លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សង្គ្រាមបានផ្លាស់ប្រែមុខមាត់

សង្គ្រាមបានផ្លាស់ប្រែមុខមាត់

សង្គ្រាម​បាន​ផ្លាស់​ប្រែ​មុខ​មាត់

តាំង​ពីដើម​មក សង្គ្រាម​គឺ​ឃោរឃៅ​នាំ​ឲ្យ​ទាហាន​វេទនា ថែម​ទាំង​នាំ​ឲ្យ​ជន​ស៊ីវិល​រង​ការ​ឈឺចាប់។ ប៉ុន្តែ នៅ​ឆ្នាំ​ថ្មីៗ​សង្គ្រាម​បាន​ផ្លាស់​ប្រែ​មុខ​មាត់។ តើ​ការ​ផ្លាស់​ប្រែ​មុខ​មាត់​របស់​សង្គ្រាម​គឺ​យ៉ាង​ណា?

សង្គ្រាម​សព្វ​ថ្ងៃ​នេះ​ច្រើន​តែ​ជា​សង្គ្រាម​ស៊ីវិល គឺ​សង្គ្រាម​រវាង​ពលរដ្ឋ​ប្រទេស​តែ​មួយ​ដែល​ប្រទូស្ត​ប្រឆាំង​គ្នា​ឯង។ ម្យ៉ាង​ទៀត សង្គ្រាម​ស៊ីវិល​ច្រើន​តែ​អូស​បន្លាយ​យូរ​អង្វែង​ជាង ធ្វើ​ឲ្យ​ប្រជាជន​ខ្លោចផ្សា​ជាង ហើយ​ក៏​បំផ្លិច​បំផ្លាញ​ប្រទេស​ជាង​សង្គ្រាម​រវាង​ប្រទេស​ផ្សេង​គ្នា។ ប្រវត្ដិវិទូ​ជនជាតិ​អេស្ប៉ាញ​ម្នាក់​ឈ្មោះ ហូលីអាន ខាសាណូវ៉ា បាន​កត់​សម្គាល់​ថា​៖ «សង្គ្រាម​ស៊ីវិល​ជា​យុទ្ធ​នា​ការ​បង្ហូរ​ឈាម​ដ៏​ឃោរឃៅ​ដែល​ធ្វើ​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​ស្លាប់ ក៏​មាន​អំពើ​ចាប់​រំលោភ​នារី​ភេទ ការ​បំបរបង់ ហើយ​ក្នុង​ករណី​អាក្រក់​បំផុត​ក៏​មាន​ការ​ប្រល័យ​ពូជ​សាសន៍​ទៀត​ផង»។ ពិត​ណាស់ ពេល​មនុស្ស​ប្រព្រឹត្ត​យ៉ាង​សាហាវ​ព្រៃផ្សៃ​រវាង​គ្នា​និង​គ្នា​នោះ ស្លាក​ស្នាម​ផ្លូវ​ចិត្ត​ប្រហែល​ជា​ត្រូវ​ការ​ពេល​រាប់​រយ​ឆ្នាំ​ទើប​សះ​ស្បើយ។

តាំង​ពី​សង្គ្រាម​ត្រជាក់​ចប់​នោះ មិន​សូវ​មាន​សង្គ្រាម​រវាង​ប្រទេស​ផ្សេងៗ​ទេ។ វិទ្យា​ស្ថាន​មួយ​បាន​រាយ​ការណ៍​ថា​៖ «ចន្លោះ​ឆ្នាំ​១៩៩០​-​២០០០ គ្រប់​ទាំង​ចំបាំង​ធំៗ​លើក​លែង​តែ​ចំបាំង​បី គឺ​ជា​ចំបាំង​ផ្ទៃ​ក្នុង»។—Stockholm International Peace Research Institute (SIPRI)

