ចូរយកព្រះយេហូវ៉ាជាសេចក្ដីអំណររបស់អ្នក
ចូរយកព្រះយេហូវ៉ាជាសេចក្ដីអំណររបស់អ្នក
«ចូរយកព្រះយេហូវ៉ាជាសេចក្ដីអំណររបស់អ្នក នោះទ្រង់នឹងប្រទានឲ្យអ្នកបានដូចបំណងចិត្ត»។—ទំនុកដំកើង ៣៧:៤
១, ២. តើអ្នកណាជាប្រភពនៃសុភមង្គលពិត? ហើយតើស្តេចដាវីឌបានលើកបញ្ជាក់ចំណុចនេះយ៉ាងដូចម្ដេច?
«មានពរហើយ អស់អ្នកដែលមានសេចក្ដីកំសត់ខាងឯវិញ្ញាណ . . . មានពរហើយ អស់អ្នកដែលមានចិត្តមេត្ដាករុណា . . . មានពរហើយ អស់អ្នកដែលផ្សះផ្សាគេ»។ បន្ទូលទាំងនេះព្រមទាំងបន្ទូលទាំងប្រាំផ្សេងទៀតដែលរៀបរាប់អំពីបុគ្គលដែលបានពរឬមានសុភមង្គលនោះ ជាសេចក្ដីផ្ដើមនៃធម្មទានដ៏ល្បីមួយរបស់ព្រះយេស៊ូហៅថា ធម្មទាននៅលើភ្នំ ដែលម៉ាថាយបានកត់សរសេរក្នុងសៀវភៅដំណឹងល្អរបស់គាត់។ (ម៉ាថាយ ៥:៣-១១) បន្ទូលរបស់ព្រះយេស៊ូធ្វើឲ្យយើងមានទំនុកចិត្តថា យើងអាចឈោងចាប់យកសុភមង្គលបាន។
២ ទំនុកដំកើងមួយដែលត្រូវបានតែងដោយស្តេចដាវីឌនៃស្រុកអ៊ីស្រាអែលពីបុរាណលើកបញ្ជាក់ឲ្យដឹងថា ព្រះយេហូវ៉ាជាប្រភពនៃសុភមង្គលពិត។ ដាវីឌមានបន្ទូលថា៖ «ចូរយកព្រះយេហូវ៉ាជាសេចក្ដីអំណររបស់អ្នក នោះទ្រង់នឹងប្រទានឲ្យអ្នកបានដូចបំណងចិត្ត»។ (ទំនុកដំកើង ៣៧:៤) ប៉ុន្តែ តើអ្វីអាចធ្វើឲ្យការស្គាល់ព្រះយេហូវ៉ានិងបុគ្គលិកលក្ខណៈផ្សេងៗរបស់ទ្រង់ជាប្រភពនៃ«សេចក្ដីអំណរ»? ការពិចារណានូវអ្វីដែលទ្រង់បានធ្វើ ហើយនឹងធ្វើនៅអនាគតដើម្បីសម្រេចនូវគោលបំណងរបស់ទ្រង់ តើនោះផ្ដល់លទ្ធភាពឲ្យយើង«បានដូចបំណងចិត្ត»យ៉ាងដូចម្ដេច? ការពិចារណាយ៉ាងស៊ីជំរៅនូវទំនុកដំកើងទី៣៧ ខ១-១១ផ្ដល់ឲ្យចម្លើយ។
«កុំឲ្យច្រណែន»
៣, ៤. នៅទំនុកដំកើង ៣៧:១ តើដាវីឌជូនឱវាទអ្វី? ហើយហេតុអ្វីបានជាសមត្រឹមត្រូវដែលយើងអនុវត្តតាមឱវាទនោះសព្វថ្ងៃនេះ?
៣ យើងកំពុងតែរស់នៅ«គ្រាលំបាក»ដែលមានអំពើអាក្រក់សន្ធឹកណាស់។ យើងឃើញថាពាក្យរបស់សាវ័កប៉ុលបានក្លាយជាការពិតមែនគឺ៖ «ពួកអាក្រក់ នឹងពួកឆបោក គេនឹងមានជំនឿនជឿនទៅខាងសេចក្ដីអាក្រក់កាន់តែខ្លាំងឡើង ទាំងនាំមនុស្សឲ្យវង្វេង ហើយត្រូវវង្វេងខ្លួនឯងផង»។ (ធីម៉ូថេទី២ ៣:១, ១៣) ដោយសារមនុស្សអាក្រក់មើលទៅហាក់ដូចជាកំពុងតែរីកចំរើនសម្បូរសប្បាយនោះ នេះអាចមានអានុភាពលើយើងយ៉ាងងាយស្រួលណាស់! នោះអាចបំបែរអារម្មណ៍យើងចេញ ហើយធ្វើឲ្យយើងលែងមើលឃើញច្បាស់ខាងវិញ្ញាណ គឺមើលឃើញព្រិលៗវិញ។ សូមកត់សម្គាល់នូវបន្ទូលដំបូងនៅទំនុកដំកើង៣៧ដែលបញ្ជាក់ឲ្យដឹងថា នេះអាចជាគ្រោះថ្នាក់មួយមែន៖ «កុំឲ្យក្ដៅចិត្ត ដោយព្រោះមនុស្សដែលប្រព្រឹត្តអាក្រក់ឡើយ ក៏កុំឲ្យច្រណែននឹងពួកអ្នកដែលធ្វើការទុច្ចរិតដែរ»។
