លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ហេតុអ្វីយើងគួរអធិស្ឋានឥតឈប់ឈរ?

ហេតុអ្វីយើងគួរអធិស្ឋានឥតឈប់ឈរ?

ហេតុ​អ្វី​យើង​គួរ​អធិស្ឋាន​ឥត​ឈប់ឈរ?

​«ចូរ​អធិស្ឋាន​ឥត​ឈប់ឈរ។ ចូរ​អរ​ព្រះ​គុណ​ក្នុង​គ្រប់​ការ​ទាំង​អស់»។—ថែស្សាឡូនីចទី១ ៥:១៧, ១៨

១, ២​. តើ​ដានីយ៉ែល​បង្ហាញ​ថា គាត់​យល់​តម្លៃ​ឯក​សិទ្ធិ​នៃ​ការ​អធិស្ឋាន​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​នេះ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ចំណង​មិត្តភាព​ដែល​គាត់​មាន​ជា​មួយ​នឹង​ព្រះ?

ព្យាការី​ដានីយ៉ែល​មាន​ទម្លាប់​អធិស្ឋាន​ទូល​ព្រះ​បី​ដង​ជា​រៀង​រាល់​ថ្ងៃ។ គាត់​ឡើង​ទៅ​លើ​បន្ទប់​មួយ​ក្នុង​ផ្ទះ​គាត់​ដែល​មាន​បង្អួច​បែរ​ទៅ​រក​ក្រុង​យេរូសាឡិម និង​លុត​ជង្គង់​អធិស្ឋាន​ទូល​អង្វរ​ព្រះ។ (ពង្សាវតារក្សត្រទី១ ៨:៤៦​-​៤៩; ដានីយ៉ែល ៦:១០) សូម្បីតែ​នៅ​ពេល​មាន​ព្រះ​រាជ​ក្រឹត្យ​ហាមប្រាម​មិន​ឲ្យ​ទូល​សុំ​អ្វី​ពី​អ្នក​ណា​ម្នាក់​ក្រៅ​ពី​ដារីយុស​ដែល​ជា​ស្តេច​សាសន៍​មេឌី​ក៏​ដោយ ក៏​ដានីយ៉ែល​មិន​បាន​ស្ទាក់ស្ទើរ​ក្នុង​ការ​អធិស្ឋាន​សោះ​ឡើយ។ មិន​ថា​គាត់​ត្រូវ​ប្រថុយ​ជីវិត​ឬ​ក៏​អត់​ក្ដី បុរស​នេះ​ដែល​កាន់​ខ្ជាប់​តាម​ទម្លាប់​អធិស្ឋាន ក៏​នៅ​តែ​អំពាវនាវ​រក​ព្រះ​យេហូវ៉ា​ឥត​ឈប់ឈរ។

តើ​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ដានីយ៉ែល? ដើម្បី​ឆ្លើយ​តប​នឹង​សេចក្ដី​អធិស្ឋាន​មួយ​របស់​ដានីយ៉ែល​នោះ ព្រះ​បាន​ចាត់​ទេវតា​មួយ​រូប​ឈ្មោះ​កាព្រីយ៉ែល​ឲ្យ​មក​ប្រាប់​ព្យាការី​ដានីយ៉ែល​ថា គាត់​គឺ​ជា​«មនុស្ស​សំណប់​យ៉ាង​សំខាន់» ឬ​អ្នក​ដែល​‹ព្រះ​អង្គ​គាប់​ព្រះ​ហឫទ័យ​ខ្លាំង​ណាស់›។ (ដានីយ៉ែល[ដានីអែល] ៩:២០​-​២៣; ខ.ស.) ក្នុង​ទំនាយ​របស់​អេសេគាល ព្រះ​យេហូវ៉ា​មាន​បន្ទូល​សំដៅ​ទៅ​លើ​ដានីយ៉ែល​ជា​បុរស​សុចរិត​ម្នាក់។ (អេសេគាល ១៤:១៤, ២០) ក្នុង​កំឡុង​នៃ​ជីវិត​ដានីយ៉ែល សេចក្ដី​អធិស្ឋាន​របស់​គាត់​ទំនង​ជា​បាន​នាំ​ឲ្យ​មាន​ចំណង​មិត្តភាព​ដ៏​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​របស់​គាត់ រហូត​ដល់​ដារីយុស​ក៏​បាន​កត់​សម្គាល់​ចំណង​មិត្តភាព​នោះ​ដែរ។—ដានីយ៉ែល ៦:១៦

៣​. ដូច​ដែល​បាន​រៀប​រាប់​ក្នុង​បទ​ពិសោធន៍​របស់​សាសនទូត​ម្នាក់ តើ​សេចក្ដី​អធិស្ឋាន​អាច​ជួយ​យើង​រក្សា​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​យ៉ាង​ដូច​ម្ដេច?

ការ​អធិស្ឋាន​ជា​ទៀងទាត់​ក៏​អាច​ជួយ​យើង​ស៊ូ​ទ្រាំ​នឹង​ការ​ល្បងល​ជា​ខ្លាំង។ ជា​ឧទាហរណ៍ សូម​គិត​អំពី​បង​ប្រុសហា​រ៉ូ​ត ឃីង ដែល​ធ្លាប់​ជា​សាសនទូត​នៅ​ប្រទេស​ចិន​បាន​ជាប់​គុក​តែ​ម្នាក់​ឯង​អស់​ប្រាំ​ឆ្នាំ។ បង​ប្រុស ឃីង និយាយ​អំពី​បទ​ពិសោធន៍​គាត់​ថា​៖ «ខ្ញុំ​នៅ​ដាច់​ពី​មនុស្ស​ឯ​ទៀត​ពិត​មែន តែ​គ្មាន​អ្នក​ណា​អាច​ធ្វើ​ឲ្យ​ខ្ញុំ​នៅ​ដាច់​ពី​ព្រះ​បាន​ឡើយ . . . ដូច្នេះ បី​ដង​រាល់​តែ​ថ្ងៃ​នៅ​ក្នុង​បន្ទប់​ខ្ញុំ ខ្ញុំ​ធ្លាប់​លុត​ជង្គង់​ដោយ​មិន​កំបាំង​ពី​ភ្នែក​អ្នក​ដែល​ដើរ​កាត់ ហើយ​អធិស្ឋាន​ឲ្យ​ឮ ដោយ​នឹក​ចាំ​ពី​ដានីយ៉ែល​ដែល​ត្រូវ​រៀប​រាប់​ក្នុង​ព្រះ​គម្ពីរ។ . . . នៅ​គ្រា​ទាំង​នេះ គឺ​ហាក់បី​ដូច​ជា​វិញ្ញាណ​របស់​ព្រះ​បាន​នាំ​គំនិត​ខ្ញុំ​ឲ្យ​គិត​ពី​រឿង​ដែល​មាន​ប្រយោជន៍​បំផុត និង​ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​នឹងនរ។ សេចក្ដី​អធិស្ឋាន​បាន​ពង្រឹង​កម្លាំង​ខាង​វិញ្ញាណ​និង​សម្រាល​ទុក្ខ​ខ្ញុំ​ខ្លាំង​ណាស់!»។

៤​. ក្នុង​អត្ថបទ​នេះ តើ​យើង​នឹង​ពិចារណា​សំនួរ​អ្វី​ខ្លះ​ស្តី​អំពី​សេចក្ដី​អធិស្ឋាន?

