លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

‹ចូរកាត់ស្រាយព្រះបន្ទូលរបស់ព្រះយ៉ាងត្រឹមត្រូវ›

‹ចូរកាត់ស្រាយព្រះបន្ទូលរបស់ព្រះយ៉ាងត្រឹមត្រូវ›

‹ចូរ​កាត់​ស្រាយ​ព្រះ​បន្ទូល​របស់​ព្រះ​យ៉ាង​ត្រឹម​ត្រូវ›

«ចូរ​ខំ​ប្រឹង​នឹង​ថ្វាយ​ខ្លួន​ដល់​ព្រះ ទុក​ជា​មនុស្ស​ដែល​បាន​ល្បងល​ជាប់​ហើយ ជា​អ្នក​ធ្វើ​ការ ដែល​មិន​ត្រូវ​ខ្មាស​ឡើយ​ដោយ​កាត់​ស្រាយ​ព្រះ​បន្ទូល​នៃ​សេចក្ដី​ពិត​យ៉ាង​ត្រឹម​ត្រូវ»។—ធីម៉ូថេទី២ ២:១៥

១, ២​. (ក) ហេតុ​អ្វី​បាន​ជា​អ្នក​ដែល​ធ្វើ​ជាជាង​ត្រូវ​ការ​ឧបករណ៍? (ខ) តើ​ជន​គ្រីស្ទាន​ធ្វើ​កិច្ចការ​អ្វី? ហើយ​តើ​ពួក​គេ​អាច​បង្ហាញ​ថា​គេ​កំពុង​តែ​ស្វែង​រក​ព្រះ​រាជាណាចក្រ​ជា​មុន​យ៉ាង​ដូច​ម្ដេច?

ពួក​ជាង​ត្រូវ​មាន​ឧបករណ៍​ទើប​ធ្វើ​ការ​បាន។ ប៉ុន្តែ គាត់​មិន​មែន​ប្រើ​ឧបករណ៍​ណា​ក៏​បាន​នោះ​ទេ។ អ្នក​ដែល​ធ្វើ​ជាជាង​ត្រូវ​ការ​នូវ​ឧបករណ៍​ត្រឹម​ត្រូវ ហើយ​ក៏​ត្រូវ​ប្រើ​ឧបករណ៍​នោះ​តាម​របៀប​ត្រឹម​ត្រូវ​ដែរ។ ជា​ឧទាហរណ៍ បើ​យើង​ចង់​វាយ​បន្ទះ​ក្ដារ​ពីរ​កំណាត់​ឲ្យ​ជាប់​គ្នា​ពេល​កំពុង​សង់​ខ្ទម​មួយ យើង​មិន​គ្រាន់​តែ​ត្រូវ​ការ​ញញួរ​និង​ដែក​គោល​ប៉ុណ្ណោះ​ទេ តែ​ក៏​ត្រូវ​ចេះ​ពី​របៀប​ដំ​ដែក​គោល​ឲ្យ​ធ្លុះ​ឈើ​ដោយ​មិន​ឲ្យ​វៀច​នោះ​ដែរ។ ពិត​ជា​ពិបាក​ណាស់ ថែម​ទាំង​នាំ​ឲ្យ​មួម៉ៅ​ចិត្ត​ទៀត​ផង កាល​បើ​ចង់​ដំ​ដែក​គោល​ធ្លុះ​ឈើ​តែ​មិន​ចេះ​ប្រើ​ញញួរ​នោះ។ ប៉ុន្តែ បើ​ប្រើ​ឧបករណ៍​តាម​របៀប​ត្រឹម​ត្រូវ នោះ​ជួយ​យើង​សម្រេច​កិច្ចការ​បាន​លទ្ធផល​ដ៏​គួរ​ឲ្យ​ពេញ​ចិត្ត។

ក្នុង​នាម​ជា​គ្រីស្ទាន យើង​ក៏​មាន​កិច្ចការ​ដែល​ត្រូវ​ធ្វើ​ដែរ។ កិច្ចការ​នោះ​គឺ​សំខាន់​បណ្ដាច់។ ព្រះ​យេស៊ូ​គ្រីស្ទ​បាន​ជំរុញ​ទឹក​ចិត្ត​សិស្ស​ទ្រង់​ឲ្យ​‹ស្វែង​រក​ព្រះ​រាជាណាចក្រ​ជា​មុន​សិន›។ (ម៉ាថាយ ៦:៣៣) តើ​យើង​អាច​ស្វែង​រក​ព្រះ​រាជាណាចក្រ​មុន​សិន​យ៉ាង​ដូច​ម្ដេច? វិធី​មួយ​គឺ​ដោយ​ខ្នះខ្នែង​ក្នុង​កិច្ចការ​ផ្សាយ​ពី​ព្រះ​រាជាណាចក្រ​និង​ការ​ណែនាំ​មនុស្ស​ឲ្យ​ទៅ​ជា​សិស្ស។ វិធី​មួយ​ទៀត កិច្ច​បំរើ​របស់​យើង​មាន​មូលដ្ឋាន​យ៉ាង​រឹង​មាំ​ពី​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ។ វិធី​ទី​បី​គឺ​ដោយ​មាន​កិរិយា​ប្រព្រឹត្ត​ដ៏​ល្អ។ (ម៉ាថាយ ២៤:១៤; ២៨:១៩, ២០; កិច្ចការ ៨:២៥; ពេត្រុសទី១ ២:១២) ដើម្បី​ធ្វើ​កិច្ចការ​គ្រីស្ទាន​ដោយ​ប្រសិទ្ធ​ភាព​និង​មាន​សុភមង្គល នោះ​យើង​ត្រូវ​ការ​ឧបករណ៍​ត្រឹម​ត្រូវ​និង​ចំណេះ​ដឹង​អំពី​របៀប​ប្រើ​ឧបករណ៍​ទាំង​នោះ​យ៉ាង​ត្រឹម​ត្រូវ​ដែរ។ ស្តី​អំពី​រឿង​នេះ សាវ័ក​ប៉ុល​ទុក​គំរូ​ដ៏​ល្អ​ប្រសើរ​ជា​អ្នក​ដែល​ព្យាយាម​ធ្វើ​កិច្ចការ​គ្រីស្ទាន ហើយ​ក៏​បាន​លើក​ទឹក​ចិត្ត​អ្នក​ជឿ​គ្នីគ្នា​ឲ្យ​យក​តម្រាប់​គាត់។ (កូរិនថូសទី១ ១១:១; ១៥:១០) បើ​ដូច្នេះ តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី​ខ្លះ​ពី​គំរូ​របស់​ប៉ុល​ដែល​ជា​អ្នក​រួម​ធ្វើ​ការ​ជា​មួយ​យើង​នោះ?

