តើតាមរបៀបណាដែលអ្នកអាចធ្វើការសម្រេចចិត្ដដ៏ល្អ?
តើតាមរបៀបណាដែលអ្នកអាចធ្វើការសម្រេចចិត្តដ៏ល្អ?
សាឡូម៉ូនដែលជាស្តេចសាសន៍អ៊ីស្រាអែលពីបុរាណ បានមានបន្ទូលថា៖«មនុស្សប្រាជ្ញបានស្ដាប់ ហើយចំរើនចំណេះឡើង»។ ម្ដងម្កាល យើងភាគច្រើនធ្លាប់ធ្វើការសម្រេចចិត្តមិនល្អ ដោយសារតែយើងមិនបានស្ដាប់តាមយោបល់របស់អ្នកឯទៀត។—សុភាសិត ១:៥
ក្រោយមក ពាក្យបន្ទូលរបស់ស្តេចសាឡូម៉ូនត្រូវបានកត់ទុកក្នុងព្រះគម្ពីរជាមួយនឹង«សុភាសិត៣ពាន់ខ»ឯទៀតដែលទ្រង់បានតែងនោះ។ (ពង្សាវតារក្សត្រទី១ ៤:៣២) តើយើងអាចទទួលផលប្រយោជន៍ពីការរៀននិងធ្វើតាមសុភាសិតរបស់អ្នកប្រាជ្ញនេះបានឬទេ? ពិតជាអាចទទួលផលប្រយោជន៍មែន។ ពាក្យបន្ទូលនោះនឹងជួយយើង«មានប្រាជ្ញានិងការចេះដឹង ដើម្បីយល់ពាក្យពេចន៍ប្រកបដោយអត្ថន័យជ្រៅជ្រះ ព្រមទាំងបង្រៀនមនុស្សអោយចេះដឹង សុចរិត ត្រឹមត្រូវ និងមានចិត្តទៀងត្រង់»។ (សុភាសិត ១:២, ៣, ខ.ស.) សូមយើងពិចារណានូវការណែនាំប្រាំយ៉ាងពីព្រះគម្ពីរដែលអាចជួយយើងធ្វើការសម្រេចចិត្តដ៏ល្អ។
ចូរគិតពិចារណាពីលទ្ធផលរយៈពេលវែង
ការសម្រេចចិត្តខ្លះនឹងមានឥទ្ធិពលខ្លាំងមកលើជីវិតយើង។ ដូច្នេះ ចូរខំស្វែងយល់ទុកជាមុនថា តើលទ្ធផលនោះនឹងមានអ្វីខ្លះ? ចូរប្រុងប្រយ័ត្ន! កុំឲ្យការចង់បានផលប្រយោជន៍ភ្លាមៗមកបំបាំងភ្នែកអ្នកធ្វើឲ្យមិនគិតពីលទ្ធផលមិនល្អដែលអាចមានរយៈពេលវែង។ សុភាសិត ២២:៣ ព្រមានថា៖«មនុស្សដែលមានគំនិតឆ្លៀវឆ្លាត គេឃើញសេចក្ដីអាក្រក់មក ក៏ពួនខ្លួនទៅ តែមនុស្សខ្លៅល្ងង់គេចេះតែដើរទៅ ហើយត្រូវមានទុក្ខ»។
ប្រហែលជាការល្អបើកត់សរសេរលើក្រដាសនូវលទ្ធផលរយៈពេលខ្លីនិងរយៈពេលវែង។ លទ្ធផលរយៈពេលខ្លីដែលមកពីការជ្រើសរើសការងារណាមួយ អាចរួមមានប្រាក់ខែច្រើនគួរសម និងការងារដែលគាប់ចិត្តធ្វើឲ្យសប្បាយ។ ប៉ុន្តែ តើលទ្ធផលរយៈពេលវែងជាការងារដែលគ្មានអនាគតល្អទេដឹង? តើការងារនោះនឹងតម្រូវឲ្យអ្នកផ្លាស់ទីលំនៅទៅឆ្ងាយពីមិត្តភក្ដិនិងក្រុមគ្រួសារទេដឹង? តើការងារនោះនឹងទាមទារឲ្យអ្នកធ្វើការក្នុងបរិយាកាសមិនល្អ ឬក៏ប្រែក្លាយជាការងារដែលគួរឲ្យអផ្សុកនាំឲ្យអ្នកធុញទ្រាន់ទេដឹង? ចូរគិតថ្លឹងថ្លែងពីផលប្រយោជន៍និងផលវិបាក រួចមកសម្រេចចិត្តថា តើអ្វីគឺសំខាន់បំផុត?
