លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សណ្ឋានធំប្រសើររបស់ព្រះយេហូវ៉ាដែលយើងរកយល់មិនបាន

សណ្ឋានធំប្រសើររបស់ព្រះយេហូវ៉ាដែលយើងរកយល់មិនបាន

សណ្ឋាន​ធំ​ប្រសើរ​របស់​ព្រះ​យេហូវ៉ា​ដែល​យើង​រក​យល់​មិន​បាន

«ព្រះ​យេហូវ៉ា​ទ្រង់​ធំ​ប្រសើរ គឺ​គួរ​សរសើរ​យ៉ាង​ក្រៃលែង ឯ​សណ្ឋាន​ធំ​ប្រសើរ​របស់​ទ្រង់ នោះ​នឹង​រក​យល់​មិន​បាន»។—ទំនុកដំកើង ១៤៥:៣

១, ២​. តើ​ដាវីឌ​ជា​មនុស្ស​មាន​គុណសម្បត្ដិ​បែប​ណា? តើ​ទ្រង់​មាន​ទស្សនៈ​យ៉ាង​ណា​អំពី​អង្គ​ទ្រង់ បើ​ប្រៀបធៀប​ជាមួយ​នឹង​ព្រះ?

អ្នក​តែង​បទ​ទំនុកដំកើង​ទី១៤៥ ជា​បុរស​ម្នាក់​ពី​បុរាណ​ដែល​មាន​ឈ្មោះ​ល្បី។ ពេល​ដែល​គាត់​នៅ​ក្មេង គាត់​បាន​ទៅ​តទល់​ហើយ​សម្លាប់​មនុស្ស​មាន​មាឌ​ធំ​សម្បើម​ម្នាក់​ដែល​មាន​ទាំង​អាវុធ​ផង​ដែរ។ កាល​ដែល​អ្នក​តែង​បទ​ទំនុកដំកើង​ជា​ស្តេច​ដែល​ពូកែ​ធ្វើ​សង្គ្រាម នោះ​ទ្រង់​បាន​ទទួល​ជ័យជំនះ​លើ​ខ្មាំង​សត្រូវ​ជា​ច្រើន។ ស្តេច​នេះ​មាន​នាម​ដាវីឌ ទ្រង់​ជា​ស្តេច​ទីពីរ​នៃ​សាសន៍​អ៊ីស្រាអែល​ពី​សម័យ​បុរាណ។ កិត្ដិនាម​របស់​ដាវីឌ​បាន​គង់វង្ស​ដរាប​ដល់​សព្វថ្ងៃ​នេះ​ដល់​ម្ល៉េះ​បាន​ជា​មនុស្ស​រាប់​លាននាក់​នៅ​តែ​ស្គាល់​ទ្រង់​នៅ​ឡើយ។

ថ្វី​បើ​ដាវីឌ​បង្កើត​បាន​សមិទ្ធផល​អស្ចារ្យ​ក្ដី ទ្រង់​នៅ​តែ​មាន​ចិត្ត​រាបទាប​ដែរ។ ទ្រង់​បាន​ច្រៀង​ពី​ព្រះ​យេហូវ៉ា​ថា​៖ «កាល​ណា​ទូលបង្គំ​ពិចារណា​មើល​ផ្ទៃ​មេឃ ជា​ការ​ដែល​ព្រះ​ហស្ត​ទ្រង់​បាន​ធ្វើ គឺ​ទាំង​ខែ នឹង​ផ្កាយ ដែល​ទ្រង់​បាន​ប្រតិស្ឋាន​ទុក នោះ​តើ​មនុស្ស​ជា​អ្វី ដែល​ទ្រង់​នឹករឭក​ដល់​គេ ហើយ​កូន​មនុស្ស​ផង​ដែល​ទ្រង់​ប្រោស​ដូច្នេះ?»។ (ទំនុកដំកើង ៨:៣, ៤) ជាជាង​ចាត់​ទុក​ខ្លួន​ជា​មនុស្ស​ធំដុំ​នោះ ដាវីឌ​បាន​លើក​តម្កើង​ព្រះ​យេហូវ៉ា​ជា​អ្នក​ជួយ​សង្គ្រោះ​ទ្រង់​ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​ទាំង​ឡាយ ហើយ​ទ្រង់​បាន​មាន​បន្ទូល​អំពី​ព្រះ​ថា​៖ «ទ្រង់​បាន​ប្រទាន​ខែល នៃ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់ មក​ទូលបង្គំ ហើយ​ព្រះ​ហឫទ័យ​ស្រទន់​របស់​ទ្រង់​បាន​លើក​ទូលបង្គំ​ឡើង​ជា​ធំ»។ (សាំយូអែលទី២ ២២:១, ២, ៣៦) ព្រះ​យេហូវ៉ា​បង្ហាញ​នូវ​ព្រះទ័យ​ស្រទន់​ឬ​រាបទាប​នោះ ដោយ​បង្ហាញ​សេចក្ដី​មេត្ដាករុណា​ដល់​មនុស្ស​ដែល​មាន​បាប ហើយ​ដាវីឌ​បាន​អបអរ​នឹង​ព្រះ​គុណ​នោះ​ដែល​មនុស្ស​គ្មាន​សិទ្ធិ​ទទួល។

‹ទូល​បង្គំ​នឹង​លើក​ដំកើង​ព្រះ​ដែល​ជា​មហាក្សត្រ›

៣​. (ក) តាម​ទស្សនៈ​របស់​ដាវីឌ តើ​អ្នក​ណា​ជា​មហាក្សត្រ​នៃ​សាសន៍​អ៊ីស្រាអែល? (ខ) តើ​ដាវីឌ​មាន​ព្រះទ័យ​សរសើរ​ព្រះ​យេហូវ៉ា​ប៉ុណ្ណា?

ទោះ​បើ​ដាវីឌ​ជា​ស្តេច​ដែល​ព្រះ​តែងតាំង​ឡើង​ក៏​ដោយ នោះ​ដាវីឌ​នៅ​តែ​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​មហាក្សត្រ​ពិត​នៃ​សាសន៍​អ៊ីស្រាអែល។ ដាវីឌ​មាន​បន្ទូល​ថា​៖ «ឱ​ព្រះ​យេហូវ៉ា​អើយ! រាជ្យ​នេះ​ក៏​ជា​របស់​ផង​ទ្រង់​ដែរ ហើយ​ទ្រង់​បាន​ដំកើង​ឡើង ជា​ប្រធាន​លើ​ទាំង​អស់»។ (របាក្សត្រ​ទី១ ២៩:១១) ដាវីឌ​ពិត​ជា​បាន​ទទួល​ស្គាល់​ព្រះ​ជា​អ្នក​សោយ​រាជ្យ​មែន! ដាវីឌ​ក៏​បាន​ច្រៀង​ថា​៖ «ឱ​ព្រះ​ដ៏​ជា​មហាក្សត្រ​នៃ​ទូលបង្គំ​អើយ! ទូលបង្គំ​នឹង​លើក​ដំកើង​ទ្រង់ ហើយ​នឹង​សូម​ឲ្យ​ព្រះ​នាម​ទ្រង់​បាន​ពរ​អស់កល្ប​ជានិច្ច។ ទូលបង្គំ​នឹង​សូម​ឲ្យ​ទ្រង់​បាន​ប្រកប​ដោយ​ព្រះ​ពរ​រាល់ៗ​ថ្ងៃ ព្រម​ទាំង​សរសើរ​ដល់​ព្រះ​នាម​ទ្រង់​អស់កល្ប​ជានិច្ច»។ (ទំនុកដំកើង ១៤៥:១, ២) ដាវីឌ​មាន​ព្រះទ័យ​សរសើរ​ព្រះ​យេហូវ៉ា​រាល់​ថ្ងៃ​គ្រប់​វេលា​ហើយ​ជា​និរន្តរ៍​ផង​ដែរ។

៤​. តើ​បទ​ទំនុកដំកើង​ទី១៤៥ បក​អាក្រាត​រឿង​មិន​ពិត​អ្វី​ខ្លះ?