ព្រះ​គម្ពីរ​ចែង​ថា​៖ «ចូរ​អធិស្ឋាន​ឥត​ឈប់ឈរ។ ចូរ​អរ​ព្រះ​គុណ​ក្នុង​គ្រប់​ការ​ទាំង​អស់»។ (ថែស្សាឡូនីចទី១ ៥:១៧, ១៨) ដោយសារ​មាន​ដំបូន្មាន​នេះ សូម​យើង​ពិចារណា​សំនួរ​ដូច​ត​ទៅ​នេះ : ហេតុ​អ្វី​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សេចក្ដី​អធិស្ឋាន​របស់​យើង? តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ដែល​យើង​ត្រូវ​អធិស្ឋាន​ទូល​ព្រះ​យេហូវ៉ា​ជានិច្ច? ហើយ​បើ​យើង​មាន​អារម្មណ៍​ថា​មិន​សម​នឹង​អធិស្ឋាន​ទូល​ព្រះ​ដោយសារ​កំហុស​របស់​យើង តើ​គួរ​ធ្វើ​យ៉ាង​ណា?

ពង្រឹង​ចំណង​មិត្តភាព​តាម​រយៈ​សេចក្ដី​អធិស្ឋាន

៥​. តើ​សេចក្ដី​អធិស្ឋាន​ជួយ​យើង​មាន​មិត្តភាព​ដ៏​ពិសេស​អ្វី?

តើ​អ្នក​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​ចាត់​ទុក​អ្នក​ជា​មិត្ត​សំឡាញ់​របស់​ទ្រង់​ទេ? ទ្រង់​បាន​មាន​បន្ទូល​ថា អ័ប្រាហាំ​ជា​សំឡាញ់​របស់ទ្រង់។ (អេសាយ ៤១:៨; យ៉ាកុប ២:២៣) ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​បណ្ដុះ​ឲ្យ​មាន​ទំនាក់ទំនង​បែប​នេះ​ជា​មួយ​ទ្រង់​ដែរ។ ការ​ពិត​ទ្រង់​អញ្ជើញ​យើង​ឲ្យ​ចូល​ទៅ​ជិត​ទ្រង់។ (យ៉ាកុប ៤:៨) សេចក្ដី​អញ្ជើញ​នេះ​គួរ​ធ្វើ​ឲ្យ​យើង​គិត​យ៉ាង​ជ្រាល​ជ្រៅ​អំពី​ឯក​សិទ្ធិ​នៃ​ការ​អធិស្ឋាន មែន​ទេ? ការ​សុំ​ជួប​ជា​មួយ​មន្ត្រី​រាជការ​សំខាន់​ម្នាក់​គឺ​ពិបាក​ណាស់​ហើយ មិន​ចាំបាច់​និយាយ​ដល់​ការ​សុំ​ធ្វើ​ជា​មិត្ត​សំឡាញ់​របស់​គាត់​ទេ! ប៉ុន្តែ ព្រះ​ដែល​ជា​អ្នក​បង្កើត​សកលលោក​នេះ ទ្រង់​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ទូល​ទ្រង់​ដោយ​សេរី​តាម​រយៈ​សេចក្ដី​អធិស្ឋាន នៅ​ពេល​ណា​ដែល​យើង​ចាំបាច់​ឬ​គ្រាន់​តែ​ចង់​ទូល​ទ្រង់​នោះ។ (ទំនុកដំកើង ៣៧:៥) ការ​អធិស្ឋាន​ឥត​ឈប់ឈរ​ជួយ​យើង​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា។

៦​. តើ​គំរូ​របស់​ព្រះ​យេស៊ូ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ភាព​ចាំបាច់​នៃ​ការ​«អធិស្ឋាន​ជានិច្ច»?

ប៉ុន្តែ ការ​ខាន​អធិស្ឋាន​គឺ​ស្រួល​ណាស់! គ្រាន់​តែ​ការ​ដោះ​ស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​អាច​បំបែរ​អារម្មណ៍​យើង​ខ្លាំង​ដល់​ម្ល៉េះ​ដែល​យើង​មិន​ព្យាយាម​ឆ្លៀត​ពេល​ទូល​ព្រះ​ទេ។ ព្រះ​យេស៊ូ​បាន​លើក​ទឹក​ចិត្ត​សិស្ស​របស់​ទ្រង់​ឲ្យ​«អធិស្ឋាន​ជានិច្ច»។ (ម៉ាថាយ ២៦:៤១, ព.ថ.) ទោះ​ជា​ទ្រង់​តែង​តែ​រវល់​ពី​ព្រលឹម​ទល់​ព្រលប់​ក៏​ដោយ ទ្រង់​នៅ​តែ​ឆ្លៀត​ពេល​ដើម្បី​ទូល​ព្រះ​វរបិតា​របស់​ទ្រង់​នៅ​ស្ថានសួគ៌។ ជួន​កាល​«នៅ​ងងឹត មិន​ទាន់​ភ្លឺ​ស្រាង​នៅ​ឡើយ» ទ្រង់​តើន​ឡើង​ដើម្បី​អធិស្ឋាន។ (ម៉ាកុស ១:៣៥) នៅ​គ្រា​ផ្សេង​ទៀត ទ្រង់​បាន​ទៅ​កន្លែង​ស្ងាត់​ដោយ​ឡែក​នៅ​ពេល​ព្រលប់​ដើម្បី​ទូល​ព្រះ​យេហូវ៉ា។ (ម៉ាថាយ ១៤:២៣) ព្រះ​យេស៊ូ​តែង​តែ​ឆ្លៀត​យក​ពេល​ដើម្បី​អធិស្ឋាន ហើយ​យើង​ក៏​គួរ​ធ្វើ​ដូច្នេះ​ដែរ។—ពេត្រុសទី១ ២:២១

៧​. តើ​មាន​ករណី​អ្វី​ដែល​គួរ​ជំរុញ​ទឹក​ចិត្ត​យើង​ឲ្យ​អធិស្ឋាន​ទូល​ព្រះ​វរបិតា​ស្ថានសួគ៌​របស់​យើង​ជា​រៀង​រាល់​ថ្ងៃ?