ចូរចំណាយពេលឲ្យបានគ្រប់គ្រាន់
ការសម្រេចចិត្តដោយប្រញាប់ប្រញាល់អាចងាយស្រួលប្រែក្លាយទៅជាការសម្រេចចិត្តមិនល្អ។ សុភាសិត ២១:៥ ព្រមានថា៖ «អ្នកដែលធ្វើការអ្វីមួយដោយពិចារណាយ៉ាងម៉ត់ចត់ រមែងទទួលផលបរិបូណ៌ រីឯអ្នកដែលធ្វើអ្វីមួយដោយតក់ក្រហល់ តែងតែជួបអត្តខាត់»។ (ព្រះគម្ពីរភាសាខ្មែរសម្រាយ) ជាឧទាហរណ៍ យុវជនយុវនារីដែលជាប់ចិត្តស្រឡាញ់អ្នកណាម្នាក់គួររង់ចាំសិនមុនសម្រេចចិត្តរៀបការ។ ពុំនោះ ពួកគេប្រហែលជាឃើញនូវសច្ចភាពនៃពំនោលរបស់លោកវីល្លៀម ខង់គ្រីវ ដែលជាអ្នកនិពន្ធរឿងល្ខោននៅប្រទេសអង់គ្លេសនាសតវត្សទី១៨ បានមានប្រសាសន៍ថា៖«រៀបការយ៉ាងឆាប់ ស្ដាយយ៉ាងយូរ»។
ប៉ុន្តែ កុំយល់ច្រឡំឡើយ។ ការចំណាយពេលគ្រប់គ្រាន់ដើម្បីគិតពិចារណា មិនមែនជាការបង្អែបង្អង់នោះទេ។ រឿងខ្លះគឺសំខាន់ដល់
ម្ល៉េះដែលគួរគប្បីសម្រេចចិត្តយ៉ាងលឿនបំផុត។ ការរេរង់ដោយមិនចាំបាច់នោះ អាចបង្កបញ្ហាដ៏ធំដល់ខ្លួនឬអ្នកឯទៀត។ ការបង្អែបង្អង់មិនសម្រេចចិត្តនោះអាចជាការសម្រេចចិត្តមួយតែម្ដង ហើយប្រហែលជាការសម្រេចចិត្តមិនល្អ។ចូរព្រមស្ដាប់យោបល់
ដោយសារគ្មានបញ្ហាពីរណាដែលដូចគ្នាបេះបិទនោះ ជួនកាលមនុស្សពីរនាក់ប្រហែលជាសម្រេចចិត្តខុសពីគ្នាពេលប្រឈមមុខបញ្ហាស្រដៀងគ្នា។ យ៉ាងណាក៏ដោយ យើងអាចបានជំនួយពីការស្ដាប់អ្នកឯទៀតប្រាប់ពីការសម្រេចចិត្តរបស់ពួកគេពេលដែលមានបញ្ហាដូចគ្នានឹងយើង។ ចូរសួរពួកគេថា តើស្ដាយក្រោយឬទេ? ជាឧទាហរណ៍ ក្នុងការជ្រើសរើសមុខរបរ សុំអ្នកដែលមានមុខរបរនោះប្រាប់អំពីលក្ខណៈល្អនិងលក្ខណៈមិនល្អនៃមុខរបរនោះ។ តើការសម្រេចចិត្តរបស់ពួកគេបានផ្ដល់ផលប្រយោជន៍អ្វីខ្លះ? តើមានផលវិបាក ឬលក្ខណៈដែលអាចបង្កគ្រោះថ្នាក់ឬទេ?
