ក៏​អាច​ជួយ​យើង​កុំ​ឲ្យ​ខ្វល់ខ្វាយ​ហួស​ហេតុ​ពេក​ដែរ។—ពេត្រុសទី១ ៥:៦, ៧

៩​. នៅ​ពេល​ជួប​បញ្ហា​លុយ​កាក់ តើ​យើង​អាច​រក​ឃើញ​ជំនួយ​អ្វី ក្នុង​ប្រកាសនវត្ថុ​របស់​‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›?

នៅ​ពេល​ជួប​នឹង​បញ្ហា​លុយ​កាក់ យើង​ក៏​អាច​បង្ហាញ​ថា​យើង​ទុក​ចិត្ត​ព្រះ​យេហូវ៉ា ដោយ​រក​ជំនួយ​ក្នុង​ប្រកាសនវត្ថុ​របស់‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›ផង​ដែរ។ (ម៉ាថាយ ២៤:៤៥) ម្ដងម្កាល​ទស្សនាវដ្ដី​ភ្ញាក់រឭក! (ជា​ភាសា​អង់គ្លេស) មាន​អត្ថបទ​ដែល​មានយោបល់​ល្អៗ​អាច​ជួយ​ដោះ​ស្រាយ​នឹង​ការ​ពិបាក​ខាង​លុយ​កាក់។ អត្ថបទ​ចំណង​ជើង​ថា «តើ​អាច​ធ្វើ​យ៉ាង​ណា​ពេល​បាត់បង់​ការងារ​ធ្វើ?» ក្នុង​ទស្សនាវដ្ដី​ភ្ញាក់រឭក! ថ្ងៃ​ទី៨ ខែ​សីហា ឆ្នាំ​១៩៩១ លើក​បញ្ជាក់​លំ​ណែនាំ​ប្រាំ​បី​យ៉ាង​ដែល​បាន​ជួយ​មនុស្ស​ជា​ច្រើន​រក្សា​ឲ្យ​មាន​ចិត្ត​នឹងនរ និង​នៅ​តែ​អាច​ចិញ្ចឹម​ជីវិត​បាន​នៅ​ពេល​បាត់បង់​ការងារ​ធ្វើ។ * ប៉ុន្តែ ការ​អនុវត្ត​គោលការណ៍​ទាំង​នេះ​តម្រូវ​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​តម្លៃ​ពិត​នៃ​លុយ​កាក់​ផង​ដែរ។ នេះ​ត្រូវ​ពន្យល់​ក្នុង​អត្ថបទ​ចំណង​ជើង​ថា «អ្វី​ដែល​សំខាន់​ជាង​លុយ» ដែល​មាន​ក្នុង​ទស្សនាវដ្ដី​ដដែល​នោះ។—សាស្ដា ៧:១២

នៅ​ពេល​មាន​បញ្ហា​សុខភាព

១០​. តើ​គំរូ​របស់​ស្តេច​ដាវីឌ​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា ការ​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា​នៅ​ពេល​ឈឺ​ធ្ងន់ គឺ​សម​ហេតុ​សម​ផល?

១០ តើ​ការ​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា​នៅ​ពេល​យើង​ឈឺ​ធ្ងន់​សម​ហេតុ​សម​ផល​ឬ​ទេ? ពិត​ជា​សម​ហេតុ​សម​ផល​មែន! ព្រះ​យេហូវ៉ា​យល់​អារម្មណ៍​របស់​រាស្ត្រ​ទ្រង់​ដែល​ឈឺ​នោះ។ ជាង​នោះ​ទៅ​ទៀត ទ្រង់​ក៏​ព្រម​ជួយ​ដែរ។ ជា​ឧទាហរណ៍ សូម​ពិចារណា​ស្តេច​ដាវីឌ។ ទ្រង់​ប្រហែល​ជា​ឈឺ​ធ្ងន់​នៅ​ពេល​សរសេរ​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​ទៅ​លើ​ជន​សុចរិត​ដែល​ឈឺ។ ដាវីឌ​បាន​សរសេរ​ថា​៖​«ព្រះ​យេហូវ៉ា​នឹង​ទ្រ​ទ្រាំ​ចំពោះ​គេ​នៅ​គ្រា​ដេក​ឈឺ​នៅ​គ្រែ ទ្រង់​ក៏​រៀប​គ្រែ​ឲ្យ នៅ​គ្រប់​វេលា​មាន​ធុរៈ»។ (ទំនុកដំកើង ៤១:១, ៣, ៧, ៨) ទំនុក​ចិត្ត​របស់​ដាវីឌ​ទៅ​លើ​ព្រះ​មាន​យ៉ាង​ខ្លាំង ហើយ​នៅ​ទីបំផុត​ស្តេច​ដាវីឌ​បាន​ជា​ឡើង​វិញ។ ប៉ុន្តែ តើ​យើង​អាច​បង្ហាញ​ថា​យើង​ទុក​ចិត្ត​ព្រះ​យ៉ាង​ដូច​ម្ដេច នៅ​ពេល​មាន​បញ្ហា​ខាង​សុខភាព​នោះ?

