លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ត្រូវគេបៀតបៀន ដោយសេចក្ដីសុចរិត

ត្រូវគេបៀតបៀន ដោយសេចក្ដីសុចរិត

ត្រូវ​គេ​បៀតបៀន ដោយ​ព្រោះ​សេចក្ដី​សុចរិត

«មាន​ពរ​ហើយ អស់​អ្នក​ដែល​ត្រូវ​គេ​បៀតបៀន ដោយ​ព្រោះ​សេចក្ដី​សុចរិត»។—ម៉ាថាយ ៥:១០

១​. ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូ​មាន​វត្តមាន​នៅ​ចំពោះ​មុខ​លោកប៉ុនទាស ពីឡាត់? ហើយ​តើ​ព្រះ​យេស៊ូ​មាន​បន្ទូល​យ៉ាង​ណា?

«ខ្ញុំ​បាន​កើត​មក ហើយ​ក៏​ចូល​ក្នុង​លោកីយ​នេះ​សំរាប់​តែ​ការ​នោះ​ឯង ដើម្បី​ឲ្យ​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ពី​សេចក្ដី​ពិត»។ (យ៉ូហាន ១៨:៣៧) ព្រះ​យេស៊ូ​មាន​បន្ទូល​ពាក្យ​ទាំង​នេះ​កាល​ដែល​ទ្រង់​ឈរ​មុខ​អភិបាល​ស្រុក​យូដា គឺ​បុរស​ជនជាតិ​រ៉ូម​ឈ្មោះ​ប៉ុនទាស ពីឡាត់។ ព្រះ​យេស៊ូ​មិន​នៅ​ទី​នោះ​ដោយ​ព្រោះ​ទ្រង់​ចង់​ជួប​លោក​ទេ ហើយ​លោក​ក៏​មិន​បាន​អញ្ជើញ​ទ្រង់​មក​ជួប​ដែរ។ ផ្ទុយ​ទៅ​វិញ ព្រះ​យេស៊ូ​មាន​វត្តមាន​នៅ​ទី​នោះ​ពីព្រោះ​ពួក​មេ​ដឹក​នាំ​សាសនា​យូដា​បាន​ចោទ​ប្រកាន់​មិន​ពិត​លើ​ទ្រង់​ថា ទ្រង់​ជា​អ្នក​មាន​ទោស​ដែល​គួរ​តែ​ស្លាប់។—យ៉ូហាន ១៨:២៩​-​៣១

២​. តើ​ព្រះ​យេស៊ូ​បាន​ធ្វើ​អ្វី​ពេល​មាន​វត្តមាន​នៅ​ចំពោះ​មុខ​លោកប៉ុនទាស ពីឡាត់? ហើយ​តើ​មាន​លទ្ធផល​យ៉ាង​ណា?

ព្រះ​យេស៊ូ​ជ្រាប​ច្បាស់​ថា លោក​ពីឡាត់​មាន​អំណាច​ប្រោស​ទ្រង់​ឲ្យ​រួច ឬ​ក៏​អាច​បញ្ជា​ឲ្យ​គេ​ប្រហារ​ព្រះ​ជន្ម​ទ្រង់​វិញ។ (យ៉ូហាន ១៩:១០) ប៉ុន្តែ នេះ​មិន​បាន​រារាំង​ព្រះ​យេស៊ូ​ក្នុង​ការ​មាន​បន្ទូល​យ៉ាង​អង់អាច​ទៅ​កាន់​លោក​ពីឡាត់ ស្តី​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ឡើយ។ ទោះបី​ជា​ព្រះ​យេស៊ូ​អាច​បាត់បង់​ព្រះ​ជន្ម​ក៏​ដោយ ទ្រង់​នៅតែ​បាន​ឆ្លៀត​ឱកាស​នោះ​ដើម្បី​ធ្វើ​បន្ទាល់​ដល់​អាជ្ញាធរ​ជាន់​ខ្ពស់​បំផុត​នៅ​ក្នុង​តំបន់​នោះ។ ទោះ​ជា​ព្រះ​យេស៊ូ​បាន​ធ្វើ​បន្ទាល់​យ៉ាង​នោះ​ក៏​ដោយ ទ្រង់​បាន​ត្រូវ​គេ​កាត់​ទោស​និង​ប្រហារ​ព្រះ​ជន្ម​ថែម​ទៀត។ ទ្រង់​សព្វ​ព្រះ​ហឫទ័យ​សោយទិវង្គត​យ៉ាង​ឈឺចាប់​លើ​បង្គោល​ឈើ​ទារុណកម្ម​ដោយសារ​ជំនឿ​ទ្រង់។—ម៉ាថាយ ២៧:២៤​-​២៦; ម៉ាកុស ១៥:១៥; លូកា ២៣:២៤, ២៥; យ៉ូហាន ១៩:១៣​-​១៦

សាក្សី​ឬ​បុគ្គល​ដែល​សព្វ​ព្រះ​ហឫទ័យ​សោយទិវង្គត​ដោយសារ​ជំនឿ

៣​. តើ​ពាក្យ​ភាសា​ក្រិច (ម៉ាទីស) មាន​ន័យ​អ្វី​នៅ​ជំនាន់​អ្នក​សរសេរ​ព្រះ​គម្ពីរ? សព្វថ្ងៃ​នេះ តើ​ពាក្យ​នោះ​មាន​ន័យ​អ្វី?

មនុស្ស​ខ្លះ​សុខចិត្ត​ស្លាប់​ដោយសារ​ជំនឿ ហើយ​មនុស្ស​ជា​ច្រើន​សព្វថ្ងៃ​នេះ​ចាត់ទុក​មនុស្ស​បែប​នោះ​ជា​អ្នក​ប្រកាន់​គំនិត​ហួសហេតុ​ពេក ឬ​អ្នក​ជ្រុល​និយម។ មនុស្ស​ដែល​សុខចិត្ត​ស្លាប់​ជា​ពិសេស​ដោយសារ​ប្រកាន់​ជំនឿ​នោះ ច្រើន​តែ​បាន​ត្រូវ​អ្នក​ឯទៀត​សង្ស័យ​ថា ជា​ភេរវជន ឬ​ជា​អ្នក​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សង្គម។ មាន​ពាក្យ​ភាសា​ក្រិច(ម៉ាទីស) ដែល​នៅ​ជំនាន់​អ្នក​សរសេរ​ព្រះ​គម្ពីរ​មាន​ន័យ​ថា «សាក្សី» ឬ​ក៏​បុគ្គល​ដែល​ធ្វើ​បន្ទាល់​អំពី​អ្វី​ដែល​គាត់​ជឿ​ថា​ជា​សេចក្ដី​ពិត ប្រហែល​ជា​រឿង​ក្ដី​ក្នុង​តុលាការ។ ក្រោយៗ​មក ពាក្យ​នេះ​បាន​ក្លាយ​ជា​មាន​ន័យ​ថា «បុគ្គល​ដែល​សុខចិត្ត​ស្លាប់​ដោយ​ធ្វើ​បន្ទាល់​អំពី​ជំនឿ​របស់​ខ្លួន» ឬ​មួយ​ក៏​ធ្វើ​បន្ទាល់​ដោយ​សុខចិត្ត​ពលី​ជីវិត​ផង​ដែរ។

៤​. ពាក្យ​ភាសា​ក្រិច (ម៉ាទីស) នោះ តើ​ច្រើន​តែ​សំដៅ​ទៅ​លើ​ព្រះ​យេស៊ូ​ក្នុង​ន័យ​អ្វី?