សុភាសិតព្រមានយើងថា៖«ទីណាគ្មានការប្រឹក្សា នោះមិនបានតាមចិត្តប៉ងទេ តែបើមានអ្នកជួយគំនិតជាច្រើន នោះនឹងកើតការវិញ»។ (សុភាសិត ១៥:២២) ទោះជាយើងសុំយោបល់ពីអ្នកឯទៀត និងទាញយកមេរៀនពីបទពិសោធន៍របស់ពួកគេក៏ដោយ ក៏យើងធ្វើដូច្នោះដោយយល់ច្បាស់ថា យើងត្រូវធ្វើការសម្រេចចិត្តដោយខ្លួនឯង និងទទួលខុសត្រូវចំពោះការសម្រេចចិត្តនោះ។—កាឡាទី ៦:៤, ៥
ចូរស្ដាប់តាមមនសិការដែលបានលត់ដំយ៉ាងល្អ
មនសិការរបស់យើងអាចជួយធ្វើការសម្រេចចិត្តសមស្របតាមគោលការណ៍ដែលយើងយកជាគោលណែនាំក្នុងជីវិត។ ចំពោះគ្រីស្ទានម្នាក់ នេះបានន័យថាគាត់ត្រូវលត់ដំមនសិការរបស់គាត់ឲ្យសមស្របតាមគំនិតរបស់ព្រះ។ (រ៉ូម ២:១៤, ១៥) ព្រះបន្ទូលរបស់ព្រះចែងថា៖ «ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង»។ (សុភាសិត ៣:៦) ជាការពិតមែនដែលថា ក្នុងរឿងខ្លះ បុគ្គលពីរនាក់ដែលទាំងពីរបានលត់ដំមនសិការយ៉ាងល្អ ក៏ប្រហែលជាវែកញែកសន្និដ្ឋានខុសពីគ្នា ហើយហេតុនេះពួកគេប្រហែលជាធ្វើការសម្រេចចិត្តខុសពីគ្នាដែរ។
ក៏ប៉ុន្តែ នៅពេលការសម្រេចចិត្តនោះជាប់ទាក់ទងនឹងការប្រព្រឹត្តណាដែលព្រះបន្ទូលរបស់ព្រះចែងយ៉ាងចំៗថាអាក្រក់ នោះមនសិការដែលបានលត់ដំយ៉ាងល្អនឹងមិនអនុញ្ញាតឲ្យយើងធ្វើអំពើនោះទេ។ ជាឧទាហរណ៍ មនសិការដែលមិនបានលត់ដំខាងគោលការណ៍ព្រះគម្ពីរ ប្រហែលជាអនុញ្ញាតឲ្យបុរសនិងស្ត្រីម្នាក់រស់នៅជាមួយគ្នាមុនរៀបការ ដើម្បីសាកមើលថាតើពួកគេសមគ្នាឬក៏អត់។ ពួកគេប្រហែលជាគិតថាគេបានធ្វើការសម្រេចចិត្តដ៏ល្អ ដោយវែកញែកថា នេះនឹងការពារកុំឲ្យប្រញាប់រៀបអាពាហ៍ពិពាហ៍រួចមកគ្មានសុភមង្គល។ មនសិការខ្លួនប្រហែលជាមិនបន្ទោសពួកគេទេ។ ក៏ប៉ុន្តែ អ្នកណាដែលមានទស្សនៈដូចព្រះអំពីអាពាហ៍ពិពាហ៍និងការរួមដំណេក នឹងសម្រេចចិត្តមិនរួមរស់ជាមួយគ្នាជាបណ្ដោះអាសន្នតាមរបៀបអសីលធម៌ដូច្នេះឡើយ។—កូរិនថូសទី១ ៦:១៨; ៧:១, ២; ហេព្រើរ ១៣:៤
ចូរពិចារណាឥទ្ធិពលនៃការសម្រេចចិត្តរបស់អ្នកទៅលើអ្នកដទៃ