១១​. នៅ​ពេល​ធ្លាក់​ខ្លួន​ឈឺ តើ​យើង​អាច​សុំ​អ្វី ពី​ព្រះ​វរបិតា​របស់​យើង​នៅ​ស្ថានសួគ៌?

១១ នៅ​ពេល​ធ្លាក់​ខ្លួន​ឈឺ វិធី​មួយ​ដែល​យើង​បង្ហាញ​ថា​យើង​ទុក​ចិត្ត​ព្រះ​យេហូវ៉ា គឺ​ដោយ​អង្វរ​ទ្រង់​ឲ្យ​ជួយ​យើង​ស៊ូ​ទ្រាំ។ យើង​អាច​សុំ​ទ្រង់​ជួយ​យើង​មាន​«សេចក្ដី[ឬ​«ប្រាជ្ញា»​, ព.ថ.]ដែល​មាន​ប្រយោជន៍»​ដើម្បី​យើង​អាច​បាន​សុខភាព​ល្អ​បំផុត​តាម​កាលៈទេសៈ។ (សុភាសិត ៣:២១) យើង​ក៏​អាច​សុំ​ទ្រង់​ជួយ​យើង​ចេះ​អត់ធ្មត់​ហើយ​ស៊ូ​ទ្រាំ​នឹង​ជំងឺ​នោះ។ សំខាន់​បំផុត យើង​គួរ​សុំ​ព្រះ​យេហូវ៉ា​ទ្រទ្រង់​យើង ដោយ​ប្រទាន​កម្លាំង​មក​យើង​ឲ្យ​បន្ត​រក្សា​ភាព​ស្មោះ​ត្រង់​នឹង​ទ្រង់ និង​មិន​បាត់បង់​នូវ​តុល្យភាព មិន​ថា​យើង​ជួប​នឹង​បញ្ហា​អ្វី​ក៏​ដោយ។ (ភីលីព ៤:១៣) ការ​រក្សា​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​នឹង​ព្រះ​គឺ​សំខាន់​ជាង​ការ​រក្សា​ជីវិត​របស់​យើង​នៅ​បច្ចុប្បន្ន​កាល​នេះ​ទៅ​ទៀត។ បើ​យើង​រក្សា​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​នោះ ព្រះ​ដ៏​ឧត្តុង្គ​ឧត្តម​ដែល​ប្រទាន​រង្វាន់​នឹង​ប្រោស​ឲ្យ​យើង​មាន​សុខភាព​និង​ជីវិត​ដ៏​ល្អ​ឥតខ្ចោះ​ជា​រៀង​រហូត។—ហេព្រើរ ១១:៦

១២​. តើ​គោលការណ៍​បទ​គម្ពីរ​អាច​ជួយ​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​មាន​ប្រាជ្ញា​នៅ​ពេល​ជ្រើសរើស​ការ​ព្យាបាល​ពេទ្យ​យ៉ាង​ដូច​ម្ដេច?

១២ ទំនុក​ចិត្ត​ដែល​យើង​មាន​ទៅ​លើ​ព្រះ​យេហូវ៉ា ក៏​ជំរុញ​ឲ្យ​យើង​ស្វែង​រក​ការ​ណែនាំ​ពី​ព្រះ​គម្ពីរ​ដែល​ជា​ព្រះ​បន្ទូល​របស់​ទ្រង់។ គោលការណ៍​ដែល​មាន​ក្នុង​បទ​គម្ពីរ​អាច​ជួយ​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​ប្រកប​ដោយ​ប្រាជ្ញា ស្តី​អំពី​វិធី​ព្យាបាល​ពេទ្យ។ ជា​ឧទាហរណ៍ ដោយ​ដឹង​ថា ព្រះ​គម្ពីរ​ចាត់​ទុក​«មន្តអាគម»​ជា​អំពើ​អាក្រក់ នោះ​យើង​នឹង​ចៀស​វាង​ពី​របៀប​វិនិច្ឆ័យ​រោគ ឬ​ការ​ព្យាបាល​ណា​ដែល​ប៉ះ​ពាល់​ដល់​មន្តអាគម។ (កាឡាទី ៥:១៩​-​២១; ចោទិយកថា ១៨:១០​-​១២) ត​ទៅ​នេះ​ជា​ឧទាហរណ៍​មួយ​ទៀត​ដែល​បង្ហាញ​នូវ​ប្រាជ្ញា​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​ដែល​មាន​ក្នុង​ព្រះ​គម្ពីរ​គឺ​៖ «មនុស្ស​ឆោត​ល្ងង់​គេ​ជឿ​គ្រប់​ពាក្យ​ទាំងអស់ តែ​មនុស្ស​មាន​គំនិត​វាងវៃ​រមែង​មើល​ផ្លូវ​ខ្លួន​ដោយ​ប្រយ័ត្ន»។ (សុភាសិត ១៤:១៥) ដូច្នេះ នៅ​ពេល​គិត​ថ្លឹង​ថ្លែង​អំពី​វិធី​ព្យាបាល​ពេទ្យ យក​ល្អ​ឲ្យ​យើង​ស្វែង​រក​ពត៌មាន​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត ជាជាង​ជឿ​«គ្រប់​ពាក្យ​ទាំង​អស់»។ ការ​មាន​«សតិ​នឹងនរ»ដូច្នេះ អាច​ជួយ​យើង​គិត​ថ្លឹង​ថ្លែង​អំពី​ជំរើស​របស់​យើង​ដោយ​ប្រុង​ប្រយ័ត្ន ហើយ​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​មាន​ការ​យល់​ដឹង​ច្បាស់​លាស់។—ទីតុស ២:១២, ព.ថ.