ជា​រៀង​រាល់​ថ្ងៃ នៅ​ពេល​យើង​ជួប​បញ្ហា ប្រទះ​ការ​ល្បងល និង​ធ្វើ​ការ​សម្រេច​ចិត្ត​នោះ មាន​ឱកាស​សមរម្យ​ជា​ច្រើន​សំរាប់​អធិស្ឋាន​ផ្ទាល់​ខ្លួន។ (អេភេសូរ ៦:១៨) នៅ​ពេល​យើង​ស្វែង​រក​ការ​ណែនាំ​ពី​ព្រះ​ក្នុង​គ្រប់​ផ្នែក​នៃ​ជីវិត​យើង មិត្តភាព​ដែល​យើង​មាន​ជា​មួយ​ទ្រង់​គឺ​កាន់​តែ​រឹង​មាំ​ទៅ។ បើ​មិត្ត​ភក្ដី​ពីរ​នាក់​រួម​កម្លាំង​ខំ​ឈ្នះ​បញ្ហា​ណា​មួយ​ជា​មួយ​គ្នា​នោះ ចំណង​មិត្តភាព​របស់​ពួក​គេ​គឺ​រឹតតែ​រឹង​មាំ​ទៅ មែន​ទេ? (សុភាសិត ១៧:១៧) នេះ​គឺ​ដូច​គ្នា​ដែរ​នៅ​ពេល​យើង​ពឹងពាក់​ទៅ​លើ​ព្រះ​យេហូវ៉ា​និង​ទទួល​ជំនួយ​ពី​ទ្រង់​នោះ។—របាក្សត្រទី២ ១៤:១១

៨​. ស្តី​អំពី​រយៈ​ពេល​ដែល​យើង​អធិស្ឋាន​ផ្ទាល់​ខ្លួន តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី​ពី​គំរូ​របស់​នេហេមា ព្រះ​យេស៊ូ និង​ហាណា?

យើង​ពិត​ជា​រីករាយ​ណាស់​ដែល​ព្រះ​មិន​ដាក់​កំ​ហិត​ទៅ​លើ​រយៈ​ពេល​ឬ​ប៉ុន្មាន​ដង​ដែល​យើង​អាច​អធិស្ឋាន​ទូល​ទ្រង់​នោះ! មុន​នេហេមា​ទូល​ប្រាប់​ស្តេច​ស្រុក​ពើ​ស៊ី​អំពី​សំណូម​ពរ​របស់​គាត់ គាត់​អធិស្ឋាន​យ៉ាង​ខ្លី​ស្ងាត់ៗ​ក្នុង​ចិត្ត​សិន។ (នេហេមា ២:៤, ៥) ព្រះ​យេស៊ូ​ក៏​បាន​អធិស្ឋាន​យ៉ាង​ខ្លី​នៅ​ពេល​ទ្រង់​សុំ​ព្រះ​យេហូវ៉ា​ប្រទាន​អំណាច​ឲ្យ​ប្រោស​ឡាសា​ឲ្យ​រស់​ឡើង​វិញ​នោះ។ (យ៉ូហាន ១១:៤១, ៤២) ម្យ៉ាង​វិញ​ទៀត ហាណា​បាន​«អធិស្ឋាន​យ៉ាង​យូរ នៅ​ចំពោះ​ព្រះ​ភក្ដ្រ[ព្រះ​យេហូវ៉ា]»​នៅពេល​នាង​ទូល​ទ្រង់​អស់​ពី​ចិត្ត។ (សាមូអែល​ទី១ [សាំយូអែលទី១] ១:១២,​១៥, ១៦, ខ.ស.) សេចក្ដី​អធិស្ឋាន​ផ្ទាល់​ខ្លួន​របស់​យើង​ក៏​អាច​ខ្លី​ឬ​វែង យោង​ទៅ​តាម​សេចក្ដី​ត្រូវ​ការ​និង​កាលៈទេសៈ។

៩​. ហេតុ​អ្វី​សេចក្ដី​អធិស្ឋាន​របស់​យើង​គួរ​រួម​បញ្ចូល​ការ​សរសើរ​និង​ការ​ថ្លែង​អំណរគុណ​ដោយសារ​អ្វីៗ​ដែល​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​ដើម្បី​យើង?

សេចក្ដី​អធិស្ឋាន​ជា​ច្រើន​ដែល​បាន​កត់​ទុក​ក្នុង​ព្រះ​គម្ពីរ បង្ហាញ​ឲ្យ​ឃើញ​នូវ​ជំរៅ​ចិត្ត​កតញ្ញូ​ធម៌​របស់​អ្នក​ទូល​សេចក្ដី​អធិស្ឋាន​នោះ​ដែល​មាន​មក​ពី​ការ​គិត​អំពី​ឋានៈ​ខ្ពង់​ខ្ពស់​បំផុត​របស់​ព្រះ​យេហូវ៉ា និង​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ។ (និក្ខមនំ ១៥:១​-​១៩; របាក្សត្រទី១ ១៦:៧​-​៣៦; ទំនុកដំកើង ១៤៥) សាវ័ក​យ៉ូហាន​ឃើញ​ចក្ខុនិមិត្ត​មួយ​មាន​អ្នក​ចាស់​ទុំ​ទាំង​២៤​នាក់ ដែល​ជា​តំណាង​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ទាំង​ឡាយ​ពេល​កំពុង​កាន់​មុខ​តំណែង​នៅ​ស្ថានសួគ៌​ហើយ។ ទ្រង់​គ្រប់​គ្នា​កំពុង​តែ​សរសើរ​ព្រះ​យេហូវ៉ា​ថា​៖​«ឱ​ព្រះ​អម្ចាស់ ជា​ព្រះ​នៃ​យើង​រាល់​គ្នា​អើយ! ទ្រង់​គួរ​នឹង​ទទួល​សិរី​ល្អ កិត្ដិនាម នឹង​ព្រះ​ចេស្ដា ដ្បិត​ទ្រង់​បាន​បង្កើត​របស់​សព្វសារពើ​មក ហើយ​គឺ​ដោយ​បំណង​ព្រះ​ហឫទ័យ​ទ្រង់​ហើយ ដែល​របស់​ទាំង​នោះ​បាន​កើត​មក ហើយ​មាន​នៅ​ផង»។ (វិវរណៈ ៤:១០, ១១) យើង​ក៏​មាន​ហេតុ​ដើម្បី​សរសើរ​ជា​ញឹកញយ​នូវ​ព្រះ​ដែល​បង្កើត​យើង​ដែរ។ នៅ​ពេល​កូន​អរគុណ​ឪពុក​ម្ដាយ​ស្មោះ​ពី​ចិត្ត​ដោយសារ​អ្វី​ដែល​ពួក​គាត់​បាន​ធ្វើ​ដើម្បី​កូន នោះ​ឪពុក​ម្ដាយ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់! ការ​ជញ្ជឹង​គិត​ដោយ​មាន​កតញ្ញូ​ធម៌​អំពី​សេចក្ដី​សប្បុរស​របស់​ព្រះ​យេហូវ៉ា និង​ការ​ទូល​ប្រាប់​ទ្រង់​ចេញ​ពី​ដួង​ចិត្ត​ដើម្បី​បញ្ជាក់​ការ​ដឹង​គុណ​របស់​យើង​សំរាប់​សេចក្ដី​សប្បុរស​នោះ គឺ​ជា​វិធី​ល្អ​ដែល​យើង​អាច​ធ្វើ​ឲ្យ​សេចក្ដី​អធិស្ឋាន​របស់​យើង​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត។

