លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

យុវជនអើយ! ចូរដើរបែបគួរនឹងព្រះយេហូវ៉ា

យុវជនអើយ! ចូរដើរបែបគួរនឹងព្រះយេហូវ៉ា

យុវជន​អើយ! ចូរ​ដើរ​បែប​គួរ​នឹង​ព្រះ​យេហូវ៉ា

យុវជន​គ្រីស្ទាន​ខ្លះ​ធ្លាប់​ត្រូវ​ទៅ​រស់​នៅ​ឆ្ងាយ​ពី​ក្រុម​គ្រួសារ​និង​ក្រុមជំនុំ​របស់​ពួក​គេ​ជា​បណ្ដោះ​អាសន្ន។ យុវជន​ខ្លះ​បាន​ធ្វើ​ដូច្នេះ​ដើម្បី​ពង្រីក​ការ​ផ្សព្វផ្សាយ​របស់​ខ្លួន។ យុវជន​ឯ​ទៀត​ត្រូវ​ទៅ​រស់​នៅ​ឆ្ងាយ​ពី​ផ្ទះ​ដោយសារ​ពួក​គេ​មាន​គោល​ជំហរ​អព្យាក្រឹត​ក្នុង​រឿង​របស់​លោកីយ៍​នេះ។ (អេសាយ ២:៤; យ៉ូហាន ១៧:១៦) នៅ​ប្រទេស​ខ្លះ «សេសារ»​បាន​កាត់​ទោស​យុវជន​ដែល​រក្សា​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​ឲ្យ​ជាប់​គុក ឬ​ឲ្យ​ធ្វើ​ពល​កម្ម​បំរើ​សហគមន៍។ *ម៉ាកុស ១២:១៧; ទីតុស ៣:១, ២

នៅ​ពេល​យុវជន​ទាំង​នេះ​ជាប់​គុក​ដោយសារ​អព្យាក្រឹតភាព​នោះ ពួក​គេ​ប្រហែល​ជា​ជាប់​ឃុំ​ឃាំង​ជា​មួយ​មនុស្ស​ពាល​អស់​មួយ​រយៈ​យូរ។ ការ​រស់​នៅ​ក្រៅ​ផ្ទះ​ដោយ​ហេតុ​ផ្សេង​ទៀត​ក៏​ជា​ហេតុ​បង្ខំ​ឲ្យ​យុវជន​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​ធ្វើ​អំពើ​អសីលធម៌។ យុវជន​ទាំង​នេះ​ឬ​អ្នក​ឯទៀត​ដែល​ត្រូវ​តែ​នៅ​ក្នុង​ស្ថានភាព​បែប​នេះ​តើ​ពួក​គេ​អាច​ធ្វើ​ដូច​ម្ដេច​ឲ្យ​ប្រឈម​មុខ​ដោយ​ជោគជ័យ​នឹង​ស​ម្ពាធ​នៃ​ការ​គាប​សង្កត់​ទាំង​ការ​ពិបាក​ដែល​ពួក​គេ​ជួប​ប្រទះ ពេល​ដែល​ព្យាយាម​«ដើរ​យ៉ាង​គួរ​នឹង​ព្រះ»? (ថែស្សាឡូនីចទី១ ២:១២) ដើម្បី​ជួយ​កូន​ត្រៀម​លក្ខណៈ​ប្រឈម​មុខ​នឹង​កាលៈទេសៈ​មិន​ល្អ​ដែល​ប្រហែល​ជា​ជួប​ប្រទះ​នោះ តើ​មាតា​បិតា​អាច​ធ្វើ​ដូច​ម្ដេច?—សុភាសិត ២២:៣

បញ្ហា​ដែល​ពួក​គេ​ជួប​ប្រទះ

តាគីស​ជា​យុវជន​ម្នាក់​អាយុ​២១​ឆ្នាំ​ដែល​ពី​មុន​ត្រូវ​រស់​នៅ​ឆ្ងាយ​ពី​ផ្ទះ​អស់​៣៧​ខែ។ គាត់​ប្រាប់​ថា​៖​«ការ​រស់​នៅ​ឆ្ងាយ​ពី​ការ​គាំពារ​ថែរក្សា​របស់​មាតា​បិតា​និង​ការ​ណែនាំ​ដោយ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចាស់​ទុំ​ដែល​ស្គាល់​ខ្ញុំ​ច្បាស់​នោះ ជា​អ្វី​ដ៏​ពិបាក​និង​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ភ័យ​បន្ដិច​បន្តួច»។ * គាត់​ពោល​បន្ត​ថា​៖​«ជួន​កាល​ខ្ញុំ​មាន​អារម្មណ៍​មួយ​ថា ខ្លួន​នៅ​កណ្ដាល​វាល​អត់​អ្នក​ការពារ»។ ពេត្រុស​ជា​យុវជន​អាយុ​២០​ឆ្នាំ​ដែល​ពី​មុន​ត្រូវ​នៅ​ឆ្ងាយ​ពី​ផ្ទះ​ជាង​ពីរ​ឆ្នាំ។ គាត់​សារភាព​ថា​៖​«នោះ​ជា​លើក​ទី​មួយ​ក្នុង​ជីវិត​ខ្ញុំ​ដែល​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ខ្លួន​ឯង​ដោយ​គ្មាន​ជំនួយ​អំពី​ការ​កំសាន្ត​និង​ការ​សេពគប់ ហើយ​ជួន​កាល​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​មិន​ល្អ​ទេ»។ រួច​មក​គាត់​បាន​ប្រាប់​ថា​៖​«ជួន​កាល​ខ្ញុំ​មាន​អារម្មណ៍​ភ័យ​ខ្លះៗ​ដោយសារ​មាន​សេរីភាព​ច្រើន​ជាង​មាន​ន័យ​ថា ខ្ញុំ​ត្រូវ​ទទួល​ខុសត្រូវ​ច្រើន​ជាង»។ អ្នក​ចាស់​ទុំ​ម្នាក់​ឈ្មោះ​តា​សុស គាត់​ជួប​នឹង​យុវជន​គ្រីស្ទាន​ជា​ច្រើន​ដែល​នៅ​ក្នុង​ស្ថានភាព​បែប​នេះ។ គាត់​កត់​សម្គាល់​ថា​៖​«សំដី​អាក្រក់ ភាព​របឹង​រឹងរូស និង​អំពើ​ឃោរឃៅ​របស់​ពួក​ស្រករ​គ្នា​ដែល​មិន​ជឿ​អាច​ជះ​ឥទ្ធិពល​ទៅ​លើ​ពួក​យុវជន​ដែល​មិន​ប្រុង​ប្រយ័ត្ន និង​ងាយ​ទទួល​ឥទ្ធិពល»។

