លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ដើម្បីឈ្នះយករង្វាន់ ចូរចេះទប់ចិត្ដ!

ដើម្បីឈ្នះយករង្វាន់ ចូរចេះទប់ចិត្ដ!

ដើម្បី​ឈ្នះ​យក​រង្វាន់ ចូរ​ចេះ​ទប់​ចិត្ត!

«អស់​អ្នក​ដែល​តយុទ្ធ[ឬ​«ប្រកួត»​, ខ.ស.]​គ្នា គេ​ខំ​អត់​សង្កត់​ចិត្ត[ឬ​«ទប់​ចិត្ត»​, ព.ថ.]គ្រប់​ជំពូក»។—កូរិនថូសទី១ ៩:២៥

១​. សម​ស្រប​ទៅ​តាម​អេភេសូរ ៤:២២​-​២៤ តើ​មនុស្ស​រាប់​លាន​នាក់​បាន​បង្ហាញ​ថា​ពួក​គេ​ព្រម​ធ្វើ​តាម​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា​ដោយ​ដូច​ម្ដេច?

បើ​អ្នក​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់ នោះ​អ្នក​បាន​បង្ហាញ​ជា​ចំហ​ថា​អ្នក​សុខ​ចិត្ត​ចូល​រួម​ការ​ប្រកួត​មួយ​ដែល​មាន​រង្វាន់​ជា​ជីវិត​រៀង​រហូត។ អ្នក​បាន​ព្រម​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា។ មុន​ដែល​បាន​ឧទ្ទិស​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា យើង​ភាគ​ច្រើន​ត្រូវ​ធ្វើ​ការ​កែ​ប្រែ​យ៉ាង​ធំ​ដើម្បី​ឲ្យ​ការ​ថ្វាយ​ខ្លួន​របស់​យើង​មាន​អត្ថន័យ​និង​គាប់​ព្រះ​ហឫទ័យ​ព្រះ។ យើង​បាន​អនុវត្ត​តាម​ដំបូន្មាន​របស់​ប៉ុល​ដែល​គាត់​ជូន​ចំពោះ​ពួក​គ្រីស្ទាន​ថា​៖​«ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដោះ​មនុស្ស​ចាស់ [ឬ​«បុគ្គលិកលក្ខណៈ​ចាស់»​, ព.ថ.] ដែល​តែង​តែ​ខូច​ទៅ តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​សេចក្ដី​ឆបោក​ចោល​ចេញ . . . ព្រម​ទាំង​ប្រដាប់​ខ្លួន ដោយ​មនុស្ស​ថ្មី[ឬ​«បុគ្គលិកលក្ខណៈ​ថ្មី»​, ព.ថ.]វិញ ដែល​កើត​មក​ក្នុង​សេចក្ដី​សុចរិត ហើយ​ក្នុង​សេចក្ដី​បរិសុទ្ធ​របស់​ផង​សេចក្ដី​ពិត តាម​ភាព​ព្រះ»។ (អេភេសូរ ៤:២២​-​២៤) ម្យ៉ាង​វិញ​ទៀត មុន​ដែល​យើង​បាន​សំរេច​ចិត្ត​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ យើង​ត្រូវ​តែ​បដិសេធ​ចោល​នូវ​គន្លង​ជីវិត​ចាស់​ដែល​មិន​សព្វ​ព្រះ​ហឫទ័យ​ព្រះ។

២, ៣​. តើ​កូរិនថូសទី១ ៦:៩​-​១២ ចែង​ដូច​ម្ដេច​បាន​ជា​យើង​ដឹង​ថា យើង​ត្រូវ​ធ្វើ​ការ​កែ​ប្រែ​ពីរ​យ៉ាង​ដើម្បី​ផ្គាប់​ព្រះ​ហឫទ័យ​របស់​ព្រះ?

ក្នុង​បុគ្គលិកលក្ខណៈ​ចាស់​ខ្លះ​ដែល​ព្រះ​បន្ទូល​របស់​ព្រះ​ចែង​ថា​អាក្រក់​នោះ មនុស្ស​ដែល​ចង់​ទៅ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ត្រូវ​តែ​ដោះ​បុគ្គលិកលក្ខណៈ​នោះ​ចេញ។ ប៉ុល​បាន​បកស្រាយ​ពី​ការ​ប្រព្រឹត្ត​ខ្លះ​ក្នុង​សំបុត្រ​របស់​គាត់​ទៅ​កាន់​ជន​គ្រីស្ទាន​នៅ​ទី​ក្រុង​កូរិនថូស​ដោយ​ពោល​ថា​៖​«ពួក​មនុស្ស​កំផិត ពួក​ថ្វាយ​បង្គំ​រូប​ព្រះ ពួក​សហាយ​ស្មន់ ពួក​អ្នក​សំរេច​កិច្ច​ដោយ​ខ្លួន​ឯង ពួក​លេង​កូន​ជឹង ពួក​ចោរ ពួក​មនុស្ស​លោភ ពួក​ប្រមឹក ពួក​ត្មះ​តិះដៀល នឹង​ពួក​ប្លន់​កំហែង នោះ​មិន​ដែល​បាន​គ្រង​នគរ​ព្រះ​ទុក​ជា​មរដក​ឡើយ»។ រួច​មក ប៉ុល​បញ្ជាក់​ថា​ជន​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ​បាន​កែ​ប្រែ​នូវ​លក្ខណៈ​ខ្លួន​ដែល​ចាំបាច់​កែ​ប្រែ​នោះ ពេល​គាត់​ពោល​បន្ត​ថា​៖​«ពួក​អ្នក​រាល់​គ្នា​ខ្លះ ពីដើម​ក៏​ជា​មនុស្ស​យ៉ាង​ដូច្នោះ​ដែរ»។ សូម​កត់​សម្គាល់​នូវ​ពាក្យ​ថា ពីដើមពួក​គេ​គឺ​ដូច្នេះ មិន​មែន​ឥឡូវ​នេះទេ។—កូរិនថូសទី១ ៦:៩​-​១១