ទោះ​ជា​សង្គ្រាម​ផ្ទៃ​ក្នុង​ប្រហែល​ជា​មើល​ទៅ​ដូច​ជា​មិន​គំរាម​កំហែង​ប៉ុន្មាន​ដល់​សន្ដិសុខ​ពិភពលោក​ក៏​ពិត​មែន ហើយ​ទោះ​ជា​ប្រព័ន្ធ​ផ្សាយ​ពត៌មាន​អន្តរជាតិ​មិន​សូវ​រាយ​ការណ៍​អំពី​សង្គ្រាម​បែប​នេះ​ក៏​ដោយ ក៏​សង្គ្រាម​ផ្ទៃ​ក្នុង​នៅ​តែ​ជា​សង្គ្រាម​បំផ្លិច​បំផ្លាញ​ដែល​នាំ​ឲ្យ​មនុស្ស​ឈឺចាប់។ មនុស្ស​រាប់​លាន​នាក់​បាន​ស្លាប់​ដោយសារ​សង្គ្រាម​ផ្ទៃ​ក្នុង។ ការ​ពិត ក្នុង​កំឡុង​២០​ឆ្នាំ​កន្លង​ទៅ​នេះ ជិត​៥.០០០.០០០​នាក់​បាន​បាត់បង់​ជីវិត​ក្នុង​សង្គ្រាម​នៅ​ប្រទេស​តែ​បី​ប៉ុណ្ណោះ គឺ​ប្រទេស​កុងហ្គោ ប្រទេស​ស៊ូដង់ និង​ប្រទេស​អាប់កានីស្ថាន។ នៅ​តំបន់​បាល់​កង់ ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ស្វិត​ស្វាញ​រវាង​ពូជ​សាសន៍​តែ​មួយ​បាន​ធ្វើ​ឲ្យ​ជិត​២៥០.០០០​នាក់​បាត់បង់​ជីវិត ហើយ​សង្គ្រាម​អូស​បន្លាយ​របស់​ពួក​ឧទ្ទាម​នៅ​ប្រទេស​កូឡុំប៊ី​បាន​សម្លាប់​អស់​១០០.០០០​នាក់។

គ្មាន​អ្វី​ដែល​បង្ហាញ​ភាព​ឃោរឃៅ​នៃ​សង្គ្រាម​ស៊ីវិល​យ៉ាង​ច្បាស់​ដូច​ការ​ពិនិត្យ​មើល​អានុភាព​នៃ​សង្គ្រាម​ស៊ីវិល​ទៅ​លើ​កុមារ។ ស្នង​ការ​ជាន់​ខ្ពស់​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​បាន​ឲ្យ​ដឹង​ថា ក្នុង​១០​ឆ្នាំ​កន្លង​ទៅ​នេះ​កុមារ​ជាង​២.០០០.០០០​នាក់​បាន​បាត់បង់​ជីវិត​ដោយសារ​សង្គ្រាម​ស៊ីវិល ហើយ​កុមារ​៦.០០០.០០០​នាក់​ទៀត​បាន​រង​របួស។ កុមារ​កាន់​តែ​ច្រើន​ត្រូវ​បង្ខំ​ឲ្យ​ធ្វើ​ទាហាន។ កុមារ​ម្នាក់​ដែល​ជា​ទាហាន​បាន​ប្រាប់​ថា​៖ «ពួក​គេ​បាន​បង្វឹក​បង្វឺន​ខ្ញុំ។ ពួក​គេ​ឲ្យ​ខ្ញុំ​កាំភ្លើង​មួយ​ដើម។ ខ្ញុំ​ក៏​ប្រើ​ថ្នាំ​ញៀន​ដែរ។ ខ្ញុំ​បាន​សម្លាប់​ជន​ស៊ីវិល​ជា​ច្រើន។ គ្រាន់​តែ​ជា​សង្គ្រាម​ប៉ុណ្ណោះ . . . ខ្ញុំ​គ្រាន់​តែ​ស្ដាប់​តាម​បញ្ជា​គេ​ទេ។ ខ្ញុំ​ដឹង​ថា​នោះ​ជា​អំពើ​អាក្រក់។ មិន​មែន​ខ្ញុំ​ចង់​ធ្វើ​នោះ​ទេ»។