នៅ​ពេល​ដែល​ធ្វើ​ការ​និង​រស់​កណ្ដាល​ចំណោម​មនុស្ស​ដែល​មិន​គោរព​គោលការណ៍​ព្រះ​គម្ពីរ យុវជន​គ្រីស្ទាន​ត្រូវ​តែ​ឃាត់​ចិត្ត​មិន​បណ្ដោយ​ខ្លួន​ឲ្យ​យក​តម្រាប់​តាម​ពួក​ស្រករ​គ្នា​ក្នុង​ការ​ប្រព្រឹត្ត​អ្វី​ដែល​អសីលធម៌​និង​ខុស​ពី​បទ​គម្ពីរ។ (ទំនុកដំកើង ១:១; ២៦:៤; ១១៩:៩) ការ​រក្សា​ឲ្យ​មាន​ទម្លាប់​ល្អ​ក្នុង​ការ​សិក្សា​ផ្ទាល់​ខ្លួន ការ​ទៅ​កិច្ច​ប្រជុំ និង​កិច្ច​ផ្សព្វផ្សាយ​ប្រហែល​មើល​ទៅ​ដូច​ជា​ពិបាក។ (ភីលីព ៣:១៦) ការ​រៀប​ចំ​និង​ការ​ខំ​បំពេញ​គោល​ដៅ​ខាង​វិញ្ញាណ​ក៏​ប្រហែល​ជា​មិន​ងាយ​ស្រួល​ដែរ។

យុវជន​គ្រីស្ទាន​ដ៏​ស្មោះ​ភក្ដី​ប្រាកដ​ជា​ចង់​ផ្គាប់​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា​ដោយ​ការ​ប្រព្រឹត្ត​និង​ពាក្យ​សំដី។ ពួក​គេ​បង្ហាញ​ភាព​ស្មោះ​ត្រង់​ដោយ​ខំ​ធ្វើ​តាម​ការ​អញ្ជើញ​របស់​ព្រះ​វរបិតា​នៅ​ស្ថានសួគ៌​ដែល​ទាញ​ទឹក​ចិត្ត​ថា​៖​«កូន​អើយ! ចូរ​ឲ្យ​ឯង​មាន​ប្រាជ្ញា​ឡើង ហើយ​ឲ្យ​ចិត្ត​អញ​បាន​រីករាយ​ចុះ! ដើម្បី​ឲ្យ​អញ​អាច​តប​ឆ្លើយ​ចំពោះ​មនុស្ស​ដែល​ដៀលតិះ​ដល់​អញ»។ (សុភាសិត ២៧:១១) ពួក​គេ​ទទួល​ស្គាល់​ថា​សុភាវធម៌​និង​អាកប្បកិរិយា​របស់​ពួក​គេ​មាន​អានុភាព​ទៅ​លើ​ទស្សនៈ​របស់​មនុស្ស​ចំពោះ​ព្រះ​យេហូវ៉ា​និង​រាស្ត្រ​ទ្រង់។—ពេត្រុសទី១ ២:១២

