លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរផ្សាយក្នុងបំណងបញ្ចុះបញ្ចូលឲ្យមានសិស្ស

ចូរផ្សាយក្នុងបំណងបញ្ចុះបញ្ចូលឲ្យមានសិស្ស

ចូរ​ផ្សាយ​ក្នុង​បំណង​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស

«កាល​អ័គីឡា នឹង​ព្រីស៊ីល​បាន​ឮ​[អ័ប៉ុឡូស] នោះ​ក៏​នាំ​ទៅ​ពន្យល់​ពី​ផ្លូវ​ព្រះ ឲ្យ​រឹតតែ​ច្បាស់​ទៅ​ទៀត»។—កិច្ចការ ១៨:២៦

១​. ទោះ​ជា​អ័ប៉ុឡូស​«មាន​ចិត្ត​ឧស្សាហ៍»​ដោយសារ​ព្រះវិញ្ញាណ​ក៏​ពិត​មែន តែ​តើ​គាត់​ត្រូវ​ការ​អ្វី?

ព្រីស៊ីល​និង​អ័គីឡា គូ​ស្វាមី​ភរិយា​ដែល​ជា​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ​បាន​ស្ដាប់​អ័ប៉ុឡូស​ថ្លែង​សុន្ទរកថា​មួយ​នៅ​សាលា​ប្រជុំ​នៅ​ទី​ក្រុង​អេភេសូរ។ អ័ប៉ុឡូស​បាន​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ជក់​ចិត្ត​ដោយ​គាត់​បញ្ចេញ​វោហារ​និង​ប្រើ​វិធី​សាស្ត្រ​បញ្ចុះបញ្ចូល។ អ័ប៉ុឡូស​«មាន​ចិត្ត​ឧស្សាហ៍»​ដោយ​សារ​ព្រះ​វិញ្ញាណ ហើយ​បាន​«បង្រៀន​យ៉ាង​ត្រឹម​ត្រូវ ពី​អស់​ទាំង​សេចក្ដី​ខាង​ឯ[ព្រះ​យេស៊ូ]»។ ក៏​ប៉ុន្តែ ព្រីស៊ីល​និង​អ័គីឡា​ឃើញ​ថា​អ័ប៉ុឡូស​«ស្គាល់​តែ​បុណ្យ​ជ្រមុជ​របស់​លោក​យ៉ូហាន»​ប៉ុណ្ណោះ។ អ័ប៉ុឡូស​បាន​ផ្សព្វផ្សាយ​អ្វី​ដែល​ជា​សេចក្ដី​ពិត​អំពី​ព្រះ​គ្រីស្ទ​មែន តែ​បញ្ហា​គឺ ចំណេះ​របស់​គាត់​អំពី​ព្រះ​គ្រីស្ទ​មិន​បាន​ស៊ី​ជំរៅ​ទេ។ អ័ប៉ុឡូស​ត្រូវ​តែ​បង្កើន​ចំណេះ​របស់​គាត់​អំពី​តួ​នាទី​របស់​ព្រះ​យេស៊ូ​គ្រីស្ទ​ក្នុង​ការ​សម្រេច​នូវ​គោល​បំណង​របស់​ព្រះ​យេហូវ៉ា។—កិច្ចការ ១៨:២៤​-​២៦

២​. ទោះ​ជា​ពិបាក​ក៏​ដោយ តើ​ព្រីស៊ីល​និង​អ័គីឡា​បាន​សុខ​ចិត្ត​ធ្វើ​អ្វី?

ដោយ​មិន​ស្ទាក់ស្ទើរ ព្រីស៊ីល​និង​អ័គីឡា​បាន​ស្នើ​សុំ​ជួយ​អ័ប៉ុឡូស​ឲ្យ​កាន់​តាម​«គ្រប់​ទាំង​សេចក្ដី»​ដែល​ព្រះ​គ្រីស្ទ​បាន​បង្គាប់។ (ម៉ាថាយ ២៨:១៩, ២០)។ កំណត់​ហេតុ​នេះ​ចែង​ថា ពួក​គាត់​នាំ​អ័ប៉ុឡូស​«ទៅ​ពន្យល់​ពី​ផ្លូវ​ព្រះ ឲ្យ​រឹតតែ​ច្បាស់​ទៅ​ទៀត»។ ក៏​ប៉ុន្តែ អ័ប៉ុឡូស​មាន​លក្ខណៈ​ខ្លះៗ​ដែល​ប្រហែល​ជា​នាំ​ឲ្យ​ជន​គ្រីស្ទាន​ខ្លះ​ស្ទាក់ស្ទើរ​មិន​ចង់​បង្រៀន​គាត់​ទេ។ តើ​គាត់​មាន​លក្ខណៈ​អ្វី​ខ្លះ? ហើយ​តើ​ការ​ព្យាយាម​របស់​ព្រីស៊ីល​និង​អ័គីឡា​ក្នុង​ការ​ពន្យល់​បទ​គម្ពីរ​ដល់​អ័ប៉ុឡូស​ផ្ដល់​មេ​រៀន​អ្វី​សំរាប់​ពួក​យើង? តើ​ការ​ពិចារណា​កំណត់​ហេតុ​ប្រវត្ដិសាស្ត្រ​នេះ​ជួយ​យើង​ផ្ដោ​ត​អារម្មណ៍​ទៅ​លើ​ការ​ចាប់​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ​តាម​ផ្ទះ​យ៉ាង​ដូច​ម្ដេច?

ផ្ដោ​ត​អារម្មណ៍​ចំពោះ​សេចក្ដី​ត្រូវ​ការ​របស់​មនុស្ស

៣​. ហេតុ​អ្វី​បាន​ជា​សាវតារ​របស់​អ័ប៉ុឡូស​មិន​បាន​នាំ​ឲ្យ​ព្រីស៊ីល​និង​អ័គីឡា​រា​ថយ​មិន​ចង់​បង្រៀន​គាត់?

