ការសម្រេចចិត្ដគឺជាការពិបាកមួយដែលចៀសពុំបាន
ការសម្រេចចិត្តគឺជាការពិបាកមួយដែលចៀសពុំបាន
លោកណាប៉ូឡេអុង ប៉ូណាប៉ាត ដែលជាអធិរាជប្រទេសបារាំងនៅសតវត្សទី១៩ ធ្លាប់ពោលថា៖«គ្មានអ្វីដែលពិបាកជាងការសម្រេចចិត្ត ដោយហេតុនេះហើយគ្មានអ្វីដែលមានតម្លៃជាងការចេះសម្រេចចិត្ត»។ អ្នកប្រហែលជាយល់ដូចលោកដែរអំពីចំណុចទាំងពីរនោះ ពីព្រោះតាមធម្មតាមនុស្សឲ្យតម្លៃខ្ពស់ទៅលើសេរីភាពធ្វើការសម្រេចចិត្តអំពីជីវិតខ្លួន។ ព្រមជាមួយគ្នានេះ មនុស្សក៏បានរៀនថា ជួនកាលការសម្រេចចិត្តគឺពិបាកណាស់។
មិនថាស្រួលក្ដី ពិបាកក្ដី ការសម្រេចចិត្តជាអ្វីដែលយើងចៀសពុំបាន។ ជារៀងរាល់ថ្ងៃយើងត្រូវតែធ្វើការសម្រេចចិត្ត។ ព្រឹកឡើង ក្រោយយើងភ្ញាក់ពីគេងយើងត្រូវតែសម្រេចចិត្តថា តើនឹងស្លៀកពាក់អ្វី? ញ៉ាំអ្វី? ហើយក៏មានរឿងជាច្រើនឯទៀតដែលត្រូវសម្រេចចិត្តក្នុងកំឡុងថ្ងៃនោះដែរ។ ភាគច្រើន ការសម្រេចចិត្តទាំងនេះគឺមិនសូវសំខាន់ប៉ុន្មានទេ។ ពេលយើងសម្រេចចិត្តរួចហើយ យើងលែងគិតអំពីរឿងនោះតទៅទៀត។ យើងមិនដែលដេកពុំលក់ដោយឆ្ងល់ថា តើការសំរេចចិត្តនោះល្អឬមិនល្អ?
ផ្ទុយទៅវិញ ក៏មានការសម្រេចចិត្តខ្លះដែលមានផលប៉ះពាល់ទៅដល់អនាគតវែងឆ្ងាយ។ សព្វថ្ងៃនេះ យុវជនយុវនារីជាច្រើនទូទាំងពិភពលោកត្រូវតែសម្រេចចិត្តថា ពួកគេចង់យកការងារអ្វីជាអាជីពរបស់ខ្លួន។ ពួកគេប្រហែលជាត្រូវសម្រេចចិត្តថា ត្រូវរៀនមុខវិជ្ជាអ្វី ហើយរៀនរយៈពេលប៉ុន្មាន។ មិនយូរមិនឆាប់ពួកគេភាគច្រើននឹងសម្រេចចិត្តថា ចង់រៀបការឬនៅលីវ។ អ្នកណាដែលរើសយកអាពាហ៍ពិពាហ៍ត្រូវតែសម្រេចចិត្តថា៖‹តើខ្ញុំមានអាយុនិងភាពចាស់ទុំល្មមឲ្យអាចរៀបការហើយឬនៅ? តើខ្ញុំចង់បានគូបែបណា? ឬក៏សំនួរសំខាន់ជាងនោះទៅទៀតគឺ តើខ្ញុំត្រូវការគូបែបណា?›។ កម្រមានការសម្រេចចិត្តក្នុងជីវិតដែលមានឥទ្ធិពលខ្លាំងមកលើជីវិតយើងដូចជាការជ្រើសរើសគូអាពាហ៍ពិពាហ៍។
ក្នុងរឿងសំខាន់ៗ យើងត្រូវតែធ្វើការសម្រេចចិត្តដ៏ល្អជាចាំបាច់ ដោយព្រោះសុភមង្គលរបស់យើងអាស្រ័យទៅលើការសម្រេចចិត្តនោះ។ មនុស្សខ្លះប្រហែលជាគិតថា គេអាចធ្វើការសម្រេចចិត្តដ៏ល្អដោយខ្លួនឯងបាន ហើយប្រហែលជាមិនព្រមទទួលជំនួយពេលអ្នកឯទៀតសុំជួយគេនោះទេ។ តើនេះជាការល្អឬ? សូមយើងមើលតទៅទៀត។
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ៣]
Napoleon: From the book The Pictorial History of the World