ប៉ុល​ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ថា ប្រហែល​ជា​ត្រូវ​ធ្វើ​ការ​កែ​ប្រែ​ថែម​ទៀត​ដែរ ពេល​ដែល​គាត់​ពោល​បន្ត​ថា​៖​«ខ្ញុំ​មាន​ច្បាប់​នឹង​ធ្វើ​គ្រប់​ការ​ទាំង​អស់​បាន ប៉ុន្តែ​មិន​មែន​ការ​ទាំង​នោះ​មាន​ប្រយោជន៍​ទាំង​អស់​ទេ»។ (កូរិនថូសទី១ ៦:១២) ដូច្នេះ សព្វ​ថ្ងៃ​នេះ​មនុស្ស​ជា​ច្រើន​ដែល​ចង់​ទៅ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​យល់​ថា ពួក​គេ​ត្រូវ​តែ​បដិសេធ​ចំពោះ​អ្វីៗ​ខ្លះ​ដែល​មិន​មាន​ប្រយោជន៍​ឬ​មិន​សូវ​មាន​តម្លៃ​នោះ ទោះ​ជា​ពួក​គេ​មាន​ច្បាប់​ធ្វើ​ក៏​ដោយ។ អ្វីៗ​ទាំង​នោះ​ប្រហែល​ជា​ស៊ី​ពេល​វេលា​ច្រើន និង​អាច​ទាញ​បំបែរ​អារម្មណ៍​ពួក​គេ​ចេញ​ពី​ការ​ស្វែង​រក​អ្វី​ដែល​សំខាន់​ជាង។

៤​. តើ​ជន​គ្រីស្ទាន​ដែល​បាន​ថ្វាយ​ខ្លួន​រួច​ហើយ​នោះ​យល់​ស្រប​នឹង​គំនិត​អ្វី​របស់​ប៉ុល?

ការ​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​ជា​អ្វី​ដែល​ត្រូវ​ធ្វើ​ស្មោះ​ស្ម័គ្រ​ពី​ចិត្ត មិន​មែន​ដោយ​ទើសទាល់ ដែល​ហាក់បី​ដូច​ជា​ការ​ថ្វាយ​ខ្លួន​តម្រូវ​ឲ្យ​ធ្វើ​ពលិកម្ម​ដ៏​ធំ​ក្រៃ​លៃង​នោះ។ ពួក​គ្រីស្ទាន​ដែល​បាន​ថ្វាយ​ខ្លួន​រួច​ហើយ​ក៏​យល់​ស្រប​តាម​សំដី​របស់​ប៉ុល​ដែល​គាត់​បាន​ពោល​ក្រោយ​ពី​បាន​ទៅ​ជា​អ្នក​កាន់​តាម​ព្រះ​គ្រីស្ទ​ម្នាក់។ ប៉ុល​ពោល​ថា​៖​«ដោយ​យល់​ដល់​[ព្រះ​យេស៊ូ] ខ្ញុំ​បាន​ខាត​គ្រប់​ទាំង​អស់ ហើយ​បាន​រាប់​ទាំង​អស់​ទុក​ដូច​ជា​សំរាម ប្រយោជន៍​ឲ្យ​បាន​ព្រះ​គ្រីស្ទ​វិញ»។ (ភីលីព ៣:៨) ប៉ុល​សប្បាយ​ចិត្ត​បដិសេធ​នូវ​អ្វី​ដែល​មិន​សូវ​មាន​តម្លៃ ដើម្បី​អាច​បន្ត​បង្ហាញ​ថា​គាត់​ព្រម​ធ្វើ​អ្វីៗ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ។

៥​. តើ​ប៉ុល​បាន​រត់​ដោយ​ជោគជ័យ​ក្នុង​ប្រណាំង​បែប​ណា? ហើយ​តើ​យើង​អាច​ធ្វើ​ដូច​គាត់​ដែរ​យ៉ាង​ដូច​ម្ដេច?

ប៉ុល​បាន​ទប់​ចិត្ត​ក្នុង​ការ​រត់​ប្រណាំង​ខាង​វិញ្ញាណ ហើយ​នៅ​ទីបំផុត​គាត់​អាច​ពោល​ថា​៖​«ខ្ញុំ​បាន​តយុទ្ធ​យ៉ាង​ល្អ ខ្ញុំ​បាន​រត់​ប្រណាំង​ជា​ស្រេច ខ្ញុំ​បាន​រក្សា​សេចក្ដី​ជំនឿ​ទៅ​ហើយ។ ពី​នេះ​ទៅ​មុខ នឹង​មាន​មកុដ​នៃ​សេចក្ដី​សុចរិត បំ​រុង​ទុក​ឲ្យ​ខ្ញុំ ដែល​ព្រះ​អម្ចាស់​ដ៏​ជា​ចៅក្រម​សុចរិត ទ្រង់​នឹង​ប្រទាន​មក​ខ្ញុំ[«ទុក​ជា​រង្វាន់»​, ព.ថ.]នៅ​ថ្ងៃ​នោះ មិន​មែន​ដល់​ខ្ញុំ​តែ​ម្នាក់​ប៉ុណ្ណោះ គឺ​ដល់​អស់​អ្នក​ណា​ដែល​ចូល​ចិត្ត​នឹង​ដំណើរ​ទ្រង់​យាង​មក​វិញ​នោះ​ដែរ»។ (ធីម៉ូថេទី២ ៤:៧, ៨) នៅ​ថ្ងៃ​ណា​មួយ តើ​យើង​នឹង​អាច​ពោល​ដូច​នេះ​ដែរ​ឬ? យើង​នឹង​អាច​ពោល​ដូច​ប៉ុល​មែន បើ​យើង​ចេះ​ទប់​ចិត្ត​ក្នុង​កំឡុង​ដែល​រត់​ប្រណាំង​ជា​ជន​គ្រីស្ទាន ដោយ​មិន​រសាយ​ព្យាយាម​រហូត​ដល់​ទីបញ្ចប់។

ការ​ទប់​ចិត្ត​ដើម្បី​ធ្វើ​អំពើ​ល្អ

៦​. តើ​ការ​ទប់​ចិត្ត​ជា​អ្វី? ហើយ​តើ​យើង​ត្រូវ​តែ​ទប់​ចិត្ត​ក្នុង​រឿង​ពីរ​យ៉ាង​អ្វី?

