លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរសរសើរព្រះយេហូវ៉ា«នៅកណ្ដាលពួកជំនុំ»

ចូរសរសើរព្រះយេហូវ៉ា«នៅកណ្ដាលពួកជំនុំ»

ចូរ​សរសើរ​ព្រះ​យេហូវ៉ា​«នៅ​កណ្ដាល​ពួក​ជំនុំ»

ព្រះ​យេហូវ៉ា​បាន​រៀប​ចំ​ឲ្យ​មាន​កិច្ច​ប្រជុំ​សំរាប់​ជន​គ្រីស្ទាន​ពិត​ដើម្បី​ជួយ​រាស្ត្រ​ទ្រង់​រក្សា​ឲ្យ​មាន​ភាព​រឹង​មាំ​ខាង​វិញ្ញាណ​ជានិច្ច។ ដោយ​ទៅ​កិច្ច​ប្រជុំ​ជា​ទៀងទាត់ យើង​បង្ហាញ​កតញ្ញូ​ធម៌​ចំពោះ​ព្រះ​យេហូវ៉ា​សំរាប់​អ្វីៗ​ដែល​ទ្រង់​រៀប​ចំ។ ម្យ៉ាង​ទៀត យើង​ក៏​មាន​ឱកាស​«បណ្ដាល​ឲ្យ [បងប្អូន​របស់​យើង]មាន​សេចក្ដី​ស្រឡាញ់ ហើយ​ឲ្យ​ប្រព្រឹត្ត​ការ​ល្អ» ដែល​ជា​វិធី​សំខាន់​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។ (ហេព្រើរ ១០:២៤; យ៉ូហាន ១៣:៣៥) ប៉ុន្តែ នៅ​កិច្ច​ប្រជុំ តើ​យើង​អាច​បណ្ដាល​ឲ្យ​បងប្អូន​របស់​យើង​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

ចូរ​ថ្លែង​ប្រាប់​ជា​ចំហ

ស្តេច​ដាវីឌ​បាន​សរសេរ​អំពី​អង្គ​ទ្រង់​ថា​៖ «ទូល​បង្គំ​នឹង​ប្រកាស​ប្រាប់​ពី​ព្រះ​នាម​ទ្រង់​ដល់​ពួក​បងប្អូន ទូល​បង្គំ​នឹង​សរសើរ​ដំកើង​ទ្រង់ នៅ​កណ្ដាល​ពួក​ជំនុំ ទ្រង់​ជា​ដើម​ហេតុ​នៃ​ការ​ដែល​ទូល​បង្គំ​សរសើរ​នៅ​ក្នុង​ជំនុំ​ធំ»។ «ទូល​បង្គំ​នឹង​អរ​ព្រះ​គុណ​ដល់​ទ្រង់ នៅ​ក្នុង​ពួក​ជំនុំ​ធំ ទូល​បង្គំ​នឹង​សរសើរ​ដល់​ទ្រង់ នៅ​កណ្ដាល​មហា​ជន»។ «ទូល​បង្គំ​បាន​ប្រកាស​ដំណឹង​ល្អ ពី​សេចក្ដី​សុចរិត​នៅ​ក្នុង​ជំនុំ​ធំ មើល! . . . ទូល​បង្គំ​នឹង​មិន​ទប់​មាត់​ឡើយ»។—ទំនុកដំកើង ២២:២២, ២៥; ៣៥:១៨; ៤០:៩

