«ត្រូវដឹងគុណ»
«ត្រូវដឹងគុណ»
«ចូរឲ្យសេចក្ដីមេត្រីរបស់ព្រះគ្រីស្ទ ត្រួតត្រានៅក្នុងចិត្ត . . . ហើយត្រូវដឹងគុណផង»។—កូល៉ុស ៣:១៥
១. តាមការសង្កេត តើមានភាពខុសគ្នាយ៉ាងណារវាងក្រុមជំនុំគ្រីស្ទាននិងលោកីយ៍ដែលស្ថិតក្រោមអំណាចសាតាំង?
ក្នុងក្រុមជំនុំជាង៩៤.៦០០នៃស្មរបន្ទាល់ព្រះយេហូវ៉ាទូទាំងពិភពលោក យើងឃើញថាបងប្អូនរបស់យើងចេះដឹងគុណ។ រៀងរាល់ការប្រជុំចាប់ផ្ដើមនិងចប់ដោយមានសេចក្ដីអធិស្ឋានមួយ ដែលរួមមានការថ្លែងអំណរគុណចំពោះព្រះយេហូវ៉ាដែរ។ ជាញយៗយើងឮពាក្យ«សូមអរគុណ» «មិនអីទេ!» ឬពាក្យណាផ្សេងទៀតពោលដោយយុវជន មនុស្សចាស់ ព្រមទាំងស្មរបន្ទាល់ថ្មីនិងអ្នកដែលជាស្មរបន្ទាល់ព្រះយេហូវ៉ាយូរហើយ ពេលដែលពួកគាត់រួបរួមគ្នាថ្វាយបង្គំនិងសំណេះសំណាលយ៉ាងសប្បាយនោះ។ (ទំនុកដំកើង ១៣៣:១) នេះគឺផ្ទុយស្រឡះពីការគិតតែប្រយោជន៍ខ្លួនក្នុងចំណោមមនុស្សជាច្រើនដែល‹មិនស្គាល់ព្រះយេហូវ៉ា ហើយនឹងពួកអ្នកដែលមិនស្ដាប់តាមដំណឹងល្អ›! (ថែស្សាឡូនីចទី២ ១:៨) យើងកំពុងតែរស់នៅក្នុងលោកីយ៍មួយពោរពេញទៅដោយមនុស្សរមិលគុណ។ នេះមិនមែនចំឡែកទេ ដ្បិតព្រះនៃលោកីយ៍នេះ គឺអារក្សសាតាំង ហើយវាជាអ្នកគាំទ្រខ្លាំងជាងគេនូវគំនិតដែលគិតតែពីប្រយោជន៍ខ្លួន។ អំនួតនិងចិត្តគំនិតអស្មិមានះរបស់វាគឺសឲ្យឃើញទូទាំងសង្គមមនុស្ស។—យ៉ូហាន ៨:៤៤; កូរិនថូសទី២ ៤:៤; យ៉ូហានទី១ ៥:១៩
២. តើយើងត្រូវស្ដាប់តាមការព្រមានអ្វី? តើយើងនឹងពិចារណាសំនួរអ្វីខ្លះ?
២ ដោយសារលោកីយ៍របស់សាតាំងស្ថិតនៅជុំវិញយើងដូច្នេះ យើងត្រូវប្រុងប្រយ័ត្នកុំឲ្យចិត្តគំនិតរបស់មនុស្សលោកីយ៍ជះឥទ្ធិពលដើម្បីបង្ខូចចិត្តគំនិតរបស់យើង។ នៅសតវត្សទី១ សាវ័កប៉ុលបានរំឭកជនគ្រីស្ទាននៅទីក្រុងអេភេសូរថា៖ «អ្នករាល់គ្នាបានប្រព្រឹត្ត តាមរបៀបលោកីយនេះ គឺតាមមេគ្រប់គ្រងរាជ្យលើអាកាស ជាវិញ្ញាណដែលសព្វថ្ងៃនេះ បណ្ដាលមកក្នុងពួកមនុស្សរឹងចចេស យើងរាល់គ្នាទាំងអស់ក៏បានប្រព្រឹត្តក្នុងពួកនោះពីដើមដែរ ដោយសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាមយើង ទាំងប្រព្រឹត្តសេចក្ដីដែលសាច់ឈាមនឹងគំនិតយើងចង់បានផង ហើយតាមកំណើតយើង នោះយើងជាមនុស្សជាប់ក្នុងសេចក្ដីខ្ញាល់ ដូចជាមនុស្សឯទៀតដែរ»។ (អេភេសូរ ២:២, ៣) សព្វថ្ងៃនេះ មនុស្សជាច្រើនក៏ដូច្នេះដែរ។ ហេតុនេះហើយ តើយើងត្រូវធ្វើដូចម្ដេចដើម្បីឲ្យយើងចេះដឹងគុណជានិច្ចនោះ? តើព្រះយេហូវ៉ាផ្ដល់ជំនួយអ្វីខ្លះ? តើយើងអាចបង្ហាញថាយើងពិតជាដឹងគុណយ៉ាងដូចម្ដេច?
