លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

បន្ថែមការចេះទប់ចិត្ដពីលើការស្គាល់ព្រះ

បន្ថែមការចេះទប់ចិត្ដពីលើការស្គាល់ព្រះ

បន្ថែម​ការ​ចេះ​ទប់​ចិត្ត​ពី​លើ​ការ​ស្គាល់​ព្រះ

«[ចូរ]បន្ថែម​ការ​ចេះ​ទប់​ចិត្ត​ពី​លើ​ការ​ស្គាល់​ព្រះ . . . [ដើម្បី]​អោយ​មាន​សកម្មភាព និង​បង្កើត​ផល»។—ពេត្រុសទី២ ១:៥​-​៨, ខ.ស.

១​. តើ​បញ្ហា​ជា​ច្រើន​របស់​មនុស្ស​គឺ​ដោយសារ​ពួក​គេ​មិន​ចេះ​ធ្វើ​អ្វី?

នៅ​សហរដ្ឋ​អាមេរិក ប្រតិបត្ដិ​ការ​មួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រើ​ថ្នាំ​ញៀន​បាន​ទូន្មាន​ពួក​យុវ​វ័យ​ឲ្យ​«ចេះ​បដិសេធ»។ បើ​មនុស្ស​គ្រប់​រូប​មិន​គ្រាន់​តែ​បដិសេធ​ថ្នាំ​ញៀន​ប៉ុណ្ណោះ តែ​ក៏​បដិសេធ​ការ​ផឹក​ស្រា​ហួស​ប្រមាណ របៀប​រស់​នៅ​មិន​ល្អ​ឬ​អសីលធម៌ ភាព​មិន​ទៀងត្រង់​ផ្នែក​ពាណិជ្ជកម្ម ហើយ​ចេះ​បដិសេធ​ពី​«សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​ឯ​សាច់​ឈាម»​ដែរ នោះ​ពិត​ជា​មាន​សភាព​ការណ៍​ដ៏​ល្អ​ប្រសើរ​ជាង​ឆ្ងាយ​ណាស់! (រ៉ូម ១៣:១៤) ប៉ុន្តែ ការ​បដិសេធ​មិន​តែង​តែ​ងាយ​ស្រួល​នោះ​ទេ មែន​ទេ?

២​. (ក) ក្នុង​ព្រះ​គម្ពីរ តើ​គំរូ​អ្វី​ខ្លះ​ដែល​បង្ហាញ​ថា ផល​ពិបាក​ក្នុង​ការ​បដិសេធ​មិន​មែន​ជា​បញ្ហា​ថ្មី​នោះ​ទេ? (ខ) តើ​គំរូ​ទាំង​នេះ​គួរ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ធ្វើ​អ្វី?

ដោយសារ​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍​ទាំង​អស់​គ្នា​ពិបាក​ទប់​ចិត្ត​នោះ យើង​គួរ​ចាប់​អារម្មណ៍​ចង់​ដឹង ពី​របៀប​ដែល​យើង​អាច​យក​ឈ្នះ​នូវ​ភាព​ទន់ខ្សោយ​ណា​ដែល​យើង​មាន​ផ្ទាល់​ខ្លួន។ ព្រះ​គម្ពីរ​រៀប​រាប់​អំពី​មនុស្ស​ផ្សេងៗ​នៅ​អតីតកាល​ដែល​បាន​ព្យាយាម​បំរើ​ព្រះ តែ​ជួន​កាល​ពិបាក​បដិសេធ​អំពើ​អាក្រក់។ សូម​នឹក​ចាំ​អំពី​ដាវីឌ​និង​អំពើ​បាប​ដែល​ទ្រង់​ប្រព្រឹត្ត​ដោយ​ផិត​ក្បត់​ជា​មួយ​នឹង​នាង​បាតសេបា។ បាប​នេះ​បាន​នាំ​ឲ្យ​កូន​របស់​ទ្រង់​ដែល​កើត​ពី​ការ​ផិត​ក្បត់ ព្រម​ទាំង​ស្វាមី​របស់​បាតសេបា​ស្លាប់ ដោយ​ទាំង​ពីរ​នាក់​នេះ​គ្មាន​ទោស​អ្វី​សោះ។ (សាំយូអែលទី២ ១១:១​-​២៧; ១២:១៥​-​១៨) ឬ​ក៏​សូម​គិត​អំពី​សាវ័ក​ប៉ុល​ដែល​បាន​សារភាព​ជា​ចំហ​ថា​៖​«ខ្ញុំ​មិន​ប្រព្រឹត្ត​ការ​ល្អ ដែល​ខ្ញុំ​ចង់​ធ្វើ​នោះ​ទេ តែ​ការ​អាក្រក់​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​បែរ​ជា​ខ្ញុំ​ធ្វើ​វិញ»។ (រ៉ូម ៧:១៩) ជួន​កាល តើ​អ្នក​មាន​អារម្មណ៍​អន្ទះអន្ទែង​ក្នុង​ចិត្ត​ដូច្នេះ​ដែរ​ឬ​ទេ? ប៉ុល​ពោល​បន្ត​ថា​៖​«តាម​ប៉ែក​ខាង​ក្នុង ខ្ញុំ​ត្រេកអរ​ចំពោះ​ក្រិត្យ​វិន័យ​របស់​ព្រះ តែ​ខ្ញុំ​ឃើញ​មាន​អំណាច​១​ទៀត ក្នុង​អស់​ទាំង​អវយវៈ​របស់​រូប​កាយ​ខ្ញុំ ដែល​ច្បាំង​នឹង​អំណាច​នៃ​គំនិត​ខ្ញុំ ទាំង​ចាប់​នាំ​ខ្ញុំ​ទៅ​ជាប់​ក្រោម​អំណាច​អំពើ​បាប ដែល​នៅ​ក្នុង​អវយវៈ​នៃ​ខ្លួន​ខ្ញុំ​ទាំង​ប៉ុន្មាន​ផង។ វេទនា​ណាស់​ខ្ញុំ! តើ​អ្នក​ណា​នឹង​ជួយ​ឲ្យ​ខ្ញុំ​រួច​ពី​តួ​សេចក្ដី​ស្លាប់​នេះ​ទៅ​បាន?»។ (រ៉ូម ៧:២២​-​២៤) គំរូ​ផ្សេងៗ​ក្នុង​ព្រះ​គម្ពីរ​គួរ​ពង្រឹង​ការ​តាំង​ចិត្ត​របស់​យើង​កុំ​ឲ្យ​រសាយ​ព្យាយាម​ទប់​ចិត្ត​បាន​ល្អ​ប្រសើរ​ថែម​ទៀត។