៤ រាល់ថ្ងៃ សេចក្ដីរាយការណ៍ស្តីអំពីអំពើអយុត្ដិធម៌ដែលផ្សាយតាមប្រព័ន្ធផ្សាយពត៌មានរបស់លោកីយ៍នេះមានសន្ធឹកណាស់។ ពាណិជ្ជករមិនទៀងត្រង់ប្រវ័ញ្ចយកលុយអ្នកដទៃដោយឥតជាប់ទោស។ ជនល្មើសជញ្ជក់ផលប្រយោជន៍ពីអ្នកងាយរងគ្រោះ។ ឃាតករគេចបាត់ឬក៏រួចពីទោស។ ឧទាហរណ៍ពីភាពអយុត្ដិធម៌ទាំងអស់នេះអាចនាំឲ្យយើងខឹង និងក៏អាចរំខានដល់ចិត្តស្ងប់របស់យើង។ អ្វីដែលមើលទៅដូចជាមនុស្សអាក្រក់កំពុងតែមានភាពរីកចំរើននោះអាចរហូតដល់ធ្វើឲ្យយើងច្រណែនទៀតផង។ ប៉ុន្តែ តើការត្រឡប់ជាមានចិត្តមួម៉ៅដោយព្រោះការទាំងនេះនឹងដោះស្រាយបញ្ហាទាំងនេះឬទេ? ពេលដែលយើងឃើញមនុស្សអាក្រក់ហាក់ដូចជាកំពុងតែទទួលផលប្រយោជន៍ហើយយើងមានចិត្តច្រណែននោះ តើចិត្តច្រណែនរបស់យើងនាំឲ្យលទ្ធផលចុងក្រោយដែលពួកគេនឹងទទួលក្លាយជាល្អវិញឬទេ? ប្រាកដជាមិនដូច្នេះទេ! ហើយក៏គ្មានហេតុឲ្យយើង«ក្ដៅចិត្ត»ដែរ។ ហេតុអ្វី?
៥. ហេតុអ្វីមនុស្សដែលធ្វើអំពើអាក្រក់គឺប្រៀបដូចជាស្មៅ?
៥ អ្នកតែងទំនុកដំកើងឆ្លើយថា៖ «ដ្បិតនៅបន្ដិចទៀត គេនឹងត្រូវច្រូតកាត់ដូចជាស្មៅ ហើយនឹងក្រៀមស្វិតទៅ ដូចជាស្មៅខ្ចីដែរ»។ (ទំនុកដំកើង ៣៧:២) ស្មៅខ្ចីប្រហែលជាមើលទៅឃើញស្អាតមែន ប៉ុន្តែវាឆាប់ស្វិតស្រពោនទៅវិញ។ មនុស្សអាក្រក់ក៏ដូច្នេះដែរ។ ទោះបីមនុស្សអាក្រក់មើលទៅដូចជាកំពុងតែសម្បូរសប្បាយក៏ពិតមែន តែពួកគេនឹងមិនសម្បូរសប្បាយជារៀងរហូតនោះទេ។ នៅពេលពួកគេស្លាប់ទៅ ផលប្រយោជន៍ណាដែលពួកគេបានប្រមូលយកដោយវិធីអាក្រក់ នោះមិនអាចជួយពួកគេបានឡើយ។ នៅទីបំផុត មនុស្សទាំងអស់ទទួលអ្វីដែលហៅថាយុត្ដិធម៌។ ប៉ុលបានសរសេរថា៖ «ដ្បិតឈ្នួលរបស់អំពើបាប នោះជាសេចក្ដីស្លាប់»។ (រ៉ូម ៦:២៣) នៅទីបំផុត មនុស្សអាក្រក់ហើយអស់អ្នកណាដែលមិនសុចរិតនឹងទទួល«ឈ្នួល»មិនលើសមិនខ្វះ។ គន្លងជីវិតបែបនោះពិតជាគ្មានប្រយោជន៍សោះឡើយ!—ទំនុកដំកើង ៣៧:៣៥, ៣៦; ៤៩:១៦, ១៧
៦. តើយើងអាចទាញមេរៀនអ្វីពីទំនុកដំកើង ៣៧:១, ២?
៦ ដូច្នេះ តើភាពសម្បូរសប្បាយដែលមានបណ្ដោះអាសន្នរបស់មនុស្សអាក្រក់គួរនាំឲ្យរំខានចិត្តយើងទេ? មេរៀនដែលយើងត្រូវទាញយកពីខ១និងខ២នៃទំនុកដំកើងទី៣៧គឺ៖ កុំឲ្យភាពរីកចំរើនរបស់ពួកគេនាំឲ្យអ្នកផ្លាស់ប្ដូរវិថីជីវិតដែលអ្នកបានជ្រើសរើស គឺជាការបំរើព្រះយេហូវ៉ានោះ។ ចូរផ្ដោតចិត្តប្រមូលអារម្មណ៍ទៅលើពរនិងគោលដៅខាងវិញ្ញាណវិញ។—«ចូរទុកចិត្តនឹងព្រះយេហូវ៉ា ហើយប្រព្រឹត្តការល្អចុះ!»
៧. ហេតុអ្វីយើងគួរទុកចិត្តព្រះយេហូវ៉ា?
