លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មូលហេតុត្រឹមត្រូវក្នុងការជឿព្រះ

មូលហេតុត្រឹមត្រូវក្នុងការជឿព្រះ

មូលហេតុ​ត្រឹម​ត្រូវ​ក្នុង​ការ​ជឿ​ព្រះ

សៀវភោភាសា​កូ​រេ​មួយ​ដែល​មាន​ចំណង​ជើង​ថា​មូលហេតុ​៣១​យ៉ាង​ដែល​យុវជន​ឈប់​ទៅ​ព្រះ​វិហារ​ចែង​ថា យុវជន​ជា​ច្រើន​ឈប់​ទៅ​ព្រះ​វិហារ​ដោយសារ​សំនួរ​ដែល​ពួក​គេ​មាន​មិន​បាន​ទទួល​នូវ​ចម្លើយ​ដែល​នាំ​ឲ្យ​ស្កប់​ចិត្ត។ ជា​ឧទាហរណ៍ ពួក​គេ​សួរ​ថា‹ហេតុ​អ្វី​បាន​ជា​មនុស្ស​ដែល​ជឿ​លើ​ព្រះ​រង​ការ​ឈឺចាប់?› ហើយ‹ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​ជឿ​តាម​អ្វី​ទាំង​អស់​ដែល​ត្រូវ​បង្រៀន​នៅ​ឯ​ព្រះ​វិហារ ទោះ​ជា​មាន​សេចក្ដី​បង្រៀន​ជា​ច្រើន​ដែល​ស្មុគស្មាញ​ពិបាក​យល់​ហើយ​ក៏​ផ្ទុយ​គ្នា​ទៀត​ផង?›។

ដោយសារ​ចម្លើយ​របស់​បព្វជិត​បាន​នាំ​ឲ្យ​ពួក​គេ​ខក​ចិត្ត​នោះ យុវជន​ជា​ច្រើន​នាក់​សន្និដ្ឋាន​ថា គ្មាន​ចម្លើយ​ក្នុង​ព្រះ​គម្ពីរ​ឡើយ។ នៅ​ពេល​បព្វជិត​ម្នាក់​ពន្យល់​ដោយ​អាង​មតិ​ខ្លួន លទ្ធផល​ច្រើន​តែ​អ្នក​ស្ដាប់​យល់​ច្រឡំ និង​ជួន​កាល​បែរ​ជា​បោះបង់​ចោល​ព្រះ​និង​ព្រះ​គម្ពីរ​ទៀត​ផង។

បុរស​ម្នាក់​ឈ្មោះ​អេបិល​ធ្លាប់​ឆ្លង​កាត់​បទ​ពិសោធន៍​បែប​នេះ។ គាត់​រស់​នៅ​អា​ព្រិច​ខាង​ត្បូង និង​ត្រូវ​បាន​អប់រំ​ឲ្យ​កាន់​សាសនា​លូថេរ៉ាន។ អេបិល​ប្រាប់​អំពី​អារម្មណ៍​គាត់​ពី​មុន​ថា​៖ «នៅ​ព្រះ​វិហារ​ពួក​គេ​បង្រៀន​ថា មនុស្ស​ទាំង​អស់​ដែល​ស្លាប់ គឺ​បាន​ស្លាប់​ដោយសារ​ព្រះ‹យក›ពួក​គេ​ទៅ។ ប៉ុន្តែ ខ្ញុំ​មិន​អាចយល់​នូវ​មូលហេតុ​ដែល​ព្រះ​មួយ​អង្គ​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ និង‹យក›មាតា​បិតា​ទៅ​ទុក​ឲ្យ​កូន​នៅ​តែ​ឯង​នោះ​ទេ។ នៅ​ស្រុក​ខ្ញុំ នៅ​ជនបទ​ទ្វីប​អាព្រិច យើង​មិន​សម្លាប់​មេ​មាន់​ទាល់តែ​កូន​វា​ធំ​អស់​ហើយ។ ហើយ​បើ​មេ​គោ​ណា​ផើម យើង​មិន​សម្លាប់​វា​ទាល់តែ​កូន​វា​កើត​មក​និង​ផ្ដាច់​ដោះ​ហើយ។ ខ្ញុំ​មិន​អាច​យល់​ពី​មូលហេតុ​ព្រះ​មួយ​អង្គ​ដែល​មាន​សេចក្ដី​ស្រឡាញ់​មិន​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​មនុស្ស​ជាតិ​ដូច្នេះ​ដែរ»។