ហេតុ​អ្វី​ត្រូវ​«អធិស្ឋាន​ឥត​ឈប់ឈរ»?

១០​. តើ​សេចក្ដី​អធិស្ឋាន​មាន​នាទី​អ្វី​ក្នុង​ការ​ពង្រឹង​ជំនឿ​របស់​យើង?

១០ ការ​អធិស្ឋាន​ជា​ទៀងទាត់​គឺ​ជា​ផ្នែក​ចាំបាច់​មួយ​នៃ​ជំនឿ​របស់​យើង។ ក្រោយ​ពី​ព្រះ​យេស៊ូ​បាន​បញ្ជាក់​នូវ​ភាព​ចាំបាច់​នៃ​ការ​«អធិស្ឋាន​ជានិច្ច ឥត​រសាយ​ចិត្ត​ឡើយ» នោះ​ទ្រង់​ក៏​បាន​សួរ​ថា​៖​«កាល​ណា​កូន​មនុស្ស​នឹង​មក តើ​នឹង​ឃើញ​នៅ​មាន​សេចក្ដី​ជំនឿ​នៅ​ផែនដី​ដែរ​ឬ​ដូច​ម្ដេច?»។ (លូកា ១៨:១​-​៨) ការ​អធិស្ឋាន​ស្មោះ​អស់​ពី​ចិត្ត​រមែង​ពង្រឹង​ជំនឿ។ នៅ​ពេល​អ័ប្រាហាំ​មាន​អាយុ​ចាស់​ណាស់​ហើយ និង​មិន​ទាន់​មាន​កូន​នៅ​ឡើយ នោះ​គាត់​ទូល​ព្រះ​អំពី​រឿង​នោះ។ មុន​បង្អស់​ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​ដោយ​សុំ​គាត់​ងើយ​ភ្នែក​ទៅ​លើ​មើល​ផ្ទៃ​មេឃ​និង​រាប់​ផ្កាយ​បើ​គាត់​អាច​ធ្វើ​ទៅ​បាន។ រួច​មក ព្រះ​បាន​ពង្រឹង​ទំនុក​ចិត្ត​របស់​អ័ប្រាហាំ​ដោយ​ថា​៖‹ពូជ​អ្នក​នឹង​បាន​ដូច្នោះ​ដែរ›។ តើ​មាន​លទ្ធផល​យ៉ាង​ណា? អ័ប្រាហាំ​«ក៏​ជឿ​ដល់​ព្រះ​យេហូវ៉ា ហើយ​ទ្រង់​រាប់​សេចក្ដី​ជំនឿ​នោះ ទុក​ជា​សេចក្ដី​សុចរិត​ដល់​គាត់»។ (លោកុប្បត្តិ ១៥:៥, ៦) បើ​យើង​អធិស្ឋាន​ទូល​ព្រះ​យេហូវ៉ា​ឲ្យ​អស់​ពី​ចិត្ត និង​យល់​ព្រម​ឲ្យ​ទ្រង់​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​តាម​រយៈ​ព្រះ​គម្ពីរ ហើយ​ស្ដាប់​បង្គាប់​ទ្រង់​ផង នោះ​ទ្រង់​នឹង​ពង្រឹង​ជំនឿ​របស់​យើង។

១១​. តើ​សេចក្ដី​អធិស្ឋាន​អាច​ជួយ​យើង​ស៊ូ​ទ្រាំ​នឹង​បញ្ហា​យ៉ាង​ដូច​ម្ដេច?

១១ សេចក្ដី​អធិស្ឋាន​ក៏​អាច​ជួយ​យើង​ដោះ​ស្រាយ​បញ្ហា​ផ្សេងៗ​ដែរ។ តើ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​អ្នក​ជា​បន្ទុក​ដ៏​ធ្ងន់​ឬ? តើ​កាលៈទេសៈ​របស់​អ្នក​ធ្វើ​ឲ្យ​អ្នក​ពិបាក​ទ្រាំ​ទេ? ព្រះ​គម្ពីរ​ចែង​ថា​៖ «ចូរ​ផ្ទេរ​បន្ទុក​របស់​អ្នក​ទៅ​លើ​ព្រះ​យេហូវ៉ា នោះ​ទ្រង់​នឹង​ជួយ​ទប់ទល់​អ្នក។ ទ្រង់​មិន​ព្រម​ឲ្យ​មនុស្ស​សុចរិត​ត្រូវ​រង្គើ​ឡើយ»។ (ទំនុកដំកើង ៥៥:២២) នៅ​ពេល​យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក យើង​អាច​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេស៊ូ។ ទ្រង់​បាន​អធិស្ឋាន​ពេញ​មួយ​យប់​តែ​មួយ​អង្គ​ទ្រង់​មុន​ដែល​ទ្រង់​ជ្រើសរើស​សាវ័ក​១២​នាក់។ (លូកា ៦:១២​-​១៦) នា​រាត្រី​មុន​ព្រះ​យេស៊ូ​សោយទិវង្គត​នោះ ទ្រង់​បាន​អធិស្ឋាន​ទាំង​រំជួល​ព្រះទ័យ​ខ្លាំង​ដល់​ម្ល៉េះ​ដែល​«ញើស​ទ្រង់​ក៏​ត្រឡប់​ដូច​ជា​ដំណក់​ឈាម​ដ៏​ធំៗ​ស្រក់​ទៅ​ដី»។ (លូកា ២២:៤៤) តើ​មាន​លទ្ធផល​យ៉ាង​ណា? ‹ដោយ​ទ្រង់​បាន​គោរព​ប្រណិប័តន៍​ព្រះ នោះ​ព្រះ​ក៏​ប្រោស​ប្រទាន តាម​ពាក្យ​ទូល​អង្វរ›។ (ហេប្រឺ [ហេព្រើរ] ៥:៧, ខ.ស.) សេចក្ដី​អធិស្ឋាន​អស់​ពី​ចិត្ត​និង​ឥត​ឈប់ឈរ​របស់​យើង​ជួយ​យើង​ស៊ូ​ទ្រាំ​នឹង​កាលៈទេសៈ​ដែល​នាំ​ឲ្យ​តានតឹង​ក្នុង​ចិត្ត​និង​ការ​ល្បងល​ដ៏​ពិបាក។

១២​. តើ​សេចក្ដី​អធិស្ឋាន​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​យក​ព្រះទ័យ​ទុក​ដាក់​នឹង​យើង​ដោយ​ផ្ទាល់​អង្គ​ទ្រង់​យ៉ាង​ដូច​ម្ដេច?