បទ​ទំនុកដំកើង​ទី១៤៥ បង្ហាញ​ឲ្យ​ឃើញ​ភាព​មិន​ពិត​នៃ​ការ​ចោទ​ប្រឆាំង​របស់​សាតាំង​ដែល​អះអាង​ថា ព្រះ​ជា​អ្នក​សោយ​រាជ្យ​ដែល​រក​តែ​ប្រយោជន៍​អង្គ​ទ្រង់​ផ្ទាល់ ហើយ​មិន​ព្រម​ឲ្យ​បុគ្គល​ណា​ទៀត​មាន​សេរីភាព​សោះ​ឡើយ។ (លោកុប្បត្តិ ៣:១​-​៥) បទ​ទំនុកដំកើង​មួយ​នេះ​ក៏​ស​បញ្ជាក់​ថា សាតាំង​ជា​អ្នក​ភូត​កុហក​ដែរ ពេល​ចោទ​ថា​អស់​អ្នក​ដែល​ស្ដាប់បង្គាប់​ព្រះ ពួក​គេ​បំរើ​ព្រះ​ដើម្បី​ឲ្យ​បាន​ផល​ចំណេញ​ដល់​ខ្លួន​ប៉ុណ្ណោះ មិន​មែន​មក​ពី​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​ឡើយ។ (យ៉ូប ១:៩​-​១១; ២:៤, ៥) បណ្ដា​គ្រីស្ទាន​ពិត​សព្វ​ថ្ងៃ​នេះ​កំពុងតែ​ផ្ដល់​ចម្លើយ​ដូច​ដាវីឌ​ដែរ ដោយ​បញ្ជាក់​ថា អំណះអំណាង​របស់​អារក្ស​គឺ​មិនពិត​ទេ។ គ្រីស្ទាន​ទាំង​ឡាយ​សង្ឃឹម​រស់​ជា​រៀង​រហូត​ក្រោម​ការ​គ្រប់គ្រង​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ ហើយ​ចាត់​ទុក​សេចក្ដី​សង្ឃឹម​នោះ​ជា​អ្វី​ដ៏​ពិសេស ពីព្រោះ​ពួក​គេ​ចង់​សរសើរ​ព្រះ​យេហូវ៉ា​ជា​និរន្តរ៍។ សូម្បីតែ​ឥឡូវ​នេះ​រាប់លាននាក់​បាន​ចាប់ផ្ដើម​ធ្វើ​ដូច្នេះ​ដោយ​អនុវត្ត​ជំនឿ​ទៅ​លើ​យញ្ញបូជា​លោះ​របស់​ព្រះ​យេស៊ូ ហើយ​កំពុងតែ​បំរើ​និង​ស្ដាប់បង្គាប់​ព្រះ​យេហូវ៉ា ដោយ​ធ្វើ​ជា​អ្នក​ថ្វាយបង្គំ​ដែល​ស្រឡាញ់​ហើយ​បាន​ឧទ្ទិស​ថ្វាយ​ខ្លួន​ចំពោះ​ទ្រង់​និង​ទទួល​បុណ្យ​ជ្រមុជ​ទឹក។—រ៉ូម ៥:៨; យ៉ូហានទី១ ៥:៣

៥, ៦​. តើ​មាន​ឱកាស​ណា​ខ្លះ​ឲ្យ​យើង​សរសើរ​និង​លើក​តម្កើង​ព្រះ​យេហូវ៉ា?

ក្នុង​នាម​ជា​អ្នក​បំរើ​ព្រះ​យេហូវ៉ា សូម​គិត​អំពី​ឱកាស​ជា​ច្រើន​ដែល​យើង​មាន​ដើម្បី​សរសើរ​និង​លើក​តម្កើង​ព្រះ​នាម​របស់​ទ្រង់។ យើង​អាច​ធ្វើ​ដូច្នេះ​បាន​តាម​រយៈ​ការ​អធិស្ឋាន ពេល​ដែល​យើង​អាន​អ្វី​មួយ​ក្នុង​ព្រះ​គម្ពីរ​ជា​ព្រះ​បន្ទូល​របស់​ព្រះ ហើយ​អំនាន​នោះ​មាន​ឥទ្ធិពល​ខ្លាំង​លើ​ជំរៅ​ចិត្ត​របស់​យើង។ យើង​អាច​សរសើរ​និង​បង្ហាញ​កតញ្ញូធម៌​បាន ពេល​ដែល​យើង​មាន​អារម្មណ៍​អបអរ​នឹង​របៀប​ដែល​ព្រះ​ប្រព្រឹត្ត​លើ​រាស្ត្រ​ទ្រង់ ឬ​ពេល​ដែល​យើង​មាន​អារម្មណ៍​រំភើប​ដោយ​ឃើញ​ទិដ្ឋភាព​ណា​មួយ​នៃ​របស់​ដ៏​អស្ចារ្យ​ដែល​ទ្រង់​បាន​បង្កើត​មក។ យើង​ក៏​អាច​សរសើរ​ព្រះ​យេហូវ៉ា​បាន​ពេល​ដែល​យើង​ពិគ្រោះ​ជាមួយ​អ្នក​ជឿ​គ្នីគ្នា​អំពី​បំណង​ព្រះ​ហឫទ័យ​របស់​ទ្រង់ មិន​ថា​នៅ​ឯ​កិច្ច​ប្រជុំ​គ្រីស្ទាន​ឬ​ពេល​ពិភាក្សា​ជាមួយ​គ្នា។ ការ​ពិត គ្រប់​«ការ​ល្អ»​ដែល​ធ្វើ​ដើម្បី​គាំទ្រ​កិច្ចការ​ខាង​ព្រះ​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា នោះ​សរសើរ​តម្កើង​ទ្រង់​ដែរ។—ម៉ាថាយ ៥:១៦

កិច្ចការ​នៃ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​កសាង​ទី​ថ្វាយបង្គំ​នៅ​ច្រើន​កន្លែង​ក្នុង​ប្រទេស​ក្រីក្រ​ផ្សេងៗ ជា​គំរូ​ដែល​បញ្ជាក់​ពី​ការ​ល្អ​ដែល​បាន​ធ្វើ​ឡើង​ពេល​ថ្មីៗ​នេះ។ កិច្ចការ​នេះ​ភាគ​ច្រើន​អាច​សម្រេច​បាន​ដោយសារ​ជំនួយ​ប្រាក់​ឧបត្ថម្ភ​ដែល​មក​ពី​អ្នក​ជឿ​គ្នីគ្នា​នៅ​ប្រទេស​ឯ​ទៀត។ បងប្អូន​គ្រីស្ទាន​ខ្លះ​បាន​ស្ម័គ្រ​ចិត្ត​ជួយ​ដោយ​ទៅ​តំបន់​នោះ​ដើម្បី​ចូល​រួម​ក្នុង​កិច្ចការ​សាង​សង់​សាលព្រះរាជាណាចក្រ។ ហើយ​កិច្ចការ​ល្អ​ដែល​សំខាន់​បំផុត​គឺ​ជា​ការ​សរសើរ​ព្រះ​យេហូវ៉ា​ដោយ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​របស់​ទ្រង់។ (ម៉ាថាយ ២៤:១៤) ខ​បន្តបន្ទាប់​ទៀត​ក្នុង​បទ​ទំនុកដំកើង​ទី១៤៥​នោះ បង្ហាញ​ថា​ដាវីឌ​មុខ​ជា​អបអរ​ហើយ​មាន​កតញ្ញូ​ធម៌​ចំពោះ​ការ​សោយ​រាជ្យ​របស់​ព្រះ ហើយ​បាន​លើក​តម្កើង​រាជ្យ​ឬ​អំណាច​របស់​ទ្រង់​ជា​ព្រះ​មហាក្សត្រ។ (ទំនុកដំកើង ១៤៥:១១, ១២) តើ​អ្នក​មាន​កតញ្ញូធម៌​ដូច​គ្នា​ទេ ចំពោះ​ការ​សោយ​រាជ្យ​របស់​ព្រះ​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​នោះ? ហើយ​តើ​អ្នក​ប្រាប់​អ្នក​ដទៃ​ជា​ទៀងទាត់​អំពី​ព្រះ​រាជាណាចក្រ​របស់​ទ្រង់​ឬ​ទេ?