ពាក្យ​ភាសា​ក្រិច (ម៉ាទីស) នោះ ច្រើន​តែ​សំដៅ​ទៅ​លើ​ព្រះ​យេស៊ូ​ក្នុង​ន័យ​ថា ទ្រង់​ជា​អ្នក​ធ្វើ​បន្ទាល់។ ដូច​ទ្រង់​មាន​បន្ទូល​ប្រាប់​លោក​ពីឡាត់​នោះ ទ្រង់​បាន​យាង​មក​ដើម្បី​«ធ្វើ​បន្ទាល់​ពី​សេចក្ដី​ពិត»។ កាល​ដែល​ព្រះ​យេស៊ូ​ធ្វើ​បន្ទាល់ មនុស្ស​ម្នាក់ៗ​មាន​អារម្មណ៍​ខុស​ប្លែក​ពី​គ្នា។ ក្នុង​ចំណោម​មនុស្ស​សាមញ្ញ អ្វី​ដែល​គេ​បាន​ឮ​និង​ឃើញ​នោះ ជំរុញ​ចិត្ត​អ្នក​ខ្លះ​យ៉ាង​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​ពួក​គេ​ជឿ​ទៅ​លើ​ព្រះ​យេស៊ូ។ (យ៉ូហាន ២:២៣; ៨:៣០) បណ្ដា​មនុស្ស​ទូទៅ ជា​ពិសេស​ពួក​អ្នក​ដឹក​នាំ​សាសនា ចិត្ត​របស់​ពួក​គេ​ក៏​បាន​ជំរុញ​យ៉ាង​ខ្លាំង​ដែរ​តែ​ជំរុញ​ឲ្យ​មាន​គំនិត​អគតិ​ទៅ​វិញ។ ព្រះ​យេស៊ូ​បាន​ពន្យល់​ដល់​ញាតិ​សន្ដាន​របស់​ទ្រង់​ដែល​មិន​ជឿ​ទៅ​លើ​ទ្រង់​ថា​៖ «លោកីយ​ពុំ[«មាន​ហេតុ»​, ព.ថ.]ស្អប់​ឯង​រាល់គ្នា​បាន​ទេ តែ​គេ​ស្អប់​អញ​វិញ ពីព្រោះ​អញ​ធ្វើ​បន្ទាល់​ពី​គេ​ថា ការ​គេ​ប្រព្រឹត្ត​សុទ្ធតែ​អាក្រក់»។ (យ៉ូហាន ៧:៧) អ្នក​ដឹក​នាំ​សាសន៍​នោះ​មាន​កំហឹង​យ៉ាង​ខ្លាំង​ចំពោះ​ព្រះ​យេស៊ូ ដោយសារ​ទ្រង់​ធ្វើ​បន្ទាល់​អំពី​សេចក្ដី​ពិត ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ធ្វើ​គុត​ទ្រង់។ ប្រាកដ​ហើយ ព្រះ​យេស៊ូ​«ជា​ស្មរបន្ទាល់ (ម៉ាទីស) ស្មោះត្រង់ ហើយ​ពិត​ប្រាកដ»។—វិវរណៈ ៣:១៤

«មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា»

៥​. តាំង​ពី​ព្រះ​យេស៊ូ​ចាប់​ផ្ដើម​ធ្វើ​កិច្ចបំរើ​ផ្សាយ​នោះ តើ​ទ្រង់​មាន​បន្ទូល​យ៉ាង​ដូច​ម្ដេច​អំពី​ការ​បៀតបៀន?

មិន​ត្រឹម​តែ​ព្រះ​យេស៊ូ​ប៉ុណ្ណោះ​ដែល​បាន​រងទុក្ខ​ការ​បៀតបៀន​ដ៏​សាហាវ​នោះ តែ​ទ្រង់​បាន​ព្រមាន​ពួក​អ្នក​កាន់​តាម​ទ្រង់​ទុក​ជា​មុនថា ពួក​គេ​ក៏​នឹង​រង​ការ​បៀតបៀន​ស្រដៀង​គ្នា​ដែរ។ តាំង​ពី​ព្រះ​យេស៊ូ​ចាប់​ផ្ដើម​ធ្វើ​កិច្ចបំរើ​ផ្សាយ​នោះ គឺ​ក្នុង​ធម្មទាន​របស់​ទ្រង់​នៅ​លើ​ភ្នំ ទ្រង់​មាន​បន្ទូល​ប្រាប់​ពួក​អ្នក​ស្ដាប់​ថា​៖ «មាន​ពរ​ហើយ អស់​អ្នក​ដែល​ត្រូវ​គេ​បៀតបៀន ដោយ​ព្រោះ​សេចក្ដី​សុចរិត ដ្បិត​នគរ​ស្ថានសួគ៌​ជា​របស់​ផង​អ្នក​ទាំង​នោះ។ អ្នក​រាល់គ្នា​មាន​ពរ ក្នុង​កាល​ដែល​គេ​ជេរ បៀតបៀន ហើយ​និយាយ​បង្ខុស​គ្រប់​ទាំង​សេចក្ដី​អាក្រក់ ពី​អ្នក​រាល់គ្នា ដោយ​ព្រោះ​ខ្ញុំ។ ចូរ​មាន​ចិត្ត​អំណរ ហើយ​រីករាយ​ជា​ខ្លាំង​ចុះ! ដ្បិត​អ្នក​រាល់គ្នា​មាន​រង្វាន់​ជា​ធំ​នៅ​ឯស្ថានសួគ៌»។—ម៉ាថាយ ៥:១០​-​១២

៦​. ពេល​ព្រះ​យេស៊ូ​ចាត់​សាវ័ក​១២​នាក់​ឲ្យ​ចេញ​ទៅ​នោះ តើ​ទ្រង់​ព្រមាន​យ៉ាង​ណា​ដែរ?