៧ អ្នកតែងទំនុកដំកើងជំរុញទឹកចិត្តថា៖ «ចូរទុកចិត្តនឹងព្រះយេហូវ៉ា ហើយប្រព្រឹត្តការល្អចុះ!»។ (ទំនុកដំកើង ៣៧:៣ក) នៅពេលយើងមានកង្វល់ច្រើនឬមានការសង្ស័យនោះ យើងត្រូវតែទុកចិត្តទាំងស្រុងទៅលើព្រះយេហូវ៉ា។ គឺមានតែទ្រង់ទេដែលផ្ដល់សុវត្ថិភាពខាងវិញ្ញាណយ៉ាងពេញលេញ។ ម៉ូសេបានសរសេរថា៖ «អ្នកណាដែលនៅជាប់ក្នុងទីកំបាំងនៃព្រះដ៏ខ្ពស់បំផុត នោះនឹងបានជ្រកនៅក្រោមម្លប់នៃព្រះដ៏មានគ្រប់ព្រះចេស្ដា»។ (ទំនុកដំកើង ៩១:១) នៅពេលខ្វល់ចិត្តដោយសារការទទឹងច្បាប់ក្នុងរបបលោកីយ៍នេះ យើងត្រូវតែពឹងផ្អែកលើព្រះយេហូវ៉ាលើសពីមុន។ បើយើងគ្រេចកជើង យើងសប្បាយចិត្តពេលមិត្តភក្ដិម្នាក់ឲ្យយើងផ្អែកលើគាត់និងគាត់ជួយគ្រាហ៍យើង។ ដូចគ្នាដែរ កាលដែលយើងព្យាយាមដើរជាមួយនឹងព្រះដោយចិត្តស្មោះភក្ដី នោះយើងត្រូវតែពឹងផ្អែកព្រះយេហូវ៉ាដែរ។—អេសាយ ៥០:១០
៨. តើការចូលរួមក្នុងកិច្ចផ្សព្វផ្សាយរបស់យើងអាចជួយការពារយើងយ៉ាងដូចម្ដេច ដើម្បីកុំឲ្យខ្វល់ចិត្តហួសហេតុពេកពីភាពរីកចំរើនរបស់មនុស្សអាក្រក់?
៨ វិធីមួយដែលជួយកុំឲ្យភាពរីកចំរើនរបស់មនុស្សអាក្រក់នាំឲ្យរំខានចិត្តយើងនោះ គឺយើងត្រូវជាប់រវល់ក្នុងការរកនិងជួយមនុស្សដែលមានលក្ខណៈដូចចៀមឲ្យទទួលចំណេះពិតអំពីគោលបំណងរបស់ព្រះយេហូវ៉ា។ នៅចំពោះមុខការចំរើនកើនឡើងខាងអំពើអាក្រក់ យើងត្រូវតែជាប់រវល់ជានិច្ចក្នុងការជួយអ្នកឯទៀត។ សាវ័កប៉ុលបានសរសេរថា៖ «កុំឲ្យភ្លេចនឹងធ្វើគុណ ហើយចែកចាយឡើយ ដ្បិតព្រះទ្រង់សព្វព្រះហឫទ័យនឹងគ្រឿងបូជាយ៉ាងនោះ»។ «គុណ»ប្រសើរបំផុតដែលយើងអាចធ្វើដល់អ្នកឯទៀត គឺចែកប្រាប់ពួកគេនូវដំណឹងល្អដ៏រុងរឿងអំពីព្រះរាជាណាចក្ររបស់ព្រះ។ ការផ្សព្វផ្សាយជាការ«ថ្វាយពាក្យសរសើរ»យ៉ាងពិតប្រាកដ។—ហេព្រើរ ១៣:១៥, ១៦; កាឡាទី ៦:១០
៩. សូមពន្យល់នូវការដាស់តឿនរបស់ដាវីឌដែលថា៖ «ត្រូវឲ្យរស់នៅលើផែនដី»។
៩ ដាវីឌបន្តដោយមានបន្ទូលថា៖ «ត្រូវឲ្យរស់នៅលើផែនដី ហើយប្រព្រឹត្តដោយភាពស្មោះត្រង់»។ (ទំនុកដំកើង ៣៧:៣ខ, ព.ថ.) នៅសម័យដាវីឌ ផែនដីសំដៅលើទឹកដីដែលព្រះយេហូវ៉ាបានប្រទានដល់ជនជាតិអ៊ីស្រាអែល គឺស្រុកសន្យា។ ក្នុងកំឡុងការសោយរាជ្យរបស់ស្តេចសាឡូម៉ូន ព្រំដែនស្រុកនោះលាតសន្ធឹងពីដាន់នៅទិសខាងជើងរហូតទៅដល់បៀរសេបានៅទិសខាងត្បូង។ ស្រុកនោះជាលំនៅរបស់អ៊ីស្រាអែល។ (ពង្សាវតារក្សត្រទី១ ៤:២៥) សព្វថ្ងៃនេះ មិនថាយើងរស់នៅកន្លែងណាលើផែនដីនេះក្ដី យើងទន្ទឹងចាំថ្ងៃដែលភពផែនដីទាំងមូលនឹងប្រែក្លាយទៅជាសួនមនោរម្យមួយ ក្នុងពិភពលោកថ្មីដែលពោរពេញទៅដោយសេចក្ដីសុចរិត។ ទំរាំដល់ពេលនោះ យើងរស់នៅដោយមានសុវត្ថិភាពខាងវិញ្ញាណ។—អេសាយ ៦៥:១៣, ១៤
១០. តើអ្វីជាលទ្ធផលនៅពេលយើង«ប្រព្រឹត្តដោយភាពស្មោះត្រង់»?