ឧទាហរណ៍​ដែល​សម្ដែង​ពី​សណ្ឋាន​ធំ​ប្រសើរ​របស់​ព្រះ

៧​. សូម​ប្រាប់​អំពី​មូលហេតុ​ចំ​បង​មួយ​ឲ្យ​យើង​សរសើរ​ព្រះ​យេហូវ៉ា។

ទំនុកដំកើង ១៤៥:៣ ផ្ដល់​មូលហេតុ​ចំ​បង​មួយ​ឲ្យ​យើង​សរសើរ​ព្រះ​យេហូវ៉ា។ ដាវីឌ​បាន​ច្រៀង​ថា​៖ «ព្រះ​យេហូវ៉ា​ទ្រង់​ធំ​ប្រសើរ គឺ​គួរ​សរសើរ​យ៉ាង​ក្រៃលែង ឯ​សណ្ឋាន​ធំ​ប្រសើរ​របស់​ទ្រង់ នោះ​នឹង​រក​យល់​មិន​បាន»។ សណ្ឋាន​ឬ​ភាព​ធំ​ប្រសើរ​របស់​ព្រះ​យេហូវ៉ា​គ្មាន​កំរិត​សោះ​ឡើយ។ មនុស្ស​ជាតិ​ពុំ​អាច​ស្វែង​យល់​និង​រក​វាស់​ភាព​ធំ​ប្រសើរ​របស់​ព្រះ​យ៉ាង​ពេញលេញ​បាន​ទេ។ ប៉ុន្តែ យើង​ច្បាស់​ជា​អាច​ទទួល​ប្រយោជន៍​មែន ក្នុង​ការ​ពិចារណា​ឧទាហរណ៍​ខ្លះៗ​ស្តី​អំពី​ភាព​ធំ​ប្រសើរ​របស់​ព្រះ​យេហូវ៉ា​ដែល​យើង​រក​យល់​មិន​បាន​នោះ។

៨​. តើ​សកលលោក​នេះ​បង្ហាញ​យ៉ាង​ណា អំពី​តេជានុភាព​និង​ភាព​ធំ​ប្រសើរ​របស់​ព្រះ​យេហូវ៉ា​ដែល​យើង​រក​យល់​មិន​បាន​នោះ?

សូម​ខំ​នឹក​ចាំ​នូវ​រាត្រី​ណា​មួយ​ដែល​អ្នក​នៅ​ឆ្ងាយ​ពី​ពន្លឺ​របស់​ទី​ក្រុង​ដែល​ភ្លឺ​ព្រោងព្រាត ហើយ​អ្នក​បាន​ងើយ​ភ្នែក​មើល​ទៅ​លើ​ឃើញ​មេឃ​ស្រឡះ។ អ្នក​ទំនង​ជា​កោត​ស្ងើច​ពេល​ឃើញ​ដួង​តារា​រាប់សិប​កោដិ​បញ្ចេញ​ពន្លឺ​ភ្លឺ​ព្រាកៗ​ក្នុង​ផ្ទៃ​មេឃ​ដ៏​ល្ហល្ហេវ​ដែល​ងងឹត​សូន្យ​នោះ មែន​ទេ? អ្នក​ក៏​មាន​ចិត្ត​ជំរុញ​ឲ្យ​សរសើរ​ព្រះ​យេហូវ៉ា​ដែរ មែន​ឬ? នេះ​គឺ​ដោយសារ​ភាព​ធំ​ប្រសើរ​របស់​ទ្រង់​ក្នុង​ការ​បង្កើត​ភព​ផ្កាយ​ទាំង​ឡាយ​នៅ​លើ​មេឃ។ ក៏​ប៉ុន្តែ អ្វីៗ​ដែល​អ្នក​បាន​ឃើញ​នោះ​គឺ​ជា​ផ្នែក​ដ៏​តូច​ប៉ុណ្ណោះ​នៃ​ចំនួន​ផ្កាយ​ទាំង​ប៉ុន្មាន​ក្នុង​កាឡាក់ស៊ី​នេះ​ដែល​រួម​បញ្ចូល​ផែនដី​យើង​នេះ។ ក្រៅ​ពី​កាឡាក់ស៊ី​យើង​នេះ គេ​ស្មាន​ថា​មាន​ជាង​មួយ​ម៉ឺន​កោដិ​កាឡាក់ស៊ី​ផ្សេង​ទៀត ហើយ​មាន​តែ​បី​កាឡាក់ស៊ី​ប៉ុណ្ណោះ​ដែល​យើង​អាច​ឃើញ​បាន​ដោយ​មិន​ចាំបាច់​ប្រើ​កែវ​យឹត។ ប្រាកដ​ហើយ ផ្កាយ​និង​កាឡាក់ស៊ី​ជា​ច្រើន​ឥត​គណនា​ដែល​រួម​គ្នា​ជា​សកលលោក​ដ៏​ធំធេង​នេះ ផ្ដល់​សក្ខីភាព​ដែល​បញ្ជាក់​ពី​តេជានុភាព​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​បង្កើត​អ្វីៗ​ទាំង​អស់ ហើយ​បញ្ជាក់​ពី​ភាព​ធំ​ប្រសើរ​របស់​ទ្រង់​ដែល​យើង​រក​យល់​មិន​បាន​ទេ។—អេសាយ ៤០:២៦

៩, ១០​. (ក) តើ​មាន​ទិដ្ឋភាព​អ្វី​ខ្លះ នៃ​ភាព​ធំ​ប្រសើរ​របស់​ព្រះ​យេហូវ៉ា ដែល​ស​ឲ្យ​ឃើញ​ច្បាស់​ដោយ​ព្រះ​ជន្ម​របស់​ព្រះ​យេស៊ូ​គ្រីស្ទ? (ខ) តើ​ដំណើរ​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូ​គួរ​មាន​អានុភាព​យ៉ាង​ណា​លើ​ជំនឿ​របស់​យើង?