១៣, ១៤​. (ក) តើ​យើង​អាច​បង្ហាញ​ថា​យើង​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​ទស្សនាវដ្ដី​ប៉មយាម​និង​ភ្ញាក់រឭក!បាន​ជួយ​យ៉ាង​ណា? (ខ) ក្នុង​ទស្សនាវដ្ដី​ភ្ញាក់រឭក! ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ​២០០១ តើ​មាន​យោបល់​អ្វី ស្តី​អំពី​របៀប​ស៊ូ​ទ្រាំ​នឹង​ជំងឺ​រ៉ាំរ៉ៃ?

១៣ យើង​ក៏​អាច​បង្ហាញ​ទំនុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​ដោយ​ស្រាវជ្រាវ​ក្នុង​ប្រកាសនវត្ថុ​របស់​អ្នក​បំរើ​ស្មោះ​ត្រង់។ ក្នុង​ទស្សនាវដ្ដី​ប៉មយាមនិង​ភ្ញាក់រឭក! ម្ដងម្កាល​មាន​អត្ថបទ​នាំ​ឲ្យ​យល់​ដឹង​បាន​ច្រើន​អំពី​បញ្ហា​សុខភាព​និង​ជំងឺ​ជា​ច្រើន​យ៉ាង។ * ជួន​កាល ទស្សនាវដ្ដី​នេះ​មាន​អត្ថបទ​សរសេរ​ដោយ​បុគ្គល​ដែល​ធ្លាប់​ស៊ូ​ទ្រាំ​ដោយ​ជោគជ័យ​នឹង​បញ្ហា​សុខភាព​ឬ​ពិការភាព​ផ្សេងៗ។ ម្យ៉ាង​ទៀត អត្ថបទ​ខ្លះ​មាន​យោបល់​ពី​បទ​គម្ពីរ​ព្រម​ទាំង​ឱវាទ​ល្អៗ​អំពី​វិធី​ស៊ូ​ទ្រាំ​នឹង​ជំងឺ​រ៉ាំរ៉ៃ​ផ្សេងៗ។

១៤ ជា​ឧទាហរណ៍ ទស្សនាវដ្ដី​ភ្ញាក់រឭក! (ជា​ភាសា​អង់គ្លេស) ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ​២០០១ បាន​មាន​អត្ថបទ​ចំណង​ជើង​ថា «ការ​សម្រាល​ទុក្ខ​សំរាប់​អ្នក​ដែល​ឈឺ»។ អត្ថបទ​ទាំង​នេះ​បាន​លើកឡើង​គោលការណ៍​ព្រះ​គម្ពីរ​ដែល​អាច​ជួយ​បាន​ច្រើន ព្រម​ទាំង​ពត៌មាន​ដក​ស្រង់​ពី​ការ​សម្ភាសន៍​អ្នក​ចេះ​ដឹង​ដែល​ធ្លាប់​ទ្រាំ​នឹង​ជំងឺ​រ៉ាំរ៉ៃ​ដ៏​ធ្ងន់ធ្ងរ​អស់​ជា​ច្រើន​ឆ្នាំ។ អត្ថបទ​ចំណង​ជើង​ថា «តើ​អ្នក​អាច​ស៊ូ​ទ្រាំ​នឹង​ជំងឺ​របស់​អ្នក​ដោយ​ជោគជ័យ​បាន​យ៉ាង​ដូច​ម្ដេច?» បាន​ជូន​យោបល់​ដូច​ត​ទៅ​នេះ: រៀន​ស្គាល់​ឲ្យ​បាន​ច្រើន​បំផុត​អំពី​ជំងឺ​របស់​អ្នក​តាម​តែ​លទ្ធភាព។ (សុភាសិត ២៤:៥) រៀប​ចំ​គោល​ដៅ​ដ៏​សម​ហេតុ​សម​ផល រួម​ទាំង​គោល​ដៅ​ផ្សេងៗ​ក្នុង​ការ​ជួយ​អ្នក​ឯ​ទៀត ប៉ុន្តែ សូម​ទទួល​ស្គាល់​ផង​ដែរ​ថា អ្នក​ប្រហែល​ជា​មិន​អាច​បំពេញ​គោល​ដៅ​ដូច​គ្នា​នឹង​អ្នក​ឯ​ទៀត​បាន​ឡើយ។ (កិច្ចការ ២០:៣៥; កាឡាទី ៦:៤) កុំ​ទុក​ខ្លួន​នៅ​ដាច់​ពី​អ្នក​ឯ​ទៀត។ (សុភាសិត ១៨:១) ពេល​អ្នក​ឯ​ទៀត​មក​សួរ​សុខ​ទុក្ខ​អ្នក ចូរ​ធ្វើ​ឲ្យ​គ្រា​នោះ​ជា​ពេល​សប្បាយ​មួយ។ (សុភាសិត ១៧:២២) សំខាន់​បំផុត រក្សា​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា​និង​ក្រុមជំនុំ។ (ណា​ហ៊ុម ១:៧; រ៉ូម ១:១១, ១២) យើង​ពិត​ជា​ដឹង​គុណ​ណាស់ ដែល​មាន​ការ​ណែនាំ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត ដែល​ព្រះ​យេហូវ៉ា​ប្រទាន​តាម​រយៈ​អង្គការ​របស់​ទ្រង់ មែន​ទេ?