ប៉ុល​ជា​អ្នក​ប្រកាស​ព្រះ​រាជាណាចក្រ​ដ៏​ខ្នះខ្នែង

៣​. ហេតុ​អ្វី​បាន​ជា​អាច​និយាយ​ថា​សាវ័ក​ប៉ុល​ជា​អ្នក​ធ្វើ​ការ​ដ៏​ខ្នះខ្នែង​សំរាប់​ព្រះ​រាជាណាចក្រ​ព្រះ?

តើ​ប៉ុល​ធ្វើ​ការ​យ៉ាង​ដូច​ម្ដេច? គាត់​ពិត​ជា​ខ្នះខ្នែង​ណាស់។ ប៉ុល​បាន​សង្វាត​ព្យាយាម​ផ្សាយ​ដំណឹង​ល្អ​ទូទាំង​តំបន់​មេឌី​ទែរ៉ាណេ។ សាវ័ក​នេះ​ដែល​ធ្វើ​ការ​មិន​ចេះ​នឿយ​ហត់​បាន​រៀប​រាប់​អំពី​មូលហេតុ​ដែល​គាត់​ឧស្សាហ៍​ប្រកាស​អំពី​ព្រះ​រាជាណាចក្រ​ដោយ​ពោល​ថា​៖​«បើ​ខ្ញុំ​ផ្សាយ​ដំណឹង​ល្អ​ទៅ នោះ​មិន​មែន​ជា​ហេតុ​ឲ្យ​ខ្ញុំ​អួត​ខ្លួន​ទេ ដ្បិត​ខ្ញុំ​ជាប់​ក្នុង​សេចក្ដី​បង្ខំ បើ​ខ្ញុំ​មិន​ផ្សាយ​ដំណឹង​ល្អ​វិញ នោះ​វរ​ដល់​ខ្ញុំ​ហើយ!»។ (កូរិនថូសទី១ ៩:១៦) តើ​ប៉ុល​ចង់​តែ​សង្គ្រោះ​ជីវិត​របស់​ខ្លួន​ឬ? អត់​ទេ! គាត់​មិន​មែន​ជា​មនុស្ស​ស្វែង​រក​តែ​ប្រយោជន៍​ខ្លួន​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​ប៉ង​ប្រាថ្នា​ឲ្យ​មនុស្ស​ឯ​ទៀត​ទទួល​ប្រយោជន៍​ពី​ដំណឹង​ល្អ។ ប៉ុល​សរសេរ​ថា​៖​«ខ្ញុំ​ធ្វើ​ការ​ទាំង​នោះ ដោយ​យល់​ដល់​តែ​ដំណឹង​ល្អ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចំណែក​ជា​មួយ​គ្នា​ក្នុង​ដំណឹង​ល្អ»។—កូរិនថូសទី១ ៩:២៣

៤​. តើ​ឧបករណ៍​មួយ​ណា​មាន​តម្លៃ​ច្រើន​បំផុត​ចំពោះ​ជន​គ្រីស្ទាន​ជា​អ្នក​ធ្វើ​កិច្ចការ​នោះ?

សាវ័ក​ប៉ុល​ជា​អ្នក​ធ្វើ​ការ​មាន​ចិត្ត​សុភាព ដែល​ទទួល​ស្គាល់​ថា​គាត់​មិន​អាច​ពឹងផ្អែក​ទៅ​លើ​សមត្ថភាព​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​ទេ។ ដូច​ជាង​ឈើ​ត្រូវ​ការ​ញញួរ ប៉ុល​ក៏​ត្រូវ​ការ​ឧបករណ៍​ត្រឹម​ត្រូវ​ដើម្បី​ផ្ដិត​សេចក្ដី​ពិត​របស់​ព្រះ​ទៅ​ក្នុង​ចិត្ត​របស់​អ្នក​ដែល​ស្ដាប់។ តើ​គាត់​ប្រើ​ឧបករណ៍​អ្វី​ច្រើន​ជាង​គេ? គឺ​បទ​គម្ពីរ​បរិសុទ្ធ​ជា​ព្រះ​បន្ទូល​របស់​ព្រះ។ ស្រដៀង​គ្នា​ដែរ ព្រះ​គម្ពីរ​ទាំង​មូល​ជា​ឧបករណ៍​សំខាន់​ជាង​គេ​ដែល​យើង​ប្រើ​ដើម្បី​បញ្ចុះបញ្ចូល​មនុស្ស​ឲ្យ​ទៅ​ជា​សិស្ស។

៥​. បន្ថែម​នឹង​ការ​ដក​ស្រង់​ពាក្យ​ពី​បទ​គម្ពីរ​នោះ តើ​យើង​ត្រូវ​តែ​ធ្វើ​អ្វី​ទៀត​ដើម្បី​មាន​ប្រសិទ្ធ​ភាព​ជា​អ្នក​ផ្សាយ?

ប៉ុល​ដឹង​ថា ការ​កាត់​ស្រាយ​ព្រះ​បន្ទូល​របស់​ព្រះ​យ៉ាង​ត្រឹម​ត្រូវ​រួម​បញ្ចូល​ច្រើន​ជាង​ការ​ដក​ស្រង់​ពាក្យ​ពី​ព្រះ​គម្ពីរ។ ប៉ុល​ក៏​បាន​«បញ្ចុះបញ្ចូល»​ផង​ដែរ។ (កិច្ចការ ២៨:២៣) តើ​គាត់​បញ្ចុះបញ្ចូល​យ៉ាង​ដូច​ម្ដេច? ប៉ុល​បាន​ប្រើ​ដោយ​ប្រសិទ្ធ​ភាព​នូវ​ព្រះ​បន្ទូល​របស់​ព្រះ​ដែល​មាន​ជា​លាយ​ល័ក្ខណ៍​អក្សរ​ដើម្បី​បញ្ជាក់​ហេតុ​ផល​នាំ​ឲ្យ​អ្នក​ឯ​ទៀត​ជឿ​ទៅ​លើ​សេចក្ដី​ពិត​ខាង​ព្រះ​រាជាណាចក្រ។ គាត់​បាន​វែកញែក​ជា​មួយ​នឹង​ពួក​គេ។ អស់​បី​ខែ​នៅ​ក្នុង​សាលា​ប្រជុំ​នៅ​ទី​ក្រុង​អេភេសូរ ប៉ុល​បាន​«ជជែក​ពន្យល់ ព្រម​ទាំង​បញ្ចុះបញ្ចូល​គេ ឲ្យ​ជឿ​តាម​អស់​ទាំង​សេចក្ដី​ពី​នគរ​ព្រះ»។ ទោះ​ជា​«អ្នក​ខ្លះ​កើត​មាន​ចិត្ត​រឹង​ទទឹង ហើយ​ចចេស»​ដោយ​មិន​ជឿ​ក៏​ដោយ អ្នក​ឯ​ទៀត​បាន​ស្ដាប់​តាម។ លទ្ធផល​នៃ​កិច្ច​បំរើ​របស់​ប៉ុល​នៅ​ទី​ក្រុង​អេភេសូរ​គឺ «ព្រះ​បន្ទូល​នៃ​[ព្រះ​យេហូវ៉ា]បាន​ចំរើន​កើន​ឡើង ហើយ​បាន​ឈ្នះ​ដោយ​អំណាច»។—កិច្ចការ ១៩:៨, ៩, ២០

