លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មូលហេតុពួកគេទៅព្រះវិហារ

មូលហេតុពួកគេទៅព្រះវិហារ

មូលហេតុ​ពួក​គេ​ទៅ​ព្រះ​វិហារ

«ឥឡូវ​សាធារណរដ្ឋ​កូ​រេ​មាន​អ្នក​កាន់​សាសនា​ប្រេ​ស​ប៊ីធា​រាន​ច្រើន​ជាង​សហរដ្ឋ​អាមេរិក​ជិត​បួន​ដង»។ ប្រសាសន៍​នេះ​ដែល​ត្រូវ​បាន​បោះ​ពុម្ព​ក្នុង​ទស្សនាវដ្ដី​មួយ​(Newsweek) ប្រហែល​ជា​បាន​ធ្វើ​ឲ្យ​អ្នក​អាន​ភ្ញាក់ផ្អើល ដោយសារ​មនុស្ស​ភាគ​ច្រើន​ចាត់​ទុក​ជនជាតិ​កូ​រេ​ជា​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា​ឬ​ក៏​លទ្ធិ​ខុងជឺ។ សព្វ​ថ្ងៃ​នេះ ភ្ញៀវ​ទេសចរ​ឃើញ​ថា មាន​ព្រះ​វិហារ«គ្រីស្ទ​សាសនា»ច្រើន​គួរ​សម​ដែរ ដែល​តាម​ធម្មតា​ព្រះ​វិហារ​និមួយៗ​ងាយ​ឃើញ​ដោយសារ​ឈើ​ឆ្កាង​មាន​អំពូល​ភ្លើង​ក្រហម។ តាម​ធម្មតា នៅ​ថ្ងៃ​អាទិត្យ​អាច​ឃើញ​មនុស្ស​ពីរ​ឬ​បី​នាក់​ដើរ​ជា​មួយ​គ្នា​ទៅ​កាន់​ព្រះ​វិហារ​ទាំង​កាន់​ព្រះ​គម្ពីរ​ក្នុង​ដៃ។ យោង​ទៅ​តាម​ការ​ស្ទង់​មតិ​មួយ​នៅ​ឆ្នាំ​១៩៩៨ ជនជាតិ​កូ​រេ​ស្ទើរតែ​៣០​ភាគ​រយ​ទៅ​ព្រះ​វិហារ​សាសនា​កាតូលិក​ឬ​ក៏​ប្រូតេស្តង់។ ចំនួន​នេះ​គឺ​ច្រើន​ជាង​ចំនួន​អ្នក​ដែល​រាប់​ខ្លួន​ជា​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា​ទៀត​ផង។

នៅ​សម័យ​នេះ គឺ​ចំឡែក​ណាស់​ដែល​មនុស្ស​ច្រើន​យ៉ាង​នេះ​ទៅ​ព្រះ​វិហារ​ជា​ទៀងទាត់ មិន​ថា​នៅ​ប្រទេស​ណា​ក៏​ដោយ។ ទោះ​ជា​ចំឡែក​យ៉ាង​ណា​ក្ដី ក៏​មនុស្ស​ជា​ច្រើន​កំពុង​តែ​ធ្វើ​ដូច្នេះ​នៅ​ប្រទេស​ឯ​ទៀត​នា​ទ្វីប​អាស៊ី ព្រម​ទាំង​នៅ​ទ្វីប​អា​ព្រិច និង​តំបន់​អាមេរិក​ឡាតាំង​ទៀត​ផង មិន​គ្រាន់​តែ​នៅ​ប្រទេស​កូ​រេ​ប៉ុណ្ណោះ​ទេ។ ហេតុ​អ្វី​បាន​ជា​មនុស្ស​ច្រើន​ម្ល៉េះ​នៅ​តែ​អះអាង​ថា​ខ្លួន​ជឿ​លើ​ព្រះ ពេល​ដែល​មនុស្ស​កាន់​តែ​ច្រើន​ទូទាំង​ផែនដី​គឺ​គ្មាន​ចំណាប់​អារម្មណ៍​នឹង​សាសនា​នោះ? ហេតុ​អ្វី​បាន​ជា​ពួក​គេ​ទៅ​ព្រះ​វិហារ?