ពេល​ភាព​ទន់ខ្សោយ​មួយ​នៅ​តែ​មាន​ជា​បន្ត

១៥​. តើ​សាវ័ក​ប៉ុល​អាច​យក​ឈ្នះ​ភាព​ទន់ខ្សោយ​នៃ​សាច់​ឈាម​ឥត​គ្រប់​ល័ក្ខណ៍​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​យើង​មាន​ទំនុក​ចិត្ត​យ៉ាង​ណា?

១៥ សាវ័ក​ប៉ុល​បាន​សរសេរ​ថា​៖ «ក្នុង​សាច់​ឈាម​ខ្ញុំ គ្មាន​អ្វី​ល្អ​ទេ»។ (រ៉ូម ៧:១៨) ប៉ុល​ដឹង​ពី​បទ​ពិសោធន៍​ថា ការ​ពុះពារ​នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​និង​ភាព​ទន់ខ្សោយ​នៃ​សាច់​ឈាម​ដ៏​ឥត​គ្រប់​ល័ក្ខណ៍​នេះ ជា​អ្វី​ដ៏​ពិបាក​ណាស់។ ប៉ុន្តែ ប៉ុល​ក៏​បាន​ជឿជាក់​ថា គាត់​នឹង​អាច​យក​ឈ្នះ​បាន។ (កូរិនថូសទី១ ៩:២៦, ២៧) តើ​យ៉ាង​ដូច​ម្ដេច? ដោយ​ទុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​ព្រះ​យេហូវ៉ា។ នេះ​ជា​មូលហេតុ​ដែល​ប៉ុល​អាច​និយាយ​ថា​៖​«វេទនា​ណាស់​ខ្ញុំ! តើ​អ្នក​ណា​នឹង​ជួយ​ឲ្យ​ខ្ញុំ​រួច ពី​តួ​សេចក្ដី​ស្លាប់​នេះ​ទៅ​បាន? អរ​ព្រះ​គុណ​ដល់​ព្រះ​អង្គ គឺ​ដោយសារ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា»។ (រ៉ូម ៧:២៤, ២៥) ចុះ​យ៉ាង​ណា​ចំពោះ​យើង​វិញ? យើង​ក៏​មាន​ការ​ពុះពារ​ទប់ទល់​នឹង​ភាព​ទន់ខ្សោយ​របស់​សាច់​ឈាម​ដែរ។ នៅ​ពេល​ពុះពារ​ខំ​យក​ឈ្នះ​ភាព​ទន់ខ្សោយ​ទាំង​នេះ យើង​អាច​បាត់បង់​នូវ​ទំនុក​ចិត្ត​យ៉ាង​ងាយ​ស្រួល​ណាស់ បើ​គិត​ថា យើង​នឹង​មិន​អាច​យក​ឈ្នះ​បាន​ទេ​នោះ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង បើ​យើង​ពិត​ជា​ពឹងពាក់​ទ្រង់​ដូច​ប៉ុល និង​មិន​ពឹងពាក់​កម្លាំង​ខ្លួន​ប៉ុណ្ណោះ។

១៦​. នៅ​ពេល​ភាព​ទន់ខ្សោយ​មាន​ជា​បន្ត តើ​យើង​គួរ​អធិស្ឋាន​សុំ​អ្វី? ហើយ​តើ​យើង​គួរ​ធ្វើ​យ៉ាង​ណា​បើ​យើង​ភ្លាត់​ធ្វើ​ខុស​ម្ដង​ទៀត?

