លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ដោយពេលបន្ទាន់ហើយ យើងត្រូវចាំយាមលើសជាងមុន

ដោយពេលបន្ទាន់ហើយ យើងត្រូវចាំយាមលើសជាងមុន

ដោយ​ពេល​បន្ទាន់​ហើយ យើង​ត្រូវ​ចាំ​យាម​លើស​ជាង​មុន

«[ចូរ]ចាំ​យាម ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ជា​ពេល​ណា ដែល​ព្រះ​អម្ចាស់​នៃ​អ្នក​រាល់​គ្នា​នឹង​យាង​មក​ទេ»។—ម៉ាថាយ ២៤:៤២

១, ២​. តើ​អ្វី​បង្ហាញ​ថា​យើង​កំពុង​តែ​រស់​នៅ​ក្នុង​ទីបញ្ចប់​នៃ​របប​លោកីយ៍​នេះ?

អ្នក​និពន្ធ​ម្នាក់​ឈ្មោះ ប៊ីល អេមុត បាន​សរសេរ​ថា​៖ «អ្វី​ដែល​បាន​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​លើ​សតវត្ស​ទី២០ គឺ​សង្គ្រាម»។ លោក​ទទួល​ស្គាល់​ថា មនុស្ស​ធ្លាប់​ឆ្លង​កាត់​សង្គ្រាម​និង​អំពើ​ឃោរឃៅ​តាំង​ពីដើម​មក​ម្ល៉េះ តែ​ក៏​ពោល​បន្ថែម​ថា​៖ «សតវត្ស​ទី២០​គឺ​ខុស​គ្នា​ពី​សតវត្ស​ឯ​ទៀត មិន​មែន​ដោយសារ​មាន​សង្គ្រាម​នោះ​ទេ តែ​ដោយ​សារ​ទំហំ​នៃ​សង្គ្រាម​វិញ។ សតវត្ស​ទី២០​ជា​សតវត្ស​លើក​ដំបូង​ដែល​ពិភពលោក​ទាំង​មូល​ធ្វើ​សង្គ្រាម . . . ហើយ​មិន​មែន​មាន​សង្គ្រាម​ដូច​នេះ​តែ​មួយ​គត់​នោះ​ទេ តែ​មាន​ទៅដល់​ពីរ​លើក ហាក់​ដូច​ជា​ចង់​បញ្ជាក់​កាន់​តែ​ច្បាស់​ថា នោះ​ជា​សតវត្ស​ខុស​ប្លែក​ពី​គេ»។

ព្រះ​យេស៊ូ​គ្រីស្ទ​បាន​ទាយ​ថា នឹង​មាន​សង្គ្រាម​ដែល​‹សាសន៍​១​លើក​គ្នា​ទាស់​នឹង​សាសន៍​១ នគរ​១​ទាស់​នឹង​នគរ​១›។ ក៏ប៉ុន្តែ សង្គ្រាម​ទាំង​នេះ​គ្រាន់​តែ​ជា​លក្ខណៈ​មួយ​ប៉ុណ្ណោះ​នៃ‹ទីសំគាល់​ពី​ព្រះ​គ្រីស្ទ​យាង​មក ហើយ​ពី​បំផុត​កល្ប›។ ក្នុង​ទំនាយ​យ៉ាង​ធំ​របស់​ព្រះ​យេស៊ូ ទ្រង់​ក៏​បាន​ទាយ​អំពី​ទុរភិក្ស ជំងឺ​អាសន្ន​រោគ និង​រញ្ជួយ​ដី។ (ម៉ាថាយ ២៤:៣, ៧, ៨; លូកា ២១:៦, ៧, ១០, ១១) សព្វ​ថ្ងៃ​នេះ មហន្តរាយ​បែប​នេះ​មាន​ទំហំ​ធំ​ជាង​មុន។ មនុស្ស​ជា​ច្រើន​ជា​មនុស្ស​ខូច​អាក្រក់ ហើយ​ទស្សនៈ​ដែល​ពួក​គេ​មាន​ចំពោះ​ព្រះ​និង​មនុស្ស​គ្នីគ្នា​បង្ហាញ​ឲ្យ​ឃើញ​ភាព​ខូច​អាក្រក់​របស់​ពួក​គេ។ ភាព​សីលធម៌​ហាក់​ដូច​ជា​បាន​រលាយ​សាប​សូន្យ ហើយ​ឧក្រិដ្ឋកម្ម​និង​អំពើ​ឃោរឃៅ​មាន​កំនើន​ជាក់​ស្តែង។ មនុស្ស​បាន​ក្លាយ​ទៅ​ជា​អ្នក​ដែល​ស្រឡាញ់​ប្រាក់​ជាជាង​ព្រះ ហើយ​ក៏​ជា​មនុស្ស​មាន​ចិត្ត​ភ្លើ​ត​ភ្លើន​វក់​នឹង​ការ​សប្បាយ។ ព្រឹត្ដិការណ៍​ទាំង​អស់​នេះ​ជា​ភស្តុតាង​ថា យើង​កំពុង​តែ​រស់​នៅ​«គ្រា​លំបាក​ណាស់»។—ធីម៉ូថេទី២ ៣:១​-​៥

៣​. តើ​«ទីសំគាល់​នៃ​សម័យ​នេះ»​គួរ​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​យើង?