ការ​ស្ទង់​មតិ​ប្រជាជន​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​អ្នក​ដែល​ទៅ​ព្រះ​វិហារ មាន​ជាង​ពាក់​កណ្ដាល​ដែល​កំពុង​តែ​ស្វះស្វែង​រក​វិធី​ឲ្យ​បាន​សេចក្ដីសុខ មួយ​ភាគ​បី​សង្ឃឹម​ថា ខ្លួន​នឹង​បាន​ជីវិត​ជា​រៀង​រហូត​បន្ទាប់​ពី​ស្លាប់ ហើយ​មាន​ម្នាក់​ក្នុង​ដប់​នាក់​ដែល​សង្ឃឹម​ថា ខ្លួន​នឹង​បាន​សុខភាព​ល្អ ទ្រព្យ​សម្បត្ដិ និង​ការ​រីក​ចំរើន។

មនុស្ស​ជា​ច្រើន​នៅ​ប្រទេស​ចិន​ចូល​ហូរហែ​ក្នុង​ព្រះ​វិហារ​ដោយ​សង្ឃឹម​ថា​នឹង​អាច​រក​ឃើញ​នូវ​វិធី​បំពេញ​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ ដែល​ចាប់​ផ្ដើម​មាន​នៅ​ពេល​ដែល​គោល​ដៅ​មូលធននិយម​ច្រាន​ចោល​នូវ​មនោគម​វិជ្ជា​របស់​កុម្មុយនីស្ត​បន្ដិច​ម្ដងៗ។ រៀង​រាល់​ឆ្នាំ ព្រះ​គម្ពីរ​រាប់​លាន​ក្បាល​ត្រូវ​បោះ​ពុម្ព​នៅ​ប្រទេស​ចិន ហើយ​មនុស្ស​អាន​ព្រះ​គម្ពីរ​ដូច​ជា​ពួក​គេ​ធ្លាប់​អាន​កូន​សៀវភៅ​ក្រហម​របស់​លោក​ម៉ៅសេទុង។

ប្រជាជន​ខ្លះ​ដែល​កាន់​សាសនា​កាតូលិក​នៅ​ប្រទេស​ប្រេស៊ីល ជា​ពិសេស​ពួក​យុវជន ពួក​គេ​មិន​ចង់​ឮ​តែ​សេចក្ដី​សន្យា​ស្តី​ពី​សុភមង្គល​នៅ​អនាគត​ទេ ពួក​គេ​ចង់​បាន​សុភមង្គល​ឥឡូវ​នេះ​តែ​ម្ដង។ ទស្សនាវដ្ដី​ខាង​ពត៌មាន​មួយ​កត់​សម្គាល់​ថា៖ «សាសន​វិទ្យា​អំពី​ការ​រំដោះ​ឲ្យ​រួច​បាន​ជំរុញ​ទឹក​ចិត្ត​និង​គំនិត​ប្រជាជន​នៅ​ទសវត្ស​ឆ្នាំ​១៩៧០ តែ​សព្វ​ថ្ងៃ​នេះ​វិញ គឺ​សាសន​វិទ្យា​អំពី​ការ​រីក​ចំរើន​ឲ្យ​សម្បូរ​សប្បាយ​ដែល​ជំរុញ​ទឹក​ចិត្ត​និង​គំនិត​ប្រជាជន​វិញ»។ (Tudo) ក្នុង​ការ​ស្ទង់​មតិ​មួយ​នៅ​ប្រទេស​អង់គ្លេស ប្រជាជន​ដែល​ទៅ​ព្រះ​វិហារ​ត្រូវ​បាន​គេ​សុំ​ឲ្យ​ពួក​គេ​ប្រាប់​នូវ​អ្វី​មួយ​ដែល​ខ្លួន​ចូល​ចិត្ត​អំពី​ព្រះ​វិហារ​របស់​ខ្លួន។ ការ​សំណេះ​សំ​ណា​ល​គ្នា​គឺ​ជា​អ្វី​ដែល​ពួក​គេ​ចូល​ចិត្ត​ជាង​គេ។

ពត៌មាន​ទាំង​អស់​នេះ​បង្ហាញ​ថា ទោះ​ជា​មាន​មនុស្ស​ច្រើន​គួរ​សម​នៅ​តែ​ជឿ​លើ​ព្រះ​ក៏​ដោយ តែ​ពួក​គេ​ភាគ​ច្រើន​គិត​ខ្វល់ខ្វាយ​ពី​ផល​ប្រយោជន៍​ដែល​ខ្លួន​អាច​ទទួល​បាន​ភ្លាមៗ​នោះ ជាជាង​គិត​អំពី​អនាគត ឬ​ជាជាង​គិត​អំពី​ព្រះ។ តើ​អ្វី​ជា​មូលហេតុ​ត្រឹម​ត្រូវ​ដែល​ត្រូវ​ជឿ​លើ​ព្រះ? តើ​អ្នក​គិត​យ៉ាង​ណា? តើ​ព្រះ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​រឿង​នេះ? អ្នក​អាច​រក​ចម្លើយ​ក្នុង​អត្ថបទ​ជា​បន្ទាប់។