ជនជាតិ​កាណាដា​ម្នាក់​ឈ្មោះ​អារ៉ាម​ក៏​ធ្លាប់​សង្ស័យ​ដូច​អេបិល​ដែរ។ អារ៉ាម​រៀប​រាប់​ថា​៖ «ឪពុក​ខ្ញុំ​ស្លាប់​ពេល​ដែល​ខ្ញុំ​អាយុ​១៣​ឆ្នាំ។ ពេល​បព្វជិត​ធំដុំ​ម្នាក់​ដឹក​នាំ​កម្មវិធី​នៅ​បុណ្យ​សព​នោះ គាត់​ពន្យល់​ថា ព្រះ​ចង់​ឲ្យ​ឪពុក​ខ្ញុំ​ស្លាប់​ដើម្បី​អាច​នៅ​ជិត​ទ្រង់​នៅ​ស្ថានសួគ៌។ គាត់​ប្រាប់​ថា​៖ ‹ព្រះ​យក​មនុស្ស​ល្អ​ទៅ ដោយសារ​ព្រះ​ស្រឡាញ់​មនុស្ស​សុចរិត›។ ខ្ញុំ​មិន​អាច​យល់​ថា​តើ​ហេតុ​អ្វី​បាន​ជា​ព្រះ​គិត​តែ​ប្រយោជន៍​ផ្ទាល់​អង្គ​ទ្រង់​ដូច្នេះ»។

ចំណេរ​ត​មក អេបិល​និង​អារ៉ាម​បាន​ជួប​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា និង​រៀន​ព្រះ​គម្ពីរ​ពី​ពួក​គេ ហើយ​នៅ​ទីបំផុត​បាន​ទទួល​នូវ​ចម្លើយ​ចំពោះ​សំនួរ​របស់​ខ្លួន។ ពួក​គាត់​ទាំង​ពីរ​នាក់​ចាប់​ផ្ដើម​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ និង​ជំនឿ​ដ៏​មុត​មាំ​ទៅ​លើ​ទ្រង់។ នៅ​ទី​បំផុត ពួក​គាត់​ទាំង​ពីរ​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា និង​ទៅ​ជា​អ្នក​បំរើ​ដ៏​ស្មោះ​ត្រង់​របស់​ទ្រង់។

ចំណេះ​ត្រឹម​ត្រូវ​ជា​គន្លឹះ​មួយ​នៃ​ជំនឿ​ទៅ​លើ​ព្រះ

អាស្រ័យ​លើ​បទ​ពិសោធន៍​ទាំង​នេះ តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី? បទ​ពិសោធន៍​ទាំង​នេះ​បញ្ជាក់​ឲ្យ​ដឹង​ថា ត្រូវ​មាន​ចំណេះ​ត្រឹម​ត្រូវ​ជា​ចាំបាច់ ដើម្បី​មាន​ជំនឿ​លើ​ព្រះ។ សាវ័ក​ប៉ុល​ធ្លាប់​ប្រាប់​បងប្អូន​គ្រីស្ទាន​នៅ​ទី​ក្រុង​ភីលីព​ពី​បុរាណ​ថា​៖ «ខ្ញុំ​ក៏​អធិស្ឋាន​សូម​សេចក្ដី​នេះ គឺ​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា បាន​ចំរើន​កាន់​តែ​ច្រើន​ឡើង ដោយ​នូវ​សេចក្ដី​ចេះ​ដឹង នឹង​យោបល់​គ្រប់​ជំពូក»។ (ភីលីព ១:៩) ក្នុង​ខ​នេះ​ប៉ុល​ជួយ​បំភ្លឺ​ឲ្យ​ដឹង​ថា សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​និង​អ្នក​ជឿ​គ្នីគ្នា​គឺ​ជាប់​ទាក់ទង​នឹង​សេចក្ដី​ចេះ​ដឹង​ឬ​ចំណេះ​ត្រឹម​ត្រូវ ថែម​ទាំង​យោបល់​ឬ​ក៏​ការ​យល់​នូវ​ព្រះ​ហឫទ័យ​ព្រះ។

នេះ​គឺ​សម​ហេតុ​សម​ផល​មែន ដ្បិត​យើង​ត្រូវ​ស្គាល់​បុគ្គល​ម្នាក់​សិន ទើប​ហ៊ាន​ទុក​ចិត្ត​និង​ជឿជាក់​លើ​គាត់ ហើយ​បើ​អ្នក​យល់​កាន់​តែ​ត្រឹម​ត្រូវ​អំពី​លក្ខណៈ​របស់​គាត់ នោះ​គឺ​កាន់​តែ​ល្អ។ ស្រដៀង​គ្នា​ដែរ អ្នក​ត្រូវ​មាន​ចំណេះ​ត្រឹម​ត្រូវ​ជា​ចាំបាច់ ទើប​ចិត្ត​ជំរុញ​ឲ្យ​ជឿ​លើ​ព្រះ។ ប៉ុល​ធ្លាប់​ប្រាប់​ថា​៖ «សេចក្ដី​ជំនឿ នោះ​គឺ​ជា​ចិត្ត​ដែល​ដឹង​ជាក់​ថា នឹង​បាន​ដូច​សង្ឃឹម ជា​សំគាល់​ពី​ការ​ដែល​មើល​មិន​ឃើញ»។ (ហេព្រើរ ១១:១) ការ​ជឿ​លើ​ព្រះ​ដោយ​គ្មាន​ចំណេះ​ត្រឹម​ត្រូវ គឺ​មិន​ខុស​ពី​ការ​សង់​ផ្ទះ​នៅ​ពី​លើ​ខ្សាច់។ វា​ងាយ​ស្រុត​ណាស់។