តើ​អ្នក​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​សភាព​ការណ៍​សង្គម​មនុស្ស​ដែល​កំពុង​តែ​អាក្រក់​ទៅៗ? ចិត្ត​របស់​មនុស្ស​ជា​ច្រើន​ហាក់​ដូច​ជា​ស្ពឹក​មិន​ខ្ចី​អើពើ​នឹង​ព្រឹត្ដិការណ៍​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ​សព្វ​ថ្ងៃ​នេះ​ទេ។ មនុស្ស​ធំដុំ​និង​អ្នកប្រាជ្ញ​មិន​យល់​នូវ​អត្ថន័យ​ចំពោះ​«ទីសំគាល់​នៃ​សម័យ​នេះ»​ទេ ហើយ​អ្នក​ដឹក​នាំ​សាសនា​ក៏​មិន​ឲ្យ​ការ​ណែនាំ​ដ៏​ត្រឹម​ត្រូវ​អំពី​រឿង​នេះ​ដែរ។ (ម៉ាថាយ ១៦:១​-​៣) ប៉ុន្តែ ព្រះ​យេស៊ូ​បាន​ដាស់​តឿន​អ្នក​កាន់​តាម​ទ្រង់​ថា​៖ «[ចូរ]ចាំ​យាម ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ជា​ពេល​ណា ដែល​ព្រះ​អម្ចាស់​នៃ​អ្នក​រាល់​គ្នា​នឹង​យាង​មក​ទេ»។ (ម៉ាថាយ ២៤:​៤២) ព្រះ​យេស៊ូ​បាន​លើក​ទឹក​ចិត្ត​យើង​ទាំង​អស់​គ្នា​ថា​មិន​ត្រឹម​តែ​យាម​ប៉ុណ្ណោះ តែ​ឲ្យ​«ចាំ​យាម»​ផង​ដែរ។ ដើម្បី​ចាំ​យាម​យើង​ត្រូវ​តែ​វៃ​រហ័ស​និង​ចេះ​ប្រុង​ប្រយ័ត្ន​ជានិច្ច។ នេះ​មិន​គ្រាន់​តែ​តម្រូវ​ឲ្យ​យើង​ទទួល​ស្គាល់​ថា ជា​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​ប៉ុណ្ណោះ​ទេ ហើយ​ការ​យល់​ថា​នេះ​ជា​គ្រា​លំបាក​ក៏​មិន​គ្រប់គ្រាន់​ដែរ។ យើង​ក៏​ត្រូវ​មាន​ជំនឿ​មុត​មាំ​ថា​«ចុង​បំផុត​នៃ​របស់​ទាំង​អស់ នោះ​ជិត​ដល់​ហើយ»។ (ពេត្រុសទី១ ៤:៧) បើ​មាន​ជំនឿ​បែប​នេះ ទើប​តាំង​ចិត្ត​យើង​ឲ្យ​ចាំ​យាម​ដោយ​យល់​ថា ពេល​គឺ​បន្ទាន់​ហើយ។ ដូច្នេះ សំនួរ​ដែល​យើង​ត្រូវ​សួរ​ខ្លួន​ឯង​គឺ​៖ ‹តើ​អ្វី​នឹង​ជួយ​ខ្ញុំ​ឲ្យ​ពង្រឹង​ជំនឿ​របស់​ខ្ញុំ​ថា ទីបញ្ចប់​គឺ​ជិត​ដល់​ហើយ?›

៤, ៥​. (ក) តើ​អ្វី​នឹង​ពង្រឹង​ជំនឿ​របស់​យើង​ថា ទីបញ្ចប់​នៃ​របប​លោកីយ៍​នេះ​គឺ​ជិត​ដល់​ហើយ? ហេតុ​អ្វី? (ខ) តើ​អ្វី​ជា​ភាព​ស្រដៀង​គ្នា​មួយ​រវាង​សម័យ​លោក​ណូអេ​និង​វត្តមាន​របស់​កូន​មនុស្ស?

សូម​ពិចារណា​នូវ​ស្ថានភាព​ដែល​ធ្លាប់​មាន​ក្នុង​គ្រា​មុន​ទឹក​ជំនន់​ដ៏​ធំ​នៅ​សម័យ​លោក​ណូអេ ដែល​ជា​ព្រឹត្ដិការណ៍​អស្ចារ្យ​គ្មាន​ដូច​ក្នុង​ប្រវត្ដិសាស្ត្រ។ នៅ​សម័យ​នោះ មនុស្ស​មាន​ភាព​ខូច​អាក្រក់​រហូត​ដល់​ព្រះ​យេហូវ៉ា​«មាន​ព្រះ​ហឫទ័យ​ព្រួយ»។ ទ្រង់​ប្រកាស​ថា​៖ «អញ​នឹងលុប​មនុស្ស​ដែល​អញ​បាន​បង្កើត​មក​ឲ្យ​សូន្យ​បាត់​ពី​ផែនដី​ចេញ»។ (លោកុប្បត្តិ ៦:៦, ៧) ហើយ​ទ្រង់​ក៏​បាន​ធ្វើ​ដូច្នេះ​មែន។ ព្រះ​យេស៊ូ​បាន​ប្រៀបធៀប​សម័យ​នោះ ទៅ​នឹង​សម័យ​យើង​នេះ​ថា​៖ «ដ្បិត​កាល​ណា​កូន​មនុស្ស​មក នោះ​នឹង​បាន​ដូច​ជា​នៅ​ជំនាន់​លោក​ណូអេ​ដែរ»។—ម៉ាថាយ ២៤:៣៧

គឺ​សម​ហេតុ​សម​ផល​ដែល​យើង​សន្និដ្ឋាន​ថា ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​លោកីយ៍​នេះ គឺ​ដូច​គ្នា​នឹង​ព្រះ​ហឫទ័យ​របស់​ទ្រង់​ចំពោះ​លោកីយ៍​មុន​ទឹក​ជំនន់​ដែរ។ ដោយសារ​ទ្រង់​បាន​បំផ្លាញចោល​ពិភពលោក​ដែល​មាន​មនុស្ស​មិន​គោរព​ព្រះ​នៅ​សម័យ​លោក​ណូអេ ទ្រង់​ប្រាកដ​ជា​នឹង​បំផ្លាញ​លោកីយ៍​ដ៏​អាក្រក់​នេះ​ចោល​ដែរ។ ការ​យល់ដឹង​ច្បាស់​លាស់​អំពី​ភាព​ស្រដៀង​គ្នា​រវាង​សម័យ​ណូអេ​និង​សម័យ​យើង គួរ​ពង្រឹង​ជំនឿ​របស់​យើង​ឲ្យ​រឹង​មាំ​ថា ទីបញ្ចប់​នៃ​របប​លោកីយ៍​នេះ​គឺ​ជិត​ដល់​មែន។ បើ​ដូច្នេះ តើ​ភាព​ស្រដៀង​គ្នា​មាន​អ្វី​ខ្លះ? យ៉ាង​តិច មាន​ភាព​ស្រដៀង​គ្នា​ប្រាំ​យ៉ាង។ ទី​មួយ​គឺ មាន​ការ​ព្រមាន​យ៉ាង​ជាក់​ច្បាស់​ថា សេចក្ដី​ហិនវិនាស​ជិត​ដល់​ហើយ។

មាន​ការ​ព្រមាន​អំពី​«ការ​ដែល​មើល​មិន​ទាន់​ឃើញ​នៅ​ឡើយ»

៦​. នៅ​សម័យ​លោក​ណូអេ តើ​ព្រះ​យេហូវ៉ា​តាំង​ព្រះទ័យ​ថា​ទ្រង់​នឹង​ធ្វើ​អ្វី?