៦, ៧​. តើ​ប៉ុល​បាន​តម្កើង​កិច្ច​បំរើ​របស់​គាត់​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​យើង​អាច​តម្កើង​កិច្ច​បំរើ​របស់​យើង​យ៉ាង​ដូច​ម្ដេច?

ជា​អ្នក​ប្រកាស​ដ៏​ខ្នះខ្នែង​អំពី​ព្រះ​រាជាណាចក្រ​ព្រះ ប៉ុល​បាន​«ដំកើង​ដល់​ការងារ»​គាត់​ក្នុង​កិច្ច​បំរើ។ (រ៉ូម ១១:១៣) តើ​យ៉ាង​ដូច​ម្ដេច? ប៉ុល​មិន​រ​វី​រវល់​នឹង​ការ​តម្កើង​ខ្លួន​គាត់​ទេ ក៏​គ្មាន​សេចក្ដី​អាម៉ាស់​ខ្មាស​ឲ្យ​មនុស្ស​ដឹង​ជា​ទូទៅ​ថា​គាត់​ជា​អ្នក​ធ្វើ​ការ​ជា​មួយ​នឹង​ព្រះ​ដែរ។ ផ្ទុយ​ទៅ​វិញ ប៉ុល​ចាត់​ទុក​កិច្ច​បំរើ​របស់​គាត់​ជា​កិត្ដិយស​ខ្ពង់​ខ្ពស់​បំផុត។ ប៉ុល​កាត់​ស្រាយ​ព្រះ​បន្ទូល​របស់​ព្រះ​ដោយ​ប៉ិនប្រសប់​និង​ដោយ​ប្រសិទ្ធ​ភាព។ សកម្មភាព​ផ្សាយ​របស់​ប៉ុល​បាន​បង្កើត​ផល​និង​បាន​ជំរុញ​ទឹក​ចិត្ត​អ្នក​ដទៃ​ឲ្យ​បំពេញ​កិច្ច​បំរើ​របស់​ខ្លួន​ឲ្យ​បាន​ពេញលេញ។ តាម​វិធី​នេះ​ដែរ កិច្ច​បំរើ​របស់​គាត់​ត្រូវ​បាន​តម្កើង។

ដូច​ប៉ុល​ដែរ យើង​ក៏​អាច​តម្កើង​ការងារ​របស់​យើង​ជា​អ្នក​ផ្សាយ​ដោយ​ប្រើ​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ញឹកញយ​និង​ដោយ​ប្រសិទ្ធ​ភាព។ ក្នុង​គ្រប់​ទិដ្ឋភាព​នៃ​កិច្ច​បំរើ​ផ្សាយ យើង​គួរ​មាន​គោល​ដៅ​អាន​ឬ​លើក​ប្រាប់​ពី​បទ​គម្ពីរ​ដល់​មនុស្ស​ឲ្យ​បាន​ច្រើន​បំផុត។ តើ​យើង​អាច​ធ្វើ​ដូច្នេះ​ទាំង​បញ្ចុះបញ្ចូល​ឬ​នាំ​ឲ្យ​អ្នក​ដទៃ​ជឿ​បាន​យ៉ាង​ដូច​ម្ដេច? សូម​ពិចារណា​វិធី​បី​យ៉ាង​ដ៏​សំខាន់: (១) ចូរ​លើក​បញ្ជាក់​ពី​ព្រះ​បន្ទូល​របស់​ព្រះ តាម​វិធី​ដែល​បណ្ដុះ​ឲ្យ​អ្នក​ស្ដាប់​មាន​ការ​គោរព​ចំពោះ​ព្រះ​បន្ទូល (២) ដោយ​ប្រើ​ពាក្យ​សំដី​ដែល​មិន​ធ្វើ​ឲ្យ​រង្កៀស​ចិត្ត​នោះ ចូរ​ពន្យល់​និង​បញ្ជាក់​ន័យ​បទ​គម្ពីរ (៣) ចូរ​វែកញែក​បញ្ជាក់​ហេតុ​ផល​តាម​របៀប​ដែល​នាំ​ឲ្យ​ជឿ។

៨​. សព្វ​ថ្ងៃ តើ​យើង​មាន​ឧបករណ៍​អ្វី​ខ្លះ​ដែល​ជួយ​ផ្សាយ​ពី​ព្រះ​រាជាណាចក្រ? ហើយ​តើ​អ្នក​ធ្លាប់​ប្រើ​ឧបករណ៍​ទាំង​នេះ​យ៉ាង​ដូច​ម្ដេច​ខ្លះ?

សព្វ​ថ្ងៃ​នេះ អ្នក​ប្រកាស​ពី​ព្រះ​រាជាណាចក្រ​ព្រះ​មាន​ឧបករណ៍​ផ្សេងៗ​ជា​ច្រើន​ដែល​ប៉ុល​មិន​ធ្លាប់​មាន​ពេល​គាត់​ជា​អ្នក​ផ្សាយ​នោះ។ ឧបករណ៍​នេះ​រួម​មាន​សៀវភៅ ទស្សនាវដ្ដី សៀវភៅ​ស្តើង ប័ណ្ណ ខិត​ប័ណ្ណ និង​កាសែត​ម៉ាញេ​និង​កាសែត​វីដេអូ។ នៅ​ដើម​សតវត្ស​ឆ្នាំ​១៩០០ ក៏​ធ្លាប់​ប្រើ​កាត​បន្ទាល់ ថាស​សម្លេង ឡាន​ដែល​មាន​ឧគ្ឃោសនស័ព្ទ និង​ការ​ផ្សាយ​តាម​វិទ្យុ។ ប៉ុន្តែ ជា​ការ​ពិត​ណាស់​ថា​ឧបករណ៍​មាន​ប្រសិទ្ធ​ភាព​បំផុត​របស់​យើង​គឺ​ព្រះ​គម្ពីរ ហើយ​យើង​ត្រូវ​ចេះ​ប្រើ​ឲ្យ​បាន​ច្រើន​នូវ​ឧបករណ៍​ដ៏​ចាំបាច់​នេះ​តាម​របៀប​ត្រឹម​ត្រូវ។

កិច្ច​បំរើ​យើង​ត្រូវ​មាន​មូលដ្ឋាន​យ៉ាង​រឹង​មាំ ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ

៩, ១០​. ស្តី​អំពី​ការ​ប្រើ​នូវ​ព្រះ​បន្ទូល​របស់​ព្រះ តើ​សំដី​ដែល​ប៉ុល​ទូន្មាន​ធីម៉ូថេ​បង្រៀន​យើង​មេ​រៀន​អ្វី?

