លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ស្ដ្រីដែលធ្វើឲ្យព្រះទ័យព្រះយេហូវ៉ារីករាយ

ស្ដ្រីដែលធ្វើឲ្យព្រះទ័យព្រះយេហូវ៉ារីករាយ

ស្ត្រី​ដែល​ធ្វើ​ឲ្យ​ព្រះទ័យ​ព្រះ​យេហូវ៉ា​រីករាយ

«សូម​ព្រះ​យេហូវ៉ា​ប្រទាន​រង្វាន់​ដល់​នាង ហើយ​ឲ្យ​នាង​បាន​ទទួល​បំណាច់​ដ៏​ពោរពេញ​ពី​ព្រះ​យេហូវ៉ា»។—នាងរស់ ២:១២

១, ២​. តើ​យើង​អាច​ទទួល​ប្រយោជន៍​អ្វី​ពី​ការ​គិត​ពិចារណា​នូវ​គំរូ​ក្នុង​ព្រះ​គម្ពីរ​ស្តី​អំពី​ពួក​ស្ត្រី​ដែល​បាន​ធ្វើ​ឲ្យ​ព្រះទ័យ​ព្រះ​យេហូវ៉ា​រីករាយ?

ការ​កោត​ខ្លាច​ចំពោះ​ព្រះ​បាន​ជំរុញ​ទឹក​ចិត្ត​ស្ត្រី​ពីរ​នាក់​មិន​ឲ្យ​ស្ដាប់​បង្គាប់​ស្តេច​ផារ៉ូ។ ជំនឿ​បាន​ធ្វើ​ឲ្យ​ស្ត្រី​ពេស្យា​ម្នាក់​ប្រថុយ​ជីវិត​ការពារ​ឈ្លប​ពីរ​នាក់​របស់​សាសន៍​អ៊ីស្រាអែល។ ចិត្ត​រាប​ទាប និង​សុភនិច្ឆ័យ​បាន​ជួយ​ឲ្យ​ស្ត្រី​ម្នាក់​សង្គ្រោះ​ជីវិត​មនុស្ស​ជា​ច្រើន​នៅ​ចំពោះ​មុខ​ការ​លំបាក និង​ក៏​បាន​បង្ការ​អ្នក​ចាក់​ប្រេង​តាំង​ម្នាក់​របស់​ព្រះ​យេហូវ៉ា​ពី​ទោស​ឈាម។ ជំនឿ​លើ​ព្រះ​យេហូវ៉ា​ព្រម​ទាំង​ភាព​រាក់ទាក់​បាន​ធ្វើ​ឲ្យ​ម្ដាយ​ម្នាក់​ដែល​ជា​ស្រី​មេម៉ាយ​ជូន​អាហារ​បន្ដិច​បន្តួច​ដែល​នៅ​សល់​ដល់​ព្យាការី​ម្នាក់​របស់​ព្រះ។ នេះ​គ្រាន់​តែ​ជា​គំរូ​ខ្លះ​ពី​ចំណោម​គំរូ​ជា​ច្រើន​ក្នុង​បទ​គម្ពីរ ស្តី​អំពី​ពួក​ស្ត្រី​ដែល​បាន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ព្រះទ័យ​រីករាយ។

ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ស្ត្រី​ទាំង​នេះ និង​ពរ​ដែល​ទ្រង់​បាន​ប្រទាន​ដល់​ពួក​គាត់​បង្ហាញ​ឲ្យ​ឃើញ​ថា អ្វី​ដែល​ផ្គាប់​ព្រះ​ហឫទ័យ​ទ្រង់​ជាង​គេ​គឺ​ជា​គុណសម្បត្ដិ​ខាង​វិញ្ញាណ ដែល​នោះ​គឺ​សំខាន់​ជាង​ភេទ​របស់​មនុស្ស​ម្នាក់​ទៅ​ទៀត។ ដោយសារ​របប​លោកីយ៍​សព្វ​ថ្ងៃ​នេះ​គិត​តែ​ពី​សំបក​ក្រៅ នោះ​ការ​ផ្ដោ​ត​អារម្មណ៍​ទៅ​លើ​ភាព​ខាង​វិញ្ញាណ​របស់​ខ្លួន​អាច​ជា​ការ​ពិបាក​មួយ។ ប៉ុន្តែ ការ​ពិបាក​នោះ​អាច​ត្រូវ​ជំនះ​បាន ដូច​កំពុង​តែ​ត្រូវ​បង្ហាញ​ដោយ​ស្ត្រី​រាប់​លាន​នាក់​ជា​អ្នក​កោត​ខ្លាច​ព្រះ​ដែល​ជា​ផ្នែក​ដ៏​ធំ​នៃ​រាស្ត្រ​របស់​ទ្រង់​សព្វ​ថ្ងៃ​នេះ។ ស្ត្រី​គ្រីស្ទាន​ទាំង​នេះ មាន​ប្រាជ្ញា​ចេះ​ប្រុង​ប្រយ័ត្ន ចេះ​រាក់ទាក់ ក៏​យក​តម្រាប់​តាម​ជំនឿ និង​គុណសម្បត្ដិ​ប្រសើរៗ​ឯ​ទៀត​ដែល​ត្រូវ​សម្ដែង​ដោយ​ពួក​ស្ត្រី​ជា​អ្នក​កោត​ខ្លាច​ព្រះ​ដែល​ត្រូវ​រៀប​រាប់​ក្នុង​ព្រះ​គម្ពីរ។ នេះ​ក៏​គួរ​គប្បី​ឲ្យ​បុរស​គ្រីស្ទាន​យក​តម្រាប់​តាម​គុណសម្បត្ដិ​ទាំង​នេះ​ដែល​សម្ដែង​ដោយ​ពួក​ស្ត្រី​ជា​ជន​គំរូ​ពី​សម័យ​បុរាណ។ ដើម្បី​ស្វែង​យល់​នូវ​របៀប​យើង​អាច​ធ្វើ​តាម​គំរូ​របស់​ពួក​គាត់​ឲ្យ​បាន​ប្រសើរ​ថែម​ទៀត សូម​យើង​ពិចារណា​យ៉ាង​ល្អិតល្អន់​នូវ​កំណត់​ហេតុ​ព្រះ​គម្ពីរ​ស្តី​អំពី​ពួក​ស្ត្រី​ដែល​ត្រូវ​រៀប​រាប់​នៅ​ដើម​អត្ថបទ​នេះ។—រ៉ូម ១៥:៤; យ៉ាកុប ៤:៨

ស្ត្រី​ពីរ​នាក់​ដែល​មិន​ព្រម​ស្ដាប់​តាម​ស្តេច​ផារ៉ូ

៣, ៤​. (ក) ហេតុ​អ្វី​បាន​ជា​ស៊ីប្រា​និង​ពូអា​មិន​ព្រម​ស្ដាប់​បង្គាប់​ស្តេច​ផារ៉ូ​ពេល​ដែល​ទ្រង់​បង្គាប់​ឲ្យ​សម្លាប់​ទារក​ប្រុស​ទាំង​អស់​របស់​សាសន៍​អ៊ីស្រាអែល? (ខ) តើ​ព្រះ​យេហូវ៉ា​បាន​ប្រទាន​រង្វាន់​អ្វី​ដល់​ឆ្មប​ពីរ​នាក់​នេះ​ដោយសារ​ពួក​គាត់​មាន​ចិត្ត​ក្លាហាន​និង​ចេះ​កោត​ខ្លាច​ដល់​ទ្រង់?

បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទីពីរ​ពេល​មាន​ការ​ជំនុំជំរះ​ក្ដី​នាទី​ក្រុង​ន័រេមបឺក​នៅ​ប្រទេស​អាឡឺម៉ង់ មនុស្ស​ជា​ច្រើន​ដែល​ត្រូវ​បាន​ជាប់​ទោស​ជា​អ្នក​សម្លាប់​រង្គាល នោះ​ពួក​គេ​ខំ​ដោះសា​ពី​បទ​ឧក្រិដ្ឋ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ដោយ​ប្រកែក​ថា ពួក​គេ​គ្រាន់​តែ​បាន​ស្ដាប់​តាម​បង្គាប់​ប៉ុណ្ណោះ។ ឥឡូវ សូម​ប្រៀបធៀប​បុគ្គល​ទាំង​នោះ​ទៅ​នឹង​ឆ្មប​ជនជាតិ​អ៊ីស្រាអែល​ពីរ​នាក់​ឈ្មោះ​ស៊ីប្រា​និង​ពូអា ដែល​ធ្លាប់​រស់​នៅ​ប្រទេស​អេស៊ីប​ពី​បុរាណ​ក្នុង​កំឡុង​នៃ​ការ​គ្រប់គ្រង​របស់​ស្តេច​ផារ៉ូ​មួយ​អង្គ​ដែល​យើង​មិន​ស្គាល់​ឈ្មោះ​និង​ធ្លាប់​ប្រើ​អំណាច​ជិះជាន់​សង្កត់​សង្កិន។ ផារ៉ូ​ខ្លាច​ព្រោះ​ឃើញ​ថា​ចំនួន​ប្រជាជន​ហេព្រើរ​កំពុង​តែ​កើន​ឡើង​រីក​ដុះដាល​ដូច​ផ្សិត ហេតុ​នេះ​ទ្រង់​បង្គាប់​ឆ្មប​ពីរ​នាក់​នេះ​ឲ្យ​សម្លាប់​ទារក​ប្រុសៗ​របស់​សាសន៍​ហេព្រើរ​ទាំង​អស់​ជា​ដាច់ខាត។ តើ​ស្ត្រី​ពីរ​នាក់​នេះ​បាន​ប្រព្រឹត្ត​យ៉ាង​ណា​ពេល​ទទួល​សេចក្ដី​បង្គាប់​ដ៏​សាហាវ​យង់ឃ្នង​បែប​នេះ? «គេ​មិន​បាន​ធ្វើ​តាម​បង្គាប់​នៃ​ស្តេច​ស្រុក​អេស៊ីព្ទ​នោះ​ឡើយ គឺ​បាន​ទុក​កូន​ប្រុសៗ​ឲ្យ​រស់​នៅ​វិញ»។ ហេតុ​អ្វី​បាន​ជា​ស្ត្រី​ទាំង​នេះ​មាន​ចិត្ត​ក្លាហាន​មិន​ចេះ​ខ្លាច​មនុស្ស​ដូច្នេះ? គឺ​ដោយ​ព្រោះ​ពួក​គាត់​បាន​«កោត​ខ្លាច​ដល់​ព្រះ»​វិញ។—និក្ខមនំ ១:១៥, ១៧; លោកុប្បត្តិ ៩:៦

ពិត​ណាស់ ឆ្មប​ទាំង​នេះ​បាន​ពឹង​ជ្រក​ព្រះ​យេហូវ៉ា ហើយ​ជា​លទ្ធផល ទ្រង់​បាន​ធ្វើ​ជា​«ខែល»​ការពារ​ពួក​គាត់​ពី​សេចក្ដី​ខ្ញាល់​របស់​ស្តេច​ផារ៉ូ។ (សាំយូអែលទី២ ២២:៣១; និក្ខមនំ ១:​១៨​-​២០) ប៉ុន្តែ ពរ​របស់​ព្រះ​យេហូវ៉ា​មិន​មាន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ។ ទ្រង់​ក៏​បាន​ប្រទាន​រង្វាន់​ដល់​ស៊ីប្រា​និង​ពូអា​ឲ្យ​មាន​គ្រួសារ​របស់​ខ្លួន។ ទ្រង់​ក៏​បាន​លើក​ដំកើង​ឬ​ឲ្យ​កិត្ដិយស​ដល់​ស្ត្រី​ពីរ​នាក់​នេះ​ដោយ​បណ្ដាល​ឲ្យ​កត់​សរសេរ​ឈ្មោះ​និង​ការ​ប្រព្រឹត្ត​របស់​ពួក​គាត់​ក្នុង​ព្រះ​បន្ទូល​របស់​ទ្រង់​ដើម្បី​ឲ្យ​តំណ​ក្រោយៗ​មក​អាច​អាន​ដែរ។ រីឯ​ស្តេច​ផារ៉ូ​នេះ នាម​ទ្រង់​បាន​បាត់​សូន្យ​ឈឹង​ទៅ​វិញ។—និក្ខមនំ ១:២១; សាំយូអែល​ទី១ ២:៣០​ខ; សុភាសិត ១០:៧

៥​. សព្វ​ថ្ងៃ​នេះ តើ​ស្ត្រី​គ្រីស្ទាន​ជា​ច្រើន​នាក់​បង្ហាញ​ចិត្ត​គំនិត​ដូច​ស៊ីប្រា​និង​ពូអា​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​ព្រះ​យេហូវ៉ា​នឹង​ប្រទាន​រង្វាន់​ដល់​ពួក​គេ​យ៉ាង​ដូច​ម្ដេច?