មូលហេតុដែលត្រូវដឹងគុណ
៣. តើយើងអរព្រះគុណព្រះយេហូវ៉ាដោយព្រោះអ្វីខ្លះ?
៣ យើងជំពាក់គុណព្រះយេហូវ៉ាដែលជាអ្នកបង្កើតយើងនិងជាអ្នកដែលបានប្រទានជីវិតដល់យើង ជាពិសេសពេលយើងពិចារណានូវអំណោយបរិបូរដែលទ្រង់ប្រទានដល់យើងយ៉ាងសទ្ធា។ (យ៉ាកុប ១:១៧) រាល់ថ្ងៃយើងអរព្រះគុណព្រះយេហូវ៉ាដោយសារយើងមានជីវិតរស់នៅ។ (ទំនុកដំកើង ៣៦:៩) នៅជុំវិញយើង យើងសង្កេតឃើញនូវភស្តុតាងដែលបញ្ជាក់នូវស្នាព្រះហស្តព្រះយេហូវ៉ា ដូចជាព្រះអាទិត្យ ព្រះចន្ទ និងផ្កាយ។ ធនធានរ៉ែបរិបូររបស់ផែនដីយើង បរិយាកាសដែលជាឧស្ម័នផ្សេងៗលាយឡំគ្នាយ៉ាងសាំញ៉ាំ និងវដ្ដធម្មជាតិដែលស្មុគស្មាញ សុទ្ធតែជាភស្តុតាងបង្ហាញថា យើងជំពាក់គុណព្រះវរបិតារបស់យើងនៅស្ថានសួគ៌ដែលប្រកបដោយសេចក្ដីស្រឡាញ់។ ស្តេចដាវីឌបានច្រៀងថា៖«ឱព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ! ការអស្ចារ្យដែលទ្រង់បានធ្វើ នោះមានច្រើនណាស់ ព្រមទាំងគំនិតដែលទ្រង់នឹកដល់យើងខ្ញុំផង គ្មានអ្នកណាអាចនឹងរៀបរាប់ដោយលំដាប់ ពីការទាំងនោះ នៅចំពោះទ្រង់បានឡើយ បើទូលបង្គំនឹងចង់និទានប្រាប់ នោះមានច្រើនហួសកំណត់នឹងរាប់បាន»។—ទំនុកដំកើង ៤០:៥
៤. ហេតុអ្វីយើងគួរអរព្រះគុណព្រះយេហូវ៉ាដោយសារការសំណេះសំណាលគ្នាយ៉ាងសប្បាយដែលមានក្នុងក្រុមជំនុំយើង?
៤ ទោះជាមិនស្ថិតនៅក្នុងសួនមនោរម្យពិតប្រាកដមួយក៏ដោយ ក៏អ្នកបំរើរបស់ព្រះយេហូវ៉ាសព្វថ្ងៃនេះកំពុងតែរីករាយនឹងសួនមនោរម្យខាងវិញ្ញាណមួយ។ នៅក្នុងសាលព្រះរាជាណាចក្ររបស់យើង នៅឯមហាសន្និបាត និងសន្និបាត យើងឃើញផលផ្លែនៃវិញ្ញាណបរិសុទ្ធរបស់ព្រះដែលកំពុងតែមានឥទ្ធិពលលើចិត្តអ្នកជឿគ្នីគ្នា។ ពិតណាស់ថា ពេលផ្សព្វផ្សាយដល់មនុស្សដែលគ្មានសាសនាឬមិនសូវជឿលើសាសនា ស្មរបន្ទាល់ខ្លះបង្ហាញពីអ្វីដែលប៉ុលពិពណ៌នាក្នុងសំបុត្រមួយដែលគាត់ផ្ញើទៅកាន់បងប្អូននៅទីក្រុងកាឡាទី។ មុនបង្អស់ ពួកគាត់លើកបញ្ជាក់នូវ«កិច្ចការខាងសាច់ឈាម» ហើយសួរអ្នកស្ដាប់តើពួកគាត់ធ្លាប់ឃើញកាឡាទី ៥:១៩-២៣) មនុស្សភាគច្រើនយល់ស្របភ្លាមៗថា សង្គមមនុស្សសព្វថ្ងៃនេះគឺដូច្នេះមែន។ នៅពេលពួកគេអានអំពីផលផ្លែនៃវិញ្ញាណរបស់ព្រះហើយទទួលការអញ្ជើញឲ្យទៅសាលព្រះរាជាណាចក្រតាមតំបន់ដើម្បីឃើញភស្តុតាងផ្ទាល់នឹងភ្នែក នោះពួកគេជាច្រើននាក់ទទួលស្គាល់យ៉ាងលឿនថា៖ «ព្រះទ្រង់គង់នៅក្នុងចំណោមអ្នករាល់គ្នាមែន»។ (កូរិនថូសទី១ ១៤:២៥) នេះគឺមិនមានតែនៅសាលព្រះរាជាណាចក្រតែប៉ុណ្ណោះទេ។ ទូទាំងពិភពលោក មិនថាអ្នកធ្វើដំណើរទៅកន្លែងណាក៏ដោយ ហើយជួបអ្នកណាពីចំណោមស្មរបន្ទាល់ព្រះយេហូវ៉ាជាងប្រាំមួយលាននាក់ នោះនឹងឃើញថាអ្នកទាំងនោះមានចិត្តសប្បាយដូចគ្នា។ ប្រាកដណាស់ ការសំណេះសំណាលលើកទឹកចិត្តគ្នាបែបនេះជាហេតុមួយដែលគួរអរព្រះគុណព្រះយេហូវ៉ា ដែលទ្រង់ប្រទានវិញ្ញាណរបស់ទ្រង់ដើម្បីបង្កើតឲ្យមានស្ថានភាពនេះ។—សេផានា ៣:៩; អេភេសូរ ៣:២០, ២១
មនុស្សប្រព្រឹត្តដូច្នេះឬក៏អត់។ (៥, ៦. ដោយសារព្រះយេហូវ៉ាបានប្រទានតម្លៃលោះដែលជាអំណោយវិសេសបំផុតរបស់ទ្រង់ តើយើងអាចបង្ហាញការដឹងគុណចំពោះទ្រង់យ៉ាងដូចម្ដេច?