១២ មូលហេតុ​មួយ​ទៀត​ដែល​យើង​គួរ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​កាន់​តែ​ជិត​ជាង​តាម​រយៈ​សេចក្ដី​អធិស្ឋាន គឺ​ដោយសារ​ទ្រង់​នឹង​ចូល​មក​កាន់​តែ​ជិត​នឹង​យើង​ផង​ដែរ។ (យ៉ាកុប ៤:៨) នៅ​ពេល​យើង​ទូល​ព្រះ​យេហូវ៉ា​អស់​ពី​ចិត្ត យើង​មាន​អារម្មណ៍​ថា សេចក្ដីត្រូវ​ការ​របស់​យើង​គឺ​សំខាន់​ចំពោះ​ទ្រង់ ហើយ​ទ្រង់​ក៏​យក​ព្រះទ័យទុក​ដាក់​យ៉ាង​ប្រោស​ប្រណី​នឹង​យើង​ដែរ មែន​ទេ? យើង​ទទួល​ដោយ​ផ្ទាល់​នូវ​សេចក្ដី​ស្រឡាញ់​ពី​ព្រះ​យេហូវ៉ា។ ការ​ស្ដាប់​សេចក្ដី​អធិស្ឋាន​និមួយៗ​ដែល​អ្នក​បំរើ​ព្រះ​យេហូវ៉ា​ទូល​ថ្វាយ​ទ្រង់​ជា​ព្រះ​វរបិតា​នៅ​ស្ថានសួគ៌ ជា​កិច្ចការ​ដែល​ព្រះ​យេហូវ៉ា​មិន​បាន​ប្រគល់​ដល់​បុគ្គល​ផ្សេង​ទៀត​ទេ។ (ទំនុកដំកើង ៦៦:១៩, ២០; លូកា ១១:២) ហើយ​ទ្រង់​អញ្ជើញ​យើង‹ផ្ទេរ​គ្រប់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​យើង​រាល់​គ្នា​ទៅ​លើ​ទ្រង់ ដ្បិត​ទ្រង់​តែង​យក​ព្រះទ័យ​ទុក​ដាក់​នឹង​យើង​រាល់​គ្នា›។—ពេត្រុសទី១ ៥:៦, ៧

១៣, ១៤​. តើ​យើង​មាន​មូលហេតុ​អ្វី​ខ្លះ​ដែល​យើង​គួរ​អធិស្ឋាន​ឥត​ឈប់ឈរ​នោះ?

១៣ សេចក្ដី​អធិស្ឋាន​អាច​ធ្វើ​ឲ្យ​យើង​ចង់​ខ្នះខ្នែង​ខ្លាំង​ជាង​ក្នុង​កិច្ច​ផ្សព្វផ្សាយ និង​ក៏​ពង្រឹង​កម្លាំង​ចិត្ត​នៅ​ពេល​យើង​ចង់​ឈប់​ផ្សព្វផ្សាយ​ដោយសារ​ជួប​មនុស្ស​ដែល​ប្រឆាំង​ឬ​ធ្វើ​ព្រងើយ​កន្តើយ។ (កិច្ចការ ៤:២៣​-​៣១) សេចក្ដី​អធិស្ឋាន​ក៏​អាច​ការពារ​យើង​ពី​«ឧបាយកល​ទាំង​អម្បាលម៉ាន​របស់​អារក្ស»។ (អេភេសូរ ៦:១១, ១៧, ១៨) នៅ​ពេល​កំពុង​តែ​ព្យាយាម​ស៊ូ​ទ្រាំ​នឹង​ការ​ល្បងល​ប្រចាំ​ថ្ងៃ យើង​អាច​សុំ​ព្រះ​ជា​ញឹកញយ​ឲ្យ​ទ្រង់​ពង្រឹង​កម្លាំង​របស់​យើង។ សេចក្ដី​អធិស្ឋាន​គំរូ​ដែល​ព្រះ​យេស៊ូ​មាន​បន្ទូល នេះ​គឺ​រួម​បញ្ចូល​សំណូម​ពរ​ឲ្យ​ព្រះ​យេហូវ៉ា​«សូម​រំដោះ​យើង​ខ្ញុំ​អោយ​រួច​ពី​មា​រ​កំណាច»​ដែល​ជា​អារក្ស​សាតាំង។—ម៉ាថាយ ៦:១៣, ខ.ស.

១៤ បើ​យើង​បន្ត​អធិស្ឋាន​សុំ​ជំនួយ​ឲ្យ​ចេះ​ទប់ទល់​នឹង​ទំនោរ​ចិត្ត​របស់​យើង​ដែល​រេ​ទៅ​រក​អំពើ​បាប នោះ​យើង​នឹង​ទទួល​ជំនួយ​ពី​ព្រះ​យេហូវ៉ា​មែន។ យើង​មាន​សេចក្ដី​សន្យា​ដូច​ត​ទៅ​នេះ​ថា​៖​«ព្រះ​ទ្រង់​ក៏​ស្មោះ​ត្រង់​ដែរ ទ្រង់​មិន​ឲ្យ​កើត​មាន​សេចក្ដី​ល្បួង​ហួស​កំឡាំង​អ្នករាល់​គ្នា​ឡើយ គឺ​នៅ​វេលា​ណា​ដែល​ត្រូវ​ល្បួង នោះ​ទ្រង់​ក៏​រៀប​ផ្លូវ​ឲ្យ​ចៀស​រួច ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​នឹង​ទ្រាំ​បាន»។ (កូរិនថូសទី១ ១០:១៣) សាវ័ក​ប៉ុល​ក៏​បាន​ទទួល​នូវ​ការ​ថែរក្សា​ដែល​ពង្រឹង​កម្លាំង​ចិត្ត​ពី​ព្រះ​យេហូវ៉ា​ក្នុង​កាលៈទេសៈ​ជា​ច្រើន។ ប៉ុល​បាន​និយាយ​ថា​៖​«ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយសារ​ព្រះ​គ្រីស្ទ​ដែល​ទ្រង់​ចំរើន​កំឡាំង​ដល់​ខ្ញុំ»។—ភីលីព ៤:១៣; កូរិនថូសទី២ ១១:២៣​-​២៩

ព្យាយាម​អធិស្ឋាន​ទោះ​ជា​ភ្លាត់​ធ្វើ​ខុស

១៥​. តើ​អ្វី​អាច​កើត​ឡើង​នៅ​ពេល​យើង​ធ្វើ​ខុស​នឹង​ខ្នាត​តម្រា​របស់​ព្រះ?