នៅ​សម័យ​លោក​ណូអេ ព្រះ​យេហូវ៉ា​បាន​ប្រកាស​ថា​៖ «វិញ្ញាណ​អញ​នឹង​មិន​តវ៉ា​នឹង​មនុស្ស​ជា​ដរាប​ទេ ពីព្រោះ​គេ​ជា​សាច់​ឈាម​ប៉ុណ្ណោះ អាយុ​គេ​នឹង​បាន​ត្រឹម​តែ​១២០​ឆ្នាំ​វិញ»។ (លោកុប្បត្តិ ៦:៣) សេចក្ដី​ប្រកាស​របស់​ព្រះ​នៅ​ឆ្នាំ​២៤៩០​មុន​ស.យ.​បញ្ជាក់​ថា ទីបញ្ចប់​បាន​ចាប់​ផ្ដើម​ហើយ​សំរាប់​លោកីយ៍​ដែល​មិន​គោរព​ព្រះ​នោះ។ សូម​គិត​ទៅ​មើល​អំពី​អត្ថន័យ​ដែល​សេចក្ដី​ប្រកាស​របស់​ព្រះ​មាន​ចំពោះ​អ្នក​ដែល​រស់​នៅ​សម័យ​នោះ! មាន​តែ​១២០​ឆ្នាំ​ទៀត រួច​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​មាន​«ជំនន់​លើ​ផែនដី ដើម្បី​នឹង​បំផ្លាញ​គ្រប់​ទាំង​សាច់​ដែល​មាន​ដង្ហើម​ជីវិត​ពីក្រោម​មេឃ​ចេញ» ដូច​ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​ណូអេ​ក្រោយ​មក។—លោកុប្បត្តិ ៦:១៧

៧​. (ក) ពេល​ដែល​ណូអេ​ទទួល​សេចក្ដី​ព្រមាន​អំពី​ទឹក​ជំនន់ តើ​គាត់​ប្រព្រឹត្ត​តប​យ៉ាង​ដូច​ម្ដេច? (ខ) តើ​យើង​គួរ​ប្រព្រឹត្ត​តប​យ៉ាង​ណា​ចំពោះ​សេចក្ដី​ព្រមាន​ផ្សេងៗ​អំពី​ទីបញ្ចប់​នៃ​របប​លោកីយ៍​នេះ?

ណូអេ​បាន​ឮ​សេចក្ដី​ព្រមាន​អំពី​មហន្តរាយ​នេះ​រាប់​ទសវត្ស​មុន​ដែល​បាន​កើត​ឡើង ហើយ​គាត់​បង្ហាញ​ថា​ខ្លួន​មាន​ប្រាជ្ញា​ដោយ​ប្រើ​ពេល​វេលា​ដែល​នៅ​សល់​ដើម្បី​ត្រៀម​លក្ខណៈ​ឲ្យ​រួច​រស់​ជីវិត​បាន។ សាវ័ក​ប៉ុល​សរសេរ​ថា​៖ «ព្រះ​បាន​មាន​បន្ទូល​ពន្យល់​លោក​ណូអេ ពី​ការ​ដែល​មើល​មិន​ទាន់​ឃើញ​នៅ​ឡើយ ហើយ​ដោយ​លោក​មាន​សេចក្ដី​កោត​ខ្លាច បាន​ជា​លោក​ធ្វើ​ទូក​១​យ៉ាង​ធំ​សំរាប់​នឹង​ជួយ​សង្គ្រោះ​ដល់​ពួក​គ្រួសារ​របស់​លោក»។ (ហេព្រើរ ១១:៧) ចុះ​យើង​វិញ? ប្រមាណ​៩០​ឆ្នាំ​បាន​កន្លង​ទៅ​តាំង​ពី​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩១៤។ យើង​ពិត​ជា​កំពុង​តែ​ស្ថិត​ក្នុង​«គ្រា​ចុង​បំផុត»។ (ដានីយ៉ែល ១២:៤) តើ​យើង​គួរ​ប្រព្រឹត្ត​តប​នឹង​សេចក្ដី​ព្រមាន​ផ្សេងៗ​ដែល​យើង​បាន​ទទួល​យ៉ាង​ដូច​ម្ដេច? ព្រះ​គម្ពីរ​ចែង​ថា​៖ «អ្នក​ណា​ដែល​ធ្វើ​តាម​ព្រះ​ហឫទ័យ​ព្រះ នោះ​នឹង​នៅ​ជាប់​អស់កល្ប​ជានិច្ច»។ (យ៉ូហានទី១ ២:១៧) ដូច្នេះ គឺ​នៅ​ពេល​ឥឡូវ​នេះ​ដែល​យើង​ត្រូវ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា ដោយ​យល់​ថា​ពេល​គឺ​បន្ទាន់​ណាស់​ហើយ។

៨, ៩​. នៅ​សម័យ​នេះ តើ​មាន​ការ​ព្រមាន​អំពី​អ្វី​ខ្លះ? ហើយ​តើ​សេចក្ដី​ព្រមាន​ទាំង​នេះ​ត្រូវ​ប្រកាស​យ៉ាង​ដូច​ម្ដេច?

នៅ​សម័យ​នេះ សិស្ស​ព្រះ​គម្ពីរ​ដែល​ពិត​ជា​ចង់​ដឹង​សេចក្ដី​ពិត បាន​រៀន​ពី​បទ​គម្ពីរ​ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​សរសេរ​ថា របប​លោកីយ៍​នេះ​នឹង​ទទួល​សេចក្ដី​ហិនវិនាស​ជាក់​ជា​ពុំ​ខាន។ តើ​យើង​ពិត​ជា​ជឿ​ឬ​ទេ? សូម​កត់​សម្គាល់​នូវ​អ្វី​ដែល​ព្រះ​យេស៊ូ​គ្រីស្ទ​មាន​បន្ទូល​យ៉ាង​ច្បាស់​ថា​៖ «នឹង​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង​ណាស់ ដល់​ម្ល៉េះ​បាន​ជា​តាំង​ពីដើម​កំណើត​លោកីយ ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ មិន​ដែល​មាន​យ៉ាង​ដូច្នោះ​ឡើយ ហើយ​ទៅ​មុខ​ក៏​មិន​ដែល​មាន​ដែរ»។ (ម៉ាថាយ ២៤:២១) ព្រះ​យេស៊ូ​ក៏​បាន​មាន​បន្ទូល​ថា ទ្រង់​នឹង​មក​ក្នុង​ឋានៈ​ជា​ចៅក្រម​ដែល​ព្រះ​បាន​តែងតាំង ហើយ​នឹង​ញែក​មនុស្ស​ចេញ​ពី​គ្នា​ដូច​ជា​អ្នក​គង្វាល​ញែក​ចៀម​ចេញ​ពី​ពពែ។ អស់​អ្នក​ដែល​ទ្រង់​វិនិច្ឆ័យ​ថា​មិន​គួរ​នឹង​ទទួល​ជីវិត ពួក​គេ​នឹង​«ថយ​ទៅ មាន​ទោស​អស់កល្ប​ជានិច្ច តែ​ពួក​សុចរិត​នឹង​ចូល​ទៅ​ក្នុង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​វិញ»។—ម៉ាថាយ ២៥:​៣១​-​៣៣, ៤៦

ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​រាស្ត្រ​ទ្រង់​ចង​ចាំ​ជានិច្ច​នូវ​សេចក្ដី​ព្រមាន​ទាំង​នេះ ដោយ​រំឭក​យ៉ាង​ត្រូវ​ពេល​តាម​រយៈ​អាហារ​ខាង​វិញ្ញាណ​ផ្គត់ផ្គង់​ដោយ​‹អ្នក​បំរើ​ស្មោះ​ត្រង់​មាន​វិនិច្ឆ័យ​ល្អ›។ (ម៉ាថាយ ២៤:៤៥​-​៤៧) ម្យ៉ាង​ទៀត គ្រប់​ទាំង​សាសន៍ គ្រប់​ទាំង​ពូជ​អំបូរ គ្រប់​ទាំង​ភាសា ត្រូវ​តម្រូវ​ឲ្យ​«កោត​ខ្លាច​ដល់​ព្រះ ហើយ​សរសើរ​សិរី​ល្អ​របស់​ទ្រង់​ចុះ ដ្បិត​ពេល​ដែល​ទ្រង់​ត្រូវ​ជំនុំជំរះ នោះ​បាន​មក​ដល់​ហើយ»។ (វិវរណៈ ១៤:៦, ៧) ផ្នែក​ដ៏​ធំ​មួយ​នៃ​សារ​ព្រះ​រាជាណាចក្រ​ដែល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ផ្សាយ​ទូទាំង​ផែនដី គឺ​ជា​សេចក្ដី​ព្រមាន​ថា បន្ដិច​ទៀត​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នឹង​បំផ្លាញ​ចោល​ការ​គ្រប់គ្រង​របស់មនុស្ស។ (ដានីយ៉ែល ២:៤៤) មិន​គួរ​មើល​ស្រាល​ដល់​ការ​ព្រមាន​នេះ​ទេ។ ព្រះ​ដែល​មាន​គ្រប់​ព្រះ​ចេស្ដា​តែង​តែ​ធ្វើ​តាម​អ្វី​ដែល​ទ្រង់​មាន​បន្ទូល។ (អេសាយ ៥៥:១០, ១១) ទ្រង់​បាន​ធ្វើ​តាម​បន្ទូល​ទ្រង់​នៅ​សម័យ​ណូអេ ហើយ​ទ្រង់​នឹង​ធ្វើ​តាម​អ្វី​ដែល​ទ្រង់​មាន​បន្ទូល​នៅ​សម័យ​យើង​ដែរ។—ពេត្រុសទី២ ៣:៣​-​៧

អំពើ​ដ៏​លា​មក​ខាង​កាម​ចាប់​ផ្ដើម​មាន​ពាស​ពេញ

១០​. ស្តី​អំពី​អំពើ​លា​មក​ខាង​កាម​នៅ​សម័យ​ណូអេ តើ​ធ្លាប់​មាន​ស្ថានភាព​យ៉ាង​ណា?

១០ មាន​ហេតុ​មួយ​ទៀត​ដែល​សម័យ​របស់​យើង​គឺ​ស្រដៀង​គ្នា​នឹង​សម័យ​ណូអេ។ ព្រះ​យេហូវ៉ា​បាន​បង្គាប់​បុរស​ស្ត្រី​ទី​មួយ​ឲ្យ​បង្កើត​កូន​ជា​ច្រើន​«ឲ្យ​មាន​ពេញ​ពាស​លើ​ផែនដី»។ ពួក​គាត់​ត្រូវ​ធ្វើ​ដូច្នេះ​ដោយ​ប្រើ​សមត្ថភាព​បន្ត​ពូជ​តាម​របៀប​ថ្លៃថ្នូរ​នៅ​ក្នុង​អាពាហ៍ពិពាហ៍។ (លោកុប្បត្តិ ១:២៨) នៅ​សម័យ​ណូអេ ទេវតា​ដែល​មិន​ស្ដាប់​បង្គាប់​បាន​ផ្ដើម​ឲ្យ​មាន​ការ​រួម​ភេទ​ដែល​មិន​ត្រឹម​ត្រូវ​តាម​ក្រិត្យ​ក្រម​ធម្មជាតិ។ ពួក​វា​បាន​ចុះ​មក​ផែនដី ប្រែក្រឡា​ជា​មនុស្ស ហើយ​រួម​រស់​ជា​មួយ​ស្រីស្អាតៗ​ដើម្បី​បង្កើត​កូន​ដែល​ជា​បិសាច​ពាក់​កណ្ដាល​និង​មនុស្ស​ពាក់​កណ្ដាល​ហៅ​ថា​នីហ្វី​លី​ម។ (លោកុប្បត្តិ ៦:២, ៤) អំពើ​បាប​របស់​បណ្ដា​ទេវតា​ទាំង​នេះ​ដែល​បាន​បណ្ដោយ​តាម​តណ្ហា​របស់​ខ្លួន គឺ​ប្រៀប​ស្មើ​នឹង​អំពើ​ដ៏​លា​មក​ដែល​មាន​នៅ​ទី​ក្រុង​សូដុំម​និង​កូម៉ូរ៉ា។ (យូដាស ៦, ៧) ជា​លទ្ធផល អំពើ​លា​មក​ខាង​កាម​មាន​ពាស​ពេញ​នៅ​សម័យ​នោះ។

១១​. សព្វ​ថ្ងៃ​នេះ តើ​មាន​សីលធម៌​បែប​ណា​ដែល​ស្រដៀង​នឹង​សម័យ​ណូអេ?

១១ ចុះ​យ៉ាង​ណា​វិញ​ចំពោះ​ភាព​សីលធម៌​សព្វ​ថ្ងៃ​នេះ? ក្នុង​កំឡុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​នេះ មនុស្ស​ជា​ច្រើន​គិត​តែ​អំពី​ការ​រួម​ភេទ។ ប៉ុល​បាន​រៀប​រាប់​យ៉ាង​ជាក់​ច្បាស់​អំពី​បុគ្គល​បែប​នេះ​ថា ពួក​គេ​«លែង​ខ្លាច​បាប» ហើយ​បណ្ដោយ​ខ្លួន​«ទៅ​ខាង​សេចក្ដី​អាសអាភាស ដើម្បី​នឹង​ប្រព្រឹត្ត​សេចក្ដី​ស្មោកគ្រោក​គ្រប់​យ៉ាង ដោយ​ចិត្ត​វក់​វិញ»។ (អេភេសូរ ៤:១៩) រូប​អាសអាភាស ការ​រួម​ភេទ​មុន​រៀប​ការ ការ​បៀតបៀន​កេរ្ដិ៍​ខ្មាស​កូន​ក្មេង និង​ការ​រួម​ភេទ​ជា​មួយ​នឹង​មនុស្ស​ភេទ​ដូច​គ្នា​ជា​អំពើ​ដែល​មាន​ជា​ប្រក្រតី។ មនុស្ស​ខ្លះ​«ក៏​ទទួល​រង្វាន់​ចំពោះ​ខ្លួន​គេ»​រួច​ហើយ ដោយ​បាន​ឆ្លង​ជំងឺ​កាម​រោគ ក្រុម​គ្រួសារ​បែក​បាក់​គ្នា ឬ​បញ្ហា​ណា​ផ្សេង​ទៀត​ដែល​ញាំ​ញី​សង្គម។—រ៉ូម ១:២៦, ២៧

១២​. ហេតុ​អ្វី​យើង​ត្រូវ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​ស្អប់​នូវ​អំពើ​អាក្រក់?