ការ​សិក្សា​ព្រះ​គម្ពីរ​អាច​ជួយ​អ្នក​ឲ្យ​រក​ចម្លើយ​ចំពោះ​សំនួរ​ផ្សេងៗ ដូច​សំនួរ​ដែល​ធ្វើ​ឲ្យ​អេបិល​និង​អារ៉ាម​សុញ​គំនិត​ជា​យូរ​មក​ហើយ គឺ​សំនួរ​ថា​តើ​ហេតុ​អ្វី​បាន​ជា​មនុស្ស​ស្លាប់? ព្រះ​គម្ពីរ​ពន្យល់​ថា​៖ «បាប​បាន​ចូល​មក​ក្នុង​លោកីយ ដោយសារ​មនុស្ស​តែ​ម្នាក់ ហើយ​ក៏​មាន​សេចក្ដី​ស្លាប់​ចូល​មក​ដែរ ដោយសារ​អំពើ​បាប​នោះ​ជា​យ៉ាង​ណា នោះ​សេចក្ដី​ស្លាប់​បាន​ឆ្លង​រាលដាល ដល់​មនុស្ស​គ្រប់​គ្នា​យ៉ាង​នោះ​ដែរ ដ្បិត​គ្រប់​គ្នា​បាន​ធ្វើ​បាប​ហើយ»។ (រ៉ូម ៥:១២) មនុស្ស​ជាតិ​ទៅ​ជា​ចាស់​ហើយ​ស្លាប់​ដោយសារ​អ័ដាម​បាន​ធ្វើ​បាប មិន​មែន​ដោយសារ​ព្រះ​យក​ពួក​គេ​ទៅ​នៅ​ជា​មួយ​នឹង​ទ្រង់​ទេ។ (លោកុប្បត្តិ ២:១៦, ១៧; ៣:៦, ១៧​-​១៩) ម្យ៉ាង​ទៀត ព្រះ​គម្ពីរ​ចែង​ឲ្យ​ដឹង​ពី​សេចក្ដី​សង្ឃឹម​ពិត​ដែល​ព្រះ​យេហូវ៉ា​ប្រទាន។ តាម​រយៈ​ព្រះ​យេស៊ូ​គ្រីស្ទ​ជា​ព្រះ​រាជបុត្រា​របស់​ទ្រង់ នោះ​ព្រះ​យេហូវ៉ា​ប្រទាន​សេចក្ដី​សង្ឃឹម​ដល់​មនុស្ស​ជាតិ​ឥត​គ្រប់​ល័ក្ខណ៍ គឺ​ជា​សេចក្ដី​សង្ឃឹម​ឲ្យ​បាន​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។—យ៉ូហាន ៥:២៨, ២៩; កិច្ចការ ២៤:១៥

ដើម្បី​ជួយ​យើង​ឲ្យ​យល់​នូវ​សេចក្ដី​ពិត​អំពី​ដំណើរ​រស់​ឡើង​វិញ គឺ​មាន​កំណត់​ហេតុ​ព្រះ​គម្ពីរ​មួយ​ចំនួន​ស្តី​អំពី​ព្រះ​យេស៊ូ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ (លូកា ៧:១១​-​១៧; ៨:៤០​-​៥៦; យ៉ូហាន ១១:១៧​-​៤៥) នៅ​ពេល​ដែល​អ្នក​អាន​កំណត់​ហេតុ​ព្រះ​គម្ពីរ​ទាំង​នេះ សូម​កត់​សម្គាល់​នូវ​អំណរ​និង​ក្ដី​រីករាយ​ក្រៃលែង​ពន់ពេក​របស់​មិត្តភក្ដិ​និង​ក្រុម​គ្រួសារ​នៃ​បុគ្គល​ដែល​ត្រូវ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នោះ។ សូម​កត់​សម្គាល់​ដែរ​ថា នេះ​បាន​ជំរុញ​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​សរសើរ​ព្រះ​និង​ជឿ​លើ​ព្រះ​យេស៊ូ។