យុវជន​ភាគ​ច្រើន​គួរ​ឲ្យ​សរសើរ​មែន ដ្បិត​ពួក​គេ​ខំ​ធ្វើ​អស់​ពី​សមត្ថភាព​ដើម្បី​យក​តម្រាប់​តាម​បងប្អូន​ពី​សតវត្ស​ទី​មួយ ដែល​សាវ័ក​ប៉ុល​បាន​អធិស្ឋាន​អំពី​ពួក​គេ​ថា​៖​«ដើរ​បែប​គួរ​នឹង​ព្រះ​អម្ចាស់ [«ដើម្បី​អោយ​បាន​គាប់​ព្រះ​ហឫទ័យ​ព្រះ​អង្គ ក្នុង​គ្រប់​វិស័យ​ទាំង​អស់»​, ខ.ស.] ឲ្យ​បាន​បង្កើត​ផល​ក្នុង​គ្រប់​ទាំង​ការ​ល្អ . . . ដើម្បី​ឲ្យ​បាន​ចេះ​ទ្រាំទ្រ ហើយ​អត់ធន់​គ្រប់​យ៉ាង​ដោយ​អំណរ»។ (កូល៉ុស ១:៩​-​១១) ព្រះ​គម្ពីរ​មាន​គំរូ​មួយ​ចំនួន​អំពី​យុវជន​ដែល​បាន​កោត​ខ្លាច​ព្រះ និង​បាន​ដើរ​បែប​គួរ​នឹង​ព្រះ​យ៉ាង​ល្អ​ប្រសើរ ទោះ​ជា​រស់​ក្នុង​បរិយាកាស​ដ៏​ចម្លែក មាន​អ្នក​ប្រឆាំង និង​អ្នក​ថ្វាយ​បង្គំ​រូប​ព្រះ​ក៏​ដោយ។—ភីលីព ២:១៥

‹ព្រះ​យេហូវ៉ា​គង់​ជា​មួយ​នឹង​យ៉ូសែប›

ពេល​នៅ​ក្មេង​នៅ​ឡើយ កូន​ប្រុស​ស្ងួនភ្ងា​របស់​យ៉ាកុប​និង​រ៉ាជែល​ឈ្មោះ​យ៉ូសែប បាន​នៅ​ឆ្ងាយ​ពី​ផ្ទះ​ជា​ជំរក​ប្រកប​ដោយ​ការ​ការពារ​ថែរក្សា​ពី​បិតា​ដែល​កោត​ខ្លាច​ព្រះ។ យ៉ូសែប​ត្រូវ​បាន​លក់​ទៅ​ឲ្យ​ប្រទេស​អេស៊ីប​ជា​ខ្ញុំ​កញ្ជះ។ គាត់​ជា​យុវជន​មួយ​រូប​ដែល​ជា​គំរូ​ដ៏​ប្រសើរ​ក្នុង​ការ​បង្ហាញ​ចិត្ត​ឧស្សាហ៍ ភាព​គួរ​ឲ្យ​ទុក​ចិត្ត និង​ការ​ប្រកាន់​ខ្ជាប់​តាម​សីលធម៌​ជានិច្ច។ ទោះ​ជា​គាត់​ត្រូវ​សង្វាត​បំរើ​លោក​ប៉ូទីផារ ដែល​មិន​មែន​ជា​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ក៏​ដោយ យ៉ូសែប​នៅ​តែ​បាន​យក​ចិត្ត​ទុក​ដាក់​ព្យាយាម​ធ្វើ​ការ រហូត​ដល់​ទីបំផុត​ម្ចាស់​របស់​គាត់​បាន​ប្រគល់​កិច្ចការ​ផ្ទះ​ទាំង​អស់​ដល់​យ៉ូសែប។ (លោកុប្បត្តិ ៣៩:២​-​៦) យ៉ូសែប​បាន​រក្សា​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​នៅ​ពេល​មួយ​ការ​រក្សា​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​នោះ​នាំ​ឲ្យ​គាត់​ជាប់​គុក​ងងឹត យ៉ូសែប​មិន​បាន​សន្និដ្ឋាន​ថា​៖ «ការ​រក្សា​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​គ្មាន​ប្រយោជន៍​ទេ!»។ សូម្បីតែ​នៅ​ក្នុង​គុក​ក៏​គាត់​បង្ហាញ​គុណសម្បត្ដិ​ប្រសើរ ហើយ​មិន​យូរ​ក្រោយ​មក គាត់​ទទួល​ឋានៈ​មើល​ខុសត្រូវ​កិច្ចការ​ជា​ច្រើន​នៅ​ក្នុង​គុក។ (លោកុប្បត្តិ ៣៩:១៧​-​២២) ព្រះ​បាន​ប្រទាន​ពរ​ទៅ​លើ​គាត់ ហើយ​ដូច​លោកុប្បត្តិ ៣៩:២៣ ចែង​នោះ​៖​«ព្រះ​យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​[យ៉ូសែប]»។

ដោយសារ​យ៉ូសែប​នៅ​ឆ្ងាយ​ពី​ក្រុម​គ្រួសារ​គាត់​ដែល​កោត​ខ្លាច​ព្រះ នោះ​គាត់​អាច​ស្រួល​ប្រព្រឹត្ត​តាម​អ្នក​មិន​ថ្វាយ​បង្គំ​ព្រះ​នៅ​ជុំវិញ​គាត់ ក៏​អាច​ត្រាប់​តាម​របៀប​រស់​នៅ​ដ៏​អសីលធម៌​របស់​សាសន៍​អេស៊ីប​ផង​ដែរ! ផ្ទុយ​ទៅ​វិញ គាត់​បាន​ប្រកាន់​ខ្ជាប់​តាម​គោលការណ៍​របស់​ព្រះ និង​រក្សា​នូវ​ភាព​ស្អាត​ស្អំ​ទោះ​ជា​មាន​ការ​ល្បួង​លួងលោម​ខ្លាំង​ប៉ុន​ណា​ក៏​ដោយ។ នៅ​ពេល​ប្រពន្ធ​របស់​លោក​ប៉ូទីផារ​ទទូច​សុំ​យ៉ូសែប​ឲ្យ​រួម​ដំណេក​ជា​មួយ​នាង យ៉ូសែប​បាន​តប​ឆ្លើយ​ដោយ​តាំង​ចិត្ត​យ៉ាង​រឹង​មាំ​ថា​៖​«ធ្វើ​ដូច​ម្ដេច​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​ការ​ដែល​អាក្រក់​យ៉ាង​ធំ​នេះ​ទៅ​បាន? ធ្វើ​យ៉ាង​នោះ​នឹង​មាន​បាប​នៅ​ចំពោះ​ព្រះ»។—លោកុប្បត្តិ ៣៩:៧​-​៩