ក្រោយៗ​មក ពេល​ដែល​ព្រះ​យេស៊ូ​ចាត់​ពួក​សាវ័ក​១២​នាក់​ឲ្យ​ចេញ​ទៅ​ផ្សាយ​នោះ ទ្រង់​មាន​បន្ទូល​ប្រាប់​គេ​ថា​៖ «ត្រូវ​ឲ្យ​ប្រយ័ត​នឹង​មនុស្ស​លោក ដ្បិត​គេ​នឹង​បញ្ជូន​អ្នក​រាល់គ្នា​ទៅ​ពួក​ក្រុមជំនុំ ហើយ​នឹង​វាយ​អ្នក​រាល់គ្នា​នឹង​រំពាត់ នៅ​ក្នុង​សាលា​ប្រជុំ។ អ្នក​រាល់គ្នា​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​នៅ​មុខ​ចៅហ្វាយ​ខេត្ត ហើយ​នៅ​ចំពោះ​ស្តេច ដោយ​ព្រោះ​ខ្ញុំ ទុក​ជា​ទីបន្ទាល់​ដល់​លោក​ទាំង​នោះ ហើយ​នឹង​ពួក​សាសន៍​ដទៃ​ដែរ»។ ប៉ុន្តែ​មិន​មាន​តែ​ពួក​អ្នក​កាន់​អំណាច​ខាង​សាសនា​ប៉ុណ្ណោះ ដែល​នឹង​ធ្វើ​ទុក្ខ​បៀតបៀន​ដល់​ពួក​សិស្ស​ទ្រង់​នោះ។ ព្រះ​យេស៊ូ​ក៏​បាន​មាន​បន្ទូល​ថា​៖ «បងប្អូន​នឹង​បញ្ជូន​គ្នា​ឲ្យ​ត្រូវ​ស្លាប់ ឪពុក​នឹង​បញ្ជូន​កូន ហើយ​កូន​នឹង​លើក​គ្នា​ទាស់​នឹង​ឪពុក​ម្ដាយ ព្រម​ទាំង​សំឡាប់​គាត់​ផង។ មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់គ្នា ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ ប៉ុន្តែ​អ្នក​ណា​ដែល​កាន់​ខ្ជាប់ ដរាប​ដល់​ចុង​បំផុត អ្នក​នោះ​នឹង​បាន​សង្គ្រោះ»។ (ម៉ាថាយ ១០:១៧, ១៨, ២១, ២២) ប្រវត្ដិ​នៃ​ពួក​គ្រីស្ទាន​នៅ​សតវត្ស​ទីមួយ​នោះ ជា​ទីសំអាង​ដែល​បង្ហាញ​នូវ​សច្ចភាព​នៃ​បន្ទូល​ទ្រង់។

កំណត់​ហេតុ​ដែល​បង្ហាញ​ពី​ការ​ស៊ូទ្រាំ​ដោយ​ចិត្ត​ស្មោះ​ភក្ដី

៧​. តើ​មាន​ព្រឹត្ដិការណ៍​អ្វី​នាំ​ទៅ​ដល់​ការ​សម្លាប់​ស្ទេផាន​ដោយសារ​ជំនឿ​គាត់​នោះ?

មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​ការ​សោយទិវង្គត​របស់​ព្រះ​យេស៊ូ ស្ទេផាន​ជា​ជន​គ្រីស្ទាន​មុន​គេ​បង្អស់​ដែល​ស្លាប់​ដោយ​ព្រោះ​ធ្វើ​បន្ទាល់​អំពី​សេចក្ដី​ពិត។ ស្ទេផាន​បាន​«ពេញ​ដោយ​សេចក្ដី​ជំនឿ នឹង​ព្រះ​ចេស្ដា គាត់​ក៏​ធ្វើ​ការ​អស្ចារ្យ នឹង​ទីសំគាល់​យ៉ាង​ធំ​នៅ​ក្នុង​ពួក​ជន»។ ពួក​សត្រូវ​ដែល​ប្រឆាំង​សាសនា​គាត់ ‹ពុំ​អាច​ទប់ទល់​នឹង​ប្រាជ្ញា​ហើយ​វិញ្ញាណ ដែល​គាត់​អាង​នឹង​និយាយ​នោះ​បាន​ទេ›។ (កិច្ចការ ៦:៨, ១០) ខ្មាំង​ទាំង​នោះ​ពេញ​ទៅ​ដោយ​ចិត្ត​ច្រណែន ហើយ​បាន​ចាប់​អូស​ស្ទេផាន​ទៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ជា​តុលាការ​ជាន់​ខ្ពស់​នៃ​សាសន៍​យូដា ជា​ទីកន្លែង​ដែល​គាត់​ត្រូវ​ប្រឈម​មុខ​នឹង​អ្នក​ចោទ​ប្រកាន់​មិន​ពិត ហើយ​ស្ទេផាន​ក៏​បាន​ធ្វើ​បន្ទាល់​យ៉ាង​ខ្លាំង​នៅ​ទី​នោះ​ផង​ដែរ។ ក៏​ប៉ុន្តែ នៅ​ទីបំផុត ខ្មាំង​សត្រូវ​របស់​ស្ទេផាន​បាន​សម្លាប់​គាត់ ដែល​គាត់​ជា​ស្មរបន្ទាល់​ម្នាក់​ដែល​មាន​ចិត្ត​ស្មោះ​ភក្ដី។—កិច្ចការ ៧:៥៩, ៦០

៨​. តើ​ពួក​សិស្ស​នៅ​ទី​ក្រុង​យេរូសាឡិម​បាន​ធ្វើ​យ៉ាង​ណា ពេល​ទទួល​សេចក្ដី​បៀតបៀន​ក្រោយ​ពី​ស្ទេផាន​ស្លាប់​នោះ?