សព្វ​ថ្ងៃ​នេះ​ដែរ ចំណេះ​ត្រឹម​ត្រូវ​អំពី​ព្រះ​និង​គោល​បំណង​របស់​ទ្រង់​អាច​មាន​អានុភាព​ដូច្នេះ​លើ​មនុស្ស។ មនុស្ស​ជា​ច្រើន​ធ្លាប់​យល់​ច្រឡំ ខ្វល់​ចិត្ត និង​រហូត​ដល់​សុញ​គំនិត​ទៀត​ដោយសារ​ពួក​គេ​ពុំ​អាច​រក​ចម្លើយ​ដែល​នាំ​ឲ្យ​ស្កប់​ចិត្ត​ចំពោះ​សំនួរ​សំខាន់ៗ។ ប៉ុន្តែ នៅ​ពេល​ដែល​សិក្សា​ព្រះ​គម្ពីរ ពួក​គេ​បាន​រក​ឃើញ​នូវ​ចម្លើយ​ពិត​មែន ហើយ​នោះ​បាន​កែ​ប្រែ​ជីវិត​របស់​ពួក​គេ​ទាំង​ស្រុង។

សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​ជា​ហេតុ​ចំ​បង​ឲ្យ​បំរើ​ទ្រង់

ទោះបី​ជា​ចំណេះ​ត្រឹម​ត្រូវ​គឺ​ចាំបាច់​ដើម្បី​មាន​ជំនឿ​ក៏​ពិត​មែន តែ​ត្រូវ​មាន​អ្វី​ច្រើន​ជាង​នេះ​ទៅ​ទៀត ទើប​ជំរុញ​ទឹក​ចិត្ត​ឲ្យ​បុគ្គល​ម្នាក់​ស្ដាប់​បង្គាប់​ព្រះ​និង​ស្រឡាញ់​ទ្រង់។ នៅ​ពេល​ដែល​គេ​សួរ​ព្រះ​យេស៊ូ​ថា តើ​ច្បាប់​មួយ​ណា​គឺ​សំខាន់​ជាង​គេ? នោះ​ព្រះ​យេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា​៖ «ឯង​ត្រូវ​ស្រឡាញ់​ដល់​ព្រះ​អម្ចាស់​ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង អស់​អំពី​គំនិត ហើយ​អស់​អំពី​កំឡាំង​នៃ​ឯង»។ (ម៉ាកុស ១២:៣០) បើ​មនុស្ស​ម្នាក់​ស្រឡាញ់​ព្រះ​យេហូវ៉ា​ដូច​ព្រះ​យេស៊ូ​មាន​បន្ទូល​ខាង​លើ​នេះ នោះ​គាត់​នឹង​សុខ​ចិត្ត​ស្ដាប់​បង្គាប់​ហើយ​បំរើ​ទ្រង់​ជានិច្ច។ តើ​អ្នក​ជា​បុគ្គល​បែប​នេះ​ដែរ​ឬ​ទេ?

រ៉ាជែល​ដែល​ធ្វើ​ជា​សាសនទូត​នៅ​ប្រទេស​កូ​រេ​ជា​ច្រើន​ឆ្នាំ​ហើយ គាត់​ប្រាប់​ពី​មូលហេតុ​ដែល​ខ្លួន​មាន​ជំនឿ​ដោយ​ពោល​ថា​៖ «ខ្ញុំ​គិត​អំពី​របៀប​ព្រះ​យេហូវ៉ា​បង្ហាញ​ព្រះទ័យ​សទ្ធា​ចំពោះ​សត្តនិករ​ទាំង​ឡាយ​ដែល​ទ្រង់​បាន​បង្កើត ហើយ​អំពី​របៀប​ទ្រង់​អត់​ឱន​ទោស​រាស្ត្រ​នៃ​ទ្រង់ ថែម​ទាំង​អំពី​បំណង​ប្រាថ្នា​របស់​ទ្រង់​ដែល​ចង់​ឲ្យ​យើង​ទទួល​ប្រយោជន៍ ដោយ​ឲ្យ​យើង​ដឹង​នូវ​អ្វី​ដែល​ទ្រង់​តម្រូវ​ពី​យើង។ អ្វីៗ​ទាំង​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ស្រឡាញ់​ព្រះ​រឹតតែ​ខ្លាំង។ ហើយ​សេចក្ដី​ស្រឡាញ់​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​បំរើ​ទ្រង់»។