ក្នុង​ព្រះ​គម្ពីរ ពាក្យ​ភាសា​ហេព្រើរ​និង​ក្រិច​ដែល​បកប្រែ​ថា «ទប់​ចិត្ត» មាន​អត្ថន័យ​ត្រង់ៗ​ថា មនុស្ស​ម្នាក់​អាច​គ្រប់គ្រង​ខ្លួន​បាន។ ជា​ញឹកញយ ពាក្យ​ទាំង​នោះ​រួម​បញ្ចូល​ការ​ឃាត់​ខ្លួន​មិន​ឲ្យ​ធ្វើ​អំពើ​អាក្រក់។ ប៉ុន្តែ គឺ​ជាក់​ស្តែង​ហើយ​ដែល​ថា យើង​ក៏​ត្រូវ​ចេះ​ទប់​ចិត្ត​ដល់​មួយ​កំរិត​ដែរ ដើម្បី​អាច​ប្រើ​រូប​កាយ​របស់​យើង​ក្នុង​ការ​ធ្វើ​អំពើ​ល្អ។ ទំនោរ​ចិត្ត​ធម្មតា​របស់​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍​គឺ​ទន់​ទោរ​ទៅ​រក​អំពើ​ខុស​ឆ្គង ហេតុ​នេះ​យើង​ត្រូវ​ខំ​ប្រឹង​ព្យាយាម​យក​ឈ្នះ​បញ្ហា​ពីរ​យ៉ាង។ (សាស្ដា ៧:២៩; ៨:១១) ព្រម​ជា​មួយ​នឹង​ការ​ឃាត់​ខ្លួន​មិន​ឲ្យ​ធ្វើ​អំពើ​អាក្រក់ យើង​ក៏​ត្រូវ​បង្ខំ​ខ្លួន​ឲ្យ​ធ្វើ​អំពើ​ល្អ​ដែរ។ ការ​ពិត ការ​គ្រប់គ្រង​ខ្លួន​ដើម្បី​ធ្វើ​អំពើ​ល្អ​ជា​វិធី​ប្រសើរ​បំផុត​ដែល​យើង​អាច​ចៀស​ពី​ការ​ធ្វើ​អំពើ​អាក្រក់។

៧​. (ក) ដូច​ដាវីឌ តើ​យើង​ត្រូវ​អធិស្ឋាន​អំពី​រឿង​អ្វី? (ខ) តើ​ជំនួយ​ក្នុង​ការ​ទប់​ចិត្ត​មក​ពី​ការ​រំពឹង​គិត​អំពី​អ្វី?

គឺ​ច្បាស់​ហើយ​ដែល​ថា ការ​ទប់​ចិត្ត​គឺ​ចាំបាច់​បើ​យើង​ចង់​បំពេញ​តាម​ការ​ថ្វាយ​ខ្លួន​របស់​យើង​ចំពោះ​ព្រះ។ យើង​ត្រូវ​តែ​អធិស្ឋាន​ដូច​ដាវីឌ​ថា​៖​«ឱ​ព្រះ​អង្គ​អើយ! សូម​បង្កើត​ចិត្ត​បរិសុទ្ធ​នៅ​ក្នុង​ទូល​បង្គំ ហើយ​កែ​វិញ្ញាណ​ក្នុង​ទូល​បង្គំ​ឲ្យ​ត្រឹម​ត្រូវ​ឡើង»។ (ទំនុកដំកើង ៥១:១០) យើង​អាច​រំពឹង​គិត​អំពី​ផល​ប្រយោជន៍​ដែល​មក​ពី​ការ​ចៀស​ពី​អំពើ​ដែល​ខុស​សីលធម៌​ឬ​មួយ​ក៏​បង្ខូច​សុខភាព។ សូម​គិត​ផង​ដែរ​អំពី​គ្រោះថ្នាក់​ដែល​អាច​មក​ពី​ការ​មិន​ចៀស​ពី​អំពើ​បែប​នោះ ដូច​ជា​ជំងឺ​ធ្ងន់ធ្ងរ ទំនាក់ទំនង​ប្រេះ​ឆា ឬ​រហូត​ដល់​ការ​ស្លាប់​មុន​អាយុ​ក៏​មាន។ ម្យ៉ាង​វិញ​ទៀត សូម​គិត​អំពី​ផល​ប្រយោជន៍​ជា​ច្រើន​យ៉ាង​ដែល​មក​ពី​ការ​កាន់​ខ្ជាប់​តាម​របៀប​រស់​នៅ​ដែល​ព្រះ​យេហូវ៉ា​ណែនាំ​ឲ្យ​យើង​មាន​នោះ។ ក៏​ប៉ុន្តែ បើ​គិត​ឲ្យ​បាន​ប្រាកដប្រជា យើង​ក៏​ត្រូវ​ចាំ​ថា ចិត្ត​របស់​យើង​ជា​គ្រឿង​បញ្ឆោត។ (យេរេមា ១៧:៩) យើង​ត្រូវ​តែ​ប្ដេជ្ញា​យ៉ាង​ម៉ឺងម៉ាត់​កុំ​ឲ្យ​មាន​ចិត្ត​មើល​ស្រាល​ដល់​សារៈ​សំខាន់​នៃ​ការ​កាន់​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា។

៨​. តើ​អ្វី​ជា​ការ​ពិត​ដែល​បទ​ពិសោធន៍​បាន​បង្រៀន​យើង​នោះ? សូម​ឲ្យ​ឧទាហរណ៍។

យើង​ភាគ​ច្រើន​ដឹង​ដោយ​បទ​ពិសោធន៍​ថា ភាព​ឥត​គ្រប់​ល័ក្ខណ៍​ដ៏​រឹងរូស​ខំ​ជា​ញយៗ​ដើម្បី​បំផ្លាញ​ទឹក​ចិត្ត​ស្មោះ​ស្ម័គ្រ​របស់​យើង។ ជា​ឧទាហរណ៍ សូម​គិត​អំពី​កិច្ច​ផ្សព្វផ្សាយ​ព្រះ​រាជាណាចក្រ​ព្រះ។ ព្រះ​យេហូវ៉ា​មាន​ព្រះ​ហឫទ័យ​រីករាយ​ដែល​មនុស្ស​សុខ​ចិត្ត​ចូល​រួម​ដោយ​ស្មោះ​ស្ម័គ្រ​ក្នុង​កិច្ចការ​សង្គ្រោះ​ជីវិត​នេះ។ (ទំនុកដំកើង ១១០:៣; ម៉ាថាយ ២៤:១៤) ចំពោះ​យើង​ភាគ​ច្រើន ការ​ផ្សព្វផ្សាយ​មិន​មែន​ស្រួល​រៀន​ទេ។ នោះ​បាន​តម្រូវ​និង​ប្រហែល​ជា​នៅ​តែ​តម្រូវ​ឲ្យ​យើង​ចេះ​គ្រប់គ្រង​ខ្លួន គឺ​ថា​«វាយ​ដំ»​រូប​កាយ​យើង​និង​«បង្ខំ​ឲ្យ​ចុះ​ចូល» ជាជាង​អនុញ្ញាត​ឲ្យ​បង្គាប់​បញ្ជា​យើង​ធ្វើ​តែ​អ្វី​ដែល​ស្រួល។—កូរិនថូសទី១ ៩:១៦, ២៧; ថែស្សាឡូនីចទី១ ២:២

តើ​ពិត​ជា​ត្រូវ​ទប់​ចិត្ត​«គ្រប់​ជំពូក»​ឬ?

