លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«គំរូនៃលោកីយនេះតែងតែផ្លាស់ទៅ»

«គំរូនៃលោកីយនេះតែងតែផ្លាស់ទៅ»

«គំរូ​នៃ​លោកីយ​នេះ​តែង​តែ​ផ្លាស់​ទៅ»

«បងប្អូន​អើយ! ខ្ញុំ​ប្រាប់​សេចក្ដី​នេះ​ថា ពេល​វេលា​ចង្អៀត​ណាស់​ហើយ»។—កូរិនថូសទី១ ៧:២៩

១, ២​. ក្នុង​ជីវិត​របស់​អ្នក តើ​ធ្លាប់​ឃើញ​លោកីយ៍​ប្រែប្រួល​យ៉ាង​ណា?

ក្នុង​ជីវិត​របស់​អ្នក តើ​ធ្លាប់​ឃើញ​លោកីយ៍​ប្រែប្រួល​យ៉ាង​ណា? តើ​អ្នក​អាច​ប្រាប់​អំពី​ការ​ប្រែប្រួល​ខ្លះៗ​បាន​ទេ? ជា​ឧទាហរណ៍ មាន​ការ​ឈាន​ទៅ​មុខ​ផ្នែក​វេជ្ជ​សាស្ត្រ។ ដោយសារ​មាន​ការ​ស្រាវជ្រាវ​ផ្នែក​វេជ្ជ​សាស្ត្រ នោះ​អាយុ​កាល​មធ្យម​នៅ​ប្រទេស​ខ្លះ​បាន​កើន​ពី​៥០​ឆ្នាំ​ទៅ​ដល់​៧០​ឆ្នាំ​តាំង​ពីដើម​សតវត្ស​រ៍​ទី២០​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។ សូម​គិត​ផង​ដែរ​អំពី​ផល​ប្រយោជន៍​ច្រើន​យ៉ាង​ដែល​យើង​ទទួល​ពី​ការ​ប្រើ​វិទ្យុ ទូរទស្សន៍ ទូរស័ព្ទ​ដៃ និង​ទូ​រ​សារ។ ក៏​មាន​ការ​ឈាន​ទៅ​មុខ​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ​ក្នុង​វិស័យ​អប់រំ ការ​ដឹក​ជញ្ជូន និង​សិទ្ធិ​មនុស្ស ដែល​ទាំង​អស់​នេះ​បាន​ជួយ​លើក​ស្ទួយ​ជីវភាព​មនុស្ស​រាប់​លាន​នាក់។

ប៉ុន្តែ ការ​ប្រែប្រួល​មិន​មែន​សុទ្ធតែ​ល្អ​ទាំង​អស់​នោះ​ទេ។ យើង​មិន​អាច​ធ្វើ​មិន​ដឹង​មិន​ឮ​ចំពោះ​លទ្ធផល​សែន​អាក្រក់​ដែល​មាន​ដោយសារ​ឧក្រិដ្ឋកម្ម​ដែល​មាន​កំនើន​យ៉ាង​ខ្លាំង សីលធម៌​ដែល​កាន់​តែ​អាប់ឱន ករណី​លែង​លះ​គ្នា​និង​ការ​ប្រើ​ថ្នាំ​ញៀន​គឺ​ចេះ​តែ​កើន​ឡើង​ដូច​ទឹក​ជំនន់​ជន់​មិន​ចេះ​ស្រក ហើយ​ដោយសារ​ភេរវកម្ម​កាន់​តែ​គំរាម​កំហែង​ពិភពលោក​រឹតតែ​ខ្លាំង។ ទោះ​ជា​ការ​កែ​ប្រែ​នោះ​គឺ​ល្អ​ឬ​អាក្រក់​ក្ដី ក៏​អ្នក​ទំនង​ជា​យល់​តាម​អ្វី​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​តាំង​ពី​យូរ​យារ​មក​ហើយ​ថា​៖ «គំរូ​នៃ​លោកីយ​នេះ​តែង​តែ​ផ្លាស់​ទៅ»។—កូរិនថូសទី១ ៧:៣១

៣​. ពេល​ប៉ុល​សរសេរ​ថា​«គំរូ​នៃ​លោកីយ​នេះ​តែង​តែ​ផ្លាស់​ទៅ» តើ​គាត់​ចង់​និយាយ​យ៉ាង​ណា?

នៅ​ពេល​ដែល​ប៉ុល​សរសេរ​ដូច​ខាង​លើ​នេះ គាត់​បាន​ប្រៀបធៀប​ពិភពលោក​ទៅ​នឹង​ឆាក​ល្ខោន​មួយ។ តួ​ដែល​សម្ដែង​លើ​ឆាក ជា​អ្នក​មាន​ឈ្មោះ​បោះ​សម្លេង​ផ្នែក​នយោបាយ សាសនា ឬ​វប្បធម៌ ដែល​អ្នក​ទាំង​នេះ​ឡើង​សម្ដែង រួច​ចាក​ចេញ​ទុក​ឲ្យ​តួ​ផ្សេង​ទៀត​ឡើង​សម្ដែង​ម្ដង។ នេះ​បាន​កើត​ឡើង​អស់​រាប់​សតវត្ស​រ៍​មក​ហើយ។ នៅ​សម័យ​មុនៗ រាជ​វង្ស​ខ្លះ​គ្រប់គ្រង​រាប់​សិប​ឆ្នាំ​រហូត​ដល់​រាប់​សតវត្ស​រ៍​ក៏​មាន ហើយ​ពិភពលោក​មិន​ប្រែប្រួល​លឿន​ទេ តែ​បន្ដិច​ម្ដងៗ​វិញ។ ក៏​ប៉ុន្តែ សព្វ​ថ្ងៃ​នេះ គឺ​មិន​ដូច្នេះ​ទេ ដ្បិត​ប្រវត្ដិសាស្ត្រ​អាច​ប្រែប្រួល​ក្នុង​មួយ​ប៉ប្រិច​ភ្នែក​គឺ​ស្មើ​នឹង​ល្បឿន​គ្រាប់​កាំភ្លើង​ដែល​ជន​ពិឃាត​បាញ់​តម្រង់​ទៅ​ទិសដៅ! ប្រាកដ​ហើយ នៅ​សម័យ​ច្របូកច្របល់​នេះ យើង​មិន​ដឹង​ថា​អ្វី​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ស្អែក​នោះ​ទេ។

៤​. (ក) តើ​ជន​គ្រីស្ទាន​ត្រូវ​តែ​មាន​តុល្យភាព​ក្នុង​ទស្សនៈ​អ្វី​ជុំវិញ​ព្រឹត្ដិការណ៍​ក្នុង​ពិភពលោក​នេះ? (ខ) ឥឡូវ តើ​យើង​នឹង​ពិចារណា​ភស្តុតាង​ពីរ​យ៉ាង​អ្វី​ខ្លះ?