ក្រោយ​ពី​បាន​សម្លាប់​ស្ទេផាន​នោះ «ក៏​កើត​មាន​សេចក្ដី​បៀតបៀន​ជា​ខ្លាំង ទាស់​នឹង​ពួក​ជំនុំ​នៅ​ក្រុង​យេរូសាឡិម ហើយ​ពួក​ជំនុំ​ត្រូវ​ខ្ចាត់ខ្ចាយ ទៅ​នៅតែ​ពាស ក្នុង​ស្រុក​យូដា នឹង​ស្រុក​សាម៉ារី លើក​តែ​ពួក​សាវក​ចេញ»។ (កិច្ចការ ៨:១) តើ​សេចក្ដី​បៀតបៀន​នោះ​បញ្ឈប់​កិច្ចការ​ផ្សាយ​ឬ? ផ្ទុយ​ទៅ​វិញ កំណត់ហេតុ​នោះ​រៀបរាប់​ប្រាប់​យើង​ថា «អស់​អ្នក​ដែល​ត្រូវ​ខ្ចាត់ខ្ចាយ​នោះ គេ​ដើរ​ចុះ​ឡើង​ទាំង​ផ្សាយ​ដំណឹង​ល្អ គឺ​ជា​ព្រះ​បន្ទូល»។ (កិច្ចការ ៨:៤) ពួក​គេ​មុខ​ជា​មាន​អារម្មណ៍​ដូច​សាវ័ក​ពេត្រុស​ដែល​ពី​មុន​នោះ​បាន​មាន​ប្រសាសន៍​ថា​៖ «[យើង]ត្រូវ​តែ​ស្ដាប់​បង្គាប់​របស់​ព្រះ​ជាជាង​មនុស្ស»។ (កិច្ចការ ៥:២៩) ថ្វីបើ​មាន​ការ​បៀតបៀន​ក៏​ដោយ សិស្ស​ទាំង​នោះ​ដែល​មាន​ចិត្ត​ស្មោះ​ភក្ដី​ហើយ​ក្លាហាន​ផង​ដែរ នៅតែ​បាន​ព្យាយាម​ធ្វើ​បន្ទាល់​អំពី​សេចក្ដី​ពិត ទោះ​ជា​ពួក​គេ​ដឹង​ថា នេះ​នឹង​នាំ​ឲ្យ​មាន​ទុក្ខ​លំបាក​បន្ថែម​ទៀត​ក្ដី។—កិច្ចការ ១១:១៩​-​២១

៩​. តើ​ពួក​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​នៅតែ​ទទួល​ការ​បៀតបៀន​ណា​ខ្លះ?

ប្រាកដ​ហើយ ការ​រងទុក្ខ​លំបាក​នោះ​មិន​បាន​រសាយ​បាត់​ទៅ​ឡើយ។ មុន​ដំបូង យើង​រៀន​ដឹង​ថា សុល​ដែល​ជា​អ្នក​យល់​ព្រម​ក្នុង​ការ​ចោល​ស្ទេផាន​នឹង​ថ្ម​រហូត​ដល់​ស្លាប់​នោះ «គាត់​នៅតែ​បញ្ចេញ​សេចក្ដី​គំរាម នឹង​ពាក្យ​កំហែង ព្រម​ទាំង​ការ​សំឡាប់ ដល់​ពួក​សិស្ស​នៃ​ព្រះ​អម្ចាស់​នៅ​ឡើយ ក៏​ទៅ​ឯសំដេច​សង្ឃ សូម​សំបុត្រ​កាន់​យក​ទៅ​ឯសាលា​ប្រជុំ​ទាំង​ប៉ុន្មាន នៅ​ក្រុង​ដាម៉ាស ប្រយោជន៍​ដើម្បី បើ​ឃើញ​មាន​អ្នក​ណា​ខ្លះ ដែល​ប្រតិបត្ដិ​តាម​ផ្លូវ​នោះ ទោះ​ប្រុស​ឬ​ស្រី​ក្ដី នោះ​នឹង​ចាប់​ចង​គេ នាំ​មក​ឯក្រុង​យេរូសាឡិម»។ (កិច្ចការ ៩:១, ២) ក្រោយ​មក ប្រហែល​នៅ​ឆ្នាំ​៤៤ ស.យ. «ស្តេច​ហេរ៉ូឌ ទ្រង់​លូក​ព្រះ​ហស្ត​ទៅ ចាប់​ធ្វើ​ទុក្ខ​ដល់​ពួក​ជំនុំ​ខ្លះ ក៏​សំឡាប់​យ៉ាកុប ជា​បង​យ៉ូហាន ដោយ​ដាវ​ផង»។—កិច្ចការ ១២:១, ២

១០​. តើ​សៀវភៅ​កិច្ចការ​និង​សៀវភៅ​វិវរណៈ​រាយ​ការណ៍​អំពី​ការ​ធ្វើ​ទុក្ខ​បៀត​បៀន​ណា​ខ្លះ?

១០ កំណត់ហេតុ​បន្តបន្ទាប់​ក្នុង​សៀវភៅ​កិច្ចការ បាន​រៀបរាប់​ពី​អ្វី​ដែល​មិន​អាច​បិទ​បាំង​បាន គឺ​អំពី​ទុក្ខ​លំបាក ការ​បៀតបៀន និង​ការ​ជាប់​គុក ដែល​បងប្អូន​ស្មោះ​ភក្ដី​បាន​ស៊ូទ្រាំ។ ជាក់​ស្តែង​គឺ​ប៉ុល ជា​អតីត​អ្នក​បៀតបៀន​ដែល​ក្រោយ​មក​ក្លាយ​ជា​សាវ័ក​ម្នាក់ តាម​មើល​ទៅ​គាត់​បាន​ស្លាប់​ដោយសារ​ជំនឿ​របស់​គាត់ តាម​បទ​បញ្ជា​នៃ​អធិរាជ​រ៉ូម​ឈ្មោះ​នីរ៉ូ ប្រហែល​ជា​នៅ​ឆ្នាំ​៦៥ ស.យ.។ (កូរិនថូសទី២ ១១:២៣​-​២៧; ធីម៉ូថេទី២ ៤:៦​-​៨) នៅ​ទីបំផុត សៀវភៅ​វិវរណៈ​ដែល​ត្រូវ​បាន​សរសេរ​នៅ​ដំណាច់​សតវត្ស​ទីមួយ​បញ្ជាក់​ថា សាវ័ក​យ៉ូហាន​ត្រូវ​ជាប់​គុក​នៅ​កោះ​ប៉ាត់ម៉ុស ជា​ទីកន្លែង​ធ្វើ​ទុក្ខទោស​ដល់​ឧក្រិដ្ឋ​ជន ‹ដោយ​ព្រោះ​គាត់​និយាយ​អំពី​ព្រះ និង​ធ្វើ​បន្ទាល់​អំពី​ព្រះ​យេស៊ូវ›។ សៀវភៅ​វិវរណៈ​ក៏​សំដៅ​ទៅ​លើ​ការ​«សំឡាប់​អាន់ទីប៉ាស» ដែល​«ជា​ស្មរបន្ទាល់​ស្មោះត្រង់» ម្នាក់​នៅ​ទី​ក្រុង​ពើកាម៉ុស។—វិវរណៈ ១:៩; ២:១៣

១១​. តើ​ដំណើរ​ជីវិត​របស់​ពួក​គ្រីស្ទាន​សម័យ​ដើម​បាន​បង្ហាញ​យ៉ាង​ដូច​ម្ដេច នូវ​សច្ចភាព​នៃ​បន្ទូល​របស់​ព្រះ​យេស៊ូ​ស្តី​អំពី​ទុក្ខ​បៀតបៀន?

