លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរប្រុងប្រៀបខ្លួនជាស្រេចសំរាប់ថ្ងៃនៃព្រះយេហូវ៉ា

ចូរប្រុងប្រៀបខ្លួនជាស្រេចសំរាប់ថ្ងៃនៃព្រះយេហូវ៉ា

ចូរ​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច​សំរាប់​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា

«[ចូរ]ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច​ដែរ ដ្បិត​កូន​មនុស្ស​នឹង​មក​នៅ​វេលា​ដែល​អ្នក​រាល់​គ្នា​មិន​គិត»។—ម៉ាថាយ ២៤:៤៤

១​. ហេតុ​អ្វី​យើង​គួរ​ចង់​ដឹង​អំពី​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា?

ថ្ងៃ​នោះ​ជា​ថ្ងៃ​ចំបាំង​និង​សេចក្ដី​ក្រោធ គឺ​ជា​ថ្ងៃ​វេទនា​ហើយ​មាន​ទុក្ខ ក៏​ជា​ថ្ងៃ​បំផ្លាញ​និង​ថ្ងៃ​ងងឹត។ «ថ្ងៃ​ធំ​គួរ​ស្ញែង​ខ្លាច»​របស់​ព្រះ​យេហូវ៉ា​នឹង​មក​លើ​របប​លោកីយ៍​ដ៏​អាក្រក់​នេះ​យ៉ាង​ពិត​ប្រាកដ ដូច​ទឹក​ជំនន់​បាន​ពន្លិច​ពន្លង់​លោកីយ៍​អាក្រក់​នៅ​សម័យ​ណូអេ​ដែរ។ ថ្ងៃ​នោះ​នឹង​មក​ជាក់​ជា​ពុំ​ខាន។ ប៉ុន្តែ «អស់​អ្នក​ណា​ដែល​អំពាវនាវ​ដល់​ព្រះ​នាម​ព្រះ​យេហូវ៉ា​នឹង​បាន​ប្រោស​ឲ្យ​រួច»។ (យ៉ូអែល ២:​៣០​-​៣២; អេម៉ុស ៥:១៨​-​២០) ព្រះ​នឹង​បំផ្លាញ​សត្រូវ​របស់​ទ្រង់​ចោល ហើយ​នឹង​សង្គ្រោះ​រាស្ត្រ​ទ្រង់។ ដោយ​យល់​ថា​ពេល​គឺ​បន្ទាន់ នោះ​ព្យាការី​សេផានា​បាន​ប្រកាស​ថា​៖ «ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា​ជិត​មក​ដល់ គឺ​បាន​មក​ជិត​ហើយ ក៏​ប្រញឹក​ណាស់​ដែរ»។ (សេផានា ១:១៤) ប៉ុន្តែ តើ​ព្រះ​នឹង​សម្រេច​ការ​ជំនុំជំរះ​នេះ​នៅ​ពេល​ណា?

២, ៣​. ហេតុ​អ្វី​ចាំបាច់​ដែល​យើង​ត្រូវ​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច​សំរាប់​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា?

ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​៖ «ឯ​ត្រង់​ថ្ងៃ​នឹង​ពេល​កំណត់ នោះ​គ្មាន​អ្នក​ណា​ដឹង​ទេ ទោះ​ទាំង​ពួក​ទេវតា​ដែល​នៅ​លើ​ស្ថានសួគ៌​ក៏​មិន​ដឹង​ដែរ ជ្រាប​តែ​ព្រះ​វរបិតា​នៃ​ខ្ញុំ​ប៉ុណ្ណោះ»។ (ម៉ាថាយ ២៤:៣៦) ដោយសារ​យើង​មិន​ដឹង​ពេល​កំណត់ គឺ​ចាំបាច់​ណាស់​ដែល​យើង​ស្ដាប់​តាម​បន្ទូល​ក្នុង​បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​២០០៤​ដែល​ថា​៖ «[ចូរ]ចាំ​យាម . . . [ចូរ]ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច»។—ម៉ាថាយ ២៤:៤២, ៤៤

បន្ទូល​ព្រះ​យេស៊ូ​បញ្ជាក់​ឲ្យ​ដឹង​ថា ការ​ប្រមូល​អ្នក​ដែល​បាន​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច​មក​ដើម្បី​មាន​សុវត្ថិភាព​ដោយ​បោះបង់​ចោល​អ្នក​ឯ​ទៀត​ទុក​នៅ នោះ​នឹង​កើត​ឡើង​ក្នុង​មួយ​រំពេច។ ទ្រង់​មាន​បន្ទូល​ថា​៖ «នឹង​មាន​មនុស្ស​២​នាក់​នៅ​ចំការ ម្នាក់​នឹង​បាន​យក​ទៅ ហើយ​ម្នាក់​ទុក​នៅ ស្ត្រី​២​នាក់​កំពុង​តែ​កិន​ម្សៅ ម្នាក់​នឹង​បាន​យក​ទៅ ហើយ​ម្នាក់​ទុក​នៅ»។ (ម៉ាថាយ ២៤:៤០, ៤១) នៅ​គ្រា​សំខាន់​នោះ តើ​ខ្លួន​យើង​នឹង​ស្ថិត​ក្នុង​សភាព​បែប​ណា? តើ​យើង​នឹង​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច​ឬ​ទេ? ឬ​ក៏​ពេល​ដែល​ថ្ងៃ​នោះ​នឹង​មក​ដល់​តើ​យើង​មិន​បាន​ដឹង​ខ្លួន​ជា​មុន​ទេ​ដឹង? នេះ​ភាគ​ច្រើន​អាស្រ័យ​ទៅ​លើ​អ្វី​ដែល​យើង​ធ្វើ​នៅ​គ្រា​ឥឡូវ​នេះ។ ដើម្បី​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច​សំរាប់​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​កុំ​ឲ្យ​ចាប់​ផ្ដើម​មាន​ចិត្ត​គំនិត​មួយ​ដែល​មនុស្ស​ទូទៅ​មាន​សព្វ​ថ្ងៃ​នេះ ហើយ​ក៏​ត្រូវ​ការពារ​ខ្លួន​កុំ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​សភាព​មិន​ល្អ​មួយ​ខាង​វិញ្ញាណ ហើយ​ក៏​ត្រូវ​ចៀស​ពី​របៀប​រស់​នៅ​ខ្លះៗ​ដែរ។

ចូរ​ប្រុង​ប្រយ័ត្ន​កុំ​ឲ្យ​មាន​គំនិត​ឥត​កង្វល់

៤​. នៅ​សម័យ​ណូអេ តើ​មនុស្ស​មាន​ចិត្ត​គំនិត​បែប​ណា?