ជាញឹកញយ ការសម្រេចចិត្តរបស់យើងប្រហែលជាប៉ះពាល់ដល់អ្នកឯទៀត។ ដូច្នេះ កុំធ្វើការសម្រេចចិត្តមិនល្អឬឆោតល្ងង់ដោយចេតនាឡើយ ដ្បិតនេះអាចបំផ្លាញចំណងមិត្តភាពថ្លៃថ្លាជាមួយមិត្តសំឡាញ់ ក្រុមគ្រួសារ ឬសំខាន់បំផុតជាមួយព្រះ។ សុភាសិត ១០:១ ចែងថា៖«កូនដែលមានប្រាជ្ញា រមែងធ្វើឲ្យឪពុកមានចិត្តរីករាយ តែកូនដែលល្ងីល្ងើ នោះនាំឲ្យម្ដាយធ្ងន់ទ្រូងវិញ»។
ប៉ុន្តែម្យ៉ាងវិញទៀត ចូរទទួលស្គាល់ថា ជួនកាលអ្នកនឹងត្រូវតែធ្វើការសម្រេចចិត្តថា តើចំណងមិត្តភាពមួយណាសំខាន់ជាងគេ។ ជាឧទាហរណ៍ អ្នកប្រហែលជាសម្រេចចិត្តឈប់កាន់ជំនឿសាសនាដែលធ្លាប់កាន់ពីមុនមក ព្រោះដឹងថានោះខុសពីបទគម្ពីរ។ ឬក៏អ្នកប្រហែលជាសម្រេចចិត្តកែប្រែយ៉ាងធំនូវបុគ្គលិកលក្ខណៈរបស់អ្នក ដោយសារចង់មានរបៀបរស់នៅសមស្របទៅតាមការណែនាំរបស់ព្រះដែលអ្នកបានចាប់ផ្ដើមកាន់តាម។ ការសម្រេចចិត្តរបស់អ្នកប្រហែលជាមិនធ្វើឲ្យមិត្តភក្ដិ
ឬបងប្អូនញាតិមិត្តខ្លះសប្បាយចិត្តនោះទេ ប៉ុន្តែការសម្រេចចិត្តណាដែលធ្វើឲ្យព្រះពេញព្រះហឫទ័យគឺជាការសម្រេចចិត្តដ៏ល្អ។ចូរធ្វើការសម្រេចចិត្តដ៏ល្អចំពោះរឿងសំខាន់បំផុត
ទោះជាមនុស្សទូទៅមិនដឹងក៏ដោយ ពួកគេគ្រប់រូបត្រូវធ្វើការសម្រេចចិត្តរើសយករវាងជីវិតនិងសេចក្ដីស្លាប់។ នៅពេលសាសន៍អ៊ីស្រាអែលពីបុរាណបានបោះជំរំនៅព្រំដែននៃស្រុកសន្យានាឆ្នាំ១៤៧៣ មុនស.យ. ពួកគេក៏ត្រូវធ្វើការសម្រេចចិត្តស្រដៀងគ្នាដែរ។ លោកម៉ូសេបានពាំនាំបន្ទូលរបស់ព្រះថា៖«អញអាងដល់ស្ថានសួគ៌នឹងផែនដីឲ្យធ្វើជាបន្ទាល់ទាស់នឹងឯងរាល់គ្នានៅថ្ងៃនេះថា អញបានដាក់សំញែងទាំងជីវិត នឹងសេចក្ដីស្លាប់ ទាំងព្រះពរនឹងសេចក្ដីបណ្ដាសា នៅមុខឯងរាល់គ្នា ដូច្នេះចូររើសយកជីវិតចុះ! ដើម្បីឲ្យឯងបានរស់នៅ ព្រមទាំងពូជឯងតរៀងទៅផង ប្រយោជន៍ឲ្យបានស្រឡាញ់ដល់ព្រះយេហូវ៉ា ជាព្រះនៃឯង នឹងស្ដាប់តាមព្រះបន្ទូលទ្រង់ ហើយនៅជាប់នឹងទ្រង់តទៅ ដ្បិតគឺទ្រង់ហើយ ជាជីវិតនៃឯងហើយជាអាយុវែងដល់ឯងដែរ ឲ្យឯងបាននៅក្នុងស្រុកដែលទ្រង់បានស្បថនឹងអ័ប្រាហាំ នឹងអ៊ីសាក ហើយនឹងយ៉ាកុប ជាពួកឰយុកោឯងថា នឹងឲ្យដល់គេ»។—ចោទិយកថា ៣០:១៩, ២០