សព្វ​ថ្ងៃ​នេះ ស្មរបន្ទាល់​ដែល​ជា​យុវជន​ត្រូវ​តែ​ស្ដាប់​តាម​ការ​ព្រមាន​ក្នុង​ព្រះ​គម្ពីរ​ស្តី​អំពី​ការ​សេពគប់​មិន​ល្អ ហើយ​អំពី​នាទី​កំសាន្ត​ដ៏​អសីលធម៌ រូប​អាសអាភាស និង​បទ​ភ្លេង​ដែល​ថោកទាប។ ពួក​គេ​ទទួល​ស្គាល់​ថា «ព្រះ​នេត្រ​នៃ​ព្រះ​យេហូវ៉ា​នៅ​គ្រប់​អន្លើ ក៏​យាម​មើល​ឃើញ​ទាំង​អស់ ទោះ​ទាំង​អាក្រក់​នឹង​ល្អ​ផង»។—សុភាសិត ១៥:៣

ម៉ូសេ​បាន​បដិសេធ​ចោល​«សេចក្ដី​អំណរ​ខាង​អំពើ​បាប»

ម៉ូសេ​បាន​ធំ​ឡើង​ក្នុង​រាជ​វាំង​របស់​ស្តេច​ផារ៉ោន គឺ​នៅ​កណ្ដាល​ចំណោម​មនុស្ស​ដែល​ថ្វាយ​បង្គំ​រូប​ព្រះ​និង​ស្វែង​រក​តែ​ការ​សប្បាយ។ ព្រះ​គម្ពីរ​ចែង​អំពី​ម៉ូសេ​ថា​៖​«ដោយសារ​សេចក្ដី​ជំនឿ . . . [ម៉ូសេ]​មិន​ព្រម​ឲ្យ​គេ​ហៅ​ខ្លួន ជា​កូន​របស់​បុត្រី​ផារ៉ោន​ទេ លោក​ស៊ូ​រង​ទុក្ខ​លំបាក​ជា​មួយ​នឹង​រាស្ត្រ​របស់​ព្រះ ជាជាង​មាន​សេចក្ដី​អំណរ​ខាង​អំពើ​បាប ដែល​នៅ​តែ​១​ភ្លែត​នោះ​វិញ»។—ហេព្រើរ ១១:២៤, ២៥

មិត្តភាព​ជា​មួយ​លោកីយ៍​អាច​ផ្ដល់​ផល​ប្រយោជន៍​ខ្លះៗ​បាន ប៉ុន្តែ​ផល​ប្រយោជន៍​នោះ​គឺ​មាន​តែ​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ។ យ៉ាង​យូរ​បំផុត ផល​ប្រយោជន៍​នោះ​គ្រាន់​តែ​មាន​ក្នុង​រយៈ​ពេល​ដែល​នៅ​សល់​សំរាប់​របប​លោកីយ៍​នេះ។ (យ៉ូហានទី១ ២:១៥​-​១៧) ការ​យក​តម្រាប់​តាម​គំរូ​របស់​ម៉ូសេ​ពិត​ជា​ល្អ​ជាង មែន​ទេ? ព្រះ​គម្ពីរ​ចែង​ថា​៖​«លោក​បាន​កាន់​យ៉ាង​ខ្ជាប់ខ្ជួន ហាក់​ដូច​ជា​ឃើញ​ព្រះ​ដ៏​មើល​មិន​ឃើញ​ដែរ»។ (ហេព្រើរ ១១:២៧) ម៉ូសេ​បាន​ផ្ចង់​គំនិត​ទៅ​លើ​កេរ្ដិ៍​មត៌ក​ខាង​វិញ្ញាណ​ពី​បុព្វ​បុរស​របស់​គាត់​ដែល​កោត​ខ្លាច​ព្រះ។ ម៉ូសេ​បាន​យក​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​ជា​គោល​បំណង​នៃ​ជីវិត​គាត់​ដែរ ដោយ​យក​ការ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​ជា​គោល​ដៅ​របស់​គាត់។—និក្ខមនំ ២:១១; កិច្ចការ ៧:២៣, ២៥