នៅ​សម័យ​សាវ័ក​ប៉ុល ពេល​ជន​គ្រីស្ទាន​ជួប​ជុំ​គ្នា​ដើម្បី​ថ្វាយ​បង្គំ ពួក​គេ​ក៏​បាន​ថ្លែង​ប្រាប់​ពី​ជំនឿ​ដែល​ខ្លួន​មាន​ទៅ​លើ​ព្រះ​យេហូវ៉ា​ហើយ​ប្រាប់​អំពី​សិរី​រុងរឿង​របស់​ទ្រង់​ផង។ តាម​វិធី​នេះ ពួក​គេ​បាន​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​និង​បាន​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​និង​ការ​ប្រព្រឹត្ត​ល្អ។ នៅ​សម័យ​យើង​នេះ រាប់​រយ​ឆ្នាំ​ក្រោយ​សម័យ​របស់​ដាវីឌ​និង​ប៉ុល យើង​ពិត​ជា​«ឃើញ​ថា​ថ្ងៃ[នៃ​ព្រះ​យេហូវ៉ា]ជិត​មក​ដល់​ហើយ»។ (ហេព្រើរ ១០:២៤, ២៥) របប​លោកីយ៍​របស់​សាតាំង​កំពុង​តែ​សំយុង​ក្បាល​ចុះ​ឆ្ពោះ​ទៅ​រក​ក្ដី​ហិនវិនាស ហើយ​បញ្ហា​កំពុង​តែ​មាន​កាន់​តែ​ច្រើន​ឡើងៗ។ យើង​«ត្រូវ​មាន​ចិត្ត​ស៊ូ​ទ្រាំ»​ជាង​មុនៗ​ទៅ​ទៀត។ (ហេព្រើរ [ហេប្រឺ] ១០:៣៦, ខ.ស.) តើ​មាន​អ្នក​ណា​ដែល​អាច​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ស៊ូ​ទ្រាំ​ដូច​បងប្អូន​របស់​យើង​ឬ​ទេ?

សព្វ​ថ្ងៃ​នេះ​ក៏​ដូច​ជា​សម័យ​មុនៗ​ដែរ ដ្បិត​មាន​ការ​រៀបចំ​ដើម្បី​ឲ្យ​អ្នក​ជឿ​ម្នាក់ៗ​មាន​ឱកាស​ថ្លែង​ប្រាប់​ពី​ជំនឿ​របស់​ខ្លួន​«នៅ​កណ្ដាល​ពួក​ជំនុំ»។ ឱកាស​មួយ​ដែល​ទាំង​អស់​គ្នា​មាន​នោះ គឺ​ឱកាស​ឆ្លើយ​សំនួរ​ដែល​សួរ​ដល់​អ្នក​ស្ដាប់​នៅ​ឯ​កិច្ច​ប្រជុំ​ក្រុមជំនុំ។ កុំ​បី​ឲ្យ​យើង​មើល​ស្រាល​ដល់​ផល​ប្រយោជន៍​ដែល​មក​ពី​ការ​ឆ្លើយ​សំនួរ​នោះ​ឡើយ។ ជា​ឧទាហរណ៍ ចម្លើយ​ដែល​បញ្ជាក់​អំពី​វិធី​ឈ្នះ​ឬ​ចៀស​វាង​បញ្ហា​នឹង​ពង្រឹង​ការ​តាំង​ចិត្ត​របស់​បងប្អូន​យើង​ឲ្យ​ប្រព្រឹត្ត​តាម​គោលការណ៍​ព្រះ​គម្ពីរ។ ចម្លើយ​ដែល​ពន្យល់​នូវ​បទ​គម្ពីរ​ដែល​បាន​កត់​ទុក​ក្នុង​អត្ថបទ​តែ​មិន​បាន​ស្រង់​ចេញ​ឬ​ការ​រួម​បញ្ចូល​ចំណុច​ដែល​បាន​ស្រាវជ្រាវ​ដោយ​ខ្លួន​ឯង ប្រហែល​ជា​នឹង​លើក​ទឹក​ចិត្ត​បងប្អូន​ឲ្យ​មាន​ទម្លាប់​ល្អ​ជាង​ក្នុង​ការ​សិក្សា​ផ្ទាល់​ខ្លួន។