សូម​គិត​អំពី​ទិដ្ឋភាព​ផ្សេងៗ​ទៀត​នៃ​ភាព​ធំ​ប្រសើរ​របស់​ព្រះ​យេហូវ៉ា ដែល​ទាក់ទង​នឹង​ព្រះ​យេស៊ូ​គ្រីស្ទ។ ភាព​ធំ​ប្រសើរ​របស់​ព្រះ​បាន​សម្ដែង​ឲ្យ​ឃើញ​ពេល​ដែល​ទ្រង់​បាន​បង្កើត​រាជ​បុត្រ​ទ្រង់ ហើយ​បាន​ប្រើ​បុត្រ​នោះ​ជា​«មេ​ជាង»​របស់​ទ្រង់​អស់​រាប់​សិប​កោដិ​ឆ្នាំ។ (សុភាសិត ៨:២២​-​៣១) ភាព​ធំ​ប្រសើរ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​ស​ឲ្យ​ឃើញ​ច្បាស់​ពេល​ទ្រង់​ប្រទាន​រាជ​បុត្រ​តែ​មួយ​គត់​ដែល​ទ្រង់​បាន​បង្កើត​ផ្ទាល់ ទុក​ជា​យញ្ញបូជា​លោះ​មនុស្ស​ជាតិ។ (ម៉ាថាយ ២០:២៨; យ៉ូហាន ៣:១៦; យ៉ូហានទី១ ២:១, ២) ណា​មួយ​ទៀត អ្វី​ដែល​ហួស​ពី​ការ​យល់​ដឹង​របស់​មនុស្ស​លោក គឺ​ជា​បុគ្គល​វិញ្ញាណ​អមតៈ​ដ៏​មាន​សិរី​រុងរឿង​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​ឲ្យ​ព្រះ​យេស៊ូ​ពេល​ដែល​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។—ពេត្រុសទី១ ៣:១៨

១០ ដំណើរ​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូ​ក៏​បង្ហាញ​ពី​ទិដ្ឋភាព​ផ្សេងៗ​នៃ​ភាព​ធំ​ប្រសើរ​របស់​ព្រះ​យេហូវ៉ា​ដែល​យើង​រក​យល់​មិន​បាន។ មិន​គួរ​ឲ្យ​សង្ស័យ​ឡើយ ថា​ព្រះបាន​ធ្វើ​ឲ្យ​ព្រះ​យេស៊ូ​នឹក​ចាំ​ឡើងវិញ​នូវ​កិច្ចការ​ទាំង​ឡាយ​ដែល​ទ្រង់​បាន​ធ្វើ​ក្នុង​ការ​បង្កើត​របស់​ដែល​មើល​ឃើញ​ហើយ​របស់​ដែល​មើល​មិន​ឃើញ។ (កូល៉ុស ១:១៥, ១៦) របស់​ទាំង​ប៉ុន្មាន​នោះ​រួម​មាន​បុគ្គល​ខាង​វិញ្ញាណ ហើយ​សកលលោក​និង​ផែនដី​ដែល​សម្បូរ​ភោគផល ព្រម​ទាំង​ជីវិត​ទាំង​ឡាយ​នៅ​លើ​ផែនដី​នេះ​ផង​ដែរ។ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​បុត្រ​ទ្រង់​ចាំ​ពី​អ្វីៗ​ទាំង​អស់​ដែល​ព្រះ​យេស៊ូ​បាន​ឃើញ​តាំង​ពី​កំណើត នៃ​ជីវិត​នៅ​ស្ថានសួគ៌​និង​នៅ​លើ​ផែនដី។ មិន​ត្រឹម​តែ​ប៉ុណ្ណេះ​ទេ ព្រះ​យេហូវ៉ា​បាន​បន្ថែម​នូវ​ចំណេះ​ទៀត គឺ​ជា​បទ​ពិសោធន៍​របស់​ព្រះ​យេស៊ូ​ពេល​ដែល​ទ្រង់​ជា​មនុស្ស​គ្រប់​ល័ក្ខណ៍​ម្នាក់​នៅ​លើ​ផែនដី​ដែរ។ ពិត​មែន​ហើយ ដំណើរ​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូ​ស​ឲ្យ​ឃើញ​ច្បាស់​នូវ​ភាព​ធំ​ប្រសើរ​របស់​ព្រះ​យេហូវ៉ា​ដែល​យើង​រក​យល់​មិន​បាន​ទេ។ ម្យ៉ាង​ទៀត ការ​ដ៏​ប្រសើរ​ហើយ​អស្ចារ្យ​នោះ​ដែល​ព្រះ​បាន​ធ្វើ គឺ​ធានា​ថា មនុស្ស​ឯ​ទៀត​ក៏​អាច​មាន​លទ្ធភាព​រស់​ឡើង​វិញ​បាន​ដែរ។ នេះ​គួរ​ពង្រឹង​ជំនឿ​របស់​យើង​មែន​ដែល​ថា ព្រះ​ទ្រង់​ចាំ​ទាំង​អស់​អំពី​មនុស្ស​រាប់​សិប​លាននាក់​ដែល​បាន​ស្លាប់​ទៅ​ហើយ និង​ទ្រង់​ក៏​អាច​ប្រោស​ពួក​គេ​ឲ្យ​រស់​ឡើង​វិញ​ផង​ដែរ។—យ៉ូហាន ៥:២៨, ២៩; កិច្ចការ ១៧:៣១

ការ​អស្ចារ្យ​និង​ការ​ឥទ្ធិឫទ្ធិ

១១​. នៅ​ឆ្នាំ​៣៣ ស.យ. តើ​ព្រះ​យេហូវ៉ា​ចាប់​ផ្ដើម​ធ្វើ​ការ​ដ៏​អស្ចារ្យ​អ្វី?

១១ តាំង​ពី​គ្រា​ប្រោស​ព្រះ​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ​នោះ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ការ​ជា​ច្រើន​ទៀត​ដែល​អស្ចារ្យ​ហើយ​ធំ​ប្រសើរ។ (ទំនុកដំកើង ៤០:៥) នៅ​បុណ្យ​ថ្ងៃ​ទី៥០ ឆ្នាំ​៣៣ ស.យ. ព្រះ​យេហូវ៉ា​បាន​បង្កើត​សាសន៍​ថ្មី គឺ​«សាសន៍​អ៊ីស្រាអែល​នៃ​ព្រះ» ដែល​រួម​បញ្ចូល​សិស្ស​របស់​ព្រះ​យេស៊ូ​ដែល​បាន​ត្រូវ​តែងតាំង​ឡើង​ដោយ​វិញ្ញាណ​បរិសុទ្ធ។ (កាឡាទី ៦:១៦) សាសន៍​ថ្មី​ខាង​វិញ្ញាណ​នោះ​បាន​រីក​ចំរើន​យ៉ាង​ច្រើន​ទូទាំង​ពិភពលោក​នៅ​គ្រា​នោះ។ ថ្វី​ត្បិត​មាន​ការ​ក្បត់​ជំនឿ​ដែល​បាន​បង្កើត​ឲ្យ​មាន​ពិភព​គ្រីស្ទ​សាសនា ក្រោយ​ពី​មរណភាព​នៃ​សាវ័ក​របស់​ព្រះ​យេស៊ូ​ក្ដី ព្រះ​យេហូវ៉ា​នៅ​តែ​បាន​បន្ត​ធ្វើ​ការ​ដ៏​អស្ចារ្យ​ដើម្បី​សម្រេច​បំណង​ព្រះ​ហឫទ័យ​របស់​ទ្រង់។

១២​. ដោយសារ​ព្រះ​គម្ពីរ​បាន​ត្រូវ​បកប្រែ​ជា​ភាសា​នានា​ដែល​គេ​និយម​ប្រើ​សព្វ​ថ្ងៃ​នេះ តើ​នេះ​ជា​សក្ខីភាព​បញ្ជាក់​អំពី​អ្វី?