សូម​ពិចារណា​នូវ​សម័យ​ណូអេ។ ព្រះ​គម្ពីរ​ចែង​ថា​៖ «ដោយសារ​សេចក្ដី​ជំនឿ នោះ​ព្រះ​បាន​មាន​បន្ទូល​ពន្យល់​លោក​ណូអេ ពី​ការ​ដែល​មើល​មិន​ទាន់​ឃើញ​នៅ​ឡើយ ហើយ​ដោយ​លោក​មាន​សេចក្ដី​កោត​ខ្លាច បាន​ជា​លោក​ធ្វើ​ទូក​១​យ៉ាង​ធំ​សំរាប់​នឹង​ជួយ​សង្គ្រោះ​ដល់​ពួក​គ្រួសារ​របស់​លោក»។ (ហេព្រើរ ១១:៧) ទូក​ធំ​នោះ​មើល​ទៅ​ចំឡែក​ហើយ​មនុស្ស​ទាំង​អស់​គ្នា​អាច​ឃើញ​យ៉ាង​ស្រួល។ ម្យ៉ាង​ទៀត ណូអេ​ជា​«អ្នក​ប្រកាស​ប្រាប់​ពី​សេចក្ដី​សុចរិត»។ (ពេត្រុសទី២ ២:៥) ថ្វី​ត្បិត​ណូអេ​បាន​សង់​ទូក​ធំ​នោះ ហើយ​បាន​ប្រកាស​ផ្សាយ​ក៏​ដោយ ក៏​នេះ​មិន​បាន​ជំរុញ​ទឹក​ចិត្ត​មនុស្ស​នៅ​សម័យ​គាត់​ឲ្យ​កែ​ខ្លួន​ទេ។ ហេតុ​អ្វី? ពីព្រោះ​ពួក​គេ​កំពុង​តែ​«ស៊ី​ផឹក ហើយ​រៀប​ការ​ប្ដី​ប្រពន្ធ»។ ណូអេ​បាន​ប្រកាស​ផ្សាយ​ដល់​មនុស្ស​ដែល​វក់​តែ​ការ​សប្បាយ​និង​រឿង​ផ្ទាល់​ខ្លួន​រហូត​ដល់​«ឥត​បាន​ដឹង​ខ្លួន​ឡើយ[ឬ​«មិន​បាន​ចាប់​អារម្មណ៍​អ្វី​សោះ»​, ខ.ស.] ទាល់តែ​ទឹក​ជន់​ឡើង យក​គេ​ទៅ​ទាំង​អស់​គ្នា»។—ម៉ាថាយ ២៤:៣៨, ៣៩

៥​. នៅ​សម័យ​ឡុត តើ​ប្រជាជន​នៅ​ទី​ក្រុង​សូដុំម​មាន​ទស្សនៈ​យ៉ាង​ណា?

នៅ​សម័យ​ឡុត​ក៏​ដូច​គ្នា​ដែរ។ បទ​គម្ពីរ​ប្រាប់​ថា​៖ «គេ​កំពុង​តែ​ស៊ី​ផឹក លក់ដូរ ដាំ​ដំណាំ ហើយ​សង់​ផ្ទះ តែ​នៅ​ថ្ងៃ​ដែល​លោក​ឡុត​ចេញ​ពី​ក្រុង​សូដុំម​មក នោះ​មាន​ភ្លៀង ជា​ភ្លើង​នឹង​ស្ពាន់ធ័រ ធ្លាក់​ពី​លើ​មេឃ​មក បំផ្លាញ​គេ​ទាំង​អស់​គ្នា​បង់»។ (លូកា ១៧:២៨, ២៩) ក្រោយ​ទេវតា​ពីរ​រូប​ព្រមាន​ឡុត​អំពី​សេចក្ដី​ហិនវិនាស​ដែល​ជិត​ដល់​ហើយ នោះ​ឡុត​បាន​ទៅ​ប្រាប់​កូន​ប្រសា​ប្រុស​របស់​គាត់​អំពី​អ្វី​ដែល​នឹង​កើត​ឡើង។ ប៉ុន្តែ ពួក​គេ​«ស្មាន​ថា គាត់​និយាយ​លេង​ទេ»។—លោកុប្បត្តិ ១៩:១៤

៦​. តើ​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​កុំ​ឲ្យ​មាន​ចិត្ត​គំនិត​បែប​ណា?

ដូច​នៅ​សម័យ​ណូអេ​និង​សម័យ​ឡុត ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖ «កាល​ណា​កូន​មនុស្ស​មក ក៏​នឹង​មាន​ដូច្នោះ​ដែរ»។ (ម៉ាថាយ ២៤:៣៩; លូកា ១៧:៣០) ពិត​ណាស់​ថា សព្វ​ថ្ងៃ​នេះមនុស្ស​ទូទៅ​មាន​ចិត្ត​គំនិត​ឥត​ខ្វល់​អ្វី​សោះ។ យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​កុំ​ឲ្យ​ទស្សនៈ​បែប​នេះ​មាន​ឥទ្ធិពល​មក​លើ​យើង។ ការ​ពិសា​ស្រា​និង​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ដោយ​មាន​តុល្យភាព​គឺ​មិន​ខុស​ទេ ហើយ​ការ​រៀប​ការ​ប្ដី​ប្រពន្ធ​គឺ​ជា​អ្វី​ដែល​ព្រះ​រៀប​ចំ។ ក៏​ប៉ុន្តែ បើ​រឿង​ទាំង​នេះ​ទៅ​ជា​អ្វី​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​រហូត​នាំ​ឲ្យ​យើង​លែង​យក​ចិត្ត​ទុក​ដាក់​លើ​រឿង​ខាង​វិញ្ញាណ​នោះ តើ​រូប​យើង​បាន​ប្រុង​ប្រៀប​ជា​ស្រេច​សំរាប់​ថ្ងៃ​ដ៏​គួរ​ស្ញែង​ខ្លាច​របស់​ព្រះ​យេហូវ៉ា​ឬ?

៧​. មុន​ដែល​ចាប់​ផ្ដើម​ធ្វើ​តាម​គម្រោង​ណា​មួយ តើ​យើង​គួរ​សួរ​សំនួរ​អ្វី? ហេតុ​អ្វី?