បទទំនាយនិងកាលប្រវត្ដិវិទ្យាក្នុងព្រះគម្ពីរបង្ហាញថា យើងកំពុងតែរស់ក្នុង‹សម័យជាន់ក្រោយបង្អស់ដែលលំបាក› ហើយថា‹គំរូនៃលោកីយនេះកំពុងតែផ្លាស់ទៅ›។ (ធីម៉ូថេទី២ ៣:១; កូរិនថូសទី១ ៧:៣១) ការផ្លាស់ប្រែនេះនឹងឡើងដល់កំពូលនៅពេលរបបលោកីយ៍មនុស្សជាតិដ៏បង់ប្រយោជន៍នេះត្រូវបំផ្លាញចោល និងមានពិភពលោកថ្មីដ៏សុចរិតរបស់ព្រះត្រូវដាក់ជំនួសវិញ។
យើងជិតចូលក្នុងពិភពលោកថ្មីនោះហើយ។ តើអ្នកនឹងរស់នៅក្នុងពិភពលោកថ្មីដើម្បីសប្បាយនឹងជីវិតជារៀងរហូតលើផែនដីដែលស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះរាជាណាចក្រព្រះនោះ? ឬតើអ្នកនឹងត្រូវកាត់ចេញពីផែនដីនៅពេលរបបលោកីយ៍របស់សាតាំងត្រូវបំផ្លាញចោល? (ទំនុកដំកើង ៣៧:៩-១១; សុភាសិត ២:២១, ២២) ការសម្រេចចិត្តអំពីអ្វីដែលអ្នកនឹងធ្វើនៅឥឡូវនេះគឺជាសិទ្ធិរបស់អ្នកផ្ទាល់ ហើយពិតជាការសម្រេចចិត្តមួយដែលជារឿងជីវិតស្លាប់រស់។ តើអ្នកចង់បានជំនួយដើម្បីធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ ដែលជាការសម្រេចចិត្តដ៏ល្អឬ?
ការសម្រេចចិត្តរើសយកជីវិតគឺរួមបញ្ចូលការរៀនសេចក្ដីតម្រូវរបស់ព្រះជាមុន។ ជាទូទៅ គ្រីស្ទសាសនាមិនបានបង្រៀនសេចក្ដីតម្រូវទាំងនេះយ៉ាងត្រឹមត្រូវនោះទេ។ អ្នកដឹកនាំសាសនាទាំងនេះច្រើនតែនាំឲ្យមនុស្សវង្វេង ឲ្យជឿលើសេចក្ដីមិនពិតនិងធ្វើអ្វីដែលមិនសព្វព្រះហឫទ័យរបស់ព្រះ។ ពួកគេមិនបានពន្យល់អំពីភាពចាំបាច់នៃការសម្រេចចិត្តដោយខ្លួនឯងផ្ទាល់ឲ្យថ្វាយបង្គំព្រះ«ដោយវិញ្ញាណនឹងសេចក្ដីពិត»ទេ។ (យ៉ូហាន ៤:២៤) ហេតុនេះហើយ មនុស្សភាគច្រើនមិនបានថ្វាយបង្គំព្រះដោយវិញ្ញាណនិងសេចក្ដីពិតនោះទេ។ ប៉ុន្តែ សូមកត់សម្គាល់នូវអ្វីដែលព្រះយេស៊ូបានមានបន្ទូលថា៖«អ្នកណាដែលមិននៅខាងខ្ញុំ អ្នកនោះទាស់នឹងខ្ញុំ ហើយអ្នកណាដែលមិនប្រមូលមកខាងខ្ញុំ អ្នកនោះជាអ្នកកំចាត់កំចាយវិញ»។—ម៉ាថាយ ១២:៣០
ស្មរបន្ទាល់ព្រះយេហូវ៉ាមានចិត្តរីករាយពេលជួយមនុស្សទទួលនូវចំណេះដឹងច្រើនជាងអំពីព្រះបន្ទូលរបស់ព្រះ។ ពួកគេបង្រៀនព្រះគម្ពីរដល់មនុស្សម្នាក់ៗដោយឡែក ឬជាក្រុមក៏បាន នៅម៉ោងនិងទីកន្លែងដែលស្រួលសំរាប់បុគ្គលនោះ។ អស់អ្នកដែលចង់ឆ្លៀតយកប្រយោជន៍ពីសំវិធានការនេះគួរទាក់ទងស្មរបន្ទាល់ព្រះយេហូវ៉ាតាមតំបន់ ឬសរសេរទៅកាន់អ្នកបោះពុម្ពទស្សនាវដ្ដីប៉មយាម។