១១ ហេតុ​ការណ៍​ទាំង​ប៉ុន្មាន​នេះ​បញ្ជាក់​ពី​សច្ចភាព​នៃ​បន្ទូល​របស់​ព្រះ​យេស៊ូ​ទៅ​កាន់​សិស្ស​ទ្រង់​ថា​៖ «បើ​គេ​បាន​បៀតបៀន​ដល់​ខ្ញុំ នោះ​គេ​នឹង​បៀតបៀន​ដល់​អ្នក​រាល់គ្នា»​ដែរ។ (យ៉ូហាន ១៥:២០) ពួក​គ្រីស្ទាន​ស្មោះ​ភក្ដី​នៅ​សម័យ​ដើម​បាន​ប្រុង​ប្រៀប​ប្រឈម​មុខ​នឹង​ការ​ល្បងល​ដ៏​ខ្លាំង​បំផុត ពោល​គឺ​សុខចិត្ត​ស្លាប់ មិន​ថា​ដោយ​ទទួល​ទារុណកម្ម ដោយ​ត្រូវ​ចោល​ឲ្យ​សត្វព្រៃ​ស៊ី ឬ​ដោយ​របៀប​ណា​ទៀត​ក៏​ដោយ ដើម្បី​ធ្វើ​កិច្ចការ​ដែល​ព្រះ​អម្ចាស់​ព្រះ​យេស៊ូ​គ្រីស្ទ​បាន​ប្រទាន​ឲ្យ​ពួក​គេ​ដែល​ថា​៖ «អ្នក​រាល់គ្នា . . . នឹង​ធ្វើ​ជា​ទី​បន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូសាឡិម ព្រម​ទាំង​ស្រុក​យូដា នឹង​ស្រុក​សាម៉ារី​ទាំង​មូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង»។—កិច្ចការ ១:៨

១២​. តើ​ដូច​ម្ដេច​បាន​ជា​ការ​ធ្វើ​ទុក្ខ​បៀតបៀន​ដល់​ពួក​គ្រីស្ទាន មិន​មែន​ជា​អ្វី​ដែល​កើត​ឡើង​នៅ​អតីតកាល​ប៉ុណ្ណោះ?

១២ បើ​គិត​ថា ការ​ប្រព្រឹត្ត​យ៉ាង​សាហាវ​លើ​អ្នក​កាន់​តាម​ព្រះ​យេស៊ូ ជា​អ្វី​ដែល​កើត​ឡើង​នៅ​អតីតកាល​ប៉ុណ្ណោះ នោះ​មិន​ត្រឹមត្រូវ​ទាល់តែ​សោះ។ ប៉ុល​បាន​រងទុក្ខ​លំបាក​យ៉ាង​ច្រើន ហើយ​គាត់​ក៏​បាន​សរសេរ​ថា​៖ «អស់​អ្នក​ណា​ដែល​ចង់​រស់ ដោយ​គោរព​ប្រតិបត្ដិ​ដល់​ព្រះ​គ្រីស្ទ​យេស៊ូវ នោះ​នឹង​ត្រូវ​មាន​សេចក្ដី​បៀតបៀន​ដែរ»។ (ធីម៉ូថេទី២ ៣:១២) ពេត្រុស​បាន​មាន​ប្រសាសន៍​អំពី​ការ​ទទួល​រងទុក្ខ​បៀតបៀន​ថា​៖ «ដ្បិត​ទ្រង់​បាន​ហៅ​អ្នក​រាល់គ្នា មក​ឯសេចក្ដី​នោះ​ឯង ពីព្រោះ​ព្រះ​គ្រីស្ទ​ក៏​បាន​រងទុក្ខ​ជំនួស​យើង​ដែរ​ទាំង​ទុក​ដំ​រាប់ ឲ្យ​យើង​រាល់គ្នា​ដើរ​តាម​លំអាន​ដាន​នៃ​ទ្រង់»។ (ពេត្រុសទី១ ២:២១) រហូត​មក​ដល់​គ្រា​«ជាន់​ក្រោយ​បង្អស់»​នៃ​របប​លោកីយ៍​បច្ចុប្បន្ន​នេះ មនុស្ស​នៅតែ​ស្អប់​ហើយ​ធ្វើ​ទុក្ខ​ដល់​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នៅ​ឡើយ។ (ធីម៉ូថេទី២ ៣:១) នៅ​គ្រប់​ទិស​ទី​នៃ​ផែនដី​នេះ គឺ​ស្ថិត​ក្រោម​របប​អ្នក​កាន់​អំណាច​ផ្ដាច់ការ ព្រម​ទាំង​នៅ​ប្រទេស​ប្រជាធិបតេយ្យ​ក្ដី ម្ដងម្កាល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​រង​ការ​បៀតបៀន មិន​ថា​ជា​មនុស្ស​មួយ​ក្រុម​ក្ដី ឬ​តែ​ម្នាក់ៗ​ក៏​ដោយ។

ហេតុ​អ្វី​បាន​ជា​ត្រូវ​គេ​ស្អប់​និង​ធ្វើ​ទុក្ខ​បៀតបៀន​ដូច្នេះ?

១៣​. តើ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នៅ​សម័យ​នេះ​គួរ​ចង​ចាំ​អ្វី ស្តី​អំពី​ការ​ទទួល​រងទុក្ខ​បៀតបៀន?

១៣ ទោះ​បើ​យើង​ភាគ​ច្រើន​មាន​សេរីភាព​មួយ​កំរិត​ដើម្បី​ផ្សព្វផ្សាយ​និង​ប្រជុំ​គ្នា​យ៉ាង​សុខសាន្ត​ក្ដី យើង​ក៏​ត្រូវ​យកចិត្ត​ទុកដាក់​នឹង​សេចក្ដី​រំឭក​ក្នុង​ព្រះ​គម្ពីរ​ដែល​ថា​៖ «គំរូ​នៃ​លោកីយ​នេះ​តែង​តែ​ផ្លាស់​ទៅ»។ (កូរិនថូសទី១ ៧:៣១) ស្ថានការណ៍​អាច​ប្រែប្រួល​យ៉ាង​ឆាប់​ដល់​ម្ល៉េះ​បាន​ជា​យើង​ងាយ​ជំពប់​ដួល លើក​លែង​តែ​យើង​បាន​ប្រុង​ប្រៀប​ខ្លួន​ជា​មុន ក្នុង​គំនិត​យើង​ផង ទាំង​ខាង​ផ្លូវចិត្ត​និង​ខាង​វិញ្ញាណ​ផង​ដែរ។ បើ​ដូច្នេះ តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ការពារ​ខ្លួន? របៀប​ការពារ​ខ្លួន​ម្យ៉ាង​ដែល​មាន​ប្រសិទ្ធ​ភាព​នោះ គឺ​ដោយ​ចង​ចាំ​យ៉ាង​ច្បាស់​ជានិច្ច​នូវ​មូលហេតុ​ដែល​មនុស្ស​ស្អប់​និង​ធ្វើ​ទុក្ខ​បៀតបៀន​ដល់​ពួក​គ្រីស្ទាន​ដែល​ចេះ​តែ​ស្រឡាញ់​សេចក្ដី​សុខ​និង​ធ្វើ​តាម​ច្បាប់​ផង។

១៤​. តើ​ពេត្រុស​ដៅ​បញ្ជាក់​ពី​មូលហេតុ​អ្វី​ដែល​ពួក​គ្រីស្ទាន​បាន​ទទួល​ការ​បៀត​បៀន?