សាវ័ក​ប៉ុល​ប្រាប់​ថា​៖ «ពេល​វេលា​ចង្អៀត​ណាស់​ហើយ ពី​នេះ​ទៅ​មុខ គួរ​តែ​ឲ្យ​ពួក​អ្នក​ដែល​មាន​ប្រពន្ធ បាន​នៅ​ដូច​ជា​គ្មាន​វិញ»។ (កូរិនថូសទី១ ៧:២៩​-​៣១) ពេល​ដែល​នៅ​សល់​ដើម្បី​បង្ហើយ​កិច្ច​ផ្សព្វផ្សាយ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​មាន​តិច​ណាស់។ (ម៉ាថាយ ២៤:១៤) ប៉ុល​ក៏​ដាស់​តឿន​អ្នក​ដែល​បាន​រៀប​ការ​ហើយ​មិន​ឲ្យ​ចំណាយ​ពេល​ច្រើន​ហួស​ហេតុ​ពេក​ទៅ​លើ​ការ​គាប់​ចិត្ត​ដល់​គូ​ខ្លួន​រហូត​នាំ​ឲ្យ​រឿង​ខាង​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ទៅ​ជា​រឿង​បន្ទាប់​បន្សំ​វិញ។ គឺ​ឃើញ​ច្បាស់​ហើយ​ថា ចិត្ត​គំនិត​ដែល​ប៉ុល​ណែនាំ​ឲ្យ​មាន​នោះ គឺ​ផ្ទុយ​ស្រឡះ​ពី​គំនិត​ដែល​ឥត​ខ្វល់​អ្វី​សោះ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​៖ «ចូរ​ស្វែង​រក​នគរ នឹង​សេចក្ដី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន»។ (ម៉ាថាយ ៦:៣៣) មុន​ដែល​ធ្វើ​ការ​សម្រេច​ចិត្ត​ណា​មួយ​ឬ​ខំ​បំពេញ​គោល​ដៅ​ណា​មួយ សំនួរ​សំខាន់​បំផុត​ដែល​ត្រូវ​សួរ​ខ្លួន​ឯង​គឺ​៖ ‹តើ​នេះ​នឹង​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ការ​រក្សា​រឿង​ខាង​ព្រះ​រាជាណាចក្រ​ព្រះ​ជា​អាទិភាព​ក្នុង​ជីវិត​ខ្ញុំ?›។

៨​. បើ​ជីវិត​ប្រចាំ​ថ្ងៃ​បាន​ទៅ​ជា​រឿង​សំខាន់​បំផុត​ចំពោះ​យើង តើ​យើង​គួរ​ធ្វើ​យ៉ាង​ណា?

ចុះ​យ៉ាង​ណា​វិញ​បើ​យើង​ទទួល​ស្គាល់​ថា យើង​កំពុង​តែ​រវល់​នឹង​ជីវិត​ប្រចាំ​ថ្ងៃ​រហូត​ដល់​មិន​សល់​ពេល​សំរាប់​អ្វីៗ​ខាង​វិញ្ញាណ​នោះ? របៀប​រស់​នៅ​របស់​អ្នកជិតខាង​យើង​ដែល​គ្មាន​ចំណេះ​ត្រឹម​ត្រូវ​អំពី​បទ​គម្ពីរ​ហើយ​មិន​មែន​ជា​អ្នក​ផ្សាយ​អំពី​ព្រះ​រាជាណាចក្រ​ព្រះ​នោះ តើ​របៀប​រស់​នៅ​របស់​យើង​និង​ពួក​គេ​ស្ទើរតែ​ដូច​គ្នា​ឬ​ទេ? បើ​ដូច្នេះ​មែន យើង​ត្រូវ​តែ​អធិស្ឋាន​អំពី​រឿង​នេះ។ ព្រះ​យេហូវ៉ា​អាច​ជួយ​ឲ្យ​យើង​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ​វិញ។ (រ៉ូម ១៥:៥; ភីលីព ៣:១៥) ទ្រង់​អាច​ជួយ​យើង​ឲ្យ​រក្សា​ទុក​រឿង​ព្រះ​រាជាណាចក្រ​សំខាន់​បំផុត ហើយ​ជួយ​យើង​ធ្វើ​អ្វី​ដ៏​ត្រឹម​ត្រូវ ហើយ​បំពេញ​ភារកិច្ច​ដែល​យើង​មាន​ចំពោះ​ទ្រង់។—រ៉ូម ១២:២; កូរិនថូសទី២ ១៣:៧

កុំ​ទៅ​ជា​ងងុយ​ដេក​ខាង​វិញ្ញាណ

៩​. យោង​ទៅ​តាម​វិវរណៈ ១៦:១៤​-​១៦ ហេតុ​អ្វី​បាន​ជា​ការ​សំខាន់​ដែល​យើង​ត្រូវ​តែ​ការពារ​កុំ​ឲ្យ​ទៅ​ជា​ងងុយ​ដេក​ខាង​វិញ្ញាណ?

ទំនាយ​នោះ​ដែល​ប្រាប់​អំពី​«ចំបាំង​នៅ​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​បំផុត»​នៅ​អើម៉ាគេដូន ក៏​ព្រមាន​ថា​មនុស្ស​ខ្លះ​ប្រហែល​ជា​នឹង​ដេក​លក់​ខាង​វិញ្ញាណ។ ព្រះ​អម្ចាស់​យេស៊ូ​គ្រីស្ទ​មាន​បន្ទូល​ថា​៖ «មើល! អញ​មក​ដូច​ជា​ចោរ​ប្លន់ មាន​ពរ​ហើយ អ្នក​ណា​ដែល​នៅ​ចាំ ហើយ​រក្សា​សំលៀកបំពាក់​ខ្លួន ដើម្បី​មិន​ឲ្យ​ដើរ​អាក្រាត ឲ្យ​អ្នក​ណា​ឃើញ​កេរ្ដិ៍​ខ្មាស​ខ្លួន​ឡើយ»។ (វិវរណៈ ១៦:១៤​-​១៦) សំលៀកបំពាក់​ក្នុង​ខគម្ពីរ​នេះសំដៅ​លើ​អ្វី​ដែល​សម្គាល់​យើង​ជា​ស្មរ​បន្ទាល់​របស់​ព្រះ​យេហូវ៉ា។ នេះ​រួម​បញ្ចូល​កិច្ចការ​ផ្សាយ​អំពី​ព្រះ​រាជាណាចក្រ និង​កិរិយា​ប្រព្រឹត្ត​សម​ស្រប​តាម​គោលការណ៍​គ្រីស្ទាន។ បើ​យើង​ទៅ​ជា​អសកម្ម​ហាក់​ដូច​ជា​កំពុង​ដេក​លក់​វិញ នោះ​យើង​ប្រហែល​ជា​នឹង​បាត់បង់​អត្តសញ្ញាណ​របស់​យើង​ជា​គ្រីស្ទាន​ម្នាក់ ហាក់​ដូច​ជា​គេ​បាន​ដោះ​សំលៀកបំពាក់​យើង​ចេញ។ នោះ​គួរ​ឲ្យ​អា​ម៉ាស់​ខ្មាស ហើយ​ក៏​ប្រកប​ដោយ​គ្រោះថ្នាក់​ដែរ។ យើង​ត្រូវ​ខំ​ប្រឹង​កុំ​ឲ្យ​ងងុយ​ដេក​ឬ​រហិតរហៃ​ខាង​វិញ្ញាណ។ តើ​យើង​អាច​ការពារ​ខ្លួន​កុំ​ឲ្យ​ធ្លាក់​ក្នុង​សភាព​នេះ​យ៉ាង​ដូច​ម្ដេច?