តើ​យើង​អាច​ប្រើ​ព្រះ​បន្ទូល​របស់​ព្រះ​ដោយ​ប្រសិទ្ធ​ភាព​យ៉ាង​ដូច​ម្ដេច? គឺ​ដោយ​ធ្វើ​តាម​សំដី​របស់​ប៉ុល​ដែល​គាត់​បាន​សរសេរ​ទៅ​កាន់​ធីម៉ូថេ​ជា​អ្នក​រួម​ធ្វើ​ការ​ជា​មួយ​គាត់។ ប៉ុល​បាន​សរសេរ​ថា​៖​«ចូរ​ខំ​ប្រឹង​នឹង​ថ្វាយ​ខ្លួន​ដល់​ព្រះ ទុក​ជា​មនុស្ស​ដែល​បាន​ល្បងល​ជាប់​ហើយ ជា​អ្នក​ធ្វើ​ការ ដែល​មិន​ត្រូវ​ខ្មាស​ឡើយ ដោយ​កាត់​ស្រាយ​ព្រះ​បន្ទូល​នៃ​សេចក្ដី​ពិត​យ៉ាង​ត្រឹម​ត្រូវ»។ (ធីម៉ូថេទី២ ២:១៥) តើ​ការ​«កាត់​ស្រាយ​ព្រះ​បន្ទូល​នៃ​សេចក្ដី​ពិត​យ៉ាង​ត្រឹម​ត្រូវ»​រួម​បញ្ចូល​អ្វី​ខ្លះ?

១០ ពាក្យ​ភាសា​ក្រិច​ដែល​បកប្រែ​ថា​«កាត់​ស្រាយ» មាន​អត្ថន័យ​ត្រង់ៗ​ថា​«កាត់​ត្រង់»​ឬ​«ឆ្ការ​ផ្លូវ​ឲ្យ​ត្រង់»។ ក្នុង​បទ​គម្ពីរ​ភាសា​ក្រិច ពាក្យ​នេះ​ត្រូវ​ប្រើ​តែ​មួយ​ដង​គត់ គឺ​ក្នុង​ដំបូន្មាន​របស់​ប៉ុល​ជូន​ធីម៉ូថេ។ ពាក្យ​ដដែល​នេះ​អាច​ប្រើ​សំដៅ​លើ​ការ​ភ្ជួរ​ដី​ឲ្យ​ត្រង់​តាម​គន្លង​នង្គ័ល។ កសិករ​ណា​ម្នាក់​ដែល​មាន​បទ​ពិសោធន៍​ច្បាស់​ជា​នឹង​ខ្មាស​គេ​បើ​គាត់​ភ្ជួរ​ដី​កាត់​ខ្វាត់​ខ្វែង​នោះ។ ដើម្បី​ធ្វើ​«ជា​អ្នក​ធ្វើ​ការ ដែល​មិន​ត្រូវ​ខ្មាស​ឡើយ» ប៉ុល​បាន​រំឭក​ធីម៉ូថេ​ថា​គាត់​មិន​ត្រូវ​បង្រៀន​ចាក​ពី​សេចក្ដី​បង្រៀន​ពិត​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ​សោះ​ឡើយ។ ធីម៉ូថេ​មិន​ត្រូវ​ឲ្យ​មតិ​ផ្ទាល់​ខ្លួន​មាន​អានុភាព​លើ​ការ​បង្រៀន​របស់​គាត់​ទេ។ ដាច់ខាត​គាត់​ត្រូវ​យក​បទ​គម្ពីរ​ជា​មូលដ្ឋាន​នៃ​ការ​ផ្សព្វផ្សាយ​និង​ការ​បង្រៀន។ (ធីម៉ូថេទី២ ៤:២​-​៤) តាម​វិធី​នេះ មនុស្ស​ដែល​មាន​ចិត្ត​ទៀងត្រង់​នឹង​ត្រូវ​ណែនាំ​ឲ្យ​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​អំពី​រឿង​ផ្សេងៗ មិន​មែន​ឆ្លង​តាម​ទស្សនវិជ្ជា​របស់​លោកីយ៍​ទេ។ (កូល៉ុស ២:៤, ៨) សព្វ​ថ្ងៃ​នេះ​ក៏​ដូច​គ្នា​ដែរ។

យើង​ត្រូវ​តែ​មាន​កិរិយា​ល្អ

១១, ១២​. តើ​កិរិយា​ប្រព្រឹត្ត​របស់​យើង​ទាក់ទង​នឹង​ការ​កាត់​ស្រាយ​ព្រះ​បន្ទូល​របស់​ព្រះ​យ៉ាង​ត្រឹម​ត្រូវ​ដោយ​ដូច​ម្ដេច?