៩, ១០​. តើ​ការ​ចេះ‹ទប់​ចិត្ត​គ្រប់​ជំពូក›រួម​បញ្ចូល​អ្វី​ខ្លះ?

ដំបូន្មាន​ព្រះ​គម្ពីរ​ដែល​ប្រាប់​ឲ្យ​យើង​ចេះ‹ទប់​ចិត្ត​គ្រប់​ជំពូក›​នេះ​បង្ហាញ​ឲ្យ​ដឹង​ថា ការ​ទប់​ចិត្ត​ក៏​រួម​បញ្ចូល​អ្វី​ថែម​ទៀត​ក្រៅ​ពី​ការ​ទប់​កំហឹង​និង​ឃាត់​ខ្លួន​មិន​ឲ្យ​ប្រព្រឹត្ត​អំពើ​អសីលធម៌​នោះ។ យើង​ប្រហែល​ជា​គិត​ថា​យើង​ចេះ​ទប់​ចិត្ត​ក្នុង​រឿង​ទាំង​នោះ​ហើយ។ បើ​ដូច្នេះ​មែន យើង​មាន​ហេតុ​សប្បាយ​ចិត្ត​ពិត​មែន។ ក៏​ប៉ុន្តែ ចុះ​យ៉ាង​ណា​វិញ​ចំពោះ​ទិដ្ឋភាព​ផ្សេង​ទៀត​ក្នុង​ជីវិត​ដែល​ប្រហែល​ជា​មើល​ទៅ​ដូច​ជា​មិន​ចាំបាច់​ទប់​ចិត្ត​នោះ​ទេ? ជា​ឧទាហរណ៍ ឧបមា​ថា បើ​យើង​រស់​នៅ​ប្រទេស​ជឿនលឿន​ដែល​មាន​ជីវភាព​ធូរធារ។ ជា​ការ​ល្អ​បើ​រៀន​ចេះ​បដិសេធ​ចំពោះ​ការ​ចាយ​លុយ​ទៅ​លើ​អ្វី​ដ៏​មិន​ចាំបាច់​នោះ មែន​ទេ? យក​ល្អ​មាតា​បិតា​បង្រៀន​កូន​កុំ​ឲ្យ​ចេះ​តែ​ទិញ​អ្វីៗ​តាម​ចិត្ត​ដោយសារ​តែ​របស់​នោះ​មាន​លក់ ទាក់​ភ្នែក ឬ​ដោយសារ​តែ​ពួក​គេ​មាន​លុយ​គ្រប់គ្រាន់​អាច​ទិញ​បាន។ គឺ​ច្បាស់​ហើយ​ដែល​ថា មាតា​បិតា​ត្រូវ​ជា​គំរូ​ល្អ​ក្នុង​រឿង​នេះ ទើប​ការ​ណែនាំ​កូន​មាន​ប្រសិទ្ធ​ភាព។—លូកា ១០:៣៨​-​៤២

១០ ការ​រៀន​ឲ្យ​ចេះ​ទ្រាំ​អត់​របស់​របរ​ខ្លះៗ​អាច​ធ្វើ​ឲ្យ​យើង​មាន​កម្លាំង​ចិត្ត​ច្រើន​ជាង​ដើម្បី​អាច​ទប់​ចិត្ត​បាន។ នោះ​ក៏​អាច​ធ្វើ​ឲ្យ​យើង​ឲ្យ​តម្លៃ​ច្រើន​ជាង​ទៅ​លើ​របស់​របរ​ណា​ដែល​យើង​មាន​រួច​ហើយ ព្រម​ទាំង​អាច​ជួយ​យើង​មាន​ចិត្ត​អាណិតអាសូរ​ច្រើន​ជាង​ចំពោះ​អ្នក​ដែល​ត្រូវ​តែ​រស់​នៅ​ដោយ​គ្មាន​របស់​របរ​ខ្លះ មិន​មែន​ដោយសារ​សម្រេច​ចិត្ត​ធ្វើ​ដូច្នេះ តែ​ជា​អ្វី​ដែល​ត្រូវ​តែ​ធ្វើ។ ជា​ការ​ពិត​មែន​ដែល​ថា ជីវភាព​ដ៏​សាមញ្ញ​បែប​នេះ​គឺ​ផ្ទុយ​ពី​គំនិត​ពេញ​និយម​ដូច​គំនិត​ថា​«ចូរ​បំពេញ​បំណង​របស់​អ្នក​ទៅ!» ឬ​«អ្នក​គួរ​តែ​មាន​របស់​ល្អ​បំផុត​នេះ!»។ ការ​ផ្សាយ​ពាណិជ្ជកម្ម​បំ​ផុស​ឲ្យ​មាន​គំនិត​ចង់​បំពេញ​ក្ដី​ប៉ង​ប្រាថ្នា​ភ្លាមៗ។ ប៉ុន្តែ​ការ​ផ្សាយ​ពាណិជ្ជកម្ម​បែប​នេះ​ដើម្បី​ទាញ​យក​តែ​ផល​ចំណេញ​ប៉ុណ្ណោះ។ សភាព​ការណ៍​នេះ​អាច​រារាំង​ការ​ព្យាយាម​របស់​យើង​ក្នុង​ការ​ទប់​ចិត្ត។ ថ្មីៗ​នេះ ទស្សនាវដ្ដី​មួយ​នៅ​ប្រទេស​រីក​ចំរើន​នា​ទ្វីប​អឺរ៉ុប​បាន​កត់​សម្គាល់​ថា​៖​«បើ​ការ​អត់​សង្កត់​ក្ដី​ប៉ង​ប្រាថ្នា​ដ៏​មិន​ល្អ​គឺ​ពិបាក​សំរាប់​អ្នក​ក្រ​លំបាក នោះ​អ្នក​ដែល​រស់​នៅ​ប្រទេស​អ្នក​មាន​សំបូ​រ​ហូរ​ហៀរ​សព្វ​ថ្ងៃ​នេះ​គឺ​ពិបាក​ជាង​នោះ​ទៅ​ទៀត!»។

១១​. ហេតុ​អ្វី​បាន​ជា​ការ​រៀន​ឲ្យ​ចេះ​ទ្រាំ​អត់​របស់​របរ​ខ្លះៗ​មាន​ប្រយោជន៍? ប៉ុន្តែ តើ​អ្វី​ធ្វើ​ឲ្យ​ការ​ទ្រាំ​អត់​ពិបាក​ធ្វើ?