១០​. ហេតុ​អ្វី​បាន​ជា​ការ​អាន​ព្រះ​គម្ពីរ​រៀង​រាល់​ថ្ងៃ​ជួយ​យើង​ប្រុង​ស្មារតី​ខាង​វិញ្ញាណ​ជានិច្ច?

១០ ម្ដង​ហើយ​ម្ដង​ទៀត ព្រះ​គម្ពីរ​សង្កត់​ធ្ងន់​ថា​យើង​ត្រូវ​តែ​ចាំ​យាម​និង​ដឹង​ខ្លួន​ជានិច្ច។ ជា​ឧទាហរណ៍ កំណត់​ហេតុ​ដំណឹង​ល្អ​រំឭក​យើង​ថា​៖ «[ចូរ]ចាំ​យាម» (ម៉ាថាយ ២៤:៤២; ២៥:១៣; ម៉ាកុស ១៣:៣៥, ៣៧) «[ចូរ]ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច» (ម៉ាថាយ ២៤:៤៤) «ចូរ​ប្រុង​ប្រយ័ត ឲ្យ​ចាំ​យាម» (ម៉ាកុស ១៣:៣៣) «[ចូរ]បំ​រុង​ខ្លួន​ជា​ស្រេច» (លូកា ១២:៤០)។ ក្រោយ​សាវ័ក​ប៉ុល​ប្រាប់​ថា​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​នឹង​មក​លើ​លោកីយ៍​នេះ​នៅ​ពេល​មួយ​ដែល​យើង​មិន​នឹក​ស្មាន​ដល់ នោះ​គាត់​ជំរុញ​អ្នក​ជឿ​គ្នីគ្នា​ថា​៖ «ត្រូវ​ឲ្យ​យើង​ចាំ​យាម ហើយ​ដឹង​ខ្លួន មិន​ត្រូវ​ឲ្យ​ដេក​លក់ ដូច​ជា​មនុស្ស​ឯ​ទៀត​ទេ»។ (ថែស្សាឡូនីចទី១ ៥:៦) នៅ​សៀវភៅ​ចុង​ក្រោយ​នៃ​ព្រះ​គម្ពីរ ព្រះ​គ្រីស្ទ​យេស៊ូ​ដែល​បាន​ទទួល​សិរី​រុងរឿង​ក៏​បញ្ជាក់​ឲ្យ​ដឹង​ថា ការ​យាង​មក​របស់​ទ្រង់​នឹង​មក​ឆាប់​ប៉ុន​ណា ពេល​ទ្រង់​មាន​បន្ទូល​ថា​៖ «អញ​មក​ជា​ឆាប់»​នោះ។ (វិវរណៈ ៣:១១; ២២:៧, ១២, ២០) ព្យាការី​ជនជាតិ​ហេព្រើរ​ជា​ច្រើន​ក៏​បាន​ពណ៌នា​និង​ព្រមាន​អំពី​ថ្ងៃ​ដ៏​ធំ​នៃ​ការ​ជំនុំជំរះ​របស់​ព្រះ​យេហូវ៉ា​ដែរ។ (អេសាយ ២:១២, ១៧; យេរេមា ៣០:៧; យ៉ូអែល ២:១១; សេផានា ៣:៨) ការ​អាន​ព្រះ​គម្ពីរ​ដែល​ជា​ព្រះ​បន្ទូល​របស់​ព្រះ​ជា​រៀង​រាល់​ថ្ងៃ ហើយ​ការ​រំពឹង​គិត​ទៅ​លើ​អ្វី​ដែល​យើង​អាន​នោះ ជា​ជំនួយ​ល្អ​ប្រសើរ​ក្នុង​ការ​ប្រុង​ស្មារតី​ខាង​វិញ្ញាណ។

១១​. ហេតុ​អ្វី​បាន​ជា​ការ​សិក្សា​ព្រះ​គម្ពីរ​ដោយ​ខ្លួន​ឯង​គឺ​ចាំបាច់​ដើម្បី​កុំ​ឲ្យ​ងងុយ​ដេក​ខាង​វិញ្ញាណ?

១១ បើ​ប្រើ​ប្រកាសនវត្ថុ​ដែល​ផ្គត់ផ្គង់​ដោយ​‹អ្នក​បំរើ​ស្មោះ​ត្រង់​មាន​វិនិច្ឆ័យ​ល្អ›ដើម្បី​ព្យាយាម​សិក្សា​បទ​គម្ពីរ​ដោយ​ខ្លួន​ឯង នោះ​ពិត​ជា​ជួយ​យើង​ច្រើន​ណាស់​ក្នុង​ការ​ការពារ​កុំ​ឲ្យ​យើង​ងងុយ​ដេក​ខាង​វិញ្ញាណ! (ម៉ាថាយ ២៤:៤៥​-​៤៧) ក៏​ប៉ុន្តែ ដើម្បី​ទទួល​ផល​ប្រយោជន៍​ពី​ការ​សិក្សា​ផ្ទាល់​ខ្លួន ការ​សិក្សា​នោះ​ត្រូវ​តែ​ស៊ី​ជំរៅ​កាន់​តែ​ជ្រៅ​ទៅៗ​ហើយ​ក៏​ត្រូវ​ទៀងទាត់​ផង​ដែរ។ (ហេព្រើរ ៥:១៤​–​៦:៣) យើង​ត្រូវ​តែ​ទទួល​អាហារ​រឹង​ខាង​វិញ្ញាណ​ជា​ទៀងទាត់។ នៅ​សម័យ​នេះ ការ​ឆ្លៀត​ពេល​សិក្សា​ប្រហែល​ជា​ពិបាក​ណាស់។ (អេភេសូរ ៥:១៥, ១៦) យ៉ាង​ណា​ក៏​ដោយ គឺ​មិន​គ្រប់គ្រាន់​ទេ បើ​យើង​គ្រាន់តែអាន​ព្រះ​គម្ពីរ​និង​ប្រកាសនវត្ថុ​អំពី​បទ​គម្ពីរ​នៅ​ពេល​ដែល​យើង​ទំនេរ។ ការ​សិក្សា​ផ្ទាល់​ខ្លួន​ជា​ទៀងទាត់​គឺ​ចាំបាច់​ដើម្បី​យើង​អាច​«មាន​សេចក្ដីជំនឿ​ត្រឹម​ត្រូវ»​ហើយ​មិន​ទៅ​ជា​ងងុយ​ដេក​ខាង​វិញ្ញាណ​នោះ។—ទីតុស ១:១៣

១២​. តើ​កិច្ច​ប្រជុំ សន្និបាត និង​មហា​សន្និបាត​ជួយ​ការពារ​យើង​កុំ​ឲ្យ​ងងុយ​ដេក​ខាង​វិញ្ញាណ​យ៉ាង​ដូច​ម្ដេច?