១០ តើនឹងមានលទ្ធផលយ៉ាងណាបើយើង«ប្រព្រឹត្តដោយភាពស្មោះត្រង់»? សុភាសិតមួយដែលព្រះបានបណ្ដាលឲ្យសរសេររំឭកយើងថា៖ «មនុស្សស្មោះត្រង់នឹងបានពរជាបរិបូរ»។ (សុភាសិត ២៨:២០) ពេលយើងតស៊ូយ៉ាងស្មោះត្រង់ក្នុងការផ្សាយដំណឹងល្អដល់អ្នកណាក៏ដោយ មិនថាយើងរស់នៅកន្លែងណាក៏ដោយ នោះយើងពិតជាទទួលនូវពរពីព្រះយេហូវ៉ា។ ជាឧទាហរណ៍ នៅភូមិមួយនាប្រទេសស្កុតឡង់ប៉ែកខាងជើង ហ្វ្រេងនិងភរិយារបស់គាត់ឈ្មោះរ៉ូសបានចាប់ផ្ដើមត្រួសត្រាយពេញពេលនៅភូមិនោះ៤០ឆ្នាំមុន។ បុគ្គលប៉ុន្មាននាក់ដែលធ្លាប់មានចំណាប់អារម្មណ៍លើសេចក្ដីពិតនៅតំបន់នោះ ពួកគេបានរសាត់ចេញពីសេចក្ដីពិតមុនហ្វ្រេងនិងភរិយាគាត់បានទៅដល់។ ដោយមិនធ្លាក់ទឹកចិត្តសោះ គូស្វាមីភរិយាជាអ្នកត្រួសត្រាយនេះបានចាប់ផ្ដើមផ្សព្វផ្សាយនិងបញ្ចុះបញ្ចូលឲ្យមានសិស្ស។ ឥឡូវមានក្រុមជំនុំមួយកំពុងតែរីកចំរើននៅភូមិនោះ។ ភាពស្មោះត្រង់របស់ស្វាមីភរិយាមួយគូនេះពិតជាបានទទួលពរពីព្រះយេហូវ៉ាមែន។ ហ្វ្រេងពន្យល់ដោយរាបទាបថា៖ «ពរដ៏វិសេសបំផុតគឺយើងនៅក្នុងសេចក្ដីពិតនៅឡើយ ហើយយើងមានប្រយោជន៍ចំពោះព្រះយេហូវ៉ា»។ ពិតណាស់ថាពេលយើង«ប្រព្រឹត្តដោយភាពស្មោះត្រង់» យើងទទួលពរជាច្រើននិងមានចិត្តអបអរចំពោះពរដែលយើងបានទទួលនោះ។
«ចូរយកព្រះយេហូវ៉ាជាសេចក្ដីអំណររបស់អ្នក»
១១, ១២. (ក) តើយើងអាច«យកព្រះយេហូវ៉ាជាសេចក្ដីអំណរ»របស់យើងយ៉ាងដូចម្ដេច? (ខ) ស្តីអំពីការសិក្សាដោយខ្លួនឯង តើអ្នកអាចមានគោលដៅអ្វី? ហើយតើនេះប្រហែលជានឹងមានលទ្ធផលយ៉ាងណា?
១១ ដើម្បីពង្រឹងចំណងមិត្តភាពដែលយើងមានជាមួយនឹងព្រះយេហូវ៉ា ហើយដើម្បីរក្សាឲ្យមានទំនុកចិត្តទៅលើទ្រង់ជានិច្ច នោះយើងត្រូវតែទំនុកដំកើង ៣៧:៤ក) តើយើងធ្វើដូច្នេះដោយដូចម្ដេច? ជាជាងរវល់គិតថាខ្លួនកំពុងតែស្ថិតក្នុងស្ថានភាពបែបណា ថ្វីត្បិតស្ថានភាពនោះប្រហែលជាពិបាកក៏ដោយ យកល្អឲ្យយើងប្រមូលអារម្មណ៍គិតអំពីព្រះយេហូវ៉ាវិញ។ វិធីមួយដែលយើងអាចធ្វើដូច្នេះ គឺដោយឆ្លៀតពេលអានព្រះបន្ទូលរបស់ទ្រង់។ (ទំនុកដំកើង ១:១, ២) តើអ្នកមានអំណរពេលដែលអានព្រះគម្ពីរឬទេ? អ្នកនឹងមានអំណរពិតមែនបើអានដោយមានបំណងចង់រៀនថែមទៀតអំពីព្រះយេហូវ៉ា។ សូមផ្អាកក្រោយបានអានខខ្លះៗ ហើយសួរខ្លួនឯងថា៖ ‹តើខទាំងនោះប្រាប់ខ្ញុំអ្វីខ្លះអំពីព្រះយេហូវ៉ា?