១១ បើ​យើង​ពិបាក​វិនិច្ឆ័យ​ថា អ្វី​ទៅ​ជា​របស់​ដែល​យើង​ពិត​ជា​ត្រូវ​ការ និង​អ្វី​ខ្លះ​ជា​របស់​ដែល​យើង​គ្រាន់​តែ​ចង់​បាន​នោះ យក​ល្អ​ឲ្យ​យើង​ចាត់​វិធានការ​ឲ្យ​ចៀស​វាង​ការ​ចាយ​វាយ​បែប​ឥត​បើ​គិត។ ជា​ឧទាហរណ៍ បើ​យើង​ចង់​ឃាត់​នូវ​ទំនោរ​ចិត្ត​ចាយ​វាយ​ដោយ​មិន​គិត​នោះ យើង​ប្រហែល​ជា​អាច​តាំង​ចិត្ត​មិន​ទិញជឿ ហើយ​នៅ​ពេល​ទៅ​ផ្សារ​យើង​ប្រហែល​ជា​យក​លុយ​តែ​មួយ​ចំនួន​កំណត់​ប៉ុណ្ណោះ។ សូម​ចាំ​នូវ​ពំនោល​របស់​ប៉ុល​ថា​«ការ​គោរព​ប្រតិបត្ដិ​ដល់​ព្រះ ដែល​មាន​ទាំង​ចិត្ត​ស្កប់ស្កល់​ផង»​នោះ​ជា​«កំរៃ​១​យ៉ាង​ធំ​មែន»។ គាត់​បាន​វែកញែក​ថា​៖​«យើង​រាល់​គ្នា​មិន​បាន​យក​អ្វី ចូល​មក​ក្នុង​លោកីយ​នេះ​ទេ ហើយ​ច្បាស់​ជា​យើង​ពុំ​អាច​នឹង​យក​អ្វី​ចេញ​ទៅ​វិញ​បាន​ដែរ។ តែ​បើ​មាន​អាហារ​ទទួល​ទាន នឹង​សំលៀកបំពាក់ នោះ​ក៏​ល្មម​ឲ្យ​យើង​បាន​ស្កប់​ចិត្ត​ហើយ»។ (ធីម៉ូថេទី១ ៦:៦​-​៨) តើ​យើង​ជា​មនុស្ស​ដែល​ចេះ​ស្កប់​ចិត្ត​ឬ​ទេ? ការ​លត់​ដំ​ខ្លួន​ឲ្យ​ចេះ​មាន​ជីវភាព​សាមញ្ញ​ដោយ​មិន​បណ្ដោយ​ខ្លួន​ឲ្យ​ធ្វើ​ឬ​ទិញ​អ្វី​តាម​តែ​ទំនើង​ចិត្ត តម្រូវ​ឲ្យ​មាន​កម្លាំង​ចិត្ត​និង​តម្រូវ​ឲ្យ​ចេះ​ទប់​ចិត្ត។ ក៏​ប៉ុន្តែ នេះ​ជា​មេ​រៀន​មួយ​ដែល​មាន​ផល​ប្រយោជន៍​ច្រើន​មែន។

១២, ១៣​. (ក) តើ​កិច្ច​ប្រជុំ​គ្រីស្ទាន​តម្រូវ​ឲ្យ​មាន​ការ​ទប់​ចិត្ត​យ៉ាង​ដូច​ម្ដេច? (ខ) តើ​យើង​ក៏​ត្រូវ​បណ្ដុះ​ឲ្យ​ចេះ​ទប់​ចិត្ត​ក្នុង​រឿង​អ្វី​ខ្លះ​ទៀត?

១២ ការ​ចូល​រួម​កិច្ច​ប្រជុំ សន្និបាត និង​មហា​សន្និបាត​សំរាប់​គ្រីស្ទាន​ពិត​ក៏​តម្រូវ​ឲ្យ​មាន​ការ​ទប់​ចិត្ត​បែប​ម្យ៉ាង​ដែរ។ ជា​ឧទាហរណ៍ គុណសម្បត្ដិ​នោះ​គឺ​ចាំបាច់​ដើម្បី​ទប់​កុំ​ឲ្យ​អារម្មណ៍​ហោះ​ហើរ​ពី​នេះ​ទៅ​នុះ​ក្នុង​កំឡុង​កម្មវិធី។ (សុភាសិត ១:៥) យើង​ប្រហែល​ជា​ត្រូវ​ចេះ​ទប់​ចិត្ត​កុំ​ឲ្យ​និយាយ​ខ្សឹបៗ​ជា​មួយ​អ្នក​អង្គុយ​ក្បែរៗ​រំខាន​អ្នក​ឯ​ទៀត​ជាជាង​ផ្ចង់​អារម្មណ៍​ស្ដាប់​អ្នក​ថ្លែង។ ការ​កែ​ប្រែ​កាល​វិភាគ​របស់​យើង​ដើម្បី​អាច​មក​ទាន់​ពេល​ប្រជុំ​ប្រហែល​ជា​តម្រូវ​ឲ្យ​យើង​ចេះ​ទប់​ចិត្ត​ផង​ដែរ។ ម្យ៉ាង​ទៀត យើង​ក៏​ប្រហែល​ជា​ត្រូវ​ចេះ​ទប់​ចិត្ត​ដើម្បី​ឆ្លៀត​ពេល​រៀប​ចំ​សំរាប់​ប្រជុំ​ហើយ​ចូល​រួម​ប្រជុំ​ដែរ។