បើ​ពិភពលោក​គឺ​ប្រៀប​ដូច​ជា​ឆាក​មួយ ហើយ​អ្នក​ដឹក​នាំ​ពិភពលោក​គឺ​ប្រៀប​ដូច​ជា​តួ​សម្ដែង នោះ​ជន​គ្រីស្ទាន​គឺ​ប្រៀប​ដូច​ជា​ទស្សនិកជន​វិញ។ * ក៏​ប៉ុន្តែ ដោយ​ព្រោះ​ជន​គ្រីស្ទាន​«មិន​មែន​ជា​របស់​ផង​លោកីយ» នោះ​ពួក​គេ​មិន​ខ្វល់ខ្វាយ​ហួស​ហេតុ​ពេក​អំពី​ការ​សម្ដែង​របស់​តួ​ម្នាក់ៗ ក៏​មិន​ខ្វល់​ថា​តួ​ណា​ជា​តួ​ណា​នោះ​ទេ។ (យ៉ូហាន ១៧:​១៦) ផ្ទុយ​ទៅ​វិញ ពួក​គេ​កំពុង​តែ​សង្កេត​មើល​ដោយ​មាន​ចិត្ត​រំភើប​ដើម្បី​ស្វែង​រក​ទី​សម្គាល់​ដែល​បញ្ជាក់​ថា ឈុត​សម្ដែង​នោះ​កំពុង​តែ​ឈាន​ទៅ​ដល់​ទីបញ្ចប់ ពោល​គឺ​សេចក្ដី​ហិនវិនាស​យ៉ាង​ធំ ដ្បិត​ពួក​គេ​ដឹង​ថា​របប​លោកីយ៍​នេះ​ត្រូវ​តែ​ចប់​សិន​មុន​ព្រះ​យេហូវ៉ា​បង្កើត​នូវ​ពិភពលោក​ថ្មី​ដ៏​សុចរិត ដែល​ពួក​គេ​បាន​រង់ចាំ​តាំង​ពី​យូរ​មក​ហើយ។ ដូច្នេះ សូម​យើង​ពិចារណា​ភស្តុតាង​ពីរ​យ៉ាង​ដែល​បញ្ជាក់​ថា យើង​កំពុង​តែ​រស់​នៅ​គ្រា​ចុង​បញ្ចប់ ហើយ​បញ្ជាក់​ថា​ពិភពលោក​ថ្មី​គឺ​ជិត​មក​ដល់​ហើយ។ ភស្តុតាង​ពីរ​យ៉ាង​នេះ​គឺ: (១) កាល​ប្រវត្ដិវិទ្យា​ក្នុង​ព្រះ​គម្ពីរ និង(២) សភាព​ការណ៍​ពិភពលោក​ដែល​កាន់​តែ​អាក្រក់​ទៅៗ។—ម៉ាថាយ ២៤:២១; ពេត្រុសទី២ ៣:១៣

រឿង​អាថ៌កំបាំង​ត្រូវ​បាន​ទម្លាយ​ហើយ!

៥​. តើ​«គ្រា​របស់​សាសន៍​ដទៃ»​ជា​អ្វី? ហេតុ​អ្វី​យើង​ចាប់​អារម្មណ៍​អំពី​គ្រា​នោះ?

កាល​ប្រវត្ដិវិទ្យា​គឺ​ជា​ការ​ស្រាវជ្រាវ​នូវ​ទំនាក់ទំនង​រវាង​លំដាប់​ពេល​និង​ព្រឹត្ដិការណ៍​ផ្សេងៗ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​នឹង​មាន​គ្រា​មួយ​ដែល​អ្នក​ដឹក​នាំ​ពិភពលោក​នឹង​ឡើង​ឆាក​សម្ដែង​ជា​តួ​ឯក ដោយ​គ្មាន​អន្តរាគមន៍​ពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ឡើយ។ ព្រះ​យេស៊ូ​ហៅ​គ្រា​នេះ​ជា​«គ្រា​របស់​សាសន៍​ដទៃ»។ (លូកា ២១:២៤) នៅ​ទីបញ្ចប់​នៃ​«គ្រា​របស់​សាសន៍​ដទៃ»​នោះ ព្រះ​រាជាណាចក្រ​របស់​ព្រះ​នឹង​ចាប់​ផ្ដើម​គ្រប់គ្រង ដោយ​មាន​ព្រះ​យេស៊ូ​ជា​អ្នក​គ្រប់គ្រង​ពេញ​ច្បាប់។ នៅ​ដើម​ដំបូង ព្រះ​យេស៊ូ​នឹង​«គ្រប់គ្រង​នៅ​កណ្ដាល​ពួក​ខ្មាំង​សត្រូវ»​របស់​ទ្រង់។ (ទំនុកដំកើង ១១០:២) បន្ទាប់​មក យោង​ទៅ​តាម​ដានីយ៉ែល ២:៤៤ ព្រះ​រាជាណាចក្រ​នោះ​នឹង​«បំបាក់​បំបែក ហើយ​លេប​បំបាត់»​រដ្ឋាភិបាល​ទាំង​អស់​របស់​មនុស្ស ហើយ​ព្រះ​រាជាណាចក្រ​នោះ​នឹង​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។

៦​. តើ​«គ្រា​របស់​សាសន៍​ដទៃ»​បាន​ចាប់​ផ្ដើម​នៅ​ពេល​ណា? តើ​គឺ​អស់​រយៈ​ពេល​ប៉ុន្មាន? តើ​បាន​ចប់​ពេល​ណា?