ការ​ចេះ​ទប់​ចិត្ត​ជា​អ្វី​ដែល​យើង​ត្រូវ​រៀន

៣​. សូម​ពន្យល់​នូវ​មូលហេតុ​ដែល​យើង​មិន​អាច​សង្ឃឹម​ថា ការ​ទប់​ចិត្ត​ជា​ការ​ងាយ​ស្រួល​នោះ។

ក្នុង​ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ ការ​ចេះ​ទប់​ចិត្ត ដែល​រួម​បញ្ចូល​ការ​ចេះ​បដិសេធ គឺ​បាន​រៀប​រាប់​នៅ​ពេត្រុសទី២ ១:៥​-​៧ ជា​មួយ​នឹង​ជំនឿ កិរិយា​ល្អ ការ​ស្គាល់​ព្រះ ការ​ព្យាយាម​តស៊ូ ការ​គោរព​ប្រណិប័តន៍​ព្រះ ភាតរភាព និង​សេចក្ដី​ស្រឡាញ់។ គុណសម្បត្ដិ​ដ៏​គួរ​ឲ្យ​ប្រាថ្នា​ទាំង​នេះ យើង​មិន​មែន​មាន​ស្រាប់​តាំង​ពី​កំណើត​នោះ​ដែរ។ យើង​ត្រូវ​តែ​បណ្ដុះ​បណ្ដាល​ឲ្យ​មាន​គុណសម្បត្ដិ​ទាំង​នេះ។ ដើម្បី​បង្ហាញ​គុណសម្បត្ដិ​ទាំង​នេះ​ឲ្យ​បាន​ច្រើន យើង​ត្រូវ​តែ​តាំង​ចិត្ត​និង​ខំ​ព្យាយាម។ បើ​គុណសម្បត្ដិ​ទាំង​នេះ​ពិបាក​បណ្ដុះ​នោះ យើង​មិន​គួរ​នឹក​ស្មាន​ថា​ការ​ទប់​ចិត្ត​ជា​គុណសម្បត្ដិ​ដែល​ស្រួល​បណ្ដុះ​បណ្ដាល​នោះ​ទេ។

៤​. ហេតុ​អ្វី​បាន​ជា​មនុស្ស​ជា​ច្រើន​គិត​ថា ខ្លួន​គេ​គ្មាន​បញ្ហា​ក្នុង​ការ​ទប់​ចិត្ត​នោះ? ប៉ុន្តែ តើ​នេះ​ជា​សញ្ញា​ដែល​សម្គាល់​អ្វី?

គឺ​ជា​ការ​ពិត​មែន​ដែល​មនុស្ស​រាប់​លាន​នាក់​គិត​ថា ពួក​គេ​គ្មាន​បញ្ហា​អ្វី​ក្នុង​ការ​ទប់​ចិត្ត​ទេ។ ពួក​គេ​រស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដោយ​ធ្វើ​តាម​ទំនើង​ចិត្ត និង​បណ្ដែត​បណ្ដោយ​ខ្លួន​ទៅ​តាម​ក្ដី​ប៉ង​ប្រាថ្នា​នៃ​សាច់​ឈាម​ដ៏​ឥត​គ្រប់​ល័ក្ខណ៍ ទោះ​ដឹង​ឬ​មិន​ដឹង​ក៏​ដោយ ហើយ​ក៏​មិន​សូវ​គិត​មិន​សូវ​ខ្វល់​អំពី​ផល​ប៉ះ​ពាល់​ដល់​ខ្លួន​ឯង​ឬ​អ្នក​ឯ​ទៀត​នោះ​ទេ។ (យូដាស ១០) នៅ​សម័យ​នេះ​យើង​អាច​ឃើញ​ច្បាស់​ជាង​មុនៗ​ទៅ​ទៀត​ថា មនុស្ស​មិន​ចេះ​បដិសេធ ក៏​មិន​សុខ​ចិត្ត​បដិសេធ​ទេ។ នេះ​គឺ​ជា​សញ្ញា​សម្គាល់​មួយ​ដែល​បញ្ជាក់​ថា យើង​ពិត​ជា​កំពុង​តែ​រស់​ក្នុង​សម័យ​«ជាន់​ក្រោយ​បង្អស់» ដែល​ប៉ុល​បាន​រៀប​រាប់​ទាយ​ថា​៖​«នៅ​ជាន់​ក្រោយ​បង្អស់ នឹង​មាន​គ្រា​លំបាក​ណាស់។ ដ្បិត​នៅ​គ្រា​នោះ មនុស្ស​នឹង​ស្រឡាញ់​តែ​ខ្លួន​ឯង ទាំង​ស្រឡាញ់​ប្រាក់ អួតអាង​គឃរ មាន​ឫក​ខ្ពស់ ប្រមាថ​មើលងាយ . . . មិន​ចេះ​ទប់​ចិត្ត»។—ធីម៉ូថេទី២ ៣:១​-​៣

៥​. ហេតុ​អ្វី​បាន​ជា​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ចាប់​អារម្មណ៍​ទៅ​លើ​ការ​ទប់​ចិត្ត? ហើយ​តើ​ឱវាទ​អ្វី​នៅ​តែ​មាន​ប្រសិទ្ធ​ភាព​ដូច​គ្នា?

ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ដឹង​ច្បាស់​ថា ការ​ទប់​ចិត្ត​ជា​គុណសម្បត្ដិ​មួយ​ដ៏​ចាំបាច់ ទោះ​ជា​មិន​ងាយ​ស្រួល​ធ្វើ​ក៏​ដោយ។ ដូច​ប៉ុល​ដែរ ពួក​គេ​ក៏​មាន​ការ​ប្រទាញប្រទង់​ក្នុង​ចិត្ត​រវាង​ចំណង់​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​ដោយ​ប្រព្រឹត្ត​តាម​ខ្នាត​តម្រា​របស់​ទ្រង់ នឹង​សាច់​ឈាម​ឥត​គ្រប់​ល័ក្ខណ៍​ដែល​ខំ​ញ៉ាំង​ឲ្យ​ដើរ​ក្នុង​គន្លង​ជីវិត​មួយ​បែប​ផ្សេង​វិញ។ ហេតុ​នេះ​ហើយ ពួក​គេ​បាន​ចាប់​អារម្មណ៍​តាំង​ពី​យូរ​យារ​មក​ហើយ​ទៅ​លើ​របៀប​ដែល​ខ្លួន​អាច​ឈ្នះ​ក្នុង​ការ​ប្រទាញប្រទង់​នេះ។ តាំង​តែ​ពី​ឆ្នាំ​១៩១៦​មក​ម្ល៉េះ ទស្សនាវដ្ដី​ដែល​អ្នក​កំពុង​អាន​នេះ​បាន​និយាយ​អំពី​«របៀប​ត្រឹម​ត្រូវ​ដែល​យើង​អាច​បណ្ដុះ​បណ្ដាល​ឲ្យ​ចេះ​ឃាត់​ឃាំង​ចិត្ត គំនិត និង​ពាក្យ​សំដី​របស់​ខ្លួន»។ អត្ថបទ​នោះ​បាន​ជូន​យោបល់​ណែនាំ​ឲ្យ​ចង​ចាំ​ភីលីព ៤:៨។ ឱវាទ​ពី​ព្រះ​ដែល​មាន​ក្នុង​ខគម្ពីរ​នេះ​នៅ​តែ​មាន​ប្រសិទ្ធ​ភាព​ដូច​គ្នា ទោះ​ជា​ត្រូវ​បាន​សរសេរ​ជិត​២.០០០​ឆ្នាំ​មុន​ក៏​ដោយ ហើយ​ទោះបី​នៅ​សម័យ​នេះ​ការ​ធ្វើ​តាម​ឱវាទ​នោះ​ប្រហែល​ជា​ពិបាក​ជាង​ជំនាន់​សរសេរ​នោះ ឬ​នៅ​ឆ្នាំ​១៩១៦​នោះ​ក្ដី។ យ៉ាង​ណា​ក៏​ដោយ ជន​គ្រីស្ទាន​ខំ​យ៉ាង​ខ្លាំង​ដើម្បី​បដិសេធ​មិន​ព្រម​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​លោកីយ៍ ដោយ​ដឹង​ថា​បើ​ធ្វើ​ដូច្នេះ ពួក​គេ​កំពុង​តែ​ព្រម​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​ដែល​បង្កើត​ពួក​គេ​វិញ។