ការ​ដឹង​ថា​យើង​ព្រម​ទាំង​អ្នក​ឯ​ទៀត​នឹង​ទទួល​ផល​ប្រយោជន៍​បើ​យើង​ឆ្លើយ​នៅ​ឯ​កិច្ច​ប្រជុំ​នោះ គួរ​ជំរុញ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​គ្រប់​រូប​ឲ្យ​យក​ឈ្នះ​ការ​អៀនខ្មាស​ឬ​ចិត្ត​រួញ​រា។ ជា​ពិសេស ជា​ការ​សំខាន់​ដែល​អ្នក​ចាស់​ទុំ​និង​អ្នក​ងារ​ជំនួយ​ឆ្លើយ​នៅ​ឯ​កិច្ច​ប្រជុំ ពីព្រោះ​ពួក​គេ​មាន​ភារកិច្ច​ត្រូវ​នាំ​មុខ​ក្នុង​ការ​ទៅ​កិច្ច​ប្រជុំ​និង​ការ​ចូល​រួម​កិច្ច​ប្រជុំ។ ប៉ុន្តែ បើ​អ្នក​ណា​ម្នាក់​ឃើញ​ថា​ការ​ឆ្លើយ​សំនួរ​ដែល​ជា​ផ្នែក​នៃ​កិច្ច​បំរើ​គ្រីស្ទាន​គឺ​ជា​អ្វី​ដ៏​ពិបាក​សំរាប់​គាត់ តើ​គាត់​អាច​ធ្វើ​យ៉ាង​ណា?

យោបល់​ដើម្បី​ជួយ​រីក​ចំរើន

ចូរ​ចាំ​ថា​ការ​ឆ្លើយ​សំនួរ​ទាក់ទង​នឹង​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា។ បង​ស្រី​ម្នាក់ ដែល​ជា​គ្រីស្ទាន​នៅ​ប្រទេស​អាល្លឺម៉ង់​បាន​ពន្យល់​អំពី​ទស្សនៈ​របស់​គាត់​ចំពោះ​ចម្លើយ​របស់​ខ្លួន។ «ចម្លើយ​ទាំង​នោះ​ជា​វិធី​ដែល​ខ្ញុំ​តប​ឆ្លើយ​ដោយ​ផ្ទាល់​ចំពោះ​ការ​ប៉ុនប៉ង​របស់​សាតាំង​ដើម្បី​រាំង​ស្កាត់​មិន​ឲ្យ​រាស្ត្រ​ព្រះ​ថ្លែង​ប្រាប់​ពី​ជំនឿ​របស់​ខ្លួន»។ នៅ​ក្នុង​ក្រុមជំនុំ​ដដែល​នោះ បង​ប្រុស​ម្នាក់​ដែល​ទើប​តែ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ប្រាប់​ថា​៖​«ខ្ញុំ​អធិស្ឋាន​ច្រើន​ណាស់​អំពី​ការ​ឆ្លើយ»។

ចូរ​រៀប​ចំ​ឲ្យ​បាន​ល្អ។ បើ​អ្នក​មិន​សិក្សា​ពត៌មាន​ប្រជុំ​ទុក​ជា​មុន នោះ​អ្នក​នឹង​ពិបាក​ឆ្លើយ​សំនួរ ហើយ​ចម្លើយ​របស់​អ្នក​ក៏​នឹង​មាន​ប្រសិទ្ធ​ភាព​តិច។ មាន​យោបល់​ស្តី​អំពី​ការ​ឆ្លើយ​សំនួរ​នៅ​កិច្ច​ប្រជុំ​ក្រុមជំនុំ​ក្នុង​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង ខែ​វិច្ឆិកា ឆ្នាំ​១៩៩៨ ទំព័រ​១។ *

មាន​គោល​ដៅ​ឆ្លើយ​យ៉ាង​តិច​មួយ​ដង​រាល់​ប្រជុំ។ នេះ​មាន​ន័យ​ថា​ត្រូវ​រៀប​ចំ​ចម្លើយ​មួយ​ចំនួន ពីព្រោះ​បើ​អ្នក​លើក​ដៃ​ឆ្លើយ​កាន់​តែ​ច្រើន នោះ​បង្កើន​លទ្ធភាព​បង​ប្រុស​ជា​អ្នក​ដឹក​នាំ​ឲ្យ​ហៅអ្នក​ឆ្លើយ។ អ្នក​ប្រហែល​ជា​អាច​ប្រាប់​គាត់​ទុក​ជា​មុន​អំពី​សំនួរ​ណា​ដែល​អ្នក​បាន​ត្រៀម​ឆ្លើយ។ នេះ​អាច​ជួយ​បាន​យ៉ាង​ច្រើន ជា​ពិសេស​បើ​អ្នក​ទើប​តែ​ចាប់​ផ្ដើម​ឆ្លើយ​សំនួរ។ ដោយ​ព្រោះ​អ្នក​ប្រហែល​ជា​ស្ទាក់ស្ទើរ​មិន​ចង់​លើក​ដៃ​«នៅ​ក្នុង​ជំនុំ​ធំ»​នោះ ការ​ដឹង​ថា​វគ្គ​នេះ​ជា​វគ្គ​ដែល​អ្នក​បាន​ត្រៀម​ឆ្លើយ ហើយ​ដឹង​ថា​អ្នក​ដឹក​នាំ​នឹង​រក​មើល​ដៃ​របស់​អ្នក នោះ​នឹង​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​ឆ្លើយ។