១៥ ដើម្បី​ឲ្យ​ព្រះ​ព្រម​ស្ដាប់​នូវ​សេចក្ដី​អធិស្ឋាន​របស់​យើង យើង​ត្រូវ​តែ​ព្រម​ទទួល​នូវ​ដំបូន្មាន​ក្នុង​ព្រះ​បន្ទូល​របស់​ទ្រង់។ សាវ័ក​យ៉ូហាន​បាន​សរសេរ​ថា​៖​«ទោះ​បើ​យើង​សូម​អ្វី​ពី​ទ្រង់​ក៏​ដោយ គង់​តែ​នឹង​បាន​សំរេច ពីព្រោះ​យើង​កាន់​តាម​បញ្ញត្ត​ទ្រង់ ហើយ​ក៏​ប្រព្រឹត្ត​ការ​ដែល​គាប់​ព្រះ​ហឫទ័យ​ដល់​ទ្រង់​ដែរ»។ (យ៉ូហានទី១ ៣:២២) ក៏​ប៉ុន្តែ តើ​អ្វី​អាច​កើត​ឡើង​នៅ​ពេល​យើង​ធ្វើ​ខុស​នឹង​ខ្នាត​តម្រា​របស់​ព្រះ? អ័ដាម​និង​អេវ៉ា​បាន​ពួន​ក្រោយ​បាន​ធ្វើ​បាប​នៅ​សួនច្បារ​អេដែន។ យើង​ក៏​ប្រហែល​ជា​មាន​អារម្មណ៍​ចង់​ពួន​«នឹង​ព្រះ​យេហូវ៉ា[ឬ​«ពី​ព្រះ​ភក្ដ្រ​ព្រះ​យេហូវ៉ា»​, ព.ថ.]»​ដែរ ហើយ​ឈប់​អធិស្ឋាន។ (លោកុប្បត្តិ ៣:៨) បង​ប្រុស​ខ្លោស ជា​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​ដែល​មាន​បទ​ពិសោធន៍​ច្រើន គាត់​ប្រាប់​ថា​៖​«ខ្ញុំ​សង្កេត​ឃើញ​ថា ជា​រៀង​រាល់​ដង​គ្រប់​ករណី កំហុស​ទី​មួយ​របស់​អ្នក​ដែល​រសាត់​ឃ្លាត​ឆ្ងាយ​ពី​ព្រះ​យេហូវ៉ា​និង​អង្គការ​របស់​ទ្រង់ គឺ​ពួក​គេ​ឈប់​អធិស្ឋាន»។ (ហេព្រើរ ២:១) គឺ​មាន​ដូច្នេះ​ក្នុង​ករណី​របស់​បង​ប្រុស​ហូសេ អង្កេល។ គាត់​ប្រាប់​ថា​៖​«ជិត​ប្រាំ​បី​ឆ្នាំ ខ្ញុំ​កម្រ​អធិស្ឋាន​ទូល​ព្រះ​យេហូវ៉ា​ណាស់។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មិន​សម​នឹង​ទូល​ទ្រង់​ទេ ទោះ​ជា​ខ្ញុំ​នៅ​តែ​ចាត់​ទុក​ទ្រង់​ជា​ព្រះ​វរបិតា​នៅ​ស្ថានសួគ៌​របស់​ខ្ញុំ»។

១៦, ១៧​. សូម​ឲ្យ​ឧទាហរណ៍​អំពី​ការ​អធិស្ឋាន​ជា​ទៀងទាត់​អាច​ជួយ​យើង​ឈ្នះ​ភាព​ទន់ខ្សោយ​ខាង​វិញ្ញាណ?

១៦ យើង​ខ្លះ​ប្រហែល​ជា​មាន​អារម្មណ៍​ថា​យើង​មិន​សម​នឹង​អធិស្ឋាន ដោយសារ​ភាព​ទន់ខ្សោយ​ណា​មួយ​ខាង​វិញ្ញាណ ឬ​ពីព្រោះ​យើង​បាន​ជ្រុល​ចាប់​ផ្ដើម​ធ្វើ​អំពើ​បាប​ម្ដង​ទៀត។ ប៉ុន្តែ គឺ​នៅ​ពេល​នោះ​ឯង​ដែល​យើង​ត្រូវ​តែ​ឆ្លៀត​ប្រយោជន៍​ឲ្យ​បាន​ពេញលេញ​ពី​សំវិធានការ​នៃ​ការ​អធិស្ឋាន។ យ៉ូណាស​បាន​រត់​ចោល​កិច្ចការ​របស់​គាត់។ ប៉ុន្តែ​‹យ៉ូណាស​បាន​អំពាវនាវ​ដល់​ព្រះ​យេហូវ៉ា ដោយ​ព្រោះ​ទុក្ខ​លំបាក​របស់​គាត់ ទ្រង់​ក៏​បាន​ឆ្លើយ​មក​យ៉ូណាស។ យ៉ូណាស​បាន​អំពាវនាវ​នៅ​ក្នុង​ពោះ​ត្រី​ដែល​ជា​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​ទ្រង់​បាន​ឮ​សំឡេង​របស់​គាត់›។ (យ៉ូណាស ២:៣) យ៉ូណាស​បាន​អធិស្ឋាន ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ ហើយ​យ៉ូណាស​ក៏​បាន​ចាប់​ផ្ដើម​មាន​ភាព​រឹង​មាំ​ខាង​វិញ្ញាណ​ឡើង​វិញ។