តើ​មាន​ស្ត្រី​ដូច​ស៊ីប្រា​និង​ពូអា​សព្វ​ថ្ងៃ​នេះ​ឬ​ទេ? ពិត​ជា​មាន​មែន! ជា​រៀង​រាល់​ឆ្នាំ នៅ​ប្រទេស​ដែល​«បញ្ញត្ត​របស់​ស្តេច»​ហាម​ផ្សព្វផ្សាយ​នោះ មាន​ស្ត្រី​រាប់​ពាន់​នាក់​ដែល​ប្រថុយ​ប្រកាស​ដោយ​ឥត​ភ័យ​រួញ​រា​អំពី​សារ​សង្គ្រោះ​ជីវិត​ដែល​មាន​ក្នុង​ព្រះ​គម្ពីរ ទោះ​ជា​អាច​បាត់បង់​សេរីភាព​ឬ​រហូត​ដល់​ជីវិត​ខ្លួន​ទៀត​ផង។ (ហេព្រើរ ១១:២៣; កិច្ចការ ៥:២៨, ២៩) ដោយ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​និង​អ្នកជិតខាង​បាន​ជំរុញ​ឲ្យ​ពួក​គេ​មាន​សកម្មភាព ពួក​ស្ត្រី​ដ៏​ក្លាហាន​ទាំង​នេះ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ម្នាក់​សោះ​រារាំង​ពួក​គាត់​ពី​ការ​ចែក​ប្រាប់​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ដល់​អ្នក​ឯ​ទៀត។ ជា​លទ្ធផល ស្ត្រី​គ្រីស្ទាន​ជា​ច្រើន​នាក់​កំពុង​តែ​ជួប​ការ​ប្រឆាំង​បៀតបៀន។ (ម៉ាកុស ១២:៣០, ៣១; ១៣:៩​-​១៣) ដូច​ក្នុង​ករណី​របស់​ស៊ីប្រា​និង​ពូអា​ដែរ ព្រះ​យេហូវ៉ា​ក៏​ជ្រាប​យ៉ាង​ជាក់​អំពី​ការ​ប្រព្រឹត្ត​របស់​ពួក​ស្ត្រី​ទាំង​នេះ​ដែល​ល្អ​ត្រឹម​ត្រូវ​ណាស់​និង​មាន​ចិត្ត​ក្លាហាន ហើយ​ទ្រង់​ក៏​នឹង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ពួក​គាត់​ដោយ​កត់​ឈ្មោះ​ក្នុង​«បញ្ជី​ជីវិត»​របស់​ទ្រង់ ឲ្យ​តែ​ពួក​គាត់​កាន់​ខ្ជាប់​ឬ​ស៊ូ​ទ្រាំ​យ៉ាង​ស្មោះ​ភក្ដី​ដរាប​ដល់​ចុង​បំផុត។—ភីលីព ៤:៣; ម៉ាថាយ ២៤:១៣

អតីត​ស្ត្រី​ពេស្យា​ម្នាក់​ធ្វើ​ឲ្យ​ព្រះទ័យ​ព្រះ​យេហូវ៉ា​រីករាយ

៦, ៧​. (ក) តើ​រ៉ាហាប​បាន​ដឹង​អ្វី​ខ្លះ​អំពី​ព្រះ​យេហូវ៉ា​និង​រាស្ត្រ​ទ្រង់? ហើយ​តើ​ចំណេះ​នេះ​បាន​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​គាត់? (ខ) តើ​ព្រះ​បន្ទូល​របស់​ព្រះ​ឲ្យ​កិត្ដិយស​ដល់​រ៉ាហាប​យ៉ាង​ដូច​ម្ដេច?

នៅ​ឆ្នាំ​១៤៧៣​មុន​ស.យ. ស្ត្រី​ពេស្យា​ម្នាក់​ឈ្មោះ​រ៉ាហាប​ធ្លាប់​រស់​នៅ​ទី​ក្រុង​យេរីខូរ​នៅ​ស្រុក​កាណាន។ តាម​មើល​ទៅ រ៉ាហាប​ចេះ​ដឹង​ច្រើន។ នៅ​ពេល​ឈ្លប​ពីរ​នាក់​របស់​សាសន៍​អ៊ីស្រាអែល​សុំ​ជ្រក​នៅ​ផ្ទះ​រ៉ាហាប គាត់​បាន​រៀប​រាប់​ប្រាប់​ពួក​គេ​នូវ​ពត៌មាន​ល្អិតល្អន់​អំពី​ពេល​សាសន៍​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីប​ដោយ​អព្ភូតហេតុ ទោះ​ជា​ព្រឹត្ដិការណ៍​នោះ​បាន​កើត​ឡើង​ជាង​៤០​ឆ្នាំ​មុន​ក៏​ដោយ! ជ័យជំនះ​ថ្មីៗ​របស់​អ៊ីស្រាអែល​លើ​ស្តេច​ស៊ីហុន​និង​ស្តេច​អុក​ដែល​ជា​ស្តេច​សាសន៍​អាម៉ូរី​ក៏​រ៉ាហាប​ដឹង​ដែរ។ សូម​កត់​សម្គាល់​នូវ​អានុភាព​ដែល​ចំណេះ​នេះ​មាន​ទៅ​លើ​រូប​គាត់។ រ៉ាហាប​ប្រាប់​ពួក​ឈ្លប​ថា​៖​«ខ្ញុំ​ដឹង​ថា​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ស្រុក​នេះ ដល់​អ្នក​រាល់​គ្នា​ហើយ . . . ដ្បិត​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ទ្រង់​ជា​ព្រះ​លើ​ស្ថានសួគ៌ ហើយ​ជា​ព្រះ​លើ​ផែនដី​ផង»។ (យ៉ូស្វេ ២:១, ៩​-​១១) ពិត​ណាស់​ថា​អ្វី​ដែល​រ៉ាហាប​ដឹង​អំពី​ព្រះ​យេហូវ៉ា​និង​ការ​ប្រព្រឹត្ត​របស់​ទ្រង់​ដើម្បី​ជួយ​សាសន៍​អ៊ីស្រាអែល បាន​ជំរុញ​ចិត្ត​គាត់​ឲ្យ​ប្រព្រឹត្ត​តប​យ៉ាង​ល្អ ហើយ​ក៏​បាន​នាំ​ឲ្យ​គាត់​មាន​ជំនឿ​ទៅ​លើ​ព្រះ​យេហូវ៉ា។—រ៉ូម ១០:១០