គឺជាការពិតដែលថា មនុស្សខ្លះប្រហែលជាមានចំណេះបឋមអំពីអ្វីដែលព្រះតម្រូវរួចហើយ។ ពួកគេប្រហែលជាជឿជាក់ថា ព្រះគម្ពីរជាសេចក្ដីពិតហើយក៏គួរឲ្យទុកចិត្តផង។ យ៉ាងណាក៏ដោយ ពួកគេជាច្រើននាក់បានបង្អែបង្អង់មិនសម្រេចចិត្តថ្វាយខ្លួនចំពោះព្រះទេ។ ហេតុអ្វី? ប្រហែលជាមានមូលហេតុមួយចំនួន។
តើពួកគេមិនយល់អំពីសារៈសំខាន់នៃការថ្វាយខ្លួនទេដឹង? ព្រះយេស៊ូបានមានបន្ទូលយ៉ាងច្បាស់ថា៖«មិនមែនអស់អ្នកណាដែលគ្រាន់តែនិយាយមកខ្ញុំថា៖ ‹ឱព្រះអម្ចាស់ៗអើយ!› ដែលនឹងចូលទៅក្នុងនគរស្ថានសួគ៌នោះទេ គឺជាអស់អ្នកដែលធ្វើតាមព្រះហឫទ័យនៃព្រះវរបិតា ដែលគង់នៅស្ថានសួគ៌វិញទេតើ!»។ (ម៉ាថាយ ៧:២១) ចំណេះពីព្រះគម្ពីរតែប៉ុណ្ណោះ គឺមិនគ្រប់គ្រាន់ទេ។ យើងក៏ត្រូវប្រព្រឹត្តតាមផងដែរ។ ក្រុមជំនុំគ្រីស្ទានសម័យដើមបានទុកគំរូមួយ។ យើងបានដឹងអំពីមនុស្សខ្លះនៅសតវត្សទីមួយថា៖ «កាលមនុស្សទាំងអស់បានជឿតាមភីលីព ដែលគាត់ប្រាប់ដំណឹងល្អពីនគរនៃព្រះ ហើយពីព្រះនាមព្រះយេស៊ូវគ្រីស្ទវិញ នោះគេក៏ទទួលបុណ្យជ្រមុជទឹកទាំងប្រុសទាំងស្រី»។ (កិច្ចការ ២:៤១; ៨:១២) ដូច្នេះ បើមនុស្សម្នាក់ព្រមទទួលព្រះបន្ទូលរបស់ព្រះស្មោះអស់ពីចិត្ត ក៏ជឿទៅលើអ្វីដែលនៅក្នុងព្រះបន្ទូលនោះ ហើយបានកែប្រែជីវិតខ្លួនសមស្របទៅតាមខ្នាតតម្រារបស់ព្រះ តើមានអ្វីរារាំងគាត់ពីការទទួលបុណ្យជ្រមុជទឹក ដើម្បីបង្ហាញពីការថ្វាយខ្លួននោះ? (កិច្ចការ ៨:៣៤-៣៨) ម្យ៉ាងទៀត ដើម្បីសព្វព្រះហឫទ័យរបស់ព្រះ យើងគួរតែថ្វាយខ្លួនដោយចិត្តស្មោះនិងដោយចិត្តរីករាយ។—កូរិនថូសទី២ ៩:៧
មនុស្សខ្លះប្រហែលជាមានអារម្មណ៍ថា ខ្លួនគ្មានចំណេះគ្រប់គ្រាន់ មិនអាចថ្វាយខ្លួនចំពោះព្រះបានឡើយ។ ក៏ប៉ុន្តែ មនុស្សទាំងអស់ដែលចាប់ផ្ដើមកសាងជីវិតថ្មី តែងមានចំណេះដឹងតិចគ្រប់គ្នា។ តើមានអ្នកជំនាញណាម្នាក់ដែលនឹងអះអាងថា នៅដើមដំបូងគាត់ចេះជ្រៅជ្រះស្មើឥឡូវនេះឬ? ការសម្រេចចិត្តបំរើព្រះគ្រាន់តែតម្រូវឲ្យមានចំណេះបឋមអំពីសេចក្ដីបង្រៀនព្រះគម្ពីរនិងគោលការណ៍នានា ព្រមជាមួយនឹងចិត្តស្មោះចង់រស់នៅសមស្របទៅតាមនោះ។