នៅ​ពេល​យុវជន​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​ទមិឡ​និង​អ្នក​ប្រឆាំង​នោះ ពួក​គេ​អាច​ពង្រឹង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា​តាម​រយៈ​ការ​សិក្សា​ផ្ទាល់​ខ្លួន ដើម្បី​ស្គាល់​«ព្រះ​ដ៏​មើល​មិន​ឃើញ»​ឲ្យ​បាន​ច្បាស់​ជាង។ ការ​រវល់​នឹង​សកម្មភាព​គ្រីស្ទាន រួម​ទាំង​ការ​ទៅ​កិច្ច​ប្រជុំ​និង​ការ​ចូល​រួម​កិច្ច​ផ្សព្វផ្សាយ​ជា​ទៀងទាត់ នឹង​ជួយ​យុវជន​ទាំង​នេះ​ផ្ចង់​គំនិត​ទៅ​លើ​អ្វីៗ​ខាង​វិញ្ញាណ។ (ទំនុកដំកើង ៦៣:៦; ៧៧:១២) ពួក​គេ​គួរ​ព្យាយាម​បណ្ដុះ​ឲ្យ​មាន​ជំនឿ​និង​សេចក្ដី​សង្ឃឹម​យ៉ាង​រឹង​មាំ​ដូច​ម៉ូសេ។ យក​ល្អ​ឲ្យ​ពួក​គេ​ផ្ចង់​ចិត្ត​គំនិត​គិត​អំពី​ព្រះ​យេហូវ៉ា ដោយ​សប្បាយ​ចិត្ត​ធ្វើ​ជា​មិត្ត​របស់​ទ្រង់។

នាង​បាន​ប្រើ​មាត់​ដើម្បី​សរសើរ​ព្រះ

មាន​ក្មេង​ស្រី​ម្នាក់​ដែល​ជា​ជន​គំរូ​ពេល​ដែល​នៅ​ឆ្ងាយ​ពី​ផ្ទះ ក្មេង​ស្រី​នោះ​ជា​ជនជាតិ​អ៊ីស្រាអែល​ដែល​ត្រូវ​បាន​ចាប់​ដោយ​សាសន៍​ស៊ី​រី​នៅ​សម័យ​លោក​អេលីសេ​ដែល​ជា​ព្យាការី​របស់​ព្រះ។ នាង​បាន​ទៅ​ជា​អ្នក​បំរើ​របស់​មេទ័ព​សាសន៍​ស៊ី​រី​ម្នាក់​ឈ្មោះ​ណា​ម៉ាន​ដែល​មាន​រោគ​ឃ្លង់។ ក្មេង​ស្រី​នេះ​បាន​ប្រាប់​ម្ចាស់​ស្ត្រី​ថា​៖​«បើ​ជា​លោក​ប្រុស ជា​ចៅហ្វាយ​នាង​ខ្ញុំ បាន​នៅ​ជា​មួយ​នឹង​ហោរា​ដែល​នៅ​ក្រុង​សាម៉ារី​ទៅ​អេះ! នោះ​លោក​នឹង​មើល​រោគ​ឃ្លង់​នេះ​ឲ្យ​ជា​ទៅ»។ ដោយសារ​បន្ទាល់​របស់​នាង ណា​ម៉ាន​បាន​ទៅ​ជួប​អេលីសេ​នៅ​ស្រុក​អ៊ីស្រាអែល និង​បាន​ប្រោស​ឲ្យ​ជា​ស្អាត​ពី​រោគ​ឃ្លង់។ ម្យ៉ាង​ទៀត ណា​ម៉ាន​បាន​ទៅ​ជា​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា។—ពង្សាវតារក្សត្រទី២ ៥:១​-​៣, ១៣​-​១៩

គំរូ​របស់​នារី​នេះ​បញ្ជាក់​យ៉ាង​ខ្លាំង​នូវ​ភាព​ចាំបាច់​ឲ្យ​យុវជន​និយាយ​យ៉ាង​ណា​ដែល​លើក​កិត្ដិយស​ចំពោះ​ព្រះ សូម្បីតែ​ពេល​នៅ​ឆ្ងាយ​ពី​មាតា​បិតា​ក៏​ដោយ។ បើ​ក្មេង​ស្រី​នេះ​មាន​ទម្លាប់​ប្រើ​«ពាក្យ​សំដី​ចំកួត»​ឬ​«ពាក្យ​កំប្លែង​[«ដែល​អាសអាភាស»​, ព.ថ.]» នោះ​តើ​នាង​នឹង​មាន​អារម្មណ៍​ស្រួល​ក្នុង​ការ​និយាយ​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ពេល​មាន​ឱកាស​ឬ? (អេភេសូរ ៥:៤; សុភាសិត ១៥:២) យុវជន​ម្នាក់​ឈ្មោះ​នីកុ​ស​ដែល​ស្ថិត​ក្នុង​វ័យ​២០​ឆ្នាំ​ជាង បាន​ជាប់​គុក​ដោយសារ​អព្យាក្រឹតភាព។ គាត់​នឹក​ចាំ​ថា​៖​«នៅ​ពេល​ខ្ញុំ​នៅ​ជា​មួយ​ប្អូនៗ​យុវ​វ័យ​ឯ​ទៀត​នៅ​ក្នុង​គុក​មួយ​ដែល​ស្ថិត​នៅ​ចំការ​ប្រើ​ទណ្ឌិត​ឲ្យ​ធ្វើ​កសិកម្ម​នោះ ហើយ​ក៏​ឆ្ងាយ​ពី​ការ​គ្រប់គ្រង​របស់​មាតា​បិតា​និង​ក្រុមជំនុំ ខ្ញុំ​កត់​សម្គាល់​ថា​បន្ដិច​ម្ដងៗ​យើង​ចាប់​ផ្ដើម​ប្រើ​ពាក្យ​សំដី​មិន​ល្អ។ នោះ​ប្រាកដ​ជា​មិន​លើក​សរសើរ​ព្រះ​យេហូវ៉ា​ទេ»។ គួរ​ឲ្យ​សប្បាយ​ណាស់ នីកុ​ស​និង​អ្នក​ឯ​ទៀត​ក្នុង​កាលៈទេសៈ​ដូច​នីកុ​ស​ដែរ ត្រូវ​បាន​ជួយ​ឲ្យ​ស្ដាប់​តាម​ឱវាទ​របស់​ប៉ុល​អំពី​រឿង​នេះ​ថា​៖​«សេចក្ដី​កំផិត សេចក្ដី​ស្មោកគ្រោក​គ្រប់​យ៉ាង នឹង​សេចក្ដី​លោភ នោះ​មិន​ត្រូវ​ទាំង​ឲ្យ​ឮ​ឈ្មោះ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ផង ដូច​ជា​គួរ​គប្បី​ក្នុង​ពួក​បរិសុទ្ធ»។—អេភេសូរ ៥:៣