៦​. នៅ​ពេល​ដែល​យើង​កំពុង​តែ​បណ្ដុះ​បណ្ដាល​ឲ្យ​ចេះ​ទប់​ចិត្ត ហេតុ​អ្វី​បាន​ជា​គ្មាន​ហេតុ​ឲ្យ​យើង​អស់​សង្ឃឹម​នោះ?

ការ​ដឹង​ខ្នាត​ឬ​ការ​ទប់​ចិត្ត​ត្រូវ​រៀប​រាប់​នៅ​កាឡាទី ៥:២២, ២៣ ជា​ផ្នែក​នៃ​«ផលផ្លែ​នៃ​ព្រះ​វិញ្ញាណ[បរិសុទ្ធ]»។ បើ​យើង​ចេះ​ទប់​ចិត្ត ព្រម​ទាំង​មាន​«សេចក្ដី​ស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះ​ត្រង់ [ហើយ]ស្លូតបូត» នោះ​យើង​នឹង​ទទួល​ផល​ប្រយោជន៍​ជា​ច្រើន​ណាស់។ ដូច​ពេត្រុស​បាន​ពន្យល់​នោះ ការ​ធ្វើ​ដូច្នេះ​នឹង​នាំ​ឲ្យ​យើង​«មាន​សកម្មភាព និង បង្កើត​ផល»​ក្នុង​ការ​បំរើ​ព្រះ​របស់​យើង។ (ពេត្រុសទី២ ១:៨, ខ.ស.) ប៉ុន្តែ យើង​មិន​គួរ​អស់​សង្ឃឹម​ឬ​បន្ទោស​ខ្លួន​បើ​មិន​អាច​បណ្ដុះ​គុណសម្បត្ដិ​ទាំង​នេះ​យ៉ាង​លឿន​តាម​ចិត្ត​យើង​ចង់​នោះ​ទេ។ នៅ​សាលា​រៀន អ្នក​ប្រហែល​ជា​ធ្លាប់​កត់​សម្គាល់​ថា សិស្ស​ម្នាក់​ឆាប់​ចេះ​ជាង​សិស្ស​ឯ​ទៀត។ ឬ​ក៏​នៅ​កន្លែង​ធ្វើ​ការ​វិញ មនុស្ស​ម្នាក់​ឆាប់​ចេះ​ធ្វើ​កិច្ចការ​ថ្មី​ណា​មួយ​លឿន​ជាង​អ្នក​ឯ​ទៀត។ ស្រដៀង​គ្នា​ដែរ អ្នក​ខ្លះ​រៀន​បង្ហាញ​គុណសម្បត្ដិ​របស់​គ្រីស្ទាន​ពិត​លឿន​ជាង​អ្នក​ឯ​ទៀត។ អ្វី​ដ៏​សំខាន់​គឺ យើង​បន្ត​បណ្ដុះ​បណ្ដាល​អស់​ពី​សមត្ថភាព​ឲ្យ​មាន​គុណសម្បត្ដិ​ដូច​ព្រះ។ យើង​អាច​ធ្វើ​ដូច្នេះ​ដោយ​ឆ្លៀត​ប្រយោជន៍​ពេញលេញ​ពី​ជំនួយ​ដែល​ព្រះ​យេហូវ៉ា​ផ្គត់ផ្គង់​តាម​រយៈ​ព្រះ​បន្ទូល​របស់​ទ្រង់​និង​ក្រុមជំនុំ។ ការ​ព្យាយាម​យ៉ាង​មាំមួន​ដើម្បី​បន្ត​រីក​ចំរើន​ក្នុង​រឿង​នេះ គឺ​សំខាន់​ជាង​ល្បឿន​នៃ​ការ​រីក​ចំរើន​របស់​យើង។

៧​. តើ​អ្វី​បង្ហាញ​ថា​ការ​ចេះ​ទប់​ចិត្ត​គឺ​សំខាន់?

ទោះ​ជា​ការ​ទប់​ចិត្ត​ត្រូវ​រៀប​រាប់​ក្រោយ​បង្អស់​ក្នុង​ចំណោម​គុណសម្បត្ដិ​ដែល​កើត​មក​ពី​វិញ្ញាណ​របស់​ព្រះ​ក៏​ដោយ ការ​ទប់​ចិត្ត​ប្រាកដ​ជា​មិន​មាន​សារៈ​សំខាន់​តិច​ជាង​គុណសម្បត្ដិ​ឯ​ទៀត​នោះ​ទេ។ ការ​ពិត​គឺ​ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​ចាំ​ថា យើង​នឹង​មិន​ធ្វើ​«កិច្ចការ​ខាង​សាច់​ឈាម»​ណា​មួយ​សោះ​បើ​យើង​អាច​ទប់​ចិត្ត​ខ្លួន​បាន​យ៉ាង​ល្អ​ឥតខ្ចោះ​នោះ។ ប៉ុន្តែ មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍​មាន​ទំនោរ​ចិត្ត​ទៅ​រក​ការ​ប្រព្រឹត្ត​បែប​ម្យ៉ាង​ក្នុង​ចំណោម​«កិច្ចការ​ខាង​សាច់​ឈាម . . . សេចក្ដី​កំផិត សហាយ​ស្មន់ ស្មោកគ្រោក អាសអាភាស ថ្វាយ​បង្គំ​រូប​ព្រះ មន្តអាគម សំអប់​គ្នា ឈ្លោះ​ប្រកែក ឈ្នានីស កំហឹង ទាស់ទែង​គ្នា បាក់​បែក បក្ស​ពួក»។ (កាឡាទី ៥:១៩, ២០) ហេតុ​នេះ​ហើយ យើង​ត្រូវ​តែ​តស៊ូ​ជានិច្ច​ដើម្បី​ជំរះ​អស់​ទាំង​ទំនោរ​ចិត្ត​មិន​ល្អ​ចេញ​ពី​ចិត្ត​គំនិត​យើង​ទៅ។