ចូរ​ឆ្លើយ​នៅ​ពេល​ចាប់​ផ្ដើម​កិច្ច​ប្រជុំ។ ការ​ស្ទាក់ស្ទើរ​មិន​ជួយ​ធ្វើ​ឲ្យ​ការ​អ្វី​ដែល​ពិបាក​ទៅ​ជា​អ្វី​ដែល​ស្រួល​ធ្វើ​នោះ​ទេ។ ការ​ឆ្លើយ​នៅ​ពេល​ចាប់​ផ្ដើម​ប្រជុំ​អាច​ជួយ​បាន​ច្រើន។ ក្រោយ​អ្នក​បង្ខំ​ខ្លួន​លើក​ដៃ​ឆ្លើយ​ជា​លើក​ដំបូង​នោះ អ្នក​នឹង​ភ្ញាក់ផ្អើល​ណាស់​ពេល​ឃើញ​ថា​ការ​ឆ្លើយ​ជា​លើក​ទីពីរ​ឬ​ទី​បី​គឺ​ស្រួល​ជាង​ឆ្ងាយ។

ចូរ​អង្គុយ​នៅ​កន្លែង​សមរម្យ។ បងប្អូន​ខ្លះ​ឃើញ​ថា​បើ​អង្គុយ​នៅ​ខាង​មុខ​សាល​ប្រជុំ ពួក​គេ​ស្រួល​ឆ្លើយ​ជាង ដ្បិត​ឥត​សូវ​មាន​អ្វី​បំបែរ​អារម្មណ៍​ទេ ហើយ​អ្នក​ដែល​ដឹក​នាំ​ប្រជុំ​អាច​មើល​ឃើញ​ពួក​គេ​លើក​ដៃ​ស្រួល​ជាង។ បើ​អ្នក​សាក​អង្គុយ​នៅ​ខាង​មុខ សូម​ចាំ​ថា​អ្នក​គួរ​និយាយ​ខ្លាំង​ល្មម​ឲ្យ​បងប្អូន​ទាំង​អស់​អាច​ស្ដាប់​ឮ​បាន ជា​ពិសេស​បើ​ក្រុមជំនុំ​មិន​ប្រើ​មីក្រូ​ចល័ត​ទេ។

ចូរ​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់។ នេះ​នឹង​ជួយ​អ្នក​មិន​និយាយ​អ្វី​ដែល​អ្នក​ដទៃ​ទើប​តែ​និយាយ​ហើយ។ ម្យ៉ាង​ទៀត ចម្លើយ​របស់​អ្នក​ឯ​ទៀត​ក៏​អាច​រំឭក​អ្នក​អំពី​បទ​គម្ពីរ​ឬ​ចំណុច​មួយទៀត​ដែល​អ្នក​អាច​ឆ្លើយ​ដើម្បី​បញ្ជាក់​ថែម​ទៀត​ទៅ​លើ​ចំណុច​ពួក​គេ​ទើប​តែ​លើក​ឡើង​នោះ។ ម្ដងម្កាល ការ​រៀប​រាប់​បទ​ពិសោធន៍​មួយ​អាច​បញ្ជាក់​នូវ​ចំណុច​ដែល​កំពុង​ត្រូវ​ពិភាក្សា។ ចម្លើយ​បែប​នោះ​មាន​ប្រយោជន៍​ច្រើន​ណាស់។