› ប្រហែលជាការល្អបើអ្នកមានសៀវភៅសរសេរមួយក្បាលឬក៏ក្រដាសខ្លះៗនៅជិតដៃ ពេលអ្នកកំពុងតែអានព្រះគម្ពីរ។ ជារៀងរាល់ដងដែលអ្នកផ្អាកដើម្បីរំពឹងគិតអំពីអ្វីដែលអ្នកបានអាន ចូរកត់សរសេរឃ្លាដែលរំឭកអ្នកអំពីគុណសម្បត្ដិដ៏គួរឲ្យស្រឡាញ់មួយរបស់ព្រះ។ ក្នុងទំនុកដំកើងមួយទៀត ដាវីឌបានច្រៀងថា៖ «ឱព្រះយេហូវ៉ា ជាថ្មដា ហើយជាអ្នកប្រោសលោះនៃទូលបង្គំអើយ! សូមឲ្យពាក្យសំដីដែលចេញមកពីមាត់ទូលបង្គំ នឹងការរំពឹងគិតក្នុងចិត្តរបស់ទូលបង្គំ បានគួរគាប់នៅព្រះនេត្រទ្រង់»។ (ទំនុកដំកើង ១៩:១៤) ការផ្ដោតអារម្មណ៍ទៅលើព្រះបន្ទូលរបស់ព្រះជាអ្វីដែល«គាប់»ចំពោះព្រះទ័យព្រះយេហូវ៉ា ហើយក៏គាប់ចិត្តយើងផងដែរ។
«យកព្រះយេហូវ៉ាជាសេចក្ដីអំណរ»របស់យើង។ (១២ ពេលដែលសិក្សានិងរំពឹងគិតនោះ តើយើងអាចទទួលបានសុភមង្គលដោយដូចម្ដេច? យើងអាចមានគោលដៅមួយគឺរៀនឲ្យបានច្រើនបំផុតអំពីព្រះយេហូវ៉ានិងការប្រព្រឹត្តរបស់ទ្រង់។ ប្រកាសនវត្ថុផ្សេងៗដូចជាសៀវភៅ បុរសឧត្តមបំផុតដែលធ្លាប់រស់នៅហើយសៀវភៅចូរចូលទៅជិតព្រះយេហូវ៉ា *ផ្ដល់ពត៌មានជាច្រើនដែលយើងអាចយកមករំពឹងគិតដោយការអបអរ។ ដាវីឌពង្រឹងទំនុកចិត្តមនុស្សសុចរិតថា ព្រះយេហូវ៉ានឹងប្រទានឲ្យ«បានដូចបំណងចិត្ត»ជាលទ្ធផល។ (ទំនុកដំកើង ៣៧:៤ខ) ទំនុកចិត្តបែបនេះច្បាស់ជាបានជំរុញចិត្តរបស់សាវ័កយ៉ូហានឲ្យសរសេរថា៖ «យើងក៏មានសេចក្ដីក្លាហានដល់ទ្រង់យ៉ាងដូច្នេះដែរគឺថា បើយើងនឹងសូមអ្វីដែលត្រូវតាមព្រះហឫទ័យទ្រង់ នោះទ្រង់នឹងទទួលព្រម បើយើងដឹងថា ទ្រង់ទទួលព្រមតាមយើង ក្នុងការអ្វីដែលយើងសូមដូច្នេះ នោះយើងក៏ដឹងថា យើងបានអ្វីដែលយើងសូមពីទ្រង់ហើយដែរ»។—យ៉ូហានទី១ ៥:១៤, ១៥
១៣. នៅឆ្នាំថ្មីៗក្នុងប្រទេសជាច្រើន តើការផ្សព្វផ្សាយអំពីព្រះរាជាណាចក្របានរីកចំរើនយ៉ាងដូចម្ដេចខ្លះ?
១៣ ក្នុងនាមជាអ្នកដែលរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍ ចិត្តប្រាថ្នាខ្លាំងបំផុតរបស់យើងគឺយើងចង់ឃើញអធិបតីភាពរបស់ព្រះយេហូវ៉ាដែលសឲ្យឃើញថាត្រឹមត្រូវ។ (សុភាសិត ២៧:១១) ពេលយើងទទួលដំណឹងអំពីការផ្សព្វផ្សាយរបស់បងប្អូនយើងនៅប្រទេសដែលធ្លាប់មានរបបផ្ដាច់ការនោះ ចិត្តរបស់យើងពិតជាអរណាស់ មែនទេ? យើងរំភើបចិត្តចង់ឃើញថាបងប្អូននឹងទទួលសេរីភាពយ៉ាងណាទៀតមុនទីបញ្ចប់នៃរបបលោកីយ៍នេះមកដល់។ អ្នកបំរើជាច្រើនរបស់ព្រះយេហូវ៉ាដែលរស់នៅប្រទេសខាងលិច ខ្នះខ្នែងផ្សព្វផ្សាយដល់សិស្សានុសិស្ស ជនភៀសខ្លួន និងអ្នកឯទៀតដែលរស់នៅបណ្ដោះអាសន្ននៅប្រទេសខាងលិចហើយមានសេរីភាពដើម្បីថ្វាយបង្គំ។ យើងពិតជាសង្ឃឹមថា ពេលអ្នកទាំងនេះត្រឡប់ទៅស្រុកវិញ ពួកគាត់នឹងបន្តឲ្យពន្លឺនៃសេចក្ដីពិតភ្លឺឡើង សូម្បីតែមើលទៅហាក់ដូចជាមានភាពងងឹតចាក់ស្រេះក៏ដោយ។—ម៉ាថាយ ៥:១៤-១៦
«ចូរទុកដាក់ផ្លូវអ្នកនឹងព្រះយេហូវ៉ាចុះ!»
១៤. តើមានភស្តុតាងអ្វីដែលបង្ហាញថាយើងអាចពឹងពាក់ទៅលើព្រះយេហូវ៉ាបាន?