តាម​មើល​ទៅ អ័ប៉ុឡូស​ជា​ជនជាតិ​យូដា​ដែល​ត្រូវ​ចិញ្ចឹម​អប់រំ​នៅ​ទី​ក្រុង​អ័លេក្សានទ្រា។ នៅ​សម័យ​នោះ ទី​ក្រុង​អ័លេក្សានទ្រា​ជា​រាជធានី​នៃ​ប្រទេស​អេស៊ីប ជា​មណ្ឌល​នៃ​ការ​អប់រំ​ជាន់​ខ្ពស់ ហើយ​ជា​ទី​ក្រុង​ល្បី​ដោយសារ​មាន​បណ្ណាល័យ​ដ៏​ធំ​មួយ​នៅ​ទី​នោះ។ ជនជាតិ​យូដា​ជា​ច្រើន​នាក់​ព្រម​ទាំង​បណ្ឌិត​មួយ​ចំនួន​បាន​រស់​នៅ​ទី​ក្រុង​នោះ​ដែរ។ ហេតុ​នេះ សេចក្ដី​បកប្រែ​ភាសា​ក្រិច​នៃ​បទ​គម្ពីរ​ភាសា​ហេព្រើរ​ដែល​ហៅ​ថា​សេបទូជីន ត្រូវ​បាន​បកប្រែ​នៅ​ទី​ក្រុង​នោះ។ ដូច្នេះ​គ្មាន​អ្វី​ចំឡែក​ទេ​ដែល​អ័ប៉ុឡូស​«ចេះ​ស្ទាត់​ក្នុង​គម្ពីរ»! ចំណែក​អ័គីឡា​និង​ព្រីស៊ីល​ជាជាង​ត្រសាល។ តើ​វោហារ​កោស​ល្យ​របស់​អ័ប៉ុឡូស​ធ្វើ​ឲ្យ​ពួក​គាត់​គិត​ថា​ខ្លួន​គ្មាន​សមត្ថភាព​ជួយ​គាត់​ឬ​ទេ? អត់​ទេ! សេចក្ដី​ស្រឡាញ់​បាន​ជំរុញ​ពួក​គាត់​ឲ្យ​គិត​ពី​សេចក្ដី​ត្រូវ​ការ​របស់​អ័ប៉ុឡូស និង​របៀប​ដែល​អាច​ជួយ​គាត់​បាន។

៤​. ជំនួយ​ដែល​អ័ប៉ុឡូស​ត្រូវ​ការ តើ​គាត់​អាច​ទទួល​បាន​នៅ​កន្លែង​ណា? ហើយ​តើ​គាត់​ទទួល​បាន​យ៉ាង​ដូច​ម្ដេច?

មិន​ថា​អ័ប៉ុឡូស​មាន​វោហារ​យ៉ាង​ណា​ក្ដី គាត់​នៅ​តែ​ត្រូវ​ការ​ការ​ណែនាំ​ថែម​ទៀត។ ជំនួយ​ដែល​គាត់​ត្រូវ​ការ​មិន​អាច​ទទួល​បាន​ពី​សកល​វិទ្យាល័យ​ណា​មួយ​នោះ​ទេ តែ​អាច​ទទួល​ពី​ចំណោម​សមាជិក​គ្នីគ្នា​ក្នុង​ក្រុមជំនុំ​វិញ។ អ័ប៉ុឡូស​នឹង​រៀន​ចំណុច​ផ្សេងៗ​ដែល​នឹង​ជួយ​ឲ្យ​គាត់​យល់​ដឹង​យ៉ាង​ត្រឹម​ត្រូវ​ជាង​អំពី​ការ​រៀប​ចំ​របស់​ព្រះ​សំរាប់​សេចក្ដី​សង្គ្រោះ។ ព្រីស៊ីល​និង​អ័គីឡា​«នាំ[អ័ប៉ុឡូស]ទៅ​ពន្យល់​ពី​ផ្លូវ​ព្រះ ឲ្យ​រឹតតែ​ច្បាស់​ទៅ​ទៀត»។

៥​. តើ​ព្រីស៊ីល​និង​អ័គីឡា​មាន​ភាព​ខាង​វិញ្ញាណ​យ៉ាង​ណា?

ព្រីស៊ីល​និង​អ័គីឡា​មាន​ភាព​រឹង​មាំ​ខាង​វិញ្ញាណ​ក៏​មាន​ជំនឿ​មុត​មាំ​ដែរ។ ពួក​គាត់​ទំនង​ជា‹ប្រុង​ប្រៀប​ជានិច្ច ដើម្បី​នឹង​តប​ឆ្លើយ​ដល់​អ្នក​ណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្ដី​សង្ឃឹម​របស់​ពួក​គាត់› មិន​ថា​អ្នក​ដែល​សួរ​ជា​អ្នក​មាន អ្នក​ក្រ បណ្ឌិត ឬ​ទាសករ​ក្ដី។ (ពេត្រុសទី១ ៣:១៥) អ័គីឡា​និង​ភរិយា​របស់​គាត់​មាន​សមត្ថភាព‹កាត់​ស្រាយ​ព្រះ​បន្ទូល​របស់​ព្រះ​យ៉ាង​ត្រឹម​ត្រូវ›។ (ធីម៉ូថេទី២ ២:១៥) តាម​មើល​ទៅ ពួក​គាត់​ទំនង​ជា​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​សិក្សា​បទ​គម្ពីរ។ ការ​ណែនាំ​ដែល​មាន​មូលដ្ឋាន​លើ‹ព្រះ​បន្ទូល​នៃ​ព្រះ​ដែល​រស់​នៅ ហើយ​ពូកែ​ផង›ក៏​បាន​មាន​អានុភាព​ខ្លាំង​លើ​ចិត្ត​របស់​អ័ប៉ុឡូស។—ហេព្រើរ ៤:១២

៦​. តើ​យើង​អាច​ដឹង​ដូច​ម្ដេច​ថា អ័ប៉ុឡូស​បាន​អបអរ​នឹង​ជំនួយ​ដែល​គាត់​បាន​ទទួល?