តើ​«គ្រា​របស់​សាសន៍​ដទៃ»​នឹង​បញ្ចប់​ហើយ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ចាប់​ផ្ដើម​គ្រប់គ្រង​នៅ​ពេល​ណា? ចម្លើយ​នោះ​ទាក់ទង​នឹង​កាល​ប្រវត្ដិវិទ្យា​ក្នុង​ព្រះ​គម្ពីរ ព្រម​ទាំង​ត្រូវ​បាន​«បិទ​បាំង ហើយ​បិទ​ត្រា​ទុក ដរាប​ដល់​គ្រា​ចុង​បំផុត»។ (ដានីយ៉ែល ១២:៩) នៅ​ពេល​ដែល​ជិត​ដល់​«គ្រា»​ចុង​បំផុត​នោះ ព្រះ​យេហូវ៉ា​ចាប់​ផ្ដើម​បើក​សម្ដែង​ដល់​សិស្ស​ព្រះ​គម្ពីរ​មួយ​ក្រុម​តូច​ដែល​មាន​ចិត្ត​រាប​ទាប​ឲ្យ​យល់​នូវ​ចម្លើយ​ចំពោះ​សំនួរ​នោះ។ ដោយ​មាន​ជំនួយ​ពី​វិញ្ញាណ​របស់​ព្រះ ពួក​គេ​បាន​កាត់​យល់​ថា​«គ្រា​របស់​សាសន៍​ដទៃ»​បាន​ចាប់​ផ្ដើម​ពេល​ដែល​ទី​ក្រុង​យេរូសាឡិម​ត្រូវ​បំផ្លាញ​ចោល​នៅ​ឆ្នាំ​៦០៧​មុន​ស.យ. ហើយ​បាន​យល់​ថា​«គ្រា»​នោះ​មាន​រយៈ​ពេល​២.៥២០​ឆ្នាំ។ ដោយ​ផ្អែក​លើ​ពត៌មាន​នេះ ពួក​គេ​បាន​រិះ​គិត​ឃើញ​ថា ឆ្នាំ​១៩១៤​ជា​ទីបញ្ចប់​នៃ​«គ្រា​របស់​សាសន៍​ដទៃ»។ ពួក​គេ​ក៏​បាន​ទទួល​ស្គាល់​ថា ១៩១៤​គឺ​ជា​ទី​ចាប់​ផ្ដើម​នៃ​គ្រា​ចុង​បញ្ចប់​របស់​របប​លោកីយ៍​នេះ។ ដោយសារ​អ្នក​ជា​សិស្ស​ព្រះ​គម្ពីរ តើ​អ្នក​ចេះ​ពន្យល់​ពី​បទ​គម្ពីរ​នូវ​របៀប​គិត​រក​ឆ្នាំ​១៩១៤​ឬ​ទេ? *

៧​. តើ​មាន​បទ​គម្ពីរ​អ្វី​ខ្លះ​ជួយ​យើង​គិត​រក​ទី​ចាប់​ផ្ដើម រយៈ​ពេល និង​ទីបញ្ចប់​នៃ​៧​ខួប​ដែល​ត្រូវ​រៀប​រាប់​ក្នុង​សៀវភៅ​ដានីយ៉ែល?

ត​ម្រុយ​មួយ​ត្រូវ​បាន​កត់​លាក់​ទុក​ក្នុង​សៀវភៅ​ដានីយ៉ែល។ ដោយ​ព្រោះ​ព្រះ​យេហូវ៉ា​ប្រើ​ស្តេច​នេប៊ូក្នេសា​ដើម្បី​បំផ្លាញ​ទី​ក្រុង​យេរូសាឡិម​ចោល​នៅ​ទី​ចាប់​ផ្ដើម​នៃ​«គ្រា​របស់​សាសន​ដទៃ»​នៅ​ឆ្នាំ​៦០៧​មុន​ស.យ. នោះ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​តាម​រយៈ​អ្នក​គ្រប់គ្រង​នោះ​ឲ្យ​ដឹង​ថា សាសន៍​នានា​នឹង​បន្ត​គ្រប់គ្រង​ដោយ​ព្រះ​មិន​ធ្វើ​អន្តរាគមន៍​អស់​រយៈ​ពេល​៧​ខួប។ នេះ​ជា​អត្ថបដិរូប​ប៉ុណ្ណោះ។ (អេសេគាល ២១:២៦, ២៧; ដានីយ៉ែល ៤:១៦, ២៣​-​២៥) តើ​៧​ខួប​នោះ​តំណាង​រយៈ​ពេល​ប៉ុន្មាន? យោង​ទៅ​តាម​វិវរណៈ ១១:២, ៣ និង ១២:៦, ១៤ ៣​ខួប​កន្លះ​គឺ​ស្មើ​នឹង​១.២៦០​ថ្ងៃ។ ហេតុ​នេះ ដើម្បី​ឲ្យ​បាន​៧​ខួប​គឺ​ត្រូវ​យក​១.២៦០​ថ្ងៃ​គុណ​នឹង​ពីរ។ ដូច្នេះ ៧​ខួប​ស្មើ​នឹង​២.៥២០​ថ្ងៃ។ តើ​នៅ​មាន​ពត៌មាន​ថែម​ទៀត​អំពី​នេះ​ទេ? ពិត​ជា​មាន​មែន! ដ្បិត​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ប្រាប់​ព្យាការី​អេសេគាល ដែល​ធ្លាប់​រស់​នៅ​សម័យ​ដានីយ៉ែល​ឲ្យ​ដឹង​ពី​របៀប​រាប់​រយៈ​ពេល​ដែល​តំណាង​នោះ​គឺ «អញ​បាន​កំណត់​១​ថ្ងៃ ទុក​ជា​១​ឆ្នាំ​ដល់​ឯង»។ (អេសេគាល ៤:៦) ដូច្នេះ តាម​ការ​ពិត ៧​ខួប​គឺ​ស្មើ​នឹង​២.៥២០​ឆ្នាំ។ បើ​រាប់​២.៥២០​ឆ្នាំ​ចាប់​ផ្ដើម​ពី​ឆ្នាំ​៦០៧​មុន​ស.យ. នោះ​យើង​អាច​យល់​ឃើញ​ថា គ្រា​របស់​សាសន៍​ដទៃ​បាន​ចប់​នៅ​ឆ្នាំ​១៩១៤។

«គ្រា​ចុង​បំផុត»​បាន​ស​ឲ្យ​ឃើញ​ច្បាស់​ហើយ

៨​. តើ​អ្នក​អាច​ចង្អុល​បញ្ជាក់​ភស្តុតាង​អ្វី​ដែល​បង្ហាញ​ថា តាំង​ពី​ឆ្នាំ​១៩១៤​ស្ថានភាព​ពិភពលោក​គឺ​អាក្រក់​ជាង?