៥ អំណោយគ្រប់ល័ក្ខណ៍ដ៏វិសេសជាងគេដែលព្រះយេហូវ៉ាបានប្រទានមក គឺព្រះយេស៊ូជាព្រះរាជបុត្រារបស់ទ្រង់ដែលតាមរយៈទ្រង់ យញ្ញបូជាលោះត្រូវបានផ្ដល់ឲ្យ។ សាវ័កយ៉ូហានបានសរសេរថា៖ «ពួកស្ងួនភ្ងាអើយ! បើព្រះបានស្រឡាញ់យើងរាល់គ្នាជាខ្លាំងទាំងម្ល៉េះ នោះត្រូវឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមកដែរ»។ (យ៉ូហានទី១ ៤:១១) ដោយសារយើងបានទទួលតម្លៃលោះ យើងបង្ហាញការដឹងគុណមិនគ្រាន់តែដោយបង្ហាញសេចក្ដីស្រឡាញ់និងមានកតញ្ញូធម៌ចំពោះព្រះយេហូវ៉ាប៉ុណ្ណោះនោះទេ ប៉ុន្តែដោយបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកឯទៀតក្នុងជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។—ម៉ាថាយ ២២:៣៧-៣៩
៦ យើងអាចរៀនថែមទៀតអំពីការដឹងគុណដោយគិតអំពីរបៀបព្រះយេហូវ៉ាប្រព្រឹត្តចំពោះជនជាតិអ៊ីស្រាអែលនៅសម័យបុរាណ។ ដោយសារក្រិត្យវិន័យដែលទ្រង់បានប្រទានដល់សាសន៍អ៊ីស្រាអែលតាមរយៈលោកម៉ូសេ ព្រះយេហូវ៉ាបង្រៀនប្រជាជនមេរៀនជាច្រើន។ តាមរយៈ«គំរូពីសេចក្ដីចេះដឹង នឹងសេចក្ដីពិតនៅក្នុងក្រិត្យវិន័យ»នោះ យើងអាចរៀនជាច្រើនដែលនឹងជួយយើងធ្វើតាមឱវាទរបស់ប៉ុលដែលថា៖ «ត្រូវដឹងគុណ»។—រ៉ូម ២:២០; កូល៉ុស ៣:១៥
មេរៀនបីពីក្រិត្យវិន័យលោកម៉ូសេ
៧. តើការថ្វាយមួយភាគក្នុងដប់ផ្ដល់ឱកាសឲ្យជនជាតិអ៊ីស្រាអែលបង្ហាញថា ខ្លួនដឹងគុណព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
៧ ក្នុងក្រិត្យវិន័យលោកម៉ូសេ ព្រះយេហូវ៉ាបានផ្ដល់វិធីបីយ៉ាងដែលសាសន៍អ៊ីស្រាអែលអាចបង្ហាញយ៉ាងស្មោះថាពួកគេដឹងគុណព្រះយេហូវ៉ាដោយសារទ្រង់ល្អ។ ទីមួយ ដោយថ្វាយមួយភាគក្នុងដប់ពីភោគផលក្នុងស្រុក ថែមទាំង«ហ្វូងសត្វធំឬតូច ១ភាគក្នុង១០»ដែលទុកជារបស់«បរិសុទ្ធដល់ព្រះយេហូវ៉ា»។ (លេវីវិន័យ ២៧:៣០-៣២) នៅពេលសាសន៍អ៊ីស្រាអែលស្ដាប់តាម ព្រះយេហូវ៉ាប្រទានពរបរិបូរដល់ពួកគេ។ «‹ចូរនាំយកដង្វាយ១ភាគក្នុង១០ទាំងអស់ មកដាក់ក្នុងឃ្លាំងចុះ! ដើម្បីឲ្យមានស្បៀងអាហារនៅក្នុងដំណាក់នៃអញ ហើយល្បងលអញឥឡូវ បើអញមិនបើកទ្វារស្ថានសួគ៌ ដើម្បីចាក់ព្រះពរមកលើឯង ដែលនឹងគ្មានកន្លែងល្មមទុកបានទេ›។ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ»។—ម៉ាឡាគី ៣:១០
៨. តើការថ្វាយដង្វាយស្ម័គ្រពីចិត្តនិងដង្វាយមួយភាគក្នុងដប់គឺខុសគ្នាយ៉ាងណា?