ជំនឿ​របស់​រ៉ាហាប​ជំរុញ​ឲ្យ​គាត់​ប្រព្រឹត្ត​តាម​ជំនឿ​នោះ។ រ៉ាហាប​បាន​ទទួល​ពួក​ឈ្លប​របស់​សាសន៍​អ៊ីស្រាអែល​«ដោយ​មេត្រី​ចិត្ត» ហើយ​ក៏​ស្ដាប់​តាម​អ្វី​ដែល​ពួក​គាត់​បង្គាប់​ដើម្បី​រួច​រស់​ជីវិត​ពេល​សាសន៍​អ៊ីស្រាអែល​វាយ​លុក​ទី​ក្រុង​យេរីខូរ។ (ហេព្រើរ ១១:៣១; យ៉ូស្វេ ២:១៨​-​២១) គ្មាន​ការ​សង្ស័យ​អ្វី​ទេ ការ​ប្រព្រឹត្ត​របស់​រ៉ាហាប​ដែល​បង្ហាញ​ពី​ជំនឿ​គាត់ បាន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ព្រះទ័យ​រីករាយ ដ្បិត​ទ្រង់​បាន​បណ្ដាល​ឲ្យ​យ៉ាកុប​សរសេរ​អំពី​រ៉ាហាប​ទុក​ជា​គំរូ​សំរាប់​ជន​គ្រីស្ទាន​ធ្វើ​តាម​ពេល​យ៉ាកុប​រៀប​រាប់​អំពី​អ័ប្រាហាំ​ដែល​ជា​មិត្ត​សំឡាញ់​របស់​ព្រះ។ យ៉ាកុប​សរសេរ​ថា​៖​«ឯ​នាង​រ៉ាហាប ជា​ស្រី​សំផឹង ក៏​ដូច្នោះ​ដែរ តើ​នាង​មិន​បាន​រាប់​ជា​សុចរិត ដោយសារ​ការ​នាង​ប្រព្រឹត្ត​ទេ​ឬ​អី? គឺ​ក្នុង​កាល​ដែល​នាង​ទទួល​ពួក​អ្នក ដែល​គេ​ចាត់​មក​នោះ ហើយ​នាង​បាន​ឲ្យ​គេ​ចេញ​ទៅ​វិញ​តាម​ផ្លូវ​១​ទៀត»។—យ៉ាកុប ២:២៥

៨​. ដោយសារ​រ៉ាហាប​មាន​ជំនឿ​និង​ស្ដាប់​បង្គាប់​នោះ តើ​ព្រះ​យេហូវ៉ា​ប្រទាន​ពរ​អ្វី​ខ្លះ​ដល់​គាត់?

ព្រះ​យេហូវ៉ា​បាន​ប្រទាន​រង្វាន់​ដល់​រ៉ាហាប​តាម​វិធី​ផ្សេងៗ។ វិធី​មួយ​គឺ ទ្រង់​បាន​សង្គ្រោះ​ជីវិត​រ៉ាហាប​និង​មនុស្ស​គ្រប់​រូប​ដែល​បាន​ទៅ​ជ្រក​នៅ​ផ្ទះ​គាត់ ពោល​គឺ​«ពួក​គ្រួ​ឪពុក​នាង ហើយ​របស់​នាង​ទាំង​ប៉ុន្មាន»។ រួច​មក​ទ្រង់​អនុញ្ញាត​ឲ្យ​អ្នក​ទាំង​នេះ​រស់​«នៅ​ក្នុង​ពួក​អ៊ីស្រាអែល» ហើយ​សាសន៍​អ៊ីស្រាអែល​ត្រូវ​ប្រព្រឹត្ត​ទៅ​លើ​ពួក​គាត់​ដូច​ជា​កើត​នៅ​ស្រុក​អ៊ីស្រាអែល​តែ​ម្ដង។ (យ៉ូស្វេ ២:១៣; ៦:​២២​-​២៥; លេវីវិន័យ ១៩:៣៣, ៣៤) ប៉ុន្តែ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ។ ព្រះ​យេហូវ៉ា​ក៏​បាន​ប្រទាន​កិត្ដិយស​ឲ្យ​រ៉ាហាប​ទៅ​ជា​អយ្យកា​របស់​ព្រះ​យេស៊ូ​គ្រីស្ទ​ផង។ នេះ​ជា​ការ​បង្ហាញ​នូវ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ដែល​មាន​លើស​លប់​ចំពោះ​ស្ត្រី​ម្នាក់​ជា​អ្នក​ស្រុក​កាណាន​ដែល​ធ្លាប់​ថ្វាយ​បង្គំ​រូប​ព្រះ! *ទំនុកដំកើង ១៣០:៣, ៤

៩​. តើ​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​រ៉ាហាប​និង​ស្ត្រី​គ្រីស្ទាន​ឯ​ទៀត​នៅ​សតវត្ស​ទី​មួយ​អាច​លើក​ទឹក​ចិត្ត​ពួក​ស្ត្រី​ខ្លះ​សព្វ​ថ្ងៃ​នេះ​យ៉ាង​ដូច​ម្ដេច?

ដើម្បី​ផ្គាប់​ព្រះ​ហឫទ័យ​របស់​ព្រះ ស្ត្រី​គ្រីស្ទាន​ខ្លះ​តាំង​ពី​សតវត្ស​ទី​មួយ​រហូត​មក​ដល់​សម័យ​នេះ​បាន​លះ​ចោល​ការ​ប្រព្រឹត្ត​អំពើ​អសីលធម៌​ដូច​រ៉ាហាប​ដែរ។ (កូរិនថូសទី១ ៦:៩​-​១១) ពួក​គាត់​ខ្លះ​ច្បាស់​ជា​បាន​ធំ​ឡើង​ក្នុង​បរិយាកាស​ស្រដៀង​នឹង​ស្រុក​កាណាន​ពី​សម័យ​បុរាណ គឺ​បរិយាកាស​ដែល​ពោរពេញ​ទៅ​ដោយ​មនុស្ស​ធ្វើ​អំពើ​អសីលធម៌​និង​គេ​ចាត់​ទុក​នោះ​ជា​ទង្វើ​ធម្មតា។ ក៏​ប៉ុន្តែ ជំនឿ​ដែល​មាន​មូលដ្ឋាន​លើ​ចំណេះ​ត្រឹម​ត្រូវ​អំពី​បទ​គម្ពីរ​បាន​ជំរុញ​ពួក​គាត់​ឲ្យ​កែ​ខ្លួន។ (រ៉ូម ១០:១៧) ដូច្នេះ​គឺ​អាច​និយាយ​អំពី​ស្ត្រី​ទាំង​នេះ​ថា​៖​«ព្រះ​ទ្រង់​គ្មាន​សេចក្ដី​ខ្មាស ដោយ​គេ​ហៅ​ទ្រង់​ជា​ព្រះ​នៃ​គេ​នោះ​ឡើយ»។ (ហេព្រើរ ១១:១៦) នេះ​ជា​កិត្ដិយស​ដ៏​ខ្ពង់​ខ្ពស់​មែន!

ទទួល​ពរ​ដោយសារ​មាន​សុភនិច្ឆ័យ

១០, ១១​. តើ​អ្វី​កើត​ឡើង​រវាង​ណា​បាល​និង​ដាវីឌ​ដែល​ជំរុញ​អ័ប៊ីកែល​ឲ្យ​ចាត់​វិធានការ​នោះ?