១៤ សាវ័ក​ពេត្រុស​បាន​រៀបរាប់​អំពី​រឿង​នេះ​ក្នុង​សំបុត្រ​ទីមួយ​ដែល​គាត់​សរសេរ​ប្រហែល​ជា​នៅ​ឆ្នាំ​៦២​-​៦៤ ស.យ. ជា​គ្រា​ដែល​ពួក​គ្រីស្ទាន​ទូទាំង​ចក្រភព​រ៉ូម​បាន​រងទុក្ខ​លំបាក​និង​ការ​បៀតបៀន។ គាត់​មាន​ប្រសាសន៍​ថា​៖ «ពួក​ស្ងួនភ្ងា​អើយ! កុំ​ឲ្យ​មាន​ប្លែក​ក្នុង​ចិត្ត ដោយ​ភ្លើង​ដ៏​ក្ដៅ​ក្រហាយ ដែល​កំពុង​តែ​ល្បង​អ្នក​រាល់គ្នា ទុក​ដូច​ជា​កើត​មាន​សេចក្ដី​ចំឡែក​នោះ​ឡើយ»។ ពេត្រុស​បាន​ពន្យល់​ន័យ​សេចក្ដី​នោះ​ដោយ​ចែង​ទៀត​ថា​៖ «កុំ​បី​ឲ្យ​អ្នក​រាល់គ្នា​ណា​មួយ​រងទុក្ខទោស ដោយ​ព្រោះ​សំឡាប់​គេ ឬ​លួច​គេ ឬ​ធ្វើ​ការ​អាក្រក់ ឬ​សៀត​ចូល​ក្នុង​ការ​របស់​អ្នក​ដទៃ​ឡើយ។ តែ​បើ​រងទុក្ខ ដោយ​ព្រោះ​ជា​ពួក​គ្រីស្ទាន​វិញ នោះ​កុំ​ឲ្យ​ខ្មាស​ឲ្យ​សោះ ចូរ​សរសើរ​ដំកើង​ដល់​ព្រះ ដោយ​ព្រោះ​នាម​នោះ​វិញ»។ ពេត្រុស​បាន​បញ្ជាក់​ថា ការ​រងទុក្ខ​នោះ​មក​ដោយ​ព្រោះ​ពួក​គេ​ជា​ជន​គ្រីស្ទាន​ប៉ុណ្ណោះ មិន​មែន​មក​ពី​ការ​ធ្វើ​អំពើ​អាក្រក់​ណា​ឡើយ។ ប្រសិន​បើ​ពួក​គ្រីស្ទាន​បាន​ជ្រុល​ប្រព្រឹត្ត «តាម​សេចក្ដី​ខូច​អាក្រក់​ដ៏​ហូរ​ហៀរ»​របស់​មនុស្ស​សាសន៍​ដទៃ​នៅ​ជុំវិញ​ពួក​គេ​នោះ លោកីយ៍​នឹង​ស្វាគមន៍​ហើយ​ទទួល​យក​ពួក​គេ​វិញ។ ផ្ទុយ​ទៅ​វិញ ពួក​គ្រីស្ទាន​បាន​រងទុក្ខ​ដោយសារ​ពួក​គេ​បាន​ព្យាយាម​បំពេញ​មុខ​នា​ទី​របស់​ខ្លួន​ជា​អ្នក​កាន់​តាម​ព្រះ​គ្រីស្ទ។ ស្ថានភាព​នេះ​គឺ​ដូច​គ្នា​បេះបិទ​ចំពោះ​ពួក​គ្រីស្ទាន​ពិត​នៅ​សព្វថ្ងៃ​នេះ។—ពេត្រុសទី១ ៤:៤, ១២, ១៥, ១៦

១៥​. តើ​មាន​ភាព​ផ្ទុយ​ពី​គ្នា​យ៉ាង​ណា ស្តី​អំពី​ការ​ប្រព្រឹត្ត​លើ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​សព្វថ្ងៃ​នេះ?

១៥ នៅ​ភូមិភាគ​ផ្សេងៗ​នៅ​លើ​ផែនដី​នេះ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​ទទួល​សេចក្ដី​សរសើរ​នៅ​មុខ​សាធារណៈ​ជន ដោយ​ព្រោះ​ពួក​គេ​ចុះ​សម្រុង​គ្នា​ដោយ​មាន​ឯកភាព​នៅ​ឯមហា​សន្និបាត​របស់​ពួក​គេ ព្រម​ទាំង​ពេល​កសាង​អាគារ​ផ្សេងៗ។ ពួក​គេ​ទទួល​សេចក្ដី​សរសើរ​ដោយ​ព្រោះ​គេ​បង្ហាញ​សេចក្ដី​ទៀងត្រង់​និង​ចិត្ត​ខ្នះខ្នែង មាន​មារយាទ​សីលធម៌​ល្អ ព្រម​ទាំង​តាំង​គំរូ​ល្អ​ក្នុង​ជីវភាព​គ្រួសារ ហើយ​មាន​អាការ​ក្រៅ​និង​ឫកពា​ឬ​លក្ខណៈ​សមរម្យ។ * ម្យ៉ាង​វិញ​ទៀត កាល​សរសេរ​អត្ថបទ​នេះ កិច្ចការ​ផ្សាយ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​គឺ​ស្ថិត​ក្រោម​បំរាម​ឬ​កំហិត​ផ្សេងៗ​យ៉ាង​ហោច​ណាស់​នៅ​២៨​ប្រទេស ហើយ​ស្មរបន្ទាល់​ជា​ច្រើន​នាក់​ត្រូវ​គេ​ធ្វើ​ទុក្ខទោស​លើ​រូប​កាយ​និង​រង​ការ​ខូច​បង់​នូវ​ទ្រព្យ​សម្បត្ដិ​ដោយសារ​ជំនឿ​របស់​ខ្លួន។ ហេតុ​អ្វី​បាន​ជា​មាន​ការ​សរសើរ​និង​ការ​ប្រព្រឹត្ត​លើ​ពួក​គេ​ខុស​ផ្ទុយ​ពី​គ្នា​ដូច្នេះ? ហើយ ហេតុ​អ្វី​បាន​ជា​ព្រះ​អនុញ្ញាត​ឲ្យ​រឿង​នេះ​កើត​ឡើង?