អ័ប៉ុឡូស​បាន​អបអរ​នឹង​គំរូ​នៃ​អ្នក​បង្រៀន​ទាំង​ពីរ​របស់​គាត់ ហើយ​ជា​លទ្ធផល​គាត់​មាន​សមត្ថភាព​រឹតតែ​ច្រើន​ក្នុង​ការ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស។ អ័ប៉ុឡូស​បាន​ប្រើ​ចំណេះ​របស់​គាត់​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​បំផុត​ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ ជា​ពិសេស​ក្នុង​ចំណោម​ជនជាតិ​យូដា។ គាត់​បាន​ជួយ​យ៉ាង​ច្រើន​ក្នុង​ការ​បញ្ចុះបញ្ចូល​ជនជាតិ​យូដា​ឲ្យ​ជឿ​លើ​ព្រះ​គ្រីស្ទ។ ដោយ​«ចេះ​ស្ទាត់​ក្នុង​គម្ពីរ»​គាត់​បាន​បង្ហាញ​ភស្តុតាង​ឲ្យ​ពួក​គេ​យល់​ថា ព្យាការី​គ្រប់​រូប​ពី​បុរាណ​ក៏​បាន​ទាយ​អំពី​ការ​យាង​មក​ដល់​នៃ​ព្រះ​គ្រីស្ទ​ដែរ។ (កិច្ចការ ១៨:២៤) កំណត់​ហេតុ​នោះ​ក៏​ថា អ័ប៉ុឡូស​បាន​ទៅ​តំបន់​អាខៃ ហើយ​ទី​នោះ​«គាត់​ក៏​ជួយ​យ៉ាង​សន្ធឹក ដល់​ពួក​អ្នក​ដែល​ជឿ​ដោយ​ព្រះ​គុណ ព្រោះ​គាត់​ជជែក​ផ្ចាញ់​ពួក​សាសន៍​យូដា នៅ​កណ្ដាល​ជំនុំ ដោយ​ប៉ិនប្រសប់ ទាំង​បង្ហាញ​តាម​គម្ពីរ​ថា ព្រះ​យេស៊ូវ​ជា​ព្រះ​គ្រីស្ទ​មែន»។—កិច្ចការ ១៨:២៧, ២៨

ចូរ​រៀន​ពី​គំរូ​របស់​អ្នក​បង្រៀន​ឯ​ទៀត

៧​. តើ​អ័គីឡា​និង​ព្រីស៊ីល​បាន​ទៅ​ជា​អ្នក​បង្រៀន​ដ៏​ចំណាន​យ៉ាង​ដូច​ម្ដេច?

តើ​អ័គីឡា​និង​ព្រីស៊ីល​បាន​ទៅ​ជា​អ្នក​ដែល​បង្រៀន​ព្រះ​បន្ទូល​របស់​ព្រះ​យ៉ាង​ប៉ិនប្រសប់​ដោយ​ដូច​ម្ដេច? ក្រៅ​ពី​ការ​ព្យាយាម​សិក្សា​ផ្ទាល់​ខ្លួន​និង​ចូល​រួម​កិច្ច​ប្រជុំ​នោះ ការ​សេពគប់​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​សាវ័ក​ប៉ុល​ទំនង​ជា​បាន​ជួយ​យ៉ាង​ច្រើន។ អស់​១៨​ខែ ប៉ុល​បាន​ស្នាក់​នៅ​ផ្ទះ​របស់​ព្រីស៊ីល​និង​អ័គីឡា​នៅ​ទី​ក្រុង​កូរិនថូស។ ពួក​គាត់​ក៏​បាន​ធ្វើ​ការ​ជាជាង​ត្រសាល​ជា​មួយ​គ្នា​ផង​ដែរ។ (កិច្ចការ ១៨:២, ៣) ពួក​គាត់​ច្បាស់​ជា​ធ្លាប់​សន្ទនា​អំពី​រឿង​ខាង​វិញ្ញាណ​ដ៏​ជ្រាល​ជ្រៅ។ ហើយ​ការ​សេពគប់​យ៉ាង​ជិត​ស្និទ្ធ​ដូច្នេះ​ជា​មួយ​ប៉ុល​ពិត​ជា​បាន​បង្កើន​ភាព​ខាង​វិញ្ញាណ​របស់​ពួក​គាត់​ច្រើន​ណាស់! សុភាសិត ១៣:២០​ចែង​ថា​៖​«អ្នក​ណា​ដែល​ដើរ​ជា​មួយ​នឹង​មនុស្ស​ប្រាជ្ញ នោះ​នឹង​មាន​ប្រាជ្ញា​ដែរ»។ បើ​មាន​ការ​សេពគប់​ដ៏​ល្អ នោះ​មាន​ឥទ្ធិពល​ប្រសើរ​ទៅ​លើ​កិរិយា​និង​សកម្មភាព​ខាង​វិញ្ញាណ​របស់​ពួក​គាត់។—កូរិនថូសទី១ ១៥:៣៣

៨​. ដោយ​សង្កេត​មើល​របៀប​ដែល​ប៉ុល​ផ្សព្វផ្សាយ​នោះ តើ​ព្រីស៊ីល​និង​អ័គីឡា​បាន​រៀន​អ្វី?