គ្រីស្ទាន​ខ្លះ​ត្រូវ​ខំ​ប្រឹង​ខ្លាំង​ជាង​ធម្មតា

៨​. តើ​កត្ដា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​ការ​ទប់​ចិត្ត​ពិបាក​ជាង​ធម្មតា​សំរាប់​គ្រីស្ទាន​មួយ​ចំនួន?

គ្រីស្ទាន​ខ្លះ​ពិបាក​ទប់​ចិត្ត​ជាង​អ្នក​ឯ​ទៀត។ ហេតុ​អ្វី? របៀប​មាតា​បិតា​បាន​អប់រំ​កូន ឬ​បទ​ពិសោធន៍​ដែល​ធ្លាប់​ឆ្លង​កាត់​នៅ​អតីតកាល អាច​ជា​បច្ច័យ​មួយ។ បើ​យើង​គ្មាន​បញ្ហា​ក្នុង​ការ​បណ្ដុះ​បណ្ដាល​ឲ្យ​ចេះ​ទប់​ចិត្ត ហើយ​ក៏​មិន​ពិបាក​ទប់​ចិត្ត​នោះ យើង​មាន​ហេតុ​សប្បាយ​ចិត្ត​មែន។ ប៉ុន្តែ យើង​ពិត​ជា​គួរ​ចេះ​មេត្ដា​និង​យោគ​យល់​ចំពោះ​អ្នក​ណា​ដែល​ពិបាក​ទប់​ចិត្ត ទោះ​បើ​ការ​មិន​ទប់​ចិត្ត​របស់​គេ​ធ្វើ​ឲ្យ​យើង​ពិបាក​បន្ដិច​បន្តួច​ក៏​ដោយ។ ដោយ​គិត​ពី​ភាព​មិន​គ្រប់​ល័ក្ខណ៍​របស់​ខ្លួន​យើង​ផ្ទាល់ តើ​យើង​ណា​ម្នាក់​មាន​ហេតុ​គិត​ថា​ខ្លួន​ឯង​ជា​មនុស្ស​សុចរិត​ឬ?—រ៉ូម ៣:២៣; អេភេសូរ ៤:២

៩​. តើ​គ្រីស្ទាន​មួយ​ចំនួន​មាន​ភាព​ទន់ខ្សោយ​អ្វី​ខ្លះ? ហើយ​តើ​ភាព​ទន់ខ្សោយ​ទាំង​នេះ​នឹង​ត្រូវ​ឈ្នះ​ទាំង​ស្រុង​នៅ​ពេល​ណា?

ជា​ឧទាហរណ៍: យើង​ប្រហែល​ជា​ដឹង​ថា គ្រីស្ទាន​ខ្លះ​ដែល​បាន​ឈប់​ជក់​បារី ឬ​ឈប់​ប្រើ​ថ្នាំ​ញៀន​ដែល​ហៅ​ថា​ថ្នាំ​កំសាន្ត​នោះ ជួន​កាល​ប្រហែល​ជា​ឃ្លាន​ចង់​បាន​របស់​នោះ​យ៉ាង​ខ្លាំង។ ឬ​ក៏​ប្រហែល​ជា​គ្រីស្ទាន​ខ្លះ​ពិបាក​ដឹង​ប្រមាណ​ក្នុង​ការ​បរិភោគ​អាហារ​ឬ​ការ​ពិសា​ស្រា។ គ្រីស្ទាន​ឯ​ទៀត​ប្រហែល​ជា​ពិបាក​ទប់​មាត់ ជា​ហេតុ​ដែល​នាំ​ឲ្យ​ពួក​គេ​ជំពប់​ឬ​ធ្វើ​ខុស​ដោយសារ​ពាក្យ​សំដី​ជា​ញឹកញយ។ ដើម្បី​យក​ឈ្នះ​គុណ​វិបត្ដិ​ទាំង​នេះ ត្រូវ​សង្វាត​ព្យាយាម​បណ្ដុះ​បណ្ដាល​ឲ្យ​ចេះ​ទប់​ចិត្ត។ ហេតុ​អ្វី? យ៉ាកុប ៣:២ បញ្ជាក់​ការ​ពិត​ដោយ​ចែង​ថា​៖​«យើង​ទាំង​អស់​គ្នា​ក៏​ជំពប់​ជា​ញយៗ​ដែរ។ បើ​អ្នក​ណា​មិន​បាន​ជំពប់​ដោយ​ពាក្យ​សំដី នោះ​ជា​មនុស្ស​គ្រប់​លក្ខណ៍​ហើយ ដែល​អាច​នឹង​ទប់​រូប​កាយ​ទាំង​មូល​បាន​ដែរ»។ មាន​អ្នក​ឯ​ទៀត​ដែល​មាន​ចំណង់​លេង​ល្បែង​ស៊ី​សង​យ៉ាង​ខ្លាំង។ អ្នក​ខ្លះ​ទៀត​ប្រហែល​ជា​ពិបាក​ទប់​កំហឹង។ ប្រហែល​ជា​ត្រូវ​ការ​ពេល​យូរ​ដើម្បី​ជម្នះ​ដោយ​ជោគជ័យ​នូវ​ភាព​ទន់ខ្សោយ​ទាំង​នេះ​ឬ​ភាព​ទន់​ខ្សោយ​ឯ​ទៀត។ ទោះបី​ជា​យើង​កំពុង​តែ​រីក​ចំរើន​បាន​ល្អ​ប្រសើរ​ឥឡូវ​នេះ​ក៏​ដោយ ក៏​សេចក្ដី​ប៉ង​ប្រាថ្នា​ដ៏​ខុស​ឆ្គង​មិន​អាច​បំបាត់​ចោល​ទាំង​ស្រុង​បាន​ដែរ​ទាល់តែ​យើង​ទៅ​ជា​មនុស្ស​គ្រប់​ល័ក្ខណ៍។ ចន្លោះ​ពេល ការ​ព្យាយាម​ទប់​ចិត្ត​នឹង​ជួយ​កុំ​ឲ្យ​យើង​ធ្លាក់​ខ្លួន​ចាប់​ផ្ដើម​ដើរ​តាម​គន្លង​ចាស់​ជា​អ្នក​ធ្វើ​អំពើ​បាប​ម្ដង​ទៀត។ ទន្ទឹម​នឹង​ការ​បន្ត​តស៊ូ ចូរ​យើង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​កុំ​ឲ្យ​រសាយ​ព្យាយាម។—កិច្ចការ ១៤:២១, ២២