១២ ជា​ឧទាហរណ៍ ព្រះ​យេហូវ៉ា​បាន​ការពារ​សៀវភៅ​ទាំង​ឡាយ​ដែល​រួម​ជា​ផ្នែក​ក្នុង​ព្រះ​គម្ពីរ ហើយ​ជា​យថាហេតុ​បាន​ត្រូវ​បកប្រែ​ជា​ភាសា​នានា​ដែល​គេ​និយម​ប្រើ​សព្វ​ថ្ងៃ​នេះ។ ការ​បកប្រែ​ព្រះ​គម្ពីរ​នោះ​ច្រើន​តែ​ធ្វើ​ឡើង​ក្រោម​កាលៈទេសៈ​ពិបាក​ណាស់ ព្រម​ទាំង​មាន​ភ្នាក់ងារ​របស់​សាតាំង​គំរាម​កំហែង​ដល់​ជីវិត​ផង។ ប្រាកដ​ណាស់ កិច្ចការ​បកប្រែ​ព្រះ​គម្ពីរ​ឲ្យ​មាន​ជាង​២.០០០​ភាសា មិន​អាច​កើត​ឡើង​បាន​ឡើយ លើក​លែង​តែ​ជា​ព្រះ​ហឫទ័យ​នៃ​ព្រះ​ដែល​មាន​ភាព​ធំ​ប្រសើរ​ដែល​រក​យល់​មិន​បាន​នោះ គឺ​ព្រះ​យេហូវ៉ា!

១៣​. តើ​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ព្រះ​រាជាណាចក្រ​របស់​ទ្រង់ បាន​សម្ដែង​ឲ្យ​ឃើញ​ភាព​ធំ​ប្រសើរ​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច​តាំង​ពី​ឆ្នាំ​១៩១៤?

១៣ បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ព្រះ​រាជាណាចក្រ​របស់​ទ្រង់ ក៏​សម្ដែង​ឲ្យ​ឃើញ​ភាព​ធំ​ប្រសើរ​របស់​ទ្រង់​ដែរ។ តួ​យ៉ាង​ដូច​ជា​នៅ​ឆ្នាំ​១៩១៤ ព្រះ​យេហូវ៉ា​បាន​តែងតាំង​រាជ​បុត្រ​ទ្រង់ គឺ​ព្រះ​យេស៊ូ​គ្រីស្ទ​ឲ្យ​ឡើង​សោយ​រាជ្យ​ជា​ស្តេច​នៅ​ស្ថានសួគ៌។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ព្រះ​យេស៊ូ​ក៏​បាន​ចាត់​វិធានការ​ប្រឆាំង​សាតាំង​និង​បិសាច​របស់​វា។ ពួក​វា​បាន​ត្រូវ​ទម្លាក់​ចេញ​ពី​ស្ថានសួគ៌ ទាំង​បាន​ឃុំ​ទុក​ក្បែរៗ​ផែនដី ហើយ​កំពុងតែ​រង់ចាំ​គ្រា​ដែល​ត្រូវ​ទំលាក់​ចូល​ទៅ​ក្នុង​ជង្ហុក​ធំ។ (វិវរណៈ ១២:៩​-​១២; ២០:១​-​៣) តាំង​ពី​គ្រា​នោះ​មក​ម្ល៉េះ ពួក​អ្នក​ចាក់​ប្រេង​តាំង​ដែល​កាន់​តាម​ព្រះ​យេស៊ូ​បាន​រង​ការ​បៀតបៀន​រឹតតែ​ខ្លាំង។ យ៉ាង​ណា​ក៏​ដោយ ព្រះ​យេហូវ៉ា​បាន​គាំទ្រ​ពួក​គាត់​ក្នុង​កំឡុង​វត្តមាន​ដ៏​មើល​មិន​ឃើញ​នេះ​របស់​ព្រះ​គ្រីស្ទ។—ម៉ាថាយ ២៤:៣; វិវរណៈ ១២:១៧

១៤​. តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ការ​ដ៏​អស្ចារ្យ​អ្វី​នៅ​ឆ្នាំ​១៩១៩? តើ​ការ​នោះ​នាំ​ឲ្យ​ទទួល​បាន​ផល​អ្វី​ទៀត?

១៤ នៅ​ឆ្នាំ​១៩១៩ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ការ​ដ៏​អស្ចារ្យ​មួយ​ទៀត​ដែល​សម្ដែង​ពី​ភាព​ធំ​ប្រសើរ​របស់​ទ្រង់។ ពួក​អ្នក​ចាក់​ប្រេង​តាំង​ដែល​កាន់តាម​ព្រះ​យេស៊ូ​បាន​លែង​មាន​សកម្មភាព​ខាង​វិញ្ញាណ​ទៀត តែ​ក៏​បាន​ត្រូវ​ស្ដារ​ឡើង​វិញ​ផង​ដែរ។ (វិវរណៈ ១១:៣​-​១១) តាំង​ពី​ឆ្នាំ​នោះមក ពួកអ្នក​ចាក់​ប្រេង​តាំង​បាន​ផ្សព្វផ្សាយ​យ៉ាង​ខ្នះខ្នែង​នូវ​ដំណឹង​ល្អ​ពី​ព្រះ​រាជាណាចក្រ​ដែល​បាន​ស្ថាបនា​នៅ​ស្ថានសួគ៌។ អ្នក​ចាក់​ប្រេង​តាំង​ឯ​ទៀត​បាន​ត្រូវ​ប្រមូល​មក​ដើម្បី​បំពេញ​ចំនួន​១៤៤.០០០​នាក់។ (វិវរណៈ ១៤:១​-​៣) ហើយ​តាម​រយៈ​ពួក​អ្នក​ចាក់​ប្រេង​តាំង​ដែល​កាន់​តាម​ព្រះ​គ្រីស្ទ​នោះ ព្រះ​យេហូវ៉ា​បាន​រៀប​ចំ​គ្រឹះ​មូលដ្ឋាន​នៃ​«ផែនដី​ថ្មី»​ដែល​ជា​សង្គម​មនុស្ស​សុចរិត។ (វិវរណៈ ២១:១) ប៉ុន្តែ តើ​«ផែនដី​ថ្មី»​នឹង​ទៅ​ជា​យ៉ាង​ណា ក្រោយ​ពី​អ្នក​ចាក់​ប្រេង​តាំង​ទាំង​អស់​ដែល​មាន​ចិត្ត​ស្មោះ​ភក្ដី​នឹង​ឡើង​ទៅ​ស្ថានសួគ៌?

១៥​. តើ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​បាន​នាំ​មុខ​ក្នុង​កិច្ចការ​អ្វី? តើ​មាន​លទ្ធផល​អ្វី?