ចូរ​រៀន​ឲ្យ​ឆ្លើយ​ពី​ចិត្ត។ ការ​អាន​ចម្លើយ​ពី​ប្រកាសនវត្ថុ​តែ​ម្ដង ប្រហែល​ជា​បង្ហាញ​ថា​អ្នក​បាន​រក​ចម្លើយ​ត្រឹម​ត្រូវ​ឃើញ ហើយ​នៅ​ដើម​ដំបូង​ក៏​ប្រហែល​ជា​វិធី​ល្អ​ដើម្បី​ធ្លាប់​ខ្លួន​នឹង​ការ​ឆ្លើយ​ផង​ដែរ។ ប៉ុន្តែ ការ​រីក​ចំរើន​រហូត​ដល់​អាច​ឆ្លើយ​ពី​ចិត្ត​បង្ហាញ​ថា អ្នក​យល់​ពត៌មាន​នោះ។ យើង​មិន​ចាំបាច់​ដក​ស្រង់​ចំៗ​ពី​ប្រកាសនវត្ថុ​របស់​យើង​នោះ​ទេ។ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មិន​ចេះ​តែ​សូត្រ​អ្វី​ដែល​មាន​ក្នុង​ប្រកាសនវត្ថុ​របស់​ពួក​គេ​ទេ។

កុំ​និយាយ​ចាក​សាច់​រឿង។ ចម្លើយ​ណា​ដែល​មិន​ទាក់ទង​នឹង​សាច់​រឿង ឬ​ចម្លើយ​ណា​ដែល​បំបែរ​អារម្មណ៍​ចេញ​ពី​ចំណុច​សំខាន់ៗ​ដែល​កំពុង​ត្រូវ​ពិគ្រោះ​គឺ​ជា​ចម្លើយ​មិន​សមរម្យ។ នេះ​បាន​ន័យ​ថា ចម្លើយ​របស់​អ្នក​គួរ​តែ​ជាប់​ទាក់ទង​នឹង​សាច់​រឿង​ដែល​កំពុង​ត្រូវ​ពិគ្រោះ ទើប​អាច​ជួយ​ជំរុញ​ឲ្យ​ការ​ពិភាក្សា​នូវ​គោល​ចំណុច​នោះ​ជា​អ្វី​ដែល​ពង្រឹង​កម្លាំង​ខាង​វិញ្ញាណ។

មាន​គោល​ដៅ​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត។ ដោយសារ​ការ​លើក​ទឹក​ចិត្ត​ជា​ហេតុ​សំខាន់​មួយ​ដែល​យើង​ឆ្លើយ​សំនួរ នោះ​យើង​ត្រូវ​តែ​ចៀស​វាង​ពី​ការ​និយាយ​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​ធ្លាក់​ទឹក​ចិត្ត។ ម្យ៉ាង​ទៀត កុំ​ឆ្លើយ​ឲ្យ​អស់​សេចក្ដី​ក្នុង​វគ្គ​ដែល​គ្មាន​សល់​កន្លែង​ណា​សំរាប់​អ្នក​ឯ​ទៀត​ឆ្លើយ​នោះ​ឡើយ។ ចម្លើយ​វែងៗ​ឬ​ស្មុគស្មាញ​ច្រើន​តែ​មាន​អត្ថន័យ​ស្រពិច​ស្រពិល​មិន​ច្បាស់។ ចម្លើយ​ខ្លី​អាច​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ ហើយ​ក៏​នឹង​លើក​ទឹក​ចិត្ត​អ្នក​ថ្មី​ឲ្យ​ឆ្លើយ​ចម្លើយ​ខ្លីៗ​ដែល​ពួក​គេ​បាន​រៀប​ចំ​នោះ​ដែរ។