ម៉ាថា​ដែល​ជា​ស្រី​មេម៉ាយ​ម្នាក់​នៅ​ប្រទេស​អា​ឡឺម៉ង់ គាត់​បាន​បំរើ​ព្រះ​យេហូវ៉ា​អស់​៤៨​ឆ្នាំ​ហើយ។ គាត់​ពោល​ថា​៖ «ហេតុ​អ្វី​ខ្ញុំ​បំរើ​ព្រះ​យេហូវ៉ា? នេះ​គឺ​ពីព្រោះ​តែ​ខ្ញុំ​ស្រឡាញ់​ទ្រង់។ រាល់​យប់​ខ្ញុំ​ទូល​ព្រះ​យេហូវ៉ា​តាម​រយៈ​សេចក្ដី​អធិស្ឋាន​និង​ប្រាប់​ទ្រង់​ពី​ជំរៅ​ចិត្ត​កតញ្ញូ​ធម៌​ដែល​ខ្ញុំ​មាន ដោយសារ​ពរ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ប្រទាន​មក ជា​ពិសេស​តម្លៃ​លោះ»។

ពិត​ណាស់​ថា​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​ធ្វើ​ឲ្យ​យើង​ចង់​បំរើ​ទ្រង់​ស្មោះ​អស់​ពី​ចិត្ត។ ប៉ុន្តែ តើ​មនុស្ស​ម្នាក់​អាច​បង្កើត​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​បែប​នេះ​យ៉ាង​ដូច​ម្ដេច? អ្វី​ដែល​ជំរុញ​ទឹក​ចិត្ត​ខ្លាំង​ជាង​គេ​ក្នុង​ការ​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ គឺ​កតញ្ញូ​ធម៌​ជ្រាល​ជ្រៅ​ចំពោះ​សេចក្ដី​ស្រឡាញ់​ដែល​ទ្រង់​បាន​សម្ដែង​ចំពោះ​យើង។ សូម​កត់សម្គាល់​នូវ​ការ​រំឭក​នេះ​ពី​ព្រះ​គម្ពីរ​ដែល​ថា​៖ «តែ​អ្នក​ណា​ដែល​គ្មាន​សេចក្ដី​ស្រឡាញ់ នោះ​មិន​ស្គាល់​ព្រះ​វិញ ពីព្រោះ​ព្រះ​ទ្រង់​ជា​សេចក្ដី​ស្រឡាញ់​នោះ​ឯង សេចក្ដី​ស្រឡាញ់​របស់​ព្រះ​បាន​សំដែង​មក ឲ្យ​យើង​ខ្ញុំ​ស្គាល់ ដោយ​ទ្រង់​ចាត់​ព្រះ​រាជបុត្រា​ទ្រង់​តែ​១ ឲ្យ​មក​ក្នុង​លោកីយ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​រស់​ដោយសារ​ទ្រង់ នេះ​ហើយ​ជា​សេចក្ដី​ស្រឡាញ់ មិន​មែន​ជា​យើង​បាន​ស្រឡាញ់​ព្រះ​នោះ​ទេ គឺ​ទ្រង់​បាន​ស្រឡាញ់​យើង​វិញ​ទេ​តើ ហើយ​បាន​ចាត់​ព្រះ​រាជបុត្រា​ទ្រង់​ឲ្យ​មក ទុក​ជា​ដង្វាយ​ឲ្យ​ធួន​នឹង​បាប​យើង​រាល់​គ្នា​ផង»។—យ៉ូហានទី១ ៤:៨​-​១០

តើ​អ្នក​យល់​នូវ​ទំហំ​នៃ​សេចក្ដី​ស្រឡាញ់​នេះ​ឬ​ទេ? ឧបមា​ថា អ្នក​កំពុង​តែ​លង់​ទឹក​ក្នុង​ព្រែ​ក​ដែល​ហូរ​យ៉ាង​លឿន​ហើយ​បុរស​ម្នាក់​ប្រថុយ​ជីវិត​ដើម្បី​សង្គ្រោះ​អ្នក។ តើ​អ្នក​នឹង​ភ្លេច​គាត់​ទេ? ឬ​ក៏​តើ​អ្នក​នឹង​មាន​កតញ្ញូ​ធម៌​ជ្រាល​ជ្រៅ​បំផុត​វិញ? អ្នក​ពិត​ជា​នឹង​សុខ​ចិត្ត​ធ្វើ​អ្វី​ក៏​ដោយ​សំរាប់​គាត់ មែន​ទេ? សេចក្ដី​ស្រឡាញ់​ដែល​ព្រះ​បាន​បង្ហាញ​ដោយ​បញ្ជូន​ព្រះ​យេស៊ូ​គ្រីស្ទ​ដែល​ជា​ព្រះ​រាជបុត្រា​របស់​ទ្រង់​ឲ្យ​មក​ជា​យញ្ញបូជា​លោះ គឺ​ខ្លាំង​ជាង​នោះ​ឆ្ងាយ​ណាស់។ (យ៉ូហាន ៣:១៦; រ៉ូម ៨:៣៨, ៣៩) នៅ​ពេល​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ធ្វើ​ឲ្យ​អ្នក​រំជួល​ចិត្ត នោះ​អ្នក​នឹង​ត្រូវ​ជំរុញ​ឲ្យ​ស្រឡាញ់​និង​បំរើ​ទ្រង់​អស់​ពី​ចិត្ត។