១៤ នេះពិតជាសម្រាលទុក្ខយើងណាស់! ពេលដឹងថាទុក្ខព្រួយនិងអ្វីៗដែលហាក់ដូចជាបន្ទុកធ្ងន់ចំពោះយើង នឹងត្រូវដកចេញ។ តើនឹងត្រូវដកចេញយ៉ាងដូចម្ដេច? ដាវីឌមានបន្ទូលថា៖ «ចូរទុកដាក់ផ្លូវអ្នកនឹងព្រះយេហូវ៉ាចុះ! ថែមទាំងទុកចិត្តដល់ទ្រង់ផង នោះទ្រង់នឹងប្រោសឲ្យបានសំរេច»។ (ទំនុកដំកើង ៣៧:៥) ក្នុងក្រុមជំនុំរបស់យើងមានភស្តុតាងច្រើនល្មមឲ្យដឹងថា យើងអាចពឹងពាក់ព្រះយេហូវ៉ាឲ្យបានការគាំទ្រពីទ្រង់។ (ទំនុកដំកើង ៥៥:២២) អស់អ្នកក្នុងកិច្ចបំរើពេញពេល មិនថាជាអ្នកត្រួសត្រាយ អ្នកត្រួតពិនិត្យតាមមណ្ឌល សាសនទូត ឬជនស្ម័គ្រចិត្តដែលបំរើនៅបេតអែលក៏ដោយ ពួកគាត់ទាំងអស់អាចបញ្ជាក់ថា ការទំនុកបំរុងរបស់ព្រះយេហូវ៉ាគឺគួរឲ្យទុកចិត្តណាស់។ សូមអញ្ជើញនិយាយជាមួយនឹងពួកគាត់ដែលអ្នកស្គាល់ និងសួរអំពីរបៀបព្រះយេហូវ៉ាបានជួយពួកគាត់។ អ្នកប្រាកដជានឹងស្ដាប់នូវបទពិសោធន៍ជាច្រើនដែលបង្ហាញថា ព្រះហស្តព្រះយេហូវ៉ាមិនដែលរួញខ្លីទេ សូម្បីតែនៅគ្រាលំបាកក៏ដោយ។ ទ្រង់តែងតែផ្គត់ផ្គង់អ្វីដែលចាំបាច់ដើម្បីចិញ្ចឹមជីវិត។—ទំនុកដំកើង ៣៧:២៥; ម៉ាថាយ ៦:២៥-៣៤
១៥. តើសេចក្ដីសុចរិតរបស់រាស្ត្រនៃព្រះភ្លឺឡើងយ៉ាងដូចម្ដេច?
១៥ នៅពេលយើងយកព្រះយេហូវ៉ាជាទីពឹងពំនាក់ ហើយទុកចិត្តទ្រង់ទាំងស្រុង នោះយើងឃើញបន្ទូលរបស់អ្នកតែងទំនុកដំកើងក្លាយជាការពិតដែលថា៖ «ទ្រង់នឹងឲ្យសេចក្ដីសុចរិតរបស់អ្នកបានផ្សាយចេញដូចជាពន្លឺ ហើយសេចក្ដីយុត្ដិធម៌របស់អ្នក ដូចជាវេលាថ្ងៃត្រង់ផង»។ (ទំនុកដំកើង ៣៧:៦) ក្នុងនាមជាស្មរបន្ទាល់ព្រះយេហូវ៉ា យើងឃើញថាមនុស្សមួលបង្កាច់យើងជាញយៗ។ ប៉ុន្តែ ព្រះយេហូវ៉ាបំភ្លឺភ្នែករបស់មនុស្សដែលមានចិត្តទៀងត្រង់ ដើម្បីជួយពួកគាត់ទទួលស្គាល់ថា កិច្ចបំរើរបស់យើងត្រូវជំរុញដោយសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ានិងចំពោះអ្នកជិតខាង។ ព្រមជាមួយគ្នានេះ កិរិយាប្រព្រឹត្តដ៏ល្អរបស់យើងមិនអាចត្រូវបិទបាំងទេ ទោះជាមានគេមួលបង្កាច់យើងក៏ដោយ។ ព្រះយេហូវ៉ាគាំទ្រយើងពេលឆ្លងកាត់ការប្រឆាំងបៀតបៀនសព្វបែបយ៉ាង។ ជាលទ្ធផល សេចក្ដីសុចរិតរបស់រាស្ត្រនៃព្រះភ្លឺឡើងដូចជាព្រះអាទិត្យនៅថ្ងៃត្រង់។—ពេត្រុសទី១ ២:១២
«ចូរស្ងៀម . . . ហើយរង់ចាំ»
១៦, ១៧. សមស្របទៅតាមទំនុកដំកើង ៣៧:៧ តើឥឡូវនេះឯងជាពេលឲ្យយើងធ្វើអ្វីខ្លះ? ពីព្រោះអ្វី?