១៥ ទស្សនាវដ្ដី​ប៉មយាម ពី​ថ្ងៃ​ទី១ និង​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​១៩៣៥ មាន​អត្ថបទ​សំខាន់ៗ​អំពី «មនុស្ស​១​ហ្វូង​យ៉ាង​ធំ» ដែល​បាន​រៀប​រាប់​ក្នុង​សៀវភៅ​វិវរណៈ ជំពូក​ទី៧។ ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​បាន​ចាប់​ផ្ដើម​ស្វែង​រក​ដោយ​ខ្នះខ្នែង​នូវ​មនុស្ស​ទាំង​នោះ​ពី​គ្រប់​ទាំង​សាសន៍ គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ទាំង​គ្រួសារ ហើយ​គ្រប់​ទាំង​ភាសា ឲ្យ​មក​សេពគប់​និង​ធ្វើ​ជា​អ្នក​ថ្វាយបង្គំ​ព្រះ​ជាមួយ​គ្នា។ «មនុស្ស​១​ហ្វូង​យ៉ាង​ធំ»​នេះ​នឹង​រស់រាន​មាន​ជីវិត​ឆ្លងកាត់​«គ្រា​វេទនា​យ៉ាង​ធំ»​ឆាប់ៗ​ខាង​មុខ​នេះ ដោយ​មាន​សេចក្ដី​សង្ឃឹម​ទទួល​ជីវិត​ជា​រៀង​រហូត​នៅ​ក្នុង​សួន​មនោរម្យ ជា​សមាជិក​នៃ​«ផែនដី​ថ្មី»​ជា​អចិន្ត្រៃយ៍។ (វិវរណៈ ៧:៩​-​១៤) ដោយសារ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​បាន​នាំ​មុខ​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ និង​កិច្ចការ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​នោះ ជា​លទ្ធផល ជាង​ប្រាំ​មួយ​លាននាក់​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី​នេះ។ តើ​នរណា​គួរ​ទទួល​សេចក្ដី​សរសើរ​ដោយសារ​មាន​ការ​រីក​ចំរើន​នេះ ទោះ​ជា​មាន​ការ​ប្រឆាំង​ពី​សាតាំង​និង​លោកីយ៍​ដ៏​ពុក​រលួយ​របស់​វា​ក៏​ដោយ? (យ៉ូហានទី១ ៥:១៩) មាន​តែ​ព្រះ​យេហូវ៉ា​ទេ​ដែល​អាច​សម្រេច​ការ​ទាំង​ប៉ុន្មាន​នេះ​បាន តាម​រយៈ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់។—អេសាយ ៦០:២២; សាការី ៤:៦

ឫទ្ធានុភាព​និង​សិរី​រុងរឿង​ឧត្តម​របស់​ព្រះ​យេហូវ៉ា

១៦​. ហេតុ​ដូច​ម្ដេច​បាន​ជា​មនុស្ស​មិន​អាច​ឃើញ​ដោយ​ភ្នែក​មែន​ទែន នូវ​«ឫទ្ធានុភាព​ដ៏​រុងរឿង​ឧត្តម»​របស់​ព្រះ​យេហូវ៉ា?

១៦ គ្មាន​អ្នក​ណា​អាច​ភ្លេច​បាន​ឡើយ​នូវ​«ការ​អស្ចារ្យ»​និង​«ការ​ឥទ្ធិឫទ្ធិ»​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ មិន​ថា​ការ​នោះ​មាន​លក្ខណៈ​យ៉ាង​ណា​ក៏​ដោយ។ ដាវីឌ​បាន​សរសេរ​ថា​៖ «មនុស្ស​ដំណ​១​នឹង​សរសើរ​ស្នា​ដៃ​របស់​ទ្រង់​ដល់​ដំណ​១​ទៀត ព្រម​ទាំង​ប្រកាស​ប្រាប់​ពី​ការ​ឥទ្ធិឫទ្ធិ​របស់​ទ្រង់​ផង។ ទូលបង្គំ​នឹង​រំពឹង​គិត​ពី​ឫទ្ធានុភាព​ដ៏​រុងរឿង​ឧត្តម ហើយ​ពី​ការ​អស្ចារ្យ​របស់​ទ្រង់​ដែរ។ មនុស្ស​ទាំង​ឡាយ​នឹង​ថ្លែង​ពី​ឫទ្ធិ​នៃ​ការ​ដ៏​គួរ​ស្ញែង​ខ្លាច​របស់​ទ្រង់ ឯ​ទូលបង្គំ​នឹង​ប្រកាស​ពី​សណ្ឋាន​ដ៏​ធំ​វិសេស​នៃ​ទ្រង់​ដែរ»។ (ទំនុកដំកើង ១៤៥:៤​-​៦) ប៉ុន្តែ បើ​«ព្រះ​ទ្រង់​ជា​វិញ្ញាណ» ហើយ​មនុស្ស​មើល​មិន​ឃើញ​ទ្រង់ តើ​ដាវីឌ​មាន​ចំណេះ​ប៉ុណ្ណា​អំពី​ឫទ្ធានុភាព​ដ៏​រុងរឿង​ឧត្តម​របស់​ព្រះ?—យ៉ូហាន ១:១៨; ៤:២៤

១៧, ១៨​. តើ​ដាវីឌ​បាន​ធ្វើ​យ៉ាង​ណា ដើម្បី​មាន​ចិត្ត​អបអរ​កាន់​តែ​ច្រើន​ចំពោះ​«ឫទ្ធានុភាព​ដ៏​រុងរឿង​ឧត្តម»​របស់​ព្រះ​យេហូវ៉ា?

១៧ ទោះបី​ដាវីឌ​មិន​អាច​មើល​ឃើញ​ព្រះ​យេហូវ៉ា​ក៏​ដោយ គឺ​នៅ​មាន​របៀប​ផ្សេង​ទៀត​ឲ្យ​ទ្រង់​កោត​ស្ងើច​ថែម​ទៀត​ចំពោះ​ភាព​រុងរឿង​ឧត្តម​របស់​ព្រះ។ ជា​ឧទាហរណ៍ ដាវីឌ​អាច​អាន​នូវ​កំណត់​ហេតុ​ក្នុង​ព្រះ​គម្ពីរ​ស្តី​អំពី​ការ​ឥទ្ធិឫទ្ធិ​ដែល​ព្រះ​បាន​ធ្វើ ដូច​ជា​ការ​បំផ្លាញ​លោកីយ៍​មួយ​ដ៏​អាក្រក់​ដោយសារ​ទឹក​ជំនន់​លិច​ផែនដី​ទាំង​មូល។ ដាវីឌ​ទំនង​ជា​បាន​កត់​សម្គាល់​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​បន្ទាប​នូវ​ព្រះ​មិន​ពិត​ទាំង​ឡាយ​របស់​សាសន៍​អេស៊ីប កាល​ដែល​ទ្រង់​បាន​ប្រោស​សាសន៍​អ៊ីស្រាអែល​ឲ្យ​រួច​ពី​ចំណង​នៃ​ពួក​អេស៊ីប។ ព្រឹត្ដិការណ៍​បែប​នោះ​ជា​សក្ខីភាព​ដែល​បញ្ជាក់​ពី​ឫទ្ធានុភាព​និង​សិរី​រុងរឿង​ឧត្តម​របស់​ព្រះ​យេហូវ៉ា។