ពរ​នៅ​គ្រា​នេះ​និង​នៅ​អនាគត

ទោះ​ជា​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​ជា​មូលហេតុ​សំខាន់​បំផុត​ដែល​យើង​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់​ក៏​ពិត​មែន ក៏​យើង​សប្បាយ​ចិត្ត​ដែរ​ពេល​ដឹង​ថា ទ្រង់​ប្រទាន​រង្វាន់​ដល់​អស់​អ្នក​ដែល​បំរើ​ទ្រង់។ សាវ័ក​ប៉ុល​បញ្ជាក់​ថា​៖ «តែ​បើ​ឥត​មាន​សេចក្ដី​ជំនឿ​ទេ នោះ​មិន​អាច​នឹង​គាប់​ដល់​ព្រះ​ហឫទ័យ​ព្រះ​បាន​ឡើយ ដ្បិត​អ្នក​ណា​ដែល​ចូល​ទៅ​ឯ​ព្រះ នោះ​ត្រូវ​តែ​ជឿ​ថា មាន​ព្រះ​មែន​ហើយ​ថា ទ្រង់​ប្រទាន​រង្វាន់​ដល់​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់»។—ហេព្រើរ ១១:៦

អ្នក​ដែល​ស្រឡាញ់​និង​ស្ដាប់​តាម​បង្គាប់​ព្រះ ពិត​ជា​ទទួល​ពរ​ពី​ទ្រង់​មែន។ មនុស្ស​ជា​ច្រើន​មាន​សុខភាព​ល្អ​ជាង​ដោយសារ​ធ្វើ​តាម​គោលការណ៍​ក្នុង​ព្រះ​គម្ពីរ។ (សុភាសិត ២៣:២០, ២១; កូរិនថូសទី២ ៧:១) ហើយ​អ្នក​ដែល​ធ្វើ​តាម​គោលការណ៍​ព្រះ​គម្ពីរ​ស្តី​អំពី​ភាព​ទៀងត្រង់​និង​ការ​ឧស្សាហ៍​ព្យាយាម ច្រើន​តែ​និយោជក​ទុក​ចិត្ត ហើយ​ដោយសារ​ហេតុ​នេះ​មិន​ងាយ​បាត់បង់​ការងារ​ធ្វើ​ទេ។ (កូល៉ុស ៣:២៣) ដោយ​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា នោះ​អ្នក​បំរើ​របស់​ទ្រង់​មាន​ពរ​មួយ​ទៀត គឺ​ជា​ចិត្ត​ស្ងប់​សូម្បីតែ​នៅ​ចំពោះ​មុខ​ការ​លំបាក​ក៏​ដោយ។ (សុភាសិត ២៨:២៥; ភីលីព ៤:៦, ៧) សំខាន់​បំផុត ពួក​គេ​ជឿជាក់​ពេល​ដែល​រង់ចាំ​ពរ​មួយ​ទៀត ជា​ជីវិត​ជា​រៀង​រហូត​លើ​ផែនដី​មនោរម្យ​ដែល​ជិត​មក​ដល់​នោះ។—ទំនុកដំកើង ៣៧:១១, ២៩

អ្នក​ដែល​កំពុង​តែ​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា តើ​ពួក​គេ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ទ្រង់? ចាក្វេលីន គ្រីស្ទាន​ម្នាក់​នៅ​ប្រទេស​កាណាដា​បញ្ជាក់​អំពី​កតញ្ញូ​ធម៌​ដែល​គាត់​មាន​ចំពោះ​ព្រះ​យេហូវ៉ា​ដោយ​ពោល​ថា​៖ «ទ្រង់​តែង​តែ​ប្រទាន​អំណោយ​វិសេសៗ ហើយ​ក៏​ប្រទាន​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​ពិត​ប្រាកដ​មួយ គឺ​ជីវិត​ជា​រៀង​រហូត»។ អេបិល​ដែល​មាន​បទ​ពិសោធន៍​រៀប​រាប់​ពី​មុន​មក គាត់​ពណ៌នា​ពី​អារម្មណ៍​របស់​គាត់​ដោយ​ថា​៖ «លទ្ធភាព​មាន​ជីវិត​ជា​រៀង​រហូត​នៅ​សួន​មនោរម្យ​លើ​ផែនដី​ជា​អ្វី​ដែល​ខ្ញុំ​មិន​ធ្លាប់​ឮ​ពី​មុន​ទេ ហើយ​ខ្ញុំ​កំពុង​តែ​រង់ចាំ​ដោយ​មាន​ចិត្ត​រំភើប។ ក៏​ប៉ុន្តែ ទោះ​ជា​គ្មាន​សួន​មនោរម្យ​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​សប្បាយ​ចិត្ត​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​ដោយ​បំរើ​ទ្រង់»។