នៅ​ពេល​ព្រីស៊ីល​និង​អ័គីឡា​បាន​មើល​ប៉ុល​ប្រកាស​សារ​ព្រះ​រាជាណាចក្រ​នោះ ពួក​គាត់​ឃើញ​អ្នក​បង្រៀន​ម្នាក់​ដែល​ជា​គំរូ​ល្អ។ កំណត់​ហេតុ​នៅ​កិច្ចការ​ចែង​ថា ប៉ុល​«អធិប្បាយ​នៅ​ក្នុង​សាលា​ប្រជុំ​[នៅ​ទី​ក្រុង​កូរិនថូស]រាល់​តែ​ថ្ងៃ​ឈប់​សំរាក ព្រម​ទាំង​បញ្ចុះបញ្ចូល​ពួក​សាសន៍​យូដា នឹង​សាសន៍​ក្រេក​ឲ្យ​ជឿ​ផង»។ ក្រោយ​មក ពេល​ស៊ីឡាស​និង​ធីម៉ូថេ​បាន​ចូល​រួម​ជា​មួយ​នឹង​គាត់ ប៉ុល​«មាន​សេចក្ដី​បង្ខំ​ក្នុង​ចិត្ត ឲ្យ​ផ្សាយ​ព្រះ​បន្ទូល ក៏​ធ្វើ​បន្ទាល់​អស់​ពី​ចិត្ត​ដល់​សាសន៍​យូដា​ថា ព្រះ​យេស៊ូវ​ជា​ព្រះ​គ្រីស្ទ​ពិត»។ ពេល​ឃើញ​ថា​អ្នក​នៅ​សាលា​ប្រជុំ​មិន​សូវ​ចាប់​អារម្មណ៍​ប៉ុន្មាន​ទេ នោះ​ព្រីស៊ីល​និង​អ័គីឡា​បាន​កត់​សម្គាល់​ថា​ប៉ុល​ប្ដូរ​ទៅ​កន្លែង​ល្អ​ជាង​ដើម្បី​ផ្សាយ គឺ​ផ្ទះ​មួយ​ដែល​ជាប់​សាលា​ប្រជុំ​តែ​ម្ដង។ ទី​នោះ​ប៉ុល​បាន​ជួយ​គ្រីសប៉ុស​ដែល​ជា​«មេសា​លា​ប្រជុំ»​ឲ្យ​ទៅ​ជា​សិស្ស​ព្រះ​យេស៊ូ។ ព្រីស៊ីល​និង​អ័គីឡា​ទំនង​ជា​បាន​កត់​សម្គាល់​ថា ការ​បញ្ចុះបញ្ចូល​បាន​សិស្ស​មួយ ពិត​ជា​បាន​មាន​អានុភាព​ខ្លាំង​ដែល​នាំ​ឲ្យ​តំបន់​ផ្សាយ​បង្កើត​ផល​ជា​ច្រើន។ កំណត់​ហេតុ​នោះ​ចែង​ថា​៖​«គ្រីសប៉ុស . . . គាត់​ជឿ​ដល់​ព្រះ​អម្ចាស់ ព្រម​ទាំង​ពួក​គ្រួ​គាត់​ទាំង​អស់​ដែរ ក៏​មាន​ពួក​ក្រុង​កូរិនថូស​បាន​ស្ដាប់​ហើយ​ជឿ​ជា​ច្រើន ទាំង​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ផង»។—កិច្ចការ ១៨:៤​-​៨

៩​. តើ​ព្រីស៊ីល​និង​អ័គីឡា​បាន​ប្រព្រឹត្ត​តាម​គំរូ​របស់​ប៉ុល​យ៉ាង​ដូច​ម្ដេច?

មនុស្ស​ឯ​ទៀត​ដែល​ជា​អ្នក​ប្រកាស​អំពី​ព្រះ​រាជាណាចក្រ​បាន​ធ្វើ​តាម​គំរូ​របស់​ប៉ុល​ក្នុង​កិច្ច​ផ្សាយ ដូច​ជា​ព្រីស៊ីល​និង​អ័គីឡា​ជា​ដើម។ សាវ័ក​ប៉ុល​បាន​ដាស់​តឿន​គ្រីស្ទាន​ឯ​ទៀត​ថា​៖ «ចូរ​ត្រាប់​តាម​ខ្ញុំ ដូច​ជា​ខ្ញុំ​បាន​ត្រាប់​តាម​ព្រះ​គ្រីស្ទ​ដែរ»។ (កូរិនថូសទី១ ១១:១) សម​ស្រប​ទៅ​តាម​គំរូ​របស់​ប៉ុល នោះ​ព្រីស៊ីល​និង​អ័គីឡា​បាន​ជួយ​អ័ប៉ុឡូស​យល់​ឲ្យ​បាន​ត្រឹម​ត្រូវ​ជាង​អំពី​សេចក្ដី​បង្រៀន​របស់​ព្រះ​គ្រីស្ទ។ បន្ទាប់​មក អ័ប៉ុឡូស​បាន​ជួយ​អ្នក​ឯ​ទៀត។ ព្រីស៊ីល​និង​អ័គីឡា​ប្រាកដ​ជា​បាន​ជួយ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​ទី​ក្រុង​រ៉ូម កូរិនថូស និង​អេភេសូរ​ផង​ដែរ។—កិច្ចការ ១៨:១, ២, ១៨, ១៩; រ៉ូម ១៦:​៣​-​៥

១០​. តើ​អ្នក​បាន​រៀន​អ្វី​ពី​កិច្ចការ​ជំពូក​ទី១​៨ ដែល​នឹង​ជួយ​អ្នក​ក្នុង​ការ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស?