១០​. (ក) ហេតុ​អ្វី​បាន​ជា​ការ​ទប់​ចិត្ត​ខាង​រឿង​ផ្លូវ​ភេទ​គឺ​ពិបាក​ជាង​ធម្មតា​សំរាប់​អ្នក​ខ្លះ? (ខ) តើ​បង​ប្រុស​ម្នាក់​បាន​ធ្វើ​ការ​កែ​ប្រែ​ដ៏​ធំ​អ្វី? (សូម​មើល​ប្រអប់​នៅ​ទំព័រ​២៦)

១០ គ្រីស្ទាន​ខ្លះ​ពិបាក​ទប់​ចិត្ត​ខាង​រឿង​មួយ​ទៀត គឺ​រឿង​ផ្លូវ​ភេទ។ មនុស្ស​ជាតិ​មាន​សកម្មភាព​ផ្លូវ​ភេទ​ដោយសារ​ព្រះ​យេហូវ៉ា​បង្កើត​យើង​មក​ដូច្នេះ។ ប៉ុន្តែ គ្រីស្ទាន​ខ្លះ​ពិបាក​រក្សា​ទុក​ការ​រួម​ភេទ​ឲ្យ​បាន​សម​ស្រប​តាម​ខ្នាត​តម្រា​របស់​ព្រះ។ ពួក​គេ​ប្រហែល​ជា​រឹតតែ​ពិបាក​ដោយសារ​មាន​កាមតណ្ហា​ខ្លាំង​ជា​ធម្មតា។ យើង​រស់​ក្នុង​លោកីយ៍​មួយ​ដែល​ឆ្កួត​នឹង​កាម និង​ចូល​ចិត្ត​ដុត​រោល​ភ្លើង​តណ្ហា​ឲ្យ​ឆេះ​ក្ដៅ​គ​គុក។ ស្ថានភាព​នេះ​អាច​បង្ក​បញ្ហា​ដល់​ជន​គ្រីស្ទាន​ដែល​ចង់​នៅ​លីវ​មួយ​រយៈ ដើម្បី​ខ្លួន​អាច​បំរើ​ព្រះ​ដោយ​មិន​ឲ្យ​រឿង​អាពាហ៍ពិពាហ៍​ទាញ​បំបែរ​អារម្មណ៍​នោះ​ទេ។ (កូរិនថូសទី១ ៧:៣២, ៣៣, ៣៧, ៣៨) ប៉ុន្តែ សម​ស្រប​ទៅ​តាម​បទ​គម្ពីរ​ដែល​បង្គាប់​ឲ្យ​«យក​ប្ដី​ប្រពន្ធ . . . ជាជាង​ទ្រាំ​ឲ្យ​មាន​សេចក្ដី​រោលរាល»​នោះ ពួក​គេ​ប្រហែល​ជា​សម្រេច​ចិត្ត​រៀប​ការ។ ទង្វើ​នេះ​ពិត​ជា​ប្រកប​ដោយ​កិត្ដិយស​មែន។ ព្រម​គ្នា​នឹង​នេះ​ដែរ ពួក​គេ​ក៏​តាំង​ចិត្ត​រៀប​ការ‹តែ​ក្នុង​ព្រះ​អម្ចាស់›ប៉ុណ្ណោះ ដូច​ព្រះ​គម្ពីរ​ទូន្មាន​នោះ។ (កូរិនថូសទី១ ៧:៩, ៣៩) យើង​អាច​ជឿជាក់​ថា ព្រះ​យេហូវ៉ា​រីករាយ​ដោយសារ​ពួក​គេ​ចង់​កាន់​តាម​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ទ្រង់។ បងប្អូន​គ្រីស្ទាន​របស់​ពួក​គេ​ក៏​មាន​អំណរ​ដែរ ដោយសារ​អាច​រួបរួម​ជា​មួយ​អ្នក​ថ្វាយ​បង្គំ​ពិត​បែប​នេះ​ដែល​កាន់​តាម​ខ្នាត​តម្រា​សីលធម៌​ដ៏​ខ្ពង់​ខ្ពស់​និង​ក៏​មាន​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍។

១១​. បើ​មាន​បងប្អូន​ប្រុស​ស្រី​ណា​ដែល​ចង់​រៀប​ការ​តែ​មិន​ទាន់​មាន​លទ្ធភាព​នោះ តើ​យើង​អាច​ជួយ​គាត់​យ៉ាង​ដូច​ម្ដេច?

១១ ចុះ​យ៉ាង​ណា​វិញ​បើ​ពុំ​អាច​រក​អ្នក​ណា​ម្នាក់​ដែល​សម​យក​ធ្វើ​ជា​គូ​អាពាហ៍ពិពាហ៍​នោះ? សូម​គិត​អំពី​ចិត្ត​អន្ទះអន្ទែង​ដែល​មនុស្ស​ម្នាក់​អាច​មាន​បើ​គាត់​ចង់​រៀប​ការ​តែ​ពុំ​អាច​រៀប​ការ​បាន​នោះ! ប្រហែល​ជា​គាត់​ឃើញ​មិត្តភក្ដិ​រៀប​ការ​និង​មាន​ជីវិត​សប្បាយ ដំណាល​គ្នា​នោះ​គាត់​នៅ​តែ​ខំ​រក​គូ​ម្នាក់​ដ៏​សម។ អ្នក​ខ្លះ​ដែល​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ​ប្រហែល​ជា​ចាប់​ផ្ដើម​មាន​ទម្លាប់​ស្មោកគ្រោក​មួយ គឺ​ការ​សម្រេច​កិច្ច​ដោយ​ខ្លួន​ឯង (ការ​សេព​មេថុន​ដោយ​ដៃ​ឬ​ឧបករណ៍)។ យ៉ាង​ណា​ក៏​ដោយ គ្មាន​គ្រីស្ទាន​ណា​ម្នាក់​ចង់​ធ្វើ​ឲ្យ​អ្នក​ដទៃ​ធ្លាក់​ទឹក​ចិត្ត​ពេល​ដែល​កំពុង​តែ​ខំ​ប្រឹង​រក្សា​ភាព​បរិសុទ្ធ​នោះ​ទេ។ ដោយ​អចេតនា យើង​អាច​ធ្វើ​ឲ្យ​អ្នក​ដទៃ​ធ្លាក់​ទឹក​ចិត្ត​បើ​យើង​និយាយ​អ្វី​ផ្សេងៗ​ដោយ​មិន​គិត ដូច​សំនួរ​ថា​៖ «ហេតុ​អ្វី​មិន​ទាន់​រៀប​ការ?»។ ប្រហែល​ជា​អ្នក​និយាយ​ដោយ​គ្មាន​បំណង​អាក្រក់​ទេ ប៉ុន្តែ គឺ​ល្អ​ជាង​ឆ្ងាយ​ណាស់​បើ​យើង​ចេះ​ទប់​ចិត្ត​ដោយ​ទប់​មាត់​របស់​យើង! (ទំនុកដំកើង ៣៩:១) បងប្អូន​ក្នុង​ចំណោម​យើង​ដែល​រក្សា​ភាព​បរិសុទ្ធ​កាល​ដែល​នៅ​លីវ​គឺ​គួរ​នឹង​សរសើរ​យ៉ាង​កក់ក្ដៅ​ជា​ទីបំផុត។ ជាជាង​ពោល​ពាក្យ​ដែល​អាច​ធ្វើ​ឲ្យ​ធ្លាក់​ទឹក​ចិត្ត យើង​អាច​ព្យាយាម​លើក​ទឹក​ចិត្ត​វិញ។ ជា​ឧទាហរណ៍ យើង​អាច​ព្យាយាម​អញ្ជើញ​បងប្អូន​ដែល​នៅ​លីវ កាល​ដែល​យើង​រៀបចំ​ជួប​ជុំ​បរិភោគ​អាហារ​ជា​មួយ​គ្រីស្ទាន​ចាស់​ទុំ ឬ​ពេល​រៀប​ចំ​ជួប​ជុំ​ជា​មួយ​គ្រីស្ទាន​ឯ​ទៀត​ដើម្បី​សំណេះ​សំ​ណា​ល​លើក​ទឹក​ចិត្ត​គ្នា។