១៨ ដាវីឌ​ក៏​ច្បាស់​ជា​មាន​ចិត្ត​អបអរ​កាន់​តែ​ច្រើន​ចំពោះ​ភាព​រុងរឿង​ឧត្តម​របស់​ព្រះ មិន​មែន​គ្រាន់​តែ​អាន​បទ​គម្ពីរ​ប៉ុណ្ណោះ​ទេ តែ​ដោយ​រំពឹង​គិត​អំពី​ខគម្ពីរ​ទាំង​ឡាយ​ដែរ។ ជា​ឧទាហរណ៍ ដាវីឌ​ប្រហែល​ជា​បាន​រំពឹង​គិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ពេល​ដែល​ព្រះ​យេហូវ៉ា​ប្រគល់​ឲ្យ​សាសន៍​អ៊ីស្រាអែល​នូវ​ក្រិត្យ​វិន័យ​របស់​ទ្រង់។ នៅ​ពេល​នោះ​គឺ​មាន​ផ្គរ​លាន់​និង​ផ្លេកបន្ទោរ ហើយ​មាន​ពពក​យ៉ាង​ក្រាស់​និង​សូរ​ផ្លុំ​ស្នែង​យ៉ាង​ខ្លាំង។ ភ្នំ​ស៊ីណាយ​បាន​កក្រើក​រំពើក​ទាំង​មាន​ផ្សែង​ហុយ​ឡើង​ដែរ។ សាសន៍​អ៊ីស្រាអែល​ដែល​បាន​ដំ​រៀប​គ្នា​នៅ​ជើង​ភ្នំ​ក៏​បាន​ឮ​នូវ​«ក្រិត្យ​ទាំង​១០​ប្រការ»​ពី​កណ្ដាល​ភ្លើង​និង​ពពក ពេល​ដែល​ព្រះ​យេហូវ៉ា​មាន​បន្ទូល​ទៅ​កាន់​ពួក​គេ​តាម​រយៈ​ទេវតា​មួយ​រូប។ (ចោទិយកថា ៤:៣២​-​៣៦; ៥:២២​-​២៤; ១០:៤; និក្ខមនំ ១៩:១៦​-​២០; កិច្ចការ ៧:៣៨, ៥៣) ការ​សម្ដែង​នោះ​ពិត​ជា​បង្ហាញ​ពី​ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​មែន! ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ​បន្ទូល​របស់​ព្រះ ហើយ​រំពឹង​គិត​លើ​កំណត់​ហេតុ​ទាំង​នោះ មុខ​ជា​មាន​ចិត្ត​ជំរុញ​ដោយសារ​«ឫទ្ធានុភាព​ដ៏​រុងរឿង​ឧត្តម»​របស់​ព្រះ​យេហូវ៉ា។ នៅ​សព្វ​ថ្ងៃ​នេះ​យើង​ក៏​មាន​ព្រះ​គម្ពីរ​ទាំង​មូល​ដែល​មាន​ចក្ខុនិមិត្ត​ផ្សេងៗ​រួម​សម្ដែង​ពី​ភាព​រុងរឿង​ដ៏​អស្ចារ្យ ដែល​ធ្វើ​ឲ្យ​យើង​ស្ងើច​ចិត្ត​ស្តី​អំពី​ភាព​ធំ​ប្រសើរ​របស់​ព្រះ​យេហូវ៉ា។—អេសេគាល ១:២៦​-​​២៨; ដានីយ៉ែល ៧:៩, ១០; វិវរណៈ ជំពូក​ទី៤

១៩​. តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​មាន​ចិត្ត​អបអរ​កាន់​តែ​ច្រើន ចំពោះ​ភាព​រុងរឿង​ឧត្តម​របស់​ព្រះ​យេហូវ៉ា?

១៩ វិធី​ម្យ៉ាង​ទៀត​ដែល​ដាវីឌ​បាន​កោត​ស្ងើច​នឹង​ភាព​រុងរឿង​ឧត្តម​របស់​ព្រះ គឺ​ដោយ​សិក្សា​ក្រិត្យ​វិន័យ​ដែល​ព្រះ​បាន​ឲ្យ​ដល់​សាសន៍​អ៊ីស្រាអែល។ (ចោទិយកថា ១៧:១៨​-​២០; ទំនុកដំកើង ១៩:៧​-​១១) ពេល​សាសន៍​អ៊ីស្រាអែល​ធ្វើ​តាម​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា សាសន៍​នោះ​ក៏​បាន​រុងរឿង​ដែរ ហើយ​បាន​ញែក​ពួក​គេ​ដោយ​ឡែក​ពី​សាសន៍​ដទៃ។ (ចោទិយកថា ៤:៦​-​៨) ប្រសិន​បើ​យើង​អាន​ជា​ទៀងទាត់ និង​រំពឹង​គិត​យ៉ាង​ជ្រាល​ជ្រៅ ហើយ​សិក្សា​បទ​គម្ពីរ​ដោយ​ខ្នះខ្នែង​ដូច​ដាវីឌ នេះ​នឹង​ជួយ​យើង​ឲ្យ​មាន​ចិត្ត​អបអរ​កាន់​តែ​ច្រើន​ដែរ ចំពោះ​ភាព​រុងរឿង​ឧត្តម​របស់​ព្រះ​យេហូវ៉ា។

គុណសម្បត្ដិ​របស់​ព្រះ​គឺ​ប្រសើរ​អស្ចារ្យ​មែន!

២០, ២១​. (ក) ទំនុកដំកើង ១៤៥:៧​-​៩ លើក​តម្កើង​ភាព​ធំ​ប្រសើរ​របស់​ព្រះ​យេហូវ៉ា​ស្តី​អំពី​គុណសម្បត្ដិ​អ្វី​ខ្លះ? (ខ) តើ​គុណសម្បត្ដិ​របស់​ព្រះ​ដែល​រៀប​រាប់​ក្នុង​ខ​ទាំង​ប៉ុន្មាន​នោះ មាន​ឥទ្ធិពល​អ្វី​លើ​អស់​អ្នក​ដែល​ស្រឡាញ់​ទ្រង់?

២០ យើង​បាន​កត់​សម្គាល់​រួច​ហើយ​ថា ខ​១​ដល់​៦​ក្នុង​បទ​ទំនុកដំកើង​ទី១៤៥ ផ្ដល់​មូលហេតុ​ដ៏​ល្អ​ឲ្យ​យើង​សរសើរ​ព្រះ​យេហូវ៉ា​ស្តី​អំពី​អ្វីៗ​ដែល​ទាក់ទង​នឹង​ភាព​ធំ​ប្រសើរ​របស់​ទ្រង់​ដែល​យើង​រក​យល់​មិន​បាន។ ខ​៧​ដល់​៩​ក៏​លើក​តម្កើង​ភាព​ធំ​ប្រសើរ​របស់​ព្រះ​ដោយ​សំដៅ​ទៅ​លើ​គុណសម្បត្ដិ​របស់​ទ្រង់។ ដាវីឌ​បាន​ច្រៀង​ថា​៖ «គេ​នឹង​បញ្ចេញ​សេចក្ដី​ដែល​នឹក​ចាំ​ពី​ព្រះ​ហឫទ័យ​ដ៏​ល្អ​ប្រសើរ ហើយ​ច្រៀង​ពី​សេចក្ដី​សុចរិត​របស់​ទ្រង់។ ព្រះ​យេហូវ៉ា​ទ្រង់​ប្រកប​ដោយ​មេត្ដាករុណា​នឹង​អាណិតអាសូរ ទ្រង់​យឺត​នឹង​ខ្ញាល់ ក៏​មាន​សេចក្ដី​សប្បុរស​ដ៏​ធំ​ទូលាយ។ ព្រះ​យេហូវ៉ា​ទ្រង់​ល្អ​ដល់​មនុស្ស​ទាំង​អស់ ហើយ​ព្រះ​ហឫទ័យ​ទន់​សន្ដោស​របស់​ទ្រង់ ក៏​គ្រប​លើ​កិច្ចការ​របស់​ទ្រង់​ទាំង​ប៉ុន្មាន»។