១០ តើ​យើង​អាច​រៀន​អ្វី​ដោយ​ពិចារណា​កិច្ចការ​ជំពូក​ទី១​៨? ដោយ​ធ្វើ​តាម​គំរូ​របស់​អ្នក​ដែល​បង្រៀន​ព្រះ​បន្ទូល​របស់​ព្រះ​យ៉ាង​ប៉ិនប្រសប់ យើង​ក៏​អាច​បង្កើន​សមត្ថភាព​បញ្ចុះបញ្ចូល​ឲ្យ​មនុស្ស​ទៅ​ជា​សិស្ស​ដែរ ដូច​អ័គីឡា​និង​ព្រីស៊ីល​ប្រហែល​ជា​បាន​រៀន​ពី​គំរូ​របស់​ប៉ុល​នោះ។ យើង​ក៏​អាច​សេពគប់​អ្នក​ដែល​«មាន​សេចក្ដី​បង្ខំ​ក្នុង​ចិត្ត ឲ្យ​ផ្សាយ​ព្រះ​បន្ទូល»​និង​ដែល​«ធ្វើ​បន្ទាល់​អស់​ពី​ចិត្ត»​ដល់​អ្នក​ដទៃ។ (កិច្ចការ ១៨:៥) យើង​អាច​កត់​សម្គាល់​នូវ​របៀប​ពួក​គាត់​ប្រើ​វិធី​សាស្ត្រ​បញ្ចុះបញ្ចូល​ដើម្បី​មាន​អានុភាព​លើ​ចិត្ត​របស់​មនុស្ស។ ការ​ប៉ិនប្រសប់​បែប​នេះ​អាច​ជួយ​យើង​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស។ នៅ​ពេល​មនុស្ស​ម្នាក់​កំពុង​តែ​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​យើងៗ​ប្រហែល​ជា​ជូន​យោបល់​ឲ្យ​គាត់​អញ្ជើញ​សមាជិក​ក្រុម​គ្រួសារ​ឬ​អ្នកជិតខាង​មក​ចូល​រួម​ដែរ។ឬ​ក៏​យើង​ប្រហែល​ជា​អាច​សុំ​គាត់​ប្រាប់​យើង​អំពី​អ្នក​ឯ​ទៀត​ដែល​យើង​អាច​ស្នើ​សុំ​បង្រៀន​ព្រះ​គម្ពីរ​ដល់​បុគ្គល​នោះ​ដែរ។—កិច្ចការ ១៨:៦​-​៨

ចូរ​បង្កើត​ឱកាស​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស

១១​. តើ​សិស្ស​ថ្មី​អាច​ត្រូវ​រក​ឃើញ​នៅ​កន្លែង​ណា​ខ្លះ?

១១ ប៉ុល​និង​ជន​គ្រីស្ទាន​គ្នីគ្នា​បាន​ខំ​ព្យាយាម​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​ដោយ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ នៅ​ផ្សារ និង​ពេល​ធ្វើ​ដំណើរ។ បើ​និយាយ​ឲ្យ​ចំ ពួក​គាត់​ខំ​ផ្សាយ​នៅ​គ្រប់​ទី​កន្លែង។ ក្នុង​នាម​ជា​អ្នក​ប្រកាស​ដ៏​ខ្នះខ្នែង​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស តើ​អ្នក​អាច​ពង្រីក​កិច្ច​ផ្សព្វផ្សាយ​របស់​អ្នក​បាន​ឬ​ទេ? តើ​អ្នក​អាច​ឆ្លៀត​ប្រយោជន៍​ពី​ឱកាស​ស្វែង​រក​អ្នក​ដែល​គួរ​នឹង​ទទួល​ដំណឹង​ល្អ​និង​ផ្សាយ​ដល់​ពួក​គេ​បាន​ឬ​ទេ? តើ​អ្នក​ឯ​ទៀត​ដែល​ផ្សាយ​ដំណឹង​ល្អ​បាន​រក​ឃើញ​សិស្ស​យ៉ាង​ដូច​ម្ដេច​ខ្លះ? មុន​បង្អស់​យើង​សូម​មើល​ការ​ផ្សាយ​តាម​ទូរស័ព្ទ។

១២​-​១៤​. ដើម្បី​បញ្ជាក់​អំពី​ផល​ប្រយោជន៍​នៃ​ការ​ផ្សាយ​តាម​ទូរស័ព្ទ សូម​រៀប​រាប់​អំពី​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​ឬ​បទ​ពិសោធន៍​មួយ​ដែល​មាន​ស្រាប់​ក្នុង​វគ្គ​ទាំង​នេះ។

១២ ពេល​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​នៅ​ប្រទេស​ប្រេស៊ីល គ្រីស្ទាន​ម្នាក់​ដែល​យើង​ឲ្យ​នាម​ថា​ម៉ារា​បាន​ឲ្យ​ខិត្តប័ណ្ណ​មួយ​ដល់​យុវនារី​ម្នាក់​ដែល​កំពុង​តែ​ចេញ​ពី​ផ្ទះ។ ម៉ារា​ប្រើ​ចំណង​ជើង​ខិត្តប័ណ្ណ​ជា​ពាក្យ​ផ្ដើម​និង​សួរ​ថា​«តើ​អ្នក​ចង់​រៀន​ព្រះ​គម្ពីរ​ទេ?»។ យុវនារី​នោះ​ឆ្លើយ​ថា​៖​«ខ្ញុំ​ពិត​ជា​ចង់​រៀន​ណាស់។ បញ្ហា​គឺ​ខ្ញុំ​ជា​គ្រូ​បង្រៀន ហើយ​ការ​បង្រៀន​ស៊ី​ពេល​វេលា​ខ្ញុំ​អស់​រលីង»។ ម៉ារា​ពន្យល់​ថា​ពួក​គាត់​អាច​ពិភាក្សា​អំពី​ព្រះ​គម្ពីរ​តាម​ទូរស័ព្ទ​បាន។ យុវនារី​នោះ​ក៏​ឲ្យ​លេខ​ទូរស័ព្ទ​ដល់​ម៉ារា​និង​នៅ​ល្ងាច​នោះ​ឯង គាត់​ចាប់​ផ្ដើម​សិក្សា​សៀវភៅ​ស្តើង​តើ​ព្រះ​តម្រូវ​អ្វី​ពី​យើង?​តាម​ទូរស័ព្ទ។ *