នៅ​ប្រទេស​ដែល​ធ្លាប់​មាន​សង្គ្រាម​ស៊ីវិល​រហូត​ដល់​ប្រជាជន​ស៊ាំ​ភ្នែក កុមារា​កុមារី​ប្រទេស​នោះ​កំពុង​តែ​ធំ​ឡើង​ដោយ​មិន​ដែល​ស្គាល់​សន្ដិភាព​សោះ​ឡើយ។ ពួក​គេ​ហាក់​ដូច​ជា​រស់​ក្នុង​ពិភពលោក​មួយ​ផ្សេង​ទៀត ដែល​ក្នុង​នោះ​សាលា​រៀន​ទាំង​ប៉ុន្មាន​ត្រូវ​បាន​បំផ្លាញ​ខ្ទេចខ្ទី​អស់ ហើយ​ភាគី​ទាំង​សង​ខាង​ក្នុង​សង្គ្រាម​ធ្វើ​ការ​ចរចា​គ្នា​ដោយ​អាង​កាំភ្លើង។ ដឺន្យ៉ា​អាយុ​១៤​ឆ្នាំ​ប្រាប់​ថា​៖ «មនុស្ស​ជា​ច្រើន​ត្រូវ​បាន​សម្លាប់ . . . យើង​មិន​អាច​ឮ​ចាប​យំ​ទៀត​ទេ យើង​ឮ​តែ​ក្មេងៗ​យំ​ដោយសារ​បាត់​ម្ដាយ បាត់​ឪពុក ឬ​ក៏​បាត់​បងប្អូន​ណា​ម្នាក់»។

តើ​សង្គ្រាម​ស៊ីវិល​បណ្ដាល​មក​ពី​អ្វី?

តើ​អ្វី​បណ្ដាល​ឲ្យ​មាន​សង្គ្រាម​ស៊ីវិល​ដ៏​ឃោរឃៅ​បែប​នេះ? ការ​ស្អប់​គ្នា​រវាង​ពូជ​សាសន៍ កុលសម្ព័ន្ធ ទំនាស់​សាសនា ភាព​អយុត្ដិធម៌ និង​ភាព​ជ្រួលច្របល់​ផ្នែក​នយោបាយ សុទ្ធតែ​ជា​កត្ដា​ពាក់​ព័ន្ធ។ រឹ​ស​គល់​មួយ​ទៀត​គឺ​ការ​លោភ​ចង់​បាន​អំណាច​ឬ​លុយ។ ដោយ​ច្រើន​តែ​មាន​គោល​បំណង​លោភ​លន់​នោះ អ្នក​ដឹក​នាំ​នយោបាយ​នាំ​អុជ​អាល​ឲ្យ​ប្រជាជន​កាន់​តែ​ស្អប់​គ្នា​ថែម​ទៀត​ដែល​ហាក់​ដូច​ជា​ជះ​សាំង​លើ​ភ្លើង ហើយ​នេះ​បណ្ដាល​ឲ្យ​មាន​ការ​ប្រយុទ្ធ។ សេចក្ដី​រាយ​ការណ៍​មួយ​របស់​វិទ្យា​ស្ថាន​SIPRI​ចែង​ថា បុគ្គល​ជា​ច្រើន​ដែល​ចូល​រួម​ក្នុង​ការ​ប្រយុទ្ធ​នេះ​«គិត​តែ​ពី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន»។ សេចក្ដី​រាយ​ការណ៍​នោះ​បន្ថែម​ថា​៖ «ការ​លោភ​លន់​នេះ​លេច​ចេញ​ជា​អំពើ​ច្រើន​យ៉ាង តាំង​ពី​ការ​ជួញ​ដូរ​ពេជ្រ​ដោយ​អ្នក​ដឹក​នាំ​នយោបាយ​និង​យោធា រហូត​ដល់​ការ​ប្លន់​ភូមិ​ផ្សេងៗ​ដោយ​យុវជន​ដែល​កាន់​កាំភ្លើង»។