១១ យើង​ត្រូវ​ធ្វើ​ច្រើន​ជាង​កាត់​ស្រាយ​ព្រះ​បន្ទូល​របស់​ព្រះ​យ៉ាង​ត្រឹម​ត្រូវ​ដោយ​ប្រកាស​សេចក្ដី​ពិត​ក្នុង​បន្ទូល​នោះ។ កិរិយា​ប្រព្រឹត្ត​របស់​យើង​ក៏​ត្រូវ​សម​ស្រប​តាម​ព្រះ​បន្ទូល​របស់​ព្រះ​ដែរ។ «យើង​រាល់​គ្នា​ជា​អ្នក​ធ្វើ​ការ​ជា​មួយ​នឹង​ព្រះ» ដូច្នេះ​យើង​មិន​ត្រូវ​ជា​អ្នក​ធ្វើ​ការ​ដែល​និយាយ​ពី​ព្រះ​បន្ទូល​របស់​ព្រះ​តែ​មិន​ធ្វើ​តាម​នោះ។ (កូរិនថូសទី១ ៣:​៩) ព្រះ​បន្ទូល​របស់​ព្រះ​ចែង​ថា​៖​«អ្នក​ឯង ដែល​បង្រៀន​គេ តើ​មិន​បង្រៀន​ដល់​ខ្លួន​ឯង​ទេ​ឬ​អី? អ្នក​ឯង​ដែល​ប្រដៅ​ថា កុំ​ឲ្យ​លួច​គេ តើ​អ្នក​លួច​ឬ​ទេ? អ្នក​ឯង​ដែល​ថា កុំ​ឲ្យ​ផិត​គ្នា តើ​អ្នក​ផិត​ឬ​ទេ? អ្នក​ឯង​ដែល​ស្អប់​ខ្ពើម​រូប​ព្រះ តើ​អ្នក​ប្លន់​វិហារ​ឬ​ទេ?»។ (រ៉ូម ២:២១,​២២) ហេតុ​នេះ ក្នុង​នាម​ជា​អ្នក​ធ្វើ​ការ​ជា​មួយ​នឹង​ព្រះ​នា​បច្ចុប្បន្ន​កាល​នេះ វិធី​មួយ​ដែល​យើង​កាត់​ស្រាយ​ព្រះ​បន្ទូល​របស់​ព្រះ​យ៉ាង​ត្រឹម​ត្រូវ​គឺ​ដោយ​ស្ដាប់​តាម​ការ​ដាស់​តឿន​ដូច​ត​ទៅ​នេះ​ថា​៖ «ចូរ​ទីពឹង​ដល់​ព្រះ​យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹងផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​ដំរង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង»។—សុភាសិត ៣:៥, ៦

១២ ដោយ​កាត់​ស្រាយ​ព្រះ​បន្ទូល​របស់​ព្រះ​យ៉ាង​ត្រឹម​ត្រូវ តើ​យើង​អាច​សង្ឃឹម​ទទួល​លទ្ធផល​យ៉ាង​ណា? សូម​ពិចារណា​នូវ​ឥទ្ធិពល​ដែល​ព្រះ​បន្ទូល​របស់​ព្រះ​ក្នុង​ព្រះ​គម្ពីរ​អាច​មាន​ឥទ្ធិពល​ទៅ​លើ​ជីវិត​របស់​មនុស្ស​ទៀងត្រង់។

ព្រះ​បន្ទូល​របស់​ព្រះ​មាន​ឥទ្ធិពល​ជំរុញ​ឲ្យ​កែ​ប្រែ

១៣​. តើ​ការ​អនុវត្តន៍​តាម​ព្រះ​បន្ទូល​របស់​ព្រះ​អាច​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ធ្វើ​អ្វី?

១៣ នៅ​ពេល​មនុស្ស​ទទួល​ស្គាល់​ថា​ព្រះ​បន្ទូល​របស់​ព្រះ​ជា​អ្វី​គួរ​ឲ្យ​ទុក​ចិត្ត សារ​ក្នុង​ព្រះ​គម្ពីរ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​បណ្ដាល​ឲ្យ​ពួក​គេ​ធ្វើ​ការ​កែ​ប្រែ​យ៉ាង​ធំ​ក្នុង​ជីវិត​របស់​ខ្លួន។ ប៉ុល​ក៏​ជា​សាក្សី​ដែល​ធ្លាប់​ឃើញ​ព្រះ​បន្ទូល​មាន​ឥទ្ធិពល​និង​អានុភាព​ល្អ​ទៅ​លើ​ជន​ដែល​បាន​ទៅ​ជា​គ្រីស្ទាន​នៅ​ទី​ក្រុង​ថែស្សាឡូនីច​ពី​បុរាណ។ ហេតុ​នេះ​ប៉ុល​ប្រាប់​ពួក​គេ​ថា​៖​«យើង​ខ្ញុំ​អរ​ព្រះ​គុណ​ដល់​ព្រះ ឥត​មាន​ដាច់ គឺ​ដោយ​ព្រោះ​កាល​អ្នក​រាល់​គ្នា​បាន ទទួល​ព្រះ​បន្ទូល ជា​ដំណឹង​ពី​ព្រះ ដោយសារ​យើង​ខ្ញុំ នោះ​មិន​បាន​ទទួល ទុក​ដូច​ជា​ពាក្យ​របស់​មនុស្ស​ទេ បាន​ទទួល តាម​ភាព​ដ៏​ពិត​នៃ​ដំណឹង​នោះ​វិញ គឺ​ជា​ព្រះ​បន្ទូល​នៃ​ព្រះ ដែល​បណ្ដាល​មក​ក្នុង​អ្នក​រាល់​គ្នា​ជា​ពួក​អ្នក​ជឿ»។ (ថែស្សាឡូនីចទី១ ២:១៣) ចំពោះ​ជន​គ្រីស្ទាន​ទាំង​នេះ​និង​អស់​អ្នក​ដែល​កាន់​តាម​ព្រះ​គ្រីស្ទ​យ៉ាង​ពិត​នោះ តក្ក​វិជ្ជា​ដ៏​អន់​ខ្សោយ​របស់​មនុស្ស​ជាតិ​មិន​អាច​ប្រៀប​ស្មើ​នឹង​ប្រាជ្ញា​ខ្ពង់​ខ្ពស់​បំផុត​របស់​ព្រះ​ទេ។ (អេសាយ ៥៥:៩) ជន​ថែស្សាឡូនីច​«បាន​ទទួល​ព្រះ​បន្ទូល ដោយ​សេចក្ដី​អំណរ​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ ក្នុង​កាល​ដែល​កំពុង​តែ​កើត​ទុក្ខ​លំបាក​ជា​ខ្លាំង»​ហើយ​បាន​ធ្វើ​ជា​គំរូ​សំរាប់​អ្នក​ជឿ​គ្នីគ្នា។—ថែស្សាឡូនីចទី១ ១:៥​-​៧

១៤, ១៥​. តើ​សារ​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ​មាន​ឥទ្ធិពល​ខ្លាំង​ប៉ុន​ណា​ទៅ? ហេតុ​អ្វី?