៨ ទីពីរ បន្ថែមនឹងសេចក្ដីតម្រូវឲ្យថ្វាយមួយភាគក្នុងដប់ ព្រះយេហូវ៉ាបានរៀបចំឲ្យជនជាតិអ៊ីស្រាអែលថ្វាយដង្វាយស្ម័គ្រពីចិត្ត។ ទ្រង់បានណែនាំពួកគេថា៖ «កាលណាឯងរាល់គ្នាបានចូលទៅក្នុងស្រុក ដែលអញនាំឯងចូលទៅ ហើយឯងនឹងបរិភោគអាហាររបស់ស្រុកនោះ នោះត្រូវឲ្យថ្វាយដង្វាយលើកចុះឡើងដល់ព្រះយេហូវ៉ា»។ ផលដំបូងជា«ម្សៅដែលលាយមុនដំបូងមកធ្វើជានំ១» ត្រូវយកមក«ថ្វាយជាដង្វាយលើកចុះឡើងដល់ព្រះយេហូវ៉ា» នៅអស់ទាំងដំណពួកគេតទៅ។ គ្មានចំណែងណាដែលថាត្រូវថ្វាយផលប៉ុន្មាននោះទេ។ (ជនគណនា ១៥:១៨-២១) ប៉ុន្តែ នៅពេលជនជាតិអ៊ីស្រាអែលថ្វាយដង្វាយដើម្បីអរព្រះគុណ នោះពួកគេទទួលពរពីព្រះយេហូវ៉ាយ៉ាងពិតប្រាកដ។ នេះស្រដៀងគ្នានឹងការរៀបចំមួយដែលបានបញ្ជាក់ក្នុងចក្ខុនិមិត្តរបស់អេសេគាលដែលទាក់ទងនឹងព្រះវិហារ។ ក្នុងនោះយើងអានថា៖ «ឯចំណែកដំបូងពីផលដំបូងគ្រប់យ៉ាង នឹងអស់ទាំងដង្វាយ ដែលថ្វាយដោយលើកចុះឡើងគ្រប់មុខ ពីអស់ទាំងដង្វាយលើកចុះឡើងរបស់ឯងរាល់គ្នា នោះសុទ្ធតែជារបស់ផងពួកសង្ឃឯងរាល់គ្នា ក៏ត្រូវឲ្យម្សៅដំបូងរបស់ឯងដល់ពួកសង្ឃដែរ ដើម្បីឲ្យបានព្រះពរស្ថិតលើផ្ទះឯង»។—អេសេគាល ៤៤:៣០
៩. តើព្រះយេហូវ៉ាបានបង្រៀនអ្វីខ្លះតាមរយៈការរៀបចំសំរាប់រើសផលដំណាំដែលជ្រុះ?
៩ ទីបី ព្រះយេហូវ៉ាផ្ដើមការរៀបចំសំរាប់រើសផលដំណាំដែលជ្រុះ។ ព្រះបានណែនាំពួកគេថា៖ «កាលណាឯងរាល់គ្នាច្រូតចំរូតនៅស្រែ នោះមិនត្រូវច្រូតឲ្យដល់កៀនដីរបស់ឯងទាំងអស់ទេ ក៏មិនត្រូវសន្សំរើសគួរស្រូវដែលបានជ្រុះនោះផង ហើយក៏មិនត្រូវសន្សំបេះផ្លែទំពាំងបាយជូរ ឬរើសផ្លែដែលជ្រុះនៅចំការរបស់ឯងដែរ ត្រូវទុកសំរាប់ឲ្យពួកអ្នកក្រ នឹងពួកអ្នកស្នាក់វិញ អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា»។ (លេវីវិន័យ ១៩:៩, ១០) ម្ដងនេះទៀត គ្មានចំណែងណាដែលបញ្ជាក់ចំនួនជាក់លាក់នោះទេ។ នេះស្រេចនឹងជនជាតិអ៊ីស្រាអែល ម្នាក់ៗថា ពួកគេនឹងទុកប៉ុន្មានសំរាប់អ្នកខ្វះខាត។ ស្តេចសាឡូម៉ូនដែលជាអ្នកប្រាជ្ញបានពន្យល់យ៉ាងត្រឹមត្រូវថា៖ «អ្នកណាដែលមានចិត្តអាណិត ចែកដល់ពួកទាល់ក្រ នោះឈ្មោះថាថ្វាយឲ្យព្រះយេហូវ៉ាខ្ចី ទ្រង់នឹងតបស្នងសងគុណអ្នកនោះវិញ»។ (សុភាសិត ១៩:១៧) តាមរបៀបនេះព្រះយេហូវ៉ាបង្រៀនពួកគេឲ្យមានសេចក្ដីមេត្ដាករុណានិងគិតដល់អ្នកខ្វះខាត។
១០. តើមានលទ្ធផលយ៉ាងណាចំពោះជនជាតិអ៊ីស្រាអែលពេលពួកគេលែងដឹងគុណ?