១២ នៅ​សម័យ​ណូអេ ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​មាន​ទឹក​ជំនន់​បំផ្លាញ​លោកីយ៍​ដែល​ឆ្កួត​នឹង​កាម​នោះ។ កុំ​បី​ឲ្យ​យើង​ភ្លេច​ថា សព្វ​ថ្ងៃ​នេះ​គឺ​ដូច​គ្នា​បេះបិទ​នឹង​សម័យ​ណូអេ​ដែរ។ «សេចក្ដី​វេទនា​ជា​ខ្លាំង»​ដែល​ជិត​ដល់​ហើយ នឹង​បំបាត់​ចេញ​ពី​ផែនដី​នូវ​«ពួក​សហាយ​ស្មន់ ពួក​អ្នក​សំរេច​កិច្ច​ដោយ​ខ្លួន​ឯង ពួក​លេង​កូន​ជឹង[ឬ​«ពួក​អ្នក​រួម​សង្វាស​នឹង​ភេទ​ដូច​គ្នា»​, ខ.ស.]»។ (ម៉ាថាយ ២៤:២១; កូរិនថូសទី១ ៦:៩, ១០; វិវរណៈ ២១:៨) ពេល​គឺ​បន្ទាន់​ណាស់​ហើយ! ដូច្នេះ​យើង​ត្រូវ​បណ្ដុះឲ្យ​មាន​ចិត្ត​ស្អប់​នូវ​អំពើ​អាក្រក់ ហើយ​ចៀស​ឆ្ងាយ​ពី​កាលៈទេសៈ​ណា​ដែល​អាច​នាំ​ឲ្យ​ធ្វើ​អំពើ​អសីលធម៌!—ទំនុកដំកើង ៩៧:១០; កូរិនថូសទី១ ៦:១៨

ផែនដី​ពោរពេញ​ទៅ​ដោយ​«អំពើ​ឃោរឃៅ»

១៣​. នៅ​សម័យ​ណូអេ ហេតុ​អ្វី​ផែនដី​«ពេញ​ជា​សេចក្ដី​កាច​សហ័ស»​ឬ​អំពើ​ឃោរឃៅ​នោះ?

១៣ ព្រះ​គម្ពីរ​ចង្អុល​បញ្ជាក់​នូវ​លក្ខណៈ​មួយ​ទៀត​នៃ​សម័យ​ណូអេ​ថា​៖ ​«ឯ​ផែនដី នោះ​បាន​ខូច​អាក្រក់​នៅ​ចំពោះ​ព្រះ ក៏​មាន​ពេញ​ជា​សេចក្ដី​កាច​សហ័ស[ឬ​«អំពើ​ឃោរឃៅ»​, ខ.ស.]ផង»។ (លោកុប្បត្តិ ៦:១១) នេះ​មិន​បាន​ន័យ​ថា​គ្មាន​អំពើ​ឃោរឃៅ​មុន​សម័យ​ណូអេ​ទេ។ កាអ៊ីន​ដែល​ជា​កូន​ប្រុស​របស់​អ័ដាម បាន​ធ្វើ​ឃាត​ប្អូន​ប្រុសដ៏សុចរិត​របស់​គាត់។ (លោកុប្បត្តិ ៤:៨) ឡាមេក​បាន​បង្ហាញ​ចិត្ត​គំនិត​ឃោរឃៅ​ដូច​គេ​ឯង​នៅ​សម័យ​គាត់ ដោយ​តែង​កំណាព្យ​មួយអួតខ្លួនថា​គាត់​បាន​សម្លាប់​យុវជន​ម្នាក់ ដោយ​អះអាង​ថា​គ្រាន់​តែ​ដើម្បី​ការពារ​ខ្លួន​ប៉ុណ្ណោះ។ (លោកុប្បត្តិ ៤:២៣, ២៤) ប៉ុន្តែ នៅ​សម័យ​ណូអេ អំពើ​ឃោរឃៅ​មាន​ទំហំ​ធំ​ជាង​មុន។ ពេល​ដែល​ទេវតា​មិនស្ដាប់​បង្គាប់​បាន​រៀប​ការ​ជា​មួយ​ស្រីៗ​នៅ​ផែនដី​ហើយ​បង្កើត​កូន​ដែល​ជា​នីហ្វីលីម នោះ​អំពើ​ឃោរឃៅ​បាន​ឈាន​ដល់​កំរិត​ដែល​ពុំ​ធ្លាប់​មាន។ សេចក្ដី​បកប្រែ​ពិភពលោក​ថ្មី​នៃ​បទ​គម្ពីរ​បរិសុទ្ធ​ឲ្យ​ដឹង​ថា ពាក្យ​ភាសា​ហេព្រើរ​ដែល​ប្រើ​សំដៅ​លើ​មនុស្ស​រូប​ធំ​សម្បើម​ដ៏​ឃោរឃៅ​ទាំង​នេះ មាន​ន័យ​ថា​«ពួក​អ្នក​ផ្ដួល» គឺ​«អ្នក​ដែល​ធ្វើ​ឲ្យ​អ្នក​ដទៃ​ដួល»។ (លោកុប្បត្តិ ៦:​៤) ជា​លទ្ធផល ផែនដី​«ពេញ​ជា​សេចក្ដី​កាច​សហ័ស»។ (លោកុប្បត្តិ ៦:១៣) សូម​គិត​ទៅ​មើល​អំពី​ណូអេ​គាត់​ច្បាស់​ជា​ធ្លាប់​ជួប​បញ្ហា កាល​ដែល​ខំ​ចិញ្ចឹម​អប់រំ​ក្រុម​គ្រួសារ​របស់​គាត់​ក្នុង​បរិយាកាស​បែប​នេះ! ប៉ុន្តែ ‹ក្នុង​មនុស្ស​ជាន់​នោះ›​ឃើញ​ថា ណូអេ​ជា​មនុស្ស‹សុចរិត​នៅ​ចំពោះ​ព្រះ​យេហូវ៉ា›។—លោកុប្បត្តិ ៧:១

១៤​. សព្វ​ថ្ងៃ​នេះ តើ​ពិភពលោក​ពោរពេញ​ដោយ​«សេចក្ដី​កាច​សហ័ស»​ដល់​ថ្នាក់​ណា?