១៣ នៅ​ប្រទេស​អេចូពី បង​ស្រី​អ្នក​ផ្សាយ​ពេញ​ពេល​ម្នាក់​កំពុង​តែ​ផ្សព្វផ្សាយ​តាម​ទូរស័ព្ទ ហើយ​បាន​ភ្ញាក់ផ្អើល​ពេល​គាត់​និយាយ​ជា​មួយ​បុរស​ម្នាក់​តែ​ឮ​សម្លេង​ស្រែក​ឡូឡា​ក្នុង​ផ្ទះ​បុរស​នោះ។ បុរស​នោះ​សុំ​គាត់​ទូរស័ព្ទ​មក​វិញ​ក្រោយ​មក។ នៅ​ពេល​បង​ស្រី​ទូរស័ព្ទ​ទៅ​វិញ បុរស​នោះ​សុំ​ទោស​ហើយ​និយាយ​ថា​នៅ​ពេល​បង​ស្រី​យើង​ទូរស័ព្ទ​ទៅ​លើក​មុន គាត់​កំពុង​តែ​ឈ្លោះ​ប្រកែក​គ្នា​ជា​មួយ​ប្រពន្ធ​គាត់។ បង​ស្រី​យើង​ប្រើ​សំដី​នេះ​ជា​ឱកាស​លើក​បញ្ជាក់​ពី​ការ​ណែនាំ​ល្អៗ​ក្នុង​ព្រះ​គម្ពីរ​ស្តី​អំពី​បញ្ហា​ក្រុម​គ្រួសារ។ បង​ស្រី​យើង​ក៏​បាន​ប្រាប់​គាត់​ថា ក្រុម​គ្រួសារ​ជា​ច្រើន​ត្រូវ​បាន​ជួយ​ដោយ​សៀវភៅ​គន្លឹះ​នៃ​សុភមង្គល​ក្រុម​គ្រួសារ ដែល​ជា​សៀវភៅ​មួយ​បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​បង​ស្រី​យើង​បាន​ជូន​សៀវភៅ​ទៅ​បុរស​នោះ គាត់​ទូរស័ព្ទ​ទៅ​ម្ដង​ទៀត។ បុរស​នោះ​ឧទាន​ថា​៖ «សៀវភៅ​នេះ​បាន​សង្គ្រោះ​អាពាហ៍ពិពាហ៍​របស់​ខ្ញុំ!»។ ការ​ពិត បុរស​នោះ​បាន​ហៅ​ក្រុម​គ្រួសារ​មក​ជុំ​គ្នា​ដើម្បី​ប្រាប់​ពី​ចំណុច​ល្អៗ​ដែល​គាត់​បាន​អាន​ក្នុង​សៀវភៅ​នោះ។ បុរស​នោះ​ចាប់​ផ្ដើម​សិក្សា​ព្រះ​គម្ពីរ ហើយ​បន្ដិច​ក្រោយ​មក​ចាប់​ផ្ដើម​ចូល​រួម​កិច្ច​ប្រជុំ​គ្រីស្ទាន​ជា​ទៀងទាត់។

១៤ អ្នក​ផ្សាយ​ម្នាក់​នៅ​ប្រទេស​ដាណឺម៉ាក​ដែល​បាន​ចាប់​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ​មួយ​តាម​ទូរស័ព្ទ​ប្រាប់​ថា​៖​«អ្នក​ត្រួត​ពិនិត្យ​កិច្ច​បំរើ​លើក​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​ចូល​រួម​ផ្សាយ​តាម​ទូរស័ព្ទ។ នៅ​ដើម​ដំបូង​ខ្ញុំ​បាន​ស្ទាក់ស្ទើរ​ដោយ​ថា​៖‹ខ្ញុំ​មិន​សូវ​ចូល​ចិត្ត​ទេ›។ ក៏​ប៉ុន្តែ នៅ​ថ្ងៃ​មួយ ខ្ញុំ​បាន​ប្រមូល​ភាព​ក្លាហាន​និង​ចាប់​ផ្ដើម​ទូរស័ព្ទ​ទៅ​ម្ចាស់​ផ្ទះ​ទី​មួយ។ សុន្យ៉ា​បាន​លើក​ទូរស័ព្ទ ហើយ​ក្រោយ​យើង​បាន​ពិគ្រោះ​គ្នា​យ៉ាង​ខ្លី គាត់​បាន​យល់​ព្រម​ទទួល​ប្រកាសនវត្ថុ​ព្រះ​គម្ពីរ។ នៅ​ល្ងាច​មួយ យើង​បាន​ពិគ្រោះ​អំពី​ការ​បង្កើត ហើយ​គាត់​ចង់​បាន​សៀវភៅ​ចំណង​ជើង​ថា​ជីវិត​—បាន​កើត​មាន​ឡើង​តាម​របៀប​ណា? តាម​របៀប​វិវត្តន៍​ឬ​តាម​ការ​បង្កើត? * ខ្ញុំ​ប្រាប់​គាត់​ថា​ជា​ការ​ល្អ​បើ​យើង​អាច​ជួប​គ្នា​ពីរ​នាក់​ដើម្បី​ពិភាក្សា​អំពី​រឿង​នោះ។ គាត់​ក៏​យល់​ព្រម។ ពេល​ខ្ញុំ​មក​ដល់ សុន្យ៉ា​បាន​ត្រៀម​រួច​ហើយ​សំរាប់​ការ​សិក្សា ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក​យើង​បាន​សិក្សា​រាល់​សប្ដាហ៍»។ ចុង​បញ្ចប់​បង​ស្រី​គ្រីស្ទាន​របស់​យើង​និយាយ​ថា​៖​«អស់​ជា​ច្រើន​ឆ្នាំ​ខ្ញុំ​បាន​អធិស្ឋាន​ឲ្យ​បាន​ការ​សិក្សា​ព្រះ​គម្ពីរ​មួយ ប៉ុន្តែ ខ្ញុំ​មិន​សង្ឃឹម​ថា​ខ្ញុំ​នឹង​អាច​រក​ការ​សិក្សា​តាម​ទូរស័ព្ទ​បាន​នោះ​ទេ»។