១៦ នៅ​ពេល​ភាព​ទន់ខ្សោយ​មួយ​មាន​ជា​បន្ត យើង​អាច​បង្ហាញ​ថា​យើង​ទុកចិត្ត​ព្រះ​យេហូវ៉ា ដោយ​អធិស្ឋាន​អង្វរ​ទ្រង់។ យើង​ត្រូវ​តែ​សុំ​និង​អង្វរ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​ដោយ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់។ (លូកា ១១:៩​-​១៣) យើង​អាច​សុំ​ជា​ពិសេស​ឲ្យ​ទ្រង់​ជួយ​យើង​ចេះ​ទប់​ចិត្ត ដែល​នេះ​ជា​ផលផ្លែ​មួយ​នៃ​វិញ្ញាណ​របស់​ព្រះ។ (កាឡាទី ៥:២២, ២៣, ខ.ស.) តើ​យើង​គួរ​ធ្វើ​យ៉ាង​ណា​បើ​យើង​ភ្លាត់​ធ្វើ​ខុស​ម្ដង​ទៀត? យើង​មិន​ត្រូវ​រសាយ​ការ​ព្យាយាម​សោះ​ឡើយ។ កុំ​ឲ្យ​យើង​ណាយ​ចិត្ត​ក្នុង​ការ​អធិស្ឋាន​ទូល​ព្រះ​របស់​យើង​ដែល​ប្រកប​ដោយ​ក្ដី​មេត្ដាករុណា ដោយ​សុំ​ការ​អត់​ទោស​និង​ជំនួយ​ពី​ទ្រង់។ ព្រះ​យេហូវ៉ា​នឹង​មិន​ដែល​បដិសេធ​ចំពោះ​មនុស្ស​ដែល​មាន​ចិត្ត​«ខ្ទេច​ខ្ទាំ»​ដោយសារ​វិប្បដិសារី​ឡើយ។ (ទំនុកដំកើង ៥១:១៧) បើ​យើង​ទូល​អង្វរ​ទ្រង់​ដោយ​ស្មោះ ទាំង​មាន​ចិត្ត​សោក​ស្ដាយ​ដោយសារ​កំហុស​ខ្លួន នោះ​ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង​ទប់ទល់​នឹង​ការ​ល្បួង។—ភីលីព ៤:៦, ៧

១៧​. (ក) ហេតុ​អ្វី​បាន​ជា​មាន​ប្រយោជន៍​បើ​គិត​ពិចារណា​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ភាព​ទន់ខ្សោយ​ដែល​យើង​ប្រហែល​ជា​កំពុង​តែ​ខំ​យក​ឈ្នះ? (ខ) តើ​យើង​ប្រហែល​ជា​អាច​ទន្ទេញ​ចាំ​បទ​គម្ពីរ​អ្វី បើ​យើង​ឆាប់​ខឹង? ចុះ​បើ​យើង​ពិបាក​ក្នុង​ការ​ទប់​អណ្ដាត? ចុះ​យ៉ាង​ណា​វិញ​បើ​យើង​ពិបាក​បំបាត់​ភាព​ទន់​ទោរ​ទៅ​រក​ការ​កំសាន្ត​មិន​ល្អ​នោះ?

១៧ យើង​ក៏​អាច​បង្ហាញ​ថា​យើង​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​ដោយ​រក​ជំនួយ​ក្នុង​ព្រះ​បន្ទូល​របស់​ទ្រង់។ ដោយ​ប្រើ​ប្រកាសនវត្ថុ​បោះ​ពុម្ព​ដោយ​អ្នក​បំរើ​ស្មោះ​ត្រង់​មាន​វិនិច្ឆ័យ​ល្អ ប្រហែល​ជា​យើង​អាច​រក​ចម្លើយ​ចំពោះ​សំនួរ​ថា ‹តើ​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា​អំពី​ភាព​ទន់ខ្សោយ​ដែល​ខ្ញុំ​កំពុង​តែ​ខំ​យក​ឈ្នះ​នេះ?›។ ការ​ពិចារណា​នូវ​ទស្សនៈ​របស់​ព្រះយេហូវ៉ា​អំពី​រឿង​នោះ​អាច​ធ្វើ​ឲ្យ​យើង​មាន​ចំណង់​កាន់​តែ​ខ្លាំង​ថែម​ទៀត ចង់​ពេញ​ព្រះ​ហឫទ័យ​របស់​ទ្រង់។ យ៉ាង​នេះ យើង​ប្រហែល​ជា​ចាប់​ផ្ដើម​មាន​អារម្មណ៍​ដូច​ទ្រង់​ដែរ ដោយ​ស្អប់​អ្វី​ដែល​ទ្រង់​ស្អប់។ (ទំនុកដំកើង ៩៧:១០) មនុស្ស​ខ្លះ​បាន​ទទួល​ប្រយោជន៍​ល្អ​ពី​ការ​ទន្ទេញ​ចាំ​បទ​គម្ពីរ​ខ្លះ​ដែល​ទាក់ទង​នឹង​ភាព​ទន់ខ្សោយ​ដែល​ពួក​គេ​កំពុង​តែ​តយុទ្ធ។ តើ​យើង​កំពុង​តែ​ព្យាយាម​ទប់​កំហឹង​របស់​ខ្លួន​ទេ? បើ​ដូច្នេះ យើង​ប្រហែល​ជា​អាច​ទន្ទេញ​ចាំ​បទ​គម្ពីរ​ផ្សេងៗ ដូច​ជា​សុភាសិត ១៤:១៧ និង​អេភេសូរ ៤:៣១។ តើ​យើង​ពិបាក​ក្នុង​ការ​ទប់​អណ្ដាត​ឬ​ទេ? ប្រហែល​ជា​យើង​អាច​ទន្ទេញ​ចាំ​បទ​គម្ពីរ​ដូច​ជា​សុភាសិត ១២:១៨ និង​អេភេសូរ ៤:២៩។ តើ​យើង​មាន​ភាព​ទន់​ទោរ​ទៅ​រក​ការ​កំសាន្ត​ដ៏​មិន​ល្អ​ឬ? ប្រហែល​ជា​យើង​អាច​ខំ​ទន្ទេញ​ចាំ​បទ​គម្ពីរ​ដូច​ជា អេភេសូរ ៥:៣ និង​កូល៉ុស ៣:៥