១៤ អំពើ​ឃោរឃៅ​ធ្លាប់​មាន​តាំង​ពីដើម​មក​ម្ល៉េះ។ ប៉ុន្តែ សម័យ​យើង​ក៏​ដូច​ជា​សម័យ​ណូអេ​ដែរ ដ្បិត​អំពើ​ឃោរឃៅ​នៅ​សម័យ​នេះ​មាន​ទំហំ​ដែល​ពុំ​ធ្លាប់​មាន​ទេ។ យើង​តែង​តែ​ឮ​អំពី​អំពើ​ហិង្សា​ក្នុង​ក្រុម​គ្រួសារ ភេរវកម្ម ការ​ប្រល័យ​ពូជ​សាសន៍ ការ​បាញ់​សម្លាប់​រង្គាល​ដោយ​មនុស្ស​ដែល​តាម​មើល​ទៅ​គ្មាន​ហេតុ​ជំរុញ​ឲ្យ​សម្លាប់​ទេ។ បន្ថែម​ទៅ​ទៀត​ក៏​មាន​ការ​បង្ហូរ​ឈាម​ជា​ច្រើន​ក្នុង​សង្គ្រាម។ ផែនដី​ពោរពេញ​ទៅ​ដោយ​អំពើ​ឃោរឃៅ​ម្ដង​ហើយ។ ហេតុ​អ្វី? តើ​អ្វី​បាន​ធ្វើ​ឲ្យ​មាន​ការ​កើន​ឡើង​ដូច្នេះ? ចម្លើយ​សំរាប់​សំនួរ​នេះ​បញ្ជាក់​ភាព​ស្រដៀង​គ្នា​មួយ​ទៀត​រវាង​សម័យ​ណូអេ​និង​សម័យ​យើង។

១៥​. (ក) តើ​អ្វី​បាន​នាំ​ឲ្យ​អំពើ​ឃោរឃៅ​កើន​ឡើង​នៅ​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​នេះ? (ខ) តើ​យើង​អាច​ជឿជាក់​ថា​អ្វី​នឹង​កើត​ឡើង​នៅ​ទីបំផុត?

១៥ នៅ​ពេល​ព្រះ​រាជាណាចក្រ​នៃ​ព្រះមេស្ស៊ី​ត្រូវ​បាន​ស្ថាបនា​ឡើង​នៅ​ឆ្នាំ​១៩១៤ ព្រះ​យេស៊ូ​គ្រីស្ទ​ដែល​ទទួល​រាជ្យ​ជា​ស្តេច​បាន​ចាត់​វិធានការ​សំខាន់​បំផុត​មួយ​នៅ​សម័យ​នេះ។ អារក្ស​សាតាំង​និង​ពួក​បិសាច​របស់​វា​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ស្ថានសួគ៌​មក​ផែនដី។ (វិវរណៈ ១២:​៩​-​១២) មុន​ទឹក​ជំនន់ ទេវតា​ដែល​មិន​ស្ដាប់​បង្គាប់​បាន​បោះបង់​ចោល​មុខតំណែង​នៅ​ស្ថានសួគ៌​ហើយ​ចុះ​មក​ផែនដី​ដោយ​ខ្លួន​ឯង។ ប៉ុន្តែ នៅ​សម័យ​នេះ ពួក​វា​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ស្ថានសួគ៌​ឲ្យ​មក​ផែនដីតែម្ដង។ ម្យ៉ាង​ទៀត ឥឡូវ​នេះ​ពួក​វា​គ្មាន​សមត្ថភាព​ប្រែក្រឡា​ទៅ​ជា​មនុស្ស​នៅ​លើ​ផែនដី​ដើម្បី​បំពេញ​តណ្ហា​ដែល​ខុស​ច្បាប់​ព្រះ​នោះ​ទេ។ ដូច្នេះ ដោយ​មាន​ចិត្ត​មួម៉ៅ ខឹង និង​ខ្លាច​ការ​ជំនុំជំរះ​ដែល​ពួក​វា​នឹង​ជិត​ទទួល​នោះ ពួក​វា​បញ្ចេញ​ឥទ្ធិពល​ទៅ​លើ​មនុស្ស​និង​អង្គការ​ផ្សេងៗ​ឲ្យ​ធ្វើ​ឧក្រិដ្ឋកម្ម​និង​អំពើ​ឃោរឃៅ​ព្រៃផ្សៃ​ដែល​មាន​ទំហំ​ធំ​ជាង​សម័យ​ណូអេ​ទៅ​ទៀត។ ព្រះ​យេហូវ៉ា​បាន​កំទេច​ចោល​លោកីយ៍​មុន​ទឹក​ជំនន់​ក្រោយ​ពី​ទេវតា​អាក្រក់​និង​កូន​ចៅ​របស់​ពួក​វា​បាន​ធ្វើ​ឲ្យ​លោកីយ៍​ពោរពេញ​ទៅ​ដោយ​អំពើ​អាក្រក់។ កុំ​ច្រឡំ​ឲ្យ​សោះ​ឡើយ! ទ្រង់​នឹង​ធ្វើ​ដូច​គ្នា​នៅ​សម័យ​យើង​ដែរ! (ទំនុកដំកើង ៣៧:១០) ក៏​ប៉ុន្តែ អ្នក​ដែល​ចាំ​យាម​សព្វ​ថ្ងៃ​នេះ​ដឹង​ថា សេចក្ដី​សង្គ្រោះ​របស់​ពួក​គេ​គឺ​ជិត​មក​ដល់​ហើយ។

កំពុង​តែ​មាន​អ្នក​ផ្សព្វផ្សាយ

១៦, ១៧​. តើ​អ្វី​ជា​ភាព​ស្រដៀង​គ្នា​ទី៤​រវាង​សម័យ​ណូអេ​និង​សម័យ​យើង?

១៦ ភាព​ស្រដៀង​គ្នា​ទី៤​រវាង​សម័យ​យើង​និង​សម័យ​ណូអេ​មុន​ទឹក​ជំនន់ គឺ​កិច្ចការ​ដែល​ណូអេ​ត្រូវ​បាន​បង្គាប់​ឲ្យ​ធ្វើ។ ណូអេ​បាន​សង់​ទូក​ដ៏​ធំ​សម្បើម​មួយ។ ណូអេ​ក៏​ជា​«អ្នក​ប្រកាស»​ទៀត​ផង។ (ពេត្រុសទី២ ២:៥) តើ​ណូអេ​បាន​ប្រកាស​អំពី​អ្វី? តាម​មើល​ទៅ ការ​ប្រកាស​ផ្សាយ​របស់​ណូអេ​បាន​រួម​បញ្ចូល​ការ​ប្រាប់​មនុស្ស​ថា​ពួក​គេ​ត្រូវ​ប្រែ​ចិត្ត ហើយ​ក៏​បាន​ព្រមាន​ពួក​គេ​អំពី​សេចក្ដី​ហិនវិនាស​ដែល​ជិត​មក​ដល់។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា មនុស្ស​នៅ​សម័យ​ណូអេ​«ឥត​បាន​ដឹង​ខ្លួន​ឡើយ ទាល់តែ​ទឹក​ជន់​ឡើង យក​គេ​ទៅ​ទាំង​អស់​គ្នា»។—ម៉ាថាយ ២៤:៣៨, ៣៩