២១ ក្នុង​ខ​ទាំង​នេះ​ដាវីឌ​បាន​បង្ហាញ​ឲ្យ​ឃើញ​ជា​លើក​ដំបូង​អំពី​ព្រះ​ហឫទ័យ​ដ៏​ល្អ និង​សេចក្ដី​សុចរិត​របស់​ព្រះ​យេហូវ៉ា ជា​គុណសម្បត្ដិ​ដែល​អារក្ស​សាតាំង​បាន​ចោទ​ប្រឆាំង។ តើ​គុណសម្បត្ដិ​ទាំង​នេះ​មាន​ឥទ្ធិពល​អ្វី​លើ​អស់​អ្នក​ដែល​ស្រឡាញ់​និង​ចុះ​ចូល​ចំពោះ​ការ​គ្រប់គ្រង​របស់​ព្រះ? យ៉ាង​ច្បាស់​ណាស់ ព្រះ​ហឫទ័យ​ដ៏​ល្អ​ប្រសើរ​របស់​ព្រះ​យេហូវ៉ា និង​របៀប​គ្រប់គ្រង​ដោយ​សេចក្ដី​សុចរិត​នោះ នាំ​ឲ្យ​ពួក​អ្នក​ថ្វាយបង្គំ​ទ្រង់​មាន​អំណរ​ដល់​ម្ល៉េះ​បាន​ជា​ពួក​គេ​សរសើរ​តម្កើង​ទ្រង់​យ៉ាង​ហូរហែ។ ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​ទ្រង់​បង្ហាញ​ព្រះ​ហឫទ័យ​ដ៏​ល្អ​ប្រសើរ​ដល់​មនុស្ស​«ទាំង​អស់»។ យើង​សង្ឃឹម​ថា នេះ​នឹង​ជួយ​មនុស្ស​រឹតតែ​ច្រើន​ថែម​ទៀត​ឲ្យ​ប្រែ​ចិត្ត​និង​ក្លាយ​ជា​អ្នក​ថ្វាយបង្គំ​ព្រះ​ពិត មុន​នឹង​ហួស​ពេល​នោះ។—កិច្ចការ ១៤:១៥​-​១៧

២២​. តើ​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​យ៉ាង​ណា​លើ​អ្នក​បំរើ​របស់​ទ្រង់?

២២ ដាវីឌ​ក៏​មាន​ចិត្ត​អបអរ​ចំពោះ​គុណសម្បត្ដិ​ផ្សេងៗ​ដែល​ព្រះ​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ដោយ​អង្គ​ទ្រង់​ផ្ទាល់ កាល​ដែល​ទ្រង់​«យាង​កាត់​នៅ​មុខ​លោក[ម៉ូសេ]ទាំង​ប្រកាស​ថា​៖ ‹យេហូវ៉ា គឺ​យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​មាន​ព្រះ​ហឫទ័យ​មេត្ដាករុណា ហើយ​ទន់​សន្ដោស ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ទៀងត្រង់ ជា​បរិបូរ›»។ (និក្ខមនំ ៣៤:៦) ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ដាវីឌ​អាច​ប្រកាស​ថា​៖ «ព្រះ​យេហូវ៉ា​ទ្រង់​ប្រកប​ដោយ​មេត្ដាករុណា​នឹង​អាណិតអាសូរ ទ្រង់​យឺត​នឹង​ខ្ញាល់ ក៏​មាន​សេចក្ដី​សប្បុរស​ដ៏​ធំ​ទូលាយ»។ ថ្វី​បើ​ព្រះ​យេហូវ៉ា​ទ្រង់​ធំ​ប្រសើរ​ដល់​ម្ល៉េះ​បាន​ជា​រក​យល់​មិន​បាន​ក្ដី ទ្រង់​ក៏​លើក​កិត្ដិយស​ដល់​មនុស្ស​ដែល​ជា​អ្នក​បំរើ​ទ្រង់ ដោយ​បង្ហាញ​ព្រះទ័យ​អាណិតអាសូរ​ដល់​ពួក​គេ។ ទ្រង់​ប្រកប​ទៅ​ដោយ​ព្រះទ័យ​មេត្ដាករុណា ដោយ​លើក​លែង​ទោស​ពួក​អ្នក​ដែល​ធ្វើ​បាប​ហើយ​ប្រែ​ចិត្ត​ដោយ​ផ្អែក​លើ​យញ្ញបូជា​លោះ​របស់​ព្រះ​យេស៊ូ។ ព្រះ​យេហូវ៉ា​ក៏​យឺត​នឹង​ខ្ញាល់ ដ្បិត​ទ្រង់​បើក​ឱកាស​ឲ្យ​អ្នក​បំរើ​ទ្រង់​យក​ឈ្នះ​លើ​ភាព​ខ្សោយ​របស់​ខ្លួន ដែល​អាច​រារាំង​ផ្លូវ​ពួក​គេ​ចូល​ទៅ​ក្នុង​ពិភពលោក​ថ្មី​ដ៏​សុចរិត​របស់​ទ្រង់។—ពេត្រុសទី២ ៣:៩, ១៣, ១៤

២៣​. ក្នុង​អត្ថបទ​ជា​បន្តបន្ទាប់​នេះ តើ​យើង​នឹង​ពិនិត្យ​មើល​គុណសម្បត្ដិ​ដ៏​ពិសេស​ណា​មួយ?

២៣ ដាវីឌ​បាន​សរសើរ​តម្កើង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ ឬ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ។ ការ​ពិត ខ​បន្តបន្ទាប់​ក្នុង​បទ​ទំនុកដំកើង​ទី១៤៥ បង្ហាញ​ពី​របៀប​ដែល​ព្រះ​យេហូវ៉ា​សម្ដែង​នូវ​គុណសម្បត្ដិ​នោះ ហើយ​របៀប​ដែល​អ្នក​បំរើ​ស្មោះ​ត្រង់​របស់​ទ្រង់​តប​ស្នង​ចំពោះ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ដែល​ព្រះ​បង្ហាញ​នោះ។ ចំណុច​ទាំង​ប៉ុន្មាន​នេះ​នឹង​ត្រូវ​ពិគ្រោះ​ក្នុង​អត្ថបទ​ជា​បន្តបន្ទាប់។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

តើ​មាន​ឱកាស​ណា​ខ្លះ​ឲ្យ​យើង​សរសើរ​ព្រះ​យេហូវ៉ា​«រាល់ៗ​ថ្ងៃ»​ឬ​គ្រប់​ពេល​វេលា​នោះ?

តើ​មាន​ឧទាហរណ៍​ណា​ខ្លះ​ដែល​បង្ហាញ​ថា យើង​រក​យល់​មិន​បាន​នូវ​ភាព​ធំ​ប្រសើរ​របស់​ព្រះ​យេហូវ៉ា?

តើ​យើង​អាច​ធ្វើ​យ៉ាង​ណា ដើម្បី​មាន​ចិត្ត​អបអរ កាន់​តែ​ច្រើន​ចំពោះ​«ឫទ្ធានុភាព​ដ៏​រុងរឿង​ឧត្តម» របស់​ព្រះ​យេហូវ៉ា?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​១៨]

កាឡាក់ស៊ី​ទាំង​ឡាយ​ក្នុង​សកលលោក ផ្ដល់​សក្ខីភាព​ដែល​បញ្ជាក់​ពី​ភាព​ធំ ប្រសើរ​របស់​ព្រះ​យេហូវ៉ា

[អ្នក​ផ្ដល់​សិទ្ធិ]

Courtesy of Anglo-Australian Observatory, photograph by David Malin

[រូបភាព​នៅ​ទំព័រ​២០]

តើ​ភាព​ធំ​ប្រសើរ​របស់​ព្រះ​យេហូវ៉ា​បាន​ស​ឲ្យ​ឃើញ​យ៉ាង​ណា ដោយ​ព្រះ​ជន្ម របស់​ព្រះ​យេស៊ូ​គ្រីស្ទ?

[រូបភាព​នៅ​ទំព័រ​២១]

ពេល​ដែល​សាសន៍​អ៊ីស្រាអែល​ទទួល​ក្រិត្យ​វិន័យ នៅ​ឯ​ភ្នំ​ស៊ីណាយ​នោះ ពួក​គេ​បាន​ឃើញ​ទី​សំអាង​ជា​ច្រើន ស្តី​អំពី​ភាព​រុងរឿង​របស់​ព្រះ​យេហូវ៉ា