ដោយសារ​អាវុធ​គឺ​ថោក​និង​មាន​បរិបូណ៌ នេះ​ជំរុញ​ឲ្យ​មាន​ការ​សម្លាប់​គ្នា​កាន់​តែ​ច្រើន។ ជា​រៀង​រាល់​ឆ្នាំ ប្រហែល​៥០០.០០០​នាក់​ស្លាប់​ដោយសារ​អាវុធ​ដែល​ហៅ​ថា​អាវុធ​ធុន​តូច ដែល​ចំនួន​អ្នក​ស្លាប់​នោះ​ច្រើន​តែ​ជា​ស្ត្រី​និង​កុមារ។ នៅ​ប្រទេស​មួយ​នា​ទ្វីប​អាព្រិច មនុស្ស​អាច​ទិញ​អាវុធ​អាកា​៤៧​មួយ​ដើម​ក្នុង​តម្លៃ​ស្មើ​សត្វ​មាន់​មួយ​ក្បាល។ គួរ​ឲ្យ​ស្ដាយ​ណាស់ កន្លែង​ខ្លះ​សម្បូរ​កាំភ្លើង​ដូច​សម្បូណ៌​សត្វ​មាន់​តែ​ម្ដង។ តាម​ការ​ប៉ាន់​ស្មាន មាន​អាវុធ​ធុន​តូច​៥០០.០០០.០០០​ដើម​ទូទាំង​ពិភពលោក។ បើ​ចែក​ចំនួន​អាវុធ​នេះ​នឹង​ចំនួន​ប្រជាជន​លើ​ពិភពលោក នោះ​ក្នុង​ប្រជាជន​១២​នាក់​អាច​បាន​កាំភ្លើង​មួយ​ដើម។

តើ​សង្គ្រាម​ស៊ីវិល​ដ៏​ឃោរឃៅ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​សតវត្ស​ទី២១​មាន​លក្ខណៈ​ខុស​ប្លែក​ពី​សតវត្ស​ឯ​ទៀត​ឬ​ទេ? តើ​សង្គ្រាម​ស៊ីវិល​អាច​ទប់​ស្កាត់​បាន​ឬ​ទេ? តើ​មនុស្ស​អាច​ឈប់​សម្លាប់​គ្នា​ទេ? អត្ថបទ​បន្តបន្ទាប់​នឹង​ផ្ដល់​ចម្លើយ​សំរាប់​សំនួរ​ទាំង​នេះ។

[ប្រអប់​នៅ​ទំព័រ​៤]

លទ្ធផល​ខ្លោចផ្សា​នៃ​សង្គ្រាម​ស៊ីវិល

ក្នុង​សង្គ្រាម​ស៊ីវិល​សាហាវ​ព្រៃផ្សៃ​ដែល​ប្រើ​បច្ចេកទេស​កំរិត​ទាប ៩០​ភាគ​រយ​នៃ​អ្នក​ដែល​ស្លាប់​គឺ​ជន​ស៊ីវិល មិន​មែន​ជា​យុទ្ធ​ជន​ទេ។ ក្រាសា ម៉ាហ្សេល ដែល​ជា​អ្នក​ឯកទេស​របស់​អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ ផ្នែក​ឥទ្ធិពល​នៃ​ចំបាំង​ប្រដាប់​អាវុធ​ទៅ​លើ​កុមារ គាត់​កត់​សម្គាល់​ថា​៖ «យើង​ឃើញ​ច្បាស់​ថា ក្នុង​ករណី​កាន់​តែ​ច្រើន កុមារ​គឺ​ជា​ទី​បាញ់​វង់​នៃ​ចំបាំង​ប្រដាប់​អាវុធ។ ពួក​គេ​មិន​សម្លាប់​កុមារ​ដោយ​គ្មាន​ចេតនា​នោះ​ទេ»។