១០ ស្ត្រី​ស្មោះ​ភក្ដី​ជា​ច្រើន​នាក់​នៅ​សម័យ​បុរាណ​បាន​បង្ហាញយ៉ាង​អស្ចារ្យ​នូវ​គុណសម្បត្ដិ​មួយ​គឺ​សុភនិច្ឆ័យ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គាត់​មាន​តម្លៃ​វិសេស​នៅ​ចំពោះ​រាស្ត្រ​ព្រះ​យេហូវ៉ា។ ស្ត្រី​ម្នាក់​នេះ​គឺ​អ័ប៊ីកែល ដែល​ជា​ភរិយា​របស់​ជនជាតិ​អ៊ីស្រាអែល​ម្នាក់​ឈ្មោះ​ណា​បាល​ជា​ម្ចាស់​ដី​ដែល​មាន​ស្តុកស្តម្ភ។ អ័ប៊ីកែល​មាន​សុភនិច្ឆ័យ ហើយ​នេះ​បាន​សង្គ្រោះ​ជីវិត​មនុស្ស​ព្រម​ទាំង​បាន​បង្ការ​ដាវីឌ​ដែល​ជា​អនាគត​ស្តេច​អ៊ីស្រាអែល​ពី​ការ​មាន​ទោស​ឈាម។ យើង​អាច​អាន​កំណត់​ហេតុ​អំពី​អ័ប៊ីកែល​នៅ​សាំយូអែលទី១ ជំពូក​ទី២៥។

១១ ពេល​កំណត់​ហេតុ​នោះ​ចាប់​ផ្ដើម ដាវីឌ​និង​គ្នា​របស់​គាត់​បាន​បោះ​ជំរំ​នៅ​ជិត​ហ្វូង​សត្វ​របស់​ណា​បាល ដែល​ពួក​គាត់​ការពារ​ទាំង​យប់​ទាំង​ថ្ងៃ​ដោយ​ឥត​គិត​ថ្លៃ​ព្រោះ​ចង់​បង្ហាញ​ចិត្ត​សប្បុរស​ចំពោះ​ណា​បាល​ដែល​ជា​បងប្អូន​សាសន៍​អ៊ីស្រាអែល​ដូច​គ្នា។ នៅ​ពេល​ដាវីឌ​ជិត​អស់​ស្បៀង​ហើយ គាត់​ចាត់​យុវជន​១០​នាក់​ទៅ​សុំ​អាហារ​ពី​ណា​បាល។ ណា​បាល​មាន​ឱកាស​ដើម្បី​បង្ហាញ​ចិត្ត​កតញ្ញូ​ចំពោះ​ដាវីឌ​និង​ឲ្យ​កិត្ដិយស​គាត់​ជា​អ្នក​ចាក់​ប្រេង​តាំង​របស់​ព្រះ​យេហូវ៉ា។ ប៉ុន្តែ ណា​បាល​បាន​ធ្វើ​ផ្ទុយ​ទៅ​វិញ។ ដោយ​ខឹង​ច្រឡោត​តោតតូង​គាត់​ជេរ​ដាវីឌ​និង​ដេញ​យុវជន​នោះ​ចេញ​ឲ្យ​ទៅ​វិញ​ដោយ​ដៃ​ទទេ។ ពេល​ដាវីឌ​ដឹង​អំពី​នេះ គាត់​ប្រមូល​បុរស​៤០០​នាក់​ប្រដាប់​អាវុធ​និង​ចេញ​ដំណើរ​ទៅ​សងសឹក​ណា​បាល។ ពេល​ឮ​ដល់​អ័ប៊ីកែល​ថា​ប្ដី​គាត់​តប​ឆ្លើយ​យ៉ាង​កាច​សាហាវ​ដូច្នេះ គាត់​ប្រញាប់​ចាត់​វិធានការ​ដោយ​ប្រាជ្ញា​ផ្ញើ​អាហារ​ជា​បរិបូរណ៍​ដើម្បី​ឲ្យ​ដាវីឌ​រំសាយ​កំហឹង។ រួច​មក​គាត់​ក៏​ទៅ​ជួប​ដាវីឌ​ដោយ​ខ្លួន​ឯង។—ខ​២​-​២០

១២, ១៣​. (ក) តើ​អ័ប៊ីកែល​បង្ហាញ​ថា​ខ្លួន​មាន​សុភនិច្ឆ័យ​ព្រម​ទាំង​ស្មោះ​ត្រង់​នឹង​អ្នក​ចាក់​ប្រេង​តាំង​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? (ខ) តើ​អ័ប៊ីកែល​បាន​ធ្វើ​អ្វី​នៅ​ពេល​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ? ហើយ​នៅ​ទីបំផុត តើ​អ្វី​កើត​ឡើង​ដល់​គាត់?

១២ នៅ​ពេល​អ័ប៊ីកែល​ជួប​ដាវីឌ ការ​អង្វរ​សុំ​ក្ដី​មេត្ដា​ដោយ​ចិត្ត​រាប​ទាប​បង្ហាញ​ថា គាត់​គោរព​អ្នក​ចាក់​ប្រេង​តាំង​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ជ្រាល​ជ្រៅ។ គាត់​និយាយ​ថា​«ព្រះ​យេហូវ៉ា​ទ្រង់​នឹង​តាំង​ជំនួ​រ​វង្ស​របស់​លោក​ម្ចាស់​នៃ​ខ្ញុំ ឲ្យ​មាំមួន​ឡើង​ជា​ពិត​ប្រាកដ ពីព្រោះ​លោក​ម្ចាស់​នៃ​ខ្ញុំ តែង​ធ្វើ​សង្គ្រាម​នៃ​ព្រះ​យេហូវ៉ា»។ គាត់​ក៏​បន្ថែម​ថា​ព្រះ​យេហូវ៉ា​នឹង​តាំង​ដាវីឌ​ឡើង​ឲ្យ​គ្រប់គ្រង​លើ​សាសន៍​អ៊ីស្រាអែល។ (ខ​២៨​-​៣០) នៅ​ដំណាល​គ្នា អ័ប៊ីកែល​បង្ហាញ​ចិត្ត​ក្លាហាន​ដោយ​ប្រាប់​ដាវីឌ​ថា បើ​គាត់​មិន​ទប់​ចិត្ត​រួច​ទៅ​សងសឹក​ណា​បាល​នោះ គាត់​នឹង​មាន​ទោស​ឈាម។ (ខ​២៦, ៣១) ដាវីឌ​ដឹង​ខ្លួន ដោយសារ​ចិត្ត​រាប​ទាប ការ​គោរព​ជ្រាល​ជ្រៅ និង​គំនិត​សម​ហេតុ​សម​ផល​របស់​អ័ប៊ីកែល។ ដាវីឌ​តប​ឆ្លើយ​ថា​៖​«សូម​ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ដែល​ទ្រង់​បាន​ចាត់​អ្នក ឲ្យ​មក​ជួប​នឹង​ខ្ញុំ​នៅ​ថ្ងៃ​នេះ ហើយ​សូម​ពរ​ដល់​ប្រាជ្ញា[ឬ​«សុភនិច្ឆ័យ»​, ព.ថ.]របស់​អ្នក នឹង​ដល់​ខ្លួន​អ្នក​ផង ដោយ​ព្រោះ​អ្នក​បាន​ឃាត់​មិន​ឲ្យ​ខ្ញុំ​កំចាយ​ឈាម»។—ខ​៣២, ៣៣