តួ​នាទី​របស់​អ្នក​ដឹក​នាំ

ស្តី​អំពី​ការ​លើក​ទឹក​ចិត្ត​នោះ អ្នក​ដឹក​នាំ​មាន​ភារកិច្ច​ដ៏​ធំ។ គាត់​បង្ហាញ​ចំណាប់​អារម្មណ៍​យ៉ាង​ស្មោះ​ទៅ​លើ​ចម្លើយ​និមួយៗ ដោយ​ស្ដាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់ និង​បង្ហាញ​សុជីវធម៌​ដោយ​មើល​មុខ​អ្នក​ដែល​ឆ្លើយ​សំនួរ​ជាជាង​រវល់​ធ្វើ​អ្វី​ផ្សេង​ទៀត។ ពិត​ជា​មិន​សមរម្យ​ទេ! បើ​គាត់​មិន​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​ដោយ​ហេតុ​នេះ​គាត់​និយាយ​អ្វី​ដដែល ដែល​គេ​ទើប​តែ​និយាយ ឬ​មួយ​ក៏​សួរ​សំនួរ​ដែល​គេ​ទើប​តែ​ឆ្លើយ​នោះ។

បើ​អ្នក​ដឹក​នាំ​តែង​តែ​យក​ចម្លើយ​របស់​អ្នក​មក​សង្ខេប​ខ្លឹមសារ​ម្ដង​ទៀត ដូច​ជា​ចម្លើយ​របស់​ពួក​គេ​គឺ​មិន​គ្រប់គ្រាន់​នោះ ក៏​នឹង​ធ្វើ​ឲ្យ​ធ្លាក់​ទឹក​ចិត្ត​ដែរ។ ផ្ទុយ​ទៅ​វិញ ពិត​ជា​លើក​ទឹក​ចិត្ត​ណាស់ នៅ​ពេល​អ្វី​ដែល​អ្នក​ដឹក​នាំ​និយាយ​នាំ​ឲ្យ​មាន​ការ​ពិភាក្សា​ស៊ី​ជំរៅ​ជុំវិញ​ចំណុច​សំខាន់​ណា​មួយ។ សំនួរ​ដែល​ថា​៖‹តើ​យើង​អាច​អនុវត្ត​តាម​ចំណុច​នេះ​ក្នុង​ក្រុមជំនុំ​របស់​យើង​យ៉ាង​ដូច​ម្ដេច?› ឬ​ក៏‹ក្នុង​វគ្គ​នេះ តើ​បទ​គម្ពីរ​មួយ​ណា​គាំទ្រ​ចម្លើយ​ដែល​យើង​ទើប​តែ​ស្ដាប់​នោះ?› គឺ​ជា​សំនួរ​ដែល​បំ​ផុស​ឲ្យ​មាន​ចម្លើយ​ដែល​លើក​ទឹក​ចិត្ត​និង​មាន​ប្រយោជន៍​ច្រើន។

ជា​ពិសេស អ្នក​ថ្មី​ឬ​អ្នក​ដែល​មាន​ការ​អៀនខ្មាស​គួរ​ទទួល​ការ​សរសើរ​ពេល​ដែល​ឆ្លើយ​នោះ។ អ្នក​ដឹក​នាំ​អាច​សរសើរ​ពួក​គេ​ពេល​និយាយ​គ្នា​តែ​ពីរ​នាក់​ក្រោយ​ការ​សិក្សា​ចប់​ហើយ ក្រែង​អ្នក​ឆ្លើយ​ខ្មាស​អ្នក​ដទៃ ហើយ​ដើម្បី​មាន​ឱកាស​ជូន​យោបល់​នៅ​ពេល​ណា​ដែល​ត្រូវ​ការ។