១៧ ស្រដៀង​គ្នា​ដែរ ពេល​ដែល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ព្យាយាម​បំពេញ​កិច្ចការ​ផ្សព្វផ្សាយ​របស់​ពួក​គេ នោះ​សារ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​កំពុង​តែ​ត្រូវ​ផ្សាយ​ទូទាំង​ពិភពលោក។ នៅ​ស្ទើរតែ​គ្រប់​ភូមិភាគ​លើ​ពិភពលោក មនុស្ស​អាច​ស្ដាប់​ឮ​និង​អាន​សារ​ព្រះ​រាជាណាចក្រ​ជា​ភាសា​របស់​ខ្លួន។ ទស្សនាវដ្ដី​ប៉មយាម ដែល​ប្រកាស​ព្រះ​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា បាន​បោះ​ពុម្ព​២៥.០០០.០០០​ក្បាល​ហើយ​ត្រូវ​បោះ​ពុម្ព​ជាង​១៤០​ភាសា។ ពិត​ណាស់​ថា​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​កំពុង​តែ​ត្រូវ​ប្រកាស​ផ្សាយ​«ទូទៅ​គ្រប់​ក្នុង​លោកីយ ទុក​ជា​ទី​បន្ទាល់​ដល់​អស់​ទាំង​សាសន៍»។ នៅ​ពេល​ព្រះ​ចាត់​ទុក​ថា​កិច្ចការ​នេះ​ត្រូវ​បាន​បង្ហើយ នោះ​ទីបញ្ចប់​នឹង​មក​ជាក់​ជា​ពុំ​ខាន។—ម៉ាថាយ ២៤:១៤

១៨​. របៀប​ដែល​មនុស្ស​តប​ឆ្លើយ​នឹង​កិច្ច​ផ្សព្វផ្សាយ​របស់​យើង តើ​នោះ​ស្រដៀង​គ្នា​នឹង​ការ​ឆ្លើយ​តប​របស់​មនុស្ស​នៅ​សម័យ​ណូអេ​យ៉ាង​ដូច​ម្ដេច?

១៨ បើ​គិត​ពី​កង្វះ​ខាត​ខាង​សីលធម៌​និង​ភាព​ខាង​វិញ្ញាណ​នៅ​សម័យ​មុន​ទឹក​ជំនន់ យើង​អាច​យល់​ពី​មូលហេតុ​ដែល​ណូអេ​និង​ក្រុម​គ្រួសារ​របស់​គាត់​ត្រូវ​អ្នកជិតខាង​ដែល​មិន​ជឿ​សើច​ចំអក​ឡកឡឺយ។ ប៉ុន្តែ ទីបញ្ចប់​បាន​មក​ដល់​ពិត​ដែរ។ ស្រដៀង​គ្នា​ដែរ នៅ​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​«មាន​មនុស្ស​ចំអក»​ជា​ច្រើន។ ប៉ុន្តែ ព្រះ​គម្ពីរ​ចែង​ថា​៖ «រីឯ​ថ្ងៃ​នៃ​ព្រះ​អម្ចាស់ នោះ​នឹង​មក​ដូច​ជា​ចោរ​ប្លន់»។ (ពេត្រុសទី២ ៣:៣, ៤, ១០) ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​នឹង​មក​ជា​ពិត​នៅ​ពេល​កំណត់។ ថ្ងៃ​នោះ​នឹង​មិន​រារង់​ទេ។ (ហាបាគុក ២:៣) ពិត​ជា​គួរ​គប្បី​ឲ្យ​យើង​ចាំ​យាម​ជានិច្ច!

មាន​មនុស្ស​តិច​ណាស់​រួច​រស់​ជីវិត

១៩, ២០​. តើ​មាន​ភាព​ស្រដៀង​គ្នា​អ្វី​រវាង​ទឹក​ជំនន់​និង​ការ​បំផ្លាញ​ចោល​នូវ​របប​លោកីយ៍​នេះ?

១៩ ភាព​ស្រដៀង​គ្នា​រវាង​សម័យ​ណូអេ​និង​សម័យ​យើង​នេះ មិន​មាន​ត្រឹម​តែ​ភាព​អាក្រក់​របស់​មនុស្ស​និង​ការ​បំផ្លាញ​ពួក​គេ​ចោល​នោះ​ទេ។ បើ​មាន​អ្នក​រួច​រស់​ជីវិត​ពី​ទឹក​ជំនន់​នោះ ក៏​នឹង​មាន​អ្នក​រួច​រស់​ជីវិត​ពី​ទីបញ្ចប់​នៃ​របប​លោកីយ៍​នេះ​ដែរ។ អ្នក​រួច​រស់​ជីវិត​ពី​ទឹក​ជំនន់​ជា​មនុស្ស​រាបសា​ដែល​មិន​មាន​របៀប​រស់​នៅ​ដូច​មនុស្ស​ទូទៅ​ទេ។ ពួក​គាត់​បាន​ស្ដាប់​តាម​ការ​ព្រមាន​របស់​ព្រះ​និង​ប្រុង​ប្រយ័ត្ន​កុំ​ឲ្យ​ខ្លួន​ទៅ​ជា​របស់​ផង​លោកីយ៍​ដ៏​ទុច្ចរិត​នេះ។ ព្រះ​គម្ពីរ​ចែង​ថា​៖ «ណូអេ​បាន​ប្រកប​ដោយ​ព្រះ​គុណ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា»។ ‹ណូអេ​ជា​អ្នក​គ្រប់​លក្ខណ៍​នៅ​ក្នុង​ដំណ​វង្ស​ខ្លួន›។ (លោកុប្បត្តិ ៦:៨, ៩) ក្នុង​ចំណោម​មនុស្ស​ជាតិ ក្រុម​គ្រួសារ​មួយ​ដែល​មាន​«មនុស្ស​តែ​បន្ដិច គឺ​៨​នាក់​ប៉ុណ្ណោះ​ដែល​បាន​រួច​ដោយសារ​ទឹក»​ជំនន់។ (ពេត្រុសទី១ ៣:២០) ហើយ​ចំពោះ​ពួក​គាត់​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ថា​៖ «ចូរ​បង្កើត​កូន​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង ឲ្យ​បាន​នៅ​ពេញ​ពាស​លើ​ផែនដី​ចុះ!»។—លោកុប្បត្តិ ៩:១