១០ ព្រះយេហូវ៉ាបានប្រទានពរដល់សាសន៍អ៊ីស្រាអែល នៅពេលពួកគេស្ដាប់បង្គាប់ថ្វាយមួយភាគក្នុងដប់ ថ្វាយដង្វាយស្ម័គ្រចិត្ត និងជួយជនក្រីក្រ។ ប៉ុន្តែ នៅពេលប្រជាជនអ៊ីស្រាអែលលែងដឹងគុណ នោះពួកគេបាត់បង់ព្រះគុណពីព្រះយេហូវ៉ា។ នេះនាំឲ្យពួកគេជួបក្ដីអន្តរាយនិងត្រូវបង្ខំឲ្យធ្វើនិរទេស។ (របាក្សត្រទី២ ៣៦:១៧-២១) ដូច្នេះ តើយើងអាចទាញយកមេរៀនអ្វីពីរឿងនេះ?
របៀបយើងសម្ដែងថាយើងចេះដឹងគុណ
១១. ពេលដែលយើងបង្ហាញតាមរបៀបផ្សេងៗថាខ្លួនដឹងគុណ តើរបៀបណាគឺសំខាន់ជាងគេ?
១១ របៀបសំខាន់បំផុតដែលយើងអាចសរសើរព្រះយេហូវ៉ានិងបង្ហាញថាយើងចេះដឹងគុណក៏ទាក់ទងនឹង«ដង្វាយ»មួយដែរ។ ពិតណាស់ថា ដោយសារយើងជាគ្រីស្ទាន យើងមិននៅក្រោមក្រិត្យវិន័យលោកម៉ូសេដែលតម្រូវឲ្យថ្វាយដង្វាយសត្វនិងផលដំណាំទេ។ (កូល៉ុស ២:១៤) យ៉ាងណាក៏ដោយ សាវ័កប៉ុលបានដាស់តឿនជនគ្រីស្ទានសាសន៍ហេព្រើរថា៖ «ត្រូវឲ្យយើងរាល់គ្នាថ្វាយពាក្យសរសើរ ដោយសារទ្រង់ ទុកជាគ្រឿងបូជាដល់ព្រះជានិច្ច គឺជាផលនៃបបូរមាត់ ដែលថ្លែងប្រាប់ពីព្រះនាមទ្រង់»។ (ហេព្រើរ ១៣:១៥) ដោយប្រើសមត្ថភាពនិងធនធានរបស់យើងដើម្បីថ្វាយដង្វាយជាសេចក្ដីសរសើរចំពោះព្រះយេហូវ៉ា មិនថាក្នុងកិច្ចផ្សព្វផ្សាយឬក្នុង«ពួកជំនុំទាំងប៉ុន្មាន»របស់ជនគ្រីស្ទានគ្នីគ្នាក៏ដោយ ក៏យើងបង្ហាញថាយើងអរព្រះគុណព្រះយេហូវ៉ាអស់ពីដួងចិត្ត ដែលទ្រង់ជាព្រះវរបិតារបស់យើងនៅស្ថានសួគ៌ប្រកបដោយសេចក្ដីស្រឡាញ់។ (ទំនុកដំកើង ២៦:១២) ពេលដែលធ្វើដូច្នេះ តើយើងអាចរៀនអ្វីពីរបៀបជនជាតិអ៊ីស្រាអែលត្រូវសម្ដែងការដឹងគុណចំពោះព្រះយេហូវ៉ា?
១២. បើគិតអំពីភារកិច្ចរបស់យើងជាគ្រីស្ទានម្នាក់ តើយើងអាចរៀនអ្វីពីការរៀបចំសំរាប់ថ្វាយមួយភាគក្នុងដប់?
១២ មុនបង្អស់ ដូចយើងបានឃើញហើយ ពួកគេត្រូវតែថ្វាយមួយភាគក្នុងដប់ជាដាច់ខាត។ ជនជាតិអ៊ីស្រាអែលម្នាក់ៗមានភារកិច្ចធ្វើតាមសេចក្ដីតម្រូវនេះ។ ក្នុងនាមជាគ្រីស្ទាន យើងមានភារកិច្ចចូលរួមក្នុងកិច្ចបំរើនិងទៅកិច្ចប្រជុំគ្រីស្ទានពិត។ ភារកិច្ចនេះត្រូវធ្វើជាដាច់ខាត។ ក្នុងទំនាយដ៏ធំរបស់ព្រះយេស៊ូស្តីអំពីគ្រាចុងបញ្ចប់ ទ្រង់មានបន្ទូលចំៗថា៖ «ដំណឹងល្អនេះ ដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទូទៅគ្រប់ក្នុងលោកីយ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានម៉ាថាយ ២៤:១៤; ២៨:១៩, ២០) ស្តីអំពីកិច្ចប្រជុំរបស់ជនគ្រីស្ទានពិត សាវ័កប៉ុលត្រូវបណ្ដាលឲ្យសរសេរថា៖ «ត្រូវឲ្យយើងពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្ដាលឲ្យមានសេចក្ដីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង ឥតលែងប្រជុំគ្នា ដូចជាអ្នកខ្លះធ្លាប់នោះឡើយត្រូវឲ្យកំឡាចិត្តគ្នាវិញ ឲ្យកាន់តែខ្លាំងឡើងផង តាមដែលឃើញថាថ្ងៃនោះជិតមកដល់ហើយ»។ (ហេព្រើរ ១០:២៤, ២៥) យើងបង្ហាញថាយើងដឹងគុណព្រះយេហូវ៉ា នៅពេលយើងបំពេញភារកិច្ចរបស់យើងដោយអំណរក្នុងការផ្សាយនិងការបង្រៀន ព្រមទាំងចូលរួមជាទៀងទាត់ជាមួយនឹងបងប្អូននៅកិច្ចប្រជុំក្នុងក្រុមជំនុំ ដោយចាត់ទុកអ្វីទាំងនេះជាឯកសិទ្ធិដ៏ខ្ពង់ខ្ពស់។
ដល់ចុងបំផុត»។ (១៣. តើយើងអាចទាញយកមេរៀនអ្វីពីការរៀបចំសំរាប់ដង្វាយស្ម័គ្រចិត្តនិងការរើសផលដំណាំដែលជ្រុះ?