ព្រឹត្ដិការណ៍​ពិភពលោក​តាំង​ពី​ឆ្នាំ​១៩១៤​មក​ម្ល៉េះ​បាន​បញ្ជាក់​ថា ការ​យល់​ដឹង​ខាង​លើ​នេះ​ដែល​ផ្អែក​លើ​កាល​ប្រវត្ដិវិទ្យា​ក្នុង​ព្រះ​គម្ពីរ​គឺ​ត្រឹម​ត្រូវ។ ព្រះ​យេស៊ូ​អង្គ​ទ្រង់​ផ្ទាល់​បាន​មាន​បន្ទូល​ថា «បំផុត​កល្ប»​ឬ​ទីបញ្ចប់​នៃ​របប​លោកីយ៍​នេះ​នឹង​អាច​សម្គាល់​ដោយ​សង្គ្រាម អំណត់ និង​អាសន្ន​រោគ។ (ម៉ាថាយ ២៤:៣​-​៨; វិវរណៈ ៦:២​-​៨) តាំង​តែ​ពី​ឆ្នាំ​១៩១៤​មក​ម្ល៉េះ គឺ​ពិត​ជា​បាន​កើត​ឡើង​ដូច្នេះ​មែន! សាវ័ក​ប៉ុល​បាន​ជួយ​បំភ្លឺ​ថែម​ទៀត​ថា ចិត្ត​គំនិត​ដែល​មនុស្ស​មាន​ចំពោះ​គ្នា​នឹង​គ្នា​នឹង​ខុស​គ្នា​ឆ្ងាយ​ណាស់​បើ​ប្រៀប​នឹង​គ្រា​មុន។ ការ​ពណ៌នា​របស់​គាត់​អំពី​ការ​ប្រែប្រួល​ដែល​យើង​ទាំង​អស់​គ្នា​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក គឺ​ចំ​តែ​ម្ដង។—ធីម៉ូថេទី២ ៣:១​-​៥

៩​. តើ​អ្នក​សង្កេត​ការណ៍​បាន​និយាយ​យ៉ាង​ណា​អំពី​ស្ថានភាព​ពិភពលោក​តាំង​ពី​ឆ្នាំ​១៩១៤?

តើ​«គំរូ​នៃ​លោកីយ​នេះ»​ពិត​ជា​បាន​ប្រែប្រួល​តាំង​ពី​ឆ្នាំ​១៩១៤​ឬ? ក្នុង​សៀវភៅ​ចំណង​ជើង​ថា​ជំនាន់​ឆ្នាំ​១៩១៤ នោះ​លោក​សាស្ដ្រាចារ្យ រ៉ូបឺត វ៉ល បាន​កត់​សម្គាល់​ថា​៖ «អ្នក​ដែល​បាន​ឆ្លង​កាត់​សង្គ្រាម​នោះ​មិន​អាច​បំបាត់​នូវ​អារម្មណ៍​មួយ​ដែល​ថា ពិភពលោក​មួយ​បាន​ចប់​ហើយ​និង​ពិភពលោក​មួយ​ទៀត​បាន​ចូល​មក​ជំនួស​ដែល​បាន​ចាប់​ផ្ដើម​នៅ​ខែ​សីហា ឆ្នាំ​១៩១៤»។ ដោយ​បញ្ជាក់​ចំណុច​នេះ​ដែរ លោក​វេជ្ជបណ្ឌិត ស័ហ្គេ អាលប៊ែរតូ កូស្ដា អ៊ីស៊ីលវ៉ា អតីត​នាយក​សុខភាព​ផ្នែក​ផ្លូវ​ចិត្ត​សំរាប់​អង្គការ​សុខភាព​ពិភពលោក​បាន​សរសេរ​ថា​៖ «យើង​កំពុង​តែ​រស់​នៅ​ក្នុង​សម័យ​មួយ​ដែល​ប្រែប្រួល​យ៉ាង​លឿន ដែល​នាំ​ឲ្យ​ខ្វល់ខ្វាយ​និង​តានតឹង​ចិត្ត​ដល់​កំរិត​ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្ដិសាស្ត្រ»។ តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ដូច្នេះ​ដែរ​ឬ​ទេ?

១០​. តើ​ព្រះ​គម្ពីរ​ជួយ​បំភ្លឺ​ឲ្យ​យើង​ដឹង​អំពី​ដើម​ហេតុ​នៃ​ស្ថានភាព​ពិភពលោក​ដែល​កំពុង​តែ​ចុះ​អន់ថយ​តាំង​ពី​ឆ្នាំ​១៩១៤​យ៉ាង​ដូច​ម្ដេច?

១០ តើ​អ្នក​ណា​ជា​មេ​កំណាច​ដែល​បណ្ដាល​ឲ្យ​មាន​ស្ថានភាព​ពិភពលោក​កាន់​តែ​អាក្រក់​ទៅៗ​ដូច្នេះ? វិវរណៈ ១២:៧​-​៩ បាន​ជួយ​ឲ្យ​យើង​ស្គាល់​មេ​កំណាច​នេះ​ដែល​ថា​៖ «នោះ​មាន​ចំបាំង​នៅ​លើ​មេឃ គឺ​មីកែល​[ព្រះ​យេស៊ូ​គ្រីស្ទ] នឹង​ពួក​ទេវតា​របស់​លោក​ច្បាំង​នឹង​នាគ[អារក្ស​សាតាំង] ហើយ​នាគ នឹង​ទេវតា​វា​ក៏​ច្បាំង​នឹង​លោក​ដែរ តែ​មិន​បាន​ឈ្នះ​ទេ ក៏​មិន​ឃើញ​មាន​កន្លែង​ណា​ឲ្យ​វា នៅ​លើ​មេឃ​ទៀត​ផង នោះ​នាគ​ធំ​ត្រូវ​បោះ​ទំលាក់​ទៅ . . . ដែល​បាន​នាំ​លោកីយ​ទាំង​មូល​ឲ្យ​វង្វេង​ចេញ»។ ដូច្នេះ អារក្ស​សាតាំង​គឺ​ជា​មេ​ផ្ដើម​បង្កើត​ឲ្យ​មាន​បញ្ហា​ទាំង​នេះ ហើយ​ដោយសារ​វា​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ស្ថានសួគ៌​នៅ​ឆ្នាំ​១៩១៤ នោះ​មាន​«វេទនា​ដល់​ផែនដី នឹង​សមុទ្រ​វិញ ពីព្រោះ​អារក្ស​បាន​ចុះ​មក​ឯ​អ្នក​រាល់​គ្នា ទាំង​មាន​សេចក្ដី​ឃោរឃៅ​ជា​ខ្លាំង ដោយ​វា​ដឹង​ថា​ពេល​វេលា​វា​ខ្លី​ណាស់​ហើយ»។—វិវរណៈ ១២:១០, ១២

ព្រឹត្ដិការណ៍​ក្នុង​ឈុត​ចុង​ក្រោយ

១១​. (ក) តើ​សាតាំង​ប្រើ​វិធី​សាស្ត្រ​អ្វី​ខ្លះ​ដើម្បី​នាំ​ឲ្យ​«លោកីយ​ទាំង​មូល»​វង្វេង? (ខ) តើ​សាវ័ក​ប៉ុល​បាន​បញ្ជាក់​ទៅ​លើ​ការ​ខំ​ប្រឹង​ជា​ពិសេស​អ្វី​របស់​សាតាំង?