១៣ ក្រោយ​អ័ប៊ីកែល​ត្រឡប់​ទៅ​ផ្ទះ​វិញ គាត់​មាន​ចិត្ត​ក្លាហាន​ខំ​ទៅ​រក​ប្ដី​ដើម្បី​ប្រាប់​អំពី​អំណោយ​ដែល​គាត់​បាន​ជូន​ដាវីឌ។ ប៉ុន្តែ នៅ​ពេល​ឃើញ​ប្ដី​ហើយ ដឹង​ថា​គាត់​«ស្រវឹង​ជា​ខ្លាំង»។ ដូច្នេះ អ័ប៊ីកែល​ចាំ​ទាល់តែ​គាត់​ស្វាង​ស្រា​ទើប​ប្រាប់។ តើ​ណា​បាល​មាន​ប្រតិកម្ម​យ៉ាង​ណា? គាត់​ភាំង​រហូត​ដល់​ស្តូក​ស្ដឹង​កំរើក​លែង​បាន។ លុះ​ដប់​ថ្ងៃ​ក្រោយ​មក ព្រះ​សម្លាប់​គាត់។ ពេល​ដាវីឌ​ឮ​ថា​ណា​បាល​បាន​ស្លាប់ គាត់​សុំ​អ័ប៊ីកែល​រៀប​ការ ដែល​ជា​ស្រី​ដាវីឌ​គោរព​យ៉ាង​ជ្រាល​ជ្រៅ។ អ័ប៊ីកែល​បាន​យល់​ព្រម។—ខ​៣៤​-​៤២

តើ​អ្នក​អាច​ធ្វើ​តាម​គំរូ​អ័ប៊ីកែល​បាន​ទេ?

១៤​. តើ​អ័ប៊ីកែល​មាន​គុណសម្បត្ដិ​អ្វី​ខ្លះ​ដែល​យើង​ប្រហែល​ជា​ចង់​បណ្ដុះ​ឲ្យ​មាន​ច្រើន​ជាង​នោះ?

១៤ តើ​អ្នក​ឃើញ​ទេ​ថា​អ័ប៊ីកែល​មាន​គុណសម្បត្ដិ​ខ្លះៗ​ដែល​អ្នក​ចង់​បណ្ដុះ​ឲ្យ​មាន​ច្រើន​ថែម​ទៀត មិន​ថា​អ្នក​ជា​ប្រុស​ឬ​ស្រី​ក៏​ដោយ? ប្រហែល​ជា​អ្នក​ចង់​ប្រព្រឹត្ត​អ្វី​ដែល​សម​ហេតុ​សម​ផល​ជាង​នៅ​ពេល​មាន​បញ្ហា​កើត​ឡើង។ ឬ​ក៏​អ្នក​ប្រហែល​ជា​ចង់​ចេះ​និយាយ​ដោយ​មាន​ចិត្ត​ស្ងប់ និង​មាន​អារម្មណ៍​នឹងនរ​ពេល​ដែល​មនុស្ស​នៅ​ជុំវិញ​អ្នក​មាន​ចិត្ត​ពុះ​កញ្ជ្រោល។ បើ​ចង់​មែន អ្នក​អាច​អធិស្ឋាន​ទូល​ព្រះ​យេហូវ៉ា​អំពី​រឿង​នេះ។ ទ្រង់​សន្យា​ថា​នឹង​ប្រទាន​ប្រាជ្ញា យោបល់ និង​សមត្ថភាព​គិតគូរ​ដល់​អស់​អ្នក​ណា​ដែល​«សូម​ដោយ​ចិត្ត​ជឿ»។—យ៉ាកុប ១:៥, ៦; សុភាសិត ២:១​-​៦, ១០, ១១

១៥​. សំរាប់​ស្ត្រី​គ្រីស្ទាន តើ​ក្រោម​កាលៈទេសៈ​បែប​ណា​ដែល​ការ​បង្ហាញ​គុណសម្បត្ដិ​ដូច​អ័ប៊ីកែល​គឺ​សំខាន់​ជា​ពិសេស?

១៥ គុណសម្បត្ដិ​ដ៏​ល្អ​បែប​នេះ​គឺ​សំខាន់​ជា​ពិសេស​បើ​ស្ត្រី​ម្នាក់​ត្រូវ​រស់ជា​មួយ​ប្ដី​ដែល​មិន​ជឿ​និង​មិន​ខ្វល់​ពី​គោលការណ៍​ព្រះ​គម្ពីរ។ ប្រហែល​ជា​គាត់​ផឹក​ស្រា​ហួស​ប្រមាណ។ យើង​សង្ឃឹម​ថា​បុរស​ទាំង​នេះ​នឹង​កែ​ខ្លួន។ បុរស​ជា​ច្រើន​បាន​ធ្វើ​ដូច្នេះ ដោយសារ​ប្រពន្ធ​មាន​ឫកពា​ស្លូតបូត គោរព​ប្ដី​យ៉ាង​ជ្រាល​ជ្រៅ និង​មាន​កិរិយា​ប្រព្រឹត្ត​បរិសុទ្ធ។—ពេត្រុសទី១ ៣:១, ២, ៤

១៦​. មិន​ថា​មាន​កាលៈទេសៈ​អ្វី​ក៏​ដោយ​នៅ​ផ្ទះ តើ​បង​ស្រីៗ​គ្រីស្ទាន​អាច​បង្ហាញ​ថា​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា​ជា​អ្វី​មាន​តម្លៃ​បំផុត​ចំពោះ​គាត់​យ៉ាង​ដូច​ម្ដេច?