១៤ ព្រះ​បន្ទូល​របស់​ព្រះ​មាន​ឥទ្ធិពល​ខ្លាំង​ក្លា ដូច​គ្នា​នឹង​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​និពន្ធ។ បន្ទូល​នោះ​មក​ពី​«ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​នៅ» ដែល​«ផ្ទៃ​មេឃ​បាន​កើត​មក»​ដោយសារ​ព្រះ​បន្ទូល​របស់​ទ្រង់ ហើយ​បន្ទូល​នោះ​‹ចំរើន​កើន​ឡើង ក្នុង​ការ​អ្វី ដែល​ត្រូវ​ចាត់​ទៅ​ធ្វើ​នោះ›។ (ហេព្រើរ ៣:៧; ទំនុកដំកើង ៣៣:៦; អេសាយ ៥៥:១១) បណ្ឌិត​ព្រះ​គម្ពីរ​ម្នាក់​បាន​កត់​សម្គាល់​ថា​៖ «ព្រះ​និង​បន្ទូល​របស់​ទ្រង់​គឺ​ផ្សារ​ជាប់​គ្នា។ ទ្រង់​មិន​បដិសេធ​លែង​ទទួល​ស្គាល់​បន្ទូល​នោះ​ដូច​ជា​គ្មាន​ទំនាក់ទំនង​នឹង​ទ្រង់​នោះ​ទេ ... ដូច្នេះ​បន្ទូល​នោះ​មិន​ដែល​ឥត​ន័យ​ឥត​ប្រយោជន៍​ហាក់បី​ដូច​ជា​មាន​បន្ទូល​ហើយ​មិន​គិត​ដល់​បន្ទូល​នោះ​ទៀត​ទេ ដ្បិត​បន្ទូល​នោះ​ជា​ចំណង​ចង​ភ្ជាប់​ទៅ​នឹង​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់»។

១៥ តើ​សារ​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ​មាន​ឥទ្ធិពល​ខ្លាំង​ប៉ុន​ណា​ទៅ? សារ​នោះ​មាន​ឥទ្ធិពល​ខ្លាំង​មហិមា។ ប៉ុល​បាន​សរសេរ​យ៉ាង​សមរម្យ​ថា​៖​«ព្រះ​បន្ទូល​នៃ​ព្រះ​នោះ​រស់​នៅ ហើយ​ពូកែ​ផង ក៏​មុត​ជាង​ដាវ​ណា​មាន​មុខ​២ ទាំង​ធ្លុះ​ចូល​ទៅ ទាល់តែ​កាត់​ព្រលឹង​នឹង​វិញ្ញាណ ហើយ​សន្លាក់​នឹង​ខួរ​ឆ្អឹង​ដាច់​ពី​គ្នា ទាំង​ពិចារណា​អស់​ទាំង​គំនិត​ដែល​ចិត្ត​គិត ហើយ​ដែល​សំរេច​ដែរ»។—ហេព្រើរ ៤:១២

១៦​. តើ​ព្រះ​បន្ទូល​របស់​ព្រះ​អាច​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​កែ​ប្រែ​ប៉ុន​ណា​ទៅ?

១៦ សារ​ក្នុង​ព្រះ​គម្ពីរ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​គឺ​«មុត​ជាង​ដាវ​ណា​មាន​មុខ​២»​ទៅ​ទៀត។ ដូច្នេះ សារ​នោះ​ហាក់បី​ដូច​ជា​មាន​កម្លាំង​ចាក់​ធ្លុះ​ជ្រៅ​ជាង​ឧបករណ៍​ណា​របស់​មនុស្ស​ជាតិ។ ព្រះ​បន្ទូល​របស់​ព្រះ​ហាក់បី​ដូច​ជា​ចាក់​ទម្លុះ​ដល់​ធាតុ​ពិត​របស់​មនុស្ស​ម្នាក់​និង​ជំរុញ​ឲ្យ​កែ​ប្រែ​លក្ខណៈ​ខាង​ក្នុង ដោយ​មាន​អានុភាព​ទៅ​លើ​របៀប​គាត់​គិតគូរ អ្វី​ដែល​គាត់​ស្រឡាញ់ ហើយ​ធ្វើ​ឲ្យ​គាត់​ទៅ​ជា​អ្នក​ធ្វើ​ការ​ជា​មួយ​ព្រះ​ដែល​ព្រះ​សព្វ​ព្រះ​ហឫទ័យ។ ព្រះ​បន្ទូល​របស់​ព្រះ​ពិត​ជា​ឧបករណ៍​មួយ​ពូកែ​ណាស់!

១៧​. សូម​ពន្យល់​អំពី​ឥទ្ធិពល​ដែល​ព្រះ​បន្ទូល​របស់​ព្រះ​បាន​ជំរុញ​ឲ្យ​កែ​ប្រែ។

១៧ ព្រះ​បន្ទូល​របស់​ព្រះ​ទម្លាយ​ឲ្យ​ឃើញ​ធាតុ​ពិត​របស់​មនុស្ស​ម្នាក់ ជាជាង​លក្ខណៈ​ដែល​គាត់​នឹក​ស្មាន​ថា​ខ្លួន​មាន​ឬ​ក៏​លក្ខណៈ​ដែល​គាត់​ឲ្យ​អ្នក​ឯ​ទៀត​ឃើញ។ (សាំយូអែលទី១ ១៦:៧) សូម្បីតែ​មនុស្ស​ទុច្ចរិត​ក៏​អាច​លាក់​ធាតុ​ពិត​របស់​ខ្លួន​ដោយ​ធ្វើ​ពុត​ជា​មនុស្ស​សុភាព​ឬ​មនុស្ស​ដែល​គោរព​ព្រះ ដូច​ជា​យក​ដែក​ដែល​មាន​ច្រែះ​ស៊ី​ទៅ​លាប​ពណ៌​ឲ្យ​ឃើញ​ស្អាត​វិញ។ មនុស្ស​កាច​អាក្រក់​ក្លែង​ខ្លួន​ជា​មនុស្ស​ល្អ​ដោយ​មាន​បំណង​អាក្រក់។ មនុស្ស​អួត​ខ្លួន​ចង់​ឲ្យ​មនុស្ស​សរសើរ ដូច្នេះ​ពួក​គេ​ធ្វើ​ពុត​ជា​មនុស្ស​រាប​ទាប​ដូច​ជា​តួ​ល្ខោន​ពាក់​មុខ​ដើរ​តួ។ ប៉ុន្តែ ដោយសារ​ព្រះ​បន្ទូល​របស់​ព្រះ​អាច​ស​ឲ្យ​ឃើញ​លក្ខណៈ​ពិត​នៅ​ក្នុង​ចិត្ត​វិញ នោះ​អាច​ជំរុញ​អ្នក​ដែល​មាន​ចិត្ត​រាប​ទាប​យ៉ាង​ខ្លាំង​ឲ្យ​ដោះ​ចោល​នូវ​មនុស្ស​ចាស់​ហើយ​«ប្រដាប់​ខ្លួន ដោយ​មនុស្ស​ថ្មី​វិញ ដែល​កើត​មក​ក្នុង​សេចក្ដី​សុចរិត ហើយ​ក្នុង​សេចក្ដី​បរិសុទ្ធ​របស់​ផង​សេចក្ដី​ពិត តាម​ភាព​ព្រះ»។ (អេភេសូរ ៤:២២​-​២៤) សេចក្ដី​បង្រៀន​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ​អាច​ជំរុញ​ឲ្យ​មនុស្ស​អៀន​ប្រៀន​ប្រែ​ក្លាយ​ទៅ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ដ៏​មោះ​មុត​ក្លាហាន​ហើយ​ជា​អ្នក​ប្រកាស​ដ៏​ខ្នះ​ខ្នែង​អំពី​ព្រះ​រាជាណាចក្រ​ព្រះ។—យេរេមា ១:៦​-​៩