១៣ ម្យ៉ាងទៀត យើងអាចទទួលប្រយោជន៍ពីការពិចារណានូវការរៀបចំពីរទៀត ដែលឲ្យជនជាតិអ៊ីស្រាអែលបង្ហាញថាពួកគេដឹងគុណ ពោលគឺដង្វាយស្ម័គ្រចិត្តនិងការរើសផលដំណាំដែលជ្រុះ។ ដង្វាយស្ម័គ្រចិត្តនិងការរើសផលដំណាំដែលជ្រុះគ្មានតម្រូវការជាក់លាក់អំពីចំនួនទេ មិនដូចការថ្វាយមួយភាគក្នុងដប់ដែលត្រូវធ្វើជាដាច់ខាតហើយប្រាប់ពីចំនួនដែលត្រូវថ្វាយ។ ផ្ទុយទៅវិញ ការរៀបចំទាំងពីរនោះបើកឱកាសឲ្យអ្នកបំរើព្រះយេហូវ៉ាបង្ហាញចិត្តកតញ្ញូដោយការថ្វាយ។ ស្រដៀងគ្នាដែរ ទោះជាយើងយល់ថាការចូលរួមកិច្ចផ្សាយនិងការទៅកិច្ចប្រជុំគឺជាភារកិច្ចបឋមមួយរបស់អ្នកបំរើម្នាក់ៗរបស់ព្រះយេហូវ៉ាក៏ដោយ តើយើងចូលរួមអស់ពីចិត្តនិងដោយស្មោះស្ម័គ្រពីចិត្តឬទេ? តើយើងចាត់ទុកឱកាសនោះជាឱកាសបង្ហាញពីចិត្តកតញ្ញូរបស់យើងដែលមានដោយសារអ្វីៗទាំងអស់ដែលព្រះយេហូវ៉ាបានធ្វើដើម្បីយើងទេ? តើយើងចូលរួមសកម្មភាពទាំងនេះឲ្យបានពេញលេញតាមកាលៈទេសៈរបស់យើងឬទេ? ឬក៏តើយើងគ្រាន់តែចាត់ទុកនោះជាភារកិច្ចមួយដែលយើងត្រូវតែបំពេញវិញ? នេះជាសំនួរដែលយើងត្រូវឆ្លើយដោយខ្លួនឯង។ សាវ័កប៉ុលបានបញ្ជាក់ដូចតទៅនេះថា៖ «ចូរឲ្យគ្រប់គ្នាល្បងលការដែលធ្វើរៀងៗខ្លួន នោះនឹងមានសេចក្ដីអំនួតចំពោះតែខ្លួនឯង មិនមែនចំពោះអ្នកណាទៀតទេ»។—កាឡាទី ៦:៤
១៤. តើព្រះយេហូវ៉ាតម្រូវអ្វីពីយើងស្តីអំពីកិច្ចបំរើទ្រង់?