១៧ ហូសេ អង្កេល ក៏​បាន​អធិស្ឋាន​សុំ​ជំនួយ​អស់​ពី​ចិត្ត​ដែរ។ គាត់​នឹក​ចាំ​ថា​៖ «ខ្ញុំ​បាន​ទូល​អស់​ពី​ចិត្ត​និង​អង្វរ​សុំ​ព្រះ​អត់​ទោស​ឲ្យ​ខ្ញុំ។ ហើយ​ទ្រង់​បាន​ជួយ​ខ្ញុំ​ពិត​មែន។ ខ្ញុំ​គិត​ថា ខ្ញុំ​មិន​អាច​ត្រឡប់​មក​ឯ​សេចក្ដី​ពិត​វិញ​បាន​ឡើយ បើ​គ្មាន​ជំនួយ​តាម​រយៈ​សេចក្ដី​អធិស្ឋាន។ ឥឡូវ ខ្ញុំ​អធិស្ឋាន​ជា​ទៀងទាត់​ជា​រៀង​រាល់​ថ្ងៃ ហើយ​ខ្ញុំ​ទន្ទឹង​ចាំ​ពេល​អធិស្ឋាន​ដោយ​ចិត្ត​រំភើប​ទៀត​ផង»។ យើង​គួរ​ទូល​ព្រះ​ដោយ​សេរី​និង​ប្រាប់​ទ្រង់​ត្រង់ៗ​អំពី​កំហុស​របស់​យើង និង​សុំ​ការ​អត់​ទោស​ពី​ទ្រង់​ដោយ​ចិត្ត​រាប​ទាប។ នៅ​ពេល​ស្តេច​ដាវីឌ​ទូល​សារភាព​ប្រាប់​ព្រះ​យេហូវ៉ា​អំពី​បាប​របស់​ទ្រង់ នោះ​ព្រះ​យេហូវ៉ា​បាន​អត់​ឱន​ចំពោះ​បាប​របស់​ដាវីឌ។ (ទំនុកដំកើង ៣២:៣​-​៥) ព្រះ​យេហូវ៉ា​ចង់​ជួយ​យើង មិន​មែន​កាត់​ទោស​យើង​ទេ។ (យ៉ូហានទី១ ៣:១៩, ២០) ហើយ​សេចក្ដី​អធិស្ឋាន​របស់​អ្នក​ចាស់​ទុំ​ក្នុង​ក្រុមជំនុំ​ក៏​អាច​ជួយ​យើង​ខាង​វិញ្ញាណ​បាន​ដែរ ដ្បិត​សេចក្ដី​អធិស្ឋាន​ទាំង​នេះ​មាន​«ប្រសិទ្ធ​ភាព​ខ្លាំង​ណាស់»។—យ៉ាកុប ៥:១៣​-​១៦, ខ.ស.

១៨​. មិន​ថា​អ្នក​បំរើ​របស់​ព្រះ​បាន​វង្វេង​ចេញ​ឆ្ងាយ​ពី​ទ្រង់​យ៉ាង​ណា​ក៏​ដោយ តើ​ពួក​គេ​អាច​មាន​ទំនុក​ចិត្ត​យ៉ាង​ណា?

១៨ តើ​មាន​ឪពុក​ណា​ម្នាក់​ដែល​នឹង​បដិសេធ​កូន​របស់​ខ្លួន​ដែល​សុំ​ជំនួយ​និង​ការ​ណែនាំ​ដោយ​ចិត្ត​រាប​ទាប​ក្រោយ​បាន​ធ្វើ​ខុស​នោះ? ឧទាហរណ៍​និទស្សន៍​អំពី​កូន​បង្ហិន​ទ្រព្យ​បង្ហាញ​ថា ទោះ​ជា​យើង​បាន​វង្វេង​ចេញ​ឆ្ងាយ​ពី​ព្រះ​យេហូវ៉ា​យ៉ាង​ណា​ក៏​ដោយ ព្រះ​វរបិតា​នៅ​ស្ថានសួគ៌​របស់​យើង​ត្រេកអរ​នៅ​ពេល​យើង​ត្រឡប់​មក​ឯ​ទ្រង់​វិញ។ (លូកា ១៥:២១, ២២, ៣២) ព្រះ​យេហូវ៉ា​ជំរុញ​ទឹក​ចិត្ត​អស់​អ្នក​ដែល​ធ្វើ​ខុស​ឲ្យ​អំពាវនាវ​រក​ទ្រង់ «ដ្បិត​ទ្រង់​នឹង​អត់​ទោស​ឲ្យ​ជា​បរិបូរ»។ (អេសាយ ៥៥:៦, ៧) ទោះ​ជា​ដាវីឌ​បាន​ធ្វើ​អំពើ​បាប​ធ្ងន់ធ្ងរ​ទាំង​ប៉ុន្មាន​ក៏​ដោយ ក៏​ដាវីឌ​បាន​អំពាវនាវ​រក​ព្រះ​យេហូវ៉ា​ដោយ​ពោល​ថា​៖​«ឱ​ព្រះ​អង្គ​អើយ! សូម​ផ្ទៀង​ព្រះ​កាណ៌ ស្ដាប់​សេចក្ដី​ដែល​ទូល​បង្គំ​អធិស្ឋាន សូម​កុំ​លាក់​ព្រះ​អង្គ​នឹង​ពាក្យ​ដែល​ទូល​បង្គំ​ទូល​អង្វរ​ឡើយ»។ ដាវីឌ​ក៏​បាន​ពោល​ថា​៖​«ខ្ញុំ​នឹង​អធិស្ឋាន ហើយ​ស្រែក​ថ្ងូរ ទាំង​ពេល​ល្ងាច​ពេល​ព្រឹក នឹង​ថ្ងៃ​ត្រង់​ផង ហើយ[ព្រះ​យេហូវ៉ា]នឹង​ស្ដាប់​សំឡេង​ខ្ញុំ​ជា​មិន​ខាន»។ (ទំនុកដំកើង ៥៥:១, ១៧) នេះ​ពង្រឹង​ទំនុក​ចិត្ត​យើង​ណាស់!

១៩​. ពេល​សេចក្ដី​អធិស្ឋាន​របស់​យើង​ហាក់បី​ដូច​ជា​មិន​បាន​ទទួល​នូវ​ការ​តប​ឆ្លើយ ហេតុ​អ្វី​យើង​មិន​គួរ​ឆាប់​សន្និដ្ឋាន​ថា​ព្រះ​មិន​សព្វ​ព្រះ​ហឫទ័យ​នឹង​យើង​ទេ?