១២ កិច្ច​ប្រជុំ​គ្រីស្ទាន សន្និបាត មហា​សន្និបាត ក៏​ជួយ​ការពារ​យើង​កុំ​ឲ្យ​ងងុយ​ដេក​ខាង​វិញ្ញាណ។ តើ​យ៉ាង​ដូច​ម្ដេច? គឺ​ដោយសារ​ការ​ណែនាំ​ដែល​យើង​ទទួល។ នៅ​ឯ​កិច្ច​ប្រជុំ​ទាំង​ប៉ុន្មាននេះ ជួយ​រំឭក​ជា​ញឹកញយ​ឲ្យ​យើង​ដឹង​ថា ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​គឺ​កៀក​ណាស់​ហើយ មែន​ទេ? កិច្ច​ប្រជុំ​ប្រចាំ​សប្ដាហ៍​របស់​គ្រីស្ទាន​ពិត​ក៏​ផ្ដល់​ឱកាស‹បណ្ដាល​ឲ្យ​បងប្អូន​មាន​សេចក្ដី​ស្រឡាញ់ ហើយ​ប្រព្រឹត្ត​ការ​ល្អ​ផង›។ ការ​បណ្ដាល​ឬ​ជំរុញ​ទឹក​ចិត្ត​នេះ ជា​ជំនួយ​កុំ​ឲ្យ​យើង​ងងុយ​ដេក​ខាង​វិញ្ញាណ។ គ្មាន​អ្វី​ចំឡែក​ទេ ដែល​យើង​ត្រូវ​បង្គាប់​ឲ្យ​ជួប​ជុំ​គ្នា​ជា​ទៀងទាត់ នៅ​ពេល​យើង​«ឃើញ​ថា ថ្ងៃ​នោះ​ជិត​មក​ដល់​ហើយ»។—ហេព្រើរ ១០:២៤, ២៥

១៣​. តើ​កិច្ច​បំរើ​គ្រីស្ទាន​ជួយ​ការពារ​កុំ​ឲ្យ​យើង​ងងុយ​ដេក​ខាង​វិញ្ញាណ​យ៉ាង​ដូច​ម្ដេច?

១៣ យើង​ក៏​ទទួល​ជំនួយ​កុំ​ឲ្យ​ងងុយ​ដេក​ខាង​វិញ្ញាណ នៅ​ពេល​យើង​ចូល​រួម​អស់​ពី​ចិត្ត​ក្នុង​កិច្ច​បំរើ​គ្រីស្ទាន​ពិត។ ការ​និយាយ​ជា​មួយ​នឹង​អ្នក​ឯ​ទៀត​អំពី​ទី​សម្គាល់​នៃ​សម័យ​នេះ​និង​អត្ថន័យ​នៃ​ទី​សម្គាល់ គឺ​ជា​វិធី​ល្អ​បំផុត​ដែល​ជួយ​យើង​ចង​ចាំ​ជានិច្ច​នូវ​ទី​សម្គាល់​នោះ មែន​ទេ? ហើយ​ពេល​យើង​ឃើញ​អ្នក​ដែល​យើង​បង្រៀន​ព្រះ​គម្ពីរ​ចាប់​ផ្ដើម​រីក​ចំរើន​និង​ធ្វើ​តាម​អ្វី​ដែល​ពួក​គាត់​រៀន នោះ​ក៏​ជួយ​យើង​យល់​កាន់​តែ​ច្បាស់​ថា ពេល​គឺ​បន្ទាន់​ហើយ​ដែរ។ សាវ័ក​ពេត្រុស​បាន​ប្រាប់​ថា​៖ «ចូរ​ក្រវាត់​គំនិត​អ្នក​រាល់​គ្នា​ឲ្យ​មាំមួន​ចុះ!»​ដើម្បី​ធ្វើ​សកម្មភាព ថែម​ទាំង​ត្រូវ​«ដឹង​ខ្លួន»​ផង។ (ពេត្រុសទី១ ១:១៣) បើ​«ធ្វើ​ការ​ព្រះ​អម្ចាស់ ឲ្យ​បរិបូរ​ជា​ដរាប» នោះ​ជា​វិធី​ដ៏​ល្អ​ប្រសើរ​ដែល​ជួយ​យើង​ឲ្យ​ស្វាង​ពី​ការ​ងងុយ​ដេក​ខាង​វិញ្ញាណ។—កូរិនថូសទី១ ១៥:៥៨

ចូរ​ចៀស​ពី​របៀប​រស់​នៅ​ដែល​ពង្រេចពង្រឹល​ភាព​ខាង​វិញ្ញាណ

១៤​. នៅ​លូកា ២១:៣៤​-​៣៦ តើ​ព្រះ​យេស៊ូ​ព្រមាន​អំពី​របៀប​រស់​នៅ​បែប​ណា?

១៤ ក្នុង​ទំនាយ​ដ៏​ធំ​របស់​ព្រះ​យេស៊ូ​ស្តី​អំពី​ទី​សម្គាល់​នៃ​វត្តមាន​របស់​ទ្រង់ នោះ​ទ្រង់​ព្រមាន​អំពី​អ្វី​មួយ​ទៀត។ ទ្រង់​មាន​បន្ទូល​ថា​៖ «ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត​ខ្លួន ក្រែង​ចិត្ត​អ្នក​រាល់​គ្នា​កំពុង​តែ​ផ្ទុក​នូវ​សេចក្ដី​វក់​នឹង​ស៊ី​ផឹក ហើយ​នឹង​សេចក្ដី​ខ្វល់ខ្វាយ​នៅ​ជីវិត នោះ​លោតែ​ថ្ងៃ​នោះ​មក​ដល់​អ្នក​រាល់​គ្នា​ភ្លាម ដ្បិត​ថ្ងៃ​នោះ​នឹង​មក​ដូច​ជា​លប់ គ្រប​លើ​អស់​ទាំង​មនុស្ស​ដែល​នៅ​គ្រប់​លើ​ផែនដី ដូច្នេះ ចូរ​ចាំ​យាម​ចុះ! ហើយ​អធិស្ឋាន​ជានិច្ច ដើម្បី​ឲ្យ​បាន​រាប់​ជា​គួរ​នឹង​រួច​ពី​ការ​ទាំង​នេះ​ដែល​ត្រូវ​មក ហើយ​ឲ្យ​បាន​ឈរ​នៅ​មុខ​កូន​មនុស្ស​ផង»។ (លូកា ២១:​៣៤​-​៣៦) ព្រះ​យេស៊ូ​ពណ៌នា​យ៉ាង​ត្រឹម​ត្រូវ​អំពី​របៀប​រស់​នៅ​ដែល​មនុស្ស​ទូទៅ​ខំ​ឲ្យ​បាន​នោះ គឺ​ពួក​គេ​ស៊ី​ផឹក​ជ្រុល ហើយ​មាន​របៀប​រស់​នៅ​មួយ​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ខ្វល់ខ្វាយ​ជា​ច្រើន។

១៥​. ហេតុ​អ្វី​បាន​ជា​យើង​មិន​ត្រូវ​ជា​មនុស្ស​ល្មោភ​ស៊ី​ឬ​ផឹក​ស្រា​ហួស​ប្រមាណ​នោះ?