១៨, ១៩​. ដោយ​មាន​មូលដ្ឋាន​លើ​វគ្គ​ទាំង​ពីរ​នេះ​ឬ​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​ដែល​មាន​ក្នុង​កិច្ច​ផ្សាយ សូម​រៀប​រាប់​អំពី​របៀប​ដែល​សេចក្ដី​ពិត​ក្នុង​បទ​គម្ពីរ​អាច​កែ​ប្រែ​ទស្សនៈ​របស់​មនុស្ស។

១៨ ឥទ្ធិពល​ជំរុញ​ឲ្យ​កែ​ប្រែ​ដែល​ព្រះ​បន្ទូល​របស់​ព្រះ​មាន​នោះ មាន​អានុភាព​ល្អ​ទៅ​លើ​មនុស្ស​នៅ​គ្រប់​ទី​កន្លែង។ ជា​ឧទាហរណ៍ អ្នក​ប្រកាស​ពី​ព្រះ​រាជាណាចក្រ​ព្រះ​នៅ​ទី​ក្រុង​ភ្នំ​ពេញ​ប្រទេស​កម្ពុជា​បាន​ចុះ​ទៅ​ខេត្ត​កំពង់ចាម។ ដោយសារ​គ្រូ​គង្វាល​គ្រីស្ទ​សាសនា​ម្នាក់​នៅ​ទី​នោះ​បាន​ឮ​ពួក​បព្វជិត​និយាយ​អាក្រក់​អំពី​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា នោះ​គាត់​បាន​រៀប​ចំ​ជួប​ស្មរបន្ទាល់​នៅ​លើក​ក្រោយ​ដែល​ពួក​គេ​ទៅ​ខេត្ត​នោះ។ គ្រូ​គង្វាល​នោះ​បាន​សួរ​សំនួរ​ជា​ច្រើន​ផ្ទួនៗ​គ្នា​អំពី​ការ​ធ្វើ​ពិធី​បុណ្យ​ផ្សេងៗ និង​បាន​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​ពេល​ស្មរបន្ទាល់​បាន​វែកញែក​ជា​មួយ​នឹង​គាត់​ពី​បទ​គម្ពីរ។ ក្រោយ​មក គាត់​បាន​ឧទាន​ថា​៖​«ឥឡូវ​ខ្ញុំ​ដឹង​ថា​អ្វី​ដែល​គ្រូ​គង្វាល​ឯ​ទៀត​បាន​និយាយ​អំពី​ពួក​អ្នក គឺ​មិន​ពិត​ទេ! ពួក​គេ​បាន​អះអាង​ថា​អ្នក​មិន​ប្រើ​ព្រះ​គម្ពីរ​ទេ ប៉ុន្តែ​ព្រឹក​នេះ អ្នក​បាន​ប្រើ​ព្រះ​គម្ពីរ​តែ​ប៉ុណ្ណោះ!»។

១៩ គ្រូ​គង្វាល​នេះ​បាន​បន្ត​ពិគ្រោះ​អំពី​ព្រះ​គម្ពីរ​ជា​មួយ​នឹង​ស្មរបន្ទាល់​នៅ​ពេល​ក្រោយៗ​ទៀត ហើយ​មិន​បាន​អនុញ្ញាត​ឲ្យ​អ្នក​ដទៃ​រារាំង​ដោយ​គំរាម​កំហែង​ថា​គាត់​នឹង​ត្រូវ​ដក​ហូត​ពី​តំណែង​ជា​គ្រូ​គង្វាល​នោះ។ គាត់​បាន​ប្រាប់​មិត្តភក្ដិ​ម្នាក់​អំពី​ការ​ពិគ្រោះ​នោះ​ហើយ​មិត្ត​នោះ​បាន​ចាប់​ផ្ដើម​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​ស្មរបន្ទាល់​ផង​ដែរ។ មិត្តភក្ដិ​នោះ​បាន​រំភើប​ចិត្ត​អំពី​អ្វី​ដែល​គាត់​បាន​រៀន​ដល់​ម្ល៉េះ​ដែល​នៅ​ព្រះ​វិហារ គាត់​បាន​ពោល​ថា​«សូម​ទាំង​អស់​គ្នា​មក​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា!»។ មិន​យូរ​ក្រោយ​នោះ គ្រូ​គង្វាល​នេះ និង​អ្នក​ឯ​ទៀត​បាន​ចាប់​ផ្ដើម​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

២០​. តើ​បទ​ពិសោធន៍​របស់​ស្ត្រី​ម្នាក់​នៅ​ប្រទេស​ហ្គា​ណា​បង្ហាញ​ពី​ឥទ្ធិពល​នៃ​ព្រះ​បន្ទូល​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច?