១៦ មិន​ថា​អ្នក​ត្រូវ​ស៊ូ​ទ្រាំ​នឹង​ការ​ពិបាក​អ្វី​នៅ​ផ្ទះ​ក៏​ដោយ សូម​ចាំ​ថា ព្រះ​យេហូវ៉ា​បំ​រុង​នឹង​ទ្រទ្រង់​អ្នក​ជានិច្ច។ (ពេត្រុសទី១ ៣:១២) ដូច្នេះ ចូរ​ព្យាយាម​ពង្រឹង​ភាព​ខាង​វិញ្ញាណ​របស់​ខ្លួន។ ចូរ​អធិស្ឋាន​សុំ​ប្រាជ្ញា​និង​ចិត្ត​ស្ងប់។ ពិត​ណាស់ ចូរ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​តាម​រយៈ​ការ​សិក្សា​ព្រះ​គម្ពីរ​ជា​ទៀងទាត់ ការ​អធិស្ឋាន ការ​រំពឹង​គិត និង​ការ​សេពគប់​ជា​មួយ​គ្រីស្ទាន​គ្នីគ្នា។ សេចក្ដី​ស្រឡាញ់​របស់​អ័ប៊ីកែល​ចំពោះ​ព្រះ​និង​ទស្សនៈ​របស់​គាត់​ចំពោះ​អ្នក​ចាក់​ប្រេង​តាំង​របស់​ទ្រង់​មិន​ទទួល​ឥទ្ធិពល​ពី​ទស្សនៈ​ខាង​សាច់​ឈាម​របស់​ប្ដី​គាត់​ទេ។ អ័ប៊ីកែល​បាន​ប្រព្រឹត្ត​ទៅ​តាម​គោលការណ៍​សុចរិត។ សូម្បីតែ​ក្នុង​ក្រុម​គ្រួសារ​មួយ​ដែល​ប្ដី​ជា​ជន​គំរូ​ខាង​ការ​បំរើ​ព្រះ​ក៏​ដោយ ភរិយា​គ្រីស្ទាន​ក៏​ទទួល​ស្គាល់​ថា នាង​នៅ​តែ​ត្រូវ​បន្ត​ខំ​ប្រឹង​ព្យាយាម​ពង្រឹង​និង​រក្សា​ភាព​ខាង​វិញ្ញាណ​របស់​ខ្លួន​ឲ្យ​បាន​រឹង​មាំ។ ពិត​មែន​ថា​ប្ដី​មាន​កាតព្វកិច្ច​តាម​បទ​គម្ពីរ​ឲ្យ​ទំនុកបំរុង​ភរិយា​ខាង​វិញ្ញាណ​ផង​និង​ខាង​រូប​កាយ​ផង ប៉ុន្តែ​នៅ​ទីបំផុត ប្រពន្ធ​ត្រូវ​បង្ហើយ‹សេចក្ដី​សង្គ្រោះ​របស់​ខ្លួន​ឯង ដោយ​កោត​ខ្លាច ហើយ​ញាប់​ញ័រ›។—ភីលីព ២:១២; ធីម៉ូថេទី១ ៥:៨

គាត់​បាន​ទទួល​«រង្វាន់ ដូច​ជា​រង្វាន់​របស់​ហោរា»

១៧, ១៨​. (ក) តើ​មាន​សំណូម​ពរ​ប្លែក​អ្វី​ដែល​បាន​ល្បងល​ជំនឿ​របស់​ស្រី​មេម៉ាយ​ម្នាក់​នៅ​ភូមិ​សារិបតា? (ខ) តើ​ស្រី​មេម៉ាយ​នោះ​បាន​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​សំណូម​ពរ​របស់​អេលីយ៉ា? ហើយ​តើ​ព្រះ​យេហូវ៉ា​បាន​ប្រទាន​រង្វាន់​អ្វី​ដល់​គាត់?

១៧ របៀប​ព្រះ​យេហូវ៉ា​បាន​ថែរក្សា​ស្រី​មេម៉ាយ​ក្រីក្រ​ម្នាក់​នៅ​សម័យ​ព្យាការី​អេលីយ៉ា​បង្ហាញ​ថា ទ្រង់​មាន​កតញ្ញូ​ធម៌​ជ្រាល​ជ្រៅ​ចំពោះ​អស់​អ្នក​ដែល​គាំទ្រ​ការ​ថ្វាយ​បង្គំ​ពិត​ដោយ​កម្លាំង​និង​ធនធាន​របស់​ខ្លួន។ ដោយសារ​មាន​ភាព​រាំង​ស្ងួត​យូរ​នៅ​សម័យ​អេលីយ៉ា នោះ​មនុស្ស​ច្រើន​កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​អត់​ឃ្លាន ជាក់​ស្តែង​ដូចជា​ស្រី​មេម៉ាយ​ម្នាក់​និង​កូន​ប្រុស​តូច​របស់គាត់​នៅ​ភូមិ​សារិបតា។ នៅ​ពេល​ដែល​ហៀប​នឹង​បរិភោគ​ជា​លើក​ចុង​ក្រោយ​បន្ទាប់​មក​អត់​អាហារ​ទៀត នោះ​ភ្ញៀវ​ម្នាក់​បាន​មក​ដល់ គឺ​ព្យាការី​អេលីយ៉ា។ គាត់​មាន​សំណូម​ពរ​ប្លែក​មួយ។ ទោះ​ជា​ដឹង​អំពី​សភាព​លំបាក​របស់​ស្ត្រី​នេះ​ក៏​ពិត​មែន តែ​អេលីយ៉ា​សុំ​គាត់​ដុត​«នំ១យ៉ាង​តូច»​សំរាប់​គាត់​ដោយ​ប្រើ​ប្រេង​និង​ម្សៅ​ដែល​នៅ​សល់​របស់​គាត់។ ប៉ុន្តែ អេលីយ៉ា​បាន​និយាយ​បន្ថែម​ថា​៖​«ដ្បិត​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ម្សៅ​ក្នុង​ខាប់​នោះ​នឹង​មិន​ដែល​ផុត​ទៅ ហើយ​ប្រេង​ក្នុង​ដប​ក៏​មិន​ដែល​រ​លោះ​ឡើយ ដរាប​ដល់​ថ្ងៃ​ដែល​ព្រះ​យេហូវ៉ា​នឹង​បង្អុរ​ភ្លៀង​មក​លើ​ផែនដី»។—ពង្សាវតារក្សត្រទី១ ១៧:៨​-​១៤

១៨ តើ​អ្នក​នឹង​ប្រព្រឹត្ត​យ៉ាង​ណា​បើ​មាន​សំណូម​ពរ​ប្លែក​ដូច្នេះ? តាម​មើល​ទៅ ស្រី​មេម៉ាយ​នៅ​ភូមិ​សារិបតា​បាន​ទទួល​ស្គាល់​ថា អេលីយ៉ា​ជា​ព្យាការី​របស់​ព្រះ​យេហូវ៉ា ហើយ​គាត់​បាន​«ធ្វើ​តាម​បង្គាប់​របស់​អេលីយ៉ា»។ តើ​ព្រះ​យេហូវ៉ា​បាន​តប​យ៉ាង​ណា​នឹង​ភាព​រាក់ទាក់​របស់​ស្ត្រី​នេះ? ទ្រង់​ធ្វើ​អព្ភូតហេតុ​ផ្គត់ផ្គង់​អាហារ​សំរាប់​គាត់ កូន​ប្រុស និង​អេលីយ៉ា​ក្នុង​កំឡុង​ពេល​រាំង​ស្ងួត​នោះ។ (ពង្សាវតារក្សត្រទី១ ១៧:១៥, ១៦) ពិត​មែន ព្រះ​យេហូវ៉ា​បាន​ប្រទាន​«រង្វាន់ ដូច​ជា​រង្វាន់​របស់​ហោរា»​ដល់​ស្រី​មេម៉ាយ​នេះ​នៅ​ភូមិ​សារិបតា ទោះ​ជា​គាត់​មិន​មែន​ជា​សាសន៍​អ៊ីស្រាអែល​ក៏​ដោយ។ (ម៉ាថាយ ១០:៤១) ព្រះ​រាជបុត្រា​របស់​ព្រះ​ក៏​បាន​ឲ្យ​កិត្ដិយស​ដល់​ស្ត្រី​នេះ​ដោយ​រៀប​រាប់​អំពី​គាត់​ជា​គំរូ​ល្អ​ដល់​ប្រជាជន​ដែល​ខ្វះ​ជំនឿ​នៅ​ស្រុក​កំណើត​របស់​ទ្រង់​នៅ​ភូមិ​ណាសារ៉ែត។—លូកា ៤:២៤​-​២៦