១១ ដោយសារ​សាតាំង​ដឹង​ថា​ទីបញ្ចប់​របស់​វា​គឺ​ជិត​ដល់​ហើយ ហេតុ​នេះ​វា​បាន​ព្យាយាម​កាន់​តែ​ខ្លាំង​តាំង​ពី​ឆ្នាំ​១៩១៤​ឲ្យ​នាំ​«លោកីយ​ទាំង​មូល»​វង្វេង។ សាតាំង​ដែល​ជា​មេ​បញ្ឆោត​ធ្វើ​ដូច​ជា​អ្នក​ដឹក​នាំ​ឆាក​ដែល​មិន​ចេញ​មុខ​ដោយ​ចាត់​ឲ្យ​អ្នក​ដឹក​នាំ​ពិភពលោក​និង​អ្នក​ល្បី​ល្បាញ​ដែល​មនុស្ស​និយម​ត្រាប់​តាម​ឲ្យ​ឡើង​លើ​ឆាក​ដើម្បី​សម្ដែង។ (ធីម៉ូថេទី២ ៣:១៣; យ៉ូហានទី១ ៥:១៩) គោល​ដៅ​មួយ​របស់​សាតាំង​គឺ​បញ្ឆោត​មនុស្ស​ជាតិ​ឲ្យ​គិត​ថា របៀប​គ្រប់គ្រង​របស់​វា​អាច​នាំ​ឲ្យ​ពួក​គេ​មាន​សន្ដិភាព​ពិត​បាន។ ជា​ទូទៅ ការ​ឃោសនា​របស់​វា​បាន​ទទួល​ជោគជ័យ ដ្បិត​មនុស្ស​នៅ​តែ​មាន​គំនិត​សុទិដ្ឋិនិយម ទោះ​ជា​មាន​ភស្តុតាង​កាន់​តែ​ច្រើន​ដែល​បង្ហាញ​ថា ស្ថានភាព​ពិភពលោក​កំពុង​តែ​អាក្រក់​ទៅៗ​ក៏​ដោយ។ សាវ័ក​ប៉ុល​បាន​ទាយ​ថា មុន​របប​លោកីយ៍​នេះ​ត្រូវ​បំផ្លាញ​ចោល​នឹង​មាន​ការ​ឃោសនា​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​មួយ​ដែល​មាន​ប្រភព​ដើម​មក​ពី​សាតាំង។ ប៉ុល​បាន​សរសេរ​ថា​៖ «កាល​ណា​គេ​កំពុង​តែ​និយាយ​ថា មាន​សេចក្ដី​សុខសាន្ត! មាន​សេចក្ដី​រៀប​រយ​ហើយ![ឬ​«មាន​សន្ដិភាព​ហើយ! មាន​សន្ដិសុខ​ហើយ!»​, ខ.ស.] នោះ​លោ​តែ​មាន​សេចក្ដី​ហិនវិនាស​មក​លើ​គេ​ភ្លាម ដូច​ជា​ស្ត្រី​មាន​គភ៌​ឈឺ​នឹង​សំរាល»។—ថែស្សាឡូនីចទី១ ៥:៣; វិវរណៈ ១៦:១៣

១២​. តើ​មាន​ការ​ព្យាយាម​យ៉ាង​ណា​ដើម្បី​បង្កើត​ឲ្យ​មាន​សន្ដិភាព​នៅ​សម័យ​យើង​នេះ?

១២ នៅ​ឆ្នាំ​ថ្មីៗ​នេះ អ្នក​នយោបាយ​ធ្លាប់​ប្រើ​ឃ្លា​ថា‹សន្ដិភាព​និង​សន្ដិសុខ›​ជា​ញឹកញយ​ពេល​សំដៅ​លើ​ផែនការ​ផ្សេងៗ​របស់​មនុស្ស។ ពួក​គេ​រហូត​ដល់​ហៅ​ឆ្នាំ​១៩៨៦ ជា​ឆ្នាំ​នៃ​សន្ដិភាព​អន្តរជាតិ ទោះ​ជា​ឆ្នាំ​នោះ​មិន​បាន​មាន​សន្ដិភាព​ក៏​ដោយ។ តើ​ការ​ព្យាយាម​ទាំង​នេះ​របស់​អ្នក​ដឹក​នាំ​ពិភពលោក​ជា​ការ​សម្រេច​នៃ​ថែស្សាឡូនីចទី១ ៥:៣​ឬ​ទេ? ឬ​តើ​ប៉ុល​សំដៅ​ទៅ​លើ​ព្រឹត្ដិការណ៍​ជាក់លាក់​មួយ ជា​ព្រឹត្ដិការណ៍​ធំ​ដល់​ម្ល៉េះ​ដែល​មនុស្ស​ទូទាំង​ពិភពលោក​នឹង​កត់​សម្គាល់​ឬ?

១៣​. នៅ​ពេល​ប៉ុល​ទាយ​អំពី​ការ​និយាយ​ថា​«មាន​សន្ដិភាព​ហើយ! មាន​សន្ដិសុខ​ហើយ!» តើ​គាត់​បាន​ប្រៀបធៀប​ការ​បំផ្លាញ​ដែល​នឹង​មក​ជា​បន្តបន្ទាប់​នោះ​ទៅ​នឹង​អ្វី? តើ​យើង​រៀន​អ្វី​ពី​នេះ?