១៦ បន្ទូលជាបន្តបន្ទាប់នេះរបស់អ្នកតែងទំនុកដំកើងគឺ៖ «ចូរស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំទ្រង់ចុះ! កុំឲ្យក្ដៅចិត្តដោយព្រោះអ្នកដែលចំរើនក្នុងផ្លូវគេ ឬមនុស្សដែលបង្កើតការអាក្រក់សំរេចបាននោះឡើយ»។ (ទំនុកដំកើង ៣៧:៧) ក្នុងខនេះ ដាវីឌសង្កត់ធ្ងន់ថា យើងត្រូវតែរង់ចាំដោយអត់ធ្មត់ទាល់តែព្រះយេហូវ៉ាចាត់វិធានការ។ ទោះជាទីបញ្ចប់នៃរបបលោកីយ៍នេះមិនទាន់មកដល់ក៏ពិតមែន ក៏នេះមិនមែនជាហេតុឲ្យយើងរអ៊ូរទាំនោះទេ។ យើងពិតជាបានឃើញថា សេចក្ដីមេត្ដាករុណានិងព្រះទ័យអត់ធ្មត់របស់ព្រះយេហូវ៉ាមានទំហំធំជាងយើងបាននឹកស្មានពីមុន មែនទេ? ពេលយើងជាប់រវល់នឹងកិច្ចផ្សព្វផ្សាយដំណឹងល្អមុនទីបញ្ចប់មកដល់ តើយើងក៏អាចបង្ហាញថាយើងក៏កំពុងតែរង់ចាំដោយអត់ធ្មត់ដែរឬទេ? (ម៉ាកុស ១៣:១០) ឥឡូវនេះឯងជាពេលយើងត្រូវចៀសចេញពីការប្រព្រឹត្តមិនគិតមុខគិតក្រោយដែលអាចបំផ្លាញនូវអំណរនិងសុវត្ថិភាពខាងវិញ្ញាណរបស់យើង។ ឥឡូវនេះឯងជាពេលដែលយើងត្រូវទប់ទល់ខ្លាំងជាងមុននឹងឥទ្ធិពលពីលោកីយ៍របស់សាតាំងដែលនាំឲ្យខូចអាក្រក់នោះ។ ហើយឥឡូវនេះឯងជាពេលដែលយើងត្រូវរក្សាភាពបរិសុទ្ធខាងសីលធម៌និងមិនត្រូវប្រថុយធ្វើអ្វីដែលអាចនាំឲ្យបាត់បង់នូវភាពសុចរិតរបស់យើងចំពោះព្រះយេហូវ៉ាទេ។ ចូរយើងបន្តបំបាត់ចោលគំនិតអសីលធម៌និងចៀសចេញពីការ ប្រព្រឹត្តមិនសមរម្យចំពោះបុគ្គលភេទផ្ទុយទាំងបុគ្គលភេទដូចគ្នាផងដែរ។—កូល៉ុស ៣:៥
១៧ ដាវីឌជូនឱវាទថា៖ «ចូរឈប់ពីសេចក្ដីកំហឹង ហើយបោះបង់សេចក្ដីឃោរឃៅចោលចេញ កុំឲ្យក្ដៅចិត្តឡើយ ដ្បិតនោះនឹងនាំឲ្យប្រព្រឹត្តអាក្រក់វិញ ពីព្រោះពួកអ្នកដែលធ្វើអាក្រក់ នឹងត្រូវកាត់ចេញ តែអស់អ្នកដែលរង់ចាំព្រះយេហូវ៉ា នោះនឹងបានផែនដីជាមរដក»។ (ទំនុកដំកើង ៣៧:៨, ៩) ពិតណាស់ថា ដោយមានជំនឿស៊ប់យើងអាចរង់ចាំទំរាំដល់ពេលដែលជិតដល់ហើយនោះ គឺពេលព្រះយេហូវ៉ាបំផ្លាញចោលនូវអំពើអាក្រក់និងអស់អ្នកណាដែលបណ្ដាលឲ្យមានអំពើអាក្រក់ចេញពីផែនដីនេះ។
«បន្ដិចទៀត»
១៨, ១៩. តើអ្នកទទួលនូវការលើកទឹកចិត្តអ្វីពីទំនុកដំកើង ៣៧:១០?
១៨ «បន្ដិចទៀត មនុស្សអាក្រក់នឹងមិនមានទៀតទេ អើ! អ្នកនឹងខំមើលកន្លែងគេ តែគេមិននៅទេ»។ (ទំនុកដំកើង ៣៧:១០) បន្ទូលទាំងនេះពិតជាលើកទឹកចិត្តយើងណាស់! កំឡុងដែលយើងឈានទៅដល់ទីបញ្ចប់នៃរបបលោកីយ៍នេះនិងលទ្ធផលចុងក្រោយនៃការគ្រប់គ្រងខ្លួនឯងដោយគ្មានព្រះយេហូវ៉ា ជាការគ្រប់គ្រងដែលបាននាំឲ្យអន្តរាយ។ មិនថាមនុស្សបានខំបង្កើតរដ្ឋាភិបាលប្រភេទណាក៏ដោយ នោះបានទទួលបរាជ័យទាំងស្រុង។ ហើយឥឡូវនេះ យើងជិតដល់ពេលដែលព្រះចាប់ផ្ដើមគ្រប់គ្រងវិញ គឺជាព្រះធិបតេយ្យពិតប្រាកដ ដែលគ្រប់គ្រងតាមរយៈព្រះរាជាណាចក្ររបស់ព្រះដែលមានព្រះយេស៊ូគ្រីស្ទជាស្តេច។ នោះនឹងកាន់កាប់ទាំងស្រុងទៅលើកិច្ចការទូទាំងពិភពលោកហើយបំបាត់ចោលនូវអស់អ្នកណាដែលប្រឆាំងនឹងព្រះរាជាណាចក្ររបស់ព្រះ។—ដានីយ៉ែល ២:៤៤
១៩ ក្នុងពិភពលោកថ្មីក្រោមព្រះរាជាណាចក្ររបស់ព្រះ មិនថាអ្នកខំមើលកន្លែងណាក៏ដោយ អ្នកនឹងមិនអាចឃើញ«មនុស្សអាក្រក់»ណាម្នាក់សោះឡើយ។ ច្បាស់ហើយ អ្នកណាដែលបះបោរនឹងព្រះយេហូវ៉ានៅពេលនោះនឹងត្រូវបំផ្លាញចោលយ៉ាងឆាប់រហ័ស។ អ្នកណាដែលចង់ប្រឆាំងទាស់នឹងអធិបតីភាពរបស់ទ្រង់ឬក៏មិនព្រមចុះចូលនឹងអំណាចរបស់ព្រះ អ្នកនោះនឹងមិននៅក្នុងពិភពលោកថ្មីទេ។ អ្នកជិតខាងទាំងអស់របស់អ្នកនឹងមានចិត្តគំនិតដូចគ្នា គឺប្រាថ្នាផ្គាប់ព្រះហឫទ័យព្រះយេហូវ៉ា។ នេះនឹងនាំឲ្យមានសុវត្ថិភាពប្រសើរក្រៃលែង! គ្មានសោ គ្មានចម្រឹងដែក គ្មានអ្វីសោះដែលធ្វើឲ្យកករល្អក់ដល់សុភមង្គលនិងទំនុកចិត្តទាំងស្រុងដែលយើងមាន!—អេសាយ ៦៥:២០; មីកា ៤:៤; ពេត្រុសទី២ ៣:១៣
២០, ២១. (ក) តើ«មនុស្សរាបសា»នៅទំនុកដំកើង ៣៧:១១ គឺជាអ្នកណា? ហើយតើពួកគេរកឃើញ«សេចក្ដីក្សេមក្សាន្តដ៏បរិបូរ»នៅកន្លែងណា? (ខ) បើយើងយកតម្រាប់តាមដាវីឌដ៏ឧត្តមជាង តើនឹងទទួលពរអ្វីខ្លះ?