ការ​ទប់​ចិត្ត​ក្នុង​អាពាហ៍ពិពាហ៍

១២​. សូម្បីតែ​បាន​រៀប​ការ​ហើយ​ក៏​ដោយ ហេតុ​អ្វី​បាន​ជា​ត្រូវ​តែ​ចេះ​ទប់​ចិត្ត​ដែរ?

១២ ការ​រៀប​អាពាហ៍ពិពាហ៍​មិន​បាន​ន័យ​ថា ពុំ​ចាំបាច់​ទប់​ចិត្ត​ក្នុង​ការ​រួម​ភេទ​នោះ​ទេ។ ជា​ឧទាហរណ៍ សេចក្ដី​ត្រូវ​ការ​ខាង​ការ​រួម​ភេទ​របស់​ស្វាមី​ប្រហែល​ជា​ខុស​គ្នា​ឆ្ងាយ​ពី​សេចក្ដី​ត្រូវ​ការ​របស់​ភរិយា ឬ​ក៏​ជួន​កាល​សុខភាព​របស់​ស្វាមី​ឬ​ភរិយា​ប្រហែល​ជា​ធ្វើ​ឲ្យ​ការ​រួម​ភេទ​ជា​អ្វី​ដ៏​ពិបាក​ឬ​ក៏​រហូត​ដល់​ជា​អ្វី​ដែល​ធ្វើ​ពុំ​បាន​ផង។ ប្រហែល​ជា​ដោយសារ​បទ​ពិសោធន៍​ដែល​ធ្លាប់​ឆ្លង​កាត់​នៅ​អតីតកាល ស្វាមី​ឬ​ភរិយា​ពិបាក​អនុវត្ត​តាម​បង្គាប់​ព្រះ​គម្ពីរ​ដែល​ថា​៖ «ប្ដី​ត្រូវ​បំពេញ​ករណី​កិច្ច​ជា​ប្ដី ចំពោះ​ប្រពន្ធ​របស់​ខ្លួន រីឯ​ប្រពន្ធ​ក៏​ត្រូវ​ធ្វើ​ដូច្នោះ​ចំពោះ​ប្ដី​វិញ​ដែរ»។ ក្នុង​ករណី​បែប​នេះ ស្វាមី​ឬ​ភរិយា​ប្រហែល​ជា​ត្រូវ​ចេះ​ទប់​ចិត្ត​លើស​ជាង​ធម្មតា។ ទាំង​ស្វាមី​និង​ភរិយា​អាច​ចង​ចាំ​នូវ​អ្វី​ដែល​ប៉ុល​បាន​ទូន្មាន​ដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្រីស្ទាន​ដែល​បាន​រៀប​ការ​រួច​ហើយ ពេល​គាត់​ពោល​ថា​៖​«មិន​ត្រូវ​បង្អត់​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ លើក​លែង​តែ​បាន​ព្រម​ព្រៀង​គ្នា ដើម្បី​ទុក​ពេល​មួយ​រយៈ​សំរាប់​អធិស្ឋាន​ប៉ុណ្ណោះ។ រួច​ហើយ ចូរ​រួម​រស់​ជា​មួយ​គ្នា​ដូច​ធម្មតា​វិញ​ទៅ ក្រែងលោ​មា​រ​សាតាំង​ល្បួង​ចិត្ត​បងប្អូន មក​ពី​ទ្រាំ​មិន​បាន»។—កូរិនថូសទី១ ៧:៣, ៥, ខ.ស.

១៣​. ដើម្បី​ជួយ​បងប្អូន​ដែល​នៅ​តែ​ខំ​ប្រឹង​បណ្ដុះ​ឲ្យ​ចេះ​ទប់​ចិត្ត តើ​យើង​អាច​ធ្វើ​យ៉ាង​ណា?

១៣ បើ​ស្វាមី​ភរិយា​ទាំង​ពីរ​នាក់​បាន​រៀន​ឲ្យ​ចេះ​ទប់​ចិត្ត​យ៉ាង​ត្រឹម​ត្រូវ​ក្នុង​ការ​រួម​គ្នា​ដ៏​ស្និទ្ធស្នាល​បំផុត​នេះ ពួក​គេ​មាន​ហេតុ​សប្បាយ​ចិត្ត​ណាស់។ ព្រម​ជា​មួយ​នេះ​ដែរ យក​ល្អ​ឲ្យ​ពួក​គេ​បង្ហាញ​ការ​យោគ​យល់​ចំពោះ​អ្នក​ថ្វាយ​បង្គំ​គ្នីគ្នា​ដែល​នៅ​តែ​ខំ​ប្រឹង​ទប់​ចិត្ត​ក្នុង​រឿង​នេះ។ យើង​មិន​គួរ​ភ្លេច​អធិស្ឋាន​សុំ​ព្រះ​យេហូវ៉ា​ប្រទាន​ដល់​បងប្អូន​ប្រុស​ស្រី​ខាង​វិញ្ញាណ​របស់​យើង នូវ​ការ​យល់​ធ្លុះ ភាព​ក្លាហាន និង​ពង្រឹង​ការ​តាំង​ចិត្ត​ដើម្បី​បន្ត​ព្យាយាម​ទប់​ចិត្ត​និង​ខំ​យក​ឈ្នះ​សេចក្ដី​ប៉ង​ប្រាថ្នា​ដ៏​មិន​ត្រឹម​ត្រូវ។—ភីលីព ៤:៦, ៧

បន្ត​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក

១៤​. ហេតុ​អ្វី​យើង​គួរ​បង្ហាញ​ក្ដី​មេត្ដាករុណា​និង​ចេះ​យោគ​យល់​ចំពោះ​គ្រីស្ទាន​គ្នីគ្នា?