១៣ យើង​ត្រូវ​តែ​ចាំ​មើល​សិន ដ្បិត​ទំនាយ​ព្រះ​គម្ពីរ​ច្រើន​តែ​អាច​យល់​យ៉ាង​ពេញលេញ​ក្រោយ​បាន​សម្រេច​រួច​ហើយ ឬ​ក៏​ពេល​ដែល​កំពុង​តែ​សម្រេច​នោះ។ ប៉ុន្តែ អ្វី​មួយ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ ប៉ុល​បាន​ប្រៀបធៀប​សេចក្ដី​ហិនវិនាស​ដែល​នឹង​មក​ក្រោយ​ការ​និយាយ​ថា​«មាន​សន្ដិភាព​ហើយ! មាន​សន្ដិសុខ​ហើយ!»​ទៅ​នឹង​ស្ត្រី​មាន​គភ៌​ឈឺ​នឹង​សំរាល​កូន។ បន្ដិច​ម្ដងៗ​ក្នុង​កំឡុង​៩​ខែ ស្ត្រី​ដែល​មាន​ផ្ទៃពោះ​ចាប់​ផ្ដើម​ដឹង​ថា​មាន​ទារក​កំពុង​តែ​លូត​លាស់​ក្នុង​ផ្ទៃ​របស់​គាត់។ គាត់​ប្រហែល​ជា​អាច​ស្ដាប់​ឮ​នូវ​សូរ​សម្លេង​បេះដូង​កូន​លោត ឬ​ក៏​មាន​អារម្មណ៍​ថា​កូន​បម្រះ​ក្នុង​ផ្ទៃ។ ប្រហែល​ជា​កូន​ធាក់​ពោះ​គាត់​ទៀត។ លក្ខណៈ​ទាំង​នេះ​មាន​កាន់​តែ​ខ្លាំង​ឡើងៗ ទាល់តែ​ថ្ងៃ​មួយ គាត់​ចាប់​ផ្ដើម​ចុក​ខ្លាំង ហើយ​នេះ​បញ្ជាក់​ថា​ព្រឹត្ដិការណ៍​ដែល​គាត់​បាន​រង់ចាំ​ជា​យូរ​បាន​មក​ដល់​ហើយ គឺ​កំណើត​កូន​របស់​គាត់។ ដូច​គ្នា​ដែរ មិន​ថា​ទំនាយ​អំពី​ការ​និយាយ​ថា​«មាន​សន្ដិភាព​ហើយ! មាន​សន្ដិសុខ​ហើយ!»​នឹង​សម្រេច​យ៉ាង​ណា​ក្ដី ក៏​ការ​សម្រេច​នោះ​នឹង​នាំ​ទៅ​ដល់​ព្រឹត្ដិការណ៍​មួយ​ដែល​កើត​ឡើង​ភ្លាមៗ នាំ​ឲ្យ​ឈឺចាប់ តែ​នៅ​ទីបំផុត​នាំ​ឲ្យ​មាន​សុភមង្គល។ ព្រឹត្ដិការណ៍​នោះ​គឺ​ការ​បំផ្លាញ​នូវ​អំពើ​ទុច្ចរិត​និង​ជា​ទី​ចាប់​ផ្ដើម​នៃ​ពិភពលោក​ថ្មី​និង​របប​ថ្មី។

១៤​. ជា​ទូទៅ តើ​ព្រឹត្ដិការណ៍​នៅ​ថ្ងៃ​ខាង​មុខ​នឹង​កើត​ឡើង​តាម​លំដាប់​ណា? តើ​អ្វី​ជា​លទ្ធផល​ចុង​ក្រោយ?

១៤ ការ​បំផ្លិច​បំផ្លាញ​ដែល​កំពុង​មក​ដល់​នោះ​នឹង​ជា​ព្រឹត្ដិការណ៍​គួរ​ឲ្យ​ស្ញែង​ខ្លាច​សំរាប់​ជន​គ្រីស្ទាន​ស្មោះ​ភក្ដី​ដែល​កំពុង​តែ​មើល​ដូច​ជា​ទស្សនិកជន​នោះ។ មុន​បង្អស់ ស្តេច​ទាំង​ប៉ុន្មាន​នៅ​ផែនដី​(ប្រព័ន្ធ​នយោបាយ​នៃ​អង្គការ​របស់​សាតាំង)​នឹង​វាយ​ប្រហារ​អ្នក​គាំទ្រ​បាប៊ីឡូន​ដ៏​ធំ​(សាសនា)​ហើយ​បំផ្លាញ​ពួក​គេ​ចោល។ (វិវរណៈ ១៧:១, ១៥​-​១៨) នេះ​គឺ​ជា​ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យ​មួយ​ដែល​នឹក​ស្មាន​មិន​ដល់​នឹង​កើត​ឡើង គឺ​នគរ​របស់​សាតាំង​នឹង​បែក​បាក់​ហើយ​ទាស់​តែ​គ្នា​ឯង ដោយ​មាន​ផ្នែក​មួយ​វាយ​ប្រហារ​ទៅ​លើ​ផ្នែក​មួយ​ទៀត ហើយ​សាតាំង​នឹង​គ្មាន​សមត្ថភាព​ទប់​ស្កាត់​បាន​នោះ​ទេ។ (ម៉ាថាយ ១២:២៥, ២៦) ព្រះ​យេហូវ៉ា​នឹង​បណ្ដាល​ចិត្ត​ស្តេច​ទាំង​ប៉ុន្មាន​នៅ​ផែនដី​«ឲ្យ​ធ្វើ​តាម​គំនិត​ទ្រង់» ពោល​គឺ បំផ្លាញ​សាសនា​ដែល​ជា​សត្រូវ​របស់​ទ្រង់​ចេញ​ពីផែនដី។ ក្រោយ​សាសនា​មិន​ពិត​ត្រូវ​បំផ្លាញ​ចោល​ហើយ នោះ​ព្រះយេស៊ូ​គ្រីស្ទ​និង​នាំ​កង​ពល​ពី​ស្ថានសួគ៌​មក​កំទេច​ចោល​ផ្នែក​ដែល​ជា​សំណល់​នៃ​អង្គការ​របស់​សាតាំង ពោល​គឺ​ផ្នែក​ពាណិជ្ជកម្ម​និង​នយោបាយ។ នៅ​ទីបំផុត សាតាំង​នឹង​ត្រូវ​ឃុំ​ទុក។ ពេល​នោះ ឈុត​មួយ​ដែល​បាន​អូស​បន្លាយ​យ៉ាង​វែង​នឹង​ត្រូវ​ចប់ គឺ​ហាក់​ដូច​ជា​មាន​គេ​ហូត​វាំងនន​បិទ​ឆាក​បញ្ចប់​ការ​សម្ដែង។—វិវរណៈ ១៦:១៤​-​១៦; ១៩:​១១​-​២១; ២០:១​-​៣

១៥, ១៦​. តើ​ការ​រំឭក​ដែល​ថា​«ពេល​វេលា​ចង្អៀត​ណាស់​ហើយ»​គួរ​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​ជីវិត​របស់​យើង?