១៥ ការ​ល្មោភ​ស៊ី​និង​ការ​ផឹក​ស្រា​ហួស​ប្រមាណ​គឺ​ខុស​ពី​គោលការណ៍​ព្រះ​គម្ពីរ ហើយ​ជា​អ្វី​ដែល​យើង​ត្រូវ​ចៀស​វាង​ដាច់ខាត។ ព្រះ​គម្ពីរ​ចែង​ថា​៖ «កុំ​ឲ្យ​នៅ​កណ្ដាល​ពួក​អ្នក​ប្រមឹក​ស្រា ឬ​ក្នុង​ពួក​ល្មោភ​ស៊ី​ឡើយ»។ (សុភាសិត ២៣:២០) ក៏​ប៉ុន្តែ ការ​បរិភោគ​និង​ការ​ផឹក​ស្រា មិន​ចាំបាច់​ឈាន​ដល់​ថ្នាក់​ថា​ស៊ី​ផឹក​ជ្រុល ទើប​បង្ក​គ្រោះថ្នាក់​ដល់​ភាព​ខាង​វិញ្ញាណ​របស់​យើង​ទេ។ ការ​បរិភោគ​និង​ការ​ផឹក​ស្រា​អាច​នាំ​ឲ្យ​ងងុយ​ដេក​និង​ខ្ជិល​ច្រអូស​មុន​ឈាន​ដល់​ថ្នាក់​ហៅ​ថា​ស៊ី​ផឹក​ជ្រុល។ សុភាសិត​មួយ​ពី​ព្រះ​គម្ពីរ​ចែង​ថា​៖ «ព្រលឹង​នៃ​មនុស្ស​ខ្ជិល​ច្រអូស​ប្រាថ្នា​ចង់​បាន តែ​មិន​បាន​អ្វី​សោះ»។ (សុភាសិត ១៣:៤) មនុស្ស​ខ្ជិល​ក៏​ប្រហែល​ជា​ចង់​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​ពិត​មែន តែ​មិន​អាច​បំពេញ​បំណង​នេះ​បាន​ទេ ដោយសារ​ពួក​គេ​មិន​យក​ចិត្ត​ទុក​ដាក់។

១៦​. ដើម្បី​កុំ​ឲ្យ​មាន​សេចក្ដី​ខ្វល់ខ្វាយ​ច្រើន​ហួស​ហេតុ​ពេក​អំពី​ក្រុម​គ្រួសារ​របស់​យើង តើ​យើង​អាច​ធ្វើ​អ្វី?

១៦ សេចក្ដី​ខ្វល់ខ្វាយ​នៅ​ជីវិត​ដែល​ព្រះ​យេស៊ូ​បាន​ព្រមាន​យើង​នោះ តើ​មាន​អ្វី​ខ្លះ? នោះ​រួម​បញ្ចូល​រឿង​ផ្ទាល់​ខ្លួន ដូច​ជា​ការ​ចិញ្ចឹម​ក្រុម​គ្រួសារ​ជា​ដើម។ មិន​ជា​ការ​ល្អ​សោះ បើ​យើង​ទៅ​ជា​វក់​នឹង​រឿង​ទាំង​នេះ! ព្រះ​យេស៊ូ​បាន​សួរ​ថា​៖ «តើ​មាន​អ្នក​ឯ​ណា​ដែល​អាច​នឹង​បន្ថែម​កំពស់​ខ្លួន​១​ហត្ថ​ដោយសារ​សេចក្ដី​ខ្វល់ខ្វាយ​បាន​ឬ​ទេ?»។ ទ្រង់​ទូន្មាន​អ្នក​ស្ដាប់​ថា​៖ «កុំ​ឲ្យ​ខ្វល់ខ្វាយ​ថា តើ​ត្រូវ​បរិភោគ​អ្វី​ឬ​ស្លៀក​ពាក់​អ្វី​នោះ​ឡើយ។ ដ្បិត​គឺ​ជា​សាសន៍​ដទៃ​ទេ​តើ ដែល​ខំ​ស្វែង​រក​របស់​ទាំង​នោះ​វិញ។ ឯ​ព្រះ​វរបិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​ជ្រាប​ហើយ ថា​អ្នក​រាល់​គ្នា​ត្រូវ​ការ​នឹង​របស់​ទាំង​នោះ​ដែរ»។ ការ​រក្សា​ទុក​អ្វី​ខាង​ព្រះ​រាជាណាចក្រ​ជា​អាទិ​ភាព​ទី​មួយ​ក្នុង​ជីវិត​យើង ហើយ​ការ​ជឿជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​ទំនុកបំរុង​យើង​ជា​អ្វី​ដែល​អាច​ជួយ​យើង​កុំ​ឲ្យ​ខ្វល់​ខ្វាយ​ហួស​ហេតុ​ពេក និង​ជួយ​មិន​ឲ្យ​ងងុយ​ដេក​ខាង​វិញ្ញាណ។—ម៉ាថាយ ៦:២៥—៣៤

១៧​. តើ​ការ​ខំ​ឲ្យ​បាន​ទ្រព្យ​សម្បត្ដិ​អាច​នាំ​ឲ្យ​មាន​សេចក្ដី​ខ្វល់ខ្វាយ​យ៉ាង​ដូច​ម្ដេច?