២០ ឥទ្ធិពល​នៃ​ព្រះ​បន្ទូល​របស់​ព្រះ​ក៏​ត្រូវ​បាន​បញ្ជាក់​ដោយ​ករណី​របស់​លោក​ស្រី​ផល្លី​ណា​នៅ​ប្រទេស​ហ្គា​ណា។ អ្នក​ប្រកាស​ព្រះ​រាជាណាចក្រ​ពេញ​ពេល​ម្នាក់​បាន​បង្រៀន​គាត់​អំពី​ព្រះ​គម្ពីរ​ដោយ​ប្រើ​សៀវភៅ​ចំណេះ​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់កល្ប​ជានិច្ច។ * ផល្លី​ណា​មាន​ប្ដី​ដែល​មាន​ប្រពន្ធ​ច្រើន ហើយ​ផល្លី​ណា​យល់​ឃើញ​ថា​គាត់​ត្រូវ​កែ​ប្រែ​ស្ថានភាព​នេះ ប៉ុន្តែ​ប្ដី​និង​សាច់​ញាតិ​ទាំង​អស់​របស់​គាត់​បាន​ប្រឆាំង​យ៉ាង​ឃោរឃៅ។ ជីតា​របស់​ផល្លី​ណា​ជា​ចៅក្រម​ក្នុង​តុលាការ​ជាន់​ខ្ពស់​ហើយ​ក៏​ជា​ចាស់​ទុំ​ក្នុង​ព្រះ​វិហារ​មួយ​ដែរ។ លោក​បាន​ខំ​បញ្ចុះបញ្ចូល​ផល្លី​ណា​ដោយ​ពន្យល់​ម៉ាថាយ ១៩:៤​-​៦​ខុស​អត្ថន័យ។ ចៅក្រម​នោះ​និយាយ​ហាក់បី​ដូច​ជា​ត្រូវ​ដែរ ប៉ុន្តែ ផល្លី​ណា​ទទួល​ស្គាល់​យ៉ាង​លឿន​ថា នេះ​ស្រដៀង​គ្នា​នឹង​ពេល​សាតាំង​មួល​បង្កាច់​បន្ទូល​របស់​ព្រះ​ពេល​វា​ខំ​ល្បួង​ព្រះ​យេស៊ូ​គ្រីស្ទ។ (ម៉ាថាយ ៤:៥​-​៧) ផល្លី​ណា​នឹក​ចាំ​ពី​បន្ទូល​ដ៏​ច្បាស់​លាស់​របស់​ព្រះ​យេស៊ូ​អំពី​អាពាហ៍ពិពាហ៍​ថា ព្រះ​បាន​បង្កើត​មនុស្ស​ប្រុស​មួយ​និង​ស្រី​មួយ មិន​មែន​ប្រុស​មួយ​ហើយ​ស្រី​ច្រើន​ទេ ហើយ​ថា​ពីរ​នាក់​ទៅ​ជា​សាច់​តែ​មួយ មិន​មែន​បី​នាក់​រួម​ជា​សាច់​តែ​មួយ​ទេ។ ផល្លី​ណា​បាន​ប្រកាន់​តាម​ការ​សម្រេច​ចិត្ត​របស់​គាត់ ហើយ​ទីបំផុត​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​លែង​លះ​តាម​ប្រពៃណី​ពី​អាពាហ៍ពិពាហ៍​ដែល​មាន​ប្រពន្ធ​ច្រើន​នោះ។ បន្ដិច​ក្រោយ​មក គាត់​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ទៅ​ជា​អ្នក​ប្រកាស​ព្រះ​រាជាណាចក្រ​ដ៏​សប្បាយ​ម្នាក់។

ចូរ​បន្ត​កាត់​ស្រាយ​ព្រះ​បន្ទូល​របស់​ព្រះ​យ៉ាង​ត្រឹម​ត្រូវ​ជានិច្ច

២១, ២២​. (ក) ក្នុង​នាម​ជា​អ្នក​ប្រកាស​ពី​ព្រះ​រាជាណាចក្រ តើ​យើង​គួរ​តាំង​ចិត្ត​ធ្វើ​អ្វី? (ខ) តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​ក្រោយ?

២១ ព្រះ​បន្ទូល​របស់​ព្រះ​ក្នុង​ព្រះ​គម្ពីរ​ពិត​ជា​ឧបករណ៍​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ណាស់​ដែល​យើង​អាច​ប្រើ​ជួយ​អ្នក​ឯ​ទៀត​កែ​ប្រែ​ជីវិត​ដើម្បី​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា។ (យ៉ាកុប ៤:៨) ដូច​ជាជាង​ម្នាក់​ដ៏​ឆ្នើម​ប្រើ​ឧបករណ៍​ធ្វើ​ការ​យ៉ាង​ប៉ិនប្រសប់​និង​បាន​លទ្ធផល​ល្អ ចូរ​យើង​តាំង​ចិត្ត​ព្យាយាម​ឲ្យ​អស់​ពី​ចិត្ត​ដើម្បី​ប្រើ​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ព្រះ​គម្ពីរ​ដោយ​ប៉ិនប្រសប់​ក្នុង​កិច្ចការ​ដែល​ព្រះ​បាន​ប្រទាន​ជា​អ្នក​ប្រកាស​អំពី​ព្រះ​រាជាណាចក្រ។

២២ តើ​តាម​របៀប​ណា​ដែល​យើង​អាច​ប្រើ​បទ​គម្ពីរ​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​ជាង​ក្នុង​កិច្ចការ​ណែនាំ​ឲ្យ​មនុស្ស​ទៅ​ជា​សិស្ស​នោះ? វិធី​មួយ​គឺ​ដោយ​បណ្ដុះ​បណ្ដាល​សមត្ថភាព​របស់​យើង​ជា​គ្រូ​បង្រៀន​ដែល​ចេះ​បញ្ជាក់​ហេតុ​ផល​នាំ​ឲ្យ​ជឿ។ សូម​ផ្ចង់​អារម្មណ៍​ទៅ​លើ​អត្ថបទ​ក្រោយ​ដែល​លើក​ឡើង​វិធី​បង្រៀន​និង​វិធី​ជួយ​អ្នក​ឯ​ទៀត​ជឿ​តាម​សារ​ព្រះ​រាជាណាចក្រ។

[កំណត់​សម្គាល់]

^ វគ្គ 20 បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា

តើ​អ្នក​ចាំ​ទេ?

តើ​អ្នក​ប្រកាស​ពី​ព្រះ​រាជាណាចក្រ​មាន​ឧបករណ៍​អ្វី​ខ្លះ?

ហេតុ​ដូច​ម្ដេច​ខ្លះ​បាន​ជា​ប៉ុល​ជា​គំរូ​ល្អ​ពី​អ្នក​ធ្វើ​ការ ដើម្បី​ព្រះ​រាជាណាចក្រ?

តើ​ការ​កាត់​ស្រាយ​ព្រះ​បន្ទូល​របស់​ព្រះ​យ៉ាង​ត្រឹម​ត្រូវ​រួមបញ្ចូល​អ្វី​ខ្លះ?

តើ​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា​ក្នុង​ព្រះ​គម្ពីរ​មាន​ឥទ្ធិពល​ខ្លាំង​ប៉ុន​ណា​ទៅ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​២០]

ឧបករណ៍​ខ្លះៗ​ដែល​ជន​គ្រីស្ទាន​ប្រើ ក្នុង​កិច្ច​ប្រកាស​ពី​ព្រះ​រាជាណាចក្រ