ព្រះ​យេហូវ៉ា​ជា​បុគ្គល​ដ៏​ពិត​ចំពោះ​ពួក​គេ

បទ​ពិសោធន៍​របស់​យុវជន​សាសន៍​ហេព្រើរ​បី​នាក់​ដែល​ជា​មិត្តភក្ដិ​របស់​ដានីយ៉ែល​នៅ​ទី​ក្រុង​បាប៊ីឡូន​ពី​បុរាណ ក៏​បញ្ជាក់​នូវ​សេចក្ដី​ពិត​នៃ​គោលការណ៍​ដែល​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា បើ​ស្មោះ​ត្រង់​ក្នុង​ការ​តូច ក៏​នឹង​ស្មោះ​ត្រង់​ក្នុង​ការ​ធំ​ដែរ។ (លូកា ១៦:១០) នៅ​ពេល​ប្រឈម​មុខ​បញ្ហា​បរិភោគ​អាហារ​ដែល​ក្រិត្យ​វិន័យ​លោក​ម៉ូសេ​ហាម​នោះ យុវជន​ទាំង​នេះ​អាច​វែកញែក​ថា ខ្លួន​ជា​ឈ្លើយ​នៅ​បរទេស​ត្រូវ​តែ​បរិភោគ ជួយ​មិន​បាន​ទេ។ ប៉ុន្តែ សូម​គិត​ពី​ពរ​ក្រៃលែង​ដែល​ពួក​គេ​បាន​ទទួល​ដោយសារ​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​រឿង​មួយ​ដែល​ហាក់បី​ដូច​ជា​ឥត​សូវ​សំខាន់​នោះ! ពួក​គេ​មាន​សុខភាព​និង​ប្រាជ្ញា​ច្រើន​ជាង​ពួក​ឈ្លើយ​ឯ​ទៀត​ដែល​ចេះ​តែ​បរិភោគ​អាហារ​ស្តេច។ ភាព​ស្មោះ​ភក្ដី​ក្នុង​រឿង​តូចតាច​បែប​នេះ​ទំនង​ជា​បាន​ពង្រឹង​កម្លាំង​ពួក​គេ រហូត​ដល់​ពួក​គេ​បដិសេធ​មិន​ព្រម​ធ្វើ​តាម​នៅ​ពេល​ជួប​ការ​ល្បងល​ដ៏​ធំ​ជាង​ដែល​ទាក់ទង​នឹង​ការ​ក្រាប​សំពះ​ចំពោះ​រូប​ព្រះ។—ដានីយ៉ែល ១:៣​-​២១; ៣:១​-​៣០

ចំពោះ​យុវជន​ទាំង​បី​នាក់​នេះ ព្រះ​យេហូវ៉ា​ជា​បុគ្គល​មួយ​អង្គ​ដ៏​ពិត​ណាស់។ ទោះ​ជា​ពួក​គេ​នៅ​ឆ្ងាយ​ពី​ផ្ទះ​និង​មណ្ឌល​នៃ​ការ​ថ្វាយ​បង្គំព្រះ​ក៏​ដោយ ក៏​ពួក​គេ​នៅ​តែ​បាន​ប្ដេជ្ញា​មិន​ឲ្យ​សៅហ្មង​ដោយ​លោកីយ៍។ (ពេត្រុសទី២ ៣:១៤) មិត្តភាព​ដែល​គេ​មាន​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​មាន​តម្លៃ​ខ្ពស់​ដល់​ម្ល៉េះ ដែល​ពួក​គេ​សុខ​ចិត្ត​ព​លី​ជីវិត​ដើម្បី​រក្សា​មិត្តភាព​នោះ។