តើមនុស្សខ្លះបង្អែបង្អង់មិនសម្រេចចិត្តដោយសារខ្លាចមិនអាចរស់នៅសមស្របទៅតាមការថ្វាយខ្លួននោះ? កិច្ចសន្យាជាច្រើនដែលមនុស្សធ្វើតែងរួមបញ្ចូលការខ្វល់ខ្វាយបន្ដិចបន្តួចដោយខ្លាចថា ក្រោយមកមិនអាចធ្វើតាមពាក្យសន្យាបាន។ បុរសម្នាក់ដែលសម្រេចចិត្តរៀបការ ហើយបង្កើតគ្រួសារមួយ គាត់ប្រហែលជាមានអារម្មណ៍ថាខ្លួនខ្វះសមត្ថភាព ប៉ុន្តែដោយសារបានសន្យារួចហើយ នោះជំរុញគាត់ឲ្យធ្វើអស់ពីសមត្ថភាព។ ដូចគ្នាដែរ យុវជនម្នាក់ដែលទើបតែបានប័ណ្ណបើកបរប្រហែលជាភ័យខ្លាចបន្ដិចបន្តួចអំពីរឿងគ្រោះថ្នាក់ចរាចរ ជាពិសេសបើគាត់ដឹងពីស្ថិតិដែលថា យុវជនមានគ្រោះថ្នាក់ចរាចរច្រើនជាងមនុស្សចាស់។ ក៏ប៉ុន្តែ ចំណេះនេះអាចមានផលប្រយោជន៍ ដោយជំរុញឲ្យគាត់បើកបរដោយប្រុងប្រយ័ត្នជាង។ ការរាថយមិនព្រមបើកបរប្រាកដជាមិនមែនវិធីដោះស្រាយទេ!
ចូរសម្រេចចិត្តរើសយកជីវិត!
ព្រះគម្ពីរបង្ហាញថា របបនយោបាយ សេដ្ឋកិច្ច និងសាសនារបស់ពិភពលោកនេះ និងអស់អ្នកដែលគាំទ្រវា បន្ដិចទៀតនឹងវិនាសសាបសូន្យទៅ។ ប៉ុន្តែ មនុស្សម្នាក់ៗដែលបានសម្រេចចិត្តរើសយកជីវិតនិងប្រព្រឹត្តសមស្របទៅតាមការសម្រេចចិត្តនោះនឹងរួចរស់ជីវិតវិញ។ ដោយធ្វើជាមូលដ្ឋាននៃសង្គមពិភពលោកថ្មី ពួកគេនឹងចូលរួមក្នុងការធ្វើឲ្យផែនដីទៅជាសួនមនោរម្យតាមបំណងដើមរបស់ព្រះ។ បើអ្នកអាចចូលរួមក្នុងកិច្ចការដ៏គួរឲ្យរីករាយនេះនៅក្រោមការណែនាំរបស់ព្រះ តើអ្នកនឹងសប្បាយទេ?
បើសប្បាយមែន ចូរសម្រេចចិត្តសិក្សាព្រះបន្ទូលរបស់ព្រះ។ ចូរសម្រេចចិត្តរៀនសេចក្ដីតម្រូវរបស់ព្រះដើម្បីផ្គាប់ព្រះហឫទ័យទ្រង់។ ចូរសម្រេចចិត្តធ្វើតាមសេចក្ដីតម្រូវទាំងនោះ។ សំខាន់បំផុត ចូរសម្រេចចិត្តធ្វើតាមការសម្រេចចិត្តនោះទាល់តែបាន។ បើនិយាយឲ្យចំទៅ ចូរសម្រេចចិត្តរើសយកជីវិតចុះ!
[រូបភាពនៅទំព័រ៥]
ចូរចំណាយពេលឲ្យបានគ្រប់គ្រាន់ដើម្បីគិតមុននឹងធ្វើការសម្រេចចិត្តសំខាន់ៗ
[រូបភាពនៅទំព័រ៥]
ចូរព្រមស្ដាប់យោបល់ ក្នុងការជ្រើសរើសមុខរបរ
[រូបភាពនៅទំព័រ៧]
អ្នកដែលសម្រេចចិត្តបំរើព្រះឥឡូវនេះ នឹងចូលរួមក្នុងការធ្វើឲ្យផែនដី ទៅជាសួនមនោរម្យ