១៦​. តើ​ព្រះ​អនុញ្ញាត​ឲ្យ​រាស្ត្រ​ទ្រង់​រង​ការ​បៀតបៀន ដោយ​ផ្អែក​លើ​មូលហេតុ​ចំបង​អ្វី?

១៦ សំខាន់​បំផុត យើង​គួរ​ចង​ចាំ​បន្ទូល​នៅ​សុភាសិត ២៧:១១ ដែល​ថា​៖ «កូន​អើយ! ចូរ​ឲ្យ​ឯង​មាន​ប្រាជ្ញា​ឡើង ហើយ​ឲ្យ​ចិត្ត​អញ​បាន​រីករាយ​ចុះ! ដើម្បី​ឲ្យ​អញ​អាច​តប​ឆ្លើយ ចំពោះ​[អ្នក]​ដែល​ដៀលតិះ​ដល់​អញ»។ ពិត​ណាស់ នេះ​ទាក់ទង​រឿង​ចំណោទ​តាំង​ពី​បុរាណ​មក​ម្ល៉េះ​អំពី​អធិបតេយ្យ​លើ​សកលលោក។ ថ្វី​បើ​មាន​ទីសំអាង​មួយ​គំនរ​ក្នុង​កំឡុង​ច្រើន​សតវត្ស​មក​ហើយ ពី​អស់​អ្នក​ដែល​បាន​បង្ហាញ​ចិត្ត​ស្មោះ​គ្រប់​លក្ខណ៍​ចំពោះ​ព្រះ​យេហូវ៉ា​ក៏​ដោយ សាតាំង​នៅតែ​មិន​ឈប់​តិះដៀល​ព្រះ​យេហូវ៉ា​ទេ ដូច​វា​បាន​ធ្វើ​នៅ​ជំនាន់​បុរស​សុចរិត​ម្នាក់​ឈ្មោះ​យ៉ូប។ (យ៉ូប ១:៩​-​១១; ២:៤, ៥) សាតាំង​ច្បាស់​ជា​ក្ដៅ​ក្រហាយ​កាន់តែ​ខ្លាំង​ក្នុង​ការ​ប៉ុនប៉ង​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់​នេះ ដោយ​វា​ចង់​បង្ហាញ​ភស្តុតាង​ដើម្បី​គាំទ្រ​ចំណោទ​របស់​វា ជា​ពិសេស​តាំង​ពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​បាន​ស្ថាបនា​ឡើង​យ៉ាង​រឹង​មាំ ទាំង​មាន​អនុរាស្ត្រ​ដ៏​ស្មោះត្រង់ ហើយ​មាន​អ្នក​តំណាង​ទ្រង់​ទូទាំង​ពិភពលោក​ផង​ដែរ។ តើ​រាស្ត្រ​ទាំង​នេះ​នឹង​រក្សា​ចិត្ត​ស្មោះ​ភក្ដី​ចំពោះ​ព្រះ មិន​ថា​មាន​ការ​ពិបាក​ឬ​ទុក្ខ​វេទនា​អ្វី​មក​លើ​គេ​ក៏​ដោយ​ឬ? នេះ​ជា​សំនួរ​ដែល​អ្នក​បំរើ​ម្នាក់ៗ​របស់​ព្រះ​យេហូវ៉ា​ត្រូវ​តែ​ឆ្លើយ​ខ្លួន​ឯង។—វិវរណៈ ១២:១២, ១៧

១៧​. បន្ទូល​របស់​ព្រះ​យេស៊ូ​ដែល​ថា​៖ «ការ​នោះ​នឹង​ត្រឡប់​ប្រែ​ជា​ឱកាស ឲ្យ​អ្នក​រាល់គ្នា​ធ្វើ​បន្ទាល់​វិញ» តើ​មាន​ន័យ​អ្វី?

១៧ កាល​ដែល​ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​ពួក​សាវ័ក​អំពី​ព្រឹត្ដិការណ៍​ដែល​ត្រូវ​កើត​មាន​ឡើង​ក្នុង​កំឡុង​ពេល «ទីបញ្ចប់​នៃ​របប​លោកីយ៍​នេះ» ទ្រង់​បាន​បញ្ជាក់​មូលហេតុ​មួយ​ទៀត​ដែល​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​អ្នក​បំរើ​របស់​ទ្រង់​រងទុក្ខ​ការ​បៀតបៀន​នោះ។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖ «គេ​នឹង . . . នាំ​អ្នក​រាល់គ្នា​ទៅ​ចំពោះ​ស្តេច នឹង​ចៅហ្វាយ​ខេត្ត ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ​ផង។ ប៉ុន្តែ ការ​នោះ​នឹង​ត្រឡប់​ប្រែ​ជា​ឱកាស ឲ្យ​អ្នក​រាល់គ្នា​ធ្វើ​បន្ទាល់​វិញ»។ (ម៉ាថាយ ២៤:៣, ៩, ព.ថ.; លូកា ២១:១២, ១៣) ព្រះ​យេស៊ូ​បាន​ធ្វើ​បន្ទាល់​ដោយ​ផ្ទាល់ នៅ​ចំពោះ​ស្តេច​ហេរ៉ូឌ​និង​លោកប៉ុនទាស ពីឡាត់។ សាវ័ក​ប៉ុល​ក៏​ត្រូវ‹គេ​នាំ​ទៅ​នៅ​ចំពោះ​ស្តេច​និង​ចៅហ្វាយ​ខេត្ត›ដែរ។ ដោយ​ប៉ុល​មាន​ព្រះ​អម្ចាស់​យេស៊ូ​គ្រីស្ទ​នាំ​ផ្លូវ​នោះ គាត់​បាន​រក​វិធី​ធ្វើ​បន្ទាល់​ដល់​អ្នក​កាន់​អំណាច​ធំ​បំផុត​នៅ​ជំនាន់​នោះ ដោយ​ប៉ុល​លាន់​មាត់​ថា​៖ «ខ្ញុំ​ប្របាទ​សូម​រើ​ក្ដី​នេះ​ដល់​សេសារ​វិញ!»។ (កិច្ចការ ២៣:១១; ២៥:៨​-​១២) ដូច​គ្នា​សព្វថ្ងៃ​នេះ​ដែរ ជា​ញឹកញយ​នោះ ស្ថានការណ៍​ដ៏​ពិបាក​ក៏​បាន​នាំ​ឲ្យ​មាន​ឱកាស​ធ្វើ​បន្ទាល់​យ៉ាង​ល្អ​ចំពោះ​ពួក​រាជការ​និង​សាធារណៈ​ជន​ផង​ដែរ។ *

១៨, ១៩​. (ក) តើ​ការ​ស៊ូទ្រាំ​នូវ​សេចក្ដី​បៀតបៀន​នឹង​ផ្ដល់​ប្រយោជន៍​អ្វី​ខ្លះ​ដល់​យើង? (ខ) ក្នុង​អត្ថបទ​ជា​បន្តបន្ទាប់ តើ​យើង​នឹង​ពិគ្រោះ​រឿង​អ្វី?