អ្នក​ក៏​អាច​មាន​ជំនឿ​ពិត​ដែរ

ព្រះ​គម្ពីរ​ចែង​ថា​៖ «ព្រះ​យេហូវ៉ា​នៃ​ពួក​ពលបរិវារ ជា​ព្រះ​ដែល​ជំនុំជំរះ​ដោយ​សុចរិត ហើយ​ក៏​ល្បងល​ចិត្ត​និង​គំនិត»។ (យេរេមា ១១:២០) ពិត​ណាស់​ថា ព្រះ​យេហូវ៉ា​កំពុង​តែ​ល្បងល​ឬ​ពិនិត្យ​ពិច័យ​នូវ​ធាតុ​ពិត​របស់​យើង។ យើង​ម្នាក់ៗ​គួរ​ពិនិត្យ​បំណង​ចិត្ត​របស់​ខ្លួន​ឲ្យ​ដឹង​ថា តើ​យើង​ជឿ​លើ​ព្រះ​ដោយ​មូលហេតុ​អ្វី? ជំនឿ​ខុស​និង​ការ​យល់​ច្រឡំ​អំពី​ព្រះ​ប្រហែល​ជា​ធ្លាប់​ជា​ហេតុ​នាំ​ឲ្យ​យើង​ធ្វើ​អំពើ​ខុស​ឆ្គង​នៅ​អតីតកាល។ ប៉ុន្តែ ចំណេះ​ត្រឹម​ត្រូវ​អំពី​ព្រះ​គម្ពីរ​អាច​នាំ​ឲ្យ​មាន​ចំណង​មិត្តភាព ត្រឹម​ត្រូវ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​បង្កើត។—ធីម៉ូថេទី១ ២:៣, ៤

តាម​រយៈ​កម្មវិធី​បង្រៀន​ព្រះ​គម្ពីរ​តាម​ផ្ទះ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​កំពុង​តែ​ជួយ​មនុស្ស​ឲ្យ​ទទួល​នូវ​ចំណេះ​ត្រឹម​ត្រូវ​អំពី​ព្រះ។ (ម៉ាថាយ ២៨:២០) មនុស្ស​ជា​ច្រើន​ដែល​បាន​ទទួល​ជំនួយ​នេះ​បាន​ចាប់​ផ្ដើម​ស្រឡាញ់​ព្រះ​និង​មាន​ជំនឿ ពិត​ប្រាកដ​ទៅ​លើ​ទ្រង់។ តាម​រយៈ​ការ​សិក្សា​ព្រះ​គម្ពីរ ពួក​គេ​បាន​ចាប់​ផ្ដើម​មាន​ប្រាជ្ញា​«ដែល​មាន​ប្រយោជន៍ នឹង​គំនិត​វាងវៃ» ដែល​ជួយ​ឲ្យ​ពួក​គេ‹ដើរ​តាម​ផ្លូវ​ដោយ​សេចក្ដី​សុខ›​ក្នុង​គ្រា​នេះ​ដែល​ពោរពេញ​ដោយ​គ្រោះថ្នាក់។ (សុភាសិត ៣:​២១​-​២៣) សំខាន់​បំផុត ឥឡូវ​នេះ​ពួក​គេ​មាន​សេចក្ដី​សង្ឃឹម​ដ៏​«ជាប់​លាប់​មាំមួន»​មួយ​ទៅ​ថ្ងៃ​អនាគត។ (ហេព្រើរ ៦:១៩) អ្នក​ក៏​អាច​មាន​ជំនឿ​ដ៏​ពិត​និង​ទទួល​ពរ​ទាំង​នេះ​ផង​ដែរ។

[ប្រអប់​/​រូបភាព​នៅ​ទំព័រ​៦]

ពួក​គេ​ត្រូវ​ការ​ចម្លើយ​ចំពោះ​សំនួរ​ដែល​នាំ​ឲ្យ​ខ្វល់​ចិត្ត

«ពី​មុន​នៅ​ពេល​ខ្ញុំ​ជា​និសិត្ស​វេជ្ជសាស្ត្រ​នៅ​មន្ទីរពេទ្យ ខ្ញុំ​ធ្លាប់​ឃើញ​មនុស្ស​ល្អ​កំពុង​តែ​ថ្ងូរៗ​ទាំង​ឈឺចាប់ ដោយ​ព្រោះ​ជំងឺ​ឬ​មហន្តរាយ។ បើ​មាន​ព្រះ​មួយ​អង្គ ហេតុ​អ្វី​បាន​ជា​អ្វីៗ​ទាំង​នេះ​កើត​ឡើង? តើ​សាសនា​គ្រាន់​តែ​ជា​វិធី​ជួយ​ឲ្យ​មាន​ចិត្ត​ស្ងប់​ឬ?»។—ប្រសាសន៍បុរស​ម្នាក់​ដែល​ធ្លាប់​កាន់​សាសនា​ប្រេ​ស​ប៊ីធា​រាន​នៅ​ប្រទេស​កូ​រេ​ខាង​ត្បូង