១៧ ការ​ខ្វល់ខ្វាយ​ក៏​អាច​ផ្ដើម​មក​ពី​ការ​ខំ​ប្រឹង​ប្រមូល​ទ្រព្យ​សម្បត្ដិ​ដែរ។ ជា​ឧទាហរណ៍ មនុស្ស​ខ្លះ​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​ពិបាក​ដោយ​រស់​នៅ​ហួស​ពី​ធនធាន​ដែល​ខ្លួន​មាន។ អ្នក​ខ្លះ​ទៀត​ត្រូវ​បាន​ទាក់ទាញ​ឲ្យ​ចូល​រួម​ក្នុង​គម្រោង​ដែល​គេ​ចាត់​ទុក​ថា​អាច​ទទួល​លុយ​បាន​ច្រើន​ក្នុង​រយៈ​ពេល​ខ្លី ហើយ​អ្នក​ឯ​ទៀត​ប្រថុយ​ធ្វើ​វិនិយោគ។ ចំណែក​អ្នក​ខ្លះ​ទៀត​ជាប់​អន្ទាក់​ដោយ​ទទួល​ការ​អប់រំ​របស់​លោកីយ៍​ក្នុង​បំណង​បាន​ប្រាក់​ខែ​ខ្ពស់។ ពិត​មែន​ថា ដើម្បី​បាន​ការងារ​ធ្វើ​ត្រូវ​មាន​ការ​អប់រំ​មួយ​កំរិត​ដែរ។ ប៉ុន្តែ​តាម​ពិត​ទៅ មនុស្ស​ខ្លះ​បាន​នាំ​ឲ្យ​ខ្លួន​មាន​គ្រោះថ្នាក់​ខាង​វិញ្ញាណ​ដោយ​ខំ​ទទួល​ការ​អប់រំ​ខ្ពស់​ដែល​តម្រូវ​ឲ្យ​ចំណាយ​ពេល​ជា​ច្រើន​នោះ។ ពិត​ជា​គ្រោះថ្នាក់​ណាស់! បើ​ស្ថិត​ក្នុង​សភាព​បែប​នេះ​ពេល​ដែល​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​កំពុង​តែ​ឈាន​មក​ដល់​នោះ! ព្រះ​គម្ពីរ​ព្រមាន​ថា​៖ «ពួក​អ្នក​ដែល​ចង់​ធ្វើ​ជា​អ្នក​ស្តុកស្តម្ភ នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​សេចក្ដី​ល្បួង នឹង​អន្ទាក់ ហើយ​ក្នុង​បំណង​ជា​ច្រើន​ដែល​ផ្ដេសផ្ដាស ហើយ​ធ្វើ​ទុក្ខ​ដល់​ខ្លួន ក៏​ពន្លិច​មនុស្ស​ទៅ​ក្នុង​សេចក្ដី​ហិនវិនាស នឹង​សេចក្ដី​អន្តរធាន​វិញ»។—ធីម៉ូថេទី១ ៦:៩

១៨​. ដើម្បី​កុំ​ឲ្យ​ចាប់​ផ្ដើម​មាន​របៀប​រស់​នៅ​គិត​តែ​អំពី​ទ្រព្យ​សម្បត្ដិ​នោះ តើ​យើង​ត្រូវ​បណ្ដុះ​ឲ្យ​មាន​សមត្ថភាព​អ្វី?

១៨ ដើម្បី​កុំ​ឲ្យ​ចាប់​ផ្ដើម​មាន​របៀប​រស់​នៅ​គិត​តែ​អំពី​ទ្រព្យ​សម្បត្ដិ​នោះ គឺ​ចាំបាច់​ត្រូវ​បណ្ដុះ​ឲ្យ​មាន​សមត្ថភាព​វិនិច្ឆ័យ​យល់​ខុស​និង​ត្រូវ ពេល​ដែល​ធ្វើ​ការ​សម្រេច​ចិត្ត។ សមត្ថភាព​នេះ​ត្រូវ​បណ្ដុះ​ដោយ​ទទួល​ជា​ទៀងទាត់​នូវ‹អាហារ​រឹង​ខាង​វិញ្ញាណ​សំរាប់​មនុស្ស​ធំ› ហើយ​តាម​រយៈ​ការ​«បង្ហាត់​ឥន្ទ្រី​យ ដោយ​ធ្លាប់​ខ្លួន»។ (ហេព្រើរ ៥:១៣, ១៤) ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​«អស់​ទាំង​សេចក្ដី​ដែល​ប្រសើរ»​ឬ​អ្វី​ដែល​សំខាន់​បំផុត ពេល​ធ្វើ​ការ​សម្រេច​ចិត្ត​ថា​អ្វី​គួរ​មាន​អាទិ​ភាព​នោះ ក៏​នឹង​ការពារ​យើង​កុំ​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​មិន​ល្អ​ដែរ។—ភីលីព ១:១០

១៩​. បើ​ឃើញ​ថា​យើង​មាន​ពេល​តិច​ណាស់​សំរាប់​អ្វី​ខាង​វិញ្ញាណ តើ​យើង​គួរ​ធ្វើ​យ៉ាង​ណា?

១៩ របៀប​រស់​នៅ​គិត​តែ​អំពី​ទ្រព្យ​សម្បត្ដិ​អាច​បាំង​ភ្នែក​យើង​ធ្វើ​ឲ្យ​មាន​ពេល​តែ​បន្ដិច​បន្តួច​ឬ​គ្មាន​ពេល​សោះ​សំរាប់​អ្វី​ខាង​វិញ្ញាណ។ ដើម្បី​ដឹង​ថា​យើង​ត្រូវ​បាន​ទាក់ទាញ​ដោយ​របៀប​រស់​នៅ​បែប​នេះ​ឬ​ក៏​អត់​នោះ តើ​យើង​អាច​ពិនិត្យ​មើល​ខ្លួន​យ៉ាង​ដូច​ម្ដេច? យើង​ត្រូវ​តែ​អធិស្ឋាន​និង​ពិចារណា​ថា តើ​យើង​អាច​ធ្វើ​ឲ្យ​ជីវភាព​យើង​ទៅ​ជា​សាមញ្ញ​ជាង​យ៉ាង​ដូច​ម្ដេច​ខ្លះ? ស្តេច​សាឡូម៉ូន​ជា​ស្តេច​អ៊ីស្រាអែល​ពី​បុរាណ​បាន​មាន​បន្ទូល​ថា​៖ «ការ​ដេក​លក់​នៃ​មនុស្ស​ដែល​ធ្វើ​ការ​នឿយ​ហត់ នោះ​ស្រួល​ឆ្ងាញ់ ទោះ​បើ​បាន​បរិភោគ​តិច​ឬ​ច្រើន​ក្ដី ប៉ុន្តែ​ការ​បរិភោគ​ហួស​ប្រមាណ​របស់​អ្នក​មាន នោះ​មិន​ឲ្យ​គេ​ដេក​លក់បាន​ទេ»។ (សាស្ដា ៥:១២) តើ​ការ​ថែរក្សា​ទ្រព្យ​សម្បត្ដិ​ដែល​មិន​ចាំបាច់​ស៊ី​ពេល​វេលា​និង​កម្លាំង​ច្រើន​របស់​យើង​ឬ​ទេ? មាន​ទ្រព្យ​សម្បត្ដិ​កាន់​តែ​ច្រើន ត្រូវ​ថែរក្សា ធានា​រ៉ាប់​រង និង​ការពារ​វា​កាន់​តែ​ច្រើន​ផង​ដែរ។ តើ​យើង​អាច​ទទួល​ផល​ប្រយោជន៍​ឬ​ទេ បើ​វត្ថុទ្រព្យ​ខ្លះ​យើង​ឈប់​ទុក​ត​ទៅ​ទៀត​ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​រស់​នៅ​របស់​យើង​សាមញ្ញ​ជាង​នោះ?