១៨​. ហេតុ​អ្វី​យើង​មិន​គួរ​ឲ្យ​ការ​ខ្មាស​ធ្វើ​ឲ្យ​យើង​ខាន​សុំ​ជំនួយ​ពី​អ្នក​ចាស់​ទុំ ដើម្បី​ឈ្នះ​ភាព​ទន់ខ្សោយ​របស់​យើង?

១៨ ការ​រក​ជំនួយ​ពី​អ្នក​ចាស់​ទុំ​ដែល​វិញ្ញាណ​របស់​ព្រះ​បាន​តែងតាំង​ក្នុង​ក្រុមជំនុំ ជា​វិធី​មួយ​ទៀត​ដែល​យើង​បង្ហាញ​ថា យើង​ពឹងពាក់​ព្រះ​យេហូវ៉ា។ (កិច្ចការ ២០:២៨) យ៉ាង​ណា​មិញ ‹អំណោយ​ទាន​ជា​មនុស្ស›​ទាំង​នេះ ជា​សំវិធានការ​ពី​ព្រះ​យេហូវ៉ា​តាម​រយៈ​ព្រះ​គ្រីស្ទ ដើម្បី​ការពារ​និង​ថែរក្សា​ចៀម​របស់​ទ្រង់។ (អេភេសូរ ៤:៧, ៨, ១១​-​១៤) ត្រូវ​មែន ការ​សុំ​ជំនួយ​ដើម្បី​ទប់ទល់​នឹង​ភាព​ទន់ខ្សោយ​ណា​មួយ ប្រហែល​ជា​មិន​ស្រួល​ទេ។ យើង​ប្រហែល​ជា​មាន​ចិត្ត​ខ្មាស ដោយ​គិត​ខ្លាច​ថា អ្នក​ចាស់​ទុំ​នឹង​មើល​យើង​ក្នុង​ភ្នែក​មិន​ល្អ។ ប៉ុន្តែ បុរស​ដែល​មាន​ភាព​មាំមួន​ខាង​វិញ្ញាណ​ទាំង​នេះ​ប្រាកដ​ជា​នឹង​បង្ហាញ​ការ​គោរព​ចំពោះ​យើង ដោយសារ​យើង​បង្ហាញ​ចិត្ត​ក្លាហាន​សុំ​ជំនួយ​ដូច្នេះ។ ម្យ៉ាង​ទៀត ពួក​អ្នក​ចាស់​ទុំ​ព្យាយាម​បង្ហាញ​គុណសម្បត្ដិ​របស់​ព្រះ​យេហូវ៉ា​ក្នុង​ទំនាក់ទំនង​ជា​មួយ​ហ្វូង​ចៀម។ ឱវាទ​ល្អៗ​ដែល​ជួយ​សម្រាល​ទុក្ខ និង​ការ​ណែនាំ​ពី​ព្រះ​បន្ទូល​របស់​ព្រះ ប្រហែល​ជា​អ្វី​ដែល​យើង​ត្រូវ​ការ​ដើម្បី​ពង្រឹង​ការ​ប្ដេជ្ញា​ចិត្ត​ឲ្យ​ឈ្នះ​ភាព​ទន់ខ្សោយ​របស់​យើង។—យ៉ាកុប ៥:១៤​-​១៦

១៩​. (ក) តើ​សាតាំង​ខំ​ប្រើ​ភាព​ឥត​ប្រយោជន៍​នៃ​របប​លោកីយ៍​នេះ​យ៉ាង​ដូច​ម្ដេច? (ខ) តើ​ការ​ទុក​ចិត្ត​រួម​បញ្ចូល​អ្វី​ខ្លះ? ហើយ​តើ​យើង​គួរ​តាំង​ចិត្ត​ឲ្យ​បាន​រឹង​មាំ​ដោយ​ធ្វើ​អ្វី?