១៥, ១៦​. តើ​អ្នក​ដឹង​បទ​ពិសោធន៍​ណា​ដែល​បង្ហាញ​ពី​ផល​ប្រយោជន៍​មក​ពី​ការ​ស្វែង​រក​របៀប​ផ្សេងៗ​ដើម្បី​ចាប់​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ​ទេ?

១៥ អ្នក​ផ្សាយ​ជា​ច្រើន​ទទួល​បាន​ជោគជ័យ​ដោយសារ​ធ្វើ​តាម​យោបល់​ដែល​ឲ្យ​ធ្វើ​បន្ទាល់​នៅ​កន្លែង​ណា​ដែល​មាន​មនុស្ស។ បង​ស្រី​ម្នាក់​ជា​គ្រីស្ទាន​នៅ​សហរដ្ឋ​អាមេរិក​បាន​ចត​ឡាន​នៅ​ក្បែរ​ឡាន​ដឹក​ជញ្ជូន​មួយ​នៅ​ចំណត​រថយន្ត។ នៅ​ពេល​ស្ត្រី​ក្នុង​ឡាន​ដឹក​ជញ្ជូន​ឃើញ​បង​ស្រី​របស់​យើង នោះ​បង​ស្រី​យើង​ចាប់​ផ្ដើម​ពន្យល់​គាត់​អំពី​កិច្ចការ​អប់រំ​ពី​ព្រះ​គម្ពីរ។ ស្ត្រី​នោះ​បាន​ស្ដាប់​ហើយ​ចេញ​ពី​ឡាន និង​ដើរ​ទៅ​រក​ឡាន​របស់​បង​ស្រី​យើង។ គាត់​និយាយ​ថា​៖​«ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​អ្នក​ឈប់​ទី​នេះ​ដើម្បី​និយាយ​ជា​មួយ​ខ្ញុំ។ ខ្ញុំ​ខាន​ទទួល​ប្រកាសនវត្ថុ​ព្រះ​គម្ពីរ​របស់​អ្នក​យូរ​ហើយ។ ម្យ៉ាង​ទៀត ខ្ញុំ​ចង់​ចាប់​ផ្ដើម​សិក្សា​ព្រះ​គម្ពីរ​ម្ដង​ទៀត។ តើ​អ្នក​អាច​បង្រៀន​ខ្ញុំ​បាន​ទេ?»។ យ៉ាង​នេះ បង​ស្រី​របស់​យើង​បាន​បង្កើត​ឱកាស​ល្អ​ដើម្បី​ផ្សាយ​ដំណឹង​ល្អ។

១៦ បង​ស្រី​ម្នាក់​នៅ​សហរដ្ឋ​អាមេរិក​ធ្លាប់​មាន​បទ​ពិសោធន៍​ដូច​ត​ទៅ​នេះ​ពេល​គាត់​ទៅ​គ្លីនិក​មួយ។ បង​ស្រី​យើង​ប្រាប់​នាយក​នោះ​ថា​ចង់​ស្ម័គ្រ​ចិត្ត​ជួយ​បំពេញ​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ​របស់​អ្នក​ស្នាក់​នៅ​គ្លីនិក​នោះ។ បង​ស្រី​របស់​យើង​ក៏​ប្រាប់​ថា គាត់​សប្បាយ​ចិត្ត​បង្រៀន​ព្រះ​គម្ពីរ​ដោយ​ឥត​គិត​ថ្លៃ​ជា​រៀង​រាល់​សប្ដាហ៍​ដល់​អស់​អ្នក​ណា​ដែល​ចង់​ចូល​រួម។ នាយក​បាន​អនុញ្ញាត​ឲ្យ​បង​ស្រី​យើង​ទៅ​បន្ទប់​អ្នក​ស្នាក់​ម្នាក់ៗ។ មិន​យូរ​ក្រោយ​មក បង​ស្រី​នោះ​បាន​ដឹក​នាំ​ការ​សិក្សា​ព្រះ​គម្ពីរ​បី​ដង​ក្នុង​មួយ​សប្ដាហ៍​ដោយ​សរុប​ទៅ​មាន​គ្នា​២៦​នាក់​ចូល​រួម ដែល​ក្នុង​នោះ​មាន​ម្នាក់​កំពុង​តែ​ចូល​រួម​កិច្ច​ប្រជុំ​របស់​យើង​ជា​ទៀងទាត់។

១៧​. តើ​វិធី​ណា​ទៀត​ដែល​មាន​ប្រសិទ្ធ​ភាព​ច្រើន​ក្នុង​ការ​ចាប់​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ​តាម​ផ្ទះ?