១៨ ចុង​ក្រោយ​បង្អស់ ការ​ស៊ូទ្រាំ​ទុក្ខ​លំបាក​និង​សេចក្ដី​វេទនា​ផ្សេងៗ​នោះ អាច​ជា​ផល​ចំណេញ​ដល់​យើង​ផង​ដែរ។ តើ​តាម​របៀប​ណា? យ៉ាកុប​បាន​រំឭក​បងប្អូន​គ្រីស្ទាន​គ្នីគ្នា​របស់​គាត់​ថា​៖ «បងប្អូន​អើយ! ទុក្ខ​លំបាក​គ្រប់​យ៉ាង ដែល​បងប្អូន​ត្រូវ​ឆ្លង​កាត់​នោះ សូម​ចាត់ទុក​ថា​ជា​ការ​ដែល​ធ្វើ​អោយ​បងប្អូន​មាន​អំណរ​ដ៏​បរិបូណ៌​វិញ ដោយ​ដឹង​ថា ការ​ល្បងល​មើល​ជំនឿ​របស់​បងប្អូន នឹង​នាំ​អោយ​បងប្អូន​ចេះ​ស៊ូទ្រាំ»។ ពិត​ណាស់ សេចក្ដី​បៀតបៀន​អាច​ធ្វើ​ឲ្យ​យើង​មាន​ជំនឿ​កាន់តែ​មាំមួន ហើយ​ក៏​អាច​ពង្រឹង​នូវ​ចិត្ត​ស៊ូទ្រាំ​របស់​យើង​ផង​ដែរ។ យ៉ាង​នេះ យើង​មិន​មាន​ចិត្ត​ភ័យ​រន្ធត់​ស្តី​អំពី​ការ​ទទួល​រងទុក្ខ​បៀតបៀន​ទេ ហើយ​យើង​ក៏​មិន​ខំ​រក​វិធី​ជៀស​ឬ​បញ្ឈប់​ការ​ទទួល​ទុក្ខទោស​ដោយ​ធ្វើ​ខុស​ពី​ព្រះ​គម្ពីរ​ឡើយ។ ផ្ទុយ​ទៅ​វិញ យើង​ធ្វើ​តាម​ការ​ដាស់​តឿន​របស់​យ៉ាកុប​ដែល​ថា​៖ «ត្រូវ​អោយ​ការ​ស៊ូទ្រាំ​នេះ បង្កើត​ចេញ​ជា​ផល​ដ៏​ល្អ​គ្រប់​លក្ខណៈ ដើម្បី​អោយ​បងប្អូន​បាន​គ្រប់​លក្ខណៈ មាន​គុណសម្បត្ដិ​ល្អ​សព្វ​គ្រប់ ឥត​ខ្វះ​ត្រង់​ណា​ឡើយ»។—យ៉ាកុប ១:២​-​៤, ខ.ស.

១៩ ទោះបី​ជា​ព្រះ​បន្ទូល​របស់​ព្រះ​ជួយ​យើង​យល់​នូវ​មូលហេតុ​ដែល​អ្នក​បំរើ​ស្មោះ​ភក្ដី​របស់​ព្រះ​យេហូវ៉ា​ទទួល​ការ​បៀតបៀន ហើយ​ហេតុ​ដែល​ទ្រង់​អនុញ្ញាត​ឲ្យ​មាន​ការ​បៀតបៀន​ក្ដី ការ​ដឹង​អំពី​រឿង​នេះ​មិន​អាច​ធ្វើ​ឲ្យ​យើង​ស៊ូទ្រាំ​យ៉ាង​ស្រួល​នឹង​ការ​បៀតបៀន​នោះ​ឡើយ។ តើ​អ្វី​អាច​ជួយ​ពង្រឹង​កម្លាំង​របស់​យើង​ដើម្បី​ឲ្យ​ចេះ​ស៊ូទ្រាំ​បាន? តើ​យើង​អាច​ធ្វើ​អ្វី​ពេល​ដែល​យើង​ទទួល​ការ​បៀតបៀន​ដូច​នេះ? យើង​នឹង​ពិចារណា​រឿង​សំខាន់ៗ​នេះ​ក្នុង​អត្ថបទ​ជា​បន្តបន្ទាប់។

[កំណត់​សម្គាល់]

^ វគ្គ 15 សូម​មើល​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ​២០០៣ ទំព័រ១២​-​១៤; ហើយ​ថ្ងៃទី១ ខែកក្កដា ឆ្នាំ​២០០០ ទំព័រ១៤​-​១៧; និង​សៀវភៅ​ស្តើង​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា តើ​ពួក​គេ​ជា​អ្នក​ណា? តើ​គេ​ជឿ​អ្វី​ខ្លះ? ទំព័រ២១​-​២៤

^ វគ្គ 17 សូម​មើល​ទស្សនាវដ្ដី​ភ្ញាក់រឭក! ពី​ថ្ងៃទី៨ ខែមករា ឆ្នាំ​២០០៣ ទំព័រ៣​-​១១ (ជា​ភាសា​អង់គ្លេស)

តើ​អ្នក​អាច​ពន្យល់​បាន​ទេ?

ពាក្យ​ភាសា​ក្រិច (ម៉ាទីស) នោះ តើ​ច្រើន​តែ​សំដៅ ទៅ​លើ​ព្រះ​យេស៊ូ​ក្នុង​ន័យ​អ្វី?

តើ​ការ​ធ្វើ​ទុក្ខ​បៀតបៀន​ពួក​គ្រីស្ទាន​នៅ​សតវត្ស​ទីមួយ​នោះ មាន​លទ្ធផល​អ្វី?

យោង​ទៅ​តាម​ការ​ពន្យល់​របស់​ពេត្រុស ហេតុ​អ្វី​បាន​ជា​ពួក​គ្រីស្ទាន​ពិត​បាន​ទទួល​ការ​បៀតបៀន?

តើ​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​អ្នក​បំរើ​របស់​ទ្រង់​រងទុក្ខ ការ​បៀតបៀន​នោះ ដោយសារ​មូលហេតុ​អ្វី​ខ្លះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​១៣]

ពួក​គ្រីស្ទាន​សតវត្ស​ទី​មួយ​បាន​រង​ទុក្ខ​លំបាក ពីព្រោះ​ពួក​គេ​ជា​ជន​គ្រីស្ទាន មិន​មែន​ដោយ​បាន​ធ្វើ​ខុស​នោះ​ទេ

ប៉ុល

យ៉ាកុប

យ៉ូហាន

អាន់ទីប៉ាស

ស្ទេផាន