១៤ ជួន​កាល​យើង​ប្រហែល​ជា​ពិបាក​យោគ​យល់​ចំពោះ​គ្រីស្ទាន​គ្នីគ្នា​ដោយ​នៅ​តែ​ខំ​ប្រឹង​បណ្ដុះ​ឲ្យ​ចេះ​ទប់​ចិត្ត​ក្នុង​រឿង​ណា​មួយ​ដែល​យើង​ចេះ​ទប់​ចិត្ត​រួច​ហើយ​នោះ។ ប៉ុន្តែ មនុស្ស​យើង​មាន​លក្ខណៈ​ខុសៗ​គ្នា​ទាំង​អស់។ មនុស្ស​ខ្លះ​បណ្ដោយ​តាម​សន្ទុះ​ចិត្ត​របស់​ខ្លួន អ្នក​ខ្លះ​ទៀត​មិន​ដូច្នេះ​ទេ។ មនុស្ស​ខ្លះ​ស្រួល​ក្នុង​ការ​ទប់​ចិត្ត ចំពោះ​មនុស្ស​បែប​នេះ​មិន​មែន​ជា​បញ្ហា​អ្វី​ទេ។ មនុស្ស​ឯ​ទៀត​ពិបាក​ធ្វើ​ដូច្នេះ។ ប៉ុន្តែ សូម​ចាំ​ថា បើ​គ្រីស្ទាន​ម្នាក់​នៅ​តែ​ត្រូវ​ខំ​ប្រឹង​នោះ នេះ​មិន​បាន​ន័យ​ថា​គាត់​ជា​មនុស្ស​ទុច្ចរិត​ទេ។ បងប្អូន​គ្រីស្ទាន​របស់​យើង​ត្រូវ​ការ​ទទួល​នូវ​ការ​យោគ​យល់​និង​ក្ដី​មេត្ដាករុណា​អំពី​យើង។ សុភមង្គល​របស់​យើង​រួម​ទាក់ទង​នឹង​រឿង​នេះ នៅ​ពេល​ដែល​យើង​បន្ត​បង្ហាញ​ក្ដី​មេត្ដាករុណា​ចំពោះ​អស់​អ្នក​ដែល​នៅ​តែ​ខំ​ប្រឹង​បង្កើន​នូវ​សមត្ថភាព​ទប់​ចិត្ត។ យើង​អាច​យល់​ចំណុច​នោះ​ដោយ​មើល​បន្ទូល​របស់​ព្រះ​យេស៊ូ​នៅ​ម៉ាថាយ ៥:៧

១៥​. ហេតុ​អ្វី​បាន​ជា​បន្ទូល​នៅ​ទំនុកដំកើង ១៣០:៣ ជួយ​លើក​ទឹក​ចិត្ត​យើង​ស្តី​អំពី​ការ​ចេះ​ទប់​ចិត្ត?

១៥ កុំ​បី​ឲ្យ​យើង​វាយ​តម្លៃ​ខុស​ទៅ​លើ​គ្រីស្ទាន​គ្នីគ្នា​ដែល​ប្រហែល​ភ្លាត់​ខាន​បង្ហាញ​បុគ្គលិកលក្ខណៈ​គ្រីស្ទាន​នៅ​ពេល​ណា​មួយ។ ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​ឃើញ​ម្ដង​ដែល​យើង​ភ្លាត់​ខាន​ទប់​ចិត្ត​នោះ​ទេ តែ​ទ្រង់​ក៏​ឃើញ​ពេល​ជា​ច្រើន​ដង​ដែល​យើង​មិន​បាន​ភ្លាត់​ខាន​ទប់​ចិត្ត ទោះ​ជា​គ្រីស្ទាន​គ្នីគ្នា​មិន​បាន​ឃើញ​ក៏​ដោយ។ យើង​អាច​បាន​ការ​លើក​ទឹក​ចិត្ត​ជា​ខ្លាំង​បើ​គិត​អំពី​បន្ទូល​នៅ​ទំនុកដំកើង ១៣០:៣ ដែល​ថា​៖​«ឱ​ព្រះ​យេហូវ៉ា​អើយ! បើសិន​ជា​ទ្រង់​កត់​ចំណាំ​អស់​ទាំង​អំពើ​ទុច្ចរិត នោះ ឱ​ព្រះ​អម្ចាស់​អើយ! តើ​អ្នក​ណា​នឹង​ធន់​នៅ​បាន?»។

១៦, ១៧​. (ក) ស្តី​អំពី​ការ​ទប់​ចិត្ត តើ​យើង​អាច​អនុវត្ត​តាម​កាឡាទី ៦:២, ៥ យ៉ាង​ដូច​ម្ដេច? (ខ) ក្នុង​អត្ថបទ​ជា​បន្ទាប់ តើ​យើង​នឹង​ពិចារណា​អ្វី​ស្តី​អំពី​ការ​ទប់​ចិត្ត?

១៦ ដើម្បី​ផ្គាប់​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា យើង​ម្នាក់ៗ​ត្រូវ​តែ​បណ្ដុះ​ឲ្យ​ចេះ​ទប់​ចិត្ត ប៉ុន្តែ​យើង​ក៏​អាច​ជឿជាក់​ថា បងប្អូន​គ្រីស្ទាន​របស់​យើង​នឹង​ជួយ​យើង​ជា​មិន​ខាន​ដែរ។ ទោះ​ជា​យើង​ម្នាក់ៗ​ត្រូវ​តែ​ទទួល​បន្ទុក​ជា​របស់​ផង​ខ្លួន ឬ​ទទួល​ខុសត្រូវ​លើ​អំពើ​របស់​ខ្លួន​ក៏​ដោយ យើង​ក៏​បាន​ត្រូវ​ជំរុញ​ឲ្យ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​យក​ឈ្នះ​ភាព​ទន់ខ្សោយ​បាន​ដែរ។ (កាឡាទី ៦:២, ៥) មាតា​បិតា ស្វាមី​ភរិយា ឬ​មិត្តភក្ដិ​ដែល​ឃាត់​យើង​មិន​ឲ្យ​ទៅ​កន្លែង​ណា​ដែល​មិន​គួរ​ទៅ ឬ​មិន​ឲ្យ​មើល​អ្វី​ដែល​មិន​គួរ​មើល និង​មិន​ឲ្យ​ធ្វើ​អ្វី​ដែល​មិន​គួរ​ធ្វើ​នោះ ពួក​គេ​គួរ​មាន​តម្លៃ​វិសេស​ចំពោះ​យើង។ ពួក​គេ​កំពុង​តែ​ជួយ​យើង​ឲ្យ​ចេះ​ទប់​ចិត្ត ឬ​ចេះ​បដិសេធ​យ៉ាង​ដាច់ខាត!