១៣ ការ​ចេះ​ទប់​ចិត្ត​ក្នុង​រឿង​តូចតាច​នឹង​ពង្រឹង​សមត្ថភាព​របស់​យើង​ដើម្បី​ទប់​ចិត្ត​ក្នុង​រឿង​ធំ​ជាង​ទៅ​ទៀត។ (លូកា ១៦:១០) ដូច្នេះ ជា​ការ​ល្អ​ណាស់! បើ​យើង​ចេះ​លត់​ដំ​ខ្លួន​អាន​ព្រះ​បន្ទូល​របស់​ព្រះ​និង​ប្រកាសនវត្ថុ​ព្រះ​គម្ពីរ​ជា​ទៀងទាត់ ព្រម​ទាំង​សិក្សា​និង​រំពឹង​គិត​អំពី​អ្វី​ដែល​យើង​បាន​រៀន​នោះ។ បើ​យើង​លត់​ដំ​ខ្លួន​ឲ្យ​ចៀស​វាង​ការងារ ពួក​ម៉ាក ចិត្ត​គំនិត និង​ទម្លាប់​ណា​ដ៏​មិន​សមរម្យ ថែម​ទាំង​លត់​ដំ​ខ្លួន​ឲ្យ​ចេះ​បដិសេធ​ទង្វើ​ណា​ដែល​ទាញ​យក​ពេល​វេលា​ពី​ការ​បំរើ​ព្រះ។ ការ​ជាប់​រវល់​ក្នុង​កិច្ច​បំរើ​ព្រះ​យេហូវ៉ា​ពិត​ជា​វិធី​ការពារ​មួយ​ដ៏​ល្អ​ប្រសើរ​ផង​ដែរ ដើម្បី​កុំ​ឲ្យ​អ្វី​ទាញ​យើង​ចេញ​ពី​សួន​មនោរម្យ​ខាង​វិញ្ញាណ​ក្នុង​អង្គការ​ទូទាំង​ពិភពលោក​របស់​ព្រះ​យេហូវ៉ា។

តាម​រយៈ​ការ​ទប់​ចិត្ត ចូរ​ឲ្យ​យើង​ទៅ​ជា​មនុស្ស​ពេញ​វ័យ

១៤​. (ក) តើ​កូន​ក្មេង​គួរ​រៀន​ឲ្យ​ចេះ​ទប់​ចិត្ត​យ៉ាង​ដូច​ម្ដេច? (ខ) តើ​អាច​មាន​ផល​ប្រយោជន៍​អ្វី​ពេល​ដែល​កូន​ក្មេង​រៀន​ឲ្យ​ចេះ​ទប់​ចិត្ត​តាំង​ពី​តូច​នោះ?

១៤ ទារក​មិន​ចេះ​ទប់​ចិត្ត​ទេ។ កូន​សៀវភៅ​មួយ​និពន្ធ​ដោយ​អ្នក​ជំនាញ​ផ្នែក​ចរិយា​កូន​ក្មេង បាន​ពន្យល់​ថា​៖​«កូន​មិន​ចេះ​ទប់​ចិត្ត​ដោយ​ស្វ័យ​ប្រវត្ដិ​ឬ​ក៏​ក្នុង​មួយ​រំពេច​នោះ​ទេ។ ទារក​និង​ក្មេង​តូចៗ​ត្រូវ​ការ​នូវ​ការ​ណែនាំ​និង​ការ​គាំទ្រ​ពី​មាតា​បិតា​ដើម្បី​ចាប់​ផ្ដើម​រៀន​ឲ្យ​ចេះ​ទប់​ចិត្ត។ . . . ដោយ​មាន​មាតា​បិតា​ណែនាំ​នោះ កូន​នឹង​មាន​សមត្ថភាព​ទប់​ចិត្ត​កាន់​តែ​ច្រើន​ឡើងៗ​ក្នុង​កំឡុង​ប៉ុន្មាន​ឆ្នាំ​ដែល​រៀន​នៅ​ឯ​សាលា»។ ការ​វិភាគ​សិក្សា​ចំពោះ​ក្មេងៗ​អាយុ​៤​ឆ្នាំ​បាន​ឲ្យ​ដឹង​ថា ក្មេងៗ​ដែល​បាន​រៀន​ឲ្យ​ចេះ​ទប់​ចិត្ត​ដល់​មួយ​កំរិត​«ច្រើន​តែ​ធំ​ឡើង​ទៅ​ជា​យុវជន​ដែល​ចេះ​ចូល​គេ​ចុះ​យ៉ាង​ប្រសើរ មាន​គំនិត​ហ៊ាន​ផ្សង មាន​ទំនុក​ចិត្ត​លើ​សមត្ថភាព​ខ្លួន និង​ជា​យុវជន​គួរ​ឲ្យ​ទុក​ចិត្ត​ជាង​អ្នក​ឯ​ទៀត»។ កូន​ក្មេង​ដែល​មិន​បាន​ចាប់​ផ្ដើម​រៀន​ឲ្យ​ចេះ​ទប់​ចិត្ត «ច្រើន​តែ​ទៅ​ជា​យុវជន​ដែល​មាន​អារម្មណ៍​កណ្ដោចកណ្ដែង ឆាប់​មួម៉ៅ និង​រឹង​ចចេស។ ពួក​គេ​ក៏​មាន​ចិត្ត​រួញ​រា​ពេល​មាន​ការ​គាប​សង្កត់ ទាំង​រា​ថយ​ចំពោះ​កិច្ចការ​ដ៏​ពិបាក​ផង​ដែរ»។ គឺ​ច្បាស់​ហើយ​ដែល​ថា ដើម្បី​ទៅ​ជា​មនុស្ស​ពេញ​វ័យ​ដែល​មាន​លក្ខណៈ​សម្បត្ដិ​ល្អ​ប្រសើរ កូន​ក្មេង​ត្រូវ​តែ​រៀន​ឲ្យ​ចេះ​ទប់​ចិត្ត។

១៥​. បើ​មិន​ចេះ​ទប់​ចិត្ត តើ​នោះ​មាន​ន័យ​ដូច​ម្ដេច? ប៉ុន្តែ តើ​ព្រះ​គម្ពីរ​ឲ្យ​យើង​មាន​គោល​ដៅ​អ្វី?