១៧ សំរាប់​អ្នក​ខ្លះ​ជា​អ្នក​ប្រកាស​ពី​ព្រះ​រាជាណាចក្រ​នោះ បាន​និយាយ​ដោយ​ចំៗ​ស្នើ​សុំ​បង្រៀន​អំពី​ព្រះ​គម្ពីរ​ក៏​ទទួល​លទ្ធផលល្អ​ដែរ។ នៅ​ព្រឹក​មួយ ក្រុមជំនុំ​មួយ​ដែល​មាន​អ្នក​ផ្សាយ​១០៥​នាក់​បាន​ព្យាយាម​ជា​ពិសេស​ដើម្បី​ស្នើ​សុំ​បង្រៀន​ព្រះ​គម្ពីរ​ដល់​ម្ចាស់​ផ្ទះ​ម្នាក់ៗ​ដែល​ពួក​គេ​ជួប។ អ្នក​ផ្សាយ​៨៦​នាក់​បាន​ចូល​រួម ហើយ​ក្រោយ​បាន​ចំណាយ​ពីរ​ម៉ោង​ក្នុង​កិច្ច​ផ្សាយ ពួក​គេ​រក​បាន​១៥​នាក់​ថ្មី​ដែល​ចង់​រៀន​ព្រះ​គម្ពីរ។

ចូរ​បន្ត​ស្វែង​រក​អ្នក​ដែល​គួរ​នឹង​ទទួល​ដំណឹង​ល្អ

១៨, ១៩​. តើ​យើង​គួរ​ចង​ចាំ​នូវ​ការ​ណែនាំ​អ្វី​ដ៏​សំខាន់​របស់​ព្រះ​យេស៊ូ? ហើយ​ដើម្បី​បំពេញ​គោល​ដៅ​នោះ​តើ​យើង​គួរ​តាំង​ចិត្ត​ធ្វើ​អ្វី?

១៨ ក្នុង​នាម​ជា​អ្នក​ប្រកាស​ពី​ព្រះ​រាជាណាចក្រ អ្នក​ប្រហែល​ជា​ចង់​សាក​ធ្វើ​តាម​យោបល់​ក្នុង​អត្ថបទ​នេះ។ យក​ល្អ អ្នក​គិត​ពី​ទំនៀម​ទម្លាប់​តាម​តំបន់​ពេល​កំពុង​តែ​ពិចារណា​វិធី​ផ្សព្វផ្សាយ។ សំខាន់​បំផុត ចូរ​យើង​រំពឹង​គិត​អំពី​ការ​ណែនាំ​របស់​ព្រះ​យេស៊ូ​ដែល​ឲ្យ​ស្វែង​រក​អ្នក​ដែល​គួរ​នឹង​ទទួល​ដំណឹង​ល្អ និង​ជួយ​ពួក​គេ​ទៅ​ជា​សិស្ស។—ម៉ាថាយ ១០:១១; ២៨:១៩

១៩ ដើម្បី​សម្រេច​គោល​ដៅ​នោះ ចូរ​យើង​«កាត់​ស្រាយ​ព្រះ​បន្ទូល​នៃ​សេចក្ដី​ពិត​យ៉ាង​ត្រឹម​ត្រូវ»។ យើង​អាច​ធ្វើ​ដូច្នេះ​ដោយ​ប្រើ​វិធី​សាស្ត្រ​បញ្ចុះបញ្ចូល​ដែល​មាន​មូលដ្ឋាន​រឹង​មាំ​ទៅ​លើ​បទ​គម្ពីរ។ នេះ​នឹង​ជួយ​យើង​មាន​អានុភាព​ទៅ​លើ​ចិត្ត​របស់​អ្នក​ដែល​ព្រម​ស្ដាប់​និង​ក៏​ជំរុញ​ពួក​គេ​ឲ្យ​ធ្វើ​តាម។ ពេល​យើង​អធិស្ឋាន​ពឹង​ទៅ​លើ​ជំនួយ​របស់​ព្រះ​យេហូវ៉ា យើង​អាច​ចូល​រួម​ជួយ​មនុស្ស​ខ្លះ​ទៅ​ជា​សិស្ស​របស់​ព្រះ​យេស៊ូ​គ្រីស្ទ។ ហើយ​កិច្ចការ​នេះ​ពិត​ជា​នាំ​ឲ្យ​ពេញ​ចិត្ត​ណាស់! ហេតុ​នេះ​ចូរ​យើង​«ខំ​ប្រឹង​នឹង​ថ្វាយ​ខ្លួន​ដល់​ព្រះ» ដោយ​លើក​កិត្ដិយស​ចំពោះ​ព្រះ​យេហូវ៉ា​និង​ធ្វើ​ជា​អ្នក​ប្រកាស​ដ៏​ខ្នះខ្នែង​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ ដែល​ផ្សព្វផ្សាយ​ដោយ​មាន​បំណង​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស។—ធីម៉ូថេទី២ ២:១៥

[កំណត់​សម្គាល់]

^ វគ្គ 12 បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា

^ វគ្គ 14 បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

តើ​អ្នក​អាច​នឹក​ចាំ​ទេ?

ហេតុ​អ្វី​បាន​ជា​អ័ប៉ុឡូស​ត្រូវ​ការ​មាន​គេ​ពន្យល់​ពី​ផ្លូវ​របស់​ព្រះ​ឲ្យ​បាន​ច្បាស់​ថែម​ទៀត?

តើ​ព្រីស៊ីល​និង​អ័គីឡា​បាន​រៀន​ពី​គំរូ​របស់​ប៉ុល​យ៉ាង​ដូច​ម្ដេច?

ពី​កិច្ចការ​ជំពូក​ទី១​៨ តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​កិច្ចការ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស?

តើ​អ្នក​អាច​បង្កើត​ឱកាស​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​យ៉ាង​ដូច​ម្ដេច?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​៣០]

ប៉ុល​បាន​ផ្សព្វផ្សាយ​នៅ​គ្រប់​កន្លែង​ដែល​គាត់​ទៅ

[រូបភាព​នៅ​ទំព័រ​៣២]

ចូរ​បង្កើត​ឱកាស​ដើម្បី​ផ្សព្វផ្សាយ