ព្រះ​យេហូវ៉ា​នឹង​មិន​ចោល​អ្នក​ឡើយ

នៅ​ពេល​ដែល​យុវជន​នៅ​ឆ្ងាយ​ពី​មនុស្ស​ជា​ទី​ស្រឡាញ់​និង​ជា​ទី​ទុក​ចិត្ត​នោះ គឺ​ជា​ការ​ធម្មតា​ទេ​ដែល​ពួក​គេ​ប្រហែល​ជា​មាន​អារម្មណ៍​គ្មាន​ទំនុក​ចិត្ត មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា និង​ភ័យ​ខ្លះៗ។ ប៉ុន្តែ ពួក​គេ​អាច​ប្រឈម​មុខ​ការ​ល្បងល​ហើយ​ការ​លំបាក​ដោយ​ជំនឿ​ជាក់​ថា «ព្រះ​យេហូវ៉ា​ទ្រង់​នឹង​មិន​ចោល»​ពួក​គេ​ឡើយ។ (ទំនុកដំកើង ៩៤:១៤) បើ​យុវជន​ទាំង​នេះ​«រង​ទុក្ខ ដោយ​ព្រោះ​សេចក្ដី​សុចរិត» ព្រះ​យេហូវ៉ា​បំរុង​តែ​នឹង​ជួយ​ពួក​គេ​បន្ត​ដើរ​«ក្នុង​ផ្លូវ​នៃ​សេចក្ដី​សុចរិត»។—ពេត្រុស​ទី១ ៣:១៤; សុភាសិត ៨:២០

ជា​រៀង​រហូត​ព្រះ​យេហូវ៉ា​បាន​ពង្រឹង​កម្លាំង​និង​ប្រទាន​ពរ​យ៉ាង​បរិបូណ៌​ដល់​យ៉ូសែប ម៉ូសេ ក្មេង​ស្រី​ជនជាតិ​អ៊ីស្រាអែល​ដែល​ជា​អ្នក​បំរើ​និង​យុវជន​ហេព្រើរ​បី​នាក់​ដែល​ស្មោះ​ភក្ដី​នោះ។ សព្វ​ថ្ងៃ​នេះ​ទ្រង់​កំពុង​តែ​ប្រើ​វិញ្ញាណ​បរិសុទ្ធ បន្ទូល​របស់​ទ្រង់ និង​អង្គការ​របស់​ទ្រង់​ដើម្បី​ទ្រទ្រង់​អស់​អ្នក​ដែល​«តយុទ្ធ សំរាប់​ជំនឿ​អោយ​បាន​ល្អ​ប្រសើរ» ដោយ​ប្រគល់​សេចក្ដី​សង្ឃឹម​ឲ្យ​បាន​«ជីវិត​អស់កល្ប​ជានិច្ច»។ (ធីម៉ូថេទី១ ៦:១១, ១២, ខ.ស.) ពិត​មែន​ហើយ យើង​អាច​ដើរ​បែប​គួរ​នឹង​ព្រះ​យេហូវ៉ា​បាន ហើយ​ការ​ដើរ​បែប​គួរ​នឹង​ទ្រង់​ជា​ផ្លូវ​ប្រព្រឹត្ត​ដែល​ប្រកប​ដោយ​ប្រាជ្ញា។—សុភាសិត ២៣:១៥, ១៩

[កំណត់​សម្គាល់]

^ វគ្គ 2 សូម​មើល​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​សីហា ឆ្នាំ​១៩៩៦ ទំព័រ​១៨​-​២០

^ វគ្គ 5 ឈ្មោះ​ខ្លះ​ត្រូវ​បាន​ដូរ។

[ប្រអប់​/​រូបភាព​នៅ​ទំព័រ​១០]

មាតា​បិតា​ទាំង​ឡាយ​អើយ! ចូរ​ជួយ​កូន​ត្រៀម​ខ្លួន​ជា​មុន

«កូន​ដែល​ឯង​បង្កើត​ពី​កាល​នៅ​ក្មេង នោះ​ធៀប​ដូច​ជា​ព្រួញ​នៅ​ដៃ​នៃ​មនុស្ស​ខ្លាំង​ពូកែ»។ (ទំនុកដំកើង ១២៧:៤) ព្រួញ​មិន​ទៅ​ដល់​ទី​ដោយ​ចៃដន្យ​ទេ។ ត្រូវ​តែ​តម្រង់​មុខ​ព្រួញ​ដោយ​ប៉ិនប្រសប់។ ស្រដៀង​គ្នា​ដែរ បើ​គ្មាន​ការ​ណែនាំ​ពី​ឱ​ពុក​ម្ដាយ កូន​របស់​យើង​នឹង​មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​ប្រឈម​មុខ​នឹង​លក្ខណៈ​ពិត​នៃ​ជីវិត​រស់​នៅ​ក្រៅ​ផ្ទះ​នោះ​ទេ។—សុភាសិត ២២:៦