១៥ ដូច​គ្នា​ដែរ បើ​យើង​ចង់​ទៅ​ជា​គ្រីស្ទាន​ដ៏​ពេញ​វ័យ​ខាង​វិញ្ញាណ យើង​ក៏​ត្រូវ​រៀន​ឲ្យ​ចេះ​ទប់​ចិត្ត​ដែរ។ ការ​មិន​ចេះ​ទប់​ចិត្ត​មាន​ន័យ​ថា យើង​នៅ​តែ​ជា​កូន​ក្មេង​ខាង​វិញ្ញាណ។ ព្រះ​គម្ពីរ​ដាស់​តឿន​យើង​ថា​៖​«ខាង​ឯ​គំនិត[ឬ​«សមត្ថភាព​ឆ្លុះ​យល់»​, ព.ថ.] នោះ​ចូរ​ធ្វើ​ជា​មនុស្ស​ពេញ​អាយុ»។ (កូរិនថូសទី១ ១៤:២០) គោល​ដៅ​របស់​យើង​គឺ​«រួបរួម​ខាង​ឯ​សេចក្ដី​ជំនឿ​រួច​ជា​ស្រេច ហើយ​បាន​ស្គាល់​ព្រះ​រាជបុត្រា​នៃ​ព្រះ ដូច​គ្នា​ទាំង​អស់ គឺ​ដល់​បាន​ពេញ​ជា​មនុស្ស [ឬ​«ជា​មនុស្ស​ពេញ​វ័យ»​, ខ.ស.] ហើយ​ដល់​ខ្នាត​កំពស់​នៃ​សេចក្ដី​ពោរពេញ​ផង​ព្រះ​គ្រីស្ទ»។ ហេតុ​អ្វី? «ដើម្បី​កុំ​ឲ្យ​យើង​នៅ​ជា​កូន​តូច​ទៀត ទាំង​ត្រូវ​គ្រប់​អស់​ទាំង​ខ្យល់​នៃ​សេចក្ដី​បង្រៀន​បោក ហើយ​ផាត់​យើង​ចុះ​ឡើង ដោយ​សេចក្ដី​ឆបោក​របស់​ផង​មនុស្ស ហើយ​ដោយ​ឧបាយកល ដែល​គេ​ប្រើ​នឹង​នាំ​ឲ្យ​វង្វេង​ទៀត​ឡើយ»។ (អេភេសូរ ៤:​១៣, ១៤) គឺ​ច្បាស់​ហើយ​ដែល​ថា ការ​រៀន​ឲ្យ​ចេះ​ទប់​ចិត្ត​ជា​ផ្នែក​ចាំបាច់​នៃ​ភាព​ខាង​វិញ្ញាណ។

ការ​បណ្ដុះ​ឲ្យ​ចេះ​ទប់​ចិត្ត

១៦​. តើ​ព្រះ​យេហូវ៉ា​ផ្ដល់​ជំនួយ​យ៉ាង​ដូច​ម្ដេច?

១៦ ដើម្បី​បណ្ដុះ​ឲ្យ​ចេះ​ទប់​ចិត្ត យើង​ត្រូវ​ការ​ជំនួយ​ពី​ព្រះ ហើយ​ជំនួយ​នោះ​យើង​អាច​ទទួល​បាន។ ព្រះ​បន្ទូល​របស់​ព្រះ​ដែល​ប្រៀប​ដូច​ជា​កញ្ចក់​ឆ្លុះ​មុខ​ដ៏​គ្រប់​ល័ក្ខណ៍​មួយ បង្ហាញ​ឲ្យ​យើង​ឃើញ​នូវ​លក្ខណៈ​ដែល​យើង​ផ្ទាល់​ត្រូវ​កែ​ប្រែ និង​ក៏​ផ្ដល់​ឱវាទ​អំពី​វិធី​យើង​អាច​កែ​ប្រែ​បាន។ (យ៉ាកុប ១:២២​-​២៥) បងប្អូន​ក្នុង​ភាតរភាព​របស់​យើង​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​បំ​រុង​តែ​នឹង​ជួយ​យើង​ដែរ។ អ្នក​ចាស់​ទុំ​ក្នុង​ក្រុមជំនុំ​គ្រីស្ទាន​ក៏​បង្ហាញ​ការ​យោគ​យល់​ដោយ​ជួយ​យើង​ផ្ទាល់។ ព្រះ​យេហូវ៉ា​ប្រទាន​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់​ដោយ​ព្រះទ័យ​សទ្ធា បើ​យើង​អធិស្ឋាន​សុំ​នោះ។ (លូកា ១១:១៣; រ៉ូម ៨:២៦) ដូច្នេះ ចូរ​យើង​ប្រើ​សំវិធានការ​ទាំង​នេះ​ដោយ​ក្ដី​អំណរ។ យោបល់​នៅ​ទំព័រ​៣១​ប្រហែល​ជា​អាច​ជួយ​យើង​បាន។

១៧​. តើ​សុភាសិត ២៤:១៦ លើក​ទឹក​ចិត្ត​យើង​យ៉ាង​ណា?

១៧ ការ​ដឹង​ថា​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​ចំពោះ​ការ​ខំ​ព្យាយាម​ដើម្បី​ផ្គាប់​ព្រះ​ហឫទ័យ​ទ្រង់ ពិត​ជា​ធ្វើ​ឲ្យ​យើង​សប្បាយ​មែន! នេះ​គួរ​ជំរុញ​ចិត្ត​យើង​បន្ត​ព្យាយាម​បណ្ដុះ​នូវ​ការ​ចេះ​ទប់​ចិត្ត​ឲ្យ​បាន​ច្រើន​ថែម​ទៀត។ មិន​ថា​យើង​ភ្លាត់​ប៉ុន្មាន​ដង​ក៏​ដោយ កុំ​ឲ្យ​យើង​រសាយ​ព្យាយាម​ឲ្យ​សោះ។ «មនុស្ស​សុចរិត ទោះ​បើ​គេ​ដួល​ដល់​៧​ដង​ក៏​ដោយ គង់​តែ​នឹង​ក្រោក​ឡើង​វិញ​បាន»។ (សុភាសិត ២៤:១៦) ជា​រៀង​រាល់​ដង​ពេល​យើង​ធ្វើ​អ្វី​សព្វ​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា យើង​មាន​ហេតុ​សប្បាយ​ចិត្ត​នឹង​ខ្លួន​យើង។ យើង​ក៏​អាច​ដឹង​ប្រាកដ​ថា ព្រះ​យេហូវ៉ា​ក៏​សព្វ​ព្រះ​ហឫទ័យ​នឹង​យើង​ដែរ។ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់​ប្រាប់​ថា មុន​គាត់​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា​នោះ រាល់​ដង​ដែល​គាត់​ទប់ទល់​ខ្លួន​ដោយ​ជោគជ័យ​មិន​ជក់​បារី​អស់​មួយ​សប្ដាហ៍ គាត់​យក​លុយ​ដែល​ការ​ទប់​ចិត្ត​បាន​ជួយ​គាត់​សន្សំ​ទុក និង​ទិញ​អ្វី​មួយ​ដែល​មាន​ប្រយោជន៍​ទុក​ជា​រង្វាន់​សំរាប់​ខ្លួន។

១៨​. (ក) តើ​ការ​តស៊ូ​ព្យាយាម​ឲ្យ​ទប់​ចិត្ត​រួម​បញ្ចូល​អ្វី​ខ្លះ? (ខ) តើ​ព្រះ​យេហូវ៉ា​សន្យា​អ្វី?