១៧ ទំរាំ​មក​ដល់​វគ្គ​នេះ គ្រីស្ទាន​ជា​ច្រើន​នាក់​ប្រហែល​ជា​យល់​ស្រប​នឹង​អ្វី​ដែល​យើង​បាន​ពិចារណា​អំពី​ការ​ទប់​ចិត្ត ប៉ុន្តែ ពួក​គេ​ប្រហែល​ជា​គិត​ថា ខ្លួន​គេ​អាច​ធ្វើ​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​ក្នុង​រឿង​នេះ។ ពួក​គេ​ចង់​ចេះ​ទប់​ចិត្ត​ឲ្យ​បាន​ពេញលេញ​បំផុត​ដែល​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍​អាច​ធ្វើ​ទៅ​បាន។ តើ​អ្នក​មាន​អារម្មណ៍​ដូច្នេះ​ដែរ​ឬ​ទេ? ដូច្នេះ តើ​អ្នក​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​បណ្ដុះ​ឲ្យ​មាន​គុណសម្បត្ដិ​នេះ​ដែល​រួម​ជា​ផល​នៃ​វិញ្ញាណ​របស់​ព្រះ? ហើយ​តើ​ការ​បណ្ដុះ​ឲ្យ​មាន​គុណសម្បត្ដិ​ទាំង​នេះ​អាច​ជួយ​អ្នក​បំពេញ​គោល​ដៅ​ទៅ​អនាគត​របស់​អ្នក​ក្នុង​នាម​ជា​គ្រីស្ទាន​ម្នាក់​យ៉ាង​ដូច​ម្ដេច? យើង​នឹង​ពិចារណា​ចំណុច​នេះ​ក្នុង​អត្ថបទ​ជា​បន្ទាប់។

តើ​អ្នក​ចាំ​ទេ?

ហេតុ​អ្វី​ការ​ទប់​ចិត្ត . . .

ជា​គុណសម្បត្ដិ​សំខាន់​ដែល​ជន​គ្រីស្ទាន​ត្រូវ​បណ្ដុះ?

គឺ​ពិបាក​បណ្ដុះ​សំរាប់​គ្រីស្ទាន​ខ្លះ?

គឺ​ចាំបាច់​ក្នុង​អាពាហ៍ពិពាហ៍?

ជា​គុណសម្បត្ដិ​មួយ​ដែល​យើង​អាច​ជួយ​គ្នា​ទៅ​វិញ​ទៅមក​ដើម្បី​បណ្ដុះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[ប្រអប់​/​រូបភាព​នៅ​ទំព័រ​២៦]

គាត់​បាន​រៀន​ឲ្យ​ចេះ​បដិសេធ

ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់​ដែល​រស់​នៅ​ប្រទេស​អាល្លឺម៉ង់ មាន​ការងារ​ផ្នែក​បច្ចេកទេស​គមនាគមន៍។ ការងារ​របស់​គាត់​រួម​មាន​ការ​ឆែក​មើល​ប៉ុស្តិ៍​ទូរទស្សន៍​និង​វិទ្យុ​ប្រមាណ​៣០​ប៉ុស្តិ៍។ នៅ​ពេល​មាន​អ្វី​ធ្វើ​ឲ្យ​កម្មវិធី​ណា​មួយ​ផ្សាយ​មិន​ច្បាស់ គាត់​ត្រូវ​តែ​មើល​កម្មវិធី​នោះ​ដើម្បី​ស្វែង​រក​មូលហេតុ​ដែល​ផ្សាយ​មិន​ច្បាស់។ គាត់​ប្រាប់​ថា​៖​«ស្ទើរតែ​រាល់​ដង​ដែល​មាន​បញ្ហា​ខាង​ការ​ផ្សាយ គឺ​ចំ​ពេល​ដែល​គេ​បញ្ចាំង​ឈុត​អំពើ​ឃោរឃៅ​ឬ​ការ​រួម​ភេទ។ ឈុត​ដ៏​អាក្រក់ៗ​ទាំង​នេះ​បាន​ដក់​ជាប់​ក្នុង​ខួរ​ក្បាល​ខ្ញុំ​អស់​ប៉ុន្មាន​ថ្ងៃ​ឬ​រហូត​ដល់​ប៉ុន្មាន​សប្ដាហ៍​ក៏​មាន ហាក់​ដូច​ជា​មាន​គេ​យក​មក​ផ្ដិត​ជាប់​តែ​ម្ដង»។ គាត់​សារភាព​ថា នេះ​បាន​ជះ​ឥទ្ធិពល​អាក្រក់​ទៅ​លើ​ភាព​ខាង​វិញ្ញាណ​របស់​គាត់។ គាត់​ពោល​បន្ត​៖​«ខ្ញុំ​ច្រើន​តែ​ជា​មនុស្ស​មាន​ចិត្ត​ឆេវឆាវ ដូច្នេះ​ឈុត​អំពើ​ឃោរឃៅ​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ទប់​ចិត្ត។ ឈុត​រួម​ភេទ​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចុះ​សម្រុង​ជា​មួយ​ភរិយា រាល់​ថ្ងៃ​ខ្ញុំ​ត្រូវ​ខំ​ប្រឹង​ព្យាយាម​ណាស់។ ដើម្បី​កុំ​ឲ្យ​ចាញ់​ឥទ្ធិពល​អាក្រក់​ទាំង​នេះ ខ្ញុំ​សម្រេច​ចិត្ត​រក​ការងារ​ថ្មី ទោះ​បើ​ទទួល​ប្រាក់​ខែ​តិច​ជាង​ក៏​ដោយ។ ថ្មីៗ​នេះ​ខ្ញុំ​បាន​រក​ឃើញ​ការងារ​មួយ ដែល​សម្រេច​តាម​ក្ដី​ប៉ង​ប្រាថ្នា​មែន»។

[រូបភាព​នៅ​ទំព័រ​២៥]

ចំណេះ​ដែល​ទទួល​ពី​ការ​សិក្សា​ព្រះ​គម្ពីរ​ជួយ​យើង​ឲ្យ​ចេះ​ទប់​ចិត្ត