«ខ្ញុំ​ធ្លាប់​ឆ្ងល់​ថា​តើ​ឪពុក​របស់​ខ្ញុំ​ដែល​ជា​ជន​ប្រមឹក គាត់​បាន​ទៅ​ស្ថាន​នរក​ឬ​ក៏​ស្ថានសួគ៌? ខ្ញុំ​ធ្លាប់​ខ្លាច​មនុស្ស​ស្លាប់​និង​រឿង​ស្ថាន​នរក​ណាស់។ ខ្ញុំ​មិន​អាច​យល់​ថា តើ​ហេតុ​អ្វី​បានជា​ព្រះ​ដែល​មាន​សេចក្ដី​ស្រឡាញ់​នឹង​ដាក់​មនុស្ស​ក្នុង​ស្ថាន​នរក​ឲ្យ​រង​ទុក្ខ​ឈឺចាប់​ជា​រៀង​រហូត»។—ប្រសាសន៍ស្ត្រី​ម្នាក់​ដែល​ធ្លាប់​កាន់​សាសនា​កាតូលិក​នៅ​ប្រទេស​ប្រេស៊ីល

«តើ​អ្វី​នឹង​កើត​ឡើង​ដល់​ផែនដី​និង​មនុស្ស​នៅ​អនាគត? តើ​មនុស្ស​អាច​រស់​ជា​រៀង​រហូត​យ៉ាង​ដូច​ម្ដេច? តើ​មនុស្ស​នឹង​បង្កើត​ឲ្យ​មាន​សន្ដិភាព​ពិត​ប្រាកដ​យ៉ាង​ដូច​ម្ដេច?»។—ប្រសាសន៍​បុរស​ម្នាក់​ដែល​ធ្លាប់​កាន់​សាសនា​កាតូលិក​នៅ​ប្រទេស​អា​ឡឺម៉ង់

«ចំពោះ​ខ្ញុំ សេចក្ដី​បង្រៀន​អំពី​ការ​ចាប់​ជាតិ​ស្ដាប់​ទៅ​មិន​ទំនង​ទេ។ សត្វ​មិន​ចេះ​ថ្វាយ​បង្គំ​ទេ ដូច្នេះ​បើ​អ្នក​ត្រូវ​ចាប់ជាតិ​ជា​សត្វ​ដោយសារ​អំពើ​បាប​របស់​ខ្លួន តើ​អ្នក​អាច​កែ​ខ្លួន​ដើម្បី​ចាប់​ជាតិ​ជា​មនុស្ស​វិញ​យ៉ាង​ដូច​ម្ដេច​បាន?»។​—ប្រសាសន៍​បុរស​ម្នាក់​ដែល​ធ្លាប់​កាន់​សាសនា​ហិណ្ឌូ​នៅ​អា​ព្រិច​ខាង​ត្បូង

«ខ្ញុំ​បាន​ធំ​ឡើង​ក្នុង​ក្រុម​គ្រួសារ​ដែល​កាន់​លទ្ធិ​ខុងជឺ ហើយ​ខ្ញុំ​ធ្លាប់​ចូល​រួម​ធ្វើ​បុណ្យ​ផ្សេងៗ​ដើម្បី​ជីដូន​ជីតា​អាច​មាន​សេចក្ដី​សុខ។ នៅ​ពេល​ខ្ញុំ​ចូល​រួម​ជួយ​រៀប​ចំ​គ្រឿង​សំណែន​លើ​តុ​ហើយ​ក្រាប​សំពះ​នោះ ខ្ញុំ​ធ្លាប់​ឆ្ងល់​ថា តើ​ជីដូន​ជីតា​ពិត​ជា​មក​ពិសា​អាហារ​និង​មើល​យើង​ក្រាប​សំពះ​ពួក​គាត់​ឬ​ទេ?»។—ប្រសាសន៍បុរស​ម្នាក់​ដែល​ធ្លាប់​កាន់​តាម​លទ្ធិ​ខុងជឺ​នៅ​ប្រទេស​កូ​រេ​ខាង​ត្បូង

បុគ្គល​ទាំង​អស់​នេះ​បាន​រក​ឃើញ​ចម្លើយ​ចំពោះ​សំនួរ​របស់​ខ្លួន​ពេល​ដែល​រៀន​ព្រះ​គម្ពីរ​ពី​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។