១៩ ចុះ​បើ​ការ​ទូល​អង្វរ​របស់​យើង​មិន​បាន​ទទួល​នូវ​ការ​តប​ឆ្លើយ​ភ្លាមៗ​នោះ? បើ​ដូច្នេះ យើង​ត្រូវ​ប្រាកដ​ថា​សំណូម​ពរ​របស់​យើង​គឺ​សម​ស្រប​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា និង​ត្រូវ​បាន​ទូល​ថ្វាយ​តាម​រយៈ​ព្រះ​នាម​ព្រះ​យេស៊ូ។ (យ៉ូហាន ១៦:២៣; យ៉ូហានទី១ ៥:១៤) យ៉ាកុប​បាន​និយាយ​អំពី​ជន​គ្រីស្ទាន​ខ្លះ​ដែល​មិន​បាន​ទទួល​នូវ​ការ​តប​ឆ្លើយ​ចំពោះ​សេចក្ដី​អធិស្ឋាន​របស់​ពួក​គេ ដោយ​ព្រោះ​«ទូល​សូម​ដោយ​បំណង​អាក្រក់»។ (យ៉ាកុប ៤:៣, ខ​.​ស.) ម្យ៉ាង​វិញ​ទៀត យើង​មិន​គួរ​ឆាប់​សន្និដ្ឋាន​ថា​សេចក្ដី​អធិស្ឋាន​ដែល​ហាក់បី​ដូច​ជា​មិន​បាន​ទទួល​នូវ​ការ​តប​ឆ្លើយ ជា​ភស្តុតាង​ថា​ព្រះ​មិន​សព្វ​ព្រះ​ហឫទ័យ​នឹង​យើង​ទេ។ ជួន​កាល ព្រះ​យេហូវ៉ា​ប្រហែល​ជា​អនុញ្ញាត​ឲ្យ​អ្នក​បំរើ​ស្មោះ​ភក្ដី​របស់​ទ្រង់​បន្ត​អធិស្ឋាន​មួយ​រយៈ​មុន​នឹង​ស​ឲ្យ​ឃើញ​ចម្លើយ​របស់​ទ្រង់​យ៉ាង​ជាក់​ស្តែង។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​៖​«ចូរ​សូម[ឬ​«បន្ត​សូម»​, ព.ថ.] នោះ​តែង​នឹង​ឲ្យ​មក​អ្នក»។ (ម៉ាថាយ ៧:៧) ហេតុ​នេះ យើង​ត្រូវ​តែ​«ព្យាយាម​អធិស្ឋាន»។—រ៉ូម ១២:១២, ខ.ស.

ចូរ​អធិស្ឋាន​ជា​ទៀងទាត់

២០, ២១​. (ក) ហេតុ​អ្វី​យើង​ត្រូវ​តែ​អធិស្ឋាន​ឥត​ឈប់ឈរ​នៅ​សម័យ​«ជាន់​ក្រោយ​បង្អស់»​នេះ? (ខ) ពេល​ដែល​យើង​មក​ដល់​បល្ល័ង្ក​នៃ​ព្រះ​គុណ​របស់​ព្រះ​យេហូវ៉ា​ជា​រៀង​រាល់​ថ្ងៃ​នោះ តើ​យើង​នឹង​ទទួល​អ្វី?

២០ ការ​បង្ខិត​បង្ខំ​និង​បញ្ហា​កំពុង​តែ​មាន​កាន់​តែ​ច្រើន​ឡើងៗ​ក្នុង​សម័យ​«ជាន់​ក្រោយ​បង្អស់»​នេះ ដែល​មាន​«គ្រា​លំបាក​ណាស់»។ (ធីម៉ូថេទី២ ៣:១) ហើយ​ការ​ល្បងល​ផ្សេងៗ​អាច​បំបែរ​អារម្មណ៍​របស់​យើង​ទាំង​ស្រុង។ ក៏​ប៉ុន្តែ ការ​អធិស្ឋាន​ឥត​ឈប់ឈរ​អាច​ជួយ​ឲ្យ​យើង​បន្ត​រក្សា​អ្វី​ខាង​វិញ្ញាណ​សំខាន់​បំផុត​ក្នុង​ជីវិត ទោះ​ជា​មាន​បញ្ហា ការ​ល្បងល និង​ការ​ធ្លាក់​ទឹក​ចិត្ត​ជានិច្ច។ ការ​អធិស្ឋាន​ទូល​ថ្វាយ​ព្រះ​យេហូវ៉ា​ជា​រៀង​រាល់​ថ្ងៃ​អាច​ផ្ដល់​ការ​គាំទ្រ​ដែល​យើង​ត្រូវ​ការ​នោះ។

២១ ព្រះ​យេហូវ៉ា​ជា​«ព្រះ​ដែល​ស្ដាប់​សេចក្ដី​អធិស្ឋាន» ទ្រង់​មិន​ដែល​រវល់​រហូត​ដល់​គ្មាន​ពេល​ស្ដាប់​យើង​នោះ​ទេ។ (ទំនុកដំកើង ៦៥:២) កុំ​បី​ឲ្យ​យើង​រវល់​រហូត​ដល់​គ្មាន​ពេល​ទូល​ទ្រង់​នោះ។ មិត្តភាព​ដែល​យើង​មាន​ជា​មួយ​ព្រះ​គឺ​ជា​អ្វី​ដែល​មាន​តម្លៃ​បំផុត។ កុំ​ឲ្យ​យើង​មើល​ស្រាល​ដល់​មិត្តភាព​នោះ​ឲ្យ​សោះ។ «ដូច្នេះ ត្រូវ​ឲ្យ​យើង​រាល់​គ្នា​មក​ដល់​បល្ល័ង្ក​នៃ​ព្រះ​គុណ ដោយ​ក្លាហាន ដើម្បី​នឹង​ទទួល​សេចក្ដី​មេត្ដា ហើយ​រក​បាន​ព្រះ​គុណ​សំរាប់​នឹង​ជួយ​ដល់​ពេល​ត្រូវ​ការ»។—ហេព្រើរ ៤:១៦

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

តើ​យើង​រៀន​អ្វី​ពី​គំរូ​របស់​ព្យាការី​ដានីយ៉ែល​ស្តី​អំពី​តម្លៃ​នៃ​ឯក​សិទ្ធិ​អធិស្ឋាន?

តើ​យើង​អាច​ពង្រឹង​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

ហេតុ​អ្វី​យើង​គួរ​អធិស្ឋាន​ឥត​ឈប់ឈរ?

ហេតុ​អ្វី​ការ​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ​នោះ មិន​គួរ​ធ្វើ​ឲ្យ​យើង​ឈប់​អធិស្ឋាន​ទូល​ព្រះ​យេហូវ៉ា?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​២៤]

នេហេមា​បាន​អធិស្ឋាន យ៉ាង​ខ្លី​ស្ងាត់ៗ​ក្នុង​ចិត្ត​មុន​បាន​ទូល​ស្តេច

[រូបភាព​នៅ​ទំព័រ​២៥]

ហាណា​បាន​«អធិស្ឋាន​យ៉ាង​យូរ​នៅ​ចំពោះ ព្រះ​ភក្ដ្រ[ព្រះ​យេហូវ៉ា]»