១៨ សំខាន់​បំផុត យើង​គួរ​ចង​ចាំ​ថា ការ​ទប់​ចិត្ត​ទាក់ទង​នឹង​អារម្មណ៍​ក្នុង​ចិត្ត​ហើយ​គំនិត​របស់​យើង។ យើង​អាច​ដឹង​ដោយ​មើល​បន្ទូល​ព្រះ​យេស៊ូ​ដែល​ថា​៖ «អ្នក​ណា​ដែល​គ្រាន់​តែ​ក្រឡេក​ឃើញ​ស្ត្រី ហើយ​មាន​ដំ​រេ​ក​សំរើប​ចង់​បាន នោះ​ឈ្មោះ​ថា បាន​ប្រព្រឹត្ត​សេចក្ដី​កំផិត​នឹង​នាង​នោះ នៅ​ក្នុង​ចិត្ត​ខ្លួន​ហើយ»។ (ម៉ាថាយ ៥:២៨; យ៉ាកុប ១:១៤, ១៥) អ្នក​ដែល​បាន​រៀន​ឲ្យ​ចេះ​គ្រប់គ្រង​ចិត្ត​និង​គំនិត​របស់​ខ្លួន អាច​គ្រប់គ្រង​រូប​កាយ​ទាំង​មូល​របស់​ខ្លួន​បាន​ស្រួល​ជាង។ ហេតុ​នេះ ចូរ​យើង​ពង្រឹង​ការ​តាំង​ចិត្ត​ឲ្យ​រឹង​មាំ​ថា យើង​នឹង​មិន​ត្រឹម​តែ​ចៀស​ពី​អំពើ​អាក្រក់​ប៉ុណ្ណោះ​ទេ តែ​យើង​ទាំង​មិន​ព្រម​គិត​ពី​អំពើ​អាក្រក់​នោះ​ដែរ។ កាល​បើ​យើង​ចាប់​ផ្ដើម​មាន​គំនិត​អាក្រក់ ចូរ​បំបាត់​វា​ភ្លាមៗ។ យើង​អាច​រត់​ពី​ការ​ល្បួង​ដោយ​តម្រង់​ភ្នែក​មើល​ព្រះ​យេស៊ូ​តាម​រយៈ​សេចក្ដី​អធិស្ឋាន។ (ធីម៉ូថេទី១ ៦:១១; ធីម៉ូថេទី២ ២:២២; ហេព្រើរ ៤:១៥, ១៦) កាល​ដែល​យើង​ខំ​អស់​ពី​សមត្ថភាព យើង​កំពុង​តែ​ធ្វើ​តាម​ឱវាទ​នៅ​ទំនុកដំកើង ៥៥:២២ ដែល​ថា​៖​«ចូរ​ផ្ទេរ​បន្ទុក​របស់​អ្នក​ទៅ​លើ​ព្រះ​យេហូវ៉ា នោះ​ទ្រង់​នឹង​ជួយ​ទប់ទល់​អ្នក។ ទ្រង់​មិន​ព្រម​ឲ្យ​មនុស្ស​សុចរិត​ត្រូវ​រង្គើ​ឡើយ»។

តើ​អ្នក​ចាំ​ទេ?

តើ​ត្រូវ​ទប់​ចិត្ត​ចំពោះ​រឿង​ពីរ​យ៉ាង​អ្វី?

តើ​ការ‹ទប់​ចិត្ត​គ្រប់​ជំពូក›មាន​ន័យ​ដូច​ម្ដេច?

ក្នុង​កំឡុង​ការ​សិក្សា​នេះ តើ​អ្នក​បាន​កត់​សម្គាល់​យោបល់​ល្អៗ​អ្វី​ខ្លះ​ដែល​អាច​ជួយ​បណ្ដុះ​ឲ្យ ចេះ​ទប់​ចិត្ត​នោះ?

តើ​ការ​ទប់​ចិត្ត​ផ្ដើម​ចេញ​ពី​អ្វី?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[ប្រអប់​/​រូបភាព​នៅ​ទំព័រ​៣១]

របៀប​ពង្រឹង​ការ​ទប់​ចិត្ត

បណ្ដុះ​ឲ្យ​ចេះ​ទប់​ចិត្ត​សូម្បីតែ​ក្នុង​រឿង​តូចតាច​ក៏​ដោយ

ចូរ​រំពឹង​គិត​អំពី​ផល​ប្រយោជន៍​ដែល​នឹង​ទទួល​ឥឡូវ​នេះ​និង​នៅ​អនាគត

ចូរ​ដាក់​ជួស​អ្វី​ដែល​ព្រះ​ហាមឃាត់​មិន​ឲ្យ​ធ្វើ ទៅ​ជា​អ្វី​ដែល​ទ្រង់​លើក​ទឹក​ចិត្ត​ឲ្យ​ធ្វើ​វិញ

ចូរ​បំបាត់​ចោល​គំនិត​មិន​សមរម្យ​ភ្លាមៗ

ចូរ​ធ្វើ​ឲ្យ​គំនិត​ពេញ​ទៅ​ដោយ​ចំណុច​ដែល​ពង្រឹង​កម្លាំង​ចិត្ត​ខាង​វិញ្ញាណ

ចូរ​ព្រម​ទទួល​ជំនួយ​ពី​គ្រីស្ទាន​គ្នីគ្នា​ដែល​មាន​ភាព​ចាស់​ទុំ

ចូរ​ចៀស​វាង​ស្ថានភាព​ដែល​អាច​ល្បួង​យើង

ចូរ​អធិស្ឋាន​សុំ​ជំនួយ​ពី​ព្រះ​នៅ​ពេល​ជួប​ការ​ល្បួង

[រូបភាព​នៅ​ទំព័រ​២៩]

ការ​ទប់​ចិត្ត​ជំរុញ​យើង​ឲ្យ​ធ្វើ​អំពើ​ល្អ