២០ ព្រះ​បន្ទូល​របស់​ព្រះ​ធ្វើ​ឲ្យ​យើង​មាន​ទំនុក​ចិត្ត​ថា​៖ «មនុស្ស​១​ហ្វូង​យ៉ាង​ធំ»​នឹង​«ចេញ​ពី​គ្រា​វេទនា​យ៉ាង​ធំ​មក»។ (វិវរណៈ ៧:៩, ១៤) តើ​មនុស្ស​មួយ​ហ្វូង​យ៉ាង​ធំ​នេះ​គឺ​មាន​មនុស្ស​ច្រើន​ប៉ុន​ណា​ទៅ? ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ដោយ​អង្គ​ទ្រង់​ថា​៖ «ឯ​ទ្វារ​ដែល​នាំ​ទៅ​ឯ​ជីវិត នោះ​តូច ហើយ​ចង្អៀត​វិញ ក៏​មាន​មនុស្ស​តិច​ណាស់​ដែល​រក​ផ្លូវ​នោះ​ឃើញ»។ (ម៉ាថាយ ៧:១៣, ១៤) បើ​ប្រៀបធៀប​នឹង​មនុស្ស​រាប់​ពាន់​លាន​នាក់​ដែល​កំពុង​តែ​រស់​លើ​ផែនដី​ឥឡូវ​នេះ អ្នក​ដែល​រួច​រស់​ជីវិត​ពី​គ្រា​វេទនា​យ៉ាង​ធំ​គឺ​តិច​ណាស់។ ប៉ុន្តែ ពួក​គេ​ប្រហែល​ជា​នឹង​មាន​ឯក​សិទ្ធិ​ដូច​ជា​អ្នក​រួច​រស់​ជីវិត​ពី​ទឹក​ជំនន់​នៅ​សម័យ​ណូអេ​ដែរ។ អស់​មួយ​រយៈ​អ្នក​ដែល​រួច​រស់​ជីវិត​ប្រហែល​ជា​នឹង​អាច​បង្កើត​កូន​ជា​ផ្នែក​នៃ​សង្គម​មនុស្ស​នៅ​លើ​ផែនដី​ថ្មី។—អេសាយ ៦៥:២៣

‹ចូរ​ចាំ​យាម›

២១, ២២​. (ក) តើ​ការ​ពិចារណា​នូវ​កំណត់​ហេតុ​អំពី​ទឹក​ជំនន់​បាន​ជួយ​អ្នក​យ៉ាង​ដូច​ម្ដេច? (ខ) តើ​បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​២០០៤​ជា​អ្វី? ហើយ​ហេតុ​អ្វី​យើង​គួរ​ស្ដាប់​តាម​ឱវាទ​ក្នុង​បទ​គម្ពីរ​នោះ?

២១ ទោះ​ជា​ទឹក​ជំនន់​ហាក់​ដូច​ជា​គ្មាន​ទំនាក់ទំនង​នឹង​សម័យ​យើង​ដោយសារ​បាន​កើត​ឡើង​យូរ​ហើយ​នោះ តែ​ទឹក​ជំនន់​នោះ​ជា​ការ​ព្រមាន​ច្បាស់​លាស់​មួយ​ដែល​យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​កុំ​ខាន។ (រ៉ូម ១៥:៤) ភាព​ស្រដៀង​គ្នា​រវាង​សម័យ​ណូអេ​និង​សម័យ​យើង​គួរ​ធ្វើ​ឲ្យ​យើង​យល់​កាន់​តែ​ច្បាស់​អំពី​អត្ថន័យ​នៃ​អ្វី​ដែល​កំពុង​តែ​កើត​ឡើង ហើយ​ក៏​គួរ​ជា​សញ្ញា​ឲ្យ​ដឹង​អំពី​ការ​យាង​មក​របស់​ព្រះ​យេស៊ូ​ដែល​នឹង​មក​ដូច​ជា​ចោរ​ប្លន់ ក្នុង​បំណង​សម្រេច​តាម​ការ​ជំនុំជំរះ​និង​ដាក់​ទោស​មនុស្ស​ទុច្ចរិត។

២២ សព្វ​ថ្ងៃ​នេះ ព្រះ​យេស៊ូ​គ្រីស្ទ​កំពុង​តែ​ដឹក​នាំ​ការ​ដ៏​ធំ​មួយ គឺ​ជា​កិច្ចការ​មួយ​ដែល​ប្រៀប​ដូច​ជា​ការ​សាង​សង់​ខាង​វិញ្ញាណ។ ដើម្បី​ឲ្យ​អ្នក​ថ្វាយ​បង្គំ​ពិត​មាន​សុវត្ថិភាព​ហើយ​រួច​រស់​ជីវិត​នោះ គឺ​មាន​សួន​មនោរម្យ​ខាង​វិញ្ញាណ​មួយ​ដែល​ប្រៀប​ដូច​ជា​ទូក​ធំ។ (កូរិនថូសទី២ ១២:៣, ៤) ដើម្បី​ការពារ​ជីវិត​ឲ្យ​រួច​រស់​គ្រា​វេទនា​យ៉ាង​ធំ​នោះ យើង​ត្រូវ​តែ​នៅ​ក្នុង​សួន​មនោរម្យ​ខាង​វិញ្ញាណ​នេះ​ជានិច្ច។ នៅ​ខាង​ក្រៅ​សួន​មនោរម្យ​ខាង​វិញ្ញាណ​នេះ​គឺ​ជា​លោកីយ៍​របស់​សាតាំង ដែល​ប្រុង​ប្រៀប​លេប​បំបាត់​អស់​អ្នក​ណា​ដែល​ងងុយ​ដេក​ខាង​វិញ្ញាណ។ គឺ​ជា​ការ​សំខាន់​ហើយ​ចាំបាច់​ណាស់​ដែល​យើង​«ចាំ​យាម»​ជានិច្ច និង​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច​សំរាប់​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា។—ម៉ាថាយ ២៤:៤២, ៤៤

តើ​អ្នក​ចាំ​ទេ?

តើ​ព្រះ​យេស៊ូ​ជូន​ឱវាទ​អ្វី​ស្តី​អំពី​ការ​យាង​មក​របស់​ទ្រង់?

តើ​ព្រះ​យេស៊ូ​ប្រៀបធៀប​វត្តមាន​របស់​ទ្រង់​ទៅ​នឹង​សម័យ​ណា?

តើ​សម័យ​យើង​ស្រដៀង​គ្នា​នឹង​សម័យ​ណូអេ យ៉ាង​ដូច​ម្ដេច?

ពេល​ដែល​ជញ្ជឹង​គិត​អំពី​ភាព​ស្រដៀង​គ្នា​រវាង​សម័យ​ណូអេ​និង​សម័យ​យើង តើ​នោះ​គួរ​មាន​ឥទ្ធិពល យ៉ាង​ណា​ទៅ​លើ​ការ​យល់​ដឹង​អំពី​ភាព​បន្ទាន់?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ២២]

បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​២០០៤​គឺ​៖ «[ចូរ]ចាំ​យាម . . . [ចូរ]ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច»។—ម៉ាថាយ ២៤:៤២, ៤៤

[រូបភាព​នៅ​ទំព័រ​១៩]

ណូអេ​បាន​ស្ដាប់​តាម​ការ​ព្រមាន​ពី​ព្រះ។ តើ​យើង​ស្ដាប់​តាម​ដូច​គ្នា​ដែរ​ឬ?

[រូបភាព​នៅ​ទំព័រ​២០]

«កាល​ណា​កូន​មនុស្ស​មក នោះ​នឹង​បាន​ដូច​ជា​នៅ​ជំនាន់​លោក​ណូអេ​ដែរ»