ការ​ចាប់​រំលោភ​នារី​ភេទ​បាន​ក្លាយ​ទៅ​ជា​យុទ្ធ​វិធី​មួយ​របស់​កងទ័ព។ នៅ​តំបន់​ខ្លះ​ដែល​ហែកហួរ​ដោយ​សង្គ្រាម ពួក​ឧទ្ទាម​រំលោភ​ស្រី​ក្រមុំ​ស្ទើរតែ​គ្រប់​រូប​នៅ​ក្នុង​ភូមិ​ដែល​ពួក​គេ​សំ​រុក​ចូល។ ពួក​គេ​ចាប់​រំលោភ​ដោយ​មាន​បំណង​នាំ​ឲ្យ​ប្រជាជន​ភ័យ​ខ្លាច ឬ​ដើម្បី​បំផ្លាញ​នូវ​ចំណង​ក្រុម​គ្រួសារ។

ទុរ្ភិក្ស​និង​ជំងឺ​តែង​អន្ទោល​តាម​សង្គ្រាម​ជានិច្ច។ ពេល​ណា​មាន​សង្គ្រាម​ស៊ីវិល មាន​ន័យ​ថា​មិន​សូវ​មាន​ការ​ដាំ​ដុះ​និង​ទទួល​ទិន្ន​ផល​នោះ​ទេ សេវា​ថែទាំ​សុខភាព​មាន​តិច​ឬ​ក៏​គ្មាន​សោះ ហើយ​អ្នក​ដែល​ខ្វះ​ខាត​នឹង​ទទួល​បាន​ជំនួយ​បន្ដិច​បន្តួច​ពី​អង្គការ​អន្តរជាតិ។ ការ​ស្រាវជ្រាវ​មួយ​អំពី​សង្គ្រាម​ស៊ីវិល​នៅ​ទ្វីប​អា​ព្រិច​បាន​ឲ្យ​ដឹង​ថា អ្នក​ស្លាប់​២០​ភាគ​រយ​បាន​ស្លាប់​ដោយសារ​ជំងឺ និង​អ្នក​ស្លាប់​៧៨​ភាគ​រយ​បាន​ស្លាប់​ដោយ​ការ​អត់​ឃ្លាន។ មាន​តែ​២​ភាគ​រយ​ដែល​ស្លាប់​ដោយសារ​ការ​ប្រយុទ្ធ។

ជា​មធ្យម​រាល់​២២​នាទី មនុស្ស​ម្នាក់​បាត់បង់​អវយវៈ​មួយ​ឬ​ក៏​បាត់បង់​ជីវិត​ដោយសារ​ជាន់​មីន។ ការ​ប៉ាន់​ស្មាន​មួយ​ឲ្យ​ដឹង​ថា មាន​ប្រហែល​៦០​ទៅ​ដល់​៧០លាន​មីន​ក្នុង​ប្រទេស​ប្រហែល​៦០។

មនុស្ស​ត្រូវ​បង្ខំ​ឲ្យ​រត់​ចោល​ផ្ទះ។ ឥឡូវ​នេះ​ទូទាំង​ពិភពលោក មាន​៥០.០០០.០០០​នាក់​ដែល​ជា​ជន​ភៀស​ខ្លួន​ឬ​មនុស្ស​ដែល​ត្រូវ​រត់​ចោល​ស្រុក​កំណើត។ ពាក់​កណ្ដាល​នៃ​ចំនួន​នេះ​ជា​កុមារ។

[អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រើ​រូបភាព​នៅ​ទំព័រ​៣]

Photo by Chris Hondros/Getty Images