១៤ ព្រះយេហូវ៉ាជ្រាបពីកាលៈទេសៈរបស់យើងច្បាស់ណាស់។ ទ្រង់ជ្រាបថាសមត្ថភាពយើងមានកំរិត។ ដង្វាយដែលអ្នកបំរើទ្រង់ថ្វាយដោយស្ម័គ្រពីចិត្តមិនថាតិចក្ដីច្រើនក្ដី នោះមានតម្លៃចំពោះទ្រង់។ យើងមិនអាចថ្វាយស្មើៗគ្នាទាំងអស់បានទេ ហើយទ្រង់មិនតម្រូវឲ្យយើងទាំងអស់គ្នាថ្វាយឲ្យស្មើៗគ្នាទេ។ ពេលសំដៅលើការឲ្យខាងលុយកាក់និងសំភារៈ សាវ័កប៉ុលប្រាប់ជនគ្រីស្ទាននៅទីក្រុងកូរិនថូសថា៖ «បើសិនជាប្រុងប្រៀបនឹងធ្វើហើយ នោះព្រះទ្រង់ទទួលអ្នកតាមដែលមាន មិនមែនតាមដែលគ្មាននោះទេ»។ (កូរិនថូសទី២ ៨:១២) គោលការណ៍នេះក៏សំដៅលើកិច្ចបំរើដែលយើងថ្វាយចំពោះព្រះ។ ព្រះយេហូវ៉ាសព្វ ព្រះហឫទ័យនឹងកិច្ចបំរើរបស់យើង មិនដោយសារចំនួនយើងធ្វើទេ តែរបៀបយើងធ្វើ គឺដោយអំណរនិងដោយស្មោះអស់ពីចិត្ត។—ទំនុកដំកើង ១០០:១-៥; កូល៉ុស ៣:២៣
ចូរបណ្ដុះនិងរក្សាឲ្យមានចិត្តគំនិតជាអ្នកត្រួសត្រាយ
១៥, ១៦. (ក) តើការដឹងគុណនិងការត្រួសត្រាយមានទំនាក់ទំនងគ្នាយ៉ាងណា? (ខ) តើអ្នកដែលមិនអាចត្រួសត្រាយអាចបង្ហាញចិត្តគំនិតជាអ្នកត្រួសត្រាយយ៉ាងដូចម្ដេច?
១៥ វិធីដ៏គាប់ចិត្តមួយដែលយើងអាចបង្ហាញការដឹងគុណចំពោះព្រះយេហូវ៉ា គឺដោយចូលរួមក្នុងកិច្ចបំរើពេញពេល។ សេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ានិងកតញ្ញូធម៌ដោយសារទ្រង់ប្រទានព្រះគុណដែលគ្មានសិទ្ធិទទួល ជាអ្វីដែលជំរុញចិត្តអ្នកបំរើជាច្រើននាក់ដែលបានថ្វាយខ្លួនហើយ ឲ្យធ្វើការកែប្រែយ៉ាងធំក្នុងជីវិតខ្លួនដើម្បីមានពេលច្រើនជាងក្នុងកិច្ចបំរើព្រះយេហូវ៉ា។ បងប្អូនខ្លះអាចបំរើជាអ្នកត្រួសត្រាយពេញពេល ដែលចំណាយជាមធ្យម៧០ម៉ោងជារៀងរាល់ខែក្នុងការផ្សាយដំណឹងល្អនិងបង្រៀនមនុស្សនូវសេចក្ដីពិត។ បងប្អូនឯទៀតប្រហែលជាមិនអាចត្រួសត្រាយពេញពេលដោយសារកាលៈទេសៈ តែពួកគាត់ម្ដងម្កាលរៀបចំចំណាយពេល៥០ម៉ោងក្នុងមួយខែជាអ្នកត្រួសត្រាយជំនួយ។
១៦ ប៉ុន្តែ ចុះយ៉ាងណាវិញអ្នកបំរើរបស់ព្រះយេហូវ៉ាជាច្រើននាក់ដែលមិនអាចបំរើជាអ្នកត្រួសត្រាយពេញពេលឬអ្នកត្រួសត្រាយជំនួយ? ពួកគាត់អាចបង្ហាញការដឹងគុណដោយបណ្ដុះនិងរក្សាឲ្យមានចិត្តគំនិតជាអ្នកត្រួសត្រាយ។ តើយ៉ាងដូចម្ដេច? ដោយលើកទឹកចិត្តអ្នកដែលត្រួសត្រាយ និងដោយធ្វើឲ្យកូនមានសេចក្ដីប៉ងប្រាថ្នាចូលរួមកិច្ចបំរើពេញពេលនេះជាកិច្ចការអាទិភាព ហើយដោយចូលរួមក្នុងកិច្ចផ្សព្វផ្សាយយ៉ាងខ្នះខ្នែងតាមកាលៈទេសៈរបស់ខ្លួន។ អ្វីដែលយើងធ្វើក្នុងកិច្ចបំរើយើងភាគច្រើនអាស្រ័យទៅលើជំរៅចិត្តកតញ្ញូធម៌ដែលយើងមានចំពោះព្រះយេហូវ៉ាដោយសារអ្វីដែលទ្រង់បានធ្វើ កំពុងតែធ្វើ ហើយនឹងធ្វើដើម្បីយើង។
បង្ហាញការដឹងគុណដោយ«ទ្រព្យសម្បត្ដិ»
១៧, ១៨. (ក) តើយើងអាចបង្ហាញការដឹងគុណដោយ«ទ្រព្យសម្បត្ដិ»របស់យើងយ៉ាងដូចម្ដេច? (ខ) តើព្រះយេស៊ូបានមានបន្ទូលយ៉ាងណាអំពីវិភាគទានរបស់ស្រីមេម៉ាយនោះ? ហើយហេតុអ្វីទ្រង់មានបន្ទូលដូច្នេះ?