១៩ កុំ​ភ្លេច​ថា សាតាំង​ដឹង​ថា​ពេល​វេលា​របស់​វា​គឺ​ខ្លី​ណាស់។ (វិវរណៈ ១២:១២) វា​ចង់​ប្រើ​ភាព​ឥត​ប្រយោជន៍​នៃ​របប​លោកីយ៍​នេះ​ដើម្បី​ធ្វើ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ត​ហើយ​ឈប់​ព្យាយាម​ទៀត។ ចូរ​យើង​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​អ្វី​ដែល​រ៉ូម ៨:៣៥​-​៣៩ ចែង​នោះ​ថា​៖​«តើ​អ្នក​ណា​នឹង​ពង្រាត់​យើង​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ផង​ព្រះ​គ្រីស្ទ​បាន? តើ​សេចក្ដី​ទុក្ខ​លំបាក ឬ​សេចក្ដី​វេទនា សេចក្ដី​បៀតបៀន សេចក្ដី​អត់​ឃ្លាន សេចក្ដី​អាក្រាត សេចក្ដី​អន្តរាយ ឬ​ដាវ​ឬ​អី? . . . ទេ! គឺ​ក្នុង​សេចក្ដី​ទាំង​នោះ យើង​ខ្ញុំ​វិសេស​លើស​ជាង​អ្នក​ដែល​មាន​ជ័យជំនះ​ទៅ​ទៀត ដោយសារ​ព្រះ​អង្គ​ដែល​ទ្រង់​ស្រឡាញ់​យើង។ ដ្បិត​ខ្ញុំ​ជឿជាក់​ថា ទោះ​ស្លាប់ ឬ​រស់ ពួក​ទេវតា ឬ​អំណាច​អ្វី ការ​អ្វី​នៅ​ជាន់​នេះ ឬ​ទៅ​មុខ ឬ​ឥទ្ធិឫទ្ធិ​អ្វី ទី​មាន​កំពស់ ទី​ជំរៅ ឬ​របស់​អ្វី​ដែល​កើត​មក​ឯ​ទៀត​ក្ដី នោះ​ពុំ​អាច​នឹង​ពង្រាត់​យើង ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ដែល​នៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ជា​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា​ទៅ បាន​ឡើយ»។ ពាក្យ​នេះ​បង្ហាញ​ទំនុក​ចិត្ត​ដ៏​រឹង​មាំ​ណាស់​ទៅ​លើ​ព្រះ​យេហូវ៉ា! ប៉ុន្តែ ទំនុក​ចិត្ត​នេះ​មិន​គ្រាន់​តែ​ជា​អារម្មណ៍​មួយ​ទេ។ ផ្ទុយ​ទៅ​វិញ នេះ​ជា​ទំនុក​ចិត្ត​ដែល​មាន​ឥទ្ធិពល​ទៅ​លើ​ការ​សម្រេច​ចិត្ត​ដែល​យើង​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ​ក្នុង​ជីវិត​យើង។ ដូច្នេះ ចូរ​យើង​តាំង​ចិត្ត​យ៉ាង​រឹង​មាំ​ដោយ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​ទាំង​ស្រុង​ពេល​ជួប​ប្រទះ​ទុក្ខ​លំបាក។

[កំណត់​សម្គាល់]

^ វគ្គ 1 ក្នុង​សំបុត្រ​មួយ​ផ្ញើ​ទៅ​កន្លែង​បោះ​ពុម្ព​ប្រាក់​កាក់ ចុះ​ថ្ងៃ​២០ ខែ​វិច្ឆិកា ឆ្នាំ​១៨៦១ លោក សាលម៉ាន ព័ទ្ធឡាន ឆេស ដែល​ជា​លេខាធិការ​រតនាគារ​បាន​សរសេរ​ថា​៖​«គ្មាន​ប្រទេស​ណា​មួយ​អាច​ខ្លាំង​បាន​ទេ លើក​លែង​តែ​បាន​កម្លាំង​មក​ពី​ព្រះ ក៏​មិន​អាច​មាន​សុវត្ថិភាព​បាន​ដែរ​លើក​លែង​តែ​ព្រះ​ការពារ​ប៉ុណ្ណោះ។ ទំនុក​ចិត្ត​ដែល​ប្រជាជន​យើង​មាន​ទៅ​លើ​ព្រះ គួរ​ត្រូវ​បញ្ជាក់​លើ​ប្រាក់​កាក់​ជាតិ​របស់​យើង»។ ជា​លទ្ធផល បាវចនា​ថា «យើង​ទុក​ចិត្ត​ទៅ​លើ​ព្រះ» បាន​ចេញ​ជា​លើក​ដំបូង​លើ​ប្រាក់​កាក់​នៅ​សហរដ្ឋ​អាមេរិក​នា​ឆ្នាំ​១៨៦៤។