២០ នៅពេលនោះ«មនុស្សរាបសា គេនឹងបានផែនដីជាមរដក»។ (ទំនុកដំកើង ៣៧:១១ក) ប៉ុន្តែ តើ«មនុស្សរាបសា»ទាំងនេះជាអ្នកណា? ពាក្យដែលត្រូវបកប្រែថា«រាបសា»មកពីរឹសពាក្យដែលមានន័យថា«ធ្វើទុក្ខ បន្ទាប នាំឲ្យអាម៉ាស់មុខ»។ ពិតណាស់ «មនុស្សរាបសា»គឺជាអ្នកដែលរង់ចាំព្រះយេហូវ៉ាដោយចិត្តរាបទាបឲ្យទ្រង់ជំរះអស់ទាំងភាពអយុត្ដិធម៌ដែលមនុស្សបានប្រព្រឹត្តទៅលើពួកគេ។ «[ពួកគេ]នឹងបានចិត្តរីករាយ ដោយសេចក្ដីក្សេមក្សាន្តដ៏បរិបូរ»។ (ទំនុកដំកើង ៣៧:១១ខ) សូម្បីតែឥឡូវនេះ យើងឃើញថាមានសេចក្ដីក្សេមក្សាន្តដ៏បរិបូរក្នុងសួនមនោរម្យខាងវិញ្ញាណក្នុងក្រុមជំនុំគ្រីស្ទានពិត។
២១ ទោះជាយើងមិនទាន់ត្រូវបានរំដោះឲ្យរួចពីទុក្ខលំបាកក៏ដោយ ក៏យើងជួយទ្រទ្រង់គ្នាទៅវិញទៅមកនិងសម្រាលទុក្ខអ្នកដែលធ្លាក់ទឹកចិត្ត។ ជាលទ្ធផល នេះនាំឲ្យរាស្ត្រព្រះយេហូវ៉ាមានក្ដីសុខយ៉ាងស្កប់ស្កល់ចិត្ត។ ដោយសេចក្ដីស្រឡាញ់បងប្រុសៗដែលត្រូវតែងតាំងជាអ្នកគង្វាល បំរើសេចក្ដីត្រូវការរបស់យើងខាងវិញ្ញាណ ហើយជួនកាលខាងរូបកាយផងដែរ ទាំងធ្វើឲ្យយើងអាចស៊ូទ្រាំនឹងទុក្ខលំបាកណាដែលឆ្លងកាត់ដោយព្រោះសេចក្ដីសុចរិត។ (ថែស្សាឡូនីចទី១ ២:៧, ១១; ពេត្រុសទី១ ៥:២, ៣) សេចក្ដីក្សេមក្សាន្តនេះមានតម្លៃហាក់ដូចជាទ្រព្យថ្លៃវិសេសណាស់! យើងក៏មានសេចក្ដីសង្ឃឹមទទួលបានជីវិតជារៀងរហូតក្នុងសួនមនោរម្យដ៏ក្សេមក្សាន្តខាងមុខនេះ។ ហេតុនេះ ចូរយើងយកតម្រាប់តាមដាវីឌដ៏ឧត្តមជាង គឺជាព្រះគ្រីស្ទយេស៊ូ ដែលការខ្នះខ្នែងរបស់ទ្រង់សំរាប់ព្រះយេហូវ៉ាបានជំរុញទ្រង់ឲ្យបំរើស្មោះភក្ដីរហូតដល់ទីបញ្ចប់។ (ពេត្រុសទី១ ២:២១) ដោយធ្វើដូច្នេះ យើងនឹងបន្តមានសុភមង្គល ដោយលើកសរសើរអ្នកដែលជាសេចក្ដីអំណររបស់យើង គឺព្រះយេហូវ៉ាជាព្រះរបស់យើង។
[កំណត់សម្គាល់]
^ វគ្គ 12 បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។
តើអ្នកចេះឆ្លើយទេ?
• តើអ្នកបានទាញយកមេរៀនអ្វីខ្លះពីទំនុកដំកើង ៣៧:១, ២?
• តើអ្នកអាច«យកព្រះយេហូវ៉ាជាសេចក្ដីអំណរ របស់អ្នក»យ៉ាងដូចម្ដេច?
• តើមានភស្តុតាងអ្វីដែលបញ្ជាក់ថា យើងអាចពឹងពាក់ទៅលើព្រះយេហូវ៉ាបាន?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ១០]
ចូរយកព្រះយេហូវ៉ា ជាសេចក្ដីអំណររបស់អ្នក ដោយរៀនឲ្យបាន ច្រើនបំផុតអំពីទ្រង់
[រូបភាពនៅទំព័រ១១]
«មនុស្សរាបសា គេនឹងបានផែនដីជាមរដក»