ចូរ​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច​កុំ​ខាន!

២០, ២១​. (ក) តើ​ពេត្រុស​ធ្វើ​ឲ្យ​យើង​មាន​ទំនុក​ចិត្ត​អំពី​អ្វី​ដែល​ទាក់ទង​នឹង​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា? (ខ) ពេល​ដែល​យើង​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច​សំរាប់​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា តើ​យើង​ត្រូវ​បន្ត​មាន​កិរិយា​និង​ការ​ប្រព្រឹត្ត​បែប​ណា​ខ្លះ?

២០ ទីបញ្ចប់​បាន​មក​ដល់​លោកីយ៍​នៅ​សម័យ​ណូអេ ក៏​នឹង​មក​ដល់​របប​លោកីយ៍​នេះ​ដែរ។ សាវ័ក​ពេត្រុស​ធ្វើ​ឲ្យ​យើង​មាន​ទំនុក​ចិត្ត​ដោយ​ពោល​ថា​៖ «ថ្ងៃ​នៃ​ព្រះ​អម្ចាស់ នោះ​នឹង​មក​ដូច​ជា​ចោរ​ប្លន់ នៅ​ថ្ងៃ​នោះ​ផ្ទៃ​មេឃ​នឹង​បាត់​ទៅ ដោយ​សូរ​គ្រាំ​គ្រេង ឯ​ធាតុ​សព្វសារពើ​នឹង​រលាយ​ទៅ ដោយ​កំដៅ​ដ៏​ក្រៃលែង ហើយ​ផែនដី​នឹង​ការ​សព្វសារពើ នឹង​ត្រូវ​ឆេះ​អស់​រលីង​ទៅ»។ លោកីយ៍​នេះ​នឹង​ពុំ​អាច​រួច​ពី​សេចក្ដី​ខ្ញាល់​របស់​ព្រះ​យេហូវ៉ា​ដែល​ក្ដៅ​ដូច​ជា​ភ្លើង​នោះ មិន​ថា​ផ្ទៃ​មេឃ​អត្ថបដិរូប​ដែល​តំណាង​រដ្ឋាភិបាល​អាក្រក់​ទាំង​ប៉ុន្មាន ឬ​ផែនដី​អត្ថបដិរូប​ដែល​តំណាង​មនុស្ស​ជាតិ​ដែល​គ្មាន​ទំនាក់ទំនង​ជា​មួយ​ព្រះ​ក៏​ដោយ។ ដើម្បី​បញ្ជាក់​របៀប​យើង​អាច​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច ពេត្រុស​សួរ​ថា​៖ «ចុះ​ដែល​របស់​ទាំង​នោះ​នឹង​ត្រូវ​រលាយ​ទៅ នោះ​តើ​គួរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​យ៉ាង​ណា​វិញ ក្នុង​កិរិយា​បរិសុទ្ធ នឹង​សេចក្ដី​គោរព​ប្រតិបត្ដិ ទាំង​ទន្ទឹង​ចាំ​ហើយ​ខំ​ជួយ​ឲ្យ​ថ្ងៃ​នៃ​ព្រះ​បាន​ឆាប់​មក​ដល់​ផង»។—ពេត្រុសទី២ ៣:១០​-​១២

២១ វត្តមាន​ជា​ទៀងទាត់​នៅ​ឯ​កិច្ច​ប្រជុំ​របស់​គ្រីស្ទាន​ពិត និង​ការ​ចូល​រួម​កិច្ច​ផ្សាយ​ដំណឹង​ល្អ​គឺ​ជា​ផ្នែក​នៃ​កិរិយា​បរិសុទ្ធ​និង​សេចក្ដី​គោរព​ប្រតិបត្ដិ​ដល់​ព្រះ។ ចូរ​យើង​អនុវត្ត​តាម​ការ​ទាំង​នេះ​ដោយ​ភក្ដីភាព​ស្មោះ​អស់​ពី​ចិត្ត​ពេល​ដែល​យើង​រង់ចាំ​ដោយ​ចិត្ត​អត់ធ្មត់​នូវ​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា។ ចូរ​យើង​‹មាន​ចិត្ត​ឧស្សាហ៍ ឲ្យ​ព្រះ​បាន​ឃើញ​យើង​រាល់​គ្នា​ជា​ឥត​សៅហ្មង ហើយ​ឥត​កន្លែង​បន្ទោស​បាន ទាំង​មាន​សេចក្ដី​មេត្រី​ផង›ដែរ។—ពេត្រុសទី២ ៣:១៤

តើ​អ្នក​ចាំ​ទេ?

ហេតុ​អ្វី​យើង​គួរ​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច​សំរាប់​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា?

បើ​ជីវិត​ប្រចាំ​ថ្ងៃ​បាន​ទៅ​ជា​រឿង​សំខាន់​បំផុត ចំពោះ​យើង តើ​យើង​គួរ​ធ្វើ​យ៉ាង​ណា?

តើ​អ្វី​នឹង​ជួយ​ការពារ​យើង​កុំ​ឲ្យ​ទៅ​ជា​ងងុយ​ដេក ខាង​វិញ្ញាណ?

តើ​យើង​ត្រូវ​ចៀស​ពី​របៀប​រស់​នៅ​បែប​ណា​ខ្លះ? តើ​យើង​អាច​ចៀស​យ៉ាង​ដូច​ម្ដេច?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​២៥]

មនុស្ស​នៅ​សម័យ​ណូអេ​មិន​បាន​ចាប់​អារម្មណ៍​អ្វី​សោះ​នឹង​ការ​ជំនុំជំរះ​កាត់​ទោស​ដែល​ជិត​មក​ដល់ ចុះ​អ្នក​វិញ?

[រូបភាព​នៅ​ទំព័រ​២៧]

តើ​អ្នក​អាច​ធ្វើ​ឲ្យ​ជីវភាព​របស់​អ្នក​សាមញ្ញ​ជាង​ដើម្បី​មាន​ពេល​ច្រើន​ជាង​សំរាប់​អ្វី​ខាង​វិញ្ញាណ​បាន​ទេ?