^ វគ្គ 7 ការ​ខ្វល់ខ្វាយ​ដែល​ត្រូវ​រៀប​រាប់​ក្នុង​ខ​នេះ ត្រូវ​បកស្រាយ​ជា «ការ​ភ័យ​ព្រួយ​ដែល​នាំ​ឲ្យ​យើង​លែង​សប្បាយ​នឹង​ជីវិត»។ ការ​បកប្រែ​ដែល​ថា «កុំ​ឲ្យ​ខ្វល់ខ្វាយ» ឬ​«កុំ​ឲ្យ​ព្រួយ​បារម្ភ» រួម​បញ្ចូល​ន័យ​ថា យើង​មិន​គួរ​ចាប់​ផ្ដើមខ្វល់ខ្វាយ​ឬ​ព្រួយ​បារម្ភ។ ឯកសារ​យោង​មួយ​ពន្យល់​ថា​៖​«កិរិយា​ស័ព្ទ​ភាសា​ក្រិច​នេះ មាន​ទំរង់​វេយ្យាករណ៍​ជា​ប្រយោគ​បញ្ជា​បច្ចុប្បន្ន​កាល ដែល​បញ្ជា​ឲ្យ​ឈប់​ធ្វើ​អ្វី​មួយ​ដែល​កំពុង​តែ​ធ្វើ»។

^ វគ្គ 9 លំ​ណែនាំ​ប្រាំ​បី​យ៉ាង​នោះ​គឺ​មាន​ដូច​ត​ទៅ​នេះ: (១) កុំ​តក់ស្លុត (២) រក្សា​គំនិត​សុទិដ្ឋិ​និយម (៣) ត្រូវ​សុខ​ចិត្ត​ធ្វើ​ការងារ​ប្រភេទ​ផ្សេងៗ​ទៀត (៤) រស់​នៅ​ស្រប​ទៅ​តាម​ធនធាន​របស់​ខ្លួន មិន​មែន​ធ្វើ​តាម​ជីវភាព​អ្នក​ដទៃ​ទេ (៥) ប្រុង​ប្រយ័ត្ន​នឹង​រឿង​ខ្ចី​ប្រាក់ (៦) រក្សា​ឲ្យ​មាន​សាមគ្គីភាព​ក្នុង​ក្រុម​គ្រួសារ (៧) កុំ​ភ្លេច​ឲ្យ​តម្លៃ​ខ្លួន (៨) ចេះ​លៃលក​របៀប​ប្រើ​ថវិកា។

^ វគ្គ 13 ទស្សនាវដ្ដី​ទាំង​នេះ​ដែល​មាន​មូលដ្ឋាន​លើ​ព្រះ​គម្ពីរ មិន​គាំទ្រ​ឬ​ជូន​យោបល់​ឲ្យ​ប្រើ​វិធី​ព្យាបាល​ណា​មួយ​ទេ ដោយ​ទទួល​ស្គាល់​ថា នេះ​ជា​រឿង​ផ្ទាល់​ខ្លួន។ ជាជាង​ធ្វើ​យ៉ាង​នេះ អត្ថបទ​ដែល​រៀប​រាប់​អំពី​ជំងឺ​ណា​មួយ ត្រូវ​រៀប​ចំ​ក្នុង​បំណង​នាំ​ឲ្យ​អ្នក​អាន​យល់​ដឹង​ច្បាស់​លាស់​អំពី​ហេតុ​ការណ៍​ពិត​តាម​ចំណេះ​ដឹង​បច្ចុប្បន្ន។

តើ​អ្នក​នៅ​ចាំ​ទេ?

នៅ​ពេល​ជួប​នឹង​បញ្ហា​លុយ​កាក់ តើ​យើង​អាច​បង្ហាញ​ទំនុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

នៅ​ពេល​មាន​បញ្ហា​សុខភាព តើ​យើង​អាច​បង្ហាញ​ទំនុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

នៅ​ពេល​ភាព​ទន់ខ្សោយ​មាន​ជា​បន្ត តើ​យើង​អាច​បង្ហាញ​ថា​យើង​ពិត​ជា​ពឹងពាក់​ព្រះ​យេហូវ៉ា​យ៉ាង​ដូចម្ដេច?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​១៦]

បទ​ពិសោធន៍​របស់​ឡូយដា​បញ្ជាក់​ពី​របៀប​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​អាច​ជួយ​យើង​ឲ្យ​ចេះ​ស៊ូ​ទ្រាំ

[រូបភាព​នៅ​ទំព័រ​១៧]

គ្មាន​ហេតុ​ឲ្យ​យើង​ខ្មាស​ក្នុង​ការ​សុំ​ជំនួយ​ដើម្បី​ឈ្នះ​ភាព​ទន់ខ្សោយ​របស់​យើង​ទេ