១៧ សុភាសិត ៣:៩ចែងថា៖ «ចូរថ្វាយកិត្ដិនាមដល់ព្រះយេហូវ៉ា ដោយទ្រព្យសម្បត្ដិ ហើយនឹងផលដំបូង ពីសេចក្ដីចំរើនរបស់ឯងទាំងអំបាលម៉ានចុះ!»។ អ្នកបំរើរបស់ព្រះយេហូវ៉ាមិនចាំបាច់ថ្វាយមួយភាគក្នុងដប់ទៀតទេ។ ផ្ទុយទៅវិញ ប៉ុលបានសរសេរទៅកាន់ក្រុមជំនុំនៅទីក្រុងកូរិនថូសថា៖ «ចូរឲ្យគ្រប់គ្នាធ្វើតាមដែលសំរេចក្នុងចិត្តចុះ! មិនមែនដោយស្ដាយ ឬដោយបង្ខំឡើយ ដ្បិតព្រះទ្រង់ស្រឡាញ់ដល់អ្នកណាដែលថ្វាយដោយអំណរ»។ (កូរិនថូសទី២ ៩:៧) ការជូនវិភាគទានស្ម័គ្រចិត្តដើម្បីគាំទ្រកិច្ចការផ្សាយព្រះរាជាណាចក្រទូទាំងពិភពលោកក៏បង្ហាញថា យើងដឹងគុណដែរ ហើយជំរៅចិត្តកតញ្ញូធម៌ជំរុញយើងឲ្យធ្វើដូច្នេះជាទៀងទាត់ ប្រហែលជាដោយទុកលុយខ្លះៗរាល់សប្ដាហ៍ដូចជនគ្រីស្ទានជំនាន់ដើម។—កូរិនថូសទី១ ១៦:១, ២
១៨ ចំនួនយើងជូនមិនបង្ហាញពីកតញ្ញូធម៌របស់យើងចំពោះព្រះយេហូវ៉ាទេ តែគឺជាចិត្តគំនិតរបស់យើងពេលដែលយើងជូនវិភាគទានវិញ។ នេះជាអ្វីដែលព្រះយេស៊ូបានសង្កេតមើលពេលដែលមនុស្សដាក់អំណោយទានក្នុងហិបនៅព្រះវិហារ។ ពេលព្រះយេស៊ូទតឃើញស្រីមេម៉ាយម្នាក់ដាក់«តែ២ស្លឹងគត់» ទ្រង់មានបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ស្រីមេម៉ាយទ័លក្រនេះបានដាក់ដង្វាយលើសជាងគេទាំងអស់ ដ្បិតអ្នកទាំងនោះ សុទ្ធតែយកពីរបស់សំណល់ខ្លួនមកថ្វាយ តែឯស្ត្រីនេះ នាងបានយកពីសេចក្ដីកំសត់របស់ខ្លួនមកថ្វាយវិញ គឺនាងបានថ្វាយរបស់ទាំងប៉ុន្មាន ដែលមានសំរាប់នឹងចិញ្ចឹមជីវិតខ្លួនផង»។—លូកា ២១:១-៤
១៩. ហេតុអ្វីបានជាការល្អបើយើងពិចារណាវិធីផ្សេងៗដែលយើងបង្ហាញថាខ្លួនចេះដឹងគុណ?
១៩ ចូរឲ្យការរៀនអំពីរបៀបយើងអាចបង្ហាញការដឹងគុណនេះ ជំរុញឲ្យយើងពិនិត្យមើលនូវរបៀបដែលខ្លួនយើងកំពុងតែបង្ហាញការដឹងគុណ។ តើអ្នកអាចបង្កើនដង្វាយជាសេចក្ដីសរសើរចំពោះព្រះយេហូវ៉ាព្រមទាំងគាំទ្រចំពោះកិច្ចការទូទាំងពិភពលោកដោយទ្រព្យសម្បត្ដិឲ្យបានច្រើនជាងបានទេ? បើយើងធ្វើអស់ពីសមត្ថភាព យើងអាចជឿជាក់ថា ព្រះយេហូវ៉ាដែលជាព្រះវរបិតាដ៏សទ្ធានិងប្រកបដោយសេចក្ដីស្រឡាញ់ ទ្រង់នឹងសព្វព្រះហឫទ័យណាស់ដែលយើងបង្ហាញថាខ្លួនចេះដឹងគុណ។
តើអ្នកចាំទេ?
• តើយើងគួរដឹងគុណព្រះយេហូវ៉ាពីព្រោះអ្វីខ្លះ?
• តើយើងទាញយកមេរៀនអ្វីពីការថ្វាយមួយភាគក្នុងដប់ ការថ្វាយដង្វាយស្ម័គ្រចិត្ត និងការរើសផលដំណាំដែលជ្រុះ?
• តើយើងបណ្ដុះឲ្យមានចិត្តគំនិតជាអ្នកត្រួសត្រាយ យ៉ាងដូចម្ដេច?
• តើយើងអាចប្រើ«ទ្រព្យសម្បត្ដិ»របស់យើងដើម្បីអរព្រះគុណព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ១៥]
«គ្រប់ទាំងរបស់ដ៏ល្អដែលព្រះប្រទានមក នឹងអស់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍ នោះសុទ្ធតែមកពីស្ថានលើ»
[រូបភាពនៅទំព័រ១៦]
តើយើងអាចថ្វាយដង្វាយអ្វីខ្លះ?