តាម​ធម្មតា​ក្នុង​ការ​សន្ទនា​របស់​យើង កាល​ដែល​មនុស្ស​ម្នាក់​និយាយ​តែ​ម្នាក់​ឯង​នោះ នេះ​មិន​បាន​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​មាន​ទឹក​ចិត្ត​ចង់​ពិភាក្សា​ផ្លាស់ប្ដូរ​យោបល់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​បែរ​ជា​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​មាន​អារម្មណ៍​ថា​ខ្លួន​មិន​ចាំបាច់​និយាយ​នោះ​ទេ។ ពួក​គេ​អង្គុយ​ទ្រាំ​ស្ដាប់​ប៉ុណ្ណោះ​ឬ​ក៏​មិន​ស្ដាប់​ផង​ក៏​អាច​ថា​បាន។ អ្វី​ស្រដៀង​គ្នា​នេះ​ក៏​ប្រហែល​ជា​អាច​កើត​ឡើង​នៅ​ពេល​អ្នក​ដឹក​នាំ​និយាយ​ច្រើន​ពេក។ ក៏​ប៉ុន្តែ អ្នក​ដឹក​នាំ​ប្រជុំ​អាច​សួរ​សំនួរ​បន្ថែម​ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​ឆ្លើយ​ថែម​ទៀត និង​ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​គិត​យ៉ាង​ជ្រាល​ជ្រៅ​ថែម​ទៀត​អំពី​សាច់​រឿង​នោះ។ មិន​គួរ​បន្ថែម​សំនួរ​ច្រើន​ពេក​ទេ។

អ្នក​ដឹក​នាំ​មិន​ចាំបាច់​ហៅ​អ្នក​ដែល​លើក​ដៃ​មុន​គេ​រាល់​តែ​ដង​នោះ​ទេ។ បើ​គាត់​ធ្វើ​ដូច្នេះ អ្នក​ដែល​ត្រូវ​ការ​ពេល​បន្ដិច​បន្តួច​ដើម្បី​គិត​អំពី​ចម្លើយ​នឹង​ធ្លាក់​ទឹក​ចិត្ត។ ដោយ​ចាំ​បន្ដិច គាត់​នឹង​ផ្ដល់​ឱកាស​ឲ្យ​អ្នក​ដែល​មិន​ទាន់​ឆ្លើយ​ឲ្យ​លើក​ដៃ​ឆ្លើយ​ដែរ។ គាត់​ក៏​នឹង​បង្ហាញ​ការ​វិនិច្ឆ័យ​ដោយ​មិន​ហៅ​កូន​តូចៗ​ដើម្បី​ឆ្លើយ​សំនួរ​អំពី​រឿង​ដែល​ពួក​គេ​មិន​អាច​យល់​បាន​នោះ។

ចុះ​បើ​អ្នក​ណា​ម្នាក់​ឆ្លើយ​ខុស? អ្នក​ដឹក​នាំ​ត្រូវ​ចៀស​វាង​ពី​ការ​ធ្វើ​ឲ្យ​អ្នក​ឆ្លើយ​អាម៉ាស់​មុខ។ សូម្បីតែ​នៅ​ពេល​ចម្លើយ​មួយ​គឺ​ខុស​ក៏​ដោយ ក៏​វា​នៅ​តែ​មាន​លក្ខណៈ​ខ្លះៗ​ដែល​ពិត​ត្រឹម​ត្រូវ​ដែរ។ ដោយ​រើស​យក​យ៉ាង​យក​ចិត្ត​ទុក​ដាក់​នូវ​ខ្លឹមសារ​ណា​ដែល​ត្រឹម​ត្រូវ ឬ​ដោយ​ប្រើ​ពាក្យ​ផ្សេង​ដើម្បី​សួរ​សំនួរ​ដដែល​ម្ដង​ទៀត ឬ​ក៏​ដោយ​សួរ​សំនួរ​បន្ថែម​ទៀត នោះ​អ្នក​ដឹក​នាំ​អាច​បញ្ជាក់​ចម្លើយ​ត្រឹម​ត្រូវ​ដោយ​មិន​ធ្វើ​ឲ្យ​អ្នក​ណា​អាម៉ាស់​មុខ​ទេ។

ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ចម្លើយ​ច្រើន យក​ល្អ​អ្នក​ដឹក​នាំ​ចៀស​វាង​ពី​ការ​សួរ​សំនួរ​ទូលំទូលាយ​ដូច​ជា ‹តើ​អ្នក​ណា​ម្នាក់​ទៀត​មាន​ចម្លើយ​ទេ?› សំនួរ​ថា‹តើ​អ្នក​ណា​មិន​ទាន់​ឆ្លើយ? សល់​តែ​សំនួរ​មួយ!› ប្រហែល​នេះ​បាន​សួរ​ដោយ​មាន​បំណង​ល្អ ប៉ុន្តែ សំនួរ​នេះ​នឹង​មិន​លើក​ទឹក​ចិត្ត​ឲ្យ​ឆ្លើយ​ពី​ចិត្ត​ទេ។ មិន​គួរ​ធ្វើ​ឲ្យ​បងប្អូន​មាន​អារម្មណ៍​ថា​ខ្លួន​មាន​ទោស​ដោយសារ​មិន​ទាន់​ឆ្លើយ​នៅ​ដើម​ការ​សិក្សា​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​គួរ​ទទួល​ការ​លើក​ទឹក​ចិត្ត​ឲ្យ​ប្រាប់​ពី​ចំណេះ​ខ្លួន​ដោយសារ​ការ​ឆ្លើយ​ជា​វិធី​បង្ហាញ​សេចក្ដី​ស្រឡាញ់។ ម្យ៉ាង​ទៀត ក្រោយ​អ្នក​ដឹក​នាំ​ហៅ​អ្នក​ណា​ម្នាក់​ឲ្យ​ឆ្លើយ គឺ​ល្អ​ជាង​បើ​គាត់​មិន​និយាយ​ថា​៖​«ក្រោយ​គាត់ យើង​សូម​ស្ដាប់​ចម្លើយ​របស់​បង​ប្រុស. . . រួច​មក​បង​ស្រី. . . »។ អ្នក​ដឹក​នាំ​គួរ​ស្ដាប់​ចម្លើយ​មុន​សិន រួច​មក​សម្រេច​ចិត្ត​ថា​តើ​ត្រូវ​ការ​ចម្លើយ​ផ្សេង​ទៀត​ឬ​យ៉ាង​ណា។

ការ​ឆ្លើយ​សំនួរ​គឺ​ជា​ឯក​សិទ្ធិ

ការ​ទៅ​កិច្ច​ប្រជុំ​គ្រីស្ទាន​ជា​ផ្នែក​ចាំបាច់​នៃ​ការ​ថ្វាយ​បង្គំ តែ​ការ​ឆ្លើយ​សំនួរ​នៅ​ឯ​កិច្ច​ប្រជុំ​គឺ​ជា​ឯក​សិទ្ធិ​មួយ។ យើង​ចូល​រួម​សរសើរ​ព្រះ​យេហូវ៉ា​«នៅ​កណ្ដាល​ពួក​ជំនុំ»​ប៉ុន​ណា យើង​កំពុង​តែ​ធ្វើ​តាម​គំរូ​របស់​ដាវីឌ​និង​ស្ដាប់​តាម​ឱវាទ​របស់​ប៉ុល​ប៉ុន​ហ្នឹង​ដែរ។ ការ​ចូល​រួម​នៅ​ឯ​កិច្ច​ប្រជុំ​បញ្ជាក់​ថា​យើង​ស្រឡាញ់​បងប្អូន​របស់​យើង និង​យើង​រួម​ចំណែក​ក្នុង​ក្រុមជំនុំ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា។ ក្រៅ​ពី​ក្រុមជំនុំ​ដ៏​ធំ​របស់​ព្រះ តើ​មាន​កន្លែង​ណា​ផ្សេង​ទៀត​ដែល​យើង​ចង់​នៅ ពេល​ដែល​«ឃើញ​ថា​ថ្ងៃ​នោះ​ជិត​មក​ដល់​ហើយ»​ឬ?—ហេព្រើរ ១០:២៥

[កំណត់​សម្គាល់]

^ វគ្គ 10 បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា

[រូបភាព​នៅ​ទំព័រ​២៩]

ទាំង​ការ​ស្ដាប់​និង​ការ​ឆ្លើយ​គឺ​សំខាន់​នៅ​កិច្ច​ប្រជុំ​គ្រីស្ទាន

[រូបភាព​នៅ​ទំព័រ​៣១]

អ្នក​ដឹក​នាំ​ត្រូវ​បង្ហាញ​ចំណាប់​អារម្មណ៍ យ៉ាង​ស្មោះ​ទៅ​លើ​ចម្លើយ​និមួយៗ​