យុវជន​ច្រើន​តែ​ធ្វើ​អ្វីៗ​តាម​សន្ទុះ​ចិត្ត ឬ​បណ្ដោយ​តាម​«តណ្ហា​នៃ​យុវវ័យ»។ (ធីម៉ូថេទី២ ២:២២, ខ.ស.) ព្រះ​គម្ពីរ​ព្រមាន​ថា​៖​«រំពាត់ នឹង​សេចក្ដី​ប្រៀនប្រដៅ រមែង​ឲ្យ​កើត​មាន​ប្រាជ្ញា តែ​កូន​ណា​ដែល​បណ្ដោយ​ឲ្យ​ប្រព្រឹត្ត​តាម​អំពើ​ចិត្ត នោះ​តែង​ធ្វើ​ឲ្យ​ម្ដាយ​មាន​សេចក្ដី​ខ្មាស​វិញ»។ (សុភាសិត ២៩:១៥) ការ​មិន​ដាក់​កំរិត​ទៅ​លើ​ការ​ប្រព្រឹត្ត​របស់​កូន ធ្វើ​ឲ្យ​កូន​គ្មាន​សមត្ថភាព​ប្រឈម​មុខ​នឹង​ការ​លំបាក​ហើយ​ការ​គាប​សង្កត់​នៃ​ជីវិត​ខាង​ក្រៅ​ផ្ទះ។

ដោយ​ស្មារតី​ទទួល​ខុសត្រូវ មាតា​បិតា​គ្រីស្ទាន​គួរ​ពន្យល់​ឲ្យ​ច្បាស់​ដល់​កូន​ឲ្យ​ដឹង​អំពី​ការ​ពិបាក ការ​គាប​សង្កត់ និង​លក្ខណៈ​ពិត​នៃ​ជីវិត​រស់​នៅ​ក្នុង​របប​លោកីយ៍​នេះ។ ដោយ​មិន​និយាយ​បែប​ទុទិដ្ឋិ​និយម​ឬ​អគតិ​នោះ មាតា​បិតា​អាច​ពណ៌នា​អំពី​ស្ថានភាព​មិន​ល្អ​ដែល​យុវជន​ប្រហែល​ជា​នឹង​ជួប​ប្រទះ​បើ​ត្រូវ​រស់​នៅ​ក្រៅ​ផ្ទះ។ ការ​បង្ហាត់​បង្រៀន​នេះ​ព្រម​ជា​មួយ​នឹង​ប្រាជ្ញា​ពី​ព្រះ នឹង​«ផ្ដល់​អោយ​មនុស្ស​ឆោត​ចេះ​ប្រុង​ប្រយ័ត្ន និង ផ្ដល់​អោយ​យុវជន​ចេះ​គិត​ពិចារណា»។—សុភាសិត ១:៤, ខ.ស.

មាតា​បិតា​ដែល​ផ្ដិត​ខ្នាត​តម្រា​របស់​ព្រះ​និង​គោលការណ៍​សីលធម៌​ទៅ​ក្នុង​ចិត្ត​កូន ក៏​ផ្ដល់​សមត្ថភាព​ឲ្យ​ពួក​គេ​ប្រឈម​មុខ​ដោយ​ជោគជ័យ​នូវ​បញ្ហា​ក្នុង​ជីវិត​រស់​នៅ។ ការ​សិក្សា​ជា​ក្រុម​គ្រួសារ​យ៉ាង​ទៀងទាត់ ព្រម​ទាំង​ការ​និយាយ​ប្រស្រ័យ​ទាក់ទង​គ្នា​ចេញ​ពី​ចិត្ត និង​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ស្មោះ​ទៅ​លើ​សុខុមាលភាព​របស់​កូនៗ អាច​ជា​កត្ដា​សំខាន់​ដែល​នាំ​ឲ្យ​កូន​ទទួល​បាន​នូវ​ជោគជ័យ​ជាជាង​បរាជ័យ។ មាតា​បិតា​គួរ​បង្ហាត់​បង្រៀន​កូន​អំពី​គោលការណ៍​ព្រះ​តាម​របៀប​ប្រកប​ដោយ​តុល្យភាព ការ​យោគ​យល់ និង​សុទិដ្ឋិនិយម​ដើម្បី​ត្រៀម​កូន​ឲ្យ​រស់​នៅ​ដោយ​ឈរ​ជើង​ខ្លួន​ឯង​ក្រោយ​មក។ តាម​រយៈ​គំរូ​របស់​ពួក​គាត់ មាតា​បិតា​អាច​បង្រៀន​កូន​ឲ្យ​ដឹង​ថា ពួក​គេ​អាចរស់​នៅ​ក្នុង​លោកីយ៍​ដោយ​មិន​រួម​ជា​របស់​ផង​លោកីយ៍​ទេ។—យ៉ូហាន ១៧:១៥, ១៦

[រូបភាព​នៅ​ទំព័រ​៨]

យុវជន​គ្រីស្ទាន​ខ្លះ​ធ្លាប់​ត្រូវ​រស់​នៅ​ឆ្ងាយ​ពី​ផ្ទះ

[រូបភាព​នៅ​ទំព័រ​៩]

ដោយ​ឃាត់​ចិត្ត​មិន​តាម​ការ​ល្បួង​ទេ នោះ​យុវជន​អាច​យក​តម្រាប់​តាម​យ៉ូសែប និង​រក្សា​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌

[រូបភាព​នៅ​ទំព័រ​១១]

ចូរ​យក​តម្រាប់​តាម​ក្មេង​ស្រី​អ៊ីស្រាអែល​ដែល​ជា​អ្នក​បំរើ​គេ​នោះ នាង​បាន​ប្រើ​មាត់​ដើម្បី​លើក​តម្កើង​សិរី​រុងរឿង​របស់​ព្រះ​យេហូវ៉ា