១៥ តើ​អ្វីៗ​ទាំង​អស់​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា? យើង​មិន​ដឹង​ថ្ងៃ​និង​ពេល​កំណត់​ទេ។ (ម៉ាថាយ ២៤:៣៦) ក៏​ប៉ុន្តែ អ្វី​ដែល​យើង​ដឹង​គឺ​«ពេល​វេលា​ចង្អៀត​ណាស់​ហើយ»។ (កូរិនថូសទី១ ៧:២៩) ហេតុ​នេះ គឺ​ជា​ការ​ចាំបាច់​ណាស់​ដែល​យើង​ប្រើ​ពេល​នៅ​សល់​ដើម្បី​ធ្វើ​អ្វី​ដែល​សំខាន់​បំផុត។ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ទៅ? ដូច​សាវ័ក​ប៉ុល​ពន្យល់​នោះ យើង​ត្រូវ​តែ​«លៃ​យក​ឱកាស​ឲ្យ​ទាន់​ពេល» ដោយ​ចោល​អ្វី​ដែល​មិន​សូវ​សំខាន់ ហើយ​ធ្វើ​ឲ្យ​ថ្ងៃ​និមួយៗ​មាន​តម្លៃ។ ហេតុ​អ្វី? «ពីព្រោះ​សម័យ​នេះ​អាក្រក់​ណាស់»។ ហើយ​ដោយ​‹ខំ​ឲ្យ​យល់​បំណង​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា›​ចំពោះ​យើង នោះ​យើង​មិន​ខាត​ពេល​បន្ដិច​បន្តួច​ដែល​នៅ​សល់​ទេ។—អេភេសូរ ៥:១៥​-​១៧; ពេត្រុសទី១ ៤:១​-​៤

១៦ ដោយសារ​យើង​ដឹង​ថា​របប​លោកីយ៍​ទាំង​មូល​នេះ​នឹង​ត្រូវ​រលាយ​សាប​សូន្យ​នោះ តើ​នេះ​គួរ​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​យើងម្នាក់ៗ? សាវ័ក​ពេត្រុស​បាន​សរសេរ​សំរាប់​ប្រយោជន៍​យើង​ថា​៖ «ចុះ​ដែល​របស់ទាំង​នោះ​នឹង​ត្រូវ​រលាយ​ទៅ នោះ​តើ​គួរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​យ៉ាង​ណា​វិញ ក្នុង​កិរិយា​បរិសុទ្ធ នឹង​សេចក្ដី​គោរព​ប្រតិបត្ដិ»។ (ពេត្រុសទី២ ៣:១១) យើង​ត្រូវ​ជា​មនុស្ស​បែប​នេះ​ពិត​មែន! សម​ស្រប​តាម​ឱវាទ​របស់​ពេត្រុស (ទី១) យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ដោយ​មធ្យ័ត​នឹង​ការ​ប្រព្រឹត្ត​របស់​យើង ដើម្បី​រក្សា​ឲ្យ​មាន​ការ​ប្រព្រឹត្ត​បរិសុទ្ធ​ជានិច្ច និង(ទី២) យើង​ត្រូវ​ប្រាកដ​ថា​ការ​ប្រព្រឹត្ត​ដ៏​ខ្នះខ្នែង​របស់​យើង​ក្នុង​កិច្ច​បំរើ​ព្រះ​យេហូវ៉ា គឺ​ដោយសារ​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​របស់​យើង​ចំពោះ​ទ្រង់។

១៧​. តើ​ជន​គ្រីស្ទាន​ស្មោះ​ភក្ដី​ត្រូវ​ប្រុង​ប្រយ័ត្ន​នឹង​អន្ទាក់​ណា​ខ្លះ​របស់​សាតាំង?

១៧ សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​នឹង​បង្ការ កុំ​ឲ្យ​យើង​ត្រូវ​ទាក់ទាញ​ចិត្ត​នឹង​អ្វីៗ​ក្នុង​លោកីយ៍​នេះ​ហើយ​ចាប់​ផ្ដើម​ស្រឡាញ់​វា។ ដោយ​គិត​ពី​អ្វី​ដែល​ជិត​កើត​ឡើង​មក​លើ​របប​លោកីយ៍​នេះ នោះ​យើង​អាច​ជួប​នឹង​គ្រោះថ្នាក់​មែន បើ​ចាប់​ផ្ដើម​ស្ងើច​នឹង​របៀប​រស់​នៅ​ដ៏​ភ្លើ​ត​ភ្លើន​របស់​មនុស្ស​លោកីយ៍។ ទោះ​ជា​យើង​រស់​នៅ​និង​ធ្វើ​ការ​ក្នុង​លោកីយ៍​នេះ​ក៏​ពិត​មែន ក៏​យើង​គួរ​ស្ដាប់​តាម​ឱវាទ​ដ៏​ល្អ​ដែល​ថា កុំ​ឲ្យ​ប្រើ​លោកីយ៍​ហួស​ខ្នាត។ (កូរិនថូសទី១ ៧:៣១) ការ​ពិត យើង​ត្រូវ​តែ​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​កុំ​ឲ្យ​វង្វេង​ទៅ​តាម​ការ​ឃោសនា​របស់​លោកីយ៍។ លោកីយ៍​នេះ​នឹង​មិន​អាច​ដោះ​ស្រាយ​បញ្ហា​របស់​វា​ទេ។ លោកីយ៍​នេះ​នឹង​មិន​មាន​ដំណើរ​ការ​រហូត​នោះ​ទេ។ ហេតុ​អ្វី​យើង​ប្រាកដ​ម្ល៉េះ? ដោយសារ​ព្រះ​បន្ទូល​របស់​ព្រះ​ដែល​ទ្រង់​បាន​បណ្ដាល​ឲ្យ​សរសេរ​ចែង​ដូច្នេះ។ បន្ទូល​នោះ​ថា​៖ «លោកីយ​នេះ នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​វា នោះ​កំពុង​កន្លង​ទៅ តែ​អ្នក​ណា​ដែល​ធ្វើ​តាម​ព្រះ​ហឫទ័យ​ព្រះ នោះ​នឹង​នៅ​ជាប់​អស់កល្ប​ជានិច្ច​វិញ»។—យ៉ូហានទី១ ២:១៧

អ្វី​ដ៏​ល្អ​បំផុត​គឺ​ស្ថិត​នៅ​ខាង​មុខ!

១៨, ១៩​. តើ​ការ​កែ​ប្រែ​អ្វី​ខ្លះ​ដែល​អ្នក​កំពុង​តែ​រង់ចាំ​ចង់​ឃើញ​ក្នុង​ពិភពលោក​ថ្មី? ហេតុ​អ្វី​អ្នក​នឹង​មិន​ខក​បំណង​នោះ?