១៩​. សព្វ​ថ្ងៃ​នេះ តើ​តាម​វិធី​ណា​ខ្លះ​ដែល​ស្ត្រី​គ្រីស្ទាន​ជា​ច្រើន​នាក់​បង្ហាញ​ចិត្ត​គំនិត​ដូច​ស្រី​មេម៉ាយ​នៅ​ភូមិ​សារិបតា? ហើយ​តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ពួក​គាត់?

១៩ សព្វ​ថ្ងៃ​នេះ ស្ត្រី​គ្រីស្ទាន​ជា​ច្រើន​បង្ហាញ​ចិត្ត​គំនិត​ដូច​ស្រី​មេម៉ាយ​នៅ​ភូមិ​សារិបតា​នោះ។ ជា​ឧទាហរណ៍ ជា​រៀង​រាល់​សប្ដាហ៍ បង​ស្រីៗ​គ្រីស្ទាន​ដែល​ភាគ​ច្រើន​ជា​ជន​ក្រីក្រ​និង​ត្រូវ​ចិញ្ចឹម​ក្រុម​គ្រួសារ ក៏​បង្ហាញ​ភាព​រាក់ទាក់​ដល់​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​និង​ប្រពន្ធ​របស់​ពួក​គាត់។ បង​ស្រី​ឯ​ទៀត​រៀប​ចំ​អាហារ​ដើម្បី​អញ្ជើញ​អ្នក​បំរើ​ពេញ​ពេល​មក​បរិភោគ​ជា​មួយ​គ្នា ក៏​ជួយ​អ្នក​ដែល​ខ្វះ​ខាត ឬ​ដោយ​វិធី​ផ្សេង​ទៀត​ធ្វើ​ពលិកម្ម​និង​ប្រើ​ធនធាន​ខ្លួន​ដើម្បី​គាំទ្រ​កិច្ចការ​ព្រះ​រាជាណាចក្រ។ (លូកា ២១:៤) តើ​ព្រះ​យេហូវ៉ា​កត់​សម្គាល់​នូវ​ពលិកម្ម​បែប​នេះ​ឬ​ទេ? ប្រាកដ​ជា​កត់​សម្គាល់​មែន! «ព្រះ​ទ្រង់​មិន​មែន​ជា​អ្នក​រមិលគុណ ដែល​ទ្រង់​នឹង​ភ្លេច​ការ​អ្នក​រាល់​គ្នា​ធ្វើ នឹង​សេចក្ដី​ស្រឡាញ់ ដែល​អ្នក​រាល់​គ្នា​បាន​សំដែង​ដល់​ព្រះ​នាម​ទ្រង់ ដោយ​បាន​បំរើ​ពួក​បរិសុទ្ធ ហើយ​ក៏​នៅ​តែ​បំរើ​ទៀត​នោះ​ទេ»។—ហេព្រើរ ៦:១០

២០​. ក្នុង​អត្ថបទ​បន្ទាប់ តើ​យើង​នឹង​ពិចារណា​អ្វី?

២០ នៅ​សតវត្ស​ទី​មួយ ស្ត្រី​មួយ​ចំនួន​ដែល​កោត​ខ្លាច​ព្រះ​ធ្លាប់​មាន​ឯក​សិទ្ធិ​បំរើ​ព្រះ​យេស៊ូ​និង​ពួក​សាវ័ក​របស់​ទ្រង់។ ក្នុង​អត្ថបទ​បន្ទាប់ យើង​នឹង​ពិភាក្សា​របៀប​ស្ត្រី​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ព្រះទ័យ​រីករាយ ហើយ​ក៏​នឹង​ពិចារណា​គំរូ​របស់​ពួក​ស្ត្រី​នៅ​សម័យ​នេះ​ដែល​បំរើ​ព្រះ​យេហូវ៉ា​អស់​ពី​ចិត្ត សូម្បីតែ​ក្រោម​កាលៈទេសៈ​ពិបាក​ក៏​ដោយ។

[កំណត់​សម្គាល់]

^ វគ្គ 8 ពង្សាវតារ​របស់​ព្រះ​យេស៊ូ​ដែល​ម៉ាថាយ​បាន​កត់​សរសេរ នោះ​ប្រាប់​អំពី​ឈ្មោះ​ស្ត្រី​បួន​នាក់ គឺ​តាម៉ារ រ៉ាហាប នាងរស់ និង​ម៉ារា។ ស្ត្រី​ទាំង​អស់​នេះ​មាន​កិត្ដិយស​ខ្ពង់​ខ្ពស់​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ។—ម៉ាថាយ ១:៣, ៥, ១៦

ការ​រៀន​សា​ឡើង​វិញ

តើ​ស្ត្រី​ទាំង​ប៉ុន្មាន​ខាង​ក្រោម​នេះ​បាន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ព្រះទ័យ​រីករាយ​យ៉ាង​ដូច​ម្ដេច?

ស៊ីប្រា​និង​ពូអា

រ៉ាហាប

អ័ប៊ីកែល

ស្រី​មេម៉ាយ​នៅ​ភូមិ​សារិបតា

តើ​ការ​រំពឹង​គិត​ពី​គំរូ​របស់​ស្ត្រី​ទាំង​នេះ​អាច​ជួយ​យើង​ផ្ទាល់​យ៉ាង​ដូច​ម្ដេច? សូម​ឲ្យ​ឧទាហរណ៍។

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​៩]

ស្ត្រី​ជា​ច្រើន​ដែល​ស្មោះ​ភក្ដី​បាន​បំរើ​ព្រះ ទោះ​ជា​មាន​«បញ្ញត្ត​របស់​ស្តេច»​ហាម​ក៏​ដោយ

[រូបភាព​នៅ​ទំព័រ​១២]

ស្ត្រី​គ្រីស្ទាន​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ​បង្ហាញ​ចិត្ត​គំនិត ដូច​ស្រី​មេម៉ាយ នៅ​ភូមិ​សារិបតា