១៨ បន្ដិច​ទៀត ព្រះ​យេហូវ៉ា​នឹង​បញ្ចប់​របប​របស់​សាតាំង​និង​អ្នក​គាំទ្រ​វា ដូច​ជា​គេ​ហូត​វាំងនន​បិទ​ឆាក​បញ្ចប់​ការ​សម្ដែង។ ក្រោយ​នោះ ដោយ​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា អ្នក​ស្មោះ​ភក្ដី​ដែល​រួច​រស់​ជីវិត​ផុត​ពី​ទីបញ្ចប់​នៃ​របប​លោកីយ៍​នេះ​នឹង​ចាប់​ផ្ដើម​រៀប​ចំ​«គំរូ»​ឬ​ឆាក​ថ្មី ដែល​នឹង​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។ ពេល​នោះ​នឹង​លែង​មាន​សង្គ្រាម​ធ្វើ​ឲ្យ​កករ​ល្អក់​ទូទាំង​ពិភពលោក​ទៀត​ហើយ ដ្បិត​ព្រះ​នឹង​ធ្វើ​ឲ្យ​«សង្គ្រាម​ស្ងប់​រំងាប់ រហូត​ដល់​ចុង​ផែនដី»។ (ទំនុកដំកើង ៤៦:៩) ជំនួស​ការ​ខ្វះអាហារ គឺ​«នឹង​មាន​ស្រូវ​ជា​បរិបូរ . . . រហូត​ដល់​កំពូល​ភ្នំ»។ (ទំនុកដំកើង ៧២:១៦) គ្រា​នោះ​នឹង​លែង​មាន​រឿង​ក្ដី​ធន​ក្ស័យ និង​តុលាការ​សំរាប់​លែង​លះ​គ្នា ក៏​នឹង​លែង​មាន​គុក ប៉ុស្តិ៍​ប៉ូលិស ជំងឺ​កាម​រោគ អ្នក​លក់​ថ្នាំ​ញៀន និង​ភេរវកម្ម។—ទំនុកដំកើង ៣៧:២៩; អេសាយ ៣៣:២៤; វិវរណៈ ២១:៣​-​៥

១៩ មនុស្ស​ទាំង​អស់​ដែល​នៅ​ក្នុង​ផ្នូរ​នៃ​សេចក្ដី​នឹក​ចាំ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ដោយ​បន្ថែម​មនុស្ស​រាប់​ពាន់​លាន​នាក់​ទៀត​ដែល​នឹង​ទៅ​ជា​តួ​សម្ដែង​លើ​ឆាក​ថ្មី។ ពិត​ជា​នឹង​មាន​អំណរ​សម្បើម​ណាស់ នៅ​ពេល​ដែល​តំណ​មួយ​ជួប​នឹង​តំណ​មួយ​ទៀត ហើយ​មនុស្ស​ជា​ទី​ស្រឡាញ់​ដែល​បាន​ឃ្លាត​ពី​គ្នា ពេល​នោះ​នឹង​អាច​ឱប​គ្នា​ដោយ​ភាព​កក់ក្ដៅ​និង​មាន​មនោសញ្ចេតនា​ជ្រាល​ជ្រៅ។ នៅ​ទីបំផុត មនុស្ស​ទាំង​អស់​នឹង​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា។ (វិវរណៈ ៥:១៣) នៅ​ពេល​ការ​រៀប​ចំ​ឆាក​ចប់​រួច​រាល់​អស់​ហើយ នោះ​នឹង​ឃើញ​មាន​សួន​មនោរម្យ​ពេញ​ផែនដី ហាក់​ដូច​ជា​គេ​ហូត​វាំងនន​បើក​ឆាក​ថ្មី។ តើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​ដែល​មើល​ឆាក​ថ្មី​នោះ? អ្នក​ប្រាកដ​ជា​នឹង​មាន​ចិត្ត​ជំរុញ​ឲ្យ​ឧទាន​ថា​៖ ‹ខ្ញុំ​បាន​រង់ចាំ​នេះ​តាំង​ពី​យូរ​មក​ហើយ តែ​ខ្ញុំ​មិន​បាន​ខក​បំណង​សោះ​ឡើយ!›។

[កំណត់​សម្គាល់]

^ វគ្គ 4 ក្នុង​បរិបទ​មួយ​ផ្សេង​ទៀត សាវ័ក​ប៉ុល​ធ្លាប់​និយាយ​ថា ជន​គ្រីស្ទាន​ចាក់​ប្រេង​តាំង​គឺ​ជា​«ទី​ដែល​សំរាប់​ឲ្យ​លោកីយ​បាន​មើល​លេង គឺ​ដល់​ទាំង​ពួក​ទេវតា នឹង​ពួក​មនុស្ស​ផង»។—កូរិនថូសទី១ ៤:៩

^ វគ្គ 6 ព្រះ​គម្ពីរ​បាន​ឲ្យ​ដឹង​ថា ទី​ក្រុង​យេរូសាឡិម​ត្រូវ​បាន​បំផ្លាញ​ចោល​៧០​ឆ្នាំ​មុន​សាសន៍​យូដា​បាន​ត្រឡប់​មក​ពី​ការ​ធ្វើ​និរទេស​នៅ​ឆ្នាំ​៥៣៧​មុន​ស.យ.។ (យេរេមា ២៥:១១,​១២; ដានីយ៉ែល ៩:១​-​៣) ដើម្បី​អាន​ការ​ពន្យល់​ដែល​ស៊ី​ជំរៅ​អំពី​«គ្រា​របស់​សាសន៍​ដទៃ»​សូម​មើល​ជំពូក​ទី១៦ ទំព័រ​១៣៨​-​១៤១ វគ្គ​១៤​-​២១ ក្នុង​សៀវភៅ​អ្នក​អាច​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

ពាក្យ​របស់​សាវ័ក​ប៉ុល​ដែល​ថា​«គំរូ​នៃ​លោកីយ​នេះតែង​តែ​ផ្លាស់​ទៅ» ហេតុ​អ្វី​នេះ​ជា​ការ​ពិត​នៅ​សម័យ​យើង​នេះ?

តើ​កាល​ប្រវត្ដិវិទ្យា​ព្រះ​គម្ពីរ​ចង្អុល​បញ្ជាក់​នូវ​ទីបញ្ចប់​នៃ​«គ្រា​របស់​សាសន៍​ដទៃ»​យ៉ាង​ដូច​ម្ដេច?

សភាព​ការណ៍​ពិភពលោក​ដែល​កំពុង​តែ​ប្រែប្រួលតើ​នេះ​បញ្ជាក់​យ៉ាង​ដូច​ម្ដេច​ថា ឆ្នាំ​១៩១៤​ជា​ទី​ចាប់​ផ្ដើម​នៃ​«គ្រា​ចុង​បំផុត»?

តើ​ការ​និយាយ​ថា​«ពេល​វេលា​ចង្អៀត​ណាស់​ហើយ»​គួរ​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​យើង?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​២០]

រឿង​អាថ៌កំបាំង​ត្រូវ​បាន​ទម្លាយ​ហើយ!